Author: វល័ក្ខ

  • សាច់​ស្អាត និង​សុខ​ភាពល្អ​គ្រប់​ឥរិយាបទ​នៅក្នុង​ផ្ទះ

    សាច់​ស្អាត និង​សុខ​ភាពល្អ​គ្រប់​ឥរិយាបទ​នៅក្នុង​ផ្ទះ

    ភាពស្រស់ស្អាត​មិនមែន​រកបាន​ដោយងាយៗនោះទេ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​វិធី​ក្នុងការ​ទាញយក​នូវ​ភាពស្រស់ស្អាត​ពី​គ្រប់​ឥរិយាបទ​របស់​អ្នក ទោះជា​នៅក្នុង​ផ្ទះ​ក៏ដោយ​ក៏​អ្នក​អាច​ស្រស់ស្អាត​បានគ្រប់ពេល និង​គ្រប់​ទីកន្លែង​ដែរ សូម​តាមដាន​ជាមួយនឹង​គន្លឹះសំខាន់ៗដូចខាងក្រោម​នេះ ៖

    ក្នុង​បន្ទប់ទឹក
    ត្រាំ​ទឹក​ក្តៅឧណ្ហៗ :  ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ដែលមាន​សីតុណ្ហភាព​ប្រមាណ​ជា32-37អង្សា បន្តក់​ទឹក​ប្រេង​ក្រអូប រ៉ូ​សមែ​រី ឬ​មីន​ត៏​ដើម្បី​បង្កើន​ការហូរ​វិល​របស់​លោហិត ដែល​រ៉ូ​សមែ​រីនឹង​ជួយ​ជំរុញ​រន្ធ​រោម​ឱ្យ​បណ្តេញ​វត្ថុ​កខ្វក់​ចេញមកក្រៅ ដោយ​ត្រាំ​ខ្លួន​ប្រមាណ​ជា20នាទី​នឹង​ជួយ​សម្រួល​ស្បែក​ដែល​ហត់នឿយ ឬ​ទ្រុឌទ្រោម​ឱ្យ​ល្អ​ឡើងវិញ។

    ដុសខាត់​ស្បែក : ក្រៅពី​ធ្វើការ​សម្អាត​ស្បែក​យ៉ាង​ហ្មត់ចត់​ហើយ បើ​ចង់​បង្អួត​ស្បែក​ល្អ​នោះ​ត្រូវតែ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ចោល​ជាមុនសិន ដែល​ផ្លែ​ប៉េងប៉ោះ​គឺជា​តួឯក​នៃ​ការ​មាន​ស្បែក​ស្អាត សុខភាព​ល្អ ដោយ​យក​ប៉េងប៉ោះ 2ផ្លែ មក​ខ្វេះ​យក​គ្រាប់​ចេញ រួច​កិន​ឱ្យ​ល្អិត ហើយ​បន្ថែម​ម្សៅ​សាលី​ម៉ដ្ឋ​ចូលទៅ រួច​យកមក​ខាត់​ស្បែក​ជា​រង្វង់​មូល​ឱ្យ​សព្វ ទុកចោល5-10នាទី សាច់​ប៉េងប៉ោះ​នឹង​ជួយ​ព្យាបាល​ស្បែក​ដែល​ខូចខាត ហើយ​ពណ៌​របស់​វា​នឹងធ្វើ​ឱ្យ​ស្បែក​ឡើង​សលាយ​ផ្កាឈូក​ទៀតផង។

    ក្នុង​ចង្ក្រាន​បាយ

    ស្បែ​កដៃ​ឡើង​ស្អាត ពណ៌​សលាយ​ផ្កាឈូក​នៅតែ​ស្រស់ស្អាត​ជានិច្ច អាស្រ័យ​លើ​ការមើល​ថែ​ពី​ខាងក្នុង​រាងកាយ ដូច្នេះ​ពេល​ទិញ​បន្លែ​យកមក​ទុក​ក្នុង​ទូទឹកកក​លើក​ក្រោយ សូមកុំ​ភ្លេចបន្លែ​ខាងក្រោម​នេះ​ផង ៖

    ស្ពៃ : ឧ​ត្ត​ម​សម្បូរ​ទៅដោយ​វីតាមីន A ការបរិភោគ​ស្ពៃ​នឹងធ្វើ​ឱ្យ​ស្បែ​កស និង​រាបស្មើ​ត​តាមបែប​ធម្មជាតិ។
    គ្រាប់សណ្តែក​ហោ​ឡាំង​តៅ : សម្បូរ​ទៅដោយ​វីតាមីន A ដែល​នឹង​ធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​រាប​ម៉ដ្ឋខៃ​ឡើង។
    ដំឡូងបារាំង : មាន​ប្រូ​តេ​អី​ុ​ន និង​វីតាមីន C អាច​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល និង​ខ្លាញ់​នៅក្រោម​ស្បែ​កបាន ជួយ​ឱ្យ​ស្បែក​ស្រស់​ភ្លឺ​ថ្លា។
    មើម​ការ៉ុត : ផ្តល់​ប្រយោជន៍​ដល់​ស្បែក​យ៉ាង​ល្អ សម្បូរ​ទៅដោយ​ភែ​ក​ទីន​ដែល​ជួយ​កម្ចាត់​សារធាតុពុល​ចេញពី​រាងកាយ និង​ធ្វើឱ្យ​ស្បែក​មើលទៅ​រាប​ម៉ដ្ឋខៃ​ពណ៌​ផ្កាឈូក​ខ្ចី។
    សណ្តែកបណ្តុះ : អាច​ការពារ​ការកើត​ស្នាម​ជាំ អាចម៍រុយ និង​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ឡើង។
    ត្រសក់ : មាន​សារជាតិ​អាស៊ីត អា​មី​ណូ ដែល​ជួយ​លុបបំបាត់​ស្នាម​ជាំ​អុច​ខ្មៅ ធ្វើឱ្យ​ស្បែក​ឡើង​ស ភ្លឺរលោង និង​កាត់បន្ថយ​អាការ​ប្រ​ត្តិកម្ម​របស់​ស្បែ​កបាន​ទៀតផង។

    ក្នុង​បន្ទប់ទទួលភ្ញៀវ

    ការហាត់​ប្រាណ​ជាប់​ជាប្រចាំ​មិន​ត្រឹមតែ​ជួយ​ឱ្យមាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​ឱ្យ​ឈាម​រត់​បានល្អ និង​ជួយ​បណ្តេញ​ជាតិពុល​ចេញមក​តាមរយៈ​ញើស​ទៀតផង។ ការហាត់ប្រាណ​ត្រឹមតែ20នាទី​នៅ​ថ្ងៃ​ធម្មតា និង 60នាទី​នៅ​ថ្ងៃ​ឈប់សម្រាក ចង់​ហាត់ប្រាណ​បែប​ពេញទំហឹង ឬ​ហាត់ប្រាណ​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ក៏បាន ឱ្យ​អត្រា​ការ​លោត​របស់​បេះដូង​កើនឡើង40-60% រួច​សឹម​បន្ថែម​ឡើងសន្សឹមៗតាម​ភាពរឹងមាំ​នៃ​រាងកាយ​របស់​អ្នក។

    ក្នុង​បន្ទប់​គេង

    បំប៉ន​ឱ្យ​ពេញទំហឹង គេង​ឱ្យបាន​ឆ្អែត គ្មានអ្វី​សំខាន់​ជាង​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​នោះទេ​ហើយ​បន្ទាប់មក គឺ​ការជ្រើសរើស​ប្រើ​ឡេ​ថែបំប៉ន​ស្បែក ដែល​ក្រៅពី វ៉ៃ​ថេ​ន​នី​ង ហើយគួរ​រកមើល​វីតាមីន B3, C និង E ផង នឹង​រឹតតែ​ជួយ​ឱ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា និង​តឹង​ណែន​ទៀតផង៕

  • ក្រុមហ៊ុន Havas Riverorchid Cambodia បាន​នាំ​បុគ្គលិក​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់ ខេត្តកោះកុង ព្រមជាមួយ​ការបរិច្ចាគ​ជា​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​តា​តៃ

    ក្រុមហ៊ុន Havas Riverorchid Cambodia បាន​នាំ​បុគ្គលិក​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់ ខេត្តកោះកុង ព្រមជាមួយ​ការបរិច្ចាគ​ជា​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​តា​តៃ

    ក្រុមហ៊ុន Havas Riverorchid Cambodia ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា បានចាប់ផ្តើម​ឆ្នាំ​ថ្មី ឆ្នាំ2018 ដោយ​ការរៀបចំ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់​ខេត្តកោះកុង។

    ខេត្តកោះកុង​ត្រូវបាន​ជ្រើសរើស​ជា​ទិសដៅ​ដំណើរ​កម្សាន្ត ក្នុងន័យ​ប្តេជ្ញាចិត្ត របស់​ក្រុមហ៊ុន Havas Riverorchid ក្នុង​ការភ្ជាប់​ទំនាក់ទំនង និង​ពង្រីក​ការយល់ដឹង​បន្ថែម​ពី​កម្ពុជា​ទាំងមូល រួមទាំង​តំបន់​ដាច់ស្រយាល។

    Havas Riverorchid Cambodia បាន​ប្តេជ្ញាចិត្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ក្នុងន័យ​ផ្តល់នូវ​ការឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាជន​ជួប​ការលំបាក​ក្នុងប្រទេស​កម្ពុជា។

    ក្នុងការ​ចូលរួមចំណែក​នៃ​សកម្មភាព​នេះ ក្រុមហ៊ុន Havas Riverorchid Cambodia  បាន បរិច្ចាគ​សម្ភារៈ​សិក្សា និង​ថវិការ​មួយចំនួន​ដល់​សិស្សានុសិស្ស​ចំនួន 188នាក់ នៅ​បឋមសិក្សា​តា​តៃ។ ក្នុងនោះ​ក្រុមហ៊ុន Unilever Cambodia ដែលជា​អតិថិជន​របស់ Havas Riverorchid Cambodia ក៏​រីករាយ​ចូលរួម​បរិច្ចាគ​ផលិតផល​មួយចំនួន​ដូចជា​ថ្នាំដុសធ្មេញ​ស៊ី​កណល អំបិល ម្លួ​រ និង​សាប៊ូ​ដុស​ខ្លួន​កម្ចាត់​មេរោគ​ឡៃ​ប៊​យ ដល់​សិ​ស្សា​នុ សិស្ស និង​គ្រូបង្រៀន​នៅ​ទីនោះ​ផងដែរ។

    លោក Anthony Keck អគ្គនាយក​ក្រុមហ៊ុន Havas Riverorchid ប្រចាំ​កម្ពុជា​បាន​មាន ប្រសាសន៍ថា “យើង​ទទួលបាន​សមិទ្ធផល​ជាច្រើន​ពី​ការងារ​នៅ​កម្ពុជា។ ការអភិវឌ្ឍន៍ និង ភាពរស់រវើក​នៃ​ប្រទេស​បានធ្វើឱ្យ​ការងារ​របស់​យើង​កាន់តែ​មាន​ភាព ភ្ញាក់ផ្អើល ហើយ​វា​ពិតជា​មានតម្លៃ​ណាស់ ក្នុង​បង្ហាញ​ដល់​អតិថិជន​របស់​យើង និង​យុទ្ធនាការ​នានា​របស់​ពួកគេ។ លោក Anthony Keck បាន​បន្ថែមថា “វា​ពិតជា​ត្រឹមត្រូវ​ណាស់​ដែល​យើង​អាច​បរិច្ចាក​បន្តិចបន្តួច​ពេល​យើង​មានឱកាស  ហើយ​យើង​ពិតជា​រីករាយ​ណាស់​ដែល​ពេលនេះ​យើង​មានឱកាស​ឧបត្ថម្ភ​ដល់​កុមារ​ដែល​ត្រូវការ​ជំនួយ​ពី​យើង។

    យើង​មាន​បុគ្គលិក​ខ្មែរ ឆ្នើម​ជាច្រើន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​គ្រប់ផ្នែក និង​គ្រប់​កម្រិត នៅក្នុង​ក្រុមហ៊ុន​របស់​យើង ហើយ​ប្រហែលជា​កុមារ ទាំងនេះ អាច​នឹង​មក​បន្ត​ដំណែង​ពួកគេ​នៅ​ថ្ងៃ​អនាគត។

    ក្នុង​កម្មវិធី​ដំណើរ​កម្សាន្ត​នេះ បុគ្គលិក​សរុប 115 នាក់ បាន​ចូលរួម​លែង​ល្បែង​កម្សាន្ត​នានា​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​រីករាយ​ជាមួយ​ការកម្សាន្ត​នៅ​តំបន់​ទេសចរ​ពិសេស​រយៈពេល 3ថ្ងៃ នៅ​ខេត្តកោះកុង៕

  • ថី្ម! ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ខ្លាំង​ពេញកម្លាំង​សម្រាប់​ការងារ​ជា​អតិបរិមា

    ថី្ម! ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ខ្លាំង​ពេញកម្លាំង​សម្រាប់​ការងារ​ជា​អតិបរិមា

    ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន ដែលជា​អ្នក​នាំមុខគេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម មាន​មោទនភាព​បង្ហាញជូន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី ZT Series ដែលមាន​ទិន្នផល​កម្លាំង 10-15.5កម្លាំង​សេះ រចនា​រូបរាង​ថី្ម មាន​ផាសុខភាព និង​សុវត្ថិភាព​យ៉ាង​ពេញលេញ។ ជាមួយនឹង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ “K-Tech” ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ​មាន​កម្លាំង​កាន់តែខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំសំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារធ្ងន់ៗ អាចធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ និង បូមទឹក​បាន​យ៉ាង​ពេញកម្លាំង។

    លោក សំ​សាក ម៉ូ​ថន អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់ ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន បាន​ថ្លែងថា ការវិវត្ត​ន៏ និង បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ដែល​និង​ជួយ​ប្រជាកសិករ​ទទួលបាន​ប្រសិទ្ធិភាព និង​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​ជា​អតិបរមា។ ថ្មីៗនេះ​ក្រុមហ៊ុន​បាន​សម្ពោធ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT Series ជា​ម៉ូ​ដែល​ថ្មី​ដែលមាន​កម្លាំង​កាន់តែខ្លាំង កាន់តែ​ធន់ និង​កាន់តែ​សន្សំសំចៃ​ប្រេង ស្របតាម​ស្តង់ដារ​គូ​បូ​តា​សម្រាប់ធ្វើ​ការងារធ្ងន់ៗ ជាមួយនឹង​ភាព​រលើបរលោង និង មាន​រចនា​រូបរាង​កាន់តែ​ល្អប្រសើរ​ក្នុង​ការធ្វើការងារ។

    លោក សំ​សាក បា​នប​នែ្ថ​ម​ទៀតថា “សព្វថ្ងៃនេះ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ជា​ម៉ាក​សញ្ញា​នាំមុខគេ​នៅ​ទីផ្សារ​កម្ពុជា។ រូបរាង​ថី្ម​ទាំងស្រុង ត្រូវបាន​អភិវឌ្ឍ​ន៏​ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​ក្នុងនាម​ជា​អ្នក​នាំមុខគេ​យ៉ាងពិត​ប្រាកដ។ យើង​បានធ្វើឱ្យ​ប្រសើរ​នូវ​រចនា​រូបរាង ដែល​កាន់តែ​រលើបរលោង និង​កាន់តែ​ទំនើប​ជាមួយនិង​កំ​រប​កោង។ យើង​ក៏បាន​ដំឡើង​អំពូល​ភ្លើង​មុខ និង អំពូល​ភ្លើង​ពិល LED ដែល​ធ្វើអោយ​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​ការងារ​ពេលយប់។ ជាងនេះទៅទៀត ដើម្បី​ផ្តល់នូវ​រចនាបថ​ជីវិត​ទំនើប និង​ពង្រឹង​ភាពងាយស្រួល យើង​បាន​ដំឡើង​រន្ធ USB សម្រាប់​ប្រើប្រាស់​ឧ​បក្ករ​ណ៏​អេ​ឡិច​ត្រូ​និ​ច និង ឧ​បក្ករ​ណ៏​វាស់​ស្ទង់​កំរិត​ប្រេង​ដែល​អាចអោយ​អ្នកប្រើប្រាស់​ពិនិត្យមើល​កំរិត​ប្រេង​ដោយ​មិនចាំបាច់​បើក​កំ​រប​ប្រេង​មើល។ ចំពោះ​ការបំពេញ​ការងារ ការយកចិត្តទុកដាក់​ជា​ចំបង​របស់​យើង​គឺ​ការទទួលបាន​ប្រសិទ្ធិភាព​ការងារ​ជា​អតិបរមា និង មាន​ភាព​ធន់​សម្រាប់​ការងារធ្ងន់ៗ ដោយបាន​ដោះស្រាយ​បញ្ហា​ឡើង​កំដៅ​ខ្លាំង និង​ម៉ាស៊ីន​ដែល​ភ្ជាប់​រន្ធ​ទុយោ​ច្រើន ដែល​ធ្វើអោយ​ប្រដាប់​បាញ់​ទឹក​នៅក្នុង​កន្លែង​ចំហេះ កាន់តែ​ប្រសើរ និង​បាញ់​ទឹក​កាន់តែ​លឿន ដោយ​បង្កើន​ប្រសិទ្ធិភាព​ចំហេះ​និង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង។ នេះ​និង​ផ្តល់​បទពិសោធ​ន៏​អោយ​អ្នកប្រើប្រាស់​មួយកំរិត​ថែមទៀត។ សូម​ទទួលយក​បទពិសោធ​ន៏​ថ្មី​នេះ​សម្រាប់​ការងារ​កសិកម្ម សម្រាប់​ការធ្វើដំណើរ ឫ សម្រាប់​ការងារ​បាញ់​ទឹក។ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ​មិន​ត្រឹមតែ​រលើបរលោង កម្លាំង​កាន់តែខ្លាំង និង កាន់តែ​ធន់​នោះទេ តែ​ក៏​អាច​ផ្តល់​ទិន្នផល​កាន់តែច្រើន​ថែម​ទៀតផង។ ជាពិសេស​ជាងនេះទៅទៀត មានការ​ធានា​រយះពេល៣ឆ្នាំ​សម្រាប់​សេវាកម្ម​ក្រោយ​ការលក់។

    ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ​មាន​លក់​នៅលើ​ទីផ្សារ​ហើយ។ សម្រាប់​ព័​ត៍​មានប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT នេះ សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោយន្ត​ដើរ​តាម ត្រា​ឆាង ដែល​នៅ​ជិត​លោកអ្នក ឫ ទូរស័ព្ទ​ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា​លេខ 1800-20-1747 (ឥតគិតថ្លៃ)៕

  • អាមេរិក នឹង​បិទ​ក្រុមហ៊ុន​ដែល​ប្រើ​តិច​ណូ​ឡូ​ជី​ឧបករណ៍​របស់ Huawei និង ZTE

    អាមេរិក នឹង​បិទ​ក្រុមហ៊ុន​ដែល​ប្រើ​តិច​ណូ​ឡូ​ជី​ឧបករណ៍​របស់ Huawei និង ZTE

    មើលទៅ​ហាក់ដូចជា​ការពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ចិន​ចូលទៅក្នុង​ប្រទេស​សហរ​ដ្ឋ​អាមេរិក​នឹង​កាន់តែ​ពិបាក​ឡើង​ហើយ ក្រោយពី​ស្ថាប័ន​ទូរគមនាគមន៍ AT&T របស់​សហរដ្ឋអាមេរិក បាន​បដិសេធ​ក្នុងការ​ចំណាយ​ស្មា​ត​ហ្វូ​ន Hauwei។

    ថ្មីៗបំផុត​នេះ លោក ម៉ៃ​ខ៍ ខូ​ណា​វេ​យ៍ សមាជិកសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​ជា​អ្នកតំណាង​ផ្នែក​ច្បាប់​នៃ​គណបក្ស​សាធារណរដ្ឋ បាន​ពិចារណា​លើ​សេចក្ដីព្រាងច្បាប់ (Bill Proposal) ដើម្បី​ការពារ​មិនឱ្យ​រដ្ឋាភិបាលកណ្ដាល​ធ្វើការ​រួមជាមួយ​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​សេវាកម្ម ឬ​ឧបករណ៍​ដែល​ផលិត​ដោយ​តិច​ណូ​ឡូ​ជីរ​បស់ Hauwei និង ZTE របស់​ចិន។

    សេចក្ដីព្រាងច្បាប់​ដែលថា​នេះ​បាន​បង្ហាញខ្លួន​ឡើង​កាលពីពេលថ្មីៗបន្ទាប់ពី AT&T បាន​បដិសេធ​ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន Hauwei ដោយ​សង្កត់ធ្ងន់​លើ​ចំណុច​ដែលថា ត្រូវបាន​ចូល​ស៊ើប​ទិន្នន័យ ដែល​ត្រូវបាន​អះអាង​តាមរយៈ​របាយការណ៍​មួយ​របស់​គណៈកម្មាធិកា​រ​ផ្នែក​ព័ត៌មាន (House Intelligence Committee) កាលពី​ឆ្នាំ2012 ដែល​បាន​បញ្ជាក់ថា Hauwei និង ZTE គឺជា​គ្រោះថ្នាក់​ដែល​គំរាម​សហរដ្ឋអាមេរិក។

    លោក ម៉ៃ​ខ៍ ខូ​ណា​វេ​យ៍ បាន​និយាយថា “តិច​ណូ​ឡូ​ជី​ដែល​ផលិត និង​លក់​ដោយ​ប្រទេស​ចិន​គឺជា​ឧបករណ៍​ដែល​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​សម្រាប់​ស៊ើបការណ៍​ពី​ក្រុមមន្ត្រី​រដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក ដែលជា​គ្រោះថ្នាក់​គំរាម​ដល់​សន្តិសុខ​របស់​ប្រទេសជាតិ។ ការអនុញ្ញាតឱ្យ Hauwei និង ZTE និង​ស្ថាប័ន​ដទៃទៀត​ដែល​ពាក់ព័ន្ធ​ចូលដល់​ប្រព័ន្ធ​ការផ្សព្វផ្សាយ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋ​បាន​នោះ នឹង​ប្រៀបដូចជា​ការអញ្ជើញ​ឱ្យ​ប្រទេស​ចិន​ចូលមក​ត្រួតពិនិត្យ​ការធ្វើការងារ​របស់​យើង​បាន​យ៉ាង​លម្អិត​ដូច្នោះ​ដែរ។ បើសិនជា​សេចក្ដីព្រាងច្បាប់​នោះ​ត្រូវ​បានទទួល​ការធានា និង​អនុម័ត​ហើយ​នោះ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ជាច្រើន​ដែល​ប្រើប្រាស់​ឧបករណ៍​របស់ Hauwei និង ZTE ទាំង​ប៉ុន្មាន​មិន​អាចធ្វើ​កិច្ចការជំនួញ (Transaction) ជាមួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ទៀតឡើយ តែ Hauwei និង ZTE នឹង​នៅតែ​អាច​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅក្នុង​ប្រទេស​នេះ​បាន​ដដែល៕

  • ស្លៀកពាក់​ទៅ​ប្រសូត​បែបណា​ត្រឹមត្រូវ និង​បែបណា​មិនគួរ​ស្លៀក?

    ស្លៀកពាក់​ទៅ​ប្រសូត​បែបណា​ត្រឹមត្រូវ និង​បែបណា​មិនគួរ​ស្លៀក?

    បើ​ស្ត្រី​មានគភ៌​ជិត​ប្រសូត​កំពុង​រៀបចំ​កាបូប​ខោអាវ​ត្រៀមខ្លួន​ទៅ​ប្រសូត និង​ត្រៀម​របស់របរ​ប្រើប្រាស់​ដែល​ចាំបាច់​សម្រាប់​ខ្លួនឯង និង​កូនតូច​នោះ នៅ​មានរឿង​សំខាន់​ម្យ៉ាងទៀត​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ភ្លេចភ្លាំង នោះ​គឺ ការ​ស្លៀកពាក់​តែងខ្លួន​ទៅ​ប្រសូត។ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​ត្រូវ​ស្លៀកពាក់​តែងខ្លួន​យ៉ាងណា​ឱ្យ​ស័ក្តិសម សមរម្យ និង​ងាយស្រួល​ទាំង​ម្ដាយ និង​កូន​ដូចតទៅ។

    គួរ ឬ​មិនគួរ… តើ​ត្រូវ​ស្លៀកពាក់​តែងខ្លួន​បែបណា​នៅ​ថ្ងៃ​ឆ្លងទន្លេ?

    អំឡុង​ពេលនេះ​ជា​អំឡុង​ពេលដែល​ច្របូកច្របល់ និងរ​ហេនរ​ហន់​ខ្លាំង​បំផុត បើ​កើត​អាការ​បែក​ទឹកភ្លោះ​បែប​ទាន់ហន់​ដោយ​មិនបាន​ដឹងខ្លួន​មុន​ផង​នោះ ហ្នឹង​គឺជា​ការបញ្ជូន​សញ្ញា​ថា ពេលប្រសូត​បានមក​ដល់​ហើយ ដូច្នេះ​សម្លៀកបំពាក់​ដែល​ត្រៀម​ទុក​សម្រាប់​ស្លៀក​ទៅ​ប្រសូត​សំខាន់បំផុត​នាពេលនេះ ៖

    គួរ៖ ជា​ឈុត​ដែល​ងាយស្រួល​ស្លៀកពាក់ សាច់​ក្រណាត់​ពាក់​ទៅ​ស្រួល ហើយ​ដែល​សំខាន់​គឺ ស្ត្រី​មានគភ៌​គួរតែ​ត្រៀម​ការ​ទុកជាមុន ដោយ​ការរៀបចំ​ឈុត​សម្រាប់​ស្លៀក​ពេល​ទៅ​ប្រសូត​ព្យួរទុក​ជាស្រេច។

    មិនគួរ៖ សម្លៀកបំពាក់​ដែលមាន​ខ្សែរ​ណេង​រណោង មាន​ឡេវ​ច្រើន ឬ​ត្រូវ​រូត​ខ្សែរូត​ចុះឡើង ព្រោះ​នៅពេល​ទៅដល់​មន្ទី​ី​រ​ពេទ្យ អ្នកនឹង​ត្រូវ​ផ្លាស់​ស្លៀក​ឈុត​របស់​មន្ទីរពេទ្យ​ហើយ។

    គ្រឿង​តុបតែង ឬ​គ្រឿងអលង្ការ

    គួរ៖ ក្នុងអំឡុងពេល​ដ៏​សែន​កោលាហល​នេះ បណ្ដា​គ្រឿងអលង្ការ​ដែល​ស្ត្រី​មានគភ៌​ធ្លាប់​ពាក់ មិនថាតែ​ក្រវិល ខ្សែក ឬ​ចិញ្ចៀន-ល- គួរតែ​ដោះ​ទុក​សិន ព្រោះ​ក្រៅពី​មិនចាំបាច់​សោះ​ក្នុងអំឡុងពេល​ហ្នឹងហើយ អាច​នឹង​ធ្វើឱ្យ​កើតមាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង ឬ​អាច​នឹង​របូត​ជ្រុះ​បាត់​ក៏មានដែរ។

    មិនគួរ៖ មិនគួរ​ពាក់​គ្រឿងអលង្ការ​មានតម្លៃថ្លៃៗ ដូចជា ពេជ្រ មាស-ល- ព្រោះ​អាចធ្វើឱ្យ​បាត់បង់​ដោយ​មិនដឹង​ខ្លួន​បាន។

    លាបថ្នាំ​ក្រចក? អត់​ទេ​ណា៎ កុំ!

    គួរ៖ ក្នុងអំឡុង​ពេលដែល​គ្រូពេទ្យ​ត្រូវ​ពិនិត្យមើល​កម្រិត​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​រាងកាយ ដំណាក់កាល​ដំបូង​គ្រូពេទ្យ​នឹង​ពិនិត្យមើល​ការប្រែប្រួល​របស់​ពណ៌​ក្រចក។ ដូច្នេះ​សូមអ្នក​គិត​ទៅ​មើល! ចុះបើ​ក្រចក​ពណ៌​ក្រហម បៃតង លឿង​វិញ​នោះ​តើ​វា​នឹង​ធ្វើឱ្យ​ការធ្វើការ​របស់​គ្រូពេទ្យ​ពិបាក​ប៉ុនណា​ទៅ? ដូច្នេះ​ដើម្បី​សុវត្ថិភាព និង​ការធ្វើការងារ​របស់​ក្រុមគ្រូពេទ្យ​មាន​ភាពងាយស្រួល គួរតែ​លាង​សម្អាត​ថ្នាំ​ក្រចក​ចេញ​ឱ្យ​ស្អាត។

    មិនគួរ៖ បច្ចុប្បន្ន​ការតុបតែង​ក្រចក លាប​ពណ៌​ក្រចក​ឱ្យស្អាតៗ មាន​ច្រើន​ម៉ូដ​ច្រើន​ម៉ាក តែ​ចូរ​កុំ​សោកស្ដាយ​ដែល​ត្រូវ​លាង​វា​ចេញ​នោះ ព្រោះ​ពេលនេះ វា​ជា​រឿង​មួយ​ដែល​មិនចាំបាច់​ទាល់តែសោះ។

    បន្ថែម៖ ត្រៀម​រៀបចំ​កាបូប​ខោអាវ​ពេល​ទៅ​ប្រសូត សម្រាប់​អ្នក​ម្ដាយ

    1. ប័ណ្ណ​ពិនិត្យ​គភ៌ និង​អត្តសញ្ញាណប័ណ្ណ។
    2. ឈុត​ខាងក្នុង និង​សំឡី​អនាម័យ៖ អាវទ្រនាប់ សម្រាប់​ពាក់​នៅ​ថ្ងៃ​ត្រឡប់ទៅផ្ទះ​វិញ គួរតែ​ជា​អាវទ្រនាប់​ដែល​ងាយស្រួល​បើក​ឱ្យ​កូនតូច​បៅដោះ​បាន​ស្រួល។ ខោ​ទ្រនាប់ គួរ​ត្រៀមខោ​ទ្រនាប់​រាងធំៗជាង​ខ្លួន​បន្តិច និង​មាន​ពណ៌ដិតៗឱ្យបាន​ច្រើន សម្រាប់​ស្លៀក​ពេល​គេង​សម្រាក​ក្រោយពេល​ប្រសូត​នៅ​មន្ទីរពេទ្យ។ គួរ​ជ្រើសរើស​ប្រើ​ខោ​ទ្រនាប់​បែប​ស្លៀក​ទៅ​ស្រួល​សប្បាយខ្លួន ធូររលុងៗ ដើម្បីឱ្យ​ខ្យល់អាកាស​ចេញចូល​ស្រួល។
    3. សម្លៀកបំពាក់​សម្រាប់​អ្នក​ម្ដាយ​ស្លៀក​ពេល​ចេញពី​មន្ទីរពេទ្យ។
    4. ស្បែកជើងផ្ទាត់។

    សម្រាប់​កូនតូច

    1. ក្រណាត់​កន្ទបស្អាត។
    2. ខោអាវ​កូនតូច​ខ្នាត​ទើបនឹង​កើត ស្រោមដៃ ស្រោមជើង និង​មួក។
    3. កន្សែង​សម្រាប់​រុំ​ខ្លួន​កូន​ត្រឡប់ទៅផ្ទះ​ត្រៀមខ្លួន​រួចរាល់​ហើយ​មែន​ទេ​សម្រាប់​ការត្រៀមខ្លួន​ទៅ​ប្រសូត? សូមឱ្យ​អ្នក​ម្ដាយ និង​កូនតូច​មាន​សុខភាព​រឹងប៉ឹង និង​កុំ​ភ្លេច​ស៊ែរ​រូប​កូនតូច​មកឱ្យ​អ្នកគ្រូ ឆវី បាន​មើល និង​ជួយ​ត្រេកអរ​ផង​ណា៎​ចា៎ស៕
  • ស្បែក​ប្រះ បែក​ស្រកា នៅក្នុង​រដូវរងា គួរ​ដោះស្រាយ​បែបណា?

    ស្បែក​ប្រះ បែក​ស្រកា នៅក្នុង​រដូវរងា គួរ​ដោះស្រាយ​បែបណា?

    រដូវរងា ជា​រដូវ​ដែលចាស់ៗជំនាន់​មុន​តែង​បង្គាប់​ឱ្យ​កូនកំលោះ​របស់ខ្លួន​សង្កេត​មើល​កូនស្រី​ក្រមុំ​នៅក្នុង​ភូមិ ថា​តើ​នារី​ណាមួយ ដែលមាន​រូបឆោម​សម្បុរ​ស្រស់ស្អាត​នៅក្នុង​អំឡុង​រដូវ​នេះ គឺ​មិន​សំដៅ​តែ​លើ​រូបរាង​ខាងក្រៅ​តែ​ម្យ៉ាង​នោះទេ ពោលគឺចាស់ៗចង់​បញ្ជាក់​ឱ្យ​សង្កេត​ពី​ការថែរក្សា​សុខភាព​ស្បែក និង​ភាព​ឧស្សាហ៍​របស់​នារី​ម្នាក់​នោះ។

    នៅពេលដែល​រដូវរងា​ឈានចូល​មកដល់ ស្បែក​របស់​យើង​គ្រប់គ្នា​តែងតែ​ជួប​បញ្ហា​ស្ងួត ខ្វះ​ជាតិ​សំណើម​ដោយសារតែ​ខ្យល់។ ជាពិសេស ប្រសិនបើ​អ្នក​បណ្តែតបណ្តោយ​មិនចេះ​រក្សា​ស្បែក​ឱ្យបាន​ទៀងទាត់​ទេនោះ ស្បែក​ស្ងួត​កាន់តែខ្លាំង រហូត​ប្រេះ​បែក​ស្រកា​ជាមិនខាន។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នឹងធ្វើ​ការចែករំលែក​នូវ​វិធីសាស្ត្រងាយៗក្នុងការ​ថែរក្សា​ស្បែក​មិនឱ្យ​ស្ងួត​ប្រេះ​ក្នុង​រដូវរងា​ឡើយ ដោយ​ប្រើប្រាស់​ផ្លែឈើសាមញ្ញៗដូចខាងក្រោម​នេះ។

    1/ ផ្លែក្រូច​ពណ៌​លឿង
    របៀប​ផ្សំ និង​ការអនុវត្ត

    1. លាយ​សាច់​ប្រទាល​កន្ទុយក្រពើ 2ស្លាបព្រា​កាហ្វេ ជាមួយនឹង​ទឹកក្រូច​ពណ៌​លឿង 1ស្លាបព្រា​កាហ្វេ ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​តែមួយ។
    2. រួច​លាប​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ​ល្អ ហើយ​រងចាំ​ឱ្យ​ល្បាយ​នេះ​ធ្វើ​សកម្មភាព​រយ:ពេល10នាទី។
    3. បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗ ហើយ​កុំ​ភ្លេច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​តាម​ក្រោយ​ផង។
    4. ចូរ​អនុវត្ត​វិធី​នេះ​យ៉ាងហោចណាស់3ដង​ក្នុង​មួយ​សប្តាហ៍ នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​ភាព​ស្ងួត និង​បែក​ស្រកា​ជាមិនខាន។

    2/ ផ្លែ​ចេក
    របៀប​ផ្សំ និង​ការអនុវត្ត

    1.គ្រាន់តែ​បក​យក​ចេក​មួយ​ផ្លែ លាយ​ជាមួយនឹង​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ កូរ​លាយ​ចូលគ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ។

    1. រួច​លាប​នៅលើ​ផ្ទៃមុខ ហើយ​ទុកឱ្យ​ស្ងួត បន្ទាប់មក​ចាំ​ទៅ​លាងជម្រះ​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។
    2. បន្ទាប់មក ចូរ​ប្រើ​កន្សែង​ស្អាត​ជូត​ឱ្យ​ស្អាត​សព្វ រួច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម ដើម្បី​ការពារ​ស្បែក​ស្ងួត​ដោយសារតែ​ទឹក​ក្តៅ។
    3. ប្រើ​រូបមន្ត​មួយ​នេះ​មួយ​សប្តាហ៍2ដង នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​បញ្ហា​ស្បែក​ស្ងួត​ជាមិនខាន។

    3/ គ្រាប់​ផ្លែ​ប៊័រ
    របៀប​ផ្សំ និង​ការអនុវត្ត

    1. ពុះ​ផ្លែ​ប៊័រ​យកតែ​គ្រាប់ រួច​ហាន់​ជាចំណិតៗ ក្រឡុក​ជាមួយ​ទឹកក្រូច​ឆ្មារ 2-3 ស្លាបព្រា​បាយ ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​តែមួយ។
    2. លាប និង​ខាត់ ម៉ាស្សាថ្នមៗនៅលើ​ដងខ្លួន ដៃ និង​ជើង​របស់​អ្នក​ឱ្យ​សព្វ​ល្អ ហើយ​រងចាំ​ឱ្យ​ល្បាយ​ស្ងួត​ប្រហែល​រយ:ពេល10នាទី។
    3. បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។
    4. រួច​ប្រើ​ឡេ​លាប​ស្បែក រាល់ពេល​មុន​ចូល​គេង​និង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​រាល់ពេល​ចេញដំណើរ​ទៅ​កន្លែងធ្វើការ ឬ​នៅពេល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ និង​កម្លាំង​ខ្យល់។

    4/ ផ្លែ​ប៉ោម​ខៀវ
    របៀប​ផ្សំ និង​ការអនុវត្ត

    1. ផ្លែ​ប៉ោម​ខៀវ មាន​សារធាតុ​វីតាមីន C ច្រើន​ស្រាប់ ដូច្នេះ​អ្នក​គ្រាន់តែ​ហាន់​ផ្លែ​ប៉ោម​ខៀវ​ក្រឡុក​ជាមួយ​ទឹកឃ្មុំ 2ស្លាបព្រា​កាហ្វេ​តែប៉ុណ្ណោះ។
    2. រួច​ខាត់​ម៉ាស្សា​លើ​ស្បែក​ខ្លួន​របស់​អ្នកថ្នមៗ ហើយ​ផ្អាប់​ទុក​រហូតដល់​ស្ងួត។
    3. បន្ទាប់មក​សម្អាតខ្លួន​ចេញ​ជាមួយ​ទឹក​ក្ដៅឧណ្ហៗ ហើយ​យក​កន្សែង​ស្អាត​ជូត​ខ្លួន​ឱ្យ​ស្អាត។
    4. ដូចគ្នានេះដែរ ត្រូវ​លាប​ឡេ​ការពារ​ស្បែក​នាពេល​រាត្រី​មុនពេល​ចូល​គេង និង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​នៅ​រាល់ពេល​ថ្ងៃ និង​ពេល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ ឬ​ពេល​រង​សម្ពាធ​ខ្យល់​ខ្លាំង។ ក្នុងចំណោម​វិធី​ខាងលើនេះ អ្នក​អាច​ប្រើប្រាស់​មួយណា​ក៏បាន​ដែរ ក៏ប៉ុន្តែ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព សូម​អនុវត្ត​ជា​រៀង​រាល់ពេល​ល្ងាច​ឱ្យបាន​ទៀងទាត់​ទើប​ជាការ​ល្អ​បំផុត៕
  • Chelsea និង Roma យល់ព្រម​លើ​ការផ្ទេរ Dzeko និង Palmieri

    Chelsea និង Roma យល់ព្រម​លើ​ការផ្ទេរ Dzeko និង Palmieri

    ក្លិប Chelsea និង Roma បាន​យល់ព្រម​ទៅលើ​លក្ខខណ្ឌផ្សេងៗក្នុងការ​ផ្ទេរ​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Edin Dzeko ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge។ នេះ​បើ​យោងតាម​ទូរទស្សន៍ Sky Sports News ក្នុងប្រទេស​អ៊ីតាលី។

    បណ្តាញសារព័ត៌មាន Sky Sports News បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្លិប​ទាំងពីរ​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​លើ​ការផ្ទេរ​កីឡាករ​ពីរ​នាក់ គឺ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បូ​ស្នី Dzeko និង​មិត្ត​រួម​ក្រុម​របស់គេ Emerson Palmieri ដែលជា​ខ្សែការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​ប្រេ​ស៊ី​ល។ បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian  ក្លិប Chelsea បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន 44លាន​ផោន (ស្មើនឹង 62.67លាន​ដុល្លារ​អាមេរិក) បូក​ទាំង​ប្រាក់ឧបត្ថម្ភ​ចំនួន13.2លាន​ផោន​ទៀត ដើម្បី​នាំយក​កីឡាករ​ទាំងពីរ​នាក់​ពី​ក្លិប Roma។

    តែ​ទោះបីយ៉ាងណា Chelsea មិនទាន់​ឈានដល់​ការព្រមព្រៀង​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង Dzeko នៅឡើយ​ទេ។ វា​មិនទាន់​ច្បាស់​នៅឡើយ​ថា បញ្ហា​នៃ​ការ​មិនទាន់​ព្រមព្រៀងគ្នា​នេះ ដោយសារតែ​រយៈពេល​នៃ​កុងត្រា ឬ​ទំហំ​នៃ​ប្រាក់បៀវត្សរ៍ ឬ​យ៉ាងណា​ឡើយ។ ប៉ុន្តែ វា​ត្រូវបាន​គេ​យល់ឃើញថា ការផ្ទេរ​របស់ Emerson ផ្តល់​លក្ខ​ខណៈ​ងាយស្រួល​ជាង ខណៈដែល​ខ្សែការពារ​វ័យ 23ឆ្នាំ​រូបនេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍ ដើម្បី​បំពេញ​ការផ្ទេរ​របស់គេ។

    Dzeko ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​ក្រុម​របស់ Roma ដែល​បានធ្វើ​ការប្រកួត​ជាមួយនឹង​ក្រុម Sampdoria កាលពី​ថ្ងៃ​ពុធ ខណៈដែល​លោក Monchi ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនទាន់​យល់ព្រម​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅឡើយ​ទេ។ លោក​បាន​ប្រាប់​ទូរទស្សន៍ Mediaset Premium ថា៖ «Roma ដូចនឹង​ក្លិប​ទាំងអស់​ក្នុង​ពិភពលោក​ដែរ ដោយ​ស្តាប់​សំណើផ្សេងៗ ដែល​ផ្តល់​ឲ្យ​កីឡាករ មិនមែន​ត្រឹមតែ Edin Dzeko ប៉ុណ្ណោះ​ទេ ប៉ុន្តែ គ្រប់គ្នា​ទាំងអស់​នៅក្នុង​ក្រុម​នេះ»៕

    ប្រភពពី៖ Sky Sports

  • Xhaka ជួយ​ឲ្យ Arsenal ផ្តួល Chelsea ដើម្បី​ទៅ​ជួប Man City ក្នុង League Cup

    Xhaka ជួយ​ឲ្យ Arsenal ផ្តួល Chelsea ដើម្បី​ទៅ​ជួប Man City ក្នុង League Cup

    Granit Xhaka បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​ខ្លួន ខណៈដែល​ក្រុម Arsenal បានធ្វើការ​វាយបក​ដេញតាម​ពីក្រោយ ដើម្បី​ផ្តួល​ក្រុម Chelsea 2-1 ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី2 នា​កីឡដ្ឋាន Emirates កាលពី​ថ្ងៃ​ពុធ និង​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ កាលពី​ជើង​ទី1។

    ខ្សែបម្រើ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បា​នរក​គ្រាប់​បាល់​ឈ្នះ​ឲ្យ​ក្រុម​របស់ខ្លួន​នៅ​នាទី​ទី60 ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ជួប​ជាមួយ​ក្រុម Manchester City នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី25 ខែកុម្ភៈ ខាងមុខនេះ។ ក្រុម Man City របស់លោក Pep Guardiola បាន​ឈានទៅ​កាន់​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​អង្គារ តាមរយៈ​ការ​ផ្តួល​ក្រុម Bristol City របស់​ក្របខ័ណ្ឌ Champion ship ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ និង​ឈ្នះ​ទាំងពីរ​ជើង 5-3 ដើម្បី​រក្សា​ការ​ស្ថិត​លើផ្លូវ​ឆ្ពោះទៅ​កាន់ការ​ប្រជែង​ដណ្តើមពាន 4 ក្នុង​រដូវ​កាល​តែមួយ។

    ជ័យជម្នះ​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​លោក Wenger ក្នុង​សប្តាហ៍​មួយ ដែល​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​ប្រឈមមុខ​នឹង​ភាព​ត្រដាបត្រដួស​ក្នុងការ​ប្រជែង​យក​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League ដោយសារ​បាត់បង់ Sanchez ដែលជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​របស់​ពួកគេ។

    លោក Wenger បាន​ទទួលស្គាល់ថា ភាពមិនច្បាស់លាស់​នៃ​ការផ្ទេរ​របស់ Sanchez បានធ្វើ​ឲ្យ​ក្រុម​របស់លោក​រង្គោះរង្គើ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹក​វ័យ 68 ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បាន​បាត់បង់​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​គឺ Alexis Sanchez  ហើយ​ក្រុម​មួយ​ដែល​មិនដឹង​ពីអ្វី​ដែល​នឹង​កើតឡើង​នៅ​បន្ទប់​ប្តូរ​សម្លៀកបំពាក់ នឹងខ្វះ​នូវ​ការផ្តោត​អារម្មណ៍ផ្សេងៗលើ​ទម្រង់​លេង»៕

    ប្រភពពី៖ The Sun

  • 4 វិធី​គិត ជួយ​ធុរកិច្ច​ឱ្យ​រុងរឿង

    4 វិធី​គិត ជួយ​ធុរកិច្ច​ឱ្យ​រុងរឿង

    ក្រៅពី​ចំណេះ និង​ការយល់ដឹង​ក្នុង​ធុរកិច្ច​ដែល​ខ្លួន​កំពុង​ធ្វើ​ហើយ​នោះ វិធី​គិត​ដែលល្អៗ ក៏​ហុច​ផល​ដល់​ភាពជោគជ័យ​របស់​ធុរកិច្ច​បាន​ដូចគ្នា ព្រោះ​វិធី​គិត​ប្រៀបដូចជា​ខ្សែ​ផ្លូវ​ដែលនឹង​នាំ​សហគ្រិន​ឆ្ពោះទៅរក​ជ័យជម្នះ ហើយ 4វិធី​គិត​ដែល​ឡា​រ៉ែ​ន​នឹង​ណែនាំ​តទៅ​នេះ គឺជា​វិធី​គិត​ដែល​សហគ្រិន​គ្រប់រូប​ចាំបាច់​ត្រូវតែមាន។

    1. ត្រៀម​កែសម្រួល​វិធី​គិត​គ្រប់ពេលវេលា

    ការប្រកាន់​ខ្ជាប់​ជាមួយ​វិធី​គិតដដែលៗដែល​ធ្លាប់បាន​សាង​ភាពជោគជ័យ​ដល់​យើង​នោះ​មិនមែនជា​រឿង​ខុសឆ្គង​ទេ​ប៉ុន្តែ​បើសិន​ថ្ងៃ​ណាមួយ ដែល​វិធី​គិត​ទាំងនោះ​មិនអាច​សាង​ភាពជោគជ័យ​បាន​តទៅទៀត ឬ​ប្រើ​សម្រាប់​កែខៃ​បញ្ហា​លែង​បាន​ហើយ​នោះ សហគ្រិន​ត្រូវតែ​កែសម្រួល​វិធី​គិត​ជាថ្មី ដោយ​វិធី​គិត​បែប​ថ្មី​នេះ ត្រូវតែ​អាច​កែខៃ​បញ្ហា​ដែល​កើតឡើង​នៅ​ខណៈ​ពេលនោះ​ឱ្យបាន។

    1. សម្លឹងមើល​អនាគតរ​បស់​ធុរកិច្ច​ឱ្យ​ធ្លុះ

    ព្រោះ​វា​នឹង​ធ្វើឱ្យ​សហគ្រិន​អាច​កំណត់​ខ្សែ​ផ្លូវ​នៃ​ការ​ដំណើរការ​ធុរកិច្ច​របស់ខ្លួន​បានច្បាស់លាស់ និង​ដឹងថា ត្រូវ​ដំណើរការ​ធុរកិច្ច​ទៅក្នុង​ទិសដៅ​ណា​ទើប​ទទួលបាន​ជោគជ័យ​តាមគោលដៅ​ដែល​បានកំណត់​ទុក។ ផ្ទុយទៅវិញ បើ​សហគ្រិន​សម្លឹងមើល​អនាគត​របស់​ធុរកិច្ច​មិន​ធ្លុះ ច្បាស់​ជា​នឹង​ដំណើរការ​ធុរកិច្ច​ទៅមុខ​យ៉ាង​គ្មាន​គោលដៅ ដែល​នឹង​ហុច​ផល​ឱ្យ​ធុរកិច្ចនោះ​ដួលរលំ​បាន។

    1. មាន​ផែនការ​បម្រុង ទុក​សម្រាប់​ហេតុការណ៍​ដែល​មិន​នឹកស្មាន​ដល់

    យើង​មិនដឹងថា​នៅពេល​អនាគត ធុរកិច្ច​របស់​យើង​នឹង​ទទួលបាន​ជោគជ័យ ឬ​បរាជ័យ ហើយ​នឹងមាន​បញ្ហា​អ្វីខ្លះ​ឱ្យ​យើង​ដោះស្រាយ​នោះទេ ដូច្នេះហើយ​ទើប​វិធី​ការពារ​ដែល​ល្អបំផុត ប្រហែលជា​គេច​មិន​ផុតពី​ការ​ត្រូវតែមាន​ផែនការ​បម្រុង ទុក​ប្រើ​ក្នុងពេល​អាសន្ន​ហ្នឹងឯង (ចំណុច​នេះ​ចាំបាច់​ត្រូវតែមាន)។

    4 . ធ្វើ​ធុរកិច្ច​ដោយ​ទ្រឹស្ដី Game Theory

    ព្រោះ​នឹងធ្វើ​ឱ្យ​សហគ្រិន​សម្លឹងមើល​ធ្លុះ​ថា គូប្រជែង​របស់​ធុរកិច្ច​ខ្លួនឯង​គឺ​នរណា? ការប្រកួតប្រជែង​លើក​នេះ​នឹងមាន​លទ្ធផល​ឈ្នះ​ចាញ់​យ៉ាងណា? និង​មាន​ភាព​មានប្រៀប​លើការប្រកួតប្រជែង​ច្រើន​តិច​ប៉ុនណា?។ នៅពេល​សម្លឹងមើល​ធ្លុះ​ហើយ ក៏​នឹង​អាច​វាយតម្លៃ​ស្ថានការណ៍​នៃ​ការប្រកួតប្រជែង​បាន និង​ដឹងថា ត្រូវ​ទប់​ទល់នឹង​គូប្រជែង​យ៉ាងណា​ទើប​ទទួលបានជ័យជម្នះ?៕

    រៀបរៀង​ដោយ តា​វ៉ែនតា

  • តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ?

    តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ?

    មន្ត្រី​ជំនាញ​កសិកម្ម​បានលើកឡើង​ថា យ៉ាងហោចណាស់​ក៏​កម្ពុជា​ត្រូវការ​បន្លែ ត្រី សាច់ ប្រមាណ​ជា1លាន​តោន​ដែរ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នៅលើ​ទីផ្សា​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​ប្រមាណ​ជា 55ភាគរយ​ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង និង45ភាគរយ​ផលិត​បាន​នៅក្នុង​ស្រុក។

    លោក តាន់ ព្រឿ​ន កសិករ​វ័យ​ចំណាស់​នៅ​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង មានប្រសាសន៍ថា ការប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​របស់​ពួកគាត់​ហាក់​ពុំ​សូវ​បានទទួល​ផលចំណេញ​ប៉ុន្មាន​ទេ ដោយសារតែ​ធ្វើទៅ​តាម​ទម្លាប់​ពី​បុរាណ មិនមាន​មន្ត្រី​ជំនាញ​កសិកម្ម​របស់រ​ដ្ឋ​ចុះមក​បង្រៀន ឬ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​ដល់​ពល​រដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះឡើយ ដែល​ត្រង់នេះ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “មាន​ម្តងម្កាល​ដែរ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះមក​អប់រំ​ណែនាំ​អំពី​បច្ចេកទេស​នៃ​ការដាំដុះ​ដើម្បីឱ្យ​ទទួលបាន​ផល​ល្អ ប៉ុន្តែ​មិនមែនជា​មន្ត្រី​ជំនាញ​របស់​រដ្ឋ​ទេ មានតែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ស​ហ​ការ​ជាមួយ​ក្រុមហ៊ុន​លក់​សម្ភា​រ​កសិកម្ម ពិសេស​ក្រុមហ៊ុន​លក់​ជី​នេះ​តែម្តង ដែល​មក​ផ្សព្វផ្សាយ​ផលិតផល​ជី​របស់គេ ហើយ​ប្រាប់ថា​ប្រើ​ជី​នោះ​ទៅ​កសិកម្ម​នឹង​ទទួលបាន​ផល​ច្រើន តែ​ដូចជា​មិនមាន​ប្រសិទ្ធភាព​ឡើយ។

    កសិករ​ដដែល​បានលើកឡើង​ទៀតថា នៅក្នុង​មូលដ្ឋាន​របស់គាត់​មាន​ជួប​ការលំបាក​ជាច្រើន​ដូចជា ពិបាក​ផ្លូវ​ធ្វើដំណើរ ខ្វះខាត​ប្រព័ន្ធធារាសាស្ត្រ​ពិសេស​ប្រព័ន្ធ​ប្រឡាយទឹក​ពុំ​អនុគ្រោះ​ឱ្យ​ពួកគាត់​អាច​ប្រកប​របរ​ដាំំ​ដំណាំ​កសិកម្ម​បាន​ទាំងពីរ​រដូវ គឺ​ប្រាំង និង​វស្សា​ដូច​ប្រទេសជិតខាង​បានឡើយ។ អ្វី​ដែលជា​ឧបសគ្គ​ខ្លាំង​សម្រាប់​ការដាំដុះ​នោះ គឺ​កសិករ​នៅក្នុង​មូលដ្ឋាន​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​សម្រាប់​ទិញ​សម្ភារ​កសិកម្ម ពិសេស​ថ្លៃ​ជី និង​ប្រេង​ជាដើម ដែលមាន​តម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ហើយ​ពេល​ផលិត​បាន​ផល បែរជា​ជួប​បញ្ហា​កង្វះ​ទីផ្សារ ឬ​ត្រូវ​ឈ្មួញ​ទម្លាក់​តម្លៃ​ជាដើម។ ឆ្នាំ​ខ្លះ​ប្រមូល​ផល​បាន​ហើយ​លក់​ចេញ​វិញ​ចំណេញ​បាន​តិចតួច ឆ្នាំ​ខ្លះ​លក់​ចេញ​វិញ​ខាតដើម​ក៏មានដែរ​ដែលជា​ហេតុ​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់គាត់ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នៅតែមាន​ជីវភាព​ខ្សត់ខ្សោយ។

    ជាមួយគ្នានេះដែរ លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជាមាន​ប្រសាសន៍ថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​វិស័យ​កសិកម្ម​របស់​យើង​នៅតែមាន​ភាពទន់ខ្សោយ គឺ​ដោយសារ៖

    1.ចំណេះដឹង​អំពី​កសិកម្ម​របស់​កសិករ​កម្ពុជា៖ ភាគច្រើន​ធ្វើ​កសិកម្ម​ទៅតាម​ទម្លាប់​ពី​បុរាណ ឬ​ធ្វើទៅតាមៗគ្នា ឃើញ​អ្នកណា​ធ្វើ​អ្វីមួយ​បាន​ក៏​នាំគ្នា​ធ្វើតាម លុះដល់​ពេលធ្វើ​ច្រើន​លើស​កម្រិត មិនមាន​តម្រូវការ​លើ​ទីផ្សារ។

    2.កត្តារួម​ចំណែក​ខាង​ផលិតកម្ម៖ មិនមាន​ការគាំទ្រ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កសិករ​ឬ​មាន​ដែរ តែមាន​តិចតួច​នៅក្នុង​តំបន់​ខ្លះ ដែលជា​ហេតុនាំឱ្យ​របរ​ដាំ​ដុះ​មិន​ទទួលបាន​លទ្ធផល​ល្អ។

    3.ហេដ្ឋារចនាសម្ព័ន្ធ៖ មិនមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កសិករ​ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល ពោលគឺ កសិករ​កម្ពុជា​ភាគច្រើន​ធ្វើស្រែ ឬ​ដាំ​ដំណាំ​បានតែ​ម្តង​ក្នុង​មួយឆ្នាំ ខុសពី​កសិកម្ម​នៅ​ស្រុក​គេ​ធ្វើបាន​ទាំង​រដូវប្រាំង និង​រដូវវស្សា។

    4.ធាតុ​ផ្សំ​នៃ​ផលិតកម្ម៖ ដូចជា​ជី ថ្នាំ​គីមី ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត​សម្រាប់​បូមទឹក​ស្រោច​ដំណាំ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង ជាហេតុ​ធ្វើឱ្យ​កសិករ​ចំណាយ​ថ្លៃដើម​ខ្ពស់ ពេល​លក់​ចេញ​មិនសូវ​បាន​ប្រាក់ចំណេញ។

    5.មួយវិញទៀត​កសិករ​នៅតាម​តំបន់​មិនបាន​ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​ឱ្យមាន​អ្នកតំណាង​ចុះ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទទួលបាន​កម្ចី​អត្រា​ការប្រាក់​ទាប​ជាង10%ក្នុង​រយៈពេល​មួយឆ្នាំ​នោះទេ។

    ការ​ចងក្រង​ជា​សហគមន៍​នេះ​មាន​សារៈសំខាន់​ណាស់ គឺ​ដើម្បី​ពិភាក្សាគ្នា​រៀបចំ​ផែនការ​ច្បាស់លាស់​ដើម្បី​រក​ទីផ្សារ​ជាមុន មុននឹង​សម្រេច​ធ្វើ​កសិកម្ម​លើ​ផ្នែក​ណាមួយ។ សម្រាប់​ប្រទេស​ជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម រដ្ឋាភិបាល​របស់គេ​ជួយ​អន្តរាគមន៍​ឱ្យមាន​កម្ចី​ការប្រាក់​ទាប​សម្រាប់​កសិក​រ ហើយ​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ច្បាស់លាស់ ទើប​កសិកម្ម​ស្រុក​គេ​មាន​ភាពប្រសើរ​ជាង​កម្ពុជា ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ទឹក​នៅ​ទីតាំង​ខ្ពស់ជាង​តែង​ហូរ​ចុះ​មករក​ទីតាំង​ដែល​ទាប​ជាង កសិកម្ម​ក៏​ដូចគ្នា​ដែរ ប្រទេសជិតខាង​គេ​មាន​ភាពល្អប្រសើរ​ជាង​យើង ទើប​ធ្វើឱ្យ​កសិផល​របស់គេ​ហូរ​ចូលមកក្នុង​ទីផ្សា​ក្នុងស្រុក​យើង​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ។

    ដើម្បី​លើកកម្ពស់​ដំណាំ​កសិកម្ម លោក សម វិទូ មានប្រសាសន៍​ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​ឱ្យបាន​ល្អ ជួយ​អន្តរាគមន៍​តម្លៃ​ជីគីមី​ឱ្យមាន​តម្លៃ​ទាប​ដូច​ប្រទេសជិតខាង ជាពិសេស​ជួយ​រៀបចំ​សហគមន៍​កសិករ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មាន​ក្រុម​ដឹកនាំ​សហគមន៍​ដើម្បី​ស្នើសុំ​កម្ចី​បាន​ក្នុង​អត្រា​ការប្រាក់​ទាប​សម្រាប់​ធ្វើក​សិ​កម្ម។ ជាមួយគ្នានេះដែរ​កសិក​រ​គួរ​ត្រូវ​ចេះ​គណនា​ថ្លៃដើម​នៃ​ការផលិត ហើយ​ទូទាត់​នៅពេល​លក់​កសិផល​ចេញទៅ​វិញ ថា តើ​បាន​ផលចំណេញ ឬ​មិន​ចំណេញ? ហើយ​បើ​មិន​ចំណេញ​គួរ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដាំ​ដុះ​របៀប​ណា​វិញ?។

    គួរបញ្ជាក់​ផងដែរ​ថា មកទល់​ពេល​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​ចងក្រង សហគមន៍​កសិកម្ម​បាន​ជាង 100 សហគមន៍​ហើយ ដោយ​ផ្តោតលើ​ការផលិត​ដាំ​ដុះស្រូវ បន្លែ ផ្លែឈើ និង​ចិញ្ចឹម​ត្រី​សាច់​បានជា​ច្រើន​ប្រភេទ​នៅក្នុង​ខេត្ត​ចំនួន12ជុំវិញ​បឹង​ទន្លេសាប​និង​ខេត្ត​មាន​សក្តានុពល​កសិកម្មផ្សេងៗទៀត​សម្រាប់​ផ្គត់​ផ្គត់​ទីផ្សារ​កសិកម្មសរីរាង្គ​នៅក្នុងស្រុក និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ។

    លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​រំពឹងថា នៅត្រឹម 3ឆ្នាំ​ខាងមុខ​ទៀត​មជ្ឈមណ្ឌល​នឹង​ពង្រីក​សមាជិក​ឱ្យបាន​ដល់5.000នាក់៕