Author: វល័ក្ខ

  • អ្នកគាំទ្រឈរតម្រៀបជួរគ្នា 30គីឡូម៉ែត្រ ស្វាគមន៍ក្រុម U23 វៀតណាម

    អ្នកគាំទ្រឈរតម្រៀបជួរគ្នា 30គីឡូម៉ែត្រ ស្វាគមន៍ក្រុម U23 វៀតណាម

    អ្នកគាំទ្រកីឡាបាល់ទាត់ដ៏ច្រើនកុះករ បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានាកាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីស្វាគមន៍ការវិលត្រឡប់មកប្រទេសកំណើតវិញរបស់ក្រុមវីរបុរសវ័យក្មេងរបស់ពួកគេ និងតម្រូវឲ្យលោកនាយករដ្ឋមន្ត្រីរង់ចាំរហូតដល់ទៅ5ម៉ោងដើម្បីជួបជាមួយពួកគេ។

    បើទោះបីបានរងបរាជ័យយ៉ាងខកចិត្តនៅនាទីចុងក្រោយក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ូសបេគីស្ថានក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship កាលពីថ្ងៃសៅរ៍ក៏ដោយ តែក៏ក្រុមជម្រើសជាតិវៀតណាម បានវិលទៅកាន់ប្រទេសខ្លួនវិញក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែរ។

    ខណៈដែលត្រូវបានចាត់ទុកថាជាវីរបុរសជាតិ ក្រុមរបស់លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo បានបង្កើតប្រវត្តិសាស្ត្រក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ តាមរយៈការដណ្តើមបានជ័យជម្នះដ៏រំភើបជាច្រើនលើក្រុមខ្លាំងៗដូចជាអូស្ត្រាលី អ៊ីរ៉ាក់ និងកាតា។ វាជាលើកទី1ហើយដែលក្រុមជម្រើសជាតិវៀតណាម បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ ដែលនាំឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។
    អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានាតាំងពីព្រលានយន្តហោះ Noi Bai រហូតដល់កណ្តាលទីក្រុងហាណូយ ដើម្បីស្វាគមន៍រថយន្តក្រុងរបស់ក្រុមវីរបុរស។

    លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននិយាយថា៖ «ខ្ញុំត្រូវរង់ចាំពួកគេអស់រយៈពេល5ម៉ោង។ មិនធ្លាប់មាននាយករដ្ឋមន្ត្រីណាម្នាក់ត្រូវរង់ចាំនរណាអស់រយៈពេលយូរបែបនេះឡើយ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា រីករាយខ្លាំងណាស់សម្រាប់ការរង់ចាំបែបនេះឡើយ»៕

    ប្រភពពី៖ e.vnexpress.net

  • វិធី​រៀបចំខ្លួន យ៉ាង​ស្រស់​សង្ហា​ទៅ​សម្ភាស​ការងារ

    វិធី​រៀបចំខ្លួន យ៉ាង​ស្រស់​សង្ហា​ទៅ​សម្ភាស​ការងារ

    វា​ពិតប្រាកដ​ហើយ ដែល​បុរស​គ្រប់គ្នា​ចង់បាន​ភាពជឿជាក់​គ្រប់​ជ្រុងជ្រោយ​ពេល​ទៅ​សម្ភាសន៍​ចូលធ្វើការ​នោះ ព្រោះថា​ក្រៅពី​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថាស​ប្បាយ​ស្រួលខ្លួន និង​ស្រួល​ចិត្តហើយ វា​នៅបាន​សាង​នូវ​ភាព​ពេញចិត្ត​ដល់​ចៅហ្វាយនាយ​ដែល​នឹង​ទទួលយក​អ្នក​ឱ្យចូល​ធ្វើការ​នោះ​ទៀតផង ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​ទិច​និក​ក្នុងការ​រៀបចំខ្លួន​ឱ្យ​ស្រស់​សង្ហាដើម្បី ប្រុងប្រៀប​ខ្លួន​ចូល​សម្ភាស​ចូល​បម្រើ​ការងារ​ឱ្យទទួល​បាន​ជោគជ័យ​មក​ជម្រាបជូន​ដូចខាងក្រោម​នេះ។

    1/ កោរពុកមាត់ ពុកចង្កា ពី​យប់​ទុកឱ្យហើយ

    ព្រោះថា ដល់​ថ្ងៃ​ដែល​ត្រូវ​ចូលទៅ​សម្ភាស​មែនទែន​នោះ អ្នក​ច្រើនតែ​រសាប់រសល់ ខ្វល់ខ្វាយ និង​ញាប់​ញ័រ​នៅពេល​ព្រឹក​មុននឹង​ចេញពីផ្ទះ​ទៅ។ ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ថា អ្នក​គួរ​កោរពុកមាត់ ពុកចង្កា និង​រោម​មុខ​តាំងពី​ពេលយប់​ទុកឱ្យហើយ ដើម្បី​បង្កើន​ភាពស្រស់ស្អាត​នៅពេល​ព្រឹកស្អែក។ គួរ​កោរ​សម្អាត​ក្រោយពេល​ងូតទឹក​ហើយ និង​គួរ​ប្រយ័ត្ន​កុំឱ្យ​មុត​មាន​ស្នាមរបួស ព្រោះ​អ្នក​ប្រហែលជា​មិន​ចង់ឱ្យ​អ្នក​ដែល​សម្ភាស​រូបអ្នក​សម្លឹង​ស្នាមរបួស​ខ្លាំង​ជាង​មើល​ផ្ទៃមុខ​ដ៏​ស្រស់​សង្ហា​របស់​អ្នក​ឡើយ មែន​ទេ?

    2/ កុំ​បណ្តោយ​ឱ្យមាន​អង្គែ​ជ្រុះ

    ព្រោះ​ការ​ស្លៀកពាក់​ឈុត​ដែលមាន​ពណ៌​ចាស់​ដិត ដូចជា ពណ៌​ខៀវ​ទឹកប៊ិច​ចាស់ ឬ​ខ្មៅ គឺជា​ពណ៌​ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ថ្លៃថ្នូរ កាលី​ប​និង​មើលទៅ​សមជា​អ្នកមានចំណេះដឹង តែ​រឿងដែល​មក​បញ្ឈប់​ភាព​សង្ហា​របស់​អ្នក​ឱ្យ​ឈប់​ង៉ក់​នោះ​គឺ អង្គែ សត្រូវ​ដ៏​កំណាច​របស់​ស្បែកក្បាល​របស់​អ្នកនឹង​ឯង។ អ្នក​គួរ​ធ្វើការ​កម្ចាត់​អង្គែ​ឱ្យ​អស់ពី​ក្បាល ដោយ​ការ​កក់សក់​នឹង​សាប៊ូកក់សក់​ដែលមាន​ការការពារ និង​កម្ចាត់​អង្គែ​នៅពេល​ព្រឹក​ដែល​ត្រូវ​សម្ភាស​នោះ​តែម្តង ហើយ​បើ​អ្នកមាន​បញ្ហា​ត្រង់​ថា​មាន​អង្គែ​ច្រើន​នោះ​ឡា​រ៉ែ​ន ណែ​នាំឱ្យ​កក់សក់​ដោយ​ទឹក​ក្តៅឧណ្ហៗព្រោះ​វា​នឹងមិន​ធ្វើឱ្យ​ស្បែកក្បាល​របស់​អ្នក​ឡើង​ស្ងួត​ជ្រុល​ពេក និង​កើតមាន​អង្គែ​តិច​បំផុត។

    3/ តុបតែង​សក់​ផ្នែក​ខាងក្រោយ​ឱ្យ​ស្អាត​រៀបរយ​ផង

    មិនមែន​តែ​សក់​ផ្នែក​ខាងមុខ​នោះទេ​ដែល​អ្នក​ត្រូវ​មើលថែទាំ និង​យកចិត្តទុកដាក់​ជាពិសេស​នោះ សក់ និង​ជើងសក់​ផ្នែក​ខាងក្រោយ​ក៏​ដូចគ្នា​ដែរ បើ​សក់​ខាងមុខ​ស្អាត​ខ្ញង់ តែ​ខាងក្រោយ​សំពោង​ដូច​គូទ​ទា ក៏​អស់​សង្ហា​បាន​ដូចគ្នា ដូច្នេះ​គួរតែ​កាត់​តម្រឹម​សក់​ខ្លះ កុំឱ្យ​សក់​ខាងក្រោយ​វែង​លប់​លើ-កអាវ​ជ្រុល​ពេក នាំឱ្យ​មើលទៅ​គ្មាន​របៀប។ វិធី​ដែល​ល្អ​បំផុត គឺ​គួរតែ​ទៅកាត់សក់​ឱ្យបាន​ស្អាត​មុន​ដល់​ថ្ងៃ​សម្ភាស ដើម្បី​ភាព​ស្អាត​សង្ហា​បែប​ប្រាកដ​ក្នុង​ចិត្ត៕

  • ក្រុម​មណ្ឌល​ប្រចាំខេត្ត​កំពង់ស្ពឺ មានឱកាស​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ច្រើន​ពី Tiger Street Football Festival 2018

    ក្រុម​មណ្ឌល​ប្រចាំខេត្ត​កំពង់ស្ពឺ មានឱកាស​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ច្រើន​ពី Tiger Street Football Festival 2018

    កំពង់ស្ពឺ៖ កំពង់ស្ពឺ​គឺជា​ខេត្ត​ទី2 បន្ទាប់ពី​ខេត្ត​ព្រះសីហនុ ដែល​ក្រុមការងារ Tiger Street Football Festival 2018 បានមក​រៀបចំ​ការប្រកួត​កីឡា​ហ្វ៊ូ​ត​សាល​ដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ 2013 មក​ម្លេះ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ2018 រង្វាន់​សរុប​ទូទាំងប្រទេស​កាន់តែ​ធំ​អស្ចារ្យ រហូតដល់ 50000ដុល្លារ។

    ចំពោះ​ខេត្ត កំពង់ស្ពឺ ដែលជា​មណ្ឌល​ថ្មី​នេះ​មាន 35ក្រុម​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​នា ថ្ងៃទី28 ខែមករា​នេះ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា​ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់ថ្មីៗនៃ​ការលេង។

    បើតាម​អ្នកស្រី ថោង បវរ​លក្ខិណា ដែលជា​នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បានលើកឡើង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី27 ខែមករា នេះ​ថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ 2018  រដូវ​កាល​ទី6 បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន និង​មាន​រង្វាន់​សរុប​រហូត​ដល់ 50000ដុល្លារ។ Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំងប្រទេស រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ។   ក្រុម​ជាង 500  ក្រុម​ត្រូវបាន​រំពឹងថា នឹងចូលរួម​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក Tiger Street Football Festival  ឆ្នាំ2018 នេះ ។ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    បន្ថែម​ពីលើ​នេះ​លោក ប៉ិច នី នាយក​គ្រប់គ្រង​សម្មភាព​ពាណិជ្ជកម្ម ថា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួមមាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើន​ទាំង​ការប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សម្រាប់​អ្នកគាំទ្រ​មាន​ជា​បដា​សម្រាប់​សរសេរ​គាំទ្រ​ក្រុម​របស់ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​សម្ភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រម​ក​ពិសា​បន្ទាប់ពី​ការប្រកួត​បាល់ទាត់។

    នាយក​គ្រប់គ្រង​សម្មភាព​ពាណិជ្ជកម្ម បញ្ជាក់ថា អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចម្រុះ នឹងមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា។

    សូមបញ្ជាក់ថា នេះ​ជា​លើកដំបូង​សម្រាប់​ក្រុម​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ ក្នុងការ​បង្ហាញ​សមត្ថភាព​ប្រកួតប្រជែង ដណ្តើមពាន​រង្វាន់​បាល់ទាត់​នៃ​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែល​នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី 28 ខែមករា ឆ្នាំ2018នេះ ដោយមាន 38ក្រុម​ចូលរួម៕

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

    វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

    ទោះជា​រសជាតិ​ផ្អែម​ជួយ​បង្កើន​ភាព​ឈ្ងុយឆ្ងាញ់​ដល់​ម្ហូបអាហារ​ក៏ដោយ តែបើ​បរិភោគ​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​កើតរោគធាត់ រោគ​បេះដូង និង​រោគ​លើសឈាម​បាន ដូច្នេះ​វិធី​ងាយ​បំផុត និង​ឃើញ​លទ្ធផល​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ និង​ថាមពល​គឺកាត់បន្ថយ​ការទទួល​ទាន​ស្ករ​ចុះ​បន្តិចម្តងៗ ដូចជា បន្ថយ​បរិមាណ​ស្ករ​នៅក្នុង​ទឹកតែ កាហ្វេ ឬ​អាច​ប្រើ​ស្ករ​សិប្ប​និមិត្ត និង​ចៀសវាងអាហារ​ដែលមាន​ស្ករ​ច្រើន ដោយ​វិធី​ដូចខាងក្រោម​នេះ

    1 . កុំ​ភ្លេចខ្លួន​ជឿ​ពាក្យឃោសនា​ថា វា​ជា “ស្ករ​សុខភាព” ព្រោះ​មិន​ថា​ជា​ស្ករ​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធតែ​ផ្តល់នូវ​ថាមពលស្មើគ្នា​ទាំងអស់ ។

    2 . ទទួលទាន​ផ្លែឈើ​ជំនួស​នំ ឬ​បង្អែម ព្រោះ​ផ្លែឈើ​មាន​វិ​តា​មីន សារធាតុ​រ៉ែ និង​មាន​កាក​សរសៃ​ដែល​ជួយ ឬ​ពន្យារ​ការបឺត​ជ្រាប​ជាតិ​ស្ករ​ទៅក្នុង​រាងកាយ និង​ខា​បូ​ហាយ​ដ្រេ​ត​ដែលជា​មូលហេតុ​របស់​រោគ​ធាត់ និង​គួរ​ចៀសវាង​ញ៉ាំ​ទឹក​ផ្លែឈើ​កំប៉ុង ព្រោះនឹង​ទទួលបាន​ជាតិ​ស្ករ​លើសពី​តំរូវការ ។

    3 . បន្ថយ ឬ​កម្ចាត់​ខា​បូ​ហាយ​ដ្រេ​ត​បំប្លែង ពពួក​នំប៉័ង និង​នំ​បេ​ឃើ​រី​ដែល​នឹង​ប្រែ​ក្លាយទៅជា​ស្ករ​នៅក្នុង​ឈាម​បាន​លឿនប្រហាក់ប្រហែលគ្នា​នឹង​ការ​ញ៉ាំ គ្លុយ​ខូ​ស​ដែរ ក្រៅពីនេះ​ខា​បូ​ហាយ​ដ្រេ​ត​ដែល​សល់​ពី​ការប្រើប្រាស់​នឹងត្រូវ​ប្រមូល​សន្សំ​ជា Triglyceride ជា​ខ្លាញ់​ដែល​រាងកាយ​រក្សា​ទុកជា​ស្បៀង ។

    4 . ប្រយ័ត្ន​អាហារ​ចម្អាប​គ្មាន​ជាតិ​ខ្លាញ់ តាមរយៈ​ការជឿខុសៗដែលថា បើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ នឹងមិន​ធ្វើឱ្យ​ធាត់​ទេការពិត​វិញ អាហារ​គ្មាន​ជាតិ​ខ្លាញ់ នៅមាន​ស្ករ និង​បរិមាណ​កាឡូរី​ខ្ពស់​ផងដែរ ។

    5 . អាន​ស្លាក​ណែនាំ​របស់​អាហារ​ដើម្បី​រកមើល​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​មិនល្អ សម្រាប់​អ្នក​ដែល​កើតរោគ​ទឹកនោមផ្អែម អាចប្រើប្រាស់​សារធាតុ​ផ្អែម​ប្រភេទ​ផ្តល់​ថាមពល​តិច ដែល​ច្រើន​មាន​បញ្ជាក់​នៅលើ​ស្លាក​អាហារ​ថា “គ្មាន​ជាតិ​ស្ករ” ឬ “Sugar free” ។

    6 . ប្រយ័ត្ន​ការប្រើ​សារធាតុ​ផ្តល់​ជាតិ​ផ្អែម​សិប្ប​និមិត្ត ឬ​សារធាតុ​ជំនួស​ភាព​ផ្អែម​ច្រើន​លើស​កំណត់ ព្រោះ​អាចធ្វើឱ្យ​រាងកាយ​កើតមាន​ភាព​ចង់​ញ៉ាំ​ស្ករ ឬ​ខា​បូ​ហាយ​ដ្រេ​ត​កាន់តែខ្លាំង​ឡើង ។

    7 . គណនា​បរិមាណ​ជាតិ​ស្ករ​ដោយ​អាន​ព័ត៌មាន​ភោជនាហារ​ដែល​បង្ហាញ​ពី​បរិមាណ​ជាតិ​ស្ករ​ទាំងអស់​ជា​ក្រាម រួច​ចែកជា 4នឹង​បាន​ស្មើនឹង​ចំនួន​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​ចូល​ទៅជា​រង្វាស់​ស្លាបព្រា​កាហ្វេ៕

  • Forbes៖ Huawei នឹងមិន​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ

    Forbes៖ Huawei នឹងមិន​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ

    អាមេរិក៖ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) តែងតែ​ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូ​ន​ត្រកូល P របស់ខ្លួន ប៉ុន្តែ​នៅ​ឆ្នាំនេះ មាន​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​មក​ដូចគ្នា​ថា Huawei មិន​បង្ហាញ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ។

    គេហទំព័រ​បស់ Forbes បាន​ចុះផ្សាយ​ថា ព័ត៌មាន​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹង​តាំងពី​ថ្ងៃទី 09 ខែមករា​មកម្ល៉េះ ប៉ុន្តែ​គេ​មិនទាន់​ជឿជាក់​ទៅលើ​ព័ត៌មាន​នោះ​ទាំងស្រុង​ទេ រហូតដល់​ថ្មី​នេះ សារព័ត៌មាន​កូរ៉េ ET News បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Huawei នឹងមិន​បង្ហាញ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ព្រឹត្តិការណ៍ MWC 2018 ឡើយ។

    នៅមុននេះ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា Huawei នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន P20 ឬ P11 ដើម្បី​វាយ​លុយ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយចំនួន​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​តំបន់​ទើប Huawei ពន្យា​ពេល​ក្នុងការ​ប្រកាស​ស្មា​ត​ហ្វូ​ន​ថ្មី ហើយ​បើតាម​ប្រភព​ជិតស្និទ្ធ​បាន​លួច​បន្ថែមទៀតថា រដ្ឋាភិបាល​អាមេរិក​មិន​ចង់ឱ្យ​ឧបករណ៍​អេឡិចត្រូនិក​របស់ Huawei ហូរ​ចូល​ទីផ្សារ​អាមេរិក៕

  • ពេល​កូន​សម្លាញ់​មិន​ចង់​ញ៉ាំ រើស​ច្រើន គួរ​ធ្វើ​យ៉ាងម៉េច​ស្រួល​ទៅ?

    ពេល​កូន​សម្លាញ់​មិន​ចង់​ញ៉ាំ រើស​ច្រើន គួរ​ធ្វើ​យ៉ាងម៉េច​ស្រួល​ទៅ?

    អ្នក​ម្តាយ​ភាគច្រើន​មាន​កង្វល់​ក្នុង​ចិត្ត​រឿង​កូនតូច​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់ ព្រោះ​ស្ទើរតែ​គ្រប់ពេល អ្នក​ម្តាយ​ត្រូវ​ទប់ទល់​នឹង​បញ្ហា​ដែល​កូនតូច​សម្លាញ់​មិន​ព្រម​ញ៉ាំ​អាហារ ញ៉ាំ​តិច ញ៉ាំ​រើស និង​បៀម​បាយ​មិន​ព្រម​ទំពា​លេប ដែល​នឹង​ហុច​ផល​អាក្រក់​ដល់​ការរីកចម្រើន​ធំធាត់ ការ​វិវឌ្ឍន៍​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង​របស់​កូនតូច​ក្នុង​រយ:ពេល​វែង។

    តើ​កូនតូច​សម្លាញ់​របស់​អ្នកមាន​ទង្វើ​ទាំងអស់​នេះដែរ ឬទេ?
    – កូនតូច​ធុញទ្រាន់​នឹង​អាហារ

    កូន​សម្លាញ់​មាន​ភាព​ឃ្លាន​អាហារ​តិច ទោះជា​អ្នក​ម្តាយ​ប្តូរ​មុខ​អាហារ​ច្រើនយ៉ាង​ហើយក៏​ដោយ។
    – កូនតូច​មិន​ងាយ​ញ៉ាំ​អាហារ
    កូន​សម្លាញ់​របស់​អ្នក​យំ​នៅពេល​ឃើញ​អាហារ ឬ​រករឿង​ង​ង៉ក់​ពេល​បញ្ចុក​អាហារ ឬ​បដិសេធ​មិន​ញ៉ាំ​ដោយ​ការ​យកដៃ​ខ្ទប់មាត់។
    – កូនតូច​មហារពឹស​មិន​ព្រម​ញ៉ាំ​អាហារ
    កូន​សម្លាញ់​របស់​អ្នក​ចូលចិត្ត​លេង​ក្នុងពេល​អ្នក​បញ្ចុក​អាហារ ឬ​ពេល​ញ៉ាំ​បាយ។
    – កូន​សម្លាញ់​រើស​ចំណី
    កូន​សម្លាញ់​របស់​អ្នក​មិន​ចូលចិត្ត​អាហារ​មួយចំនួន ដោយសារតែ​ក្លិន រសជាតិ ឬ​រូបរាង​របស់​អាហារ​នោះ។

    បើ​កូន​របស់​អ្នកមាន​ទង្វើ​ដូចខាងលើ​ត្រឹមតែ 1ចំណុច​នោះ អាច​សរុប​បាន​ថា កូន​របស់​អ្នកមាន​បញ្ហា​រឿង​ការហូបចុក ដែល​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​របស់​រាងកាយ និង​ការ​វិវឌ្ឍន៍​របស់​ខួរក្បាល​ហើយ។

    ការប៉ះពាល់​ផ្នែក​រាងកាយ និង​សុខភាព ៖
    – បើ​កូន​បានទទួល​សារធាតុ​អាហារ និង​ថាមពល​មិន​គ្រប់គ្រាន់ នឹង​ហុច​ផល​ឱ្យ​កូន​មាន​ទម្ងន់​ខ្លួន និង​កម្ពស់​ទាប​ជាង​ប្រក្រតី​តាម​អាយុ និង​ភេទ។
    – កូន​អាច​នឹងខ្វះ​វិ​តា​មីន និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​ហុច​ផល​មិនល្អ​ដល់​ការធ្វើការងារ​ជា​ប្រក្រតី​របស់​រាងកាយ ដូចជា​ខ្វះ​សារ​ធាតុដែក​ធ្វើឱ្យ​កើត​សភាវ​លោហិត​រាវ​ស្លេក និង​ធ្វើឱ្យ​កុមារ​ក្រ​ធំ។
    – កូន​អាច​នឹងមាន​សញ្ញា​ថា ឈឺ​ញឹកញាប់ ដោយសារតែ​រាងកាយ​ផលិត​ប្រព័ន្ធ​ការពារ​ជំងឺ​មិនបាន​ពេញទំហឹង។

    ការប៉ះពាល់​ខាង​ផ្នែក​ការរៀន​យល់ដឹង ៖
    កូន​បានទទួល​វីតាមីន និង​សារធាតុ​រ៉ែ​មិន​គ្រប់គ្រាន់ ហុច​ផលប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង ដូចជា ខ្វះ​សារ​ធាតុដែក​នឹង​ហុច​ផល​ឱ្យ​កូន​មានការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង​យឺត និង​ស្ពឹក​ជាង​កុមារ​ឯទៀត។ ដូច្នេះ​អ្នក​ម្តាយ​ដែលមាន​កូនតូច​រីកចំរើន​ធំធាត់​យឺត​ជាង​អាយុ ឬ​មាន​ទង្វើ​ក្នុងការ​ញ៉ាំ​មិន​សម​ទំនង​នោះ ការ​រិះរក​អាហារ ដែលមាន​រូបមន្ត​គ្រប់គ្រឿង​ដើម្បី​បង្កើន​ភាពជឿជាក់​ក្នុង​ចិត្ត​ថា កូនតូច​ពិតជា​បានទទួល​សារជាតិ​អាហារ​គ្រប់​ប្រភេទ​ក្រុម​ដែលមាន​តុល្យភាព​ចំពោះ​រាងកាយ ទាំង​ប្រូតេអ៊ីន កាបូ​ហាយ​ដ្រេ​ត ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ 28 ប្រភេទ រួម​ជាមួយនឹង​ការព្យាយាម​កែសម្រួល​ទង្វើ​របស់​កូនតូច​ឱ្យ​អាច​ញ៉ាំ​បាន​យ៉ាង​សមរម្យ​ផង​នោះ នឹង​ជួយ​ឱ្យ​កូនតូច​មានការ​រីកចម្រើន​ធំធាត់​សម​នឹង​វ័យ មានការ​វិវឌ្ឍន៍​ដ៏​ល្អ និង​មាន​សុខភាព​រឹងមាំ ព្រមទាំង​រៀន​យល់ដឹង​ខាង​ផ្នែកផ្សេងៗបាន​យ៉ាង​ពេញ​សមត្ថភាព​ទៀតផង៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 112

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 112

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/01/LRPN_112-Final-For-Web.pdf” force_dl=”1″]

  • ការលក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ចិន​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ 2017 ខណៈដែល Huawei នៅតែ​បន្ត​កើនឡើង

    ការលក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ចិន​មានការ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ 2017 ខណៈដែល Huawei នៅតែ​បន្ត​កើនឡើង

    ចិន៖ យោងតាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការលក់​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់ចុះ​រហូតដល់ 4% នៅក្នុង​ឆ្នាំ 2017 ដែល​នេះ​ជា​តួលេខ​មិន​ធ្លាប់​កើតមានឡើង​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​យក្ស​នៅ​អាស៊ី ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Huawei វិញ​គឺ​កើន​ខ្ពស់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Phone Arena នៅ​ថ្ងៃទី 27 ខែមករា ឆ្នាំ 2018។

    ក្រុមហ៊ុន​ស្រាវជ្រាវ Canalys បាន​បង្ហាញថា នៅក្នុង​ឆ្នាំ 2017 មាន​ស្មា​ត​ហ្វូ​ន​ត្រឹមតែ 459លាន​គ្រឿង​ប៉ុណ្ណោះ​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចិន ជាពិសេស​គឺ​តួលេខ​នៃ​ការ​លក់បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ត្រីមាស​ទី4 ចុងឆ្នាំ 2017 តែម្ដង ដែលជា​ហេតុ​ធ្វើឱ្យ តួលេខ​នៃ​ការលក់​ប្រចាំឆ្នាំ​ធ្លាក់ចុះ 4% បើ​ធៀប​នឹង​ឆ្នាំ 2016។

    នៅក្នុង​របាយការណ៍​បាន​បង្ហាញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei លក់បាន​ស្មា​ត​ហ្វូ​ន 24លាន​គ្រឿង​នៅក្នុង​ត្រីមាស​ទី4 ឆ្នាំ 2017 និង​លក់បាន​ជាង 90លាន​គ្រឿងក្នុង​រយៈពេល​ចេញ1ឆ្នាំ 2017 ដែល​តួលេខ​នេះ ត្រូវបាន​គេ​មើលឃើញថា កើនឡើង​ជាង​ឆ្នាំមុន។

    ចំណែក​ក្រុមហ៊ុន Oppp វិញ​គឺ​តួលេខ​នៃ​ការលក់​បាន​ធ្លាក់ចុះ​រហូតដល់ 16% បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​ទទួលបាន​ត្រឹមតែ 19លាន​គ្រឿង​នៅត្រឹម​មាស​ទី4 ឆ្នាំ 2017 រីឯ Vivo វិញ​គឺ​បាន​ធ្លាក់ចុះ 7% ដោយ​ទទួលបាន​ត្រឹមតែ 17លាន​គ្រឿងក្នុង​ត្រីមាស​ដូចគ្នា៕

  •   មែនឬ? ស្ត្រី​មានគភ៌ ស្អប់​អ្នកណា ខឹង​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ?

      មែនឬ? ស្ត្រី​មានគភ៌ ស្អប់​អ្នកណា ខឹង​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ?

    ជំនឿ​ដែលថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ខឹង​អ្នកណា ឬ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ដូច​ម្នាក់​នោះ វា​អាច​មើល​ទៅជា​រឿង​មួយ​ដែល​ស្ត្រី​មានគភ៌​មួយចំនួន​ក៏​ជឿ តែ​ខ្លះទៀត​និយាយថា វា​មិនមាន​ពាក់ព័ន្ធ​គ្នា​ទេ។

    នៅក្នុង​ការពិត​វិញ មូលហេតុ​ដែល​ធ្វើឱ្យមាន​ការនិយាយតៗគ្នា​ឡើង​ថា បើ​អ្នកមាន​ផ្ទៃពោះ​ស្អប់​អ្នកណា កូន​កើតមក​នឹង​ស្រដៀង​នឹង​ម្នាក់​នោះ វា​អាចជា​ឧបាយកល​របស់​មនុស្ស​សម័យបុរាណ​ដែល​មិន​ចង់ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សុខភាព​ផ្លូវចិត្ត​មិនល្អ និង​មិន​ចង់ឱ្យមាន​ភាព​តានតឹង ធុញថប់ មួម៉ៅ​រហូត​ហុច​ផល​មិនល្អ​ទៅដល់​ទារក​នៅក្នុង​គភ៌​ហ្នឹងឯង។

    មែនឬ​អត់? ស្ត្រី​មានគភ៌​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត កូន​កើតមក​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ?

    ក្នុង​ផ្លូវ​ផ្ទុយគ្នា​វិញ ជំនឿ​ដែលថា បើ​អ្នកមាន​ផ្ទៃពោះ​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួនឯង​ពេញចិត្ត ឬ​នឹកឃើញ​រឿង​ដែល​ខ្លួនឯង​ចូលចិត្ត កូន​ប្រសូត​ចេញមក​ក៏​នឹងមាន​មុខមាត់​ដូច​មនុស្ស​ម្នាក់​នោះ ឬ​ចូលចិត្ត និង​មាន​ទេពកោសល្យ​ក្នុង​រឿង​ដែល​ម្ដាយ​តែង​នឹកឃើញ​ញឹកញាប់​កាលពីពេល​តាំង​គភ៌​នោះឯង។ ជំនឿ​នេះ ក៏​អាចជា​ឧបាយកល​មួយទៀត​របស់ចាស់ៗបុរាណ​ដែល​ចង់ឱ្យ​ស្ត្រី​មានគភ៌​មាន​សុខភាព​ផ្លូវចិត្ត​ដែល​ល្អ​នឹក​ឃើញតែ​រឿងល្អៗនឹង​បាន​សប្បាយចិត្ត​ហ្នឹងឯង។

    នៅក្នុង​ការពិត​វិញ លក្ខណៈ​ខាង​រូប​កាយ​របស់​កូន​នៅក្នុង​ផ្ទៃ​នោះ ត្រូវបាន​កំណត់ដោយ​មាន​តួ​ហ្ស៊ែ​ន​ជាច្រើន​ផ្គុំ​ចូលគ្នា ដោយ​កូនតូច​នឹង​បានទទួល​ហ្ស៊ែ​ន​ទាំងពី​ឪពុក និង​ម្ដាយ មិនមែន​បាន​ពី​នរណាម្នាក់​ផ្សេង​ឡើយ។ ទោះជា​សម្លឹងមើល​រូបថត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​យូរ​ប៉ុនណា​ក៏ដោយ ក៏​មុខមាត់​របស់​កូន​មិន​ខុសប្លែក​ពី​ហ្ស៊ែ​ន​ដែល​បានទទួល​ពី​ឪពុក និង​ម្ដាយ​ដែរ។

    អី​ចឹ​ង តើ​ចរិត​និស្ស័យ​របស់​កូន​បានមកពី​នរណា?

    ចំណែកឯ​រឿង​ចរិត​និស្ស័យ​របស់​កូន​វិញ​នោះ ទោះជា​ការចម្លង​បន្ត​ខាង​ពូជ​អម្បូរ​នឹងមាន​ចំណែក​កំណត់​លក្ខណៈ​ចរិត​និស្ស័យ​របស់​ក្មេង​ក៏ដោយ តែ​ការចិញ្ចឹម​មើលថែ និង​សភាព​បរិស្ថាន​ជុំវិញខ្លួន ក៏​ជា​បច្ច័យ​ចម្បង​ដែល​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​កូន​បានដែរ។ ក្រៅពីនោះ​ហើយ ការរស់នៅ​ប្រចាំថ្ងៃ​របស់​ឪពុក និង​ម្ដាយ​អ្នក​ចិញ្ចឹម​មើលថែ ឬ​ឧបនិស្ស័យ​ផ្ទាល់ខ្លួនខ្លះៗក៏​អាច​ហុច​ផល​ដល់​ចរិត​និស្ស័យ​របស់​ក្មេង​បានដែរ។ បើ​កូន​កើតមក​ហើយ កូន​មើលឃើញ​ទង្វើ​ដូចជា ម្ដាយ​ចូលចិត្ត​រអ៊ូរទាំ ឬ​និយាយដើម​នរណាម្នាក់ កូន​ក៏​អាច​នឹង​ជ្រួតជ្រាប​ចរិត​និស្ស័យផ្សេងៗទាំងនោះ​តាម​បានជាបណ្ដើរៗដូចគ្នា។

    ទារក​ក៏ដូចជា​ក្រណាត់ស​ដូច្នោះ​ដែរ ការដែល​ក្មេង​នឹងមាន​ចរិត​និស្ស័យ​ល្អ ឆ្លាត វាងវៃ​បាន​នោះ​ក្រៅពី​ហ្ស៊ែ​ន​ពូជ​របស់​ឪពុក និង​ម្ដាយ​ហើយ​នោះ​នៅ​ត្រូវ​អាស្រ័យ​លើ​ការចិញ្ចឹម​មើលថែទាំ​ដែល​ល្អ បរិស្ថាន​ជុំវិញខ្លួន​ដែល​ល្អ​ស័ក្តិសម និង​ការជំរុញ​ដ៏​ល្អ​ពី​ក្រុមគ្រួសារ​ផងដែរ៕

  • Samsung ត្រៀម​ផលិត Galaxy Note 8 Olympic Edition ស្វាគមន៍​ការធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំនេះ

    Samsung ត្រៀម​ផលិត Galaxy Note 8 Olympic Edition ស្វាគមន៍​ការធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំនេះ

    ដូចដែល​យើង​បានដឹង​ទាំងអស់គ្នា​ហើយ​ថា ម្ចាស់ផ្ទះ​ដែល​នឹង​ប្រារព្ធ​ពិធី​ប្រកួត​អូឡាំពិក​រដូវរងា​ប្រចាំឆ្នាំ2018 នេះ​គឺ​ប្រទេស​កូរ៉េខាងត្បូង ហើយថ្មីៗនេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​បំផុត​របស់​កូរ៉េ Samsung ក៏បាន​ត្រៀម​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ពិ​សេសមួយ​ដើម្បី​ស្វាគមន៍​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ដែល​នឹង​មកដល់​ក្នុងឆ្នាំនេះ​ដែរ នោះ​គឺ Samsung ស៊េរី Galaxy Note 8 Olympic Edition។

    ដោយ​ម៉ូដ​ឌី​ហ្សា​ញ​របស់ Samsung Galaxy Note 8 Olympic Edition នេះ​នឹង​ប្រកបដោយ តួ​គ្រឿង​ដែល​នឹងមាន​ពណ៌​ស និង​មាន​ឡូហ្គោ​កង 5 ដែលជា​និមិត្តសញ្ញា​របស់​ការប្រកួត​កីឡា​អូឡាំពិក​ឆ្លាក់​ជាប់​នៅលើ​ផ្នែក​ខាងក្រោយ​នៃ​តួ​គ្រឿង​ទៀតផង។ ក្រៅពីនេះ​នៅមាន​វ៉​ល​ផេ​ភើរ និង Application ពិសេសៗដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមការងារ​អូឡាំពិក​ផងដែរ។

    តែ សម្រាប់​សាវ័ក Samsung ទាំងឡាយ ព័ត៌មាន​នេះ គឺជា​រឿង​មួយ​ដែល​គួរឱ្យ​ស្ដាយ​ជាទីបំផុត ព្រោះថា Galaxy Note 8 Olympic Edition នេះ​នឹង​គ្មាន​ការដាក់​លក់​ជាទូទៅ​ទូទាំង​ពិភពលោកនោះឡើយ ព្រោះ​ស៊េរី​នេះ​ត្រូវបាន​ខាង Samsung ប្រកាស​រួចហើយ​ថា ខ្លួន​នឹង​ផលិត​ចេញមក​ដើម្បី​ផ្ដល់​ឱ្យតែ​ក្រុមការងារ និង Staff នៅក្នុង​ពិធី​ប្រកួត​កីឡា​អូឡាំពិក 2018 តែប៉ុណ្ណោះ ដែលមាន​ទាំងអស់​ត្រឹមតែ 4,000គ្រឿង​ប៉ុណ្ណោះ​ទូទាំង​ពិភពលោក៕