Author: វល័ក្ខ

  • ចាប់ពីពេលនេះ​តទៅ គ្រូ​មិនអាច​មូរដៃអាវ​ពេល​បង្រៀន​បាន​ទៀត​ទេ

    ចាប់ពីពេលនេះ​តទៅ គ្រូ​មិនអាច​មូរដៃអាវ​ពេល​បង្រៀន​បាន​ទៀត​ទេ

    គ្រូបង្រៀន ជា​វិស្វករ​នៃ​ព្រលឹង និង​ជា​អ្នក​បណ្តុះបណ្តាល​មនុស្ស​ឱ្យមាន​សមត្ថភាព​ខ្ពស់ ឬ​ក្លាយជា​ប្រជាជន​សកម្ម​នៅក្នុង​ប្រទេស ហេតុនេះ​សកម្មភាព​របស់​គ្រូបង្រៀន ជា​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត ព្រោះថា ពួកគាត់​ជា​គំរូ​សម្រាប់​សិស្ស​គ្រប់គ្នា។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរអប់រំ​ទាំងអស់​នៅ​ទូទាំង​រាជធានី-ខេត្ត​ទាំងអស់​ពង្រឹង​វិន័យ​ឱ្យបាន​ខ្ពស់ និង​ពង្រឹង​ការគ្រប់គ្រង​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់។

    ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើកឡើងថា កន្លងមក​ក្រសួង​អប់រំ​បាន​ពិនិត្យឃើញថា បុគ្គលិក​អប់រំ​ខ្លះ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​មួយចំនួន​មិនទាន់​អនុវត្ត​ពេលវេលា​បំពេញការងារ និង​គោរព​ម៉ោង​បង្រៀន​បាន​ពេញលេញ​នៅឡើយ ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ការអនុវត្ត​កម្មវិធីសិក្សា និង​ការសិក្សា​របស់​សិស្ស​ថែមទាំង​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ដែល​ខិតខំ​បំពេញការងារ និង​សហគមន៍​ទៀតផង។

    ដើម្បី​ពង្រឹង​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ឱ្យបាន​ល្អ ឯកឧត្តម​ណែនាំ​ឱ្យ​មន្ទីរអប់រំ​ទាំងអស់​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​វត្តមាន​របស់​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថានសាធារណៈ​ទាំងអស់។ អនុវត្ត​វិន័យ​រដ្ឋបាល ឬ​វិន័យ​ការងារ​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត ចេញ​មុន​ម៉ោង​កំណត់ បុគ្គលិក​អប់រំ​ដែល​អនុវត្ត​កាតព្វកិច្ច​ពុំមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ប្រគល់​ភារកិច្ច​ឱ្យ​អ្នកដទៃ​ធ្វើ​ជំនួស​ដោយ​ខ្លួនឯង​ទៅ​បំពេញការងារ​ក្រៅ​ខុស​បទបញ្ជា ឬ​យក​ការងារ​ក្រៅ​អង្គភាព​មក​ឡូកឡំ​ក្នុង​ម៉ោង​ការងារ ឬ​អវត្តមាន​ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់ និង​សេចក្តីណែនាំ​ចុងក្រោយ​នោះ​គឺ ត្រូវ​ពង្រឹង​ការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ (ដូចជា ហាម​មូរដៃអាវ)ក្នុងពេល​បំពេញការងារ៕

  • Arsenal យល់ព្រម​លើ​តម្លៃ​ខ្លួន 60លាន​ផោន ដើម្បី​ទិញ Aubameyang ពី Dortmund

    Arsenal យល់ព្រម​លើ​តម្លៃ​ខ្លួន 60លាន​ផោន ដើម្បី​ទិញ Aubameyang ពី Dortmund

    ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ក្នុង​ទឹកប្រាក់ 60លាន​ផោន (ស្មើនឹង 84.4លាន​ដុល្លារ​អាមេរិក) ជាមួយនឹង​ក្លិប Borussia Dortmund ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គា​បុ​ង Pierre-Emerick Aubameyang។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ទូរទស្សន៍ Sky Sports។

    ព័ត៌មាន Sky Sports News យល់ឃើញថា ការបំពេញ​ការផ្ទេរ​នេះ​នឹង​កើត​ឡើងជា​ផ្លូវការ​បាន លុះត្រាតែ​ក្លិប Dortmund រកបាន​ខ្សែប្រយុទ្ធ​ម្នាក់​មក​ជំនួស​វិញ។ ក្លិប​កាំភ្លើង​ធំ​បាន​រង​នូវ​ការច្រានចោល​រួចជាស្រេច​ចំពោះ​ការដាក់សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ 50លាន​ផោន​កាលពី​សប្តាហ៍​មុន ខណៈដែល​លោក Michael Zorc ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ 28ឆ្នាំ​រូបនេះ​ចាកចេញ ប្រសិនបើ​ការទាមទារ​តម្លៃ​ខ្លួន​របស់​ពួកគេ ត្រូវបាន​ផ្តល់​ឲ្យ។

    Aubameyang បាន​រង​នូវ​ការស្រែក​ចំអក​ឲ្យ​ពី​អ្នកគាំទ្រ​របស់​ក្លិប Dortmund នា​កីឡដ្ឋាន Westfalenstadion អំឡុង​ពេលដែល​ក្រុម​របស់​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម Freiburg កាលពី​ថ្ងៃ​សៅរ៍ និង​បាន​លើក​បដា​មួយ​ដែល​សរសេរថា៖ «គ្មាន​កីឡាករ​រូប​ណា ធំ​ជាង​ក្លិប​របស់​យើង​ឡើយ»។ ប្រសិនបើ​គេ​ពិតជា​ចូលរួម​ជាមួយនឹង​ក្លិប​នៅ​កីឡដ្ឋាន Emirates នៅមុន​ពេល​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ពុធ​មែន​នោះ Sky Sports News យល់ឃើញថា Arsenal នឹងមាន​បំណង​ឲ្យ​ខ្សែប្រយុទ្ធ Olivier Giroud ចាក​ចេញពី​ក្លិប​នេះ ខណៈដែល Chelsea បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ។ ប៉ុន្តែ ប្រភព​មួយ​ក្នុង Sky Sports News បាន​បង្ហើប​ឲ្យ​ដឹងថា Giroud អាច​នឹង​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ការផ្ទេរ​របស់ Aubameyang ទៅកាន់ Emirates តាមរយៈ​ការចេញ​ទៅ​ចូលរួម​ជាមួយនឹង Dortmund វិញ៕

    ប្រភពពី៖ Sky Sports

  • ផ្កា​ខាត់ណា​ធ្លាក់​ថ្លៃ​… «ការ​បង្កើត​​សហ​គមន៍​​បន្លែ​​នឹង​ធ្វើ​ឱ្យ​​តម្លៃ​មាន​លំនឹង»

    ផ្កា​ខាត់ណា​ធ្លាក់​ថ្លៃ​… «ការ​បង្កើត​​សហ​គមន៍​​បន្លែ​​នឹង​ធ្វើ​ឱ្យ​​តម្លៃ​មាន​លំនឹង»

    ជាធម្មតា​នៅពេលដែល​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​តម្លៃ​នៃ​ផលិតផល​មានការ​កើនឡើង​ដូចជា​កាលពីដើមឆ្នាំ តម្លៃ​បន្លែ​ផ្កា​ខាត់ណា​លក់បាន​ថ្លៃ​ខ្ពស់ ដោយសារ​មិនសូវ​សម្បូរ តែ​លុះដល់កណ្តាល​ដៃ និង​ចុងដៃ ការប្រមូល​ផល​បាន​កាន់តែច្រើន តម្លៃ​ក៏បាន​ធ្លាក់ចុះ​វិញ​ដែរ។

    លោក​សៅ ផេង និង​លោក​ណែម សារឿន កសិករ​នៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល បាន​និយាយ​ស្រដៀង​គ្នា​ថា ពួកគាត់​បាន​ចាប់យក​របរ​ដាំ​បន្លែ​ជិត 30ឆ្នាំ​មកហើយ និង​បាន​ដាំ​បន្លែ​ផ្កា​ខាត់ណា​នេះ​ជាង 10ឆ្នាំ​មកហើយ​ដែរ។ ជាធម្មតា​តម្លៃ​បន្លែ​ផ្កា​ខាត់ណា នឹង​លក់បាន​ថ្លៃ​នៅពេល​កាត់​លក់​ដំបូង(ដើមដៃ) លុះដល់​កណ្តាល​ដៃ និង​ចុងដៃ​គឺ​តម្លៃ​តែងតែ​ធ្លាក់ចុះ​ទៅវិញ ព្រោះតែ​ទិន្នផល​ជន់​ឡើង​កាន់តែច្រើន។ ជាក់ស្តែង​ក្នុងឆ្នាំនេះ​កាលពី​ដំបូង​ឡើយ​មួយ​គីឡូក្រាម​បាន​ដល់​ទៅ 5,000រៀល ឥឡូវ​ពាក់កណ្តាល​ដៃ​នេះ គឺ​បានត្រឹមតែ​ជាង 2,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ហើយ​បើ​តម្លៃ​នៅ​ទ្រឹង​ត្រឹម​ប៉ុណ្ណឹង កសិករ​ក៏​មិន​ជួប​បញ្ហា​អ្វី​ខ្លាំង​ដែរ ព្រោះ​អាច​នៅបាន​ចំណេញ​ខ្លះ​ដែរ ដោយសារ​កាលពី​ដើមដៃ​យើង​បាន​កាត់​លក់ 5 ទៅ6លើក​រួចមកហើយ ក្នុងតម្លៃ​ចន្លោះ​ពី 3,000 ទៅ5,000រៀល ព្រោះ​បន្លែ​ផ្កា​ខាត់ណា​នេះ​ក្នុង​មួយ​ចម្ការ​គេ​កាត់​លក់បាន 6 ទៅ7ដង​ឯណោះ​ទើប​អស់។គ្រាន់តែ​កុំឱ្យ​ធ្លាក់​ថ្លៃ​ដូច​កាលពី​ឆ្នាំទៅ 1គីឡូក្រាម​បានតែ​ជាង 1,000រៀល​នោះ ពិតជា​ខាត​បះដៃបះជើង​ហើយ។

    ពួកគាត់​ក៏បាន​ឱ្យដឹង​ដែរ​ថា ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ត្រជាក់ មាន​ភាព​អំណោយផល​ច្រើន​ចំពោះ​ដំណាំ​ផ្កា​ខាត់ណា ទើប​មិនសូវ​ប្រើ​ថ្នាំ និង​ជី​ច្រើន​ឡើយ។ កសិករ​ទាំងពីរ​ក៏បាន​ប្រាប់​អំពី​វិធី​ដាំ​ដុះ និង​ថែទាំ​ផងដែរ​ថា ដំណាំ​ផ្កា​ខាត់ណា​មុនដំបូង​ឡើយ ត្រូវ​សាប​កូន​ទុក​រយៈពេល 28 ទៅ30ថ្ងៃ ទើប​ដក​កូន​យកមក​ស្ទូង(ដាក់​ដាំ) ហើយ​មុននឹង​យក​កូន​មក​ស្ទូង​ត្រូវ​ភ្ជួរ​រាស់​ហាល​ដី​ចោល​ពី 10 ទៅ15ថ្ងៃ​សិន ទើប​លើក​ជា​រង។ ពេល​ដាំ​រួច ត្រូវ​ស្រោច​ទឹក1ថ្ងៃ​ម្តង និង​ជ្រួយ​គុម្ព 1អាទិត្យ​ម្តង ហើយ​រយៈពេល 10 ទៅ15ថ្ងៃ​ត្រូវដាក់​ជី​ម្តង។ ដំណាំ​បន្លែ​ផ្កា​ខាត់ណា ត្រូវការ​ថែទាំ​ខ្លាំង​ជាង​ប្រភេទ​ដំណាំ​បន្លែផ្សេងៗទៀត ហើយ​ក្រោយពី​ដាំ​បាន1ខែ គឺ​យើង​អាច​កាត់​ផ្កា​វា​លក់បាន​ហើយ ដោយ​ផ្កា​មួយ​គុម្ព មាន​ទម្ងន់​ចន្លោះ​ពី​កន្លះ​គីឡូក្រាម ទៅ7ខាំ។

    លោក ស សំណាង ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បាន​ប្រាប់​ដែរ​ថា នៅ​ភូមិ​កោះ​ផុស កសិករ​ភាគច្រើន​និយម​ដាំ​បន្លែ​ផ្កា​ខាត់ណា តែ​វា​មានតម្លៃ​ឡើង​ចុះ​មិន​ទៀងទាត់​ទេ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​ចូលរួម​ជា​សមាជិក​សហគមន៍ និង​ងាក​មកប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីធម្មជាតិ​វិញ​នោះ តម្លៃ​បន្លែ​របស់​ពួកគាត់​នឹងមាន​លំនឹង ដូចជា​ផ្កា​ខាត់ណា​អុ​ី​ចឹ​ង គឺអាច​លក់​ទៅឱ្យ​អង្គការ និង​ក្រុមហ៊ុន​ដៃគូ​ក្នុង​មួយ​គីឡូក្រាម​បាន 4,000រៀល​ថេរ ប៉ុន្តែ​សព្វថ្ងៃ​ក៏​កំពុងមាន​បញ្ហា​ដែរ ដោយសារ​ការបញ្ជាទិញ​បន្លែ​សុវត្ថិភាព​មាន​កម្រិត ហើយក៏​សូម​សំណូមពរ​ដល់​ជំនាញ​ពាក់ព័ន្ធ​ក៏ដូចជា​រដ្ឋាភិបាល​ដែរ សូមមេត្តា​ជួយ​គិតគូរ​បញ្ហា​ទីផ្សារ​បន្លែ​នេះ​ផង៕

  • កម្ពុជា​ស្នើ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ

    កម្ពុជា​ស្នើ​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ

    មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្តោតលើ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម ខណៈពេលដែល​កម្ពុជា​ខ្វះខាត​លើ​ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ដ៏​ច្រើន ដែល​អាចជួយ​លើកកម្ពស់​តម្លៃ​ផលិតផល​កសិកម្ម​ឱ្យ​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន​បាន។

    ក្នុងជំនួប​ជាមួយ​មន្ត្រី​របស់​ប្រទេស​ជប៉ុន​កាលពីពេល​កន្លងទៅនេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានស្នើ​ដល់​ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃ​ប្រទេស​ជប៉ុន​ដែល​អមដោយ​អ្នក​ធុរកិច្ច​ជប៉ុន​មួយចំនួនទៀត​ដែល​បានរួម​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ឱ្យ​បង្កើន​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដោយសារតែ​កម្ពុជា​នៅ​ខ្វះខាត​ត្រង់ចំណុច​នេះ​យ៉ាងខ្លាំង។

    ក្រុមហ៊ុន​ជប៉ុនធំៗចំនួន 8 មកពី​ខេត្ត EHIME ប្រទេស​ជប៉ុន​បានមក​សិក្សា​ស្វែងយល់ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​កំពុង​បង្ហាញ​នូវ​ភាព​ទាក់ទាញ​ខ្លាំង​ដល់​អ្នកវិនិយោគ​បរទេស។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដល់​បណ្តាញសារព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​សប្តាហ៍​កន្លងទៅ ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIME នៃ​ប្រទេស​ជប៉ុន និង​អ្នក​ធុរកិច្ច​ជប៉ុន​មួយចំនួនទៀត​បានលើកឡើង​ថា កម្ពុជា​កំពុងមាន​សក្តានុពល​ខ្ពស់​សម្រាប់​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅប្រទេស។

    ឯកឧត្តម Tokihiro Nakamura មានប្រសាសន៍​ដូចដែល​ត្រូវបាន​ដកស្រង់​សម្តី​ក្នុងជំនួប​កន្លងមក​នោះ​ថា ៖ “នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ជប៉ុនធំៗ ចំនួន 8 នៅ​ខេត្ត EHIME ផងដែរ ដើម្បី​សិក្សា និង​ស្វែងយល់​ដោយផ្ទាល់​ពី​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

    ជាមួយ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​នៅពេលនេះ គណប្រតិភូ​ធុរកិច្ច​ជប៉ុន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម Tokihiro Nakamura អភិបាលខេត្ត EHIMEនៃ​ប្រទេស​ជប៉ុន ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ:កម្ពុជា ស្តីពី​ការបញ្ជូន​កម្មសិក្សាការី​បច្ចេកទេស​កម្ពុជា​ឱ្យទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើ​ការងារនៅក្នុង​ខេត្ត EHIME ផងដែរ។

    តាមរយៈ MoU នេះ ភាគី​កម្ពុជា និង​ជប៉ុន​នឹង​បើកផ្លូវ​ឱ្យមាន​កម្មសិក្សាការី និង​ពលករ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​ទៅ​បណ្តុះបណ្តាល និង​ធ្វើ​ការងារ​រយៈពេល​វែង​នៅ​ខេត្ត EHIME នៃ​ប្រទេស​ជប៉ុន។ កន្លងមក​ថា ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យសំខាន់ៗជាច្រើន​ដូចជា អចលនទ្រព្យ ផ្សារ​ទំនើប​លក់រាយ គ្រឿង​ផ្គុំ​ឧបករណ៍​អេឡិចត្រូនិក ជាដើម ប៉ុន្តែ​គ្មាន​ការវិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ក្នុង​វិស័យ​កសិកម្ម និង​ការកែច្នៃ​កសិផល​នោះទេ៕

  • Tiger Street Football Festival 2018 មណ្ឌល​កំពង់ស្ពឺ​ពិត​ស្វិតស្វាញ​មិន​ចាញ់​មណ្ឌល​ដ៏​ទៃ​ទេ

    Tiger Street Football Festival 2018 មណ្ឌល​កំពង់ស្ពឺ​ពិត​ស្វិតស្វាញ​មិន​ចាញ់​មណ្ឌល​ដ៏​ទៃ​ទេ

    កំពង់ស្ពឺ៖ ក្រោយ​ពិធី​បើក​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 វគ្គ​ជម្រុះ​មណ្ឌល​ទី2 នៅ​ដី​ឡូ​ឳ​ញ៉ា ឈួន កម្សាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ ដែលមាន 35ក្រុម​ចូលរួម​ប្រកួត​នោះ គឺ​ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ មិន​ចាញ់​មណ្ឌល​ដទៃ​នោះទេ បើទោះបីជា​នេះ​ជា​បទពិសោធន៍​ដំបូង​សម្រាប់​អ្នក​ខេត្តកំពង់ស្ពឺ​ក៏ដោយ។ ម្យ៉ាង ក្រុមនីមួយៗសុទ្ធតែ​មានបំណង់​ចង់​ដណ្តើមយក​ជ័យជំនះ ដើម្បី​ទទួលបាន​រង្វាន់​យ៉ាងច្រើន​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដោយ​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​នេះ​ទទួលបាន 1000$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេះ, លេខ២ទទួលបាន 500$ ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេះ, និង​លេខ 3 បាន 300$ ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេះ, និង លេខ4 ទទួលបាន 150$ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ5កេះ​ផងដែរ។

    ទន្ទឹម​និង​នេះ​ក្រុម​ទាំង​សុទ្ធតែ​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​របស់ខ្លួន ដើម្បី​អាច​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ និង​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs ខណៈ​ដែរ​មណ្ឌល​ថ្មី​មួយ​នេះ​ជ្រើស​យក​ជើង​ខ្លាំង​តែ៣ក្រុម​ប៉ុណ្ណោះ។

    សូមបញ្ជាក់ថា មណ្ឌល​កំពង់ស្ពឺ​នេះ​គឹជា​លើកដំបូង​ដែល​ក្រុមការងារ Tiger Street Football Festival 2018 បានមក​រៀបចំ​ការប្រកួត ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ បានបង្ហាញ​នូវ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់ថ្មីៗនៃ​ការប្រកួត។

    ដូច​ច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​បន្តទៀត ថា​តើ​ក្រុម​ណាខ្លះ​អាច​បំបែក​កញ្ចប់​ថវិកា​ដ៏​ច្រើនសន្ធឹក​ស​ន្ថា​ប់​របស់​ក្រុមហ៊ុន​ថៃ​ហ្គ័​រ និង​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ភ្នំពេញ​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ស្វែង​យល់​ពី​ពិធី​បុណ្យ​​មាឃ​បូជា

    ស្វែង​យល់​ពី​ពិធី​បុណ្យ​​មាឃ​បូជា

    មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា ដែល​រួមមាន: មាឃបូជា ពិសាខបូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (ចេញ​វស្សា)។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី 588ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី 15កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន 9ខែ​គត់។

    ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃ​ចំនួន 1250អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍ ចំនួន11 ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង11ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិកជនម្មាក់ៗ ត្រូវ​យកមក សិក្សា​ឲ្យ យល់ដឹង និង​អនុវត្ត​ដូចតទៅ :

    គោលបំណងៈ គោលបំណង​របស់រប​ស់ ព្រះពុទ្ធសាសនា ឬក៏​ដូចជា គោលបំណង​របស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វ​ងរ​ក​និព្វាន​ដែល​ប្រែ​ថាស​ភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិនមាន​ប​ញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេចក្តី​ស្ងប់ ” ។

    យើង​អាច​និយាយថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត​នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុងសង្គម ដែល​ខ្លួន​រស់នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូលរួមចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិកម្នាក់ៗ ត្រូវ​ប្រឹងប្រែង ធ្វើអោយ​សម្រេច ។

    គោលដៅ : សន្តិភាព ប្ញ​និ​ញ្វ​ន មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច​កើត ឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព៣យ៉ាង​គឺ:

    – ការមិនធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​សម្តី។

    – ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថ​រ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវកាយ​និង​ផ្លូវ​សម្តី ។

    – ព​ង្រឺ​ង​ចិត្ត​ដែលជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូតដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិនមាន​សភាវៈ​អាក្រក់​ស្ថិតនៅ។

    លក្ខណៈ​របស់​ព្រះពុទ្ធ​សាសនិកជន ៖

    លក្ខខណ្ឌ​ទី1៖ មានការ​អត់ធ្មត់​ក្នុងការ​ធ្វើអំពើ​ល្អ និង កម្ចាត់​អំពើអាក្រក់។

    លក្ខខណ្ឌ​ទី2៖ មិន​ប្រើ​អំពើហិង្សា​ក្នុងការ​រស់នៅ។

    លក្ខខណ្ឌ​ទី3៖ មិន​ប្រើពាក្យ​បៀតបៀន​និង​តិៈ​ដៀល​អ្នកដទៃ។

    លក្ខខណ្ឌ​ទី4៖ រក្សាសីល រស់នៅក្នុង​ច្បាប់ យក​ច្បាប់​ជាធំ។

    លក្ខខណ្ឌ​ទី5៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំងទ្បាយ​ដោយ​សន្សំសំចៃ​និង​ស្គាល់ប្រមាណ។

    លក្ខខណ្ឌ​ទី6៖ ចូលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។

    លក្ខខណ្ឌ​ទី7៖ មាន​សេចក្តី​ព្យាយាម​ក្នុងការ​សម្អាតចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។

    មេរៀន​ពី​បុណ្យមាឃបូជា ៖ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង11 ប្រការនេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យកទៅ​ប្រើប្រាស់ៈ

    ចំណុច1៖ ក្នុងឋានៈ​ជា​បរិស័ទ ការអនុវត្តន៍​តាម​ប្រកា​រទាំង 11នេះ នឹង​នាំទៅរក​សន្តិភាព​ផ្លូវ​ចិត្តជា​ពិតប្រាកដ។

    ចំណុច2៖ ក្នុងឋានៈ​ជា​ពលរដ្ឋ ក្នុងសង្គម​ការ​មាន គោលបំណង រួមមាន​គោលដៅ​ដូចគ្នា និង​ការប្រព្រឹត្ត​ប្រហាក់ប្រហែលគ្នា​នេះ នឹង​អាច​នាំមក​នូវ សន្តិភាព និង ការអភិវឌ្ឍន៍​ដែល​ប្រកបដោយ​និរន្ត​ភាព។

    ចំណុច3៖ ក្នុងឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុងសង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វ​ងរ​កនូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការអភិវឌ្ឍន៍​ដល់ ប្រទេសជាតិ​តែឯង​នោះ ការ​គោ​ព​តាម​គោលការណ៍​ទាំង 11ប្រការនេះ នឹង​កាត់បន្ថយ​បាន​នូវ​អស្ថិរភាព ជម្លោះ និង​អំពើ ហិង្សា ដែល​កើត​មកពី​ការ​ប្រ​កូត​ប្រជែង​គ្នា​បាន។

    ចំណុច4៖ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការប្រព្រឹត្ត​ទៅតាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មានការ​យោគយល់​ការផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការរស់នៅ​ជុំគ្នា ក្នុងឋានៈ​ជា​មនុស្សជាតិ​បាន បើទោះជា​មាន សាសនាខុសគ្នាៗក៏ ដោយ។

    ចំណុច5៖ ក្នុងឋានៈ​ជា​អន្តរជាតិ ការគោរព​តាម​គោលការណ៍​នេះ នឹង​នាំមក​នូវ​និរន្តរភាព របស់​មនុស្សជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អ​ងែ្វ​ង​បាន ដោយ​មិនបាច់ ព្រួយបារម្ភ​ក្នុងការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។

    ស​ង្ឃឺ​ម​ថា យើងម្នាក់ៗអាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាតចិត្ត របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា៕

    https://www.youtube.com/watch?v=aZeT1oi_KCc

    ប្រភព៖ ៥០០០ឆ្នាំ

  • បងៗស្ត្រី​មេផ្ទះ​ដឹង​ទេ​ថា ទឹក​លាង​អង្ករ​មាន​ប្រយោជន៍​យ៉ាងណាខ្លះ?

    បងៗស្ត្រី​មេផ្ទះ​ដឹង​ទេ​ថា ទឹក​លាង​អង្ករ​មាន​ប្រយោជន៍​យ៉ាងណាខ្លះ?

    ផ្ទះ​ណា​ដែល​ដាំបាយ​បរិភោគ​ដោយ​ខ្លួនឯង ពេល​លាង​សម្អាត​គ្រាប់​អង្ករ​តែងតែ​មានទឹក​អង្ករ​នៅសល់ ដែលជា​ធម្មតាបងៗស្ត្រី​មេផ្ទះ​នឹង​ចាក់​វា​ចោល​ជានិច្ច តែ​ឥឡូវ​ឈប់​សិន! តើបងៗដឹងទេ​ថា យើង​អាច​យក​ទឹក​លាង​អង្ករ​នេះ​ទៅប្រើ​ឱ្យ​កើតជា​ប្រយោជន៍​បាន​ច្រើនយ៉ាង​ណាស់ ជាពិសេស5ចំណុច​ខាងក្រោម​នេះ ឡា​រ៉ែ​ន ជឿថា នៅពេលដែលបងៗបានដឹង​ហើយ បងៗនឹង​លែងចាក់ទឹក​លាង​អង្ករ​ចោល​ទៀតហើយ…។

    1/ ទឹក​អង្ករ​អាច​កម្ចាត់​មុន​បាន៖ ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី និង​ជប៉ុន​មាន​វិធី​ថែទាំ​ស្បែក​មុខ​ដោយ​ទឹក​លាង​អង្ករ។ ពួកគាត់​ប្រាប់ថា ទឹក​លាង​អង្ករ​ជួយ​សម្អាត​ស្បែក​មនុស្ស​យើង​បានល្អ​ណាស់។ បន្ទាប់ពី​លាង​អង្ក​រហើយ​ចូរ​យក​ទឹក​នោះមក​ចាក់​ដាក់​កែវ​ទុក បន្ទាប់មក​យកទៅ​ទុក​នៅក្នុង​ទូទឹកកក ហើយ​យក​សំឡី​មក​ជ្រលក់​ជូត​សម្អាត​ផ្ទៃមុខ និង​បំពង់ក។

    2/ យក​ទឹក​លាង​អង្ករ​ស្រោច​ដើម​ផ្កា៖ នៅក្នុង​ទឹក​លាង​អង្ករ​មាន​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​ច្រើនណាស់ ដែល​ល្អ និង​ស័ក្តិសម​បំផុត​ក្នុង​ការយកទៅ​ស្រោច​ដើម​ផ្កា ឬ​ដំណាំ​ហូប​ផ្លែតូចៗ ដូចជា ដើម​ម្ទេស ដើម​ជី ឬ​ដើម​ត្រប់​ជាដើម។ បើ​បាន​ស្រោច​ដើម​ផ្កា​ដោយ​ទឹក​លាង​អង្ករ​មួយ​សប្ដាហ៍​មួយដង​ដើម​ផ្កា​ទាំងនោះ​នឹង​រីកលូតលាស់ និង​មាំមួន​បែកមែក​ខៀវខ្ចី និង​ចេញ​ផ្កា​ល្អ​ស្រស់បំព្រង​តែម្តង។

    3/ ជួយ​ឱ្យ​សរសៃសក់​រឹងប៉ឹង៖ ទឹក​លាង​អង្ករ​មាន​ប្រូ​តេ​អី​ុ​ន​ដែល​នឹង​ជួយ​ធ្វើឱ្យ​សរសៃសក់​រឹងមាំ ភ្លឺរលោង ដោយ​បន្ទាប់ពី​កក់សក់​ដោយ​សាប៊ូកក់សក់​រួច ចូរ​យក​ទឹក​លាង​អង្ករ​មក​លាប ហើយ​ផ្អាប់​ទុកចោល​ប្រមាណ​ជា 10នាទី បន្ទាប់មក​លាង​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ធម្មតា សរសៃសក់​នឹងមាន​សុខភាព​ល្អ​ឡើង។

    4/ ជួយ​ឱ្យ​ផ្ទាំង​ក្រណាត់ផ្សេងៗមិន​ងាយ​ខ្ទេច​ញក់ញី៖ គ្រាន់តែ​យក​ផ្ទាំង​ក្រណាត់​ទាំង​នោះមក​ដាក់​ត្រាំ​ក្នុង​ទឹក​លាង​អង្ករ​ប្រមាណ​ជា5នាទី ហើយ​យកទៅ​បោក​លាង​សម្អាត​ចេញ នៅពេល​ស្ងួត​ហើយ ផ្ទាំង​ក្រណាត់​ទាំងនោះ​មិន​ខ្ទេច​ញក់ញី ហើយ​ថែមទាំង​ងាយស្រួល​អ៊ុត​ទៀតផង។

    5/ ជួយ​ឱ្យ​ស្បែក​រាងកាយ​រលោង បន្ថយ​ការ​ផ្សារ​ក្រហាយ៖ សម្រាប់​អ្នក​ដែល​ងាយ​មាន​អាការ​ប្រតិកម្ម​ចាញ់​នឹង​អ្វីមួយ ដែល​បណ្ដាលឱ្យ​នៅលើ​ស្បែក​មាន​ឡើង​កន្ទាលត្រអាក ឬ​រមាស់​ផ្សា គ្រាន់តែ​យក​សំឡី​ជ្រលក់​នឹង​ទឹក​លាង​អង្ករ​មក​ដុសថ្នមៗចុះឡើង​នៅត្រង់​កន្លែង​មាន​បញ្ហា​នោះ និង​ទុកចោល​មួយស្របក់​វា​នឹង​ជួយ​កាត់បន្ថយ​អាការ​រមាស់​ផ្សា និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ទៀតផង៕

  • Pellegri វ័យ16 ឆ្នាំ មិន​រង​សម្ពាធ​ដោយសារ​តម្លៃ​ខ្លួន ក្រោយ​ផ្ទេរ​ទៅ Monaco

    Pellegri វ័យ16 ឆ្នាំ មិន​រង​សម្ពាធ​ដោយសារ​តម្លៃ​ខ្លួន ក្រោយ​ផ្ទេរ​ទៅ Monaco

    ខ្សែប្រយុទ្ធ​វ័យ16ឆ្នាំ Pietro Pellegri ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក បាន​បញ្ជាក់ថា រូបគេ​មិន​ត្រូវបាន​រំខាន​ដោយសារតែ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ក្លិប Monaco បាន​ចំណាយ​ទិញ​រូបគេ​ពី​ក្លិប Genoa ឡើយ។

    Pellegri បាន​ចាក​ចេញពី​ក្លិប​កុមារ​របស់គេ ដើម្បី​ចូលរួម​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង សម្រាប់​តម្លៃ​ខ្លួន 17.5លាន​ផោន (ស្មើនឹង 24.7លាន​ដុល្លារ​អាមេរិក) កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​បានបង្ហាញ​ខ្លួន​ក្នុង​ក្រុម​ឈុត​ធំ​របស់ Genoa ចំនួន 9លើក​រួចមក។ ខ្សែប្រយុទ្ធ​ដែល​បាន​ក្លាយជា​កីឡាករ​អាជីព​ដំបូង​រូបនេះ​កើត​ក្នុង​ឆ្នាំ2001 និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A នោះ មិនមាន​សម្ពាធ​ដោយសារតែ​តួលេខ​នៃ​តម្លៃ​ខ្លួន​ទាក់ទិន​នឹង​ការផ្ទេរ​របស់គេ​ឡើយ និង​កំពុងតែ​សម្លឹង​រក​ការចាប់ផ្តើម​ជាមួយនឹង​ក្លិប​ថ្មី​របស់គេ។ Pellegri បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មិន​ខ្វល់​ពី​ចំនួន​ទឹកប្រាក់​នេះឡើយ។

    នៅពេលនេះ ខ្ញុំ​ផ្តោតលើ​ការលេង ផ្តល់​ការរីករាយ​ដល់​ខ្លួនឯង និង​ឈាន​ឱ្យដល់​គោលដៅ​របស់ខ្ញុំ»។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ការចូល​លេង​ក្នុង​ក្របខ័ណ្ឌ Serie A នៅពេលដែល​រូបគេ​បានបង្ហាញ​ខ្លួន​ជា​លើក​ទី 1របស់គេ កាលពី​ខែធ្នូ ឆ្នាំ2016 ក្នុង​វ័យ 15ឆ្នាំ និង280ថ្ងៃ ហើយ​កាលពី​ខែឧសភា រូបគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​គ្រាប់​បាល់​ជា​លើក​ទី 1របស់គេ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម AS Roma។

    Pellegri បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង Monaco។ ខ្ញុំ​មានការ​ជឿជាក់ភ្លាមៗទៅលើ​គម្រោង​ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យក្មេង​ដូចជា​រូបខ្ញុំ​ធ្វើការ​អភិវឌ្ឍ និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត»៕

    ប្រភពពី៖ Sky Sports

  • ការប្រកួត​ជម្រុះ​មណ្ឌល​ទី2 នៃ​ពានរង្វាន់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ហើយ

    ការប្រកួត​ជម្រុះ​មណ្ឌល​ទី2 នៃ​ពានរង្វាន់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ហើយ

    កំពង់ស្ពឺ៖ ការប្រកួត​ជម្រុះ​មណ្ឌល​ទី2 នៃ​ពានរង្វាន់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ហើយ​ហើយ​នា​ព្រឹក​ថ្ងៃទី28 ខែមករា ឆ្នាំ2018នេះ នៅ​ដី​ឡូ​ឧកញ៉ា ឈួន កំសាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន35ក្រុម។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ។
    លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បានលើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា នេះ​ជា​លើកដំបូង Tiger Street Football Festival 2018 បាន​វិលត្រឡប់​មកវិញហើយ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់8ទីតាំង ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង500ក្រុម កីឡាករ​សរុប​ជាង 3500នាក់ និង​មាន​រង្វាន់​ដ៏​ច្រើន​សរុប 50000 ដុល្លារ។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។
    លោក ទុយ វិច្ឆិកា តំណាង​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើកឡើងថា នេះ​គឺជា​លើក​ទី៦ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ ក្នុងការ​ផ្តល់ឱកាស​ដ​ល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡា​បាល់​បាន​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ​យុត្តិធម៌ (Fair Play) គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

    សូមបញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី6នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ ព្រោះ​ក្រុម​ដែល​ចូលរួមនីមួយៗសុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ច្រើន​ពី​ការប្រកួត​នៅលើ​ទីលាន Futsal នេះ។ យ៉ាងណាមិញ​ការប្រកួត​នៅ​មណ្ឌល​ទី2នេះ ក្រុម​ទាំងអស់​នឹងត្រូវ​ប្រកួត​ពេញ1ថ្ងៃ គឺ​ថ្ងៃទី28 ខែមករា ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​ចំនួន៣ក្រុម​ឡើង​ខ្លាំង​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ៕

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

     

  • ទ្រាំ​មិន​បត់ជើងតូច​ញឹកញាប់ ក្នុងអំឡុងពេល​មានគភ៌ ធ្វើឱ្យ​រលូត​កូន​មែនឬ?

    ទ្រាំ​មិន​បត់ជើងតូច​ញឹកញាប់ ក្នុងអំឡុងពេល​មានគភ៌ ធ្វើឱ្យ​រលូត​កូន​មែនឬ?

    រឿង​ដែល​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ក្នុងអំឡុង​ពេលដែល​ស្ត្រី​កំពុង​តាំង​គភ៌ ក្រៅពី​នឹងមាន​ទំហំ​ពោះ​ដែល​ធំ​ឡើង​រៀងរាល់ថ្ងៃ​ហើយ​នោះ នៅមាន​ទង្វើ​ដែល​ប្លែក​ម្យ៉ាងទៀត​គឺ មាន​អារម្មណ៍​ថា ឈឺ​បត់ជើងតូច​ញឹកញាប់​ណាស់ ហើយ​ត្រូវ​ចូល​បន្ទប់ទឹក​ញឹកញាប់​ដែរ បើ​ប្រៀបធៀប​នឹង​ពេលមុន​មានគភ៌ តែ​ដោយសារតែ​ការដែល​ត្រូវ​ចូល​បន្ទប់ទឹក​ញឹកញាប់​នេះឯង ដែល​ធ្វើ​ស្ត្រី​មានគភ៌​មួយចំនួន​ជ្រើសរើស​ក្នុងការ​ទ្រាំ​មិន​ទៅ​បត់ជើងតូច ដែល​លទ្ធផល​នៃ​ការ​ទ្រាំ​ខំ​ទប់​មិន​ទៅ​បត់ជើងតូច​នេះ អាច​នឹង​ធ្វើឱ្យ​រលូត​កូន ឬ​ប្រសូត​មុន​កំណត់​បាន។

    បញ្ហា​ឈឺ​បត់ជើងតូច​ញឹកញាប់​នេះ​ច្រើន​កើតឡើង​ក្នុងអំឡុងពេល​តាំង​គភ៌ 3ខែ​ដំបូង​ហើយនឹង​កើតឡើង​ម្ដងទៀត គឺ​នៅក្នុង​អំឡុងពេល​ជិត​ប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំង​គភ៌3ខែ​ដំបូង​នេះ ស្បូន​នឹងមាន​ការពង្រីក​ខ្លួន​ធំ​ឡើង ធ្វើ​ឱ្យទៅ​ប្រជ្រៀត​ជាមួយនឹង​ប្លោកនោម ហើយ​ថែមទាំង​មាន​ចរន្តឈាម​ដែល​ហូរ​វិល​មក​បរិវេណ​ឆ្អឹងត្រគាក​ច្រើនឡើង​ផងដែរ​នោះ ទើប​ធ្វើឱ្យមាន​អារម្មណ៍​ឈឺ​បត់ជើងតូច​ញឹកញាប់។

    ចំណែក​ក្នុងអំឡុងពេល​ជិត​ប្រសូត ក៏​កើត​អា​ការឈឺ​បត់ជើងតូច​ញឹកញាប់​ទៀត​ដូចគ្នា ដោយសារតែ​ក្បាល​របស់​ទារក​នៅក្នុង​គ​ភ៌​បាន​រំកិល​ទៅជិត និង​សង្កត់ពីលើ​បរិវេណ​ថ្ងាស (ពោះក្រោម​ផ្ចិត) របស់​ម្ដាយ ដែល​ក៏​នឹង​ទៅ​ប្រជ្រៀត​នឹង​ប្លោក​ទឹកមូត្រ​ដូចគ្នា។ តែ​ដោយសារតែ​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​ជាច្រើន​ត្រូវធ្វើ​ការងារ​ក្រៅ​ផ្ទះ មិន​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក ទើប​ប្រើ​វិធី​ទ្រាំ​ទប់​មិន​ទៅ​បន្ទោបង់ ដែល​លទ្ធផល​នៃ​ការ​ទប់​ទ្រាំ​មិន​បន្ទោបង់​នេះ (មិន​ថា​ក្នុងអំឡុងពេល​មានគភ៌ ឬក៏​អត់​នោះទេ) នឹងធ្វើ​ឱ្យ​ប្លោក​ទឹកមូត្រ​ឆ្លង​មេរោគ ហើយយូរៗទៅ​ក៏​នឹង​ចាប់ផ្ដើម​កើតមាន​អាការ​ដូចជា បន្ទោបង់​មិន​អស់ (ដូចជា​នៅ​ឈឺ​បត់ជើងតូច​ទៀត តែ​ទឹកមូត្រ​លែងចេញ​ហើយ) និង​នៅពេល​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង ក៏​នឹងមាន​ទឹកមូត្រ​ចេញមក​តិច (តែ​ញឹកញាប់​ឡើងជារឿយ) និង​ទីបំផុត​អាច​នឹង​ដល់​ថ្នាក់​រលាក​បំពង់​សាជី​ក្រលៀន ដែល​អាចធ្វើឱ្យ​រលូត​កូន ឬ​ប្រសូត​មុន​កំណត់​បាន។

    វិធី​កែប​ញ្ហា​សម្រាប់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​និង​មិន​ងាយស្រួល​ក្នុង​ការចូល​បន្ទប់ទឹក​ក្នុងអំឡុងពេល​ធ្វើដំណើរ​គឺ ចូរ​ព្យាយាម​ចៀសវាង​ការទទួល​ទាន​ទឹក​មុនពេល​ចេញពីផ្ទះ​រយៈពេល 1ម៉ោង ដូចជា ប្រុង​ចេញទៅ​ក្រៅ​នៅ​ម៉ោង 10ព្រឹក ដូច្នេះ​ក្រោយ​ម៉ោង 9ព្រឹក​មិនគួរ​ទទួលទាន​ទឹក​ឡើយ ហើយ​គួរ​បត់ជើងតូច​ឱ្យ​ហើយ​មុនពេល​ចេញទៅ​ក្រៅ ទោះជា​មិន​ឈឺ​ក៏ដោយ លុះ​ពេលទៅដល់​គោលដៅ​ហើយ សឹម​ទទួលទាន​ទឹក​បំពេញ​វិញ​ក៏​អាចជួយ​កែខៃ​បញ្ហា​នេះ​បានដែរ៕