Author: វល័ក្ខ

  • ក្រុមហ៊ុន ខូវ សុក​ញ្ញា លក់​បញ្ចុះតម្លៃ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018

    ក្រុមហ៊ុន ខូវ សុក​ញ្ញា លក់​បញ្ចុះតម្លៃ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018

    នាឱកាស​ដាក់តាំង​បង្ហាញ​ផលិតផល​ជាច្រើន​ប្រភេទ​ដែល​នាំ​មកពី​ប្រទេស​ថៃ នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018 នៅ​សាលសន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ ក្រុមហ៊ុន ខូវ សុ​កញ្ញា​យក​ផលិតផល​សុទ្ធ​ត្រឹមត្រូវ​មកពី​ក្រុមហ៊ុន Nadeara ប្រទេស​ថៃ មក​ដាក់តាំង​បង្ហាញ​ជាច្រើន​ប្រភេទ​ក្នុង​រយៈពេល 4 ថ្ងៃ​ចាប់ពី​ថ្ងៃទី 1-4 ខែកុម្ភៈ រួមមាន ថ្នាំ​សម្រក​ទម្ងន់ សាប៊ូ​ព្យាបាល​ស្បែក សាប៊ូ​ដុស​ស្បែក​ឱ្យ​ស​ភ្លឺ​ម៉ដ្ឋ​រលោង ឡេ​លាបមុខ ក្រែ​ម​ការពារ​កម្តៅថ្ងៃ និង​ផលិត​រក្សា​សម្រស់​ជាច្រើន​ផ្សេងទៀត​ដែល​សុទ្ធសឹង​បាន​នាំយក​មកពី​រោងចក្រ​ក្រុមហ៊ុន​ផ្ទាល់ និង​មានការ​ត្រួតពិនិត្យ អនុញ្ញាតឱ្យ​ប្រើប្រាស់​ពី​ក្រសួងសុខាភិបាល​ប្រទេស​ថៃ។

    ទន្ទឹមគ្នា​នោះដែរ លោកស្រី ខូវ សុក​ញ្ញា ជា​ស្ថាបនិក​ក្រុមហ៊ុន ខូវ សុក​ញ្ញា និង​ជា​អ្នកតំណាង​ផលិតផល​ថៃ​របស់​ក្រុ​ហ៊ុន Nadeara បាន​ថ្លែងប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា នាឱកាស​ពិសេស​នេះ​ក្រុមហ៊ុន​របស់លោក​ស្រី បាន​នាំយក​ផលិតផលថ្មីៗជាច្រើន​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការថែរក្សា​សម្រស់ យកមក​ដាក់តាំង​បង្ហាញជូន​អតិថិជន និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018។ លោកស្រី​បាន​បន្ដថា “ ដើម្បី​ផ្ដល់ជូន​នូវ​ការទុកចិត្ត និង​ការយកចិត្តទុកដាក់​ចំពោះ​ការថែរក្សា​សម្រស់​រូបរាងកាយ​រប​ស់​មិត្ត​សុភាពនារី ក្រុមហ៊ុន​ខូវ សុ​កញ្ញា​បានដាក់​លក់​ផលិតផល​ថ្មី​របស់ខ្លួន រួមទាំង​កា​រប​ញ្ជុះ​តម្លៃ​ជាពិសេស​ដូចជា ឈុត​ថ្នាំ​សម្រក​រាង​ជាមួយ​ទឹក​ឆុង​រសជាតិ​ទំពាំងបាយជូរ លក់​បញ្ចុះតម្លៃ​ជូន​ត្រឹមតែ 25 ដុល្លារ ដែលជា​ធម្មតា​គឺ​តម្លៃ 30 ដុល្លារ។

    មិនតែប៉ុណ្ណោះ​ចំពោះ​អតិថិជន​ដែលមាន​បំណងប្រាថ្នា​ចង់បាន​ស្បែ​កស​តាមបែប​ធម្មជាតិ មាន​សភាព​ភ្លឺ​ម៉ដ្ឋ​រលោង ដោយ​មិនចាំបាច់​ចំណាយពេល​លាប​ឡេ ឬ​ប្រើប្រាស់​ថ្នាំផឹក​ឱ្យ​ស​នោះ ក្រុមហ៊ុន​មួយ​នេះ ក៏បាន​ណែនាំ​នូវ​ផលិតផល​ជា​សាប៊ូ​ដុស​ស្បែក​ឱ្យ​ស​ក្នុង​រយៈពេល​ត្រឹម 1 នាទី បញ្ចុះតម្លៃ​លក់​ជាពិសេស​ត្រឹមតែ 8000 រៀល ឬ 2 ដុល្លារ​តែប៉ុណ្ណោះ ថែមទាំង​មានការ​ដាក់​ពិសោធ​ជាក់ស្ដែង​ដុស​ស្បែ​កដោយ​ធ្វើឱ្យ​ស្បែក សភ្លាមៗ ពិតៗ ជូន​អតិថិជន​ទស្សនា​ដោយ​ក្ដី​ទុកចិត្ត​បន្ថែមទៀត​ផងដែរ។ យ៉ាងណាមិញ ក៏មាន​ផលិតផល​ជាច្រើន​ផ្សេងទៀត ដែល​ផ្ដោត​សំខាន់​ចំពោះ​អ្នកមាន​បញ្ហា​ស្បែក​មុខមុន ខ្មៅ ជាំ ជ្រីវជ្រួញ កន្ទួល​ក្រហម ..ល.. អតិថិជន​អាច​អ​ញ្ចើ​ញ​មក​ពិគ្រោះ​ដោយ​ឥតគិតថ្លៃ​នៅ​ស្ដង់​ដោយផ្ទាល់​តែម្ដង។

    លោកស្រី ខូវ សុក​ញ្ញា បាន​បន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ខូវ សុក​ញ្ញា ត្រូវការ​ដៃគូ​សហការ និង​ស្វែងរក​ដៃគូ​យកទៅ​ចែកចាយ​លក់​បន្ដ​នៅតាម​បណ្ដា​ខេត្ត​នានា ទាំង​លក់ដុំ និង​លក់រាយ ហើយ​ក្រុមហ៊ុន បានផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស​ជា​សម្រាប់​អតិថិជន​ដែល​យកទៅលក់​បន្ដ​ផងដែរ៕

  • លោក Conte ធ្លាក់ចូល​សម្ពាធ​កាន់តែ​ធំ ក្រោយ Chelsea ចាញ់ Watford យ៉ាង​អាម៉ាស់

    លោក Conte ធ្លាក់ចូល​សម្ពាធ​កាន់តែ​ធំ ក្រោយ Chelsea ចាញ់ Watford យ៉ាង​អាម៉ាស់

    លោក Antonio Conte កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ដ៏​ធំ​មួយ ក្រោយពី​ក្រុម Chelsea របស់លោក បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-1 ក្រោម​ស្នាដៃ​ក្រុម Watford ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​ចន្ទ។

    នេះ​គឺជា​ការរង​បរាជ័យ​ដ៏​ធំ​ជា​លើក​ទី 2ជាប់ៗគ្នា​របស់​ក្រុម Chelsea ក្រោយពី​ក្រុម​ម្ចាស់​ជើងឯក​របស់​អង់គ្លេស​មួយ​នេះ​បាន​រង​បរាជ័យ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-0 លើ​ទឹកដី​ខ្លួនឯង​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Bournemouth កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Daryl Janmaat, Gerard Deulofeu និង Roberto Pereyra ក្នុង​រយៈពេល 6នាទីចុងក្រោយ​បាន​ជួយ​ឲ្យ​ក្រុម Watford កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ជា​លើក​ទី 1ក្នុងចំណោម​ការប្រកួត 6លើក  ដើម្បី​នាំមុខ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​ចំនួន 6ពិន្ទុ​ដាច់។

    Chelsea ត្រូវបាន​កាត់បន្ថយ​ឲ្យ​នៅសល់​ត្រឹម​សមាជិក 10នាក់​រួចជាស្រេច ក្រោយពី​ការរង​ការពិន័យ​កាត​ក្រហម​របស់​ខ្សែបម្រើ Tiemoue Bakayoko នៅមុន​ពេល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Troy Deeney បាន​ជួយ​ឲ្យ​ក្រុម Watford មាន​គ្រាប់​បាល់​នាំមុខ​មុនពេល​សម្រាក​ត​ង់​ទី1។ ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Eden Hazar នៅ​រយៈពេល 8នាទីចុងក្រោយ បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​ភ្ញៀវ​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ ពួកគេ​នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដោយ​នាំមុខ​ត្រឹមតែ 1ពិន្ទុ​គត់​លើ​ក្រុម Tottenham Hotspur ស្រប​ពេលដែល​ឱកាស​របស់លោក​ក្នុង​ការបន្ត​តំណែង​ជា​គ្រូបង្វឹក​សម្រាប់​រដូវ​កាល​នេះ កំពុងតែ​ស្ថិតក្នុង​ការចាប់អារម្មណ៍៕

    ប្រភពពី៖ The Telegraph

  • អត្ថប្រយោជន៍​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​ទាន់ពេល

    អត្ថប្រយោជន៍​នៃ​ការសង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​ទាន់ពេល

    គិត​មកទល់​បច្ចុប្បន្ន យ៉ាងហោចណាស់​មាន​ប្រជាជន​មិនតិចជាង 5លាន​នាក់​ទេ​ដែល​ជំពាក់​បំណុល​ធនាគារ ដែល​ភាគច្រើន​គឺ​យកប្រាក់​ទៅ​ប្រកប​របរ​រកស៊ី​ដើម្បី​រកប្រាក់​ចំណេញ ហើយ​មួយ​ភាគ​ទៀត​យកទៅ​ទិញ​ដី ទិញ​ផ្ទះ ទិញ​រថយន្ត ឬ​សម្ភារ​ប្រើប្រាស់ផ្សេងៗទៀត តែ​ពេលខ្លះ​ភាគី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ក៏​ជួប​ហានិភ័យ​ខ្លះ​ដែរ ដោយ​អតិថិជន​បង់​ត្រឡប់មកវិញ​យឺត​ពេល និងមួយចំនួន​តូច​មិន​បង់​តែម្ដង​ក៏មានដែរ។ ដូច្នេះ​សួរថា តើ​ការបង់​សង​ត្រឡប់​ទៅ​ធនាគារ​យឺត​ពេល ឬ​លែង​បង់​ខណៈ​បំណុល​សង​មិនទាន់​អស់នោះ តើ​វា​ផ្តល់​លទ្ធផល​អាក្រក់ អ្វីខ្លះ​ត្រឡប់មក​សាមីខ្លួន​អតិថិជន​វិញ?។

    មន្ត្រី​ឥណទាន​ជនបទ​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា​កន្លងមក​ខ្លួន​ក៏​ធ្លាប់​ជួប​អតិថិជន​ដែល​មិនល្អ​ដែរ​មាន​ប្រមាណ​ជា 2% ទៅ3%នៃ​អតិថិជន​សរុប។ ជួនកាល​អតិថិជន​មានលទ្ធភាព​ដែរ តែ​គេចវេះ​មិន​ព្រម​សង ហើយ​ជួនកាល​ទៀត​អតិថិជន​មិនមាន​លទ្ធភាព​សង​តែម្តង។ មិនមាន​លទ្ធភាព​សង​ដោយសារតែ​ពួកគេ​ខ្ចីប្រាក់​ពី​ធនាគារ​យកទៅ​រកស៊ី តែ​ការប្រកបមុខរបរ​រ​ក​ស៊ី​នោះ​មិន​ទទួលបាន​ជោគជ័យ ខាត​ទាំង​ដើម​ខាត​ទាំង​ចុង រួច​ក៏​លែងមាន​លទ្ធភាព​បង់​ធនាគារ​តែម្តង។ ជា​ឧទាហរណ៍​កសិករ​ជនបទ​មួយចំនួន​តូច ដល់ពេល​ដើមរដូវ​ប្រក​បរបរ​កសិកម្ម ពួកគាត់​មិនមាន​លទ្ធភាព ក៏​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើស្រែ​ចម្ការ។ ដល់ពេល​បាន​ផល លក់​មិន​ចេញ ធ្លាក់​ថ្លៃ ឬ​ខ្លះទៀត​ធ្វើ​ដំណាំ​មិនបាន​ផល​ល្អ ច្បាស់​ណាស់​ពួកគាត់​នឹង​ជួប​ហានិភ័យ​ក្នុងការ​រកប្រាក់​សង​ត្រឡប់មក​ធនាគារ​មិន​ខាន។

    មន្ត្រី​ឥណទាន​ខាងលើ​បន្តថា នៅពេល​អតិថិជន​គេចវេះ​គ្មាន​ដំណោះស្រាយ​នោះ គឺ​គ្មានអ្វី​ក្រៅពី​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​នោះទេ។ ដូច​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា ជារឿយៗនៅពេលដែល​មានការ​គេចវេះ​នោះ ភាគី​ធនាគារ​នឹង​ប្តឹងទៅ​តុលាការ​ដើម្បី​អនុវត្ត​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះ ឬ​ដីធ្លី​ជាដើម ដើម្បី​យកមក​លក់ឡៃ​ឡុង​សងបំណុល​ធនាគារ និង​នៅសល់​ប៉ុន្មាន​តុលាការ​ប្រគល់​ឱ្យទៅ​ម្ចាស់ទ្រព្យ​វិញ។ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិនមាន​លទ្ធភាព​សង ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ពន្យារ​ពេលវេលា​សម​រម្យ​ណាមួយ ដោយ​ទុក​ឱកាស​ឱ្យ​រកប្រាក់​មក​សង​ធនាគារ ដូចជា​រង់ចាំ​ដល់ពេល​លក់​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំក្រោយ​ឬ​គាត់​ចេញទៅ​ធ្វើ​ការងារផ្សេងៗដើម្បី​យកប្រាក់​មក​បង់​ធនាគារ​ជាដើម។ ផ្ទុយទៅវិញ​ប្រសិនបើ​អតិថិជន​មានមុខ​របរ​ច្បាស់លាស់ និង​សង​ប្រាក់​ទាន់ពេល​មក​ធនាគា​រ ឬ​សាង​កេ​រ្ត៍​ឈ្មោះ​ជាមួយ​ធនាគារ​បានល្អ ខាង​ធនាគារ​នឹង​ពិចារណា​ផ្តល់ជូន​កម្ចី​បន្ត បើសិន​មាន​តម្រូវ​ការខ្ចី​ពេលក្រោយៗទៀត។

    ទាក់ទង​នឹង​បញ្ហា​នេះ​លោក អឿ សុធា​រ័ត្ន ប្រធាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន​ធនា​គារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក (CBC) មាន​ប្រមាណ​ជា 140ស្ថាប័ន ហើយ​ក្នុងនោះ​មាន​អតិថិជន​ជាង 5លាន​នាក់​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​ទាំងពីរ​ខាងលើ​ចាប់តាំងពី​ការិយាល័យ​ឥណទាន​បាន​បង្កើត​មក​នៅ​ឆ្នាំ2012។ យ៉ាងណាក៏ដោយ ចំនួន​អតិថិជន​ជាង 5លាន​នាក់​ដែល​បាន​ជាប់ជំពាក់​ប្រាក់​ធនាគារ​នេះ មាន​ជាង 3លាន​នាក់​បាន​សង​ប្រាក់​មក​ធនាគារ​វិញ​រួចហើយ នៅសល់តែ​ប្រហែល 2លាន​នាក់​ប៉ុណ្ណោះ។

    លោក​ថា រាល់ពេល​អតិថិជន​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ CBC តែងមាន​ការកត់ត្រា​ជាប្រចាំ ដែល​របាយការណ៍​នោះ​ត្រូវបាន​ផ្តល់ឱ្យ​មកពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​រៀងរាល់ខែ​បន្ទាប់ពី​ចាប់ផ្តើម​ផ្ដល់​កម្ចី ដើម្បី​រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព និង​សម្ងាត់​នៅ​CBC។ លុះ​ពេល​អតិថិជន​ត្រូវការ​ខ្ចីប្រាក់​លើក​ក្រោយ ខាង​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​មក​ស្នើសុំ​ពិនិត្យមើល​ប្រវត្តិ​នៃ​ការបង់ប្រាក់​របស់​អតិថិជន កាលពីពេល​ចាប់ផ្តើម​ខ្ចី​កន្លងមក ហើយ​បើសិនជា​អតិថិជន​បង់ប្រាក់​បាន​ទាន់ពេលវេលា ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា នឹងត្រូវ​ផ្តល់ឱ្យ​បន្តទៀត ឬ​យ៉ាងណា? ប្រសិនបើ​អតិថិជន​មាន​ប្រវត្តិ​បង់​មិន​ទាន់ពេល ឬ​មានការ​គេចវេះ​ណាមួយ​នោះ​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹង​ពិចារណា​ថា តើ​ត្រូវ​ផ្ដល់ឱ្យ​បន្ត ឬ​មិន​ផ្ដល់ឱ្យ​បន្តទៀត។

    ជាមួយគ្នានេះដែរ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ទោះជា​អតិថិជន​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​រួច ឬ​នៅ​កំពុង​បន្ត​សង​ក៏ដោយ ក៏​ការកត់ត្រា​របាយការណ៍​ពី​ឥរិយាបថ​នៃ​ការសង​ប្រាក់​ត្រឡប់មក​ធនាគារ​វិញ​នៅតែ​រក្សាទុក​យ៉ាង​សុវត្ថិភាព និង​សម្ងាត់​នៅក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា​ទាំងអស់​ដដែល មិនមែន​អតិថិជន​សង​ប្រាក់​ហើយ​ត្រូវបាន​លុបចោល​វិញ​នោះទេ។ លោកជំទាវ​បាន​បញ្ជាក់ថា ការរក្សា​ទុក​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ទៅដល់​ភាគី​ទាំងពីរ គឺ​ភាគី​អតិថិជន និង​ភាគី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យ​បានដឹង​ពី​ប្រវត្តិ​នៃ​ការសង​ប្រាក់​របស់​អតិថិជនម្នាក់ៗសម្រាប់​ជាការ​ពិចារណា​មុននឹង​សម្រេច​ផ្តល់​កម្ចី​នៅពេលក្រោយៗទៀត ហើយ​បើសិនជា​អតិថិជន​មាន​ប្រវត្តិ​សង​ត្រឡប់មកវិញ​ល្អ នោះ​ការខ្ចីប្រាក់​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើក​ក្រោយ​អាច​ងាយស្រួល និង​ឆាប់​បាន ដែល​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការបង់ប្រាក់​ទាន់ពេលវេលា៕

  • សណ្ឋាគារ​ដ៏​ប្រណីត និង​ប្រវត្តិសាស្ត្រ​តាំងពី​ទសវត្សរ៍​ឆ្នាំ 1920 ត្រូវបាន​ជួសជុល និង​បើក​ដំណើរការ​ឡើងវិញ

    សណ្ឋាគារ​ដ៏​ប្រណីត និង​ប្រវត្តិសាស្ត្រ​តាំងពី​ទសវត្សរ៍​ឆ្នាំ 1920 ត្រូវបាន​ជួសជុល និង​បើក​ដំណើរការ​ឡើងវិញ

    សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច និង​ឆ្នេរសមុទ្រ​បៃតង​លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្បែរ​ក្រុង​កំពត ដែល​ត្រូវបាន​បើកសម្ពោធ​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩២៥ ដោយ​បម្រើ​ជូន​រាជវង្សានុវង្ស និង​អភិជន​ជាច្រើន​ទសវត្សរ៍។ សណ្ឋាគារ​ត្រូវបាន​បើក​ឡើងវិញ​នៅ​ដើមឆ្នាំ ១៩៦២ ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សម​កាលដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ចូលចិត្ត​ជាទីបំផុត។

    ស្ថិតនៅ​ច្រាំង​ថ្ម​ចោត​នៃ​កំពូលភ្នំ​បូកគោ សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ ផ្តល់នូវ​ទេសភាព​ដ៏​ស្រស់ត្រកាល ដែល​ត្រូវបាន​ជនជាតិ​បារាំង​ហៅថា ឆ្នេរសមុទ្រ​បៃតង។ អាកាសធាតុ​នៅលើ​កំពូលភ្នំ​បូកគោ​មាន​ចន្លោះ​ពី ១៧ ដល់ ២៤ អង្សា​សេ (៦២.៦ ដល់ ៧៥.២ អង្សា​ហ្វា​រិ​ន​ហៃ) ពេញ​មួយឆ្នាំ។ ភ្នំ​បូកគោ​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បុ​ណ្ណ៉ោះ​ទេ ហើយ​វា​ក៏​ជា​រមណីយដ្ឋាន​សុខភាព ដែល​ព្យាបាល​ដោយ​ធម្មជាតិ រួមមាន​ឥទ្ធិពល​ទៅលើ​សួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធ​ប្រសាទ ការស្តារ​ឡើងវិញ​នៃ​ចលនា​ឈាម និង​ការបង្កើន​កម្លាំង។ សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស គឺជា​អគារ​បួន​ជាន់​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​វត្តមាន​ដ៏​មាន​អានុភាព មាន​រានហាល និង ជណ្តើរ​ថ្មើរជើង​បែប​អ៊ីតាលី។

    សព្វថ្ងៃនេះ សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា។ អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស លោក FRUGERE F. Philippe បាន​មានប្រសាសន៍ថា៖ “ឡឺ បូកគោ ផា​ឡេស ជា​សណ្ឋាគារ​ប្រ​វ​ត្ដិ​សាស្ត្រ និង​ជា​រតន​សម្បត្ដិ​របស់​ប្រទេស​យើង។ ក្រុមហ៊ុន​បាន​ជួសជុល​សំណង់​អគារ​នេះ​សារជាថ្មី ដោយ​រក្សាទុក​នូវ​លក្ខ​ណៈ​ពិសេស​របស់​វា និង​បង្កើត​ឡើងវិញ​នូវ​រចនាប័ទ្ម​ផ្ទៃ​ខាងក្នុង​បែប​អាណានិគម ជាមួយនឹង​គ្រឿង​បំពាក់​បន្ទប់ទឹក​ដែល​នាំចូល​មកពី​ប្រទេស​អ៊ីតាលី និង​ឥដ្ឋការ៉ូ​ដ៏​ប្រណិត​ដែល​នាំចូល​ពី​ប្រទេស​អេ​ស្ប៉ា​ញ។ ក្រោយពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​នេះ នឹង​ត្រូវបាន​បើកសម្ពោធ​នៅ​ដើមឆ្នាំ ២០១៨ ដែលមាន​បន្ទប់​ស្នាក់នៅ និង​បន្ទប់​ស្វី​ត​ដ៏​ប្រណិត​ចំនួន ៣៦ បន្ទប់ ភោជនីយដ្ឋាន​ចំនួន ២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព​នៃ​សណ្ឋាគារ​នេះ​នា​សម័យ​អតីតកាល ចុងភៅ​ស្វី​ស និង​ខ្មែរ បានរៀបចំ​នូវ​មុខម្ហូប​កាលពី ១០០ ឆ្នាំមុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ និង​គ្រឿងផ្សំ​ថ្មី​ស្រស់ ដែល​ដាំ​នៅក្បែរ​ចំការ​បន្លែ។ ឈ្មោះ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ត្រូវបាន​រក្សាទុក​ក៏ដូចជា​ការរក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ​នៃ​អាណានិគម និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ។

    សំណង់​អគារ​អាណានិគម​សេសសល់​ដែល​នៅតែ​អាច​មើលឃើញ​នាពេល​បច្ចុប្បន្ន​រួមមាន ផ្ទះ​ជប៉ុន ព្រះវិហារ​កាតូលិក វត្ត​សំពៅ​ប្រាំ ដំណាក់​ស្លា​ខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជាច្រើន​ទៀត ដែលមាន​ស្ទើរតែ​គ្រប់​ទីកន្លែង និង​តែងតែ​ត្រូវបាន​គ្របដណ្តប់​ដោយ​អ័ព្ទ។

    ទន្ទឹមនឹងនេះ ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ ក៏​អាច​ទៅ​ទស្សនា​បឹង​លើ​ភ្នំ​ដ៏​ស្រស់ត្រកាល ទឹកជ្រោះ​ពពក​វិល​ដ៏​ស្រស់ស្អាត ថ្ម​ដែល​បង្កើតជា​រូបរាងខុសៗគ្នា​ជាច្រើន​នៅ​វាលស្រែ ១០០ និង​រូបរាង​ដ៏​អស្ចារ្យ​នៃ​និមិត្តរូប​ច្រកទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស។ ការតាំង​សមាធិ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ធ្វើ​នៅលើ​ភ្នំ​បូកគោ ជាពិសេស​វាលស្រែ ៥០។ ភ្នំ​បូកគោ ជា​កន្លែង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ផ្កា​បំពង់​ក្រ​ឡោម​ដែល​ត្រូវបាន​អ្នកស្រុក​យកមកប្រើ​ប្រាស់​ជា​ឱសថ។

    សម្រាប់​ផ្នែក​សារព័ត៌មានផ្សេង, សូម​ទំនាក់ទំនង
    អ្នកស្រី សំរិទ្ធ ប៊ុន​និច្ច
    ប្រធាន​ផ្នែក​ទីផ្សារ
    អ៊ី​ម៉ែ​ល:  [email protected]
    ទូរស័ព្ទ: +855 33 683 9999
    ហ្វេ​ស​ប៊ុ​ក: https://www.facebook.com/LeBokorPalaceKP/
    វេ​ប​សាយ: www.lebokorpalace.com

  • ចំណុច​ពិសេស​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​សម្រេចចិត្ត​ទិញ​ខុន​ដូ​នៅក្នុង​ខេត្ត​ព្រះសីហនុ?

    ចំណុច​ពិសេស​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​សម្រេចចិត្ត​ទិញ​ខុន​ដូ​នៅក្នុង​ខេត្ត​ព្រះសីហនុ?

    ស្រប​ពេលដែល​កំណើន​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​កាន់តែ​ច្រើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ បានធ្វើឱ្យ​គម្រោង​អគារ​សំណង់​ស្នាក់នៅផ្សេងៗចាប់ផ្តើម​សាងសង់ នៅ​ទីនោះ​កាន់តែច្រើនឡើងៗ ឧទាហរណ៍ ដូចជា​គម្រោង​ខុន​ដូ Seagate Suite ដែលមាន​កម្ពស់ 43ជាន់ និង​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាដើម។

    លោក សុ​ត វីរៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huttons CPL មានប្រសាសន៍ថា កត្តា​ដែល​ធ្វើឱ្យ​គម្រោង​ខុន​ដូ Seagate Suite បោះ​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​គឺ​ដោយសារ៖ ទី1.ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ជាប់​ចំណាត់ថ្នាក់​លេខ13 ជា​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក​ដែល​ផ្តល់​ចំណាត់ថ្នាក់​ដោយ​កាសែត New York Time ជា​កត្តា​ធ្វើឱ្យ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​កាន់តែច្រើនឡើងៗ ដែល​ក្នុង​រយៈពេល 6ខែ​ចុងក្រោយ​នា​ឆ្នាំ2017កន្លងទៅនេះ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជា 625,000នាក់ ក្នុងនោះ​ទេសចរចិន​មាន​ចំនួន​ច្រើនជាងគេ។ ទី2. ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​រួចរាល់​សម្រាប់​ទទួល​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​កំពង់សោម​មា​ន​ព្រលានយន្តហោះ​មួយ​ក្នុងចំណោម​ព្រលានយន្តហោះ3 ដែល​កំពុងដំណើរការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពីរ​ទៀត​គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ព្រលានយន្តហោះ​ខេត្តសៀមរាប។

    ជាមួយគ្នានេះដែរ រដ្ឋាភិបាល​បាន​ត្រៀម​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា 190គីឡូម៉ែត្រ​ដែល​នឹង​ចំណាយពេល​ធ្វើដំណើរ​ទៅ-មក​ប្រមាណ​តែ 2ម៉ោង​ប៉ុណ្ណោះ។ ទី3. ខេត្ត​ព្រះសីហនុ​មាន​ឧទ្យាន​ជាតិ រាម ដែលជា​កន្លែង​ពេញនិយម​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​ទស្សនា​កម្សាន្ត និង​ជា​កន្លែង​វិនិយោគដ៏​ធំ​របស់​ចិន ដូចជា​ក្រុមហ៊ុន​អចលនទ្រព្យ Prince Real Estate ដែល​កំពុង​វិនិយោគ​ក្នុង​ទឹកប្រាក់ 1,000លាន​ដុល្លារ ហើយ​លើសពីនេះ​ទៀត​ខេត្ត​ព្រះសីហនុ​ជាទី​តាំង​ដែល​អាច​សាងសង់​កាស៊ីណូ​បាន ដែល​នឹង​ធ្វើឱ្យ​ទីនោះ​ក្លាយទៅជា​ម៉ា​កាវ​ទី2 នាពេល​អនាគត​បាន។

    គម្រោង​ខុន​ដូ Seagate Suite បាន​ប្រើ​ទុន​ជាង100លាន​ដុល្លារ សម្រាប់​ការសាងសង់​ដែលមាន​កម្ពស់ 43ជាន់ មាន​ចំនួន 1,118 units ដែល​ត្រូវបាន​បែងចែក​ជាទី​តាំងផ្សេងៗគ្នា ដូចជា​ចាប់​ជាន់​ទី1 ដល់​ជាន់​ទី5 គឺជា​កន្លែង​ចត​រថយន្ត ចាប់ពី​ទី6 ទៅជា​ន់ទី7 បង្កើតជា​ផ្សារ​លក់ទំនិញផ្សេងៗ និង​ជាន់​ទី8 គឺជា​អាង​ហែល​ទឹក​ប្រវែង70ម៉ែត្រ និង​មាន​បន្ទប់​ស្ទី​ម​សោ​ណា និង​កន្លែង​ហាត់ប្រាណផ្សេងៗទៀតផង។

    ចាប់ពី​ជាន់​ទី9 ដល់ទី15 គឺ​គម្រោង​សណ្ឋាគារ​ផ្កាយ5 ដែល​គម្រោង​នេះ​បើសិនជា​អតិថិជន​ទិញ​ហើយ​ដាក់​ជួល​វិញ យើង​នឹងមាន​ការផ្តល់ជូន​នូវ​ថ្លៃឈ្នួល8%ក្នុង​មួយឆ្នាំ​នៃ​តម្លៃ​ទិញ​សម្រាប់​រយៈពេល10ឆ្នាំ។ ប៉ុន្តែ​សម្រាប់​អ្នកទិញ​ដើម្បី​រស់នៅ​ផ្ទាល់ខ្លួន គឺអាច​យក​ពី​ជាន់​ទី16 ទៅដល់​ជាន់​ទី20 ដែលមាន​តម្លៃ​ល្អ​ជាង​ខាងក្រោម​ប៉ុន្តែ​ធានា​ជួល​ត្រឹម​រយៈពេល​តែ 2ឆ្នាំ​ប៉ុណ្ណោះ។ សម្រាប់​តម្លៃ​វិញ​ក្នុង​មួយ Unit គឺ​ចាប់ពី 7ម៉ឺន​ដុល្លារ​ឡើងទៅ ដោយ​អតិថិជន​អាច​បង់​រំលស់​រយៈពេល 3ឆ្នាំ​ដោយ​មិន​គិតការ​ប្រាក់​ទៀតផង។ តែបើ​ទិញ​នៅពេល​បច្ចុប្បន្ននេះ​វិញ ក្រុមហ៊ុន​នឹង​បញ្ចុះតម្លៃ​ជូន8% បើ​ទិញ​ចាប់ពី 2 Units ឡើងទៅ​បញ្ចុះ​ជូន9% ហើយ​បើ​ទិញ3 Units បញ្ចុះតម្លៃ​ជូន​ដល់10%។

    លោក សុ​ត វីរៈ បាន​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​គម្រោង​ខុន បាន​ដូ​សាងសង់ឡើង​ដើម្បី​តម្រូវការ​សម្រាប់​ជនបរទេស​ដែល​មក​ស្នាក់នៅ​ធ្វើការ​ងារ និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះដោយសារតែ​ជនបរទេស​មិនមាន​សិទ្ធិ​ទិញ​ដីធ្លី​ធ្វើជា​កម្ម​សិទ្ធ​ឡើយ តែ​បច្ចុប្បន្ននេះ​ជនបរទេស​ខ្លះ​បាន​ទិញ​ដី​សម្រាប់​ទុក​លក់​វិញ​ដើម្បី​រកប្រាក់​ចំណេញ ចំណែក​ប្រជាជន​ខ្មែរ​យើង​ក៏​ចាប់ផ្តើម​មាន​ទំនោរ​ក្នុងការ​រស់នៅ​លើ​ខុន​ដូ​ជាបណ្តើរៗហើយ​ដែរ ពិសេស​ទិញ​សម្រាប់​ទៅ​ស្នាក់នៅ​កម្សាន្ត​នា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ៕

  • អង្គការ STEM កម្ពុជា​ប្រកាស​ប្រកួត​ជើងឯក​អ្នកវិទ្យាសាស្ត្រ

    អង្គការ STEM កម្ពុជា​ប្រកាស​ប្រកួត​ជើងឯក​អ្នកវិទ្យាសាស្ត្រ

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ត្រូវបាន​គេ​មើលឃើញថា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម ព្រោះថា ចាប់ផ្តើម​ពី​ធនធានមនុស្ស​ផ្នែក STEM យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​នឹង​ក្លាយជា​អ្នក​ដែលមាន​សមត្ថភាព​ខ្លាំង ដែល​អាចឆ្លើយតប​ជាមួយនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​សង្គម​លើ​គ្រប់​វិស័យ។

    ថ្មីៗនេះ អង្គការ STEM កម្ពុជា​បានប្រកាស​បើក​ការប្រកួត​ដណ្ដើម​ជើងឯក​ស្ទែ​ម ដែលជា​ការប្រកួត​ល្បងប្រាជ្ញា​ពិសេស​សម្រាប់​សិស្ស​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​ថ្នាក់​ទី10 ថ្នាក់​ទី11 និង​ថ្នាក់​ទី12 និង​សម្រាប់​និស្សិត​ឆ្នាំ​ទី1 នៅ​ថ្ងៃទី1ដល់​ថ្ងៃទី3 ខែ​មិនា​ឆ្នាំ2018 ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

    លក្ខខណ្ឌ​នៃ​ការប្រកួត គឺធ្វើឡើង​ជា​ក្រុម ដោយ​ក្រុមនីមួយៗត្រូវមាន​សមាជិក​ចំនួន 3នាក់ ដោយ​ក្នុងនោះ​ត្រូវតែមាន​នារី​ម្នាក់។ សមាជិក​ក្នុង​ក្រុម​ទាំងអស់​ចាំបាច់​ត្រូវតែ​ជា​និស្សិត​ឆ្នាំ​ទី1 ឬ​សិស្ស​កំពុង​សិក្សា​នៅ​វិទ្យាល័យ។ សមាជិក​ក្នុង​ក្រុម​ទាំងអស់​ចាំបាច់​ត្រូវមាន​វត្តមាន​គ្រប់ការ​ប្រកួត ហើយ​ក្រុមនីមួយៗមិនអាច​ផ្លាស់ប្តូរ​សមាជិក​បាន​នោះទេ។

    វិញ្ញាសា​ដែល​នឹងត្រូវ​ប្រកួត​រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ការប្រកួត​នឹងធ្វើ​ជាការ​ជម្រុះ​បន្ត​រហូតដល់​វគ្គ​បញ្ច​ប់។ បេក្ខជន​ទាំងអស់​ដែល​គ្រប់លក្ខណៈ​សម្រាប់​ការប្រកួត ឬ​អាណាព្យាបាល​ចង់ឱ្យ​កូន​ចូលរួម​ប្រកួត​អាចដាក់​ពាក្យ​ទៅកាន់​អង្គការ STEM កម្ពុជា ឱ្យបាន​មុន​ថ្ងៃទី20 ខែកុម្ភៈ​នេះ៕

  • កម្ពុជា​ កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

    កម្ពុជា​ កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

    កម្លាំង​ពលកម្ម គឺជា​ធាតុ​ផ្សំ​ដ៏​ចាំបាច់​បំផុត​សម្រាប់​សង្គម​កម្ពុជា ព្រោះថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​នៃ​ការវិនិយោគ និង​ឧស្សាហ​កម្មបាន​កើន​ឡើងជា​លំដាប់ ខណៈ​ធនធានមនុស្សរ​បស់​កម្ពុជា​នៅមានកម្រិត​នៅឡើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេជ្រ សោភ័ន បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​ទាំងអស់នោះ​ឈានទៅរក​កំណើនសេដ្ឋកិច្ច និង​ផលិតភាព​ខ្ពស់​នៅ​កម្ពុជា។ គ្រប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ជឿនលឿន​ដូចជា​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​សុទ្ធ​តែមាន​ធនធានមនុស្ស​ដែលមាន​គុណភាព​ខ្ពស់​ខាង​បច្ចេកវិទ្យា។

    ឯកឧត្តម ពេជ្រ សោភ័ន បាន​មានប្រសាសន៍ថា ៖ “កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ច្រើន​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ជំរុញ ផ្តល់ឱកាស និង​លើកទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា​ចូលរៀន​ផ្នែក​បច្ចេកទេស តាមរយៈ​គម្រោង TVET ដែល​យើង​បាន​បង្កើតឡើង។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ផងដែរ​ថា តាមរយៈ​គម្រោង TVET យើង​មាន​សមត្ថភាព​បណ្តុះបណ្តាល​យុវជន​ឱ្យមាន​សមត្ថភាព​ខ្ពស់​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ការងារ​ជាក់ស្តែង​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម​លើ​ជំនាញ​បច្ចេកទេស ដូចជា​ក្នុង​វិស័យ​សំណង់ វិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗជាច្រើន​ទៀត។ លើសពីនេះទៅទៀត យើង​ក៏​ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​ដៃគូ​នានា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្នែក​មធ្យម​បច្ចេកទេស និង​កម្រិត​វិជ្ជាជីវៈ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស និស្សិត​របស់​យើង​ទទួលបាន​នូវ​ប្រព័ន្ធ​អប់រំ​តាមបែប​បច្ចេកវិទ្យា​ទំនើប និង​ឆ្លើយតប​ជាមួយនឹង​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន។

    ថ្មីៗនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ អ៊ូ​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​លើកស្ទួយ​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​ថវិកា​ប្រមាណ​ជា 10លាន​ដុល្លារ​អាមេរិក ត្រូវបាន​គ្រោង​ចំណាយ​ដើម្បី​សាងសង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដែលមាន​ឈ្មោះថា វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ព្រះសីហនុ។

    អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ថង សាម៉ុន បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ដែល​ផ្នែក​ទាំងអស់នេះ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ដើម្បី​អភិវឌ្ឍ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​សេដ្ឋកិច្ចជាតិ​ដែល​គាំទ្រ​ដល់​គោលនយោបាយ​ជាតិ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឆ្នាំ 2025។ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ​ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ2030 និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ2050។

    ឯកឧត្តម យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើកឡើងថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ផ្នែក​គ្រូ​បច្ចេកទេស​វិជ្ជាជីវៈ ផ្នែក​វិស្វកម្ម និង​ផ្នែក​បច្ចេកវិទ្យា ដែល​ធនធាន​ទាំងអស់​នោះបាន​បម្រើ​សេចក្តីត្រូវការ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ តាមរយៈ​វិទ្យាស្ថាន NTTI ដែលជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​នោះ យើង​បាន​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​យ៉ាងច្រើន​ដល់​និស្សិត ដោយ​ប្រើប្រាស់​នូវ​កម្មវិធីសិក្សា​ទំនើប ស្របតាម​តម្រូវការ​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកជំនាញ។

    ឯកឧត្តម យ៉ោ​ក សុ​ទ្ធី បាន​មានប្រសាសន៍ថា ៖ “នាពេល​បច្ចុប្បន្ននេះ ការរៀន និង​បង្រៀន​លើ​ផ្នែក​បច្ចេកវិទ្យា​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ខណៈពេលដែល​គ្រឹះស្ថាន​បណ្តុះបណ្តាល​បាន​អភិវឌ្ឍ​ឱ្យមាន​ការបំពាក់​សម្ភារ​ទំនើប មាន​មន្ទីរពិសោធន៍​និង​ទទួលបាន​សៀ​ភៅ សម្ភារ​សិក្សាទំនើបៗ ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យាថ្មីៗដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​ខ្លាំង​លើ​ការសិក្សា​បច្ចេកវិទ្យា។

    ស្រប​ពេលដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​គេ​សង្កេតឃើញថា ការអភិវឌ្ឍ​លើ​ផ្នែក​នេះ​ក៏មាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ ព្រោះថា យុវជន​កម្ពុជា​មិន​ច្រើន​ទេ​ដែល​ជ្រើស​រើសយក​មុខវិជ្ជា​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នេះ ខណៈ​មាន​និស្សិត​ជាច្រើន​បានជ្រើសរើស​យក​ជំនាញ​ដែល​ចង្អៀត។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និង​តាមរយៈ​ការធ្វើ​វគ្គ​តម្រង់ទិស​មុខ​វិជ្ជា​សិក្សា​ជា​រៀងរាល់ឆ្នាំ៕

  • ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ​ស្ថាបនា​បាន​ជិត 40%ហើយ

    ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ​ស្ថាបនា​បាន​ជិត 40%ហើយ

    ដើម្បី​ដាក់​ដំណើរការ​ឱ្យបាន​ទាន់ពេលវេលា​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ក្រសួង​សាធារណការ​បាន​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​រថភ្លើង​ខ្នាតតូច ចូលទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ប្រមាណ​ជា​ជិត 40%ហើយ គិត​មកទល់​ថ្ងៃនេះ។

    បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា គិត​មកទល់​ថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2018នេះ ការស្ថាបនា​ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សម្រេចបាន​ប្រមាណ​ជា 500ម៉ែត្រ​ក្នុង​ប្រវែង​សរុប 1,300ម៉ែត្រ​ហើយ។

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ2018ខាងមុខនេះ កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជា​ផ្លូវការ។ ឯកឧត្តម​បាន​បញ្ជាក់ថា រថភ្លើង​ខ្នាតតូច​នេះ​មាន​ចំនួន 3គ្រឿង ដែល​មួយគ្រឿង​អាច​ដឹក​អ្នកដំណើរ​បាន​ចំនួន 100នាក់​ដោយ​នឹង​ដឹកជញ្ជូន​អ្នកដំណើរ​ឥតគិតថ្លៃ​រយៈពេល 3ខែ៕

  • ត្រឹម​រយៈពេល​មួយខែ​ដើមឆ្នាំ2018 NEA ជួយ​និស្សិត500នាក់​ឱ្យមាន​ការងារ​ធ្វើ

    ត្រឹម​រយៈពេល​មួយខែ​ដើមឆ្នាំ2018 NEA ជួយ​និស្សិត500នាក់​ឱ្យមាន​ការងារ​ធ្វើ

    ត្រឹមតែ​រយៈពេល​មួយខែ​មករា ដើមឆ្នាំ2018 ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ជួយ​យុវជន​កម្ពុជា​ឱ្យទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​ជាង 500នាក់ ដែល​ក្នុងនោះ​ស្ថាប័ន​ការងារ​ជាតិ​មួយ​នេះ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្គូផ្គង​តម្រូវការ​របស់​ក្រុមហ៊ុន សហគ្រាស​នៅ​កម្ពុជា ជាមួយនឹង​យុវជន​ដែលជា​កម្លាំង​ពលកម្ម​ដ៏​សំខាន់។

    ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ពង្រឹង​ការផ្សព្វផ្សាយ និង​បង្កើត​កម្មវិធី​ជាច្រើន ដែល​ក្នុងនោះ​មានដូចជា​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ការបង្កើត​កម្មវិធី​សម្ភាស​ផ្ទាល់​ជាមួយនឹង​បេក្ខជន​នៅនឹងកន្លែង រួមទាំង​កម្ម​វី​ធី​ពិព័រណ៍​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​សហគ្រាស​ជាច្រើន​នៅ​កម្ពុជា។ លើសពីនេះទៅទៀត ស្ថាប័ន​មួយ​នេះ​តែង​រៀបចំ​វេទិកា​ការងារ និង​សម្ភាស​ការងារ​ជា​រៀងរាល់ខែ ដើម្បី​ជំរុញ​ឱ្យ​អ្នកស្វែងរក​ការងារ ទទួលបាន​ឱកាស​ការងារ និង​ជ្រើសរើស​បុគ្គលិក​ស្របតាម​តម្រូវការ​របស់​ទីផ្សារការងារ។

    យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ2017កន្លងទៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​ជួយ​រក​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​សរុប​ចំនួន 3,412 នាក់​បញ្ជូន​អ្នកស្វែងរក​ការងារ​ធ្វើទៅ​ឱ្យ​និយោជក​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​មាន​ចំនួន 16,072នាក់ បាន​ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​សរុប​ចំនួន14,828នាក់ និង​បាន​ប្រមូល​ដំណឹង​ជ្រើសរើស​បុគ្គលិក​ពី​គ្រប់​ប្រភព​បាន​ចំនួន 86,702 ការងារ៕

  • វិធីសាស្ត្រ​គិត ដើម្បី​ជំរុញ​កម្លាំងចិត្ត​ឱ្យធ្វើ​ការងារ​ជោគជ័យ

    វិធីសាស្ត្រ​គិត ដើម្បី​ជំរុញ​កម្លាំងចិត្ត​ឱ្យធ្វើ​ការងារ​ជោគជ័យ

    គ្រប់​ក្រុមហ៊ុន សហគ្រាស ឬ​ខ្សែចង្វាក់​ផលិតកម្ម​ទាំងអស់​តែង​ត្រូវការ​ជា​ចាំបាច់​នូវ​វត្តមាន និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​អំពី​បុគ្គលិក​ដែលសកម្មៗ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្កើតជា​សមិទ្ធ​ផល​រួម​របស់​ស្ថាប័ន។ មាន​បុគ្គលិក​ខ្លាំង​គឺជា​អ្វីដែល​ម្ចាស់​ក្រុមហ៊ុន​ត្រូវការ តែ​ការ​ក្លាយខ្លួនជា​មនុស្ស​ខ្លាំង​ក៏​ជា​ចំណុច​ដែល​បុគ្គលិក​ទាំងឡាយ​ត្រូវតែ​ធ្វើ​ផងដែរ ដើម្បី​បង្ហាញ​ពី​ការអភិវឌ្ឍ​ជីវិត​ការងារ និង​ការរស់នៅ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នាយក​ក្រុមហ៊ុន Anussa Event planer បាន​លើកឡើងថា អ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​យើង​នេះ គឺជា​ប្រព័ន្ធ​នៃ​ការបង់ថ្លៃ ប្រសិនបើ​យើង​ចង់​ឱ្យគេ​ផ្តល់​តម្លៃ​មក​យើងលុះត្រាតែ​យើង​ផ្តល់​ឱ្យគេ​វិញ​នូវ​អ្វីដែល​គេ​ត្រូវការ។ ការបណ្តុះបណ្តាល​សមត្ថ​ភាព​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ដែល​គេ​ត្រូវការ គឺជា​វិធីសាស្ត្រ​ល្អ​មួយ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ខ្លួនឯង។ ជា​គន្លឹះ​ដែល​សហគ្រិន​ខាងលើ​លើកឡើង​គឺ​ធ្វើ​រឿង​ទាំងឡាយណា​ដែល​មនុស្ស​ដទៃ​មិន​ចង់​ធ្វើ អាច​ជំរុញ​យើង​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​តម្លៃ ព្រោះថា អ្នក​ដែល​អាចធ្វើ​រឿង​ដែល​គេ​ធ្វើ​មិនបាន គឺជា​មនុស្ស​ពិសេស។

    លោក សេង ពិសិដ្ឋ បាន​និយាយថា ៖ “ធ្វើការ-ងារ​ដែល​លំបាក ធ្វើការ​ងារ​ដែល​គេ​ខ្ជិល​ធ្វើ និង​ធ្វើការ​ងារ​ដែល​មនុ​ស្សដ​ទៃ​កម្រ​នឹងធ្វើ​បាន គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការជំរុញឱ្យ​យើង​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ស្ថាប័ន​មួយ។  លោក សេង ពិសិដ្ឋ បានលើកឡើង​ផងដែរ​ថា​ការធ្វើការងារ​អ្វី​ក៏ដោយ ឱ្យតែ​មានការ​តាំងចិត្ត ហើយ​ខិតខំ​ប្រឹងប្រែង​ដោយ​កត្តា​ជំរុញ និង​មាន​ការតស៊ូ​ក្នុង​ភាពជា​អ្នក​ដែល​ធ្វើ​នូវ​រឿង​ដែលមាន​ប្រយោជន៍ ហើយ​ខុសពី​គេ យើង​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ឡើង​តំណែង ឡើង​ប្រាក់ខែ ឬ​ទទួលបាន​ឱកាស​ក្នុងការ​លើកទឹកចិត្ត​ច្រើន​ជាងគេ​ព្រោះថា យើង​បានផ្តល់​ឱកាស​សម្រាប់​ខ្លួនឯង និង​បង្កើន​ប្រសិទ្ធភាព​ការងារ​បានល្អ​សម្រាប់​ស្ថាប័ន។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សហគ្រិន​វ័យក្មេង លោក​ឆាក់ សុជាតិ បាន​លើកឡើងថា ដើម្បី​ជំរុញ​បុគ្គលិក​ឱ្យមាន​ការតស៊ូ លុះត្រាតែ​មានការ​អភិវឌ្ឍ​ផ្នត់គំនិត​របស់​បុគ្គលិក​នោះ​ផ្ទាល់​តែម្តង ព្រោះថា នៅពេលដែល​បុគ្គលិក​ធ្វើ​ការងារ​ដើម្បី​តែ​ប្រាក់ខែ ឬ​គាត់​គិតថា គាត់​ធ្វើ​ការងារ​រាល់ថ្ងៃ ម្ចាស់​ក្រុមហ៊ុន​ចំណេញ​ពី​គាត់​ច្រើន ហើយ​ខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន នោះ​គាត់​នឹង​ខាតបង់​ទៅវិញ​ទេ។ ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ គឺជា​ការពឹង​ផ្អែកលើ​គ្នា​ទៅវិញទៅមក ម្ចាស់​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ខ្លាំង តែ​បុគ្គលិក​ក៏​ត្រូវការ​ស្ថាប័ន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ដែរ។

    លោក ឆាក់ សុជាតិ បាន​និយាយថា ៖ “បុគ្គលិក​ដែលមាន​ការតស៊ូ​តែងតែ​ចេះ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​ស្ថាប័ន និង​ស្ថានភាព​ដែល​ខ្លួនឯង​កំពុង​ស្ថិតនៅ ព្រោះថា ស្ថិតក្នុង​កាលៈទេសៈ​ដែល​គាត់​នៅ​ជា​បុគ្គលិក គាត់​បាន​មើលឃើញ​ពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ។ គាត់​អាច​គិតថា កន្លែង​ការងារ គឺជា​កន្លែង​រៀនសូត្រ​ដ៏​ល្អ​បំផុត ដែល​ផ្តល់ឱ្យ​គាត់​ទាំង​ចំណេះដឹង ឱកាស​ឡើង​តំណែង និង​ប្រាក់ចំណូល​ថែម​ទៀតផង។

    លោក សុជាតិ បានលើកឡើង​ផងដែរ​ថា ជាធម្មតា​មនុស្ស​ណា​ម្នាក់​ដែល​អាចមាន​ចិត្ត​តស៊ូ​បាន លុះត្រា​តែមាន​កម្លាំង​ជំរុញ និង​មានការ​លើកទឹកចិត្ត ហើយ​កម្លាំង​ជំរុញ​នឹង​អាច​កើតមានឡើង​នៅពេលដែល​យើង​អភិវឌ្ឍ​ខ្លួនឯង​ក្នុង​ភាព​វិជ្ជមាន។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​មើលឃើញ​ពី​ចំណុច​វិជ្ជមាន ហើយ​គិតថា​ក្រុមហ៊ុន​ដែល​យើង​ធ្វើ​ការងារ​នោះ​ដូចជា​កម្ម​សិទ្ធ​របស់​យើង​ផ្ទាល់ យើង​នឹង​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បីឱ្យ​ក្រុមហ៊ុន​មួយ​នោះ​រីកចម្រើន នៅពេលនោះ​យើង​ក៏​នឹង​ទទួលបាន​ការទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដែល​កត្តា​ទាំងអស់នេះ​នឹង​ជំរុញ​យើង​ឱ្យមាន​ការតស៊ូ​កាន់តែខ្លាំង​ឡើង។

    ស្រប​ជាមួយគ្នានេះដែរ ប្រធាន​ផ្នែក​គ្រប់គ្រង​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​មួយ លោក លី សុភា បាន​លើកឡើងថា ការ​គេច​ចេញពី​ការងារ​ច្រើន មិនមែនជា​រឿង​ត្រឹមត្រូវ​សម្រាប់​បុគ្គលិកម្នាក់ៗនោះទេ ព្រោះថា ចំណុច​នេះ​អាចធ្វើ​ឱ្យគេ​បាត់បង់​ឱកាស​ក្នុង​ការធ្វើការងារធំៗទៅវិញ​ទេ។ នៅពេលដែល​ស្ថាប័ន​តម្រូវឱ្យ​យើង​ទទួល​ភារកិច្ច​ណាមួយ​ដែល​យើង​គិតថា​វា​ធ្ងន់​សម្រាប់​យើង ជាទូទៅ យើងម្នាក់ៗអាច​នឹង​គិតថា វា​ជា​បន្ទុក​ដែល​ធ្វើឱ្យ​យើង​មិន​សប្បាយចិត្ត តែ​សម្រាប់​អ្នក​ដែលមាន​គំនិត​តស៊ូ គេ​គិត​ផ្ទុយ​ពីនេះ​ទៅវិញ។ បុគ្គលិក​ដែលមាន​គំនិត​តស៊ូ​ក្នុង​ការងារ គេ​បែរជា​គិតថា វា​ជា​ឱកាសល្អ​សម្រាប់​ឱ្យ​រូបគេ​បាន​សាកល្បង​ហ្វឹកហាត់​ខ្លួនឯង​ដើម្បី​ទទួលខុសត្រូវ​លើ​ការងារ​ដែល​ខ្លួន​មិន​ធ្លាប់​បានធ្វើ​ពីមុនមក។

    លោក លី សុភា បាន​និយាយថា ៖ “មនុស្ស​ជាច្រើន​គិតថា ការដែល​គ្រាន់តែ​ធ្វើ​ការងារ​បច្ចុប្បន្ន​ឱ្យ​ល្អ គឺជា​រឿង​ល្អ​បំផុត​ហើយ​សម្រាប់​ជីវិត​ការងារ តែ​សម្រាប់​មនុស្ស​មួយចំនួន​ដែល​អាច​វិ​វ​ឌ្ឍ​ខ្លួន​លឿន​នៅក្នុង​ស្ថាប័ន គេ​បែរជា​រង់ចាំ​មើល​ឱកាស​ក្នុងការ​បន្ថែម​ការងារ​សំខាន់​សម្រាប់​ខ្លួនឯង​ទៅវិញ ព្រោះ​នៅពេលដែល​គេ​ទទួលខុសត្រូវ​លើ​ការងារ​កាន់តែច្រើន គេ​ក៏​នឹងមាន​ឱកាស​កាន់តែ​ធំ​សម្រាប់​ខ្លួនឯង​ផងដែរ។

    លោក សុភា បានលើកឡើង​ផងដែរ​ថា ជាទូទៅ​អ្នកធ្វើការងារ​តែងតែ​ចង់បាន​ការឡើង​តំណែង ឬ​អាច​មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ឡើយ​នៅពេលដែល​ថ្នាក់លើ​មិនបាន​ជំរុញ​ខ្លួន​ឱ្យ​ឡើង​តំណែង ឬ​យក​អ្នកថ្មី​មក​គ្រប់គ្រង​ពួកគាត់​ខណៈដែល​ពួកគាត់​ជា​បុគ្គលិក​ចាស់។ ការពិត​ពេលខ្លះ​អ្នកគ្រប់គ្រង​ពិតជា​ចង់​ជំរុញ​បុគ្គលិកចាស់ៗ ឱ្យមាន​ឱកាស​ច្រើន​ដែរ តែ​អ្វីដែល​សំខាន់​នោះ គឺ​គាត់​ក៏​មើល​ពី​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​របស់​បុគ្គលិក​ទាំងនោះ​ផងដែរ​ប្រសិនបើ​ការងារសំខាន់ៗមួយចំនួន​ដែល​ពេលខ្លះ​ថ្នាក់លើ​ចង់ឱ្យ​គាត់​ជួយ តែ​គាត់​បែរជា​មិន​ទទួលយក ឬ​ធ្វើ​មិនកើត គាត់​ក៏​មិនអាច​ក្តោប​ក្តាប់ ឬ​ទទួលបាន​ឱកាសល្អ​នោះ​ដើម្បី​បានការ​ដំឡើង​តំណែង និង​ប្រាក់ខែ​បានដែរ៕