Author: វល័ក្ខ

  • តារា​ឆ្នើម Sanchez របស់ Man United ទទួលយក​កាត់ទោស​សម្រាប់​ការបន្លំ​ការបង់ពន្ធ

    តារា​ឆ្នើម Sanchez របស់ Man United ទទួលយក​កាត់ទោស​សម្រាប់​ការបន្លំ​ការបង់ពន្ធ

    ខ្សែប្រយុទ្ធ Alexis Sanchez របស់​ក្លិប Manchester United បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ជាមួយនឹង​អាជ្ញាធរ​របស់​អេ​ស្ប៉ា​ញ ក្នុងការ​ទទួលយក​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 16ខែ ប៉ុន្តែ​ត្រូវ​ព្យួរ​ទាំងអស់ សម្រាប់​ការបន្លំ​ការបង់ពន្ធ និង​ការ​គេចវេះ​ពី​សវនាការ។

    Sanchez ដែល​បាន​ចូលរួម​ជាមួយនឹង Man United ដោយ​ចេញពី​ក្លិប Arsenal កាលពី​ខែ​មុន​នោះ បាន​ប្រឈមមុខ​នឹង​ការកាត់ទោស​ជុំវិញ​ការបន្លំ​លើ​ការបង់ពន្ធ​ក្នុង​ទឹកប្រាក់ 98.3ម៉ឺន​អឺរ៉ូ (ស្មើនឹង 1.21លាន​ដុល្លារ​អាមេរិក) ទាក់ទង​នឹង​សិទ្ធិ​លក់​រូបភាព អំឡុងពេល​រូបគេ​លេង​ឱ្យ​ក្លិប Barcelona។ នេះ​បើ​យោងតាម​សេចក្តីលម្អិត​នៃ​ការព្រមព្រៀង​គ្នា​នេះ។

    មន្ត្រី​រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ី​លី​វ័យ 29ឆ្នាំ​រូបនេះ មិនបាន​ធ្វើការ​ប្រកាស​ពី​ដំណើរការ​ផ្នែក​ច្បាប់​របស់ខ្លួន​ទាក់ទង​នឹង​ការលក់​សិទ្ធ​ប្រើប្រាស់​រូបភាព​របស់គេ កាលពី​ឆ្នាំ2012 និង​ឆ្នាំ2013 ហើយក៏​មិនបាន​ប្រកាស​ផងដែរ​ថា រូបគេ​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើត​ក្នុងប្រទេស​ម៉ា​ល​តិ៍ ដែលមាន​ឈ្មោះថា Numidia Trading Limited ដែលជា​ម្ចាស់​កម្មសិទ្ធិ​លើ​រូបភាព​ទាំងនោះ។

    នៅពេល​បង្ហាញខ្លួន​ក្នុង​រូបភាព​វីដេអូ​មួយ​ពី​ទីក្រុង​ឡុង​ដ៍ Sanchez បាន​ទទួលស្គាល់ថា រូបគេ​បានធ្វើការ​បង់ពន្ធ​ដែល​មិនមាន​ភាពត្រឹមត្រូវ ហើយ​ថា រូបគេ​បាន​ដោះស្រាយ​បញ្ហា​នេះ ជាមួយនឹង​អាជ្ញាធរ​ពន្ធ​រួចរាល់​ហើយ។ កីឡាករ​រូបនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ដែលជា​ការព្យួរទោស​ចំនួន 8ខែ 2លើកជាប់ៗគ្នា បើទោះបី​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ទោស​នេះ​នឹងត្រូវ​លើកលែង​វិញ ក្រោយ​រយៈពេល 2ឆ្នាំ ប្រសិនបើ​រូបគេ​មិនបាន​ធ្វើ​ខុស​ម្តងទៀត​ក៏ដោយ៕

    ប្រភពពី៖ Metro

  • ទិវា​ជាតិ​សុខភាព​មាត់-ធ្មេញ​ឆ្នាំ2018 “ដំណើរ​ឆ្ពោះទៅកាន់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ”

    ទិវា​ជាតិ​សុខភាព​មាត់-ធ្មេញ​ឆ្នាំ2018 “ដំណើរ​ឆ្ពោះទៅកាន់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ”

    ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​មានចំណេះដឹង​អំពី ការថែទាំ​សុខភាព​មាត់​ធ្មេញ​ឱ្យ​កាន់តែ​ប្រសើ​ជាង​មុន ក្រុមហ៊ុន ខ​ល​ហ្គេ​ត ប៉ា​ម៉ូ​លីវ (Colgate-Palmolive) និង​គណ​ទន្តពេទ្យ​កម្ពុជា បានរៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់-ធ្មេញ ឆ្នាំ2018 ក្រោម​ប្រធានបទ ដំណើរ​ឆ្ពោះទៅកាន់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ ស្ថិតក្នុង​ទី​រួម​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី02 ខែកុម្ភៈ ឆ្នាំ2018។ យុទ្ធនាការ​ឆ្នាំនេះ ចាប់ផ្តើម​ពីថ្ងៃ​ទី 01 ដល់​ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2018 គឺ​ដើម្បី​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មាត់​ធ្មេញ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ទន្តពេទ្យ​ជំនាញ​មកពី​គណ​ទន្តពេទ្យ កម្ពុជា។

    ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ពិភពលោក ផ្នែក​សុខភាព​មាត់​ធ្មេញ ក្រុមហ៊ុន​ខ​ល​ហ្គេ​ត តែងតែ​រៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់​ធ្មេញ​ជា​រៀងរាល់ឆ្នាំ ជាមួយ​បណ្តា​ប្រទេស​ជាង80 នៅក្នុង​ពិភព លោក ដែលមាន​ការសហការ​ណ៍​ជាមួយ​សមាគម​ទន្តពេទ្យ​ក្នុង​តំបន់​ប្រចាំ​ប្រទេសនីមួយៗ ដើម្បី​អប់រំ​ប្រជា ជន​ទូរ​ទៅឱ្យ​យល់​កាន់តែច្បាស់​ពី​ការថែទាំ​សុខភាព​មាត់​ធ្មេញ។ តាមរយៈ​ទិវា​ជាតិ​សុខភាព​មាត់​ធ្មេញ​ក្នុង ខែកុម្ភៈ ឆ្នាំ2018នេះ  ក្រុមហ៊ុន​ខ​ល​ហ្គេ​ត​ប្តេជ្ញា​ថា​នឹងចូលរួម​ចំណែក​ក្នុងការ​ប្រឆាំង​ភាព​គ្មាន​រោគ​ពុក ធ្មេញ ដល់​ប្រជាជន​កម្ពុជា ហើយ​យុទ្ធនាការ​នេះ​មាន​គោលបំណង​បង្កើន​ការយល់ដឹង​បន្ថែម​ទៅលើ សុខភាព​មាត់​ធ្មេញ និង​សកម្មភាព​ប្រចាំថ្ងៃ​ដែលជា​កត្តា​បង្ករ​ជា​ផលប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់ ប្រជាជន​កម្ពុជា។ ការស្រាវជ្រាវ​បានបង្ហាញ​ថា​មាត់​ធ្មេញ​មាន​សុខ​ភាពល្អ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អាចជួយ​ឱ្យ​រា​ង្គ​កាយ​របស់​យើង​មាន​សុខ​ភាពល្អ, ដែល​នេះ​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​សម្រាប់ មនុស្ស​គ្រប់រូប​គួរតែមាន​ការថែរក្សា និង​ទទួល​ការពិនិត្យ​មាត់​ធ្មេញ​ឱ្យបាន​ទៀងទាត់​និង​ត្រឹមត្រូវ។

    សកម្មភាព​សំខាន់​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យទទួល​បាន ការពិនិត្យ និង​ពិគ្រោះ​ជំងឺ​មាត់​ធ្មេញ​ដោយ​ឥតគិតថ្លៃ​នៅតាម​បណ្តា​គ្លីនិក​មួយចំនួន ដែលមាន​ដូចជា​ការជួយ វិនិច្ឆ័យ រោគសញ្ញា​ក្នុងដំណាក់កាល​ដំបូង ការព្យាបាល​ដែលមាន​ប្រសិទ្ធិភាព ការផ្តល់​ប្រឹក្សា​យោបល់ ដែលមាន ជំនាញ​វិជ្ជាជីវៈ និង​ការចែក​ផលិតផល សាកល្បង​សម្រាប់​ការថែទាំ​មាត់​ធ្មេញ​នៅក្នុង​គ្រួសារ។ ជាមួយ​ហ្នឹង ការគាំទ្ររ​និង​សហ​ការណ៍​យ៉ាង​ខ្លាំងក្លា ពី​គណ​ទន្តពេទ្យ​កម្ពុជា ក្រុមហ៊ុន​ខ​ល​ហ្គេ​ត​បាន រៀបចំ​កម្មវិធី​ទិវា​ជាតិ​សុខភាព​មាត់​ធ្មេញ​អស់​ជាច្រើន​ឆ្នាំ និង​ប្រកប​ទៅ​ភាពជោគជ័យ​ដោយមាន​ការចូលរួម និង​គាំទ្ររ​ពី ប្រជាជន​កម្ពុជា​យ៉ាងច្រើន។ ហើយ​ឆ្នាំនេះ ក្រុមហ៊ុន​ខ​ល​ហ្គេ​ត នឹង​បន្តសកម្មភាព​នេះ​ឱ្យ​កាន់ តែ​ច្រើនជាង​មុន ព្រោះ​បើ​រាប់​មកដល់ពេលនេះ​មាន​គ្លីនិក​ជាង២៧៥កន្លែង​ក្នុង​ក្រុងភ្នំពេញ និង​ខេត្តធំៗមួយ ចំនួន​រួចមកហើយ ដែល​ទទួល​ពិនិត្យ​និង​ពិគ្រោះ ជំងឺ​មាត់​ធ្មេញ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ កម្ពុជា។

    ក្រុមហ៊ុន​ខ​ល​ហ្គេ​ត រីករាយ​នឹង​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​សុខភាព​មាត់​ធ្មេញ ការចែក​ផលិតផល សាកល្បង និង​ការលើក​កំពស់​អនាម័យ​មាត់​ធ្មេញ។ យើងទាំងអស់គ្នា ចូលរួម​កម្ចាត់​ភាព​គ្មាន​រោគ​ពុក​ធ្មេញ ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់ ឱ្យមាន​ស្នាមញញឹម​ស្រស់ស្រាយ និង​មាត់​ធ្មេញ​មាន​សុខភាព​ល្អ៕

  • ក្រុមហ៊ុន Hyundai កំពុង​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផ្លែឈើ​ស្រស់​នៅ​កម្ពុជា

    ក្រុមហ៊ុន Hyundai កំពុង​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផ្លែឈើ​ស្រស់​នៅ​កម្ពុជា

    ក្រុមហ៊ុន​កូរ៉េ Hyundai Corporation Holding Co. បានសម្រេច​ចិត្ត​សាងសង់​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​កសិកម្ម​ទំនើប​របស់ខ្លួន ដោយ​ផ្តោត​សំខាន់​លើ​ផ្លែឈើ​ស្រស់​ដំបូង​បំផុត​នៅ​កម្ពុជា។

    ការបង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ដ៏​ធំ​នេះ បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន Mao Legacy Co. របស់​កម្ពុជា និង​ក្រុមហ៊ុន​កូរ៉េ Korea’s Seowon Distribution Co. ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខេត្តកំពង់ស្ពឺ លើ​ផ្ទៃដី 3ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ 10លាន​ដុល្លារ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​កញ្ញា ឆ្នាំ2018 ខាងមុខនេះ។

    នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន​បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​នាំចេញ​ទៅ​ប្រទេស​កូរ៉េ និង​ជាការ​គ្រោងទុក​ក្រុមហ៊ុន​បាន​ត្រៀម​នាំចេញ​ផ្លែស្វាយ​ប្រមាណ 1,700តោន​ទៅ​ប្រទេស​កូរ៉េ នៅ​ឆ្នាំ​ដំបូង ហើយ​មាន​គម្រោង​បង្កើន​ចំនួន​បន្ថែម​ឡើង​ទៀត​ឱ្យ​កាន់តែច្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់។

    ក្រុមហ៊ុន Hyundai បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ថា៖ «យើង​នឹង​បន្ថែមបន្លែ និង​ផ្លែឈើ​ស្រស់​មួយចំនួនទៀត​ដូចជា ក្រូចឆ្មារ ទុរេន ល្ហុង នៅក្នុង​តារាង​ចែកចាយ​របស់​យើង ហើយ​គម្រោង​នេះ​នឹង​ចែកចាយ​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ASEAN»។

    លោក ម៉ៅ គន្ធ​ពិសី តំណាង​ក្រុមហ៊ុន Mao Legacy បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ និង​នាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

    លោក ម៉ៅ គន្ធ​ពិសី បាន​និយាយថា៖ «ជា​គម្រោង​ទី2 នៅក្នុង​ការវិនិយោគ​នេះ គឺ​ផ្តោតលើ​កា​រស​ម្ងួ​ត និង​ក្លាស្សេ​សម្រាប់​រោងចក្រ​កែច្នៃ​អាហារ ដើម្បី​ផលិត​តំណាប់​ផ្លែឈើ​កំប៉ុង។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​បន្ទាប់ពី​គម្រោង​ទី1 ធ្វើ​រួចរាល់»។

    លោក​បានបញ្ជាក់​ផងដែរ​ថា ទីផ្សារ​ផលិតផល​ផ្លែឈើ​ស្រស់​នេះ មិនមែន​សម្រាប់តែ​ក្នុងប្រទេស​កូរ៉េ​នោះទេ តែ​ក្រុមហ៊ុន Hyundai មាន​សាខា​ចំនួន 44 នៅ​ទូទាំង​ពិភពលោក ដែល​បណ្តាញ​ដ៏​រឹងមាំ​នេះ​នឹង​អាច​នាំចេញ​អាហារ​ដែលមាន​គុណភាព​ខ្ពស់​បាន​កាន់តែច្រើន​ពី​ប្រទេស​កម្ពុជា។ ក្រៅពី​ប្រតិបត្តិការ​ដំបូង ដែល​នាំចេញ​ផ្លែឈើ​ប្រមាណ 1,700តោន​ហើយ​នោះ យើង​នៅមាន​គោលដៅ​នាំចេញ​ផ្លែឈើ​ឱ្យបាន​រហូត 50,000តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅពេល​បន្តបន្ទាប់។

    បច្ចុប្បន្ននេះ ក្រុមហ៊ុន Hyundai បាន​ដាំ​ដំណាំ​ស្វាយ​ប្រមាណ 400ហិកតា ខណៈ​ក្រុមហ៊ុន Legacy ក៏បាន​ដាំ​ដុះ​ដំណាំ​ស្វាយ​លើ​ផ្ទៃដី​ចំនួន 2,000ហិកតា​ផងដែរ​នៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​នាំចេញ៕

  • ត្រឹម​រយៈពេល​ជាង1ខែ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង 100លាន​ដុល្លារ

    ត្រឹម​រយៈពេល​ជាង1ខែ​រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង 100លាន​ដុល្លារ

    យោងតាម​របាយការណ៍​សរុប​លទ្ធផល​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​បានឱ្យដឹង​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ទទួលបាន​គួរ​ជាទី​មោទនៈ​ដែល​ក្នុង​ខែធ្នូ ឆ្នាំ2017កន្លងទៅ ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​មាន​ចំនួន​ប្រមាណ​ជា 444.30 ពាន់​លាន​រៀល ស្មើនឹង 111.08លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ​មានប្រសាសន៍ថា សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2017 ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន សរុប​ចំនួន 7,754.41ពាន់​លាន​រៀល ឬ​ប្រមាណ​ជា1,938.71លាន​ដុល្លារ​អាមេរិក ស្មើនឹង 113%នៃ​ផែនការ។

    ឯកឧត្តម​បញ្ជាក់ថា ប្រសិនបើ​ធៀប​នឹង​ឆ្នាំ2016 ឃើញថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ2017 មានការ​កើនឡើង​ចំនួន 1,676.36ពាន់​លាន​រៀល ឬ​ប្រមាណ​ជា 419.09លាន​ដុល្លារ​ដែល​ស្មើនឹង 27.89%។

    ក្នុង​ឆ្នាំ2017កន្លងទៅ លទ្ធផល​ដែល​សម្រេចបាន​គួរឱ្យកត់សម្គាល់​នោះ​គឺ ការចូលរួមចំណែក​ដ៍​សំខាន់​នៃ​កំណើន​ចំណូលសំខាន់ៗ ធៀប​នឹង​ការអនុវត្ត​នៅ​ឆ្នាំ2016 ដែល​ក្នុងនោះ​រួមមាន​កំណើន​ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល 31.8% កំណើន​អាករ​លើ​តម្លៃបន្ថែម​មាន​ចំនួន 31.05% កំណើន​អាករ​ពិសេស 17.9% និង​កំណើន​ពន្ធលើប្រាក់បៀវត្ស​រ៍​ចំនួន 10.5% ខណៈដែល​ពិតាន​នៃ​ពន្ធលើប្រាក់បៀវត្ស​រ៍​ត្រូវបាន​ដំឡើង៕

  • មហោស្រព STEM ឆ្នាំនេះ​នឹង​នាំ​សិស្ស-និស្សិត​កម្ពុជា​ឱ្យ​ស្គាល់​ពិភព​វិទ្យាសាស្ត្រ​កាន់តែច្រើន

    មហោស្រព STEM ឆ្នាំនេះ​នឹង​នាំ​សិស្ស-និស្សិត​កម្ពុជា​ឱ្យ​ស្គាល់​ពិភព​វិទ្យាសាស្ត្រ​កាន់តែច្រើន

    ជា​រៀងរាល់ឆ្នាំ​មហោស្រព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយមាន​កិច្ច​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័នឯកជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ជំនាញ STEM នេះ​សម្រាប់​ធ្វើជា​អាជីព​នៅ​ថ្ងៃ​អនាគត។

    នៅ​ឆ្នាំនេះ មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា លើក​ទី4 នឹង​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី1 ដល់​ថ្ងៃទី3 ខែ​មិនា ឆ្នាំ2018 ក្នុង​គោលបំណង​ជំរុញ​សិស្សានុសិស្ស យុវជន សាធារណជន អ្នក​អប់រំ និង​ស្ថាប័ន​អប់រំ​ទាំងអស់​ឱ្យ​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​ការអប់រំ ការបណ្តុះបណ្តាល​ការងារ អាជីព​វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង​ការរកឃើញថ្មីៗ (នវានុវត្តន៍) លើ​មុខជំនាញ​ដែល​ទាក់ទង​នឹង​វិស្វកម្ម បច្ចេកវិទ្យា និង​គណិតវិទ្យា។ មុខវិជ្ជា​ទាំងអស់នេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ឬ​ជា​ចំណែក​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

    នៅក្នុង​មហា​ស្រព STEM នៅថ្ងៃនោះ នឹងមាន​សកម្មភាពសំខាន់ៗមួយចំនួន ដូចជា​ការតាំងពិព័រណ៍​ផលិតផល​វិទ្យាសាស្ត្រ ការប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី1 នៅ​កម្ពុជា ការបង្ហាញ​គម្រោង STEM ដែល​ផ្តល់ឱកាស​សម្រាប់​ពិសោធ​ដោយផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា និង​វេទិកា STEM ការប្រកួត​ជើងឯក STEM ការប្រកួត​គណិតវិទ្យា ដោយ​ប្រើ​បច្ចេកវិទ្យា និង​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ “STEM ដើម្បី​អនាគត​ខ្ញុំ” ជាដើម។ល៕

  • រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    ឡា​រ៉ែ​ន គិតថា ប្រហែល​វា​ជា​គំនិត​របស់​មនុស្ស​ជាច្រើន​ដែល​គិតថា ចង់យក​ស្អី​ទៅ​ដាក់​ក្នុង​ទូទឹកកក​ក៏បាន​ដែរ វា​នឹងធ្វើ​ឱ្យ​របស់​ទាំងអស់នោះ​ក្រ​ផុតកំណត់ ព្រោះ​ភាព​ត្រជាក់​ក្នុង​ទូទឹកកក​នឹង​ជួយ​ថ្នម​វត្ថុ​អស់ទាំងនោះ​ឱ្យនៅ​បានយូរ​ឡើង ដែលថាៗទៅ សម្រាប់​វត្ថុ​ជាច្រើន​អាច​នឹង​ត្រឹមត្រូវ តែ​បើសិនជា​រឿង​របស់ “ថ្នាំពេទ្យ” វិញ តើ​វា​នឹង​ពិត​ដូចដែល​គេ​នាំគ្នា​ជឿ​ហ្នឹង​ឬ​យ៉ាងណា? ខាងក្រោម​នេះ​គឺជា​ចម្លើយ…។

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​គឺជា​រឿង​ពិត​មួយ​ដែល​អាចនិយាយបាន ធាតុអាកាស​ក្ដៅ​ហប់​អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​លឿន​ជាង​ប្រក្រតី តែ​ក៏​មិនបាន​មានន័យថា ការ​រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​នឹង​ជួយ​បន្ត​អាយុ​របស់​ថ្នាំ​ឱ្យ​ទុក​ប្រើប្រាស់​បានយូរ​ឡើង​ដែរ ព្រោះ​ក្រៅពី​រក្សាទុក​ថ្នាំ​ក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​បាន​ដូចគ្នា​ហើយ​នោះ នៅ​ធ្វើឱ្យ​ថ្នាំ​កើត​សារធាតុពុល​កើនឡើង​បាន​ទៀតផង ព្រោះ​នៅក្នុង​ទូទឹកកក​ក៏មាន​ភាព​សើម​អាប់​ខ្ពស់​ដូចគ្នា​ដែរ ហើយ​ភាព​សើម​អាប់​នេះឯង​ដែល​ធ្វើឱ្យ​ថ្នាំ​បាត់បង់​ប្រសិទ្ធភាព។

    លើក​ឧទាហរណ៍​ដូចជា ថ្នាំ​អាស្ពីរីន នៅពេល​ប៉ះ​នឹង​ភាព​សើម​អាប់​នៅក្នុង​ទូទឹកកកយូរៗទៅ អាច​រលាយខ្លួន​ក្លាយជា​អាស៊ីត​សាលី​ស៊ី​លិ​ក​និង​អាស៊ីត អា​សេ​ទិ​ក ដែល​នឹង​ធ្វើឱ្យ​ថ្នាំ​លែងមាន​ប្រសិទ្ធភាព រួមទាំង​ធ្វើឱ្យ​កើតមាន​ជាតិពុល​ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ែ​ហ្ស៊​ន ទៅជា​ប្រកាច់ និង​បាត់បង់​សតិ​ស្មារតី​បាន​ទៀតផង​បើ​រាងកាយ​ទទួល​ក្នុង​បរិមាណ​ច្រើន។

    ការរក្សា​ទុកដាក់​ថ្នាំពេទ្យ​យ៉ាង​ត្រឹមត្រូវ

    1. រក្សាទុក​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បក់​ចេញចូល​បាន​ស្រួល មិន​ក្ដៅ មិន​អាប់​សើម​ជ្រុល​ពេក និង​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលដល់។
    2. រៀបចំ​ទុកដាក់​តាម​ប្រភេទ​ថ្នាំនីមួយៗរួមគ្នា និង​អាចបែងចែក​តាម​ប្រភេទ​របស់​ថ្នាំ ដូចជា ថ្នាំ​ទឹក ឬ​ថ្នាំ​គ្រាប់ ថ្នាំ​សម្រាប់​លាប​លើ​ស្បែក ឬ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ក្នុង​ខ្លួន(ថ្នាំ​ផ្សះ) ឬអាចបែងចែក​តាម​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ​ដូចគ្នា ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និង​ថ្នាំ​ព្យាបាល​របួស ឬ​ដំបៅ​ជាដើម។
    1. នៅពេល​បាន​ថ្នាំ​មក គួរពិនិត្យមើល​ថ្ងៃ​ផុតកំណត់ ឬ​បើ​មិនដឹង​ទេ គួរ​សរសេរ​លើ​ក្រដាស​បិទ​លើ​ដប ឬ​កញ្ចប់​ថ្នាំ​នោះ​ថា បានមក​នៅ​ថ្ងៃ​ណា ហើយ​រកមើល​ព័ត៌មាន​ថា ថ្នាំ​ប្រភេទ​នោះអាច​រក្សាទុក​បានយូរ​ប៉ុនណា (ភាគច្រើន​បើ​ឃើញ​មានតែ​ថ្ងៃ​ផលិត ចូរ​រាប់​ចាប់ពី​ថ្ងៃ​ផលិត​មក3ឆ្នាំ​ទៀត នោះ​គឺ​ថ្ងៃ​ផុតកំណត់​ហើយ តែ​ទាំងអស់នេះ​អាស្រ័យ​លើ​ប្រភេទ​របស់​ថ្នាំ​ដែរ)។
    2. រៀបចំ​ការប្រើ​ថ្នាំ​តាម​លំដាប់ ពី​ថ្នាំ​ដែល​ជិត​ផុតកំណត់​មុន​ជានិច្ច។
    3. នៅក្នុង​ទូ​ថ្នាំ ឬ​ប្រអប់​ទុកដាក់​ថ្នាំ គួរ​សរសេរ​បិទ​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយ​ក្នុង​ការចាប់​យកមកប្រើ។
    4. ថ្នាំ​ដែលជា​បន្ទះ មិនគួរ​កាត់ចេញ​មក​ជា​គ្រាប់ ឬ​ឆ្កឹះ​ចេញពី​បន្ទះ​នោះទេ គួរ​រក្សាទុក​ទាំង​បន្ទះ ដើម្បី​ទុក​មើល​ថ្ងៃ​ផុតកំណត់​នៅលើ​បន្ទះ​នោះ។
    5. បើ​ថ្នាំ​នៅ​មិនទាន់​ផុត​ថ្ងៃ​កំណត់ តែ​សង្កេតឃើញ​មាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​ខុសប្លែក​ពីមុន ដូចជា ប្រែ​ពណ៌ រូបរាង​ខុសពី​មុន មាន​ក្លិន និង​រសជាតិ​ប្លែក​ជាដើម-ល- មិនគួរ​រក្សាទុក​ថ្នាំ​នោះ​ទៀត​ទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាច​នឹងមាន​វិធី​រក្សា​ទុកដាក់​ខុសប្លែក​ពីគ្នា ដូច្នេះ​គួរ​រកមើល​វិធី​ថែរក្សា​ទុក​ថ្នាំនីមួយៗនោះ​នៅលើ​ស្លាក​របស់​ផលិតផល ឬ​បើជា​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្សំ​មកឱ្យ​ជាឈុតៗនោះ គួរតែ​ទទួលទាន​តាម​វេជ្ជបញ្ជា​ឱ្យអស់ កុំ​ឈប់​កណ្ដាល​ទី​ដែលនាំឱ្យ​ថ្នាំ​នៅសល់​ហើយ​គិត​រក្សា​ថ្នាំ​នោះ​ទុក​ដើម្បី​លេប​នៅពេល​ឈឺ​លើក​ក្រោយ​ទៀត​ឱ្យសោះ ព្រោះ​ក្រៅពី​ថ្នាំ​នោះ​អាច​នឹង​ចុះខ្សោយ​ប្រសិទ្ធភាព​ហើយ​នោះ នៅ​ធ្វើឱ្យ​រាងកាយ​យើង​ឌឺ​ថ្នាំ ដោយសារតែ​លេប​មិន​គ្រប់​ចំនួន​តាម​គ្រូពេទ្យ​ណែនាំ​ទៀតផង៕

  • កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត តារា​ឯក​ស្រី​ក្នុង​រឿង “ទឹកភ្នែក​កក” កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន

    កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត តារា​ឯក​ស្រី​ក្នុង​រឿង “ទឹកភ្នែក​កក” កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន

    តាមរយៈ​ខ្សែភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា​រឿង “ទឹកភ្នែក​កក” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លង​ទៅនោះ តារា​សម្ដែង​ជំនាន់​ថ្មី​វ័យក្មេង​ដែលមាន​ឱកាស​បាន​គ្រង​តំណែង​ជាតា​រា​ឯក​ស្រី​តាំងពី​មាន​បទពិសោធ​លើកដំបូង​ក្នុង​ការសម្ដែង​របស់ខ្លួន កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាននិងកំពុង​តែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា ក៏ដូចជា​អ្នកដឹកនាំ​សម្ដែង​ផងដែរ ខណៈដែល​ពេល​បច្ចុប្បន្ននេះ មាន​ការងារ​សម្ដែង​ជាច្រើន​កំពុងតែ​សម្រុក​ធ្លា​ក់មក​ក្នុង​រង្វង់​ដៃ​របស់​នាង​ជា​បន្តបន្ទាប់។

    បើ​គិត​មកដល់​ដើមឆ្នាំ2018នេះ កញ្ញា ប៊ូ​ច័ន្ទ​ដា​ណែ​ត ទើបតែ​មាន​អាយុ​ត្រឹម 22ឆ្នាំ​តែប៉ុណ្ណោះ ហើយ​បើ​គិតពី​បទពិសោធ​នៃ​ការសម្ដែង​ក៏ដូចជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ​វិញ​រឹតតែ​តិចតួចស្ដួចស្ដើង​បំផុត ប៉ុន្តែ​បើ​គេ​ក្រឡេក​មក​មើល​ពី​ទីផ្សារការងារ​នៅក្នុង​អាជីព​ជា​អ្នកសិល្បៈ​របស់​នាង​វិញ គឺមាន​មិន​ចាញ់​តារា​សម្ដែង​ស្រី​ជំនាន់មុនៗនោះឡើយ។ ជាក់ស្ដែង​បន្ទាប់ពី​បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅក្នុង​វិស័យ​សម្ដែង​តាមរយៈ​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​បែប​មនោសញ្ចេតនា ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​កាលពីពេល​កន្លងទៅ​ក្នុង​រឿង “ទឹកភ្នែក​កក” ក្នុងនាម​ជា​តួឯក​ស្រី​វ័យក្មេង ដែល​ត្រូវ​សម្ដែង​ជាមួយនឹង​ឈុត​ឆាកកម្សត់ៗសម្រក់​ទឹកភ្នែក​តាំងពី​ភាគ​ដំបូង​រហូតដល់​ភាគ​បញ្ចប់​នោះ ដា​ណែ​ត​បាន​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​អ្នកទស្សនា​ជាខ្លាំង ហើយ​វា​ក៏​ជា​ចំណុច​ពិសេស​ដែល​ជួយ​បង្កើន​នូវ​ប្រជាប្រិយភាព​របស់​នាង​ផងដែរ។

    តារា​សម្ដែង​ស្រី​រូបនេះ​បាន​បង្ហើប​ប្រាប់ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា “ចំពោះ​វិស័យ​សិល្បៈ ខ្ញុំ​ទើបតែ​ចូលប្រឡូក​បាន​ត្រឹម​ជាង1ឆ្នាំ​ប៉ុណ្ណោះ ហើយ​រឿង​ដំបូង​ដែល​ខ្ញុំ​សម្ដែង​គឺ​រឿង​ទឹកភ្នែក​កក ហើយ​បាន​តំណែង​ជា​តួឯក​ស្រី​ទៀត។ កញ្ញា​បាន​បន្តទៀតថា “នៅក្នុង​សាច់រឿង​មួយ​ហ្នឹង ខ្ញុំ​ដូចជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ព្រោះ​ពេល​សម្ដែង​ដូច​មាន​អារម្មណ៍ងាយៗមិន​ពិបាក ជាពិសេស​សូម្បីតែ​ឈុតកម្សត់ៗដែល​ត្រូវ​យំ​ឱ្យ​ត្រូវ​នឹង​សាច់រឿង​គឺ​ខ្ញុំ​អាចធ្វើ​បាន​ទាំងអស់។ តាម​ការពិតទៅ បើតាម​ចំណូលចិត្ត និង​ចរិត​ពី​ធម្មជាតិ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​និស្ស័យ​លេងសើច​ច្រើន ចូលចិត្តសប្បាយៗរួសរាយ និង​ក្រមិចក្រមើម​ច្រើនជាង ប៉ុន្តែ​ពេល​មក​សម្ដែង​ជា​តួ​បែប​ស្រគត់ស្រគំ​ខ្ញុំ​នៅតែ​អាចធ្វើ​បាន។

    កញ្ញា ច័ន្ទ​ដា​ណែ​ត បាន​បញ្ជាក់ថា “តាមរយៈ​រឿង​ទឹកភ្នែក​កក​នេះ បាន​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​ឱ្យ​បងប្អូន​ទស្សនិកជន​ស្គាល់​ខ្ញុំ​បាន​ច្រើន​មែនទែន ព្រោះ​បន្ទាប់ពី​រឿង​មួយ​នេះ​បាន​ចាក់​បញ្ចាំង​ភ្លាម មាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​មក​ខ្ញុំ​ឱ្យ​ថត​ផ្សព្វផ្សាយ​ផលិតផល​ពាណិជ្ជកម្ម​ជា​ហូរហែ ខណៈដែល​សាច់រឿង​ភាគ​ថ្មី​ក៏​កំពុង​សម្រុក​ថត​បញ្ចប់​ផងដែរ​នោះ។ សម្រាប់​រឿង​ថ្មី​ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ក្នុងពេល​ដ៏​ខ្លីឆាប់ៗខាងមុខនេះ គឺ​រឿង “ម្កុដ​កូនក្រមុំ” ដែលជា​ប្រភេទ​រឿង​បែប​កំប្លែង សប្បាយៗ មាន​ឈុត​ឆាក​និយាយ​កាច់​កុង និង​លេងសើច​ច្រើន ហើយ​ក្នុងនោះ​នាង​ខ្ញុំ​ទទួលបាន​តំណែង​ជា​តួឯក​ដដែល ហើយ​ខ្ញុំ​ជឿជាក់ថា សម្រាប់​រឿង​ភាគ​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​បងប្អូន​ទូទៅ ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​តែម្ដង ព្រោះ​វា​ជា​ប្រភេទ​រឿង​បែប​កំប្លែង។

    ជាមួយនឹង​ការទទួលបាន​ចំណែក​ទីផ្សារ​សម្ដែង​ច្រើន​នាពេលនេះ កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ក៏បាន​ប្រាប់​ពី​ផលវិបាក​ក្នុងការ​បែងចែក​ពេលវេលា រវាង​ការសម្ដែង ការបង្ហាញ​ម៉ូដ ជាមួយនឹង​ការសិក្សា​ផងដែរ​ថា “វា​ហាក់​លំបាក​បន្តិច​ព្រោះ​ឆ្នាំនេះ​ជា​ឆ្នាំ​ទី3 ដែល​ខ្ញុំ​ត្រូវ​ចំណាយពេល​ច្រើន​ជាមួយ​ការរៀន​ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ផ្នែក​ទីផ្សារ​នៅ​សាកលវិទ្យាល័យ វេ​ស្ទឺ​ន ហើយ​ត្រូវ​ចំណាយ​ពេលចេញ​ថត ចេញ​ដើរ​ម៉ូដ​ច្រើន​ទៀត ជាពិសេស គឺ​ការងារ​ថត​ម៉ូដ​សម្លៀកបំពាក់​តែម្ដង ដែល​ខ្ញុំ​ត្រូវ​ថត​ជាប្រចាំ​ឱ្យ​សម្លៀកបំពាក់​ម៉ាក lookswomen ដែលជា​ប្រេ​៊​ន​សម្លៀកបំពាក់​ល្បី​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​ហុងកុង មានដូចជា សម្លៀកបំពាក់​ឈុត​ផ្កា ឈុត​ម៉ូដ ខោអាវ​ម៉ូដ រ៉ូ​ប និង​លី​អូ ដែលមាន​គុណភាព​ខ្ពស់ ងាយស្រួល​ស្លៀក និង​អាច​បត់បែន​បាន​គ្រប់​សកម្មភាព។ បើ​ខ្ញុំ​មិន​ទទួល​ការងារ​សិល្បៈ​ទាំងអស់​នោះទេ ខ្លាច​បាត់បង់​ឱកាស បាត់បង់​ទីផ្សារ ព្រោះ​គ្រាន់តែ​ជា​តារា​ជំនាន់​ថ្មី គឺ​ថ្មី​មែនទែន ទើបតែ​មួយឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​វា​ហាក់​មាន​ផល​លំបាក​បន្តិច​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿថា បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅត្រឹម​ឆ្នាំ​ក្រោយនេះ​ខ្ញុំ​នឹង​ពង្រឹង​ការងារ​ផ្នែក​សិល្បៈ​នេះ​ឱ្យ​កាន់តែខ្លាំង​ឡើង។

    គួរបញ្ជាក់​ផងដែរ​ថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ មាន​បងប្អូន​ចំនួន2នាក់ ប្រុស​ម្នាក់ ដោយ​កញ្ញា​គឺជា​កូនស្រី​ច្បង​នៅក្នុង​គ្រួសារ។ សម្រាប់​គោលបំណង ក្រៅពី​ប្រាថ្នា​ក្លាយជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ ច័ន្ទ​ដា​ណែ​ត ក៏មាន​បំណង​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផងដែរ សម្រាប់​ជា​ចំណូល​ទៅ​ថ្ងៃ​អនាគត៕

  • ក្រុម PCO បានឈ្នះ​ជើងឯក​បាល់ទាត់ Tiger Street Football Festival 2018 នៅ​ខេត្តបាត់ដំបង

    ក្រុម PCO បានឈ្នះ​ជើងឯក​បាល់ទាត់ Tiger Street Football Festival 2018 នៅ​ខេត្តបាត់ដំបង

    បាត់ដំបង៖ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​នៃ​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​បានបញ្ចប់​ដោយ​ជោគជ័យ  ដោយ​ក្រុម PCO បានទទួល​ចំណាត់ថ្នាក់​លេខ។ មណ្ឌល​បាត់ដំបង​នេះ​មានការ​ប្រែប្រួល​ខ្លាំង​សម្រាប់​ក្រុម​ឡើងទៅ​ភ្នំពេញ​បើ​ប្រៀបធៀប​នឹង​លទ្ធផល​កាលពី​ឆ្នាំ២០១។

    ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម FC Crown A បាន​យកឈ្នះ​ក្រុម Chengdu FC 2-1 ហើយ​ក្រុម Forest FC បានឈ្នះ ក្រុម Norea លទ្ធផល 1-0 ។ ក្រុម FCO ទទួលបាន​ជ័យជម្នះ​លើ​ក្រុម FC Zone FC ដោយ​លទ្ធផល 1-0 ខណៈដែល​ក្រុមយុវជន​ទួល​តា​យខ​ប​បាន​ផ្តួល​ក្រុម Mario FC ដោយ​លទ្ធផល 4-0 ។

    ក្រុម FC ភ្នំពេញ​ក្រោ​ន​បាន​ផ្តួល​ក្រុម Forest FC ក្នុង​លទ្ធផល 3-0 ដើម្បី​ឡើងទៅ​វគ្គផ្តាច់ព្រ័ត្រ​ខណៈ​ការប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ ក្រុម PCO ក៏បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ​បន្ទាប់ពី​ឈ្នះ​ក្រុម​ដែលមាន​បទពិសោធន៍​ច្រើន Fox Zone FC ដោយ​លទ្ធផល 1- 0 ។

    នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រុម​ខ្លាំង FC Crown A បាន​បរាជ័យ​ក្នុង​លទ្ធផល 1-0 ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ 2 ។ ចំណែកឯ​កីឡាការិនី Toul Taep B តាមរយៈ​ការទទួល​ជ័យជម្នះ​លើ​ក្រុម Forest FC ដោយ​លទ្ធផល 5-1 ។

    ចំពោះ​ក្រុម​ជ័យលាភី  ក្រុម​ជើងឯក PCO ទទួលបាន ១៥០០ដុល្លារ​អាមេរិក
    ក្រុម​ជើងឯក​រង FC Crown A ទទួលបាន ១០០០ដុល្លារ​អាមេរិក
    ក្រុម​លេខ៣ យុវជន​ទួល​តា​ឯក B ទទួលបាន ៥០០ដុល្លារ​អាមេរិក
    ក្រុម​លេខ៤ Forest FC ទទួលបាន ២០០ដុល្លារ​អាមេរិក
    ក្រុម​លេខ៥៖ Norea Team និង ក្រុម​លេខ៦៖ Fox Zone FC។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ៩  ដល់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨  នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ទី​រួម​ខេត្តសៀមរាប ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅ​ខេត្តបាត់ដំបង​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

     

  • អតីត​តារាឆ្នើមៗរបស់  Man Utd រួម​រំឭក​ខួប​ទី 60 នៃ​គ្រោះថ្នាក់​យន្តហោះ​នៅ​ទីក្រុង Munich

    អតីត​តារាឆ្នើមៗរបស់  Man Utd រួម​រំឭក​ខួប​ទី 60 នៃ​គ្រោះថ្នាក់​យន្តហោះ​នៅ​ទីក្រុង Munich

    ទាំង​អតីត និង​តារាឆ្នើមៗនាពេល​បច្ចុប្បន្ន​របស់​ក្លិប Manchester United បាន​សម្តែង​នូវ​ការ​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​កាលពី 60ឆ្នាំមុន កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​គ្រោះថ្នាក់​ផ្ទុះ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង Munich។

    យន្តហោះ​ដែល​ផ្ទុះ​ឆេះ​នៅ​ប្រទេស​អាល្លឺម៉ង់​កាលនោះ បានសម្លាប់​មនុស្ស​ចំនួន 23នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​កីឡាករ 8នាក់ និង​សមាជិក 3នាក់​ផ្សេងទៀត​របស់​ក្លិប​ផងដែរ។ វា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ពិភព​កីឡាបាល់ទាត់​របស់​អង់គ្លេស ខណៈដែល​សមាជិក​ស្នូល​របស់​ក្រុមយុវជន​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​បាន​ស្លាប់បាត់​បង់ជីវិត លាចាក​ពី​អ្នកគាំទ្រ ក្រុមគ្រួសារ និង​កីឡាបាល់ទាត់​ពិភពលោក។ អ្នកគាំទ្រ​ប្រមាណ​ជា 1,000នាក់ បានធ្វើ​ដំណើរ​ទៅកាន់​អាកាសយានដ្ឋាន Manchesterplatz ក្នុង​ទីក្រុង Munich ដើម្បី​ធ្វើការ​ស្មឹង​ស្មាធិ៍​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ នៅ​មុនពេល​ការរៀបចំ​ពិធី​មួយ​នៅ​កីឡដ្ឋាន Old Trafford ដែល​បាន​ដឹកនាំ​ដោយ​ប្រធាន​សមាជិក​ក្លិប​លោក Rev John Boyers។

    លោក Alex Ferguson និង​លោក Michael Edelson ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​ក្នុង​ទីក្រុង Manchester នោះ​ផងដែរ ខណៈដែល​អ្នកគាំទ្រ​ចំនួន 4,500នាក់ ក៏បាន​ចូលរួម​ជាមួយ​ពួកគាត់​ផងដែរ៕

    ប្រភពពី៖ The Sun

  • Di Maria រកបាន 3គ្រាប់ ខណៈ  Marseille រកបាន​ដល់​ទៅ  9គ្រាប់

    Di Maria រកបាន 3គ្រាប់ ខណៈ  Marseille រកបាន​ដល់​ទៅ  9គ្រាប់

    ខ្សែបម្រើ​អន្តរជាតិ​អា​ហ្ស​ង់​ទីន Angel Di Maria បាន​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint-Germain បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី2 Sochaux ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ក្រោយ​នៃ​ពាន French Cup។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Marseille បាន​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ Ligue 2 មួយ​ផ្សេងទៀត​គឺ Bourg-en-Bresse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 9-។ ខ្សែបម្រើ​ស្លាប Di Maria បាន​ជួយ​ឱ្យ PSG ដែល​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម Neymar មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី1 នា​កីឡដ្ឋាន Stade Bonal នៅ​ភាគ​កើត​នៃ​ប្រទេស​បារាំង ប៉ុន្តែ អតីត​ម្ចាស់​ជើងឯក 2សម័យកាល Sochaux បាន​តាម​ស្មើ​វិញ​តាមរយៈ​កីឡាករ Florian Martin មុន​ឈានដល់​នាទី​ទី15។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani បាន​រក្សា​ការនាំ​មុខ​របស់​ក្រុម​លោក Unai Emery នៅ​នាទី​ទី27 នៅពេលដែល​រូបគេ​បានទទួល​បាល់​ពី​ការបញ្ជូន​ឱ្យ​របស់​កីឡាករ Layvin Kurzawa មុននឹង​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។

    Di Maria បាន​បន្ថែម​គ្រាប់​បាល់​ទី3 មុនពេល​ឈានដល់​នាទី​ទី60 តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​រូបគេ​បាន​បណ្តើរ​បាល់​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ម្ចាស់ផ្ទះ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​ពី​សំណាក់​ខ្សែបម្រើ​អ៊ីតាលី Marco Verratti។ កីឡាករ​រូបនេះ​បាន​បំពេញ​ការរក​គ្រាប់​បាល់​ទី3 របស់គេ ក្នុង​រយៈពេល 3នាទី​ក្រោយមក តាមរយៈ​ការបង្ខំ​ឱ្យ​បាល់​ផ្លាត​ចូល​ទី ក្រោយពី​អ្នកចាំទី Lawrence Ati Zigi របស់​ក្រុម Sochaux បាន​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​យ៉ាងខ្លាំង​របស់ Cavani រួចមក៕

    ប្រភពពី៖ Worldsoccertalk