Author: វល័ក្ខ

  • អូឡាំពិក​រដូវរងា​ក្រុង Pyeongchang ត្រៀម​បើក​នៅថ្ងៃនេះ ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត

    អូឡាំពិក​រដូវរងា​ក្រុង Pyeongchang ត្រៀម​បើក​នៅថ្ងៃនេះ ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត

    ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ក្នុងប្រទេស​កូរ៉េខាងត្បូង អាច​នឹង​ក្លាយជា​យុទ្ធនាការ​ដ៏​ត្រជាក់​បំផុត ចាប់​តាំង​ប្រទេស​ន័​រ​វែ​ស បាន​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ1994 ខណៈដែល​សីតុណ្ហភាព​ក្នុង​ទីក្រុង Pyeongchang ធ្លាក់​យ៉ាង​ទាប​នៅ​ខែកុម្ភៈ​នេះ។ នេះ​បើ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​មិន​ផ្លូវការ​មួយ។

    ការ​មាន​អាកាសធាតុ​ធ្លាក់​ដល់ -20 នៅពេល​រាត្រី និង​កម្រ​ឡើងទៅ​កាន់​កម្រិត​ខ្ពស់ជាង​នេះ អាកាសធាតុ​នៅ​ទីក្រុង Pyeongchang បានផ្តល់​ឱ្យ​អត្ត​ព​លិ​កនូវ​លក្ខខណ្ឌ​ផ្សេងគ្នា​មួយ​ទាំងស្រុង បើ​ធៀប​ទៅនឹង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ2014។

    ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា ដែល​ចាប់ផ្តើម​នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី25 ខែកុម្ភៈ​នោះ អត្ត​ព​លិ​ក​ច្រើនជាង 3000នាក់ មកពី 92ប្រទេស នឹងធ្វើ​ការប្រកួត​លើ​វិញ្ញាសា​សរុប​ចំនួន109 លើ​ប្រទេស​កីឡា​ចំនួន15។

    សំបុត្រ​ចូល​ទស្សនា​ប្រមាណ​ជា 77ភាគរយ ត្រូវបាន​លក់​អស់ ពោលគឺ​ប្រមាណ​ជា 826000សន្លឹក សម្រាប់​ការប្រកួត​លើ​ទីលាន​ចំនួន13 នៅ​កូរ៉េខាងត្បូង។ ខ្នើយ​កម្តៅ ភួយ អាវ​ភ្លៀង និង​ពូក​រក្សា​កម្តៅ​នៅ​កន្លែង​អង្គុយ នឹងត្រូវ​ផ្តល់​ឲ្យ​សម្រាប់​អ្នកចូលរួម​ទស្សនា ខណៈដែល​ពួកគេ​ត្រៀម​ទស្សនាការ​កីឡាចម្លែកៗ ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត​ក្នុង​ទីក្រុង Pyeongchang ដោយ​ស៊ី​តុ​ណ្ហ​ភាព​ធ្លាក់​ដល់​ក្រោម​សូន្យ​ជា​លើក​ទី3នៅ​ឆ្នាំនេះ។

    សីតុណ្ហភាព​នេះ មានន័យថា ទីក្រុង Pyeongchang នឹង​ឈរ​ពីលើ​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ1994 ក្នុង​ទីក្រុង Lillehammer ប្រទេស​ន័​រ​វែ​ស ដែលមាន​សីតុណ្ហភាព -11 អង្សា​សេ ក្នុងនាម​ជាទី​ក្រុង​ម្ចាស់ផ្ទះ​ដូ៏​ត្រជាក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ៕

    ប្រភពពី៖ Reuters

  • ដាំពោត​បារាំង​លើដី​ទំហំ​តែ3អា​ក៏​អាចជួយ​ឱ្យ​កសិករ​មាន​ជីវភាព​ធូរធារ​បានដែរ

    ដាំពោត​បារាំង​លើដី​ទំហំ​តែ3អា​ក៏​អាចជួយ​ឱ្យ​កសិករ​មាន​ជីវភាព​ធូរធារ​បានដែរ

    ពោត​បារាំង គឺជា​បន្លែ​ប្រភេទ​ថ្មី​ដែល​កសិករ​ទើប​ចាប់ផ្តើម​ដាំ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ហើយ​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ ដោយសារ​វា​អាច​ច្នៃ​ធ្វើ​ម្ហូប​បាន​ច្រើន ប្រភេទ ដូចជា​ធ្វើ​អន្លក់ ឆា អាំង​ជ្រលក់​ញ៉ាំ​ផ្ទាប់​ជាមួយ​សាច់​អាំង​ក៏បាន។

    អ្នកស្រី ស្រី​ម៉ៅ កសិករ​នៅ​ភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថា អ្នកស្រី​បាន​ដាំពោត​បារាំង​នេះ 2ឆ្នាំ​មកហើយ ដោយ​សង្កេតឃើញថា​មានការ​ពេញនិយម​កាន់​តែ​ច្រើន ហើយ​ឆ្នាំនេះ​គឺ​បាន​ថ្លៃ​ជាង​កាលពី​ឆ្នាំទៅ ដោយ​កាលពី​ដើមដៃ​លក់បាន1គីឡូក្រាម​ពី5,000 ទៅ7,000រៀល ប៉ុន្តែ​ដល់​ពាក់កណ្តាល​ដៃ​នេះ​រាង​ធ្លាក់​ថ្លៃ​បន្តិច​នៅសល់​ជាង3,000រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​វា​បាន​ថ្លៃ​ល្អ​ជាង​ឆ្នាំមុន​ដែល​លក់បាន​តម្លៃ​តែ​ជាង 2,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។

    កសិករ​ដដែល​បាន​បន្តថា គ្រួសារ​គាត់​បាន​ដាំពោត​បារាំង​លើ​ផ្ទៃដី​ជាង 3000ម៉ែត្រការ៉េ ហើយ​ក្នុង1ថ្ងៃ​អាច​បេះ​លក់បាន​ពី20 ទៅ30គីឡូក្រាម ហើយ​មិនបាច់​ដឹក​យកទៅ​ផ្សារ​នោះទេ គឺមាន​ម៉ូយមក​ចាំ​ទទួល​ទិញ​ដល់​ចម្ការ​តែម្តង មាន​ប៉ុន្មាន​ក៏​មិន​បារម្ភ​ខ្លាច​ថា​នៅសល់​ដែរ។ ចំណែក​លោក ប្រុ​ញ សុខ​នី ជា​កសិករ និង​ជា​ឈ្មួញកណ្ដាល​ផង​នោះបាន​ឱ្យដឹងថា ដោយសារ​ឃើញ​ដំណាំ​នេះ​កំពុងមាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ មាន​ម៉ូយ​កុម្ម៉ង់​ទិញ​ច្រើន​នោះ គ្រួសារ​គាត់​ក៏បាន​សម្រេចចិត្ត​ដាំពោត​បារាំង​នេះដែរ។ លោក​បន្តថា ឆ្នាំនេះ​តម្លៃ​ពោត​បារាំង​បាន​ថ្លៃ​ជាង​ឆ្នាំមុន​ដោយ​កាលពី​ដំបូងដៃ​លក់​បោះ​ដុំ​បាន​ពី5,000 ទៅ7,000រៀល​ក្នុង1គីឡូក្រាម ហើយ​ឥឡូវ​ទោះបី​ចុះថ្លៃ​បន្តិច​ក៏ដោយ ក៏​នៅតែ​បាន​ជាង3,000រៀល​ដែរ ខុសពី​ឆ្នាំមុន​ដែល​ដើមដៃ​បាន​ថ្លៃ​បំផុត​ត្រឹមតែ​ជាង2,000រៀល​ប៉ុណ្ណោះ។

    លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​មួយថ្ងៃ​គិត​ជា​មធ្យម​ទាំង​បេះ​របស់​ខ្លួនឯង និង​ប្រមូល​ទិញ​ពី​កសិករ​ក្នុងភូមិ​បាន​ពី500គីឡូក្រាម ទៅ1តោន​ដែរ ដោយ​ដឹក​យកទៅលក់​នៅ​ផ្សារ​នាគ​មាស​ដែល​អាច​ចំណេញ​បាន​ពី500 ទៅ1,000រៀល​ដែរ​ក្នុង1គីឡូក្រាម។

    លោក​បាន​បន្ថែមថា ពោត​បារាំង​គឺ​ត្រូវការ​មើលថែទាំ​ច្រើន ពិសេស​គឺ​សត្វល្អិត​ចង្រៃ​តែម្តង ហើយ​ក្នុងនាម​ជា​កសិករ​ដែរនោះ លោក​ក៏​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ដំឡើងថ្លៃ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត។

    ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​មានប្រសាសន៍ថា ទូទាំង​ខេត្ត​មាន​ផ្ទៃដី​ដាំ​បន្លែ​ចម្រុះ​ចំនួន 8,800ហិកតា និង​អាច​ផលិត​បាន​ប្រមាណ 145តោន​ក្នុង1ថ្ងៃ ហើយ​ស្អាង​ជា​ស្រុក​មួយ​ដែល​ផលិត​បន្លែ​បាន​ច្រើនជាងគេ។

    ប៉ុន្តែ​ទោះបីជា​យើង​អាច​ផលិត​បាន​ប៉ុន​ហ្នឹង​ក្តី ក៏​នៅតែ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដែរ ពោលគឺ​ក្នុង​មួយឆ្នាំ​យើង​មានការ​ខ្វះខាត និង​នាំចូល​ពី​ប្រទេសជិតខាង​ចំនួន​ច្រើនជាង​ហ្នឹង​ដល់​ទៅ4 ទៅ6ដង​ឯណោះ ដូច្នេះ​កសិករ​គួរតែ​បង្កើន​ការដាំដុះ​ឱ្យអស់​លទ្ធភាព ដើម្បី​បង្គ្រប់​ការខ្វះខាត និង​កាត់បន្ថយ​ការនាំ​បន្លែ​ចូល៕

  • Facebook បិទ​ការផ្សាយពាណិជ្ជកម្ម​រប​ស់ Bitcoin ទាំងអស់

    Facebook បិទ​ការផ្សាយពាណិជ្ជកម្ម​រប​ស់ Bitcoin ទាំងអស់

    ក្រុមហ៊ុន Facebook បានចាប់ផ្តើម​ដំណើរ​ការបិទ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល និង​សេវាកម្ម​របស់ cryptocurrency ទាំងអស់​ចេញពី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន នេះ​បើ​យោងតាម​សារព័ត៌មាន BBC ដែល​ចេញផ្សាយ​នៅ​ដើមខែ​កុម្ភៈ​នេះ។

    នៅក្នុង​នោះដែរ ក្រុមហ៊ុន Facebook បាន​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួន​រាយ​ការណ៍​អំពី​ការផ្សព្វផ្សាយ (ads) ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទាំងអស់នេះ ក្នុងករណី​ដែល​អ្នកប្រើប្រាស់​បានដឹង​ពី​ការផ្សព្វផ្សាយ​មួយចំនួន​ដែល​ក្រុមហ៊ុន Facebook មិនទាន់បាន​បិទ​អស់។

    លោក Rob Leathern នាយក​គ្រប់គ្រង​ផលិតផល​នៃ Facebook Business បាន​លើកឡើងថា យើង​ចង់ឱ្យ​មនុស្ស​បន្ត​ស្វែងយល់ ហើយ​រៀន​យល់ដឹង​អំពី​ផលិតផល និង​សេវាកម្មថ្មីៗតាមរយៈ Facebook ដោយ​មិន​ភ័យខ្លាច​ពី​ការបោក​បញ្ឆោត។ លោក​លើកឡើង​ផងដែរ​ថា មាន​ក្រុមហ៊ុន​ច្រើនណាស់​ដែលជា​ដៃគូ​ផ្សព្វផ្សាយ​ឱ្យ ICO និង cryptocurrency ដែល​បណ្តាញ​នេះ​ជា​ប្រព័ន្ធ​សាច់ប្រាក់​មិនគួរ​ឱ្យ​ទុកចិត្ត។

    ICO គឺជា​បណ្តាញ​ដែល​ជំរុញ​មនុស្ស​ឱ្យធ្វើ​ការវិនិយោគ​តិចតួច​សិន​លើ cryptocurrency មុន​ពេលដែល​ពួកគេ​ផ្តល់​ភាព​ចំណេញ​ឱ្យ ដោយ​បំផុស​ក្តី​សង្ឃឹមថា ថ្ងៃ​អនាគត​តម្លៃ​របស់​កាក់​ទាំងអស់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ចំណេញ​លើសលប់​នៅពេលដែល​បណ្តាញ​នេះ​ល្បីល្បាញ​ឡើង។ ដោយសារតែ​បណ្តាញ​ទាំងអស់នេះ​ជា​បណ្តាញ​ដែល​មិន​ធ្វើតាម​នីតិវិធី​ក្នុងការ​វិនិយោគ​បែប​ប្រពៃណី ហើយ​គ្មាន​ផ្លូវច្បាប់​ត្រឹមត្រូវ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​បង្កើតឡើង​ដោយ​ប្រើ​ប្រព័ន្ធ ICO ដើម្បី​ប្រមូល​លុយ​យ៉ាងច្រើន​ពី​អ្នកវិនិយោគ​បន្ទាប់មក​ក៏​រត់​បាត់ ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ទាំងអស់​ត្រូវ​ខាតបង់។ ជាក់ស្តែង​នៅ​សប្តាហ៍​នេះ ICO បាន​លុប​ទិន្នន័យ​របស់ខ្លួន​លើ​គេហទំព័រ​របស់ខ្លួន​ទាំងអស់​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់ ឬ​អ្នកវិនិយោគ​ទាំង
    អស់​ចេញមក​ធ្វើការ​តវ៉ា​ថា ពួកគេ​កំពុង​ចាញ់បោក។

    គួរ​បញ្ជាក់ថា ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ចិន​បាន​ចាត់វិធានការ​រួចរាល់​ហើយ​ក្នុង​ការបិទ​មិនឱ្យ​មានការ​ប្រើប្រាស់​បណ្តា​ញ ICO ដើម្បី​ប្រមូល​លុយ​ពី​ក្នុងប្រទេស​របស់ខ្លួន ហើយ​ថែមទាំង​បាន​ព្រមាន​ពី​បញ្ហា​នេះ​ជា​សាធារណៈ​ទៀតផង។ ស្របពេល​ជាមួយគ្នានេះដែរ Facebook បាន​រកឃើញថា ការផ្សព្វផ្សាយ​មួយចំនួន​មិន​សមរម្យ​ក៏ត្រូវ​បាន​បិទ​ជា​ស្ថាពរ​រួចរាល់​ហើយ​ដែរ ព្រោះ​វា
    ​អាច​ប៉ះពាល់​ដល់​សាធារណជន ដូចជា​ការផ្សព្វផ្សាយ​ឱ្យ​មនុស្ស​ចាស់​យកប្រាក់​ចូលនិវត្តន៍​របស់ខ្លួន​ទៅ​ទិញ Bitcoin ឬ​ជំ​រុញឱ្យ​ចុច​លើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន​លើ Facebook ដើម្បី​វិនិយោគ​ដោយ​គ្មាន​ហានិភ័យ​ជាមួយ cryptocurrencyជាដើម។

    ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ​បានលើកឡើង​ផងដែរ​ថា ខ្លួន​បានចេញ​គោលការណ៍​ថ្មី​ថានឹង​បញ្ឈប់​រាល់​ការផ្សព្វផ្សាយ​ទាំងអស់​ដែល​និយាយ​ពី cryptocurrency ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​លើ​ដំណើរការ​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្តាញ​របស់ខ្លួន​ផងដែរ៕

  • ភ្ញៀវទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង 126%

    ភ្ញៀវទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង 126%

    នាពេលថ្មីៗនេះ ទន្ទឹមនឹង​សំណង់​អគារ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ត្រូវបាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​ដោយ​វិនិយោគិន​ចិន​នោះ ក្រសួងទេសចរណ៍​បានចេញ​របាយការណ៍​មួយ​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​កើនឡើង​យ៉ាងខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​នៅក្នុង​ឆ្នាំ2017 កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 5.6លាន​នាក់ គឺ​កើនឡើង​ប្រមាណ 12% បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2016។ តាម​ការ​ព្យាករ នៅ​ឆ្នាំ2020 កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាងតិច 7លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ប្រមាណ 2លាន​នាក់ ហើយ​ភ្ញៀវទេសចរ​ជាតិ​អាច​នឹងមាន​បរិមាណ​ដ​ល់ 4លាន​នាក់។

    សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ នៅ​ឆ្នាំ2017 ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ជាង 1លាន​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 47ម៉ឺន​នាក់។ ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើង​ចំនួន 16% ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន 12ម៉ឺន​នាក់ កើនឡើង 126%។ ផ្អែកលើ​ទិន្នន័យ​នេះ​បង្ហាញឱ្យឃើញថា ភ្ញៀវទេសចរ​ចិន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ក្នុងចំណោម​ភ្ញៀវទេសចរ​មកពី​បណ្តា​ប្រទេស​នានា​ដែល​មក​ទស្សនា​កម្ពុជា៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​កម្ពុជា

    ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​សៀវភៅ​មគ្គុទ្ទេសក៍​ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​កម្ពុជា

    វិស័យ​មូល​ប​ត្រ​ជា​ផ្នែក​សំខាន់​មួយ​ក្នុងការ​ជំរុញឱ្យមាន​ស​កម្ម​ភាព​សេដ្ឋកិច្ច​រស់​រវើក​នៃ​អាជីវកម្ម​នៅក្នុង​ប្រទេស ហើយ​វិស័យនេះ​ក៏ត្រូវ​បាន​គេ​មើលឃើញ​ផងដែរ​ថា មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​សង្គម​ឱ្យមាន​ការរីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស។

    ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញ​ផ្សាយ​សៀវភៅ “មគ្គុទ្ទេសក៍​ស្តីពី​សញ្ញាប័ណ្ណ​សម្រាប់ អាស៊ាន+3” (Asean +3 Bond Market Guide) ដែល​ឯកសារ​នេះ​មាន​សារៈសំខាន់​ខ្លាំង និង​ផ្តោត​ខ្លាំង​លើ​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា។ នៅក្នុង​ឯកសារ​នេះ គឺមាន​ការបង្ហាញ​ពី​ព័ត៌មាន​លម្អិត​អំពី​បរិយាកាស​នៃ​ការវិនិយោគ នីតិវិធី​ផ្លូវច្បាប់ និង​ឱកាស​សម្រាប់​ទីផ្សារ​សញ្ញាប័ណ្ណ​ក្នុងប្រទេស​ទាំង2នេះ។

    ទីផ្សារ​សញ្ញាប័ណ្ណ ឬ​ហៅ​ម្យ៉ាង​ទៀតថា មូល​ប​ត្រ​បំណុល ជា​កម្ចី​រយៈពេល​វែង​ដែល​បាន​បោះផ្សាយ​ក្នុង​ទម្រង់​ជា​មូល​ប​ត្រ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម រដ្ឋាភិបាល ឬ​ភ្នាក់ងារ​រដ្ឋាភិបាល។ សញ្ញាប័ណ្ណ ជា​កម្ចី​ដែល​ផ្តល់​ដោយ​អ្នកកាន់កាប់​សិទ្ធិសញ្ញា​បណ្ណ ដែល​អ្នក​ទាំងអស់នោះ​ជា​អ្នកទិញ​មូល​ប​ត្រ​បំណុល ឬ​ផ្តល់​ប្រាក់កម្ចី ដល់​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញាប័ណ្ណ។

    បើតាម​ការចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បង្ហាញថា សៀវភៅ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការបោះពុម្ពផ្សាយ​ស្តីពី​ទីផ្សារ​សញ្ញាប័ណ្ណ​ដែល​ប្រើ​រូបិយ​បណ្ណ​ក្នុងស្រុក​នៅ​តំបន់​អាស៊ី ដើម្បី​ជួយ​ដល់​ស្ថាប័ន​ដែល​បោះផ្សាយ​សញ្ញាប័ណ្ណ អ្នកវិនិយោគ និង​អន្តរការី​ឱ្យ​កាន់តែ​យល់ច្បាស់​ពី​ស្ថានភាព​អំណោយផល​នៃ​ប្រទេស​នីមួយ។ លើសពីនេះទៅទៀត សៀវភៅ ម​គ្គុ​ទ្ទេស​ក៏​ស្តីពី​សញ្ញាប័ណ្ណ​នេះ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការសម្រួល ក៏ដូចជា​លើកទឹកចិត្ត​ឱ្យមាន​សកម្មភាព​កាន់តែខ្លាំង​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​វា​ធ្លាប់បាន​បោះពុម្ព​រួចមកហើយ​សម្រាប់​ប្រទេស​ប្រ៊ុយណេ ប្រទេស​ចិន ទីក្រុង​ហុងកុង ប្រទេស​ឥណ្ឌូនេស៊ី ជប៉ុន ឡាវ សិង្ហ​បុរី ថៃ និង​ហ្វីលីពីន។

    ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោក Yasuyki Sawada បាន​ថ្លែងថា ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​កម្ពុជា និង​មី​យ៉ាន់​ម៉ា កំពុងស្ថិត​ក្នុងដំណាក់កាល​ទើបនឹង​អភិវឌ្ឍន៍​នៅឡើយ តែ​ទីផ្សារ​នៅក្នុង​ប្រទេស​ទាំង2នេះ គឺ​កំពុងមាន​ការកើនឡើង ដែល​វា​ជា​រឿង​ចាំបាច់​ក្នុងការ​ជំរុញឱ្យមាន​ស​កម្ម​ភាព​ដើម្បី​ប្រមូល​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផ្នែក​ធុរកិច្ច​កាន់តែខ្លាំង។

    លោក Yasuyki Sawada បាន​និយាយថា៖ “ទីផ្សារ​សញ្ញាប័ណ្ណ​ក្នុងស្រុក​ដែលមាន​ភាពរឹងមាំ មាន​តួនាទី​សំខាន់​សម្រាប់​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​ប្រទេស។

    គួរបញ្ជាក់​ផងដែរ​ថា ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន ដែល​រហូតមក​ដល់ពេលនេះ ទីផ្សារ​សញ្ញាប័ណ្ណ​នៅ​អាស៊ី​បូក​ចិន និង​សាធារណរដ្ឋ​កូរ៉េ បាន​កើនឡើង​ពី 2.5ទ្រី​លាន​ដុល្លារ ក្នុង​ឆ្នាំ 2015 ដល់ 11.6ទ្រី​លាន​ដុល្លារ​នៅ​ចុងខែ​កញ្ញា​ឆ្នាំ2017កន្លងមកនេះ។ ស្របពេល​ជាមួយគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករ​ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​នេះ​ត្រូវការ​ថវិកា​ជាង 1.7ទ្រី​លាន​ដុល្លារ រហូតដល់​ឆ្នាំ2030 ហើយ​ការជ្រើសរើស​មូល​ប​ត្រ​បំណុល ឬ​សញ្ញាប័ណ្ណ បានក្លាយ​ជា​រឿង​មួយ​ដែល​ក្រុមហ៊ុន​នានា​ចាប់អារម្មណ៍​ខ្លាំង ជាពិសេស​គឺ​សម្រាប់​វិនិយោគិន​ដែល​ជាប់បំណុល​ក្នុង​រយៈពេល​វែង​ដូចជា ក្រុមហ៊ុន​ធានារ៉ាប់រង និង​ស្ថាប័ន​មូលធន​និវត្តន៍​ជាដើម៕

  • ការប្រគំ​តន្ត្រី​យក្ស Tiger Street Football Festival 2018 ធ្វើ​ឱ្យកក្រើក​ក្រុង​បាត់ដំបង

    ការប្រគំ​តន្ត្រី​យក្ស Tiger Street Football Festival 2018 ធ្វើ​ឱ្យកក្រើក​ក្រុង​បាត់ដំបង

    បាត់ដំបង៖ ការប្រគំ​តន្ត្រី​យក្ស​ក្នុងឱកាស​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង​ទាំងពីរ​យប់​កាលពី​ថ្ងៃទី ៣ និង​ទី ៤ ខែកុម្ភៈ បានធ្វើ​ឲ្យ​កក្រើក​ក្រុង​បាត់ដំបង​ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជាច្រើនរូប។

    វត្តមាន​តារាចម្រៀង​ស្រី​រូប​ស្រស់ ប៉ាច គីម​មួយ តារាចម្រៀង​ពូកែ​ក្រឡុក​បទ​ញាក់ G-Davith  តារា​ស្រី​វ័យក្មេង​ពូកែ​រាំ ទេព បូ​ព្រឹក្ស តារា​ស្រី​ទើប​រៀប​មង្គលការ​ថ្មីថ្មោង សុគន្ធ នីសា តារា​ប្រុស​រូប​សង្ហា ឆន សុវណ្ណ​រាជ និង​តារា​រូប​សង្ហា​មុខ​ដូច​កូរ៉េ លោក Step នឹង​កាន់តែ​អស្ចារ្យ​ថែមទៀត​គឺ​វត្តមាន លោក ខេមរៈ សេរី​មន្ត និង អ្នកនាង ពេជ្រ សោភា បានធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger យ៉ាងខ្លាំង​នា​រាត្រី​ដ៏​អស្ចារ្យ​នោះ។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger Street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ៩  ដល់​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨  នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ទី​រួម​ខេត្តសៀមរាប។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018   នៅ​ខេត្តបាត់ដំបង​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ប្រធាន FIFA នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ

    ប្រធាន FIFA នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ

    លោក Gianni Infantino ប្រធាន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រធាន​ប្រតិបត្តិ​របស់ FIFA ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​មន្ត្រី​ម្នាក់​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

    FIFA President Gianni Infantino addresses a news conference after a FIFA Council in Zurich, Switzerland, January 10, 2017. REUTERS/Arnd Wiegmann

    លោក Infantino ដែល​ត្រូវបាន​បោះឆ្នោតឱ្យ​ជាប់​ជា​ប្រធាន FIFA ជំនួស​លោក Sepp Blatter កាលពី​ឆ្នាំ2016នោះ នឹងត្រូវ​ចូលរួម​ដោយ​ប្រធាន​របស់​សហព័ន្ធ​ជា​សមាជិក​របស់ FIFA ចំនួន 20រូប​ផ្សេងទៀត។ តែ​ទោះបីជា​យ៉ាងណា សេចក្តីលម្អិត​នៃ​កិច្ចប្រជុំ​នេះ មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​ដោយ FIFA ឡើយ ហើយ​ប្រសិនបើ​លោក​ពិតជា​បង្ហាញខ្លួន​មែន​នោះ វា​នឹង​ក្លាយជា​លើក​ទី1ហើយ​ដែល​ប្រធាន​ម្នាក់​របស់ FIFA មក​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ។

    បើ​យោងតាម​កម្មវិធី​នៃ​កិច្ចប្រជុំ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ការប្រជុំ​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចន្លោះ​ម៉ោង 9ព្រឹក រហូតដល់5:30ល្ងាច ហើយ​បន្ទាប់ពី​នោះមក​នឹងមាន​ការសម្ភាស​ជាមួយនឹង​ក្រុមអ្នកកាសែត​កីឡា​របស់​កម្ពុជា៕

  • Microsoft បញ្ជាក់ថា កម្មវិធី Office 2019 ប្រើ​បានតែ​ជាមួយ Windows 10 ប៉ុណ្ណោះ

    Microsoft បញ្ជាក់ថា កម្មវិធី Office 2019 ប្រើ​បានតែ​ជាមួយ Windows 10 ប៉ុណ្ណោះ

    អាមេរិក៖ ក្រុមហ៊ុន Microsoft ហាក់ដូចជា​ចាប់ផ្ដើម​ដាក់​សម្ពាធ​ដល់​អ្នកប្រើប្រាស់ ដោយថ្មីៗនេះ បានប្រកាស​ដល់​អ្នក​ដែលមាន​បំណង​ចង់​ប្រើ​កម្មវិធី Microsoft Office 2019 ឱ្យធ្វើ​ការ Update នូវ​ប្រព័ន្ធ​ដំណើរការ Windows ទៅជា Windows 10 បើ​មិន​ដូច្នេះ​ទេ​គឺ​មិនអាច​ប្រើ Microsoft Office 2019 បានឡើយ។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Verge បានឱ្យដឹងថា កម្មវិធី Microsoft Office 2019 គឺអាច​ប្រើ​បានតែ​ជាមួយ Windows 10 ប៉ុណ្ណោះ សម្រាប់ Windows 7 និង Windows 8.1 គឺ​មិនអាច​ប្រើ​បានទេ។ ក្នុងនោះ Microsoft ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នកប្រើប្រាស់ Microsoft Office 2019 ជាមួយនឹង​ម៉ាស៊ីន Mac គឺ​មិន​ប៉ះពាល់​ឡើយ។

    ក្រុមហ៊ុន Microsoft ក៏បាន​បញ្ជាក់​ផងដែ​ថា Microsoft Office 2019 គ្រោង​នឹង​ចេញ​ជំនាន់ Preview នៅ​ពាក់កណ្ដាល​ឆ្នាំ 2018 ហើយ​អាច​នឹងដាក់​ឱ្យប្រើ​ចេញ​លក្ខណៈ​នៅ​ចុងឆ្នាំ 2018៕

  • កម្ពុជា​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

    កម្ពុជា​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

    កម្លាំង​ពលកម្ម គឺជា​ធាតុ​ផ្សំ​ដ៏​ចាំបាច់​បំផុត​សម្រាប់​សង្គម​កម្ពុជា ព្រោះថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​នៃ​ការវិនិយោគ និង​ឧស្សាហ​កម្មបាន​កើន​ឡើងជា​លំដាប់ ខណៈ​ធនធានមនុស្សរ​បស់​កម្ពុជា​នៅមានកម្រិត​នៅឡើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេជ្រ សោភ័ន បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​ទាំងអស់នោះ​ឈានទៅរក​កំណើនសេដ្ឋកិច្ច និង​ផលិតភាព​ខ្ពស់​នៅ​កម្ពុជា។ គ្រប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ជឿនលឿន​ដូចជា​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​សុទ្ធ​តែមាន​ធនធានមនុស្ស​ដែលមាន​គុណភាព​ខ្ពស់​ខាង​បច្ចេកវិទ្យា។

    ឯកឧត្តម ពេជ្រ សោភ័ន បាន​មានប្រសាសន៍ថា ៖ “កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ច្រើន​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ជំរុញ ផ្តល់ឱកាស និង​លើកទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា​ចូលរៀន​ផ្នែក​បច្ចេកទេស តាមរយៈ​គម្រោង TVET ដែល​យើង​បាន​បង្កើតឡើង។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ផងដែរ​ថា តាមរយៈ​គម្រោង TVET យើង​មាន​សមត្ថភាព​បណ្តុះបណ្តាល​យុវជន​ឱ្យមាន​សមត្ថភាព​ខ្ពស់​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ការងារ​ជាក់ស្តែង​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម​លើ​ជំនាញ​បច្ចេកទេស ដូចជា​ក្នុង​វិស័យ​សំណង់ វិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗជាច្រើន​ទៀត។ លើសពីនេះទៅទៀត យើង​ក៏​ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​ដៃគូ​នានា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្នែក​មធ្យម​បច្ចេកទេស និង​កម្រិត​វិជ្ជាជីវៈ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស និស្សិត​របស់​យើង​ទទួលបាន​នូវ​ប្រព័ន្ធ​អប់រំ​តាមបែប​បច្ចេកវិទ្យា​ទំនើបនិង​ឆ្លើយតប​ជាមួយនឹង​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន។

    ថ្មីៗនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ អ៊ូ​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​លើកស្ទួយ​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​ថវិកា​ប្រមាណ​ជា 10លាន​ដុល្លារ​អាមេរិក ត្រូវបាន​គ្រោង​ចំណាយ​ដើម្បី​សាងសង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដែលមាន​ឈ្មោះថា វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ព្រះសីហនុ។

    អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ថង សាម៉ុន បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ដែល​ផ្នែក​ទាំងអស់នេះ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ដើម្បី​អភិវឌ្ឍ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​សេដ្ឋកិច្ចជាតិ​ដែល​គាំទ្រ​ដល់​គោលនយោបាយ​ជាតិ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2025។ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ​ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ2030 និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ2050។

    ឯកឧត្តម យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើកឡើងថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ផ្នែក​គ្រូ​បច្ចេកទេស​វិជ្ជាជីវៈ ផ្នែក​វិស្វកម្ម និង​ផ្នែក​បច្ចេកវិទ្យា ដែល​ធនធាន​ទាំងអស់​នោះបាន​បម្រើ​សេចក្តីត្រូវការ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ តាមរយៈ​វិទ្យាស្ថាន NTTI ដែលជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​នោះ យើង​បាន​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​យ៉ាងច្រើន​ដល់​និស្សិត ដោយ​ប្រើប្រាស់​នូវ​កម្មវិធីសិក្សា​ទំនើប ស្របតាម​តម្រូវការ​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកជំនាញ។

    ឯកឧត្តម យ៉ោ​ក សុ​ទ្ធី បាន​មានប្រសាសន៍ថា ៖“នាពេល​បច្ចុប្បន្ននេះ ការរៀន និង​បង្រៀន​លើ​ផ្នែក​បច្ចេកវិទ្យា​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ខណៈពេលដែល​គ្រឹះស្ថាន​បណ្តុះបណ្តាល​បាន​អភិវឌ្ឍឱ្យមាន​ការបំពាក់​សម្ភា​រ​ទំនើប មាន​មន្ទីរពិសោធន៍​និង​ទទួលបាន​សៀ​ភៅ សម្ភារ​សិក្សាទំនើបៗ ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យាថ្មីៗដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​ខ្លាំង​លើ​ការសិក្សា​បច្ចេកវិទ្យា។

    ស្រប​ពេលដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​គេ​សង្កេតឃើញថា ការអភិវឌ្ឍ​លើ​ផ្នែក​នេះ​ក៏មាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ ព្រោះថា យុវជន​កម្ពុជា​មិន​ច្រើន​ទេដែល​ជ្រើស​រើសយក​មុខវិជ្ជា​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នេះ ខណៈ​មាន​និស្សិត​ជាច្រើន​បានជ្រើសរើស​យក​ជំនាញ​ដែល​ចង្អៀត។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និង​តាមរយៈ​ការធ្វើ​វគ្គ​តម្រង់ទិស​មុខ​វិជ្ជា​សិក្សា​ជា​រៀងរាល់ឆ្នាំ៕

  • «ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ» ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    «ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ» ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    បច្ចុប្បន្ននេះ​ធាតុអាកាស​មិន​ទៀងទាត់ ខែ​ភ្លៀង​បែរជា​ក្ដៅ​ហួតហែង ខែប្រាំង​បែរជា​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ធ្វើឱ្យ​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​បំផុត។ សម្រាប់​អ្នកខ្លះ​នៅពេល​មាន​អារម្មណ៍​ថា ខ្លួន​ហាក់ដូចជា​រកកល​ចង់​ឈឺ​ហើយ​នោះ ក៏​ប្រញាប់​ស្ទុះ​ទៅរក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង ព្រោះតែ​ជឿថា “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” តើ​រឿងនេះ​មាន​ភាព​ពិតប្រាកដ និង​អាច​ធ្វើបាន​ដែរឬទេ? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា…។

    “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ជំនឿ​ក្នុង​រឿងនេះ “មិនមែនជា​រឿង​ពិត” នោះទេ ការ​លេបថ្នាំ​ព្យាបាល​ទុកជាមុន​ក្រោយពី​មាន​អារម្មណ៍​ថា ខ្លួន​រកកល​ឈឺ ឬ​ក្រោយពី​ទទឹកភ្លៀង ឬ​ត្រូវ​ថ្ងៃ​ខ្លាំង​រយៈពេល​យូរ​ដែល​ធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការកើត​ជំងឺ​គ្រុនផ្ដាសាយ ឬ​មិន​ស្រួលខ្លួន​នោះ មិនបាន​ជួយ​ការពារ​រោគា​ទាំងនោះ​មិនឱ្យ​កើត​បានទេ ព្រោះថ្នាំ​ទាំងនោះ​មិន​មែនមាន​ឫទ្ធិ​ក្នុងការ “ការពារ” ទេ តែមាន​ឫទ្ធិ​ក្នុងការ “ព្យាបាល” ទៅតាម​អាការរោគ ដូច្នេះ​គួរ​លេបថ្នាំ​ទាំងនោះ​នៅពេលណា​ដែលមាន​អាការ ឬ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ។

    ដូចជា​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​មែនមាន​ឫទ្ធិ​បំបាត់រោគ​ផ្ដាសាយ​ដោយ​ត្រង់​នោះទេ តែមាន​ឫទ្ធិ​សម្រាល​អាការ​ឈឺក្បាល ឈឺ​ចុកចាប់​តាម​រាងកាយ បញ្ចុះ​កម្ដៅ ចំណែក​ថ្នាំ​ព្យាបាល​រោគ​ផ្ដាសាយ​ជាបន្ទះៗវិញ​នោះ ក៏​ជា​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បូក​ជាមួយ​ថ្នាំ​បន្ថយ​ការ​ហៀរ​សំបោរ ឬ​ថ្នាំ​ព្យាបាល​ប្រតិកម្ម​ចាញ់ផ្សេងៗ ដែល​នឹង​បញ្ចេញ​ឫទ្ធិ​ដើម្បី​សម្រាល​អាការ​ឈឺក្បាល បញ្ចុះ​កម្ដៅ តឹង​ច្រមុះ និង​ហៀរ​សំបោរ​ហ្នឹងឯង។

    ដូច្នេះ​បើសិន​ញ៉ាំ​ថ្នាំ​ទាំងនោះ​ចូលទៅ​ដោយ​មិនមាន​អាការ​ទាំងនោះ ហើយ​ថែមទាំង​ទទួលទាន​បែប​ហ្នឹង​ញឹកញាប់​ទៀតផង​នោះ ច្បាស់​ជាមាន​គ្រោះថ្នាក់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដ ព្រោះ​ការ​ញ៉ាំ​ថ្នាំ​ផ្ដេសផ្ដាស់ ដោយ​មិនបាន​ញ៉ាំ​តាម​អា​ការដែល​កើតឡើង​ពិតប្រាកដ​នោះ មានន័យថា លោកអ្នក​កំពុង​បានទទួល​ថ្នាំ​លើស​កម្រិត​ហើយ ដែល​វា​នឹងមាន​ផលប៉ះពាល់​ទៅដល់​ថ្លើម​ដែល​ត្រូវតែ​ធ្វើការ​កាន់តែខ្លាំង​ឡើង និង​ប្រថុយ​នឹង​ការ​កើតរោគ​រលាក​ថ្លើម​នាពេល​អនាគត​ទៀតផង។

    តែ​បើសិនជា​លោកអ្នក​ប្រាប់ថា លោកអ្នក​មិនបាន​ទទួលទាន​ថ្នាំ​ទាំងនោះ​ញឹកញាប់​ដល់​ថ្នាក់​នោះទេ វា​ក៏​ប្រហែលជា​នឹងមិន​កើតរោគ​រលាក​ថ្លើម​នោះដែរ តែ​ក៏​សូមកុំ​ភ្លេច​ចំណុច​ដំបូង​ដែល​យើង​បាន​ប្រាប់ថា ការដែល​ញ៉ាំ​ថ្នាំ​ទាំងនោះ​ដើម្បី​ស្ទាក់​មិនឱ្យ​កើត​ជំងឺ​មិន​អាចជួយ​ការពារ​បាន​នោះទេ ដូច្នេះ​គួរតែបញ្ឈប់​ទង្វើ​បែប​ហ្នឹង​ទៅ​ប្រសើរ​ជាង៕