Author: វល័ក្ខ

  • កម្ពុជា​នឹង​លែង​ពឹង​ផ្អែកលើ​កំពង់ផែ Laem Chabang របស់​ថៃ

    កម្ពុជា​នឹង​លែង​ពឹង​ផ្អែកលើ​កំពង់ផែ Laem Chabang របស់​ថៃ

    រដ្ឋាភិបាល​នឹង​ទម្លាក់ចោល​ការរំពឹងទុក​លើ​ការនាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើប្រាស់​ច្រក​កំពង់ផែ Laem Chabang របស់​ប្រទេស​ថៃ ដោយ​គ្រោង​នឹង​ស្ថាបនា​ផ្លូវ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​មួយ​ខ្សែ​ពី​ខេត្តបាត់ដំបង​ឆ្ពោះទៅកាន់​ខេត្តកោះកុង ជាទី​ដែល​កម្ពុជា​នឹង​ស្ថាបនា​កំពង់ផែ​អន្តរជាតិ​មួយ​ដើម្បី​នាំ​ទំនិញ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

    កន្លងមក​ផ្នែក​ឯកជន ជាពិសេស​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ធ្លាប់បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដឹកជញ្ជូន​កសិផល​កម្ពុជា​ដែលមាន​អង្ករ​ជាដើម​ទៅកាន់​ប្រទេស​ទី3 ឆ្លងកាត់​តាម​ច្រក​កំពង់ផែ Laem Chabang ដែល​ស្ថិតនៅ​ជិត​ទីក្រុង​បាងកក។

    អ្នក​ប្រកប​កិច្ចការ​ធុរកិច្ច​កម្ពុជា​ធ្លាប់បាន​លើកឡើងថា ការដឹកជញ្ជូន​ផលិតផល និង​ទំនិញ​កសិផល​របស់​ក​ម្ពុ​ជា​ពី​ខេត្ត​នៅ​ភាគ​ពាយព្យ​ទៅកាន់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ដោយ​ឆ្លងកាត់​ក្រុងភ្នំពេញនឹងធ្វើ​ឱ្យ​ទំនិញ​របស់​កម្ពុជា​កាន់​តែ​ឡើងថ្លៃ​ខ្ពស់​ដោយសារតែ​ត្រូវ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​ក្នុងករណី​បើ​កម្ពុជា​អាច​ចរចា​ជាមួយ​ភាគី​ថៃ​សម្រាប់​ដឹកទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​របស់​ប្រទេស​ថៃ​បាននោះ​រយៈពេល និង​ចម្ងាយ​ផ្លូវ​លើ​ការដឹកជញ្ជូន​នឹងត្រូវ​កាត់បន្ថយ ហើយ​ការចំណាយ​ក៏​នឹង​ធ្លាក់ចុះ​បន្តិច​វិញ​ដែរ។ ប៉ុន្តែ ការប៉ុនប៉ង​ចរចា​របស់​កម្ពុជា​នឹង​ភាគី​ថៃ​មិនអាច​ដំណើរការ​ទៅមុខ​ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​ប្រើប្រាស់​កំពង់ផែ Laem Chabang នោះបាន​ឡើយ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា កម្ពុជា​នឹងមិន​ចាំបាច់​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​សុំ​ប្រើប្រាស់​កំពង់ផែ​របស់​ថៃ​នោះ​ទៀត​ទេនៅពេលដែល​កម្ពុជា​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅកាន់​ខេត្តកោះកុង​ដោយ​ត្រង់​នៅពេល​អនាគត។

    ឯកឧត្តម ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា៖ “យើង​កំពុង​សិក្សា​ផ្លូវ 15-51ពី​ខេត្តបាត់ដំបង​ចុះទៅ​កាន់​ខេត្តកោះកុង ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការដឹក​កសិផលរ​បស់​យើង ពី​ខេត្តបាត់ដំបង និង​ប៉ៃលិន​ជាដើម ចុះទៅ​កាន់​កំពង់ផែ​របស់​យើង​ផ្ទាល់​តែម្តង ដោយ​មិន​ប្រើ​កំពង់ផែ Laem Chabang របស់​ថៃ​នោះទេ។

    សូមបញ្ជាក់ថា មូលហេតុ​ដែល​អ្នក​ធុរកិច្ច​កម្ពុជា​ចង់បាន​ការនាំចេញ​កសិផល​តាម​ច្រក Laem Chabang នោះ គឺ​ដោយសារតែ​ការដឹកជញ្ជូន​តាម​ច្រក​នោះ​មាន​ចម្ងាយ​ជិត ដោយ​ប្រើប្រាស់​ថេរវេលា​ប្រមាណ​តែ 5ម៉ោង​ប៉ុណ្ណោះ ពី​ក្រុង​បាត់ដំបង​ទៅដល់​កំពង់ផែ​នោះ ហើយ​វា​មាន​រយៈ​ចម្ងាយ​រឹតតែ​ជិត​ទៅទៀត​សម្រាប់​ការដឹក​កសិផល​ចេញពី​តំបន់​ព្រំដែន។

    ការប៉ុនប៉ង​ចរចា​ជាមួយ​ភាគី​ថៃ​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព និង​មាន​បរិមាណ​កាន់តែច្រើន​ឡើង។ ប៉ុន្តែ ការប៉ុនប៉ង​ចរចា​ជាមួយ​សម​ភាគី​ថៃ​ត្រូវគេ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​ជាច្រើនលើក​ក្នុង​ឆ្នាំ​កន្លងទៅ ដោយសារ​មាន​មូលហេតុ​ជាច្រើន ដូចជា​ការ​សោយ​ទិវង្គត​របស់​អតីតព្រះមហាក្សត្រ​ថៃ​ជាដើម។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងពាណិជ្ជកម្ម។

    កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្មសំខាន់ៗជាច្រើន រួមមាន អង្ករ ម្សៅដំឡូង​មី និង​កសិផល​មួយចំនួនទៀត ដោយ​ត្រូវ​ចំណាយ​ខ្ពស់​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន ជាហេតុ​ធ្វើឱ្យ​ផលិតផល​របស់​កម្ពុជា​លំបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ប្រទេសជិតខាង​ខ្លួន៕

  • ឧបករណ៍​ផ្ទះបាយ​ថ្មី ទំនើបៗ ដែលបងៗស្ត្រី​មេផ្ទះ​គួរតែមាន​ទុក​ប្រើ​ក្នុង​ឆ្នាំ​ថ្មី​នេះ

    ឧបករណ៍​ផ្ទះបាយ​ថ្មី ទំនើបៗ ដែលបងៗស្ត្រី​មេផ្ទះ​គួរតែមាន​ទុក​ប្រើ​ក្នុង​ឆ្នាំ​ថ្មី​នេះ

    ការធ្វើ​ម្ហូបអាហារ​លែង​ជា​រឿង​ពិបាក​ទៀតហើយ ព្រោះ​បច្ចុប្បន្ននេះ​មាន​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយថ្មីៗចេញមក ដើម្បី​ជួយ​ឱ្យ​ការធ្វើ​ម្ហូបអាហារ​កាន់តែ​ងាយស្រួល​ឡើង។ ជាពិសេស​ឧបករណ៍​ផ្ទះបាយ​ដែល ឡា​រ៉ែ​ន បាន​រួបរួម​យកមក​ជម្រាបជូន​ក្នុងថ្ងៃនេះ ដែល​ធានាថា បងៗស្រី​មេផ្ទះ​ច្បាស់​ជា​ចូលចិត្ត​មិន​ខាន ព្រោះ​វា​មានមុខ​ងារ​ដែល​ឆ្លើយតប​នឹង​ការធ្វើ​ម្ហូបអាហារ​បាន​យ៉ាងច្រើន​រូប​បែប ទាំង​លឿន​រហ័ស ងាយស្រួល និង​មិនបាច់​ខាត​ពេលធ្វើ​យូរ​ទៀតផង។

  • តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា “ថ្លើម” គឺជា​អវយវៈ​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវបាន​បំផ្លាញ​ខ្លាំង​បំផុត។ តាមរយៈ​ការរស់នៅ​ដែល​មិនសូវ​ជា​សមរម្យ​របស់​មនុស្ស​យើង ទើប​ធ្វើឱ្យ​អត្រា​ផ្នែក​នៃ​ការកើត​ជំងឺដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​កើនឡើង​ខ្ពស់ជារឿយៗ ទាំង​ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​រុំ​ថ្លើម មហារីក​ថ្លើម ជាពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​តែង​ជួបប្រទះ​នៅលើ​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​កាន់តែ​ច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុ​មួយ គឺ​បណ្ដាលមកពី​កា​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ដែល​អាចធ្វើឱ្យ​កើតការ​រលាក ហើយ​អាច​នាំ​ឆ្ពោះទៅរក​ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី ដែល​បើ​មិន​ប្រញាប់​ចូលទៅ​ទទួល​ការព្យាបាល​ទេនោះ អាចមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​បាន។

    អាហារ​បំផ្លាញ​ថ្លើម ដែល​គួរ​ចៀសវាង

    ចម្បងៗមុនគេ​គឺ អាល់កុល អាហារ​ជ្រក់​ត្រាំ​ដែល​នឹងមាន​សារធាតុ​ក្នុង​ក្រុម​ណៃ​ត្រេ​ត និងផ្សេងៗទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម រួមទាំង​អាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ដូចជា ប្រហុក និង​សាច់​ត្រី​ឆៅ​ជាដើម ដែល​សុទ្ធតែជា​មូលហេតុ​របស់​ជំងឺ​សត្វល្អិត​នៅក្នុង​ថ្លើម ដែល​អាច​នាំ​ឆ្ពោះទៅរក​ការ​កើតរោគ​មហារីក​ថ្លើម និង​រលាក​ថ្លើម​បាន​ដូចគ្នា​ទាំងអស់។

    ក្រៅពីនេះ​នៅមាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់  អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​អាហារ​ចៀន​បំពង ដែល​នឹង​ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​រប​ស់​ជាតិ​ខ្លាញ់ រួមទាំង​អាហារ​ដែលមាន​ការ​ប្រឡាក់ប្រឡូស​មេរោគ​ផ្សិត ដូចជា Aflatoxin ជា​មេរោគ​ផ្សិត​នៅក្នុង​សណ្ដែក​ដែល​នឹងធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម​បាន។

    អាហារ​បំប៉ន​ថ្លើម ដែល​អ្នក​គួរ​ទទួលទាន

    អាហារ​ដែល​អ្នក​គួរ​ទទួលទាន​គឺ អង្ករសំរូប ព្រោះ​នៅក្នុង​អង្ករសំរូប​នឹងមាន​សារធាតុ​អាហារ​ច្រើនជាង​អង្ក​រស​ធម្មតា ជាពិសេស​កាក​សរសៃអាហារ អាស៊ីត​ហ្វូ​លិ​ក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​គ្រាប់​ធញ្ញជាតិ) វីតាមីន E រួមទាំង​សារធាតុ Gaba ដែល​សុទ្ធ​ជា​សារធាតុ​ដែលមានប្រយោជន៍​ដល់​រាងកាយ​ទាំងអស់។

    ក្រៅពីនេះ​ថែមទាំង​គួរ​ទទួលទាន​រុក្ខជាតិ​បន្លែ​ផ្លែឈើ ដូចជា ស្ពៃក្ដោប មើម​ការ៉ុត ផ្លែ​ឪឡឹក ទំពាំង​បារាំង-ល- ព្រោះ​បន្លែ និង​ផ្លែឈើ​នឹងមាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់ ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​អាច​បណ្ដាលមកពី​បំផ្លាញ​របស់​អនុ​មូល​ឥស្សរៈ ហើយ​នៅមាន​កាក​សរសៃ​អាហារ​ច្រើន​ដែល​ជួយ​កាត់បន្ថយ​ការកើត​ជាតិពុល​ចំពោះ​ថ្លើម​បាន។

    ទទួលទាន​ថ្លើម​សត្វ ជួយ​បំប៉ន​ថ្លើម​មនុស្ស​ឬ?

    ថ្លើម​ជា​ប្រភព​ប្រមូល​សន្សំ​របស់​វីតាមីន A និង​មាន​សារធាតុ​ដែក​ទៀតផង។ សារធាតុ​ទាំងនេះ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ស្រាប់​ទៅហើយ តែ​ថ្លើម​ក៏មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែរ ដូច្នេះ​ការទទួល​ទាន​ថ្លើម​សត្វ​ដើម្បី​សង្ឃឹម​លទ្ធផល​ក្នុងការ​បំប៉ន​ថ្លើម​មនុស្ស​យើង​ជាប់​ជាប្រចាំ​នោះ អាចមាន​ផល​មិនល្អ​ក្នុង​រឿង​ជាតិ​ខ្លាញ់​ដែល​នឹង​វិល​ចូលមកក្នុង​រាងកាយ ឬ​ចូលទៅ​រុំ​ថ្លើម​វិញ ដូច្នេះត្រូវ​ទទួលទាន​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។

    ទទួលទាន​ភេសជ្ជៈផ្អែមៗ អាចជួយ​ព្យាបាល​ថ្លើម​ឬ?

    អ្នក​ដែល​កើតរោគ​ថ្លើម មានន័យថា ការធ្វើការងារ​របស់​ថ្លើម​នឹង​ខុស​ប្រក្រតី ធ្វើឱ្យ​ថ្លើម​មិនអាច​ប្រមូល​រក្សា​ជាតិ​គ្លុយ​ខូ​ស (ជាតិ​ស្ករ)ទុក​និង​នាំយកទៅ​រំលាយ​ឱ្យ​ក្លាយជា​កម្លាំង​ថាមពលបានទេ ទើប​ធ្វើឱ្យ​អ្នកមាន​ជំងឺថ្លើម​អាច​កើត​អាការ​ទន់​ល្វើយ​គ្មាន​កម្លាំង និង​ចង់តែ​ទទួលទាន​អាហារផ្អែមៗ ដូច្នេះ​នៅពេល​ទទួលទាន​អាហារផ្អែមៗចូលទៅ ក៏​នឹងមាន​អារម្មណ៍​ថា​ធូរស្រាលឡើង តែ​គ្រាន់តែ​ជា​អា​ការល្អ​ប្រសើរឡើង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនមែនជា​ការព្យាបាល​ដែល​ត្រឹមត្រូវ​នោះទេ។ ក្រៅពីនេះ​ការទទួល​ទាន​ភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​តាម​ក្រោយ ឬ​ជំងឺផ្សេងៗជាច្រើន​ទៀតផង៕

  • រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​អា​រ៉ែ​ង​ឱ្យ​កាន់តែ​ទាក់ទាញ​សម្រាប់​ទេសចរ​អន្តរជាតិ

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​អា​រ៉ែ​ង​ឱ្យ​កាន់តែ​ទាក់ទាញ​សម្រាប់​ទេសចរ​អន្តរជាតិ

    សហគមន៍​ទេសចរណ​អា​រ៉ែ​ង ជា​តំបន់​ព្រៃ​ត្រូ​ពិ​ក​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែលមាន​ទស្ស​និ​យ​ភាព​ទេសចរណ៍​ប្រកបដោយ​ភាពស្រស់​បំព្រង និង​ពោរពេញ​ទៅដោយ​ធនធានធម្មជាតិ​យ៉ាង​សំបូរបែប។

    រដ្ឋមន្ត្រីក្រសួង​ទេសចរ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) នឹង​ជួយ​ជ្រោមជ្រែង​សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង​ឱ្យមាន​ការរីកចម្រើន​កាន់តែខ្លាំង ដំ​ដៅ​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ចូលរួមចំណែក​ការពារ​ធនធានធម្មជាតិ​តាមរយៈ​ការទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​តំបន់​នេះ។

    ឯកឧត្តម​ថ្លែងថា ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​លើ​ជំនាញ​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍ សុវត្ថិភាព​ចំណីអាហារ អនាម័យ និង​បរិស្ថាន​ដល់​ប្រជា​សហគមន៍​នៅ​តំបន់​នោះ។ ក្រៅពីនេះ​យើង​ក៏បាន និង​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទូរគមនាគមន៍ ម​ណ្ឌ​សុខភាព មណ្ឌលរដ្ឋបាល និង​សកម្មភាព​ជាច្រើន​ទៀត​ដើម្បី​ជំរុញ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​ទស្សនា​តំបន់​អា​រ៉ែ​ង រួមទាំង​ប្រជាជន​ដែល​រស់នៅ​តំបន់​នេះ​ផ្ទាល់។

    បើតាម​ឯកឧត្តម ថោង ខុន ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍​នៅ​តំបន់​នេះ​អាចនឹងទទួល​បាន​ផលប្រយោជន៍​ច្រើនជាង​ការ​បរបាញ់​សត្វ និង​កាប់​ព្រៃឈើ។ ជា​បទពិសោធន៍ ដូចជា​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត់ ប្រជាជន​បាន​ឈប់​បាញ់​សត្វ កាប់​ព្រៃឈើ ហើយ​ងាក​មក​ប្រកបមុខរបរ​ផ្តល់​សេវា​ទេសចរណ៍​ដូច​ជាម​គ្គុ​ទេស​ទេសចរ ចុងភៅ​ចល័ត ផ្ទះ​ស្នាក់នៅ​សហគមន៍ ផ្តល់​សេវា​ម្ហូបអាហារ និង​ដឹកជញ្ជូន​ជាដើម។

    ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​នឹង​ផ្តល់​កុំព្យូទ័រ​ចំនួន 4គ្រឿង​ដល់​សហគមន៍ បំពាក់​ឧបករណ៍​សំឡេង​ចល័ត2គ្រឿង ផ្តល់​ការបណ្តុះបណ្តាល​ម​ក្គ​ទេស​ទេសចរណ៍ ជំនាញ​ចំអិន​ម្ហូបអាហារ ផលិត​ចម្រៀង​អំពី​សក្តានុពល​អេកូ​ទេសចរណ៍ និង​ឧបត្ថម្ភ​អណ្តូងទឹក​មួយចំនួន​ថែម​ទៀតផង។

    កញ្ញា Suwanna Gauntlett ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែល​កំពុងធ្វើការ​ងារ​នៅ​តំបន់​អា​រ៉ែ​ង​បាន​លើកឡើងថា កញ្ញា​ចង់ឃើញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង​នេះ ព្រោះថា​នៅពេលដែល​ពួកគេ​បង្កើត​តំបន់​នេះ​ទៅជា​តំបន់​ទេសចរណ៍ ប្រជាជន​នឹង​បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​យ៉ាងសំខាន់​របស់​ធនធាន​ធម្មជាតិ ហើយ​ងាក​ពី​របរ​បរបាញ់​សត្វ និង​កាប់​ព្រៃ​មក​ធ្វើជា​មគ្គុទេសក៍ ឬ​ប្រកប​របរ​ដែល​បម្រើឱ្យ​ការងារ​ទេសចរណ៍​វិញ៕

    ទេសភាពថតពីលើអាកាស នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពពេលព្រឹក នៅលើភ្នំ​ម្រេ​ច​ក​ង្កែ​ប​
    ទេសភាពទឹកជ្រោះឆាយតាហ៊ីង
    ទេសភាពទឹកជ្រោះឆាយតាហ៊ីង
    ទឹកជ្រោះឆាយតាហ៊ីង
  • ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    សម្រាប់​អ្នក​និយម​ទទួលទាន​អាហារ​បែប​ខ្មែរ​យើង ប្រហែលជា​ធ្លាប់​សាកល្បង​ភ្លក្ស​រសជាតិ “ទឹកគ្រឿង​ត្រី​ប្លាធូ” “ស្ងោ​ជ្រក់ត្រី​ប្លាធូ​ស្រស់” ឬ​សូម្បីតែ​ត្រី​ប្លាធូ​ចៀនធម្មតាៗជាមួយ​បាយក្ដៅៗហើយ​មើលទៅ។ ទាំងអស់នោះ​សុទ្ធតែជា​ម៉ឺ​នុយ​ដែលនាំឱ្យ​ស្រស់ទឹក​មាត់​គ្រប់​ពេលដែល​នឹកឃើញ ហើយ​ប្រាកដ​ណាស់ សម្រាប់​ត្រី​ប្លាធូ​ដែល ឡា​រ៉ែ​ន នឹង​លើក​យកមក​ជម្រាបជូន​នៅថ្ងៃនេះ មិនមែន​មានគុណ​សម្បត្តិ​ត្រឹមតែ​ភាព​ឈ្ងុយឆ្ងាញ់​តែ​ម្យ៉ាង​នោះទេ តែ​ត្រី​ប្លាធូ​នៅមាន​គុណសម្បត្តិ និង​ប្រយោជន៍ ព្រមទាំង​សម្បូរ​ទៅដោយ​គុណ-តម្លៃ​ខាង​ភោជនាហារ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង។

    ប្រយោជន៍ និង​គុណ​តម្លៃ​ខាង​អាហារ​អំពី​ត្រី​ប្លាធូ​ប្លាធូ

    ជា​ត្រី​ដែលមាន​គុណប្រយោជន៍ និង​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ចំពោះ​រាងកាយ​ដោយ​យើង​សឹងតែ​មិនចាំបាច់​ទទួលទាន​អាហារបំប៉ន​ទៀតផង ព្រោះ​ការទទួល​ទាន​ត្រី​ប្លាធូ​តែមួយ​ក្បាល​នឹង​ទទួលបាន​សារធាតុ​អាហារ​យ៉ាងច្រើន​ដូចខាងក្រោម​នេះ ៖

    1. ត្រី​ប្លាធូ សម្បូរ​ដោយ EPA និង DHA ដែលជា​អាស៊ីត​ខ្លាញ់​មិន​បង្កក​ខ្លួន ដោយ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​នឹង​បំពេញ​តួនាទី​កាត់បន្ថយ​ការ​ផ្ដុំ​ខ្លួន​របស់​គ្រាប់​ឈាម​ដែល​ខុស​ប្រក្រតី ទើប​នៅលើ​អ្នកខ្លះ​ធ្វើឱ្យ​កើត​សភាវ​រឹង​សរសៃឈាម ឬ​ប្រទះឃើញ​ការ​រលាក​ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះ​នៅមាន​ចំណែក​ជួយ​ក្នុងការ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​កំណក​ឈាម ឬ​សរសៃឈាម​ណែន​ស្ទះ​ទៀតផង។
    2. ត្រី​ប្លាធូ​មាន​ប្រយោជន៍​ព្រោះ​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ដោយ​ក្នុង​ត្រី​ប្លាធូ 1ក្បាល​នឹង​ផ្ដល់​ប្រូ​តេ​អី​ុ​ន​ខ្ពស់​ដល់​ទៅ20ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បាន​ពី​ត្រី​ប្លាធូ​គឺជា​ប្រូ​តេ​អី​ុ​ន​ដែល​ងាយ​រំលាយ និង​រាងកាយ​អាច​នាំយក​ទៅប្រើ​ជា​ប្រយោជន៍​បានភ្លាមៗតែម្ដង។
    3. គុណសម្បត្តិ​របស់​ត្រី​ប្លាធូ​គឺមាន​កាល់ស្យូម និង​ផូស្វ័រ ដោយ​បរិមាណ​កាល់ស្យូម​ក្នុង​ត្រី​ប្លាធូ​មាន​ច្រើន​ដល់​ទៅ 170មី​លី​ក្រាម​ក្នុង​ត្រី​ប្លាធូ​ស្រស់100ក្រាម ក្រៅពីនេះ​នៅ​សម្បូរ​ទៅដោយ​ផូស្វ័រ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដោយសារ​ធាតុ​អាហារ​ទាំងនេះ​នឹងមាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​បាន​យ៉ាង​ល្អ ជាពិសេស​នៅលើ​កុមារ និង​មនុស្ស​ចាស់។
    4. ត្រី​ប្លាធូ​សម្បូរ​ទៅដោយ​អូ​មេ​ហ្កា3 និង6 ដែលមាន​ចំណែក​ជួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល ហើយ​ថែមទាំង​ជា​ចំណែក​ប្រកប​របស់​សាច់​ភ្នាស​កោសិកា ជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល បន្ថយ​ភាព​ប្រថុយ​ទាំង​ជំងឺ​បេះដូង និង​សរសៃឈាម។ ក្រៅពីនេះ​អូ​មេ​ហ្កា3 និង6 នៅក្នុង​ត្រី​ប្លាធូ​ថែមទាំង​ជា​គ្រោង​សាង​ដ៏​សំខាន់​របស់​សាច់​ភ្នាស​បរិវេណ​ផ្ទាំង​ប្រសាទ​កែវភ្នែក ឬ Retina ដែល​ជួយ​ក្នុងការ​មើលឃើញ​ទៀតផង។

    ទទួលទាន​ត្រី​ប្លាធូ​រាល់ថ្ងៃ ល្អ​ចំពោះ​រាងកាយ​ឬទេ?

    ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ត្រី​ប្រភេទនីមួយៗមាន​កម្រិត​ជាតិ​ខ្លាញ់​មិន​ស្មើគ្នា​ទេ បើ​ទទួលទាន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​រៀងរាល់ថ្ងៃ ច្បាស់​ជា​ហុច​ផល​អាក្រក់ ច្រើនជាង​ផល​ល្អ ដូច្នេះ​បើសិន​ចង់​បរិភោគ​ត្រី​ឱ្យ​ទទួលបាន​ប្រយោជន៍ គួរ​ជ្រើសរើស​ប្រភេទ​របស់​ត្រី​ឱ្យ​ស័ក្តិសម​ជាមួយ​រាងកាយ និង​តម្រូវការ​ក្នុង​វ័យនីមួយ។ ក្នុង​ផ្នែក​របស់​ត្រី​ប្លាធូ​វិញ យើង​នឹង​បាន​ឃើញថា ជា​ត្រី​ដែលមាន​បរិមាណ​ជាតិ​ខ្លាញ់​មិន​ខ្ពស់​ខ្លាំង​ទេ ទើប​អាច​ទទួលទាន​រាល់ថ្ងៃ​បានតែ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យបាន​ភោជនាហារ​ដែល​សម្បូរបែប ទើប​គួរ​ទទួលទាន​ត្រី​ប្រភេទផ្សេងៗ រួមទាំង​សាច់សត្វ​ប្រភេទផ្សេងៗរួមជាមួយ​ផង។

    ទទួលទាន​ត្រី​ច្រើន​ប៉ុនណា ទើប​ហៅថា​ល្អ?

    ជឿថា ហេតុផល​ក្នុងការ​ទទួលទាន​ត្រី​របស់​មនុស្ស​ជាច្រើន គឺ​មកពី​ត្រូវការ “ប្រូ​តេ​អី​ុ​ន”  ដែលមាន​នៅក្នុង​សាច់​ត្រី​ស្ទើរតែ​គ្រប់​ប្រភេទ។ ជាធម្មតា មនុស្ស​យើង​មាន​តម្រូវការ​ប្រូ​តេ​អី​ុ​នខុសៗពីគ្នា​ក្នុងអំឡុង​វ័យ​ដូចតទៅ​នេះ ៖

    *ក្មេង​តូច-ក្មេង​ធំ នឹងត្រូវ​ការ​ប្រូ​តេ​អី​ុ​ន​ពី 1-1.1ក្រាម ក្នុង​ទម្ងន់​ខ្លួន 1គីឡូក្រាម។
    *មនុស្ស​ធំ ត្រូវការ​ប្រមាណ 0.8ក្រាម
    *ស្ត្រី​មានគភ៌ ត្រូវការ​ដល់​ទៅ 1.3ក្រាម

    ឧទាហរណ៍​ដូចជា បើ​អ្នក​បរិភោគ​មាន​ទម្ងន់​ខ្លួន 60គីឡូក្រាម រាងកាយ​នឹងត្រូវ​ទទួល​ប្រូ​តេ​អី​ុ​ន​ដល់​ទៅ60ក្រាម​ឯណោះ ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បានមកពី​សាច់​ត្រី​ឆ្អិន​មាន​ប្រហែលជា 15-30ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ដូច្នេះ​បើ​ត្រូវការ​ប្រូ​តេ​អី​ុ​ន​ពី​ត្រី​តែ​ម្យ៉ាង​នោះ ត្រូវ​ទទួលទាន​ត្រី​យ៉ាងតិច3-4ក្បាល​ឯណោះ។ ដូច្នេះ អ្នក​ទទួលទាន​គួរតែ​ទទួលទាន​អាហារ​ប្រភេទ​ផ្សេងទៀត​រួមជាមួយ​ផង ដើម្បី​បន្ថែម​ប្រូ​តេ​អី​ុ​ន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬ​សូម្បីតែ​សាច់ជ្រូក​ដែល​មិន​ជាប់​ខ្លាញ់ ឬ​បើ​អ្នកណា​ចង់​ទទួលទាន​តែ​ត្រី​ម្យ៉ាង ហើយ​បាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់​នោះ គួរតែ​ជ្រើសរើស​ប្រភេទ​ត្រី និង​វិធី​ចម្អិន​ឱ្យ​ល្អ ដូចជា គួរ​ជ្រើសរើស​ទទួលទាន​ត្រី​ហាល​ស្ងួត ដូចជា ត្រីប្រឡាក់ ត្រីងៀត ឬ​ទទួលទាន​បែប​ចំហុយ ដែល​នឹង​ទទួលបាន​ប្រូ​តេ​អី​ុ​ន​ច្រើនជាង​ការ​ស្ងោ អាំង ឬ​ចៀន​ជាដើម។

    តាមរយៈ​ព័ត៌មាន​ដែល​យើង​បាន​នាំយកមក​ជូន​នៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើ​ឱ្យ​ការ​ទទួលទាន​ត្រី​ប្លាធូ​របស់លោក​អ្នក​កាន់តែ​ឆ្ងាញ់​ឡើង និង​ទទួលបាន​ប្រយោជន៍​ច្រើនឡើង បើ​មិនតិច​ក៏​ច្រើន​ដែរ។ ចុងក្រោយ​នេះ ឡា​រ៉ែ​ន ចង់ឱ្យ​មនុស្ស​ជាច្រើន​ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន​ត្រី​ប្លាធូ​បែរមក​សាកល្បង​ភ្លក្ស​ឱ្យបាន​ម្ដង រួចហើយ​លោកអ្នក​នឹង​ដឹងថា គុណសម្បត្តិ និង​ប្រយោជន៍​របស់​ត្រី​ប្លាធូ គឺជា​កំពូល​អាហារ និង​ជា​របស់​ល្អ​ដែល​មិនគួរ​មើលរំលង​សូម្បីតែ​បន្តិច៕

  • ស៊ុន ចាន់ថុល៖ “រដ្ឋ​ខាតបង់​ដោយសារ​ការរំលោភ​ដី​ចំណីផ្លូវ”

    ស៊ុន ចាន់ថុល៖ “រដ្ឋ​ខាតបង់​ដោយសារ​ការរំលោភ​ដី​ចំណីផ្លូវ”

    រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា លោក​នឹង​សហការ​ជាមួយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង-ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​បង្កើត​អនុក្រឹត្យ​មួយ​ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ ខណៈដែល​ដី​ចំណីផ្លូវ​ត្រូវបាន​គេ​រំលោភបំពាន និង​យក​ធ្វើ​អា​ជី​កម្ម​ដោយ​ចាត់ទុកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​អនុក្រឹត្យ​គ្រប់គ្រង​ដី​ចំណីផ្លូវ​សាធារណៈ​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការអភិវឌ្ឍ​សេវាសាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​បញ្ចៀស​ការបង្ក​ជា​ឧបសគ្គ​ដល់​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ៖ “យើង​កំពុង​រៀបចំ​អនុក្រឹត្យ ទាក់ទង​នឹង​ការការពារ​ដី​ចំណីផ្លូវ​របស់​យើង។ យើង​ត្រូវតែ​ធ្វើឱ្យបាន ដោយសារ​យើង​មានការ​លំបាក​ណាស់​ពេលណា​យើង​ធ្វើ​ផ្លូវម្តងៗ រាជរដ្ឋាភិបាល​យើង​ចំណាយ​ច្រើនណាស់ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ជាពិសេស​ប្រជាជន​ខ្លះ​រស់នៅ​លើដី​ចំណីផ្លូវ​តែម្តង គាត់​រស់នៅ​ខុសច្បាប់​រួចទៅហើយ ប៉ុន្តែ​ដល់ពេល​យើង​ឱ្យ​គាត់​រើចេញ រដ្ឋ​ត្រូវ​សង​គាត់​ទៀត។

    ឯកឧត្តម បាន​បន្ថែមថា៖ “យើង​ត្រូវ​រៀបចំ​អនុក្រឹត្យ​ឱ្យបាន​ត្រឹមត្រូវ ដោយមាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថា្នក់​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ឱ្យបាន​ល្អ ដើម្បី​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឱ្យបាន​ល្អ ចៀសវាង​គាត់​យក​ដី​ដំ​ណី​ផ្លូវ​ទៅធ្វើជា​កន្លែង​លក់ដូរ កន្លែង​ចាក់សំរាម​ដែលនាំឱ្យ​ស្ទះ​ទាំង​ផ្លូវ និង​ស្ទះ​ទាំង​លូ”៕

  • SEATEL ចាប់ដៃ​ជាមួយ MWDIS នាំចូល​នូវ​ទូរស័ព្ទដៃ Xiaomi ចូល​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    SEATEL ចាប់ដៃ​ជាមួយ MWDIS នាំចូល​នូវ​ទូរស័ព្ទដៃ Xiaomi ចូល​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    ព្រឹក​ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2018 ក្រុមហ៊ុន SEATEL និង​ក្រុមហ៊ុន MWDIS International Co.,Ltd បានធ្វើ​ស​ន្និសិទ​កាសែត​ស្តីពី​កិច្ចសហការ​លើ​ផលិតផល​ទូរស័ព្ទដៃ Xiaomi នៅឯ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន SEATEL ។ ក្នុងនោះ​ផងដែរ ក៏មាន​វត្តមាន​លោក យ៉ាង លិ​ឈី​ង អគ្គនាយករង​ក្រុមហ៊ុន SEATEL និង លោក ផា​បូរ៉ា អគ្គនាយក​ក្រុមហ៊ុន MWDIS ។

    លោក យ៉ាង លិ​ឈី​ង អគ្គនាយករង​ក្រុមហ៊ុន SEATEL បាន​មានប្រសាសន៍ថា ទូរស័ព្ទដៃ Xiaomi គឺជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដែល​ល្បីឈ្មោះ​ទូទាំង​ពិភពលោក ដោយមាន​សមត្ថភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ព្រមទាំង​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ ។ បច្ចុប្បន្ន ទូរស័ព្ទដៃ Xiaomi អាច​ប្រើប្រាស់​ជាមួយនឹង​បណ្តាញ​អ៊ិន​ធឺ​ណិ​ត SEATEL4G VoLTE ពេញលេញ​ហើយ ។ ហើយ​ការសហការ​រវាង​ក្រុមហ៊ុន SEATEL និង​ក្រុមហ៊ុន MWDIS ក៏បាន​បញ្ជាក់ថា ទូរស័ព្ទដៃ Xiaomi បានដាក់​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ហើយ! ទន្ទឹមនឹង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ក្រុមហ៊ុន MWDIS  គាត់​ក៏​សម្តែង​ការជឿជាក់​យ៉ាង​មុតមាំ​ថា ស្ថិតក្រោម​ការសហការ​រវាង SEATEL និង MWDIS នឹង​ធ្វើអោយ​អតិថិជន​កាន់តែច្រើន​អាច​ទទួលបាន​នូវ​បទពិសោធន៍​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ល្បឿន​លឿន និង​ការសន្ទនា​សម្លេង​ច្បាស់​របស់​បណ្តាញទូរស័ព្ទ SEATEL ហើយ​ទូរស័ព្ទដៃ Xiaomi នឹង​ក្លាយជា​ទូរស័ព្ទដៃ​ដែល​ពេញនិយម​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ។

    លោក ផា បូរ៉ា អគ្គនាយក​ក្រុមហ៊ុន MWDIS បាន​មានប្រសាសន៍ថា ក្រុមហ៊ុន SEATEL គឺជា​បណ្តាញ​ទូរគមនាគមន៍​ល្បីឈ្មោះ​នៅ​កម្ពុជា ហើយក៏​ជា​ដៃគូរ​សហការ​ដ៏​មាន​ទំនុកចិត្ត​ខ្ពស់ ។ ការជ្រើសរើស​ការសហកា​រ​ជាមួយនឹង​ក្រុមហ៊ុន SEATEL ដើម្បី​ជម្រុញ​ផលិតផល​ទូរស័ព្ទដៃ Xiaomi គឺ​មិន​ត្រឹមតែ​សំអាង​ទៅលើ​គុណភាព​របស់​ទូរស័ព្ទ​តែប៉ុណ្ណោះ​ទេ ថែមទាំង​អោយ​តម្លៃ​ខ្ពស់​ចំពោះ​ការសហការ​នៅ​ថ្ងៃក្រោយ​ជាមួយនឹង​ក្រុមហ៊ុន SEATEL ។ ក្រុមហ៊ុន MWDIS នឹង​សហការ​សម្របសម្រួល​ជាមួយនឹង​ក្រុមហ៊ុន SEATEL ក្នុងការ​ដាក់លក់​នូវ​ទូរស័ព្ទដៃ Xiaomi នៅ​កម្ពុជា ហើយ​ការ​ជាការ​ជឿជាក់​លើ​ផលិតផល​ទូរស័ព្ទដៃ Xiaomi  ផងដែរ ។

    ភាគី​ទាំង​ពីរបាន​មានប្រសាសន៍ថា បច្ចុប្បន្ន ក្រុមហ៊ុន SEATELនិង MWDIS គឺជា​ដៃគូរ​សហការ និង​ជា​តំណាង​ចែកចាយ​ទូរស័ព្ទដៃ Xiaomi តែមួយគត់​នៅ​កម្ពុជា ដោយមាន​ដាក់លក់​ទូរស័ព្ទ​បី​ម៉ូ​ឌែ​ល​នៅ​គ្រប់​បណ្តា​ហាង SEATEL Shop 30ហាង​ទូទាំងប្រទេស គឺ ម៉ូ​ឌែ​ល Redmi 5A ម៉ូ​ឌែ​ល Redmi Note 5A ម៉ូ​ឌែ​ល Redmi Note 5A Prime ដែលមាន​តម្លៃ $115 $125 $155 ។ លេខ​ទំនាក់ទំនង​បោះ​ដុំ​ទូរស័ព្ទដៃ Xiaomi៖ 0963 999 999 ។

    គ្រាប់​អតិថិជន​ទាំងអស់​ដែល​ទិញ​ទូរស័ព្ទដៃ Xiaomi នឹង​ទទួលបាន​កាដូ​ដែលមាន​តម្លៃ​ស្មើរ $142 ពី​ក្រុមហ៊ុន SEATEL ភ្លាមៗ ៕

  • ស្ទើរ​មិន​ជឿ! PCO ឈ្នះ​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​បាត់ដំបង

    ស្ទើរ​មិន​ជឿ! PCO ឈ្នះ​ជើងឯក Tiger Street Football Festival 2018 ប្រចាំ​បាត់ដំបង

    បាត់ដំបង៖ ក្រុម PCO បានទទួល​ចំណាត់ថ្នាក់​លេខ1 គឺ​ជើង​ឯកនៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​នៃ​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​បាត់ដំបង។

    បើ​និយាយ​ពី​ក្រុម​ជើងឯក PCO នេះ​ស្ទើរ​គ្មាន​ក្រុម​ណាមួយ​ក្នុង​ខេត្តបាត់ដំបង​យក​ទុក​ក្នុង​កែវភ្នែក​ឡើយ។ ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ Tiger Street Football Festival ក្រុម​មួយ​នេះ​ធ្លាប់​ចូលរួម​ប្រកួត​កាលពី​ឆ្នាំ2017 ប៉ុន្តែ​បាន​ធ្លាក់​ចេញ​តាំងពី​ជុំ​ដំបូង ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ពួកគេ​បានធ្វើអោយ​ទស្សនិកជន​ផ្ញា​ក់​ផ្អើល​យ៉ាង ដោយ​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុមខ្លាំងៗទាំងអស់​ដែល​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ខេត្តបាត់ដំបង។

    ក្រុមខ្លាំងៗដូចជា ធនាគារ​ស្រូវ សស​យក​បាត់ដំបង BMS Club និង​ក្រុម Battambang Town ជាដើម​ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ប្រកួត​ភ្នំពេញ​ច្រើនលើក​នោះ​អត់​បាន​ទៅ​ភ្នំពេញ​ទេ ប៉ុន្តែ​នៅសល់តែ FC Crown A មួយ​ប៉ុណ្ណោះ​ដែលមាន​បទពិសោធ​ទៅ​ភ្នំពេញ​ច្រើនលើក ហើយ​ឆ្នាំ2018នេះ​បាន​ទៅ​ភ្នំពេញ​ទៀត។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018   នៅ​ខេត្តបាត់ដំបង​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • Coutinho រកបាន​គ្រាប់​បាល់ ខណៈ Barca ទៅ​ជួប Sevilla ក្នុង Copa del Rey វគ្គ​ផ្តាច់ព្រ័ត្រ

    Coutinho រកបាន​គ្រាប់​បាល់ ខណៈ Barca ទៅ​ជួប Sevilla ក្នុង Copa del Rey វគ្គ​ផ្តាច់ព្រ័ត្រ

    ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល Philippe Coutinho បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្លិប​ថ្មី​ជា​លើក​ទី1 របស់គេ ខណៈដែល​ក្រុម Barcelona បាន​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Copa del Rey យ៉ាង​ងាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    អតីត​តារា​ឆ្នើម​របស់​ក្លិប Liverpool រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទីភ្លាមៗនៅ​នាទី ទី49 ក្រោយពី​បានដាក់​ឲ្យ​ចូល​លេង​ក្នុង​តង់​ទី2 នៅ​មុនពេល​ខ្សែបម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​នាំមុខ 2-0 នៅ​រយៈពេល 8នាទីចុងក្រោយ ដើម្បី​បំពេញ​ការ​ឈ្នះ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល 3-0។

    បច្ចុប្បន្ន​ក្រុម Barcelona របស់លោក Ernesto Valverde នឹងត្រូវ​ឡើងទៅ​ជួប​ជាមួយនឹង​ក្រុម Sevilla ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ចុង​សប្តាហ៍​នៃ​ថ្ងៃទី21 និង​ទី22 ខែមេសា ខាងមុខនេះ។ Coutinho បាន​ប្រាប់​ស្ថានីយទូរទស្សន៍​របស់​អេ​ស្ប៉ា​ញ Gol ថា៖ «សម្រាប់​ខ្ញុំ វា​ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1របស់ខ្ញុំ ហេតុនេះ វា​ពិតជា​ពេលវេលា​ដ៏​ពិសេស​ណាស់»។

    កីឡាករ​រូបនេះ បាន​បន្ថែមទៀតថា៖ ខ្ញុំ​ពិតជា​រីករាយ​ណាស់។ ខ្ញុំ​បាន​ស្វែងរក​គ្រាប់​បាល់​នេះ​ចាប់តាំងពី​ការប្រកួត​ដំបូង​របស់ខ្ញុំ។ នៅថ្ងៃនេះ ខ្ញុំ​បាន​គ្រាប់​បាល់​នេះហើយ ហើយ​វា​បាន​ជួយ​ឲ្យ​ក្រុម​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។ Barcelona គឺជា​ម្ចាស់​ជើងឯក​នៃ​យុទ្ធនាការ​នេះ​រយៈពេល៣ឆ្នាំ​ចុងក្រោយជាប់ៗគ្នា ខណៈដែល​ការ​ដណ្តើមបាន​ជ័យជម្នះ​របស់​ពួកគេ​មានន័យថា ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ នឹង​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ៥លើកជាប់ៗគ្នា៕

    ប្រភពពី៖ The Sun

  • ចំណូល​ទឹកប្រាក់​ប្រមាណ 500លាន​ដុល្លារ​បាន​ពី​ការលក់​អង្ករ​ទៅ​បរទេស

    ចំណូល​ទឹកប្រាក់​ប្រមាណ 500លាន​ដុល្លារ​បាន​ពី​ការលក់​អង្ករ​ទៅ​បរទេស

    កម្ពុជា​ទទួលបាន​ចំណូល​ពី​ការនាំចេញ​អង្ករ​សរុប​នៅក្នុង​ឆ្នាំ2017 កន្លងទៅ ប្រមាណ​ជា 500លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្នុងនោះ​ការនាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុ​ជាមាន​បរិមាណ​ច្រើន​រហូតដល់​ជាង 64% នៃ​ការនាំចេញ​សរុប។

    យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា អង្ករ​ក្រអូប​របស់​កម្ពុជា​ទទួល​បាន​តម្លៃ​ស្ថិតនៅក្នុង​ចន្លោះ​ពី750 ដល់ 840ដុល្លារ​ក្នុង1តោន​សម្រាប់ប្រភេទ​អង្ករ​ក្រអូប ខណៈ​អង្ក​រស​ធម្មតា មានតម្លៃក្បែរៗ 450ដុល្លារ​ក្នុង​មួយ​តោន។

    កម្ពុជា​បាន​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ថ្មី​មួយ​ឈ្មោះថា “ម្លិះ​អង្គរ” ឬ​សរសេរ​ជា​ភាសា​អង់គ្លេស​MALYS ANGKOR ដើម្បី​ជំរុញ​ទីផ្សារ​លក់​នៅក្រៅ​ប្រទេស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ខណៈដែល​ថ្នាក់ដឹកនាំ​ក្រសួង​នានា​បាន​រំពឹងទុក​ថា ផលិតកម្ម​ស្រូវ​នឹង​បន្ត​រីកចម្រើន និង​មានលទ្ធភាព​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ក្នុងពេល​អនាគត។

    ម៉ាក​វិញ្ញាតកម្ម “ម្លិះ​អង្គរ” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​រួម​ថ្មី1ទៀត​របស់​កម្ពុជា ដែលមាន​សហព័ន្ធ​ស្រូវ​អង្ករ​ជា​កម្មសិទ្ធិករ ដែល​នឹង​ផ្តល់​ការបញ្ជាក់​នៅលើ​សម្បក​វេ​ច​ខ្ចប់​នៃ​ផលិតផល​អង្ករ​នាំចេញ។ ទោះបីជា​បែបនេះ​ក្តី ការប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម​នេះ​នឹង​ត្រូវការ​ពេល យូរ​បន្ថែមទៀត សម្រាប់​ឱ្យ​អ្នក​នាំចេញ និង​ទីផ្សារ​ខាងក្រៅ​ប្រទេស​ទទួលស្គាល់។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ម៉ាក​អង្ករ​នេះ​ថា នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ម៉ាក​រួមមួយ​នេះ ដោយ​សហព័ន្ធ​ត្រូវធ្វើ​ការងារ​ច្រើន​ទៀត​ជាមួយ​អ្នក​នាំចេញ។ ឯកឧត្តម​ថ្លែងថា៖ “គាត់​នៅ​ប្រើ​ម៉ាក​សញ្ញា​របស់គាត់​ដដែល​ប៉ុន្តែ​គាត់​នឹង​ប្រើ​ម៉ាក​សញ្ញា​នេះ​មួយទៀត ដើម្បី​បញ្ជាក់​ពី​គុណភាព​អង្ករ​នេះ​ថា មាន​ប្រភពពី​ប្រទេស​កម្ពុជា ជា​ប្រភេទ​អង្ករ​ក្រអូប​របស់​កម្ពុជា។ រាល់ពេល​ដែល​យើង​ធ្វើ​កម្មវិធី​លើកកម្ពស់​ទីផ្សារ យើង​ត្រូវ​ផ្តោតលើ​ម៉ាក​សញ្ញា​អង្ករ “ម្លិះ​អង្គរ”មួយ​នេះ។

    ឯកឧត្តម បាន​បន្ថែមថា៖ “យើង​នឹង​ចាប់​ផ្តើមធ្វើ​នៅក្នុង​ឆ្នាំនេះ​តែម្តង វា​នឹង​ជួយ​ជំរុញ​ទីផ្សារ​បន្ថែមទៀត ប៉ុន្តែ​ត្រង់​ថា​ទទួលបាន​កំណើនប៉ុន្មានៗនោះ គឺ​វា​អាស្រ័យទៅលើ​ការចូលរួម​អនុវត្ត​ទាំងអស់គ្នា​ពី​សំណាក់​ក្រុមហ៊ុននាំចេញ។

    លោក ឡាយ ឈុន​ហួរ នាយក​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ និង​រោង​ម៉ាស៊ីន ស៊ី​ធី​រ៉ា​យស៍ ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ការសម្ពោធ​ម៉ាក​វិញ្ញាតកម្ម​នេះ គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ច្រើន​ថែមទៀត ដើម្បីឱ្យ​អ្នកប្រើប្រាស់​ទទួលស្គាល់ និង​ទុកចិត្ត។ លោក ឡាយ ឈុន​ហួរ បាន​បញ្ជាក់ថា៖ “ខ្ញុំ​យល់ថា វា​ទើបតែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​យើង​មាន​ម៉ាក​រួមមួយ​សម្រាប់​លើកស្ទួយ។ ទោះជា​យ៉ាងណា ខ្ញុំ​ជឿថា យើង​ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត​សម្រាប់​លើកស្ទួយ​ម៉ាក​វិញ្ញាតកម្ម​ថ្មី​នេះ។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អះអាងថា ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ខិតខំ​ថែរក្សា​ទីផ្សារ​ដែលមាន​ស្រាប់​និង​ចរចា​ពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​បន្ថែមទៀត ខណៈ​កាលពី​ក្នុង​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ជាង 63ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ចំនួន 60នៅលើ​ពិភពលោក ពោលគឺ​បាន​កើនឡើង​ជាង 17% ធៀប​នឹង​ឆ្នាំ2016 ដែល​បានត្រឹមតែ 54ម៉ឺន​តោន និង​ប្រហែល​ជាជាង 60% បើ​ធៀប​នឹង​ឆ្នាំ2010 ដែល​បានត្រឹមតែ 10ម៉ឺន​តោន​ប៉ុណ្ណោះ។

    ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា៖ “តាមរយៈ​ទីផ្សារ​ដែល​យើង​ពង្រីក​បាន និង​ផលិតកម្ម​ស្រូវ និង​ការកែច្នៃ​អង្ក​រទាំង​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ ឃើញថា យើង​បាន​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ប្រមាណ​ជា 3លាន​នាក់ ឬ​ស្មើនឹង 20% នៃ​ចំនួន​កម្លាំង​ពលកម្ម​សរុប។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា៖ “ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សហព័ន្ធ​ស្រូវ​អង្ករ និង​សូម​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការជំរុញ​ការនាំចេញ។

    យោងតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់ជាតិ​ឆ្នាំ 2014-2018 រាជរដ្ឋាភិបាល​បានកំណត់​គោលការណ៍​កំណើន​វិស័យ​កសិកម្ម​ប្រចាំឆ្នាំ​ចំនួន 5% ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​កាន់តែ​មាន​ទំហំ​ធំ​ល្មម​ឡើង ក៏ប៉ុន្តែ​មាន​ផលិតភាព​កាន់តែ​ខ្ពស់ ដែល​គោលដៅ​នេះ​ត្រូវ​សម្រេច​ឱ្យបាន​នៅ​ឆ្នាំ2030។ យោងតាម​ការប៉ាន់ប្រមាណ​ទុក កម្លាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​កសិកម្ម​នឹងត្រូវ​ធ្លាក់ចុះ ខណៈដែល​ផលិតភាព​នៃ​ការប្រើប្រាស់​ដី​អាច​នឹងមាន​កំណើន​ពី 1,300ដុល្លារ រហូតដល់ 2,700ដុល្លារ​ក្នុង1ហិកតា ហើយ​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​នឹងមាន​កំណើន​ពី 1,200ដុល្លារ រហូតដល់ 3,700ដុ​លា្ល​រ​សម្រាប់​កសិករ​ម្នាក់។ ក្នុង​កាលៈទេសៈ​នេះ​ក៏ដោយ កម្ពុជា​នៅមាន​លទ្ធភាព​ពង្រីក​កំណើន​ក្នុងការ​បង្កើន​ទិន្នផល​ស្រូវ និង​កំណត់​ពូជស្រូវ​ដែល​អំណោយផល​ដល់​ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ​អង្ករ​ពី​កម្ពុជា៕