Author: វល័ក្ខ

  • តើ​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​ជួបប្រទះ​សម្រាប់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​សព្វថ្ងៃ?

    តើ​បញ្ហា​អ្វីខ្លះ​ដែល​អ្នក​ជួបប្រទះ​សម្រាប់​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​សព្វថ្ងៃ?

    ជាក់ស្តែង បញ្ហា​ទូទៅ​ដែល​អ្នក​ជួបប្រទះ​ពេល​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​នោះ មានដូចជា ម៉ាស៊ីនត្រជាក់​ស៊ី​ភ្លើង​ច្រើន ប្រើ​បាន​បន្តិច​ក៏​លាន់ឮ​សំឡេង​ខ្លាំង​ធ្វើឱ្យ​រំខាន ហើយ​ជាពិសេស​នោះ​គឺ​មិន​ងាយ​ត្រជាក់​ដូច​អ្វីដែល​អ្នក​ចង់បាន។

    ហេតុនេះ ដើម្បី​ជៀសវាង​នូវ​បញ្ហា​ដែល​កើតមាន​ខាងលើ អ្នក​ត្រូវ​ជ្រើសរើស​ម៉ាស៊ីនត្រជាក់​ដែល មាន​បច្ចេកវិទ្យា​ទំនើបថ្មីៗ សន្សំសំចៃ​ភ្លើង​បាន​ខ្ពស់ មាន​សំឡេង​ស្ងាត់​ល្អ និង​ឆាប់​ត្រជាក់។

    ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន  ក្រុមហ៊ុន LG  បាន​ផលិត​នូវ​ម៉ាស៊ីនត្រជាក់ LG Dual Cool Smart Inverter ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​វៃឆ្លាត ស៊ី​ភ្លើង​កាន់តែ​តិច​សន្សំសំចៃ​រហូតដល់ 70% កាត់បន្ថយ​ការ​ចំណាយបាន​កាន់តែច្រើន  សំឡេង​ស្ងាត់​ល្អ​គ្មាន​ការរំខាន និង​មាន មុខងារ  Faster Cooling បើក​ហើយ​ឆាប់​ត្រជាក់​លឿន​ជាង​មុខ​ដល់​ទៅ 40% ផ្តល់ជូន​នូវ​ផាសុខភាពពិតៗដល់​លោកអ្នក។

    ហើយ​សម្រាប់​ម៉ាស៊ីនត្រជាក់ Dual Cool Smart Inverter នេះ​គឺមាន​ការធានា​គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ​អង្វែង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ទទួលបាន​ការធានារ​ហូត​ដល់ 10 ឆ្នាំ​មុនគេ​បង្អស់ និង ពុំ​ធ្លាប់មាន​ពីមុនមក។ LG  បាន​បន្ថែម​នូវ​ទុយោ​ស្ពាន់ និង​កញ្ច្រែង​ស្ពាន់​ដែលមាន​គុណភាព​ល្អ គ្មាន​ការ​កាន់​ច្រេះ ដែលជា​ហេតុ​ធ្វើអោយ​ម៉ាស៊ីន​ឆាប់​មិនឆាប់​ពុក​ខូច។

    អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់តាំង​បង្ហាញ​ផលិតផល​ម៉ាស៊ីនត្រជាក់​គ្រប់​ម៉ូ​ដែល​ទាំងអស់​នៅ​គ្រប់​សាខា LG BrandShop ទូទាំងប្រទេស។

    ទូរ​សព្ទ​ទំនាក់ទំនង 023 888 299
    https://ggear.com.kh/air-conditioners/home-air-cond/inverter-air-conditioners/

  • យុវជន​នៅ​ក្រុង​ប៉ោយប៉ែត​ពិតជា​គម្រូរ​ល្អ​ដល់​សម្រាប់​ក្រុមយុវជន​នៅ​មណ្ឌល​ក្រោយ​មែន

    យុវជន​នៅ​ក្រុង​ប៉ោយប៉ែត​ពិតជា​គម្រូរ​ល្អ​ដល់​សម្រាប់​ក្រុមយុវជន​នៅ​មណ្ឌល​ក្រោយ​មែន

    ក្រុង​ប៉ោយប៉ែត៖ នេះ​ជា​លើកដំបូង​សម្រាប់​អ្នករស់នៅ​ទីក្រុង​ប៉ោយប៉ែត ហើយក៏​ជាការ​ប្រកួត​ជម្រុះ​មណ្ឌល​ទី5 នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ដែល​បាន​បើក​ជា​ផ្លូវ​ការណ៍​នា​ព្រឹក​ថ្ងៃទី18 ខែ​កម្ភៈ ឆ្នាំ2018 នេះ នៅ​បរិវេណ​ផ្សារ​រាត្រី​សណ្ឋាគារ​ផ្តា​យ​ប្រាំ​ក្រុង​ប៉ោយប៉ែត ដោយមាន​ចំនួន 50ក្រុម​ចូលរួម​ដាក់ពាក្យ​ប្រកួត។

    ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នេះ អ្នកស្រី ថោង បវរ​លក្ខិណា ប្រធាន​គ្រប់គ្រង​ស្លាក​សញ្ញា​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី6ហើយ​ដែល​ក្រុមហ៊ុន​ថៃ​ហ្គ័​របា​នស​ហ​ការណ៍​ជាមួយ​សហព័ន្ធ​បាលទាត់​កម្ពុជា ក្នុងការ​បង្កើត​ប្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង។ ហើយ​នេះ​ជា​លើកដំបូង​សម្រាប់​អ្នក​ប៉ោយប៉ែត​ដើម្បី​បំបែក​កញ្ចប់​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ។

    មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃទី10 និង 11 ខែ​មិនា​ដែលជា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

    នៅក្នុង​ឧកាស​នោះដែរ លោក​ឧក​ញ្ញ៉ា សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បានលើកឡើង​ដែរ​ថា វិ​ស្ស័​យ​បាល់ទាត់​គឺជា​វិ​ស្ស័​យ​កីឡា​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​លើកទឹកចិត្ត​ដល់​កីឡាករ​ទាំងអស់។ ជាពិសេស​កំពុង​រៀបចំ​ឲ្យ​មាន​ភាពល្អប្រសើរ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម 2023ដែល​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ។

    ដូចនេះ​យុវជន​ទាំងអស់​គួរតែ​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន​ដើម្បី​មុខមាត់​ប្រទេសជាតិ ដើម្បី​សុខភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន។ ដោយឡែក លោក ទុយ វិច្ឆិកា ដំណាងឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើកសរសើរ​ដល់​ក្រុម​ចូលរួម​ក្នុង​ពិធី​បើក​នេះ​ថា ប្អូនៗដែលជា​យុវជន​ក្រុមបាលទាត់​នៅ​ប៉ោយប៉ែត​នេះ​ពិតជា គោរព​ពេលវេលា នេះ​ជា​គម្រូរ​ល្អ​ដែរ​យុវជន​នៅ​មណ្ឌលផ្សេងៗទៀត​គួរ​យកតម្រាប់​តាម ហើយ​នេះ​គឺជា​ការយល់​ពី​តម្លៃ​នេះ​កីឡា។ ហើយ​លោក​ក៏​សូម​អគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រដែ​ល​បាន​បង្កើត​ការប្រកួត Tiger Street Football Festival 2018 និង​បាន​ធ្វើឡើង​រយៈពេល៦ឆ្នាំ​មកហើយ ដែលជា​ចំនែក​ក្នុងការ​ផ្តល់​ឧកាស់​ដល់​ប្អូន​ស្រលាញ់​កីឡា​បាល់​បានបង្ហាញ​សមត្ថភាព។

    សូមបញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី6នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ ព្រោះ​ក្រុម​ដែល​ចូលរួមនីមួយៗសុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ច្រើន​ពី​ការប្រកួត​នៅលើ​ទីលាន Futsal នេះ។ យ៉ាងណាមិញ​ការប្រកួត​នៅ​ទឹកដី​ប៉ោយប៉ែត ដែលជា​មណ្ឌល​ទី5នេះ ក្រុម​ទាំង50 នឹងត្រូវ​ប្រកួត​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។

    ដូច​ច្នេះ​ចង់ដឹងថា​ក្រៅពី​ការប្រកួត​ដ៏​អស្ចារ្យ​តើ​មាន​អ្វី​រឹតតែ​ពិសេស​នោះ​សូម​តាមដាន​ទាំងអស់គ្នា!

  • ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​អាជីវកម្ម​ទេសចរណ៍​គ្មាន​ច្បាប់​អនុញ្ញាត

    ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​លើ​អាជីវកម្ម​ទេសចរណ៍​គ្មាន​ច្បាប់​អនុញ្ញាត

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ជាថ្មី​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវ​ស្នើសុំ​ច្បាប់​អនុញ្ញាត មុននឹង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹងត្រូវ​ចាត់វិធានការ​តឹងរ៉ឹង តាមផ្លូវ​ច្បាប់។

    ការណែនាំ​របស់​ឯកឧត្តម ថោង ខុន នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគិន​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ​កាលពី​សប្តាហ៍​មុន ដោយ​ក្នុងនោះ ឯកឧត្តម​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ថា ម្ចាស់​អាជីវកម្ម​សណ្ឋាគា​រ​មួយចំនួន ពេល​មាន​អាជ្ញាប័ណ្ណ​កាស៊ីណូ បែរជា​លែង​មកសុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ ដែល​នេះ​ជាការ​អនុវត្ត​ខុសច្បាប់ បើ​ដូច្នេះ​មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ណែនាំ​ដល់​ពួកគេ​ឱ្យមក​សុំ​អាជ្ញាប័ណ្ណ​សណ្ឋាគារ​បន្ថែម។ តែបើ​ពួកគេ​មិន​ព្រម​មកសុំ​អាជ្ញាប័ណ្ណ​តាម​នីតិវិធី​ទេ ត្រូវតែ​ទទួល​ការផាកពិន័យ​តាមច្បាប់ ហើយ​បើ​ពួកគេ​នៅតែ​មិន​ព្រមទៅ​បង់​ការផាកពិន័យ​ទៀត​នោះ ត្រូវតែ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន។ ចំពោះ​អាជីវកម្ម​កាស៊ីណូ ក្រោយ​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ ត្រូវសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    លោក​អភិបាលខេត្ត យន្ត មីន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន 69កន្លែង ផ្ទះសំណាក់ 319កន្លែង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន 251កន្លែង ម៉ាស្សា 42កន្លែង ឌី​ស្កូ​តែ​ក 5កន្លែង ខារ៉ាអូខេ 12កន្លែង ដឹកជញ្ជូន​ផ្លូវទឹក 40កន្លែង និង​ទីភ្នាក់ងារ​ទេសចរណ៍ 31ក្រុមហ៊ុន។ ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ រមណីយដ្ឋាន​ទេសចរណ៍ អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ថ្មីៗ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ហើយ​កំពុង​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ។

    ជាមួយគ្នា​នោះដែរ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា  អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ជំ​រុញឱ្យ​ប្រតិបត្តិ​ករ និង​វិនិយោគិន​ទេសចរណ៍ ជាពិសេស​ម្ចាស់​ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ តាម​ស្មារតី​នៃ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​ជា​ធរមាន ដើម្បី​ឆ្លើយតប​ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​នានា។

    ឯកឧត្តម ថោង ខុន បាន​បន្ថែមថា ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ទេសចរណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ដែល​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយនៅ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ 5.6លាន​នាក់ កើនឡើង 12%។

    តាម​ការ​ព្យាករ នៅ​ឆ្នាំ2020 កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​យ៉ាងតិច 7លាន​នាក់ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 2លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ 4លាន​នាក់។

    នៅ​ឆ្នាំ2017 ខេត្ត​ព្រះសីហនុ​ទទួលបាន​ទេស​ចរ​ជាតិ​ជាង 1លាន​នាក់ និង​ទេសចរ​អន្តរ​ជាតិប្រមាណ 47ម៉ឺន​នាក់ កើនឡើង 16% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន 12ម៉ឺន​នាក់ កើនឡើង 126% ស្ថិតក្នុង​លំដាប់​ទី1។ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នោះ ឆ្នេរសមុទ្រ​កម្ពុជា​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ជា «ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក» និង​ប្រសិទ្ធ​នាម​ថា​ជា «តារា​រះ​នា​ទិសនិរតី»ផងដែរ៕

  • Napoli ឆ្លើយតប​ទៅ Juventus វិញ​ដើម្បី​រក្សា​ការ​ឈរលើ​លេខ1 ក្នុង​តារាង Serie A

    Napoli ឆ្លើយតប​ទៅ Juventus វិញ​ដើម្បី​រក្សា​ការ​ឈរលើ​លេខ1 ក្នុង​តារាង Serie A

    ក្រុម Napoli ដណ្តើមបាន​ជ័យជម្នះ​ដូច​ក្រុម Juventus ដែរ តាមរយៈ​ការ​ផ្តួល​ក្រុម SPAL ក្នុង​លទ្ធផល 1-០ កាលពី​ថ្ងៃអាទិត្យ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ1 ពី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Juventus មកវិញ ដោយបាន​ផ្តួល​ក្រុម​ស្ថិតក្នុង​តំបន់ Torino តែមួយ ក្នុង​លទ្ធផល​ដូចគ្នា​ក្នុងការ​ប្រកួត 1គូ​មុន​ហ្នឹង។

    ក្រុម​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Serie A ទាំងពីរ​សុទ្ធសឹង​បាន​ស្តារ​មុខមាត់​ពី​ការខកចិត្ត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ពួកគេ​ដូចគ្នា ដើម្បី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី 9ជាប់ៗគ្នា។ ក្រុម Napoli ដែល​បាន​ចាញ់​បែប​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-1 ក្រោម​ស្នាដៃ​ក្រុម RB Leipzig លើ​ទឹកដី​ខ្លួនឯង​ក្នុង​ក្របខ័ណ្ឌ Europa League នោះបាន​រក្សា​ការ​ឈរ​នៅលើ​កំពូល​តារាង​តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​នៅ​កីឡដ្ឋាន San Paulo របស់​ពួកគេ ហើយ​ក្រុម​ដែល​ញាំញី​ដោយ​របួស Juventus ដែល​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​លើទឹក​ដី​ខ្លួនឯង​ពេល​ប្រកួត​ជាមួយនឹង​ក្រុម Tottenham ក្នុង Champions League បាន​បន្ត​គ្រប់គ្រង​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​តែមួយ តាមរយៈ​ការ​ផ្តួល Torino 1-។

    មុននឹង​បន្ថែមថា ក្រុម​របស់លោក​គួរតែ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​នេះ លោក Maurizio Sarri គ្រូបង្វឹក​របស់​ក្រុម Napoli បានឱ្យដឹងថា៖ «ខ្ញុំ​បាន​រំពឹងទុក​ពី​ការឆ្លើយតប​មួយ ក្រោយពី​ការប្រកួត​ក្របខ័ណ្ឌ Europa League។

    យើង​ហាក់​មាន​ភាព​ខ្ចិ​ល​បន្តិច និង​ចង់​បណ្តើរ​បាល់យឺតៗចូលក្នុង​ទី។ យើង​បានធ្វើការ​វាយ​សម្រុក​ត្រឹមតែ​រយៈពេល 10នាទីចុងក្រោយ ខណៈដែល​យើង​គួរតែ​នាំមុខ 3-០ មិនមែន 1-០ បែបនេះ​ឡើយ»។ ក្រុម Napoli មាន 66ពិន្ទុ ក្រោយពី​ការប្រកួត 25ប្រកួត ខណៈដែល​ក្រុម Juventus ដេញតាម​ពីក្រោយ 1ពិន្ទុ។ ក្រុម As Roma ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយ​ដេញតាម​ពីក្រោយ 15ពិន្ទុ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​ក្រុម Udinese កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Inter បាន​ធ្លាក់ចូល​វិបត្តិ តាមរយៈ​ការ​ចាញ់​ក្រុម Genoa 2-០៕

    ប្រភពពី៖ AFP

  • ការជឿជាក់​លើ​ខ្លួនឯង​គឺជា​ថាមពល​ជំរុញ​ឱ្យទៅដល់​គោលដៅ

    ការជឿជាក់​លើ​ខ្លួនឯង​គឺជា​ថាមពល​ជំរុញ​ឱ្យទៅដល់​គោលដៅ

    និស្សិត​ដែល​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​សិក្សា​ភាគច្រើន គឺជា​អ្នក​ដែលមាន​ការជឿជាក់​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​អាច​ស្វែងរក​ផ្លូវ​ល្អ​មួយ​ក្រោយ​ពេលដែល​បញ្ចប់​ការសិក្សា ឬ​អាច​ទទួលបាន​ការងារ​ច្បាស់លាស់​មួយ​នៅពេលដែល​គេ​មាន​បទពិសោធ និង​ចំណេះដឹង​គ្រប់គ្រាន់។

    លោក ឆាំ ប៊ុន​ថេត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​លើកឡើងថា​មនុស្ស​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បានល្អ គឺជា​មនុស្ស​ដែល​មើល​ខ្លួនឯង​ក្នុង​ផ្លូវ​វិជ្ជមាន ហើយ​ជា​អ្នកដែល​ព្យាយាម​កែប្រែ​ស្ថានការណ៍​ផ្ទាល់ខ្លួន​ឱ្យ​កាន់តែ​ប្រសើ​ឡើង។ នៅពេលដែល​គេ​មាន​ភាព​វិជ្ជមាន​លើ​ខ្លួនឯង នោះគេ​ក៏​អាចមាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ទាំង​ក្នុង​ការសិក្សា ការងារ ឬ​ការធ្វើអាជីវកម្ម​ជាដើម។

    លោក ឆាំ ប៊ុន​ថេត បាន​និយាយថា៖ “សូមកុំ​គិតថា​ខ្លួនឯង​អន់ ហើយ​កុំ​ជឿ​លើ​ពាក្យ​ដែល​គេ​ស្តីថា យើង​អន់ តែ​អ្វីដែល​សំខាន់​គឺ​ព្យាយាម​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ឱ្យឃើញ ហើយ​ព្យាយាម​អភិវឌ្ឍ​ភាពខ្លាំង​ប្រកបដោយ​ទំនុកចិត្ត ដើម្បី​បន្តដំណើរ​ជីវិត​ឱ្យមាន​តម្លៃ។

    លោក​សាស្ត្រាចារ្យ​បានលើកឡើង​ផងដែរ​ថា​នៅពេលដែល​យើង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នោះ​យើង​នឹង​អាចធ្វើអ្វីៗគ្រប់យ៉ាង​ប្រកបដោយ​ថាមពល​ព្រោះ​យើង​ជឿថា​យើង​អាចធ្វើ​វា​បាន។ តែ​ប្រសិនបើ​យើង​មិនមាន​ទំនុកចិត្ត​ទេនោះ កម្លាំង​នៃ​ការខិតខំ​ប្រឹងប្រែង​ក៏​ថយចុះ​ទៅតាម​នោះដែរ ព្រោះ​អារម្មណ៍​ទន់ជ្រាយ​ដែល​យើង​មាន តែងតែ​បង្អាក់​ខ្លួនឯង​មិនឱ្យ​ធ្វើ​រឿង​មួយចំនួន​ដែល​អាច​អភិវឌ្ឍ​ខ្លួន​យើង​ឱ្យ​ខ្ពស់ជាង អ្វីដែល​យើង​មាន​នាពេល​បច្ចុប្បន្ននេះ​ទេ។

    សាស្ត្រាចារ្យ​គ្រប់គ្រង​ពាណិជ្ជកម្ម លោក រិ​ន រ៉ាវុធ បាន​លើកឡើងថា គ្មាន​មាត្រា​ណា​នៅក្នុង​រដ្ឋធម្មនុញ្ញ​បង្ហាញថា​កូនអ្នកក្រ​មិនអាច​ថ្កុំថ្កើង​បាន​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​សកម្មភាព​ផ្ទាល់ខ្លួន​របស់​យើង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឆ្ពោះទៅរក​ភាព​ថ្កុំថ្កើង។ លោក​បានបញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​យក​ចំណុច​អវិជ្ជមាន ឬ​ឧបសគ្គ​នៅក្នុង​ជីវិត​មួយចំនួន​មក​ចោទ​ជា​បញ្ហា ហើយ​មិន​ព្រមធ្វើ​ការផ្លាស់ប្តូរ​កែប្រែ​ស្ថានការណ៍​អាក្រក់​ឱ្យទៅជា​ល្អ​វិញ​ទេនោះ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​ស្មុគស្មាញ បាក់​ទឹកចិត្ត កើត​ស្ត្រេ​ស ហើយ​ទីបំផុត​ប្រាកដជា​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ទាំង​អស់ពី​ពេលវេលា​ដែល​កន្លងទៅ។

    លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ “ប្រសិនបើ​យើង​ធ្វើ​អ្វីមួយ​គិត​បារម្ភ​ខ្លាច​ពី​ឧបសគ្គ​ចំពោះមុខ ហើយ​មិន​ជឿ​លើ​សមត្ថភាព​ខ្លួនឯង ទាំង​ខ្លួន​កំពុងតែ​ធ្វើ​វា​នោះ វា​ហាក់បីដូចជា​យើង​ជិះ​កង់ ហើយ​ចាប់​ហ្វ្រាំង​ដូច្នោះ​ដែរ។

    សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា​ប្រសិនបើ​យើង​គិតតែ​ពី​បញ្ហា នោះ​យើង​នឹង​ជួបតែ​បញ្ហា តែ​ប្រសិនបើ​យើង​សម្លឹងមើល​ពី​ដំណោះស្រាយ​នោះ​ដំណោះស្រាយ​រាប់មិនអស់​នឹង​ចូលមកក្នុង​ជីវិត​យើង។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​គិតថា ខ្លួន​យើង​ក្រ មិនមាន​សាច់ញាតិ​បងប្អូន​ដែល​អាច​ពឹងពាក់ ឬ​ជួយ​ក្នុងការ​ណែនាំ​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នធំៗបាន យើង​ប្រាកដជា​បាក់​ទឹកចិត្ត និង​មិនមាន​ការខិតខំ​ប្រឹងប្រែង ឬ​អាច​បោះបង់ចោល​ការសិក្សា​ដែលជា​អនាគត​របស់ខ្លួន​ក៏​ថាបានដែរ តែ​ប្រសិនបើ​យើង​គិតថា​សង្គម​គេ​ត្រូវការ​អ្នកមាន​សមត្ថភាព យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ហើយ​សមត្ថភាព​ពិតប្រាកដ​នៅតែមាន​តម្លៃ​ខ្លាំង​សម្រាប់​មនុស្សគ្រប់​កាលៈទេសៈ នោះ​យើង​នឹង​ទទួលលទ្ធផល​វិជ្ជមាន​ពី​ការគិត​បែប​វិជ្ជមាន​នេះ​មិន​ខាន។ ព្រោះថា ប្រសិនបើ​យើង​មាន​សមត្ថភាព​ហើយ មិនទាន់បាន​ធ្វើការ​ងា​រ​ធំ​ដោយសារតែ​យើង​មិនមាន​សាច់ញាតិ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហើយ​អ្នក​ដែល​ឡើង​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​មិនមាន​ជំនាញ​ពិតប្រាកដម្ចាស់​ក្រុមហ៊ុន​ប្រាកដជា​ត្រូវការ​ផ្លាស់ប្តូរ​ឱ្យ​អ្នកមាន​សមត្ថភាព​ទៅ​ជួយ​កិច្ចការ​របស់គេ​វិញ​មិន​ខាន​ពេលនោះ​យើង​នឹង​ទទួលបាន​ឱកាសល្អ ថែមទាំង​អាចអភិវឌ្ឍ​ខ្លួន និង​រៀនសូត្រ​បាន​បន្ថែម​ទៀតផង។

    ហម សុខ​នី យុវជន​លេចធ្លោ​មួយរូប​ក្នុងចំណោម​យុវជន និង​ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​អន្តជាតិ​នៃ​សាកលវិទ្យាល័យ ហ្សា​ម៉ាន​អន្តរជាតិ បាន​លើកឡើងថា ជីវិត​ជា​និស្សិត​ពេលខ្លះ​គឺ​មិនទាន់​អាច​ជឿថា ខ្លួន​ធ្វើបាន​នោះទេ បើទោះបីជា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាចធ្វើ​រឿងល្អៗជាច្រើន​ក៏ដោយ ព្រោះ​និស្សិត​ជា​អ្នក​ដែល​មិនទាន់មាន​បទពិសោធ​ក្នុង​ជីវិត​ច្រើន​មិនទាន់​ជួប​រឿង​ច្រើន ហើយក៏​មិន​ហ៊ាន​សាកល្បង​ដែរ។

    យុវជន ហម សុខ​នី បាន​និយាយថា ៖ “ពេលខ្លះ នៅពេលដែល​យើង​សាកល្បង​ស្រាវជ្រាវ​ឱ្យបាន​ច្រើន បន្ទាប់មក​ដកស្រង់យក​គំនិត​ទ្រឹស្តី​ទាំងអស់​នោះមក​អនុវត្ត​ក្នុងការ​រស់នៅ​ដោយ​គ្មាន​ការព្រួយបារម្ភ យើង​នឹងមាន​ភាព​ភ្ញាក់ផ្អើល ដែល​ពេលខ្លះ​វា​ក៏​អាច​រុញច្រាន​យើង​ឱ្យ​ក្លាយជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​លើ​កម្មវិធីធំៗ ដែល​យើង​មិន​ធ្លាប់​គិតថា​អាចធ្វើ​បាន​ពីមុនមក។

    ជាការ​បង្ហាញ​របស់​យុវជន​ខាងលើ គឺ​ចង់ឱ្យ​យុវជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​សិក្សា សាកល្បង​យក​ចំណេះដឹង​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​ក្នុង​ជីវិត​ជាក់ស្តែង។ កំហុស​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​យើង​កំពុង​រៀន និង​សាកល្បង តែ​ប្រសិនបើ​យើង​ទទួលបាន​ជោគជ័យ​វិញ​នោះ វា​ពិតជា​មោទនភាព​ដ៏​ពិតប្រាកដ និង​ធ្វើឱ្យ​យើង​មាន​ភាព​លេចធ្លោ​ក្នុងចំណោម​យុវជន​ទាំងឡាយ៕

  • ក្រសួង​ជំរុញ​ការចេញ​ច្បាប់​គ្រប់គ្រង​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ការរកស៊ី​ស្មើភាព​គ្នា

    ក្រសួង​ជំរុញ​ការចេញ​ច្បាប់​គ្រប់គ្រង​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ការរកស៊ី​ស្មើភាព​គ្នា

    ស្រប​ពេលដែល​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង1ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ភ្នាក់ងារ​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនទ្រព្យ បាន​រីក​ដុះដាល​យ៉ាងខ្លាំង​ទាំង​មានច្បាប់ និង​មិនមាន​ច្បាប់ ដែល​កត្តា​នេះ​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ទីផ្សារ​ខ្លាំង និង​មិន​ស្មើភាព​គ្នា ដែល​នេះ​ជា​កត្តាចាំបាច់​មួយ​តម្រូវឱ្យ​ក្រសួង​តាក់តែង​ច្បាប់​នានា​ដើម្បី​គ្រប់គ្រង​ភ្នាក់ងារ​ទាំងនោះ​ឱ្យ​ស្ថិតនៅក្រោម​ឆត្រ​តែមួយ។

    លោកស្រី អ៊ុយ ច័ន្ទ​និមល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានលើកឡើង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ2017 របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​សប្តាហ៍​មុននេះ​ថា កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន​ដែរ លោកស្រី​តែង​ឭ​ពាក្យ​លើកឡើង​អំពី​អ្នករកស៊ី​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនទ្រព្យ​ដែល​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​នោះ​តែង​ដណ្តើមយក​ចំណែក​ទីផ្សារ​ពី​ភ្នាក់ងារ​ស្របច្បាប់ ដែលជា​កត្តា​ធ្វើឱ្យ​ការប្រកួតប្រជែង​ក្នុង​អាជីវ​កម្មនេះ​មិនមាន​ភាពស្មើគ្នា ដូច្នេះ​ទើប​ក្រសួង​ខិតខំ​បង្កើត​អនុក្រឹត្យ និង​ច្បាប់​នានា​ដើម្បី​ដាក់ឱ្យ​ភ្នាក់ងារ​ទាំងនោះ​ស្ថិតនៅក្រោម​ច្បាប់​តែមួយ។

    ក្នុងនាម​ជា​បញ្ញត្តិ​ករ​លោកស្រី​យល់ថា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ដើរតួនាទី​សំខាន់​ក្នុងការ​កៀងគរ និង​ប្រមូលផ្តុំ​នូវ​ប្រតិបត្តិ​ករ​ដែល​អាចជា​ក្រុមហ៊ុន​វាយតម្លៃ  និង​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​ស្ថិតក្រោម​ក្របខ័ណ្ឌ​នៃ​ឆត្រ​តែមួយ ដើម្បី​ងាយស្រួល​ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ និង​ការអភិវឌ្ឍ​សមត្ថភាព​ក៏ដូចជា​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាកម្ម​ជូន​អតិថិជន។

    លោកស្រី​បញ្ជាក់​ដូច្នេះ​ថា “កាលពី​ឆ្នាំ2013 ពេលដែល​ខ្ញុំ​ចូលមក​កាន់​វិស័យនេះ​ជា​លើកដំបូង​មានតែ​ជាង 50ក្រុមហ៊ុន​ទេ ក្រោយពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ហើយ​សមា​ជិ​ក​សមាគម​ក៏មាន​តិចតួច​ដែរប៉ុន្តែ​ខ្ញុំ​ស្តាប់​ស្ថិតិ​សមាគម​ឥឡូវ មាន​សមាជិក​ឡើងដល់​ជាង100ហើយ ដូច្នេះ​ឃើញថា មាន​កំណើន​កើនឡើង​ច្រើន។ ក្នុងន័យ​នេះដែរ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលមាន​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ​ជា​សេនាធិការ​ផ្ទាល់ ពិតជា​គាំទ្រ​យ៉ាងខ្លាំង​អំពី​តួនាទី​សមាគម​ក្នុង​ក្របខ័ណ្ឌ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុងនាម​ជា​បញ្ញត្តិ​ករ និង​វិស័យ​ឯកជន​ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា។

    បច្ចុប្បន្ន​ក្រសួង​បានបញ្ចប់​ការរៀបចំ​តាក់តែង និង​ដាក់ឱ្យអនុវត្ត​បទ​ប្ប​ញ្ញ​តិ្ត​មួយចំនួន​រួចរាល់​ហើយ ដូចជា​ប្រកាស​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមិថុនា ឆ្នាំ2017។ ប្រកាស​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកវាយតម្លៃ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ​នៅក្នុង​ខែកក្កដា ឆ្នាំ2017។ ប្រកាស​ស្តីពី​ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ​សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​នៅក្នុង​ខែកក្កដា ឆ្នាំ2017 និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដែល​ក្រសួង​បាន​បញ្ជូន​ឯកសារ​នេះ​ទៅដល់​ក្រុមប្រឹក្សា​នីតិកម្ម​របស់​ក្រសួង​មុននឹង​បញ្ជូន​ទៅដល់​គណៈរដ្ឋមន្ត្រី និង​បញ្ជូនបន្ត​ទៅដល់​រដ្ឋសភា​ក្នុងការ​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​រួចហើយ។

    ទោះ​យ៉ាងនេះ​ក្តី​លោកស្រី​ក៏បាន​បញ្ជាក់ដែរថា “ប្រកាស​នេះ​នៅ​មិនទាន់មាន​អានុភាព​ខ្លាំងក្លា​ក្នុង​ការដាក់ទោសទណ្ឌ​ដល់​ជន​នៅក្រៅ​ច្បាប់​ទាំង​នោះទេ ដូច្នេះ​បានជា​ក្រសួង​ខិតខំ​បង្កើត​សេចក្តីព្រាងច្បាប់​នេះ​ឡើង​ដើម្បី​ដាក់ឱ្យអនុវត្ត​ច្បាប់​ទាំងអស់គ្នា។

    សម្រាប់​ជា​បទពិសោធ​នៅ​ប្រទេសផ្សេងៗ ដូចជា​សិង្ហ​បុរី​ជាដើម អ្នក​ដែល​មិនមាន​អាជ្ញាប័ណ្ណ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដល់​ថ្នាក់​ជាប់ពន្ធនាគារ ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​អ្នក​មិនមាន​អាជ្ញាប័ណ្ណ គឺ​មិន​មានទោស​ព្រហ្មទណ្ឌ​ដល់​ជាប់ពន្ធនាគារ​ទេ តែ​ត្រូវ​ជាប់​ពិន័យ​អន្តរកាល​បង់ប្រាក់​ពិន័យ ដូច្នេះ​កម្ពុជា​ក៏​កំពុងតែ​សិក្សា​លើ​គំរូ​ច្បាប់​ទាំងអស់នេះ​ដើម្បី​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​របស់ខ្លួន​ដែរ ព្រោះថា បើសិនជា​រឹតត្បិត​ខ្លាំងពេក​ក៏​អាច​នាំឱ្យ​ខូច​ទីផ្សារ ឬ​ខូច​វិស័យនេះ​តែម្តង ដូច្នេះ​យើង​ត្រូវ​រក​ផ្លូវកណ្តាល​ណាមួយ​ដាក់ឱ្យ​ត្រូវ​នឹង​ឥរិយាបថ​របស់​ជនជាតិ​យើង។ ហើយ​មួយទៀត​នោះ គឺ​សេចក្តីព្រាង​ស្តង់ដារ​វាយតម្លៃ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​សេចក្តីព្រាង​បឋម ដើម្បី​ដាក់ឱ្យ​វាយតម្លៃ​ស្តង់ដារ​មួយ​ចៀសវាង​ការវាយតម្លៃខុសៗគ្នា។

    ដូច្នេះ​លោកស្រី​ស្នើឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ត្រូវតែ​ស្នើសុំ​ច្បាប់​អនុញ្ញាត និង​ខិតខំ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​មិនមែន​តែ​នៅក្នុង​កម្ពុជា​នោះទេ។

    លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​មានប្រសាសន៍​ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់​ត្រូវ​រួមគ្នា​បង្កើត​សាលា​ដីធ្លី​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់ (ទាំង​មានច្បាប់ និង​មិនមាន​ច្បាប់) បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បីឱ្យ​យល់​ពី​ច្បាប់ផ្សេងៗពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដើម្បី​លើកកម្ពស់​គុណភាព សេវាកម្ម​ជូន​អតិថិជន​ប្រកបដោយ​ការជឿទុកចិត្ត និង​ការរីកចម្រើន​ទាំងអស់គ្នា៕

  •  បើក​សន្និសីទកាសែត​ស្តីពី​ការប្រកួត Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត

     បើក​សន្និសីទកាសែត​ស្តីពី​ការប្រកួត Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត

    ប៉ោយប៉ែត៖ នៅ​ថ្ងៃទី 17 ខែកុម្ភៈ ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​បើក​សន្និសីទកាសែត​ស្តីពី​ការបើក​ការប្រកួត Tiger Street Football Festival 2018  ប្រចាំ​មណ្ឌល​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ។

    លោក ពេជ្រ នី អ្នកតំណាង​ស្រា​បៀរ​ថៃ​ប្រចាំ​ក្រុង​ប៉ោយប៉ែត មានប្រសាសន៍ថា នេះ​លើកទីមួយ​សម្រាប់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដោយមាន​ក្រុមបាល់ទាត់​រហូតដល់ 50 ក្រុម លើសពី​ការរំពឹងទុក​របស់​ក្រុមហ៊ុន និង​លោក​បាន​ថ្លែងអំណរគុណ​កីឡាករ​ទាំងអស់​ដែល​ដាក់ពាក្យ​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018  និង​ជូនពរ​កីឡាករ​ទទួលបាន​ជោគជ័យ និង​មាន​សុវត្ថិភាព​ក្នុងការ​ប្រកួត។

    លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018  បាន​មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​សម្រាប់​ក្រុង​ប៉ោយប៉ែត និង​បាន​ពន្យល់​យ៉ាង​លម្អិត​ដល់​កីឡាករ​ទាំងអស់​អំពី​លក្ខខណ្ឌ​នៃ​ការប្រកួត Tiger Street Football Festival 2018   និង​លក្ខខណ្ឌ​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត ជាពិសេស​ត្រូវគោរព​ពេល​វេលា គោលការណ៍ Fair Play។

    អ្នកស្រី ថោង បវរ​លក្ខិណា ដែលជា​នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន នេះ​ឱ្យដឹងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវ​កាល​ទី6 បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន និង​មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់ 50000ដុល្លារ។ ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់​ព្រ័​ត្ត​នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី 10 និង​ទី11 មីនា ឆ្នាំ 2018 នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • មុខរបរ​អ្វីដែល​អ្នក​គួរ​ធ្វើ ដើម្បីឱ្យ​ត្រូវ​នឹង​ទីផ្សារ​នា​ថ្ងៃ​អនាគត?

    មុខរបរ​អ្វីដែល​អ្នក​គួរ​ធ្វើ ដើម្បីឱ្យ​ត្រូវ​នឹង​ទីផ្សារ​នា​ថ្ងៃ​អនាគត?

    មុនពេល​ចាប់ផ្តើម​អាជីវកម្ម​មួយ ចាំបាច់​បំផុត​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ធានាថា ជំនួញ​ដែល​យើង​គ្រោង​នឹងធ្វើ​នោះ​មាន​លក្ខណៈ​ទូលំទូលាយ ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង និង​មាន​និរន្តរភាព បំណាច់តែ​យើង​ខំ​បង្កើត​វា​ឡើង​យ៉ាង​លំបាក​រួចមកហើយ។

    លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន ម៉េង​លី​ជេ​គួច បាន​លើកឡើងថា ជាទូទៅ​អ្នករកស៊ី ជាពិសេស​សហគ្រិន​វ័យក្មេង​ជាច្រើន​កំពុងមាន​ការបារម្ភ​ថា មិនដឹង​ត្រូវធ្វើ​អាជីវកម្ម​មួយណា​ដែល​អាចធ្វើឱ្យ​ពួកគេ​មានការ​រីកចម្រើន និង​ឋិតថេរ​បានយូរ​អង្វែង។ មាន​អ្នក​បើកហាង​កាហ្វេ​ច្រើន​តាម​គ្នា បន្ទាប់មក​ក៏​បិទ​ទៅវិញ ហើយ​អ្នក​ខ្លះទៀត​ក៏​ធ្វើ​អាជីវកម្មដដែលៗតែ​ប៉ុន្មាន​មុខ​តាម​គ្នា ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​ខ្លាំង បន្ទាប់មក​ធ្វើឱ្យ​មុខរបរ​របស់​ពួកគាត់​ចាប់ផ្តើម​មាន​បញ្ហា។

    លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ “តាមពិតទៅ មាន​អាជីវកម្ម​ច្រើនណាស់​ដែល​នៅ​បណ្តា​ប្រទេស​នានា​ជាច្រើន​គេ​បានធ្វើ​វា​រួចទៅហើយ តែ​នៅ​ស្រុក​យើង​មិនទាន់មាន វា​ក៏​អាចជា​តម្រូវការ​របស់​ប្រជាជន​ខ្មែរ​ផងដែរ​នៅ​ថ្ងៃ​អនាគត ហេតុនេះ​គួរ​សាកល្បង​ចេញ​ដើរទៅ​មើល​ពិភព​ខាងក្រៅ​ឱ្យបាន​ច្រើន បន្ទាប់មក​សឹម​សម្រេចចិត្ត​ជ្រើស​រើសយក​មុខរបរ​ណា​មួយ…។

    សហគ្រិន​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើសិនជា​ចង់ដឹងថា តើ​គួរ​រកស៊ី​អ្វី​នោះ ដំបូង​ត្រូវ​ចេញទៅ​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​នៅ​បរទេស​ឱ្យបាន​ច្រើន ដើម្បី​ស្វែងរក​គំនិត​ថ្មី។ តាមពិតទៅ នៅ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​គេ​បាន​ដើរ​មុន​យើង​បន្តិច​ទៅហើយ ហើយអ្វីៗទាំងអស់នោះ​ក៏​នឹង​កើតមាន​នៅក្នុង​ប្រទេសរ​បស់​យើង​នា​ថ្ងៃ​អនាគត​ដូចគ្នា ហេតុនេះ​ការដែល​ចេញទៅ​ក្រៅប្រទេស គឺអាច​ឱ្យ​យើង​មើលឃើញ​ពីគំនិតល្អៗជាច្រើន​ដែល​អាច​យកមកអនុវត្ត និង​បំពេញតម្រូវការ​ក្នុងស្រុក​របស់​យើង​បាន ពេលនោះ​យើង​នឹងមិន​ធ្វើ​អាជីវកម្មដូចៗគ្នា​ដែល​គេ​បាន​បង្កើត​ស្រាប់​រួចមកហើយ​នោះទេ គឺ​យើង​នឹង​បង្កើត​នូវ​អាជីវកម្ម​មួយ​ដែលមាន​ភាព​ប្លែក​ខុសពី​គេ​ដែល​អាចធ្វើឱ្យ​យើង​រីកចម្រើន​បាន។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន Asia Leading Academy បាន​លើកឡើងថា តាម​ការមើលឃើញ​រប​ស់លោក អាជីវកម្ម​ដែល​អាចមាន​ទីផ្សារ​ខ្ពស់​នៅ​ថ្ងៃ​អនាគត គឺ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​ការផលិត​ផលិតផល​មួយចំនួន​ផ្សេងទៀត​ដែលមាន​សក្តានុពល​នៅក្នុង​ស្រុក។ សម័យ​បច្ចុប្បន្ននេះ គឺជា​សម័យ​បច្ចេកវិទ្យា ដែលអ្វីៗគ្រប់យ៉ាង គឺមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​គ្រប់កន្លែង គ្រប់​អាជីវកម្ម រួមទាំង​ផ្នែក​នៃ​ការរស់នៅ​ឯកជន សុទ្ធតែ​ត្រូវការ​បច្ចេកវិទ្យា​ទាំងអស់ ហេតុនេះ​ផលិតផល​បច្ចេកវិទ្យា​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត គឺជា​របស់​ដែល​គេ​ត្រូវការ​ខ្លាំង។

    លោក វិ​ចិ​ត្រា ក៏បាន​លើកឡើង​ផងដែរ​ថា ក្រៅពី​ផលិតផល​បច្ចេកវិទ្យា របរ​ដែល​សំខាន់​ផងដែរ​នោះ​គឺ​ការផលិត​ផលិតផល​ដែលមាន​វត្ថុធាតុដើម​នៅក្នុង​ស្រុក​ស្រាប់ ព្រោះថា នៅពេលដែល​យើង​បង្កើត​ផលិតផល​ក្នុងស្រុក យើង​នឹង​ចំណេញ​ថ្លៃ​ដឹកជញ្ជូន រួមទាំង​អាច​បង្កើន​ស្នាដៃ​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ទៀតផង។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “ការស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​គឺជា​រឿង​សំខាន់ តែ​អ្នក​ដែលមាន​គោលដៅ​ចង់​ក្លាយជា​សហគ្រិន​ក៏​គួរតែ​ស្វែងរក​វិធី​ក្នុងការ​ទៅឱ្យ​ដល់​កន្លែង​ដែលខ្លួន​ចង់ទៅ​នោះដែរ បើ​មិន​ដូច្នោះ​ទេ ឱកាស​ទាំងអស់នោះ​អាច​នឹងមិន​ស្ថិតក្នុង​ដៃ​របស់​យើង​នោះទេ។

    សហគ្រិន និង​ជា​អ្នក​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​ចាប់យក​ឱកាស​អាជីវកម្ម​ដែលមាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​គួរ​ពង្រឹងសមត្ថភាព​លើ​ចំណេះដឹង​ទូទៅ​របស់ខ្លួន​ឱ្យបាន​ច្រើន ដើម្បី​មើល​លើ​តម្រូវការ​សង្គម​ដែល​អាច​ប្រែប្រួល​ទៅតាម​ការអភិវឌ្ឍ​រប​ស់​ពិភពលោក។ បន្ទាប់មកទៀត​គាត់​គួរ​ចួ​ល​រួម​សិក្ខាសាលា​ឱ្យបានច្រើន​ដើម្បី​បង្កើត​ទំនាក់ទំនង​ឱ្យបាន​ល្អ និង​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើឱ្យ​គាត់​កាន់​តែមាន​ភាពរឹងមាំ។

    ទន្ទឹមនឹង​នេះដែរ លោក លី សុធា ម្ចាស់​ដេប៉ូ​ដែល​នាំចូល​ផលិតផល​អេឡិចត្រូនិក​ពី​បរទេស​មកកាន់​កម្ពុជា​មួយរូប​បាន​លើកឡើងថា ការធ្វើ​អាជីវកម្ម គឺ​ត្រូវ​ចេះ​មើល​ពី​ប្រភព​នៃ​តម្រូវការ​សង្គមជាក់ស្តែង​នាពេល​បច្ចុប្បន្ន និង​ចរន្ត​នានា​ដែល​វា​នឹង​កើតឡើង​នៅ​ថ្ងៃ​ខាងមុខ។ ជា​ឧទាហរណ៍ នាពេល​បច្ចុប្បន្ននេះ គម្រោង​សំណង់​មានការ​កើនឡើង​ខ្លាំង ហេតុនេះ​នៅ​ថ្ងៃ​ខាងមុខ សម្ភារ​ផ្គត់ផ្គង់ផ្នែក​ខាងក្នុង​សំណង់​អគារ​នឹងមាន​តម្រូវ​ខ្ពស់​ក្រោយ​ពេលដែល​សំណង់​ចាប់ផ្តើម​សាងសង់ឡើង។ ម្យ៉ាងវិញទៀត ក៏ត្រូវ​ចេះ​មើល​អនាគត​នៃ​គូប្រកួត​ប្រជែង​ដែល​អាច​នឹង​ក្លាយជា​ឧបសគ្គ​ដល់​អាជីវកម្ម​របស់​យើង​ផងដែរ។

    លោក លី សុធា បាន​លើកឡើងថា៖ “ជាទូទៅ នៅពេលដែល​យើង​មើលឃើញ​ពី​ឱកាស​មួយ គេ​ក៏​មើលឃើញ​ពី​ឱកាស​នោះ​ដូច​យើង​ដែរ ហេតុនេះ​អ្វីដែល​យើង​ត្រូវធ្វើ គឺ​មើល​ឱ្យបាន​ច្រើន​ជំហាន​មុនគេ ទើប​អាច​ដណ្តើម​ឱកាស​ទីផ្សារ​បានយូរ។ លោក សុធា បាន​លើកឡើងថា មុននឹង​បោះទុន​រកស៊ី គឺ​ត្រូវ​គិត​ឱ្យដល់​ថ្ងៃ​ដែល​អាជីវកម្ម​រីក​ខ្លាំង​និង​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេច​សម្រាប់​ប្រកួតប្រជែង។

    ជា​ឧទាហរណ៍ បច្ចុប្បន្ននេះ​មាន​អ្នករកស៊ី​នាំចូល​ផលិតផល​ពី​ប្រទេសមួយ ដែល​ផលិតផល​ទាំងអស់នោះ​មានតម្លៃ​ធូរ​ថ្លៃ តែ​គេ​មិនសូវ​ផ្តោតលើ​គុណភាព​ប៉ុន្មាន​នោះទេ ហេតុនេះ​អ្នករកស៊ី​របរ​នេះ​អាច​នឹង​ចំណេញ​ច្រើន តែ​ថ្ងៃក្រោយ​មាន​អ្នកផ្សេង​អាច​នឹង​នាំ​ចូលមក​ដែរ និង​ប្រកួត​ជាមួយ​យើង​លើ​បញ្ហា​តម្លៃ​នេះ ឬ​ប្រជាជន​នៃ​ប្រទេស​នោះ​អាច​នឹង​នាំ​ទំនិញ​របស់គេ​ផ្ទាល់​ចូលមក​ប្រទេស​យើង​ដែលមាន​តម្លៃ​ដើម​ទាប​ជាង នោះ​យើង​ច្បាស់​ជា​នឹង​ប្រឈម​នឹង​ការបិទទ្វារ​មិន​ខាន។ ប្រសិនបើ​យើង​សិក្សា​ពី​ការប្រកួតប្រជែង យើង​អាច​ពិចារណា​ស្វែងរក​ផលិតផល​ណា​ដែលមាន​តម្លៃ​ថ្លៃ​ជាង​បន្តិចបន្តួច តែ​ផ្តោតលើ​គុណភាព​វិញ ខណៈ​គេ​គ្រប់គ្នា​កំពុង​ប្រកួត​លើ​តម្លៃ ព្រោះ​បើ​មើល​ឱ្យ​ឆ្ងាយ​ទៅ យើង​នឹង​ឃើញថា អ្នកប្រើប្រាស់​អាច​នឹង​ងាក​មករក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​នៅ​ថ្ងៃក្រោយ​បន្ទាប់ពី​គាត់​លែង​ពេញចិត្ត​ជាមួយនឹង​របស់​ធូរ​ថ្លៃ​តែ​ឆាប់​ខូច​រួចមក។ ក្នុង​កាលៈទេសៈ​នោះ យើង​នៅតែ​មានប្រៀប​ជាង​គូប្រជែង និង​នៅតែ​ជា​ជម្រើស​របស់​អតិថិជន៕

  • Asensio ជួយ​ឱ្យ​ក្រុម Real វាយបក​ដើម្បី​ផ្តួល​ក្រុម Betis  

    Asensio ជួយ​ឱ្យ​ក្រុម Real វាយបក​ដើម្បី​ផ្តួល​ក្រុម Betis  

    ខ្សែប្រយុទ្ធ Marco Asensio បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ នៅពេលដែល​ក្រុម Real Madrid បានធ្វើការ​វាយបក​ដើម្បី​ផ្តួល​ក្រុម Real Betis ក្នុង​លទ្ធផល 5-3 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃអាទិត្យ ដើម្បី​រក្សា​ការ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ4 ដោយ​ដេញតាម​ពី​ក្រុម​ឈរ​លេខ3 Valencia 1ពិន្ទុ។

    តារា​ឆ្នើម​វ័យ 22ឆ្នាំ​រូបនេះ​បាន​ជួយ​ឱ្យ​ក្រុម Real Madrid មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​ទី11 នៅពេលដែល​រូបគេ​បានតែ​តបាល់​បំប៉ោង​សំណាញ់​ទី1 ក្រោយពី​អ្នកចាំទី Antonio Adan បាន​ព្យាយាម​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​យ៉ាងខ្លាំង​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo។

    ក្រុម​ម្ចាស់ផ្ទះ Betis បានធ្វើការ​វាយបក ដើម្បី​នាំមុខ​ក្នុង​លទ្ធផល 2-1 វិញ ក្នុងការ​ប្រកួត​ដ៏​រំភើប​មួយ​នៅ​កីឡដ្ឋាន Benito Villamarin ប៉ុន្តែ Real Madrid បានធ្វើការ​ស្រោចស្រង់​ស្ថានការណ៍​របស់ខ្លួន​ឡើងវិញ​ក្នុង​តង់​ទី2 ខណៈដែល Sergio Ramos, Asensio, Ronaldo និង Karim Benzema សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា។

    ទោះបីជា​យ៉ាងណា Real ក៏បាន​រង​នូវ​ការភិតភ័យ​នៅពេល​ជិត​បញ្ចប់​ការប្រកួត​ផងដែរ ក្រោយពី Betis បាន​វាយបក​ដើម្បី​រកបាន 2គ្រាប់​មកវិញ ប៉ុន្តែ វា​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅហើយ​ក្នុង​ការរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នោះ។ លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​និយាយថា៖ «វា​ពិតជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ និង​រំភើប​អស្ចារ្យ ប៉ុន្តែ ខ្ញុំ​ចូលចិត្ត​ការប្រកួត​បែប​ហ្នឹង។ វា​បង្ហាញថា យើង​មាន​គូប្រជែង​ដ៏​ស័ក្តិសម​មួយ»។

    គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បានឱ្យដឹងថា៖ «ក្រុម Betis លេង​បាន​យ៉ាង​ល្អ និង​បាន​គ្រប់គ្រង​ការប្រកួត​នៅ​រយៈពេល​កន្លះ​ម៉ោង​ដំបូង​នៃ​តង់​ទី1។ ប៉ុន្តែ ខ្ញុំ​ពិតជា​រីករាយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ ហើយ​ខ្ញុំ​ពេញចិត្ត​ទៅលើ​គ្រាប់​បាល់៥ 5គ្រាប់​ដែល​យើង​រកបាន ជាង​ការ​របូត​គ្រាប់​បាល់៣គ្រាប់​នោះ»៕

    ប្រភពពី៖ Mirror

  • ពេល​កូន​ឈឺ…រឿង​ដែល​ឪពុក​ម្ដាយ​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​ការប្រើ​ថ្នាំ

    ពេល​កូន​ឈឺ…រឿង​ដែល​ឪពុក​ម្ដាយ​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​ការប្រើ​ថ្នាំ

    អាការ​ក្ដៅខ្លួន ជា​សញ្ញា​មួយ​ដាស់តឿន​ថា រាងកាយ​កំពុងតែ​តស៊ូ​ជាមួយនឹង​មេរោគមិនថាតែ​មេរោគ​វីរុស ឬ​បាក់តេរី​នោះទេ ហើយ​នៅពេល​កូនតូច​ក្ដៅខ្លួន រឿង​ដំបូងបង្អស់​ដែល​ឪពុកម្ដាយ​ត្រូវធ្វើ​គឺ ការបញ្ចុះ​កម្ដៅ។ ជា​ប្រក្រតី​បើ​អាការ​គ្រុនក្ដៅ​មិន​ខ្លាំង​ប៉ុន្មាន គ្រូពេទ្យ​ជំនាញ​ណែនាំ​ឱ្យប្រើ​វិធី​ជូត​ខ្លួន​ដោយ​ក្រណាត់​សើម និង​ឱ្យ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​បញ្ចុះ​កម្ដៅ តែ​បើសិនជា​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​វិញ​នោះ ក៏ត្រូវ​ប្រើ​ដោយ​ក្ដី​ប្រយ័ត្នប្រយែង​ដែរ។

    តើ​ពេលណា​ទើបត្រូវ​ពឹង​ថ្នាំ​បញ្ចុះ​កម្ដៅ

    មុនដំបូង​លោកឪពុក​អ្នក​ម្ដាយ​ត្រូវ​ស្គា​ល់ពី​ការ​វាស់​សីតុណ្ហភាព(កម្ដៅ)ក្នុង​ខ្លួន​របស់​កូន​ជាមុនសិន​ថា តើ​កូនតូច​មាន​សីតុណ្ហភាព​ប៉ុន្មាន?មិន​គួរប្រើ​ត្រឹមតែ​វិធី​ស្ទាប​ថ្ងាស​នោះឡើយ។

    • ប្រើ​ប្រដាប់​វាស់​ស្ទង់កម្ដៅ(ឧណ្ហមាត្រ) តាមរយៈ​មាត់ មាន​សីតុណ្ហភាព​ខ្ពស់ជាង37.5អង្សា C
    • ប្រើ​ប្រដាប់​វាស់​ស្ទង់កម្ដៅ​តាមរយៈ​ប្រ-ឡោះ​ក្លៀក មាន​សីតុណ្ហភាព​ខ្ពស់ជាង37អង្សា C

    បើ​វាស់​អាការ​គ្រុនក្ដៅ​ដោយ​ប្រដាប់​វាស់​កម្ដៅ (Thermometer) ឃើញ​មាន​សីតុណ្ហភាព​ខ្ពស់ជាង​តួលេខ​ខាងលើ នោះ​មានន័យថា រាងកាយ​កូនតូច​មាន​គ្រុនក្ដៅ​ខ្លួន​ហើយ។ បើ​ប្រើ​វិធី​ជូត​ខ្លួន​ដោយ​ក្រណាត់​សើម​ហើយ អាការ​ក្ដៅខ្លួន​មិន​ថយចុះ​នោះ សឹម​ពិចារណា​ការឱ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្ដៅ (កម្ដៅ​ខ្ពស់​គឺ មាន​តាំងពី 38.5អង្សា C ឡើងទៅ)។

    • វាស់​តាមរយៈ​រន្ធ​គូទ មាន​សីតុណ្ហភាព​ខ្ពស់ជាង38អង្សា C។

    តើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ត្រូវ​ប្រើ​យ៉ាងណា?

    ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​និយម​ប្រើ​គឺ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ថ្នាំ​ពពួក​អាស្ពីរីន និង​អៃ​ប្រ៊ូ​ផូ​ហេ្វ៊​ន(ថ្នាំ​បញ្ចុះ​កម្ដៅ​ខ្ពស់)។ ហាម​ប្រើ​ដោយ​ខ្លួនឯង ត្រូវ​ប្រើ​តាមតែ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ប៉ុណ្ណោះ ព្រោះថ្នាំ​គ្រប់​ប្រភេទ​មាន​ផលប៉ះពាល់​ដល់​ថ្លើម ជាពិសេស​ចំពោះ​ក្មេងតូចៗ ហើយខ្នា​តរបស់​ថ្នាំ​ដែល​ឱ្យ​កូនតូច​ញ៉ាំ ត្រូវ​អាស្រ័យ​លើ​ទម្ងន់​ខ្លួននិង​សម្រាប់​វ័យ​ទារក​វិញ គេ​ច្រើន​ប្រើ​ថ្នាំ​ទឹក​ប្រភេទ​បន្តក់ ខ្នាត 5 CC សម្រាប់​ទម្ងន់​ខ្លួន10គីឡូក្រាម។

    តើ​ក្ដៅខ្លួន​បែបណា​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ?

    • នៅលើ​ក្មេង​តូច​ត្រូវ​ប្រយ័ត្នប្រយែង​ការប្រើ​ថ្នាំ​​ខ្លាំង បើ​កូនតូច​របស់​អ្នក​អាយុ​មិនទាន់​ដល់3ខែ ហើយ​កូន​ឡើង​កម្ដៅ​ខ្លួន​ខ្ពស់ជាង38អង្សា​ C ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមទោះជា​កូន​នៅ​លេង​រពឹស ឬ​មិនទាន់​បាត់មាត់បាត់ក​ក៏ដោយ និង​មិន​គួរឱ្យ​​ញ៉ាំ​ថ្នាំ​ដោយ​ខ្លួនឯង​ឡើយ។
    • អាយុ3-6ខែ បើ​មាន​ឡើង​កម្ដៅ​ខ្លួន​ខ្ពស់ជាង38.5អង្សា​ C ឬ​មាន​គ្រុន​ក្ដៅខ្លួន​ខ្ពស់ជាង 37.5អង្សា ​C យូរ​លើសពី24ម៉ោង ក៏​ហាម​នៅ​បង្អង់​យូរ​ដែរ។
    • កូន​អាយុ6ខែ​ឡើងទៅ មាន​គ្រុន​ក្ដៅខ្លួន​ខ្ពស់​ដល់38.5អង្សា​ C និង​កម្ដៅ​មិន​ថយចុះ​យូរ​ជាង3ថ្ងៃ។
    • តែ​បើសិនជា​អាយុ​ប៉ុន្មាន​ក៏ដោយ មាន​គ្រុនក្ដៅ​ខ្លួន​កម្ដៅ​ខ្ពស់ជាង39.5អង្សា ​C នោះ ហាម​បង្អែបង្អង់​យូរ​ជាដាច់ខាត ទោះ​ជា​​កូន​មើលទៅ​គ្មាន​បង្ហាញ​អាកា​រថា​ឈឺ​ជំងឺ​អ្វី​ផ្សេង​ក៏ដោយ។

    ក្នុងខណៈដែល​កូន​គ្រុនក្ដៅ​ខ្លួន បើ​កូន​នៅ​លេង​បាន ក៏​មិនចាំបាច់​ដល់​ថ្នាក់​ត្រូវឱ្យ​កូន​ឈប់​លេង​ដែរ តែ​គ្រាន់តែហាមកូន​កុំឱ្យ​លេង​ច្រើនពេក និង​នៅចាំ​សង្កេតមើល​អាការផ្សេងៗដែល​អាច​នឹង​កើតឡើង​ចំពោះ​កូន ដូចជា កូន​ឈឺ​កមាន​ហៀរ​សំបោរ មាន​ឡើង​​ស្លាកស្នាម​អ្វី​នៅលើ​ខ្លួន​ឬទេ? និង​ឧ​ស្សហ៍វាស់​កម្ដៅ​ខ្លួន​កូន​ឱ្យបាន​ញឹកញាប់​ប៉ុណ្ណឹង​បាន​ហើយ។

    អាយុ6ខែ​ឡើងទៅ បើ​កូនតូច​របស់លោក​អ្នក​មាន​ឡើងក​ម្ដៅ​ខ្លួន​ប្រមាណ​ជា38.5អង្សា​ C ចូរ​សង្កេតមើល​អាការ បើ​សីតុណ្ហភាព​ខ្ពស់​ឡើង ឬ​មិន​ថយចុះ​ច្រើនជាង3ថ្ងៃ ចូរ​នាំទៅ​ជួប​លោកគ្រូ​ពេទ្យ។ សម្រាប់​ក្មេង​ដែលមាន​អាយុ 3ខែ​ដល់2ឆ្នាំ បើ​មាន​អាការ​គ្រុន​ក្ដៅខ្លួន​ខ្ពស់ជាង 39.5អង្សា​ C ចូរ​នាំទៅ​មន្ទីរពេទ្យ​ភ្លាម ទោះជា​កូនមិនបាន​បង្ហាញ​អាកា​រថា​ឈឺ​ថ្កាត់​ក៏ដោយ៕