Author: វល័ក្ខ

  • ពិព័រណ៍ «លើកកម្ពស់​ឯករាជ្យភាព​ក្នុងការ​ចូលរួម​របស់​ជនពិការ​ក្នុង​សង្ក​ម»

    ពិព័រណ៍ «លើកកម្ពស់​ឯករាជ្យភាព​ក្នុងការ​ចូលរួម​របស់​ជនពិការ​ក្នុង​សង្ក​ម»

    ភ្នំពេញ៖ អង្គការ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​កម្មវិធី​វិធី​ពិព័រណ៍​អន្តរជាតិ​មានឈ្មោះ​ថា «ពិព័រណ៍​បណ្ដាញ​បេះដូង​តែមួយ​នៃ​ជនពិការ​អាស៊ី​ឆ្នាំ 2018 នៅ​កម្ពុជា» នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការចូលរួម​ដោយ​ស្មើភាព​របស់​ជនពិការ​គ្រប់​សកម្មភាព​សង្គម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ពិព័រណ៍​នេះ មាន​កិច្ចសហការ​រៀបចំ និង​អញ្ជើញ​ចូលរួម​ពី​មិត្តភក្តិ​មាន​ពិការភាព និង​គ្មាន​ពិការភាព មកពី6 ប្រទេស ដូចជា៖ ជប៉ុន សាធារណៈរដ្ឋ​កូរ៉េ ម៉ុង​ហ្គោ​លី ណេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​តៃវ៉ាន់។


  • កំហុស​គឺជា​មគ្គុទេសក៍​នាំឱ្យ​ជីវិត​ជោគជ័យ

    កំហុស​គឺជា​មគ្គុទេសក៍​នាំឱ្យ​ជីវិត​ជោគជ័យ

    នៅលើ​ពិភពលោក​យើង​នេះ​គ្មាន​មនុ​ស្សណា​ម្នាក់​អាច​គេច​ផុតពី​កំហុស​បានទេ តែ​អ្វីដែល​សំខាន់​គឺ​ការគ្រប់គ្រង​កាលៈទេសៈ និង​មាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​ក្នុងការ​កែច្នៃ​កំហុស​ដែល​យើង​មាន​នោះ​ឱ្យ​ក្លាយជា​ប្រយោជន៍​សម្រាប់​ការរស់នៅ និង​ប្រកបការងារ។

    លោក ចា​ស្ទី​ន ដា​រ៉ា អ៊ុ​ប សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​លើកឡើងថា មនុស្សម្នាក់ៗត្រូវតែ​រៀន​ឱ្យបាន​ច្រើន​ពី​កំហុស​ដែល​បាន​កើតឡើង នៅពេលដែល​យើង​ធ្វើ​ខុស យើង​នឹង​បាន​ស្គាល់​រឿង​ថ្មី​មួយ​បន្ថែមទៀត ដូច្នេះ​ត្រូវ​ក្លាហាន​ទទួលយក​រឿង​ថ្មី​ដែលមាន​តម្លៃ​សម្រាប់​ជីវិត​ខ្លួនឯង​នោះ​ដោយ​កុំ​ខ្លាច​ខុស ព្រោះ​វា​នឹង​ក្លាយជា​មេរៀន​ជីវិត​ដែល​ធ្វើឱ្យ​យើង​យល់​កាន់តែច្បាស់។ នៅពេលដែល​យើង​ខ្លាច​ខុស យើង​នឹងមិន​ហ៊ាន​ធ្វើ​អ្វី​ទាល់តែសោះ បន្ទាប់មក​ជីវិត​នឹង​មិនអាច​ទទួលបាន​ស​មិទ្ធ​ផល​ថ្មី​នៃ​ការអភិវឌ្ឍ​នោះទេ។

    លោក ចា​ស្ទី​ន ដា​រ៉ា អ៊ុ​ប បាន​និយាយថា ៖ “កុំ​ខ្លាច​កំហុស ខុស​ចុះ កាន់តែ​ខុស​កាន់តែ​ល្អ តែ​សូម​កុំឱ្យ​ខុស​ក្នុង​រឿង​ដដែល។ មនុស្សម្នាក់ៗអាច​រៀន​បាន​ច្រើនណាស់​ពី​កំហុស ចាប់ផ្តើម​ពី​ចំណុច​ខុស​ទើប​រក​ត្រូវ​ឃើញ យើង​នឹង​ចេះ​អភិវឌ្ឍ​ខ្លួនឯង យើង​នឹងមិន​បណ្តោយឱ្យ​កំហុស​នោះ​កើតឡើង​ម្តង​ទៀតឡើយ។

    សាស្ត្រាចារ្យ ខាងលើ​បាន​លើក​ជា​ឧទាហរណ៍​ថា ពេលខ្លះ​ប្រសិនបើ​យើង​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ធ្វើ​អ្វីមួយ​ឱ្យ​ល្អប្រសើរ​ហើយ យើង​នឹងមិន​ខ្លាច​ខុស​នោះទេ។ ជា​ឧទាហរណ៍ លោក Thomas Edison ជា​អ្នក​ដែល​រកឃើញ​អំពូល​ភ្លើងអគ្គិសនី​មុនគេ​បង្អស់​លើ​ពិភពលោក​បានលើកឡើង​ថា វា​មិនមែនជា​កំហុស​ទេ​ដែល​គាត់​បរាជ័យ​ជាង 10,000ដងនោះ តែ​វា​គ្រាន់តែ​ជាការ​រកឃើញ​វិធី 10,000យ៉ាង​ដែល​មិនអាច​ដំណើរការបាន​តែប៉ុណ្ណោះ ហើយ​ទីបំផុត វិធី​ចុងក្រោយ​របស់គាត់​បានធ្វើ​ឱ្យ​គាត់​ទទួលជោគជ័យ។ ប្រសិនបើ​គ្មាន​កំហុស​ទាំងអស់​នោះទេ មនុស្ស​ក៏​មិន​អាចមាន​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​រហូតដល់​ពេលបច្ចុប្បន្ន​នេះដែរ។

    ស្រដៀង​គ្នា​នេះដែរ លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន​ថតរូប @home Photography បាន​លើកឡើងថា មនុស្ស​ទាំងអស់គ្នា​តែងតែមាន​ពេលវេលា​ធ្វើ​ល្អ សប្បាយចិត្ត និង​មានការ​ពិបាកចិត្ត តែ​អ្វីដែល​យើង​អាច​ធ្វើបាន គឺ​ចេះ​ប្រើប្រាស់​វិធី​គ្រប់គ្រង​ភាព​សោកសៅ​នោះ​ឱ្យបាន​ល្អ។ នៅពេលដែល​យើង​ធ្វើ​អ្វីមួយ ហើយ​យើង​គិតថា​កំពុងមាន​កំហុស យើង​នឹងមាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍​ថា​ពិបាកចិត្ត​ខ្លាំង ដែល​ក្នុង​ពេលនេះ​វា​ជា​ដំណាក់កាល​មួយ​អាចធ្វើឱ្យ​យើង​ធ្លាក់​ដុនដាប​ទៅក្នុង​សេចក្តី​ទុក្ខ​យូរអង្វែង ឬ​អាច​ជះ​ផលប៉ះពាល់​ជាច្រើន​ដល់​ជីវិត។

    លោក ថៃ វណ្ណ​ថា បាន​និយាយថា ៖ “មនុស្ស​យើងម្នាក់ៗមានមុខ​តែមួយ តែ​អាច​បង្ហាញ​ទឹកមុខ​បាន​ច្រើនយ៉ាង ដែល​ពេលខ្លះ​យើង​បង្ហាញ​ទឹកមុខ​សប្បាយចិត្ត បង្ហាញ​ភាព​រីករាយ​ទៅកាន់​អ្នកដទៃ បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់ តែ​ជាក់ស្តែង​នៅពេលដែល​យើង​សោកសៅ គឺមាន​តែ​យើង​ខ្លួនឯង​ម្នាក់​គត់​ដែល​ដឹង​ច្បាស់ ហេតុនេះ​យើង​ត្រូវតែ​ចេះ​ប្រើ​អារម្មណ៍​គ្រប់គ្រង​ភាព​សោកសៅ​នោះ​ឱ្យបាន។

    បើតាម លោក ថៃ វណ្ណ​ថា មនុស្សម្នាក់ៗមាន​សិទ្ធិ​កើតទុក្ខ ដែល​ពេលខ្លះ​ជួបនឹង​កំហុស​ដែល​មិនអាច​ចៀសបាន តែ​អ្វីដែល​សំខាន់​គឺ​យើង​ត្រូវ​ហ៊ាន​ប្រឈមមុខ​ជាមួយ​វា ហើយ​ចាត់ទុកថា​វា​ជាបទពិសោធ​យ៉ាង​ល្អ​សម្រាប់​ជីវិត ព្រោះ​រឿងរ៉ាវ​ទាំងអស់នេះ សំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់នៅ។ ការដកស្រង់​យក​បទ​ពិសោធ​នៃ​វិបត្តិ​នៅក្នុង​ជីវិត ជា​មេរៀន​ដែល​គ្មាន​សាលាបង្រៀន ហើយ​វា​ក៏​ជា​រឿង​ដែល​ធ្វើឱ្យ​មនុស្ស​កាន់តែ​ក្លាហាន និង​រឹងមាំ​ឡើង​ផងដែរ។ កុំ​ខ្លាច ឬ​កុំ​បណ្តោយ​ខ្លួន​ឱ្យ​ដុនដាប​តាម​កំហុស តែ​ត្រូវ​ប្រើ​វា​ឱ្យ​ក្លាយជា​មេរៀន​សំខាន់​ដែល​អាច​ផ្តល់​ជា​បទពិសោធ​ឱ្យ​ជន​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់ ចៀសវាង​ការ​ខាត​ពេល​ជាមួយ​វា​ម្តង​ហើយ​ម្តងទៀត ដែល​ពេលខ្លះ​កំហុស គឺជា​មគ្គុទេសក៍​នាំឱ្យ​ជីវិត​ជោគជ័យ៕

  • Neymar នឹងត្រូវ​អវត្តមាន​ពេល​ប៉ះ Real ខណៈ PSG បញ្ជូន​រូបគេ​ឱ្យទៅ​វះកាត់​នៅ​ប្រេ​ស៊ី​ល

    Neymar នឹងត្រូវ​អវត្តមាន​ពេល​ប៉ះ Real ខណៈ PSG បញ្ជូន​រូបគេ​ឱ្យទៅ​វះកាត់​នៅ​ប្រេ​ស៊ី​ល

    តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar របស់​ក្លិប Paris Saint-Germain នឹងត្រូវ​ទទួល​ការវះកាត់​ប្រអប់ជើង​ដែល​រងរបួស​នៅ​ចុង​សប្តាហ៍​នេះ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​រូបគេ​នឹងត្រូវ​អវត្តមាន​ក្នុងពេល​ក្រុម​របស់គេ​ប៉ះ​ជាមួយនឹង​ក្រុម Real Madrid ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។

    ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ បាន​រងរបួស​បាក់ឆ្អឹង​ប្រអប់ជើង និង​គ្រេច​កជើង​របស់គេ អំឡុងពេល​ក្រុម PSG បាន​យកឈ្នះ​លើ​ក្រុម Marseille ក្នុង​លទ្ធផល 3-០ កាលពី​ថ្ងៃអាទិត្យ។ Neymar បាន​ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក ហើយ​ក្រោយពី​បានធ្វើការ​ពិភាក្សា​ជាមួយនឹង​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បច្ចុប្បន្ន​វា​មាន​ភាពច្បាស់លាស់​ហើយ​ថា រូបគេ​ត្រូវតែ​ទទួល​ការវះកាត់។

    សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា៖ «ក្រោយពី​ការព្យាបាល​រយៈពេល 3ថ្ងៃ​ដំបូង ក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ការពិភាក្សា​រួមគ្នា​មួយ​ត្រូវបាន​ធ្វើឡើង​រវាង​ទាំង​បុគ្គលិក​គ្រូពេទ្យ​ពី​ក្លិប Paris Saint-Germain និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល»។ PSG បាន​បន្ថែមទៀតថា៖ «ដោយ​ផ្អែកទៅលើ​ស្ថានភាព​របស់​កីឡាករ​រូបនេះ​ត្រូវបាន​គេ​សម្រេច​ថា Neymar Jr នឹង​ទៅ​ទទួលយក​ការវះកាត់​ក្នុងប្រទេស​ប្រេ​ស៊ី​ល នៅ​ចុង​សប្តាហ៍​នេះ។

    រូបគេ​នឹងត្រូវ​វះកាត់​ដោយ​លោក​វេជ្ជបណ្ឌិត Rodrigo Lasmar រួមជាមួយ​នឹង​លោក Saillant ដែល​តំណាងឱ្យ​ក្លិប PSG។ នៅ​មុនពេល​ការប្រកាស​របស់​ក្លិប PSG ឪពុក​របស់ Neymar បាន​និយាយថា៖ «PSG ដឹងថា ពួកគេ​នឹងមិន​អាចដាក់​ក្តី​សង្ឃឹមលើ Neymar បានឡើយ​សម្រាប់​ការប្រកួត​ពេលខាងមុខ​នេះ។ ការព្យាបាល​របស់គេ​នឹងមាន​រយៈពេល​ពី6 ទៅ 8សប្តាហ៍ មិន​ថា មានការ​វះកាត់ ឬ​អត់​ក៏ដោយ»៕

    ប្រភពពី៖ Daily Mail

  • ជម្រើស​ដំបូង​នៃ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ 2018 របស់​ក្រុមហ៊ុន PropertyGuru

    ជម្រើស​ដំបូង​នៃ​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ 2018 របស់​ក្រុមហ៊ុន PropertyGuru

    កាលពី​ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ 2018 គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ក្រុមហ៊ុន PropertyGuruបានបង្ហាញ​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូង​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​របស់​ក្រុមហ៊ុន​ PropertyGuru តំណាង​ដោយ ក្រុមហ៊ុន KHI ដូចខាងក្រោម ។

    – ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍/អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត
    Borey Peng Huoth Group Creed Asia (Cambodia) Co., Ltd និង Triple Gem Assets Co., Ltd។
    – ការទទួលស្គាល់​ពិសេស​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព
    Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd។
    ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (លំនៅដ្ឋាន)ការអភិវឌ្ឍ​ខុន​ដូ​លំដាប់​ខ្ពស់​ល្អ​បំផុត (ភ្នំពេញ) CEO KT Pacific និង One Park។
    – ការអភិវឌ្ឍ​ខុន​ដូ​តម្លៃ​សមរម្យ​ល្អ​បំផុត (ភ្នំពេញ)
    Star Polaris 23 និង​ The Parkway។
    – ការអភិវឌ្ឍ​លំនៅដ្ឋាន​ល្អ​បំផុត (ភ្នំពេញ)
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville និង Star Platinum Rosato។
    – ការអភិវឌ្ឍ​លំនៅដ្ឋាន​ល្អ​បំផុត (ព្រះសីហនុ)
    The Seagate Suite។
    – ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (ពាណិជ្ជកម្ម)
    – ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត
    CEO KT Pacific Construction និង TheParkway
    – ការអភិវឌ្ឍ​លក់រាយ​ល្អ​បំផុត
    Eden Garden ,Center Euro Park និង The Seagate Suite។
    – ការអភិវឌ្ឍ​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
    CEO KT Pacific ,Greater Euro Ville, The Parkway, The Seagate Suite។
    – សេវាកម្ម​អា​ផាត​មិនល្អ​បំផុត
    CEO KT Pacific, Mansion51 Hotel & Apartment, Tronum។
    – ពានរង្វាន់​សម្រាប់​ការ​ឌី​ហ្សា​ញ
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ខុន​ដូ​ល្អ​បំផុត
    CEO KT Pacific, Star Polaris 23, The Parkway។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​ខុន​ដូ​ល្អ​បំផុត
    CEO KT Pacific, Star Polaris 23 ។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​លំនៅដ្ឋាន​ល្អ​បំផុត
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville, Star Platinum Rosato។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​លំនៅដ្ឋាន​ល្អ​បំផុត
    Star Platinum Euro Ville, Star Platinum Rosato។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​លក់រាយ​ល្អ​បំផុត
    Eden Garden, NORO Mall, The Heritage Walk។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​លក់រាយ​ល្អ​បំផុត
    NORO Mall ដោយ NI Development Co., Ltd.
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ការិយាល័យ​ល្អ​បំផុត
    Chief Tower និង The Parkway។
    – ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​អា​ផាត​មិនល្អ​បំផុត
    Mansion51 Hotel & Apartment  និង​ ​Tronum
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​ផ្ទះ​ល្អ​បំផុត
    ARATA Garden Residences, Borey The Mekong Royal, Star Platinum Euro Ville និង​Star Platinum Rosato។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​លក់រាយ​ល្អ​បំផុត Eden Garden, Euro Park និង NORO Mall។
    – ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត
    CEO KT Pacific, Greater Euro Ville, One Park ដោយ GRED និង The Parkway ។
    – ពានរង្វាន់​ពិសេស
    – ការអភិវឌ្ឍ​ឌី​ហ្សា​ញ​សកល​ល្អ​បំផុត។ Eden Garden ដោយ Phnom Penh City Center។ការទទួលស្គាល់​ពិសេស​ពី​អង្គការ CARE សម្រាប់​ការអនុវត្ត​សំណង់​វិជ្ជមាន។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នា​ថ្ងៃទី16 ខែមីនា ឆ្នាំ 2018។ ការទទួលស្គាល់​ពិសេស​សម្រាប់​សំណង់​សាធារណៈ។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នា​ថ្ងៃទី16 ខែមីនា ឆ្នាំ 2018។

    ជម្រើស​នៃ​ការបោះពុម្ពផ្សាយ Cambodia Real Estate Personality of the Year លោក​ហ៊ុន ចាន់​សាន ស្ថាបនិក នាយក​ឌី​ហ្សា​ញ និង​ស្ថាបត្យករ​ចម្បង Re-Edge Architecture + Design៕

  • ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​រោងចក្រ​បរទេស17 ចូលមក​វិនិយោគ​បន្ថែមទៀត

    ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​រោងចក្រ​បរទេស17 ចូលមក​វិនិយោគ​បន្ថែមទៀត

    ទោះបីជា​កម្ពុជា​ត្រូវបាន​គេ​ដឹងថា ជិត​ផុត​កូតា​លើកលែង​ពន្ធ100% ក្នុង​ការនាំ​ផលិតផល​រោងចក្រ​ចេញទៅ​ទីផ្សារ​អ៊ឺរ៉ុប​ក្ដី ក៏​វិនិយោគិន​បរទេស​នៅ​បន្ត​ចូលមក​បណ្តាក់ទុន​លើ​វិស័យ​វាយ​ន​ភណ្ឌ​ជាច្រើន​បន្ថែមទៀត​គួរកត់សម្គាល់។ គិត​ត្រឹម​ខែកុម្ភៈ ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ការ​ចុះបញ្ជី​សាងសង់​រោងចក្រ​ចំនួន 17កន្លែង​បន្ថែមទៀត។

    យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បានឱ្យដឹងថា ត្រឹម​រយៈពេល​ជាង 1ខែ ដើមឆ្នាំ2018 កម្ពុជា​បានទទួល​វិនិយោគិន​សាងសង់​រោងចក្រ​វាយ​ន​ភណ្ឌ និងផ្សេងៗទៀត​ចំនួន 17 បន្ថែមទៀត​ក្នុងនោះ​រួមមាន៖

    1.គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន “GRAND ORIENTAL FOOTWEAR INTERNATIONAL CO., LTD” មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ4 ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 4.51លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,575កន្លែង។

    2.ក្រុមហ៊ុន “SANYO PACKAGE ASIA (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ក្រដាស​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍​លេខ142 ភូមិ​លំ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ក្រោម​ទុនវិនិយោគ​ប្រមាណ 2.22លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 76កន្លែង។

    3.ក្រុមហ៊ុន “METRO LIFESTYLE DEVELOPMENT CO., LTD” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មណ្ឌល​II សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​មាន​ទុនវិនិយោគ​ប្រមាណ 19.49 លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 135កន្លែង។

    4.ក្រុមហ៊ុន “GLOBAL HOUSE (CAMBODIA) CO., LTD” គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន 10លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,000កន្លែង។

    5.ក្រុមហ៊ុន “RED BOAT ENTERPRISE CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ និង​កែច្នៃ​ម្ហូបអាហារ (ត្រី Anchovies ទឹកត្រី និង​ស្ករត្នោត )មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ1 ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ 2.83លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 384កន្លែង។

    6.គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី​របស់​ក្រុមហ៊ុន “XIANG GANG TOBACCO (CAMBODIA) CO., LTD” ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 2.29លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 312កន្លែង។

    7.ក្រុមហ៊ុន “EMAX ELECTRIC CO., LTD” ជា​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ត្រង់​ស្វូ​អគ្គិសនី និង​សម្ភារ​អគ្គិសនីផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍​លេខ 34994 ស្ថិតនៅ​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 3.57លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 205កន្លែង។

    8.គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែរូត និង​គ្រឿង​បន្សំ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន “TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD” មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ (អតីត​ឃុំ​ជើងព្រៃ) ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ 13.75លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 669កន្លែង។

    9.គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន “SISOPHON HONG SENG SPORTSWEAR CO., LTD” មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ៧មករា ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ចំនួន 10លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 2,035កន្លែង។

    10.គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នាំចេញ និង​បោះពុម្ព​បម្រើឱ្យ​ឧស្សាហកម្ម​នាំចេញ​របស់​ក្រុមហ៊ុន “QIAN QUN HUANG JIA CO., LTD” មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម្ការ

    ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 5.20លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1.574កន្លែង។

    11.ក្រុមហ៊ុន “JS LEATHER COLLECTION PHNOM PENH CO, LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 3.49លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 770កន្លែង។

    12.ក្រុមហ៊ុន “NANWANG TRAVEL GOODS CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ4 ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 2.82លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 770កន្លែង។

    13.ក្រុមហ៊ុន “MONTI APPAREL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.37លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន 859 កន្លែង។

    14.ក្រុមហ៊ុន “CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ពាន់ សារធាតុ​សំណ ស័ង្កសី​និង​អាស៊ីត​ស៊ុ​ល​ផួ​រិ​ក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន 30លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន 440កន្លែង។

    15.ក្រុមហ៊ុន “KING ELEPHANT CONSTRUCTION MATERIAL INDUSTRIAL CO., LTD.”គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មាន​ទុនវិនិយោគ​ចំនួន 20.1លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 59កន្លែង។

    16.ក្រុមហ៊ុន “HE YI TECHNOLOGY (CAMBODIA) PRINTING & PACKAGING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​វេច​ខ្ចប់ កេស​ក្រដាសកាតុង ប្រអប់/ថង់​ប្លា​ស្ទិ​ក និង​បោះពុម្ព​លើ​សម្ភារ​វេច​ខ្ចប់​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន 5លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន 483កន្លែង។

    17.ក្រុមហ៊ុន “WEICHUANG COMMODITY (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​វត្ថុ​អនុស្សាវរីយ៍​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​មាន​ទុនវិនិយោគ​ចំនួន 1លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន 313កន្លែង៕

  • ក្រុមហ៊ុន​ចម្រោះ​ទឹកស្អាត​ម៉ាឡេស៊ី​ត្រៀម​ផ្តល់​សេវាកម្ម​ទឹកស្អាត​នៅ​ជនបទ

    ក្រុមហ៊ុន​ចម្រោះ​ទឹកស្អាត​ម៉ាឡេស៊ី​ត្រៀម​ផ្តល់​សេវាកម្ម​ទឹកស្អាត​នៅ​ជនបទ

    ដោយ​មើលឃើញថា ប្រជាជន​កម្ពុជា​នៅតាម​ទីជនបទ​ភាគច្រើន​នៅ​មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់​នៅឡើយ​នោះ ក្រុមហ៊ុន​ចម្រោះ​ទឹកស្អាត​ដ៏​ធំ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​គ្រោង​ចូលមក​ផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​ទីជនបទ​នានា ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន។

    លោក Andrew Cheah ប្រធាន​ក្រុមហ៊ុន Isza-SoliadWatermech JV មកពី​ប្រទេស​ម៉ាឡេស៊ី​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចូល​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក​ដែល​បូម​ពីក្រោម​ដី និង​ធ្វើឱ្យ​ស្អាត​បាន​ប្រមាណ 5ម៉ែត្រត្រីគុណ(ម៉ែត្រគុប)ក្នុង​មួយ​ម៉ោង​សម្រាប់​លក់​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល ឬ​តំបន់​ខ្វះខាត​ទឹក​ក្នុង​តម្លៃថោក។ ជាមួយគ្នានេះ ក្រុមហ៊ុន​លោក​ក៏មាន​បំណង​វិនិយោគ​ការយក​ខ្សាច់​ទន្លេ​ទៅ​លាង​សម្អាត តាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ផលិត​ទឹកស្អាត​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​ផងដែរ ហើយ​ក្រុមហ៊ុន​ក៏មាន​ជំនាញ​ផ្នែក​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចេញពី​រោងចក្រ​ថែមទៀត​ផង។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បច្ចេកទេស​របស់​ក្រុមហ៊ុន ដោយបាន​ជំរុញ​ឱ្យ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឱ្យបាន​ឆាប់ ពីព្រោះ​ក្នុង​ចន្លោះ​ពេលដែល​រដ្ឋ ឬ​វិស័យ​ឯកជន​មិនទាន់មាន​លទ្ធភាព​តប​ណ្តា​ញ​ទឹកស្អាត​តាម​បំពង់​ទៅដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាពិសេស​តំបន់​មាត់សមុទ្រ និង​តំបន់​ដាច់ស្រយាល​នោះ ការប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ទឹកស្អាត​ប្រើប្រាស់​ក្នុង​កម្រិត​អតិបរមា កាត់បន្ថយ​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ដែលនាំឱ្យ​កើតមាន​ជម្ងឺ​ដ​ង្កា​ត់ផ្សេង។

    ក្នុងនោះ ឯកឧត្តម ទេស រដ្ឋមន្ត្រី បានស្នើ​ឱ្យ​តំណាង​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​នេះ​នៅ​កម្ពុជា​តែម្តង ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន និង​ជួយ​ដល់​ទីផ្សារការងារ​នៅ​កម្ពុជា​ផងដែរ៕

  • កូន​មិន​ស្តាប់បង្គាប់​កើតចេញពី​មូលហេតុ​អ្វីខ្លះ?

    កូន​មិន​ស្តាប់បង្គាប់​កើតចេញពី​មូលហេតុ​អ្វីខ្លះ?

    អាណាព្យាបាល​ជាច្រើន​តែងតែ​បន្ទោស​ដល់កូនតូចៗ ឬ​ដាក់បន្ទុក​តែ​លើ​ស្ថាប័ន​អប់រំ តែ​ពេលខ្លះ​មានរឿង​ជាច្រើន​ដែល​អាណាព្យាបាល​ខ្លួនឯង​កំពុង​ធ្វើ​ខុស​ទាំង​មិនដឹង​ខ្លួន។

    គេហទំព័រ​អប់រំ Education World បាន​លើកឡើងថា កុមារតូចៗភាគច្រើន​ចាប់ផ្ដើម​កសាង​អត្តចរិត​តាំងពី​នៅ​វ័យក្មេង​ខ្ចី​បំផុត ដែល​ពេលខ្លះ​អាណាព្យាបាល​ទាំងឡាយ​ស្ទើរតែ​មិន​ជឿថា ក្មេង​ដែល​មិនទាន់​ទាំង​ចេះ​និយាយ​ផង អាច​ចេះ​សង្កេត រួមទាំង​ចាប់ផ្តើម​កើតជា​ចរិតលក្ខណៈ​ទៅហើយ។ អ្នកជំនាញ​ផ្នែក​អប់រំ​បាន​លើកឡើងថា ប្រសិនបើ​អាណាព្យាបាល​មិន​ប្រុងប្រយ័ត្ន ហើយ​មានការ​ធ្វេសប្រហែស​នៅ​ចំពោះមុខកូនតូចៗរបស់ខ្លួន​នោះ ពួកគេ​អាច​នឹង​ចងចាំ​នូវ​រឿង​ទាំងអស់នោះ​ទុក ហើយ​ទទួលយក​រឿង​អវិជ្ជមាន​ទាំងអស់នោះ​តែម្ដង ដែល​កត្តា​ទាំងនេះ​អាចធ្វើឱ្យ​អាណាព្យាបាល​ទាំងនោះ​ឈឺក្បាល​នៅ​ថ្ងៃក្រោយ​បាន។

    អ្នកជំនាញ​ចិត្តសាស្ត្រ​កុមារ​បាន​ណែនាំ​ថា ប្រសិនបើ​កុមារ មាន​អត្តចរិត​អវិជ្ជមាន​ណាមួយ​ដែល​យើង​គិតថា​ក្មេង​មិនគួរ​ធ្វើ យើង​អាច​សាកល្បង​គិតពិចារណា​ទៅ​មើលថា តើ​សកម្មភាព​នោះ យើង​ធ្លាប់ធ្វើ​ដោយ​ខ្លួនឯង​ដែរឬទេ​ពីមុនមក? ព្រោះថា កុមារ​មិនចេះ​និយាយ​ក៏​អាច​រៀន​យល់ដឹង​បានដែរ។ អាណាព្យាបាល​គួរ​សិក្សា​ពី​វិធីសាស្ត្រ​ដើម្បី​បង្រៀន​កូន និង​កែប្រែ​ចំណុច​យល់​ខុស​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កុមារ​នៅ​ថ្ងៃ​អនាគត។ ឪពុកម្តាយ​ភាគច្រើន​លើ​ពិភពលោក តែងតែ​ចាត់ទុក​កុមារតូចៗថា ជា​វ័យ​ដែល​នៅ​មិនទាន់​ដឹងអី តែ​តាមពិត​ការគិត​បែបនេះ​គឺ​ខុស​ទាំងស្រុង​ចំពោះ​ការអប់រំ​កូន។ មាន​អាណាព្យាបាល​ខ្លះ​បែរជា​គិតថា កុមារ​គួរតែ​ត្រូវបាន​បង្រៀន​ដូច​មនុស្ស​ធំ ឬ​ធ្វើអ្វីៗតាម​បែបផែន​មនុស្ស​ធំ​ដើម្បី​បង្រៀនកូនតូចៗ ដូចជា​ការបង្ខំ​ឱ្យ​អាន​អត្ថបទ​ដែល​គ្មាន​រូបភាព​សៀវភៅក្រាស់ៗ ឬ​បង្ខំ​ឱ្យស្តាប់​រឿង​ដ៏​គួរឱ្យ​ធុញទ្រាន់​សម្រាប់​ពួកគេ​ជាដើម។ ហេតុផល​នេះ កុមារ​ដែល​បង្ខំ​ឱ្យ​រៀន​លើសពី​សមត្ថភាព​របស់​ពួកគេ​ប្រាកដជា​មានប្រតិកម្ម​ត​ប​វិញ ឬ​ប្រឆាំង​ជាមួយនឹង​បំណង​របស់​មនុស្ស​ធំ​មិន​ខាន។

    ម្យ៉ាងវិញទៀត កុមារ គឺជា​វ័យ​ដែល​ពូកែ​ឆ្ងល់​បំផុត ហើយ​អ្នកជំនាញ​អប់រំ​កុមារ​បាន​ស្រាវជ្រាវ​រកឃើញថា កុមារ​អាយុ​ក្រោម 6ឆ្នាំ អាច​សួរ​ច្រើនជាង 200សំណួរ​ក្នុង​មួយថ្ងៃ ព្រោះ​អ្វី​គ្រប់យ៉ាង​ដែល​គេ​ជួបប្រទះ​សុទ្ធតែជា​រឿង​ដែល​ពួកគេ​មិន​ស្គាល់ ហើយ​ជា​រឿង​ដែល​ពួកគេ​ចង់ដឹង​គ្រប់យ៉ាង។ នៅពេលនោះ​ប្រសិនបើ​មនុស្ស​ធំ​ដែល​អាចជា​អាណាព្យាបាល ឬ​ជា​អ្នក​នៅ​ជុំវិញខ្លួន​ពួកគេ​មិន​ព្យាយាម​ឆ្លើយ​ជាមួយនឹង​សំណួរ​ហើយ​បែរជា​ស្តីបន្ទោស​ដោយ​ក្ដី​រំខាន កុមារ​អាច​នឹង​ឈប់​សួរ បន្ទាប់មក​គេ​ក៏​លែង​ចង់​ស្វែងយល់​ពី​រឿង​ទាំងអស់​នោះដែរ ហេតុនេះ​គេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​មិនសូវ​សកម្ម ឬ​មិនសូវ​ឆ្លាត​នៅពេល​គេ​ធំ​ឡើង។ ស្រប​នឹង​បញ្ហា​នេះដែរ ប្រសិនបើ​អាណាព្យាបាល​ឆ្លើយ​សំណួរ​កុមារ​តូច​ឱ្យតែ​រួចពីមាត់ គឺ​ស្មើនឹង​គាត់​បង្រៀន​កុមារ​ខុស ដែលជា​ហេតុ​ធ្វើឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែល​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​នៅ​ថ្ងៃ​អនាគត​បាន។

    ជារួម សកម្មភាព និង​ការយល់​ខុស​របស់​មនុស្ស​ធំ ដែល​មិន​យល់​ពី​ការអប់រំ​កុមារ អាច​កំណត់​វាសនា​របស់​កុមារ​បាន ហើយ​កត្តា​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​ធំ​ខ្លួនឯង​ឈឺក្បាល​នៅ​ថ្ងៃក្រោយ៕

  • Real Madrid ចាញ់​ទាំង​អាម៉ាស់​នៅលើ​ទឹកដី Espanyol មុនពេល​ប៉ះ PSG

    Real Madrid ចាញ់​ទាំង​អាម៉ាស់​នៅលើ​ទឹកដី Espanyol មុនពេល​ប៉ះ PSG

    ខ្សែប្រយុទ្ធ Gerard Moreno បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី93 ដែល​ធ្វើឱ្យ​ក្រុម Espanyol ផ្តួល​ក្រុម Real Madrid ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ La Liga ក្នុង​លទ្ធផល 1-0 កាលពី​ថ្ងៃ​អង្គារ។

    ការដណ្តើម​បាន​ជ័យជម្នះជាប់ៗគ្នា​របស់​ក្រុម Real Madrid ត្រូវបាន​បញ្ចប់​ត្រឹម 5ប្រកួត ខណៈដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​របស់ Moreno បាន​ជួយ​ឱ្យ​ក្រុម Espanyol ដណ្តើមបាន​ជ័យជម្នះ​ជា​លើក​ទី 1 របស់​ពួកគេ​លើ​ក្រុម Real ក្នុងចំណោម​ការជួបគ្នា 22លើក​កន្លងមក។

    លទ្ធផល​នេះ មានន័យថា Real ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 3 ដោយ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Barcelona 14ពិន្ទុ ខណៈដែល Esp កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ13 ដោយ​នាំមុខ 12ពិន្ទុ​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល។ លទ្ធផល​នេះ​ក៏បាន​បង្ហាញថា ការត្រៀមលក្ខណៈផ្សេងៗរបស់​ក្រុម Real Madrid សម្រាប់​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 ជាមួយនឹង​ក្រុម​យក្ស​របស់​បារាំង Paris Saint-Germain បានបញ្ចប់​ទាំង​ការខកចិត្ត។

    ប្រយុទ្ធ Gareth Bale, Marco Asensio និង​ខ្សែបម្រើ Isco សុទ្ធសឹង​បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុងការ​បង្ហាញ​ថ្វី​ជើង​របស់​ពួកគេ ខណៈដែល​តារា​ឆ្នើម​ទាំង 3 បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ចាប់អារម្មណ៍ នៅ​មុនពេល​ការប្រកួត​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Zinedine Zidane មិនបាន​ធ្វើការ​រិះគន់​ទៅលើ​ទម្រង់​លេង​របស់ Bale ឬ កីឡាករ​ផ្សេង​ទៀតឡើយ បន្ទាប់ពី​ការប្រកួត​នេះ។

    គ្រូបង្វឹក​រូបនេះ​បានឱ្យដឹងថា៖ «ប្រសិនបើ​អ្នកចាញ់​នៅថ្ងៃនេះ វា​ដោយសារតែអ្វីៗមិន​ដំណើរ​ការល្អ និង​ព្រោះ​ហេតុផល​ជាច្រើន មិនមែន​ដោយសារតែ​កីឡាករ​ម្នា​ក់ណា​ឡើយ»៕

    ប្រភពពី៖ Sky Sports

  • Mane៖ ក្រុម​ណា​ក៏ Liverpool អាច​ផ្ដួល​បាន​ទាំងអស់

    Mane៖ ក្រុម​ណា​ក៏ Liverpool អាច​ផ្ដួល​បាន​ទាំងអស់

    ខ្សែប្រយុទ្ធ Sadio Mane បាន​បញ្ជាក់ថា ក្រុម Liverpool «អាច​ផ្តួល​ក្រុម​ណា​ក៏បាន​ក្នុង​ពិភពលោក» ខណៈដែល​ក្រុម​របស់លោក Jurgen Klopp កំពុងតែ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ 2 នៅលើ​តារាង​ក្របខ័ណ្ឌ Premier League និង​សម្លឹង​កៅអី​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

    Liverpool កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ 3 នៅលើ​តារាង ដោយមាន 2ពិន្ទុ​តាម​ពីក្រោយ​ក្រុម Manchester United ក្រោយពី​ចាញ់​ត្រឹមតែ 1លើក​គត់​ក្នុង​ការប្រកួត 19លើកចុងក្រោយ​របស់​ពួកគេ​នៃ​ក្របខ័ណ្ឌ Premier League និង​កំពុងតែ​ជឿជាក់​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប ក្រោយពី​បាន​ផ្តួល​ក្រុម Porto 5-0 ក្នុងការ​ប្រកួត​ជើង​ទី 1នៃ​វគ្គ 16ក្រុម​ចុងក្រោយ​របស់​ពួកគេ។

    ក្រុម​ហង្ស​ក្រហម​របស់លោក Klopp បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 103គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​នៅ​រដូវ​កាល​នេះ ខណៈដែល​ខ្សែប្រយុទ្ធ​របស់​ពួកគេ​ដែល​រួមមាន Mane, Mohamed Salah និង Roberto Firmino សុទ្ធសឹង​អាច​ទម្លុះ​តំបន់​ការពារ​របស់​គូបដិបក្ខ​បាន​យ៉ាង​ងាយស្រួល។

    Mane បាន​ប្រាប់​គេហទំព័រ​របស់​ក្រុម Liverpool ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​នេះ​កំពុងតែ​ធ្វើដំណើរ​ទៅមុខ​ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ។ Liverpool បាន​ជួប​ការលំបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ រឿង​ទាំងនោះ​កើតឡើង​ក្នុង​រាល់​ក្លិប​ទាំងអស់​ក្នុង​ពិភពលោក»។

    តារា​ឆ្នើម​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បាន​បន្ថែមទៀតថា៖ «នៅពេលនេះ យើង​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ ហេតុនេះ​រាល់អ្វីៗទាំងអស់​គឺអាច​ទៅរួច។ ខ្ញុំ​គិតថា យើង​បាន​រីកចម្រើន​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ យើង​ដឹងថា ក្រុម​ណា​ក៏​យើង​អាច​ផ្តួល​បាន​ទាំងអស់​ក្នុង​ពិភពលោក​នេះ»៕

    ប្រភពពី៖ Sport24

  • TVET កំពុងស្ថិត​ក្នុង​តម្រូវការ​របស់​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត

    TVET កំពុងស្ថិត​ក្នុង​តម្រូវការ​របស់​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត

    ការបណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ (Technical and Vocational Education and Training ហៅ​កាត់​ថា TVET) ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ននេះ​សង្គម​ចាប់ផ្តើម​ត្រូវការ​ធនធានមនុស្ស​កា​ន់​តែ​ច្រើនឡើង​ដើម្បី​អភិវឌ្ឍ​លើ​ផ្នែក​ឧស្សាហកម្ម និង​សំណង់​អគារ​ជាដើម។

    ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា TVET ជា​ប្រព័ន្ធ​សំខាន់​មួយ​ក្នុង​ទីផ្សា​ការងារ​នៅ​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​សង្គម​ទាំងមូល​ផងដែរ ព្រោះ​នៅពេល​បច្ចុប្បន្ននេះ សំណង់​អគារ​ជាច្រើន​បាន​រីក​ឡើង ខណៈ​កំណើន​នៃ​ការវិនិយោគ​ក៏​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស​ដើម្បី​ធ្វើ​ការងារ។

    យុវជន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​បាន​បង្កើន​សមត្ថភាពរ​បស់​ខ្លួន​កាន់តែខ្លាំង​ឡើង ស្របតាម​ស្តង់ដារ​កំណត់ដោយ​និយោជក និង​ផ្នែក​ឧស្សាហកម្ម ដូចជា​ជំនាញ​មេកា​និក សំណង់ ធុរកិច្ច ព័ត៌មានវិទ្យា កម្មន្តសាល អគ្គិសនី ក្រឡឹង កែច្នៃ​ម្ហូបអាហារ និង​ផ្នែក​សេវាកម្ម​មួយចំនួនទៀត។

    ឯកឧត្តម ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ៖“យុវជន​កំពុង​ទទួលបាន​ផល​វិជ្ជមាន​ពី​ប្រព័ន្ធ TVET នេះ​ក៏ពិតមែន តែបើ​ធៀប​នឹង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ គឺ​នៅមាន​ភាពយឺតយ៉ាវ​ខ្លះ ព្រោះ​សមត្ថភាព​គ្រូបង្រៀន​នៅមានកម្រិត តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ការងារ​បាន​បង្កើន​កញ្ចប់​ថវិកា​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​សមត្ថ​ភាព​គ្រូ រួមទាំង​កម្មវិធីសិក្សា​ឱ្យ​កាន់តែ​ល្អ​ឡើង សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សិស្ស និស្សិត​មាន​ជំនាញ​ច្បាស់លាស់។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ផងដែរ​ថា ក្រសួង​ការងារ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សហការ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ជំរុញ​ឱ្យ​វិស័យ TVET កាន់តែ​អភិវឌ្ឍ​ខ្លាំង​ឡើង ហើយ​ក្រសួង​ក៏មាន​យុទ្ធនាការ​ជាច្រើន​ដើម្បី​ជំ​រុញឱ្យ​និស្សិត​ជ្រើសរើស​មុខវិជ្ជា TVET ជា​អាជីព​នៅ​ថ្ងៃ​អនាគត ដើម្បី​ទទួលបាន​ឱកាស​ការងារ​យ៉ាង​សម្បូរបែប​នៅពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​ផងដែរ។

    នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​លើ​មុខវិជ្ជា បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​នៅ​ទូទាំងប្រទេស​ទទួលបាន​ឱកាស​សិក្សា​លើ​មុខវិជ្ជា​ដ៏​មាន​សក្តានុពល​នេះ។ ស្រប​ជាមួយគ្នានេះដែរ ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​បាននិងកំពុង​បង្កើន​កិច្ចសហការ​រៀបចំ​កម្ម​វិធី​សិក្សា រួមទាំង​សាង់សង់​អគារសិក្សា​ទំនើប​បន្ថែមទៀត​ផងដែ​រ។

    លោក Norman LaRocque អ្នកឯកទេស​អប់រំ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ហៅ​កាត់​ថា ADB បាន​លើកឡើងថា ប្រព័ន្ធ TVET នៅ​កម្ពុជា​ត្រូវការ​ការធ្វើកំណែទម្រង់ និង​វិនិយោគ​បន្ថែមទៀត​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​លទ្ធភាព គុណភាព និង​សមត្ថភាព​ស្ថាប័ន សំដៅ​ចូលរួម​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​និរន្តរភាព។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ធនាគារពិភពលោក​ក៏បាន​បង្កើត​គម្រោង​មួយ​រួម​ជាមួយនឹង​កម្ចីសម្បទាន​ប្រមាណ30លាន​ដុល្លារ សម្រាប់​បង្កើន​គុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ2014 ហើយ​រំពឹងថា​នឹង​បញ្ចប់​គម្រោង​ទាំងស្រុង​នៅ​ខែធ្នូ ឆ្នាំ2019។

    គម្រោង​នេះ​នឹង​ដាក់ឱ្យអនុវត្ត​លើ​ប្រព័ន្ធ​ធានា​គុណភាព​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ​ដើម្បីឱ្យ​សិស្ស និស្សិត​ទទួលបាន​បទពិសោធ​ផ្នែក​ឧស្សាហកម្ម។ ក្រុមប្រឹក្សា​ជំនាញ​តាមវិស័យ​ដែលមាន​សមាសភាព​ជាស​មា​គម​ឧស្សាហកម្ម និង​និយោជកធំៗ ក្នុង​វិស័យ​អាទិភាព​ចំនួន4ដូចជា​សំណង់ ជួសជុល​រថយន្ត ការងារ​អគ្គិសនី និង​កម្មន្តសាល និង​ត្រូវ​បង្កើតឡើង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​មណ្ឌល​ធនធាន ជំនាញ​ជាក់លាក់​ផងដែរ៕