Author: វល័ក្ខ

  • គ្រាប់​បាល់​ដ៏​ល្អ​របស់ Matic បំពេញ​ការ​វាយបក​សម្រាប់ Man Utd លើទឹក​ដី Crystal Palace

    គ្រាប់​បាល់​ដ៏​ល្អ​របស់ Matic បំពេញ​ការ​វាយបក​សម្រាប់ Man Utd លើទឹក​ដី Crystal Palace

    Nemanja Matic បាន​បំពេញ​ការ​វាយបក​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Manchester United ដែល​ដេញតាម​ពីក្រោយ​ក្រុម Crystal Palace 2គ្រាប់ ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែបម្រើ​អន្តរជាតិ​ស៊ែ​ប៊ី​រូបនេះ បានធ្វើឱ្យ Man Utd ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 3-2 នៅលើ​ទឹកដី​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​របស់លោក Jose Mourinho បាន​ដេញតាម​ពីក្រោយ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែបម្រើ Andros Townsend និង​គ្រាប់​បាល់​ក្នុង​តង់​ទី2 របស់​ខ្សែការពារ Patrick van Aanholt នា​កីឡដ្ឋាន​ Selhurst Park។

    ប៉ុន្តែ ខ្សែការពារ ​Chris Smalling បាន​វាយបក 1គ្រាប់​វិញ​សម្រាប់​ក្រុម Man United មុននឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក RomeluLukaku បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​រយៈពេល 14នាទីចុងក្រោយ។ នៅពេល​ជិត​បញ្ចប់​ការប្រកួត ខ្សែបម្រើ​អន្តរជាតិ​ស៊ែ​ប៊ី Matic បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1 របស់គេ​បានសម្រេច ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Chelsea កាលពី​ឆ្នាំមុន តាមរយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ។

    លទ្ធផល​នេះ បានធ្វើឱ្យ​ក្រុម​របស់លោក Mourinho ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ពីលើ​ក្រុម Liverpool នៅលើ​តារាង​ក្របខ័ណ្ឌ Premier League នៅមុន​ពេល​ក្រុម​យក្ស​របស់​អង់គ្លេស​ទាំង 2នេះ​ត្រូវ​ជួបគ្នា​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ។ លោក Mourinho បាន​និយាយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា៖ «ការ​វាយបក​ដេញតាម​ពីក្រោយ 2-0 នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​មួយ​ដែល​កំពុងតែ​ចង់បាន 3ពិន្ទុ វា​ពិតជា​ផ្តល់ឱ្យ​យើង​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ​មែន»៕

    ប្រភពពី៖ Channel News Asia

  • IFAD ប្រកាស​រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ​នៅត្រឹម​ឆ្នាំ2021

    IFAD ប្រកាស​រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ​នៅត្រឹម​ឆ្នាំ2021

    មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍកសិកម្ម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IFAD បានប្រកាស​ជា​ចំហ​ថា នៅត្រឹម​ឆ្នាំ2021ខាងមុខ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹង​រំដោះប្រជាជន​ចំនួន120លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​នោះ​ឱ្យ​រួច​ចាក​ផុតពី​ភាពក្រីក្រ។

    នៅក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ2018 ក្រោម​ប្រធានបទ “ចាក​ចេញពី​ភាពផុយស្រួយ​ឆ្ពោះទៅកាន់​ភាព​ធន់ និង​រឹងមាំ​រយៈពេល​វែង៖ ការវិនិយោគ​លើ​សេដ្ឋកិច្ច​ជនបទ​ប្រកបដោយ​ចីរភាព” ដែល​ដឹកនាំ​ដោយ IFAD អង្គប្រជុំ​បាន​ឯកភាព​រួមគ្នា​ដាក់ចេញ​នូវ​គោលការណ៍​របៀបវារៈ ការងារ​ថ្មី​សម្រាប់ 3ឆ្នាំ​ទៅមុខ ចាប់ពី​ឆ្នាំ2018 ដល់​ឆ្នាំ2021 គឺ “ភារកិច្ច​របស់ IFAD ត្រឹម​ឆ្នាំ2030 នឹងមិន​ទុកចោល​ អ្នកណាម្នាក់​ឱ្យ​បន្ត​ស្ថិតក្នុង​ភាពក្រីក្រ និង​បាន​ឯកភាពគ្នា​បង្កើត​ធនធាន​សម្រាប់​ប្រតិបត្តិការ​របស់ IFAD 2019-2021 ឱ្យបាន​ដល់ 3.5 ប៊ី​លាន​ដុល្លារ​អាមេរិក និង​រំដោះប្រជាជន​ជនបទ​ចាក​ចេញពី​ភាពក្រីក្រ​ឱ្យបាន​យ៉ាងតិច 120លាន​នាក់​នៅត្រឹម​ឆ្នាំ2021។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា កម្ពុ​ជាមាន​ជំហរ​គាំទ្រ​ពេញទំហឹង​ចំពោះ​ប្រសិទ្ធភាព​នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​កន្លងមក​របស់​ស្ថាប័ន​ខាងលើនេះ និង​ទិសដៅ​ការងារ​ជា​យុទ្ធសាស្ត្រ​ដែល IFAD ត្រូវប្រកាន់យក​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ 2019-2021។ ក្នុង​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នេះ កម្ពុជា​ក៏បាន​ប្រកាស​បង្កើន​វិភាគទាន​ពី​ចំនួន 315,000ដុល្លារ​អាមេរិក ឱ្យ​កើន​ឡើងដល់ 450,000ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ប្រតិបត្តិការ​នេះ​រយៈពេល 3ឆ្នាំ​ទៅមុខ។

    ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​នេះ កម្ពុជា​ក៏បាន​លើកឡើង​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ 2019-2021 រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ IFAD ដើម្បី​តម្រង់ទិស​នៃប្រតិបត្តិ​ការ​របស់ IFAD ឱ្យ​ឆ្លើយតប​ទៅតាម​តម្រូវការ​អាទិភាព​ថ្មី ក្នុងដំណាក់កាល​អភិវឌ្ឍ​ន៍​ថ្មី​ជាក់ស្តែង​របស់​កម្ពុជា បន្ទាប់ពី​បានក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឆ្ពោះទៅរក​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030។

    ឯកឧត្តម ហ្គី​ល​បឺត ហុង​បូ (H.E Gilbert Huongbo)ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍ IFAD បាន​ថ្លែង​គាំទ្រ​ពេញទំហឹង​ចំពោះ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ស្នើឡើង​ដោយ​ភាគី​កម្ពុជា ព្រមទាំង​សន្យា​ពង្រីក​ទំហំ​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ធំ​ជាង​មុន​ទាំង​សម្រាប់​ឆ្នាំ2019-2021 និង​ទាំង​សម្រាប់​រយៈពេល​វែង​ទៅមុខទៀត​ដែរ។

    គួរ​បញ្ជាក់ថា កិច្ចការ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាលកម្ពុជា​បានធ្វើឱ្យ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​មួយ​ដែលមាន​លក្ខណៈ​រឹងមាំ​ក្នុង​អត្រា 7%ក្នុង​មួយឆ្នាំ ចាប់តាំងពី​ឆ្នាំ2014មក ហើយ​កំណើន​នេះ​នៅតែ​បន្ត​រឹងមាំ​ក្នុងពេល​មធ្យម​ទៅមុខ។ ចំណែក​ផលិតផល​ក្នុងស្រុក​របស់​ប្រជាជន​ម្នាក់ (GDP per Capita)បាន​កើនឡើង​ពី1,138ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ 2014ទៅ1,429ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 និង​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ពី 21.1%ក្នុង​ឆ្នាំ2010 មក​នៅ13.5%នៅ​ឆ្នាំ2014 ហើយ​កម្រិត​នៃ​ការធ្លាក់ចុះ​នេះ​សម្រេចបាន​ល្បឿន​លឿន​ជាង​ពី​ចំណូល​របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដែល​បានកំណត់​នៅត្រឹម 19.5% ឆ្នាំ2010 និង13.8%ក្នុង​ឆ្នាំ2018នេះ។

    ការធ្លាក់ចុះ​នៃ​អត្រា​ភាពក្រីក្រ​នេះ ស្របគ្នា​នឹង​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក​ផងដែរ ថាកម្ពុជា​បាន​ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក (Extreme Poverty)កាលពី​ឆ្នាំ2015កន្លងទៅ​និង​បាន​ចាត់ជា​ប្រទេស​ដែលមាន​វឌ្ឍនភាព​ល្អជា​ង​គេ​ក្នុង​តំបន់ ក្នុង​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន។ ជាមួយគ្នានេះ មេគុណ​ជី​នី​នៃ​ការ​វាស់​វិសមភាព​ប្រាក់ចំណូល​ក៏មាន​ភាពប្រសើរ​ឡើងជា​លំដាប់ ដោយបាន​ថយ​ពី 0.41 ក្នុង​ឆ្នាំ2007 មក​នៅ 0.29 ក្នុង​ឆ្នាំ2014 ដែល​បង្ហាញថា​គម្លាតរ​វាង​អ្នកមាន និង​អ្នកក្រ​កាន់តែ​រួម​តូច។

    យ៉ាងណាក៏ដោយ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ 2014 -2018 របស់​ក្រសួង​សេដ្ឋកិច្ច​ក្នុង​រយៈពេល​កន្លងមក​នេះ ក៏​ជួបប្រទះ​បញ្ហា​ប្រឈមសំខាន់ៗមួយចំនួន​ដែរ ក្នុងនោះ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅមាន​ភាពមិន​ស្មើគ្នា​ទៅតាម​តំបន់នីមួយៗ ដែល​តំបន់​ខ្លះ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​លឿនតំបន់​ខ្លះ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​យឺត ជាពិសេស​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល។ ដើម្បី​ដោះស្រាយបញ្ហា​នេះ​រដ្ឋាភិបាល​នឹង​ខិតខំ​ដោះស្រាយ​បន្ថែមទៀត ដូចជា​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ផលិតភាព ការអភិវឌ្ឍ​ជំនាញ ការលើកកម្ពស់​ភាព​ប្រកួតប្រជែង ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ជាដើម៕

  • CVEA នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» នា​ថ្ងៃទី22 មីនា នៅ CKCC

    CVEA នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» នា​ថ្ងៃទី22 មីនា នៅ CKCC

    ភ្នំពេញ៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នឹង​រៀបចំ​វេទិកា​ស្ដីអំពី «ការកាន់កាប់​អចលនវត្ថុ​ដោយ​ស្រប់ច្បាប់​នៅ​កម្ពុជា» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 22 ខែមីនា ឆ្នាំ 2018 ចាប់ពី​ម៉ោង 8:00 ដល់​ម៉ោង 17:00 នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)។

    អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួលបាន​ការសិក្សា​ស្វែងយល់​អំពី នីតិវិធី​នៃ​ការផ្ទេរ​ឈ្មោះ​អចលនទ្រព្យ ក្នុង​ប្លង់រឹង និង​ប្លង់​ទន់, គុណសម្បត្តិ និង​គុណវិបត្តិ​របស់​អចលនទ្រព្យ​ក្នុង​កម្រិត​ប្លង់រឹង និង​ប្លង់​ទន់, នីតិវិធី​ក្នុងការ​គណនា​ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​អចលនវត្ថុ​ប្រចាំឆ្នាំ រួមទាំង​នីតិវិធី​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​អចលនវត្ថុ៕

  • សិស្ស​កម្ពុ​ជាជាង 30% អាច​ប្រកួតប្រជែង​ផ្នែក STEM ជា​អន្តរជាតិ​បាន

    សិស្ស​កម្ពុ​ជាជាង 30% អាច​ប្រកួតប្រជែង​ផ្នែក STEM ជា​អន្តរជាតិ​បាន

    វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ព្រោះ​មុខវិជ្ជា​ទាំងអស់នេះ​ជា​អាជីព​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​សង្គម។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​មួយ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា នេះ​បើ​មើល​ទៅលើស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន ព្រោះថា សម័យនេះ​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍ​លឿន ខណៈ​កម្ពុ​ជាមាន​ប្រជាជន​វ័យក្មេង​ច្រើន។ ស្រប​ជាមួយនឹង​ស្ថានភាព​នេះ យើង​ឃើញថា យុវជន​វ័យក្មេង​កម្ពុជា​ប្រមាណ​ជាង 30% នៅតាម​សាលា​អាចមាន​សមត្ថភាព​ប្រកួតប្រជែង​បានជា​អន្តរជាតិ ហើយ​ក្នុងនោះ​មាន​អ្នកខ្លះ​ពូកែ​ជាង​សិស្ស​ប្រទេស​ដទៃទៀត​ផង។

    ទន្ទឹមនឹងនេះ យើង​ក៏​នៅមាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ គឺ សិស្ស​ប្រមាណ​ជា 70% ផ្សេងទៀត សមត្ថភាព​នៅមានកម្រិត​នៅឡើយ តែ​ក្រសួង​អប់រំ​ក៏បាន​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ​ដែលមាន​ជំនាញ​ឱ្យ​កាន់តែច្រើន ពង្រឹង​វិធីសាស្ត្រ​បង្រៀន បង្កើត​សាលា​ជំនាន់​ថ្មី និង​បង្កើន​ភាព​ទាក់ទាញ​ដល់​សិស្ស​ឱ្យ​ចាប់អារម្មណ៍​កម្មវិធី STEM នេះ​កាន់តែច្រើន។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “យើង​បង្កើត​សាលា​ជំនាន់​ថ្មី​ដោយ​ដាក់​ឱ្យមាន​ឧបករណ៍​ពិសោធ​ជាក់ស្តែង ដើម្បីឱ្យ​សិស្ស​បាន​យល់ច្បាស់​ពី​តម្លៃ​នៃ​មុខវិជ្ជា STEM និង​យល់ថា ការសិក្សា​មុខវិជ្ជា​នេះ​ជា​រឿង​មាន​ប្រយោជន៍ អាច​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​បាន ហើយ​មាន​ភាព​គួរឱ្យ​ចង់​រៀន និង​មិន​អផ្សុក​ទេ។

    ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ផងដែរ​ថា បច្ចុប្បន្ននេះ មុខវិជ្ជា STEM មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា ព្រោះ​បើ​យើង​ក្រឡេកមើល​កាលពី 5ឆ្នាំមុន នៅ​កម្ពុជា​មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍​រឿង STEM នៅឡើយ​ទេ តែ​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​គ្រប់គ្នា​កំពុង​ចាប់អារម្មណ៍ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​ចាប់ផ្តើម​យល់​អំពី STEM ដែរ។

    រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ តាមរយៈ​សាលា​គំរូ​មួយចំនួន​សិស្ស​បាន​អនុវត្ត​ទ្រឹស្តី​របស់ខ្លួន​ដើម្បី​យកមកប្រើ​ប្រាស់​បាន​យ៉ាងច្រើន។ ជាក់ស្ដែង នៅ​សាលា​ស៊ី​សុ​វ​ត្តិ សិស្ស​អាច​ចេះ​ផលិត​សាប៊ូ ចេះ​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​ផលិត​ឧបករណ៍​ជាច្រើន​ទៀត ដែល​ទាំងអស់នេះ​សុទ្ធតែជា​លទ្ធផល​ចេញពី​មេរៀន​របស់ STEM ទាំងអស់។ ម្យ៉ាងវិញទៀត ថ្វីដ្បិតតែ​នៅ​ជនបទ សិស្ស​មិនទាន់មាន​សមត្ថភាព​ខ្លាំង​ដូច​នៅ​ទីក្រុង​ក៏ដោយ តែ​យើង​បាន​បង្កើត​សាលា​គំរូ​ចំនួន​ប្រមាណ​ជា 200កន្លែង​នៅ​គ្រប់​ខេត្ត ដែល​អាច​អនុញ្ញាតឱ្យ​សិស្ស​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់។ លើសពីនេះទៅទៀត ក្រសួង​អប់រំ​ក៏បាន​ផលិត​វីដេអូ​របស់លោក​គ្រូ-អ្នកគ្រូ​ឆ្នើម ដែលមាន​ទេពកោសល្យ និង​ចំណេះដឹង​ខ្ពស់​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយពី​វិធីសាស្ត្រ​បង្រៀន​យ៉ាង​ទូលំទូលាយ​ទៅកាន់​សាធារណជន ជាពិសេស​គឺ​សិស្សានុសិស្ស និង​លោកគ្រូ-អ្នកគ្រូ​នៅ​ទូទាំងប្រទេស៕

  • មុខងារ Explore Feed ត្រូវបាន​ដកចេញ​ពី​កម្ពុជា​ទាំងស្រុង

    មុខងារ Explore Feed ត្រូវបាន​ដកចេញ​ពី​កម្ពុជា​ទាំងស្រុង

    អាមេរិក៖ កាលពី​សប្ដាហ៍​មុន Facebook បានប្រកាស​នូវ​ដំណឹង​ល្អ​មួយ គឺ​ការធ្វើ​តេស្ដ​មុខងារ Explore Feed ត្រូវបាន​បញ្ចប់ ហើយ​ជាក់ស្ដែង​នៅថ្ងៃនេះ គេ​សង្កេតឃើញថា មុខងារ Explore Feed នៅលើ Facebook កម្ពុជា​ត្រូវបាន​ដកចេញ​ទាំងស្រុង ប៉ុន្តែ​សម្រាប់​នៅលើ App មាននៅ​សល់​ខ្លះ។

    ការដកចេញ​នូវ​មុខងារ Explore Feed នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​សប្បាយចិត្ត ព្រោះថា​មិន​ចាំ​បាច់​ត្រូវ​ជ្រើសរើស​បើក News Feed ឬក៏ Explore Feed នោះទេ ជាពិសេស​គឺ​សម្រាប់​អ្នកមាន Facebook Page ធំៗតែម្ដង។

    កាលពីដើម​ខែមីនា​នេះ បណ្ដាញ​សង្គម​យក្ស Facebook បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​ការងារ​ធ្វើតេស្ដ​ទៅលើ​មុខងារ Explore Feed ទាំង​ក្នុង 6ប្រទេស ដោយ​ក្នុងនោះ​មាន​កម្ពុ​ជាមួយ​ផងដែរ ហើយ​ការបញ្ចប់​ការធ្វើ​តេស្ដ ព្រមជាមួយ​ការដកចេញ​នូវ​មុខងារ Explore Feed នេះ ដោយសារតែ​លទ្ធផល​ដែល​ទទួលបាន​មិន​គាប់ប្រសើរ។

    គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Facebook ធ្វើតេស្ត​មុខងារ Explore Feed បានធ្វើឱ្យ​អ្នករក​ប្រាក់​តាមរយៈ Instant Articles ជួប​ការលំបាក ដោយ​ថយ​នូវ​ប្រាក់ចំណូល ព្រោះ Facebook បាន​ចែក​ការ Post នៅលើ Page ផ្សេង និង​នៅលើ Timeline ផ្សេង៕

  • មណ្ឌល​ខេត្តកណ្តាល​រកឃើញ​ជើង​ខ្លាំង៣ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    មណ្ឌល​ខេត្តកណ្តាល​រកឃើញ​ជើង​ខ្លាំង៣ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ

    កណ្តាល៖ ពិតជា​ស្វិតស្វាញ​មែនទែន​សម្រាប​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ប្រចាំខេត្ត​កណ្តាល ដែលជា​មណ្ឌល​ទី7 ទម្រាំ​រកឃើញ​ក្រុម​ម្ចាស់​ជើងឯក ដោយ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​ទាំង 4សុទ្ធតែ​លេង​បន្ថែម​ម៉ោង​ទាំងអស់។ ចំពោះ​ក្រុម គោ​ស​មុ​ទ្យ ដែលជា​ក្រុម​ជើងឯក ក្រោយពី​យកឈ្នះ​លើ​ក្រុម DM FC ក្នុង​លទ្ធផល 3ទល់នឹង2 ។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម គោ​សមុទ្រ បាន​យកឈ្នះ​លើ​ក្រុម ហនុមាន​ស្វាយ​រលំ ខណៈដែល​ក្រុម​ទាំង2 ត្រូវ​ប្រកួត​បន្ថែម​ម៉ោង 2ដង នៅសល់​កីឡាករ​ម្ខាង៣នាក់ ទើប​រកឃើញ​ក្រុម​ឈ្នះ ដោយ​លទ្ធផល 3 ទល់​និង 2 ។

    ចំណែកឯ​ក្រុម DM FC បាន​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ដោយ​ពិបាក​បំផុត​ព្រោះ​ក្រុម​ទាំង2នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ តតាំង​គ្នា និង​បន្ថែម​ម៉ោង​ដល់​ទៅ៣ដល់ នៅសល់​កីឡាករ​ម្ខាង​តែ2នាក់​ប៉ុណ្ណោះ ទើប​ក្រុម DM FC អាច​យកឈ្នះ​លើ​ក្រុម យុវជន​ថ្មី ក្នុង​លទ្ធផល 5 ទល់​និង 4។ ដោយ​លទ្ធផល​នេះ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ ហនុមាន​ស្វាយ​រលុំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម យុវជន​ថ្មី ដើម្បី​ស្វែងរក លេខ3 និង លេខ4។ ជា​លទ្ធផល ក្រុម យុវជន​ថ្មី ដណ្តើមបាន​លេខ3 ក្រោយ​ឈ្នះ ក្រុម ហនុមាន​ស្វាយ​រលំ 7ទល់​និង 3 ។

    សម្រាប​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ក្រុម គោ​សមុទ្រ ទទួលបាន​រង្វាន់ 10000ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស  ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម DM FC ទ​ទួ​កបានរ​ង្វាន់  700ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស ក្រុម​ចំណាត់ថ្នាក់​លេខ3 បាន​ទៅលើ​ក្រុម យុវជន​ថ្មី ប្រាក់រង្វាន់ 350ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស និង​ក្រុម​ចំណាត់ថ្នាក់​លេខ4បាន​ទៅលើ ហនុមាន​ស្វាយ​រលុំ ប្រាក់រង្វាន់ 100ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 5កេស។

    ដោយឡែក សម្រាប់​ខេត្តកណ្តាល ដែលជា​មណ្ឌល​ទី7នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ3ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH

    #TSFF2018

    សូមពិសាដោយការទទួលខុសត្រូវ

  • យុវវ័យ​ត្រូវមាន​ឯករាជភាព​ក្នុងការ​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់

    យុវវ័យ​ត្រូវមាន​ឯករាជភាព​ក្នុងការ​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់

    នៅ​កម្ពុជា មាន​យុវជន​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​មិនត្រូវ​ជំនាញ ឬ​ផ្លាស់ប្តូរ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត ដែល​ពេលខ្លះ​បញ្ហា​នេះ​ធ្វើឱ្យ​ពួកគេ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ស្វែងរក​ភាព​ថ្កុំថ្កើង​សម្រាប់​ខ្លួនឯង និង​សង្គម។

    ពិធី​ការិនី​ដែល​កំពុងមាន​ភាពល្បីល្បាញ​ក្នុងចំណោម​យុវវ័យ និង​ជា​មនុស្ស​ម្នាក់​ដែល​គេ​គ្រប់គ្នា​ស្គាល់​ថា​ជា​អ្នក​ដែល​ធ្វើ​ការងារ​ស្និទ្ធ​ជាមួយនឹង​យុវវ័យ គឺ​កញ្ញា នាង សុ​វាត​នា បាន​លើកឡើងថា យុវជន​គួរ​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​ដើម្បី​ស្វែងរក និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ព្រោះថា នៅពេលដែល​យើង​ចាប់ផ្តើម​មាន​ឯករាជភាព​ចំពោះ​ខ្លួនឯង នោះ​យើង​នឹង​ចាប់ផ្តើម​មានការ​សម្រេច​ចិត្ត​ខ្ពស់​លើ​ការកំណត់​ជោគវាសនា​ដោយ​ខ្លួនឯង។ ចំណុច​នេះ​អាចធ្វើឱ្យ​យុវវ័យ​គាត់​អាច​ដឹង​ពីអ្វី​ដែល​គាត់​ត្រូវធ្វើ ហើយ​ព្យាយាម​ធ្វើ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់គាត់​ផ្ទាល់​ដែល​ដោយសារ​កត្តា​នេះហើយ​ទើប​គេ​ជំរុញ​ឱ្យ​ក្មេង​ដើរ​ស្វែងយល់​ឱ្យបាន​ច្រើន។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា ៖ “នា​សម័យនេះ​បច្ចេកវិទ្យា​មានការ​រីកចម្រើន ហើយ​មនុស្ស​ជាច្រើន​ក៏​សុទ្ធតែ​អាច​ប្រើ​ភាសា​អង់គ្លេស​បានល្អ ហេតុនេះ​ពួកគេ​អាចមាន​ឱកាស​ច្រើន​ក្នុងការស្វែងយល់​ពី​ប្រភព​ចំណេះដឹង​ជាច្រើន​ទៀត​ពី​គ្រប់​ទីកន្លែង។

    កញ្ញា សុ​វាត​នា បានលើកឡើង​ផងដែរ​ថា ការផ្តល់​សិទ្ធិ​ដល់ក្មេងៗក្នុងការ​សម្រេចចិត្ត ក៏​ត្រូវការ​ការចូលរួម​ពី​អាណាព្យាបាល​ផងដែរ ព្រោះថា ប្រសិនបើ​អាណាព្យាបាល​មិន​ផ្តល់​សិទ្ធិ ឬ​ក្តោប​ក្តាប់​សិទ្ធិ​លើ​វាសនា​កូន​ដោយ​ខ្លួន​គាត់​ផ្ទាល់ នៅពេលនោះ​កូន​របស់គាត់​នឹង​មិនមាន​ទម្លាប់​ក្នុងការ​ដោះស្រាយ ឬ​សម្រេចចិត្ត​លើ​ដំណើរ​ជីវិត​ខ្លួនឯង​នោះទេ។ ការ​ស្គាល់​ខ្លួនឯង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្សម្នាក់ៗ ហើយ​ដើម្បី​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឱ្យអស់​លទ្ធភាព យុវវ័យ​គួរ​ស្វែងរក​ចំណេះដឹង​បន្ថែម​ពី​គ្រប់​ទីកន្លែង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យ​ខ្លាំង។

    និស្សិត​ពូកែ​របស់​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​កម្មសិក្សា​ជាច្រើន​ប្រទេស កញ្ញា ណា​រ៉ា សុ​ខេ​មា បាន​លើកឡើងថា តាមពិតទៅ​យុវជន​កម្ពុជា​ក៏​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក​ប្រភព​ចំណេះដឹង​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក ព្រោះថា បច្ចុប្បន្ននេះ​និស្សិត​ជាច្រើន​កំពុងធ្វើការ​ប្រកួតប្រជែង​ចំណេះដឹង​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃ ដើម្បី​ទទួលបាន​ឱកាស​ទៅ​សិក្សា​នៅ​បរទេស ឬ​ទទួលបាន​ឱកាស​ក្នុងការ​ស្វែងយល់​នៅក្នុង​ប្រទេស​អភិវឌ្ឍ​នានា។ នៅពេលដែល​យុវជន​អាច​ទទួលបាន​ឱកាស​ទាំងអស់នោះ គាត់​នឹង​បានឃើញ​ពី​ប្រភព

    ព័ត៌មាន​ជាច្រើន​ដែល​ពេលខ្លះ វា​ជា​គ្រឿងផ្សំ​ដែល​ជំរុញ​គាត់​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង ដែល​ចំណេះដឹង​ទាំងអស់នោះ​គាត់​មិន​ធ្លាប់​ជួប​ពីមុនមក​ឡើយ។

    កញ្ញា ណា​រ៉ា សុ​ខេ​មា និស្សិត​ពូកែ​របស់​កម្ពុជាដែលបានទៅសិក្សាច្រើនប្រទេស

    កញ្ញា ណា​រ៉ា សុ​ខេ​មា បាន​លើកឡើងថា៖ “យុវជន​កម្ពុជា គួរតែ​កំណត់​ក្តី​សុ​បិ​ន្ត​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​កុំ​ខ្លាច​នឹង​ការប្រកួតប្រជែង​ទៅ​សិក្សា​នៅ​បរទេស ហើយ​កុំ​ខ្លាច​ជាមួយ​ការស្វែងរក​ភាពល្អប្រសើរ។ ប្រសិនបើ​យើង​មានការ​តាំងចិត្ត ហើយ​មាន​សេចក្តីក្លាហាន​ដើម្បី​បង្កើត​ភាព​តស៊ូ​ដណ្តើម​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​ជាមួយនឹង​ការធ្វើ​កម្មសិក្សា​នៅ​បរទេស យើង​អាច​នឹងធ្វើ​វា​បាន​នៅ​ថ្ងៃ​ណាមួយ។

    កញ្ញា ខេ​មា បានលើកឡើង​ផងដែរ​ថា តាមពិតទៅ​ការប្រកួតប្រជែង​នានា​ត្រូវការ​កម្លាំងចិត្ត និង​ការតាំង​ចិត្ត​ឱ្យបាន​ច្បាស់លាស់។ ការប្រកួតប្រជែង​មួយចំនួន​មិន​លំបាក​ក្នុងការ​ដាក់ពាក្យ​ពេក​នោះទេ តែមាន​មនុស្ស​ជាច្រើន​មិន​ដាក់ ហើយ​អ្នក​ដែល​ហ៊ាន​គឺ​ទទួលបាន​ឱកាស​ខ្ពស់​ដើម្បី​ទទួល​ភាពជោគជ័យ។ ការព្យាយាម​ពង្រឹង​សេចក្តីក្លាហាន ដើម្បី​ស្វែងរក​នូវ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​គឺជា​រឿង​មួយ​សំខាន់​ដែល​អាច​ជំរុញ​រូបគេ​ឱ្យ​ក្លាយជា​មនុស្ស​ម្នាក់​ប្រកបដោយ​ភាព​អភិវឌ្ឍ។

    លោក ស៊ា​ង សុ​បញ្ញា ស្ថាបនិក​សាលា Cam Asean បានលើកឡើង​ក្នុង​កម្មវិធី The Perspectives Cambodia ថា យុវជន​កម្ពុជាម្នាក់ៗគួរ​បើក​ចិត្ត​ឱ្យ​ទួ​លាយ​ហើយ​តាំងចិត្ត​ថា​យើង​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ធំ​ទូលាយ ហេតុនេះ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ក្លាយជា​ប្រជាជន​សកល។ លោក​បញ្ជាក់ថា នៅពេលដែល​យុវជន​មានចំណេះដឹង​ខ្ពស់ ហើយ​ច្បាស់លាស់​ជាស​កល នោះ​យើង​នឹង​អាច​ឈោង​ចាប់​ការងារសំខាន់ៗនៅក្រៅ​ប្រទេស​បាន។ ការខិតខំ​ប្រឹងប្រែង ដោយ​ស្វែងរក​សក្តានុពល​ខ្លួនឯង​ឱ្យ​ច្បាស់ បន្ទាប់មក​កំណត់​ទិសដៅ​ឱ្យ​ជាក់លាក់​មួយ អាចជួយ​យុវជន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ម្នាក់​សម្រាប់​ពិភពលោក​ក៏​អាច​ថា​បានដែរ។

    លោក ស៊ាង សុបញ្ញា ស្ថាបនិក​សាលា Cam Asean

    លោក ស៊ា​ង សុ​បញ្ញា បាន​និយាយថា ៖ “បើ​ចង់​ក្លាយជា​មនុស្ស​ដែល​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​នោះ យើង​គួរតែ​ស្វែងរក​ឱ្យឃើញ​នូវ​អ្វីដែល​យើង​ចង់​ធ្វើ បន្ទាប់មក​អភិវឌ្ឍ​វា​ឱ្យបាន​ច្បាស់លាស់។ ប្រសិនបើ​រៀន​ភាសា គឺ​រៀន​ឱ្យ​ចេះ​ច្បាស់​ទាល់តែ​និយាយ សរសេរ និង​អាន​ច្បាស់លាស់​ប្រើការ​បាន​ដូច​អ្នកជំនាញ ហើយ​ប្រសិនបើ​ចាប់​ជំនាញ​ណាមួយ គឺ​ខំប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ក្លាយជា​មនុស្ស​ច្បាស់លាស់​លើ​ជំនាញ​នោះ។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ ខាងលើ​បានលើកឡើង​ផងដែរ​ថា ប្រជាជន​កម្ពុជា​ក៏​អាច​ក្លាយជា​ប្រជាជន​សកល​បានដែរ បើសិន​យើងទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហើយ​យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​ក្នុង​តំបន់ តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​ជំនាញ​របស់​យើងទាំងអស់គ្នា៕

  • FACEBOOK នឹង​ដក​មុខងារ Explore Feed ចេញ ក្នុងពេលឆាប់ៗនេះ

    FACEBOOK នឹង​ដក​មុខងារ Explore Feed ចេញ ក្នុងពេលឆាប់ៗនេះ

    Facebook បានចេញ​សេចក្តីប្រកាស​នៅលើ​គេហ​ទំ​ព៍រ​របស់ខ្លួន​កាលពីពេលថ្មីៗនេះ​ថា​នឹង​បញ្ចប់​ការធ្វើ​តេស្ត​លើ​មុខងារ Explore Feed ដែល​កន្លងមក Facebook បានធ្វើការ Update នូវ​មុខងារ ជាច្រើន ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ភាពងាយស្រួល ក៏ប៉ុន្តែ​មិន​ប្រាកដថា​ការ Update រាល់​មុខងារនីមួយៗនោះ​សុទ្ធតែ​ទទួលបាន​ជោគជ័យ និង​មានការ​គាំទ្រ​ពី​អ្នកប្រើប្រាស់​ទាំងអស់​ឡើយ។

    ជាក់ស្តែង​កាលពី​ខែតុលា​ឆ្នាំ 2017 Facebook បានដាក់​មុខងារ Explore Feed ចេញ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដែលជា​មុខងារ​មួយ​សម្រាប់​ប្រមូលផ្តុំ​រាល់​ព័ត៌មាន​ដែល​ផុស​ចេញពី Page។

    សូម​បញ្ជាក់ដែរថា​ដំបូង​ឡើយ រាល់​គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​ផុស​ចេញពី Account  និង​ផុស​ចេញពី Page ធ្វើឱ្យ​អ្នកប្រើប្រាស់​បានឃើញ​នៅក្នុង​មុខងារ News Feed តែមួយ។

    ការសម្រេច​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​នូវ​មុខងារ Explore Feed នេះ​មិនត្រូវ​បានទទួល​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នោះទេ ព្រោះថា អ្នកប្រើប្រាស់​ភាគច្រើន​មិនបាន​ដឹង និង​ស្គាល់​នូវ​មុខងារ ថ្មី​មួយនេះ ម្យ៉ាងទៀត​មុខងារ​មួយ​នេះ​គឺជា​មុខងារ​សម្រាប់តែ Page របស់​ក្រុមហ៊ុន​ផុស​នូវ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ពី​ទំនិញ និង​សេវាកម្ម​របស់ខ្លួន ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានរ​ម្មណ៍​ធុញ។

    ដោយសារតែ​មិនសូវមាន​ការគាំទ្រ​លើ​មុខងារ​មួយ​នេះ ទើប​ក្នុងពេលថ្មីៗនេះ Facebook បានប្រកាស​ដក​នូវមុខ​ងារ Explore Feed ចេញ៕

  • វិធី​រកប្រាក់​ចំណេញ​ពី​អចលនទ្រព្យ

    វិធី​រកប្រាក់​ចំណេញ​ពី​អចលនទ្រព្យ

    ការទិញ​អចលនទ្រព្យ​ដីធ្លី ឬ​ផ្ទះល្វែង​ទុក​សម្រាប់​លក់​ទៅវិញ ជួនកាល​បាន​ប្រាក់ចំណេញ​ច្រើន ហើយ​ជួនកាល​មិនបាន​ប្រាក់ចំណេញ តែ​ថែមទាំង​ខាតបង់​ធ្ងន់ធ្ងរ​ទៀតផង។ ដូច្នេះ​តើ​យើង​គួរ​ទិញ​អចលនទ្រព្យ​បែបណា ឬ​ពេលណា​ទើប​លក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ច្រើន?

    លោក អាំ សុផល ស្ថាបនិក​ក្រុមហ៊ុន CamboHome & City Development Co., Ltd មានប្រសាសន៍ថា បើ​ចង់​ទិញ​អចលនទ្រព្យ​បាន​ផលចំណេញ​ច្រើន​ត្រូវ​ចេះ​មើល​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ជា​បទពិសោធ នៅពេល​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​ណាមួយ ដី​នៅ​តំបន់​នោះ​ពិតជា​ឡើងថ្លៃ​ជាមិនខាន។ លោក​ថាបច្ចុប្បន្ន និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​កំពុង​កើតមាន​យ៉ាងសកម្ម​នៅ​តំបន់​ជាយក្រុង ហើយ​ប្រសិនបើ​ចង់បាន​ប្រាក់ចំណេញ​គួរ​មើល​ពី​ទីតាំង​ណា​ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល

    ជាមុនសិន។ ក្រៅពីនេះ​អ្នកទិញ​ដី​ក៏​គួរ​មើល​គម្រោង​អភិវឌ្ឍន៍ធំៗរបស់​អ្នកវិនិយោគ​ដែល​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​ខុន​ដូ​ផ្ទះល្វែងឬ​ផ្សារ​ទំនើប​នានា​នៅ​តំបន់​ជាយក្រុង​ដែលជា​កត្តា​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ “ខ្ញុំ​ធ្លាប់បាន​ទិញ​ដី​ជាយក្រុង​មួយកន្លែង ក្រោយមក​តំបន់​នោះ​ត្រូវបាន​គេ​អភិវឌ្ឍ​ទៅជា​ផ្សារ​ទំនើប ដែលមាន​មនុស្ស​ចូលទៅ​រស់នៅ​ច្រើនឡើង ធ្វើឱ្យ​ដី​ដែល​ខ្ញុំ​ទិញ​នោះ​ឡើងថ្លៃ​ទ្វេដង​មិនគួរ​ឱ្យ​ជឿ។

    មួយវិញទៀត​អ្នកទិញ​ដី​គួរ​ស្វែងរក​ទីតាំង​ដី​នៅ​ធូរ​ថ្លៃ ដូចជា​ដី​មិនទាន់​អភិវឌ្ឍន៍​ដែល​មិនទាន់ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ពេល​ទិញ​រួចហើយ​ត្រូវធ្វើ​ការអភិវឌ្ឍ​តំបន់​នោះ​ឱ្យ​ក្លាយទៅជា​ទីប្រជុំជន មាន​ផ្សារ មាន​សាលារៀន ពិសេស​មាន​ផ្លូវ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដែលជា​លក្ខណៈពិសេស​ធ្វើឱ្យ​ដី​តំបន់​នោះ​ឡើងថ្លៃ​ខ្លាំង។ ប៉ុន្តែ​យ៉ាងណា​នោះ គេ​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យបាន​ល្អិតល្អន់​ជាមុនសិនចៀសវាង​ទិញ​ដី​ដែល​កំពុងមាន​វិវាទ ដី​ដែល​កំពុង​ជាប់​បញ្ចាំ​ប្លង់​នៅ​ធនាគារ ព្រោះ​អាច​ជួប​ហានិភ័យផ្សេងៗកើតឡើង​នាំ​ខាតបង់។

    ចំណែក​អ្នកនាង លឹម មករា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រតនា​ការ រៀល​ធី បាន​និយាយ​ស្រដៀង​នេះដែរ​ថា មុននឹង​សម្រេចចិត្ត​ទិញ​ដី​គឺ​យើង​គួរ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ជាមុន ព្រោះថា ការទិញ​ដី​យើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន មុននឹង​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ឬ​មិន​អ៊ីចឹង​ទេ​នាំឱ្យ​ខាតបង់​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់។ ដើម្បី​ឱ្យបាន​ប្រាក់ចំណេញ​ច្រើន យើង​ត្រូវ​ចេះ​តាមដាន​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

    ចំណុច​នេះ​អ្នកនាង​បាន​លើក​ជា​ឧទាហរណ៍ ដី​នៅ​ខាងលិច​ក្រុងភ្នំពេញ ដី​នៅ​តំបន់ ​EAONទី2 និង​ផ្លូវ 60ម៉ែត្រ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដើមឡើយ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេ តែ​នៅពេល​គម្រោង​អភិវឌ្ឍន៍​រដ្ឋ និង​ឯកជន​ចូលទៅ​ដល់ ដី​នៅ​ទីតាំង​ខាងលើ​បាន​ឡើងថ្លៃ​ខ្ពស់ នឹកស្មាន​មិន​ដល់។ ក្រៅពី​កត្តា​សំខាន់​ខាងលើ អ្នកនាង លឹម មករា បាន​បន្ថែមថា ដើម្បី​ទិញ​ដី​បាន​ប្រាក់ចំណេញ​ច្រើន អ្នកវិនិយោគ​គួរ​មាន​បណ្តាញ​ច្រើន​ចែករំលែក​ព័ត៌មាន​អំពី​ការលក់​ដី​ទៅវិញទៅមក ហើយ​វិភាគ ឬ​ពិភាក្សា​រួមគ្នា​រកឱ្យឃើញ​ថា ដី​ណា​មាន​សក្តានុពល ដី​ណា​មិនមាន​សក្តានុពល ចាំ​យើង​សម្រេចចិត្ត​ទិញ​ជា​ក្រោយ។ បើ​មាន​ប្រាក់ គួរ​រង់ចាំ​ទិញ​ដី​ណា​ដែល​ម្ចាស់​ត្រូវ​ការលក់​ប្រញាប់​ខ្លាំង យើង​នឹង​អាច​ទិញ​បាន​ក្នុង​តម្លៃថោក ហើយ​លក់​ទៅវិញ​នឹង​បាន​ចំណេញ​ច្រើន ។

    ចំណែក​លោក សូត្រ សារ៉ន ប្រធាន​ផ្នែក​គម្រោង The Seagate Suit នៅ​ខេត្ត​កំពង់សោម​មានប្រសាសន៍​ថា ការរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​ដោយសារ​ប្រជាជនមាន​ប្រាក់ចំណូលកាន់តែ​ខ្ពស់ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​រឹងមាំ​ថេរ ហើយ​រដ្ឋាភិបាល​មាន​ទិសដៅ​កែប្រែ​សេដ្ឋកិច្ច​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030។ លោក​បន្ថែមថា ដើម្បី​បាន​ប្រាក់ចំណេញ​មកវិញ អ្នកវិនិយោគ​គួរ​ចេះ​សម្លឹងមើល​ទីតាំង​ណា​ដែល​ល្អ​ជាមុនសិន ពិសេស​ទិញ​ដី​នៅលើ​ទីតាំង​ដែល​មិនទាន់​កែច្នៃ ឬ​ដី​នៅ​ទីតាំង​ដែល​នឹងមាន​គម្រោង​អភិវឌ្ឍន៍ធំៗ ទើបបាន​ប្រាក់ចំណេញ​លឿន​ត្រឡប់មកវិញ។ ឧទាហរណ៍​ដូចជា គម្រោង​ខុន​ដូ The Seagate Suit នៅ​កំពង់សោម មាន​អតិថិជន​គាំទ្រ​ច្រើន​គឺ​ដោយសារ​អតិថិជន​គិតថា​តំបន់​នោះ​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុងពេលឆាប់ៗ ខាងមុខនេះ។

    ប្រសិនបើ​មាន​ប្រាក់​ច្រើន​ដោយ​ខ្លួនឯង មិនមែនជា​ប្រាក់​ខ្ចី​គេ​នោះ គួរ​ចេះ​ឆក់​ឱកាស​ទិញ​ដី​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ឬ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត​ដែលមាន​មនុស្ស​ចង់​លក់​ច្រើន ដូចជា​គេ​ច្រើន​លើកឡើងថា “ជ្រុល​ទិញ​ដី គឺ​ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​បើ​ជ្រុល​លក់​ត្រូវ​លក់​នៅពេល​គេ​ចង់​ទិញ ហើយ​បើ​ចង់បាន​ចំណេញ​កាន់តែច្រើន គឺ​ត្រូវ​ទុក​យូរ​បន្តិច” ព្រោះថាអ្វីៗមាន​ភាពប្រែប្រួល​តែ​ដី​មិន​ប្រែប្រួល​ទេ ដូចជា​ចំនួន​ប្រជាជន​កាន់តែ​កើនឡើង​ឥតឈប់ឈរ តែ​ដី​មិន​កើនឡើង​ទេ ដូច្នេះ​តម្រូវការ​ដី​កើតមាន​កាន់តែច្រើន តែ​កាលណា​តម្រូវការ​មាន​ច្រើន តម្លៃ​ក៏​កាន់តែ​ឡើងថ្លៃ​ដែរ៕

  • HEINEKEN នាំយក​កីឡាករ​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ​ឈ្មោះ RUUD VAN NISTELROOY និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE មកកាន់​កម្ពុជា

    HEINEKEN នាំយក​កីឡាករ​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ​ឈ្មោះ RUUD VAN NISTELROOY និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE មកកាន់​កម្ពុជា

    រាជធានី​ភ្នំពេញ៖ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នឹង​នាំយក​កីឡាករ​ជើងចាស់​លោក Ruud van Nistelrooy ខ្សែប្រយុទ្ធ​របស់​ក្លិប Manchester United និង​ក្លិប Real Madrid មកកាន់​ប្រទេស​កម្ពុជា។

    កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​ផ្តល់ឱ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​កា​ន់​តែ​ស្និទ្ធស្នាល​ជាមួយ​វីរបុរស​ជើងឯក និង​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ។ ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​របស់ខ្លួន​កម្មក​ម្ម​វិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ ២៦ ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី និង​អាមេរិក​ខាងត្បូង​ហើយ​ខាងជើង និង​ដំណើរ​ទេសចរណ៍​នៅ​ឆ្នាំនេះ​ក្រោម​ប្រធានបទ “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់” នឹង​មកដល់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

    ស្រា​បៀរ Heineken® ជឿជាក់ថា គ្រប់ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ UEFA Champions League ផ្តល់​ភាព​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល។ ការប្រកួតនីមួយៗគឺ​ដូចជា​កម្មវិធី​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន និង​ប្រកួត​ផ្ទាល់​ដោយ​កីឡាករ​ឆ្នើម​បំផុត​នៅលើ​ពិភពលោក។ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League  ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® អនុញ្ញាតឱ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​មានឱកាស​ចូល​រួម​ផ្ទាល់​ក្នុងការ​ទស្សនាការ​ប្រកួត​ដ៏​រំភើប​តាមរយៈ​យុទ្ធនាការ ក្រោម​ប្រធានបទ “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”  របស់​ស្រា​បៀរ Heineken®។

    ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទូទាំង​ពិភពលោក កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League  ឆ្នាំ ២០១៨ ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®នឹងធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ។ សម្រាប់​រយៈពេល​បី​ថ្ងៃ ក្រុម​អ្នកគាំទ្រ​មានឱកាស​ដ៏​កម្រ​ក្នុង​ការថតរូប​ជាមួយនឹង​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy និង​ទទួល​បទពិសោធន៍​ដ៏​រំភើប​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

    លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០ គ្រាប់​ក្នុង ២១៩ ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប និង​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League និង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្ហាញ​នូវ​ម​ហិ​ច្ឆិ​តា​ចំពោះ​ការប្រកួត​នេះ។

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ Heineken ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា៖ “ស្រា​បៀរ Heineken®មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ក្នុង​ការនាំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League មកកាន់​ប្រទេស​កម្ពុជា។ យើង​បាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ សម្រាប់​ឱកាស​នេះ ហើយ​ទីបំផុត​បាន​បញ្ចុះបញ្ចូល​អ្នក​រាល់គ្នា​ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ជា​អាទិភាព​ចម្បង​ដោយសារតែ​ការគាំទ្រ​យ៉ាងច្រើន​ចំពោះ​កីឡាបាល់ទាត់​អន្តរជាតិ។ ដោយសារតែ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​នេះ​មិនដែល​ធ្លាប់​ធ្វើឡើង​នៅទីនេះ ស្រា​បៀរ Heineken® បាន​យល់ព្រម​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា និង​កីឡាករ​ដែលមាន​ទេពកោសល្យ។ នេះ​គឺជា​បទពិសោធន៍​វិសេសវិសាល​មួយ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ក្របខ័ណ្ឌ UEFA Champions League ដើម្បី​បានឃើញ​ផ្ទាល់​នូវ​ពានរង្វាន់​ដ៏​ល្បីល្បាញ​នេះ និង​ជួប​ផ្ទាល់​ជាមួយ Ruud van Nistelrooy។ គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​មិនមាន​ឱកាស​អាច​ទទួល​បាន​នូវ​បទពិសោធន៍​រំភើប​រីករាយ និង​អារម្មណ៍​រំជើបរំជួល​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ UEFA Champions League ។ យើង​ក៏​ចង់​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ។

    ឆ្នាំនេះ កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken®នឹងធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក  កូត​ឌី​វ័រ ប៉ា​រ៉ា​ហ្គា​យ កម្ពុជា ម៉ាឡេស៊ី និង​អេ​ត្យូ​ពី។

    ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ​យូ​ហ្វា​ឆែម​ពាន​លី​កនៅ​ក្នុងប្រទេស​កម្ពុជា​និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗនឹងធ្វើ​ការចេញផ្សាយ​ក្នុងពេលឆាប់ៗនេះ។ ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ