Author: វល័ក្ខ

  • “8មីនា ទិវា​ស្ត្រី​ពិភពលោក” ឧត្តមភាព​នៃ​ស្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការអប់រំ

    “8មីនា ទិវា​ស្ត្រី​ពិភពលោក” ឧត្តមភាព​នៃ​ស្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការអប់រំ

    ស្ត្រី ត្រូវបាន​គេ​តំណាងឱ្យ​មាតា​នៃ​ពិភពលោក ហើយ​នៅក្នុង​យុគសម័យ​បច្ចុប្បន្ននេះ ស្ត្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម ទាំង​ផ្នែក​អភិវឌ្ឍន៍​ចំណេះដឹង ការអប់រំ ការគ្រប់គ្រង​អាជីវកម្ម និង​តួនាទី​ជា​អ្នកបង្កើត​នូវ​សុភមង្គល​ជូន​ដល់​ក្រុមគ្រួសារ។

    មាន​ពាក្យស្លោក​មួយ​ពោលថា “ស្ត្រី​គឺជា​កូនសោ​គន្លឹះ​ឆ្ពោះទៅ​ការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​និរន្តរភាព” លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា “ការអប់រំ​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ជាងគេ​បំផុត​សម្រាប់​ជួយ​ដល់​ស្ត្រី” យើង​មើលឃើញថា ប្រសិនបើ​ក្មេងស្រី​ទទួលបាន​ការអប់រំ គាត់​នឹងមាន​ចំណេះដឹង​យ៉ាងហោចណាស់​ក៏​គាត់​ចេះ​ការពារ​សុខភាព​របស់​គាត់​ទាំង​សុខភាព​ផ្លូវកាយ សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវភេទ គាត់​អាច​ចៀស​ផុតពី​ការ​ពពោះ​ទាំង​ក្មេង​វ័យ និង​ថ្ងៃ​អនាគត​នៅពេល​គាត់​មានកូនគាត់​អាចមាន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​បីបាច់ ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ដល់​កូន កាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ​បាន។ ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មានការ​អប់រំ មានចំណេះដឹង គាត់​តែងតែមាន​ការតស៊ូ​មតិ ធ្វើយ៉ាងណា​ឱ្យ​កូនស្រី​របស់គាត់​មានឱកាស​ក្នុង​ការបន្ត​ការសិក្សា ផ្ទុយទៅវិញ​ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មិនមាន​ការអប់រំ ឬ​មិនសូវមាន​ចំណេះដឹង​ទេនោះ គាត់​នឹងមាន​ផ្នត់គំនិត​ចាស់គំរឹល​ដែលថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ធ្វើឱ្យ​កូនស្រី​បាត់បង់​ឱកាស​នៅក្នុង​ការបន្ត​ការសិក្សា គឺ​គាត់​តែង​ឱ្យ​កូនស្រី​ឈប់រៀន​ដើម្បី​ជួយ​គាត់​ក្នុងការ​រកលុយ ហើយ​ឱ្យ​កូនប្រុស​ទៅ​រៀន​បន្ត។

    លោកជំទាវ​ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ក្នុងការ​សិក្សា​កន្លងមក​យ៉ាង​ដូច្នេះ​ថា “ទម្រាំ​ខ្ញុំ​មាន​ថ្ងៃនេះ ខ្ញុំ​បាន​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​មិន​ថា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​ជា​កូន​អ្នក​ខេត្ត គ្រួសារ​ឪពុកម្តាយ​របស់ខ្ញុំ​រស់​នៅ​ខេត្តក្រចេះ នៅពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ទី12 នៅ​ឆ្នាំ1995 ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​មន្ត្រីរាជការ​ដ៏​ល្អ​ម្នាក់ ព្រោះ​មាន​អ្នក​ម្តាយ​ដែលជា​គំរូ​វីរភាព​សម្រាប់​ខ្ញុំ គាត់​ជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​នៅក្នុង​ខេត្ត។ ដោយសារតែ​ចង់​សម្រេច​ក្តី​ស្រមៃ និង​មានការ​លើកទឹកចិត្ត​គាំទ្រ​ពី​អ្នក​ម្ដាយ ខ្ញុំ​ក៏បាន​មក​ភ្នំពេញ រស់នៅ​ជាមួយ​ម្តាយមីង​ដើម្បី​រៀន​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ ស្ថានភាព​ពេលនោះ​គឺ​ពិតជា​លំបាក​គ្រប់យ៉ាង​ទាំង​ការរស់នៅ និង​ការសិក្សា មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ជួប​នូវ​បញ្ហា​អសន្តិសុខ​ដោយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៀតផង ធ្វើឱ្យ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ពិបាកចិត្ត​មិនដឹងថា ត្រូវ​តស៊ូ​បាន​តទៅទៀត​ឬ​យ៉ាងណា​នោះទេ។

    លោកជំទាវ​បន្តថា “ដោយសារ​មានការ​លើកទឹកចិត្ត​ពី​អ្នក​ម្តាយ និង​ការប្តេជ្ញាចិត្ត ខ្ញុំ​បាន​ប្រឡង​ជាប់ 3មហាវិទ្យាល័យ មាន​មហាវិទ្យាល័យ​អក្ស​សាស្ត្រ មហាវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​មហាវិទ្យាល័យ​និតិ​សាស្ត្រ ពិតជា​មោទនភាព​មួយ​ដែល​ខ្ញុំ​ស្មាន​មិន​ដល់។ ដោយសារ​ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​មន្ត្រីរាជការ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ជ្រើស​យក​មហាវិទ្យាល័យ​និតិ​សាស្ត្រ ព្រោះ​ការរៀន​ច្បាប់​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្លាយជា​មន្ត្រីរាជការ​សាធារណៈ​មួយ​ដ៏​ល្អ ហើយ​ម្យ៉ាងទៀត​ការរៀន​ច្បាប់ គឺមាន​ឱកាស​ក្នុង​ការប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល។ នៅពេល​ចាប់ផ្តើម​ចូលរៀន​មហាវិទ្យាល័យ​ខ្ញុំ​បាន​ជួបនឹង​បញ្ហា​អសន្តិសុខ ដោយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​អស់1គ្រឿង​ទៀត។ ដោយមាន​ការភ័យខ្លាច​ខ្លាំងពេក ខ្ញុំ​ក៏​សម្រេចចិត្ត​បោះបង់​ការតាំង​ចិត្ត​ចោល​ខ្លះ ដោយ​ខំរៀន​តែ​មុខវិជ្ជា​ខ្មែរ​ដើម្បី​បំ​ប៉ង​ប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល​ឱ្យ​ជាប់។ នៅពេល​ចែក​មុខវិជ្ជា ខ្ញុំ​បានជ្រើសរើស​យក​នីតិសាធារណៈ ខណៈ​មិត្ត​ភ័ក្តិ​ខ្ញុំ​ជាច្រើន​ជ្រើស​រើសយក​នីតិឯកជន​ដើម្បី​ធ្វើ​មេធាវី។

    នៅពេល​ខ្ញុំ​ចប់​បរិញ្ញាបត្រ​ច្បាប់​នៅក្នុង​ឆ្នាំ2000 សាលា​ភូមិន្ទ​រដ្ឋបាល​ប្រឡង​ជ្រើសរើស សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី2 ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​ទៀត ដែល​នោះ​គឺជា​ការសម្រេច​ក្តី​សុបិន​បានពាក់កណ្តាល​របស់ខ្ញុំ ព្រោះ​រៀន​តែ2ឆ្នាំ​ទៀត​ចប់​យើង​នឹង​ក្លាយជា​មន្ត្រីរាជការ​ជាន់​ខ្ពស់​តែម្តង ប៉ុន្តែ​រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​អំឡុងពេល 2ឆ្នាំ​ដែល​ខ្ញុំ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នោះ ខ្ញុំ​ត្រូវបាន​ចោរប្លន់​យក​អស់​ម៉ូតូ1គ្រឿង​ទៀត។ បើ​និយាយ​ពី​ការតស៊ូ​តាំងពី​ចាប់ផ្តើម​ផ្លាស់​មក​រៀន​ត្រៀម​មហាវិទ្យាល័យ​នៅ​ភ្នំពេញ ខ្ញុំ​បាន​ជួប​ផល​លំបាក​ជាច្រើន​ទម្រាំ​រៀន​ចប់​ក្លាយជា​មន្ត្រីរាជការហើយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​សរុប​អស់ 3គ្រឿង។ នៅ​ឆ្នាំ​ប្រឡង​ចេញ ខ្ញុំ​បានជា​ប់​លេខ2 នៅក្នុង​ជំនាន់ ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​រើស​ប៉ុស្តិ៍​អាទិភាព អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​ជ្រើស​រើសយក​សាលា​រាជធានី​ភ្នំពេញ ដោយសារ​ខ្ញុំ​ស្រឡាញ់​ការងារ​ជា​អាជ្ញាធរ ព្រោះ​អ្នក​ម្តាយ​ខ្ញុំ​ធ្លាប់​ធ្វើជា​នាយក​ខុទ្ទកាល័យ​សាលាខេត្ត​ជិត 10ឆ្នាំ។

    នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​សាលា​រាជធានី ខ្ញុំ​ក្រឡេកឃើញ​ការិយាល័យ​អភិបាលរង​ជា​ស្ត្រី ខ្ញុំ​មានបំណង​ប្រាថ្នា​ចង់ទៅ​អង្គុយ​ធ្វើការ​នៅ​ទីនោះ ខ្ញុំ​គិតថា​ថ្ងៃ​ណា​មូ​យ​ខ្ញុំ​ត្រូវតែ​ក្លាយជា​មនុស្ស​ស្រី​ដែល​ធំជាងគេ​នៅក្នុង​សាលា​រាជធានី​គឺ​ក្លាយជា​អភិបាលរង​នៅក្នុង​សាលា​រាជធានី។ ខ្ញុំ​បានធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​អស់​រយៈ 11ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​មិន​ខ្លាច​នឿយហត់ ធ្វើការ​ដោយ​ការទទួលខុសត្រូវ ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ រហូតដល់​មានការ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ ដោយមាន​ការដំឡើង​តំណែង​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​នាយិកា​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស របស់​សាលា​រាជធានី​ភ្នំពេញ។

    នៅ​ឆ្នាំ2012 អភិបាលរង​ជានា​រី​គាត់​ចូលនិវត្តន៍ ពេលនោះ​តាម​ការវាយតម្លៃ​របស់​ថ្នាក់ដឹកនាំ គាត់​បាន​ស្នើឱ្យ​ខ្ញុំ​ជំនួស​អភិបាលរង​រាជធានី​ភ្នំពេញ ដោយបាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ជា​អកុសល​អី ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី-ខេត្ត-ក្រុង ឋានៈ​អភិបាល​ត្រូវមាន​អាយុ​តិច​បំផុត 35ឆ្នាំ អាយុ​របស់ខ្ញុំ​ខ្វះ 7ខែ​ទៀត​ទើប​គ្រប់ 35ឆ្នាំ ដូច្នេះ​ខ្ញុំ​ត្រូវ​ខកខាន​ដោយ​ត្រូវ​រង់ចាំ​ឱកាស​លើក​ក្រោយ​ទៀត។ ទោះយ៉ាងណា​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​កន្លងមក​ក៏​មិនបាន​ធ្វើឱ្យ​ខ្ញុំ​អស់សង្ឃឹម​ចំពោះ​រឿងនេះ​ដែរ ផ្ទុយទៅវិញ ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​កាន់តែ​សកម្មជាង​មុន ចំណែក​ថ្នាក់ដឹកនាំ​ក៏បាន​លើកទឹកចិត្ត​ខ្ញុំ​ដោយ​សន្យាថា ឱកាស​ក្រោយ បើ​មាន​អភិបាលរង​ណា​ម្នាក់​ចូលនិវត្តន៍​គាត់​នឹង​ស្នើសុំ​តែងតាំង​ខ្ញុំ​ម្តងទៀត​សម្រាប់​ជំនួស​កន្លែង​នោះ។

    ក្រោយមក​នៅ​ឆ្នាំ2013 បន្ទាប់ពី​មានការ​បោះឆ្នោត និង​ត្រូវ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ខ្ញុំ​ត្រូវ​បានស្នើ​ដោយមាន​ការប្រគល់​ភារកិច្ច​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រហូតមកដល់​សព្វថ្ងៃ។

    លោកជំទាវ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ស្ត្រី​ទាំងអស់​ដែលជា​ម្តាយ​នៅក្នុង​ឱកាស “ទិវា​ស្ត្រី​ពិភពលោក” នៅ​ថ្ងៃទី8 មីនា​ខាងមុខនេះ គឺត្រូវធ្វើ​យ៉ាងណា​តស៊ូ​មតិ គាំទ្រ និង​ជំរុញ​ឱ្យ​កូនស្រី​របស់ខ្លួន​មានឱកាស​ក្នុង​ការបន្ត​ការសិក្សា​ឱ្យបាន​ខ្ពង់ខ្ពស់ ពីព្រោះ​មានតែ​ការសិក្សាអប់រំ​មួយ​ទេ​ដែល​អាចជួយ​ឱ្យ​ក្មេងស្រី​មាន​ភាពក្លាហាន មាន​ភាពជឿជាក់​អាច​មានឱកាស​ទទួលបាន​ការងារ និង​ឱកាស​ក្នុងការ​ចូលរួម​គ្រ​ប់ស​កម្ម​ភាព សេដ្ឋកិច្ច នយោបាយ ក៏ដូចជា​កិច្ចការងារ​សង្គម​នានា។ លោកជំទាវ​ក៏បាន​ស្នើ​សុំឱ្យ​ស្ត្រី​ដែលជា​ម្តាយ​ទាំងអស់ ជាពិសេសប្អូនៗដែលជា​យុវតី​ត្រូវខិតខំ​ប្រឹងប្រែង​នៅក្នុង​ការសិក្សា បង្កើត​នូវ​អ្វី​ដែលជា​ក្តី​ស្រមៃ​របស់ខ្លួន​ឱ្យបាន ព្រោះ​បើសិនជា​ប្អូន​គ្រាន់តែរៀនៗទៅ ហើយ​មិនដឹងថា ចង់​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នៅ​ថ្ងៃ​អនាគត​នោះ វា​នឹង​ធ្វើឱ្យ​យើង​ខាត​ពេលវេលា បាត់បង់​ឱកាស​ក្នុងការ​ប្រកួតប្រជែង។ អ្វី​ក៏ដោយ​អាច​សម្រេច​ជោគជ័យ​បាន គឺ​ទាមទារ​ឱ្យមាន​ការរៀបចំ​ផែនការ​ជាក់លាក់​មួយ​ចំពោះ​ជីវិត​ដូចគ្នា​ដែរ បើ​យើង​ចង់បាន​ជោគជ័យ​ក្នុង​ជីវិត​ត្រូវមាន​ផែនការ​ច្បាស់លាស់ ត្រូវបង្កើត​នូវ​អ្វី​ដែលជា​ក្តី​ស្រមៃ និង​ក្តី​សុបិន​របស់ខ្លួន ហើយ​ប្រឹងប្រែង​តស៊ូ​ជម្នះ​ឧបសគ្គ​ទាំងឡាយ​ដើម្បី​សម្រេច​វា​ឱ្យបាន។ មួយទៀត សុំឱ្យប្អូនៗដែលជា​យុវ​សិស្ស ជាពិសេស​និស្សិត​ជានា​រី ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នូវ​អ្វី​ដែលជា​មុខវិជ្ជា​ដែលមាន​តម្រូវការ​ក្នុង​ទីផ្សារ​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត ឧទាហរណ៍​ដូចជា​មុខវិជ្ជា STEM ដោយសារ​យើង​មើលឃើញថា តម្រូវការ​សម្រាប់​សត​វត្សរ៍​ទី21នេះ​ទាមទារ​នូវ​បំ​ណិ​នខា​ង​ផ្នែក STEM បច្ចេកវិទ្យា ព័ត៌មាន វិទ្យាសាស្ត្រ វិស្វកម្ម គណិតវិទ្យាផ្សេងៗ ទោះបីជា​មុខវិជ្ជា​នេះ​ពិបាក​ក៏ដោយ តែ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ព្រោះ​ត្រូវ​គិតថា​អ្វីដែល​បុរស​ធ្វើបាន យើង​ជា​ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដែរ ដោយសារ​លក្ខណៈ​ធម្មជាតិ​របស់​ស្ត្រី គឺមាន​ភាព​ហ្មត់ចត់ និង​ល្អិតល្អន់​ជាង​បុរស ជួនកាល​យើង​អាចធ្វើ​ការងារ​នោះបាន​ល្អ​ជាង​បុរស​ផង​ក៏​ថា​បានដែរ ដូច្នេះ​ចូរ​កុំ​រួញរា ចូរ​កុំ​មាន​ការមិនទុកចិត្ត​ខ្លួនឯង តែ​ត្រូវមាន​ការជឿជាក់ និង​លើកទឹកចិត្ត​ខ្លួនឯង ដើម្បី​សម្រេច​ជោគជ័យ​លើ​គោលដៅ​នៃ​ជីវិត​របស់ខ្លួន៕

  • វគ្គ​ជម្រុះ Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ​មាន​ក្រុម​ចូលរួម​ច្រើនជាងគេ

    វគ្គ​ជម្រុះ Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ​មាន​ក្រុម​ចូលរួម​ច្រើនជាងគេ

    ភ្នំពេញ៖ ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​ក្រុម​ចូលរួម​រហូតដល់​ទៅ 116ក្រុម ដែល​នេះ​ជា​ចំនួន​ច្រើន​លើសគេ បើ​ប្រៀបធៀប​ទៅនឹង 7មណ្ឌល​កន្លងមក។

    ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល នៅ​ថ្ងៃទី6 ខែមីនា លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី6 ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ក្នុងការ​ផ្តល់ឱកាស​ដល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡា​បាល់​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

    ទន្ទឹមនឹងនោះ​ផងដែរ លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​បាន​មានប្រសាសន៍ថា Tiger Street Football Festival 2018 បាន​វិលត្រឡប់​មកវិញហើយ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់ 8ទីតាំង ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង 500ក្រុម កីឡាករ​សរុប​ជាង 3500នាក់ និង​មាន​ប្រាក់រង្វាន់​ដ៏​ច្រើន​សរុប 5000$។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ចុង​សប្តាហ៍​នេះ​តែម្តង។

    សូម​រង់ចាំ​តាមដាន​ទាំងអស់​តើ​ក្រុម​ណា​ជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • លោក Klopp សម្លឹង​រក​ជោគជ័យ​បន្ថែមទៀត ក្រោយ Liverpool ទៅ​វគ្គ 8ក្រុម

    លោក Klopp សម្លឹង​រក​ជោគជ័យ​បន្ថែមទៀត ក្រោយ Liverpool ទៅ​វគ្គ 8ក្រុម

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា ការ​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League គឺជា​កន្លែង​ដែល​ក្រុម​របស់​ត្រូវ​ទៅ ក្រោយពី​បានបញ្ចប់​ការរង់ចាំរ​យៈ​ពេល 9ឆ្នាំ ដើម្បី​ឈានទៅ​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នេះ កាលពី​ថ្ងៃ​អង្គារ។

    បើទោះបី​ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 នា​កីឡដ្ឋាន Anfield ក៏ដោយ ប៉ុន្តែ ក្រុម Liverpool បាន​យកឈ្នះ​លើ​ក្រុម Porto ដោយ​ងាយ​ក្នុង​លទ្ធផល​ទាំង 2ជើង 5-0 ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​ធំ​របស់​ពួកគេ​នៅលើ​ទឹកដី​របស់​ព័រ​ទុយ​ហ្គា​ល់ កាលពី៣សប្តាហ៍​មុន។

    លោក Klopp ដែល​កំពុងតែ​ស្ថិតក្នុង​រដូវ​កាល​ទី2 របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Liverpool នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ​ណាស់។ ខ្ញុំ​គិតថា ឆ្នាំនេះ យើង​មានកម្ម​សិទ្ធិ​ក្នុង​វគ្គ​នេះ ហើយ​វា​គួរតែ​មិនមាន​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ឡើយ»។

    គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​បន្ថែមទៀតថា៖ «វគ្គ​បន្ទាប់ នឹង​លំបាក ក្រុម 7ផ្សេងទៀត​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង ហើយ​ប្រហែលជា​ក្រុម 4ក្នុងចំណោម​នោះ គឺជា​ក្រុម​មកពី​អង់គ្លេស ដែល​នឹង​មិនមាន​ស្រួល​ឡើយ។ ខ្ញុំ​គិតថា យើង​នឹង​មានឱកាស​មួយ​សម្រាប់​ទៅ​វគ្គ 1/2ផ្តាច់ព្រ័ត្រ។ យើង​នឹងធ្វើ​ដំណើរ​ម្តង​មួយជំហានៗ ហើយ​នៅ​រាត្រី​នេះ​វា​ពិតជា​ផ្តល់នូវ​ការរំភើប​ណាស់»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo និង​ខ្សែបម្រើ Casemiro សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​សម្រាប់​ក្រុម Real Madrid ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​យកឈ្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម Paris Saint-Germain ដែល​អវត្តមាន Neymar ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Real ដណ្តើមបាន​ជ័យជម្នះ​ទាំង២ជើង​ក្នុង​លទ្ធផល 5-2 ក្រោយពី​ឈ្នះ 3-1 ក្នុងការ​ប្រកួត​ជើង​ទី1 កាលពី៣សប្តាហ៍​មុន៕

    ប្រភពពី៖ The Straits Times

  • ទំហំ​ទឹកប្រាក់​វិនិយោគ​កម្ពុជា-កូរ៉េ កើនឡើង​ដល់​ជាង 4ពាន់​លាន​ដុល្លារ

    ទំហំ​ទឹកប្រាក់​វិនិយោគ​កម្ពុជា-កូរ៉េ កើនឡើង​ដល់​ជាង 4ពាន់​លាន​ដុល្លារ

    ដោយ​ឈរលើ​សេ្ថ​រ​ភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ​ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ​នេះ បានធ្វើឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​បរទេស ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា កាន់តែច្រើនឡើងៗ ឧទាហរណ៍​ដូចជា វិនិយោគទុន​កូរ៉េ​ដែល​ចូលមក​វិនិយោគ​នៅ​កម្ពុជា កើនឡើង​ដល់ 900ក្រុមហ៊ុន និង​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង 4,500លាន​ដុល្លារ។

    លោក OH Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​ផ្លូវការ​វាង​ប្រទេស​ទាំងពីរ​ត្រូវបាន​កសាង​ឡើងវិញ​តាំងពី ឆ្នាំ1997មកម្ល៉េះ ដែលមាន​រយៈពេល​ប្រមាណ​ជា 21ឆ្នាំ​មកហើយ ក្រោយពី​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឡើងវិញ​កាលពី​ឆ្នាំ1993។ ទោះជា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េ​មាន​រយៈពេល​ខ្លី​ក៏ដោយក៏​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាននិងកំពុង​តែ​រីកចម្រើន​លើ​វិស័យ​ជាច្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​មានដូចជា វិស័យ​នយោបាយ​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សង្គម និង​វប្បធម៌​ជាដើម។

    លោក​បន្តទៀតថា ប្រទេស​កម្ពុជា និង​កូរ៉េ​មាន​រចនាសម្ព័ន្ធ​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​ដែល​បំពេញ​នូវ​កង្វះខាត ដែល​អាចជួយ​គ្នា​ទៅវិញទៅមក​បាន។ ពោលគឺ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ឥតឈប់ឈរ នៅពេលដែល​មានការ​ផ្សំ​ឡើង​រវាង​កម្លាំង​ពលកម្ម ប្រកបដោយ​ភាពសម្បូរ​បែប​នៃ​កសិដ្ឋាន​ដ៏​ទូលំ​ទួ​លាយ លក្ខខណ្ឌ​ភូមិសាស្ត្រ ភាព​បើកចំហ លើ​វិស័យសេដ្ឋកិច្ច ខ្ពស់​របស់​កម្ពុជា និង​បច្ចេកវិទ្យា​លទ្ធភាព​ធ្វើ​ហិរញ្ញប្បទាន និង​បទពិសោធ​សេដ្ឋកិច្ច​របស់​កូរ៉េ។

    យោងតាម​របាយការណ៍​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​រហូតដល់ 900លាន​ដុល្លារ​អាមេរិក ខណៈដែល​ចំនួន​មនុស្ស​ធ្វើដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ប្រចាំ​ឆ្នាំមាន​ចំនួន​ជាង 40ម៉ឺន​នាក់ ហើយ​ពលករ​ឧ​ស្សហកម្ម​កម្ពុជា​ប្រមាណ 4ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ។ ក្រៅពីនេះ​ប្រទេស​កូរ៉េ​ក៏បាន​និង​កំពុងតែ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការសរុប​ប្រមាណ 600លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ផ្តោតលើ​វិស័យ​ជាច្រើន​នាពេល​កន្លងមក។

    ចំណែក​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​វិញ បានឱ្យដឹងថា គិត​មក​ត្រឹម​ឆ្នាំ2017 កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​ចំនួន 208គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 4,700លាន​ដុល្លារ​អាមេរិក។ ជាការ​កត់សម្គាល់​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ មានការ​កើន​ឡើងជា​លំដាប់ ជាពិសេស​នៅ​ឆ្នាំ2017 អ្នកវិនិយោគ​សាធារណ​រដ្ឋ​កូរ៉េ​បាន​បោះទុន​វិនិយោគ​ដល់​ទៅ 202លាន​ដុល្លារ​អាមេរិក ច្រើនជាងពេលណាៗទាំងអស់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ និង​ឈរ​នៅ​លំដាប់​ទី5 ក្នុងចំណោម​ទុនវិនិយោគ​បរទេស​មក​កម្ពុជា ដែល​ទំហំ​វិនិយោគ​នេះ​បានបង្ហាញ​អំពី​ភាព​កាន់តែ​ជឿជាក់​ទៅលើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​អ្នកវិនិយោគ​សាធារណរ​ដ្ឋ​កូរ៉េ។

    ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម សុខ ចិន្តា​សោភា​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការដាក់ចេញ​នូវ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​ឯកឧត្តម​ក៏បាន​សម្តែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ថ្មី​នេះ​នឹង​ក្លាយជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ទ្វេភាគី ជាពិសេស​ការជំរុញ​និង​ទាក់ទាញ​អ្នកវិនិយោគ​សាធារណរ​ដ្ឋ​កូរ៉េ​កាន់តែច្រើន​មក​កម្ពុជា ហើយក៏​នឹងចូលរួម​ចំណែក​ផងដែរ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ 2015-2025 ដែលជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ2025។

    ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​សាធារណរដ្ឋ​កូរ៉េ បន្ត​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ការ​វិនិយោគឯកជន។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​ធ្វើការ​វិនិយោគ ទៅលើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និង​វិស័យ​កសិកម្ម​ជាដើម៕

  • កម្មវិធី Anchor International Beach VolleyballCarnival 2018 ប្រកាស​បើក​ជា​ផ្លូវការ​ហើយ!

    កម្មវិធី Anchor International Beach VolleyballCarnival 2018 ប្រកាស​បើក​ជា​ផ្លូវការ​ហើយ!

    បន្ទាប់ពី​បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​រួចមក នៅ​រសៀល​ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2018កន្លងទៅ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ភ្នំពេញក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​សន្និសីទកាសែត ដើម្បី​ប្រកាស​បើក​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ខ្លួន​ជា​ផ្លូវការ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​ដំបូង​គេ គឺ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី24 និង25 ខែមីនា​ខាងមុខនេះ ហើយនឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅតាម​ខេត្ត-ក្រុងធំៗចំនួន6ទៀត។

    លោក Roland Bala នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) មានប្រសាសន៍ថា ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​គឺ FIVB World Tour 2 Star ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​ល្បីល្បាញ​ពីរ គឺ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។ កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​បាន​ចូលទៅក្នុង​ប្រភេទ​កីឡា​អូឡាំពិក​នៅ​ឆ្នាំ 1996 ស្រប​ពេលដែល​ស្រា​បៀរ​អាន់​ឆ័​រ​បាន​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ បាន​ពង្រីក​ទៅកាន់​ខេត្ត​ក្រុងធំៗចំនួន​ប្រាំពីរ រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការប្រកួត​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្ត-ក្រុង​ចំនួន​តែ​បួន​ប៉ុណ្ណោះ គឺ​ព្រះសីហនុ សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ។ សូម​ពិសា​ស្រា​បៀរ អាន់​ឆ័​រ ដោយ​ការទទួលខុសត្រូវ៕

  • Alibaba វិនិយោគ150លាន​ដុល្លារ​ទៅលើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​ឥណ្ឌា

    Alibaba វិនិយោគ150លាន​ដុល្លារ​ទៅលើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​ឥណ្ឌា

    ថ្មីៗនេះ ក្រុមហ៊ុន​លក់ទំនិញ​ដ៏​ធំ​បំផុត​របស់​ចិន Alibaba Group Holding Ltd បានប្រកាស​ឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ទឹកប្រាក់ 150លាន​ដុល្លារ​អាមេរិក​ទៅលើ​ក្រុមហ៊ុន​ឥណ្ឌា Zomato ដែលជា​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ។

    យោងតាម​ការចេញផ្សាយ​របស់ Reuters បានឱ្យដឹងថា Zomato ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្វែងរក និង​ដឹកជញ្ជូន​ម្ហូបអាហារ​ដ៏​ធំ​មួយ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ដៃគូ​សហការ​ក្នុង 24ប្រទេស​នៅ​ជុំវិញ​ពិភពលោក ហើយក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​ថា ផ្ដល់​សេវាកម្ម​ល្អ​ដែល​អាច​ជឿទុកចិត្ត​បាន។

    ពាក់ព័ន្ធ​នឹង​ការវិនិយោគ​របស់ Alibaba ទៅលើ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​នេះ​គេ​មិនបាន​ដឹងថា ក្រុមហ៊ុន​ទាំងពីរ​យល់ព្រម​ក្នុង​លក្ខខណ្ឌ​ណាមួយ​នោះទេ ប៉ុន្តែ​បើតាម​ក្រុម​អ្នកឃ្លាំមើល បាន​បញ្ជាក់ថា Alibaba ប្រហែលជា​ទិញ​ហ៊ុន​របស់​ក្រុមហ៊ុន​ឥណ្ឌា​មួយ​នេះ ចន្លោះ​ពី 40 ទៅ45%៕

  • លោក Guardiola៖ Man City មិនទាន់​អាច​ប្រៀបធៀប​នឹង Barca ឬ Real បានឡើយ

    លោក Guardiola៖ Man City មិនទាន់​អាច​ប្រៀបធៀប​នឹង Barca ឬ Real បានឡើយ

    ក្រុម Manchester City មិនទាន់​អាច​ចាត់ទុក​ខ្លួនឯង​ថា មាន​កម្រិត​ស្មើ​ទៅនឹង​ក្រុម Barcelona ឬ​ក្រុម Real Madrid បានឡើយ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​ប​ស់លោក Pep Guardiola ដែលជា​អ្នកចាត់ការ​ទូទៅ បើទោះបី​កំពុងតែ​ជួប​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ ដែល​បានធ្វើ​ឱ្យ​ក្រុម​របស់លោក​ស្ថិតក្នុង​ចំណោម​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ក៏ដោយ។

    ក្រុម​កំពុងមាន​ពិន្ទុ​នាំមុខ​ដាច់​លើ​តារាង​នៃ​ក្របខ័ណ្ឌ Premier League មួយ​នេះ នឹង​កក់​កៅអី​របស់​ពួកគេ ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ទី2 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មិន​រង​បរាជ័យ​ក្នុង​លទ្ធផល​ដ៏​ធំ​មួយ​ក្នុង​ការប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 នៅពេល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Basel នៅ​រាត្រី​នេះ​ទេនោះ ក្រោយពី​បាន​យកឈ្នះ 4-0 កាលពី​ជើង​ទី។

    លោក Guardiola មើលឃើញថា ក្រុម Man City មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League ជាង​អតីត​ក្លិប​របស់លោក​គឺ Barcelona និង Bayern Munich ក៏ដូចជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ទៅទៀត ប្រសិនបើ​ផ្អែកទៅលើ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​នៅ​រដូវ​កាល​នេះ។ លោក Guardiola បាន​ឱ្យយ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា៖ «នៅពេលដែល​ខ្ញុំ​កំពុងតែ​និយាយថា យើង​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន Champions League វា​ជា​កិត្តិយស​មួយ។ ប្រសិនបើ​អ្នកលេង​មិនល្អ​នៅឯ​ក្រុម Manchester City ទេនោះ មនុស្ស​ជាច្រើន នឹងមិន​និយាយ​បែប​នោះឡើយ ពីព្រោះ​យើង​គ្មាន​កេ​រិ៍្ត​ដំណែល»។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Guardiola ដែល​បានឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ក្នុងការ​ដឹកនាំ​រយៈពេល 4ឆ្នាំ​របស់លោក​នៅឯ​ក្លិប Barcelona ជឿជាក់ថា បទពិសោធ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំង2ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ធ្វើ​ឲ្យ​ពួកគេ​មានប្រៀប​ជាង Man City។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 2:45ទៀបភ្លឺ៕

    ប្រភពពី៖ ESPN

  • កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​អ៊ឺរ៉ុប​នឹងត្រូវ​ពិភាក្សា​ឡើងវិញ

    កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​អ៊ឺរ៉ុប​នឹងត្រូវ​ពិភាក្សា​ឡើងវិញ

    ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន-អឺរ៉ុប លើក​ទី16 (16th AEM-EU) នៅឯ​ប្រទេស​សិង្ហបូរី កាលពី​ចុង​សប្តាហ៍​មុន មេដឹកនាំ​នៃ​សហគមន៍​ទាំងពីរ បាន​សន្យា​ព​ន្លឿ​ន​ការចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើងវិញ បន្ទាប់ពី​អាក់ខាន​តាំងពី​ឆ្នាំ2007 មក។

    សារព័ត៌មាន Straits Times របស់​សាធារណរដ្ឋ​សិង្ហ​បុរី​ចុះផ្សាយ​ថា សហភាព​អឺរ៉ុប និង​អាស៊ាន បាន​សន្យាថា​នឹង​ព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ឡើងវិញ ដើម្បី​គាំទ្រ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទប់ទល់​នឹង​ការកើនឡើង​នៃ​របប​គាំពារ​និយម​របស់​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Donald Trump។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​របស់​កម្ពុជា បានបង្ហាញ​ទស្សនៈ​វិជ្ជមាន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា នឹង​អាច​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រទេស​កម្ពុជា «ខ្ញុំ​ជឿថា​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ចាប់ផ្តើម​សាជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខ»។

    ទន្ទឹមគ្នានេះ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប​លោកជំទាវ Anna Cecilia Malmstrom ក៏បាន​យល់ស្រប​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់ និង​ជា​ផ្នែក​មួយ​នៃ​រូបភាព​សហប្រតិបត្តិកា​រ​ដ៏​ធំ។ លោកស្រី​បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​សម្លឹង​ឃើញ​ជា​ដំណើរការ​បង្កើត​ប្លុក​មួយ​ឆ្ពោះទៅរក​ការធ្វើសមាហរណកម្ម​ទូលំទូលាយ «កិច្ចព្រមព្រៀង​ក្នុង​តំបន់​របស់​យើង គឺជា​សញ្ញា​ដ៏​រឹងមាំ​មួយ​ទៅកាន់​ពិភពលោក​ថា សហភាព​អឺរ៉ុប និង​អាស៊ាន​នឹង​ឈរ​កៀក​ស្មា​គ្នា ដើម្បី​គាំទ្រ​ការបើកចំហ​ពាណិជ្ជកម្ម» ។

    គួរ​រំឭក​ដែរ​ថា សហភាព​អឺរ៉ុប​តំណាងឱ្យ​ប្រទេស​ចំនួន28 និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ តំណាងឱ្យ​ប្រទេស​ចំនួន10 បានធ្វើការ​ពិភាក្សា​អំពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ការចរចា​លើកដំបូង​បានធ្វើ​ឡើង​នៅក្នុង​ឆ្នាំ2007 ប៉ុន្តែ​ភាគី​ទាំងពីរ បាន​លុបចោល​កិច្ចព្រមព្រៀង​នេះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក។ ហើយ​កាលពី​ឆ្នាំមុន អាស៊ាន និង​អឺរ៉ុប​បាន​ឯកភាពគ្នា​ក្នុង​ការដាក់​កិច្ចព្រមព្រៀង​នេះ​ចូលទៅក្នុង​របៀបវារៈ​ប្រជុំ ប៉ុន្តែ​ត្រូវបាន​ដកចេញ​មុន​កិច្ចប្រជុំ​ជា​ផ្លូវការ​ចាប់ផ្តើម៕

  • Alves ៖ ទោះ​គ្មាន Neymar ក៏​ក្រុម PSG ត្រូវតែ​ក្រោក​ឡើង និង​បន្ត​ទៅមុខ​ដែរ

    Alves ៖ ទោះ​គ្មាន Neymar ក៏​ក្រុម PSG ត្រូវតែ​ក្រោក​ឡើង និង​បន្ត​ទៅមុខ​ដែរ

    ខ្សែការពារ Dani Alves បាន​បញ្ជាក់ថា ក្រុម Paris Saint-Germain មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផ្តួល​ក្រុម Real Madrid ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​នៅ​រាត្រី​នេះ បើទោះបី​គ្មាន​តារា​ឆ្នើម Neymar ដែល​កំពុងតែ​រងរបួស​ក៏ដោយ។

    នៅពេលដែល​ត្រូវបាន​ចោទសួរ​អំពី​ការ​អវត្តមាន​មិត្ត​រួម​ជាតិ​របស់គេ ដែល​វិល​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​វិញ​ដើម្បី​សម្រាក​ព្យាបាល​ពី​ការវះកាត់​ប្រអប់ជើង​នោះ Alves បានឱ្យដឹងថា៖ «យើង​តែងតែមាន​ជម្រើស2 ជានិច្ច ពោលគឺ​ត្រូវតែ​អង្គុយ​ចុះ និង​យំសោក​ស្តាយ ឬក៏​យើង​ត្រូវតែ​ក្រោក​ឡើង និង​ធ្វើ​អ្វីដែល​យើង​ត្រូវតែ​ធ្វើ​តទៅទៀត»។

    Alves ដែល​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​បន្តថា៖ «ជាមួយនឹង​ការ​មាន Neymar យើង​កាន់តែខ្លាំង​ជាង​មុន តែបើ​គ្មាន Neymar ក៏​យើង​នៅតែ​ខ្លាំង ពីព្រោះ​យើង​មាន​កីឡាករ​ផ្សេងទៀត​ជាច្រើន»។ ខ្សែការពារ​ជើងចាស់​រូបនេះ បាន​បន្ថែមទៀតថា៖ «ពិតណាស់ យើង​សោកស្តាយ​ចំពោះ​ការ​អវត្តមាន​របស់គេ។ ប៉ុន្តែ ខ្ញុំ​បានបញ្ជាក់​ហើយ​ថា រវាង​ការ​អង្គុយ​ចុះ និង​ស្រែកយំ និង​ការ​ក្រោកឈរឡើង ហើយ​បន្តដំណើរ​ទៅមុខ ខ្ញុំ​តែងតែ​ជ្រើស​រើសយក​ជម្រើស​ទី2 ជានិច្ច»។

    ប៉ុន្តែ ដើម្បី​ឈានទៅដល់​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​ខែមេសា ពួកគេ​ត្រូវតែ​ធ្វើការ​ស្រោចស្រង់​ពី​ការ​ចាញ់​ក្នុង​ជើង​ទី1 ក្នុង​លទ្ធផល 3-1 នៃ​ការប្រកួត​ក្របខ័ណ្ឌ​វគ្គ16ក្រុម​ចុងក្រោយ​របស់​ពួកគេ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Real ក្រោយពី​ការរង​បរាជ័យ​របស់​ពួកគេ នា​កីឡដ្ឋាន Bernabeu កាលពី​ខែ​មុន។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sport24

  • 5បទ​របស់លោក ខេមរៈ សេរី​មន្ត បាន​អង្រួន​ដួងចិត្ត​បងប្អូន​នៅ​ទីក្រុង​តាខ្មៅ

    5បទ​របស់លោក ខេមរៈ សេរី​មន្ត បាន​អង្រួន​ដួងចិត្ត​បងប្អូន​នៅ​ទីក្រុង​តាខ្មៅ

    កណ្តាល៖ រំលឹក​ពី​ការប្រគំ​ត​ន្រី្ត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បន្ទាប់ពី​ការប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ហើយ​ការប្រគំ​តន្ត្រី​នេះ​មាន​វត្តមាន​របស់​តារាចំរៀងល្បីៗដូចជា៖ កញ្ញា ចំរើន សុ​ភ័​ក្រ, លោក ថែ ថៃ, កញ្ញា ផន ស្រីខូច, កញ្ញា ពេជ្រ សោភា, និង​លោក ខេមរៈ​សេរី​មន្ត។

    វត្តមាន​របស់ Super Star ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ទាំង 5រូប​នៅលើ​ឆាក​បែប​កុង​ធើ​ន័​រ បានធ្វើ​ឲ្យ​បងប្អូន​ដែល​រស់នៅ​ខេត្តកណ្តាល មក​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ពេញ​បរិវេណ​សួនច្បារ​ច្រមុះជ្រូក​មាន​ទន្លេរ​ក្រុង​តាខ្មៅ។ លើសពីនេះទៅទៀត ចំពោះ​អ្នក​ដែល​មក​ទស្សនា​ផ្ទាល់​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ជាពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ មក​ទទួលទាន​បន្តើរ និង​ទស្សនា​បន្តើរ​នៃ​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018។

    អ្វីដែល​ធ្វើ​ឱ្យសំឡេង​ហូ​កញ្ជ្រៀវ​របស់​អ្នកគាំទ្រ​បន្លឺឡើង​កាន់តែខ្លាំង​នោះ​គឺ វត្តមាន​របស់លោក ខេមរៈ សេរី​មន្ត ដែលជា​តារាចម្រៀង​កំពុងមាន​ប្រជាប្រិយភាព។ លោក​បាន​លើកយក​ចម្រៀង​ចំនួន 5បទ ដែល 2បទ​ជា​ចម្រៀង​បែប​មនោ​ស​ច្ចេតនា និង 3បទ បែប​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ហើយ​ចម្រៀង​ទាំងនោះ​ទៀតសោធ សុទ្ធសឹង​ជា​បទ​ចម្រៀង​ដែល​កំពុទ​ទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​បងប្អូន ដូចជា​បទ៖ មានទ្រព្យ ចិត្ត​ស្មោះ មិន​ប្រាកដ​មនុស្ស​ស្រី​ស្រលាញ់​យើង​រហូត​ទេ, ទ្រាំៗទៅធ្វើ​ម៉េច​យើង​ស្រលាញ់​គេ និង​បទ ក្បាច់​ពស់ ជាដើម។

    សូមជម្រាប់ថា បន្ទាប់ពី​មណ្ឌល​ក្រុង​តាខ្មៅ ខេត្តកណ្តាល Tiger Street Football Festival 2018 នឹង​ឆ្ពោះទៅ​មណ្ឌល​ចុងក្រោយ​គឺ មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃទី09 ទី10 និង​ទី11 ខែ​មិនា ធ្វើ​នៅ​បរិវេណ​មុខ​សាល​មហោស្រព កោះ​ពេជ្រ។

    ដូច​ច្នេះ​ចង់ដឹងថា​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ មាន​អ្វី​រឹតតែ​អស្ចារ្យ​នោះ​សូម​តាមដាន​ទាំងអស់គ្នា៕

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ