Author: វល័ក្ខ

  • ថ្ងៃ​ដំបូង​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស Tiger Street Football Festival ទទួល​ការចាប់អារម្មណ៍​ខ្លាំង

    ថ្ងៃ​ដំបូង​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស Tiger Street Football Festival ទទួល​ការចាប់អារម្មណ៍​ខ្លាំង

    រាជធានី​ភ្នំពេញ៖ការប្រកួត​ថ្ងៃ​ដំបូង​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៃ​ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ដោយមាន​វត្តមាន​វីរបុរស​ក្រុម​បិសាច​ក្រហម​លោក Ryan Giggs និង​កីឡាករ​ឆ្នើម​បំផុត​មកពី​មណ្ឌល​ទាំង៨ ។

    លើសពីនេះ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​មិត្តភាព​មួយ ដោយ​ជ្រើស​យក​កីឡាករ​ម្នាក់ តំណាង​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌលនីមួយៗ ហើយ​បែង​ចែកជា២ក្រុម​ដើម្បី​ប្រកួត​លក្ខណៈ​មិត្តភាព។

    ការប្រកួត​ជម្រើស​កីឡាករ​ទាំង២ក្រុម ទទួលបាន​ការណែនាំ នឹង​ពិនិត្យ​ដាក់ពិន្ទុ​ផ្ទាល់​ដោយ លោក Ryan Giggs ដើម្បី​ស្វែងរក​កីឡាករ​ឆ្នើម​ក្នុងការ​ប្រកួត​នេះ និង​ទទួលបាន​រង្វាន់​ពិសេស​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ។ ជា​លទ្ធផល កីឡាករ​ឆ្នើម​បាន​ទៅលើ​យុវជន​ម្នាក់​ដែលជា​សមាជិក​ក្រុម Home Sport Original ហើយ​ក្រុម​នេះ​គឺជា​ម្ចាស់​ជើងឯក​ប្រចាំរាជធានី​ភ្នំពេញ​ផងដែរ។

    សូមបញ្ជាក់ថា វីរបុរស​ក្រុម​បិសាច​ក្រហម Ryan Giggs មក​កម្ពុជា​រយៈពេល២ថ្ងៃ ដើម្បី​ចូលរួម​ជា​ទូត​សុ​ឆន្ទៈ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018  ដែល​នឹង​ចែករំលែក​បទពិសោធន៍​លេង​បាល់ទាត់ និង​ផ្តល់ឱកាស​ចុះហត្ថលេខា ថតរូប​ជាមួយ​អ្នក​គាំង​ទ្រ​ផងដែរ។

    ចង់ដឹងថា​តើ​នៅ​ថ្ងៃទី​ពីរ លោក Ryan Giggs នឹងមាន​សកម្មភាព​ពិសេស​អ្វីខ្លះ? សូម​បន្ត​តាមដាន​ទាំងអស់គ្នា។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ

  • វីដេអូអប់រំខ្លី ភាគទី២ ‌«គុណសម្បត្តិខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    វីដេអូអប់រំខ្លី ភាគទី២ ‌«គុណសម្បត្តិខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»

    អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការប្រាក់សមរម្យ ផ្តល់ប្រឹក្សាយោបល់ពីការរៀបចំហិរញ្ញវត្ថុ និងសន្សំលុយក្នុងគ្រួសារ មានធានារ៉ារប់រងលើសុខភាពពេលឈឺ ជាពិសេសនៅពេលមានបញ្ហាបង់សង នឹងមានអ្នកពិគ្រោះយោបល់ជាមួយនឹងដំណោះស្រាយដ៏សមស្រប នៅពេលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងគោរពតាមគោលការណ៍ការពារអតិថិជន៕


  • Mark Zuckerberg ទទួលបាន​លុយ​ជិត 500លាន​ដុល្លារ​ពី​ការលក់​ហ៊ុន Facebook

    Mark Zuckerberg ទទួលបាន​លុយ​ជិត 500លាន​ដុល្លារ​ពី​ការលក់​ហ៊ុន Facebook

    សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធំជាងគេ លើ​ពិភពលោក Facebook Inc លោក Mark Zuckerberg ត្រូវបាន​គេ​ដឹងថា ថ្មីៗនេះ​បាន​លក់​ភាគហ៊ុន Facebook ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹក​ដើម្បី​យកលុយ​ទៅ​ទំនុកបម្រុង​ក្នុងការ​វិនិយោគ​លើ​ក្រុមហ៊ុន​ថ្មី​មួយទៀត។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters។

    តាម​ការចុះផ្សាយ​របស់ Reuters បានឱ្យដឹងថា កាលពី​ខែកុម្ភៈ កន្លងទៅនេះ​កំពូល​មហាសេដ្ឋី​វ័យក្មេង Mark Zuckerberg បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ចំនួន 2ដង ដោយ​លើក​ទី1លក់​ចំនួន 685,000ហ៊ុន ដោយ​ទទួលបាន​ប្រាក់​ចំនួន 125.4លាន​ដុល្លារ​អាមេរិក និង​លើក​ទី2 លក់ 2.7លាន​ហ៊ុន​ថែមទៀត​ដោយ​សរុប​ទាំង​ពីរលើក​ទទួលបាន​ប្រាក់ 482.2លាន​ដុល្លារ​អាមេរិក។

    លុយ​ដែល​បាន​ពី​ការលក់​ភាគហ៊ុន​ទាំងពីរ​លើក​នេះ មិនត្រូវ​បាន​លោក Mark Zuckerberg បញ្ជាក់ថា យកទៅ​ធ្វើ​អ្វី​នោះទេ ប៉ុន្តែ​ខាង​ក្រុម​អ្នកឃ្លាំមើល​បាន​លើកឡើងថា លុយ​ទាំងអស់នោះ គឺ Mark Zuckerberg យកទៅ​វិនិយោគ​បន្ថែម​ទៅលើ​ក្រុមហ៊ុន Chan Zuckerberg Initiative ដែល​បង្កើតឡើង​ដោយ​លោក​ជាមួយនឹង​ភរិយា ហើយ​ក្រុមហ៊ុន​មួយ​នេះ គឺ​ផ្ដោត​សំខាន់លើ​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ និង​វិស្វកម្ម។

    កាលពី​ខែកញ្ញា ឆ្នាំ2017 លោក Mark Zuckerberg បានប្រកាសថា លោក​នឹង​លក់​ភាគហ៊ុន​ដែលមាន​នៅក្នុង​បណ្ដាញ​សង្គម Facebook ចន្លោះ​ពី 35 ទៅ 75លាន​ហ៊ុន នៅក្នុង​រយៈពេល 18ខែ​បន្ទាប់ ដែល​តាម​ការប៉ាន់ប្រមាណ​អាច​ប្រមូលប្រាក់​បាន​រហូតដល់ 13ពាន់​លាន​ដុល្លារ​អាមេរិក។

    គួរ​បញ្ជាក់ដែរថា លោក Mark Zuckerberg គឺជា​បុគ្គល​តែ​ម្នាក់​គត់ ដែលមាន​ភាគហ៊ុន Facebook ច្រើនជាងគេ ដោយ​កាលពី​ឆ្នាំ2016 លោក​បាន​លក់​ភាគហ៊ុន​ដោយ​ទទួលបាន​លុយ 1.6ពាន់​លាន​ដុល្លារ​អាមេរិក​ម្ដង​រួចមកហើយ៕

  • ការ​សាង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ជា​រឿង​សំខាន់​សម្រាប់​អាជីវកម្ម​សម័យថ្មី

    ការ​សាង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ជា​រឿង​សំខាន់​សម្រាប់​អាជីវកម្ម​សម័យថ្មី

    ការ​សាង​អត្តសញ្ញាណ​ផ្ទាល់ខ្លួន ឬ​សាង​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន (personal branding) ជា​រឿង​សំខាន់​មួយ​សម្រាប់​ម្ចាស់​អាជីវកម្ម​សម័យថ្មី ជាពិសេស​អាជីវកម្ម​ដែល​រកស៊ី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-commerce) ដែល​ទាមទារ​ឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន។

    លោក ហាក់ គីម​ថុង ស្ថាបនិក និង​ជានា​យក Kumnit Creative បាន​លើកឡើងថា សម្រាប់​អ្នកធ្វើអាជីវកម្ម​ចាំបាច់​ត្រូវតែមាន​កេរ្តិ៍ឈ្មោះ​ល្អ និង​មាន​អត្តសញ្ញាណ​ច្បាស់លាស់​សម្រាប់​ឱ្យ​អតិថិជន​បាន​ស្គា​ល់ពី​ភាពខ្លាំង​របស់ខ្លួន។ អ្នករកស៊ី​ត្រូវ​ចេះ​វិនិយោគ​ខ្លួនឯង​ក្នុង​រយៈពេល​យូរ ជាមួយនឹង​ការ​សាង​កេរ្តិ៍ឈ្មោះ​ឱ្យបាន​ល្អ រួមទាំង​ទំនាក់ទំនង​ទូលំទូលាយ​មុនពេល​បង្ហាញ​ផលិតផល​របស់ខ្លួន​ទៅកាន់​អតិថិជន ព្រោះថា នៅពេលដែល​អតិថិជន​បាន​ស្គាល់​ពី​ភាពខ្លាំង​របស់​យើង​ច្បាស់លាស់ យើង​នឹង​ទទួលបាន​ការជឿទុកចិត្ត​លើ​ផលិតផល​របស់​យើង​កាន់តែខ្លាំង​ឡើង​ដូចគ្នា។

    លោក ហាក់ គីម​ថុង បាន​និយាយថា ៖ “អ្នក​ដែល​ចង់​ធ្វើ​អាជីវកម្ម គួរ​មាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​មើលឃើញ​ពី​ចំណុច​ពិសេស​របស់ខ្លួន​យូរអង្វែង ហើយ​ត្រូវដាក់​ផែនការ​ក្នុងការ​ធ្វើ​វា រហូត​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អតិថិជន​គោលដៅ​របស់ខ្លួន។

    លោក ហាក់ គីម​ថុង បានលើកឡើង​ផងដែរ​ថា មាន​មនុស្ស​ជាច្រើន ជាពិសេស​អ្នករកស៊ី​តាម​បណ្តាញ​អន​ឡាញ​ដែល​គាត់​ផ្សព្វផ្សាយ​តែ​ពី​ផលិតផល​ខ្លាំងពេក បែរជា​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​គួរឱ្យ​រំខាន ឬ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទៅវិញ។ បញ្ហា​នេះ មកពី​អតិថិជន​របស់គាត់​មិនទាន់​ស្គាល់ និង​ទុកចិត្ត​គាត់​នៅឡើយ ហើយ​ពេលខ្លះ​ថែមទាំង​បង្ហាញ​នូវ​ការមិន​ចូលចិត្ត​ទៀតផង។ ជា​ជម្រើស​ល្អ​សម្រាប់​ពួកគាត់ គឺ​គាត់​អាច​សាកល្បង​បង្ហាញ​អំពី​ខ្លួន​គាត់​ជាមុនសិន បន្ទាប់មក​តាមរយៈ​កេរ្តិ៍ឈ្មោះ​ល្អ​របស់គាត់ គាត់​អាច​នឹងមាន​ឥទ្ធិពល​សម្រាប់ការណែនាំ​ដល់​អតិថិជន​ឱ្យប្រើ​ប្រាស់​ផលិតផល ឬ​សេវា​ដែល​គាត់​កំពុង​ធ្វើ​អាជីវកម្ម​នោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    បង្ហាញ​លើ​ចំណុច​នេះដែរ លោក ម៉ៅ វិបុល​អគ្គនាយក​ហាង​កាហ្វេ Brewhouse បាន​លើកឡើងថា កេរ្តិ៍ឈ្មោះ​ផ្ទាល់ខ្លួន​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នកធ្វើអាជីវកម្ម ព្រោះថា នៅពេលដែល​យើង​មានឈ្មោះ​ល្អ អតិថិជន​នឹង​ទុកចិត្ត និង​គាំទ្រ​យើង​ច្រើន ប្រសិនបើ​សេវាកម្ម ឬ​ផលិតផល​របស់​យើង​មានគុណ​ភាពល្អ។ ម្យ៉ាងវិញទៀត ក្រៅពី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​អតិថិជន​ហើយ ការ​មានកេរ្តិ៍ឈ្មោះ​ល្អ បូករួម​ទាំង​មាន​គម្រោង​អាជីវកម្ម​ល្អ​ផង អាចធ្វើឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ដៃគូ​អាជីវកម្ម ឬ​ប្រភព​ទុន​បន្ថែម​ទៀតផង។

    លោក ម៉ៅ វិបុល បាន​និយាយថា ៖ “នៅពេលដែល​យើង​ចាប់ផ្តើម​អាជីវកម្ម​ដំបូង យើង​ចាំបាច់​ត្រូវធ្វើ​ការប្រមូល​ទុន​ជាមុនសិន ប្រសិនបើ​យើង​មានឈ្មោះ​មិនសូវ​ល្អ យើង​ក៏​មិនអាច​ប្រមូល​ទុន ឬ​ស្វែងរក​ដៃគូ​បានល្អ​ដែរ ផ្ទុយ​មកវិញ​ប្រសិនបើ​យើង​មាន​ភាពច្បាស់លាស់ យើង​នឹង​ក្លាយជា​មនុស្ស​ដែល​អាច​ដោះស្រាយ​បញ្ហា​អាជីវកម្ម​បាន​យ៉ាង​ងាយស្រួល។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើ​និយាយ​ពី​ការដោះស្រាយ​បញ្ហា​ទុន​ធ្វើ​អាជីវកម្ម គឺ​គេ​គិតពី​ទុន​ដែលមាន​នៅក្នុង​ដៃ និង​ទុន​ដែល​មិនទាន់មាន​នៅក្នុង​ដៃ។ ទុន​ដែល​មិនទាន់​មាននៅក្នុង​ដៃ គឺជា​ទុន​បង្វិល​ដែល​យើង​ទទួលបាន​ពី​សាច់ញាតិ​ដែល​ស្និទ្ធស្នាល​បំផុត ឬ​ប្រភព​មួយចំនួនទៀត​ដែល​ចុងក្រោយ​អាចជា​កម្ចី​ធនាគារ ប្រសិនបើ​យើង​មានឈ្មោះ​ល្អ និង​គម្រោង​អាជីវកម្ម​ល្អ​យើង​នឹង​អាច​ទទួលបាន​ការទុកចិត្ត ហើយ​ទទួលបាន​ទុន​នោះ​យ៉ាង​ងាយ។ ហេតុនេះហើយ ទើប​អ្នកធ្វើអាជីវកម្ម​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​ភាពស្មោះត្រង់ និង​ភាពច្បាស់លាស់​ស្របពេល​ដែល​យើង មានគំនិត​អាជីវកម្ម​ល្អ​ហើយ​ដែរ៕

  • ធនាគារ CIMB បានរៀបចំ​កម្មវិធី​ទិវា​នារី​អន្តរជាតិ ក្រោម​កិច្ច​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពី ក្រសួង​កិច្ចការនារី ដើម្បី​ជាការ​លើកកម្ពស់​សមត្ថ​ភាព និង​ការចូលរួម​របស់​ស្ត្រី ក្នុង​ស្ថាប័ន

    ធនាគារ CIMB បានរៀបចំ​កម្មវិធី​ទិវា​នារី​អន្តរជាតិ ក្រោម​កិច្ច​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពី ក្រសួង​កិច្ចការនារី ដើម្បី​ជាការ​លើកកម្ពស់​សមត្ថ​ភាព និង​ការចូលរួម​របស់​ស្ត្រី ក្នុង​ស្ថាប័ន

    ភ្នំពេញ៖ នៅ​ថ្ងៃទី07 ខែមីនា ឆ្នាំ2018 ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំ​កម្មវិធី​អបអរសាទរ​ព្រឹត្តិការណ៍ ទិវា​នារី​អន្តរជាតិ 08មីនា ខួប​លើក​ទី107 ក្រោម​ប្រធានបទ «ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ» ដោយមាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី រួមជាមួយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ និង​បុគ្គលិក​គ្រប់លំដាប់​របស់​ធនាគា​រ CIMB ប្រមាណ​ជាង 80នាក់​ផងដែរ។

    ក្រោម​កិច្ច​ឧបត្ថម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ក្រសួង​កិច្ចការនារី បាន​ញ៉ាំងឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​ភាព​អស្ចារ្យ និង​អធិកអធម​ក្រៃលែង បង្កលក្ខណៈ​ដល់​បុគ្គលិក​គ្រប់រូប​ដែល​បាន​អញ្ជើញ​ចូលរួម អាច​ស្វែងយល់​កាន់តែច្បាស់ ពី​សារៈសំខាន់​របស់​ស្ត្រី ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ក៏ដូចជា​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការដោះស្រាយ​បញ្ហា​នានា​របស់​ស្ត្រី​ទូទាំងប្រទេស​កម្ពុជា។

    ថ្លែង​ក្នុង​កម្មវិធី​ដ៏​ឱឡារិក​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «យើង​រៀបចំ​កម្មវិធី​ទិវា​នារី​អន្តរជាតិ​នេះ​ឡើង ដើម្បី​ចូលរួម​អបអរ​ដល់​ស្ត្រី នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​បង្ហាញ​ពី​ការថ្លែងអំណរគុណ​ដល់​និយោជិត​ជា​ស្ត្រី​របស់​ធនាគារ​យើង។ ធនាគារ CIMB បាន​លើកទឹកចិត្ត និង​លើកកម្ពស់​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី ក្នុង​វិស័យ​ធនាគារ។ យើងខ្ញុំ​មាន​និយោជិត​ស្ត្រី រហូតដល់ 55% នៃ​ចំនួន​បុគ្គលិក​សរុប​របស់​ធនា​គារ CIMB ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ធ្វើឱ្យ​សេវាកម្ម​បម្រើ​អតិថិជន​កាន់តែ​ល្អ​បំផុត​ចំពោះ​អតិថិជន​របស់​យើង»។

    ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួង​កិច្ច​នារី បានផ្តល់​អនុសាសន៍ នៅក្នុង​កម្មវិធី​នេះ​ថា៖ «ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ និង​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ សម្រាប់​ជំរុញ​ឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​ការអភិវឌ្ឍ រីកចម្រើន វឌ្ឍនភាព ស្ថេរភាព និង​សន្តិភាព។ បច្ចុប្បន្ន មាន​ស្ត្រី​កាន់​ច្រើន​ដែល​ពោ​ពេញ​ទៅដោយ​សមត្ថភាព និង​ភាពជោគជ័យ​នៅក្នុង​ជីវិត នៅលើ​មុខ​ជំនួញ និង​ការងារ។ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគា​រ CIMB ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​លើកកម្ពស់​កា​រ​ចូលរួម​របស់​ស្ត្រី នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ ដែល​រួមមាន​គណៈ​គ្រប់គ្រង​ជា​ស្ត្រី រហូតដល់ 4នាក់ ក្នុងចំណោម​គណៈ​គ្រប់គ្រង​ទាំង11នាក់»។

    ជាមួយគ្នានេះ លោកជំទាវ​បានបញ្ជាក់​ផងដែរ​ថា ការចូលរួម​របស់​ក្រសួង​កិច្ចការនារី ក្នុង​ព្រឹត្តិការណ៍​អបអរ​ស​សាទរ​ទិវា​នារី​អន្តរជាតិ ជាមួយ​ធនាគារ CIMB នេះ គឺជា​លើកដំបូង​ហើយ ដែល​ក្រសួង​ប្រា​ព្ធ​ធ្វើជា​មួយក្រុម​ហ៊ុន​មក​វិស័យ​ឯកជន។ ហើយ​ក្រសួង​កិច្ចការនារី​សង្ឃឹមថា នឹងមាន​កម្មវិធី​បែបនេះ​កាន់តែ​ធំ​ជាង​នេះ ជាមួយ​ធនាគារ CIMB ក៏ដូចជា​នឹងមាន​ការចូលរួម​កាន់​តែ​ច្រើនឡើង ពី​ស្ថាប័ន និង​ក្រុមហ៊ុន​នានា ក្នុងការ​លើកកម្ពស់ និង​លើកទឹកចិត្ត​ស្ត្រី នៅក្នុង​ស្ថាប័ន​ការងារ ដែល​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គមជាតិ។

    គួរបញ្ជាក់​ផងដែរ ទិវា​អន្តរជាតិ​នារី 8មីនា ជា​ទិវា​សកល​មួយ ដែល​រំលឹក​អំពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី នៅ​ទូទាំង​សកលលោក ដើម្បី​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈ តួនាទី​របស់​ស្ត្រី នៅក្នុង​សង្គម។

    ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ប្រទេសនីមួយៗ តែងតែ​លើកយក​ប្រធានបទផ្សេងៗគ្នា ដែល​ទាក់ទង​នឹង​ស្ត្រី ដើម្បី​ដាក់ចេញ​ជា​សកម្មភាព ឱ​ញយ​ស្របទៅនឹង​បរិបទ​របស់​ប្រទេសនីមួយៗ ហើយដោយ​ឡែក ប្រធានបទ «ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ» ត្រូវបាន​លើកឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន​ក្នុង សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​សិទ្ធិសេរីភាព និង​ការចូលរួម​ដោយ​ស្មើភាព​ក្នុង​ភារកិច្ច កសាង​សង្គម​របស់​ស្ត្រី។ ជាមួយគ្នានេះ ធនាគារ CIMB ដែលជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ នៅ​ប្រទេស​កម្ពុជា មាន​មោទនភាព ដែល​តែងតែ​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិ​ក​ជនជាតិខ្មែរ ជាពិសេស​លើកទឹកចិត្ត​ដល់​បុគ្គលិក​ស្ត្រី ក្នុង​វិស័យ​ធនាគារ៕

  • Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ​ពោរពេញ​ទៅដោយ​ក្រុម​ខ្លាំង និង​ជក់ចិត្ត​បំផុត

    Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ​ពោរពេញ​ទៅដោយ​ក្រុម​ខ្លាំង និង​ជក់ចិត្ត​បំផុត

    ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger Street Football Festival 2018 នៅ​មណ្ឌល​ភ្នំពេញ​គឺ​ពោរពេញ​ទៅដោយ​ក្រុមខ្លាំងៗ ហើយ​ការប្រកួត​កាន់តែ​ស្វិតស្វាញ ខណៈដែល​ការប្រកួត​ថ្ងៃ​ដំបូង​នេះ​ក្រុមនីមួយៗបាន​បញ្ចេញ​នូវ​បច្ចេកទេស​យ៉ាង​ប៉ិនប្រសប់​នៅលើ​ទីលាន​ហ្វូ​ត​សាល Tiger Street នៅមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ។

    នេះ​ជា​មណ្ឌល​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018  មុនពេល​ឈានចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​ថ្ងៃទី10-11 ខែមីនា ឆ្នាំ2018នេះ។ នៅ​មណ្ឌល​ភ្នំពេញ​ក្រុម​ទាំង 116នឹងត្រូវ​ធ្វើការ​ប្រកួត​រហូតដល់​ទៅ៣ថ្ងៃ​ឯណោះ ទើប​អាច​ស្វែងរក​ក្រុម​ទាំង 12ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​បាន។

    លើសពីនេះ​ក្រុម​ចូលរួម​ទាំងអស់​សុទ្ធតែ​ជា​ក្រុម​ជើង​ខ្លាំង ពោរពេញ​ដោយ​បទពិសោធន៍​ក្នុងការ​ប្រកួត​លក្ខណៈ​ហ្វូ​ត​សាល​លើ​ក្ដារ​នេះ ដែល​ក្រុមល្បីៗចុះឈ្មោះ​ចូលរួម​ប្រកួត​ដូចជា៖ ក្រុម​ការពារ​តំណែង​ជើងឯក Victory Youth FC, ដូនពេញ FC, Home Sport FC, Pisnoka FC, Daniel FC, អាណាចក្រ​បៃតង, ឆន្ទៈ​កីឡា, និង​ក្រុម Rolling FC ជាដើម។ អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ក្នុងការ​ប្រកួត​មណ្ឌល​នេះ​មួយទៀត​នោះ គឺ​ពួកគេ​អាច​នឹង​បានឃើញ​បច្ចេកទេស​ពី​កីឡាករ​បរទេស ព្រោះថា​ក្រុម​នៅ​ភ្នំពេញ​ភាគច្រើន​តែងតែមាន​លាយ​កីឡាករ​បរទេស។

    ចំពោះ​ប្រាក់រង្វាន់​សម្រាប់​មណ្ឌល​នេះ​វិញ ក្រុម​លេខ1 បាន1500ដុល្លារ លេខ2 បាន1000ដុល្លារ លេខ3 បាន500ដុល្លារ និង​ក្រុម​លេខ4 បាន200ដុល្លារ។ ការប្រកួត​ជ្រើស​យក12ក្រុម​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ប្រាក់រង្វាន់​ធំ​ទូទាំងប្រទេស 15000ដុល្លារ និង​បាន​ថតរូប​ជាមួយ​វីរបុរស​ក្រុម​បិសាច​ក្រហម Manchester United គឺ​លោក Ryan Giggs ថែមទៀត។

    សូម​រង់ចាំ​តាមដាន​ទាំងអស់​តើ​ក្រុម​ណា​ជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH

    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ក្តីបារម្ភ​លើ​គុណភាព​សំណង់​នៅតែមាន​សម្រាប់​កម្ពុជា

    ក្តីបារម្ភ​លើ​គុណភាព​សំណង់​នៅតែមាន​សម្រាប់​កម្ពុជា

    រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​គុណភាព​សំណង់​ដែល​បាន និង​កំពុង​សាងសង់​ដែល​មិនទាន់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅឡើយ និង​បាន​អំពាវនាវ​ដល់​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​ទាំងអស់​ឱ្យ​រួមគ្នា​ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព​សំណង់​នៅ​កម្ពុជា​ផង។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា រឿងរ៉ាវ​ក្នុង​វិស័យ​សំណង់​ត្រូវបានធ្វើ​យ៉ាង​ល្អប្រសើរ​ច្រើន​មកហើយ ប៉ុន្តែ​រឿង​ដែល​នៅ​សេសសល់​តិចតួច​ទាក់ទង​នឹង​ការគ្រប់គ្រង​គុណភាព នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ។

    ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា៖ “នៅ​សេសសល់​បញ្ហា​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​គឺ បង្កើន​គុណភាព​ដែល​ចាត់ទុកថា វា​នៅតែ​ជា​បញ្ហា​នៅឡើយ។ ការបង្កើន​គុណភាព​នេះ កន្លងមក​យើង​ឃើញថា លក្ខណៈ និង​សោភ័ណភាព​យើង​មាន​ហើយ ប៉ុន្តែ​នៅ​ខ្វះចន្លោះ​ខ្លះ​ត្រង់​ការត្រួតពិនិត្យ​គុណភាព។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​បង្កើន​ការត្រួតពិនិត្យ​គុណភាព​សំណង់​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ផ្តល់នូវ​សុវត្ថិភាព និង​ផាសុកភាព​ដល់​ពលរដ្ឋដែលជា​អតិថិជន​ទិញ​នូវ​សំណង់​សម្រាប់​ស្នាក់នៅ។ ឯកឧត្តម បញ្ជាក់ថា៖ “សំណូមពរ​របស់ខ្ញុំ​នៅពេលនេះ គឺ​សុំ​ឱ្យជួយ​ពិនិត្យ​បង្កើន​គុណភាព​សំដៅ​ផាសុកភាព។ វា​ជាការ​អៀនខ្មាស់​ណាស់​ឧទាហរណ៍​ថា​ពេល​យើង​ធ្វើ​រួច វា​បាក់ ឬ​ស្រុត ដែល​អាច​ប៉ះពាល់​ដល់​សេចក្តីសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ។

    របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​ឱ្យឃើញថា គិត​ត្រឹម 7ឆ្នាំ​ចុង​ក្រោយនេះ ចាប់ពី​ឆ្នាំ2010 រហូតមកដល់​ខែកញ្ញា ឆ្នាំ2017 ក្រសួង​សេដ្ឋកិច្ច បានផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន សរុប​ចំនួន 213គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ 3,375លាន​ដុល្លារ​អាមេរិក។ ក្នុងចំណោម​គម្រោង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ទាំងអស់ ក្នុងនោះ​គម្រោង​បុរី​មាន​ចំនួន 132គម្រោង ស្មើនឹង 31,997ខ្នង​ផ្ទះ និង​អគារ​សហកម្មសិទ្ធិ​មាន​ចំនួន 81គម្រោង ស្មើនឹង 29,612 យូ​នី​ត។

    វិស័យ​សំណង់ គឺជា​វិស័យ​ស្នូល​ដ៏​សំខាន់​មួយ​នៃ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មកទល់​បច្ចុប្បន្ន​នេះ ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​បង្កើត​រហូតដល់​ប្រមាណ 1ភាគ10 នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ នៅក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ 2017 និង​លើក​ទិសដៅ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ2018 លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​លើកឡើងថា បន្ទាប់ពី​បាន​បង្កើតឡើង​កាលពី​ចុងឆ្នាំ2015 សមាគម​នេះ​បានសម្រេច​ជោគជ័យ​លើ​កិច្ចការ​ជាច្រើន ដូចជា ជួយ​ដោះស្រាយ​បញ្ហា​ពន្ធដារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​សម្របសម្រួល​ទាក់ទង​នឹង​បណ្តាញ​អគ្គិសនី​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បណ្តាញ​ទឹកស្អាត និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ការងារ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​លំនៅឋាន​ជាច្រើន​ទៀត៕

  • Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញបានបើកការប្រកួតហើយ

    Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញបានបើកការប្រកួតហើយ

    ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញមានរហូតដល់ទៅ 116 ក្រុម ដែលបានដាក់ពាក្យចូលរួមនេះ បានបើកការប្រកួតជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី07 ខែមីនា ម្សិលមិញនេះ នៅបវិវេណសួនច្បារមុខសាលមហោស្រពកោះពេជ្រ។

    ថ្លែងក្នុងពិធីបើក លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី6ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

    ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival 2018 បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ 8 ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង500 ក្រុម កីឡាករសរុបជាង 3500 នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប 50000 $ ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ សូមកីឡាករទាំងបញ្ចេញសមត្ថភាពឱ្យអស់នៅលើទីលានថៃហ្ក័រនេះ។ សូមបញ្ជាក់ថា នៅមណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គណៈកម្មាធិការយក 12 ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 10 និង 11 ខែមីនា ឆ្នាំ 2018 នេះ ៕

    សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើក្រុមណាជាម្ចាស់ជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ។ ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH

    #TSFF2018

    សូមពិសាដោយការទទួលខុសត្រូវ….

  • “8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងគ្រួសារ

    “8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងគ្រួសារ

    ស្ត្រី​គឺជា​សសរទ្រូង​សុភមង្គល​ដែល​គ្រួសារនីមួយៗមិនអាច​ខ្វះ​បាន ព្រោះ​ស្ត្រី​អាច​ដើរតួ​ជា​ម្តាយ​ល្អ​ម្នាក់​ទាំង​នៅក្នុង​សង្គម ក្នុង​ក្រុមហ៊ុន និង​ក៏ដូចជា​នៅក្នុង​ក្រុមគ្រួសារ​ដែលមានតួនាទី​មើលថែក្មេងៗជំនាន់​ក្រោយ បុគ្គលិក ក៏ដូចជាកូនៗរបស់ខ្លួន​ដែរ។

    មាន​ពាក្យស្លោក​មួយ​ពោលថា “បុរស​ជា​អ្នក​ដឹក ស្ត្រី​ជា​អ្នក​នាំ” ស្ត្រី​អាចធ្វើ​រឿង​ជាច្រើន​ក្នុងពេល​តែមួយ​បាន ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង​ជាង​បុរស ជាហេតុ​ដែលនាំឱ្យ​ស្ត្រី​អាច​ជម្នះ​ឧបសគ្គ​បាន​គ្រប់យ៉ាង និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ។

    អគ្គនាយិកា​ក្រុមហ៊ុន D’ Furniture លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​លើកឡើងថា ស្ត្រី​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​គ្រួសារ​របស់ខ្លួន ស្ត្រី​អាចធ្វើឱ្យ​គ្រួសារ​មាន​សុភមង្គល ជួយ​លើ​ការងារ​អប់រំ មើលថែទាំ​បុត្រ​ធីតា និង​ការតម្រង់ទិស​ដល់​បុត្រ​ធីតា​សម្រាប់​ថ្ងៃ​អនាគត ស្ត្រី​អាចមាន​លទ្ធភាព​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ស្វាមី ក្រៅពីនេះ​ស្ត្រី​ក៏​ជា​អ្នក​ដែល​អាចធ្វើឱ្យ​មនុស្ស​ជុំវិញខ្លួន​មាន​ភាព​រីករាយ និង​មាន​ស្នាមញញឹម​គ្រប់ពេល។ លោកជំទាវ​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​ចេះ​បែងចែក​ពេលវេលា​បានច្បាស់លាស់ នោះ​យើង​នឹង​ក្លាយជា​បុគ្គល​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា។

    លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​មានប្រសាសន៍ថា៖ “ការរក្សា​តុល្យភាព​រវាង​គ្រួសារ និង​ការធ្វើ​អាជីវកម្ម ក៏ដូចជា​ការរក្សា​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​ភ័ក្តិ​គឺជា​រឿង​សំខាន់​សម្រាប់​ស្ត្រី ហេតុនេះហើយ​ទើប​នាង​ខ្ញុំ​ចំណាយពេល​ជា​រៀងរាល់​ព្រឹក​សម្រាប់​ការរៀបចំ និង​មើល​ការខុសត្រូវ​លើ​របប​អាហារកូនៗ ហើយ​ជូន​ពួកគាត់​ទៅ​សាលារៀន បន្ទាប់មក​ត្រូវ​ទៅ​ក្រុមហ៊ុន​រៀបចំ​ចាត់ចែង​ការងារ ចំណែក​ពេលបាយ​ថ្ងៃត្រង់​ជា​ពេលវេលា​សម្រាប់​ជួប​ជាមួយ​មិត្ត​ភ័ក្តិ ពេល​ល្ងាច​ជា​ពេលវេលា​សម្រាប់​ផ្តល់ជូន​ឪពុកម្តាយ ចំពោះ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​កំដរកូនៗ និង​ស្វាមី។

    លោកជំទាវ បានបញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​អាចបែងចែក​ពេលវេលា​បានល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា យើង​នឹង​ទទួលបាន​នូវ​ទំនាក់ទំនង​ល្អ ភាពស្និទ្ធស្នាល ហើយ​ថែមទាំង​អាចធ្វើឱ្យ​អ្នក​រាល់គ្នា​ទទួលបាន​នូវ​ភាព​រីករាយ​គ្រប់ពេលវេលា។ មាន​មនុស្ស​មួយចំនួន​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម តែ​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ​នោះទេ ព្រោះ​ពួកគាត់​អាច​គិតតែ​មួយផ្នែក ដោយ​មិនបាន​ធ្វើការ​បែងចែក​ពេល​វេលា​ឱ្យ​បានល្អ។

    សម្រាប់​លោកជំទាវ គឺ​ប្រើប្រាស់​ភាពជា​អ្នកដឹកនាំ​ក្នុង​ភាពជា​ម្តាយ​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​អ្នក​នៅ​ជុំវិញខ្លួន​យើង​សុទ្ធតែជា​មនុស្ស​សំខាន់។ ភាពជា​ម្តាយ​គឺ​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះកូនៗទាំងអស់គ្នា ហើយ​ព្យាយាម​ប្រើ​ភាពទន់ភ្លន់​ដើម្បី​អប់រំ ណែនាំ និង​តម្រង់ទិស​ដល់កូនៗឱ្យបាន​ល្អ។ បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ទាំងអស់​ក៏​ចាត់ទុកថា​ជា​កូន បងប្អូន​សាច់ញាតិ​ក៏​រាប់​ថា​ជា​កូន ហេតុនេះ​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា វាសនា​របស់​អ្នក​ទាំងអស់នោះ​គឺ​នៅក្នុង​ដៃ​របស់​យើង យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ក្នុងការ​រៀបចំ ចាត់ចែង និង​ផ្តល់​ក្តី​ស្រឡាញ់ ផ្តល់​គំនិត​វិជ្ជមាន​ដើម្បីឱ្យ​អ្នក​ទាំងអស់គ្នា​ទទួលបាន​នូវ​ភាពកក់ក្តៅ។ ការដឹកនាំ​បែបនេះ​អាចធ្វើឱ្យ​ស្ត្រី​ក្លាយជា​មនុស្ស​ដ៏​គួរឱ្យ​គោរព​ស្រឡាញ់​ពី​ក្រុមគ្រួសារ​ផង ពី​បុគ្គលិក​ក្រោមបង្គាប់​ផង និង​ពី​មិត្ត​ភ័ក្តិ​ផងដែរ។

    លោកជំទាវ​បានលើកឡើង​ផងដែរ​ថា នៅក្នុង​ជីវិត​ប្តី​ប្រពន្ធ​តែងតែ​មានរឿង​ឈ្លោះប្រកែក​គ្នា​ខានមិនបាន នៅពេលដែល​យើង​ឈ្លោះ​គ្នា​អត់​មាន​ផលចំណេញ​ទេ ផ្ទុយទៅវិញ​យើង​ទាំង2នាក់​ប្តី​ប្រពន្ធខាតបង់​ច្រើន ខាត​ទាំង​ពេលវេលា ខាត​ទាំង​អារម្មណ៍​ខឹង​មួម៉ៅ ប៉ុន្តែ​លោកជំទាវ​បាន​ប្រាប់ថា មាន​ថ្នាំ​ម្យ៉ាង​សម្រាប់​បន្សាប​កំហឹង​បាន​នោះ​គឺ ក្តី​អាណិត​ក្នុងនាម​យើង​ជា​ភរិយា​ល្អ​ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ដោយ​ប្រើ​មនោសញ្ចេតនា ក្តី​អាណិត និង​ក្តី​ស្រឡាញ់​ជាធំ គឺ​ប្រើ​នយោបាយ​ម្តាយ​ស្រឡាញ់​កូន ព្រោះ​ជាក់ស្តែង​បើ​យើង​ខឹង​កូន​យើង គឺ​ខឹង​តែមួយ​ភ្លែត​ទេ ចុះ​ហេតុ​អី​ចំពោះ​ស្វាមី​របស់​យើង ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំង​បំផុត​នោះ យើង​មិនអាច​លើកលែង​ឱ្យ​គាត់​បាន? យើង​ត្រូវ​គិត​ឡើងវិញ​ថា រឿងរ៉ាវ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​យើង​ឈ្លោះ​គ្នា ជួនកាល​រឿង​ខ្លះ​វា​ជា​រឿង​តូច​បំផុត ពាក់ព័ន្ធ​នឹង​ការទាមទារ​របស់​យើង​ខ្ពស់​ពី​ស្វាមី​ពេក​ទេ​ដឹង? យើង​ត្រូវ​ព្យាយាម​ហាត់ពត់​ខ្លួនឯង​ឡើងវិញ ដោយ​កាត់បន្ថយ​ការទាមទារ ព្យាយាម​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ជាមួយគ្នា ហើយ​ត្រូវ​ចេះ​ធ្វើ​ហី​ខ្លះ​ទើបបាន ទើប​មិន​ធ្វើឱ្យ​យើង​ឈ្លោះ​គ្នាច្រើន ហើយ​ប្រសិនបើ​កំហុស នោះ​កើតឡើង​ដោយសារ​ខ្លួន​យើង​វិញ កុំ​ខ្លាច​ពាក្យ​ថា​សុំទោស មិនមែន​ការសុំ​ទោស ធ្វើឱ្យ​យើង​អន់​នោះទេ តែ​ផ្ទុយទៅវិញ​វា​បានផ្តល់​តម្លៃ​កាន់តែខ្លាំង​ដល់​ខ្លួន​យើង​ថែម​ទៀតផង ព្រោះ​ពាក្យ​សុំទោស​ចំពោះ​អ្នកដទៃ​វា​ជាការ​បញ្ជាក់​ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​យើង។

    លោកជំទាវ​បាន​មានប្រសាសន៍ថា នៅក្នុង​សង្គម​យើង​បច្ចុប្បន្ន យើង​សង្កេតឃើញថា​ជីវិត​គ្រួសារក្មេងៗជំនាន់​ក្រោយ ពួកគាត់​មិនសូវ​ចេះ​អត់ធ្មត់​ក្នុង​ការរស់នៅ​ជាមួយគ្នា​ទេ អត្រា​នៃ​ការ​លែងលះ​មាន​ចំនួន​ច្រើន ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារ​ការមិន​ព្រម​ព្យាយាម​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ជាមួយគ្នា ព្រោះតែ​ពួកគាត់ ភាគច្រើន​កើតមក​មិនបាន​ឆ្លងកាត់​ការលំបាក ឪពុកម្តាយ​គាត់​ជា​អ្នកធូរធារ​មាន​លុយកាក់​ផ្គត់​ផ្គត់​ជួយ​ដល់​គាត់​គ្រប់​រឿង ដូច្នេះ​ពួកគាត់​មិន​យល់​ទេ​ពាក្យ​ថា ទ្រាំ និង​ទ្រាំ​ដើម្បី​អ្វី ជាហេតុ​ធ្វើឱ្យ​ពួកគាត់​បែក​គ្នា។

    លោកជំទាវ​បញ្ជាក់ថា “មកទល់​បច្ចុប្បន្ននេះ​ខ្ញុំ​បាន​ជួយ​ប្តី​ប្រពន្ធ4គូ​ដែល​ប្រុង​ដឹក​ដៃ​គ្នា​ទៅ​លែងលះ បន្ទាប់ពី​ជួប​ជាមួយ​ខ្ញុំ​រួចមក ខ្ញុំ​បាន​សួរនាំ និង​ផ្តល់យោបល់ល្អៗ បានធ្វើឱ្យ​ពួកគាត់​ភ្ញាក់ខ្លួន​ពីទង្វើ​របស់គាត់​កន្លង​មក ហើយ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ចិត្ត​ពី​ការ​លែងលះ មក​រួម​រស់នៅ​ជាមួយគ្នា​ឡើងវិញ។ លោកជំទាវ​បាន​បន្តថា “អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ គឺ​ខ្ញុំ​មានមុខ​របរ​មួយ អត់​ចំណេញ​ប្រាក់​ទេ តែ​ជា​មុខរបរ​ដែល​ខ្ញុំ​ស្រឡាញ់​ជាងគេ គឺ​ការលើកទឹកចិត្ត​អ្នកដទៃ និង​បាន​ជួយ​គេ​ជា​រៀងរាល់ថ្ងៃ។

    ចំពោះ​ការអប់រំ​ដល់​បុត្រ​ធីតា លោកជំទាវ​បាន​មានប្រសាសន៍ថា យើង​ត្រូវមាន​វិធីសាស្ត្រ​ក្នុងការ​និយាយ​ជាមួយ​ពួកគាត់ លោកជំទាវ​បន្តថា “កូន​ខ្ញុំ​អាយុ8ឆ្នាំ ខ្ញុំ​ព្យាយាម​និយាយ​ជាមួយ​គាត់​មិន​ឱ្យលើស10នាទី​ទេ ព្រោះ​បើ​យើង​និយាយ​យូរ​ជាង​នេះ​គាត់​នឹង​ស្តាប់​មិន​ចូល​ទេ” យើង​ត្រូវមាន​ចិត្តសាស្ត្រ​ក្នុងការ​និយាយ​ជាមួយ​ពួកគាត់​ដោយ​ធ្វើយ៉ាងណា​ឱ្យ​គាត់​ចាត់ទុក​យើង​ជា​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ ទើប​គាត់​អាច​ប្រាប់​យើង​នូវ​រឿង​គ្រប់យ៉ាង​របស់គាត់​បាន ដូច្នេះ​បន្ទាប់ពី​យើង​បានដឹង​រឿងរ៉ាវ​របស់គាត់​ហើយ យើង​នឹង​រិះរក​វិធី​ដើម្បី​ជួយ​ដោះស្រាយ​គាត់​មួយ​ជំហានម្តងៗ គឺ​មិន​អាចធ្វើ​ដោយ​បង្ខំ​បានទេ។

    សហគ្រិនស្រ្តីកម្ពុជា ថតរូបជុំគ្នានៅក្នុងកម្មវិធីមួយ

    ជា​ចំណងដៃ​សម្រាប់​ថ្ងៃ8 មិនា​នេះ លោកជំទាវ​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ស្ត្រី​ទាំងឡាយ ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង​ឱ្យបាន​ច្រើន កុំ​ធ្វើបាប​ខ្លួនឯង​ដោយ​ការខឹង ព្រោះ​ការខឹង​ធ្វើឱ្យ​យើង​ខូច​អារម្មណ៍ខូច​ទាំង​សម្រស់ ខូច​ទាំង​សុខភាព ខូច​ទាំង​មនោសញ្ចេតនា​ដែល​យើង​ខំ​សាង​ពីមុនមក។ ត្រូវ​ចាំ​ថា​ស្ត្រី​គឺជា​បេះដូង​របស់​គ្រួសារ ដូច្នេះ​យើង​ត្រូវតែ​ធ្វើជា​អ្នកបង្កើត​នូវ​សកម្មភាពល្អៗដើម្បីឱ្យ​គ្រួសារទទួលបាន​នូវ​សេចក្តីសុខ​សុភមង្គល យើង​ត្រូវតែមាន​ភាពទន់ភ្លន់ ក្រមិចក្រមើម ញ៉េះញ៉ោះ លួងលោម​ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស​អាប់​អួ​ឱ្យទៅជា​រីករាយ វា​មិនមែនជា​ភាព​អៀនខ្មាស់​ដែល​យើង​ត្រូវធ្វើ​ដូច្នេះ​នោះទេ តែ​ផ្ទុយទៅវិញ វា​ជា​តួនាទី​របស់​យើង​ដែលជា​ភរិយា​ក្នុងនាម​ជាម​នុស្ស​ស្រី ព្រោះ​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ទូទៅ​មិនអាច​ធ្វើ​ចំណុច​នេះ​បានល្អ​ដូច​យើង​ជា​ស្ត្រី​ឡើយ។ ដូច្នេះ​ស្ត្រី​ត្រូវ​ដឹង​ខ្លួនឯង​ថា តួនាទី​របស់​យើង គឺជា​អ្នកផ្តល់​សេចក្តីសុខ​សុភមង្គល​ដល់​មនុស្ស​ជុំវិញខ្លួន មិនមែន​ត្រូវ​រង់ចាំ​ឱ្យគេ​ជា​អ្នកផ្តល់​សេចក្តីសុខ​សុភមង្គល​មកឱ្យ​យើង​វិញ​នោះទេ បើ​យើង​គិត​ដូច្នេះ​នោះ​គ្រួសារ​របស់​យើង​នឹង​មិនមាន​សេចក្តីសុខ​នោះឡើយ៕

  • “8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងមុខជំនួញ

    “8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងមុខជំនួញ

    ចំពោះ​ការធ្វើ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន យើង​សង្កេតឃើញថា ស្ត្រី​ចាប់ផ្តើម​មាន​ភាពក្លាហាន ចេញ​ប្រឡូក​ក្នុងការ​ដឹកនាំ​ធ្វើ​ជំនួញ មិន​ចាញ់​បុរស​ប៉ុន្មាន​ទេ ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​ធុន​តូច និង​មធ្យម។

    លោកជំទាវ ឧកញ៉ា លីម ឈីវហូរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​លើកឡើងថា មនុស្ស​ស្រី​ត្រូវមាន​ក្តី​ស្រមៃ​របស់ខ្លួន ហើយ​ក្តី​ស្រមៃ​នឹង​ក្លាយជា​ការពិតនៅពេលដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង និង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព មិន​រួញរា តស៊ូ​អត់ធ្មត់ និង​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ។ ពីមុន​លោកជំទាវ​ក៏​ជាម​នុស្ស​ស្រី​ដ៏​សាមញ្ញ​ម្នាក់​ដែរ តែដោយសារ​ក្តី​ស្រមៃ​ទើប​ធ្វើឱ្យ​លោកជំទាវ​ក្លាយជា​សហគ្រិន​ស្ត្រី​ម្នាក់ និង​ជា​គំរូ​របស់​ស្ត្រី​ជាច្រើន​នៅ​កម្ពុជា​ដូច​សព្វថ្ងៃនេះ។ ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ជំនួញ លោកជំទាវ​បានលើកឡើង​ថា​ស្ត្រី​គ្រប់រូប​គួរ​ចាប់ផ្តើម​ពី​ការបង្កើត​ក្តី​ស្រមៃ​របស់ខ្លួន​ជាមុនសិន ហើយ​ត្រូវ​រៀនសូត្រ និង​កសាង​ខ្លួន​នៅក្នុង​ស្ថាប័ន​ណាមួយ​ឱ្យមាន​បទពិសោធ​ជា​មូលដ្ឋានគ្រឹះ បន្ទាប់មក​ត្រូវ​ចាប់ផ្តើម​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ពី​ដើមទុន​បន្តិចបន្តួច ប្រកបដោយ​ទំនុកចិត្ត និង​ការជឿជាក់​លើ​ខ្លួនឯង​ជាមួយ​ភាព​អំណត់​អត់ធ្មត់ និង​ការបូជា​លះបង់។

    លោកជំទាវ​បាន​បន្ថែមទៀតថា នៅពេល​ដំណាក់កាលនីមួយៗត្រូវបាន​អនុវត្ត នោះ​អ្នកនឹង​យល់ថា​ជំហាន​ឈានទៅរក​ភាពជោគជ័យ​បាន​ខិតចូល​មកដល់។ ទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ​តែងតែ​ចែករំលែក​បទពិសោធ​នៃ​ភាពជោគជ័យ​នេះ​ទៅដល់​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន មិន​ថា​សាច់ញាតិ មិត្ត​ភ័ក្តិ ឬក៏​បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​លោកជំទាវ​នោះទេ គឺ​តាមរយៈ​ដំបូន្មាន និង​ការណែនាំ​បង្ហាត់បង្រៀន​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ជំនួញ និង​វិធីសាស្ត្រ​នៃ​ការដោះស្រាយ​បញ្ហា​ផ្សេង។

    លោកជំទាវ ឧកញ៉ា លីម ឈីវហូរ មានប្រសាសន៍ថា៖ “ពី​សម័យមុន ស្ត្រី​មិនសូវ​បាន​ចូល​សាលារៀន​ទេ ស្ត្រី​ភាគច្រើន​គឺជា​មេផ្ទះ ហើយ​ពឹងផ្អែក​ទៅលើ​របរ​ចិញ្ចឹមជីវិត​ដោយសារ​ប្តី ដែលជា​ហេតុ​ធ្វើឱ្យ​ខ្ញុំ​ចង់បង្ហាញ​ដល់​ស្ត្រី​គ្រប់គ្នា​ឱ្យឃើញថា សម័យមុន​បាន​កន្លង​ហួស​ទៅហើយ អតីតកាល​គឺជា​មេរៀន​ដែល​បង្រៀន​មនុស្ស​ឱ្យ​ចេះ​កែលម្អ​នូវ​ការខ្វះខាត និង​ស្វែងរក​គំនិតថ្មីៗ និង​បង្កើត​នូវ​អ្វីដែល​ថ្មី​មាន​ភាព​ច្នៃប្រឌិត និង​រីកចម្រើន​ល្អប្រសើរ​ជាង​មុន។

    លោកជំទាវ​បាន​បន្ថែម​ផងដែរ​ថា ការ​ជ្រោមជ្រែង​ពី​ស្វាមី​ជា​កត្តា​ល្អ​មួយផ្នែក ប៉ុន្តែ​ការបង្អាក់​បំភ័យ​ពី​ស្វាមី​គឺជា​កត្តា​មិនល្អ តែ​លោកជំទាវ​យល់ថា ការលើកទឹកចិត្ត ឬ​ការបង្អាក់​ទឹកចិត្ត​គ្រាន់តែ​ជាកត្តា​ខាងក្រៅ​ប៉ុណ្ណោះ សំខាន់​ស្ត្រី​ខ្លួនឯង​ផ្ទាល់​ដែល​គួរ​គិតថា តើ​ខ្លួន​ត្រូវ​ទៅ​ទីណា ដើម្បី​សម្រេច​អ្វី ដើម្បី​ខ្លួនឯង​ឬ​យ៉ាងណា? ស្ត្រី​ខ្លួនឯង​ជា​អ្នកកំណត់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ មិន​ថា​មាន​ឧបសគ្គ ឬ​ការជំរុញ​នោះទេ ស្ត្រី​គួរផ្តោត​ទៅរក​គោលដៅ​នោះ​ដោយសារ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ថ្លឹងថ្លែង​រកហេតុ និង​ផល ដូច្នេះ​កត្តា​ដែល​ជះឥទ្ធិពល​ពី​ខាងក្រៅ​នឹងមិន​អាចជា​ការរាំងស្ទះ​បានឡើយ។

    ចំពោះ​លក្ខណៈពិសេស​របស់​ស្ត្រី​ក្នុង​ការធ្វើ​អាជីវកម្ម លោកជំទាវ បាន​ណែនាំ​ដល់​ស្ត្រី​កម្ពុជា​ទូទៅ​ថា សម្រស់​ខាងក្រៅ​ពិតជា​សំខាន់ ដូច្នេះ​ការធ្វើ​ខ្លួន​ឱ្យ​ល្អ តុបតែង​ខ្លួន​ឱ្យបាន​ស្អាត​សមរម្យ​ក៏​ជា​ផ្នែក​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការចេះ​រៀបចំ​ទុកដាក់​របស់​ស្ត្រី​ពី​តម្លៃ និង​ភាពថ្លៃថ្នូរ​របស់​ស្ត្រី​យើង​ដែរ។

    ការចេះ​ប្រើប្រាស់​ពាក្យសម្តី​ផ្អែមល្ហែម ទន់ភ្លន់​សមរម្យ​តាម​ទីកន្លែង និង​ពេលវេលា​គឺជា​ចំណុច​សំខាន់​មួយ​ដែល​ស្ត្រី​គួរ​ចាប់អារម្មណ៍​ព្រោះ​សម្តី​ដែល​និយាយ​ចេញមក​ហើយ គឺ​មិនអាច​លេប​ទុក​វិញបានទេ ដូច្នេះ​សម្តី​របស់​អ្នកធ្វើអាជីវកម្ម​ពិតជា​មានតម្លៃ​ណាស់។ ការ​រួសរាយ​រាក់ទាក់ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូ​សហការ​ការងារ ក៏​ជា​ផ្នែក​ចាំបាច់​មួយ​ដែរ​ព្រោះថា ទំនាក់ទំនង​ដែល​កសាង​បានល្អ​អាច​នឹង​នាំ​ជា​ផលប្រយោជន៍ផ្សេងៗនាពេល​អនាគត។

    ចំណែក​ភាព​ប្រឈម​របស់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ​វិញ លោកជំទាវ​បានបញ្ជាក់​ផងដែរ​ថា ពេលចេញ​ធ្វើ​ជំនួញ ស្ត្រី​ភាគច្រើន​តែង​ជួបប្រទះ​ការលំបាក​ជាច្រើន​ដូចជា ការ​មិនឱ្យ​តម្លៃ​ពី​ភាគី​បុរស ដែលពួកគាត់​ភាគច្រើន​គិតថា​ស្ត្រី​ជា​ភេទ​ដែលមាន​កម្លាំង​ទន់ខ្សោយ និង​មានចិត្ត​ទន់ជ្រាយ មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ មិន​ថា​ពេល​ថ្ងៃ ឬ​យប់​អា​ធ្រា​ត្រ សម្រាប់​អ្នកមាន​គ្រួសារ​វិញ ពេលខ្លះ​ទទួលរង​ការ​ប្រចែប្រចណ្ឌ​ពី​ស្វាមី ព្រមទាំង​មាន​ពាក្យ​មិនល្អ​ពី​គ្រួសារ​ខាង​ស្វាមី​ទៀតផង ដោយសារតែ​ខ្វះ​ពេលវេលា​មើលថែទាំ​គ្រួសារ។ ជា​ឧទាហរណ៍​មួយ​ដែលជា​រឿង​របស់​នាង​ខ្ញុំ​ផ្ទាល់ កាលពី​បួនដប់​ឆ្នាំមុន​នៅពេលដែល​នាង​ខ្ញុំ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស មតិ​ភាគច្រើន​ខាង​អ្នកជំនួញប្រុសៗបាន​និយាយថា “ខ្លួន​ស្រី​សោះ​មិនដឹង​ជា​ធ្វើ​តំបន់​សេដ្ឋកិច្ច​អី​ទេ?” ដែល​ពាក្យសម្តី​នោះ​ធ្វើឱ្យ​នាង​ខ្ញុំ​កាន់តែ​ខិតខំ​ប្រឹងប្រែង​បង្ហាញ​ឱ្យ​ពួកគាត់​ដែលជា​បុរស​ទាំងនោះ​មើលឃើញថា ស្ត្រី​ម្នាក់នេះ​នឹង​សាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យបាន ហើយ​បច្ចុប្បន្ននេះ​តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ​របស់​នាង​ខ្ញុំ​កំពុង​តែមាន​សក្តានុពល​យ៉ាង​ក្រៃលែង និង​មានការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​ដូចជា ជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី សាំង-ហ្កា​ពួរ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។ សរុបមក បើទោះជា​មាន​បញ្ហា​ប្រឈម​អ្វី​កើតឡើង​ក៏ដោយ គឺ​យើង​ត្រូវ​ដោះស្រាយ​ម្តងមួយៗនឹង​នៅតែ​ដើរ​តម្រង់​ទៅរក​ទិសដៅ​របស់​យើង​ដែល​បានកំណត់​រួចហើយនោះ​ជានិច្ច។

    ជា​អនុសាសន៍​ចំពោះ​ស្ត្រី​ទូទៅ​នា​ថ្ងៃ8 មីនា​ដែលជា “ទិវា​ស្ត្រី​ពិភពលោក” នៅ​កម្ពុជា​នោះ លោកជំទាវ​ឧកញ៉ា លីម ឈីវហូរ បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​ថា ក្នុងនាម​ជា​ស្ត្រី យើង​អាចធ្វើ​ការងារ​បាន​ច្រើន​មុខ​ដូច​បុរស​ដែរ ដូច្នេះ​កម្លាំងចិត្ត​គឺជា​រឿង​សំខាន់​ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ដោយ​មិនត្រូវ​រង់ចាំ​ឱ្យ​មនុស្ស​ជុំវិញខ្លួន​មក​លើកទឹកចិត្ត​យើង​នោះទេ​នៅពេល​ចាប់ផ្តើម​អាជីវកម្ម។ ទោះបី​ជាមាន​ឧបសគ្គ​អ្វី​ក៏ដោយ ត្រូវ​គិតថា បញ្ហា​តែងមាន​ដំណោះស្រាយ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​ព្យាយាម​រក​វិធី​ដោះស្រាយ​ឱ្យបាន​ល្អ៕