Author: វល័ក្ខ

  • Samsung៖ ការបញ្ជាទិញ Galaxy S9 ទាប​ជាង​ការរំពឹងទុក តែ​ខ្ពស់ជាង Galaxy S8

    Samsung៖ ការបញ្ជាទិញ Galaxy S9 ទាប​ជាង​ការរំពឹងទុក តែ​ខ្ពស់ជាង Galaxy S8

    បើ​គិត​ចាប់តាំងពី​ថ្ងៃ​ប្រកាស​បង្ហាញខ្លួន​រហូតមក​ដល់ពេលនេះ គឺមាន​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន Samsung នៅ​មិនទាន់​បានបង្ហាញ​ពី​តួលេខ​នៃ​ការបញ្ជាទិញ​ទុក​មុន (Pre-orders) របស់​ស្មា​ត​ហ្វូ​ន Galaxy S9 នៅឡើយ​ទេ។

    ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​របស់​កូរ៉េខាងត្បូង​មួយ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap News ថា ការបញ្ជាទិញ​ទុក​មុន​នូវ​ម៉ូ​ដែល​Samsung Galaxy S9 ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​បើ​ធៀប​នឹង​ម៉ូ​ដែលមុនៗវិញ​ឃើញថា ទទួលបាន​ខ្ពស់ជាង។ “យើង (Samsung) ជឿជាក់ថា ការបញ្ជាទិញ​ទុក​មុន​របស់ Galaxy S9 ទំនងជា​ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​អ្វីដែល​មិន​ធ្វើឱ្យ​យើង​អស់សង្ឃឹម​នោះ​គឺ តួលេខ​នៃ​ការបញ្ជាទិញ​គឺ ច្រើនជាង​ម៉ូ​ដែល Galaxy S8”។ នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung ដែល​បាន​ថ្លែងប្រាប់ Yonhap News។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ក្រុមហ៊ុន Samsung បានប្រកាស​ដាក់ឱ្យ​បញ្ជា​ទិញ​ទុក​មុន​នូវ​ម៉ូ​ដែល Galaxy S8 គឺ​អតិថិជន Samsung បាននាំគ្នា​សម្រុក​ទិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​បំបែកកំណត់ត្រា ដែល​ទទួលបាន​រហូត​ដល់ 550,000 គ្រឿងក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ ដែល​បើ​ប្រៀបធៀប​នឹង​ម៉ូ​ដែល Galaxy S7 វិញ គឺ​ទទួលបាន​ត្រឹមតែ 200,000គ្រឿង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដល់​ទៅ 1សប្ដាហ៍​ឯណោះ៕

  • ជយលាភី​តស៊ូ​មតិ ហេង សុវណ្ណ​មុនី​នុត៖ “ទោះ​កាលៈទេសៈ​ណាក៏ដោយ កុំ​បោះបង់​ការតស៊ូ…”

    ជយលាភី​តស៊ូ​មតិ ហេង សុវណ្ណ​មុនី​នុត៖ “ទោះ​កាលៈទេសៈ​ណាក៏ដោយ កុំ​បោះបង់​ការតស៊ូ…”

    “តស៊ូ​គង់​បានសម្រេច” នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​មនុស្ស​ជាច្រើន​តែងតែ​លើក​ឡើងជា​ញឹកញាប់ ហើយ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​មនុស្ស​សឹងតែ​គ្រប់គ្នា​តែង​ធ្លាប់​បានឮ តែ​ពេលខ្លះ​ក៏​មិនសូវ​មានការយកចិត្តទុកដាក់ និង​ដើរ​កន្លង​រំលង​ទៅទៀត​ផង។ តែ​ពាក្យ​មួយ​ឃ្លា​នេះ បើ​យើង​គិត​សា​ដើម​ឡើងវិញ​នោះ វា​អាចធ្វើឱ្យ​មនុស្ស​ជាច្រើន​ទទួលបាន​ជោគជ័យ រួមទាំង​យុវតី​អ្នកតស៊ូ​មតិ​ឈ្មោះ ហេង សុវណ្ណ​មុនី​នុត ផងដែរ។

    កញ្ញា ហេង សុវណ្ណ​មុនី​នុត ថ្មីៗនេះ​ទើបនឹង​ទទួលបាន​ពានរង្វាន់​ជយលាភី​នៃ​ការជជែក​ពិភាក្សា​ឆ្នាំ2018 នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន និង​ជា​យុវជន​លេចធ្លោ​មួយរូប​ផ្នែក​តស៊ូ​មតិ និង​ការជជែក​ពិភាក្សា​ជា​សាធារណៈ។ យុវតី​មាឌ​ល្អិត តែ​ពោរពេញ​ដោយ​វោហារ​ស័ព្ទ​ប្រកបដោយ​ហេតុផល​រូបនេះ ធ្លាប់​ឆ្លងកាត់​ការហ្វឹកហាត់​សមត្ថភាព ភាព​ហត់នឿយ និង​បរាជ័យ​ជាច្រើនលើក​ទម្រាំ​បាន​កាន់​ពានរង្វាន់​ដ៏​ធំ​មួយ​នេះ។ ការហ្វឹកហាត់ និង​មានគំនិត​សុទិដ្ឋិនិយម​មនុស្សម្នាក់ៗតែងតែមាន​គំនិត និង​ក្តី​ស្រមៃផ្សេងៗពីគ្នា​ទៅតាម​បរិយាកាស​ជុំវិញខ្លួន ទេពកោសល្យ និង​ចំណេះដឹង ហើយ​ផ្លូវ​ឆ្ពោះទៅកាន់​ក្តី​ស្រមៃ​នោះ ពេលខ្លះ​អាចធ្វើ​បាន​ដោយ​រលូន និង​ពេលខ្លះ​ត្រូវការ​ការតស៊ូ​ខ្លាំង​បំផុត​ដើម្បី​ជម្នះ ឧបសគ្គ។ សម្រាប់​កញ្ញា មុនី​នុត វិញ គឺ​បានដាក់​ក្តី​ស្រមៃ​តាំងពីក្មេង​មក​ថា ត្រូវតែ​ទទួលបាន​ពានរង្វាន់​ផ្នែក​តស៊ូ​មតិ ឬ​និយាយ​ជា​សាធារណៈ យ៉ាងហោចណាស់​ក៏ 1ដែរ ក្នុង​ដំណើរ​ជីវិត​ជា​និស្សិត​សាកលវិទ្យាល័យ តែអ្វីៗមិនមែន​ងាយស្រួល​ដូច​ការគិត​ទាំងស្រុង​នោះទេ។

    កញ្ញា ហេង សុវណ្ណមុនីនុត ថតរូបជុំគ្នាជាមួយអ្នកទទួលជ័យលាភីផ្សេងទៀត (រូបឆ្វេង)

    កម្លាំង​ជំរុញ​នៃ​ក្តី​ស្រមៃ​បាន​រុញច្រាន​គាត់​ឱ្យ​ដើរចូល​ទៅរក​ការប្រកួត និង​សិក្សា​វគ្គ​តស៊ូ​មតិ​ជាច្រើន ហើយ​ស្របពេល​ជាមួយគ្នានេះដែរ គាត់​ក៏បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ពេលវេលា​ហ្វឹកហាត់ការនិយាយ​ជាច្រើន​ខែ មុន​ការប្រកួតសំខាន់ៗមកដល់ម្តងៗ តែ​អ្វីដែល​ធ្វើឱ្យ​គាត់​ខកចិត្ត គឺ​ការប្រកួត​លើកដំបូង​របស់គាត់​មិន​ទទួលបាន​ជោគជ័យ​ល្អ​នោះទេ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ មនុស្ស​ជាច្រើន​ប្រហែលជា​អាច​បោះបង់ចោល​ក្តី​ស្រមៃ  ហើយ​ខ្លះទៀត​អាច​អស់សង្ឃឹម​ក្នុង​ការតស៊ូ តែ​សម្រាប់​យុវតី​ដែល​ពោរពេញ​ដោយ​ក្តី​ស្រមៃ​រូបនេះ បែរជា​អាច​បង្វែរ​ការខកចិត្ត​នេះ​ឱ្យក្លាយ​មកជា​មេរៀន​សម្រាប់​ជីវិត​ដើម្បី​បន្ត​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ទៅវិញ។

    ការខិតខំ​ប្រឹងប្រែង​រាប់​ខែ ខណៈពេលដែល​ទឹកចិត្ត​កំពុង​តែមាន​សម្ទុះ និង​ធ្លាក់​ក្នុងស្ថានភាព​បរាជ័យ​ដោយ​មិន​អស់ចិត្ត​នោះ គឺជា​ការវាយប្រហា​រយ៉ា​ង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កញ្ញា​មុនី​នុត។ តែ​ស្ថិតក្នុងស្ថានភាព​បែបនេះ គាត់​មិនបាន​បណ្តោយឱ្យ​ស្ថានភាព​មិនល្អ​នោះមក​កែប្រែ​វាសនា​របស់គាត់​ឡើយ។ ជា​ដំណោះស្រាយ​គាត់​បាន​សម្រាក​មួយរយៈ​ពេល​ខ្លី បន្ទាប់មក​ក៏​ចាប់ផ្តើម​មើល​ឡើងវិញ​នូវ​ដំណើរការ​នៃ​ការខិតខំ​ប្រឹងប្រែង​ជាមួយនឹង​ការស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ក្នុងការ​ប្រកួត។

    ការ​សម្រាក​នេះ​បានធ្វើឱ្យ​គាត់​កាន់តែ​រឹងមាំ ហើយ​រកឃើញ​នូវ​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែលម្អ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ គឺ​គាត់​បាន​ព្យាយាម​សាកល្បង​ចូលរួម​ប្រកួត​កាន់តែ​ច្រើនឡើង។

    កញ្ញា ហេង សុវណ្ណ​មុនី​នុត បាន​និយាយថា៖ “ខ្ញុំ​ហ្វឹកហាត់​សមត្ថភាព​ដើម្បី​ព្យាយាម​អភិវឌ្ឍ​លើ​ទេពកោសល្យ​ដែលមាន​ពី​កំណើត​លើ​ការនិយាយ​ជា​សាធារណៈ ហើយ​ដើម្បី​សាកល្បង​សមត្ថភាព ខ្ញុំ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ចូលរួម​ប្រកួត ហេតុនេះ​ចាញ់ ឬ​ឈ្នះ មិនមែនជា​រឿង​សំខាន់​ខ្លាំង​នោះទេ តែ​អ្វីដែល​ត្រូវផ្តោត គឺ​ការអភិវឌ្ឍ​ខ្លួនឯងជោគជ័យ និង​ការអភិវឌ្ឍ​មនុស្ស​ជាច្រើន​សុទ្ធតែ​បានដឹងថា ការបរាជ័យ​គឺជា​មេរៀន​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ភាពជោគជ័យ ស្ថានភាព​របស់​កញ្ញា​មុនី​នុត​ក៏​ដូចគ្នា​ដែរ។ បន្ទាប់ពី​បាន​រៀនសូត្រ​ពី​មេរៀន​ជាច្រើន​នៃ​ក្ដី​បរាជ័យ​រួចមក គាត់​បាន​ព្យាយាម​អភិវឌ្ឍ​មិនឱ្យ​កំហុសដដែលៗកើតមានឡើង​ទៀតឡើយ។ នៅពេលដែល​គាត់​ប្រកួត​កាន់តែច្រើន​គាត់​ទទួលបាន​មេរៀន​កាន់តែច្រើន។ ក្នុងការ​ប្រកួត​ខ្លះ​មិនអាច​ឈានទៅដល់​ដំណាក់កាល​កំពូល​បាន​មែន តែ​គាត់​ក៏​អាច​ឈ្នះ​ការប្រកួត​ជម្រុះ​បាន​ខ្លះ​ដែរ ដោយ​កម្មវិធី​ខ្លះ​គាត់​បានឈ្នះ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយការប្រកួត​ខ្លះទៀត​គាត់​អាច​ឈ្នះ​ដល់​វគ្គ​ជម្រុះសំខាន់ៗទៀតផង។

    ជា​បន្តបន្ទាប់ ដោយ​ការតស៊ូ​ជាមួយនឹង​បញ្ហា​ជាច្រើន គាត់​កាន់​តែមាន​ភាពចាស់ទុំ ហើយ​ក៏បាន​ក្លាយជា​មនុ​ស្ស​ដែល​ពោរពេញ​ដោយ​ភាពរឹងមាំ មុននឹង​ក្លាយជា​ម្ចាស់​ពាន។ កញ្ញា​តែងតែ​គិតថា ការប្រកួតប្រជែង​គឺ​ហាក់បីដូចជា​ឱកាស​ដែល​ល្អ​បំផុត​ដើម្បី​ប្រឡូក​ចូលទៅក្នុង​ពិភព​ជាក់ស្តែង​នៃ​ការរស់នៅ ហើយក៏​ជា​ដំណាក់កាល​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ផងដែរ ព្រោះថា ការប្រកួត​ក្នុង​កម្មវិធីថ្មីៗអាចធ្វើឱ្យ​គាត់​ទទួលបាន​ចំណេះដឹង​ពី​ប្រធានបទថ្មីៗ និង​មានគំនិត​កាន់តែ​ទូលំទូលាយ​ឡើងលើ​បញ្ហា​សង្គម​នានា​ដែល​ត្រូវបាន​កំណត់ឡើង។

    ស្មារតី​ក្នុង​ក្រុម​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ដែល​គាត់​ទទួលបាន​ពី​គ្រប់ការ​ប្រកួត។ ភាពជោគជ័យ​របស់​យុវតី​ខាងលើ គឺ​ការសម្របសម្រួល​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុម​ដែល​សាមគ្គីភាព​នេះ​ជា​ចំណុចខ្លាំង​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ដើម្បី​តតាំង​ជាមួយនឹង​ក្រុម​ម្ខាង​ទៀត​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ។ ទីបំផុត នាពេលថ្មីៗនេះ កញ្ញា ហេង សុវណ្ណ​មុនី​នុត បានទទួល​ពានរង្វាន់​និយាយ​ជា​សាធារណៈ​ពី​សាកលវិទ្យាល័យ ដែលជា​ការប្រកួត​ដ៏​សំខាន់ និង​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើន​ជាមួយនឹង​និស្សិត​នៅក្នុង​មហាវិទ្យាល័យ​ដែលមាន​ចំនួន​រាប់ម៉ឺន​នាក់៕

  • ប្រកាស​ស្តីពី​ការកែសម្រួល​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​បង្កក្តី​បារម្ភ​ដល់​សហគ្រាស​អាជីវកម្ម

    ប្រកាស​ស្តីពី​ការកែសម្រួល​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​បង្កក្តី​បារម្ភ​ដល់​សហគ្រាស​អាជីវកម្ម

    ក្រោយពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត​ស្ដីពី​ការកែសម្រួល​ការប្រមូល​ពន្ធ​ប៉ាតង់ ដែល​អះអាង​ពី​បំណង​កែសម្រួល​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់ពន្ធ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​ឱ្យមាន​ប្រសិទ្ធភាព​រួចមក​នោះ សមាគម​អាជីវកម្ម​ក្នុងស្រុក​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​ផល​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​ថ្មី​មួយ ចុះ​ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2018 ដោយមាន​គោលដៅ​កែសម្រួល​វិធាន និង​នីតិវិធី គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​ដែលមាន​ចែង​ក្នុង​ប្រកាស​ស្តីពី​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​កាលពី​ថ្ងៃទី25 ខែធ្នូ ឆ្នាំ2015។

    ប្រកាស​នោះ​អះអាងថា កម្មវត្ថុ​នៃ​ពន្ធ​ប៉ាតង់​គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានកំណត់​លើ​សកម្មភាព​អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ និង​កម្រិត​ផលរបរ។ តាម​ខ្លឹមសារ​នៃ​ប្រកាស​នោះ ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ​បានកំណត់​បែបបទ​នៃ​ការបង់ពន្ធ ជា 4ផ្នែកខុសៗគ្នា​ដូចខាងក្រោម៖

    1) អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​ច្រើន ត្រូវ​បង់ពន្ធ​ប៉ាតង់​ផ្សេងគ្នា​ទៅតាម​សកម្មភាព​នៃ​អាជីវកម្មនីមួយ។ ឧទាហរណ៍៖ អ្នក​ជាប់ពន្ធ​ម្នាក់​ដែលមាន​សកម្មភាព​អាជីវកម្ម នីហរ័ណ​អាហរ័ណ ដឹកជញ្ជូន និង​សណ្ឋាគារ​ត្រូវ​បង់ពន្ធ​ប៉ាតង់​សម្រាប់ 3សកម្មភាព​ផ្សេងគ្នា។

    2) សកម្ម​ភាពជា​ឧបសម្ព័ន្ធ​នានា​នៃ​សកម្មភាព​អាជីវកម្ម​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​អាជីវកម្ម​តែមួយ។ ឧទាហរណ៍ សណ្ឋាគារ​ដទៃ​ដែលជា​ឧបសម្ព័ន្ធ​នៃ​សកម្មភាព​សណ្ឋាគារ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​អ្នក​ជាប់ពន្ធ​តែមួយ និង​ស្ថិតក្នុង​ទីតាំង​រួមជាមួយ​សណ្ឋាគារ​ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ។

    3) អ្នក​ជាប់ពន្ធ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អា​ជី​កម្ម​តែមួយ នៅក្នុង​រាជធានី-ខេត្ត​តែមួយ ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ។

    និង 4) អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី-ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី-ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ។

    ជាមួយគ្នានេះ កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ដែល​ត្រូវ​បង់ ត្រូវ​បានកំណត់​ដូចតទៅៈ

    1) អ្នក​ជាប់ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 40ម៉ឺន​រៀល។

    2) អ្នក​ជាប់ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 1លាន 2សែន​រៀល។ និង3) អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​ផលរបរ លើសពី 4,000លាន​រៀល ដល់ 1ម៉ឺន​លាន​រៀល ត្រូវ​បង់

    ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 3លាន​រៀល។ រីឯ​អ្នកមាន​ផលរបរ​លើសពី 1ម៉ឺន​លាន​រៀល ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 5លាន​រៀល។

    អ្នក​ជាប់ពន្ធ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង​សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ​ដែល​ស្ថិតនៅតាម​រាជធានី-ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់ អប្បបរមា​សម្រាប់​ប្រភេទ​អ្នក​ជាប់ពន្ធនីមួយៗ ទៅតាម​រាជធានី-ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ។

    សេចក្ដីប្រកាស​នោះ​ក៏បាន​ចែង​ដែរ​ថា ពន្ធ​ប៉ាតង់​ត្រូវ​បង់​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី1 ខែមករា​ដល់​ថ្ងៃទី31 ខែមីនា ជា​រៀងរាល់ឆ្នាំ។ ប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី 24 ខែមករា ឆ្នាំ2018នេះ បាន​កំណត់ថា អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា 3ប្រភេទ​គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯក​ត្ត​បុគ្គល​ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល ដល់ 700លាន​រៀល។

    ដោយឡែក អ្នក​ជាប់ពន្ធ​មធ្យម​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល​ដល់ 4,000លាន​រៀល និង​អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់។

    លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បានឱ្យដឹងថា លោក​មិនទាន់​បានឃើញ និង​ដឹង​ពី​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ថ្មី​ស្តីពី​ការកែសម្រួល​វិធាន និង​នីតិវិធី​ប្រមូល​ពន្ធ​ប៉ាតង់​នោះ​នៅឡើយ​ទេ​ប៉ុន្តែ​លោក​ឧកញ៉ា​ហាក់​បាន​សម្តែង​នូវ​ក្តីបារម្ភ​រួចទៅហើយ​ចំពោះ​ផល​លំបាក​ដែល​នឹង​កើតឡើង​ពី​ការបន្ថែម​វិធាន​ទៀត​នេះ។

    លោក​ឧកញ៉ា​បាន​អះអាងថា “បើ​ធ្វើ​តឹងតែង​ពេក សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​នឹង​ស្លាប់​អស់ហើយ!”៕

  • លោក Conte៖ Chelsea ត្រូវតែ​ត្រៀម​ឈឺចាប់​នៅលើ​ទឹកដី​ក្រុម Barcelona

    លោក Conte៖ Chelsea ត្រូវតែ​ត្រៀម​ឈឺចាប់​នៅលើ​ទឹកដី​ក្រុម Barcelona

    ក្រុម​តោ​ខៀវ Chelsea ត្រូវតែ​ត្រៀម​ទទួល​ឱ្យបាន​នូវ​រាល់​ការ «ឈឺចាប់» ទាំងឡាយ​នៅលើ​ទឹកដី​ក្រុម Barcelona នៅ​រាត្រី​ថ្ងៃ​ពុធ​ស្អែក​នេះ ប្រសិនបើ​ពួកគេ​ចង់​ទទួលបាន​ឱកាស​មួយ​ក្នុងការ​ឈានទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​ប​ស់លោក Antonio Conte ដែលជា​គ្រូបង្វឹក។

    ក្រុម Barcelona បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ទី75 តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Lionel Messi ដើម្បី​លុបចោល​គ្រាប់​បាល់​បើកឆាក​របស់ Willian នៅ​ដើមតង់​ទី2 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 16ក្រុម​ចុងក្រោយ រវាង​ក្រុម​ទាំងពីរ​នៅឯ​កីឡដ្ឋាន Stamford Bridge កាលពី​ខែ​មុន។

    លោក Conte បាន​បញ្ជាក់ថា ក្រុម​របស់លោក​អាច​នឹង​ប្រឈមមុខ​នឹង​ការងារ​ដ៏​ធំ​មួយ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​ទ្វីប 5សម័យកាល Barcelona នា​កីឡដ្ឋាន Nou Camp។ លោក Conte បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Chelsea ថា៖ យើង​ត្រូវតែ​លេង​ឱ្យ​បានល្អ ប៉ុន្តែ​នៅពេលដែល​អ្នក​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង ដែល​ខ្ញុំ​គិតថា ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក​នោះ អ្នក​ត្រូវតែ​ត្រៀម​ឱ្យបាន​រួចរាល់​ក្នុងការ​ទទួលយក​ការឈឺចាប់។

    ក្នុងពេល​ជាមួយគ្នានេះ យើង​ធ្លាប់​ធ្វើបាន​រួចទៅហើយ​នៅក្នុង​ជើង​ទី1 ដោយ​កាលណោះ​យើង​បាន​លេង​យ៉ាង​ល្អឥតខ្ចោះ។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «នេះ​មិនមែនជា​ក្រុម Chelsea ដែលមាន​បទពិសោធ​ច្រើន​ឡើយ យើង​មាន​កីឡាករ​ជាច្រើន​ដែល​កំពុងតែ​លេង​ក្នុង​រដូវ​កាល​ទី1 និង​ទី2 របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Reuters

  • លោក Pellegrino ត្រូវបាន​បណ្តេញ​ពី​ក្លិប Southampton ក្រោយ​ចាញ់​ជា​បន្តបន្ទាប់

    លោក Pellegrino ត្រូវបាន​បណ្តេញ​ពី​ក្លិប Southampton ក្រោយ​ចាញ់​ជា​បន្តបន្ទាប់

    ក្លិប Southampton បាន​បណ្តេញ​លោក Mauricio Pellegrino ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ត្រឹមតែ1លើក​គត់​ក្នុងចំណោម​ការប្រកួត 17លើក​នៃ​ក្របខ័ណ្ឌ Premier League ដែល​បានធ្វើឱ្យ​ពួកគេ​ស្ថិតក្នុង​ភាព​ជ្រួលច្របល់​ក្នុងការ​ប្រជែង​គេច​ឱ្យ​ផុត​ក្នុង​តំបន់​កាត់ចោល ខណៈ​នៅសល់​ការប្រកួត​ត្រឹមតែ 8ប្រកួត​ទៀត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។

    ក្លិប​នេះ​កំពុងតែ​ស្វែងរក​ការតែងតាំង​គ្រូបង្វឹក​ថ្មីភ្លាមៗ ជា​លើក​ទិ3 ក្នុង​រយៈពេល​ជិត 2ឆ្នាំ ជាពិសេស​ឱ្យបាន​មុន​ការប្រកួត​ពាន FA Cup វគ្គ 8ក្រុម​ចុងក្រោយ នៅលើ​ទឹកដី​ក្រុម Wigan Athletic កាលពី​ថ្ងៃអាទិត្យ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ពួកគេ​នៅតែមាន​ពេលវេលា​ច្រើន​ក្នុង​ការរក​គ្រូបង្វឹក​ជំនួស​កន្លែង​របស់លោក Pellegrino សញ្ជាតិ​អា​ហ្ស​ង់​ទីន ដោយសារតែ​ពួកគេ​មិនមាន​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​ក រហូតដល់​ចុងខែ​នេះ ពោលគឺ​នៅលើ​ទឹកដី​ក្រុម West Ham ថ្ងៃទី31 ខែមីនា។

    Southampton ដែល​កំពុងតែ​នាំមុខ​ត្រឹមតែ 1ពិន្ទុ​គត់​លើ​ក្រុម​បាត​តារាង​ទាំង 3ក្នុងខណៈ​នេះ​នឹង​ប្រឈមមុខ​នឹង​ការ​ប្រជែង​ដ៏​តានតឹង​មួយ ខណៈដែល​ពួកគេ​នៅសល់​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​ត្រឹមតែ 3ប្រកួត​ទៀត​ប៉ុណ្ណោះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Chelsea និង Manchester City ផងដែរ។

    លោក Pellegrino បាន​ចូលកាន់​តំណែង​នា​កីឡដ្ឋាន St Mary’s ក្នុង​កិច្ចសន្យា​រយៈពេល 3ឆ្នាំ កាលពី​ខែមិថុនា ឆ្នាំមុន ប៉ុន្តែ ក្លិប Southampton បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួកគេ​បាន​ចែកផ្លូវ​គ្នា​ជាមួយនឹង​គ្រូបង្វឹក​វ័យ 46ឆ្នាំ​រុ​ប​នេះហើយ ខណៈដែល​ក្លិប​នាំមុខ​ត្រឹមតែ 1ចំណាត់ថ្នាក់ និង 1ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល។ សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមទៀតថា៖ «ក្លិប​នឹង​សម្លឹង​រក​ការតែងតាំង​អ្នកចាត់ការ​ទូទៅ​ថ្មី​ម្នាក់​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ខណៈដែល​ការស្វែងរក​គ្រូបង្វឹក​ដែល​ត្រូវ​ជំនួស​ដំណើរការ​រួចជាស្រេច»៕

    ប្រភពពី៖ The Guardian

  • លោក Pochettino សង្ឃឹម​ថា បញ្ហា​របួស​របស់ Kane មិន​ធ្ងន់​ធ្ងរ​ឡើយ ក្រោយ​ផ្តួល Bournemouth

    លោក Pochettino សង្ឃឹម​ថា បញ្ហា​របួស​របស់ Kane មិន​ធ្ងន់​ធ្ងរ​ឡើយ ក្រោយ​ផ្តួល Bournemouth

    លោក Mauricio Pochettino សង្ឃឹម​ថា បញ្ហា​របួស​ក​ជើង​របស់​ខ្សែ​ប្រយុទ្ធ Harry Kane មិន​មាន​កម្រិត​ធ្ងន់​ធ្ងរ​ឡើយ ក្រោយពី​តារា​ឆ្នើម​រូបនេះ​ត្រូវ​បាន​បង្ខំ​ចិត្ត​ប្តូរ​ចេញ​ក្នុង​តង់​ទី​1 ក្នុង​ពេល​ក្រុមខ្លួន​Tottenham ទទួល​ជ័យ​ជម្នះ ក្នុងលទ្ធផល 4-1 នៅ​លើ​ទឹកដីក្រុម Bournemouth កាល​ពី​ថ្ងៃ​អាទិត្យ​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស Kane នឹង​ត្រូវចូលទទួល​ការ​​ពិនិត្យ​សុខ​ភាពនៅ​​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​រង​​របួសនៅ​កីឡដ្ឋាន Vitality​។

    ស្រប​ពេល​ដែល​លោក Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិអង់គ្លេសនឹង​ត្រូវ​​ជ្រើស​រើស​សមា​ជិក​ក្រុម​របស់ខ្លួន​សម្រាប់​ការ​ប្រកួតមិត្ត​ភាព​អន្តរ​ជាតិ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ និង​អ៊ីតាលី នៅមុន​ពេល​ក្រុម Spurs ត្រូវ​ធ្វើ​ការប្រកួត​ពាន FA Cup វគ្គ​8​​ក្រុម​ចុងក្រោយ​ជា​មួយ​​នឹងក្រុម Swansea នា​សប្តាហ៍​ក្រោយដែរ ដោយ Kane អាច​នឹង​ប្រឈមមុខនឹង​ការ​អវត្តមាន​​ក្នុង​រយៈពេល​ដ៏​យូរ​មួយ​សម្រាប់​ទាំង​ក្លិប និង​ប្រទេស​របស់​គេ​។​ ទោះ​បី​ជា​យ៉ាង​ណា លោក Pochettino គ្រូ​បង្វឹក​​របស់​ក្រុម Spurs បាន​បញ្ជាក់​ថា វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​​ដឹង​ពី​ទំហំនៃ​បញ្ហា​របួស​នេះ ដែល​ជា​ការ​រង​របួសត្រង់​ជង្គង់​ដែល Kane ធ្លាប់​បាន​ជួប​កាលពី​លើកមុន​​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​ស្ថាន​ភាព​របស់​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​​គ្រាប់​បាល់ច្រើន​ជាង​គេ​​របស់​ក្រប​ខ័ណ្ឌ Premier League រូប​នេះ លោក Pochettino បាន​ឆ្លើយ​ថា៖ «យើង​ត្រូវ​តែ​រង់​ចាំ​រហូត​ដល់​​ថ្ងៃ​ស្អែកនេះ ពីព្រោះ​យើង​ត្រូវ​តែ​​ធ្វើ​ការ​​ពិនិត្យ​​មើល​ជង្គង់​របស់​គេ​»​។

    គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ពិត​ណាស់ រូប​គេ​បាន​រង​របួស​ដែលវា​​ជា​បញ្ហា​របួស​នៅត្រង់ជង្គង់​ដូច​​ដែល​រូប​គេ​ធ្លាប់បាន​​ជួប​ប្រទះ​កាលពីលើកមុន​ដែរ។ ប៉ុន្តែ យើង​សង្ឃឹម​ថា វា​មិនមែន​ជា​បញ្ហា​ធំ​ឡើយ​។ រូប​គេ​មាន​អារម្មណ៍​មិនស្រួលនៅត្រង់របួស​នោះ នៅ​ពេល​ដែល​រូប​គេ​​រត់ និង​ឈឺរមួល​ត្រង់ជង្គង់ ដែល​ធ្វើ​ឱ្យ​រូប​គេ​​មិន​អាច​លេងបន្តនៅ​​លើ​ទីលាន​បាន​»​៕

    ប្រភព​ពី៖ Talksport

     

  • លោក Wenger ទទួលបាន​ការជឿជាក់​កាន់តែ​ធំ នៅពេលដែល Arsenal លត់ Watford ចាស់ដៃ

    លោក Wenger ទទួលបាន​ការជឿជាក់​កាន់តែ​ធំ នៅពេលដែល Arsenal លត់ Watford ចាស់ដៃ

    លោក Arsene Wenger បាន​អះអាងថា ស្មារតី​របស់​ក្រុម Arsenal បាន​ជួយ​ឱ្យ​ពួកគេ​ឆ្លង​ផុត​ដំណាក់កាល​ដ៏​ជ្រួលច្របល់​មួយ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Watford កាលពី​ថ្ងៃអាទិត្យ ដើម្បី​កាត់បន្ថយ​សម្ពាធ​ពី​លោកគ្រូ​បង្វឹក​ដែល​ស្ថិតក្រោម​ការរិះគន់​រូប​នេះ។

    លោក Wenger កំពុងតែ​ប្រយុទ្ធ​ដើម្បី​សង្គ្រោះ​ការងារ​របស់លោក ហើយ​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅលើ​ទឹកដី​ក្រុម AC Milan ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជួយ​ឱ្យ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ មានការ​ធូរស្រាល​ពី​ការរិះគន់​ឥតឈប់ឈរ​ដែល​លោក​បាន​ជួបប្រទះ​នៅក្នុង​រដូវ​កាល​នេះ។

    ដើម្បី​រក្សា​ភាពខ្លាំង​របស់ខ្លួន​ពី​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន San Siro ក្រុម​របស់លោក Wenger បានបញ្ចប់​ការរង​បរាជ័យជាប់ៗគ្នា​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League ត្រឹម 3ប្រកួត ក្រោយពី​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​នៅ​កីឡដ្ឋាន Emirates រួចមក។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ ShkodranMustafi, Pierre-EmerickAubameyang និង ​HenrikhMkhitaryan បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Wenger ដណ្តើមបាន​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី1 ចាប់តាំងពី​ផ្តួល​ក្រុម Everton ក្នុង​លទ្ធផល 5-1 កាលពី​ខែកុម្ភៈ។

    លោក Wenger បានឱ្យដឹងថា៖ «យើង​មាន​ពេលវេលា​ដ៏​ខកចិត្ត​មួយ ហើយ​អ្នកគាំទ្រ​របស់​យើង​ក៏បាន​រងគ្រោះ​ដូច​យើង​ផងដែរ។ ប៉ុន្តែ ការងារ​របស់​យើង​គឺ​ការបង្ហាញ​ពី​ទម្រង់​លេង​ឱ្យ​បានល្អ និង​លេង​ប្រកបដោយ​ភាពស៊ីចង្វាក់​គ្នា ក៏ដូចជា​ធ្វើឱ្យ​អ្នកគាំទ្រ​ជឿជាក់​លើ​ក្រុម​របស់​យើង​ម្តងទៀត​ដែរ»៕

    ប្រភពពី៖ Channel News Asia

  • អ្នក​ពូកែ​សន្សំ​ឯកសារ ភាគច្រើន អាចបង្កើត​ស្នាដៃ​ថ្មី​ដោយ​ខ្លួនឯងបាន

    អ្នក​ពូកែ​សន្សំ​ឯកសារ ភាគច្រើន អាចបង្កើត​ស្នាដៃ​ថ្មី​ដោយ​ខ្លួនឯងបាន

    នៅក្នុង​ដំណើរ​ជីវិត​នៃ​ការសិក្សា មនុស្សម្នាក់ៗតែងតែ​ចង់​ក្លាយជា​បុគ្គល​ដែលមាន​តម្លៃ​សម្រាប់​មនុស្ស​ទូទៅ ឬ​ចង់​ក្លាយជា​មនុស្ស​ដែលមាន​ប្រយោជន៍​សម្រាប់​សាធារណជន។ ការបង្កើត​ស្នាដៃ​ថ្មី​លើ​ការសិក្សា​ស្រាវជ្រាវ ឬ​ការ​ចងក្រង​ជា​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ជា​រឿង​សំខាន់​មួយ​ដែល​រុញច្រាន​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការទទួលស្គាល់​ពី​មនុស្ស​ជុំវិញខ្លួន និង​សង្គម។

    លោកតា​បណ្ឌិត កុល ផេង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បានលើកឡើង​នៅក្នុង​កម្មវិធី​មាគ៌ា​បុគ្គល​ឆ្នើម​ថា អ្នកសិក្សា ឬ​បុគ្គល​ដែល​ពូកែ​រក្សាទុក​ឯកសារសំខាន់ៗពី​ការរៀនសូត្រ គឺជា​មនុស្ស​ដែល​អាច​រកឃើញ​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ខ្លួនឯង។ អ្នក​ចូលចិត្ត​សន្សំ​ឯកសារ ក៏​ជា​អ្នក​ដែល​ចូលចិត្ត​កត់ត្រា​នូវ​អ្វីដែល​ខ្លួន​បាន​រៀនសូត្រ​ទុក​ដែរ ហេតុនេះ​នៅពេលដែល​ពួកគេ​ចងក្រង​ឯកសារសំខាន់ៗទាំងអស់នោះ​ចូលគ្នា ពួកគេ​នឹង​អាចបង្កើត​ស្នាដៃ​ថ្មី​មួយ ឬ​កម្រង​ឯកសារ​មួយ​សម្រាប់​ជាការ​សិក្សា​រៀនសូត្រ​ខ្លួនឯង និង​សម្រាប់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ប្រភព​ឯកសារ​សម្រាប់​ស្រាវជ្រាវ​ផងដែរ។

    លោកតា​បណ្ឌិត កុល ផេង បាន​មានប្រសាសន៍ថា ៖ “អ្នករៀន​ដែល​ល្អ គេ​តែងតែ​កត់​ទុក​នូវ​អ្វីដែល​គេ​បានឃើញ បានឮ ឬ​បានដឹង​ពី​គ្រប់​មជ្ឈដ្ឋាន។ ប្រភព​ចំណេះដឹង​ទាំងអស់នោះ នៅពេលដែល​យើង​កត់​ទុក​បាន​ច្រើន វា​នឹង​ក្លាយជា​របស់​មានតម្លៃ។

    អ្នកស្រាវជ្រាវ អ្នកនិពន្ធ និង​រៀបរៀង​សទ្ទានុក្រម​ពាក្យ​ខ្មែរ​ទំនើប លោក ឈិន សីហា បាន​លើកឡើងថា ការរក្សា​ទុក​ឯកសារ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ព្រោះថា នៅលើ​ពិភពលោក​យើង​នេះ​មាន​ឯកសារ​ច្រើន​រាប់មិនអស់ តែ​មិន​ប្រាកដថា​ឯកសារ មានតម្លៃ​ទាំងអស់​នោះទេ។ ហេតុនេះ​សម្រាប់​អ្នកស្រាវជ្រាវ​គេ​តែងតែ​ដកស្រង់យក​ចំណុច​ដែល​គេ​ត្រូវការ​ទុក​ទាំងអស់ បន្ទាប់មក​ទើប​គេ​ចែក​បណ្តុំ​ឯកសារ​នោះ​ជា​ប្រភេទ​ទៅតាម​ជំនាញនីមួយៗ។

    លោក ឈិន សីហា បាន​និយាយថា៖ “ការបែងចែក​ប្រភព​ឯកសារ​ជាផ្នែកៗឱ្យមាន​សណ្តាប់ធ្នាប់​មាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​វា​ធ្វើឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក និង​យកមក​អាន ហើយ​វា​ក៏​អាច​ក្លាយជា​ប្រភព​ទុន​សម្រាប់​ចងក្រង​ឱ្យ​ក្លាយជា​បណ្តុំ​ឯកសារ​សម្រាប់​មនុស្ស​ទូ​ទៅ​ផងដែរ។

    លោក សីហា បានលើកឡើង​ផងដែរ​ថា ឯកសារ​មួយចំនួន​ដែល​យើង​គិតថា​ល្អ យើង​ក៏​ចាំបាច់​ត្រូវ​រក្សា​វា​ទុក​ផងដែរ ព្រោះ​ថ្ងៃ​ណាមួយ​វា​អាច​ក្លាយជា​ទិន្នន័យ ឬ​ចំណុច​ដែល​ត្រូវការ​ជាក់​ជាមិនខាន។ ម្យ៉ាងវិញទៀត ទិន្នន័យចាស់ៗដែលមាន​នៅក្នុង​ដៃ​អាចជា​ប្រភព​យ៉ាងសំខាន់​មួយ​ក្នុងការ​ធ្វើជា​ឯកសារយោង ភ័ស្តុតាង ឬ​អាច​ធ្វើជា​ប្រភព​នៃ​ឯកសារ​សម្រាប់​ប្រៀបធៀប​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​ដែល​កើត​មាននៅ​ថ្ងៃ​ណាមួយ។ គ្រប់ការ​វិភាគ និង​ការសរសេរ​ចេញ​ជា​ឯកសារ​ថ្មី គឺ​ត្រូវការ​បំផុត​នូវ​ឯកសារចាស់ៗដែលមាន​នៅក្នុង​ដៃ។

    អ្នកសិក្សា​ដែល​ស្រឡាញ់​ការស្រាវជ្រាវ លោក សោម ចន្ទ​សុធា បាន​លើកឡើងថា សម្រាប់​លោក​ជា​អ្នកតស៊ូ​មតិ លោក​តែងតែ​ស្វែងរក​ប្រភព​ជាច្រើន​សម្រាប់​ធ្វើជា​អំណះអំណាង​នៅពេល​ជជែកពិភាក្សា ហើយ​ពេលខ្លះ​ប្រសិនបើ​គ្មាន​ប្រភព​ឯកសារ​ច្រើន​ទេនោះ យើង​អាច​នឹងមាន​ការលំបាក​ក្នុងការ​ដកស្រង់យក​ប្រភព​ដែល​គួរ​ទុកចិត្តបាន ហើយ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ចំណុច​គាំទ្រឱ្យបាន​ទូលំទូលាយ។ ហេតុនេះ​លោក​តែងតែ​រក្សាទុក​នូវ​ឯក​សារ​ទាំងអស់​ដែល​លោក​បាន​ជួប​ប្រសិនបើ​លោក​គិតថា វា​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​លើ​ការនិយាយ​ជា​សាធារណៈ។

    លោក សោម ចន្ទ​សុធា បាន​និយាយថា៖ “មិន​ថា​ព្រឹត្តិបត្រ​ព័ត៌មាន ឬ​ប្រភពព័ត៌មាន​ជា PDF  នោះទេ ខ្ញុំ​តែងតែ​រក្សាទុក​ជានិច្ច​នៅតាម​ផ្នែកសំខាន់ៗព្រោះ​ជា​ចំណុចខ្លាំង​ដែល​ពេលខ្លះ​យើង​មាន តែ​អ្នក​ដទៃទៀត​មិន​ប្រាកដថា​មាន​នោះទេ។

    លោក សុធា បានលើកឡើង​ផងដែរ​ថា ប្រភពព័ត៌មាន​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​កាលណា​យើង​មាន​ព័ត៌មាន​ច្បាស់លាស់ យើង​អាចមាន​មូលដ្ឋាន​នៃ​គំនិតល្អ​ក្នុងការ​ប្រើប្រាស់​តាម​គ្រប់​លក្ខខណ្ឌ៕

  • វីរបុរស​បាល់ទាត់ RYAN GIGGS រីករាយ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ថៃ​ហ្គ័​រ

    វីរបុរស​បាល់ទាត់ RYAN GIGGS រីករាយ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ថៃ​ហ្គ័​រ

    កាលពី​ព្រឹក​ថ្ងៃទី 11  ខែមីនា ឆ្នាំ2018 លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​កម្ពុជា​បាន​ស្វាគមន៍​វីរបុរស​បាល់ទាត់​អន្តរជាតិ​លោក Ryan Giggs ក្នុង​ដំណើរ​ទស្សនកិច្ច​ពិសេស​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ។ 

    ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក Roland Bala  បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​លោក Ryan Giggs ដែល​បាន​សម្រេចចិត្ត​ធ្វើជា​ទូត​សុ​ឆន្ទៈ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ដោយ​លើកឡើងថា៖ “ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Ryan Giggs ដែលជា​កំពូល​តារា​ដ៏​អស្ចារ្យ​បំផុត​របស់​ក្លិប Manchester United មកកាន់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​យើងខ្ញុំ​ដើម្បី​ជួប និង​ស្វាគមន៍​បុគ្គលិក និង​ភ្ញៀវ​ពិសេស​របស់​យើង។ តាងនាម​ឱ្យ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ខ្ញុំ​សូម​អរគុណ​ដល់​លោក Ryan Giggs ដែល​បានមក​កម្ពុជា​ដើម្បី​គាំទ្រ​ដល់ Tiger Street Football Festival 2018   ក្នុង​រដូវ​កាល​ទី6នេះ និង​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់ និង​អ្នកគាំទ្រ​ក្នុងប្រទេស​នេះ។

    ក្នុងឱកាស​នោះ​កំពូល​តារាបាល់ទាត់​រូបនេះ​បាន​មានប្រសាសន៍​សរសើរ និង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ហាញថា គំនិត​ផ្តួចផ្តើម​វិជ្ជមាន​ក្នុងការ​រៀបចំ​កម្មវិធី Tiger Street Football Festival គឺជា​វេទិកា​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​អភិវឌ្ឍ​អ្នកទេព​កោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់ពី​ការណែនាំ និង​ការជួប​ស្វាគមន៍​ជាមួយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​ប្រតិបត្តិ និង​ភ្ញៀវ​ពិសេស លោក Ryan Giggs ត្រូវបាន​នាំទៅ​ទស្សនា​រោងចក្រ​ផលិត​ស្រា​បៀរ ដែលជា​កន្លែង​លោក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការពង្រីក​ខ្សែចង្វាក់​ផលិតកម្ម និង​បច្ចេកវិជ្ជា​ទំនើប​ក្នុង​ការផលិត​ស្រា​បៀរ។

    ជាមួយគ្នានេះ ក៏មាន​វគ្គ​បង្វឹក​ពិសេស​ជាមួយ​បុគ្គលិក និង​ភ្ញៀវ​នៅ​រោងចក្រ ដែល​លោក Ryan Giggs បាន​ចែករំលែក​ដំបូន្មាន និង​តិច​និ​ចល្អៗផ្អែកលើ​បទពិសោធន៍​របស់លោក ដែលជា​កីឡាករ​ទទួលបាន​ពានរង្វាន់​ច្រើនជាងគេ​បំផុត​មិនដែល​ធ្លាប់មាន​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស Premier League ។

    បន្ទាប់ពី​កម្មវិធី​ចុះហត្ថលេខា និង​រូបថត​ជាមួយនឹង​ថ្នាក់​គ្រប់គ្រង បុគ្គលិក​និង​ភ្ញៀវ​ពិសេស​លោក Ryan Giggs បាន​លើកទឹកចិត្ត​អ្នក​រាល់គ្នា​ឱ្យចូល​រួមជាមួយ​លោក​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅពេល​រសៀល​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ។ ចំពោះ​ព័ត៌មាន​លម្អិត​អំពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH#TSFF2018  ។   សូម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ…!

  • សន្និសីទ​សារព័ត៌មាន​ស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ជាមួយ​តារាបាល់ទាត់ RYAN GIGGS

    សន្និសីទ​សារព័ត៌មាន​ស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ជាមួយ​តារាបាល់ទាត់ RYAN GIGGS

    សន្និសីទ​សារព័ត៌មាន ដើម្បី​ប្រកាស​បង្ហាញ​ដល់​សាធារណជន​ថា លោក Ryan Giggs ជា​កំពូល​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ក្លិប​បិសាច​ក្រហម Manchester United  មកកាន់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 នៅ​កម្ពុជា នៅ​ថ្ងៃទី10 ខែមីនា ឆ្នាំ2018។

    លោក Roland Bala អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ប្រចាំ​ប្រទេស​កម្ពុជា  និង​លោក ម៉ៃ តុលា អគ្គលេខាធិការរង និង​ជា​នាយក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​នេះ និង​បាន​ស្វាគមន៍​លោក Ryan Giggs មកកាន់​កម្ពុជា។

    លោក Riyan Giggs   គឺជា​កីឡាករ​ទទួលបាន ពានរង្វាន់​ច្រើនជាងគេ​បំផុត​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស Premier League និង​បាន​បង្ហាញខ្លួន ក្នុង​ការប្រកួត​ជាច្រើនលើក និង​បានឈ្នះ ពានរង្វាន់​កិត្តិយស ច្រើនជាង​កីឡាករ​ផ្សេងទៀត ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ របស់​ក្លិប Manchester United  និង​នៅ​ខែកុម្ភៈ​ឆ្នាំ 2018 ត្រូវបានតែងតាំង ជា​អ្នកចាត់ការ ដឹកនាំ​ក្រុម​ជម្រើសជាតិ​វេ​លស៍។

    ក្នុងឱកាស​សន្និសីទកាសែត កំពូល​តារាបាល់ទាត់ ដ៏​ល្បីល្បាញ​រូបនេះ បាន​មានប្រសាសន៍ថា “ខ្ញុំ​រីករាយ និង​រំភើប​ណាស់ ដែល​ត្រូវបាន​ជ្រើសតាំង ជា​ទូត​សុ​ឆ​ន្ទះ​ផ្សព្វផ្សាយ កម្មវិធី Tiger Street Football Festival 2018 ពីព្រោះ​នេះ​ជា​ឱកាស សម្រាប់​ខ្ញុំ​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ជំនាញ និង​បច្ចេកទេស លេង​បាល់ទាត់​របស់ខ្ញុំ ជាមួយ​កីឡាករ​បាល់ទាត់ មាន​ទេពកោសល្យ នៅ​ព្រះ​រា​ណា​ចក្រ​កម្ពុជា”។

    លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ៖ “វា​គឺជា​បទពិសោធ​ដ៏​កម្រ​មួយ សម្រាប់​កីឡាករ និង​អ្នកគាំទ្រ​កម្ពុជា ដែល​បាន​ជួប​លោក Riyan Giggs នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅ​ចុង​សប្តាហ៍​នេះ។ Tiger Street Football Festival គឺជា​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស ហើយ​នេះ​ជា​ឆ្នាំ​ទី​ប្រាំមួយ ដែល​បាន​ទទួលបាន​ជោគជ័យ។

    កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​លើកកម្ពស់​សកម្មភាព​កីឡា និង​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បញ្ចេញ​ទេពកោសល្យ​របស់ខ្លួន។ ក្រុម​កីឡាករ​ជាង 500 ក្រុម​បាន​ចូលរួម ក្នុង​វគ្គ​ជម្រុះ​ប្រកួតប្រជែង ជាមួយនឹង​ក្រុម​ជើង​ខ្លាំង ដើម្បី​ដណ្តើមយក​ជើងឯក ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅក្នុង​រាជធានី​ភ្នំពេញ នៅខាងមុខ​បរិវេណ សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃទី 10 និង​ទី 11 ខែមីនា​នេះ៕