Author: វល័ក្ខ

  • តើ​ទារក​នៅក្នុង​ផ្ទៃ​ម្ដាយ គេង​នៅពេល​ណាខ្លះ?

    តើ​ទារក​នៅក្នុង​ផ្ទៃ​ម្ដាយ គេង​នៅពេល​ណាខ្លះ?

    សភាព​ជុំវិញខ្លួន​នៅក្នុង​ផ្ទៃ​ម្ដាយ​ស័ក្តិសម​សម្រាប់​ការ​គេង​របស់​ទារ​កបំ​ផុត ព្រោះ​នៅក្នុង​ពោះ​របស់​ម្ដាយ​ទាំង​ងងឹត កក់ក្ដៅ ស្ងាត់ គ្មាន​ការប្រែប្រួល ហើយ​ពេលដែល​អ្នក​ម្ដាយ​ដើរទៅណា​មក​ណា​ក៏​ប្រៀបដូចជា​យោលអង្រឹង​ឱ្យ​កូន​បាន​គេង​លក់​ដូច្នោះ​ដែរ។

    សំឡេង​បេះដូង សំឡេង​កូរពោះ និង​សំឡេង​និយាយ​របស់​អ្នក​ម្ដាយ ដែល នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​កក់ក្ដៅ ក្រៅពីនោះ​ទារក​ក្នុង​គភ៌​ថែមទាំង​មិនមាន​អារម្មណ៍​ឃ្លាន​ទៀតផង ព្រោះ​មាន​ខ្សែ​ទងផ្ចិត​ត​ភ្ជាប់​អាហារ ដែលជា​មូលហេតុ​មួយ​ធ្វើឱ្យ​ទារក​បាន​គេង​លក់​យ៉ាង​សប្បាយចិត្ត។

    • ការ​ភ្ញាក់​ពី​គេង​របស់​ទារក​ក្នុង​គភ៌​កើតឡើង​មិន​ទៀងពេល​ឡើយ ហើយ​កូន​នឹង​ភ្ញាក់​ត្រឹមតែ​ក្នុង​រយៈពេលខ្លីៗប៉ុណ្ណោះ។
    • អំឡុង​ពេលដែល​កូន​គេង​លក់​នៅក្នុង​ពោះ​ម្ដាយ​អាច​មានការ​កម្រើកខ្លួន និង​ធាក់​ម្ដាយខ្លះៗ មិន​ខាន ព្រោះ​កូន​នៅក្នុង​ផ្ទៃ​អាចជា​ក្មេង​ដែល​គេង​រើ។
    • នៅពេល​តាំង​គភ៌​ដល់7ខែ ទារក​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្ដើម​មានការ​យល់សប្តិ​ខ្លះ​ហើយ ព្រោះ​តួ​កំណើត​នៅក្នុង​គភ៌​នេះ​មានការ​សាង​ខួរក្បាល​គ្រប់គ្រាន់​ល្មម​ធ្វើឱ្យ​កើតការ​គេង​លក់​បែប REM (Rapid Eye Movement) ទារក​ចាប់ផ្ដើម​មាន​ក្រសែ​ប្រសាទ​ដែល​ពាក់ព័ន្ធ​ជាមួយ​សមត្ថភាព​ក្នុងការ​មើលឃើញ និង​បានឮ​ហើយ។
    • នៅពេល​តាំង​គភ៌​គ្រប់8ខែ ទារក​ក៏​នឹង​ចាប់ផ្ដើម​គេង​លក់​បែប non-REM ឬ​បែប​គេង​លង់លក់​ខ្លាំង​បាន​ហើយ​ដែរ។
    • បើ​ធ្វើ​ការថត​អេកូ 4 D ពេលខ្លះ​អ្នក​ម្ដាយ​អាច​នឹង​បានឃើញ​កូនតូច​គេង​ញញឹម​ទៀតផង​នេះ​ក៏ដោយ​សារ​ថា អំឡុង​ពេលដែល​កូនតូច​គេង​លក់​បែប REM សាច់ដុំ​បរិវេណ​ផ្ទៃមុខ​កើតអាការ​ញាក់ ឬ​មានការ​ទាញ​ហ្នឹងឯង។
    • បេ​ប៊ី​ក្នុង​ផ្ទៃ​ចូលចិត្ត​គេង​ពេល​ថ្ងៃ និង​ភ្ញាក់​នៅពេល​យប់ ព្រោះ​ក្នុងអំឡុង​ពេលយប់​ដែល​អ្នក​ម្ដាយ​គេង​លក់​នឹងមាន​ទីកន្លែង​ឱ្យ​កូនតូច​បាន​កម្រើកខ្លួន​ច្រើនជាង ថែមទាំង​នៅ​អំឡុងពេល​ថ្ងៃ ពេលដែល​អ្នក​ម្ដាយ​ដើរ​ច្រើន​ផង​នោះ រឹតតែ​ធ្វើឱ្យ​កូនតូច​មាន​អារម្មណ៍​ដូច​កំពុង​គេង​យោល​យោក​ទៅមក​ធ្វើឱ្យ​គេង​លក់​តែម្តង។
    • បេ​ប៊ី​ក្នុង​ផ្ទៃ​ចូលចិត្ត​គេង​ពេល​ថ្ងៃ និង​ភ្ញាក់​នៅពេល​យប់ ព្រោះ​ក្នុងអំឡុង​ពេលយប់​ដែល​អ្នក​ម្ដាយ​គេង​លក់​នឹងមាន​ទីកន្លែង​ឱ្យ​កូនតូច​បាន​កម្រើកខ្លួន​ច្រើនជាង ថែមទាំង​នៅ​អំឡុងពេល​ថ្ងៃ ពេលដែល​អ្នក​ម្ដាយ​ដើរ​ច្រើន​ផង​នោះ រឹតតែ​ធ្វើឱ្យ​កូនតូច​មាន​អារម្មណ៍​ដូច​កំពុង​គេង​យោល​យោក​ទៅមក​ធ្វើឱ្យ​គេង​លក់​តែម្តង៕
  • គុណប្រយោជន៍ នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់

    គុណប្រយោជន៍ នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់

    ប្រេង​អូ​លីវ គឺជា​ប្រេង​ល្អ​បំផុត​មួយ​ដែល​អ្នកជំនាញ​តែង​យកមកប្រើ ដើម្បី​ធ្វើការ​ម៉ាស្សា​លើ​ដងខ្លួន ព្រោះ​គេ​ជឿជាក់ថា ប្រេង​អូ​លីវ​មានគុណ​សម្បត្តិ​ខ្ពស់​ក្នុង​ការជួយ​បង្កើន​សម្រស់​របស់​អ្នក ហើយ​វា​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផងដែរ។ ដូច្នេះ​បើ​មិត្ត​អ្នកអាន​ទាំងឡាយ​បានមក​មើល​ពី​គុណប្រយោជន៍​នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់​បន្តិច​ក៏​ល្អ​ដែរ។

    បន្ថយ​ការឈឺចាប់៖ នេះ​គឺជា​គុណប្រយោជន៍​ដ៏​ល្អ​មួយ​ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ​ចំពោះ​រាងកាយ។ ការ​ម៉ាស្សា​រាងកាយ​ដោយ​ប្រេង​អូ​លីវ​ក្តៅតិចៗអាចជួយ​សម្រួល​ដល់​ចលនា​សាច់ដុំបន្ថយ​ការឈឺចាប់ ហើយ​វា​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ជាងនេះទៅទៀត បើ​អ្នកធ្វើ​វា​រួម​ជាមួយនឹង​ការហាត់​យូ​ហ្គា ផ្នែក​ខាងក្រោយ​ខ្នង និង​ជើង​ផង​នោះ។

    បំបាត់​ភាព​ធុញថប់៖ ជីវិត​របស់​យើងម្នាក់ៗពោរពេញ​ទៅដោយ​បញ្ហា និង​សំ​ពោធ ទាំង​នៅ​កន្លែងធ្វើការ និង​នៅផ្ទះ ជាហេតុ​ធ្វើឱ្យ​អារម្មណ៍​តានតឹង​អាច​កើតមានឡើង​បាន​គ្រប់ពេលវេលា។

    ការ​ម៉ាស្សា​រាងកាយ​ដោយ​ប្រេង​អាចជួយ​ជំរុញ​ចលនា​ឈាម​ឱ្យ​ដើរ​បាន​ស្រួល បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល និង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ​ផងដែរ។

    សម្រួល​ដល់​បញ្ហា​ដំណេក៖ ក្រៅពី​ទទួល​បានការ​សម្រាក និង​កាត់បន្ថយ​ភាព​តានតឹង​ហើយ​នោះ ការ​ម៉ាស្សា​ដោយ​ប្រេង​អូ​លីវ អាចជួយ​ព្យាបាល​អាកា​រគេង​មិន​លក់បាន​ទៀតផង។

    កាត់បន្ថយ​ការ​រលាក​ដោយ​កម្តៅថ្ងៃ៖ សម្រាប់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ស្លៀកខ្លីៗ ប្រហែលជា​ត្រូវចិត្ត​ហើយ​ពេល​បានដឹងថា ការ​ម៉ាស្សា​ប្រេង​អាចជួយ​សម្រួល​បញ្ហា​នេះ​បាន។ ប្រេងអូ​លីវ​គឺជា​ប្រេង​មួយ​ប្រភេទ​ដែល​ពេញ​ទៅដោយ​គុណប្រយោជន៍​ក្នុងការ​ផ្លាស់ប្តូរ​ស្បែក​ដែល​រលា​ករោល​ឱ្យមក​នៅក្នុង​សភាព​ធម្មតា​វិញ។ លាយ​ប្រេង​អូ​លីវ និង​ទឹកស្អាត​ក្នុង​ចំណុះ​ស្មើគ្នា​ដាក់ក្នុង​ដប​មួយ រួច​ក្រឡុក​វា​ឱ្យ​រលាយ​ចូលគ្នា សឹម​យកមក​លាប​លើ​ស្បែក​ដែល​រលាក​ដោយ​កម្តៅថ្ងៃ​នោះ។ ជាតិ​ប្រេង​នឹង​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក បន្ថយ​អាការ​រមាស់ ជួយ​សម្រួលពណ៌​ស្បែក​ឱ្យ​ស​ស្មើគ្នា​ឡើងវិញ។

    ជួយផ្តល់​សំណើម​ឱ្យ​ស្បែក​ដែល​ស្ងួត៖ ជាតិ​សំណើ​មយ៉ាង​សន្ធឹកសន្ធាប់​ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ គឺជា​សារធាតុ​ផ្សំ​ម្យ៉ាង​ក្នុង​ការជួយ​កែខៃ​បញ្ហា​ស្បែក​ស្ងួត។ ជាតិ​សំណើម​ពី​ប្រេងអូ​លីវ​នឹង​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក កាត់បន្ថយ​ភាព​ស្ងួត ប្រេះ​បែក​ស្រកា អាការ​រមាស់​នៃ​ស្បែក ជាពិសេស​វា​ក៏​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ស្រស់ស្អាត​ទៀតផង។

    កាត់បន្ថយ​បញ្ហា​ចាស់​មុន​អាយុ៖ ប្រេង​អូ​លីវ​គឺជា​ធនធាន​ដ៏​ល្អ​ក្នុង​ការជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ ថ្ងាស កន្ទុយភ្នែក ក្បែរ​បបូរមាត់ ព្រោះ​វា​ជួយ​បន្ថែម​ខូ​ឡា​ជិន និង​ភាព​តឹងណែន​ដល់​ស្បែក។ សូម​ចាំ​ថា​ការ​ម៉ាស្សា​មុខ​ជាមួយនឹង​ប្រេង​អូ​លីវ គឺជា​ទម្លាប់​ដ៏​ល្អ​ក្នុងការ​ថែរក្សា​ផ្ទៃមុខ។

    ទាំងនេះ​គឺជា​គុណប្រយោជន៍​ដែល​បានមកពី​ការ​ម៉ាស្សា​ស្បែ​កដោយ​ប្រេង​អូ​លីវ ដូច្នេះ​បើ​អ្នក​កំពុងតែ​មានចិត្ត​ចង់បាន​ភាពស្រស់ស្អាត​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ សូមកុំ​ភ្លេចស្វែងរក​ជំនួយ​ពី​ប្រេង​អូ​លីវ​ពី​ពេលនេះ​តែម្តងទៅ៕

  • តម្លៃ​អង្ករ​ហក់​ឡើង​ជាង $100 ក្នុង​មួយ​តោន នាពេលថ្មីៗនេះ

    តម្លៃ​អង្ករ​ហក់​ឡើង​ជាង $100 ក្នុង​មួយ​តោន នាពេលថ្មីៗនេះ

    តម្លៃ​អង្ករ​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ​កំពុង​ឡើងថ្លៃ​ក្នុង​រយៈពេលថ្មីៗនេះ ដែល​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យនេះ​បាន​មើលឃើញថា មាន​កត្តា​ជាច្រើន​កំពុង​ជះឥទ្ធិពល​ដល់​តម្លៃ​អង្ករ​នៅ​ប្រទេស​កម្ពុជា ខណៈដែល​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​ពី​ប្រទេស​កម្ពុជា មាន​កំណើន​តិចតួច​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ។

    អ្នក​ប្រកប​អាជីវកម្ម​លក់​អង្ក​រទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ម្នាក់​បានឱ្យដឹងថា តម្លៃ​អង្ករ​បាន​ហក់​ឡើង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ។ ម្ចាស់​ក្រុមហ៊ុន​រូបនោះ​បាន​អះអាងថា តម្លៃ​អង្ករ​នាងខុន​ដែល​ពេញនិយម​ប្រើប្រាស់​ក្នុងស្រុក​បាន​ហក់​ឡើង​ជិត 100ដុល្លារ​ក្នុង​មួយ​តោន រហូតដល់​ជាង 500ដុល្លារ​ក្នុង​មួយ​តោន ខណៈ​តម្លៃ​ពីមុន​គឺ​ត្រឹមតែ​ជាង 400ដុល្លារ​ប៉ុណ្ណោះ​ក្នុង​បរិមាណ​ដូចគ្នា។ ជាមួយគ្នានេះ តម្លៃ​អង្ករ​សែន​ក្រអូប វិញ​បាន​ហក់​ឡើង​ជិត 200ដុល្លារ​ក្នុង​មួយ​តោន។

    ម្ចាស់​អាជីវកម្ម​រូបនោះ​បាន​អះអាងថា តម្លៃ​នេះ​ត្រូវបាន​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដំឡើងថ្លៃ ហើយ អះអាងថា ទីផ្សារ​ខាងក្រៅ​កំពុងមាន​តម្រូវការ។ លោក ហេង ផេង ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ​អង្ករ ថ្មគោល​រ៉ា​យស៍ បាន​កត់សម្គាល់ថា នាពេល​បច្ចុប្បន្ននេះ អង្ករ​គ្រប់​ប្រភេទ​ដូចជា អង្ករ​ផ្កាម្លិះ រំដួល និង​សែន​ក្រអូប​ព្រមទាំង​អង្ករ​នាងខុន​បាន​ហក់​ឡើង​ខ្លាំង ដោយសារ​កត្តា​ជាច្រើន។

    លោក​បាន​អះអាងថា ឆ្នាំនេះ​អង្ករ​នាងខុន​មាន​បរិមាណ​តិចជាង​ឆ្នាំ​កន្លងទៅ ដោយសារ​ឈ្មួញ​ប្រមូល​ទិញស្រូវ​នាងខុន​យកទៅ​ទីផ្សារ​វៀតណាម។ បន្ថែម​ពីលើ​នេះ ម្ចាស់​រោង​ម៉ាស៊ីន​ដែល​ធ្លាប់​ទិញស្រូវ​នាងខុន​ទុក​ក្នុង​ស្តុក បាន​បោះ​បង់ការ​ស្តុក​ស្រូវ​នាងខុន ដោយ​ប្តូរ​ទៅ​ស្តុក​ស្រូវ​ប្រភេទ​ផ្សេង​ដែល​ចំណេញ និង​បង្វិល​លុយ​បាន​លឿន​ជាង​វិញ។

    បច្ចុប្បន្ននេះ អង្ករ​សែន​ក្រអូប​មានតម្លៃ​លក់​នៅមុខ​រោង​ម៉ាស៊ីន បាន​កើនឡើង​ពី 600ដុល្លារ ដល់​ជាង 700ដុល្លារ​ក្នុង​មួយ​តោន រីឯ​អង្ករ​ផ្កាម្លិះ​វិញ កើន​ពី 650ដុល្លារ​ក្នុង1តោន ដល់ 770ដុល្លារ​ក្នុង​បរិមាណ 1តោន​ដូចគ្នា។

    លោក​បញ្ជាក់ថា៖ “រោង​ម៉ាស៊ីន​បាន​ស្តុក​ទុក​នាងខុន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​គាត់​មិន​ចំណេញ​ដោយសារ​តម្លៃ​អង្ករ​នាងខុន​មិន​ឡើងថ្លៃ ហើយ​គាត់​ខាតបង់​ការប្រាក់។ រោង​ម៉ាស៊ីន​ដែល​ធ្លាប់​ទុក​នាងខុន បាន​កាត់បន្ថយ​ស្តុក​រហូតដល់ 50% ធៀប​នឹង​ឆ្នាំមុន។ រោង​ម៉ាស៊ីន​មាន​ស្តុក​តិច ដល់​កិន​ស្តុក​ស្រូវ​ចាស់​អស់ រកទិញស្រូវ​ថ្មី​ក៏​មិនទាន់ មិន​គ្រប់​កិន ទើប​បណ្តាលឱ្យ​តម្លៃ​កើនឡើង។

    លោក​បន្ថែមថា៖ “ឆ្នាំនេះ​ខ្ញុំ​ទិញ​នាងខុន​បាន​តិច​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ ហេតុផល​មិនមែន​អត់​ស្រូវ​ទេ​នៅ​រដូវ​ប្រមូល​ផល តែ​ខ្ញុំ​គឹ​ត​ថា តម្លៃនឹង​បន្ត​ឡើង​ដោយសារ​ការប្រើប្រាស់​អង្ករ​នាងខុន​ក្នុងស្រុក​ច្រើន។

    លោក​បាន​បន្ថែមថា សម្រាប់​ប្រភេទ​អង្ក​រស (White rice)តម្លៃ​មិន​ប្រែប្រួល​ច្រើន​ដូច​នាងខុន​ទេ ដោយសារតែ​រដូវ​នេះ​ប្រមូល​ផល​បាន​ច្រើន ហើយ​វៀតណាម​ក៏​ប្រមូលយក​ច្រើន​ដែរ ដូច្នេះ​តម្លៃ​ប្រភេទ​ស្រូវ​អង្ក​រស ឬ​ស្រូវ​អ៊ី​អ៊ែរ គឺមាន​ស្ថេរភាព ប៉ុន្តែ​បើសិន​ខាង​វៀតណាម​នៅតែ​បន្ត​ចូលមក​ទិញ​ពី​ប្រទេស​កម្ពុជា​នោះ តម្លៃ​ក៏​នឹង​ប្រែប្រួល​ទៅតាម​ហេង​ឆេង និង​តម្រូវការ​ពី​ប្រទេស​វៀតណាម​ដែរ។

    គួរ​រំឭក​ផងដែរ​ថា​កាលពី​ចុងខែ​មករា ឆ្នាំ2018 កន្លងទៅ​កម្ពុជា​បាន​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ថ្មី​មួយ ឈ្មោះថា “ម្លិះ​អង្គរ MALYS ANGKOR” ដើម្បី​ជំរុញ​ទីផ្សារ​លក់​នៅក្រៅ​ប្រទេស​ឱ្យ​កាន់តែមាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង​ទៀត ខណៈដែល​ថ្នាក់ដឹកនាំ​ក្រសួង​នានា​បាន​រំពឹងទុក​ថា ផលិតកម្ម​ស្រូវ​បន្ត​រីកចម្រើន និង មានលទ្ធភាព​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ក្នុងពេល​អនាគត។

    ម៉ាក​វិញ្ញាតកម្ម “ម្លិះ​អង្គរ” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​រួម​ថ្មី​មួយ​របស់​កម្ពុជា ដែលមាន​សហព័ន្ធ​ស្រូវ​អង្ករ​ជា​កម្មសិទ្ធិករ ដែល​នឹង​ផ្តល់​ការបញ្ជាក់​ទៅលើ​សម្បក​វេច​ខ្ចប់​នៃ​ផលិតផល​អង្ករ​នាំចេញ។ ទោះបីជា​បែបនេះ​ក្តី ការប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម​នេះ​នឹង​ត្រូវការ​ពេល​យូរ​បន្ថែមទៀត សម្រាប់​ឱ្យ​អ្នក​នាំចេញ និង​ទីផ្សារ​ខាងក្រៅ​ទទួលស្គាល់។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ម៉ាក​អង្ករ​នោះ​ថា នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ម៉ាក​រួមមួយ​នេះ ដោយ​សហព័ន្ធ​ត្រូវធ្វើ​ការងារ​ជាច្រើន​ទៀត​ជាមួយ​អ្នក​នាំចេញ។

    រហូតមកដល់​ពេលនេះ នីតិវិធី​ប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម ម្លិះ​អង្គរ មិនទាន់​ត្រូវបាន​ប្រកាស និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​តម្រូវការ​អង្ករ​អាចមាន​ច្រើន​សម្រាប់​ធានា​សន្តិសុខ​ស្បៀង ខណៈដែល​តំបន់​ខ្លះ​អាច​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ផលិតកម្ម​ថយចុះ​ឬ​ខូចខាត ដោយសារ​ការប្រែប្រួល​អាកាសធាតុ៕

  • ព័ត៌មាន​មិន​ពិត​ប្រហែល 70% ត្រូវបាន​ផ្សព្វផ្សាយ​តាម Twitter

    ព័ត៌មាន​មិន​ពិត​ប្រហែល 70% ត្រូវបាន​ផ្សព្វផ្សាយ​តាម Twitter

    ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​ផ្សព្វផ្សាយ និង​ចែករំលែក​យ៉ាង​រហ័ស និង​ច្រើនសន្ធឹក​តាមរយៈ​បណ្ដាញ​សង្គម Twitter ទៅកាន់​ពិភពលោក។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បានបង្ហាញ​នាពេលថ្មីៗនេះ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters។

    វិទ្យាស្ថាន​ស្រាវជ្រាវ Massachusetts Institute of Technology’s Media Lab បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន ដោយនៅ​ក្នុងនោះ​បានឱ្យដឹង​ថា នៅ​ចន្លោះ​ឆ្នាំ2006 ដល់ 2017 មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​បង្ហោះ​នៅលើ Twitter ហើយ​បើ​គិត​ទៅ គឺ​ស្មើនឹង 70% នៃ​ព័ត៌មាន​ទាំងអស់​ដែល​បានបង្ហាញ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​មួយ​នោះ។

    ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ព័ត៌មាន​មិន​ពិត​ទាំងនោះ ភាគច្រើន​ត្រូវបាន​បង្ហោះ​ដោយ​ជនអនាមិក និង​ជា​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ហើយ​ជាពិសេស គឺ​អ្នកប្រើប្រាស់ Twitter បាននាំគ្នា​ចែករំលែក​នូវ​ព័ត៌មាន​ទាំងនោះ​ថែម​ទៀតផង ដោយ​មិនបាន​គិតពិចារណា​ឱ្យបាន​ល្អិតល្អន់​ថា វា​ជា​រឿង​ពិត ឬ​ក្លែងក្លាយ​នោះឡើយ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង Twitter ក៏​ធ្លាប់បាន​ចេញមុខ​បញ្ជាក់​ជាច្រើនលើក​ច្រើនសា​មកហើយ​ដែរ ជាពិសេស​ថែមទាំង​បានចាប់ផ្ដើម​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​សកម្មភាព​នៃ​ការ​បង្ហោះ​សារ​របស់​អ្នកប្រើប្រាស់​ទៀតផង ខណៈដែល​ពេលនេះ Facebook និង YouTube ក៏បាន​បន្ថែម​កម្លាំង​មនុស្ស​ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​នេះដែរ៕

  • ចង់​បង្កើត​ស្នាដៃ​ថ្មី លុះត្រាតែ ពូកែ​អាន ស្តាប់ និង​ចងក្រង

    ចង់​បង្កើត​ស្នាដៃ​ថ្មី លុះត្រាតែ ពូកែ​អាន ស្តាប់ និង​ចងក្រង

    នាពេល​បច្ចុប្បន្ននេះ យុវជន​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ​ការសរសេរ និង​បង្កើត​ស្នាដៃ​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ទៅកាន់​សាធារណជនថ្មីៗ ដែល​វា​ជា​ប្រភេទ​ឯកសារសំខាន់ៗសម្រាប់​សង្គម តែ​យុវជន​មួយចំនួន​មិនទាន់​យល់ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​បង្កើត​នូវ​ស្នាដៃ​ទាំងអស់នោះ​នៅឡើយ។

    សៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធថ្មីៗ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សៀវភៅ

    ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ និង​គំនិត​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​ស្នាដៃថ្មីៗ ឬ​សម្រាប់​អ្នក​ដែល​មិនទាន់​ដឹងថា ត្រូវ​បង្កើន​ស្នាដៃ​អ្វី​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ភាពខ្លាំង​របស់ខ្លួន ហើយ​មាន​ប្រយោជន៍​តាម​វិធី​ណា?

    1. អាន​ច្រើន និង​ព្យាយាម​ដើរ​ឱ្យ​ច្រើន

    អ្នកបង្កើត​ស្នាដៃ​ថ្មី គឺ​ចាំបាច់​ត្រូវតែ​ជា​អ្នក​ដែល​សំខាន់ ហើយ​ឆ្លើយតប​នឹង​អ្វី​ដែលជា​តម្រូវការ​រប​ស់មនុស្ស​ទូទៅ ហេតុនេះ​អ្នក​ដែល​ជួប​រឿង​ច្រើន​ស្គាល់​បញ្ហា​ច្រើន ឬ​ជា​អ្នកដឹង​ពី​ប្រភព​ដែល​កើតមាន​បញ្ហា​ទូទៅ​សម្រាប់​មនុស្ស។ ដើម្បី​ដឹង​ពី​បញ្ហា​ទាំងអស់នោះ លុះត្រាតែ ខ្លួនគេ​ជា​អ្នក​ដែល​ទទួលបាន​ព័ត៌មាន​ច្រើន តាមរយៈ​ការអាន ការ​ស្តាប់ ឬ​ការចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា។

    បន្ទាប់ពី​បានដឹង​ពី​ប្រភពព័ត៌មាន​ច្រើន​ហើយ​យើង​អាច​សាកល្បង​ចងក្រង​នូវ​បញ្ហា​ទាំងអស់នោះ​ទុក ហើយ​បែងចែក​ឱ្យបាន​ច្បាស់លាស់ សម្រាប់​កំណត់​ពីមុខ​សញ្ញា​ដើម្បី​ដោះស្រាយ។ យើង​អាច​សាកល្បង​មើល​លើ​បញ្ហា​ទាំងអស់ ហើយ​សង្កេតមើល​ពី​ចំណូលចិត្ត​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ថា តើ​យើង​ស្រឡាញ់​ការងារ​មួយណា ហើយ​ចង់​ដោះស្រាយ​ការងារ​ណា​ដែល​មិន​ធុញទ្រាន់។ ក្រោយពី​ទទួលបាន​ប្រភព​បញ្ហា​ហើយ យើង​អាចធ្វើ​ការស្រាវជ្រាវ​តាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​ភ្ជាប់​នឹង​ចំណេះដឹង​ដែល​យើង​មាន។

    1. ស្វែងរក​មូលដ្ឋាន​នៃ​ដំណោះស្រាយចាស់ៗ

    ដើម្បី​បង្កើត​ដំណោះស្រាយ​ថ្មី អ្នក​ដែល​អាចបង្កើត​ស្នាដៃ​ថ្មី មិន​ប្រាកដថា​ជា​មនុស្ស​ដែល​ត្រូវតែ​ធ្វើអ្វីៗថ្មី​ទាំងអស់​នោះទេ​តែ​ពេលខ្លះ​គាត់​ក៏​អាចជា​អ្នក​ពូកែ​យក​ដំណោះស្រាយចាស់ៗមក​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ត្រូវ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែរ។ ពេលខ្លះ ការព្យាយាម​ស្រាវជ្រាវ​អាន​ឯកសារចាស់ៗដែល​ស្រដៀង​គ្នា​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​អាចជា​ពន្លឺ​យ៉ាង​ល្អ​ដើម្បីឱ្យ​យើង​បន្ត​ស្រាវជ្រាវ​លើ​គំហើញថ្មីៗទៀត​ដោយ​គ្រាន់តែ​កាត់​ចំណុច​មិន​សំខាន់​ចេញ ហើយ​បន្ថែម​នូវ​អ្វីដែល​ស្របទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ននេះ ជាការ​ស្រេច។ ដើម្បី​ធានាថា ការធ្វើ​បច្ចុប្បន្នភាព​នៃ​ដំណោះស្រាយ​អាចធ្វើ​ទៅបាន​ដោយមាន​ភាពច្បាស់លាស់ និង​ត្រឹមត្រូវ យើង​អាច​ស្វែងរក​ទីប្រឹក្សា​ដើម្បី​ផ្តល់យោបល់​បន្ថែម និង​ស្វែងរក​អ្នកជំនាញ​ដើម្បី​ធ្វើ​សម្ភាស​បន្ថែម​ជាការ​ស្រេច។

    1. ប្រមូល​ឯកសារ​ទាំងអស់​ចងក្រង​បញ្ចូល​គ្នា​ទៅតាម​អាយុកាល

    ពេលខ្លះ​អ្នក​ដែល​អាចបង្កើត​ស្នាដៃ​ថ្មី គឺជា​អ្នក​ដែល​បានធ្វើ​នូវ​អ្វីដែល​អ្នកដទៃ​មិនទាន់​ធ្វើ ហើយ​ស្នាដៃ​ដែល​ត្រូវបាន​បង្កើតឡើង​ថ្មី​នោះ​អាច​ក្លាយជា​ប្រភព​នៃ​ព័ត៌មាន​ដែល​មនុស្ស​ត្រូវការ​បំផុត។ មនុស្ស​ជាច្រើន​មានការ​លំបាក​បំផុត​ក្នុងការ​ចងក្រង​ឯកសារ​ច្រើន​ប្រភេទ​លើ​ប្រធានបទ​តែមួយ​បញ្ចូល​គ្នា ហើយ​ចំណុច​ទាំងអស់នោះ​នឹង​ក្លាយជា​អាហារ​ឆ្ងាញ់​សម្រាប់​អ្នកស្រាវជ្រាវ​ដទៃទៀត ព្រោះថា​មាន​មនុស្ស​ជាច្រើន​អាច​មិនមាន​អ្វីដែល​យើង​មាននៅ​ក្នុង​ដៃ ហើយ​អ្វីដែល​យើង​ធ្វើ​ក៏​អាច​បង្កើន​ភាពងាយស្រួល​ដល់​អ្នកស្រាវជ្រាវ និង​ខ្លួនឯង​ផ្ទាល់​ថែមទៀត​ផង៕

  • ស្រាយ​ចម្ងល់… ហេតុ​អី្វ​បាន​គេង​លក់​ហើយ​ហៀរ​ទឹកមាត់ និង​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា?

    ស្រាយ​ចម្ងល់… ហេតុ​អី្វ​បាន​គេង​លក់​ហើយ​ហៀរ​ទឹកមាត់ និង​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា?

    មិន​ថា​លោកអ្នក​អាយុ​ប៉ុន្មាន? ប្រុស ឬ​ស្រី? មាន​អាជីព​អ្វី? និង​មាន​បែបបទ​ជីវិត​បែបណា​នោះទេ? តែ ឡា​រ៉ែ​ន ជឿថា ត្រូវតែ​ធ្លាប់​គេង​លក់​ហើយ​ហៀរ​ទឹកមាត់​កក្លាក់ រហូត​ទទឹក​ដៃ​អាវ សើម​ខ្នើយកើយ​មក​ខ្លះ​ហើយ​ជាមិនខាន។ តើ​ហេតុ​អី​បានជា​អ្នក​ហៀរ​ទឹកមាត់​ពេល​គេង​លក់ ទាំង​ពេល​គេង​ក៏​បិទមាត់​ជិតឈឹង​ល្អ​ហើយ​នោះ តែ​ហេតុ​អី​ក៏​នៅតែ​ហៀរ​ចេញមក​បាន​ទៀត? តើ​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា? ទំព័រ​សុខភាព ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន។

    ហេតុ​អី​បាន​អ្នក​គេង​លក់​ហើយ​ហៀរ​ទឹកមាត់?

    ជា​ប្រក្រតី រាងកាយ​របស់​មនុស្ស​យើង​នឹង​ផលិត​ទឹកមាត់​ចេញមក​គ្រប់ពេលវេលា​ស្រាប់​ទៅហើយ ក្នុង​សភាវ​ប្រក្រតី​ក្រពេញទឹកមាត់​នឹង​ផលិត​ទឹកមាត់​ចេញមក​ប្រមាណ1-2លីត្រ​ក្នុងមួយថ្ងៃ។ នៅពេលដែល​អ្នក​កំពុង​ភ្ញាក់ (មិនបាន​គេង) ទឹកមាត់​នឹង​ផលិត​ចេញមក​ច្រើនជាង​ពេល​អ្នក​គេង​លក់ ឯ​ពេល​គេង​លក់​វិញ រាងកាយ​របស់​អ្នកនឹង​ផលិត​ទឹកមាត់​ចេញមក​តិច​បំផុតស្ទើរតែ​សូន្យ​តែម្ដង។ តែ​ទោះជា​យ៉ាងនេះ​មែន​នៅពេល​ភ្ញាក់ អ្នក​អាច​គ្រប់គ្រង​រាងកាយ គ្រប់គ្រង​បរិមាណ​ទឹកមាត់​ក្នុង​មាត់​របស់​អ្នក​បាន​ដោយ​ការ​លេប តែ​នៅពេល​អ្នក​គេង​លក់ រាងកាយ​ចូល​ឆ្ពោះទៅរក​សភាវ​សម្រាក សាច់ដុំ​ទូទាំង​រាងកាយ និង​លើ​ផ្ទៃមុខ​ក៏​សម្រាក​ដែរ ធ្វើឱ្យ​មាត់​របស់​អ្នក​ហា​ឡើង​ដោយសារ​គ្មាន​សាច់ដុំ​បញ្ជា​ឱ្យ​បិទ ទើប​ទឹកមាត់​ដែល​ប្រមូល​សន្សំនៅក្នុង​មាត់​នោះ​ហូរ​ចេញមកក្រៅ​មាត់ ព្រោះ​អ្នក​មិនបាន​លេប​ចូល​ពោះ​ដូច​ពេល​ភ្ញាក់​ហ្នឹងឯង។

    គេង​លក់​ហៀរ​ទឹកមាត់ ជា​អា​ការដែល​ខុស​ប្រក្រតី​ឬទេ?

    ការពិតទៅ ការ​គេង​លក់​ហើយ​ទឹកមាត់​ហៀរ​មិនមែនជា​អាការ​ដែល​ខុស​ប្រក្រតី​នោះទេ។ វា​ច្រើនតែ​កើតឡើង​នៅពេលដែល​អ្នក​គេង​លក់​ខ្លាំង លក់​ស្កប់ មិន​កម្រើកខ្លួន អាច​សង្កេត​បានតាមរយៈ​ថ្ងៃ​ណា​ដែល​អ្នក​ហត់នឿយ​ខ្លាំង ឬ​នៅលើ​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង ក៏​នឹងមាន​សញ្ញា​ក្នុងការ​គេង​ហៀរ​ទឹកមាត់​ច្រើនជាង​អ្នកដទៃ​ដែរ។ តែ​ក្រៅពីនេះ នៅ​អាចមាន​មូលហេតុ​ផ្សេងទៀតរួមជាមួយ​ដែរ ដូចជា អ្នកជំងឺ​គ្រុនផ្ដាសាយ​ដែលមាន​អាការ​តឹង​ច្រមុះ ហើយ​គេង​ហាមាត់ ឬ​នៅលើ​អ្នកជំងឺ​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ ឬ​សាច់ដុំ​គ្មាន​កម្លាំង ក៏​អាចមាន​បញ្ហា​គេងលក់​ហៀរ​ទឹកមាត់​បាន​ដូចគ្នា​ដែរ។

    វិធី​កាត់បន្ថយ​អាកា​រហៀរ​ទឹកមាត់​ពេល​គេង​លក់​ដោយសារតែ​អាកា​រគេង​លក់​ហើយ​ហៀរ​ទឹកមាត់​ជា​រឿង​ប្រក្រតី​តាម​ធម្មជាតិ​នោះ ទើប​គ្មាន​វិធី​ណា​បំបាត់​អាការ​នេះ​ជាពិសេស​នោះទេ តែ​អ្នក​អាច​កាត់បន្ថយ​ឱកាស​ដែល​ទឹកមាត់​នឹង​ហូរហៀរ​ចេញមក​បាន​ដោយ​ការ​គេង​ផ្ងារ ឬ​គេង​ដាក់​ក្បាល​ឱ្យ​ខ្ពស់​ឡើង​បន្តិច ដើម្បីឱ្យ​មាត់​របស់​អ្នក​បិទ​ជិត​ខណៈ​គេង​លក់៕

  • ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃ​អគ្គីសនី 70% និង​បច្ចេកវិទ្យា​ថែរក្សា​ស្បែក

    ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃ​អគ្គីសនី 70% និង​បច្ចេកវិទ្យា​ថែរក្សា​ស្បែក

    នៅក្នុង​ឆ្នាំ2018 នេះ LG បាន​នាំមក​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់ខ្លួន ដែលមាន​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ និង​មុខងារពិសេសៗជាច្រើន ដែល​ស្របទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់។ មុខងារ​សំខាន់​និង​បច្ចេកវិទ្យាពិសេសៗទាំងនោះ​មានដូចជា៖

    បច្ចេកវិទ្យា Dual compressor

    បច្ចេកវិទ្យា Dual compressorគឺជា​បច្ចេកវិទ្យា​ជួយ​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពលអគ្គីសនី​បាន​រហូតដល់ 70% លើសពី​ម៉ា​សុ​ី​ន​ត្រជាក់​ធ្ម​តា។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត វា​មាន​ប្រេកង់​បង្វិល​ខ្ពស់ និង​មាន​ល្បឿ​លឿន​ជាង​ម៉ា​សុ​ី​ន​ត្រជាក់​ធម្មតា​ដែល​ធ្វើអោយ​ត្រជាក់​លឿន​រហូតដល់40%មិន​ថា​ស្ថិតក្នុង​សីតុណ្ហភាព​ក្តៅ​ប៉ុណ្ណា​ក៏ដោយ ហើយ​វា​ភាយ​ខ្យល់​ត្រជាក់ភ្លាមៗទៅដល់​គ្រប់កន្លែង​ទាំងអស់​នៅក្នុង​បន្ទប់ និង​មាន​កង្ហារ​ធំ​ជាង​មុន25%ដែល​អាច​បញ្ចេញ​ខ្យល់​យ៉ាងខ្លាំង​តាម​បំពង់ខ្យល់​ដែល​បាន​រចនា​ឡើង​ដ៏​ល្អឥតខ្ចោះ​ដើម្បីអោយ​ត្រជាក់​សព្វ​ពេញ​បន្ទប់។

    បច្ចេកវិទ្យា Plasmaster

    សុខភាព​គឺជា​ចំណុច​សំខាន់បំផុត​ដែល​ក្រុមហ៊ុន​LGគិតគូរ​នៅពេលដែល​បង្កើត​ផលិតផល​ថ្មី។ ម៉ាស៊ីនត្រជាក់​LG Dual Inverterផ្តល់ជូន​នូវ​គុណប្រយោជន៍​ដល់​សុខភាព និង​ផាសុកភាព​ដល់​អ្នកប្រើប្រាស់។វា​មាន​បច្ចេកវិទ្យា​Plasmasterដែល​សាប​ព្រួស​អ៊ីយ៉ុង​ជាង​បី​លាន​ដើម្បី​កំចាត់​បាក់តេរី​បាន​រហូតដល់99.99%។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​អាចជួយ​ថែរក្សា​ស្បែក​របស់​យើង​ដោយ​ផ្តល់​សំណើម ចម្រោះ​ធូលី​ដែល​ស្រួប​យក កំចាត់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់ និង​ផ្តល់​មកវិញ​នូវ​ខ្យល់​ស្រស់ស្អាត​ដែល​ជួយ​អោយ​ស្បែក​របស់​យើង​មាន​សំណើម និង​សុខ​ភាពល្អ​មិន​ស្ងួត។

    កាត់បន្ថយ​សម្លេង​រំខាន (Low Noise 18ds)

    សំលេង​រំខាន​ក៏​មិនមែនជា​បញ្ហា​ទៀត​ដែរ​សម្រាប់​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​នេះ ដោយ​ធ្វើអោយ​លោក​អ្នកទទួលការ​សំរាក​បាន​យ៉ាង​ស្កប់ស្កល់ ជាមួយនិង​បច្ចេកវិទ្យា​ uniqueskew fanមាន​សម​ត្តិ​ភាព​ខ្ពស់​ក្នុង​ការជួយ​កាត់បន្ថយ​សម្លេង និង​ដំណើរការបាន​យ៉ាង​ស្ងប់ស្ងាត់​ក្នុង​កម្រិត​សំលេង​ត្រឹមតែ 18 dB តែប៉ុណ្ណោះ​ហើយ​វា​ក៏​ជា​ម៉ាស៊ីនត្រជាក់​ដែល​ដំណើរការ​ក្នុង​កម្រិត​សំលេង​ស្ងាត់​ជាងគេ​លំដាប់​ពិភពលោក។

    បច្ចេកវិទ្យា Smart ThinQ

    រីឯ​បច្ចេកវិទ្យា​ SmartThinQ វិញ​ធ្វើអោយ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល​ជាង​មុន​អ្នកប្រើប្រាស់​ទាំងអស់​អាច​បញ្ជា​បិទ​និង​បើក​ម៉ា​សុ​ី​ន​ត្រជាក់​បាន​ពី​គ្រប់​ទីកន្លែង​មិន​ថា​លោកអ្នក​នៅទីណា ដោយ​គ្រាន់តែ​ភ្ជាប់​ឧបករណ៍​wifiជាមួយនិង​ទូរស័ព្ទដៃ​របស់លោក​អ្នក។

    ធានា​លើ​កំ​ប្រេ​ស​ស័​រ 10ឆ្នាំ

    Dual Compressor ជា​កុំ​ប្រេ​ស​ស័​រ​ដំបូង​គេ​បង្អស់​ដែលមាន​ការធានា​រយៈពេល 10 ឆ្នាំ​ដែល​ធ្វើអោយ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ទទួលបាន​ផល​នូវ​ប្រយោជន៍ និង​ការប្រើប្រាស់​បានយូរ​អង្វែង​ពី​វា​ផងដែរ។

    ឧស្ម័ន​ហ្គាស R32

    R32ជា​ប្រភេទ​ឧស្ម័ន​ហ្គាស​ម្យ៉ាង​កាត់​បន្ថយកំដៅ​ផែនដី និង​ការបំផ្លាញ​ស្រទាប់​អូហ្សូន​ដែល​មិន​ធ្វើអោយ​បំពុលបរិស្ថាន​ដូច​ឧស្ម័ន​ហ្គាស​ផ្សេង​ទៀតឡើយ។ ឧស្ម័ន​ហ្គាសR32វា​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធិភាព និង​ត្រជាក់​លឿន​ទោះបីជា​បរិមាណ​ឧស្ម័ន​តិច​ក៏ដោយ​បើ​ប្រៀបធៀប​ទៅ​និង​ប្រភេទ​ឧស្ម័ន​ហ្គាស​R410A ហើយ​វា​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​កំដៅ​ផែន​និង​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រភេទ​ហ្គាស​ដែល​ជួយ​ថែរក្សា​បរិស្ថាន​ផងដែរ។

     

    ទំនាក់ទំនង​បន្ថែម ទូរ​សព្ទ​លេខ 023 888 299 https://ggear.com.kh/air-conditioners/

  • អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    នៅពេលដែល​សង្កេតឃើញ​ថា ស្បែកក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេចសៗ ឬ​ដែល​ភាសាងាយៗហៅថា អង្កែ នោះ ឡា​រ៉ែ​ន ជឿជាក់ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិត​ឃើញនោះ​គឺ ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​អង្កែ។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រកឃើញ​សាប៊ូកក់សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែកក្បាល​របស់​អ្នក​បាន ប៉ុន្តែបើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ ឡា​រ៉ែ​ន ចង់​ស្នើឱ្យ​អ្នកងា​កមក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង។

    វិធី​កម្ចាត់​អង្គែ ដោយ​ប្រេង​អូ​លីវ

    ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ ប្រេង​អូ​លីវ​ក៏​អាច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផងដែរ។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ អាចជួយ​ប​ន្ថូ​រ​អារម្មណ៍​តានតឹង បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​អង្កែ និង​បញ្ហា​របកស្បែក​ក្បាល​ផងដែរ។ ភាពសម្បូរ​បែប​នៃ​វីតាមីន E សារធាតុចិញ្ចឹម និង antioxidants ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ នឹង​ចូលទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែកក្បាល រមាស់ និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ព្រមទាំង​បន្ថយ​សភាព​ស្បែកស្ងួត​ផងដែរ។ យក​ប្រេង​អូ​លីវក្តៅៗបន្តិច​មក​ដាក់​លើ​ស្បែកក្បាល ហើយ​ម៉ាស្សាថ្នមៗលើ​ស្បែកក្បាល​ប្រហែល20នាទី។ ទុកចោល​រយៈពេល​មួយ​ម៉ោង រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច។

    វិធី​កម្ចាត់​អង្គែ ដោយ​ទឹក​ក្រូចឆ្មារ

    ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើឱ្យ​អ្នកមាន​ការបារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ ទឹកក្រូច​ឆ្មារ។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែថ្មីៗមានប្រសិទ្ធភាព​ណាស់​ក្នុងការ​កម្ចាត់​អង្កែ។ យក​ទឹកក្រូច​ឆ្មារ​មកចាក់​លើ​ស្បែកក្បាល ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សាតិចៗ រួច​ទុកចោល​មួយសន្ទុះ​សឹម​លាង​សម្អាត​ចេញ។

    វិធី​កម្ចាត់​អង្គែ ដោយ​ស្លឹក​ស្តៅ

    នៅមាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការព្យាបាល​ស្បែកក្បាល​ពី​ការកើត​អង្កែ​ដោយ​ស្លឹក​ស្តៅ។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ 2ក្បង់​ដៃ​ទៅ​ដាក់​ក្នុង​ទឹក​ក្តៅ4-5ពែង រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់។ លុះ​ព្រឹក​ឡើង យក​ទឹក​ដែល​ត្រាំ​ស្លឹក​ស្តៅ​នោះមក​កក់សក់ រួច​ទុកចោល 1ម៉ោង មុនពេល​សម្អាត​ចេញ​ដោយ​ទឹកស្អាត។

    ឡា​រ៉ែ​ន បានត្រឹមតែ​ធ្វើជា​អ្នក​ណែនាំ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក! ដូច្នេះ​សូម​សាកល្បង​វិធីងាយៗ ចំណាយ​ប្រាក់​តិច មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ហើយ​បើ​វា​មានប្រសិទ្ធភាព​ចំពោះ​ស្បែកក្បាល​របស់​អ្នកនោះ ទុក​ថា​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ៕