Author: វល័ក្ខ

  • Eden Garden នៅ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​ក្លាយជា​ម្ចាស់​ជ័យលាភី នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2018

    Eden Garden នៅ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​ក្លាយជា​ម្ចាស់​ជ័យលាភី នៅក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2018

    គម្រោង​ថ្មី​ជាងគេ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ គឺ Eden Garden បាន​ក្លាយជា​ជ័យលាភី​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ2018 ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន PropertyGuru កាលពី​រាត្រី​ថ្ងៃទី16 ខែមីនា ឆ្នាំ2018 នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ក្រោម​ការចូលរួម​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ និង​អភិវឌ្ឍ​គម្រោង​សាងសង់​ជាច្រើន។

    គម្រោង​ហាង​លក់ទំនិញ និង​ភោជនីយដ្ឋាន ដែលមាន​ទំហំ​ជាង 21,000ម៉ែត្រការ៉េ មួយ​នេះ បានឈ្នះ​ពានរង្វាន់​ល្អ​បំផុត​ជា “ គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ល្អ​បំផុត និង​គម្រោង​អភិវឌ្ឍន៍​ដែល​រចនា​ឡើង​លក្ខណៈ​សកល​ល្អ​បំផុត” (Best Retail Development and Best Universal Design Development) ព្រមទាំង​ទទួលបាន​រង្វាន់ ” Best Retail Landscape Architectural Design និង Best Retail Architectural Design” ក្នុង​ចំណាត់ថ្នាក់ Highly Commended ។

    «ពួកយើង​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​បានឈ្នះ​ពានរង្វាន់​ក្នុង​រាត្រី​នេះ។ យើង​បាន​ខិតខំ​ប្រឹងប្រែង និង​ចំណាយ​ពេលវេលា​ជាច្រើន ដើម្បី​ធានា​ឱ្យបាន​ថា​គម្រោង Eden Garden នឹង​ត្រូវបាន​សាងសង់ឡើង​តាម​ការរំពឹងទុក។ ការទទួលបាន​ពានរង្វាន់​ទាំងនេះ គឺជា​ការបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ទទួលបាន​បែបផែន​ជីវិត​មួយ​កាន់តែ​ទំ​នី​ប និង​ទាន់សម័យ»។  នេះ​ជាការ​លើកឡើង​របស់លោក Faz Ghotbi នាយក​ក្រុមហ៊ុន Eden Garden (Cambodia) Co. , Ltd.។

    លោ​បាន​បន្ថែមទៀតថា «នៅ Eden Garden ពួកយើង​បានជ្រើសរើស​ហាង​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឱ្យ​គាត់​ទទួលបាន​បទពិសោធន៍ប្លែកៗពី​ភោជនីយដ្ឋាន​ទាំងនោះ ហើយ​អតិថិជន​របស់​យើង គឺ​ផ្តោតទៅលើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជនបរទេស និង​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ សម្រាប់​ពួគគាត់​មក​លំហែកាយ​ផងដែរ»។

    មាន​ហាង​ទំនិញ និង​ភោជនីយដ្ឋានល្បីៗជាច្រើន​ដែល​កំពុង​រៀបចំ​ដំណើរការឆាប់ៗនៅ Eden Garden ក្នុងនោះ​មានដូចជា​ហាង​កាហ្វេ Starbucks ដែល​បើក​ដំណើរការ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ ក្រៅពីនេះ​យើង​ក៏មាន​ភោជនីយដ្ឋាន S&P Thai Restaurant & Bakery របស់​ប្រទេស​ថៃ, Steps, Say Chiizu, Kyoka Sushi, ហាង​ផ្កា Rosemary Flowerbar, ហាង​លក់​សម្ភារៈ​កីឡា Fan Sports Store, ឱសថស្ថាន Help, ភោជនីយដ្ឋាន​បបរ​ក​ង្កែ​ប Geylang Frog Porridge និង​ហាង​ផ្សេងទៀត​កំពុង​ចាប់ផ្តើម​ដំណើរការ​ជា​បន្តបន្ទាប់​ផងដែរ។ លើសពីនេះ​ទៀត ផ្សារ​ទំនើប SUPERSTORE, រោងភាពយន្ត LEGEND និង​ក្លឹប​កំសាន្ត EPIC សាខា​ទី​ពីរ ក៏​នឹង​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​អំឡុង​ខែឧសភា ឬ មិថុនា​ខាងមុខនេះ​ផងដែរ។

    ឆ័​ត្រ​ដែលមាន​គ្រោង​ខ្ពស់​នៅ Eden Garden ដែល​ទទួលបាន​គំនិត​រចនា​ពី​កន្លែង​កំសាន្ត Clarke Quay របស់​ប្រទេស​សិង្ហ​បុរី បានធ្វើឱ្យ​មានការ​ទាក់ទាញ​យ៉ាង​ពិសេស​នៅពេល​រាត្រី ដោយមាន​ភ្លើង7ពណ៌​ចាំង​ឆ្លាស់គ្នា។ ទីធ្លា​បើកទូលាយ មាន​ផ្លូវ​ថ្មើរជើង និង​កន្លែង​អង្គុយ​សម្រាក​លំហែកាយ ព្រមជាមួយ​ដើមឈើ​ខ្ពស់​បៃតង ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​អ្នក​មក​កំសាន្ត​នៅទីនេះ។ ទាំងនេះ​គឺជា​ទិដ្ឋភាព​ដ៏​ថ្មី នៅ​រាជធានី​ភ្នំពេញ។

    ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​រាជធានី​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី 111.6 ហិកតា មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដែល​កំពុង​សាងសង់​ជា​បន្តបន្ទាប់។ កាលពី​ឆ្នាំមុន ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បានទទួល​ជ័យជំនះ​ទៅលើ​គម្រោង​លំនៅដ្ឋាន Residence90 ជា​គម្រោង​លំនៅដ្ឋាន​រចនា​ឡើង​ប្រកបដោយ​ស្ថាបត្យកម្ម​ល្អ​បំផុត, គម្រោង The Edge ជា​អគារ​ពាណិជ្ជកម្ម​ដែលមាន​ហាង​លក់ទំនិញ ដែល​កំពុង​ចាប់ផ្តើម​សាងសង់ និង​ចុងក្រោយ​គឺ​អគារ The Vanguard ដែលជា​ការិយាល័យ​ថ្មី​ដែលមាន​លក្ខណៈ​ទំនើប និង​ទាន់សម័យ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ។

    លោក Alex Lau នាយក​ក្រុមហ៊ុន ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ បាន​មានប្រសាសន៍ថា៖ “ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ មានបំណង​ចង់​ក្លាយទៅជា​អ្នក​អភិវឌ្ឍន៍​ឈានមុខ​គេ តាមរយៈ​ការបង្កើត​សហគមន៍​មួយ​ប្រកបដោយ​និរន្ត​ភាព, មាន​ភាព​ច្នៃប្រឌិត​ដ៏​សម្បូរបែប​រួមបញ្ចូល​គ្នា​នៅក្នុង​តំបន់។ យើង​មិនមែន​គ្រាន់តែ​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ជា​អ្នករៀបចំ​គម្រោង​ផែនការ​នគរូបនីយកម្ម​ទីក្រុង និង​ជា​អ្នក​អភិវឌ្ឍន៍​មេ​សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​ដ៏​សំខាន់​របស់​យើង។ ” លោក​បាន​បន្ថែមថា “ពួកយើង​បានចាប់ផ្តើម​គម្រោង​នេះ​ឡី​ង នៅពេលដែល​យើង​សម្លឹង​ឃើញ​ឱកាសល្អ​ខាង​ផ្នែក​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ ដែល​កំពុង​តែមាន​សន្ទុះ​កើនឡើង​ក្នុងពេល​បច្ចុប្បន្ននេះ” ។

    ភ្នំពេញ ស៊ី​ធី​សេន​ធ័​រ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ គឺជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ជនបរទេស ហើយក៏​ជា​កន្លែង​ដែលមាន​អគារ​ធ្វើ​អាជីវកម្មទំនើបៗ ប្រកប​ដោយមាន​ភាព​ច្នៃប្រឌិត និង​ទាន់សម័យ។ លើសពីនេះ​ទៀត ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ប្រព័ន្ធ​ចរាចរណ៍​គឺ​ត្រូវបាន​សាងសង់ និង​រៀបចំ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ការរស់នៅ និង​ការធ្វើដំណើរ​មាន​សុវត្ថិភាព​ខ្ពស់។ វត្តមាន​របស់​កន្លែង​កម្សាន្ត​ដែល​បើក​ដំណើរការ 24ម៉ោង Eden Garden នឹង​បន្ថែម​នូវ​គុណ​តម្លៃ​ដ៏​វិសេស​នៅក្នុង​ទីក្រុង​អភិវឌ្ឍន៍​ថ្មី  ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ ដ៏​ធំ​មួយ​នេះ ៕

  • គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ជា​ង 100លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

    គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ជា​ង 100លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

    វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាន​ផ្សែង​តិចតួច​ដែល​អាច​រក​ចំណូល​ចូលជាតិ​បាន​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ជាក់ស្តែង​នៅ​រយៈពេល​ពេញ​មួយឆ្នាំ2017កន្លង​ទៅនោះ គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ចំនួន​ជាង 100លាន​ដុល្លារ អាមេរិក​ពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​កាលពី​សប្តាហ៍​មុននេះ​បានឱ្យដឹងថា ក្នុង​ឆ្នាំ2017កន្លងទៅ គ្រឹះស្ថាន​អង្គ​រលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចំនួន 2.45លាន​នាក់​មាន​កំណើន11.8% ធៀប​នឹង​ឆ្នាំ2016 និង​ទទួលបាន​ចំណូល​សរុប​ចំនួន 108លាន​ដុល្លារ​អាមេរិក មាន​កំណើន72.5% ធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។

    ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ គ្រឹះស្ថាន​អង្គរ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី ដែល​សម្រួល​ដល់​ការផ្តល់សេវា​លក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឡើង ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ការលក់​ប័ណ្ណ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដែរ។ គ្រឹះស្ថាន​អង្គរ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ការទូទាត់​ការទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ខែសីហា ឆ្នាំ2017មក ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ប្រើប្រាស់​ប័ណ្ណឥណទាន (Credit Card) ឬ​ប័ណ្ណ​ឥណ​ពន្ធ(Debit Card) ដូចជា Visa Card, Master Card, Union Pay JCB និង​Diners Club ជាដើម។

    ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី1 លើក​ទី7 របស់​គ្រឹះស្ថាន​អង្គរ​ក្រោម​អធិបតីភាព​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានដាក់​គោលការណ៍​បន្ថែម​មួយចំនួនទៀត​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ការលក់​ប័ណ្ណ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្នុងនោះ​គ្រឹះស្ថាន​អង្គរ​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​លក់​ប័ណ្ណ​របស់ខ្លួន​ឱ្យ​កាន់តែ​ទំនើប​ថែម​ឡើង​ទៀត​ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​អាច​ផ្តល់នូវ​តួលេខ​នៃ​ការលក់​ប័ណ្ណ​បានភ្លាមៗ (Real Time) សម្រាប់​ជាការ​បង្ហាញ​នូវ​ភាពច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ ធានាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព​ផងដែរ។

    គួរ​បញ្ជាក់ថា នៅ​ត្រីមាស​ទី2 ឆ្នាំ2018ខាងមុខ គ្រឹះស្ថាន​អង្គរ​ក៏​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ការលក់​សំបុត្រ​តាម​អន​ឡាញ(Online)ផងដែរ ដោយ​ការលក់​សំបុត្រ​តាម​អន​ឡាញ​នេះ​នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាពងាយស្រួល​អាច​ទិញ​សំបុត្រ​បាន​នៅពេលណា និង​នៅ​ទីកន្លែង​ណា​ក៏បាន។

    ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express Co.,Ltd បាន​ថ្លែង​គាំទ្រ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុងការ​ដាក់ឱ្យ​ដំណើការ​លក់​សំបុត្រ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ព្រោះ​វា​បានផ្តល់​នូវ​ភាពងាយស្រួល​ទៅដល់​អ្នកទេសចរ​ដែល​ពួកគេ​អាច​ទិញ​សំបុត្រ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែលជា​គោលនយោបាយ​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា​យើង​កាន់តែ​ច្រើនឡើង។

    លោក​មានប្រសាសន៍ថា កន្លងមក​ភ្ញៀវទេសចរ​ដែល​ចង់​ចូលមក​កម្ពុជា លុះត្រាតែ​មក​ទិញ​សំបុត្រ​នៅ​ទីនោះ​ផ្ទាល់ ឬ​ទិញ​តាមរយៈ​ភ្នាក់ងារទេសចរណ៍ តែ​នៅពេល​ដាក់​ដំណើរ​ការលក់​សំបុត្រ​តាម​អន​ឡាញ​នេះ ភាពស្មុគស្មាញ​ទាំងឡាយ​នឹងត្រូវ​លុបបំបាត់​អស់​ជាមិនខាន។

    ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់ និង​ការគិតគូរ​បន្ថែមទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​មូលនិធិ​គន្ធបុប្ផា ដោយ​ប្រើប្រាស់​ចំណូល​ដែល​ទទួលបាន​ពី​ការដំឡើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ក្នុង​មួយ​នាក់ 2ដុល្លារ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​ដែល​ក្នុង​ឆ្នាំ2017កន្លងទៅ ឧបត្ថម្ភ​បាន​ចំនួន 4.34លាន​ដុល្លារ​អាមេរិក។

    សូមបញ្ជាក់ថា ក្នុង​ឆ្នាំ2017កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង 5.6 លាន​នាក់ កើនឡើង11.8% និង​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន11លាន​នាក់​បានរួម​ចំណែក​ប្រមាណ 14ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា៕

  • ចម្ការ​ម្នាស់​ទឹកឃ្មុំ 1ហិកតា បាន​ប្រាក់ចំណេញ​ជិត1ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ

    ចម្ការ​ម្នាស់​ទឹកឃ្មុំ 1ហិកតា បាន​ប្រាក់ចំណេញ​ជិត1ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ

    ម្នាស់​ទឹកឃ្មុំ គឺជា​ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​ធ្វើជា​បង្អែម​លាង​មាត់​ក្រោយ​ពេលបាយ ធ្វើជា​អាហារសម្រន់​នៅពេល​ថ្ងៃ និង​អាច​ច្នៃ​ធ្វើ​ម្ហូប និង​បង្អែម​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទៀតផង។

    កសិករ​ដាំ​ម្នាស់​នៅ​ភូមិ​អូរ​ឬ​ស្សី​កណ្តាល ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង លោក​សាយ ពន្លឺ បានផ្តល់​សម្ភាស​ថា គ្រួសារ​លោក​ចាប់ផ្តើម​ប្រកប​របរ​ដាំ​ម្នាស់​អស់​រយៈពេល 10ឆ្នាំ​មកហើយ មកទល់​ពេលបច្ចុប្បន្ន លោក​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ចំនួន 10ហិកតា ហើយ​គ្រោង​នឹង​ពង្រីក​ចំនួន 15ហិកតា​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ(2019)។

    លោក​ថា ម្នាស់​មួយ​ហិកតា​គេ​អាច​ដាំ​បាន​ចន្លោះ​ពី 25,000កូន ទៅ30,000កូន ដោយ​លើក​ជា​រង​ចន្លោះ1.2ម៉ែត្រ ទៅ1.5ម៉ែត្រ​ពីគ្នា ហើយ​ដាំ​ឃ្លាត​គ្នា​ពីមួយ​ដើម​ទៅមួយ​ដើម​ចន្លោះ 3.5តឹក​ទៅ4តឹក។

    ក្នុង​ម្នាស់​មួយ​ដើម ផ្តល់​ផល​តែមួយ​ផ្លែ​ប៉ុណ្ណោះ ដែលមាន​ទម្ងន់​ចាប់ពី 1គីឡូ ទៅដល់3គីឡូក្រាម ទៅតាម​ផ្លែ​តូច ឬ​ផ្លែ​ធំ ហើយ​លក់​ក្នុងតម្លៃ​បោះ​ដុំ​បាន​តម្លៃ 3,500រៀល ទៅ4,000រៀល​ក្នុង​មួយ​គីឡូក្រាម។ យ៉ាងណាក៏ដោយ​លោក​ថា “បើ​គិត​តាម​ចំនួន​ដើម និង​តម្លៃ​លក់​នៅលើ​ទីផ្សារ យើង​ឃើញថា បាន​ច្រើន​ម៉ឺន​ដុល្លារ​ដែរ​ក្នុង​មួយហិកតាៗ ប៉ុន្តែ​ជាក់ស្តែង​វិញ​ចំណេញ​ប្រហែល​តែ 8,000ដុល្លារ​ទៅមួយ 10,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។

    ម្នាស់​គេ​អាច​ដាំ​បាន​គ្រប់​រដូវ មិន​ថា​រដូវវស្សា ឬ​រដូវប្រាំង​នោះទេ សំខាន់​ឱ្យតែ​មានទឹក​ស្រោច ប៉ុន្តែ​កសិករ​ខាងលើ​បាន​អះអាងថា ដើម្បីឱ្យ​ដើម​ម្នាស់​លូតលាស់​បានល្អ គេ​ច្រើន​ដាំ​នៅ​រដូវប្រាំង ហើយ​ស្រោច​ទឹក​ជាប់​ជាប្រចាំ ដើម​លូតលាស់​បានល្អ​ជា​ង​ដាំ​នៅ​រដូវវស្សា ព្រោះថា រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើនពេក ម្នាស់​មិនសូវ​លូតលាស់​ល្អ​ទេ។

    លោក ពន្លឺ បានលើកឡើង​ពី​បច្ចេកទេស​ដាំ​ដុះ​ម្នាស់​ថា មុននឹង​ដាំ​កសិករ​ត្រូវធ្វើ​ដី​ឱ្យបាន​ស្ងួត​ល្អជា​មុន ពិសេស​ត្រូវ​ភ្ជួរ​ដី​ឱ្យបាន 3ដង​មុននឹង​លើក​ជា​រង ដើម្បីឱ្យ​ស្មៅ​ងាប់​អស់ ពិសេស​ដើម​ស្បូវ បើសិន​ជាមាន​ដើម​ស្បូវ​វា​នឹង​បឺត​យក​ជីជាតិ​អស់ មិនអាច​ឱ្យ​ដើម​ម្នាស់​រីកលូតលាស់​បានល្អ​នោះទេ។

    ក្រោយពី​លើក​ជា​រង​រួច គេ​ត្រូវយក​ជី​អាចម៍គោ​ទៅ​ដាក់​លើ​រងនីមួយៗ រួច​ទើប​យក​ថង់​ប្លា​ស្ទិ​ក​ទៅ​ក្រាល​ពីលើ​ដើម្បី​ការពារ​ស្មៅ ការពារ​សត្វល្អិត និង​អាច​រក្សា​សំណើម​បានយូរ។ ក្រោយពី​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ករួច កសិករ​នឹង​ចាប់ផ្តើម​យក​កូន​ម្នាស់​ទៅ​ដាក់​ដាំ​លើ​រងនីមួយៗ ដោយ​ដាក់​ដាំ​ឃ្លាត​ពីគ្នា​ចន្លោះ​ពី 3.5តឹក ទៅ4តឹក​ក្នុង​មួយ​ដើម។ ម្នាស់​ត្រូវការ​ស្រោច​ទឹកជា​ប្រចាំ​នៅ​រដូវប្រាំង តែបើ​សិន​ជាមាន​ភ្លៀង​ធ្លាក់​វិញ គេ​ត្រូវ​ស្រោច​ទឹក​រយៈពេល5 ឬ7ថ្ងៃ​ម្តង។

    លោក​ថា កាលពី​សម័យមុន កសិករ​មិនទាន់មាន​បច្ចេកទេស​ដាំ​ដុះ​ទំនើប​នោះទេ កសិករ​ច្រើន​បូមទឹក​បង្ហូរ​ដាក់​តាម​រងនីមួយៗ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការទិញ​ប្រេង​បូមទឹក ប៉ុន្តែ​តាម​បច្ចេកទេស​ថ្មី​នេះ គេ​ប្រើ​ទុយោ​សម្រក់​ទឹក​ជំនួស​វិញ ដោយ​ក្នុង​មួយ​ហិកតា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា 2,500ដុល្លារ ទៅ3,000ដុល្លារ ប៉ុន្តែ​អាច​ប្រើ​បាន​ចាប់ពី 8ឆ្នាំ ទៅដល់20ឆ្នាំ និង​ចំណេញ​ថវិកា​ពេល​ស្រោច​ទឹកម្តងៗ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​សាំង​អស់​ត្រឹមតែ 4,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

    ម្នាស់​មិន​លំបាក​ថែទាំ និង​ការពារ​សត្វល្អិត​ចង្រៃ​នោះទេ ដោយ​គេ​ការពារ​តែ​សត្វ​ម្រើមព្រះ និង​ខ្យង​ក្រហម​កុំ​ឱ្យមក​ស៊ី​លំអងផ្កា​របស់​វា ហើយ​ថែទាំ​ដាក់​ជី និង​ទឹកជា​ប្រចាំ​តែប៉ុណ្ណោះ។ ម្នាស់​នឹង​ដុះ​លូតលាស់​បានល្អ ចាប់ពី​ពេល​ដាំ​លើកដំបូង​រហូតដល់​ពេល​ប្រមូល​ផល​ត្រូវ​ចំណាយពេល 12ខែ។

    លោក​ថា កន្លងមក​ទីផ្សារ​លក់​ចេញ គឺ​ម្នាស់​មិនមាន​ការលំបាក​នោះទេ ដោយ​លោក​បាន​ដាក់លក់​ឱ្យ​អ្នកទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​ខេត្ត​រតនគីរី​និង​ខេត្តស្ទឹងត្រែង​ក៏​អស់​ប្រមាណ​ជា 70% ទៅ 80%ទៅហើយ នៅសល់​មួយចំនួន​ទើប​ផ្គត់ផ្គង់​ទៅឱ្យ​ទីផ្សារ​ធម្មជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយពី​កើត​ជម្លោះព្រំដែន​កម្ពុជា-ឡាវ​មក ភ្ញៀវទេសចរ​មិនសូវ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ទៀត​ទេ ដែល​រឿងនេះ​ជា​កត្តា​ធ្វើឱ្យ​ផ្លែ​ម្នាស់​ជួប​កង្វះ​ទីផ្សារ​លក់​ចេញ ដោយ​ត្រូវ​ត្រៀម​យកមក​លក់​បន្ថែមទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ។

    តែ​ទោះជា​យ៉ាងណា ចំពោះ​កសិករ​ខាងលើ​វិញ លោក​គ្រោង​នឹង​ពង្រីក​កសិដ្ឋាន​ដាំ​ម្នាស់​របស់ខ្លួន​ឱ្យបាន​ដល់​ចំនួន 50ហិកតា​នៅពេល​ខាងមុខ ហើយ​លោក​មាន​គម្រោង​ថា​នឹង​សហការ​ជាមួយ​កសិករ​ផ្សេងទៀត​ដើម្បី​ទទួល​ទិញ​ផ្លែ​ម្នាស់​យកមក​ធ្វើ​សិប្បកម្ម​ផលិត​ទឹក​ម្នាស់​សម្រាប់​លក់​ចេញ​នៅលើ​ទីផ្សារ​បន្ថែមទៀត៕

  • ឯកឧត្តម ស៊ូ សុជាតិ៖ ផ្សា​រមូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ

    ឯកឧត្តម ស៊ូ សុជាតិ៖ ផ្សា​រមូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ

    ផ្សារភាគហ៊ុន​ត្រូវបាន​បង្កើតឡើង​តាំងពី​ខែកក្កដា ឆ្នាំ2011 ហើយ​រហូតមកទល់​ពេលបច្ចុប្បន្ន​មាន​ក្រុមហ៊ុនធំៗចំនួន5 បាន​ចុះបញ្ជី​សហការ​ចូលរួម​គាំទ្រ​ជា​ផ្លូវការ​ដែលជា​ចលករ​ជំរុញ​ឱ្យ​ផ្សារភាគហ៊ុន​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ។

    ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មានប្រសាសន៍​ក្នុង​ពិធី​ពិព័រណ៍​ផ្សារភាគហ៊ុន “My First Stock” កាលពី​ចុង​សប្តាហ៍​មុន​បានឱ្យដឹងថា ការចូលរួម​ក្នុង​ផ្សា​រមូល​ប​ត្រ​មិន​ត្រឹមតែ​ជា​ជម្រើស​វិនិយោគ​ដ៏​មាន​សក្តានុពល​ក្នុង​ផែនការ​ហិរញ្ញវត្ថុ​គ្រួសារ និង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជាការ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយហេតុថា ទីផ្សារ​មូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដែលមាន​ភាពរស់រវើក​តាមរយៈ​ការ​ចល័ត​នូវ​មូលធន​ទំហំ​តូច និង​ធំ​នៅក្នុង​សេដ្ឋកិច្ច​ទៅដល់​បុគ្គល​ដែលមាន​តម្រូវការ​សាច់ប្រាក់។

    ឯកឧត្តម​បន្តថា ព្រម​ជាមួយនឹង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ សាធារណជន ឬ​វិនិយោគិន​ក៏​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែរ ដូចជា​ជម្រើស​ក្នុងការ​វិនិយោគ ការកាត់បន្ថយ​ហានិភ័យ​នៅក្នុង​ការវិនិយោគ ទទួលបាន​ចំណេញ​មូលធន​តាមរយៈ​ការទិញ-លក់​មូល​ប​ត្រ មាន​សិទ្ធិ​ក្នុងការ​បំប្លែង​ជា​សាច់ប្រាក់ ព្រមទាំង​បង្កើន​ឱកាស​ការងារ​ក្នុងស្រុក​នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​ដើមទុន​រយៈពេល​វែង​ដើម្បី​ពង្រីក​នូវ​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទៀតផង។

    ដោយឡែក ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា នៅ​ដើមឆ្នាំ2018នេះ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានរៀបចំ​ដាក់ឱ្យ​ដំណើរការ​នូវ​វិធីសាស្ត្រ​ជួញដូរ​តាមរយៈ​ការចរចា​ទីផ្សារ និង​ការដំឡើង​ដែន​កំណត់ 5% ទៅ10% និង​ការដាក់ឱ្យ​អនុវត្ត​វិធាន​ប្រតិបត្តិការ​របស់ ផ.ម.ក ពាក់ព័ន្ធ​មូល​ប​ត្រ​បំណុល។ ស្របតាម​កំណើន​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទំនើប និង​អ៊ី​ន​ធើ​ណិ​ត ក្រុមហ៊ុន​នឹង​រៀបចំ​ឱ្យមាន​ការជួញដូរ​តាម​អន​ឡាញ​នៅពេលឆាប់ៗខាងមុខនេះ។

    ឯកឧត្តម​បានបញ្ជាក់​ដូច្នេះ​ថា “ការទិញ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​ផ្តល់​ភាពងាយស្រួល និង​សេរីភាព​ដល់​វិនិយោគិន​ក្នុងការ​ជួញដូរ​ដោយផ្ទាល់​នៅលើ​ទីផ្សារ និង​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេលវេលា។ ហើយ​ដើម្បីឱ្យ​សាធារណជន​ក៏ដូចជា​វិនិយោគិន​អាច​ទទួលបាន​ព័ត៌មាន​ដោយ​ងាយស្រួល អំពី​ផ្សារភាគហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​បង្កើត​គេហទំព័រ PhsarHun.com និង​កម្មវិធី​ឈ្មោះថា “ផ្សារ​ហ៊ុន App” ដែល​អនុញ្ញាតឱ្យ​សាធារណជន​យល់ដឹង​ពី​ការវិនិយោគ​ភាគហ៊ុន​ដែលមាន​ភាពងាយស្រួល​ជាង​មុន។

    កម្មវិធី​ផ្សារភាគហ៊ុន​បានដាក់​បញ្ចូល​ព័ត៌មាន​ចាំបាច់​អំពី​ក្រុមហ៊ុន​ចុះបញ្ជី​ថ្លៃ​ភាគហ៊ុន និង​ទិន្នន័យទីផ្សារ​ជាក់ស្តែងភ្លាមៗ សៀវភៅ​អេឡិចត្រូនិក និង​ឯកសារផ្សេងៗសម្រាប់​ដោ​ន​ឡូត​ដោយ​មិន​គិតថ្លៃ។ ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អត្ថបទល្អៗរួមទាំង​ការវិភាគ Chat room សម្រាប់​សាធារណជន​ពិភាក្សាគ្នា​អំពី​បញ្ហា​នានា។ល។

    ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​លើកឡើងថា បទពិសោធ​នៃ​ការចាប់ផ្តើម​ទីផ្សារ​ភាគហ៊ុន​នៅ​បរទេស​ក្នុងដំណាក់កាល​ដំបូង​គឺជា​ការលំបាក​ដែល​តម្រូវឱ្យមាន​ការខិតខំ ធ្វើយ៉ាងណា​ឱ្យ​ផ្សារ​មួយ​នេះ​បាន​ដំណើការ​នូវ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​កៀងគរ​មូលធន​ការជំរុញ​ការវិនិយោគ​រីកលូតលាស់​របស់​វិស័យ​ឯកជន​ដោយ​ពិតប្រាកដ។

    ទន្ទឹមនឹង​ការរីកចម្រើន ផ្សារភាគហ៊ុន​ក៏​កើតឡើង​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម និង​ទីផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​ដែល​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅ​ឆ្នាំ2019 ខាងមុខ ស្របតាម​ទិសដៅ​នៃ​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

    ជារួម ការផ្សព្វផ្សាយ​សញ្ញាប័ណ្ណ​រដ្ឋ និង​ជួយ​ដល់​ការរីកចម្រើន​មួយកម្រិត​ទៀត​នៃ​វិស័យ​មូល​ប​ត្រ​ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ។ ក្រៅពីនេះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ក៏បាន​ខិតខំ​អភិវឌ្ឍ​កម្មវិធី​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម បង្កើន​សកម្មភាព​ជួញដូរ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ ទីផ្សារ និង​ការរៀបចំ​ផ្សា​រមូល​ប​ត្រ​ក្នុង​កិច្ចប្រឹងប្រែង​យ៉ាងសកម្ម​ធ្វើឱ្យ​ផ្សា​រមូល​ប​ត្រ​កាន់តែ​រីក​ធំធាត់​វិ​វ​ឌ្ឍ​ទៅមុខ​យ៉ាង​លឿន និង​កាន់​តែមាន​សក្តានុពល​ទៅមុខ។

    នៅក្នុង​ពិព័រណ៍​កាលពី​សប្តាហ៍​មុននេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ចំនួន5 បាន​ចូលរួម​សហការ​ជាមួយ​ផ្សារភាគហ៊ុន​ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អ៊ី​ន​ធឺ​ណេ​សូណ​ល (ខេ​ម​បូ​ឌា) ភីអិលស៊ី កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្រុមហ៊ុន​ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ដោយមាន​ការសហការ​ពី Park Café និង​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ផងដែរ។

    ចំណែក​ក្រុមហ៊ុន​មូល​ប​ត្រ​មាន4 គឺ​ក្រុមហ៊ុន​មូល​ប​ត្រ អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យូ​រី​ធី ក្រុមហ៊ុន​មូល​ប​ត្រ យាន់​តា ស៊ី​ឃ្យូ​រី​ធី (ខេ​ម​បូ​ឌា) ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ស៊ី​ឃ្យូ​រី​ធី និង​ក្រុមហ៊ុន​មូល​ប​ត្រ ហ្គោល​ឌិន​ហ្វ័​រ​ឈូ​ន(ខេ​ម​បូ​ឌា) ស៊ី​ឃ្យូ​រី​ធី៕

  • ដប​ទឹកដោះ Hegen ចុះ MOU ជាមួយ​វេ​ប​សាយ Alibaba លើ​កិច្ច​សហ​ប្រ​ត្តិ ប​ត្តិ​ការណ៍​យុទ្ធសាស្ត្រ

    ដប​ទឹកដោះ Hegen ចុះ MOU ជាមួយ​វេ​ប​សាយ Alibaba លើ​កិច្ច​សហ​ប្រ​ត្តិ ប​ត្តិ​ការណ៍​យុទ្ធសាស្ត្រ

    ជាមួយនឹង​ការចុះ​អនុស្សរណៈ​យោគយល់​កាលពីដើម​សប្ដាហ៍​ទី2នៃ​ខែមីនា ឆ្នាំ2018 នៅ​ប្រទេស​សឹង្ហ​បុរី ដោយ​ការចុះហត្ថលេខា​រវាង Alibaba Group Corporate  ដែលមាន​ទី​ស្នាក់​កណ្តាល​នៅ​ទីក្រុង ហាន​ចូ​វ ប្រទេស​ចិន ដែល​តំណាង​ដោយ លោកស្រី អ៊ី​វ៉ន បុក និង​លោកស្រី អាន ជើ ប្រធាន​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ទំនិញ​លក់ដាច់​របស់ Tmall Fast Moving Consumer Goods កន្លងទៅ នៅលើ​កិច្ចសហការ​ណ៍​នេះ បាន​បង្កើត​ឱកាស​ដ៏​ល្អប្រសើរ​ដល់​ក្រុមហ៊ុន​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម ដែលនាំឱ្យ​ដប​ទឹកដោះ Hegen ចូល​ទីផ្សារ​ប្រទេស​ចិន ជា​ប្រភេទ​ផលិតផល​ទារក​លំដាប់​ខ្ពស់។

    អនុស្សារណ​នេះ មាន​គោលបំណង បង្កើន​តម្រូវការ​ផលិតផល​លំដាប់​ខ្ពស់ និង​បង្កើន​ការលក់ និង​ការរីកចម្រើន​ដ៏​គួរកត់សម្គាល់​របស់​ដ​ប​ទឹកដោះ Hegen នៅក្នុង​ទីផ្សារ​ចិន និង​ទីផ្សារ​ពិភពលោក។ Hegen និង Tmall នឹង​ចាប់ដៃគ្នា​អភិវឌ្ឍ​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ការលក់​តាមរយៈ Online បទពិសោធន៍​ពី​អតិថិជន និង​ការច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់​របស់ Hegen។

    លោកស្រី អ៊ី វ៉ន បាន​លើកឡើងថា ៖ អនុស្សារណ​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ Hegen ក្នុងការ​លើកកម្ពស់​កា​រ​បំបៅកូន​ដោយ​ទឹកដោះ​នៅក្នុង​ប្រទេស​ចិន និង​ជា​ឱកាស​ក្នុង​ការអប់រំ និង​គាំទ្រ​អ្នក​ម្តាយ ដែល​បំបៅកូន​ដោយ​ទឹកដោះ តួរ​យ៉ាង​ដូចជា ការបង្កើន​ឱ្យមាន​នូវ​យុទ្ធនា​ការណ៍​ចលនា​អ្នក​ម្តាយ Hegen ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​ដែល​រវល់​ការងារ​នៅ​ខាងក្រៅ មិនមាន​អារម្មណ៍​ខុសឆ្គង​ពេល​កំពុងធ្វើការ ព្រោះ​គាត់​នៅតែ​អាច​បំបៅកូន​ជាទី​ស្រលាញ់​របស់គាត់​បា​ន។

    ក្នុង​គម្រោង​សង្គម និង​សហគមន៍​របស់​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការណ៍​នេះ រួមមាន​យ៉ាងហោចណាស់ សិក្ខាសាលា​ចំនួន 12 ដោយ Hegen ស្តីពី​ការ​បំបៅកូន ដោយ​ទឹកដោះ និង​កម្មវិធី​ទីផ្សារ Online និង​កម្មវិធីផ្សេងៗទៀត​រៀបចំ​ដោយ Tmall ។ Hegen មាន​កិត្តិយស​ក្នុងនាម​ជា ផលិតផល​សឹង្ហ​បុរី​មុនគេ​បង្អស់​ដែល​ក្លាយជា​ដៃគូរ​ផ្តាច់មុខ​របស់ Tmall។

    ចាប់ពី Hegen ដាក់លក់​នៅ Tmall កាលពី 1ឆ្នាំកន្លះ​មុន​មក បច្ចុប្បន្ន Hegen គឺ ជា​ផលិតផល​ដែល​លក់ដាច់​បំផុត​ក្នុង​ផ្នែក​ដប ទឹកដោះ​ទារក និង​កុមារ។ គួរកត់សម្គាល់​ដែរ​ថា Hegen មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ខែ តុលា ឆ្នាំ 2017 ហើយ​បច្ចុប្បន្ន កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មាតាបិតា​ដែលមាន​កូនតូច លើ​មុខងារ​ជាច្រើន​មិនគួរ​ឱ្យ​ជឿ​របស់​ផលិតផល​នេះ។ លក់ដុំ និង​រាយ 017 888 191៕

  • វិធីសាស្ត្រ​អភិវឌ្ឍន៍​សមត្ថភាព ដែលមាន​ស្រាប់ ឱ្យ​ខ្លាំង​ឡើង

    វិធីសាស្ត្រ​អភិវឌ្ឍន៍​សមត្ថភាព ដែលមាន​ស្រាប់ ឱ្យ​ខ្លាំង​ឡើង

    ក្លាយជា​មនុស្ស​ដែលមាន​សមត្ថភាព​ខ្លាំង និង​មាន​សក្តានុពល គឺជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ជាពិសេស​អ្នក​ដែល​ចូលចិត្ត​វិនិយោគ​ជីវិត​របស់ខ្លួន​ជាមួយនឹង​ការអប់រំ។

    អតីត​ជា​សិស្ស​ពូកែ​ក្នុងប្រទេស​ផ្នែក​រូបវិទ្យា និង​ជា​គ្រូបង្រៀន​គណិតវិទ្យា លោក ចេង បូរិទ្ធ បាន​លើកឡើងថា មនុស្សម្នាក់ៗអាចមាន​សមត្ថភាព​ខ្លាំង និង​មាន​សក្តានុពល​ខ្ពស់​លើ​ជំនាញផ្សេងៗគ្នា ប៉ុន្តែ​ពេលខ្លះ​ប្រសិនបើ​ពួកគេ​មិនបាន​ប្រើប្រាស់​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ​ពី​កំណើត​ទេនោះ គេ​នឹង​មិនអាច​ក្លាយជា​មនុស្ស​ខ្លាំង​បានឡើយ។

    មាន​អ្នកខ្លះ​ដោយសារតែ​មិន​យល់​ពី​តម្លៃ​នៃ​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ បានសម្រេច​ចិត្ត​ខុស​ធ្វើឱ្យ​បាត់បង់​ឱកាស​អភិវឌ្ឍន៍​ភាពខ្លាំង​រប​ស់​ខ្លួន​ថែមទៀត ដែល​កត្តា​ទាំងអស់នេះ​បានធ្វើឱ្យ​ពួកគេ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​អភិវឌ្ឍ​លើ​ជំនាញ​ដែលមាន​ការរីកចម្រើន​យឺត ហើយ​អាច​ដើរ​មិនទាន់​អ្នក​ដែល​គេ​មាន​ទេពកោសល្យ​ស្រាប់​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ទៀតផង។

    លោក ចេង បូរិទ្ធ បាន​លើកឡើងថា៖ “ការអភិវឌ្ឍ​សមត្ថភាព​អាច​ធ្វើទៅ​បានល្អ លុះត្រាតែ​ពួកគេ​ស្វែងរក​ឱ្យឃើញ​នូវ​អ្វីដែល​ពួកគេ​ចង់​ធ្វើ ហើយ​ឧស្សាហ៍​អនុវត្តជារឿយៗនូវ​សកម្មភាព​នោះរហូត​ក្លាយជា​អ្នកជំនាញ។

    លោក បូរិទ្ធ បានលើកឡើង​ផងដែរ​ថា ជា​ឧទាហរណ៍ ប្រសិនបើ​យើង​ស្រឡាញ់​ការសិក្សា​ផ្នែក​ភាសា យើង​ត្រូវ​អាន​ឱ្យ​ច្រើន រហូតដល់​យើង​ក្លាយជា​អ្នកជំនាញ​ដែល​ដឹង​ពី​វិធី​ប្រើប្រាស់​ពាក្យ​នៃ​ភាសា​នោះ បន្ទាប់មក​យើង​នឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ភាពខ្លាំង​ផ្នែក​ភាសា មិនថាតែ​អង់គ្លេស ថៃ ឬ​ភាសា​ដទៃទៀត​នោះទេ។ ចំពោះ​រូបវិទ្យា ឬ​គណិតវិទ្យា​វិញ ក៏​ចាំបាច់​ត្រូវតែមាន​ការអភិវឌ្ឍ​សមត្ថភាព​តាមរយៈ​ការដោះស្រាយ​លំ​ហាត់លំបាកៗជាច្រើន​ដំណាក់កាល រហូត​ទទួល​ចងចាំ​ច្បាស់​ពី​ល្បិច និង​គន្លឹះសំខាន់ៗដែល​ឧស្សាហ៍​ចេញ។ វី​ធី​នេះ​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ដោះស្រាយ​លំ​ហាត់​បាន​លឿន​ជាងគេ និង​ជា​អ្នក​ដែល​យក​វា​ទៅប្រើ​ប្រាស់​សម្រាប់​ជា​ប្រយោជន៍​ក្នុងការ​រស់នៅ​បាន​ច្រើន​ផងដែរ ហើយ​ចំពោះ​ការងារ​វិញ​ក៏​ដូចគ្នា​ដែរ នៅពេលដែល​យើង​ឧស្សាហ៍​ធ្វើ​វា យើង​នឹង​ក្លាយជា​អ្នកជំនាញ​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ប្រសើរ។

    ស្រដៀង​គ្នា​នេះដែរ លោក លី សុភា​រិ​ទ្ធ វិស្វករ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើកឡើងថា ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បានល្អ លុះត្រាតែ​យើង​ចេះ​ប្រើប្រាស់​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ទាំងអស់​ទៅ​បូករួម​ជាមួយនឹង​ទ្រឹស្តីសំខាន់ៗមួយចំនួនទៀត​ដែល​យើង​បានដឹង ឬ​ច្នៃ​យកទៅ​ប្រើប្រាស់​តាម​វិធី​ដែល​យើង​ជួបប្រទះ​ប្រចាំថ្ងៃ។ នៅពេលដែល​យើង​យល់ច្បាស់​ពី​មូលដ្ឋានគ្រឹះ​នៃ​ជំនាញ​ហើយ យើង​នឹងមាន​ភាពងាយស្រួល​ក្នុងការ​បំបែក​ក្បួន​នោះ​ទៅជា​វិធីសាស្ត្រ ហើយ​វា​នឹង​ក្លាយជា​វិធីងាយៗសម្រាប់​ខ្លួនឯង។

    លោក លី សុភា​រិ​ទ្ធ បាន​លើកឡើងថា៖ “នៅពេលដែល​យើង​ជា​អ្នកភ្លេង ហើយ​ទៅ​មើល​វិស្វករ យើង​នឹងមាន​អារម្មណ៍​ថា គម្រោងនីមួយៗមាន​លក្ខណៈ​សាំញ៉ាំ ហើយ​រញ៉េរញ៉ៃ តែ​សម្រាប់​វិស្វករដោយសារតែ​គេ​មាន​មូលដ្ឋានគ្រឹះ​ក្នុង​ការមើល​ប្លង់​រួមទាំង​គម្រោង​នានា​នោះ គេ​គិតថា​វា​ជា​រឿង​ងាយស្រួល​បំផុត។ តែ​សម្រាប់​វិស្វករ​វិញ បើ​គាត់​ទៅលេង​ភ្លេង ឬ​មើល​អក្សរ​ភ្លេង​វិញ​ប្រាកដជា​ពិបាក ព្រោះ​គាត់​មិនមាន​មូលដ្ឋានគ្រឹះ​ផ្នែក​នោះទេ។

    វិស្វករ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការកត់ត្រា ក៏​ជា​វិធី​យ៉ាងសំខាន់​ផងដែរ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ផ្នែក​ការងារ ឬ​ការសិក្សា ព្រោះថា នៅពេលដែល​យើង​មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​លើ​ផ្នែក​ណាមួយ​ហើយ​យើង​នឹង​អាចយ​កវា​មក​អនុវត្តបាន។

    ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង​ទាំងអស់នោះ ជាទូទៅ ឧបសគ្គ និង​កត្តា​ប្រឈម​មួយចំនួន​ប្រាកដជា​អាច​កើតមានឡើង​ជាក់​ជាមិនខាន ហេតុនេះ​ការកត់ត្រា​នូវ​បញ្ហា និង​កំណត់សម្គាល់​លើ​វិធីសាស្ត្រ​ឆ្លាត​វៃតិចៗ អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ខ្លាំង​ជាង​អ្នកដទៃ ព្រោះ​យើង​បាន​គ្រប់គ្រង​ល្បិចសំខាន់ៗដែល​ធ្វើឱ្យ​ការងារ​ដំណើរការ​ទៅ​លឿន ហើយ​ថែមទាំង​ទទួលបាន​លទ្ធផល​ល្អ​ទៀតផង៕

  • អេ អឹម ខេ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនសេចក្តីត្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន

    អេ អឹម ខេ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនសេចក្តីត្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន

    ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹងធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី26 មីនា 2018 នេះ​តទៅ។ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​នេះ គឺ​ក្នុង​គោលបំណង ផ្តល់​សេវា​ជូន​អតិថិជន​របស់​យើង​កាន់តែ​លឿន​រហ័ស​ទាន់​ចិត្ត​ជាង​មុន មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ជួយ កាត់បន្ថយ​ការកត់ត្រា​ដោយ​ដៃ​នៅតាម​ភ្នាក់ងារ ផ្តល់​ភាពងាយស្រួល និង​ធ្វើ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ជាង​មុន។

    ដើម្បី​ទុកពេល​ឱ្យ ក្រុមការងា​របស់​យើង​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​រលូន នៅមុន​ថ្ងៃ​ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ អេ អឹម ខេ នឹង​ផ្អាក​សេវា​នៅតាម ការិយាល័យ ម៉ាស៊ីន ATM/CDM និង​ភ្នាក់ងារ ចំនួន 3ថ្ងៃ គឺ​ចាប់ពី​ម៉ោង 6ល្ងាច​ថ្ងៃទី23 ដល់ ម៉ោង6ព្រឹក​ថ្ងៃទី26 មីនា 2018។ រាល់​ប្រតិបត្តិការ​ទាំងអស់​នឹង​ដំណើរការ​ជាធម្មតា​វិញ ចាប់ពី​ថ្ងៃទី26 មីនា ឆ្នាំ2018 តទៅ។

    គួរឱ្យកត់សម្គាល់​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អតិថិជន​របស់ អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់។ ពោលគឺ​នៅក្នុង​ឆ្នាំ 2015 អេ អឹម ខេ មាន​អតិថិជន​ត្រឹមតែ​ជាង 48ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អតិថិជន​មានការ​កើនឡើង​រហូត​ដល់​ជាង 58ម៉ឺន​នាក់​ក្នុង​ឆ្នាំ2016។ គិត​ត្រឹម​ខែមីនា 2018 នេះ អតិថិជន អេ អឹម ខេ បាន​កើនឡើង​រហូតដល់​ជាង 68ម៉ឺន​នាក់។

    បើ​យោងតាម​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម (សន្សំ និង​បណ្តាញ)បាន​ឲ្យ​ដឹងថា កត្តា​អតិថិជន កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ផ្លាស់ប្តូរ​ប្រព័ន្ធ​នេះ​ផងដែរ។ លោក សុខា បាន​លើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​របស់​ពិភពលោក និង​ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន កាត់បន្ថយ​ការចំណាយ និង​ដើម្បី​បំពេញតម្រូវការ​អតិថិជន ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យាថ្មីៗជា​ជម្រើស​របស់​យើង។ លោក​បានបញ្ជាក់​ដូច្នេះ​ថា ការផ្លាស់ប្តូរ​មក​ប្រើ​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista នេះ​វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ អេ អឹម ខេ មាន​សមត្ថភាព ខ្ពស់ជាង​មុន មាន​ភាពងាយស្រួល និង​បត់បែន ជាពិសេស​វា​នឹង​ផ្តល់ឱកាស​ឲ្យ​យើង​បន្ថែម​បណ្តាញ​បាន​ច្រើនជាង​មុន ក៏ដូចជា​ការបង្កើត​ផលិតផល និង​សេវាកម្មថ្មីៗទៀតផង។ លោក សុខា សង្ឃឹមថា តាមរយៈ​ប្រព័ន្ធ​ថ្មី នេះ​ភ្នាក់ងារ អេ អឹម ខេ នឹង​ទទួល​អត្ថប្រយោជន៍​កាន់តែច្រើន តាមរយៈ​ការបង្កើន​ផលិតភាព​ការងារ​បាន​ប្រសើរ​ជាង​មុន មិន​តម្រូវអោយ​គាត់​ធ្វើ​ប្រតិបត្តិ​ការដែល​កត់ត្រា​ដោយ​ដៃ និង​អាច​ទទួលបាន ភាពងាយស្រួល​ជាច្រើន​ផ្សេងទៀត។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែមីនា ឆ្នាំ2018 នេះ អេ អឹម ខេ មាន​វិសាលភាព​ប្រតិបត្តិការ​គ្របដណ្តប់ 89% នៃ​ចំនួន​ភូមិ​សរុប​ទូទាំង ប្រទេស មាន​បុគ្គលិក​សរុប​ជាង 2.500នាក់ អតិថិជន​សរុប​ជាង 68ម៉ឺន​នាក់ ជាមួយនឹង​ផលប​ត្រ​ប្រាក់កម្ចី​ជាង213 លាន​ដុល្លារ​អាមេរិក ជាមួយ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150 កន្លែង និង មាន​ភ្នាក់ងារ​ជាង 3.000កន្លែង នៅ​ទូទាំងប្រទេស។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់ ដោយ​ស្វ័យប្រវត្តិ (ATM/CDM)៕

  • សារៈសំខាន់​នៃ​ការចាយ​ប្រាក់រៀល​សម្រាប់​កម្ពុជា

    សារៈសំខាន់​នៃ​ការចាយ​ប្រាក់រៀល​សម្រាប់​កម្ពុជា

    ប្រាក់រៀល​ខ្មែរ​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃទី20 ខែ​មិនា ឆ្នាំ1980កន្លងមក បន្ទាប់ពី​ការអាក់ខាន​ចរាចរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក្រោយពី​កើតមាន​សង្គ្រាម​ក្នុងប្រទេស។ បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការចាយ​ប្រាក់រៀល​រប​ស់​ប្រជាជន​ខ្មែរ​នៅ​មិនទាន់មាន​ភាពទូលំទូលាយ​គ្រប់​ទីកន្លែង​នោះទេ ភាព​ច្រើន​ជា​ប្រជាជន​សាមញ្ញ​ដែលមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​អាច​ចាយប្រាក់​រៀល​លើស50%បើ​ធៀប​នឹង​ប្រាក់​ដុល្លារ។

    តើ​ការចាយ​ប្រាក់រៀល​មាន​សារៈសំខាន់​ដល់​ប្រទេសជាតិ​យើង​ដូចម្តេចខ្លះ?

    លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ ធនាគារជាតិ​តែង រៀបចំ​កម្មវិធី​ទិវា​ប្រាករៀល ដើម្បី​អបអរសាទរ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​រៀងរាល់​ថ្ងៃទី20 ខែមីនា ជា​រៀងរាល់ឆ្នាំ ដែល​ការ​ធ្វើឡើង​នេះ​ដើម្បី​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ភាគី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ព្រមទាំង​សាធារណជន​អាច​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ ដើម្បី​យល់ដឹង​ពី​វឌ្ឍនភាពថ្មីៗ ដែល​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​កំពុង​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លងមក សម្រាប់​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ បង្កើន​ការយល់ដឹង​ទៅដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​កាន់តែ​ទូលំទូលាយ។

    ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បង្កើតជា​សៀវភៅ​អប់រំ និង​ចំណេះដឹង​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ប្រាក់រៀល (Booklet) ដែលមាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការរក្សា​ស្ថិរភាព​តម្លៃ កាត់បន្ថយ​ថ្លៃដើម​លើ​ការចំណាយ​ប្រតិ​ប​តិ្ត​ការ ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​សុខ​មាល​ព​សង្គម ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គរ​ពូន​ប្រាក់​បម្រុង​អន្តរជាតិ ចំណូល​បោះពុម្ព​ក្រដាសប្រាក់ បង្ការ​ការ​ក្លែង​ក្រដាសប្រាក់​ជាដើម។ល។

    លោក​បណ្ឌិត មានប្រសាសន៍ថា  ក្រសួងពាណិជ្ជកម្ម​ក៏បាន​ជំរុញ​ទៅដល់​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​ឱ្យ​បិទ​តម្លៃ​ទំនិញ​ជា​ប្រាក់រៀល ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាយស្រួល​ទិញ​ទំនិញ​ជា​ប្រាក់រៀល។ លើសពីនេះ​កាលពី​ឆ្នាំ2017 ធនាគារជាតិ​ក៏បាន​ចេញ​សេចក្តីប្រកាស​ដល់​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ផ្តល់​កម្ចី​ជា​ប្រាក់រៀល​យ៉ាងហោច​ឱ្យបាន10%នៃ​ប្រាក់កម្ចី​សរុប ដែល​សេចក្តីប្រកាស​នេះ​ត្រូវ​កំណត់ពេល​អនុវត្ត​ឱ្យបាន​ត្រឹម​ចុងឆ្នាំ2019ខាងមុខ។ ធនាគារជាតិ​ក៏បាន​លើកទឹកចិត្ត​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​ក្នុងការ​ផ្ទេរប្រាកផ្សេងៗ “យើង​បាន​ជួយ​សម្រួល​ច្រើន​មែនទែន ពេលណា​ឆ្លងកាត់​ធនាគារជាតិ យើង​ជួយ​ឱ្យ​ការចំណាយ​ថ្លៃដើម​ប្រតិបត្តិការ​ទាប​ជាង​ប្រាក់​ដុល្លារ។

    មួយវិញទៀត​ធនាគារជាតិ ក៏បានផ្តល់​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាពជា​ប្រាក់រៀល ដោយមាន​ការធានា​ក្នុងការ​ដាក់ឱ្យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាក់​ដេញថ្លៃ​ប្រាក់រៀល​ជា​រៀងរាល់ខែ ដោយ​កំណត់​អត្រា​ការប្រាក់​ទាប​សមស្រប ដើម្បី​យកប្រាក់​រៀល​ទៅធ្វើ​ប្រតិបត្តិការ​ផ្សេង។ តាមរយៈ​ប្រតិបត្តិការ​នេះ ធនាគារជាតិ​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ទាំងអស់​អាច​យកប្រាក់​ដុល្លារ​មក​តម្កល់​ដើម្បី​យកប្រាក់​រៀល​ទៅប្រើ​ប្រាស់​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន។

    ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ទាំងឡាយ ដោយ​លោក​បានបញ្ជាក់​ដូច្នេះ​ថា “អ៊ីចឹង​កន្លងមក​យើង​បាន​បោះពុម្ព​ក្រដាសប្រាក់ថ្មីៗដើម្បី​ជំនួស​ក្រដាសប្រាក់ចាស់ៗ ដើម្បីបង្កើន​សុវត្ថិភាព បង្កើន​សោភ័ណភាព និង​មានគុណ​ភាពល្អ​ជាង​មុន” ហើយ​ធនាគារជាតិ​ក៏មាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​អាច​យក​ក្រដាសប្រាក់ចាស់ៗមក​ដូរ​យក​ក្រដាស់ប្រាក់​ថ្មី​ដោយ​ឥតគិតថ្លៃ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ផងដែរ។

    ក្រៅពី​ការលើកទឹកចិត្ត​ឱ្យមាន​ការចាយ​ប្រាក់រៀល​នៅក្នុង​ប្រទេស​ឱ្យបាន​កាន់តែច្រើន​ធនាគារជាតិ ក៏បាន​សហការ​ជាមួយ​ធនាគារកណ្តាល​ចិន​នៅ​ខេត្ត​គ័ង​ស៊ី ក្នុង​ការផ្លាស់​ប្តូរប្រាក់​រៀល និងប្រាក់​យន់​ចិន ហើយ​កំពុង​សិក្សា​ជាមួយ​ធនាគារកណ្តាល​ថៃ​នៅពេល​ខាងមុខ។ លោក​ថា ការធ្វើ​ដូច្នេះ គឺជា​យុ​ទ្ឋ​សាស្ត្រ​មួយ​ក្នុង​ការពង្រីក​វិសាលភាព​នៃ​ចរាចរណ៍​ប្រាក់រៀល របស់​អ្នក​នាំចេញ និង​អ្នក​នាំចូល និង​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​បរទេស កុំឱ្យ​មានការ​ខាតបង់​ចំពោះ​អត្រា​ប្តូរប្រាក់ ដោយ​អ្នកវិនិយោគ​ចិន ឬ​ថៃ មិនចាំបាច់​យកប្រាក់​យន់​ឬ​ប្រាក់​បាត​ថៃ ទៅ​ប្តូរ​យក​ដុល្លារ​ជាមុន​នោះទេ តែ​អាច​ប្តូរ​ជាមួយ​ប្រាក់រៀល​បានតែ​ម្តង។

    ក្រោយពី​ការប្រកាស និង​ដាក់​វិធាន​ការឱ្យ​ចរាចរ​ប្រាក់រៀល​នេះ នៅតាម​បណ្តា​ហាង​លក់ទំនិញផ្សេងៗ គេ​សង្កេតឃើញថា ម្ចាស់​ហាង​បាន​អនុវត្ត​ដោយបាន​បិទ​ថ្លៃទំនិញ​ជា​ប្រាក់រៀល​កាន់តែច្រើនឡើងៗដូចជា​នៅ​ហាង​លក់​នំ​បុ័ង Tous Les Jours និង​ផ្សារ​ទំនើប អ៊ី​អន(AEON) ក៏ដូចជា​ផ្សារ​ទំនើបឡាក់​គី (Lucky Super Market) ជាដើម។ល។ មកទល់​បច្ចុប្បន្ន​ការចាយ​ប្រាក់រៀល មាន​កំណើន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ភាគច្រើន​ចាយ​ដោយ​ប្រជាពលរដ្ឋ​ជនបទ និង​ពលរដ្ឋ​មាន​ចំណូល​មធ្យម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផងដែរ។

    ដោយឡែក​សម្រាប់​អ្នកវិនិយោគធំៗដូចជា អ្នកជំនួញ​ផ្នែក​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​ជាដើម​គឺ​ពួកគាត់​ភាគច្រើន​ចាយ​ជា​ប្រាក់​ដុល្លារ ប៉ុន្តែ​ទោះ​យ៉ាងនោះ​ក្តី​ការចាយ​ប្រាក់រៀល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅតែមាន​ចំនួន​ច្រើនជាង 50% បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន។

    លោក​បណ្ឌិត មានប្រសាសន៍ថា​ប្រសិនបើ​ប្រជាពលរដ្ឋ​យើង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការចាយ​ប្រាក់​ដុល្លារ​មក​ចាយ​ប្រាក់រៀល​សុទ្ធ៖ ទី1ធ្វើឱ្យ​យើង​ចំណេញ​លើ (Seigniorage) គឺ​ចំណេញ លើ​តម្លៃ​នៃ​ការបោះពុម្ព ឧទាហរណ៍​តម្លៃ​ចារិក​លើ​ក្រដាសប្រាក់ 10,000 រៀល យើង​ចំណាយ ថ្លៃដើម​នៃ​ការបោះពុម្ព​អស់ 10 រៀល ចឹ​ង​នៅសល់ 9,990 រៀល​គឺជា​ការ​ចំណេញ (Seigniorage) ដូច្នេះ​បើ​យើង​បោះពុម្ព​ប្រាក់រៀល ហើយ​យើង​ចាយ​ប្រាក់រៀល​កាន់តែច្រើន​ធ្វើឱ្យ​រដ្ឋាភិបាល​យើង​ចំណេញ​កាន់តែច្រើន ដែល​យើង​ត្រូវយកប្រាក់​ចំណេញ​នេះ​ទៅ​ជួយ​លើ​ការចំណាយ​លើ​វិស័យ​អាទិភាព​នានា ដូចជា​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេង។

    ទី2 គឺ​គោលការណ៍​ជា​លក្ខណៈ​ម៉ាក្រូ មានន័យថា​ប្រសិនបើ​យើង​ចាយ​ប្រាក់រៀល ធនាគារជាតិ​អាច​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ឧទាហរណ៍​ប្រសិនបើ​មាន អតិផរណា​ប្រែប្រួលខ្លាំង​ធនាគារជាតិ​អាច​បញ្ចុះ​បាន​ដោយមាន​ប្រសិទ្ធភាព ឬ​បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​យើង​ជាប់គាំង​ហើយ​ថវិកា​រដ្ឋាភិបាល​មានកំណត់ ហើយ​បើ​យើង​ចាយលុយ​រៀល ធនាគារជាតិ​អាចជួយ​ស្ថានភាព​ហ្នឹង​បាន ដូចជា​អ្វីដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ក្នុងអំឡុងពេល និង​ក្រោយពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល។

    ទី3 បើ​យើង​ចាយប្រាក់​រៀល​សុទ្ធ ធនាគារជាតិ​អាច​បញ្ចុះ​អត្រា​ការប្រាក់​លើ​ប្រាក់កម្ចី​បាន ព្រោះ​ពេលនោះ​ធនាគារពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នឹង​ផ្តល់​កម្ចី​ជា​ប្រាក់រៀល ដែល​ធនាគារជាតិ​ជា​អ្នក​បោះពុម្ព​ប្រាក់រៀល អ៊ីចឹង​ធនាគារជាតិ មាន​ឥទ្ធិពល​ធ្វើឱ្យ​អត្រា​ការប្រាក់​របស់​ធនាគារ​ពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ថយចុះ​បាន។

    ទី4 ការចាយ​ប្រាក់រៀល​គឺ​បង្ហាញ​ពី​អធិបតេយ្យភាព​ជាតិ ព្រោះ​បើ​យើង​ចាយប្រាក់​ដុល្លារ ហើយ​បើ​ប្រាក់​ដុល្លារ​មាន​បញ្ហា ឫ​បាត់បង់​តម្លៃ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ប្រទេសជាតិ​របស់​យើង ឧទាហរណ៍ បើ​យើង​នាំចេញ​ទំនិញ​ជា​ប្រាក់​ដុល្លារ ហើយ​ប្រាក់​ដុល្លារ​ឡើងថ្លៃ​ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ទំនិញ​របស់​យើង​ឡើងថ្លៃ ជាក់ស្តែង​សេដ្ឋកិច្ច​យើង​ល្អ តែដោយសារ​យើង​ចាយលុយ​គេ ធ្វើឱ្យ​យើង​អាច​រង​ឥទ្ធិពល​ពី​គេ​ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ល្អប្រសើរ​ក៏ដោយ។

    ដើម្បី​លើកកម្ពស់ និង​ជំរុញឱ្យមាន​ការចាយ​ប្រាក់​រៀល​កាន់តែ​ច្រើនឡើង ឆ្នាំនេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​នឹង​រៀបចំ​ប្រារព្ធ​ទិវា​ប្រាក់រៀល​ចាប់ផ្តើម​ពី​ម៉ោង8ព្រឹក ដល់​ម៉ោង 10 ថ្ងៃទី20 ខែ​មិនា ឆ្នាំ2018 នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ(CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា។

    ពិធី​នេះ​នឹងមាន​ការចូលរួម​ពី​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​វិទ្យា​ស្ថា​ស្រាវជ្រាវ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA Research Institute) ដែល​កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​ប្រាក់រៀល​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​នាពេល​អនាគត។

    តំណាង​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយនឹង​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​ផងដែរ៕

  • វិស័យ​ភតិសន្យា​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​នៅ​ប្រទេស​កម្ពុជា

    វិស័យ​ភតិសន្យា​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​នៅ​ប្រទេស​កម្ពុជា

    ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ឱ្យឃើញ​នូវ​វឌ្ឍនភាព​នៃ​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខណៈដែល​អ្នកផ្តល់​សេវា​ភតិសន្យា បានកត់សម្គាល់​ឃើញថា តម្រូវការ​កើនឡើង​ក្នុង​បរិបទ​សេដ្ឋកិច្ច​រីកចម្រើន បាន​នាំទៅដល់​តម្រូវការ​សេវា​ភតិសន្យា​នេះ។

    ធនាគារជាតិ​នៃ​កម្ពុជា បាន​កត់សម្គាល់ថា វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​ជា​វិស័យ​ថ្មី​មួយ​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​វិស័យនេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ រដ្ឋសភា​កម្ពុជា បានអនុម័ត​សេចក្ដីស្នើច្បាប់​ស្ដីពី​ភតិសន្យា កាលពី​ថ្ងៃទី6 ខែកក្កដា ឆ្នាំ2015។ ច្បាប់​ភតិសន្យា​នេះ​មាន 4ជំពូក និង11មាត្រា។

    យោងតាម​របាយការណ៍ ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ចំនួន 11កន្លែង​បានផ្តល់​សេវា​ភតិសន្យា​លើ​ចលនទ្រព្យ រួមមាន៖ ម៉ូតូ រថយន្ត គ្រឿងយន្ត​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម គ្រឿងចក្រ​សាងសង់ គ្រឿង​អេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារ​ប្រើប្រាស់​ក្នុង​គ្រួសារ និង ចលនវត្ថុផ្សេងៗទៀត​ដល់​អតិថិជន។ របាយការណ៍​ដដែល​បាន​បង្ហាញថា វិស័យចម្បងៗ ដែល​ទទួលបាន​សេវា​ភតិសន្យា ហិរញ្ញវត្ថុ​រួមមាន កសិកម្ម25% ក្រុមគ្រួសារ40% ពាណិជ្ជកម្ម10% និង​សំណង់10%។ ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យនេះ​បាន​កើនឡើង19.5% ដល់0.7ទ្រី​លាន​រៀល (ក្នុង​រយៈពេល​ឆ្នាំ​លើ​ឆ្នាំ) និង ឥណទាន​ភតិសន្យា​ហិរញ្ញវត្ថុ​សរុប​បាន​កើនឡើង1.8% ដល់0.5ទ្រី​លាន​រៀល និង​មាន​អតិថិជន​ចំនួន 67,791នាក់។

    ធនាគារជាតិ​បាន​បញ្ជាក់ថា៖ “តម្រូវការ​ប្រើប្រាស់​រប​ស់​អតិថិជន បាន​ជំរុញ​ឱ្យ​ទីផ្សារ​ភតិសន្យា​ហិរញ្ញវត្ថុ​ទទួលបាន​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស។ ធនាគារ​អេស៊ីលីដា​ដែល​បានផ្តល់​សេវា​ភតិសន្យា​ដល់​អតិថិជន​របស់ខ្លួន បានបង្ហាញ​ហេតុផល​មួយចំនួន​ដែល​បណ្តាលឱ្យ​វិស័យនេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់​ពី​អ្នកមាន​តម្រូវការ​ហិរញ្ញវត្ថុ។

    លោកស្រី​បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត និង​ជា​ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ នៅ​ធនាគារ​អេស៊ីលីដា បាន​អះអាងថា កំណើន​ក្នុង​វិស័យចម្បងៗនៃ​សេដ្ឋកិច្ចកម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួបផ្សំ​នឹង​ស្ថានភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់ និង​ការបន្ត​អនុវត្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​នៅតាម​វិស័យនីមួយៗបានធ្វើឱ្យ​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ឆាប់រហ័ស និង​គួរឱ្យកត់សម្គាល់​តាមរ​យៈ​ការពង្រីក​សេវា​លើ​ចលនទ្រព្យ ដូចជា​រថយន្ដ ម៉ូតូ គ្រឿងយន្ដ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម គ្រឿងចក្រ​សំណង់ គ្រឿង​អេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារ​ប្រើប្រាស់​ក្នុង​គ្រួសារ និង​សម្ភារផ្សេងៗទៀត តាម​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន។

    លោកស្រី​បណ្ឌិត​បាន​អះអាងថា ភតិសន្យា​ហិរញ្ញវត្ថុ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​លក្ខណៈ​ឯកត្តជន និង​នីតិបុគ្គល​ដើម្បី​ផ្តល់​ជម្រើស​ថ្មី​ដល់​អ្នកប្រើប្រាស់ផ្ទាល់ខ្លួន អាជីវករ ពាណិជ្ជករ និង​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​មានលទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​ប្រើប្រាស់​ផ្ទាល់ខ្លួន។

    លោកស្រី​បណ្ឌិត​បាន​បន្ថែមថា ភតិសន្យា​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក និង​ថ្លៃដើម​ចលនវត្ថុ​ជួល ផ្អែក​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​ដែល​ទំហំ​អតិបរមា​មាន​រហូតដល់ 250,000ដុល្លារ​អាមេរិក​ក្នុង​មួយ​ឯក​តា​ចលនវត្ថុ។ រយៈពេល​ជួល​អប្បបរមា 12ខែ និង​អតិបរមា​មិន​លើសពី​អាយុកាល​នៃ​ចលនវត្ថុ​ដែល​ត្រូវ​ជួល។

    លោកស្រី​បណ្ឌិត សូ ផន​ណា​រី បាន​អះអាងថា៖ “ដោយសារ​កំណើន​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន បាន​ជំរុញ​ឱ្យ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​មានការ​ចាប់អារម្មណ៍ និង​វិនិយោគ​លើ​ទីផ្សារ​ភតិសន្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា”៕

  • កម្ពុជា​ត្រូវការ​លំនៅឋាន​លក្ខណៈ​គ្រួសារ​ជិត100 ម៉ឺន​ខ្នង​ទៀត​នៅត្រឹម​ឆ្នាំ2030

    កម្ពុជា​ត្រូវការ​លំនៅឋាន​លក្ខណៈ​គ្រួសារ​ជិត100 ម៉ឺន​ខ្នង​ទៀត​នៅត្រឹម​ឆ្នាំ2030

    ទោះបី​ការផ្គត់ផ្គង់​សំណង់​អគារ​លំនៅឋាន បាន​រីកដុះដាល​ព្រោងព្រាត នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ​តម្រូវការ​នៃ​ការ​ស្នាក់​នៅផ្ទះ​ផ្ទាល់ខ្លួន នៅតែមាន​ការកើនឡើង បន្តទៀត​ទៅ​ថ្ងៃ​អនាគត ដែល​នៅត្រឹម​ឆ្នាំ2030 យ៉ាងហោចណាស់​ក៏ត្រូវ​ការ 80ម៉ឺន​ខ្នង​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​លើ​តម្រូវការ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា។

    ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែល​អាច​រក្សាបាន​ក្នុង​រង្វង់​ចន្លោះ7%ជា​រៀងរាល់ឆ្នាំ​នោះ​វិស័យ​នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផងដែរ ព្រោះថា បើ​ផ្អែក​តាម​ការសិក្សា​របស់​ក្រសួង​អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រកឃើញថា ចំនួន​ប្រជាជន​រស់នៅក្នុង​រាជធានី​និង​ទីប្រជុំជន​កាលពី​ឆ្នាំ 2014 មាន​ចំនួន 4.5លាន​នាក់ ស្មើនឹង 27.1ភាគរយ នឹង​បន្ត​កើនឡើង​ដល់ 7.92លាន​នាក់​នៅ​ឆ្នាំ 2030 ស្មើនឹង 44ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។

    ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ បាន​រកឃើញថា ក្នុង​រយៈពេល 15ឆ្នាំ​ទៀត រាប់​គិត​ចាប់ពី​ឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការ​លំនៅ​ឋានស​ម្រា​ប់រាជ​ធានី និង​ទីប្រជុំជន​មាន​ប្រមាណ 80ម៉ឺន​លំនៅឋាន បន្ថែមទៀត ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​ជា 5ម៉ឺន​លំនៅឋាន ក្នុង​មួយឆ្នាំ។

    ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាននិងកំពុង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន ពិសេស​លំនៅឋាន ដែលមាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ។

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ2017កន្លងទៅ ការវិនិយោគ​វិស័យ​សំណង់​បាន​កើនឡើង​ជាង 22% ដែលមាន​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជាង6,428 លាន​ដុល្លារ លើ​គម្រោង 3,052 ខណៈដែល​ឆ្នាំ2016មាន​ត្រឹម 5,256 លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ៕