Author: វល័ក្ខ

  • កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ជនបរទេស​បោះទុន វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

    កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ជនបរទេស​បោះទុន វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​កាន់តែខ្លាំងឡើងៗ ដោយសារ​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​បរទេស​ដែល​បាន​ចូលមក​បណ្តាក់ទុន​លើ​វិស័យនេះ​កាន់តែច្រើនឡើងៗនា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

    លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC មានប្រសាសន៍ថា កត្តា​ដែល​ធ្វើឱ្យ​បរទេស​ចូលមក​វិនិយោគទុន​លើ​វិស័យ​សំណង់​កាន់តែច្រើន​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារតែ​គោលនយោបាយ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​សិទ្ធិ​ឱ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី2ឡើងទៅ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៀត គឺថា តម្លៃ​ដី​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ​ទាប​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់ ដូចជា​ប្រទេស​ម៉ាឡេស៊ី ថៃ និង​វៀតណាម​ជាដើម ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​មានឱកាសរ​ក​ប្រាក់ចំណេញ​បាន​ច្រើនជាង។

    លោក​បាន​មានប្រសាសន៍ថា ការ​ចូលមក​វិនិយោគ​លើ​វិស័យ​សំណង់​នេះ ភាគច្រើន​មិន​ប៉ះពាល់​ដល់​វិនិយោគិន​ក្នុងស្រុក​នោះទេ​ដោយបាន​ចែកដាច់​គ្នា​ជា​ពីរ​ដែល​ភាគច្រើន​វិនិយោគិន​ក្នុងស្រុក​វិនិយោគ​ទៅលើ​សំណង់​ផ្ទះល្វែង​នៅតាម​បុរី ឬ​ខុន​ដូ​លក្ខណៈ​ជា​ផ្ទះ​ដាច់ពីគ្នា(Single house)ដើម្បី​លក់​ជូន​អតិថិជន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ។ ចំណែក​វិនិយោគិន​បរទេសភាគច្រើន​វិនិយោគ​លើ​សំណង់​អគារ​ខុន​ដូខ្ពស់ៗមាន​កម្ពស់​ច្រើន​ជាន់ ដោយ​ភាគច្រើន​សំដៅ​ដល់​អតិថិជន​នៅក្រៅ​ស្រុក​ទិញ​ទុក​លក់​បន្ត​ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​នៅពេល​ក្រោយ។

    ទោះយ៉ាងណា លោក​បាន​ថ្លែងប្រាប់​ពី​ក្តីបារម្ភ​ថា ទៅ​ថ្ងៃ​អនាគត​បើសិនជា​សំណង់​អគារខ្ពស់ៗរបស់​បរទេស​ដែល​បានដាក់​ទិញ-លក់​ដើម្បី​រកប្រាក់​ចំណេញ​បន្ត​គ្នា​នោះ អាច​នឹង​ជួប​វិបត្តិ(មានតែ​បន្ទប់​អគារ​តែ​មិនមាន​មនុស្ស​ស្នាក់នៅ) យក​ល្អ​គួរ​វិនិយោគ​ទៅជា​ផ្សារ​ទំនើប លក់ដូរ​ទំនិញផ្សេងៗវិញ​ប្រសើរ​ជាង។ សម្រាប់​ការសង់​អគារខ្ពស់ៗនេះ​ក៏​អាច​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នាំឱ្យមាន​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ផងដែរ “ជាធម្មតា​មិនថាតែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ នៅពេល​ដែលមាន​អគារខ្ពស់ៗរីកលូតលាស់​ច្រើន​ដូច្នេះ វា​តែង​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​នៅលើ​ដងផ្លូវ​ដោយ​នឹង​ជួប​ការកកស្ទះ​ជាអន្លើៗដោយ​ចៀស​មិន​ផុត​នោះទេ ប៉ុន្តែ​យ៉ាងណា​រដ្ឋាភិបាល​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផងដែរ តាមរយៈ​ការសាងសង់​ស្ពាន​អាកាស​នានា និង​ការធ្វើ​ផ្លូវ​ក្រវាត់ក្រុង ការពង្រឹង​ផ្លូវ​មួយចំនួនទៀត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាដើម។

    ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ឡៅ ទិព្វ​សីហា ប្រធាន​នាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មានប្រសាសន៍ថា ការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​របស់​ជនបរទេស​លើ​វិស័យ​សំណង់​នេះ ដោយសារ​កម្ពុ​ជាមាន​ប្រព័ន្ធ​ច្បាប់​រឹងមាំ មាន​ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ 7%ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ។ វិស័យ​សំណង់​ភាគច្រើន​ដែល​បរទេស​ចូលមក​បណ្តាក់ទុន គឺ​ការសាងសង់​សំណង់​អគារខ្ពស់ៗ ខុន​ដូ ផ្សារ​ទំនើប អគារ​ពាណិជ្ជកម្ម សំណង់​សណ្ឋាគារ និង​រោងចក្រ​ជាដើម ហើយ​ក្នុងចំណោម​ជនបរទេស​ទាំងនោះ វិនិយោគិន​ចិន​មាន​ចំនួន​ច្រើនជាងគេ​ដែល​អាច​ផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​ភ្នំពេញ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ឡើង។

    ឯកឧត្តម​បានលើកឡើង​ថា គិត​ចាប់តាំងពី​ឆ្នាំ 2000 ដល់​ឆ្នាំ2017កន្លងទៅ វិនិយោគិន​បរទេស​បាន​ចូលមក​បណ្តាក់ទុន នាំមុខគេ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា គឺជា​ជាតិចិន​ដែល​បោះទុន​វិនិយោគ​សរុប​មាន​ចំនួន 2,086លាន​ដុល្លារ លើ 128គម្រោង​ដែលមាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន​ជាង 7លាន​ម៉ែត្រការ៉េ។ ចំណែក​វិនិយោគិន​នាំមុខ​ទី2 គឺ​កូរ៉េ​ដែល​បាន​បោះទុន​វិនិយោគ​សរុប​ចំនួន 1,640លាន​ដុល្លារ លើ 49គម្រោង ដែលមាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន 3លាន7សែន​ម៉ែត្រការ៉េ។

    ទី3 គឺ​វិនិយោគិន​ជនជាតិ​ជប៉ុន មាន 38គម្រោង លើ​ផ្ទៃដី​សាងសង់​ជាង7 សែន​ម៉ែត្រការ៉េ ទុនវិនិយោគ​សរុប​ចំនួន 246លាន​ដុល្លារ។ ទី4 គឺ​វិនិយោគិន​ថៃ​បោះទុន169លាន​ដុល្លារ សាងសង់​សំណង់​ចំនួន 28គម្រោង នៅលើ​ផ្ទៃដី​សរុប​ជាង 4សែន​ម៉ែត្រការ៉េ។ និង​ទី5 គឺ​វិនិយោគិន​សិង្ហ​បុរី​បោះទុន​សរុប​ចំនួន 158លាន​ដុល្លារ សាងសង់​សំណង់​ចំនួន 10គម្រោង នៅលើ​ផ្ទៃដី​សរុប​ចំនួន 4សែន​ម៉ែត្រការ៉េ។

    ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា វិស័យ​សំណង់​គឺជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​ក្នុងចំណោម​វិស័យ 3ផ្សេងទៀត មានដូចជា​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍៕

  • ស្ងាត់ៗ Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​ត្រកូល Y ឆ្នាំ 2018

    ស្ងាត់ៗ Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល​ត្រកូល Y ឆ្នាំ 2018

    ភ្នំពេញ៖ បន្ទាប់ពី​ភាពជោគជ័យ​របស់​ស្មា​ត​ហ្វូ​ន​អេក្រង់​លាត កាមេរ៉ា 4 គ្រាប់ Huawei Nova 2i ក្រុមហ៊ុន​Huawei បានបង្ហាញ​សាកល្បង​នូវ​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ត្រកូល Y ឆ្នាំ 2018 ក្នុងចំណោម​តារាល្បីៗ និង អ្នកសារព័ត៌មាន កាលពី​ចុង​ស​ប្តា​ហ៏​មុន។ កម្មវិធី “ការសាកល្បង​ប្រើប្រាស់​លើកដំបូង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” ប្រព្រឹត្តិ​ទៅ​នៅឯ​ទីស្នាក់ការ​ក្រុមហ៊ុន Huawei ផ្ទាល់ ដែលមាន​ភ្ញៀវកិត្តិយស តារាល្បីៗ និង​មិត្ត​អ្នកសារព័ត៌មាន សរុប​ជាង 40នាក់។

    ថ្លែង​ក្នុង​កម្មវិធី​ពិសេស​នេះ លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ប្រចាំ Huawei កម្ពុជា​បាន​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដែល ក្រុមហ៊ុន Huawei បានបង្ហាញ​នោះ​មាន​ពីរ​ម៉ូ​ដែល​គឺ Huawei Y7 Pro 2018 បំពាក់​កាមេរ៉ា 3គ្រាប់ និង Huawei Y9 2018 បំពាក់​កាមេរ៉ា 4គ្រាប់ ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ លើសពី​តម្លៃ នឹកស្មាន​មិន​ដល់។ ដៃ​ម្ខាង​កំពុង​តេស្តY7 Pro 2018 និង​ដៃ​ម្ខាង​ទៀត លើក Y9 2018 ថតរូប Selfie លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា “ស្មា​ត​ហ្វូ​ន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជា​ស្រស់ស្អាត ឡួ​យ អេក្រង់​ធំ​ទូលាយ ហើយ​កាមេរ៉ា​ថតរូប​ច្បា​ស់កប់។

    ចំណែកឯ អ្នកសារព័ត៌មាន​ស្រី វ៉ា​យ វ​ត្តី វិញ​លាន់មាត់​ថា “ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Y Series នេះ ត្រូវចិត្ត​បង​ស្តូក ចាំមើល​ឲ្យ​តែ​ចេញលក់​ភ្លាម នឹង​ជាវ​ភ្លេ​ត! ស្រឡាញ់​ណាស់។

    ស្មា​ត​ហ្វូ​ន Huawei Y9 2018 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដា និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD + FullView  Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP និង​ខាងក្រោយ​ទំហំ 13MP+2MP  មាន​កម្លាំង​ថ្ម​ធំ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo) ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3 GB និង ROM  32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ។ កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card 1 (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

    ចំណែកឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់​ស្អា បំពាក់​អេក្រង់​លាត​ទំហំ 5.99” ដែលមាន​កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon 450 មាន RAM 3GB និង ROM  32GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មាន​កាមេរ៉ា​ភ្លោះ នៅ​ខាងក្រោយ​ផងដែរ មាន​ទំហំ 13MP+2MP រីឯ​កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត។  កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card 1 (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

    Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ក្នុងពេលឆាប់ៗនេះ ជាមួយនឹង តម្លៃ​ដ៏​ភ្ញាក់​ផ្ទើ​ល និង​កាដូ​ថែម​ជាទី​គាប់ចិត្ត។ ព័ត៌មាន​ប្រូ​ម៉ូ​សិន​ថ្មី៖ ទិញ Huawei nova 2i ភ្លាម​ឈ្នះ​រង្វាន់​ធំ ឡេ​ប​ថប់ Huawei Matebook X អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​តាម ផេ​ក​ផ្លូវការ Huawei Mobile (KH) អាច​ចូលរួម​ផ្សងសំណាង កម្មវិធី​ចាប់ឆ្នោត​របស់​ក្រុមហ៊ុន Huawei “WOW WOW! Buy & Win ឈ្នះ​អស់​ស្ទះ WOW WOW! ទិញ ឈ្នះ” បាន​ដោយ​គ្រាន់តែ​អនុវត្ត​ន៏​តាម លក្ខខណ្ឌ និង​ការណែនាំ​ខាង​ដូចខាងក្រោម​នេះ៖

    1- Screen Shot IMEI ឬ​ថតរូប Warranty Card ដែលមាន​បិត IMEI នៃ​ទូរស័ព្ទ Huawei Nova2i របស់លោក​អ្នក​ដែល​ទើបបាន​ទិញ ហើយ​ធ្វើការ Comment ជា​រូបភាព​ខាងក្រោម​នេះ រឺ  ផ្ញើ​សារ​ជា​រូបភាព តាម Inbox របស់ Huawei Mobile (KH)

    2- ការចាប់​រង្វាន់​នេះ ដោយ​ផ្សាយ​ផ្ទាល់(Live) តាម Huawei Mobile (KH) ធ្វើឡើង​រៀងរាល់ 1 សប្តាហ៍​ម្តង វេលា​ចន្លោះ​ម៉ោង 4:30 ទៅ 5:30 ល្ងាច!

    3- ការចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​នេះ បានតែ​អតិថិជន​ដែល​បាន​ទិញ​ស្មា​ត​ហ្វូ​ន Huawei Nova 2i ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តែប៉ុណ្ណោះ

    4- ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុងការ​ពិនិត្យ​លេខ IMEIs ថា​ជា​ផលិតផល​ផ្លូវការ រឺ​មិន​ផ្លូវការ  រឺ​អនុវត្ត​សមស្រប​តាម រឺ​មិន​ស្របតាម​លក្ខខណ្ឌ !!

    5- កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដោយ​ចាប់ឆ្នោត 4 ដង ក្នុង 1 សប្តាហ៍​ម្តង រហូតដល់​ចុងខែ​មេសា ! ប្រ​ញ៉ាប់​ឡើង​រង្វាន់​មានកំណត់ !!

    កាលវិភាគ​ការចាប់​ឆ្នោត​ផ្សងសំណាង ដែល​ផ្សាយ​ផ្ទាល់ Live តាម Huawei Mobile (KH) មាន​ដូចខាងក្រោម:

    (1) ការចាប់​រង្វាន់ លើក​ទី 1 ថ្ងៃ 27 មីនា 2018 នៅ​ក្រុមហ៊ុន Huawei ដោយផ្ទាល់

    (2) ការចាប់​រង្វាន់ លើក​ទី 2 ថ្ងៃ 03 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សូរិយា​ជាន់​ទី 3

    (3) ការចាប់​រង្វាន់​លើក​ទី 3 ថ្ងៃ 10 មេសា 2018 នៅ Huawei Showroom ផ្សារ​ទំនើប​សុ​វណ្ណា​ជាន់​ទី 4

    (4) ការចាប់​ឆ្នោត លើក​ទី 4 ថ្ងៃ 24 មេសា 2018 នៅ ក្រុមហ៊ុន Huawei ដោយផ្ទាល់

    **   IMEI ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង គឺ​បានតែ IMEI ពី​ផលិតផល​នាំ​ច​លូ​ផ្លូវការ​ដែលមាន​ត្រា​ក្រុមហ៊ុន​លើ​ប្រអប់ និង​មានប​ណ្ណ័​ធានា​ត្រឹមត្រូវ ប៉ុណ្ណោះ

    **   រយៈពេល​ផុតកំណត់​ទទួល IMEIs គឺ 1 ថ្ងៃ មុន​ថ្ងៃ​ចាប់ឆ្នោត នៃ​សប្តាហ៍នីមួយៗ

    **   អតិថិជន​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន

    **   IMEI ដែល​ផ្ញើ​មកហើយ​មិនទាន់​ឈ្នះ​រង្វាន់​ក្នុងការ​ចាប់ឆ្នោត​លើក​ទី 1 ក៍​មានឱកាស​ឈ្នះ​រង្វាន់ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​សប្តាហ៍ក្រោយៗទៀត។

  • បណ្ឌិត តាន់ មុនី​វណ្ណ៖ ជោគជ័យ​របស់​មនុស្ស​មិនមែន​បានមក​ដោយ​ភាព​ចៃដន្យ

    បណ្ឌិត តាន់ មុនី​វណ្ណ៖ ជោគជ័យ​របស់​មនុស្ស​មិនមែន​បានមក​ដោយ​ភាព​ចៃដន្យ

    មនុស្សម្នាក់ៗតែងតែមាន​ក្តី​ប្រាថ្នា​ចង់​ក្លាយទៅជា​អ្នកមានដូចៗគ្នា ទោះជា​កើត​ក្នុង​ត្រកូល​វណ្ណៈ​ណាក៏ដោយ តែង​ប្រាថ្នា​ចង់​មាន​ធនធាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែ​ធនធាន​ទាំងនោះ​មិនមែន​កើតឡើង​ដោយ​ភាព​ចៃដន្យ​នោះទេ ឧ​ទារ​ហណ៍​ដូចជា​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ជា​ក្មេង​ឆ្លងកាត់​សង្គ្រាម និង​គ្រួសារ​គ្មាន​បន្សល់​អ្វី​ទុកឱ្យ​ក្រៅពី​បាតដៃ​ទាំងពីរ​នោះទេ ប៉ុន្តែ​ដោយ​ភាព​តស៊ូ និង​ចេះ​ឆក់​ឱកាស លោក​បាន​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​ជាច្រើន។

    ក្រឡេកមើល​បច្ចុប្បន្នកាល លោក តាន់ មុនី​វណ្ណ ត្រូវបាន​គេ​ស្គាល់គ្រប់ៗគ្នា​ថា​ជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​លេចធ្លោ​ម្នាក់។ នេះ​គ្រាន់តែជា​ការងារ​មួយចំណែក​នៃ​ជីវិត​របស់លោក​តែប៉ុណ្ណោះ បើ​និយាយ​ពី ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប​តែមួយ​គឺមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង 10ទៅហើយ ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក ចិញ្ចឹមសត្វ ក្រុមហ៊ុន​កំពង់ផែ​ឯកជន ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត ក្រុមហ៊ុន​នាំចូល​សម្ភារ​គ្រឿងចក្រ​ជាដើម។

    ក្រៅពី​ក្រុមហ៊ុន​ដែល​ទទួល​គ្រប់គ្រង​ជួយ​ឪពុកក្មេក (លោក ឧកញ៉ា ម៉ុង ឬ​ទ្ធី) លោក​បណ្ឌិត តាន់ មុនី​វណ្ណ ក៏មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជិត 10ផ្សេងទៀត​ដែរ មានដូចជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធុរកិច្ច ក្រុមហ៊ុន​មេធាវី​ប្រឹក្សា​ផ្នែក​ច្បាប់ ក្រុមហ៊ុននាំចេញ-នាំចូល ក្រុមហ៊ុន​រើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន​បកប្រែ​ភាសា​ជាដើម ដែល​ភាគច្រើន​មាន​ដៃគូ​ជាមួយ​អ្នកជំនួញ​បរទេស​ច្រើនជាង​ដៃគូ​ក្នុងស្រុក។ ថ្មីៗនេះ​លោក​បាន​សហការ​ជាមួយ​អ្នកជំនួញ​បរទេស​ម្នាក់ បង្កើត​ផ្សារ One dollar ចែកចាយ​សម្ភារ​ប្រើប្រាស់ អាហារ និង​ភេសជ្ជៈ​នៅលើ​ទីផ្សារ​កម្ពុជា​ទៀតផង។

    លោកបណ្ឌិត តាន់ មុនីវណ្ណ ចូលរួមក្នុងកម្មវិធីពិគ្រោះយោបល់អំពី ការកសាងទំនាក់ទំនងសេដ្ធកិច្ចអាស៊ានឥណ្ឌានៅប្រទេសឥណ្ឌា។

    ចំណែក​ការងារ​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​វិញ លោក​ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ(Thai Cambodia Business council) សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន (China Asean Business council)  សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍ (Association of South East Asia Business Council) និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា (Asean-Indian Business Council) ផងដែរ។ ក្នុង​ទស្សនវិស័យ​វែងឆ្ងាយ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្នុងនាម​ជា​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ត្រូវបានចាត់តាំង​ឱ្យទទួល​បន្ទុក​ផ្នែក​ច្បាប់ ដើម្បី​បង្កើត​ការិយាល័យ​សភាពាណិជ្ជកម្ម​ក្រៅប្រទេស ក្នុង​គោលដៅ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្រៅប្រទេសឱ្យបាន​កាន់តែច្រើន​ថែមទៀត។

    ការិយាល័យ​នេះ​នឹង​បង្កើត​ក្នុងប្រទេស ឬ​រដ្ឋ​ទាំងឡាយណា ដែលមាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន ដោយ​បច្ចុប្បន្ន​លោក​បាន​សរសេរ​ច្បាប់ និង​អនុក្រឹត្យ រួចរាល់​ហើយ នៅ​រង់ចាំតែ​ពេលវេលា​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​ក្រៅ ប្រទេស​មកដល់​តែប៉ុណ្ណោះ។

    លោកបណ្ឌិត តាន់ មុនីវណ្ណ ថតរូបជាមួយភរិយា
    ក្នុងកម្មវិធីបុណ្យនៃក្តីស្រឡាញ់ឆ្នាំ2018

    បន្ថែម​ពីលើ​នេះ​ទៀត​លោក​ក៏​ជា​សមាជិកសមាគម​អ្នក​សាងសង់​អាស៊ាន ជាទី​ប្រឹក្សា​ជាន់ខ្ពស់ (Senior Adviser) នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន ជា​អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា ជាទី​ប្រឹក្សា​ភិ​បាល​សមាគម​ស្ត្រី​កម្ពុជា និង​ជា​ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ថ្នាក់ជាតិ (National Training Board) របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ។

    ប្រវត្តិ​ពី​កុមារភាព និង​ផល​លំបាក​ក្នុងសម័យ​សង្គ្រាម​ទោះបី​បច្ចុប្បន្ន លោក​មាន​ភាពជោគជ័យ​ក្នុង​ជីវិត​ដូច្នេះ​ក៏ដោយ បើ​ក្រឡេកមើល​អតីតកាល លោក​គឺជា​កុមារកំព្រា​ម្នាក់ ដែល​ម្តាយ​ស្លាប់ចោល​ក្នុងសម័យ​ប៉ុលពត មានជីវិត​លំបាក​ស្ទើរ​បរិយាយ​មិនកើត ចុះ​ហេតុអ្វី​បានជា​លោក​មានជីវិត​ជោគជ័យ​ដូច្នេះ?កុមារា តាន់ មុនី​វណ្ណ ចាប់កំណើត​នៅក្នុង​ក្រុងភ្នំពេញ អំឡុង​ឆ្នាំ1973 ដោយមាន​ឪពុក​ជា​ខ្មែរ​កាត់​ចិន និង​មាន​ម្តាយ​ជា​បារាំង​កាត់​វៀតណាម ប៉ុន្តែ​ក្រោយពី​ចាប់កំណើត​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង វិនាស​កម្មបាន​ចូលមក​ដល់ ទីក្រុង​ភ្នំពេញ​ត្រូវបាន​ពួកខ្មែរក្រហម​ចូលកាន់​កាប់ លោក​ត្រូវបាន​ពួកវា​ជម្លៀស​ទៅ​រស់នៅ ភូមិ​ផ្ទះ​វាល  ឃុំ​ព្រៃ​ដំបូក  ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

    ដោយសារ​គោលនយោបាយ​សម្លាប់​អ្នកចេះដឹង ក្រុម​កម្មាភិបាល​ខ្មែរក្រហម បានប្រកាស​រក​អ្នកចេះដឹង ម្តាយ​លោក​ក៏​ចូលធ្វើការ​ជា​អ្នកបកប្រែ បាន​ប្រហែល3ទៅ4ខែ ម្តាយ​លោកត្រូវគេ​យកទៅ​សម្លាប់ចោល។ ជីវិត​ជា​កូនកំព្រា​រស់នៅ​ជួប​ការលំបាក​ស្ទើរ​ធ្លាក់​ដល់​ចំណុចសូន្យ ចាប់ពីពេលនោះ​មក​គ្រួសារ​មិនដែល​ស្គាល់​ឡើយ ថា​បាន​បាយ​ឆ្អែត​មួយពេល គឺ​ហូប​តែ​បបរ និង​បាយ​លាយ​ក្តួច​ឬ​បាយ​លាយ​ពោត​ប៉ុណ្ណោះ។

    និយាយ​ទាំង​ក្តុកក្តួល​អួលដើមក លោក មុនី​វណ្ណ បាន​រំឭកថា​ទោះជា​កាលណោះ​លោក​នៅ​តូច​ក៏ដោយ​តែ​នៅ​ចាំបានខ្លះៗថា កាល​គ្រាមួយ​នោះ​គ្រួសារ​គ្មានអ្វី​ហូប​ក៏​ប្រមែប្រមូល​អង្ករ​បាន​កន្លះ​កំប៉ុង ដាំបាយ​ឱ្យ​យាយទួត​ហូប ដើម្បីឱ្យ​គាត់​បាន​ឆ្អែត​ដោយ​គិតថា​គាត់​ចាស់​ហើយ ហើយ​នៅពេល​យាយ​ហូបបាយ​ជ្រុះ​មួយ​គ្រាប់ លោក​ក៏​រើស​មក​ហូប​វិញ​ស្គា​ល់បាយ​ជាតិ​ព្រះ​មេ គឺមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពេញ​ក្នុង​មាត់។

    ជីវ​វិត​ជួប​ការលំបាក លំបាក​ស្ទើរ​រៀបរាប់​មិន​ចេញ​មិន​ដូច​សម័យនេះ​ទេ យុវជន​សម័យនេះ​លំបាក​ត្រឹម​គ្មាន​ម៉ូតូ​ជិះ​ទៅ​រៀន ពិបាក​រក​ការងារ​ធ្វើ ពិបាក​រក​ការងារ​ដែលមាន​ប្រាក់ខែ​ច្រើន ពិបាក​គ្មានលុយ​ទិញ​ឡានថ្លៃៗ ឬ​ពិបាក​មិនបាន​ប្រើ​ទូរស័ព្ទ​ទំនើប ប៉ុន្តែ​សម្រាប់​រូបលោក​គឺ​ខុសគ្នា និយាយ​សឹងតែ​ស្រក់​ទឹកភ្នែក ពិបាក​ក្នុង​សង្គ្រាម ពិបាក​រក​អ្វី​មក​ប្រដូច​មិនបាន គឺ​ពិបាក​គ្មាន​អី​ហូប​តែម្តង បើ​យក​រឿងនេះ​មក​ថតកុន​ជា​សាច់រឿង​វិញ​អ្នកណា​មើល​ក៏​យំ​ដែរ។

    ជីវិត​តស៊ូ​ក្រោយ​សម័យ​ប៉ុល ពត និង​ការសិក្សា​កាល​ខ្ញុំ​នៅ​តូច​អាយុ​ប្រហែល10ឆ្នាំ​ខ្ញុំ​រើស​សម្បក​ដប​លក់​មួយ​ថ្ងៃ​រកបាន​ពី 3ទៅ5រៀល បន្ទាប់មក​ឪពុក​រត់​កាណូត​ដ​ខ្ញុំ​ក៏​ទិញ​ស្ករ​គ្រាប់​ពី​ផ្សារ​ចាស់​ទៅ​លក់​នៅឯ​ស្រុក បាន​ចំណេញ​ច្រើន​មួយ​ស្បោង3រៀល (ប្រហែល3ដុល្លារ​បច្ចុប្បន្ន) ហើយ​ទិញ10ស្បោង​យកទៅលក់ មួយថ្ងៃ​លក់​អស់​ប្រហែល30% បាន​លុយ​វិញ90រៀល គិត​ទៅ​ស្ករគ្រាប់​ចំណេញ​ច្រើនណាស់​គុណ​នឹង10ឯណោះ។ ខ្ញុំ​ចាំ​ថា​អ្នកស្រុក​ខ្ញុំ​ស្គាល់​ខ្ញុំ​ច្បាស់​ណាស់ ខ្ញុំ​ឈ្មោះ ខួច ដោយសារ​ថ្ពាល់ខួច កាលណោះ​ខ្ញុំ​ដើរ​រើសដើម​ឆៃថាវ​ដែល​គេ​បោះចោល​យកទៅ​ជ្រក់ ដើរ​លក់បាន​លុយ​មួយចំណែក​ទៀត ហើយ​ធ្វើការ​រែក​ទឹក​មួយថ្ងៃ40អ​ម្រែ​ក​ក៏មាន។

    ពេល​រៀន​ចប់​ថ្នាក់​ទី3 មកដល់​ភ្នំពេញ​ខ្ញុំ​ក៏​លំបាក​ដែរ តែ​គ្រាន់តែ​ថា​ខ្ញុំ​មានគំនិត​ជា​អ្នករកស៊ី​តាំងពីក្មេង ខ្ញុំ​ឆ្ងល់​ខ្លួនឯង​ដែរ កាលណោះ​ខ្ញុំ​គ្មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​អ្វី​ទេ តែ​ចេះ​រកស៊ី​តាំងពី​តូច។ ពេលមកដល់​ភ្នំពេញ​ដំបូង​ឡើយ​ខ្ញុំ​មក​នៅ​ជាមួយ​ម្តាយមីង​នៅ​អូរ​ឬ​ស្សី​ជួយ​លក់​ស្បែកជើង ដើរ​លក់​ឆ្នោត​ផង លក់​កាសែត​ផង គ្មាន​លុយកាក់​ទេ​គ្រាន់តែ​ខោរ​ហែក​គូទ យកទៅឱ្យ​ជាងដេរសាប់ៗរហូត​ជាង​លែង​សាប់​ឱ្យ​ដោយសារ​រហែក​ច្រើនពេក ពេលខ្លះ​ខ្ញុំ​អង្គុយ​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​អាណិត​ខ្លួន ព្រោះ​គ្រាន់តែ​ខោ​ស្លៀក​ទៅ​រៀន​ក៏​គ្មាន។

    ដល់ពេល​ខ្ញុំ​អាយុ​ជិត20ឆ្នាំ​ខ្ញុំ​ធ្វើជា​អ្នក​កួកជេ​ម៉ូតូ ឡាន កួកជេ​ដី ធ្វើ​ត្បូង​ជាដើម រហូតដល់​អាយុ20ជាង ខ្ញុំ​សល់​លុយ​ជាង10ម៉ឺន​ដុល្លារ​ស្មើនឹង​ជាង10លាន​ដុល្លារ​ធៀប​សម័យ​បច្ចុប្បន្ន។ ដូច្នេះ​មុន​ខ្ញុំ​ការ​ជាមួយ​កូនលោក​ឧកញ៉ា​ខ្ញុំ​សល់​លុយ​រាប់សែន​ដុល្លារ​រួចទៅហើយ មាន​លុយ​ទិញ​ឡាន ទិញ​ផ្ទះ ទាំងនេះ​មិនមែន​ជាការ​ចៃដន្យ​ទេ​តែ​ជាការ​ប្រឹងប្រែង​របស់ខ្ញុំ។

    គួររំឭកថា ពេលមកដល់​ភ្នំពេញ លោក​ចូលរៀន​នៅ​សាលា​ចតុមុខ បន្ត​មក​សាលា​ស៊ីសុវត្ថិ ហើយ​បាន​ចូល​បន្ត​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បន្ទាប់មក​ចូលទៅ​ថ្នាក់ MBM, MBA, ថ្នាក់​MASTER ចូលដល់ PHD ច្បាប់ និង​បន្ត DBA ចុងក្រោយ​ចូលទៅ DPA ហើយ​បន្ទាប់មក ចូលធ្វើ​ការងារ​មកទល់​សព្វថ្ងៃនេះ ដែល​សព្វថ្ងៃ​លោក​ក៏​ជា​មេធាវី សមាជិក​នៃ​គណៈមេធាវី​កម្ពុជា និង​បង្កើត​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ​ផងដែរ។ ក្រោយពី​រៀបការ​រួច​លោក​ក៏​ប្តូរ​អាជីព​ពី​អ្នកច្បាប់​មកជា​អ្នកជំនួញ​វិញ យ៉ាងណា​លោក​សប្បាយចិត្ត​ក្នុង​ការចូល​រូ​ម​ពិភាក្សាផ្នែក​ច្បាប់ផ្សេងៗ និង​ចូលរួម​ធ្វើជា​សហប្រធាន​ក្រុមការងារផ្សេងៗក្នុងនាម​តំណាងឱ្យ​សមាគម​នានា។

    ទោះជា​លោក​រៀបការ​រួចហើយ​ក៏ដោយ ក៏​លោក​នៅតែ​ទៅ​រៀន​បន្ត និង​មិនសូវ​បាន​ជុំ​គ្រួសារ​ទេ​ទោះ​សៅរ៍-អាទិត្យ​ក្តី​តែ​លោក​បាន​បំពេញភារកិច្ច​ជា​ស្វាមី ជា​ឪពុក​ដ៏​ល្អ​ឱ្យ​គ្រួសារ​រស់នៅ​បាន​សុខដុមរមនា។ ចំណុច​នេះ​លោក​ក៏បាន​អរគុណ​ទៅដល់​ឧ​ត្ត​ម​ភរិយា ដែល​បានអនុញ្ញាត​ផ្តល់​ពេលវេលា​ឱ្យ​លោក​បានធ្វើការ បាន​រៀនសូត្រ បាន​ជួយ​ដល់​សង្គម​មកទល់​សព្វថ្ងៃ។

    ការចូលរួម​ជួយ​លើកកម្ពស់​ការងារ​សង្គម​ទោះ​ជាមាន​ការងារ​ច្រើន​រាប់មិនអស់​ក៏ដោយ ក៏​លោក​តែងតែបាន​ចូលរួម​ក្នុង​សកម្មភាព​សង្គមជារឿយៗ ដូចជា​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​ជាច្រើន ដែល​លោក​តែង​ផ្តល់​អនុសាសន៍ ក្នុងការ​ជំរុញ​អភិវឌ្ឍន៍​សមត្ថភាព ជួយ​ដល់​សហគ្រិន​ក្នុងស្រុក​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង ឱ្យ​ពួកគេ​យល់ច្បាស់​ពី​របៀប​ធ្វើ​ពាណិជ្ជកម្ម ឬ​ស្វែងរក​គ្រូពូកែៗមកជួយ​ពួកគេ​សម្រាប់​បណ្តុះបណ្តាល​បន្ថែម​លើ​កិច្ចការជំនួញ។

    ក្រៅពីនេះ លោក​ក៏​តែងតែ​បានផ្តល់​អនុសាសន៍ល្អៗដល់​យុវជន​ជា​និស្សិត​ជំនាន់​ក្រោយ ឱ្យ​ចេះ​តស៊ូ​ក្នុងការ​រៀនសូត្រ ចេះ​បង្កើត​ឱកាស​ការងារ បណ្តុះ​គំនិត​លើ​កិច្ចការជំនួញ​ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។

    តាមរយៈ​វោ​ហោរ​ស័ព្ទ​ដ៏​ទាក់ទាញ​នៅក្នុង​វេទិកាសាធារណៈ​នានា បានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​លោក​កាន់តែ​ល្បី​សុសសាយ​ឡើង “ខ្ញុំ​ឡើង​ធ្វើជា​វាគ្មិនម្តងៗខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​បាន​ចែករំលែក​ចំណេះដឹង​បន្ត​តទៅទៀត។ ដូច្នេះ​យុវជន ឬ​និស្សិត​គួរតែ​ចូលរួម​ស្តាប់​វាគ្មិនពូកែៗឱ្យបាន​ច្រើន។

    របៀប​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​សំនួរ​សួរថា លោក​មាន​ក្រុមហ៊ុន​ច្រើន ហើយ​ក៏បាន​ចំណាយពេល​ជាមួយ​ការងារ​សង្គម​ច្រើន​រាប់មិនអស់​ដូចនេះ តើ​លោក​អាច​គ្រប់គ្រង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ឱ្យ​ដំណើរ​ការល្អ​ដូច​ម្តេចទៅ? ត្រង់នេះ​លោក​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​ថា ការគ្រប់គ្រង​ក្រុមហ៊ុន​ដោយ​ជោគជ័យ គឺ​ត្រូវមាន​ធនធានមនុស្សពូកែៗ មាន​អ្នក​ទុកចិត្ត មាន​ក្រុមប្រឹក្សាផ្សេងៗគ្នា​ទៅតាម​ក្រុមហ៊ុននីមួយៗ ដែលមាន​ការបែងចែក​ការទទួលខុសត្រូវផ្សេងៗគ្នា ទាំង​ការសម្រេចចិត្ត​ការងារ សម្រេចចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ ការរក​ធន​ឧបត្ថម្ភ​ជាដើម។ ចំណែក​រូបលោក​មិនមែនជា​អ្នកដឹកនាំ​ដោយផ្ទាល់​នោះទេ លោក​គ្រាន់​ជា​អ្នកបង្កើត​ក្រុមហ៊ុន​មួយ​ឡើង​ហើយ​ជ្រើសរើស​អ្នកពូកែៗមក​ធ្វើ​ការងារ មក​ដឹកនាំ​ជំនួស​ជាការ​ស្រេច។

    លោក​បញ្ជាក់​ដូច្នេះ​ថា “ជាធម្មតា​មាន​ក្រុមហ៊ុន​ច្រើន​វា​ពិបាក​ជាង​ក្រុមហ៊ុន​តែមួយ ប៉ុន្តែ​ពេល​មាន​ក្រុមហ៊ុន​ច្រើន​វា​ជួយ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​សម្រាប់​មនុស្សម្នា​ក់មាន​ក្រុមហ៊ុន​តែមួយ​ក៏បាន​ដែរ ឱ្យតែ​គាត់​យល់ថា​ចំណូល​ប៉ុណ្ណឹង​វា​គ្រប់គ្រាន់។ បើ​យើង​យល់ថា ការបង្កើត​អ្វីមួយ​ដែល​ខ្លួនឯង​គ្រប់គ្រង​មិនបាន យើង​មិនគួរ​បង្កើត​វា​ទេ។

    ក្រុមហ៊ុន​ខ្លះ បើសិនជា​មានលទ្ធភាព​ទាំង​ដើមទុន ទាំង​ធនធានមនុស្ស មាន​ទំនាក់ទំនង និង​មាន​ដៃគូ​ល្អ​ច្រើន កាន់តែ​ប្រសើរ។ ឧទាហរណ៍​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី មាន​ដៃគូ​ជា​ជនជាតិ​ថៃ ជនជាតិ​ថៃ​នោះ​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ជាង200ក្រុមហ៊ុន​ផ្សេង​ទៀតហើយ​សួរថា​តួអង្គ​គាត់​តែ​ម្នាក់​ធ្វើកើត​ដែរឬទេ? ចម្លើយ​គឺ បើ​ក្រឡេកមើល​លោក Jack Ma ជា​ប្រធាន​ក្រុមហ៊ុន Alibaba គ្រុប​មាន​ក្រុមហ៊ុន​រាប់មិនអស់ ដូចគ្នា​អ៊ីចឹង​ដែរ ព្រោះ​សម័យនេះ ភាគច្រើន​គេ​ធ្វើការ​តាម​ប្រព័ន្ធ (System) យើង​ធ្វើ​ទៅតាម​ប្រព័ន្ធ​ការងារ​បែប​សម័យ​ទំនើប ដូច្នេះ​តិច​ឬ​ច្រើន​អាស្រ័យ​លើ​យើង​ហ៊ាន​ជ្រើសរើស​ធនធានមនុស្ស រើស​អ្នក​ពូកែ អ្នក​ទុកចិត្ត​មក​ធ្វើ​ការជំនួស​យើង ឬ​យ៉ាងណា?

    ត្រង់នេះ​លោក​បញ្ជាក់ថា បើសិន​ក្រុមហ៊ុន​មួយ​យើង​ជា​អ្នកអនុវត្ត​ផ្ទាល់ ធ្វើការ​ដោយ​ខ្លួនឯង គ្រប់គ្រង​ក្រុមហ៊ុន​តែមួយ​សឹង​មិនបាន​ផង បើ​ក្រុមហ៊ុន​នោះ​តូច​មិនសូវមាន​បញ្ហា​ទេ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ធំ​វិញ​គឺ​ធ្វើ​មិនបាន​តែម្តង។ បើ​ក្រុមហ៊ុន​ធំ​គឺ​យើង​ត្រូវតែ​ទុកចិត្ត​ទៅលើ​ធនធានមនុស្ស រើស​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​មក​គ្រប់គ្រង​ជំនួស​យើង ដោយ​យើង​គ្រាន់តែ​ជា​អ្នកឃ្លាំមើល ចាំ​តាមដាន​ដាក់​កម្មវិធី​ប៉ុណ្ណោះ​មិនចាំបាច់​ធ្វើខ្លួន​ឯង​ទេ។ ជួល​មនុស្ស​តែ​ម្នាក់​មក​ធ្វើ​ប្រតិបត្តិការ ហើយ​ជួល​មនុស្ស​មួយក្រុម​មក​តាមដាន​ប្រតិបត្តិការ​គឺជា​ការប្រសើរ​ហើយ។ ដូច្នេះ​ខ្លួនឯង​គ្រាន់តែ​អង្គុយចាំ​ស្តាប់ និង​ពិនិត្យ​របាយការណ៍​លទ្ធ​ផល និង​កែលម្អ​តែប៉ុណ្ណោះ។

    ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅក្នុង​ការងារ​ផ្ទាល់ខ្លួន យើង​មិនត្រូវ​ដើរចោល​នោះទេ ទោះបី​យើង​ចំណាយ​ពេលវេលា​ខាងក្រៅ​ច្រើន​ក៏ដោយ ជាដំបូង​យើង​ត្រូវ​រៀបចំ​ស្ថាប័ន​របស់​យើង​ឱ្យបាន​រៀបរយ​ជាមុន​សិន បណ្តុះបណ្តាល​បុគ្គលិក​ផ្ទៃក្នុង​របស់​យើង​ឱ្យមាន​ចំណេះដឹង មាន​សមត្ថភាព​គ្រប់គ្រាន់ ឱ្យ​ពួកគាត់​ធ្វើការ​បានល្អ​ប្រសើរ​ជំនួស​យើង។

    លោក​ថា អ្នកខ្លះ​បើក​ក្រុមហ៊ុន​មួយ​អត់​ហ៊ាន​ជួល​គេ​មក​ធ្វើ ពោលគឺ​ធ្វើ​ដោយ​ខ្លួនឯង វា​ពិតជា​លំបាក​ជាង​បើក​ក្រុមហ៊ុន10ទៅទៀត។ គេ​មាន​ក្រុមហ៊ុន10 ជួនកាល​គេ​មិន​លំបាក​ទេ បើ​គេ​ហ៊ាន​ជួល​មនុ​ស្សមក​ប្រើ ហើយ​បើសិន​គេ​មាន​ដៃគូ​ល្អ​ថែមទៀត​កាន់តែ​ប្រសើរ។ ដៃគូ​មិនមែន​សំដៅ​តែ​អ្នកមាន​លុយ​ទេ អ្នកជំនួញ​ដែល​ឆ្លាត​គឺ​គេ​រក​ដៃគូ​ដែលមាន​ពេលវេលា​ធ្វើការ​ជាមួយគ្នា មាន​ជំនាញ​ចំណេះដឹង និង​ស្មោះត្រង់​ចំពោះ​គ្នា ដូច្នេះ​ទោះ​មាន​ក្រុមហ៊ុន10-20 ឬ​មាន​ដល់50ក្រុមហ៊ុន​ក៏​យើង​មិន​ខ្វល់​ដែរ “ខ្ញុំ​ឧទាហរណ៍​ផ្សារ One Dollar ខ្ញុំ​មិនបាច់​ហត់​ទេ​ខ្ញុំ​មាន​ដៃគូ​បរទេស គេ​ជា​អ្នកធ្វើខ្ញុំ​ទុកពេល​តាមដាន​របាយការណ៍​គឺ​គ្រប់គ្រាន់​ហើយ​ព្រោះថា​លំហូរ​សាច់ប្រាក់ផ្សេងៗគ្រប់គ្រង​ដោយ​ប្រព័ន្ធ (System) មិនអាច​បាត់​សាច់ប្រាក់​នោះទេ ដូច្នេះ​ពេលខ្លះ​យើង​ធ្វើការ​តាម​អន​ឡាញ​ក៏បាន។ ទោះយ៉ាងណា​ឧបសគ្គ​មិនមែន​ថា​អត់​ទេ វា​តែងតែ​កើតមានជារឿយៗ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​យើង​មាន​គោលការណ៍​ច្បាស់លាស់ យើង​ហ៊ាន​ធ្វើ យើង​នឹងមិន​ខ្លាច​បញ្ហា​នោះ​ទ។

    មហិច្ឆតា និង​ទស្សនវិស័យ​ទោះ​មាន​ការងារ​ច្រើន​ដូច្នេះ​ក្តី ក៏​លោក​នៅតែមាន​មហិច្ឆតា​បង្កើត​ក្រុមហ៊ុនផ្សេងៗទៀ​តទៅ​ថ្ងៃ​អនាគត។ សម្រាប់​ទស្សនវិស័យ​នៅពេល​ខាងមុខ​បើលោក​មាន​ទុន​ហើយ​រកបាន​ដៃគូ​ល្អ លោក​នៅតែ​បើក​ក្រុមហ៊ុន​បន្តទៀត ចំណែក​ដើមទុន​និយាយឱ្យចំ​ទៅ អ្នក​ដែល​មិន​ខ្វះ​ទុន​គឺជា​អ្នក​ដែល​មិន​រកស៊ី សម្រាប់​អ្នករកស៊ីធំៗទុន​នោះ​មិនចេះ​គ្រប់​ទាល់តែសោះ អ្នករកស៊ី​កាន់តែ​ធំ​ខ្ចីលុយ​គេ​កាន់តែច្រើន។

    ពេលខ្លះ​យើង​ខ្វះ​ទុន​យើង​អត់​អាចធ្វើ​ការ​បានទេ ប៉ុន្តែ​បើ​យើង​ធ្វើឱ្យ​ក្រុមហ៊ុន​មានកេរ្តិ៍ឈ្មោះ​ល្បី យើង​ធ្វើឱ្យ​ក្រុមហ៊ុន​ជោគជ័យ ក្រុមហ៊ុន​ដែលមាន​គុណធម៌ សុជីវធម៌​ត្រឹមត្រូវ​ជួយ​ដល់​សង្គម​បានច្រើន​នោះ គឺ​ទុន​ខ្លះ​មិនចាំបាច់​ចេញ​ក៏មានដែរ ហើយ​បើ​មាន​ផែនការអាជីវកម្ម​ត្រឹមត្រូវ ធនាគារ​ចាំ​ជួយផ្តល់​ទុន​ទៀតផង មិនចាំបាច់​យក​ប្លង់ដី​ទៅ​ដាក់​ទេ។ ឧ​ទា​ហរ​ណ៏ ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​របស់លោក មាន​ធនាគារ​ឱ្យ​ខ្ចីលុយ​រួចទៅហើយ​មិនបាច់​ប្រើ​ទុន​បង្វិល​ផ្ទាល់ខ្លួន​នោះទេ គ្រាន់តែ​ចំណាយ​តិចតួច​សម្រាប់ធ្វើ​ប្រតិបត្តិការ​ប៉ុណ្ណោះ។

    លោក មុនី​វណ្ណ គឺជា​មនុស្ស​ម្នាក់ ដែល​មិន​ឱ្យមាន​ពេលទំនេរ​ដល់​ទៅមួយ​ម៉ោង​នោះទេ ទោះជា​ធ្វើ​កិច្ចការជំនួញ ហាត់​កីឡា រៀនសូត្រ ឬ​ធ្វើ​កិច្ចការ​សង្គមផ្សេងៗលោក​មិនឱ្យ​ខ្លួនឯង​ទំនេរ​ដាច់ខាត។ លោក​អំពាវនាវ​ទៅដល់​យុវជន​ត្រូវ​ខំប្រឹង​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ក្លាយជា​មនុស្ស​ពូកែ​នៅក្នុង​គ្រួសារ ជួយ​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល ដើម្បី​រួមគ្នា​ឱ្យ​សង្គមជាតិ​យើង​បាន​រីកចម្រើន​ទៅមុខ។

    ជាមួយគ្នានេះ លោក​ក៏​សុំ​អំពាវនាវ ឱ្យ​អ្នកមាន​លុយ​មានចំណេះដឹង ជួយ​បរិច្ចាគ​ដល់​សង្គម ទោះជា​បរិច្ចាគ​ជា​ធនធាន​ចំណេះដឹង​ក៏ដោយ។ ការកសាង​សង្គម​មួយ មនុស្ស​ម្នាក់​មិនអាច​ធ្វើបាន​នោះទេ លុះត្រាតែ​យើង​រួមគ្នា​ធ្វើ ទើប​សង្គម​យើង​បាន​សម្បូរ​សប្បាយ និង​រីកចម្រើន​ដូច​អរិយ​ប្រទេស៕

    លោកបណ្ឌិត តាន់ មុនីវណ្ណទទួលគ្រឿង ឥស្សរិយសថ្នាក់មហាសិរីវឌ្ឍន៍
    លោកបណ្ឌិត តាន់ មុនីវណ្ណ ឡើងថ្លែងសន្ទរកថា ក្នុងកម្មវិធីភាពជាអ្នកដឹកនាំនៅតាមមហាវិទ្យាល័យ
    លោកបណ្ឌិត តាន់ មុនីវណ្ណអញ្ជើញទៅចូលរួមកម្មវិធីកិច្ចប្រជុំអាស៊ាន ឥណ្ឌា ជាមួយគណៈប្រតិភូកម្ពុជា2018នៅប្រទេសឥណ្ឌា
    លោកបណ្ឌិត តាន់ មុនីវណ្ណទទួលមេដាយ ពីតំណាងអភិបាលទីក្រុងអុកស្វើត
  • ឯកឧត្តម គង់ វិបុល៖ អ្នក​ប្រកាស​ពន្ធ 99% ប្រើ​វិក្កយបត្រ​មិន​ត្រឹមត្រូវ

    ឯកឧត្តម គង់ វិបុល៖ អ្នក​ប្រកាស​ពន្ធ 99% ប្រើ​វិក្កយបត្រ​មិន​ត្រឹមត្រូវ

    អគ្គនាយក​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា អ្នក​ជាប់ពន្ធ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​ច្រើន​រៀបចំ​វិក្កយបត្រ​បង់ពន្ធ​មិនបាន​ត្រឹមត្រូវ​តាម​ផលរបរ​ដែល​ខ្លួន​ប្រកប​អាជីវកម្ម។

    ការ​ថ្លែង​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ​បាន​ធ្វើឡើង​ក្នុង​សិក្ខា-សាលា​ប្រចាំឆ្នាំ​ស្តីពី កាតព្វកិច្ច និង​របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ព្រមទាំង​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិថ្មីៗស្តីពី​ពន្ធដារ ដែលមាន​អ្នកចូលរួម​ជាង1,000នាក់ ដោយ​ភាគច្រើន​ជា​គណនេយ្យករ​មកពី​បណ្តា​ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ក្នុងស្រុក។

    ឯកឧត្តម គង់ វិបុល បាន​បញ្ជាក់ថា នៅក្នុង​ដំណើរការ​ទូទាត់​សាច់ប្រាក់​ក្នុង​វិក្កយបត្រ ម្ចាស់​អាជីវកម្ម​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រភេទ​ពន្ធអាករ​ដែលមាន​នៅក្នុង​សេវាកម្ម​របស់ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​ប្រភេទ​ពន្ធ​ត្រូវ​បង់​នោះទេ​ដោយ​ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​បានដាក់​ត្រឹមតែ​ពន្ធអាករ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​នោះ​មាន​អាករ​ពិសេសផ្សេងៗទៀត​ជាច្រើន ដែល​មិន​ត្រូវបាន​បញ្ចូល​ក្នុង​វិក្កយបត្រ ដើម្បី​ធានា​នូវ​តម្លាភាព​ឱ្យបាន​ច្បាស់លាស់។

    ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល បាន​លើក​ឧទាហរណ៍​ថា ការលក់​ម្ហូបអាហារ​ក្នុង​ភោជនីយដ្ឋាន មិន​ជាប់​អាករ​បំភ្លឺ​សាធារណៈ​នោះទេ ប៉ុន្តែ​ការលក់​បារី សូម្បីតែ​មួយកញ្ចប់ក៏ត្រូវ​ជាប់​អាករ​ពិសេស​ផ្សេងទៀត​ដែរ ហើយ​បើ​មាន​បម្រើ​សេវាកម្ម​កម្សាន្ត​មាន​ភ្លេង​ជាដើម គឺ​ត្រូវ​ជាប់​អាករ​ពិសេស​មួយទៀត គឺ​អាករ​កម្សាន្ត (Entertainment Tax) តែ​ដល់ពេលប្រកាស គ្មានទេ​ពន្ធអាករ​ទាំង​អស់នេះ ដោយមាន​ចេតនា​គេច​ពី​ពន្ធ​ពិសេស​ទាំងអស់នេះ តាមរយៈ​ការកែច្នៃ​របៀប​នៃ​ការប្រកាស​ពន្ធ។

    ឯកឧត្តម គង់ វិបុល បញ្ជាក់ថា៖ “នៅក្នុង​ការរៀបចំ​វិក្កយបត្រ ខ្ញុំ​សង្កេតឃើញថា វិក្កយបត្រ​ស្ទើរតែ 99% នៃ​វិក្កយបត្រ​ដែលមាន​សព្វថ្ងៃ​នេះ មិនបាន​ឆ្លុះបញ្ចាំង​នូវ​ការពិត​នោះទេ។

    ឯកឧត្តម គង់ វិបុល ក៏បាន​លើកឡើង​ដែរ​ថា ដើម្បីឱ្យ​ស្របគ្នា​ចំពោះ​ការប្រកាស​ពន្ធ​ទាំងនោះ ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​បន្ថយ​ផលរបរ​របស់ខ្លួន។ ពេល​បន្ថយ​ផលរបរ ពន្ធអាករ​ត្រូវ​បង់​ក៏ត្រូវ​តិច​តាម​នោះ ហើយអ្វីផ្សេងៗទៀត ក៏ត្រូវ​តែ​តិច ឬ​បន្ថយ​តាម​នោះដែរ។

    ដើម្បី​ធានា​នូវ​តម្លាភាព​ក្នុងការ​ប្រកាស​ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ការប្រកាស​ព​ន្ធ​តាម​អន​ឡាញ ដែល​ពេលនោះ​ហើយ តម្លាភាព​ក៏ត្រូវ​បាន​ធានា​កាន់តែ​ប្រសើរ ជាងពេលបច្ចុប្បន្ន​នេះដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម គង់ វិបុល។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោយ​ការអនុវត្ត​មធ្យោបាយ​ប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ដែល​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ឆ្នាំ2016មក ឃើញថា​ចំណូល​នៅក្នុង​វិស័យ​ពន្ធដារ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយមាន​ប្រមាណ 1,800លាន​ដុល្លារ នៅក្នុង​ឆ្នាំ2016 និង​ប្រមាណ 1,900លាន​ដុល្លារ​នៅ​ឆ្នាំ2017កន្លងទៅ ព្រមទាំង​ការរំពឹងទុក​ប្រមាណ 2,000លាន​ដុល្លារ​ក្នុង​ឆ្នាំ2018នេះ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្តាស់​ប្តូរ​របៀប​កំណត់​ការប្រមូល​ពន្ធ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ2015 កន្លងមក ដោយ​ប្តូរ​ពី​ការបង់ពន្ធ​តាម​របប​ម៉ៅការ​មកជា​ការបង់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ឬ​របប​ពិត​វិញ។ ក្នុង​ប្រកាស​កាលពី​ឆ្នាំ2015នោះ បានកំណត់​អ្នក​ជាប់ពន្ធ​តាម​ប្រភេទ​អ្នក​ជាប់ពន្ធ​តូច មធ្យម និង​ធំ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បានចេញ​សេចក្ដីប្រកាស​ចុងក្រោយ ចុះ​ថ្ងៃទី24 ខែមករា ឆ្នាំ2018នេះ ដោយបាន​កំណត់​ជាថ្មី​ចំពោះ​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា 3ប្រភេទ គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង អ្នក​ជាប់ពន្ធ​ធំ។

    សម្រាប់​អ្នក​ជាប់ពន្ធ​តូច គឺកំណត់​នៅ​ដដែល​ធៀប​នឹង​សេចក្ដីប្រកាស​ដែល​ចេញ​កាលពី​ចុងឆ្នាំ2015 ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល  ដល់700លាន​រៀល។  ដោយឡែក​អ្នក​ជាប់ពន្ធ​មធ្យម ត្រូវបាន​ដំឡើង​ចំនួន​ទឹកប្រាក់​អតិបរមា​ពី 2,000លាន​រៀល​រហូតដល់4,000លាន​រៀល។

    សេចក្ដីប្រកាស​ចុងក្រោយ​នោះបាន​បង្ហាញថា អ្នក​ជាប់ពន្ធ​មធ្យម​ត្រូវបាន​កំណត់ថា សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល​ដល់ 4,000លាន​រៀល ខណៈដែល​ប្រកាស​កាលពី​ចុងឆ្នាំ2015 បាន​កំណត់ថា អ្នក​ជាប់ពន្ធ​មធ្យម ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី700លាន​រៀល ដល់2,000លាន​រៀល និង​ជា​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​គឺជា​អ្នក​ជាប់ពន្ធ​មធ្យម។

    ប្រកាស​នោះបាន​កំណត់​ផងដែរ​ថា អ្នក​ជាប់ពន្ធ​ធំ​ត្រូវបាន​កំណត់​ដំឡើង​ទឹកប្រាក់​អតិបរមា​រហូតដល់4,000លាន​រៀល។ សេចក្ដីប្រកាស​នោះ​ក៏បាន​បង្ហាញថា អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់៕

  • តើ​ប្រាក់រៀល​ខ្មែរ​ចាប់ផ្តើម​ចរាចរ​លើ​ទីផ្សារ​តាំងពី​ពេលណា​មក?

    តើ​ប្រាក់រៀល​ខ្មែរ​ចាប់ផ្តើម​ចរាចរ​លើ​ទីផ្សារ​តាំងពី​ពេលណា​មក?

    ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​សុទ្ធ​តែមាន​ក្រដាសប្រាក់​រៀល​ទុក​នៅក្នុង​ផ្ទះ និង​ដាក់​តាម​ខ្លួន​សម្រាប់​ការចំណាយ​ចាយវាយផ្សេងៗទៅតាម​តម្រូវការ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រជាជន​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​បានដឹង​ច្បាស់​ពី​ការកកើត​នៃ​ក្រដាស​ប្រាក់រៀល​ខ្មែរ និង​ប្រវត្តិ​នៃ​ការចាប់ផ្តើម​ដាក់ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​តាំងពី​ពេលណា​មក​ឡើយ។

    ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការកកើត​ប្រាក់រៀល​នេះ​លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា នៅ​ឆ្នាំ1863 បារាំង​បាន​ចូលមក​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ1875 បារាំង​បានផ្តល់​សិទ្ធិ​ពិសេស​ទៅឱ្យ​ធនាគារ​ឥណ្ឌូចិន ដែលជា​ធនាគារពាណិជ្ជ​មួយ​របស់​បារាំង​ដើម្បី​បោះពុម្ព​លុយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល​ប្រើប្រាស់​រួមគ្នា ដែល​ការចាប់ផ្តើម​បោះពុម្ព​លើកដំបូង​ឡើយ គឺ​បោះ​ជា​កាស (កាក់​ដែលមាន​ប្រហោង​បួន​ជ្រុង​នៅ​ចំ​កណ្ដាល)ដែលមាន​ឈ្មោះថា ព្យ៉ា​ស់(Piastre) ហើយ​ចាប់ពី​ឆ្នាំ1891ធនាគារ​ឥណ្ឌូចិនបាន​បោះផ្សាយ​ជា​ក្រដាសប្រាក់​ដោយ​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​រួមគ្នា 3ប្រទេស​គឺ កម្ពុជា វៀតណាម និង​ឡាវ ដែល​ស្ថិតនៅក្រោម​អាណានិគម​របស់​បារាំង​ដូចគ្នា។

    នាពេលនោះ​ឈ្មោះ​ក្រដាសប្រាក់​ប្រើ​រួមគ្នា​នោះ​គឺ ព្យ៉ា​ស់(Piastre) ប៉ុន្តែ​ក៏មាន​ឯក​តា​លុយ​ទៅតាម​ប្រទេសនីមួយៗដូចជា​រៀល (កម្ពុជា)ដុង(វៀតណាម) គីប(ឡាវ)ផងដែរ ដូច្នេះ​ឈ្មោះលុយ​រៀល​នេះ គឺ​ចាប់ផ្តើម​មាន​មុន​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ទៅទៀត។ នៅ​ឆ្នាំ1948 បារាំង​បាន​ដកសិទ្ធិ​ពី​ធនាគារ​ឥណ្ឌូចិន​ឈប់​ឱ្យ​បោះពុម្ព​ក្រដាសប្រាក់​ទៀតហើយ និង​បន្ទាប់មក​នៅ​ឆ្នាំ1952 បារាំង​បាន​បង្កើត​វិទ្យាស្ថាន​បោះផ្សាយ​នៃ​រដ្ឋ​កម្ពុជា-វៀតណាម-ឡាវ​ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ (ជិត​ស្ពាន​នាគ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ)ដើម្បី​បោះផ្សាយ​រូបិយវត្ថុ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ទាំងបី។

    ក្រោយ​ពេលដែល​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ធ្វើការ​ទាមទារ​ឯករាជ្យ​នៅ​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ1953 រួចមក នៅ​ឆ្នាំ1954 ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគមនិយម​បារាំង ហើយ​ចាប់ផ្តើម​បង្កើត​ធនាគារកណ្តាល​ជា​របស់​ខ្លួនឯង​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី23 ខែធ្នូ ឆ្នាំ1954 និង​បានធ្វើការបោះពុម្ព​ប្រាក់រៀល​ដោយ​ចាប់ផ្ដើម​ដាក់ឱ្យ​ធ្វើចរាច​រណ៍​ឡើងវិញ​សាជាថ្មី​នៅ​ខែកញ្ញា ឆ្នាំ1955។

    ចាប់ពីពេលនោះ​មក​កម្ពុ​ជា​អាច​កំណត់ដោយ​ខ្លួនឯង​នូវ​តម្លៃ​រូបិយវត្ថុ​ជាតិ និង​បរិមាណរូបិយវត្ថុ​ដែល​ត្រូវ​បោះផ្សាយ ព្រមទាំង​គោលនយោបាយ​ពាណិជ្ជកម្ម​ជាតិ​ជាដើម។ ប៉ុន្តែ​ក្រោយមក​ការធ្វើចរាចរណ៍​ក្រដាសប្រាក់​ត្រូវបាន​អាក់ខាន​ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​របប​ខ្មែរក្រហម​ប៉ុលពត(ក្នុង​ឆ្នាំ1975) ដែល​បាន​លុបបំបាត់​ការប្រើប្រាស់​ប្រាក់រៀល​ទាំងស្រុង។

    តែ​ជាក់ស្តែង ក្នុងសម័យ​ប៉ុលពត​ក៏មាន​ការបោះពុម្ព​ក្រដាសប្រាក់​ផងដែរ តែ​ដោយ​ការពិភាក្សាគ្នា និង​ការឯកភាព​ដែលមាន​ទស្សនៈ​ថា “លុយ​គឺជា​ប្រភព​នៃ​ការកេងប្រវ័ញ្ច និង​ជិះជាន់” ទើប​នៅក្នុងសម័យ​ប៉ុលពត ក្រដាសប្រាក់​មិនត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នោះឡើយ ក្រោម​ហេតុផល​លុបបំបាត់​វណ្ណៈ​អ្នកមាន និង​អ្នកក្រ ទើប​ធ្វើឱ្យ​ការប្រើប្រាស់​រូបិយវត្ថុ​ប្រាក់រៀល​ត្រូវបាន​អវត្តមាន​ជា​បណ្ដោះអាសន្ន​ដោយ​បរិយាយ។

    ក្រោយពី​របប​ប៉ុល ពត​ត្រូវបាន​ផ្ដួលរំលំ​នៅ​ឆ្នាំ1979 ប្រាក់រៀល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ​នៅ​ថ្ងៃទី20 ខែមីនា ឆ្នាំ1980មកទល់​បច្ចុប្បន្ន ហើយ​ត្រូវបាន​ធ្វើឱ្យ​ល្អប្រសើរ​ឡើងវិញ​ជា​លំដាប់ ដោយមាន​រូបភាព​វីរបុរស​ខ្មែរ និង​ប្រជាជន និង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​សាមគ្គីភាព​ជាតិ។

    លោក​ឃូ វុ​ឍ្ឍី បញ្ជាក់ថា ប្រាក់រៀល​មាន​សារៈសំខាន់​ណាស់ សម្រាប់​បង្ហាញ​ពី​អធិបតេយ្យភាព​រូបិយវត្ថុ ហើយ​រូបិយវត្ថុ​ក៏​ពាំនាំ​នូវ​សារ​នានា​ទៅដល់​ប្រជាពលរដ្ឋ ដូចជា​បង្ហាញ​ពី​ស្នាដៃ​ថ្នាក់ដឹកនាំ សក្តានុពល​ពាណិជ្ជកម្ម និង​ភាព​រីកចម្រើន​សេដ្ឋកិច្ច និង​វប្បធម៌​ជាតិ​ជាដើម ជាក់ស្ដែង​រូបភាព​នៃ​ស្នាមញញឹម​របស់​នារី​ក​សិ​ករ​ដែល​កំពុង​ច្រូតស្រូវ រំលេច​នៅលើ​ផ្នែក​ខាងក្រោយ​នៃ​ក្រដាសប្រាក់ 2,000រៀល គឺជា​ការឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នា​គ្រប់​សម័យកាល។ នៅ​ផ្ទៃ​ខាងមុខ​មាន​រូប​ប្រាសាទព្រះវិហារ​ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ2008 ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង និង​វប្បធម៌​ដ៏​ល្បីល្បាញ​របស់​កម្ពុជា។ ប៉ុន្តែ​រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ ធនាគារជាតិ​បានធ្វើ​បច្ចុប្បន្នភាព ឬ​ទំនើបកម្ម​ក្រដាស​ប្រាក់រៀល​គ្រប់​ប្រភេទ​ជាថ្មី ដោយ​ក្រដាស​ប្រាក់រៀល​ថ្មី​ទាំងឡាយ​សុទ្ធ​តែមាន​បង្កប់លក្ខណៈពិសេស​ដូចជា បច្ចេកវិទ្យា Holograms រូប​ផុស ខ្សែ​បង្កប់​សុវត្ថិភាព​អក្សរពុម្ពតូចៗ និង​សរសៃអំបោះ​ឆ្មារ​នៅលើ​ក្រដាស​ប្រាក់រៀល​ចាប់ពី 10,000រៀល​ឡើងទៅ។

    នៅលើ​ក្រដាសប្រាក់ 100,000 (មួយ​សែន) រៀល មាន​បង្កប់​លក្ខណៈពិសេស 37មុខ និង​នៅលើ​ក្រដាស 10,000រៀល 20,000រៀល និង 50,000រៀល​មាន​លក្ខណៈពិសេស​បង្កប់​ជាង 30មុខ។ ក្រដាសប្រាក់​ថ្មី​ទាំងនេះ ក៏មាន​លក្ខណៈពិសេស​ដែល​ជួយ​ដល់​អ្នក​ពិការភ្នែក​ឱ្យបាន​ដឹងផង​ដែរ។ ក្រដាសប្រាក់ 5,000រៀល 10,000រៀល 20,000រៀល និង 100,000រៀលសុទ្ធ​តែមាន​តួអក្សរ​ប្រៃ​ល៍ (Braille) សម្រាប់​អ្នក​ពិការភ្នែក​ស្ទាប ចំណែក​ក្រដាសប្រាក់​ដែលមាន​តម្លៃ​ទាប​ជាង​នេះ គឺ​បាន​បោះពុម្ព​ក្នុង​ទំហំខុសៗគ្នា​ដើម្បី​ជួយ​ឱ្យ​ជនពិការភ្នែក​ស្រួល​ចំណាំ​ផងដែរ៕

    ក្រដាសប្រាក់សម័យឥណ្ឌូចិន
    ក្រដាសប្រាក់សម័យព្រះរាជា​ណាចក្រកម្ពុជា ​(1956-1970)
    ក្រដាសប្រាក់សម័យសាធារណរដ្ឋ​ខ្មែរ (1970-1975)
    ក្រដាសប្រាក់សម័យសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​(1979-1991) ​បោះពុម្ព​ឆ្នាំ 1980
    ក្រដាសប្រាក់សម័យរដ្ឋ​កម្ពុជា ​(1990-1992)​
    ក្រដាសប្រាក់សម័យព្រះរាជា​ណាចក្រកម្ពុជា ​(2000-2008)
  • គម្រោង​អចលនទ្រព្យថ្មីៗបន្ត​បង្ហាញខ្លួន ខណៈ​ការអភិវឌ្ឍ​ជាក់ស្តែង​ស្ថិតក្នុង​ភាពអាថ៌កំបាំង

    គម្រោង​អចលនទ្រព្យថ្មីៗបន្ត​បង្ហាញខ្លួន ខណៈ​ការអភិវឌ្ឍ​ជាក់ស្តែង​ស្ថិតក្នុង​ភាពអាថ៌កំបាំង

    គម្រោង​សាងសង់​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ផ្សព្វផ្សាយ និង​បង្ហាញ​គម្រោងថ្មីៗក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ដដែល​ទោះបីជា​គម្រោង​ខ្លះ​ត្រូវ​ប្រកាស​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត គម្រោង​ខ្លះ​មិន​ដំណើរការ​តែម្តង និង​គម្រោង​ខ្លះ​បានធ្វើ​ដំណើរ​ទៅមុខ​តាម​ការគ្រោងទុក​ក៏ដោយ។

    អគារ​ពាណិជ្ជកម្ម​ភ្លោះ​កម្ពស់ 62ជាន់​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា អគារ Royal One ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន OTK Royal One Co.,Ltd របស់​អ្នកឧកញ៉ា គិត ធាង និង​ក្រុមហ៊ុន​សំណង់​មកពី​តៃវ៉ាន់​Huashi Group គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ 150លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំងពីរ និង​គ្មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​ណា​ម្នាក់​ចូលរួម​ឡើយ។

    បន្ទាប់ពី​ការចុះហត្ថលេខា​ជាមួយ​ដៃគូ​វិនិយោគ​រួចមក អ្នកឧកញ៉ា គិត ធាង អគ្គនាយក​ក្រុមហ៊ុន OTK Royal One Co.,Ltd បាន​ប្រាប់​អ្នកយកព័ត៌មាន​ប្រកបដោយ​ភាព​ជឿជាក់ថា មុន​ការប្រកាស​គម្រោង​មួយ​នេះ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​បានធ្វើ​ទីផ្សារ​រួចស្រេច​ទៅហើយ ដូចនេះ​លោក​ឧកញ៉ា​ហាក់​គ្មាន​សេចក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ដំណើរការ​ទៅមុខ​របស់​គម្រោង​មួយ​នេះ​ទេ។

    នៅពេល​អ្នកសារព័ត៌មាន​បាន​សាកសួរ​អំពី​អនាគត​របស់​គម្រោង​អគារ​មួយ​នេះ ស្រប​ពេលដែល​គម្រោង​ខ្លះ​ត្រូវបាន​លុបចោល គម្រោង​ខ្លះ​ត្រូវ​ផ្អាក និង​គម្រោង​ខ្លះទៀត​កំពុង​អភិវឌ្ឍ​យ៉ាងយឺតៗនោះ អ្នកឧកញ៉ា គិត ធាង បាន​អះអាងថា រហូតមក​ដល់ពេល​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ដៃគូ ក្តីសង្ឃឹម​ចំពោះ​គម្រោង​អគារ​ភ្លោះ​មួយ​នេះ​គឺ​ស្មើនឹង 50% អាច​ដំណើរការ​ទៅមុខ​រួច។

    ឧកញ៉ា គិត ធាង និយាយថា៖ “ធម្មតា​ការរកស៊ីនីមួយៗ មានគំនិតខុសៗគ្នា អ្នកខ្លះ​ធ្វើទៅ​ប៉ះពាល់​នឹង​បញ្ហា​ហិរញ្ញវត្ថុ ការជ្រើសរើស​ទីផ្សារ​មិន​ត្រឹមត្រូវ ឬ​ប្រហែល​គេ​ធ្វើ​រួច​ទើប​រក​ទីផ្សារ​ក៏​មិនដឹង ឬអ្វី​មួយ​ផ្សេងទៀត​ដែល​ខ្ញុំ​មិនដឹង ប៉ុន្តែ​ពួក​ខ្ញុំ​វិញ គឺ​រៀប​ចំរក​ទីផ្សារ​ឱ្យ​ហើយ មុននឹង​ចាប់​ផ្តើមកសាង។

    បើតាម​ការអះអាង​រប​ស់ អ្នកឧកញ៉ា គិត ធាង អគារ​ពាណិជ្ជកម្ម​ភ្លោះ Royal One នេះ​គ្រោង​នឹង​ចាប់ផ្តើម​បុកគ្រឹះ​នៅ​ចុង​ត្រីមាស​ទី3 ឆ្នាំ2018នេះ ដោយ​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ឆ្នាំ 2021ខាងមុខនេះ។ រហូតមកដល់​ពេលនេះ មាន​គម្រោងធំៗជាច្រើន​មិនទាន់​បញ្ចប់​ការសាងសង់ មិនទាន់​ចាប់ផ្តើម​សាងសង់ និង​គម្រោង​ខ្លះទៀត​ត្រូវ​បានប្រកាស​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ដែល​បង្ហាញឱ្យឃើញ​ពី​ភាពមិនរ​លួ​ន​ទៅមុខ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

    អ្នកជំនាញ​មួយចំនួន​ក្នុង​វិស័យ​អចលនទ្រព្យ ហាក់​មិន​ហ៊ាន​បញ្ចេញយោបល់​ចំពោះ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ទេ៕

  • អ្នក​បង់ពន្ធ​នឹង​លែង​បារម្ភ​ពី​សុវត្ថិភាព​ឯកសារ ក្រោយ​មានកម្ម​វិធី​ត្រួតពិនិត្យ​ឯកសារ​តាម​ទូរស័ព្ទដៃ

    អ្នក​បង់ពន្ធ​នឹង​លែង​បារម្ភ​ពី​សុវត្ថិភាព​ឯកសារ ក្រោយ​មានកម្ម​វិធី​ត្រួតពិនិត្យ​ឯកសារ​តាម​ទូរស័ព្ទដៃ

    សុវត្ថិភាព​នៃ​ឯកសារ​សវនកម្ម គឺជា​រឿង​សំខាន់​មួយ​ដែល​អ្នក​បង់ពន្ធ និង​ជាពិសេស​ម្ចាស់​អាជីវកម្ម​ដែល​ជាប់ពន្ធ​កំពុងមាន​ការយកចិត្ត​ទុកដាក់​ខ្លាំង ខណៈ​មាន​អ្នកខ្លះ​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដោយសារតែ​ឯកសារ​សវនកម្ម​រប​ស់​ខ្លួន​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​អាជ្ញាធរ​របស់​រដ្ឋ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានដាក់​ឱ្យប្រើ​ប្រា​ស់នូ​វ​កម្មវិធី​ទូរស័ព្ទដៃ​ដើម្បី​ត្រួតពិនិត្យ​លិខិត​សវនកម្ម​ពន្ធដារ​ដែលមាន​ឈ្មោះថា GDT Audit Check ក្នុង​គោលបំណង​ជួយ​អ្នក​ដែល​ត្រូវ​បង់ពន្ធ​ទាំងអស់​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​កំណត់ថា លិខិត​ដែល​គាត់​មាន​នោះ ត្រឹមត្រូវ ឬ​ក្លែងក្លាយ?។

    ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដា​រ ឯកឧត្តម គង់ វិបុល បាន​លើកឡើងថា អ្នក​ជាប់ពន្ធ​ទាំងអស់​អាច​ទាញយក (download) កម្មវិធី GDT Audit Check ពី Appstore សម្រាប់​ប្រព័ន្ធ ios ឬ Playstore សម្រាប់​ប្រព័ន្ធ Android ក្នុង​ទូរស័ព្ទដៃ​បាន ដោយ​គ្រាន់តែ​បំពេញ​ព័ត៌មាន​មួយចំនួន​តាម​ការណែនាំ​ក្នុង​កម្មវិធី​ដែលមាន​ស្រាប់។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ដាក់ចេញ និង​លើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ឱ្យ​សហការ​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​ចួ​ល​រួម​ព​ង្រឹ​ក​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​សារពើពន្ធ និង​ចៀសវាង​ចាញ់បោក​ជនខិលខូច​មួយ​ចំនួន។

    ឯកឧត្តម គង់ វិបុល បាន​មានប្រសាសន៍ថា៖ «គ្រប់​អង្គភាព​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់​វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់ តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ​ឱ្យ​អ្នក​ជាប់ពន្ធ​មានការ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា ឬ​មិនឱ្យ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ»។

    គួរ​បញ្ជាក់ថា កម្មវិធី​ត្រួតពិនិត្យ​លិខិត​សវនកម្ម​នេះ ជា​កម្មវិធី​ដែល​អ្នកប្រើប្រាស់ ឬ​អ្នក​ជាប់ពន្ធ​ទាំងអស់​អាចធ្វើ​ការត្រួត​ពិនិត្យ​លិខិត​សវនកម្ម​តាមរយៈ​ការ​ស្គែ​ន​លើ QR Code ដែលមាន​លើ​លិខិត​ឧទ្ទេសនាម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែល​វា​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការបង្កើន​ទំនុកចិត្ត​ដល់​អ្នក​ជាប់ពន្ធ​បាន​យ៉ាង​ប្រសើរ៕

  • ហេតុអ្វី​នៅលើ​អេក្រង់​ផ្សាយពាណិជ្ជកម្ម​របស់ iPhone ឬ iPad បង្ហាញ​ម៉ោង 9:41 AM?

    ហេតុអ្វី​នៅលើ​អេក្រង់​ផ្សាយពាណិជ្ជកម្ម​របស់ iPhone ឬ iPad បង្ហាញ​ម៉ោង 9:41 AM?

    លោកអ្នក​ប្រហែលជា​មិន​ធ្លាប់បាន​ចាប់អារម្មណ៍​នោះទេ ទៅលើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់ Apple ដែល​បង្ហាញ​ម៉ោង 9:42 AM ប៉ុន្តែ​បើសិនជា​អ្នក​ងាក​ក្រឡេក​ទៅ​មើល​រាល់​ឧបករណ៍​របស់ Apple នោះ​លោក​អ្នកនឹង​ឃើញ​ពី​ចំណុច​នេះ​មិន​ខាន។

    ជាទូទៅ នៅលើ​អេក្រង់​របស់ iPhone តែងតែ​បង្ហាញ​ម៉ោង 9:42 AM ប៉ុន្តែ​ពុំមាន​នរណាម្នាក់​ដឹង​ពី​មូលហេតុ​នោះទេ ក្រោយមក​ទើប​បុគ្គលិក​ជាន់ខ្ពស់ Apple បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ។

    យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Business Insider បានឱ្យដឹងថា ដំបូង​ឡើយ Apple បង្ហាញ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ជាមួយនឹង​ម៉ោង 9:41 AM ប៉ុន្តែ​ក្រោយមក ចាប់ពី​ឆ្នាំ2010 ស្រាប់តែ​ប្ដូរ​ទៅជា 9:42 AM វិញ។

    លោក Scott Forstall អតីត​មេ​ធំ iOS បាន​បង្ហើប​ឱ្យដឹងថា ម៉ោង 9 គឺជា​ម៉ោង​ដែល Apple ប្រកាស​បង្ហាញ​ផលិតផល​ថ្មី ហើយ 41 ឬ 42នាទី​នោះ គឺ​ចង់​បញ្ជាក់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ថា ការបង្ហាញ​ផលិតផល​ថ្មី​គឺ​ត្រូវធ្វើឡើង​នៅក្នុង​រយៈពេល 40នាទី ឬ​លើស​នេះ​បន្តិច​បន្តូច ដូច្នេះហើយ​ទើប​កំណត់​យក 41 ឬ 42នាទី។

    ទម្លាប់​នេះ​គឺ​បានចាប់ផ្ដើម​តាំងពី​លោក Steve Jobs ធ្វើ​បទ​បង្ហាញ iPhone ដំបូង​បំផុត​នៅ​ឆ្នាំ 2007 ចំណែក 42នាទី គឺជា​ពេលវេលា​ដែល Steve Jobs ធ្វើ​បទ​បង្ហាញ។ នៅ​ឆ្នាំ2010 នៅលើ​អេក្រង់ iPhone និង iPad ត្រូវបាន​ប្ដូរ​ពី 9:42 AM មកជា 9:41 AM វិញ៕

  • រោងចក្រ​ខ្នាត​ធំ​នៅ​កម្ពុ​ជាមាន​ជាង 1,500ស្ថាប័ន និង​ផ្តល់​ការងារ​ជិត 1លាន​នាក់

    រោងចក្រ​ខ្នាត​ធំ​នៅ​កម្ពុ​ជាមាន​ជាង 1,500ស្ថាប័ន និង​ផ្តល់​ការងារ​ជិត 1លាន​នាក់

    គិត​ត្រឹម​ដំណាច់ឆ្នាំ2017កន្លងទៅ កម្ពុ​ជាមាន​រោងចក្រ​ខ្នាត​ធំ​ប្រមាណ​ជាជាង 1,500រោងចក្រ​ដែល​បាន​ចុះបញ្ជី និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជាង 98ម៉ឺន​នាក់ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2017 និង​លើក​ទិសដៅ​ការងារ​ឆ្នាំ2018 បានឱ្យដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ2017 រោងចក្រ​ខ្នាត​ធំ​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប 1,522 រោងចក្រ ស្មើនឹង 137% ធៀប​នឹង​ឆ្នាំ2013។

    ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​មាន​ចំនួន 1,031រោងចក្រ ស្មើនឹង129% ដែល​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​សរុប​មាន​ចំនួន 982,203 នាក់ ស្មើនឹង143% ប្រៀបធៀប​នឹង​ឆ្នាំ2013។ ចំណែកឯ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​មាន​ចំនួន​សរុប 155,640មូលដ្ឋាន ស្មើនឹង130% បើ​ធៀប​នឹង​ឆ្នាំ2013 ហើយ​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ 1,106,745នាក់ ស្មើនឹង229% ធៀប​នឹង​រយៈពេល​ដូចគ្នា​ខាងលើនេះ។

    ចំណុច​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ទាញ​ការចាប់អារម្មណ៍​ថា ក្នុង​ទិដ្ឋភាព​បច្ចុប្បន្ន កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ជាក់ស្តែង​តាម​តួលេខ​បង្ហាញថា វិស័យ​ឧស្សាហ​កម្មបាន​ចូលរួមចំណែក​នៃ​កំណើន​ផលទុន​សរុប​ក្នុងស្រុក​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ គឺ​ពី​ទំហំ 24.1% នៅ​ឆ្នាំ2013 ដល់​ទំហំ 30.9%នៅ​ឆ្នាំ 2017 ស្រប​ពេលដែល​វិស័យ​កសិកម្ម​មាន​ទំហំ 24.9% នៅ​ឆ្នាំ2017 ។

    ប្រការនេះ​ធ្វើឱ្យ​កម្ពុជា​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​បន្តដំណើរ​ឈានទៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030៕

  • ក្លិប ​Real ក្លិប​ Barcelona និង​ក្លិប ​PSG នាំគ្នា​ប្រជែង​ទិញ Salah ក្នុងតម្លៃ​ខ្លួន 200លាន​ផោន

    ក្លិប ​Real ក្លិប​ Barcelona និង​ក្លិប ​PSG នាំគ្នា​ប្រជែង​ទិញ Salah ក្នុងតម្លៃ​ខ្លួន 200លាន​ផោន

    ក្លិប Liverpool នឹងត្រូវ​ប្រឈមមុខ​នឹង​ការតស៊ូ​ជាមួយនឹង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​ចំនួន 200លាន​ផោន (ស្មើនឹង 280.5លាន​ដុល្លារ​អាមេរិក) ដើម្បី​រក្សាទុក​ខ្សែប្រយុទ្ធ​ដែល​កំពុងតែ​ឡើង​ទម្រង់​លេង​ខ្លាំង Mohamed Salah ខណៈ ក្លិប Real Madrid ក្លិប​Barcelona និង​Paris Saint-Germain សុទ្ធសឹងតែ​ចង់បាន​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ។

    Salah ដែល​កំពុងតែ​ជួប​រដូវ​កាល​យ៉ាង​ល្អឥតខ្ចោះ​របស់គេ​ជាមួយនឹង​ក្លិប Liverpool តាមរយៈ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី​បាន 37គ្រាប់ ក្នុងការ​ប្រកួត 43លើក​សម្រាប់​ក្លិប និង​ប្រទេស​របស់គេ ហើយ​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់គេ​បាន​ផ្តល់នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្លិបយក្សៗប្រចាំ​តំបន់​អឺរ៉ុប។

    លោក Jurgen Klopp គ្រូបង្វឹក​របស់​ក្រុម Liverpool នឹង​ត្រូវតែ​ច្រានចោល​ការផ្តល់​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​ទាំងអស់ ដើម្បី​រក្សាទុក​តារា​ឆ្នើម​របស់ខ្លួន។ ក្លិប Liverpool បាន​ចាញ់​ក្នុងការ​ប្រជែង​មួយ​រួចស្រេច​ទៅហើយ ខណៈដែល​ពួកគេ​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ការលក់​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Philippe Coutinho ទៅឱ្យ​ក្លិប Barcelona ឡើយ ក្រោយពី​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បានផ្តល់​តម្លៃ​ខ្លួន 145លាន​ផោន។ ហេតុនេះ រឿង​មួយ​នេះ​អាច​នឹងមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង Salah វ័យ 25ឆ្នាំ​នេះដែរ។

    ក្លិបយក្សៗទាំង3ប្រចាំ​តំបន់​អឺរ៉ុប ជឿជាក់ថា ក្រុមហ៊ុន Fenway Sports Group ម្ចាស់​ក្លិប Liverpool នឹង​មិនអាច​ច្រានចោល​នូវ​សំណើ​មួយ​ដែល​នឹងមាន​ចំនួន​ច្រើនជាង 198លាន​ផោន ដែល​ក្លិប PSG បាន​ចំណាយ​ទិញ Neymar កាលពី​រដូវក្តៅ​មុន​ឡើយ។ Liverpool បាន​ចំណាយ​ប្រាក់​ត្រឹមតែ 34.3លាន​ផោន​ប៉ុណ្ណោះ​សម្រាប់​ការផ្ទេរ Salah ពី​ក្លិប Roma កាលពី​រដូវក្តៅ​មុន៕

    ប្រភពពី៖ The Sun