Author: វល័ក្ខ

  • វិធីសាស្ត្រ​ទាក់ទាញ​កូនតូច ឱ្យចូល​ចិត្ត​អាន​សៀវភៅ

    វិធីសាស្ត្រ​ទាក់ទាញ​កូនតូច ឱ្យចូល​ចិត្ត​អាន​សៀវភៅ

    អាណាព្យាបាល​ជាច្រើន​សុទ្ធតែ​ចង់ឱ្យ​កូន​របស់គាត់​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​អាន ឬ​ចូលចិត្ត​ការសិក្សា តែ​ពេលខ្លះ​គាត់​មិនសូវ​យល់ដឹង​ច្រើន​ប៉ុន្មាន​ទេពី​វិធីសាស្ត្រ​ក្នុងការ​ទាក់ទាញកូនៗឱ្យចូល​ចិត្ត​អាន​សៀវភៅ ព្រោះ​ពួកគេ​ចូលចិត្ត​លេង ហើយ​សួរ​ច្រើនជាង​អាន។

    ខាងក្រោម​នេះ​ជា​វិធីសាស្ត្រសំខាន់ៗមួយចំនួន​ដែល​អ្នកជំនាញ​អប់រំ បាន​ណែនាំ​សម្រាប់​អាណា-ព្យាបាល​ជាច្រើន​ដែល​ចង់ឱ្យ​កូន​របស់គាត់​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​អាន និង​ស្រឡាញ់​សៀវភៅ។

    1. និយាយ​រឿង​ឱ្យកូនៗស្តាប់

    ក្មេងៗក្រៅពី​ចូលចិត្ត​ឆ្ងល់​គឺ​ចូលចិត្ត​ស្តាប់​ព្រោះថា​ពួកគេ​ចូលចិត្ត​ស្រមើស្រមៃ​ច្រើន ហើយ​រឿងល្អៗដែល​មនុស្ស​ធំ​និយាយប្រាប់ គេ​អាចបង្កើត ជា​ក្តី​ស្រមៃ​យ៉ាង​ល្អ និង​ជក់ចិត្ត​សម្រាប់​ពួកគេ។ក្រៅពីនេះ កុមារតូចៗក៏​អាច​នឹង​រីករាយ​ខ្លាំង​ជាមួយនឹង​រឿងរ៉ាវ​លេងសើច​ទៅតាម​ចំណង់​ចិត្ត​ក្មេង​ឬ​រឿង​កំប្លែង​ដែល​អ្នកនិពន្ធ​សៀវភៅ​កុមារ​រំលេច​ឡើង។

    ក្រោយពី​បាន​ស្តាប់​រឿង ក្មេង​នឹង​ចូលចិត្ត​នៅក្បែរ​មនុស្ស​ធំ ហើយ​ចាប់ផ្តើម​ចេះ​គិត​តាម​តម្លៃ​អប់រំ​ដែល​អ្នកនិពន្ធ​សាច់រឿង​ចង់ឱ្យ​ក្មេង​ធ្វើ។ ម្យ៉ាងវិញទៀត ក្រៅពី​ពួកគេ ចូលចិត្ត​ខ្លាំង ហើយ​សប្បាយជាមួយនឹង​សាច់រឿង​ដែល​យើង​និយាយប្រាប់ ពួកគេ​នឹង​ចាប់ផ្តើម​ស្វែងរក រឿងល្អៗដោយ​ខ្លួនឯង​នៅពេលដែល​ពួកគេ​ចេះ​អាន។

    1. យក​សៀវភៅ​ដែលមាន​រូប​ច្រើនជាង​អក្សរ​ឱ្យកូនៗអាន

    អាណាព្យាបាល​ជាច្រើន​បរាជ័យ​ក្នុង​ការឱ្យ​កូន​អាន​សៀវភៅ​ព្រោះ​ពួកគេ​មិន​យល់ចិត្ត​ក្មេង ហើយ​អ្វីដែល​ពួកគេ​អប់រំ​កូន គឺ​ចង់ឱ្យ​ក្មេង​ធ្វើតាម​អ្វីដែល​គាត់​ជា​មនុស្ស​ធំ​ចង់​ធ្វើ។ នៅពេលដែលចង់ឱ្យ​កូនតូច​អាន​សៀវភៅ គាត់​បែរជាយក​សៀវភៅ​ដែល​មានតែ​អក្សរ​សុទ្ធ​ឱ្យ​ក្មេង​អាន មិនមាន​ភាព​ទាក់ទាញ ហើយ​ជា​ប្រភេទ​សៀវភៅ​មិនត្រូវ​នឹង​វ័យ។ នៅពេលនោះ ការអាន​នឹង​ក្លាយជា​រឿង​ដ៏​គួរឱ្យខ្លាច​បំផុត​សម្រាប់​កុមារតូចៗតែ​ប្រសិនបើ​អាណាព្យាបាល​យល់​ពី​ក្មេង ការអាន​នឹង​ក្លាយជា​សេចក្តីសុខ​របស់​ពួកគេ។

    អាណាព្យាបាល​គួរ​ស្វែងរក​សៀវភៅ​ដែលមាន​រូបភាព​ច្រើនជាង​អក្សរ ហើយ​រូបភាព​ទាំងអស់នោះ​ចាំបាច់​ត្រូវតែមាន​ពណ៌​ដែល​ទាក់ទាញ​សម្រាប់​កុមារ។ នៅពេលដែល​កុមារ​បានឃើញ​រូបភាព​ដែលមាន​ពណ៌​ស្រស់បំព្រង គេ​នឹង​អាច​ងាយ​យល់​ពី​អត្ថន័យ​នៃ​សាច់រឿង​ហើយ​គេ​អាច​មើល​ច្រើន​ដងដោយ​មិន​ធុញ ព្រោះ​គេ​អាន​តែ​អក្សរតិចៗតែ​ដឹង​សាច់រឿង​គួរឱ្យ​រីករាយ​ជាច្រើន។

    1. លើកទឹកចិត្ត​ដោយ​ការនាំ​ដើរ​ទិញ​សៀវភៅថ្មីៗ

    ក្មេងៗចូលចិត្ត​បំផុត​គឺ​ការលើកទឹកចិត្ត និង​យកចិត្តទុកដាក់ ហេតុនេះ​នៅពេលដែល​គេ​ធ្វើ​អ្វីមួយ​បានល្អ ឬ​ស្តាប់​តាម​ការណែនាំ​ល្អ​របស់​យើង អាណាព្យាបាល​អាច​សាកល្បង​ទិញ​កាដូ​ជា​សៀវភៅ ឬ​ជូន​គេ​ទិញ​សៀវភៅ​ដែល​គេ​ចូលចិត្ត​គឺជា​រឿង​ល្អ​មួយ​ដែល​ធ្វើឱ្យ​ក្មេង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឬ​ធ្វើ​ល្អ​ដើម្បី​យកចិត្ត​មនុស្ស​ធំ ហើយ​ទទួលបាន​សៀវភៅ​រឿងល្អៗដែល​គេ​ស្រឡាញ់។

    វិធីសាស្ត្រ​នេះ ជា​វិធីសាស្ត្រ​លួងលោម​ល្អ​មួយ​ដែល​អាចធ្វើ​ឱ្យគេ​ចូលចិត្ត​អាន ហើយ​ថែមទាំង​អាចធ្វើ​ឱ្យគេ​ក្លាយជា​ក្មេង​ស្តាប់បង្គាប់​ទៀតផង៕

  • Xabi Alonso ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល 5ឆ្នាំ ជុំវិញ​ករណី​មិន​បង់ពន្ធ

    Xabi Alonso ប្រឈមមុខ​នឹង​ការជាប់គុក​រយៈពេល 5ឆ្នាំ ជុំវិញ​ករណី​មិន​បង់ពន្ធ

    ក្រុមរដ្ឋអាជ្ញាប្រទេសអេស្ប៉ា កំពុងតែទាមទារឱ្យមានការកាត់ទោសដាក់គុករយៈពេល 5ឆ្នាំទៅលើ Xabi Alonso តាមរយៈការចោទប្រកាន់អតីតខ្សែបម្រើអន្តរជាតិអេស្ប៉ា និងក្លិប Real Madrid រូបនេះ ដែលបានធ្វើការបន្លំការបង់ពន្ធចំនួន 3ករណី។

    Alonso វ័យ 36ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធដល់អាជ្ញាធរ ក្នុងទឹកប្រាក់ 2លានអឺរ៉ូ (ស្មើនឹង 2.5លានដុល្លារអាមេរិក) តាមរយៈការផ្តល់ឯកបង់ពន្ធមិនត្រឹមត្រូវកាលពីឆ្នាំ2010-2011 និងឆ្នាំ2012 Alonso ដែលបានចូលនិវត្តន៍កាលពីឆ្នាំមុន ក្រោយពីចំណាយពេល 3រដូវកាលជាមួយនឹងក្លិប Bayern Munich នោះ បានលេងឱ្យក្លិប Real Madrid ពីឆ្នាំ2009 រហូតដល់2014

    ជាមួយនឹងការប្រឈមមុខនឹងការជាប់គុករយៈពេល 5ឆ្នាំ ការពិន័យជាទឹកប្រាក់ចំនួន 4លានអឺរ៉ូ ក៏នឹងត្រូវធ្វើឡើងប្រឆាំងនឹង Alonso ដែរ លោក Ivan Zalduaទីប្រឹក្សាផ្នែកពន្ធដាររបស់គេ និងម្ចាស់ក្រុមហ៊ុនព័រទុយហ្គាល់លោក IgnasiMaestre ផងដែរ។ ក្រុមរដ្ឋអាជ្ញាក៏ទាមទារឱ្យប្រគល់ទឹកប្រាក់ដែលមិនបានបង់ឱ្យការិយាល័យពន្ធដាររបស់អេស្ប៉ា បូករួមទាំងអត្រាការប្រាក់ផងដែរ។ រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានបដិសេធ។

    ករណីប្រឆាំងនឹង Alonso ដំបូងឡើងត្រូវបានលុបចោលរួចស្រេចទៅហើយ ប៉ុន្តែ ត្រូវបានបើកសើរើឡើងវិញកាលពីដើមឆ្នាំនេះ។ Alonso បានលក់សិទ្ធិផ្សាយលើរូបភាពក្នុងឆ្នាំ2012 ក្នុងតម្លៃ 5លានអឺរ៉ូ ទៅឱ្យក្រុមហ៊ុន KardzaliComercioServicos de Consultoria e Investimentos ដែលមានមូលដ្ឋាននៅលើកោះ Madeira របស់ព័រទុយហ្គាល់៕

    ប្រភពពី៖ ESPN

  • តើ​សាកលវិទ្យាល័យ​ណាខ្លះ​ដែល​ល្អ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប?

    តើ​សាកលវិទ្យាល័យ​ណាខ្លះ​ដែល​ល្អ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប?

    ក្នុងចំណោម​សាកលវិទ្យាល័យល្បីៗជាច្រើន​នៅលើ​ពិភពលោក ចក្រភព​អង់គ្លេស​ជា​ប្រទេសមួយ​ដែលមាន​ភាពល្បីល្បាញ និង​អាច​គ្រង​តំណែង​ជា “សាកលវិទ្យាល័យ​ល្អ​បំផុត” នៅ​អឺរ៉ុប។ យោងតាម​ស្ថាប័ន​វាយតម្លៃ​កម្រិត​សាកលវិទ្យាល័យ​ល្បី​បំផុត​លើ​ពិភពលោក Times Higher Education World University Ranking បាន​បង្ហាញថា ក្នុងចំណោម​សាកលវិទ្យាល័យល្អៗបំផុត​ចំនួន 10 ក្នុងនោះ​មាន 7សាកលវិទ្យាល័យ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់សំខាន់។

    ក្នុងចំណោម​ការប្រកួត​ប្រជែង​នេះ ប្រទេស​ស្វ៊ី​ស (Switzerland) ក៏​ដណ្តើមបាន​តំណែង​សំខាន់​ផងដែរ ដោយ​ក្នុងនោះ​មាន​សាកលវិទ្យាល័យ​ចំនួន2 ដែល​ស្ថិតក្នុង​តារាង​គឺ Swiss Institute of Technology និង ÉcolePolytechniqueFédérale de Lausanne ។

    ខាងក្រោម​នេះ​គឺជា​សាកលវិទ្យាល័យ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន 10 នៅ​អឺរ៉ុប៖

    1/ សាកលវិទ្យាល័យ Oxford (ចក្រភព​អង់គ្លេស)

    2/ សាកលវិទ្យាល័យ Cambridge (ចក្រភព​អង់គ្លេស)

    3/ សាកលវិទ្យាល័យ Imperial College London (ចក្រភព​អង់គ្លេស)

    4/ សាកលវិទ្យាល័យ ETH Zurich (ប្រទេស​ស្វ៊ី​ស)

    5/ សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស)

    6/ សាកលវិទ្យាល័យ London School of Economics and Political Science (ចក្រភព​អង់គ្លេស)

    7/ សាកលវិទ្យាល័យ Edinburgh (ចក្រភព​អស់​គ្លេ​ស)

    8/ សាកលវិទ្យាល័យ LMU Munich (ប្រទេស​អាល្លឺម៉ង់)

    9/ សាកលវិទ្យាល័យ King’s College London (ចក្រភព​អង់គ្លេស)

    10/ សាកលវិទ្យាល័យ ÉcolePolytechniqueFédérale de Lausanne៕

  • ចក្រភព​អង់គ្លេស​អំពាវនាវ​ឱ្យមាន​ការធានា​អំពី​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​ក្នុង World Cup

    ចក្រភព​អង់គ្លេស​អំពាវនាវ​ឱ្យមាន​ការធានា​អំពី​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​ក្នុង World Cup

    លោក Boris Johnson រដ្ឋលេខាធិការ​ក្រសួងការបរទេស​រប​ស់​ចក្រភព​អង់គ្លេស បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា លោក​ចង់ឱ្យមាន​ការធានា​របស់​រុស្ស៊ី ជុំវិញ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​កីឡាបាល់ទាត់​របស់​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំនេះ ស្របពេល​មាន​ជម្លោះ​ការទូត​ទៅលើ​ការវាយប្រហារ​ចារកម្ម​មួយ។

    ទំនាក់ទំនង​រវាង​ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ម៉ូស្គូ កំពុងតែ​ធ្លាក់​ចូលក្នុង​វិបត្តិ ជុំវិញ​ការវាយប្រហារ​ដោយ​ភ្នាក់ងារ Mar 4 ទៅលើ​អតីត​ចារបុរស​អង់គ្លេស​ម្នាក់​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​ចក្រភព​អង់គ្លេស កំពុងតែ​ទម្លាក់កំហុស​ទៅលើ​វិមាន Kremlin។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា លោក Johnson បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស មិនមាន​គម្រោង​ក្នុងការ​រារាំង​មិនឱ្យ​ក្រុម​អង់គ្លេស​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ព្រឹត្តិការណ៍ World Cup នោះឡើយ ដោយបាន​បញ្ជាក់​ប្រាប់ថា៖ «ដើម្បី​ធ្វើឱ្យមាន​តុល្យភាព វា​នឹង​ក្លាយជា​រឿង​អយុត្តិធម៌​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស»។

    ចក្រភព​អង់គ្លេស បាន​បណ្តេញ​មន្ត្រី​ទូត​របស់​រុស្ស៊ី 23នាក់​ចេញពី​ប្រទេស​របស់ខ្លួន ហើយ​ទីក្រុង​ម៉ូស្គូ​ក៏បាន​ឆ្លើយតប​វិញ​ក្នុង​ទង្វើ​ដូចគ្នានេះដែរ ប៉ុន្តែ​លោក Johnson បាន​បញ្ជាក់ថា ពួកគេ​បាន​បណ្តេញ​មន្ត្រី​ចក្រភព​អង់គ្លេស​ដែល​ត្រូវមាន​ការងារ​ការពារ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​បាល់ទាត់»។ លោក Johnson បានឱ្យដឹងថា៖ «អ្នក​មិនអាច​គិតពី​ការចាត់វិធានការ​បន្ថែម​ទៀតឡើយ​ចំពោះ​សមត្ថភាព​ចក្រភព​អង់គ្លេស​ក្នុង​ការជួយ​អ្នកគាំទ្រ​នៅ​រុស្ស៊ី ហេតុនេះ វា​នៅតែ​ជា​បញ្ហា​មួយ។ វា​នៅតែ​ត្រូវមាន​ការពិភាក្សា​មួយ»៕

    ប្រភពពី៖ The Daily Star

  • មិន​ធ្លាប់​ដឹង​សោះ! មាក់ប្រាង1ដើម​ប្រមូល​ផល​បាន​ជាង 1,000ដុល្លារ​ក្នុង 1ឆ្នាំ

    មិន​ធ្លាប់​ដឹង​សោះ! មាក់ប្រាង1ដើម​ប្រមូល​ផល​បាន​ជាង 1,000ដុល្លារ​ក្នុង 1ឆ្នាំ

    មាក់ប្រាង គឺជា​ដំណាំ​ហូប​ផ្លែ​ដែលមាន​សម្បុរ​ពណ៌​លឿង ផ្លែ​ទ្រវែង​រាង​ដូច​ពងមាន់ និង​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ជាប់មាត់ ទទួលទាន​ម្តង​ហើយ​គួរឱ្យ​ចង់​ទទួលទាន​ម្តងទៀត ពិសេស​ជា​ផ្លែឈើ​ដែលស្ត្រីៗចូលចិត្ត​ញ៉ាំ​លេង នៅពេល​សម្រាក​ពី​ការងារ​នៅពេល​រសៀល។

    អ្នកស្រី សែន រ័​ត​ធី ម្ចាស់​ចម្ការ​មាក់ប្រាង និង​ជា​ឈ្មួញ​ទិញ​ផ្លែឈើ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានផ្តល់​បទ​សម្ភាស​ថា មាក់ប្រាង​ផ្តល់​ផល​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ រហូតដល់​ចុងខែ​មិនា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​ផល​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។ ទោះ​វា​មិនសូវ​ផ្តល់​ផល​ច្រើនដង​ដូច​ដំណាំ​មួយចំនួនទៀត​មែន ប៉ុន្តែ​នៅពេល​វា​ឱ្យ​ផលម្តងៗគេ​អាច​បេះ​ផ្លែ​វា​បាន​ទម្ងន់​ចន្លោះ​ពី​ជាង 100គីឡូក្រាម ទៅជា1000គីឡូក្រាម​ក្នុង​មួយ​ដើម ហើយ​បើ​គេ​លក់​ចេញ​ឱ្យ​ម៉ូយ​ដុំ​នៅលើ​ទីផ្សារ​ត្រឹមតែ1ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នោះ មានន័យថា កសិករ​អាច​រកប្រាក់​បាន​ជាង100ដុល្លារ​ទៅជា​ង1,000ដុល្លារ​ក្នុង​មាក់ប្រាង1ដើម។

    ប៉ុន្តែ​ជា​ទោះជា​យ៉ាងណា ឈ្មួញ​អាច​យកមក​លក់រាយ​បន្ត​នៅលើ​ទីផ្សារ​បាន​ថ្លៃ​លើសពីនេះ ដោយ​អាច​លក់​ចន្លោះ​ពី 8,000រៀល​ទៅ​ជាង10,000រៀល​ក្នុង​មួយ​គីឡូក្រាម​តាម​ទីតាំង​លក់រាយ​នីមួយ។ ឈ្មួញ​ខាងលើ​បន្តទៀតថា មាក់ប្រាង​គឺជា​ផ្លែឈើ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ លក់​មិនដែល​សល់​នោះទេ​ដោយសារ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​កម្រ​ព្រោះ​មួយឆ្នាំ​ទើប​វា​ផ្តល់​ផល​ម្តង​ហើយ​ផ្តល់​ផល​ក្នុង​រយៈពេល​ខ្លី​ត្រឹម1ខែ​កន្លះ ទៅ2ខែ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។

    ដោយសារតែ​ជា​ផ្លែឈើ​កម្រ​បែបនេះហើយ ទើប​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​អតិថិជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង។ ទោះ​វា​បាន​ផល​ច្រើន​ដូច្នេះ​ក្តី ប៉ុន្តែ​ការដាំ​មាក់ប្រាង​ត្រូវ​ចំណាយពេល​យូរណាស់ គឺ​ចន្លោះ​ពី 8ឆ្នាំ រហូតដល់​ទៅ10ឆ្នាំ​ឯណោះ​ទើប​វា​ផ្តល់​ផល តែ​អាច​ប្រមូល​ផល​បានយូរ​រហូតដល់ 70 ទៅ100ឆ្នាំ​ក៏មាន។ ប៉ុន្តែ​សម្រាប់​បច្ចេកទេស​កសិក​ម្ម​ថ្មី​វិញ គេ​អាច​បំបៅ​មែក​យកមក​ដាំ ធ្វើឱ្យ​ឆាប់​ទទួលបាន​ផល​ជាង​យក​កូន​មក​ដាំ។

    ការដាំ​មាក់ប្រាង​មិន​លំបាក​ក្នុងការ​ថែទាំ​នោះទេ ដោយ​គ្រាន់តែ​ធ្វើ​របង​ការពារ​សត្វពាហនៈ ដូចជា​គោក្របី​ជាដើម​កុំ​ឱ្យមក​ស៊ី​តែ និង​ស្រោច​ទឹកយូរៗម្តង​នៅពេល​ដាំ​ដំបូង​ឱ្យ​កូន​មាក់ប្រាង​ធំ​ខ្ពស់​ផុតពី​សត្វពាហនៈ​ហើយ គេ​មិនបាច់​ថែទាំ​អ្វី​ទៀត​ទេ ដោយ​គ្រាន់តែ​ទុក​វា​ចោល​រហូតដល់​បាន​ផល​បេះ​ផ្លែ​លក់​តែម្តង។

    អ្នកស្រី​បញ្ជាក់ថា នៅក្នុង​ស្រុក​មេមត់ ដើម​មាក់ប្រាង​ត្រូវគេ​ដាំ​ជា​លក្ខណៈ​គ្រួសារ នៅតាម​ផ្ទះនីមួយៗ គ្រួសារ​ខ្លះ​មាន 10ដើម គ្រួសារ​ខ្លះ​មាន​ដល់ 20ដើម មិនមែនជា​ដំណាំ​ក​សិ-ឧស្សាហកម្មដូច​ដំណាំ​ម្រេច ឬ​ដំណាំផ្សេងៗទៀតឡើយ។ តែ​យ៉ាងណា ការដាំ​មាក់ប្រាង​នៅតាម​ផ្ទះ​វា​អាច​ផ្តល់​ផល​បានល្អ​ជាង​ដើម​រុក្ខជាតិ​ដទៃ​មួយចំនួនទៀត ក្រៅពី​ទាញយក​អាកាសធាតុ​ត្រជាក់ ផ្ដល់នូវ​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ​ដល់​ក្រុមគ្រួសារ​ហើយ​នោះ គេ​នៅ​អាច​បេះ​ផ្លែ​វា​លក់​បានជា​រៀងរាល់ឆ្នាំ និង​បាន​ចំណូល​ច្រើន​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ទៀតផង។

    ឈ្មួញ​ខាងលើ​បន្តថា ស្រុក​មេ​មេ​ត់​ជា​ស្រុក​មួយ​ដែល​សម្បូរ​ផ្លែឈើ​ហូប​ផ្លែ​ជាង​ស្រុក​ផ្សេងទៀត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ (អតីត​ស្រុក​មួយ​របស់​ខេត្តកំពង់ចាម) ហើយ​ផ្លែឈើ​ទាំងនោះ​ជា​ផ្លែឈើ​ធម្មជាតិ 100% ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព។ ករណីនេះ​អ្នកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យជួយ​គាំទ្រ​ផលិតផល​ផ្លែឈើ​ក្នុងស្រុក​ជាជាង​គាំទ្រ​ផ្លែឈើ​នាំចូល​ពី​ក្រៅប្រទេស​ដែល​ក្រៅតែពី​ការផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព​ក្រុមគ្រួសារ​ហើយ​នោះ វា​នៅ​អាចជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ខ្មែរ​យើង​បាន​មួយចំណែក​ទៀត​ដែរ៕

  • Firmino៖ ខ្សែប្រយុទ្ធ Liverpool មិនមាន​សម្ពាធ​ដើម្បី​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Salah ឡើយ

    Firmino៖ ខ្សែប្រយុទ្ធ Liverpool មិនមាន​សម្ពាធ​ដើម្បី​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Salah ឡើយ

    ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool កំពុងតែ​ផ្តោតទៅលើ​ការ​អភិ​ឌ្ឍ​របស់​ក្លិប និង​មិន​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​នៃ​ការរក​គ្រាប់​បាល់​របស់​តារា​ឆ្នើម Mohamed Salah នៅ​រដូវ​កាល​នេះឡើយ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ខ្សែប្រយុទ្ធ Roberto Firmino។

    តារា​ឆ្នើម​អន្តរជាតិ​អេ​ហ្ស៊ី​ប Salah កំពុងតែ​នាំមុខគេ​ក្នុងការ​ប្រជែង​ដណ្តើម​ស្បែកជើង​មាស​ប្រចាំ​ទ្វីបអឺរ៉ុប ដោយ​នាំមុខ​ពីលើ​ខ្សែប្រយុទ្ធ Lionel Messi របស់​ក្លិប Barcelona ក្រោយពី​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដល់​ទៅ 36គ្រាប់ និង​ជួយ​ឱ្យ​មិត្ត​រួម​ក្រុម​រកបាន 12គ្រាប់​ផ្សេងទៀត ក្នុងការ​បង្ហាញខ្លួន 41លើក រាល់​យុទ្ធនាការ​ទាំងអស់ ក្នុង​រដូវ​កាល​ទី1របស់គេ​នៅឯ​ក្លិប Liverpool។

    នៅពេលដែល​ត្រូវបាន​ចោទ​សួរថា តើ​រូបគេ​មាន​អារម្មណ៍​រង​នូវ​សម្ពាធ​ទៅលើ​ការរំពឹងទុកផ្សេងៗដើម្បី​តាម​ស្មើ​ចំនួន​គ្រាប់​បាល់​របស់​មិត្ត​រួម​ក្រុម​របស់ខ្លួន ឬ​យ៉ាងណា​នោះ។ តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានឱ្យដឹងថា៖ «មិនអាច​ឡើយ។ មនុស្ស​ជាច្រើន​និយាយ​ពី​ភាពខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​យើង ដែល​ក៏មាន SadioMane ផងដែរ ប៉ុន្តែ យើង​មាន​ក្រុម​មួយ​ដែលមាន​គុណភាព​ពេញលេញ​ដែលមាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ប្រយុទ្ធ។

    យើង​ត្រូវតែ​គិត​ជា​លក្ខណៈ​ក្រុម។ កីឡាករ​កាន់តែ​រកបាន​គ្រាប់​បាល់​ច្រើន នោះ​ក្រុម​យើង​ក៏​កាន់តែខ្លាំង​ដែរ។ Liverpool គឺជា​ក្រុម​មួយ​ដែល​ឈ្នះ​ក្នុងស្ថានភាព​នេះ»។ Firmino បាន​ស៊ុត​បាល់​បញ្ចូល​ទី 23គ្រាប់ នៅ​រដូវ​កាល​នេះ ស្រប​ពេលដែល Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី 14គ្រាប់ ខណៈដែល Liverpool កំពុងតែ​នាំមុខ​លើ​តារាង​នៃ​ការ​គ្រាប់​បាល់​នៃ​ក្របខ័ណ្ឌ Champions League តាមរយៈ​ការរកបាន 28គ្រាប់​មកទល់ពេលនេះ៕

    ប្រភពពី៖ Channel News Asia

  • រដ្ឋមន្ត្រីក្រសួង​អប់រំ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

    រដ្ឋមន្ត្រីក្រសួង​អប់រំ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

    គុណភាព និង​ចំណេះដឹង​របស់​ប្រជាជន ជា​ឆ្អឹងខ្នង​របស់​ប្រទេស​ដែល​ការអប់រំ ជា​ធាតុ​សំខាន់បំផុត​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សង្គម​មួយ​ប្រកបដោយ​ភាពរឹងមាំ និង​សក្តានុពល។

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា​បាន​ព្យាយាម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាពសំខាន់ៗដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើយ៉ាងណា​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​ក្លាយជា​កម្លាំង​ពលកម្ម​ស្នូល​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ទីផ្សារការងារ។ ទោះបីជា​យ៉ាងនេះ​ក្តី កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​បង្កើត​ដំណោះស្រាយ​ពី​គ្រប់​សមាសភាព​សង្គម។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដូចជា​បញ្ហា​គុណភាព​អប់រំ ការអនុវត្ត​ស្តង់ដារ​អប់រំ គុណភាព​គ្រូ​នៅមានកម្រិត វិសមភាព​នៃ​ធនធានមនុស្ស​ដែល​ចេញពី​សាលា និង​ទីផ្សារការងារ​ជាក់ស្តែង បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ទីជនបទ សម្ភារ​បរិក្ខារ​ពិសោធ និង​បញ្ហា​មួយចំនួន​ផ្សេងទៀត។ ឯកឧត្តម បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រសួង​បានធ្វើការ​លើកកម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ពិនិត្យ និង​កែលម្អ​សៀវភៅ​សិក្សា​ឡើងវិញ​ឱ្យ​ស្របតាម​កម្មវិធីសិក្សា​ថ្មី ផ្តល់​សម្ភារ​សិក្សា​បច្ចេកទេស​ដើម្បី​រៀន និង​បង្រៀន​ឱ្យបាន​កាន់តែច្រើន និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​តម្រង់ទិស​វិជ្ជាជីវៈ​នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «យើង​ក៏បាន​ជំរុញឱ្យមាន​ការសិក្សា​មុខវិជ្ជា​ស្ទែ​ម (STEM) និង​ការស្រាវជ្រាវ​នៅតាម​គ្រឹះស្ថានសិក្សា និង​ជំរុញឱ្យមាន​ការត្រួតពិនិត្យ​លើ​ការគ្រប់គ្រង​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស»។

    គួរ​រំឭក​ផងដែរ​ថា ក្រសួង​អប់រំ​បានធ្វើ​ការសហកា​រ​ជាមួយនឹង​ស្ថាប័ន​ជាច្រើន ដើម្បី​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ដល់​សិស្ស​ឱ្យមាន​ភាពស្មើគ្នា​លើ​ការអប់រំ ដោយ​ការបណ្តុះបណ្តាល​គ្រូ​ឱ្យមាន​ចំនួន​កាន់តែច្រើន រួមទាំង​ជំរុញ​ឱ្យ​អគារ​អប់រំ ធនធាន និង​សាលា​គំរូ​ជាច្រើន​នៅ​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​ស្វែងយល់​ពី​គំហើញថ្មីៗដោយមាន​ការពិសោធ​ជាក់ស្តែង​តែម្តង៕

  • Ronaldo បញ្ជាក់ថា ការជឿជាក់​លើ​ខ្លួនឯង គឺជា​គន្លឹះ​នាំទៅរក​ជ័យជម្នះ

    Ronaldo បញ្ជាក់ថា ការជឿជាក់​លើ​ខ្លួនឯង គឺជា​គន្លឹះ​នាំទៅរក​ជ័យជម្នះ

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​បញ្ជាក់ថា កូនសោ​ក្នុងការ​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​របស់គេ គឺជា​ការមិន​ជឿជាក់​លើ​នរណា​ទាំងអស់​ក្រៅពី​ខ្លួនឯង ហើយ​រូបគេ​បាន​ណែនាំ​ឱ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គេ​គួរ​ប្រកាន់យក​ឥរិយាបថ​ដូចគ្នានេះ។

    តារា​ឆ្នើម​របស់​ក្លិប Real Madrid រូបនេះ បាន​បញ្ចេញមតិ​របស់​ខ្លួន​នៅពេលដែល​រូបគេ​បានទទួល​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ទីក្រុង Lisbon។ Ronaldo ដែល​បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន Euro ឆ្នាំ2016 ហើយ​បច្ចុប្បន្ន​កំពុងតែ​ផ្តោតអារម្មណ៍​ទៅលើ​ការ​ប្រជែង​ពាន World Cup ឆ្នាំ2018នោះ បានឱ្យដឹងថា៖ «យើង​គួរតែ​ជឿជាក់ថា យើង​ជា​ក្រុម​ខ្លាំង​បំផុត»។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្នក​ត្រូវតែ​គិត​ឱ្យបាន​ខ្ពស់។ ខ្ញុំ​តែងតែ​ជឿជាក់ថា គ្មាន​នរណាម្នាក់​ល្អប្រសើរ​ជាង​ខ្លួន​ខ្ញុំ​ឡើយ ក្នុងពេល​ស្ថិតនៅលើ​ទីលាន​ប្រកួត»។

    Ronaldo បាន​បន្ថែមទៀតថា៖ «ក្នុង​កម្រិត​បុគ្គលិក និង​ជា​ក្រុម ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​បានឈ្នះ​ពាន5 (ដែល​រួមមាន Champions League, UEFA Supercup, World Club Cup, La Liga និង ពាន Supercup របស់​អេ​ស្ប៉ា​ញ) ក៏ដូចជា​ពាន Ballon D’Or និង FIFA ‘Best»។

    Ronaldo ដែល​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក Ballon D’Or 5សម័យ​កាលនោះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅក្នុង​ទីក្រុង Lisbon ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​នឹងត្រូវ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​សុក្រ​នេះ និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្នុង​រយៈពេល 3ថ្ងៃ​ក្រោយមក៕

    ប្រភពពី៖ Channel News Asia

  • ឈឺ​ថ្កាត់​ពេល​មានគភ៌ ត្រូវ​ទប់ទល់​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន?

    ឈឺ​ថ្កាត់​ពេល​មានគភ៌ ត្រូវ​ទប់ទល់​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន?

    អា​ការឈឺ​ថ្កាត់​បន្តិចបន្តួច​សម្រាប់នារីៗទូទៅ​ជា​រឿង​ដែល​មិនមាន​គ្រោះថ្នាក់ ឬ​គួរឱ្យខ្លាច​អ្វី​នោះទេ គឺអាច​មើលថែទាំ​ខ្លួនឯង​ឱ្យ​ជា​ឡើងវិញ​បាន​ដោយ​ការ​ញ៉ាំ​ថ្នាំ​បែប​មិនចាំបាច់​ពឹង​គ្រូពេទ្យ​ក៏បានតែបើ​ជានា​រី​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​តាំង​គភ៌ ហើយ​កើតមាន​អា​ការឈឺ​ថ្កាត់​ឡើង​នោះ ការមើល​ថែទាំ​ខ្លួន​នឹងត្រូវ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ខ្លាំង​ជាង​មនុស្ស​ទូទៅ​ច្រើនណាស់។

    ព្រោះ​កូនតូច​នៅក្នុង​គភ៌​កំពុងស្ថិត​ក្នុងអំឡុងពេល​ដែល​ប្រព័ន្ធ​ការពារ​ជំងឺ​មិនទាន់​ជា​រឹងមាំ​ប៉ុន្មាន​ឡើយ ខ្លាចក្រែង​ថា ទារក​ក្នុង​ផ្ទៃ​នឹងមិន​ពេញលក្ខណៈ មាន​វិវឌ្ឍនាការ​ចម្រើន​ធំធាត់​មិនបាន​ល្អ ដោយសារតែ​ស្ត្រី​មានគភ៌​មានឱកាស​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ។

    អា​ការឈឺ​ថ្កាត់ ឬ​គ្រុនក្ដៅផ្សេងៗដែល​កើតឡើង មិនគួរ​ទិញ​ថ្នាំ​យកមក​ញ៉ាំ​ដោយ​ខ្លួនឯង​នោះទេ តែ​គួរតែ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​អាការ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​កូនតូច​មានសុវត្ថិភាព និង​ព្យាបាល​អាការ​ជំងឺ​បាន​យ៉ាង​ចំ​ចំណុច​បំផុត។

    ការមើល​ថែទាំ​ខ្លួន​ពេល​ស្ត្រី​មានគភ៌​កើត​ជំងឺ​គ្រុនក្ដៅ

    កម្រិត​នៃ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុងអំឡុងពេល​តាំង​គភ៌​ធ្លាក់ចុះ​ទាប រហូត​ធ្វើឱ្យ​កើត​អាការ​ងាយ​នឹង​ឈឺ​ថ្កាត់។ មេរោគ​បាក់តេរី​នៅក្នុង​ខ្យល់អាកាស​ដែល​មើលមិនឃើញ​ចូលមក​ប៉ះពាល់​រាងកាយ​រហូត​ធ្វើឱ្យ​កើត​អា​ការមិន​ស្រួលខ្លួន និង​ក្លាយជា​ជំងឺ​គ្រុនក្ដៅ​នៅ​ទីបំផុត។ នៅពេល​ឈឺ​ថ្កាត់​ហើយ អាការ​នឹង​ធ្ងន់ធ្ងរ និង​ប្រើ​រយៈពេល​យូរ​ក្នុងការ​ព្យាបាល​ច្រើនជាង​ប្រក្រតី។ ការព្យាបាល​ដោយ​ថ្នាំ​ដែល​ទិញ​ដោយ​ខ្លួនឯង តែ Baby and Mom សូម​ណែនាំ​ថា ស្ត្រី​មានគភ៌​គួរ​ចៀសវាង​យ៉ាង​ដាច់ខាត ព្រោះ​អាច​ប្រថុយប្រថាន​នឹង​ផល​បន្ទាប់បន្សំ​ពី​ថ្នាំ​ដែល​អាច​នឹង​ចូលទៅ​ប៉ះពាល់​ដល់​កូនតូច​នៅក្នុង​គភ៌។

    បើ​ស្ត្រី​មានគភ៌​គ្រុន​ក្ដៅខ្លួន​ខ្លាំង​អាច​នឹងត្រូវ​រកឃើញ​ទៀតថា មាន​ផលប៉ះពាល់​ធ្វើឱ្យ​បេះដូង​របស់​ទារក​ក្នុង​គភ៌​លោត​ញាប់​ខ្លាំង​ឡើង ហុច​ផលប៉ះពាល់​ដល់​កម្មវិធី​នៃ​ការ​ចម្រើន​ធំធាត់​របស់​ទារក បើ​មិន​ប្រញាប់​ធ្វើការ​រក្សា​ព្យាបាល​យ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ទេនោះ។

    ការព្យាបាល​អាការ​គ្រុនក្ដៅ​ខ្លួន ស្ត្រី​មាន​ផ្ទៃពោះ​គួរ​មើលថែទាំ​ខ្លួនឯង បញ្ចុះ​កម្ដៅ​មិនឱ្យ​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​ដោយ​ការ​ជូត​ខ្លួន​ដោយ​ជ្រើសរើស​ប្រើ​ទឹក​ក្នុង​សីតុណ្ហភាព​ធម្មតាដោយ​ធ្វើការ​ជូត​បញ្ច្រាស​រន្ធ​រោម​ឡើង​មកលើ​ដើម្បីឱ្យ​រាងកាយ​បន្ថយកម្ដៅ​បាន​ច្រើន​បំផុត។ ចំណែក​ការ​លេបថ្នាំ​វិញ ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែល​ស្ត្រី​មានគភ៌​ទៅពិនិត្យ​ផ្ទៃពោះ​នោះឱ្យ​ច្បាស់​ជាមុនសិន។

    ការមើល​ថែទាំ​ខ្លួន ពេល​ស្ត្រី​មាន​ផ្ទៃពោះ​កើត​អាការ​រាករូស

    អាការ​រាករូស​ដែល​ប្រទះឃើញ​ញឹកញាប់​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ អាចបែងចែក​ជា 2 ក្រុម​ធំ​គឺ រាករូស​ដែល​បណ្ដាលមកពី​មេរោគ​បាក់តេរី​និង​មិនបាន​បណ្ដាលមកពី​ការឆ្លង​មេរោគ។ ការរក្សា​ព្យាបាល​គួរ​ការពារ​រាងកាយ​កុំឱ្យ​កើត​សភាវ​ខ្វះ​ជាតិ​ទឹក។ គោលការណ៍​គឺ រឹតតែ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ច្រើន​ប៉ុន្មាន ចូរ​បន្ថែម​ជំនួស​ដោយ​ជាតិ​ទឹក​ច្រើនឡើង​ប៉ុន​នោះដែរ អាច​នឹងតាមរយៈ​ការ​ញ៉ាំ​ទឹកអំបិល​រ៉ែ ឬ​ទឹកស្អាត​ធម្មតា ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ។ ក្នុង​សភាវ​រាករូស ពោះវៀន​ថែមទាំង​មាន​អាការ​ហើម​ទៀតផង ដូច្នេះ​គួរ​ថែទាំ​ខ្លួនឯង​ដោយ​ការជ្រើសរើស​ញ៉ាំ​អាហារ​ណា​ដែល​ងាយស្រួល​រំលាយ និង​មាន​ប្រយោជន៍ ដូចជា បបរស បបរ​សាច់​ត្រី និង​សង្កត់ធ្ងន់​លើ​អាហារ​ប្រភេទ​ស្ងោរ ចំហុយ​ដែល​រសជាតិ​មិន​ប្រៃ​ខ្លាំង ហឹរ​ខ្លាំង ឬ​ផ្អែម​ខ្លាំងយកបែបសាបៗជា​ចម្បង ដើម្បីឱ្យ​រាងកាយ​បាន​សម្របសម្រួល​ខ្លួនសន្សឹមៗ កូន​ក្នុង​ផ្ទៃ​នឹងមាន​សុវត្ថិភាព ថែមទាំង​បានទទួល​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​យ៉ាង​ពេញលេញ​ទៀតផង។

    ក្រៅពីនេះ នៅមាន​អាការរោគផ្សេងៗទៀត​ដែល​ប្រទះឃើញ​នៅលើ​ស្ត្រី​មានគភ៌ ច្រើនតែ​ជា​អា​ការដែល​ជួបប្រទះ​ទូទៅ ដោយសារតែ​ប្រព័ន្ធ​ប្រែប្រួល​របស់​រាងកាយ​ដែល​ខុសពី​ប្រក្រតី។

    ការទទួល​ទាន​អាហារ​ដែលមាន​ប្រយោជន៍ ឧស្សាហ៍​មើលថែទាំ​សុខភាព​ខ្លួនឯង​មិនឱ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​ថ្នាំ​នឹង​ហុច​ផល​ឱ្យ​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​គភ៌​រឹងប៉ឹងធំធាត់​ឡើង​តាម​ប្រក្រតី៕

  • RUUD VAN NISTELROOY រំភើប​ចូលរួម​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE ដែល​នាំ​ជូន​ដោយ HEINEKEN® សម្រាប់​អ្នកគាំទ្រ​កម្ពុជា

    RUUD VAN NISTELROOY រំភើប​ចូលរួម​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE ដែល​នាំ​ជូន​ដោយ HEINEKEN® សម្រាប់​អ្នកគាំទ្រ​កម្ពុជា

    ភ្នំពេញ៖ កាល​ថ្ងៃទី 14 ខែមីនា លោក Ruud van Nistelrooy វីរបុរស​បាល់ទាត់ UEFA Champions League សញ្ជាតិ​ហូ​ឡង់ បាន​សម្តែង​ភាព​រំភើប​រីករាយ​ក្នុងការ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ដែល​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើកទីមួយ​ចាប់ពី​ថ្ងៃទី2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018 ខាងមុខនេះ។

    លោក Ruud van Nistelrooy ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់គាត់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន 150 គ្រាប់​ក្នុង 219 ប្រកួត​សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ​ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប​របស់​ក្លិប​នេះ។ កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ល្បីឈ្មោះ​ជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​បី​សម័យកាល​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដែល​លោក​បាន​បង្ហាញខ្លួន​ចំនួន 81 លើក ដោយ​ស៊ុត​បញ្ចូល​ទី​បាន 60គ្រាប់។

    ដោយសារ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បាន​កាន់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​ដើម្បី​ចែករំលែក​ផ្សព្វផ្សាយ​ម​ហិ​ច្ឆិ​តា​ចំពោះ​ការប្រកួត​ក្របខ័ណ្ឌ​នេះ​ជាមួយ​អ្នកគាំទ្រ​បាល់ទាត់​ទូទាំង​ពិភពលោក។

    លោក​រំភើប​ខ្លាំងណាស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន​នឹងមាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស​ជាមួយ​លោក Ruud van Nistelrooy ។

    កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុងការ​ចូលរួម​ទទួលបាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនាការ​ប្រកួត​នេះ​តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀរ Heineken® ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”។

    ក្នុង​ប្រវត្តិសាស្ត្រ​ដប់​មួយឆ្នាំ​របស់​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​បាន​ទៅដល់ 26 ប្រទេស​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក អាស៊ី  អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង។ ឥឡូវ​កម្មវិធី​នេះ​នឹងធ្វើ​ដំណើរ​មកដល់​កម្ពុ​ជា​តាមរយៈ​ស្រា​បៀរ Heineken® ។

    ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅក្នុង​ប្រទេស​កម្ពុជា និង​ឱកាស​សម្រាប់​អ្នកគាំទ្រ​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗនឹងធ្វើ​ការចេញផ្សាយ​ក្នុងពេលឆាប់ៗនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត សូម​ចូល​មើល​គេហទំព័រ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ