Author: វល័ក្ខ

  • លោកជំទាវ អ៊ុក ម៉ាលី៖ ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលផល​ចំណេញ

    លោកជំទាវ អ៊ុក ម៉ាលី៖ ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលផល​ចំណេញ

    បច្ចុប្បន្ន​គេ​សង្កេតឃើញថា ប្រាក់​ដុល្លារ​អាមេរិក​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​យ៉ាង​ទូលំទូលាយ ដែល​ប្រើប្រាស់​ដោយ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​រួមទាំង​ជនបរទេស​ផងដែរ​តាមរយៈ​ជំនួយ ការបណ្តាក់ទុន និង​ទេសចរណ៍​ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​មិនទាន់​បានដឹងថា តើ​ប្រាក់​ដុល្លារ​នេះ​ចាប់ផ្តើម​ចរាចរ​ចូលមក​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ពេលណា​មក ហើយ​ប៉ះពាល់​ដល់​រូបិយវត្ថុ​ជាតិ(ប្រាក់រៀល)យ៉ាងដូចម្តេច​នោះទេ?។

    លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឱ្យដឹង​ក្នុង​ទិវា​ប្រាក់រៀល និង​អបអរសាទរ​ខួប​លើក​ទី38 នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​កាលពី​សប្តាហ៍​មុន​ថា កម្ពុជា​បានចាប់ផ្តើម​មាន​រូបិយ​វត្ថុ​ដែល​រួមចំណែក​តំណាងឱ្យ​និមិត្តរូប  និង​អធិបតេយ្យភាព​ជាតិ និង​បម្រើ​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម។ ជាការ​ពិតណាស់ នៅ​រយៈកាល​ដំបូងនៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ កម្ពុជា​ជួបនឹង​ឧបសគ្គធំៗជាច្រើន ដោយសារ​ប្រជាជន​មិនសូវមាន​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​របស់​ជាតិ ហើយ​សេដ្ឋកិច្ច​កំពុងស្ថិត​ក្នុង​ភាព​ខ្សត់ខ្សោយ និង​ប្រជាជន​នៅមាន​ការភ័យខ្លាច​ពី​សង្គ្រាមស៊ីវិល​នៅឡើយ។

    នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ1980 ប្រជាពលរដ្ឋ​នៅតែ​ធ្វើការ​ដោះដូរ​ទំនិញ​ជាមួយនឹង​វត្ថុផ្សេងៗដូចជា​មាស ប្រាក់ អង្ករ និង​របស់របរ​ប្រើប្រាស់​មានតម្លៃ​មួយចំនួនទៀត បើទោះបីជា​ប្រាក់រៀល​មាន​វត្តមានហើយក៏​ដោយ។

    នៅពេលនោះ រដ្ឋាភិបាល​បាន​ខិតខំ​បញ្ចូល​ការប្រើប្រាស់​ប្រាក់រៀល​ទៅក្នុង​សេដ្ឋកិច្ចជាតិ​ជា​លំដាប់​តាមរយៈ​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​រដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ និង​ការចំណាយ​របស់​រដ្ឋ ជាពិសេស​លើ​ការទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ និង​ការផ្តល់​ឥណទាន​ដល់​សហគ្រាស​រដ្ឋ និង​ប្រជាជន​ដើម្បី​ស្តារ​ផលិតកម្ម​ក្នុងស្រុក ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​ឡើងវិញ។

    ទោះ​យ៉ាងណា ស្ថិតក្នុង​ស្ថានភាព​អូសបន្លាយ​នៃ​សង្គ្រាមស៊ីវិល​គួបផ្សំ​នឹង​ការហូរចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ1992-1993ដែល​នាំមក​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា(UNTAC)បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ដែល​កំពុងមាន​ជំនឿ​ចិត្តទន់​ខ្សោយ​មកលើ​ប្រាក់រៀល​ស្រាប់​ផង​នោះ ក៏​ទទួលយក​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ1990នោះមក​តែម្ដង។

    ស្រប​ពេលដែល​ប្រាក់​ដុល្លារ​ធ្វើ​ចរាចរណ៍​កាន់តែច្រើនឡើងៗនោះ បានធ្វើឱ្យ​ប្រាក់រៀល​ទទួល​រង​នូវ​បញ្ហា​ប្រឈម​ដ៏​ធំថ្មី​មួយទៀត​គឺ បញ្ហា​ដុល្លា​រូបនីយកម្ម​ខ្ពស់​ដែល​តាម​បទពិសោធ​អន្តរជាតិ​បានបង្ហាញថា កម្ពុជា​នៅ​ត្រូវការ​ពេលវេលា​យូរ និង​កិច្ចខិតខំ​ប្រឹងប្រែង​ច្រើន​តទៅទៀត​ទាំងពី​សំណាក់​អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​កម្រិត​ដុល្លា​រូបនីយកម្ម​ពី​សេដ្ឋកិច្ច​របស់ខ្លួន។

    ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​បន្ត​ហូរ​ចូលមក​កម្ពុជា​តាមរយៈ​ជំនួយ ការវិនិយោគ និង​ចំណូល​ពី​ការនាំចេញ និង​ទេសចរណ៍ ខណៈពេលដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​បើកទូលាយ​ទៅកាន់​ពិភពលោក។ លំហូរ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ទាំងនេះ​បានធ្វើឱ្យ​កម្រិត​ដុល្លា​រូបនីយកម្ម​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​រហូតដល់83% (ដែល​វាស់វែង​ដោយ​ផលធៀប​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ និង​រូបិយវត្ថុ​ទូទៅ – FCD/M2)។

    ទោះយ៉ាងណា កម្ពុជា​ក៏​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រាក់​ដុល្លារ​អាមេរិក នា​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​ទន់ខ្សោយ រួម​នឹង​ជំនឿ​ទុកចិត្ត​ដ៏​តិចតួច​លើ​រូបិយវត្ថុ​ជាតិ​ផងដែរ​នោះ។ ក៏ប៉ុន្តែ​នៅពេលដែល​ទំហំ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកធំឡើង ដុល្លា​រូបនីយកម្ម​បាន​បង្កើន​ការចំណាយ និង​ភាព​ងាយ​រងគ្រោះ​មកលើ​សេដ្ឋកិច្ចកម្ពុជា ដោយសារតែ​ដុល្លា​រូបនីយកម្ម​បានដាក់​កំហិត​លើ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​កំណត់​កម្រិត​អត្រា​ការប្រាក់​សមស្រប​ដើម្បី​គាំទ្រ​ការវិនិយោគ​ក៏ដូចជា​កំណើនសេដ្ឋកិច្ច។

    លោកជំទាវ​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​កម្ពុជា​ទទួលបាន​ផលចំណេញចម្បងៗទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដូចជា៖

    1.ពង្រឹង​អត្តសញ្ញាណ​ជាតិ ដោយសារ​ប្រាក់រៀល​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ផងដែរ។

    2.បង្កើន​ទុនបម្រុង​ជាតិ​របស់​កម្ពុជា​ដែល​ពង្រឹង​ភាព​ធន់​មាំ​នៃ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ។

    3.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​តម្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    4.ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​អត្រា​ប្តូរប្រាក់​ដែល​នឹង​រួមចំណែក​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​រួមចំណែក​ជួយ​សេដ្ឋកិច្ច​នៅពេល​មានការ​ប៉ះទង្គិច​ជាយថាហេតុ​ណាមួយ។

    5.បង្កើន​ចំណូល​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ដែល​នឹង​រួមចំណែក​បង្កើន​ចំណូល​ជូន​រាជរដ្ឋាភិបាល​ដើម្បី​យកទៅ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការចំណាយ​សាធារណៈ​ជាដើម។

    និង6.ពង្រឹង​អធិបតេយ្យភាព​រូបិយវត្ថុ ដោយ​កាត់បន្ថយ​ភាព​ងាយ​រង​ឥទ្ធិពល​ពី​ការប្រែប្រួល​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ។

    គួរ​បញ្ជាក់ថា ក្នុង​រយៈពេល 20ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​ក្នុង​អត្រា​មធ្យម​ប្រមាណ 7% ជាមួយ​អតិផរណា​ទាប​ប្រមាណ3%។ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​អត្រា​មធ្យម​ប្រមាណ4,025 រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ហើយ​ទុនបម្រុង​ជាតិ​បាន​កើន​ដល់​កម្រិត​ខ្ពស់ និង​អាច​ទូទាត់​ការនាំ​ចូល​ទំនិញ និង​សេវា​បាន 6ខែ ដែល​ខ្ពស់ជាង​កម្រិត​គួរ​មាន​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍(3ខែ)។

    កត្តា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ទាំងនេះ គឺជា​មូលដ្ឋានគ្រឹះ និង​ជា​បុ​រេ​លក្ខខណ្ឌ​ដ៏​រឹងមាំ​មួយ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ។ ជាក់ស្តែង​រូបិយវត្ថុ​ក្នុង​ច​រាចរណ៍ និង​ប្រាក់​បញ្ញើ​ជា​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើងជា​មធ្យម16% និង 19% រៀង​គ្នា។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​ប្រាក់រៀល​នាពេល​បច្ចុប្បន្ន​នៅតែមាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ៕

  • ធនាគារពិភពលោក៖ សេវា​ថាមពល​កើនឡើង ប៉ុន្តែ​គុណភាព​ត្រូវតែ​កែលម្អ

    ធនាគារពិភពលោក៖ សេវា​ថាមពល​កើនឡើង ប៉ុន្តែ​គុណភាព​ត្រូវតែ​កែលម្អ

    របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បាន​រកឃើញថា កម្ពុជា​ទទួលបាន​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ដោយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​កាន់​តែ​ធំ​ទូលាយ​រហូតដល់ 71.5ភាគរយ​នៃ​គ្រួសារ​នៅ​ទូទាំងប្រទេស  ប៉ុន្តែ​សេវាកម្ម​ផ្គត់ផ្គង់​ត្រូវតែ​កែសម្រួល​ឱ្យ​ប្រសើរ​ជាង​នេះ ដោយសារ​ប្រជាជន​រហូត 33ភាគរយ នៅតែ​ត្អួ​ញ​ត្អែ​រ​ពី​ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី។

    របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រោម​ចំណងជើង​ថា កម្ពុជា​លើសពី​ការតភ្ជាប់​បណ្តាញ៖ ការវិនិច្ឆ័យ​តាម​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​លើ​លទ្ធភាព​ទទួលបាន​ថាមពល​បាន​រកឃើញថា នៅ​ទូទាំងប្រទេស គ្រួសារ​ជនកម្ពុជា​ចំនួន​ជិត 90ភាគរយ​មានលទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​យ៉ាងហោចណាស់​រយៈពេល 4ម៉ោង​ក្នុង1ថ្ងៃ។

    របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដដែល​បានឱ្យដឹងថា នៅ​តំបន់​ជនបទ​បច្ចុប្បន្ន​មានគ្រួសារ​ចំនួន 30ភាគរយ​ដែល​ពឹង​ផ្អែកលើ​ប្រភព​ថាមពល​អគ្គិសនី​មិនមែនបណ្តាញ​ចែកចាយ​រដ្ឋ​ដើម្បី​ទទួលបាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ក្នុងនោះ​មាន​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​លំនៅឋាន ចង្កៀងគោម​ប្រើ​ថាមពលព្រះអាទិត្យ និង​អាគុយ​សាក​ភ្លើង។

    ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ និង​ចែកចាយ​ចរន្ត  ឱ្យបាន​កាន់តែ​ល្អ ក៏ដូចជា​ការលើកកម្ពស់​ពង្រីក​ការតភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​រដ្ឋ និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្រូប​ថាមពលព្រះអាទិត្យតាម​លំនៅឋាន និង​នាំឱ្យ​កម្ពុជា​ពង្រឹង​បាន​កាន់តែ​រឹងមាំ​នូវ​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់ខ្លួន។

    បើទោះបីជា​កំណើន​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​ភាពប្រសើរឡើង​យ៉ាងណាក៏ដោយ ប៉ុន្តែ​គុណភាព​របស់​សេវាកម្ម​នៅ​អន់ថយ​នៅឡើយ ដែល​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការរស់នៅ និង ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ។

    របាយការណ៍​នោះបាន​ឱ្យដឹងថា បញ្ហា​ប្រឈម​ធំជាងគេ​គឺ ភាព​ទុកចិត្តបាន (ការ​ដាច់​ចរន្ត​ញឹកញាប់)និង​គុណភាព (បញ្ហា​តង់ស្យុង​ឡើង​ចុះ)នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ ដោយសារ​ជាង​ពាក់កណ្តាល​នៃ​លំនៅឋាន​ដែល​ភ្ជាប់​ចរន្តអគ្គិសនី​ជាមួយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ​បាន​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជាង 14លើក​ក្នុង​មួយ​សប្តាហ៍ (ជា​មធ្យម​ប្រហែល 6នាទី​ក្នុង​មួយ​លើក)។ 33ភាគរយ​នៃ​អ្នកប្រើប្រាស់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ​និយាយថា ពួកគេ​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​តង់ស្យុង​អគ្គិសនី​ឡើង​ចុះ​ខ្លាំងណាស់។

    លោកស្រី អុ​ី​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ថាមពល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី ហើយ​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាសាធារណៈ​ដែល​ពង្រីក​ឱកាស​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ជីវភាព​ប្រកបដោយ​ផាសុកភាព និង​គុណភាព​កាន់តែ​ល្អ​ជាង​មុន។

    លោកស្រី​ថែមទាំង​បាន​បញ្ជាក់ថា៖ “កម្ពុជា​ជា​ប្រទេស​ទី1នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​ត្រូវបានធ្វើ​ការអង្កេត​អភិក្រម​ក្របខ័ណ្ឌ​ពហុ​លំដាប់​នេះ​ដែល​ផ្តល់​ទិន្នន័យ​ពិស្តារ​ស្តីពី​លទ្ធភាព​ទទួលបាន​ថាមពល​អគ្គិសនី​តាម​គ្រួសារ សម្រាប់​យកទៅ​ពង្រឹង​ការរៀបចំ​គោលនយោបាយ​ក្នុង​វិស័យ​ថាមពល​នេះ។

    ឯកឧត្តម ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទទួលស្គាល់ថា  គុណភាព​របស់​សេវាកម្ម​អគ្គិសនី​ពិតជា​នៅ​ខ្សោយ​មែន ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែមទៀត​សម្រាប់​ធានា​ដល់​ការរីកចម្រើន​នៃ​អាជីវកម្ម ដែលជា​ផ្នែក​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង។ ឯកឧត្តម ទី នរិន្ទ បាន​បញ្ជាក់ថា៖ “កម្ពុជា​សម្រេចបាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​ចរន្តអគ្គិសនី​ទៅដល់​បណ្តា​ភូមិ​នានា និង​អ្នកប្រើប្រាស់ ក៏ប៉ុន្តែ​វឌ្ឍនភាព​នេះ​ក៏​ទទួលបាន​នៅក្នុង​តម្លៃ​ខាតបង់​មួយ​ដែរ។ អាស្រ័យហេតុនេះ ពេលនេះ​ជា​ពេលដែល​យើង​ត្រូវ​បង្វែរ​ការយកចិត្តទុកដាក់​របស់​យើង​ទៅ​ពង្រឹង​ភាព​គួរ​ទុកចិត្តបាន និង​គុណភាព​នៃ​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ និង​ធុរកិច្ច​លួត​លាស់​បានល្អ។

    ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់បាន​អះអាង​កាលពីពេល​កន្លងមក​ថា ដំណើរការ​ទំនប់​សេ​សាន្ត​ក្រោម2 នឹងធ្វើ​ឱ្យ​វិស័យ​ថាមពល​នៅ​កម្ពុជា​កាន់​តែមាន​ស្ថេរភាព ដោយ​កម្ពុជា​នឹង​កាត់បន្ថយ​ការខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ការផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន​ដែលមាន​កំណើន​ក្នុង​រង្វង់​ជិត 20ភាគរយ​ប្រចាំឆ្នាំ បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន្ត​ក្រោម2 ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង​វៀតណាម។

    ឯកឧត្តម ស៊ុយ សែម បាន​អះអាងថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម2 ដែល​សាងសង់ឡើង​នៅ​ខេត្តស្ទឹងត្រែង​នឹងមាន​កម្លាំង​ផលិត​ថាមពល​សរុប 400មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយ​ម៉ោង ខណៈដែល​ការផលិត​ថាមពល​នឹងធ្វើ​ឡើង​នៅ​ចុង​ខែតុលា​សម្រាប់​តួប៊ីន​ទី1 រីឯ​តួប៊ីន7ផ្សេងទៀត​នឹងត្រូវ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ2018នេះ។

    របាយការណ៍​របស់​អា​ជ្ញា​ធរ​អគ្គិសនី​កម្ពុជា​បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ2016 ការតភ្ជាប់​បណ្តាញ​បាន​ចំនួន 100,589ភូមិ​នៅ​ទូទាំងប្រទេស​ដែល​ស្មើនឹង74.74%នៃ​ភូមិ​សរុប​នៅ​ទូទាំងប្រទេស ហើយភ្ជាប់​ចរន្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន​ចំនួន 191ម៉ឺន​ខ្នង​ផ្ទះ ត្រូវជា 58%នៃ​ចំនួន​ខ្នង​ផ្ទះ​សរុប។

    របាយការណ៍​ដដែល​បាន​បន្ថែមថា ចំពោះ​កា​រត​ភ្ចា​ប់​បណ្តាញ​អគ្គិសនី​ជាតិ បច្ចុប្បន្ននេះ​មាន​ខ្សែបណ្តាញ​តង់ស្យុង​ខ្ពស់ 115គីឡូវ៉ុល និង 230គីឡូវ៉ុល​ប្រវែង 1,525គីឡូម៉ែត្រ និង​មាន​អនុ​ស្ថានីយ​ចំនួន25កន្លែង​ដែល​គ្របដណ្តប់​លើ​ខេត្ត​ក្រុង​ចំនួន14រួចហើយ និង​ភ្ជាប់​បន្ថែម​នៅ​ខេត្ត​ចំនួន 9ផ្សេងទៀត​នៅ​ឆ្នាំ2018 ហើយ​ខេត្ត​ពីរ​ចុងក្រោយ​គឺ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងត្រូវ​ភ្ជាប់​នៅ​ដើមឆ្នាំ2020៕

  • មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សរសើរ​ពី​សេដ្ឋកិច្ចកម្ពុជា

    មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សរសើរ​ពី​សេដ្ឋកិច្ចកម្ពុជា

    បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រយៈពេល10ថ្ងៃ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដោយ​លើកសរសើរ​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។

    លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត បានលើកឡើង​នៅក្នុង​របាយការណ៍​នោះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​បានផ្តល់​ធនធាន​សម្រាប់​ការលើកកម្ពស់​កិច្ចការពារ​សង្គម និង​ការទទួលបាន​ការអប់រំ ការងារ និង​កិច្ច​គាំពារ​សុខភាព​សមរម្យ «ខ្ញុំ​រីករាយ​ចំពោះ​ផែនការអភិវឌ្ឍន៍ សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​សុខភាព និង​ធ្វើការ​ឈានទៅរក​លទ្ធភាព​ទទួលបាន​កិច្ច​គាំពារ​សុខភាព​ជាស​កល»។

    ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ លោក​ថា កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 ដោយ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជា​សារ​វ័​ន្ត នៃ​ការកែទម្រង់សំខាន់ៗ និង​ជា​បន្តបន្ទាប់។

    ផ្អែកលើ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​ធានាបាន​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស​ធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន។ ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស. តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ អាមេរិក​ក្នុង​ឆ្នាំ2013 ដល់89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ អាមេរិក​នៅ​ឆ្នាំ2018៕

  • គេហទំព័រ​វេទិកា​សេដ្ឋកិច្ចពិភពលោក៖ មនុស្ស​យន្ត​នឹង​អាច​ជំនួស​គ្រូ​បាន​ក្នុង​ឆ្នាំ2027

    គេហទំព័រ​វេទិកា​សេដ្ឋកិច្ចពិភពលោក៖ មនុស្ស​យន្ត​នឹង​អាច​ជំនួស​គ្រូ​បាន​ក្នុង​ឆ្នាំ2027

    ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​បាន​រីកចម្រើន និង​មានការ​ផ្លាស់ប្តូរ​យ៉ាង​លឿន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ នាពេល​បច្ចុប្បន្ននេះ តាមរយៈ​ការអភិវឌ្ឍ​លើ​ប្រព័ន្ធ​អន​ឡាញ ថ្នាក់រៀន​នៅក្នុង​ប្រទេស​មួយចំនួន​គឺអាច​ធ្វើទៅបាន​បើទោះបីជា​អវត្តមាន​គ្រូបង្រៀន​ក៏ដោយ។

    លោក Anthony Seldon អ្នកជំនាញ​អប់រំ​នៃ​ចក្រភព​អង់គ្លេស បានលើកឡើង​នៅក្នុង​ទិវា​វិទ្យាសាស្ត្រ​ថា មនុស្ស​យន្ត​អាច​នឹង​ជំនួស​គ្រូ​បាន​នៅក្នុង​ឆ្នាំ 2027ខាងមុខ។ លោក​ជា​អ្នកជំនាញ​ដំបូង​គេ​បំផុត ដែល​ហ៊ាន​កំណត់​ពេលវេលា​ច្បាស់លាស់​ពី​បំ​ផ្លាស់ប្ដូរ​ក្នុង​វិស័យ​អប់រំ ឬ​ការបង្ហាត់បង្រៀន​ពី​ការងារ​របស់​មនុស្ស​ទៅជា​ការងារ​របស់​ម៉ាស៊ីន​វិញ (automation of education)។ តែ​ទោះជា​យ៉ាងនេះ​ក្តី គាត់​ក៏​មិនមែនជា​អ្នកវិទ្យាសាស្ត្រ​ដំបូង​គេ​ដែរ​ដែល​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​គ្រឿង​ម៉ាស៊ីន​ក្នុងការ​ជំនួស​តំណែង​មនុស្ស។

    ទោះជា​យ៉ាងនេះ​ក្តី ការស្រាវជ្រាវ​ពី​ខួរក្បាល​សិប្បនិម្មិត (Artificial Intelligent = AI) បានបង្ហាញ​ឱ្យឃើញថា កម្មវិធី​ដែល​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ទាំង​អស់​នៅលើ​មនុស្ស​យន្ត​អាចធ្វើឱ្យ​មនុស្ស​កាន់តែ​ងាយស្រួល តែ​វា​ក៏​អាច​ឆក់យក​ឱកាស​ការងារ​ពី​មនុស្ស​ជាច្រើន ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សេដ្ឋកិច្ចពិភពលោក​ផងដែរ។ ខណៈពេលដែល​អ្នកជំនាញ​មួយចំនួនទៀត​បានលើកឡើង​ថា ទោះបីជា​វា​មានគុណ​វិបត្តិ​ខ្លះ​ក្តី​តែ​វា​នៅតែ​ក្លាយជា​ចំណុច​ដែល​ត្រូវ​ពិចារណា​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​ប្រើប្រាស់​វា​ឱ្យមាន​តុល្យភាព និង​ជួយ​ដល់​ពិភពលោក។

    គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​មួយចំនួន​បាន និង​កំពុង​ពិចារណា​ក្នុងការ​បង្កើត​ច្បាប់​គ្រប់គ្រង​លើ​របកគំហើញ​ទាំងអស់នេះ ជាពិសេស​លើ​ខួរក្បាល​សិប្បនិម្មិត ដើម្បី​កុំឱ្យ​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​វា​ក្នុង​ផ្លូវ​អវិជ្ជមាន៕

  • គ្រូបង្វឹក​ប្រេ​ស៊ី​ល ជឿជាក់ថា ប្រេ​ស៊ី​ល​នឹងមិន​ចាញ់ 7-1 ទៀត​ទេ

    គ្រូបង្វឹក​ប្រេ​ស៊ី​ល ជឿជាក់ថា ប្រេ​ស៊ី​ល​នឹងមិន​ចាញ់ 7-1 ទៀត​ទេ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ត្រៀមលក្ខណៈផ្សេងៗសម្រាប់​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង នៅ​រាត្រី​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយ​សង្ឃឹមថានឹង​គេចផុត​ពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 7-1 ដែល​នោះ​គឺជា​លទ្ធផល​ដែល​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកចុងក្រោយ​កាលពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ2014 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Rio។

    ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល របស់លោក​គ្រូបង្វឹក Titeដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​សុក្រ​នោះ កំពុងតែ​ជឿជាក់ថា ពួកគេ​អាច​បង្ហាញ​ពី​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន​នៅពេលនេះ។ ពួកគេ​ហាក់​កំពុងតែ​ស្ថិតក្នុង​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​ក្នុងពេល​ហ្វឹកហាត់ កាលពី​រសៀល​ថ្ងៃអាទិត្យ។

    តារាឆ្នើមៗជាច្រើន​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Premier League ដូចជា Willian របស់​ក្លិប Chelsea និង Roberto Firmino របស់ Liverpool បាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការណែនាំ​របស់​គ្រូបង្វឹក ស្រប​ពេលដែល Philippe Coutinho ក៏បាន​ស្ថិតនៅលើ​ទីលាន​ហ្វឹកហាត់​ផងដែរ។ លោក Titeបានឱ្យដឹងថា៖ «លទ្ធផល 7-1 គឺជា​ការប្រកួត​ចុងក្រោយ​គេ​បំផុត។ ពិតណាស់ យើង​ដឹងថា យើង​នឹង​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង។ ពួកគេ​ជា​ម្ចាស់​ជើងឯក​ពិភពលោក និង​បាន​ផ្តួល​យើង​ក្នុង​លទ្ធផល 7-1»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ពង្រឹង​ក្រុម ហើយ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​សំខាន់​មួយ។ ក្នុងពេល​ប្រកួត​ជាមួយនឹង​អាល្លឺម៉ង់ យើង​ចង់​លេង​បាល់ទាត់ ចង់​ប្រជែង ចង់បង្ហាញ​ពី​ភាពខ្លាំង​ផ្នែក​ស្មារតី និង​ចង់​ផ្តោតលើ​ការលេង។ យើង​ពិតជា​ចង់បង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​ជាខ្លាំង»៕

    ប្រភពពី៖ The Sun

  • 9យ៉ាង​ពី​អ្នកជំនាញ អំពី​សម្រស់

    9យ៉ាង​ពី​អ្នកជំនាញ អំពី​សម្រស់

    ភាពស្រស់ស្អាត​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​មិន​ថា​បុរស ឬ​ស្ត្រី​នោះទេ ហេតុនេះ​ចង់​មិន​ចង់​គួរតែ​បង្ខំ​ខ្លួន​អ្នក​ឱ្យ​ស្រឡាញ់ និង​យកចិត្តទុកដាក់​ថែរក្សា​សម្រស់​របស់ខ្លួន​ខ្លះ​ផង។

    អ្នកជំនាញ​ខាង​ភាពស្រស់ស្អាត​បាន​ប្រាប់ថា​ការថែរក្សា​សម្រស់​ឱ្យបាន​ស្អាត មិន​ពិបាក​ខ្លាំង​ដូច​អ្នក​គិត​នោះទេ ហើយ​បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ងាយ​ប៉ុណ្ណា​នោះ គឺ​មានតែ​បន្ត​អាន​នូវ​អត្ថបទ​ខាងក្រោម​នេះ ទើប​អាច​ឆ្លើយ​ប្រាប់​អ្នក​បាន៖

    1/ សុខភាព និង​ភាព​ស័ក្តិសម

    គឺជា​ជំហាន​ទីមួយ​ក្នុងការ​រក្សា​សម្រស់។ ប្រសិនបើ​អ្នក​បានដាក់​បញ្ចូល​តែ​រឿងល្អៗទៅក្នុង​រាងកាយ នោះ​វា​នឹង​បញ្ចេញ​មកវិញ​នូវ​ភាព​ភ្លឺរលោង​នៅ​ខាងក្រៅ។ ព្យាយាម​ទទួលទាន​ធញ្ញជាតិ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ដូចជា គ្រាប់​ផ្លែឈើ ផ្លែឈើ និង​បន្លែ​ជាដើម។ ទទួលទាន​ត្រី បក្សី និង​ប្រូ​តេ​អី​ុ​ន​ឱ្យបាន​ច្រើនជាង​មុន ហើយ​កុំ​ភ្លេច​បញ្ចេញ​ថាមពល​ខ្លះ​ផង។

    2/ ទទួលទាន​ទឹក​ឱ្យ​ច្រើន

    ទទួលទាន​ទឹក​ឱ្យបាន8-9កែវ​ក្នុង​មួយថ្ងៃ។ ទឹក​សំខាន់បំផុត​សម្រាប់​អ្នក វា​ជួយផ្តល់​សំណើម​ឱ្យ​រាងកាយ និង​ចិញ្ចឹម​ស្បែក ហើយ​វា​ក៏​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺ​ថ្លា​ផងដែរ។

    3/ បញ្ចូល​វីតាមីន

    កុំ​ភ្លេច​ដាក់បញ្ចូល Biotin (វីតាមីន) នាពេល​ព្រឹក ព្រោះ​វា​អាចជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា សក់ និង​ក្រចក​មាន​សុខភាព​ល្អ។

    4/ ខាត់​ស្បែ​កមុខ​ឱ្យ​ស្អាត

    ខាត់​ស្បែក​មុខ​របស់​អ្នក​ក្នុង​មួយ​សប្តាហ៍ 2ដង អាចជួយ​ផ្លាស់ប្តូរ​ស្រទាប់​ស្បែកចាស់ៗចោល​បាន។ ការ​ខាត់​ស្បែក​ជួយ​ឱ្យ​ស្បែក​ទន់ រលោង ភ្លឺ​ថ្លា ថែមទាំង​កាត់បន្ថយ​ស្នាម​ជ្រួញ​ទៀតផង។ ហេតុផល​ពិសេស​មួយទៀត​គឺ​វា​ជួយ​គ្រប់គ្រង​បញ្ហា​មុន និង​ធ្វើឱ្យ​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​ពេល​តុបតែង​មុខ។

    5/ មុនពេល​តុបតែង​មុខ

    ត្រូវ​ចងចាំ​ជានិច្ច​ថា​ត្រូវ​សម្អាត ផ្តល់​សំណើម​ដល់​ផ្ទៃមុខ​ជាមុនសិន។ ត្រូវ​ប្រាកដ​ចិត្ត​ថា​បាន​ទិញ​ផលិតផល​ដែល​នឹងមិន​ធ្វើឱ្យ​ស្បែក​របស់​អ្នក​រមាស់ ឬ​មាន​បញ្ហាផ្សេងៗឡើយ។

    6/ របៀន​តុបតែង​មុខ​ប្រចាំថ្ងៃ

    សម្រាប់​ការតុបតែង​មុខ​រាល់ថ្ងៃ​គួរតែ​ធ្វើ​បែបស្រាលៗ និង​មើលទៅធម្មតាៗ មានន័យថា​ការតុបតែង​មុខ គួរតែ​ធ្វើឡើង​តាមបែបខុសៗគ្នា នោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត និង​លេចធ្លោ​ឡើង។

    7/ ផ្លាស់ប្តូរ​ស្ទីល​តុបតែង​មុខ​ខ្លះ

    ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ អ្នក​ក៏​ត្រូវតែ​ចាំ​ដែរ​ថា ការតុបតែង​មុខ​គឺជា​រឿង​អស្ចារ្យ ដូច្នេះ​មិនចាំបាច់​ខ្លាច​ចំពោះ​ពណ៌​តិចតួច​នោះទេ ប្តូរ​វា​មកជា​ពណ៌ស្រស់ៗខ្លះ​ក៏បាន​ដែរ ព្រោះ​ថាបើ​អ្នក​នៅតែ​ប្រកាន់យក​ពណ៌ដដែលៗមិន​ព្រម​ប្តូរ​ថ្មី​សោះ​នោះ អ្នក​ពិតជា​មិនបាន​ទទួល​នូវ​អ្វីដែល​ប្លែក​នោះទេ។

    8/ ខាត់​បបូរមាត់

    មាត់​គឺជា​ទីតាំង​ដ៏​ទាក់ទាញ​ក្នុងការ​ទទួលបាន​នូវ​ស្នាម​ថើប​ដ៏​ទាក់ទាញ។ ធ្វើឱ្យ​វា​ស្រស់ស្អាត ដោយ​ទឹក​ក្រូចឆ្មារ​ជាមួយនឹង​ស្ករស ដោយ​ការយកមក​ត្រដុសថ្នមៗនៅលើ​បបូរមាត់ ដើម្បី​បំបាត់ចោល​នូវ​សភាព​ស្បែក​បបូរមាត់​ដែល​ខ្មៅ និង​ស្ងួត។

    9/ លើកទឹកចិត្ត​ខ្លួនឯង

    សម្រស់​តែង​តាម​មកជា​មួយ​អ្នកជា​និច្ច​មិន​ថា​អ្នកមាន​រាង​បែបណា ឬ​មាន​ទំហំ​ខ្លួន​បែបណា​នោះទេ សម្រស់​ពិត​គឺជាអ្វីៗគ្រប់យ៉ាង​ដែល​នៅលើ​ខ្លួន​អ្នក ដូច្នេះ​សូមកុំ​បាក់​ទឹកចិត្ត ហើយ​ខំ​ធ្វើ​វា​ឱ្យ​បានល្អ​បំផុត​ទៅបាន​ហើយ៕

  • Aubameyang អវត្តមាន ខណៈ​ហ្គា​បុង ចាញ់ ថៃ ដោយ​បាល់​ប៉េណាល់​ទី​

    Aubameyang អវត្តមាន ខណៈ​ហ្គា​បុង ចាញ់ ថៃ ដោយ​បាល់​ប៉េណាល់​ទី​

    ខ្សែ​ប្រយុទ្ធ Pierre-EmerickAubameyang របស់​​ក្លិប Arsenal បាន​​អវត្តមាន ខណៈ​ដែល​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ​ហ្គា​បុង បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល 4-2 ក្រោម​ស្នា​ដៃក្រុមម្ចាស់ផ្ទះ​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ក្នុង​ការប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធ​នាការ​ King Cup ​ក្នុង​ទីក្រុង​បាង​កក​។

    ខ្សែ​ប្រយុទ្ធ​វ័យ​ 28ឆ្នាំ​ដែលទើប​តែ​បាន​ផ្ទេរ​ពីក្លិប Borussia Dortmund រូបនេះបានដក​​ខ្លួន​ចេញពី​ក្រុម​ជម្រើស​ជាតិ​ហ្គា​បុង នៅ​នាទី​ចុងក្រោយ ក្រោយពី​លោកយាយ​របស់​​គេបាន​ទទួល​មរណភាព​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​។ ក្នុង​ការ​សម្តែង​នូវ​អាម្មណ៍​ដ៏​សោក​សៅ​របស់​គេ​នៅលើ​បណ្តាញ​សង្គម Aubameyang ដែល​ជា​កីឡាករ​ឆ្នើម​​​របស់​ទ្វីប​អា​ហ្វ្រិកប្រចាំ​ឆ្នាំ​2015 បាន​សរសេរ​ថា៖ «យាយ​បាន​ផ្តល់​ក្តី​ស្រឡាញ់​ជាច្រើន​ដល់​ខ្ញុំ យាយ​បាន​​បង្រៀនខ្ញុំ​នូវ​រឿង​ជាច្រើន​។ ខ្ញុំ​​និយាយ​ភា​សា​​អេ​ស្ប៉ាញ​បាន ដោយ​សារ​តែ​លោក​យាយ​​។

    ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​ណាស់​ដែលបាន​ក្លាយ​ជា​ចៅ​ប្រុស​តូចម្នាក់របស់​លោក​យាយ​។ នេះជាស្នាម​ថើប​ចុងក្រោយ​ដើម្បី​ប្រាប់​លោក​យាយ​ថា លា​ហើយ​»​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ហ្គា​បុង ក៏​បាន​អវត្តមាន​ខ្សែ​ការពារ Bruno Ecuele Manga និង​ខ្សែ​បម្រើ​ស្លាប Denis Bouanga ដោយសារចង់​ផ្តោត​អារម្មណ៍​របស់​គេ​ទៅលើ​អាជីព​ក្នុ​ងក្លិប​នៅ​អឺ​រ៉ុប​របស់គេ​។ ក្រុម​មក​ពី​​អា​ហ្វ្រិក​កណ្តាល​មួយនេះ ​ចាប់ផ្តើម​មិន​បានល្អ​ឡើយ​ក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​កាត់សេចក្តីនៅ​មុខ​អ្នក​ទស្ស​នា​ចំនួន​ 25,000​នាក់ ខណៈ​ដែល​អ្នក​ចាំ​ទី​របស់​ក្រុមជម្រើស​ជាតិ​ថៃ បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​ 2​លើក​ដំបូង​។

    ក្រុម​ជម្រើស​ជាតិ​ថៃកំពុង​តែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Milovan Rajevac សញ្ជាតិ​ស៊ែ​ប៊ី ដែល​ធ្លាប់បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ឈាន​ទៅប្រកួត World Cup នៅឆ្នាំ​2010 វគ្គ​8​ក្រុម​ចុងក្រោយ នៅ​អា​ហ្វ្រិក​ខាង​ត្បូង​៕

    ប្រភព​​ពី៖ The Sun Daily

  • Ibrahimovic ចុះហត្ថលេខា​ជាមួយនឹង​ក្លិប LA Galaxy ក្រោយ ManUnited យល់ព្រម​លុប​កុងត្រា

    Ibrahimovic ចុះហត្ថលេខា​ជាមួយនឹង​ក្លិប LA Galaxy ក្រោយ ManUnited យល់ព្រម​លុប​កុងត្រា

    បើ​យោងតាម​ប្រភព​នានា Zlatan Ibrahimovic នឹងត្រូវ​ចូលរួម​ជាមួយនឹង​ក្លិប LA Galaxy ក្រោយពី​ក្លិប Manchester United បាន​យល់ព្រម​បញ្ចប់​កិច្ចសន្យា​របស់គេភ្លាម។ ការប្រកាស​ពី​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​ជើងចាស់​រូបនេះ​ជាមួយនឹង​ក្រុម​របស់​ក្របខ័ណ្ឌ​អាមេរិក Major League Soccer នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈដែល Ibrahimovic វ័យ 36ឆ្នាំ អាច​នឹងធ្វើ​ការផ្ទេរ​ជា​លើកចុងក្រោយ​នៃ​អាជីព​ដ៏​យូរអង្វែង​របស់គេ។

    Ibrahimovic បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram ថា៖ «ទីបំផុត រឿង​ដ៏​អស្ចារ្យ​មួយ​ក៏​ឈានដល់​ទីបញ្ចប់ ហើយ​វា​ក៏​ដល់ពេល​ហើយ​ដែរ​សម្រាប់​ការផ្លាស់ប្តូរ ក្រោយពី​ចំណាយពេល 2រដូវ​កាល​ជាមួយនឹង​ក្លិប Man United។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្លិប អ្នកគាំទ្រ ក្រុម​គ្រូបង្វឹក បុគ្គលិក និង​គ្រប់គ្នា​ដែល​បាន​ចែករំលែក​ជាមួយនឹង​ខ្ញុំ​ក្នុង​ផ្នែក​នៃ​ប្រវត្តិ​របស់ខ្ញុំ»។ ការប្រកួត​លើកចុងក្រោយ​របស់ Ibrahimovic បានកើត​ឡើង​នៅ​ថ្ងៃ​ប្រកួត Boxing Day ជាមួយនឹង​ក្រុម Burnley នា​កីឡដ្ឋាន Old Trafford ដែលជា​ការប្រកួត​ធ្វើឱ្យ​រូបគេ​រងរបួស​មួយ​ផ្សេងទៀត។

    បទបញ្ជាផ្ទៃក្នុង​របស់​ក្របខ័ណ្ឌ Major League Soccer បានអនុញ្ញាត​ឱ្យ​ក្លិប​នានា​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​ឆ្នើម 3រូប ដែល​មិន​កំណត់​ទៅលើ​ប្រាក់ខែ ខណៈដែល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នៅពេលដែល​កីឡាករ David Beckham បាន​ចូលរួម​ក្នុង​លី​ក​នេះ កាលពី​ឆ្នាំ2007។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ដោយសារតែ Galaxy បាន​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​របស់​ពួកគេ​រួចជាស្រេច​ក្នុង​រដូវ​កាល​ឆ្នាំ2018 ប្រាក់ខែ​របស់ Ibrahimovic នឹងត្រូវ​កំណត់​ត្រឹម 1.5លាន​ដុល្លារ។

    នេះ​បើ​យោងតាម​កាសែត Sports Illustrated។ Ibrahimovic បានទទួល​ចំណូល​ដល់​ទៅ 26.8លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​រដូវ​កាល ក្រោយពី​បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Man United ដោយ​ចេញពី​ក្លិប Paris Saint-Germain កាលពី​ឆ្នាំ2016៕

    ប្រភពពី៖ Sky Sports

  • វិធីព្យាបាល​ស្នាម​សន្លាក ក្នុង​រយៈពេល​ខ្លី​បំផុត

    វិធីព្យាបាល​ស្នាម​សន្លាក ក្នុង​រយៈពេល​ខ្លី​បំផុត

    មុន​គឺជា​មេ​បញ្ហា​ដែល​នាំមក​តែ​ភាពអាក្រក់​មកឱ្យ​ស្បែក ធ្វើឱ្យ​ជំនឿ​ចិត្ត​របស់​អ្នក​ត្រូវ​បាត់បង់។ មុន​អាច​បន្សល់ទុក​នូវ​ស្នាម​ដែល​ធ្វើឱ្យ​មើលទៅ​មានតែ​ភាព​សោកសៅ។ វិធី​នៃ​ការ​កម្ចាត់​ចោល​ស្នាម​អស់ទាំងនោះ​គឺ​នៅមាន ហើយ ឡា​រ៉ែ​ន នឹង​យក​វា​មក​បង្ហាញជូន​មិត្ត​អ្នកអាន​ទាំងអស់​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ។

    កំណត់​ការ​ត្រូវ​កម្តៅថ្ងៃ

    មួយ​ក្នុងចំណោម​រឿង​សំខាន់បំផុត​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​គឺ ការប៉ះពាល់​ដោយ​កម្តៅថ្ងៃ។ នៅពេលដែល​ស្បែក​របស់​អ្នក​ទទួលរង​ការប៉ះពាល់​ជាមួយ​កម្តៅថ្ងៃ​កាន់តែ​តិច ឱកាសនៃ​ការធ្វើឱ្យ​ស្ថានភាព​ស្បែក​បានល្អ​ប្រសើរឡើង​ក៏មាន​កាន់តែច្រើន ដូច្នេះ​នៅក្នុង​អំឡុងពេល​កើតមុន និង​ពេលមុន​ទើបតែជាថ្មីៗ អ្នក​ត្រូវតែ​ព្យាយាម​នៅក្នុង​ម្លប់​ឱ្យបាន​ច្រើន​បំផុត ដើម្បីឱ្យ​ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធភាព។

    ប្រើ​ទឹកក្រូច​ឆ្មារ

    ដោយសារតែ​ក្រូចឆ្មារ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​ជួយ​ឱ្យ​ស្បែ​កស វា​បាន​ក្លាយជា​រឿង​ដែល​ងាយ​យល់​បំផុត ថា​ហេតុ​អី​បានជា​មនុស្ស​ជាច្រើន​ត្រូវបាន​ណែនាំ​ឱ្យប្រើ​វា ដើម្បី​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន។ ទឹកក្រូច​ឆ្មារ​មាន​វីតាមីន C ដែល​អាចជួយ​បង្កើត​ខូ​ឡា​ជែ​ន ដែលជា​សារធាតុ​ផ្សំ​ដ៏​សំខាន់បំផុត​សម្រាប់​ស្បែក​របស់​មនុស្ស​យើង​ឡើងវិញ។

    ទឹកឃ្មុំ

    មិន​ថា​អ្នក​ជឿ ឬ​មិន​ជឿ​នោះទេ ប៉ុន្តែ​ទឹកឃ្មុំ​ពិត​ជាមាន​ប្រយោជន៍​ណាស់​ក្នុង​ការយកមក​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន។ ក្រៅពី​ទឹកឃ្មុំ អ្នក​ត្រូវ​បន្ថែម​ទឹក និង​ថ្នាំ​អា​ស្ពេ​រី​នប​និ្ត​ច ដើម្បី​បញ្ឈប់​ស្នាម​អស់ទាំងនោះ។

    ប្រទាល​កន្ទុយក្រពើ

    អ្នកនឹង​បានទទួល​លទ្ធផល​ស្រដៀង​គ្នា​ទៅនឹង​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ដែរ ប្រសិនបើ​អ្នក​ប្រើ​ប្រទាល​កន្ទុយក្រពើ។ យើង​សូម​ណែនាំ​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​នេះ ព្រោះថា វា​ក៏​អាច​ផ្តល់ឱ្យ​អ្នក​នូវ​ស្បែក​ដែល​រលោង និង​ជួយ​ព្យាបាល​ស្បែក​ផងដែរ។

    ប្រេង​អូ​លីវ

    ត្រូវ​និយាយ​ពាក្យ​ថា​អរគុណ​ចំពោះ​ប្រេង​អូ​លីវ ទឹក​ក្តៅឧណ្ហៗ និង​កន្សែង​ស្អាត​ហើយ​ដែល​បាន​ជួយ ព្រោះ​ដោយសារតែ​វត្ថុ​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​ស្នាម​រលាយ​ទៅ​បាត់​ដោយ​ជោគជ័យ។

    ដំឡូង​ឆៅ

    សារធាតុ​ផ្សំ​ដែលមាន​នៅក្នុង​ដំឡូងបារាំង​ឆៅ គឺជា​សារធាតុ​ផ្សំ​យ៉ាង​ពិសេស​ក្នុង​ការជួយ​កម្ចាត់​ស្នាម ដោយ​ប្រើ​រយៈពេល​ត្រឹមតែ3-4ថ្ងៃ​ប៉ុណ្ណោះ។ គ្រាន់តែ​យកមក​ត្រដុស​នៅត្រង់​កន្លែង​ណា​ដែលមាន​ស្នាម​ជាការ​ស្រេច។

    ប៉េងប៉ោះ​ស្រស់

    ប៉េងប៉ោះ​ស្រស់​ក៏​អាចជួយ​កម្ចាត់​ស្នាម​បាន​យ៉ាង​ជោគជ័យ​ផងដែរ ដោយ​យក​សាច់​ប៉េងប៉ោះ​មក​លាប​លើ​ផ្ទៃមុខ ហើយ​សម្អាត​ចេញ​វិញ​ដោយ​ទឹកស្អាត​ជាការ​ស្រេច។ សាកល្បង​វិធី​អស់ទាំង​នេះ លទ្ធផល​នឹង​បង្ហាញ​ចេញមក​យ៉ាង​ឆាប់រហ័ស មិន​ដល់​មួយ​សប្តាហ៍​ទេ ស្នាម​នឹង​ត្រូវបាន​កម្ចាត់​ចោល​ជា-មិន​ខាន៕

  • កម្ពុជា​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក ធុរកិច្ច​ពី​កម្រិត​វិទ្យាល័យ​ឡើងទៅ

    កម្ពុជា​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក ធុរកិច្ច​ពី​កម្រិត​វិទ្យាល័យ​ឡើងទៅ

    ការបណ្តុះបណ្តាល​ផ្នែក​ធុរកិច្ច​ជា​រឿង​សំខាន់​មួយ​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធានមនុស្ស​វ័យក្មេង ប្រកបដោយ​ចំណេះដឹង និង​មាន​សក្តានុពល​ខ្លាំង​លើកម្លាំង​ពលកម្ម រួមទាំង​ចំណេះដឹង​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ផងដែរ។

    នាពេលថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ​នូវ​កម្មវិធី​ថ្មី​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​ក្នុង​ថ្នាក់​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​ដោយ​ក្នុងនោះ ក្រសួង​រំពឹងថា នឹងមាន​សិស្ស​ប្រមាណ500នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា  ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការបណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​គឺជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ក្រសួង​បានគិត​គូរ និង​ជំរុញ​ឱ្យ​ប្រជាជនមាន​ភាពជា​សហគ្រិន​កាន់តែច្រើន។

    នៅពេលដែល​យើង​មាន​សហគ្រិន​ច្រើន នោះ​ពួកគេ​នឹង​អាច​ស្រូប​ទាញ​កម្លាំង​ធនធានមនុស្ស​កាន់តែច្រើន​ដើម្បី​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន សហគ្រាស ឬ​ចង្វាក់​ផលិតកម្ម​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា ៖ “យើង​នឹង​បង្កើន​ការបណ្តុះបណ្តាល​ឱ្យបាន​កា​ន់​តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដោយ​ការបណ្តុះ-បណ្តាល​គ្រូ​បន្ថែម​ឱ្យមាន​សមត្ថភាព​ខ្ពស់ ហើយ​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​សិស្ស​ឱ្យមាន​ចំណេះដឹង​កាន់តែខ្លាំង។

    ឯកឧត្តម តូច ជឿន អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការចែករំលែក​បទពិសោធ​ស្តីពី​ការអនុវត្ត​គម្រោង​សាកល្បង​អប់រំ​សហគ្រិនភាព កាលពីដើម​ខែមីនា​ថា ក្រសួង​នឹង​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​ដល់​សិស្ស​នៅតាម​វិទ្យាល័យ​ទូទាំងប្រទេស ដើម្បី​បង្ក​លទ្ធភាព​ឱ្យសិស្ស​អាច​រក​ការងារ​ធ្វើ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឬ​អាចបង្កើត​មុខរបរ​ដោយ​ខ្លួនឯង បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ បង្កើន​ប្រាក់ចំណូល​ដល់​ក្រុម គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ។

    ឯកឧត្តម តូច ជឿន មានប្រសាសន៍ថា ៖ “ជំនាញ​ធុរកិច្ច​នេះ គឺ​បង្ហាត់បង្រៀន​សិស្ស​នូវ​ជំនាញ​ទាក់ទង​នឹង​ការបង្កើត​គំនិត​ធ្វើ​អាជីវកម្ម ភាពជា​អ្នកដឹកនាំ និង​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​អនុវត្ត​ជាក់ស្តែង​ឱ្យ​ច្រើន​នៅក្នុង​ថ្នាក់រៀន​ផងដែរ។

    ឯកឧត្តម បានលើកឡើង​ផងដែរ​ថា​យើង​ចង់​តម្រង់ទិស​ឱ្យ​សិស្ស​អាចបង្កើត​មុខរបរ​ដោយ​ខ្លួនឯង​តាមរយៈ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព ព្រោះ​វា​ជា​មធ្យោបាយ​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការងារ​ដល់​សង្គម និង​បង់ពន្ធ​ជូន​រដ្ឋ។ ម្យ៉ាងវិញទៀត វា​ក៏​ជា​មធ្យោបាយ​ក្នុងការ​បង្កើត​ធនធានមនុស្ស ឬ​ដណ្តើម​ធនធាន​ទ្រព្យសម្បត្តិ​ក្នុង​កម្រិត​តំបន់ ឬ​ជា​អន្តរជាតិ​ថែមទៀត​ផង។

    អ្នកសម្របសម្រួល​អង្គ​ការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា ដែល​ហៅ​កាត់​ថា ILO លោក ទុន​សុភ័ណ បាន​លើកឡើងថា ការសិក្សា​ស្តីពី​ធុរកិច្ច​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ ព្រោះ​ពួកគេ​អាច​នឹងមាន​ជំនាញ បន្ថែម​ក្នុង​ការធ្វើ​ជំនួញ​នៅ​វ័យក្មេង ចេះ​ធ្វើ​ទីផ្សារ (ម៉ាឃីតធីង) ក្នុង​មុខ​ជំនួញ និង​ចេះ​គ្រប់គ្រងចំណូល​ចំណាយ​ប្រចាំថ្ងៃ​ជាដើម៕