Author: ធឿន មករា

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1 . ធ្វើអ្វីថ្នមៗខ្លះផង

    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។

    2 . ត្រូវរកជំនួយការដែលទុកចិត្តបាន

    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។

    3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់

    ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4 . គេងលក់ និងសម្រាក

    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា

    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6 . ផ្លូវចិត្តរីករាយស្រឡះ

    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • ញ៉ាំត្រី ជួយដល់រឿង IQ និងការគេងលក់របស់កុមារ

    ញ៉ាំត្រី ជួយដល់រឿង IQ និងការគេងលក់របស់កុមារ

    លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិចមួយអាទិត្យ 1 ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងកម្រិតប្រាជ្ញាស្ថិតក្នុងលំដាប់ដែលល្អជាងក្មេងដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាមួយសប្ដាហ៍មួយដង។

    គេហទំព័រ CNN បាននាំយករបាយការណ៍មួយដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង The Journal Scientific Report ពាក់ព័ន្ធនឹងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានបង្ហាញឱ្យឃើញថា អាស៊ីតខ្លាញ់អូមេហ្កា3ដែលគេឃើញមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ ដូចជា ត្រីសាល់ម៉ុន ត្រីសារឌីន និងត្រីប្លាធូ មានចំណែកជួយធ្វើឱ្យកម្រិតភាពឆ្លាតវៃ និងការគេងលក់របស់កុមារល្អប្រសើរឡើង។

    តាមរយៈការសិក្សាស្រាវជ្រាវទៅលើកុមារជនជាតិចិនច្រើនជាង 500នាក់ដែលមានអាយុអំឡុងពី 9 – 11 ឆ្នាំជាមួយនឹងសំណួរថា តើពួកគេញ៉ាំត្រីចំនួនប៉ុន្មានដងក្នុងមួយខែកន្លងមក ជាមួយនឹងចម្លើយឱ្យជ្រើសរើសគឺ “មិនដែលសោះ” និង “យ៉ាងតិចមួយអាទិត្យ 1 ដង”។

    ក្នុងក្រុមកុមារដែលឆ្លើយថា ញ៉ាំត្រីរៀងរាល់សប្ដាហ៍មានពិន្ទុវាស់ IQ 4.8 ខ្ពស់ជាងកុមារដែលឆ្លើយថា មិនញ៉ាំត្រីសោះ ឬញ៉ាំដែរ តែញ៉ាំតិច។ ដោយក្រុមអ្នកស្រាវជ្រាវមិនបានសួរក្មេងៗថា តើត្រីប្រភេទណាដែលពួកគេបានញ៉ាំនោះឡើយ ក្នុងខណៈក្រុមដែលឆ្លើយថា ញ៉ាំត្រីដែរ តែញ៉ាំមិនញឹកញាប់មានពិន្ទុ IQ 3.3។

    ចំណែកចម្លើយពីក្រុមគ្រួសារក្មេងៗពាក់ព័ន្ធនឹងគុណភាពការគេងវិញ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីជាប្រចាំ ច្រើនមានគុណភាពនៃការគេងល្អប្រសើរជាង ព្រោះគ្មានរឿងមករុកកួនរំខានក្នុងអំឡុងពេលគេងលក់ឡើយ។ ក្នុងចំណុចល្អដែលកើតឡើងនេះ ធ្វើឱ្យក្រុមអ្នកវិភាគណែនាំទៅឪពុកម្ដាយអ្នកអាណាព្យាបាលឱ្យបន្ថែមសាច់ត្រីចូលទៅក្នុងមុខម្ហូបរបស់កុមារ និងបង្ហាត់ឱ្យកុមារចេះញ៉ាំត្រីតាំងពីអាយុ 2 ឆ្នាំឡើងទៅ។

    ត្រីជាសត្វដែលមានគុណតម្លៃខាងភោជនាហារខ្ពស់ និងជាអាហារមួយក្នុងចំណោមអាហារដ៏ពេញនិយម ព្រោះនៅក្នុងសាច់ត្រីមានប្រូតេអ៊ីនដែលល្អ និងសម្បូរទៅដោយខ្លាញ់ល្អ ស័ក្តិសមសម្រាប់អ្នកដែលកំពុងស្ថិតក្នុងអំឡុងពេលបញ្ចុះទម្ងន់ ហើយត្រីប្រភេទខ្លះថែមទាំងមានអូមេហ្កា3 ដែលជាអាស៊ីតខ្លាញ់ល្អដែលជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ដែលគេប្រទះឃើញមានច្រើននៅក្នុងត្រីសាល់ម៉ុន ជាពិសេសត្រីសាល់ម៉ុនដែលរស់នៅតាមធម្មជាតិនឹងមានវីតាមីន និងសារធាតុរ៉ែខ្ពស់ណាស់៕

  • តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។

    ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

  • កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2 បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ…!!

    កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2 បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ…!!

    សូមស្វាគមន៍វត្តមានផ្លូវការរបកគំហើញថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏វៃឆ្លាត និងស្អាតទាក់ទាញបំផុត Samsung Galaxy Z Fold 2 ក្នុងទីផ្សារប្រទេសកម្ពុជា!

    (ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ…!!

    ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល…ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ…!!

    សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅ THE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមកទាំងអ្នក Review…អ្នកសារព័ត៌មាន…អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នានូវរូបរាង…ពណ៌…អេក្រង់…និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ!

    ចេញមកលើកនេះ Samsung Galaxy Z Fold 2 នាំមកនូវចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖

    – អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED

    – អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X

    – ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+

    – ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB

    – កាមេរ៉ាមុខ (Cover camera) ៖ 10 MP

    – កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP

    – កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

    – ថាមពលថ្ម៖ 4500 mAh

    – ពណ៌៖ Mystic Bronze និង Mystic Black

    – តម្លៃ៖ 1,999 ដុល្លារ

    * រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖

    – បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

    – ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

    រួសរាន់ឡើង…! កំពូលស្មាតហ្វូនអេក្រង់ដែលល្អ…និងទំនើបអស្ចារ្យបែបនេះ…នរណាៗក៏ចង់បានដែរ…ប៉ុន្តែខ្ញុំមិនហានធានាថាមាននៅក្នុងស្តុកច្រើន និងយូរនោះទេ! Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត…!!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • សាកថ្មលឿនជាងមុន realme 7 series ដែលមានបច្ចេកវិទ្យា 65W SuperDartបានមកដល់ហើយ

    សាកថ្មលឿនជាងមុន realme 7 series ដែលមានបច្ចេកវិទ្យា 65W SuperDartបានមកដល់ហើយ

    ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមានថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការសាកថ្មគឺមានប្រសិទ្ធភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម។

    កាលពីថ្មីៗនេះ realmeបានប្រកាសថា realme 7 series ដែលមានបំពាក់ការសាកលឿន65W SuperDart Charge ដែលជិតនឹងដាក់ប្រកាស គឺអាចសាកបាន50%ក្នុងរយៈពេល12នាទី ហើយនេះមានន័យថាrealmeនឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ$300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។

    រំលឹកឡើងវិញដល់ផលិតផលrealme series កាលពីមុន តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាសុីននិងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។

    បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការតំឡើងជា 65W SuperDart Charge នៅខណពេលអស់ថ្ម គឺវាអាចសាកថ្មបាន13%ក្នុងរយៈពេល3នាទី 12នាទីប្រហែលបាន50% និង 100%ក្នុងរយៈពេល34នាទី អាចធ្វើអោយអ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើន ។

    នៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីមុនសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង800ដុល្លារប៉ុណ្ណោះ ប៉ុន្តែrealme X50 Proដែលបានចេញនៅដើមឆ្នាំ២០២០នេះ គឺជាស្មាតហ្វូនFlagshipមួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម៉្លេះ បច្ចុប្បន្ននេះ ក៏បានយកបច្ចេកវិទ្យា 65W SuperDart Charge មកបំពាក់នៅលើ realme 7 series​ដែលមានជួរតម្លៃ $300-$400 ហើយនេះគឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់នូវបទពិសោធន៍និងសមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថាវានឹងក្លាយជាម៉ូឌែលដែលពេញនិយមនៅក្នុងសម័យថ្មីមួយ។

    ក្រោយសាកថ្ម៣នាទី ផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTubeបាន 2.5 ម៉ោង លេង Instagram បាន 2 ម៉ោងនិងអាចលេង PUBG បាន៣វគ្គ ផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តលេងទូរស័ព្ទកាន់តែច្រើន។

    អ្វីដែលគួរអោយកត់សម្គាល់នោះគឺ គឺសុវត្ថិភាព realme 7 pro ជាទូរសស័ព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរស័ព្ទគឺអាចរក្សារនៅក្រោម40℃ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ។

    realme 7 series ដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់អ្នកទាំងអស់គ្នា សូមរង់ចាំទាំងអស់គ្នា ។

  • ក្រុមហ៊ុនផលិតនិងលក់គ្រឿងអលង្ការ ជាងបាក់ វណ្ណហុង ហៅកាត់ CBVH ដែលតែងតែនាំ លោកអ្នកនូវភាពស៊ីវិល័យ ឈានមុខគេជានិច្ច ជាមួយនឹងភាពស្រស់ និង ភាពទាក់ទាញ

    ក្រុមហ៊ុនផលិតនិងលក់គ្រឿងអលង្ការ ជាងបាក់ វណ្ណហុង ហៅកាត់ CBVH ដែលតែងតែនាំ លោកអ្នកនូវភាពស៊ីវិល័យ ឈានមុខគេជានិច្ច ជាមួយនឹងភាពស្រស់ និង ភាពទាក់ទាញ

    ក្រុមហ៊ុន ជាងបាក់ វណ្ណហុង លក់ និង ផលិតគ្រឿងអលង្ការ ដែលឈានមុខគេនៅ​ប្រទេសកម្ពុជា និង មានបទពិសោធន៏ជាង ២០ឆ្នាំ មកហើយ ។​បច្ចុប្បន្នក្រុមហ៊ុន មាន៣សាខា​​ គឺ សាខា​ភ្នំពេញ សាខា​បាត់ដំបង និង សាខា​សៀមរាប ។

    គ្រឿងអលង្ការដែលកំពុងបញ្ចេញពន្លឺ ភ្លឺចែងចាំងដ៏គួរអោយទាក់ទាញ និងរំលេចចេញនូវភាពដ៏ស្រស់ស្អាត គួរជាទីពេញចិត្តសំរាប់អ្នកប្រើប្រាស់ គឺជាគោលដៅចំបង ដែលហាង ជាងបាក់ យើងខ្ញុំប្ដេជ្ញាចិត្តសំរេចអោយបាន​ ។

    វាចាប់ផ្ដើមចេញ ពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យនៃការគូរ និង រចនាម៉ូតគ្រឿងអលង្ការដោយដៃ និង ប្រព័ន្ធកំព្យូទ័រផងដែរ ជាងនេះទៅទៀតម៉ូតគំរូទាំងអស់នោះ ក៏បានយកមកវិភាគ និងកំណត់ខ្នាតជាក់ស្តែង រី រចនាបន្ថែមនៅលើប្រព័ន្ធកំព្យូទ័រ ដែលប្រើប្រាស់នៅកម្មវិធីទាន់សម័យ. បន្ទាប់ពីការគូរ ពូកយើងបានប្រើប្រាស់ម៉ាស៊ីនដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដើម្បីសំរេចបាននៅលទ្ធផល នៃការចាក់ពុម្ភ ដែលមានភាពលំអិតទៅលើក្បាច់ក្បូររចនា នៃគ្រឿងអលង្ការផងដែរ ។

    ចំណែកឯការសំអាត និង ការខាត់គឺជាផ្នែកមួយដែលមិនអាចខកខានបាន​​ក្នុងការធ្វើអោយគ្រឿងអលង្ការ មានសោភ័ណភាពល្អប្រណិតថែមមួយកំរិតទៀតផងដែរ ។

    ដើម្បីសំរេចបាន​នូវការដាក់បញ្ចូលគ្រាប់ពេជ្រទៅក្នុងសំបកមាស​ អោយមានភាពល្អ ឥតខ្ចោះ ការត្រួតពិនិត្យគុណភាព ត្បូងពេជ្រយ៉ាងល្អិតល្អន់ ក៏ជាដំណាក់កាលយ៉ាងសំខាន់មួយផងដែរ ពួកយើងយកចិត្តទុកដាក់ជាចាំបាច់​ក្នុងការជ្រើសរើសត្បូងពេជ្រដែលមានទំងន់ សមាមាត្រស្ដង់ដារ ចរណៃល្អ មិនមានស្នាម និង កំរិតពណ៏ល្អប្រសើរ ដែលគោរពតាមគោលការណ៏ នៃស្ថាប័នវាយ តំលៃគុណភាព គ្រាប់ពេជ្រនៅសហរដ្ឋអាមេរិចហៅកាត់ថា GIA ។

    ជាមួយនឹងបុគ្គលិកដាំដ៏ជំនាញ របស់យើង អមជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន មៃគ្រូស្កូប ដែលបានធ្វើអោយការដាំ ការសំរួលគ្រឿងអលង្ការ ប្រាកដជាធានាបាននូវភាពលេចធ្លោរដ៏អស្ចារ្យ នៃពន្លឹគ្រាប់ពេជ្រ នីមួយៗរបស់គ្រឿងអលង្ការ ។

    ជាងនេះទៅទៀត ការធានាបាននូវគុណភាព និង ភាពភ្លឺរលោងរបស់គ្រឿងអលង្ការ ត្រូវបានសំរេចតាមរយៈដំណើរការក្រូម៉េ ដែលយើងផ្តោតអារម្មណ៏ទៅនឹងការប្រើប្រាស់ម៉ាស៊ីន​ក្រូម៉េទំនើប បំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយគេបំផុតផងដែរ។

    ដើម្បីសំរេចបាននូវ បទដ្ឋានគ្រឿងអលង្ការ ដែលល្អឥតខ្ចោះ និង ប្រណិតហាងជាងបាក់ វណ្ណហុង យើងខ្ញុំបាន​ខិតខំសំរេចនូវគោលដៅចំបង ចំនួន៣ធំៗ គឺ ធនធានមនុស្សដែលមានទេពកោសល្យ និង សមត្ថភាពពិតប្រាកដ ជាមួយនឹងគុណភាពនៃការផលិត គ្រឿងអលង្ការយ៉ាង ផ្ចិតផ្ចង់ និង ការផ្ដល់ទំនុកចិត្តនៃសេវាកម្មបំរើអតិថិជន លំដាប់ស្ដង់ដារ ពីសំណាក់បុគ្គលិកផ្នែកលក់ របស់យើង ។

    យើងមានភាពជឿជាក់យ៉ាងមុតមាំ ទៅលើអនាគត និងភាពរីកចំរើនលើទីផ្សារគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជា ដែលនេះជាទស្សនៈវិស័យ របស់ហាង ជាងបាក់ វណ្ណហុង ក្នុងការផលិតគ្រឿងអលង្ការដែលល្អ ផ្ដាច់គេជូនអស់លោកអ្នក ។

    សូមអរគុណដល់អតិថិជន ទាំងអស់ដែលតែងតែជ្រើសរើស គ្រឿងអលង្ការរបស់ CBVH យើងខ្ញុំ ៕

  • នឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅតែក្នុងកន្លែងដែលមានម្លប់រហូត?

    នឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅតែក្នុងកន្លែងដែលមានម្លប់រហូត?

    ធាតុអាកាសក្ដៅហែងដូចនៅក្នុងប្រទេសយើង ធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើននាំគ្នារត់ចូលទៅរកកន្លែងម្លប់ៗនៅក្នុងអគារ។ មនុស្សជាច្រើនចេញពីផ្ទះតាំងពីព្រះអាទិត្យមិនទាន់រះ និងនៅតែក្នុងអគារពេញមួយថ្ងៃរហូតដល់ពេលត្រឡប់ទៅផ្ទះវិញ ក៏នៅក្នុងរថយន្តទៀត ឬទម្រាំតែត្រឡប់ទៅផ្ទះវិញ ព្រះអាទិត្យលិចបាត់ទៅវិញក៏មាន។ អាជីពជាច្រើនត្រូវពាក់អាវធំ អាវដៃវែងក្រាស់ៗ បិទបាំងស្បែកពីកម្ដៅថ្ងៃ។ ថ្ងៃសៅរ៍-អាទិត្យក៏ជ្រើសរើសក្នុងការណាត់ជួបមិត្តភ័ក្តិនៅពេលយប់ច្រើនជាងពេលថ្ងៃទៀតផង ដូច្នេះហើយទើបទង្វើទាំងអស់នេះក្លាយជាចំណុចមួយដែលពិសោធបានថា ទោះជាប្រទេសយើងមានពន្លឺថ្ងៃពេញមួយឆ្នាំទល់មួយឆ្នាំក៏ដោយ ក៏ប្រជាជនយើងជាច្រើននាក់នៅតែគេចចៀសពីការធ្វើឱ្យសាច់ស្បែកប៉ះនឹងកម្ដៅថ្ងៃដែរ ព្រោះតែការនិយមចូលចិត្តស្បែកសស្អាត ខ្លាចក្ដៅ ខ្លាចកើតមហារីកស្បែក រហូតទៅដល់វិធីការរស់នៅដែលធ្វើឱ្យសាច់ និងស្បែកមិនសូវបានប៉ះពាល់នឹងពន្លឺថ្ងៃយ៉ាងគ្មានចេតនាជាដើមទៀតផង។

    ឥឡូវនេះ យើងនាំគ្នាមកនិយាយពីរឿងរបស់ចំណុចមិនល្អដែលអាចកើតឡើងនៅពេលដែលយើងរស់នៅតែក្នុងទីម្លប់វិញល្អជាង…។ នៅពេលណាក៏ដោយដែលសាច់ និងស្បែករបស់យើងស្ទើរតែមិនបានប៉ះនឹងពន្លឺព្រះអាទិត្យនាពេលព្រឹក និងប៉ះតែជាមួយពន្លឺភ្លើងនៅក្នុងអគារ រាងកាយយើងអាចនឹងចូលឆ្ពោះទៅរកសភាវប្រថុយនឹងការស្ទើរវីតាមីន D (សភាវស្ទើរ គឺមិនខ្វះទេ តែមានតិចខ្លាំង រហូតសឹងតែមិនគ្រប់គ្រាន់) និងអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ក្នុងប្រទេសយើងដែលមានពន្លឺថ្ងៃពេញមួយឆ្នាំគ្រប់រដូវកាល តែបែរជានៅតែឃើញមានអ្នកស្ទើរវីតាមីន D ដ៏ច្រើនដដែល។

    នៅពេលរាងកាយស្ថិតក្នុងសភាវស្ទើរ ឬខ្វះវីតាមីន D តើវានឹងកើតផលអាក្រក់ដល់រាងកាយមនុស្សយើងយ៉ាងណាខ្លះ?

    ចាប់ផ្ដើមតាំងពីរឿងរបស់បណ្ដុំគ្រោងឆ្អឹង និងសាច់ដុំដែលអាចនឹងមិនរឹងមាំមួនពេញលេញស្មើនឹងអ្នកដែលបានទទួលវីតាមីន Dច្រើនគ្រប់គ្រាន់ ដូច្នេះទើបអាចនឹងមានសាច់ដុំមិនមាំមួនរហូតប្រថុយប្រថាននឹងការដួលញឹកញាប់ជាងប្រក្រតី។ ក្រៅពីនេះគេនៅរកឃើញទៀតថា វីតាមីន D ជាវីតាមីនដែលមានសម្ព័ន្ធជាមួយរោគមហារីកដល់ទៅ 4 ប្រភេទទៀតផង។

    សម្រាប់អ្នកដែលគេចចៀសពីការប៉ះពាល់នឹងពន្លឺថ្ងៃ សំងំនៅតែក្នុងបន្ទប់ងងឹតៗដែលបិទបង្អួចគ្រប់ពេលវេលានោះ នៅមានភាពប្រថុយប្រថានក្នុងការខ្វះអ័រម៉ូនប្រភេទខ្លះ ព្រោះនៅក្នុងពន្លឺថ្ងៃពេលប៉ះនឹងស្បែកមនុស្សយើង វានឹងជួយជំរុញឱ្យរាងកាយសាងអ័រម៉ូនជាច្រើនប្រភេទឡើង មិនថាតែមេឡានីន ដែលជួយឱ្យយើងគេងលក់បានស្រួល ឬអ័រម៉ូនសេរ៉ូថូនីនដែលធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ថាមានសេចក្ដីសុខ ក្លៀវក្លាស្វាហាប់(អ្នកដែលចូលចិត្តធ្វើការងារនៅកណ្ដាលទីវាលច្រើនតែជាមនុស្សរួសរាយស្រស់ស្រាយរាក់ទាក់ និងស្វាហាប់គ្រប់ពេលវេលា) ដូច្នេះហើយទើបអ្នកដែលមិនសូវប៉ះពាល់នឹងពន្លឺថ្ងៃអាចប្រថុយនឹងបញ្ហាគេងមិនសូវលក់ ពិបាកក្នុងការគេងលក់ ឬអាចដល់ថ្នាក់ប្រថុយប្រថាននឹងសភាវសោកសៅទៀតផង។

    វិធីបន្ថែមវីតាមីន D ដល់រាងកាយអាចធ្វើបានយ៉ាងងាយៗ មិនលំបាកលំបិនឡើយ ដោយគ្រាន់តែចេញទៅខាងក្រៅអគារដើម្បីឱ្យស្បែករបស់យើងបានប៉ះជាមួយពន្លឺព្រះអាទិត្យនៅអំឡុងម៉ោង 9ៈ00 – 15ៈ00 រយៈពេល 5នាទីរៀងរាល់ថ្ងៃ នឹងជួយបន្ថែមវីតាមីន Dដល់រាងកាយបានច្រើនដល់ទៅ 90%។ ការឱ្យរាងកាយបានកែច្នៃវីតាមីន D ពីស្រទាប់ស្បែកដោយខ្លួនឯង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការបន្ថែមវីតាមីន D ដល់រាងកាយខ្លាំងបំផុត។

    យ៉ាងណាក៏ដោយ បើសិនអ្នកណានៅតែមានកង្វល់ក្នុងរឿងពន្លឺថ្ងៃដែលក្ដៅខ្លាំងជ្រុលពេកនៅក្នុងស្រុកយើង ដែលទោះជាលាបឡេការពារកម្ដៅថ្ងៃហើយក៏នៅតែមិនហ៊ានចេញទៅឱ្យស្បែកប៉ះនឹងពន្លឺថ្ងៃដោយត្រង់ទៀតនោះ សាកល្បងជ្រើសរើសប្រើវិធីបន្ថែមវីតាមីន D ដល់រាងកាយតាមរយៈអាហារការហូបចុកបាន ដោយមុខម្ហូបដែលមានវីតាមីន D មានដូចជា ខ្លាញ់ថ្លើមត្រី ទឹកដោះគោស្រស់ ត្រីសាល់ម៉ុន ត្រីប្លាធូ ត្រីធូណា សាច់ហ៊ែម ស៊ុតមាន់ សាច់ជ្រូកចិញ្ច្រាំ សាច់មាន់ ផ្សិតចិន និងឈីស ជាដើម តែការបន្ថែមវីតាមីន D ដោយការទទួលទានអាហារជួយឱ្យរាងកាយទទួលបានវីតាមីន D ត្រឹមតែ 10%ប៉ុណ្ណោះ។

    ដូច្នេះ ការធ្វើកិច្ចការងារនៅខាងក្រៅផ្ទះខ្លះ មិនថាតែចេញទៅដើរលេង លេងកីឡានៅទីវាល ស្រោចដំណាំ ហោលខោអាវ ហែលទឹក ឬកិច្ចការងារផ្សេងៗទៀតក្នុងអំឡុងពេលថ្ងៃក្នុងរយៈពេលខ្លីៗត្រឹមតែ 5នាទីក្នុងមួយថ្ងៃ ក៏អាចជួយឱ្យលោកអ្នកមិនប្រថុយប្រថាននឹងសភាវស្ទើរវីតាមីន D បានដែរ៕

  • 5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

    និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

    1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

    2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

    សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

    3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

    ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

    4 . ស្បូនខុសប្រក្រតី

    បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

    5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

    រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

    នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

  • “ថ្នាំចាក់” ឆាប់ជាជាង “ថ្នាំលេប” មែនឬ?

    “ថ្នាំចាក់” ឆាប់ជាជាង “ថ្នាំលេប” មែនឬ?

    មនុស្សជាច្រើនដែលកើតជំងឺគ្រុនក្ដៅ ហើយចង់ឆាប់ជាទៅវិញឱ្យលឿនៗនោះ អាចនឹងសំពះអង្វរសុំឱ្យលោកគ្រូពេទ្យជួយចាក់ថ្នាំឱ្យ ព្រោះគិតថា ថ្នាំចាក់វាបញ្ចេញឥទ្ធិពលខ្លាំងជាង រហ័សជាង ហើយបន្ទាប់ពីនោះ ក៏សុំចាក់ថ្នាំជារឿយៗរហុតមក ទោះជាតម្លៃវារាងខ្ពស់ជាងថ្នាំលេបក៏ដោយ តែក៏ចេះគិតតែខ្លួនឯងថា ឱ្យតែឈឺថ្កាត់ពេលណា មានតែថ្នាំចាក់ទេទើបអាចទប់ទល់បាន…តើរឿងនេះពិតមែនឬទេ? តើថ្នាំចាក់ និងថ្នាំលេបខុសគ្នាយ៉ាងណា? បញ្ចេញឫទ្ធិមិនស្មើគ្នាមែនឬ? ហើយបើសិនចាក់ថ្នាំញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយឬទេ? យើងនាំគ្នាមកមើលពីចម្លើយទាំងអស់គ្នាដូចខាងក្រោម…។

    ថ្នាំចាក់ VS ថ្នាំលេប

    ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតថ្នាំស្មើគ្នា វានឹងបញ្ចេញឫទ្ធិស្មើគ្នា ដែលតាមគោលការណ៍ប្រើប្រាស់ថ្នាំវិញនោះ គ្រូពេទ្យនឹងនឹកទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បងក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យទៅអ្នកជំងឺ ខ្លាំងជាងការគិតតែថា ថ្នាំណាឆាប់បញ្ចេញឥទ្ធិពលជាងតែម្យ៉ាងនោះ ដូច្នេះហើយទើបការប្រើថ្នាំលេបហាក់ដូចជាមានសុវត្ថិភាពល្អជាង។

    គ្រោះថ្នាក់ពីថ្នាំចាក់

    ទោះជាថ្នាំចាក់ឆាប់បញ្ចេញឥទ្ធិពលមែន តែក៏មានភាពប្រថុយប្រថានមិនតិចឡើយ ព្រោះនៅពេលចាក់ថ្នាំចូលក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅរកក្រសែឈាមរត់បានភ្លាមតែម្ដង ហើយបើរកឃើញថាអ្នកជំងឺមានប្រតិកម្មចាញ់ថ្នាំ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបទៅទៀត។

    ក្រៅអំពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេបទៅទៀត ក្រៅតែពីអស់ថ្លៃចាយវាយលើរឿងថ្នាំដោយឥតប្រយោជន៍ហើយនោះ យើងគួរតែដាស់តឿនខ្លួនឯងថា ថ្នាំចាក់មានគ្រោះថ្នាក់ជាងថ្នាំលេប។

    តើអ្នកជំងឺអាចសុំថ្នាំចាក់ពីគ្រូពេទ្យដោយខ្លួនឯងបានឬទេ?

    ការសុំថ្នាំចាក់ គួរត្រូវបានពិចារណាដោយលោកគ្រូពេទ្យតែប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ ចូរកុំចេះតែគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំទើបព្យាបាលជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យជាអ្នកពិចារណាលើការព្យាបាលឱ្យយើងទើបជាការប្រសើរជាង៕

  • ដើរលេង ដើរញ៉ាំ ដើរទិញអីវ៉ាន់ នៅ China Town ល្បីៗទូទាំងពិភពលោក

    ដើរលេង ដើរញ៉ាំ ដើរទិញអីវ៉ាន់ នៅ China Town ល្បីៗទូទាំងពិភពលោក

    តំបន់ ឆៃណា ថោន ជាធម្មតាច្រើនតែស្ថិតនៅតាមទីក្រុងធំៗក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលពោរពេញទៅដោយបរិយាកាស និងវប្បធម៌បែបចិនៗ។ លេខនេះ ឡារ៉ែនសូមនាំមិត្តអ្នកអានទៅស្គាល់តំបន់ ឆៃណា ថោន 8 កន្លែងដែលអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទាំងឡាយគួរតែបានទៅដើរលេង ដើរញ៉ាំអាហារចិនឆ្ងាញ់ៗនៅទូទាំងពិភពលោក ដូចតទៅ។

    1 . China Town នៅក្នុងទីក្រុង ឡាហាវ៉ាន ប្រទេស គុយបា

    China Town នៅទីនេះមានឈ្មោះថា Barrio Chino de la Habana (បារីអូ ឈិណូ ឌើ ឡា ហាបាណា) ជាឆៃណា ថោនដ៏ចំណាស់ និងធំបំផុតក្នុងភូមិភាគឡាទីនអាមេរិកា។ បង្កើតឡើងដោយជនជាតិចិនក្វាងទុង ដែលភៀសខ្លួនចូលទៅធ្វើការនៅក្នុងប្រទេសគុយបាក្នុងអំឡុងសតវត្សរ៍ទី 19។

    2 . China Town នៅក្នុងទីក្រុង Kolkata ប្រទេស ឥណ្ឌា

    ម្ហូបអាហារចិនលាយឡំនឹងក្លិនអាហារឥណ្ឌា បញ្ចេញក្លិនក្រអូបឈ្ងុយទូទាំងតំបន់ឆៃណា ថោនក្នុងទីក្រុង កុលកាតា ដោយបែងចែកជា 2 ផ្នែកផ្សេងគ្នា គឺផ្នែកទីក្រុងចាស់ ហៅថា ទិរេតតា បាហ្សារ៍ និងផ្នែកទីក្រុងថ្មី ហៅថា តាន់ក្រា។ បច្ចុប្បន្នមានការរៀបចំជាពិធីបុណ្យប្រចាំឆ្នាំធំៗចំនួន 3 លើក គឺបុណ្យចូលឆ្នាំចិន សំពះព្រះខែ និងឆេងម៉េង។

    3 . China Town នៅក្នុងទីក្រុង បាងកក ប្រទេស ថៃ

    មិនចាំបាច់ប្រាប់ ក៏អ្នកទេសចរខ្មែរយើងភាគច្រើនបានដឹងដែរថា ឆៃណា ថោន ឬ “យ៉ៅវរ៉ាត” ក្នុងទីក្រុង បាងកក មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរខ្លាំងប៉ុនណានោះ ជាពិសេសនៅពេលព្រលប់ៗអូសបន្លាយរហូតទៅដល់កណ្ដាលអធ្រាត្រ បរិយាកាសនឹងអ៊ូអរខ្លាំងបំផុត។ សងខាងថ្នល់នឹងពោរពេញទៅដោយតូបលក់ម្ហូបអាហារ និងគ្រឿងក្លែមដ៏ច្រើន ដែលអាចហៅបានថា ជាស្ថានសួគ៌សម្រាប់អ្នកផឹកតែម្ដង។

    4 . China Town សាំងហ្គាពួរ

    មិនគួរខកខានឡើយសម្រាប់ភាពប្លែកភ្នែកក្នុងពិធីបុណ្យចូលឆ្នាំចិនក្នុងតំបន់ឆៃណា ថោនកណ្ដាលទីក្រុងសាំងហ្គាពួរ និងគោមភ្លើងស្អាតៗដែលតុបតែងទៅតាមដងផ្លូវ និងដើរជ្រើសរើសទិញវត្ថុអនុស្សាវរីយ៍ពីហាងលក់ទំនិញផ្សេងៗដ៏ច្រើនរាប់មិនអស់។ ក្រៅពីនេះនៅសម្បូរហូរហៀរទៅដោយរង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែលភ្ញៀវទេសចរអាចជ្រើសរើសចូលគេងសម្រាកតាមកម្លាំងលុយកាក់របស់ខ្លួន។ ក្រៅពីនេះនៅមានមណ្ឌលទេសចរណ៍ល្បីៗជាច្រើនទៀត ដូចជាវត្តក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

    5 . China Town ក្នុងទីក្រុង Incheon ប្រទេស កូរ៉េខាងត្បូង

    គឺជាឆៃណា ថោន តែមួយគត់នៅក្នុងប្រទេស កូរ៉េខាងត្បូង ចាប់កំណើតឡើងដំណាលៗគ្នានឹងការសាងសង់កំពង់ផែ អ៊ីនឆន់ដែរ ដើម្បីប្រគល់ទីកន្លែងឱ្យជនជាតិចិនបានចូលមករកស៊ីលក់ដូរ។ កាលពីអតីតកាលធ្លាប់អ៊ូអរកកកុញទៅដោយតូបលក់ទំនិញដ៏ច្រើន តែបច្ចុប្បន្ន ក្លាយជាភោជនីយដ្ឋានស្ទើរតែទាំងអស់ ដែលគ្រប់អំឡុងពេលបុណ្យចូលឆ្នាំចិន អ្នកលក់ដូរនឹងនាំគ្នាមករៀបចំតូបលក់ទំនិញយ៉ាងព្រមព្រៀងគ្នា និងមានការរៀបចំតុបតែងក្រដាសពណ៌ និងគោមភ្លើងពណ៌ក្រហមគ្រប់ច្រកល្ហក ស្រស់ស្អាត និងភ្លឺចិញ្ចាច។

    6 . China town ក្នុងទីក្រុង Vancouver ប្រទេស កាណាដា

    ជាប់លំដាប់ជួរមុខៗគេរបស់ទីប្រជុំជនជនជាតិចិនដែលធំលេខ 3 របស់តំបន់អាមេរិកខាងជើង។ ការរីកធំធាត់របស់តំបន់ឆៃណា ថោននេះ កើតឡើងនៅពេលដែលលោក ទឹង សៀវ ភិង ប្រកាសប្រគល់ឯករាជ្យដល់កោះហុងកុងឱ្យត្រឡប់ចូលមកក្នុងរង្វង់ដៃរបស់ប្រទេសចិនវិញ។ ដោយក្ដីបារម្ភព្រួយខ្លាចជីវិតខ្លួនឯងមិនមានសុវត្ថិភាព ជនជាតិចិនចំនួនដ៏ច្រើនក៏បានភៀសខ្លួនចូលមករស់នៅក្នុងទីក្រុង វេនឃូវើរ ហើយបច្ចុប្បន្ន គេឃើញមានហាងលក់ទំនិញស្ទីលបែបចិនៗជាច្រើន។

    7 . China town ក្នុងរដ្ឋ San Francisco ប្រទេស សហរដ្ឋអាមេរិក

    បើសិនទៅថតរូបស្ពាន Golden Gate កុំភ្លេចឆៀងចូលទៅលេងឆៃណា ថោនផងណា៎ នៅទីនោះមានប្រជាជនចិនចូលមករស់នៅជាង 160 ឆ្នាំមកហើយ ទើបអាចរាប់បានថា ជា China town ដែលចំណាស់បំផុតក្នុងតំបន់អាមេរិកខាងជើង។ ទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Golden Gate Fortune Cookie Factory ជារោងចក្រដែលស្ថិតក្នុងអគារតូចមួយក្នុងច្រកផ្លូវ Ross Alley។ នៅពេលលោកអ្នកដើរចូលទៅជិត នឹងបានធំក្លិនក្រអូបឈ្ងុយរបស់នំឃុកគីដែលត្រៀមជាស្រេចសម្រាប់ឱ្យលោកអ្នកទទួលទានបែបថ្មីៗក្ដៅៗទើបចេញពីឡដុត។

    8 . China town ក្នុងទីក្រុង London ប្រទេស អង់គ្លេស

    តំបន់ឆៃណា ថោនក្នុងទីក្រុង ឡុនដុន ឬដែលអ្នកទេសចរនាំគ្នាហៅថា តំបន់ សូហូ(Soho) អាចចាត់ទុកថាជាឆៃណា ថោនធំជាងគេបំផុតក្នុងទ្វីបអឺរ៉ុប។ ពេញទៅដោយហាងលក់ទំនិញ ហាងលក់ថ្នាំចិនសែ ភោជនីយដ្ឋានគ្រប់ជាតិសាសន៍ ស៊ុបភើរម៉ាឃេតដែលមានទំនិញនាំចូលត្រូវចិត្តជនជាតិអាស៊ីច្រើនបំផុត។ ចំណែកឯការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅទីនេះវិញ អាចនិយាយបានថា មិនចាញ់ទីណាៗទាំងអស់ មានទាំងការលោតម៉ុងសាយ ព្យុហយាត្រាសម្ដែងកាយវប្បកម្ម និងក្បាច់គុនដាវចិន និងអុចផាវលាន់ខ្ទរខ្ទារ ៕