Author: ធឿន មករា

  • iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    ប្រភពព័ត៌មានបច្ចេកវិទ្យា​​ធំៗ​ចំនួន​3 ​បានចុះផ្សាយ​ដូចៗគ្នា ​ពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ បើក​ទទួល​ការ​កុម្ម៉ង់ និង​ពេល​ដាក់​លក់ iPhone ជំនាន់​ថ្មី​ជា​ផ្លូវ​ការ។

    ប្រភព​ទាំង​3​នោះ​ ​មាន​វេបសាយ MacRumors, AppleInsider និង Jon Prosser បាន​បញ្ជាក់​ដូចៗ​គ្នា​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ថ្ងៃ​ទី​13 ខែ​តុលា និងបើក​ទទួល​ការ​កុម្ម៉ង់​នៅថ្ងៃ​ទី16 ខែ​តុលា ហើយនឹង​ចេញ​លក់​លើ​ទីផ្សារ ​ចាប់​ពី​ថ្ងៃ​ទី​23 ខែ​តុលា។

    Apple នឹង​បញ្ចេញ​លក់​ iPhone លើ​ទីផ្សារ​ជា​ 2​ដំណាក់​កាល​ ដោយ​ដំណាក់​កាល​ទី​1 ​ជា​ការ​ដាក់​លក់ iPhone 12 ដែល​មាន​អេក្រង់​ទំហំ 6.1អ៊ីញ ហើយទាំង​ 2នេះ ​នឹង​ចេញ​លក់​មុន​គេ។ ចំណែក​ iPhone 12 អេក្រង់ 5.4អ៊ីញ និង 6.7អ៊ីញ នឹង​ចេញ​លក់​នៅ​ពេល​បន្ទាប់។

    iPhone 12 នឹង​មាន​​​ 4​​ប្រភេទ​ ដែល​មាន​ iPhone 12 mini អេក្រង់​ 5.4អ៊ីញ iPhone 12 និង iPhone 12 Pro​ អេក្រង់​ទំហំ 6.1អ៊ីញ និង​ 1​ទៀត​ iPhone 12 Pro Max អេក្រង់​ទំហំ 6.7អ៊ីញ៕​​​

  • មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    ​ស្មាតហ្វូន​ជំនាន់​ទី5 របស់ Google គឺ​ម៉ូដែល​ Pixel 5 ​ត្រូវ​បាន​ប្រភព​ច្បាស់ការណ៍​មួយ​ទម្លាយ​ឱ្យ​ដឹង​ពីតម្លៃ​របស់​វា​ ​មុន​នឹង​ក្រុមហ៊ុន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​ទៅ​ទៀត។ ​សម្រាប់​ Pixel 5 មាន 5G មេម៉ូរី 128GB គឺ 699ដុល្លារ។

    ប្រភេទ 5G នឹង​បំពាក់​មក​ជាមួយ​នឹង​បន្ទះ​ឈីប Snapdragon 765G RAM 8GB/128 មេម៉ូរីមានកាមេរ៉ាក្រោយ2 ជាមួយ​នឹង​សេនស័រ 12.2MP +16MP Ultra wide-angle និង​កាមេរ៉ាមុខ 1គ្រាប់ 8MP។ ​អេក្រង់​ 90Hz មាន​មុខងារ​កាពារ​សឹក​ឆ្កូត Gorilla Glass 6កម្រិត IP68 និង​​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន​លឿន។

    ជាមួយ​គ្នា​នោះ​ដែរ ម៉ូដែល​ 1​ទៀត​គឺ Pixel 4a(5G) ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ឱ្យដឹងខ្លះៗ​ហើយ​ដែរថា នឹង​មាន​លក្ខណសម្បតិ្ត​ប្រហាក់​ប្រហែល​គ្នា តែ​បំពាក់​បន្ទះ​ឈីប​លេខ​ខុសគ្នា។

    សម្រាប់​រឿងមួយ ​ដែល​រាងដូចជាធ្វើឱ្យមិនសូវជាពេញចិត្ត​នោះគឺ​ថា តម្លៃ​ដ៏​ខ្ពស់​បែបហ្នឹង(699ដុល្លារ) និង​លក្ខណសម្បត្តិ​ផ្សេង​ទៀត​របស់​វាដែលមានត្រឹមប៉ុណ្ណឹង​ ហាក់ដូចជា​មិន​លើស​ស្មាតហ្វូន​តម្លៃ​ជាង 200ដុល្លារ​ផង​ បើ​ធៀបគ្នាហើយនោះ។ តែយ៉ាងណា ចំណុច​ខ្លាំង​មួយ​របស់ Pixel គឺ​កាមេរ៉ា​ដែល​បាន​អាប់ឌែត​បន្ថែម ​ធ្វើ​ឱ្យ​សមត្ថភាព​ថតរូប ​និង​វីដេអូ អាច​ប្រជែង​ជាមួយ​ស្មាតហ្វូន​ដទៃ​ដែល​មាន​កាមេរ៉ា3 ឬ​ 4គ្រាប់បាន​៕

  • ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ​ថ្មីៗ​នេះ​ព្រលាន​យន្តហោះ​ធំជាង​គេ ​និង​ទំនើប​ជាង​គេ ​របស់​ប្រទេសសិង្ហបុរី​ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​​ម៉ាស៊ីន​សម្អាត​ស្វ័យ​ប្រវត្តិ​ ​ដែល​រចនា​ឡើង​ដោយ​មាន​រូប​រាង​ជា​ រ៉ូបូត​ ​ដោយ​ចែក​ជាកម្រិត​សមត្ថភាព​ទាំង5 របស់​វា និង​បន្ត​ចែក​ជា 3ប្រភេទទៀត​គឺ ប្រភេទ​ប្រមូល ​និង​សម្អាត​ទូទៅ, ប្រភេទ​អាច​លើក​ទម្ងន់​បាន​ច្រើន​បំផុត 660គីឡូក្រាម និង​ប្រភេទ​ផ្តល់​ព័ត៌មានទូទៅ។

    យោង​តាម​វេបសាយ​ផ្លូវការ​របស់ changiairport បាន​រំលេច​មុខងារ​ទំនើបៗ​ខ្លះ​ ពីម៉ាស៊ីន​សម្អាត​ស្វ័យ​ប្រវត្តិ​ខាង​លើ​មាន​ដូច​ជា៖ ​ប្រភេទ​ទី1 អ្នក​ធ្វើ​ដំណើរ​អាចចុច​នៅ​លើ​ខ្លួន​របស់រ៉ូបូត ឬ​​ស្គែន QR Code រួចហើយ​វា​នឹង​លោត​ចូល​គេហទំព័រ​មួយ ​ដែល​មាន​រៀបរាប់​ពីសំណួរ​ដែល​អ្នក​ចង់បាន។ ទី2 ជា​ប្រភេទ​អាច​ផ្ទុក​សំណល់ អាច​លើក​អីវ៉ាន់​ និង​សម្អាតបាន​ ដោយ​អ្នក​គ្រាន់​តែ​​ឈរ​ក្បែរ​វា​ ហើយ​បញ្ជា​ឱ្យ​វា​លើក​ជា​ការស្រេច និងទី3 ជា​ប្រភេទ​ផ្តល់​ព័ត៌មានទូទៅ​៕

  • Genting Highlands មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    Genting Highlands មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    ពេលនិយាយពីការទៅដើរលេងកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញដែលមនុស្សជាច្រើនត្រូវតែនឹកដល់មុនគេបង្អស់នោះគឺ ហ្គេនធីង ហាយលែនដ៍ ហ្នឹងឯង តែដឹងឬទេថា តើនៅទីនោះមានកន្លែងកម្សាន្តបែបណាខ្លះ ឬមានដំណើរកម្សាន្តអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លះទៅ?។ តាមឡារ៉ែនមក ថ្ងៃនេះយើងនឹងនាំទៅលុកលុយមណ្ឌលទេសចរណ៍ ហ្គេនធីង ហាយលែនដ៍ទាំងអស់គ្នា។

    ហ្គេនធីង ហាយលែនដ៍(Genting Highlands)ស្ថិតនៅក្នុងរដ្ឋ ប៉ាហាំង ដែលនៅឆ្ងាយពីីទីក្រុង គូឡាឡាំពួ ប្រមាណជា 51គីឡូម៉ែត្រ ដោយស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ដល់ទៅ 2,000ម៉ែត្រ ទើបធ្វើឱ្យទីនោះមានធាតុអាកាសត្រជាក់ និងមានអ័ព្ទពេញមួយឆ្នាំទល់មួយឆ្នាំ។ ផ្ទៃដីខាងលើមិនមែនមានតែភាពស្រស់ស្អាតរបស់ធម្មជាតិ និងទេសភាពដ៏ល្អអស្ចារ្យប៉ុណ្ណោះទេ តែនៅពេញទៅដោយភាពកម្សាន្តសប្បាយដ៏ច្រើនរូបបែប ទាំងកាស៊ីណូ សណ្ឋាគារប្រណីត រោងភាពយន្ត ទីលានវាយកូនហ្គោល និងសួនកម្សាន្ត 2កន្លែងគឺ Outdoor Theme Park និង First World Indoor Theme Park រួមទាំងកិច្ចការងារកម្សាន្តផ្សេងៗទៀតជាច្រើនដែលឡារ៉ែននឹងប្រមូលយកមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៈ

    1 . ជិះកន្រ្តកខ្សែរ៉ក Awana Skyway

    ដោយសារតែ ហ្គេនធីង ហាយលែនដ៍ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 2,000ម៉ែត្រ ដូច្នោះហើយទើបវិធីដែលងាយស្រួលបំផុតដែលយើងនឹងឡើងទៅដល់លើនោះបានគឺ ការជិះកន្រ្តកខ្សែរ៉កហ្នឹងឯង ហើយក្នុងអំឡុងការជិះឡើងនេះ ក្រៅពីនឹងបានជក់ចិត្តលង់ទៅជាមួយធាតុអាកាសនៅលើភ្នំដែលត្រជាក់ពេញមួយរយៈពេល 10នៃការជិះនោះហើយ អ្នកទេសចរនៅបានទទួលបទពិសោធន៍ដ៏គួរឱ្យរំភើបញាប់ញ័រតាមរយៈទស្សនីយភាពរបស់ព្រៃសន្សើមដែលមានអាយុច្រើនជាង 130លានឆ្នាំដែលស្ថិតនៅខាងក្រោមនោះទៀតផង។

    2 . ទីសក្ការៈអាទិទេពស័ក្តិសិទ្ធិនៃ Chin Swee Caves Temple

    បើអ្នកណាមានឱកាសបានមកលេងហ្គេនធីង ហាយលែនដ៍ ឡារ៉ែនសូមណែនាំថា គួរតែទៅគោរពសក្ការៈរូបចម្លាក់របស់ ព្រះអាចារ្យ ឈិន ស្វ៊ី ជាអាទិទេពដែលអ្នកស្រុកនៅមណ្ឌល ហ្វូ៊ចៀនផ្ដល់នូវការគោរពបូជាយ៉ាងខ្លាំង រួមទាំងអ្នកទេសចរណ៍ទាំងជនជាតិម៉ាឡេស៊ី និងជនជាតិបរទេសផងក៏និយមទៅធ្វើបុណ្យសក្ការៈជាប់ជានិច្ចដែរ។ វត្ត ឈិន ស្វ៊ី ស្ថិតនៅក្នុងព្រៃថ្មដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 4,600ហ្វ៊ីត នៅខាងក្នុងវត្តប្រកបទៅដោយចេតិយ 9ជាន់បែបចិន ព្រះពុទ្ធរូបថ្មដ៏ធំ រូបចម្លាក់ម្ចាស់ម៉ែគង់ស៊ីអ៊ីម បន្ទប់មើលទេសភាព កន្លែងប្រតិបត្តិធម៌ និងភោជនីយដ្ឋានម្ហូបបួស រួមទាំងរូបចម្លាក់ផ្សេងៗដែលតម្រៀបគ្នាជាជួរនៅតាមផ្លូវដើរលើចង្កេះភ្នំ។

    3 . បេះផ្លែ ស្រ្តបឺរី នៅ Strawberry Leisure Farm

    កិច្ចការងារកម្សាន្តមួយក្នុងចំណោមកិច្ចការងារកម្សាន្តដែលមិនគួររំលងនៅពេលទៅលេងប្រទេសម៉ាឡេស៊ី លើភ្នំហ្គេនធីង ហាយលែនដ៍នោះគឺ ការសប្បាយជក់ចិត្តជាមួយការបេះផ្លែស្រ្តបឺរីធំៗ ពណ៌ក្រហមរលោង ផ្អែមត្រជាក់នៅក្នុង Strawberry Leisure Farm ដែលនៅខាងក្នុងកសិដ្ឋាននោះ ក្រៅពីមានផ្លែស្រ្តបឺរីឱ្យបេះ និងថតរូបទុកជាអនុស្សាវរីយ៍ហើយ ទីនេះនៅមានវត្ថុគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើន មានទាំង សណ្ដែកបណ្ដុះឥន្រ្ទីយ និងរុក្ខជាតិក្នុងផើងពពួកដើមផ្កាអ័រគីដេដ៏ច្រើនប្រភេទ រួមទាំងហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា និងទិញយ៉ាងសប្បាយដៃ។

    4 . បើកពិភពមហស្ចារ្យ នៅ CyberWorld – First World Hotel

    Genting CyberWorld គឺមជ្ឈមណ្ឌលរួមនៃការកម្សាន្តដែលអាចបានជួបនៅក្នុង First World Plaza នៅលើហ្គេនធីង ហាយលែនដ៍ ដែលទីនោះនឹងបើកបម្រើសេវាកម្មពេញ 24ម៉ោងតែម្ដង ក្រៅពីនេះនៅផ្ដល់សេវាកម្មអ៊ីនធើណិតល្បឿនលឿនទៀតផង។ ភាគច្រើនអ្នកដែលមកទីនេះ ច្រើនតែមកលេងហ្គេម លេងក្ដារលើទឹករលក រួមទាំងជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធដ៏សម្បូរបែបពីវត្ថុជួយបង្កើនភាពងាយស្រួលតាមរយៈពិភពឌីជីថល ក្រៅពីនោះ នៅខាងក្នុងក៏មានសួនកម្សាន្តសម្រាប់ឱ្យក្មេងៗបានសប្បាយរីករាយផងដែរ។

    ក្រៅពីទាំងអស់ខាងលើនេះហើយ ហ្គេនធីង ហាយលែនដ៍ នៅពេញទៅដោយវត្ថុជួយបង្កើនភាពងាយស្រួល និងទីកន្លែងកម្សាន្តដែលគួរឱ្យសប្បាយរីករាយជាច្រើនទៀតដែលអាចសប្បាយបានគ្រប់ភេទគ្រប់វ័យតែម្ដង និងថែមទាំងស្ថិតនៅមិនឆ្ងាយពីប្រទេសរបស់យើងប៉ុន្មានឡើយ។ អ្នកណាដែលកំពុងសម្លឹងរកមើលកន្លែងដើរលេងសប្បាយទាំងគ្រួសារនៅក្រៅប្រទេសជិតៗខ្លួននោះ ទីនេះក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ៕

  • ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

    ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវីសូមនាំស្រ្តីៗយើង(អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ)មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះកន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។

    1 . វាច្បាស់ជាឈឺមិនខាន…

    ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដងទៀតនោះទេ មែនអត់?។

    2 . ស្វាមីនឹងទៅមានស្រីថ្មី(ក្បត់ចិត្ត)

    ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច(រួមភេទ)ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។

    3 . មិនដឹងថា កូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់?

    នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន ដែលតែងតែភ័យខ្លាចថា នឹងមានរឿងមិនល្អអ៊ីចេះអ៊ីចុះកើតឡើងចំពោះកូន តែតាមស្ថិតិវិញ មានទារកត្រឹមតែ 3ភាគរយ(100 មានតែ3)ប៉ុណ្ណោះដែលនឹងកើតមកហើយមិនល្អពេញលេញ។ ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តបច្ចុប្បន្នធ្វើឱ្យមានការពិនិត្យមើលដោយវិធីផ្សេងៗរហូតពេញមួយរយៈពេលមានគភ៌ និងបើសិនជាមានអ្វីមិនល្អ ក៏នៅមានតិចណូឡូជី ឬការរក្សាព្យាបាលបែបថ្មីអាចជួយបានដែរ។

    4 . បាត់បង់ការគ្រប់គ្រងលើខ្លួនឯង

    អំឡុងពេលកំពុងតាំងគភ៌នេះអាចរាប់បានថាជាអំឡុងពេលដែលអ្វីៗច្រើនយ៉ាងរបស់មនុស្សស្រីមិនប្រក្រតី ទាំងអាការខាងរាងកាយ និងអារម្មណ៍។ អ្នកនឹងដឹងថា ពេលខ្លះខ្លួនឯងឆេវឆាវជ្រុលហួសហេតុ ទួញយំចំពោះរឿងកំប៉ិកកំប៉ុក ភើ ឬដើរខ្យល់(ផោម)ច្រើនបែបមិនដឹងខ្លួន…តែ មិនបាច់បារម្ភអ្វីទាំងអស់ មនុស្សជុំវិញខ្លួនអ្នក គេមិនបន្ទោសអ្នកទេ គេយល់ច្បាស់ណាស់ថា អ្នកមានផ្ទៃពោះតែដូច្នេះឯង…។

    5 . រឿងអាហារការហូបចុក

    ស្រ្តីជាម្ដាយជាច្រើនដែលពេលមិនទាន់តាំងគភ៌ បានដំណើរជីវិតរស់នៅមួយបែបផ្សេង ដូចជាញ៉ាំស្រា ជក់បារី ឬញ៉ាំតែកាហ្វេរសជាតិចាស់ខ្លាំង ជាដើម។ វាជារឿងល្អណាស់ក្នុងការកង្វល់ជាមួយនឹងរឿងពពួកនេះ គួរតែបន្ថយ និងតមឱ្យបាន ព្រោះការញ៉ាំ ឬសេពវត្ថុអស់ទាំងនេះ ជាមូលហេតុដំបូងៗគេនៃការប្រសូតទារកដែលមានភាពខុសប្រក្រតីចេញមក ដូច្នេះបើមានកង្វល់ខ្លាំង ឬខ្លាចថាក្រែងធ្វើមិនបាន សុំទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    6 . ខ្លាចធ្វើជាម្ដាយគេមិនបានល្អ

    ទោះជាស្រ្តីមានសញ្ជាតិញាណនៃភាពជាម្ដាយនៅក្នុងខ្លួនស្រាប់ហើយគ្រប់គ្នាក៏ដោយ តែអាការកង្វល់ថា នឹងក្លាយជាម្ដាយដែលល្អឬអត់នោះក៏នៅតែមាន និងនៅពេលប្រៀបធៀបជាមួយនឹងម្ដាយខ្លួនឯងដែលធ្លាប់ចិញ្ចឹមមើលថែទាំមកយ៉ាងល្អល្អះនោះ រឹតតែធ្វើឱ្យកាន់តែមានកង្វល់ក្នុងចិត្តខ្លាំងឡើង។ ពាក្យណែនាំល្អៗដើម្បីបន្ថយក្ដីកង្វល់ក្នុងរឿងនេះគឺ គ្មាននរណាម្្នាក់ឥតខ្ចោះ គ្មានម្ដាយណាម្នាក់ល្អគ្រប់សព្វបែបយ៉ាងនោះទេ សុំត្រឹមតែអ្នកជឿជាក់ក្នុងចិត្ត និងស្រឡាញ់កូន ធ្វើគ្រប់យ៉ាងដើម្បីកូនយ៉ាងពេញទំហឹង ប៉ុណ្ណឹងក៏រាប់ថា អ្នកជាម្ដាយម្នាក់ដ៏ល្អបាត់ទៅហើយ។

    7 . ត្រូវនៅធាត់កន្រ្ទីលកន្រ្ទលបែបហ្នឹងរហូតទៅ

    ទម្ងន់ខ្លួនដែលកើនឡើងវឹបៗក្នុងអំឡុងពេលមានគភ៌ និងអ្នកខ្លះមើលទៅដូចជាគ្មានសញ្ញាថានឹងថយចុះ ទោះជាឆ្លងទន្លេហើយក៏ដោយ បើគិតថាចង់ត្រឡប់មកមានរូបរាងស្អាតស្វែលដូចដើមវិញនោះ ក្នុងអំឡុងពេលនេះ អ្នកត្រូវរៀបចំផែនការថែទាំខ្លួនឯងក្រោយពេលឆ្លងទន្លេរួច ដូចជា ញ៉ាំអាហារ និងហាត់ប្រាណឱ្យស័ក្តិសម ជាដើម នោះមិនយូរប៉ុន្មានរាងកាយអ្នកក៏នឹងត្រឡប់មកដូចដើមវិញមិនខាន។

    8 . គ្មានពេលវេលាសម្រាប់កូនម្នាក់ទៀត

    សម្រាប់ស្រ្តីដែលមានគភ៌លើកនេះជាលើកទីពីរនោះ រឿងមួយដែលត្រូវកង្វល់គឺ អារម្មណ៍របស់កូនម្នាក់ទៀត ខ្លាចកូននឹងតូចចិត្ត និងទៅជាគិតថា អ្នកលែងស្រឡាញ់គេបាត់ទៅហើយ។ រឿងនេះមិនមែនជាបញ្ហាធំនោះទេ ត្រឹមតែអ្នកបានជជែកនិយាយជាមួយកូន និងព្យាយាមអធិប្បាយពន្យល់ និងឱ្យគេបានចំណែករួមក្នុងការតាំងគភ៌លើកនេះ នោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង ឬបើអ្នកមិនសូវជាប៉ឹនប្រសប់ក្នុងរឿងនេះ អាចនឹងឱ្យលោកប្ដីជាអ្នកជួយក៏បាន៕

  • ក្រសួងថាគ្មានការបន្ថូបន្ថយស្តង់ដាវិញ្ញាសារប្រឡងបាក់ឌុបដោយសារតែបញ្ហា Covid នោះទេ

    ក្រសួងថាគ្មានការបន្ថូបន្ថយស្តង់ដាវិញ្ញាសារប្រឡងបាក់ឌុបដោយសារតែបញ្ហា Covid នោះទេ

    នៅ​ឆ្នាំ 2020នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពន្យារ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) រហូតដល់​ចុងខែ​ធ្នូ ដោយសារតែ​បញ្ហា​វិបត្តិ​ជំងឺ Covid-19 ដែល​បានផ្តល់​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ការអប់រំ។

    បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា នៅ​ឆ្នាំនេះ ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 21និង22 ខែធ្នូ​ឆ្នាំ 2020 ដោយ​ក្នុងនោះ​មាន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​មាន​ចំនួន​សរុប 12ម៉ឺន​នាក់ មកពី​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កី​ឡ បាន​លើកឡើងថា ក្រសួង​អប់រំ​នៅតែ​រក្សា​ស្តង់ដា​វិញ្ញាសារ​ប្រឡង​ដដែល ហើយ​មិន​បន្ថយ​ស្តង់ដា​វិ​ញ្ញា​ដោយសារតែ​ហេតុផល​ជំងឺ Covid-19នោះទេ។ ក្រសួង​នៅតែ​រៀបចំ​ឱ្យ​ការប្រឡង​ដំណើរការ​ទៅដោយ​ភាពប្រក្រតី សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ និង​ធានា​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។

    គួរ​បញ្ជាក់ថា កន្លងមក​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា សិស្ស​អាចមាន​ពេល​គ្រប់គ្រាន់​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃ​ប្រឡង​នៅ​ចុងឆ្នាំ ដើម្បី​ត្រៀមប្រឡង​មធ្យម​ស​ក្សា​ទុតិយភូមិ ហេតុនេះ​ក្រសួង​នៅតែ​រក្សា​ស្តង់ដា​វិញ្ញាសា​ដដែល៕

  • អ្នកជំនាញហិរញ្ញវត្ថុបង្ហាញរូបមន្តចាត់ចែងចំណូល ដើម្បីឱ្យជីវភាពប្រសើរឡើង

    អ្នកជំនាញហិរញ្ញវត្ថុបង្ហាញរូបមន្តចាត់ចែងចំណូល ដើម្បីឱ្យជីវភាពប្រសើរឡើង

    មនុស្សម្នាក់ៗសុទ្ធតែ​ចង់​ក្លាយជា​អ្នក​ដែលមាន​សេរីភាព​ហិរញ្ញវត្ថុ និង​រីករាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​មាន ហើយ​បន្ត​អភិវឌ្ឍ​ដើម្បីឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា តាម​ការយល់ឃើញ និង​បទពិសោធន៍​ផ្ទាល់ខ្លួន លោក​យល់ថា​ខាងក្រោម​នេះ​ជាការ​ចាត់ចែង​ចំណូល និង​ទ្រព្យសម្បត្តិ​ដែលមាន​ប្រសិទ្ធិភាព។

    1. គោលការណ៍​ចំណូល 40/60៖

    សំរាប់​អ្នកធ្វើការ ចំណូល​ប្រចាំខែ​ត្រូវ​ចាត់ទុកជា​គ្រាប់ពូជ និង​គ្រាប់​បាយ។ យ៉ាងតិច40%នៃ​ចំណូល​ប្រចាំខែ​សំរាប់​គ្រួសារ​ទាំងមូល​គួរ​ចាត់ចែង​ជា​គ្រាប់ពូជ​ដើម្បី​បង្កើត​ប្រាក់​ឬ​ទ្រព្យ​បន្ថែម​ដូច​ជាការ​សន្សំ ឬ​សង​កម្ចី​ធនាគារ​ដើម្បី​យកទៅ​វិនិយោគ​លើ​អាជីវកម្ម​នានា អចលនទ្រព្យ ឬ​ផ្សារ​ហ៊ុន​ដែលមាន​ផលចំណេញ​យ៉ាងតិច15%ក្នុង1ឆ្នាំ។ ហើយ​ច្រើន​បំផុត60%នៃ​ចំណូល​ប្រចាំខែ​អាច​ចាត់ទុកជា​គ្រាប់​បាយ​សំរាប់​ការចំណាយ​ចាំបាច់​ក្នុង​គ្រួសារ ដូចជា​ចំណាយ​លើ​ម្ហូបអាហារ សម្លៀកបំពាក់ ការធ្វើដំណើរ ការចំណាយ​លើ​សុខភាព ការអប់រំ​របស់កូនៗ និង​សង​កម្ចី​បង់​រំលស់​ផ្ទះ។ល។ ប៉ុន្តែ​មិនគួរ​មាន​ចំណាយ​លើ​ការបង់​រំលស់​សម្ភារ​ដូចជា​រថយន្ត ឬ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​នោះទេ។ ឧទាហរណ៍ បើ​គ្រួសារ​របស់​អ្នកមាន​ចំណូល1500ដុល្លា អ្នក​គួរ​ចាត់ចែង​ប្រាក់​យ៉ាងតិច600ដុល្លា​សំរាប់​ជា​គ្រាប់ពូជ​យកទៅ​បង្កើន​ទ្រព្យ​ឬ​ចំណូល។ រីឯ​ប្រាក់​នៅសល់900ដុល្លា​ទៀត​អាច​ចាត់ចែង​ជា​ចំណាយ​ចាំបាច់ (ឬ​ហៅថា​ជា​គ្រាប់​បាយ) សំរាប់​គ្រួសារ។

    2) គោលការណ៍​ទ្រព្យសម្បត្តិ 60/40៖

    ក្រៅពី​ការខិតខំ​ធ្វើ​ការរកចំណូល និង​ការចាត់ចែង​ចំណូល​ឱ្យមាន​ប្រសិទ្ធិភាព គ្រួសារនីមួយៗគួរ​មាន​គោលការណ៍​ល្អ​ក្នុងការ​ចាត់ចែង​ទ្រព្យសម្បត្តិ​ផងដែរ។ គោលការណ៍​ល្អ​នោះ​គឺ​គួរ​ចាត់ចែង​ឱ្យមាន​ទ្រព្យសម្បត្តិ​ដែល​នាំមក​នូវ​ភាព​រីកចំរើន (ផលចំណេញ​តាមរយៈ​ការ​កើន​តម្លៃ​យ៉ាងតិច15%ក្នុង1ឆ្នាំ) យ៉ាងតិច60%នៃ​ចំនួន​ទ្រព្យសម្បត្តិ​សរុប​របស់​គ្រួសារ។ រីឯ​ទ្រព្យសម្បត្តិ​ដទៃទៀត​ដែល​មិនមាន​ការ​កើន​តម្លៃ ដូចជា​គ្រឿងអលង្កា ផ្ទះ រថយន្ត និង​សម្ភារ​ដទៃទៀត​គួរ​មានតម្លៃ​សរុប​ច្រើន​បំផុត​ត្រឹម40%នៃ​ទ្រព្យ​សរុប​របស់​គ្រួសារ​បាន​ហើយ។ ឧ​ទា​ហរ​ណ៏ បើ​គ្រួសារ​មួយ​មានទ្រព្យ​សម្បត្តិ​សរុប15ម៉ឺន​ដុល្លា គ្រួសារ​នោះ​គួរ​មានទ្រព្យ​សម្បត្តិ​ដែល​រីកចំរើន​ដូចជា​អចលនទ្រព្យ និង​ភាគហ៊ុន​អាជីវកម្ម​យ៉ាងតិច9ម៉ឺន​ដុល្លា។ ហើយ​មាន​ជា​ទ្រព្យសម្បត្តិ​ដែល​មិន​កើន​តម្លៃ​ដូចជា​ផ្ទះ គ្រឿងអលង្កា និង​រថយន្ត​ត្រឹម​តម្លៃ​សរុប​មិន​លើសពី6ម៉ឺន​ដុល្លា​នោះទេ។ យ៉ាងណា​ផ្ទះ​ដែល​គ្រួសារ​ខ្ញុំ​នៅ និង​រថយន្ត​ដែល​គ្រួសារ​ខ្ញុំ​ប្រើ​មានតម្លៃ​សរុប​មិន​ដល់5%នៃ​ទ្រព្យសម្បត្តិ​សរុប​នោះទេ៕

  • តើការភ្ជាប់ពាក្យសំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តើការភ្ជាប់ពាក្យសំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តាមទំនៀមទម្លាប់របស់ការរៀបការតាំងពីសម័យបុរាណ មុននឹងមានពិធីមង្គលការឡើង ត្រូវតែមានការភ្ជាប់ពាក្យគ្នាជាទំនៀមទម្លាប់ជាមុនជានិច្ច ហើយទំនៀមទម្លាប់នេះក៏បានទទួលការបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ន ទោះជាមានគូខ្លះអាចនឹងរំលងដំណាក់កាលនេះដើម្បីជាការសន្សំសំចៃថ្លៃចាយវាយក្ដី តែដឹងឬទេថា ការភ្ជាប់ពាក្យក៏មានចំណុចល្អច្រើនយ៉ាងដែរ ដូច្នេះយើងនាំគ្នាមកមើលពីប្រវត្តិថា តើហេតុអីទើបការភ្ជាប់ពាក្យមុនមានពិធីរៀបមង្គលការបានទទួលការអនុវត្តបន្តគ្នាមកក្លាយជាទំនៀមទម្លាប់តាំងពីសម័យបុរាណ?។

    គោលបំណងក្នុងការភ្ជាប់ពាក្យ

    ដោយសារតែកាលពីសម័យអតីតកាលនោះ ការរៀបចំពិធីមង្គលការច្រើនតែជាការរៀបចំដែលកើតឡើងពីអាណាព្យាបាលច្រើនជាងក្នុងការរកគូស្រករដែលល្អឱ្យទៅបុត្រភ្ងានោះ ទើបមានតិចគូណាស់ដែលបានជួបស្នេហ៍ដោយខ្លួនឯង។ ការធ្វើពិធីភ្ជាប់ពាក្យ គឺជានិមិត្តសញ្ញាម្យ៉ាងដើម្បីឱ្យខាងប្រុស និងខាងស្រីមានឱកាសបានសិក្សាមើលចិត្តមើលថ្លើមគ្នាជាមុនមួយខណៈពេលសិន និងជានិមិត្តសញ្ញាមួយប្រាប់ដល់បុរសស្រ្តីដទៃទៀតមិនឱ្យមកចូលជិតក្បែរបុរសស្រ្តីដែលបានភ្ជាប់ពាក្យគ្នាហើយនោះផង។ បើសិននៅមិនទាន់ច្បាស់ប្រាកដក្នុងចិត្ត ឬមិនត្រូវចិត្តអ្វីៗនោះ ក៏នឹងមានការផ្ដាច់ពាក្យគ្នាវិញក្នុងឱកាសតទៅទៀត តែបើសិក្សាមើលចិត្តថ្លើមគ្នាហើយ ឃើញថានឹងទៅជាមួយគ្នាបាននោះ ក៏នឹងបន្តដោយការដេញពេលារកមើលឫក្សពេលាល្អដើម្បីរៀបការក្នុងវារៈណាមួយដែលស័ក្តិសម។

    ការភ្ជាប់ពាក្យ មានរយៈពេលយូរ ឬឆាប់ប៉ុនណា

    បើសិនតាមអំណះអំណាងកាលពីអតីតកាល ច្រើនតែបញ្ជាក់ពីពេលវេលាភ្ជាប់ពាក្យក្នុងអំឡុងពេលប្រមាណជា 6 – 12ខែ ជាវេលាដែលស័ក្តិសមល្មមក្នុងការស្គាល់ចិត្តគ្នាទៅវិញទៅមក តែក្នុងបច្ចុប្បន្ននេះ គ្មានការកំណត់ឱ្យប្រាកដជាក់ថា រយៈពេលប៉ុនណាទេ។ គូខ្លះអាចនឹងភ្ជាប់ពាក្យដើម្បីជាការកក់ទុកជាមុន(ភ្ជាប់ពាក្យតាំងពីនៅជំទង់ៗ ហើយមករៀបការនៅពេលចាស់ហើយក៏មាន)លុះពេលវេលាកន្លងទៅ 3 – 5ឆ្នាំទើបរៀបការ។ តែបើគូខ្លះដែលប្រាកដជាក់ក្នុងចិត្តថា នឹងគ្មានបញ្ហាអ្វីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយទេ ព្រោះបានសិក្សាមើលចិត្តថ្លើមគ្នាក្នុងអំឡុងពេលសេពគប់គ្នាមកយ៉ាងច្បាស់ប្រាកដល្អហើយនោះ ក៏អាចនឹងរៀបចំពិធីភ្ជាប់ពាក្យនៅពេលព្រឹក រួចហើយរៀបការនៅពេលរសៀលតែម្ដងក៏បាន ដែលនេះជាការបង្រួញដំណាក់កាលឱ្យខ្លី និងសន្សំថ្លៃចាយវាយបានច្រើនទៀតផង។

    តើពិធីភ្ជាប់ពាក្យ ត្រូវធ្វើយ៉ាងណាខ្លះ?

    ពិធីភ្ជាប់ពាក្យភាគច្រើន គឺច្រើនជាការឯកភាពគ្នារឿងថ្លៃទឹកដោះរបស់ចាស់ៗទាំងសងខាង រួមទាំងរឿងរបស់ផ្ទះសំបែង និងចំណុចឯកភាពគ្នាមួយចំនួនទៀតក្រោយពេលរៀបការហើយ(គូខ្លះរៀបការគ្នាដោយហេតុផលខាងធុរកិច្ច)។ នៅពេលគ្រប់យ៉ាងរួចរាល់រៀបរយ ក៏នឹងមានការលើកខាន់ស្លា ព្រមទាំងថ្លៃទឹកដោះ មាសប្រាក់ និងគ្រឿងបណ្ណាការដែលបានឯកភាពគ្នានោះទៅជូនដល់ផ្ទះខាងកូនក្រមុំ។ បន្ទាប់ពីនោះក៏ធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅចំពោះមុខសាក្សី ហើយទើបនាំយកភោជនាហារចេញមកជប់លៀងពិសាជាកិច្ចបញ្ចប់ពិធី និងអាចនឹងមានការជជែកនិយាយគ្នាម្ដងទៀតអំពីរឿងការរៀបចំពិធីមង្គលការនាពេលអនាគតដ៏ខ្លីខាងមុខ។

    អាចនិយាយបានថា ជាកលឧបាយម្យ៉ាងនៅក្នុងអតីតកាលដែលសមហេតុសមផលបំផុត យ៉ាងហោចណាស់ក៏ការភ្ជាប់ពាក្យអាចរាប់បានថា ជាការបានសម្រេចចិត្តដ៏ច្បាស់លាស់មួយ និងជាការសាកសួរបេះដូងរបស់ខ្លួនឯងម្ដងទៀតថា តើបានត្រៀមខ្លួនជាស្រេចក្នុងការរស់នៅជាមួយអនាគតគូជីវិតហើយឬនៅ ហ្នឹងឯង៕

  • តារាល្បីៗ និងបណ្តាសារព័ត៌មានបានបង្ហាញចំណាប់អារម្មណ៍ព្រមគ្នាថា ៖ គ្មានទៀតឡើយការរង់ចាំចំពោះការសាកថ្ម

    តារាល្បីៗ និងបណ្តាសារព័ត៌មានបានបង្ហាញចំណាប់អារម្មណ៍ព្រមគ្នាថា ៖ គ្មានទៀតឡើយការរង់ចាំចំពោះការសាកថ្ម

    កម្មវិធី realme 7 series Media Tasting បានបញ្ចប់ដោយរលូន លោក G-Devith បានប្រកាសថា៖ ឆាកជីវិតរបស់ខ្ញុំ​ មិនត្រូវការរង់ចាំ!

    បណ្តាអ្នកសារព័ត៌មានបានធ្វើការសាកល្បង មុខងារសាកថ្ម 65W SuperDart Charge របស់ realme 7 Pro និងបានបង្ហាញថា “សាកថ្មដោយមិនចាំបាច់រង់ចាំ”

    បទពិសោធន៍ដំបូងអស្ចារ្យ នៃការសាកល្បងមុខងារសាកថ្ម65W SuperDart Charge នៅលើ realme 7 Pro គឺឥឡូវនេះ មិនមានការរង់ចាំ!

    បច្ចេកវិទ្យាថ្មីសាកថ្ម 65W SuperDart Chagre បានមកដល់ហើយ! បទពិសោធន៍ដំបូងរបស់ realme 7 Pro៖ លឿនហួសពីការស្មាន

    នៅថ្ងៃទី ២៣ ខែកញ្ញា កម្មវិធីrealme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ “65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION ” បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ បានមានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿនបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់។ វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើងនូវរលកបច្ចេកវិទ្យាថ្មីមួយទៀត។ តារាល្បីៗ និង បណ្តាញសារព័ត៌មានទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍ ចំពោះបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ថាអ្នកអាចនិយាយពាក្យលាក្នុងការរង់ចាំចំពោះការសាកថ្ម។ វាបានផ្តល់នូវ ការស្រមើស្រមៃដល់ការរស់នៅឆ្លាតវៃបែបថ្មីដែលមិនធ្លាប់មានពីមុនមក។

    នៅក្នុងកម្មវិធីផ្ទាល់ បន្ទាប់ពីការលេងសៀករហាសកម្មខ្លីដ៏ជក់ចិត្តបានកន្លងផុតទៅ​​។ realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេចបានការសាកថ្មចំនួន 13% ក្នុងរយៈពេល3នាទី យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បានបង្ហាញថាថាមពលថ្មដែលសាកបាននេះអាចលេង PUBG បានដល់៣ប្រគួត លេងInstagramបាន២ម៉ោង មើលYouTube បាន២.៥ម៉ោង។ ឬអាចដាក់standbyទុកបានរយៈពេល ៤ថ្ងៃ។ កាន់តែអស្ចារ្យក្នុងរយៈពេលត្រឹមតែ ៣៤នាទី បច្ចេកវិទ្យា65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោលពេញទៅដោយថាមពលឡើងវិញ ពី ០% ដល់ ១០០%។

    លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀងតំណាងឲ្យ realme បាននិយាយថា គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់ធ្វើអ្វី គឺធ្វើភ្លាម ការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

    លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បច្ចេកវិទ្យា65W SuperDart Charge មិនមែនគ្រាន់តែជាបទពិសោធន៍ បច្ចេកវិទ្យាថ្មី ភាពឡូយឆាយ និងការយកចិត្តទុកដាក់ សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។ នៅក្រោមជំនួយពីមុខងារសាកថ្មនេះ realme 7 Pro អាចសម្រេចនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការសាកថ្មលឿននិងប្រើប្រាស់បានវិញភ្លាមៗ បំបាត់ចោលនូវការកំណត់ទៅលើពេលវេលាកន្លងមកដែលប្រើប្រាស់ក្នុងការរង់ចាំការសាកថ្ម និងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែងាយស្រួលនិងរហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី។

    អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាននាំមកនូវបច្ចេកវិទ្យាសាកថ្មទំនើបជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់ចូលទៅលើផលិតផល realme Number seires ដែលអាចឱ្យយុវជនកាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់ទទួលយកជីវិតដែលមានគុណភាពខ្ពស់។ នេះក៏បានបង្ហាញផងដែរថាrealmeគឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យានិយមយ៉ាងពិតប្រាកដ។ ចំពោះថាមពលថ្ម 4500 mAh អាចកំដរគគាត់បានពេញ១ថ្ងៃសម្រាប់ការប្រើប្រាស់ទូទទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់៦ម៉ោង៤០នាទី។ គាត់ក៏ស្វាគមន៍ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់។ ហើយនាពេលអនាគតសង្ឃឹមថា realme នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ។

    កាមេរ៉ា Sony បួនគ្រាប់ 64MP ៖ ការថតរូបពេលយប់កាន់តែស្រស់ស្អាតនិងច្បាស់ជាងមុន

    ចំពោះផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួនគ្រាប់ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួលបានប្រសិទ្ធិភាពនៃការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីឌីអូគួរឱ្យចាប់អារម្មណ៍បន្ថែមជាច្រើនទៀត។

    នៅក្នុងកម្មវិធីផ្ទាល់ លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃrealme បានបង្ហាញពីគន្លឹះសំខាន់ៗនៃការប្រើប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាពស្រស់ស្អារពេលរាត្រី និងបង្ហាញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់រូបភាពដើម្បីកត់ត្រានូវសកម្មភាពជីវិតដ៍ស្រស់បំព្រង។

    Media Tek Helio G95 ដែលបង្ហាញខ្លួនដំបូងបំផុតលើពិភពលោក៖ បទពិសោធនៃការគ្រប់គ្រងហ្គេមខ្លាំងលើសពីការរំពឹងទុក

    ក្នុងនាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរ និងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ថែមទាំងប្រើប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន90Hz អាចនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែរលូន។ លោក ​Ic3_fr0Gz ដែលជាGame Caster និង ជាសមាជិកគ្រួសាររបស់realme។ តាំងនាមជាអ្នកដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃការគ្រប់គ្រងហ្គេមរបស់ realme 7 មានភាពប្រសើរជាងមុនខ្លាំង ខ្លាំងលើសពីការរំពឹងទុក វាពិតជាសាកសមសម្រាប់អ្នកលេងហ្គេមគ្រប់រូបគួរតែធ្វើការសាកល្បង។

    បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន ​65W SuperDart Charge ជាមួយនឹងកាមេរ៉ា Sony ៤ គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart ។ realme 7 series នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី30ខែកញ្ញានេះហើយ សូមរង់ចាំទសន្សាទាំងអស់គ្នា!

  • ញ៉ាំទឹកត្រជាក់ខ្លាំង មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    ញ៉ាំទឹកត្រជាក់ខ្លាំង មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    នៅពេលធាតុអាកាសក្ដៅខ្លាំងម្ដងៗ តើមិនឱ្យញ៉ាំទឹកត្រជាក់ម្ដេចនឹងបានទៅ? តែមានមនុស្សជាច្រើនអាចធ្លាប់បានឮមកថា ទឹកត្រជាក់អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ អ៊ីចឹងសួរថា ដែលយើងនាំគ្នាញ៉ាំរាល់ដងហ្នឹង តើមានគ្រោះថ្នាក់ចំពោះរាងកាយខ្លាំងប៉ុនណាដែរ ឬក៏មិនមែនជាការពិត? ដូច្នេះសូមមកមើលចម្លើយទាំងអស់គ្នា…។

    តើទឹកត្រជាក់បំផ្លាញរាងកាយយើងយ៉ាងដូចម្ដេច?

    បើនិយាយយ៉ាងងាយៗនោះគឺ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងក្នុងរយៈពេលដ៏ឆាប់រហ័ស អាចធ្វើឱ្យកើតអាការ Brain freeze ឬអាការត្រជាក់ខ្លាំងឡើងដល់ខួរក្បាល ធ្វើឱ្យឈឺក្បាលមួយភ្លែតបាន។ គឺជាកម្មវិធីរបស់ខួរក្បាលដែលបញ្ជាការបញ្ជូនឈាមមកសរសៃឈាមនៅម្ដុំដែលត្រជាក់ខ្លាំងភ្លាមៗដើម្បីធ្វើឱ្យសរសៃឈាមនៅម្ដុំនោះកក់ក្ដៅឡើងវិញ និងពង្រីកសរសៃឈាមឱ្យធំឡើង រហូតទៅជំរុញសរសៃប្រសាទផ្នែកដែលទទួលដឹងពីការឈឺចាប់ ទើបកើតអាការឈឺក្បាលភ្លាមៗឡើង តែមិនចាំបាច់បារម្ភទេ អាការនេះកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមិនបង្កផលប៉ះពាល់រយៈពេលវែងដល់រាងកាយឡើយ។

    តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយក្នុងរយៈពេលវែងក៏មានដូចគ្នាដែរ។ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យក្រលៀនត្រូវបំពេញតួនាទីកម្ចាត់ភាពត្រជាក់ចេញពីរាងកាយយ៉ាងឆាប់រហ័ស ដោយការបណ្ដេញទឹកត្រជាក់ចេញមកស្តុកទុកនៅក្នុងប្លោកនោម។ ក្រៅពីក្រលៀននឹងធ្វើការខ្លាំងឡើងហើយ ភាពត្រជាក់នៅធ្វើឱ្យសរសៃឈាមពង្រឹងខ្លួន មិនយឺតយារ ឈាមឡើងខាប់ស្អិត រំកិលខ្លួនយឺត និងលំបាក ធ្វើឱ្យមានកំណកខ្លាញ់ និងរបស់សំណល់នៅក្នុងឈាមតោងជាប់នៅតាមជញ្ជាំងសរសៃឈាម និងអាចប្រមូលសន្សំពូនច្រើនឡើងរហូតក្លាយជាជំងឺត្បៀតសរសៃឈាម។

    ដូច្នេះ បើចង់ចៀសវាងពីគ្រោះថ្នាក់ទាំងនោះ គួរញ៉ាំទឹកក្ដៅឧណ្ហៗ ឬទឹកធម្មតាជំនួសទឹកដែលត្រជាក់ខ្លាំង ឬកាត់បន្ថយការញ៉ាំទឹកត្រជាក់ខ្លះ ទទួលទានអាហារដែលមានជាតិខ្លាញ់តិច គ្រប់គ្រងអាហារពពួកម្សៅ និងស្ករឱ្យសមល្មមនឹងតម្រូវរបស់រាងកាយ ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលការធ្វើការងាររបស់អវយវៈខាងក្នុង រួមទាំងសរសៃឈាមឱ្យប្រក្រតីផង៕