Author: ធឿន មករា

  • មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    ស្មា​ត​ហ្វូ​ន​ជំនា​ន់ទី5 របស់ Google គឺ​ម៉ូ​ដែល Pixel 5 ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​មួយ​ទម្លាយ​ឱ្យដឹងពី​តម្លៃ​របស់​វា មុននឹង​ក្រុមហ៊ុន​ប្រកាស​ចេញលក់​លើ​ទីផ្សារ​ទៅទៀត។ សម្រាប់ Pixel 5 មាន 5G មេម៉ូរី 128GB គឺ 699ដុល្លារ។

    ប្រភេទ 5G នឹង​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 765G RAM 8GB/128 មេម៉ូរី​មាន​កាមេរ៉ា​ក្រោយ2 ជាមួយនឹង​សេន​ស័​រ 12.2MP +16MP Ultra wide-angle និង​កាមេរ៉ា​មុខ 1គ្រាប់ 8MP។ អេក្រង់ 90Hz មានមុខ​ងារ​កា​ពារ​សឹក​ឆ្កូត Gorilla Glass 6កម្រិត IP68 និង​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន​លឿន។

    ជាមួយគ្នា​នោះដែរ ម៉ូ​ដែល 1ទៀត​គឺ Pixel 4a(5G) ក៏​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ឱ្យដឹងខ្លះៗហើយ​ដែរ​ថា នឹងមាន​លក្ខណ​ស​ម្ប​តិ្ត​ប្រហាក់ប្រហែលគ្នា តែ​បំពាក់​បន្ទះ​ឈី​ប​លេខ​ខុសគ្នា។

    សម្រាប់​រឿង​មួយ ដែល​រាងដូចជា​ធ្វើឱ្យ​មិនសូវ​ជា​ពេញចិត្ត​នោះ​គឺថា តម្លៃ​ដ៏​ខ្ពស់​បែប​ហ្នឹង(699ដុល្លារ) និង​លក្ខណសម្បត្តិ​ផ្សេងទៀត​របស់​វា​ដែលមាន​ត្រឹម​ប៉ុណ្ណឹង ហាក់ដូចជា​មិន​លើស​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង 200ដុល្លារ​ផង បើ​ធៀប​គ្នា​ហើយ​នោះ។ តែ​យ៉ាងណា ចំណុចខ្លាំង​មួយ​របស់ Pixel គឺ​កាមេរ៉ា​ដែល​បាន​អាប់​ឌែ​ត​បន្ថែម ធ្វើឱ្យ​សមត្ថភាព​ថតរូប និង​វីដេអូ អាច​ប្រជែង​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ​ដែលមាន​កាមេរ៉ា3  ឬ 4គ្រាប់​បាន៕

  • ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ថ្មីៗនេះ​ព្រលានយន្តហោះ​ធំជាងគេ និង​ទំនើប​ជាងគេ របស់​ប្រទេស​សិង្ហ​បុរី បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​សម្អាត​ស្វ័យប្រវត្តិ ដែល​រចនា​ឡើង​ដោយមាន​រូបរាង​ជា រ៉ូ​បូត ដោយ​ចែកជា​កម្រិត​សមត្ថភាព​ទាំង5 របស់​វា និង​បន្ត​ចែកជា 3ប្រភេទ​ទៀត​គឺ ប្រភេទ​ប្រមូល និង​សម្អាត​ទូទៅ, ប្រភេទ​អាច​លើក​ទម្ងន់​បាន​ច្រើន​បំផុត 660គីឡូក្រាម និង​ប្រភេទ​ផ្តល់ព័ត៌មាន​ទូទៅ។

    យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ changiairport បាន​រំលេច​មុខងារទំនើបៗខ្លះ ពី​ម៉ាស៊ីន​សម្អាត​ស្វ័យប្រវត្តិ​ខាងលើ​មានដូចជា៖ ប្រភេទ​ទី1 អ្នកធ្វើដំណើរ​អាច​ចុច​នៅលើ​ខ្លួន​របស់​រ៉ូ​បូត ឬ​ស្គែ​ន QR Code រួចហើយ​វា​នឹង​លោត​ចូល​គេហទំព័រ​មួយ ដែលមាន​រៀបរាប់​ពី​សំណួរ​ដែល​អ្នក​ចង់បាន។ ទី2  ជា​ប្រភេទ​អាច​ផ្ទុក​សំណល់ អាច​លើក​អីវ៉ាន់ និង​សម្អាត​បាន ដោយ​អ្នក​គ្រាន់តែ​ឈរ​ក្បែរ​វា ហើយ​បញ្ជា​ឱ្យ​វា​លើក​ជាការ​ស្រេច និង​ទី3 ជា​ប្រភេទ​ផ្តល់ព័ត៌មាន​ទូទៅ៕

  • បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ដាក់ចូលទូទឹកកក

    បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ដាក់ចូលទូទឹកកក

    បើសួរថា ទូទឹកកកផ្ទះអ្នកណាខ្លះពេញណែនរកកន្លែងដាក់របស់មិនគ្រាន់ សូមលើកដៃឡើង! ធានាថាបងៗស្រ្តីមេផ្ទះទាំងឡាយច្បាស់ជានាំគ្នាលើកដៃឡើងព្រឹបៗមិនខាន ចំណែកអ្នកគ្រូ ឆវី វិញសូមលើកដៃទាំងពីរឡើងតែម្ដង ព្រោះជាមនុស្សចូលចិត្តធ្វើម្ហូប ទើបមានរបស់របរ និងគ្រឿងគ្រៅទុកក្នុងទូទឹកកកច្រើនណាស់។ ដូច្នេះថ្ងៃនេះអ្នកគ្រូ ឆវី សុំនិយាយពីរឿងរបស់របរដែលមិនចាំបាច់ត្រូវរក្សាទុកក្នុងទូទឹកកក(តែនាងខ្ញុំទុក)ម្ដង ដោយសារតែមូលហេតុថា កាលពីម្សិលមិញនាងខ្ញុំប្រុងយករបស់របរដែលទើបទិញមកពីផ្សារទៅទុកក្នុងទូទឹកកក តែពេលបើកទ្វារទូទឹកកកឡើង ក៏ស្រាប់តែភ្ញាក់ឱ្យព្រើតតែម្ដង ព្រោះស្ទើរតែគ្មាននៅសល់ប្រឡោះសម្រាប់ទុកឡើយ ទើបធ្វើឱ្យនឹកឃើញថា មានអាហារ និងបន្លែផ្លែឈើខ្លះអាចទុកក្រៅទូទឹកកកក៏បានដែរ។

    1 . ទឹកឃ្មុំ ៈ យើងអាចទុកនៅក្រៅទូទឹកកកបាន ទោះជាបើកប្រើហើយក៏ដោយ គ្រាន់តែបិទកគម្របដបឱ្យជិតជាការស្រេច។ អ្នកគ្រូ ឆវី ធ្លាប់ទុកទឹកឃ្មុំទាំងនៅក្រៅ និងក្នុងទូទឹកកកហើយ លទ្ធផលឃើញថា ដបទឹកឃ្មុំដែលដាក់នៅក្រៅទូទឹកកកមានស្រមោចលួចចូលទៅស៊ីទឹកឃ្មុំ ព្រោះតែបិទគម្របមិនជិត។ ចំណែកឯដបទឹកឃ្មុំដែលទុកនៅក្នុងទូទឹកកកក៏មានបញ្ហាដែរ គឺពេលយកចេញមកប្រើការ បែរជាខាប់រឹងចាក់មិនចេញ។ នៅពេលវាដូច្នេះ សូមណែនាំឱ្យទុកនៅក្រៅទូទឹកកក ដោយត្រូវជូតដបឱ្យស្អាត បិទគម្របឱ្យជិត ហើយទុកនៅក្នុងចង្រ្កានបាយវិញប្រសើរជាង។

    2 . ផ្លែប៉ោម ៈ បើទុកក្នុងទូទឹកកកច្រើនថ្ងៃ ពេលយកមកចិតញ៉ាំ រសជាតិនឹងប្រែប្រួល មិនដូចផ្លែដែលមិនទុកក្នុងទូទឹកកកនោះទេ។ អ្នកគ្រូ ឆវីមិនប្រាកដក្នុងចិត្ត ក៏ចិតមួយផ្លែទៀត រសជាតិប្រែប្រួលដូចគ្នាដដែល។ ចាប់តាំងពីពេលនោះមក អ្នកគ្រូក៏ទុកផ្លែប៉ោមនៅក្នុងកញ្ច្រែង ហើយដាក់លើតុបាយ ដែលធ្វើឱ្យរសជាតិនឹងនៅស្រស់ឆ្ងាញ់ដូចមុន មិនប្រែប្រួលឡើយ ថែមទាំងងាយមើលឃើញ និងដូចជាគ្រឿងលម្អតុបាយទៀតផង តែបើចិតរួចហើយញ៉ាំមិនអស់ អ្នកគ្រូ ឆវី សូមណែនាំឱ្យដាក់ក្នុងស្បោងហើយទុកក្នុងទូទឹកកកណា៎ចា៎ស។

    3 . ខ្ទឹមក្រហម ខ្ទឹមស និងខ្ទឹមបារាំង ៈ អាចដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយបាន ចំណែកអ្នកគ្រូ ឆវី វិញ ចូលចិត្តទិញបែបគេចងជាបាច់ៗមកព្យួរទុកក្នុងចង្រ្កានបាយ។ ធ្លាប់ភ្លេចខ្លួនយកទៅទុកក្នុងទូទឹកកកដែរ ស្រាប់តែមានផ្សិតដុះឡើងជិត ព្រោះធាតុអាកាសក្នុងទូទឹកកកមានសំណើម។ តែបើបកសម្បកហើយប្រើមិនអស់ គួររក្សាទុកក្នុងប្រអប់ បិទគម្របឱ្យជិតណែនកុំឱ្យក្លិនវាទៅចូលក្នុងអាហារផ្សេងទៀតក្នុងទូទឹកកក។

    4 . ទឹកស៊ីអ៊ីវ ទឹកត្រី-ល- ៈ យើងត្រូវបើកប្រើស្ទើរតែរាល់ថ្ងៃ ទើបមិនចាំបាច់ត្រូវទុកក្នុងទូទឹកកកទេ តែអ្នកគ្រូ ឆវីសូមសង្កត់ធ្ងន់លើភាពស្អាតបាតមានអនាម័យ ទើបបន្ទាប់ពីប្រើហើយ ត្រូវជូតដបឱ្យស្អាត និងបិទគម្របឱ្យជិត តែប៉ុណ្ណឹងក៏អស្ចារ្យទៅហើយ។

     

    5 . ប្រេងឆា និងប្រេងប្រភេទផ្សេងៗ ៈ មិនបាច់ទុកក្នុងទូទឹកកកទេ។ អ្នកគ្រូ ឆវី ធ្លាប់យកទៅទុកក្នុងហ្នុងហើយ ដល់ពេលយកចេញមកប្រើ ស្រាប់តែឃើញមានដូចជាកករសៗដូចស៊ុតសរបស់មាន់ពេញមួយដបតែម្ដង និងថែមទាំងចាក់មិនចេញ ត្រូវទុកចោលនៅខាងក្រៅឡើងយូរទម្រាំនឹងប្រើបាន ធ្វើឱ្យអស់អារម្មណ៍ លែងចង់ធ្វើម្ហូបតែម្ដង។

    6 . មើមដំឡូងជ្វា ដំឡូងបារាំង ដំឡូងឈើ មើមត្រាវ ៈ ក៏មិនចាំបាច់ដាក់ចូលក្នុងទូទឹកកកដែរ គ្រាន់តែដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយទៅបានហើយ ធ្វើឱ្យមើមវានៅស្រស់ល្អផង តែបើដាក់ក្នុងទូទឹកកក សម្បកវានឹងទន់ ថែមទាំងបើសិនជាមានស្នាមបែក ឬមុតរយះផងនោះ នឹងធ្វើឱ្យឆាប់ស្អុយរលួយ ឬឡើងខ្មៅទៀតផង។

    7 . ត្រឡាច ល្ពៅ -ល- ៈ អាចរក្សាទុកនៅក្រៅទូទឹកកកបាន លើកលែងតែហាន់ជាដុំៗ ឬចំណិតៗហើយ សឹមយកបន្ទះប្លាស្ទិកមករុំខ្ចប់ឱ្យជិតស្អាត រួចយកទៅទុកក្នុងទូទឹកកកចុះ។

    8 . តែ ឬម្សៅកាហ្វេ ៈ មិនគួរដាក់ក្នុងទូទឹកកកទេ លើកលែងត្រូវការបំបាត់ក្លិនរបស់វា។ យើងអាចប្រើស្លឹកតែស្ងួត និងម្សៅកាហ្វេដើម្បីកម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកកបាន តែយើងលែងអាចយកវាមកឆុងញ៉ាំបានហើយ ព្រោះក្លិនវាបានប្រែប្រួលអស់ហើយ។

    9 . អាហារកំប៉ុងដែលមិនទាន់បើកញ៉ាំ ៈ (លើកលែងតែមានបញ្ជាក់ថា ត្រូវតែដាក់ក្នុងទូទឹកកក) និងក្នុងករណីយបើកកំប៉ុងប្រើហើយ គួរចាក់ចេញមកទុកនៅក្នុងភាជនៈ(ចាន ឬថង់-ល-)ផ្សេង មិនគួរទុកនៅក្នុងកំប៉ុងទៀតទេ ព្រោះកំប៉ុងអាចកើតច្រែះបាន។

    ការពិត នៅមានរបស់ជាច្រើនប្រភេទទៀតដែលអាចរក្សាទុកនៅក្រៅទូទឹកកកបាន តែអ្វីដែលប្រាកដនោះគឺ ចង់ទុកនៅក្នុង ឬក្រៅទូទឹកកកក៏ដោយ យើងគួរតែសម្អាតវាឱ្យបានស្អាត ព្រោះវានឹងជួយពន្យារអាយុរបស់អាហារ ឬវត្ថុទាំងនោះបានកាន់តែយូរឡើង៕

  • បើដឹងចំណុចខ្លាំងអស្ចារ្យទាំងនេះបន្ថែមទៀត…ទើបដឹងថា Galaxy Note 20 និង Galaxy Note 20 Ultra ពិតស័ក្តិសមជាមហាអំណាចស្មាតហ្វូនគ្មានគូប្រៀបមែន…!!

    បើដឹងចំណុចខ្លាំងអស្ចារ្យទាំងនេះបន្ថែមទៀត…ទើបដឹងថា Galaxy Note 20 និង Galaxy Note 20 Ultra ពិតស័ក្តិសមជាមហាអំណាចស្មាតហ្វូនគ្មានគូប្រៀបមែន…!!

    ឡូយកប់ម៉ងណា៎…!! មហាអំណាចស្មាតហ្វូនគ្មានពីរក្នុងលោកក៏បានប្រើ…ហើយប្រូម៉ូសិនថែមកប់ពីក្រុមហ៊ុន សាមសុង ក៏បានទៀត…!!

    (ភ្នំពេញ) ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០៖ កុំអាល័យតែត្រែតត្រត…បង្អង់យូរអី…! កម្មវិធីប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យបំផុតពីក្រុមហ៊ុន សាមសុង នៅសល់តែ តែប៉ុន្មានថ្ងៃទៀតទេប៉ុណ្ណោះ! មានន័យថារាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូន គូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ តែម្តង…!!

    តាមពិតទៅ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra គឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ដោយផ្តល់ជូននូវភាពអស្ចារ្យសម្រាប់ការកម្សាន្តឥតដែនកំណត់ (The Power to Play) ព្រមទាំងភាពអស្ចារ្យសម្រាប់ការងារប្រកបដោយភាពឆ្លាតវៃ…រហ័ស…និងមានប្រសិទ្ធភាពបំផុតសម្រាប់យុគសម័យបច្ចេកវិទ្យា Ai របស់ក្រុមហ៊ុន សាមសុង នេះ!

    ឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវមុខងារសំខាន់អស្ចារ្យបន្ថែមទៀតដែលឆ្លុះបញ្ចំាងពីអនុភាពនៃ កម្សាន្តឥតដែនកំណត់ ( The Power to Play) និងភាពអស្ចារ្យសម្រាប់ការងារ (The Power to Work) ដូចខាងក្រោមនេះ៖

    * The Power to Work

    – Google Duo: កម្មវិធីនេះគឺត្រូវបានដំឡើងមកស្រាប់យ៉ាងពិសេសលើមហាអំណាចស្មាតហ្វូន Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ដែលផ្តល់នូវភាពងាយស្រួលក្នុងការតេ (Video Call) ជាក្រុមជាលក្ខណៈការងារ…ការសិក្សា…និងកិច្ចប្រជុំនានា…បានរហូតដល់ 32 នាក់!! ជាពិសេសគឺវាស័ក្តិសម និងល្អបំផុតសម្រាប់ការរក្សាគម្លាតសុវត្ថិភាពសង្គមនេះតែម្តង! មានន័យថាទោះជាយើងនៅឆ្ងាយពីគា្នយ៉ាងណាក៏អាចនៅជិតគា្ន…ឃើញគ្នា…និងបំពេញការងារផ្សេងៗបានដោយជោគជ័យផងដែរ…!

    – Samsung Dex: គឺជាការភ្ជាប់ (Connect) ពី Galaxy Note 20 ឬ Galaxy Note 20 Ultra ទៅកាន់ទូរទស្សន៍បានយ៉ាងលឿន និងរលូនបំផុត…!! ដូច្នេះលោកអ្នកអាចយកអេក្រង់ទូរទស្សន៍ធ្វើជាអេក្រង់ទី ២ បានយ៉ាងងាយស្រួលបំផុត…! អ៊ីចឹងបើកមើលវីដេអូប្រជុំ…ឬវីដេអូមេរៀន ផង និងអាចធ្វើការកត់ត្រា (Note) ផង…! ឡូយអស់ស្ទះម៉ង…!!

    * The Power to Play

    – Camera: ជាមួយនឹង PRO-GRADE CAMERA លោកអ្នកអាចថតវីដូអូ PRO-GRADE VIDEO កម្រិត 8K 120 frames per second (120fps) ជាមួយនឹង Pro-quality, Pro movie-effect បានយ៉ាងច្បាស់…លម្អិត…ត្រជាក់ភ្នែក…ប្លែក…ឡូយផងដែរ! ក្នុងចំណុចនេះលោកអ្នកធ្លាប់ជាបានដឹងខ្លះហើយថាជាមួយនឹងការ Snap យករូបភាពចេញពី វីដេអូ 8K ក្នុងទំហំ 33 MP…!

    ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកចង់ថតរូបសន្លឹកគឺកាន់តែអស្ចារ្យថែមទៀត! ទោះជាប្លង់រូបដែលលោកអ្នកចង់ថតខ្សោយពន្លឺយ៉ាងណាក៏ Galaxy Note 20 ឬ Galaxy Note 20 Ultra ក៏នៅតែអាចផ្តិតយករូបថតចេញមកបានច្បាស់ល្អឥតខ្ចោះផងដែរ!

    – Battery: បើនិយាយពីថាមពលថ្មវិញគឺពិតជាអស្ចារ្យណាស់…! ជាមួយនឹងកម្លាំងថ្ម 4300 mAh (Galaxy Note 20), 4500 mAh (Galaxy Note 20 Ultra) ព្រមទាំងបច្ចេកវិទ្យា Super-Fast Charging លោកអ្នកនឹងទទួលបានថាមពលថ្មជាង 50% ដោយប្រើពេលតែ 30 នាទីប៉ុណ្ណោះ! តែប៉ុណ្ណេះអាចកំដរលោកអ្នកបានមួយថ្ងៃពេញតែម្តង!

    * មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)

    – មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

    ចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបពីមហាអំណាចស្មាតហ្វូន…ប្រសិទ្ធភាពការងារកាន់តែរហ័សឆ្លាតវៃដោយជោគជ័យ…និងការកម្សាន្តឥតដែនកំណត់… Samsung Galaxy Note 20 | Galaxy Note 20 Ultra គឺជាជម្រើសតែមួយគត់គ្មានពីរសម្រាប់លោកអ្នក…!!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

  • កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    កូនមិនព្រមទៅសាលារៀន ឪពុកម្ដាយគួរធ្វើយ៉ាងណា?

    មិនព្រមទៅសាលារៀន…ក្មេងជំនាន់ថ្មីនេះមានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នេះក៏ដោយសារតែឪពុកម្ដាយចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នាឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យឆាប់ទៅសាលារៀនពេក ដោយមិនមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ 4 – 5ឆ្នាំ ឱ្យគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចនឹងបាន?

    ក្មេងមិនចង់ទៅសាលារៀនមានមូលហេតុមកពីអ្វី?

    1 . វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។

    2 . រៀនអក្សមិនទាន់ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។

    3 . លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភ័ក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។

    4 . ការចិញ្ចឹមថែទាំដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។

    5 . មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការនៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។

    កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ?

    1 . កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។

    2 . បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង និងការរស់នៅរួមជាមួយអ្នកដទៃ។

    3 . ឱ្យទៅសាលារៀនរាល់ថ្ងៃដោយមិនចាំបាច់ត្រូវឱ្យឈប់ ដោយសុំជំនួយពីគ្រូៗឱ្យមកនៅចាំទទួលនៅកន្លែងទទួលក្មេង ដើម្បីធ្វើឱ្យរយៈពេលបែកគ្នាពេលជូនទៅដល់សាលាខ្លីបំផុត។

    4 . ជួយកូនឱ្យបានលេងជាមួយមិត្តភ័ក្ដិនៅសាលាឱ្យបានច្រើន។

    5 . ទៅទទួលមកផ្ទះវិញឱ្យចំពេលវេលា។

    ពេលព្រឹកមិនគួរអប់រំប្រដៅដាស់តឿនច្រើនទេ នៅពេលក្មេងមានអាកប្បកិរិយាយឺតយ៉ាវ ស្ពឹកស្រពន់។ បើមិនព្រមងូតទឹក ក៏មិនអីដែរ តែត្រូវទៅសាលា ឬបើមិនព្រមញ៉ាំបាយ ក៏យកបាយដាក់ប្រអប់ទៅ។ ខណៈពេលធ្វើដំណើរ ចូរនាំនិយាយពីរឿងសប្បាយៗ ដូចជារៀបផែនការថា នឹងធ្វើអ្វីនៅពេលល្ងាច ជាដើម។ កុំចាប់អារម្មណ៍នឹងពាក្យសម្ដីដដែលៗរបស់កូន កុំខឹង និងកុំធុញទ្រាន់ និងបើនៅតែមិនបានផលល្អទៀតនោះ ចូរទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តកុមារ៕

  • បច្ចេកវិទ្យាទំនើបឆ្លាតវៃ AI ត្រូវបានបំពាក់លើម៉ាស៊ីនបោកគក់ LG ទ្វារពីមុខជំនាន់ចុងក្រោយ

    បច្ចេកវិទ្យាទំនើបឆ្លាតវៃ AI ត្រូវបានបំពាក់លើម៉ាស៊ីនបោកគក់ LG ទ្វារពីមុខជំនាន់ចុងក្រោយ

    ក្រុមហ៊ុនអេឡិចត្រូនិច LG កំពុងពង្រីកលទ្ធភាពនៃម៉ាស៊ីនបោកគក់ផ្នែកខាងមុខប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនជាមួយនឹង ThinQ AI ដែលដំណើរការដោយ Direct Drive ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ទាល់ទៅកាន់ទីផ្សារពិភពលោកអោយបានកាន់តែច្រើននៅចុងឆ្នាំនេះ។ ជាមួយនឹងអត្ថប្រយោជន៍នៃម៉ាស៊ីនបោកគក់ AI DD ថ្មីនេះ គឺអាចផ្តល់ជូននូវការសំអាតយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់នូវទំងន់និងប្រភេទសាច់ក្រណាត់នៃបន្នីមួយៗដើម្បីផ្តល់នូវលទ្ធផលបោកគក់បានលឿននិងប្រសើរជាងមុន ជាមួយនឹងមុខងារជាច្រើនដូចខាងក្រោមនេះ។

    បច្ចេកវិទ្យាទំនើបឆ្លាតវៃ AI DD
    ជាមុខងារឆ្លាតវៃដែលជ្រើសរើសនូវចលនាបោកគក់ដ៏ប្រសើរបំផុតសម្រាប់ការថែរក្សាសម្លៀកបំពាក់របស់លោកអ្នកអោយនៅតែស្អាតថ្មី 18% បន្ថែមទៀត។

    តើមុខងារ AI DD ដំណើរការដូចម្តេច?

    មុខងារ AI DDTH នៅក្នុងម៉ាស៊ីនបោកគក់មិនត្រឹមតែរកឃើញទម្ងន់សម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងពិនិត្យឃើញប្រភេទនៃសាច់ក្រណាត់ ហើយវានឹងជ្រើសរើសចលនានៃការបោកគក់ល្អបំផុតសម្រាប់សម្លៀកបំពាក់ដោយខ្លួនឯងដូច្នេះអ្នកមិនចាំបាច់ស្មុគស្មាញក្នុងការជ្រើសរើសមុខងារក្នុងការបោកគក់ទៀតនោះទេ។

    មុខងារស្ទីម​ Steam

    បច្ចេកវិទ្យា LG Steam+TH ជួយបំបាត់អាឡែរហ្សីរហូតដល់ 99.9% ដូចជាធូលីតូចៗដែលនៅជាប់នឹងសាច់ក្រណាត់ដែលអាចបង្កឱ្យមានអាឡែរហ្សី ឬ បញ្ហាផ្លូវដង្ហើម និងជួយកាត់បន្ថយស្នាមជ្រួញលើសម្លៀកបំពាក់បានរហូតដល់ 30%។
    TurboWash™360º

    តើអ្នកដឹងទេថាមុខងារ TurboWash™360º នឹងផ្ដល់អោយការបោកគក់សម្លៀកបំពាក់បានស្អាត និងជួយកាត់បន្ថយការខូចសាច់ក្រណាត់ហើយលឿនក្នុងរយៈពេលត្រឹមតែ 39នាទីប៉ុណ្ណោះ។

    បោកផង​សម្ងួតផងក្នុងពេលតែមួយ ( Washer Dryer)

    ដោយសារតែម៉ូឌែលនេះភ្ជាប់មកទាំងការបោកគក់ និងការសម្ងួតសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនតែមួយ ដូច្នេះវាធ្វើអោយចំណេញទីកន្លែងទុកដាក់ នឹងសន្សំសំ​ចៃប្រាក់ថែមទៀតផង។

    មុខងារបោកគក់ 6 Motion Direct Drive
    បច្ចេកវិទ្យាម៉ាស៊ីនបោកគក់ 6 ចលនាសម្របទៅតាមសាច់ក្រណាត់គ្រប់ប្រភេទដែលអាចសម្អាតបានស្អាតល្អប្រៀបដូចបោកគក់ដោយដៃផ្ទាល់អញ្ចឹងដែរ។

    កម្មវិធី Smart ThinQ

    Smart ThinQ ប្រើដើម្បីបញ្ជាម៉ាស៊ីនបោកគក់តាមរយៈ Wi-Fi និងប្រើបញ្ជាពីចំងាយឆ្ងាយក៏បានដូចគ្នា។ កម្មវិធី NFC​ ប្រើសំរាប់បញ្ជាម៉ាស៊ីនបោកដោយមិនប្រើ Wi-Fi តែត្រូវប្រើនៅកែ្បរម៉ាស៊ីនបោក (អាចប្រើបានតែសម្រាប់ស្មាតហ្វូន Android ប៉ុណ្ណោះ) ។

  • អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    ស្ថានីយអវកាស​អន្តរជាតិដែលមានឈ្មោះថា «Tiangong» កំពុង​ត្រូវ​បានសាង​សង់ ដោយ​មាន​ការចូលរួមពី​ប្រទេស​ចំនួន17 ក្នុងនោះរួមមានទាំង ចិន បារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ។ ចិន រំពឹងថា ខ្លួននឹងអាចប្រតិបត្តិការ​ស្ថានីយអវកាសនេះ ត្រឹមឆ្នាំ​2022។ រីឯ​ស្ថានីយអវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែលត្រូវបានបាញ់​បង្ហោះក្នុងឆ្នាំ​1998 ​ធ្វើជាមន្ទីរពិសោធន៍វិទ្យាសាស្រ្តអវកាស ត្រូវបានរំពឹងថា នឹងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ2030 ចំណែកដៃគូ​ដែលចូលរួម​ក្នុងប្រតិបត្តិការនេះ រួមមានដូចជា​ រុស្ស៊ី ជប៉ុន អឺរ៉ុប និងកាណាដាជាដើម។

    បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាង​លើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែងព្រមាន​ទៅកាន់សភា​អាមេរិក កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ​2020 អំពី​ភាព​ឈានមុខរបស់​ស្ថានីយអវកាសចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំសូមប្រាប់​អ្នកនូវ​រឿង1 ​ដែល​ខ្ញុំ​ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ហើយ​នោះគឺ​ជា​អ្វី ដែល​កំពុងខិតជិត​មកដល់ហើយ គឺនៅពេល​ស្ថានីយអវកាស​អន្តរជាតិ នោះនឹង​បញ្ចប់អាយុកាលប្រើប្រាស់ ដូច្នេះដើម្បីអាច​ឱ្យ​អាមេរិក បន្តមានវត្តមាន​នៅលើគន្លងផែនដី យើងត្រូវតែរៀបចំ​ស្ថានីយអវកាសថ្មី»។

    លោក Jim Bridenstine ​បន្តថា៖ «យើងចង់ឃើញ​ការបង្កើតដៃគូរវាង​រដ្ឋ និងឯកជន ដែល​អង្គការ NASA ​អាច​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុននានា ដូច្នេះ​យើងអាចរក្សា​វត្តមាន​មនុស្ស​ជាអចិន្រ្តៃយ៍​លើគន្លងផែនដីបាន»។ ជាមួយ​គ្នានេះ មេអង្គការ NASA បាន​លើកឡើងពីចិនថា ប្រទេសនេះ​កំពុង​សង់​ស្ថានីយអវកាស​អន្តរជាតិ និងមិនតែប៉ុណ្ណោះការអភិវឌ្ឍនេះ គឺមានការចូលរួមពីប្រទេស​ដៃគូអាមេរិកទៀតផង។ «វានឹងក្លាយជាសោកនាដកម្ម ប្រសិនបើយើងបោះបង់​គន្លងផែនដីនេះចោល»៕

  • Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    កាល​ពី​យប់​ថ្ងៃ​ទី24 កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន សាមសុង បាន​បង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មាតហ្វូន​ម៉ូដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូកបញ្ចូល​លក្ខណសម្បត្តិ​ពិសេសៗ​លើស ​ Galaxy S20 ដែលចេញ​កាល​ពី​ដើម​ឆ្នាំ និង​មាន​តម្លៃ​ទាប​ជាងទៀតផង។

    ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយ​ចំនួន​បាន​បើក​ទទួល​កាលពី​ថ្ងៃ​ទី​23 ខែ​កញ្ញា​ត​ទៅ ហើយ​សម្រាប់​នៅ​អាមេរិក​​មាន​លក់​ផ្ដាច់​មុខ​តែ​ប្រភេទ 5G ក្នុង​តម្លៃ 699​ដុល្លារប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ​មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ​ 599​ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ​ 699​ផោន (​ 890​ដុល្លារ)។

    លក្ខណសម្បតិ្ត​ត្រួសៗ​លើ Galaxy S20 FE គឺ​មាន​ចែក​ចេញ​ជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើ​ប្រាស់​ឈីប Exynos 990 និង​ប្រភេទ 5G ប្រើ​ប្រាស់​ឈីប​ Snapdragon 865។ ម៉ូដែលទាំង​2​ មាន​ RAM ប្រភេទ LPDDR5 ទំហំ 6GB ដូច​គ្នា និង​ប្រើ​ប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

    អេក្រង់​របស់ S20 FE ​មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​​ទំហំ 32MP ដែល​មាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែន​ម្រាម​ដៃ​លើ​អេក្រង់​ ដែលមាន​ទំហំ 6.5អ៊ីញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ​មាន​ Refresh Rate 120Hz និង​គាំទ្រ​នូវ​ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 3។

    កាមេរ៉ា​ខាង​ក្រោយ​​ 3​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា​ Dual-Pixel ​និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ហើយ​មាន​ Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា​ Ultrawide ទំហំ 12MP ដែល​មាន​ Aperture f/2.2 និង​ចុង​ក្រោយ​ជា​កាមេរ៉ា​ Telephoto ទំហំ 8MP ដែល​អាច​ Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន​ Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាចសាក​ថ្ម​បាន​ 25វ៉ាត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​​កម្លាំង 15វ៉ាត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បាន​​ដែរ។

    ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម​ 15វ៉ាត់​ប៉ុណ្ណោះ និងនៅ​មាន​ចំណុច​ពិសេស​ផ្សេង​ទៀត​​ ដូច​ជា​រន្ធ​បំពង​សំឡេង​ស្ទេរីអូ​ AKG ជា​មួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​​ធន់​នឹង​ទឹក ​និង​ធូលី​ដី​កម្រិត IP68 និង​ប្រើ​ប្រាស់​ USB-C ជា​មួយ​ USB 3.2 ជា​ដើមទៀតផង៕

  • ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ប្រតិបត្តិការសម្រកទម្ងន់ក្រោយពេលប្រសូតបុត្ររួច

    ស្រ្តីដែលទើបឆ្លងទន្លេរួចជាច្រើននាក់បានរអ៊ូឱ្យស្ដាប់ពាក់ព័ន្ធនឹងទម្ងន់ខ្លួនដែលមើលទៅដូចជាគ្មានសញ្ញាថានឹងស្រកចុះងាយៗនោះឡើយ ធ្វើឱ្យពួកគេពិបាកចិត្តខ្លាំង រហូតលែងចង់ញ៉ាំបាយទៀតផង។ នេះគឺជាបញ្ហាធំមួយរបស់ស្រ្តីដែលទើបប្រសូតបុត្ររួចគ្រប់រូប តែមិនចាំបាច់បារម្ភទេ ព្រោះអ្នកគ្រូ ឆវី មានវិធីគ្រប់គ្រងទម្ងន់ខ្លួនដោយមិនចាំបាច់វេទនាខ្លួនមកជម្រាបជូន ដោយគ្រាន់តែកែសម្រួលនិស្ស័យក្នុងការទទួលទានក៏អាចសម្រកទម្ងន់ខ្លួនបានដែរ។

    – ញ៉ាំអាហារយ៉ាងមានតុល្យភាព ៈ គ្រប់គ្រងចំណែក និងបរិមាណអាហារពពួកបាយ និងម្សៅ បន្លែ ផ្លែឈើ ត្រី សណ្ដែក ស៊ុត ផ្សិត តៅហ៊ូ ផលិតផលធ្វើអំពីទឹកដោះ និងខ្លាញ់ ញ៉ាំឱ្យស័ក្តិសមល្មមក្នុងមួយថ្ងៃៗ។

    – ញ៉ាំអាហារធម្មជាតិ មិនកែច្នៃ ៈ ដូចជា គ្រាប់ធញ្ញជាតិផ្សេងៗ បាយអង្ករសម្រូប ពោត មើមត្រាវ ដំឡូង សណ្ដែកខ្មៅ សណ្ដែកក្រហម និងគ្រាប់ធញ្ញជាតិដែលមានប្រេង ញ៉ាំតែល្មមសមរម្យដើម្បីជាប្រភពផ្ដល់ថាមពល វីតាមីន សារធាតុរ៉ែ និងកាកសរសៃអាហារ។

    – ញ៉ាំបន្លែ និងផ្លែឈើដែលមានរសជាតិមិនផ្អែមខ្លាំង និងគ្រប់ 5ពណ៌ ៈ គឺពណ៌ស្វាយ ក្រហម បៃតង ស លឿងទុំ ដើម្បីបន្ថែមវីតាមីន សារធាតុរ៉ែ និងគីមីធម្មជាតិ សារធាតុគ្រាប់ពណ៌ក្នុងបន្លែផ្លែឈើបង្កើនប្រព័ន្ធការពារជំងឺ។

    – ចេះញ៉ាំ ៈ គឺចេះចៀសវាងពីអាហារដែលមានខ្លាញ់ច្រើន ផ្អែមខ្លាំង និងប្រៃខ្លាំង ចេះញ៉ាំឱ្យតិច និងចេះតមមិនញ៉ាំតែម្ដង។

    – ញ៉ាំអាហារល្មមតែឆ្អែត ៈ ក្នុងមួយពេលៗ មិនបរិភោគច្រើនជ្រុលពេក។ ទទួលទានបែប បន្លែ ៈ បាយ ៈ ក្រុមអាហារមានប្រូតេអ៊ីន = 2 ៈ 1 ៈ 1 ។

    – ញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ ៈ អាហារពេលព្រឹក គឺជាពេលអាហារចម្បងដ៏សំខាន់ ត្រូវទទួលទានរាល់ថ្ងៃ ដើម្បីចែកចាយបរិមាណថាមពលអាហារឱ្យស័ក្តិសមនឹងតម្រូវការរបស់រាងកាយ ក្រៅពីនោះនៅជួយឱ្យរាងកាយមិនឃ្លានខ្លាំងនៅពេលរសៀល និងគ្រប់គ្រងអាហារពេលល្ងាច ដោយញ៉ាំតែបន្តិចបន្តួច។

    – ញ៉ាំអាហារពេលល្ងាចតាំងពីថ្ងៃ ៈ ពេលសម្រាប់អាហារល្ងាច គួរញ៉ាំមុនយ៉ាងតិច 4ម៉ោងមុនពេលចូលគេង ព្រោះមិនដូច្នោះទេ អំឡុងពេលគេងលក់ ប្រព័ន្ធប្រសាទនឹងបញ្ជាឱ្យរាងកាយសម្រាក ដូច្នេះអាហារដែលញ៉ាំចូលទៅមុននឹងបន្តិចនឹងត្រូវរំលាយ និងក្លាយជាជាតិខ្លាញ់ប្រមូលសន្សំក្នុងរាងកាយ។

    បានដឹងបែបនេះហើយ ក៏ត្រូវតែប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ផង ដើម្បីស្រ្តីជាម្ដាយវ័យក្មេងថ្មោងថ្មីទាំងឡាយមានរូបរាងស្វែលស្អាតគ្រប់ៗគ្នា និងអាចគ្រប់គ្រងបេះដូងស្វាមីជាប់ក្នុងដៃរហូត៕

  • Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    ​”COVID-19 layer” ​នឹង​ក្លាយ​ជា​មុខងារ​ថ្មី​ 1​ទៀត​នៅ​លើ​កម្មវិធី Google Maps ​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​ចុះផ្សាយ​នៅ​លើប្លុក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

    ប្រភព​ច្បាស់ការណ៍​ខាង​លើ​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ រាល់​ទិន្នន័យ​ដែល​យក​មក​ដាក់​លើ​មុខងារ​ថ្មី​នេះ​ ​បាន​មក​ពី​របាយ​ការណ៍​ជាក់លាក់​របស់ WHO, ស្ថាប័ន​សុខាភិបាលផ្លូវការ​ជា​ច្រើន ​របស់​ប្រទេស​ដែលមាន​​នៅក្នុង​តារាង​នៃ​កម្មវិធី Google និង​បាន​មក​ពី​ភ្នាក់​ងារ​ពិសេស​នៃ​ស្ថាប័ន​សុខាភិបាល​គ្រប់​អង្គភាព។

    ​គោលបំណង​នៃ​ការ​ធ្វើ​កំណែ​អាប់ដែត​បន្ថែម​នេះ Google ​ចង់​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៅ​កន្លែង​តែ​មួយ​ ​និង​បង្ការ​ខ្លួន​កុំ​ឱ្យ​ឆ្លង​វីរុស ពេល​ចង់​ទៅ​កន្លែង​ណា​មួយ។ រី​ឯ​របៀប​ប្រើ​ងាយៗ​គឺ

    -បើ​ពណ៌​ប្រផេះ គឺតិចជាង 1នាក់

    -បើ​ពណ៌លឿង គឺនឹងមានចាប់​ពី 1 ដល់ 10នាក់

    -បើ​ពណ៌ទឹកក្រូច គឺនឹងមានចាប់ពី 10 ទៅ 20នាក់

    -បើ​ពណ៌ទឹកក្រូច​ចាស់ គឺនឹងមានចាប់ពី 20 ទៅ 30នាក់

    -បើ​ពណ៌ក្រហម គឺចាប់ពី 30 ទៅ​ 40នាក់

    ហើយបើ​ពណ៌ក្រហម​ក្រម៉ៅវិញ គឺចាប់ពី 40នាក់ឡើង​ទៅ។

    មុខងារ​នេះ​អាច​អាប់ឌែត​បាន ​ទាំង​លើ iOS និង Android៕