Author: ធឿន មករា

  • Instagram អាប់ឌែតមុខងារ1 ស្រដៀង TikTok អាចថតវីដេអូបង្ហោះបានជាង 30វិនាទី

    Instagram អាប់ឌែតមុខងារ1 ស្រដៀង TikTok អាចថតវីដេអូបង្ហោះបានជាង 30វិនាទី

    Instagram ទើប​នឹង​បញ្ចេញ​កំណែប្រែ​ជំនាន់​ថ្មី1 ​ដែលចេញ​មក​ជាមួយ​មុខងារ​ ​ឈ្មោះ​ថា Reels ​ដែល​វា​មាន​នាទី​ស្រដៀង​នឹង​ TikTok ដែរ​។ ​មុខងារនោះ បើក​ឱ្យ​អ្នក​ប្រើប្រាស់ អាច​ថត​វីដេអូ​លេង​សើចៗ​យូរជាង 30វិនាទី និងអាច​ថត​វីដេអូ​ទាំង​នោះ​ទុក (record)​ ឱ្យ​វែង​ជាង 10វិនាទី​បន្ថែម និង​អាច​ឱ្យ​អ្នក​ធ្វើការ​កែកុន ឬ​លុប​វា​ចោល​ក៏បាន។

    ​លើស​ពី​នេះ Instagram ក៏​បើក​ឱ្យ​អ្នក​ប្រើប្រាស់ អាច​យក​វា​ទៅ Share បាន​ច្រើន​ទម្រង់​ជាមួយ​នឹង​កម្មវិធី​ Social media ជា​ច្រើន​ផង​ដែរ។ សូមរំឭក​ផង​ដែរ​ថា បន្ទាប់ពី TikTok ​រង​ការ​វាយប្រហារ​ដោយ​រដ្ឋាភិបាល​អាមេរិក គេ​សង្កេត​ឃើញ​ថា មាន​កម្មវិធី​ជាច្រើន​ដែល​បាន​ប្រឹងប្រែង​អភិវឌ្ឍ​មុខងារ​ថ្មីៗ​ស្រដៀង​នឹង​ TikTok ក្នុង​ចេតនា​ទាញ​យក​អ្នក​ប្រើ​ឱ្យបានច្រើន៕

  • លីកទី2 របស់កម្ពុជា មាន 10ក្រុមចូលរួមប្រកួត

    លីកទី2 របស់កម្ពុជា មាន 10ក្រុមចូលរួមប្រកួត

    ការប្រកួតលីគទី2 នេះ មានក្រុមចូលរួមចំនួន 10ក្រុម រួមមាន សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគមបាល់ទាត់ព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោន និង Tiffy Army U21។

    ក្នុងនោះដែរ ក្រុមជើងឯកនឹងបានឡើងមកលេងនៅលីកកំពូលកម្ពុជា រដូវកាលក្រោយ ឆ្នាំ2021 តែប្រសិនបើក្រុមជាជើងឯកនោះ មានក្រុមធំនៅលីកកំពូលកម្ពុជា (យុវជនភ្នំពេញក្រោន និង Tiffy Army U21) តំណែងឡើងទៅកាន់លីកកំពូលនឹងបានទៅលើក្រុមរងជើងឯក។ តែប្រសិនបើក្រុមលេខ2 នោះក៏ជាក្រុមដែលមានក្រុមធំនៅលីកកំពូលទៀតនោះ នឹងគ្មានក្រុមឡើងទៅលីកកំពូល​ 2021ឡើយ៕

    ចំពោះហេតុផលដែលសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសយកតែ 1ក្រុម ព្រោះសហព័ន្ធចង់បានក្រុមដែលខ្លាំងមួយ មានកម្រិតប្រកួតប្រជែងខ្ពស់នៅក្នុងលីកកំពូលកម្ពុជាឆ្នាំ2021៕

  • Google លុប 17កម្មវិធី លើ Play Store ដោយសាររកឃើញបង្កប់មេរោគ malware

    Google លុប 17កម្មវិធី លើ Play Store ដោយសាររកឃើញបង្កប់មេរោគ malware

    ថ្មីៗ​នេះ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​របស់ Google បាន​សម្រេច​ដក​កម្មវិធី​នៅ​ Play Store ច្រើន​ជាង 17កម្មវិធី ​បន្ថែម​ទៀត ​ក្រោយ​រក​ឃើញ​ថា កម្មវិធី​ទាំង​នោះ​មាន​បង្កប់​នូវ​កូដ​មេរោគ (aka Bread) malware ។

    ​ខាងក្រោម​នេះគឺ​ជា តារាង​ឈ្មោះ​កម្មវិធី​ទាំង​នោះ បើ​សិន​អ្នក​កំពុង​ប្រើ​ ចូរឆាប់​លុប​ចោល​ទៅ ចៀសវាង​ប៉ះពាល់​ដល់​ទិន្នន័យ​សំខាន់ៗ​របស់​អ្នក៖

    • Mint Leaf Message-Your Private Message
    • Unique Keyboard – Fancy Fonts & Free Emoticons
    • Tangram App Lock
    • Direct Messenger
    • Private SMS
    • One Sentence Translator – Multifunctional Translator
    • Style Photo Collage
    • Meticulous Scanner
    • Desire Translate
    • Talent Photo Editor – Blur focus
    • Care Message
    • Part Message
    • Paper Doc Scanner
    • Blue Scanner
    • Hummingbird PDF Converter – Photo to PDF

    All Good PDF Scanner

  • នៅពេលកូនតូចឈានចូលខែទី 11

    នៅពេលកូនតូចឈានចូលខែទី 11

    ខែទី 11

    លក្ខណៈរបស់កូនតូច

    – ធ្មេញរបស់កូនតូច

    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង 2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ 4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    – ពេលវេលាគេងរបស់កូន

    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង 6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង 10យប់ដល់ម៉ោង 8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួល ទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    – ដល់ពេលញ៉ាំអាហារបន្ថែម

    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថានភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង គ្មានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹងប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។

    កូនក្នុងវ័យនេះមានទាំងញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអ៊ីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    – រឿងដែលត្រូវហាម

    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខ និងពាក្យសម្ដីថា “ធ្វើអ៊ីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឧនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ មិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ និងមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    – ពេលកូនមានរបួស

    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាមរបួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    – ធាត់លើសកម្រិត

    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ 1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់ 10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង 200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជាបន្ថយអាហារពពួកម្សៅ ដូចជាបាយ នំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    – នៅពេលកូនថ្នឹកប្រើដៃឆ្វេង

    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យ ពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេង មិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនបានល្អតទៅទៀត។

    – វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    – ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។

    – អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។

    – ចាប់ខ្មៅដៃគូសវាសទៅមកបាន។

    – ក្មេងខ្លះអាចទាញស្រោមជើងចេញជើងបានដោយខ្លួនឯង។

    – ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយ ដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    – សង្គមជុំវិញខ្លួន

    . ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។

    . កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។

    . ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើង ដូចជានិយាយពាក្យថា “ម៉ាក់ៗ” ឬ “តស់ៗ” ជាដើម។

    – ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។

    . កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។

    . បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • 5 រឿងដែលកូនកំលោះ-កូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    5 រឿងដែលកូនកំលោះ-កូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នកក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយក្រោយចប់ពិធីក្នុងន័យមិនល្អនោះ ក៏មិនគួរធ្វើរឿង 5យ៉ាងខាងក្រោមនេះជាដាច់ខាត ព្រោះនឹងធ្វើឱ្យកូនកំលោះ-កូនក្រមុំត្រូវគេមើលឃើញថាជា មនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីរបស់ខ្លួន។

    1 . ត្រៀមវត្ថុអនុស្សាវរីយ៍មកមិនគ្រប់គ្រាន់

    តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការ ត្រូវតែត្រៀមឱ្យបានគ្រប់នឹងចំនួនភ្ញៀវដែលបានអញ្ជើញ ជារឿងដែលកូនកំលោះ-កូនក្រមុំមិនអាចមើលរំលងបានឡើយ ព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនបាន មានអារម្មណ៍ខកចិត្ត និងមិនសប្បាយចិត្តហ្នឹងឯង។

    2 . ចែកសំបុត្រអញ្ជើញកៀកពេលខ្លាំងពេក

    ការចែកសំបុត្រអញ្ជើញមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផង ដែលបើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ត ហើយអាចនឹងគិតថាជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។

    3 . ទុកឱ្យភ្ញៀវរង់ចាំពិធីការយូរពេក

    ការដំណើរការកម្មវិធីផ្សេងៗគួរតែប្រព្រឹត្តទៅតាមកាលវេលាដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវដែលមកចូលរួមត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សមមុនពេលធ្វើពិធីមែនទែនក៏ជាការល្អដែរ។

    4 . មិនរៀបចំកន្លែងអង្គុយជូនភ្ញៀវ

    ការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះ-កូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។

    5 . មានបញ្ហាជាមួយមនុស្សដែលមិនត្រូវគ្នា

    អាចមានខ្លះដែរដែលភ្ញៀវមកចូលរួមពិធីជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះ ដែលកូនកំលោះ ឬកូនក្រមុំគួរតែអត់ធ្មត់សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់អ្នកជាដាច់ខាត មិនដូច្នោះទេពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕

  • អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    ស្ថានីយ​អវកាស​អន្តរជាតិ​ដែលមាន​ឈ្មោះថា «Tiangong» កំពុង​ត្រូវបាន​សាងសង់ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន17 ក្នុងនោះ​រួមមាន​ទាំង ចិន បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ផងដែរ។ ចិន រំពឹងថា ខ្លួន​នឹង​អាច​ប្រតិបត្តិការ​ស្ថានីយ​អវកាស​នេះ ត្រឹម​ឆ្នាំ2022។ រីឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែល​ត្រូវបាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ1998 ធ្វើជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​អវកាស ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ2030 ចំណែក​ដៃគូ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ រួមមាន​ដូចជា រុស្ស៊ី ជប៉ុន អឺរ៉ុប និង​កាណាដា​ជាដើម។

    បន្ទាប់ពី​ទទួលបាន​ដំណឹង​ខាងលើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែង​ព្រមាន​ទៅកាន់​សភា​អាមេរិក កាលពី​ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 អំពី​ភាព​ឈានមុខ​របស់​ស្ថានីយ​អវកាស​ចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​រឿង1 ដែល​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ហើយ​នោះ​គឺជា​អ្វី ដែល​កំពុង​ខិតជិត​មកដល់​ហើយ គឺ​នៅពេល​ស្ថានីយ​អវកាស​អន្តរជាតិ នោះ​នឹង​បញ្ចប់​អាយុកាល​ប្រើប្រាស់ ដូច្នេះ​ដើម្បី​អាចឱ្យ​អាមេរិក បន្ត​មាន​វត្តមាន​នៅលើ​គន្លង​ផែនដី យើង​ត្រូវតែ​រៀបចំ​ស្ថានីយ​អវកាស​ថ្មី»។

    លោក Jim Bridenstine បន្តថា៖ «យើង​ចង់ឃើញ​ការបង្កើត​ដៃគូ​រវាងរ​ដ្ឋ និង​ឯកជន ដែល​អង្គការ NASA អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ដូច្នេះ​យើង​អាច​រក្សា​វត្តមាន​មនុស្ស​ជា​អចិន្ត្រៃយ៍​លើ​គន្លង​ផែនដី​បាន»។ ជាមួយគ្នានេះ មេ​អង្គការ NASA បានលើកឡើង​ពី​ចិន​ថា ប្រទេស​នេះ​កំពុង​សង់​ស្ថានីយ​អវកាស​អន្តរជាតិ និង​មិនតែប៉ុណ្ណោះ​ការអភិវឌ្ឍ​នេះ គឺមាន​ការចូលរួម​ពី​ប្រទេស​ដៃគូ​អាមេរិក​ទៀតផង។ «វា​នឹង​ក្លាយជា​សោកនាដកម្ម ប្រសិនបើ​យើង​បោះបង់​គន្លង​ផែនដី​នេះ​ចោល»៕

  • Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    កាលពី​យប់​ថ្ងៃទី24 កញ្ញា​កន្លងទៅ ក្រុមហ៊ុន សាម​សុង បានបង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូក​បញ្ចូល​លក្ខណសម្បត្តិពិសេសៗលើស  Galaxy S20 ដែល​ចេញ​កាលពីដើមឆ្នាំ និង​មានតម្លៃ​ទាប​ជាង​ទៀតផង។

    ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយចំនួន​បាន​បើកទទួល​កាលពី​ថ្ងៃទី23 ខែកញ្ញា​តទៅ ហើយ​សម្រាប់​នៅ​អាមេរិក​មាន​លក់​ផ្ដាច់​មុខតែ​ប្រភេទ 5G ក្នុងតម្លៃ 699ដុល្លារ​ប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ 599ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ 699ផោន ( 890ដុល្លារ)។

    លក្ខណ​ស​ម្ប​តិ្តត្រួសៗលើ Galaxy S20 FE គឺមាន​ចែកចេញជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើប្រាស់​ឈី​ប Exynos 990 និង​ប្រភេទ 5G ប្រើប្រាស់​ឈី​ប Snapdragon 865។ ម៉ូ​ដែល​ទាំង2 មាន RAM ប្រភេទ LPDDR5 ទំហំ 6GB ដូចគ្នា និង​ប្រើប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

    អេក្រង់​របស់ S20 FE មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​ទំហំ 32MP ដែលមាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​លើ​អេក្រង់ ដែលមាន​ទំហំ 6.5អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ មាន Refresh Rate 120Hz និង​គាំទ្រ​នូវ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3។

    កាមេរ៉ា​ខាងក្រោយ 3គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា Dual-Pixel និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS ហើយ​មាន Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា Ultrawide ទំហំ 12MP ដែលមាន Aperture f/2.2 និង​ចុងក្រោយ​ជា​កាមេរ៉ា Telephoto ទំហំ 8MP ដែល​អាច Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាច​សាក​ថ្ម​បាន 25វ៉ា​ត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​កម្លាំង 15វ៉ា​ត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បានដែរ។

    ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម 15វ៉ា​ត់​ប៉ុណ្ណោះ និង​នៅមាន​ចំណុច​ពិសេស​ផ្សេងទៀត ដូចជា​រន្ធ​បំពង​សំឡេង​ស្ទេ​រី​អូ AKG ជាមួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​ធន់​នឹង​ទឹក និង​ធូលី​ដី​កម្រិត IP68 និង​ប្រើប្រាស់ USB-C ជាមួយ USB 3.2 ជាដើម​ទៀតផង៕

  • “ជ្រុញ” នឹងបង្កគ្រោះថ្នាក់ដល់សុខភាព បើប្រើប្រាស់ និងទុកដាក់មិនត្រូវវិធី

    “ជ្រុញ” នឹងបង្កគ្រោះថ្នាក់ដល់សុខភាព បើប្រើប្រាស់ និងទុកដាក់មិនត្រូវវិធី

    ខណៈដែលការយកចិត្តទុកដាក់លើរឿងសុខភាពកំពុងតែត្រូវបានចាប់អារម្មណ៍ខ្លាំង ហើយមនុស្សជាច្រើនបានងាកយកចិត្តទុកដាក់លើការធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងនៅក្នុងចង្រ្កានវិញម្ដងនោះ ក្រៅពីឆ្នាំង ចាន ខ្ទះ វែក និងកាំបិតធ្វើបន្លែសាច់ហើយនោះ នៅមានវត្ថុសំខាន់មួយទៀត និងមិនអាចខ្វះបាននោះគឺ “ជ្រុញ”។ តើនៅក្នុងផ្ទះរបស់អ្នក មានជ្រុញប៉ុន្មានដែរ? បើឆ្លើយថា មានតែ 1 គត់! អ្នកគ្រូ ឆវីប្រហែលជាត្រូវប្រាប់ថា នោះគឺជារឿងគ្រោះថ្នាក់ហើយ។

    ព្រោះ “ជ្រុញ” ជាឧបករណ៍ផ្ទះបាយដ៏សំខាន់មួយក្នុងការរៀបចំបន្លែត្រីសាច់ដើម្បីត្រៀមចម្អិន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអាហារទាំងនៅឆៅ និងឆ្អិនអាចញ៉ាំបានផង ដូច្នេះបើសិនអ្នកត្រៀមម្ហូបអាហារមិនបានមើលថែទាំ សម្អាតជ្រុញឱ្យបានស្អាតល្អទេនោះ ជ្រុញអាចនឹងកខ្វក់ រហូតបង្កើតជាមេរោគឡើង និងអាចធ្វើឱ្យអ្នកបរិភោគម្ហូបអាហារនោះកើតអាការឈឺថ្កាត់បាន។

    “ជ្រុញ” អាចបង្ករោគបានមែនឬ?

    អ្នកជំនាញក្នុងស្ថាប័នភោជនាហារក្នុងប្រទេសថៃ បាននិយាយថា បន្ទះជ្រុញមិនបានបង្កឱ្យកើតមេរោគអ្វីដល់រាងកាយទេ តែវិធីការប្រើប្រាស់ជ្រុញ រួមទាំងការថែទាំរក្សាទុកដាក់ជ្រុញមិនបានល្អ អាចបង្កឱ្យកើតរោគាព្យាធិបាន។ វិធីដែលអាចបង្កឱ្យកើតជាជំងឺគឺ ការហាន់សាច់សត្វឆៅៗនៅលើជ្រុញជាមុន រួចតាមដោយបន្លែ ឬផ្លែឈើស្រស់ៗ អាចធ្វើឱ្យមេរោគពីសាច់សត្វឆៅ(ដែលមិនទាន់ឆ្លងកាត់ការស្ងោរឱ្យឆ្អិនសម្លាប់មេរោគ)មកជាប់នៅលើបន្លែ ឬផ្លែឈើស្រស់ទាំងនោះ ហើយបើទទួលទានបន្លែផ្លែឈើទាំងនោះទាំងស្រស់ ដោយមិនបានឆ្លងកាត់កម្ដៅដែលខ្លាំងគ្រប់គ្រាន់នោះ អាចនឹងធ្វើឱ្យយើងបានទទួលមេរោគ ឬអតិសុខុមប្រាណទាំងនោះចូលមកក្នុងរាងកាយដោយងាយ។

    ក្រៅពីនេះ ជ្រុញដែលចាស់ និងប្រើមកយូរឆ្នាំហើយ បើសិនលាងសម្អាតមិនបានស្អាតល្អ អាចមានភាពប្រថុយប្រថានក្នុងការជួបមេរោគនៅតាមកន្លុកកន្លៀតសាច់ឈើដែលប្រេះបែក ឬតាមស្នាមមុខកាំបិតដែលមុតនៅលើជ្រុញប្លាស្ទិក បើយើងញ៉ាំអាហារដែលប្រឡាក់ប្រឡូសមេរោគពីជ្រុញចូលទៅក្នុងរាងកាយ អាចធ្វើឱ្យយើងមានអាការរាករូស ដូចជា ៈ

    – មេរោគ អ៊ីខូឡៃ ដែលមកពីសាច់សត្វឆៅៗ ធ្វើឱ្យកើតអាការរាករូស។

    – មេរោគ សាល់ម៉ូនេលឡា ដែលមកពីសាច់សត្វស្លាបឆៅ ដូចជា សាច់មាន់ ស៊ុត រួមទាំងសាច់គោ និងបន្លែផ្លែឈើដែលមិនបានលាងសម្អាត អាចបណ្ដាលឱ្យចុកពោះ គ្រុនក្ដៅ ក្អួតចង្អោរបាន។

    – មេរោគដែលសាងសារធាតុពុល ដូចជា អាហ្វ្លាតុកស៊ីន និងបើកើតមានការប្រមូលសន្សំនៅក្នុងរាងកាយយូរទៅ អាចបង្កឱ្យកើតរោគមហារីកបាន។

    -មេរោគ លីស្្ទីរៀ ម៉ូណូសៃតូជីនេស ច្រើនប្រទះឃើញនៅក្នុងអាហារដែលប្រឡាក់ប្រឡូសក្នុងទឹកកខ្វក់ ឬលាមកមនុស្ស និងសត្វ អាចធ្វើឱ្យប្រថុយប្រថានដល់ការកើតរោគ Listeriosis លោហិតមានជាតិពុល និងរលាកសាច់ភ្នាសខួរក្បាល និងបំផ្លាញប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយ។

    ជ្រុញឈើ និងជ្រុញប្លាស្ទិក

    អ្នកជំនាញការបានបញ្ជាក់ថា ជ្រុញមានទាំងធ្វើពីប្លាស្ទិក ឈើ និងអាចធ្វើពីវត្ថុផ្សេងទៀតផងដែរ។ ចំណុចល្អរបស់ជ្រុញប្លាស្ទិកគឺ មានតម្លៃថោក ជាប់បានយូរ តែចំណុចមិនល្អរបស់វាគឺ មានភាពប្រថុយក្នុងការសឹកដាច់ និងមានការលាយឡំសាច់ប្លាស្ទិកចូលទៅក្នុងអាហារ។ ចំណែកឯចំណុចល្អរបស់ជ្រុញឈើគឺ ជ្រុញឈើជាវត្ថុពីធម្មជាតិ នៅពេលមានការសឹកដាច់ ហើយលាយឡំចូលទៅក្នុងអាហារ ក៏រាងកាយរបស់យើងមិនមានគ្រោះថ្នាក់អ្វីដែរ តែចំណុចមិនល្អរបស់ជ្រុញឈើគឺ ឆាប់សឹក សាច់ឈើមានប្រហោង ឬរន្ធច្រើន បៀមសំណើមយូរធ្វើឱ្យមានការប្រមូលសន្សំរបស់មេរោគ ឬអតិសុខុមប្រាណច្រើនជាងជ្រុញប្លាស្ទិក។

    វិធីលាងសម្អាត និងថែរក្សាទុកដាក់ជ្រុញយ៉ាងត្រឹមត្រូវ

    – គួរលាងសម្អាតជ្រុញទាំងមុន និងក្រោយពីប្រើការហើយ។

    – ត្រូវកម្ចាត់កំណកខ្លាញ់នៅលើជ្រុញដោយទឹកសាប៊ូលាងចាន ហើយលាងចេញដោយទឹកស្អាត ឬប្រើទឹកខ្មេះ ទឹកក្រូចឆ្មារក្នុងការសម្លាប់មេរោគដែលតោងជាប់នៅលើជ្រុញ តែមិនគួរប្រើដែកដុសឆ្នាំងដុសសម្អាតលើជ្រុញឡើយ ព្រោះអាចនឹងធ្វើឱ្យកើតមានស្នាមដាច់ជ្រៅនៅលើសាច់ជ្រុញដែលអាចក្លាយជាប្រភពប្រមូលសន្សំមេរោគបាន។

    – ហាមប្រើក្រណាត់កខ្វក់ជូត ព្រោះអាចនឹងក្លាយជាការនាំមេរោគមកប្រឡាក់ជាប់នឹងអាហារបាន។

    – កុំភ្លេច! ត្រូវប្រើជ្រុញផ្សេងៗពីគ្នាសម្រាប់ហាន់សាច់សត្វឆៅ សម្រាប់ហាន់បន្លែផ្លែឈើ និងសម្រាប់ហាន់អាហារដែលចម្អិនឆ្អិនហើយ។

    – ជ្រុញដែលមិនបានប្រើការ គួរមានគម្របគ្របដើម្បីការពារសត្វរុញមករោម និងទុកដាក់នៅលើកន្លែងដែលខ្ពស់។

    – បើជាជ្រុញឈើ ចូរយកទៅដាក់ហាលថ្ងៃឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យកើតមេរោគផ្សិត និងយកទៅទុកនៅពេលដែលជ្រុញស្ងួតល្អ៕

  • Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    “COVID-19 layer” នឹង​ក្លាយជា​មុខងារ​ថ្មី 1ទៀត​នៅលើ​កម្មវិធី Google Maps ដែល​ក្រុមហ៊ុន​បានធ្វើការ​ចុះផ្សាយ​នៅលើ​ប្លុក​របស់ខ្លួន​កាលពីពេលថ្មីៗនេះ។

    ប្រភព​ច្បាស់​ការណ៍​ខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា រាល់​ទិន្នន័យ​ដែល​យកមក​ដាក់​លើ​មុខងារ​ថ្មី​នេះ បានមកពី​របាយការណ៍​ជាក់លាក់​របស់ WHO, ស្ថាប័ន​សុខាភិបាល​ផ្លូវការ​ជាច្រើន របស់​ប្រទេស​ដែលមាន​នៅក្នុង​តារាង​នៃ​កម្មវិធី Google និង​បានមកពី​ភ្នាក់ងារ​ពិសេស​នៃ​ស្ថាប័ន​សុខាភិបាល​គ្រប់​អង្គភាព។

    គោលបំណង​នៃ​ការធ្វើ​កំណែ​អាប់​ដែ​ត​បន្ថែម​នេះ Google ចង់ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ព័ត៌មាន​ជាក់លាក់​នៅ​កន្លែង​តែមួយ និង​បង្ការ​ខ្លួន​កុំឱ្យ​ឆ្លង​វីរុស ពេល​ចង់ទៅ​កន្លែង​ណាមួយ។ រីឯ​របៀប​ប្រើងាយៗគឺ

    -បើ​ពណ៌​ប្រផេះ គឺ​តិចជាង 1នាក់

    -បើ​ពណ៌​លឿង គឺ​នឹងមាន​ចាប់ពី 1 ដល់ 10នាក់

    -បើ​ពណ៌​ទឹកក្រូច គឺ​នឹងមាន​ចាប់ពី 10 ទៅ 20នាក់

    -បើ​ពណ៌​ទឹកក្រូច​ចាស់ គឺ​នឹងមាន​ចាប់ពី 20 ទៅ 30នាក់

    -បើ​ពណ៌​ក្រហម គឺ​ចាប់ពី 30 ទៅ 40នាក់

    ហើយ​បើ​ពណ៌​ក្រហម​ក្រ​ម៉ៅ​វិញ គឺ​ចាប់ពី 40នាក់​ឡើងទៅ។

    មុខងារ​នេះ​អាច​អាប់​ឌែ​ត​បាន ទាំង​លើ iOS និង Android៕

  • iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    ប្រភពព័ត៌មាន​បច្ចេក​វិទ្យាធំៗចំនួន3 បាន​ចុះផ្សាយដូចៗគ្នា ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ បើកទទួល​ការ​កុម្ម៉ង់ និង​ពេល​ដាក់លក់ iPhone ជំនាន់​ថ្មី​ជា​ផ្លូវការ។

    ប្រភព​ទាំង3នោះ មាន​វេ​ប​សាយ MacRumors, AppleInsider និង Jon Prosser បានបញ្ជាក់ដូចៗគ្នា​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ថ្ងៃទី13 ខែតុលា និង​បើកទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃទី16 ខែតុលា ហើយនឹង​ចេញលក់​លើ​ទីផ្សារ ចាប់ពី​ថ្ងៃទី23 ខែតុលា។

    Apple នឹង​បញ្ចេញ​លក់ iPhone លើ​ទីផ្សារ​ជា 2ដំណាក់កាល ដោយ​ដំណាក់កាល​ទី1 ជាការ​ដាក់លក់ iPhone 12 ដែលមាន​អេក្រង់​ទំហំ 6.1អ៊ី​ញ ហើយ​ទាំង 2នេះ នឹង​ចេញលក់​មុនគេ។ ចំណែក iPhone 12 អេក្រង់ 5.4អ៊ី​ញ និង 6.7អ៊ី​ញ នឹង​ចេញលក់​នៅពេល​បន្ទាប់។

    iPhone 12 នឹងមាន 4ប្រភេទ ដែលមាន iPhone 12 mini អេក្រង់ 5.4អ៊ី​ញ iPhone 12 និង iPhone 12 Pro អេក្រង់​ទំហំ 6.1អ៊ី​ញ និង 1ទៀត iPhone 12 Pro Max អេក្រង់​ទំហំ 6.7អ៊ី​ញ៕