Author: ធឿន មករា

  • ទំនើបណាស់! រ៉ូបូត ចេះធ្វើតេស្តមនុស្ស រករោគសញ្ញាកូវីដ-19

    ទំនើបណាស់! រ៉ូបូត ចេះធ្វើតេស្តមនុស្ស រករោគសញ្ញាកូវីដ-19

    ​ជំនួស​ឱ្យ​ការ​ធ្វើ​តេស្ត​រក​កូវីដ-19 ដោយ​ដៃមនុស្សផ្ទាល់ ​ក្រុម​ Medtech startup ​បាន​ស្រាវជ្រាវ​បង្កើត​បាន​​ស្នាដៃ​ថ្មី​មួយ​ ​ដោយ​ដំឡើងរ៉ូបូត​ ​ឱ្យ​ចេះ​ធ្វើ​តេស្ត​មនុស្ស​រក​រោគ​សញ្ញា​កូវីដ-19 ​ដោយ​យក​ឧបករណ៍​ស្ទង់ដាក់​ចូល​ច្រមុះ​ផ្ទាល់ ដូច​ដែល​វេជ្ជបណ្ឌិត​ធ្លាប់​ធ្វើ​ដូច្នោះដែរ។ រ៉ូបូត​នោះ​ ​លោក Chen Chieh-Hsiao ជា​អ្នក​​បង្កើត​ដំបូង​គេ។

    ​ទោះជា​វាឆ្លាត​វៃមែន ប៉ុន្តែ​ដំណើរ​ការទាំង​ស្រុង​នៃ​ការ​ធ្វើ​តេស្ត​នោះ​ក៏​តម្រូវ​ឱ្យ​មាន​​ការ​គ្រប់គ្រង​ពី​មនុស្ស​ដែរ​។ លោកអ្នក​ត្រូវ​មាន​​ឧបករណ៍ជំនួយ និង​អនុវត្ត​តាម​ដំណាក់កាល​នីមួយៗ​ ដោយ​ប្រុង​ប្រយ័ត្ន មុន​នឹង​ឱ្យរ៉ូបូត​នោះ ញ៉ុក​ចូល​​ច្រមុះ​អ្នក​បន្តិចម្ដងៗ យ៉ាង​យឺតៗ និងមិន​បង្ខំ​។

    ​ឧបករណ៍ Medtech នោះ​មាន​បង្កប់​កាមេរ៉ា​សេនស័រ depth-sensing camera ​ដែល​មាន​នាទី​អាច​ដឹង​ពី​ស្ថានភាព​អាច​យក​​សំណាក​​ពីអ្នក​ជំងឺ ​មក​វិភាគ​បាន។​

    សូមទស្សនា​ដំណាក់កាល​នីមួយ​ៗ​ដូច​ខាង​ក្រោម៖

    https://www.youtube.com/watch?v=tN7BOJFZqYM

  • Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ដែលមានសមាជិក 12ប្រទេស បានធ្វើការប្រកាសពីកាលបរិច្ឆេទថ្មី ពោលគឺគ្រោងធ្វើនៅចន្លោះថ្ងៃទី11 ខែមេសា ដល់ថ្ងៃទី8 ខែឧសភា ឆ្នាំ2021។

    ចំពោះរូបមន្តនៃការប្រកួតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំមើល ថាតើគ្រប់ប្រទេសទាំងអស់អាចធ្វើជាម្ចាស់ផ្ទះបានទេ។ ប្រសិនជាមិនមានបញ្ហាទេនោះ គឺនឹងធ្វើឡើងតាមរូបមន្តចាស់ដោយប្រទេសនីមួយៗ ត្រូវវិលជុំ ធ្វើជាម្ចាស់ផ្ទះ។ តែប្រសិនជាមិនបាន អាចនឹងជ្រើសរើសយកប្រទេស1 ឬ2 មកធ្វើជាម្ចាស់ផ្ទះតាមពូលនីមួយៗ ដោយវៀតណាមអាចជាបេក្ខភាពចម្បងមុនគេ។

    ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ2020​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី23 ខែវិច្ឆិកា ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 តាមរូបបមន្តប្រកួត 2លើកក្រៅទឹកដី និង 2លើកក្នុងទឹកដីខ្លួនឯង៕

  • ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ​ថ្មីៗ​នេះ​របាយ​ការណ៍​ពី Counterpoint Research បាន​ប្រកាសឱ្យដឹង ពីចំនួន​នាំ​ចេញ​ស្មាតហ្វូនរបស់ប្រទេសផលិតស្មាតហ្វូនទាំងអស់នៅទូទាំងពិភពលោក។ ក្នុង​នោះ​គេ​​ដឹង​ថា ប្រទេសចិន ដែល​ជា​ប្រទេសផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​លើ​ពិភពលោក បាន​នាំ​ចេញស្មាតហ្វូន5G ជាង​​ 140លាន​គ្រឿង​ទៅ​ក្រៅ​ប្រទេស ​ត្រឹម​តែរយៈពេល 7​ខែ​ នៃ​ឆ្នាំ2020 ប៉ុណ្ណោះ។

    ​តួលេខនាំចេញស្មាតហ្វូន​មាន​5G ដ៏​ច្រើន​សម្បើម​បែប​នេះ មិន​ទាន់​រាប់​បញ្ចូល​ឧបករណ៍​​អេឡិចត្រូនិច​ផ្សេងៗទៀត​ផង។ ​យោង​តាម​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា Huawei, Xiaomi, Oppo, Realme និង ​OnePLus ​សុទ្ធ​តែ​ជាក្រុមហ៊ុន​ខ្នាត​យក្ស​ ដែលទទួលបានការ​បញ្ជា​ទិញ​ស្មាតហ្វូន​ទាំងក្នុង និងក្រៅប្រទេសទាំងអស់។ ​លើស​ពី​នេះ​ទៀត ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ចិនផ្ទាល់​ ​កំពុងមានការ​សាងសង់​ស្ថានីយ​ផ្គត់ផ្គង់ ​និង​ចែកចាយ​ដែន​សេវា 5G ​បាន​ចំនួន​ច្រើន​ជាង 600,000ទីតាំង​​ហើយ។

    សម្រាប់ Apple ​ដែល​គ្រោង​នឹង​បញ្ចេញ iPhone 12 5G ​ក៏​អាច​នឹង​ធ្វើ​ឱ្យចំនួនសរុបនៃការនាំចេញ​ខាង​លើ​នេះ កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ នាដំណាច់​ឆ្នាំ2020 ខាង​មុខ​នេះ៕

  • Ruben Dias ចូលរួមជាមួយនឹង Manchester City

    Ruben Dias ចូលរួមជាមួយនឹង Manchester City

    កាលពីយប់ថ្ងៃច័ន្ទ ទី28 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិបបាល់ទាត់ ​Manchester City បានប្រកួតចាញ់ក្រុមកំពូលតារាងទើបតែឡើងជើង Leicester City ក្នុងលទ្ធផលទក់សាច់គឺ 5ទល់នឹង2 ដែលអាចនិយាយបានថា ជាការប្រកួតដែលចាញ់ច្រើនបំផុតក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះរបស់​ Man City។

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្លិប​ព័រទុយហ្គាល់​ ​ Benfica ​បាន​ឱ្យ​ដឹង​ថា Ruben Dias ត្រូវ​បាន​ Manchester City ទិញ​បាន​ក្នុង​តម្លៃ​ជិត​ 80លាន​ដុល្លារ ជាមួយ​នឹង​ប្រាក់​បន្ថែម​ចំនួន​ជាង 5លាន​ដុល្លារទៀត។

    គួរឱ្យដឹងដែរថា ទោះបីជាបែបនេះក្តី ក្លិប Man City មិនទាន់ប្រកាសជាផ្លូរការនៅឡើយទេ គឺបានត្រឹមតែបង្ហើបថា នឹងមានកីឡាករថ្មី មកចូលរូមជាមួយ ដោយរង់ចាំប្រកាស នៅថ្ងៃបង្ហាញខ្លួនជាផ្លូវការតែម្តង៕

  • ជំនឿបែបខុសៗ 6យ៉ាងពាក់ព័ន្ធនឹងសុខភាព ដែលអ្នកត្រូវពិចារណាឡើងវិញ!

    ជំនឿបែបខុសៗ 6យ៉ាងពាក់ព័ន្ធនឹងសុខភាព ដែលអ្នកត្រូវពិចារណាឡើងវិញ!

    មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮអំពីជំនឿដែលពាក់ព័ន្ធនឹងរឿងសុខភាពខ្លះៗមកហើយ មិនថាតែការញ៉ាំផ្អែមខ្លាំងនឹងធ្វើឱ្យយើងកើតជំងឺទឹកនោមផ្អែម ឬមានតែអ្នកធាត់ទេដែលមានកូលេស្តេរ៉ូលក្នុងឈាមច្រើន ឬមានតែមនុស្សចាស់អាយុច្រើនទេដែលត្រចៀកធ្ងន់(ស្ដាប់មិនសូវឮ) ដូច្នេះថ្ងៃនេះ ឡារ៉ែននឹងនាំមិត្តអ្នកអានគ្រប់គ្នាមកពិសោធមើលថា តើជំនឿដែលយើងធ្លាប់បានឮ(និងមានអ្នកខ្លះអាចជឿ)មកតាំងពីនៅក្មេងៗនោះ មានភាពពិតត្រឹមត្រូវដែរឬទេ?

    1​​​​​​​​​​ . ញ៉ាំអាហារដែលមានរសជាតិផ្អែមខ្លាំង ច្រើនតែធ្វើឱ្យកើតជំងឺទឹកនោមផ្អែម

    នៅក្នុងការពិតវិញ មូលហេតុចម្បងរបស់ជំងឺទឹកនោមផ្អែមគឺ ការដែលរាងកាយរបស់យើងខ្វះអ័រម៉ូនអ៊ីនស៊ូលីនដែលមានតួនាទីសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ បើសិនរាងកាយអាចផលិតអ័រម៉ូនមួយនេះបានជាប្រក្រតី ទោះជាអ្នកទទួលទានអាហារផ្អែមប៉ុនណា ក៏មិនមានបញ្ហាអ្វីដែរ វាគ្រាន់តែធ្វើឱ្យអ្នកធាត់តែប៉ុណ្ណោះ តែក្នុងករណីដែលអ្នកមានពូជអម្បូររបស់ជំងឺនេះស្រាប់ហើយ ត្រូវតែគ្រប់គ្រងអាហារឱ្យមានតុល្យភាព ទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម មិនទទួលទានអាហារផ្អែមខ្លាំងជ្រុលពេក ក៏អាចនឹងជួយគ្រប់គ្រងមិនឱ្យអាការរបស់ជំងឺទឹកនោមផ្អែមដែលបង្កប់នៅក្នុងខ្លួនកម្រើកឡើងមកបានឡើង។

    2 . មានតែមនុស្សធាត់ៗប៉ុណ្ណោះដែលមានកម្រិតកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់

    មិនមែនជាការពិតជានិច្ចនោះទេ មនុស្សស្គមៗក៏មានឱកាសប្រថុយប្រថាននឹងសភាវនេះដែរ ព្រោះកម្រិតកូលេស្តេរ៉ូលមិនបានវាស់លើទម្ងន់ខ្លួននោះទេ។ មិនថាខ្លួនអ្នកស្គម និងមិនទទួលទានអាហារដែលមានខ្លាញ់ក៏ដោយ ក៏អាចនឹងមានកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់ដូចគ្នា បើសិនជាមានពូជអម្បូរដែលធ្វើឱ្យប្រព័ន្ធមេតាបូលីហ្សឹមក្នុងរាងកាយធ្វើការខុសប្រក្រតី រហូតកើតការផលិត និងប្រមូលសន្សំកូលេស្តេរ៉ូលទុកនៅក្នុងក្រសែឈាមច្រើនជ្រុលពេក ដែលនៅក្នុងករណីនេះ អ្នកជំងឺនឹងមិនដឹងខ្លួនទេ ដូច្នេះដើម្បីភាពមិនធ្វេសប្រហែស យើងគួរទៅពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំ រួមទាំងព្យាយាមចៀសពីអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនផង។

    3 . ស្បែកសម្បុរស្រអែម ស៊ូជាមួយកម្ដៅថ្ងៃបានល្អជាងស្បែកពណ៌ស

    តាមរយៈការស្រាវជ្រាវរបស់អាល្លឺម៉ង់បានរកឃើញថា កាំរស្មី UV ប្រភេទ A ឬដែលហៅថា UVA មានសមត្ថភាពជ្រៀតជ្រែកចូលទៅបំផ្លាញសាច់ស្បែកស្រទាប់ក្នុងរបស់មនុស្សយើងបាន ដោយមិនចាំបាច់ថា អ្នកមានមានស្បែកសម្បុរស្រអែម ឬសនោះទេ។ បើអ្នកត្រូវកម្ដៅថ្ងៃដុតខ្លាំងៗ ក៏មានឱកាសប្រថុយក្នុងការកើតជំងឺមហារីកស្បែកបានដូចគ្នា ដូច្នេះ មិនថារូបអ្នកមានស្បែកសម្បុរអ្វីនោះទេ អ្នកគួរតែមើលថែទាំខ្លួនដោយការលាបគ្រីមការពារកម្ដៅថ្ងៃ រួមទាំងស្លៀកសម្លៀកបំពាក់ណាដែលអាចបិទបាំងរាងកាយបានជិតល្អផងបើសិនត្រូវនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ។

    4 . មានតែមនុស្សចាស់ប៉ុណ្ណោះដែលត្រចៀកធ្ងន់(ស្ដាប់មិនសូវឮ)

    បច្ចុប្បន្ននេះ យើងច្រើនបានជួបយុវជន-យុវនារីដែលមានបញ្ហាខាងការស្ដាប់ឮ ឬត្រចៀកធ្ងន់កាន់តែច្រើនឡើង មូលហេតុមួយផ្នែក គឺបណ្ដាលមកពីការដែលពួកគេចូលចិត្តលេងឧបករណ៍ដែលមានសំឡេងឮខ្លាំងជ្រុលពេកកាលពីនៅវ័យក្មេង ឬនៅពេលធំឡើងត្រូវធ្វើការងារ ឬស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានមិនល្អខាងសំឡេងខ្លាំងៗហ្នឹងឯង។

    5 . អ្នកដែលកើតជំងឺលើសឈាម ហាមញ៉ាំកាហ្វេ

    ក្នុងចំណុចនេះ អាចនឹងគ្មានភ័ស្តុតាងអះអាងឱ្យបានច្បាស់លាស់នៅឡើយ ទោះជាមានការហាមប្រាមអ្នកជំងឺលើសឈាមញ៉ាំកាហ្វេក៏ដោយ តែក្នុងការពិតវិញ អ្នកជំងឺទាំងនោះ មានចំនួនមិនតិចទេដែលមានទង្វើចូលចិត្តញ៉ាំកាហ្វេជាប្រចាំ និងនៅតែញ៉ាំជាបន្ត ដោយគ្មានបង្ហាញពីអាការកម្រើកនៃរោគសញ្ញាណាមួយឡើយ តែយ៉ាងណាក៏ដោយ មានការណែនាំមួយថា មិនគួរញ៉ាំកាហ្វេក្នុងមួយថ្ងៃលើសពី 4កែវឡើយ។

    6 . បើសិនបណ្ដោយឱ្យបាតជើងត្រជាក់ នឹងធ្វើឱ្យកើតជំងឺរលាកប្លោកនាម

    ចំពោះការពិតវិញ ប្លោកទឹកមូត្ររបស់យើងនឹងរលាក ឬអត់នោះ គឺអាស្រ័យលើមេរោគទេ ជាពិសេសបំផុតមេរោគពីពោះវៀនធំដែលអាចរបូតជ្រៀតចូលទៅក្នុងប្លោកទឹកមូត្រ រហូតធ្វើឱ្យកើតអាការរលាកបាន។

    នៅពេលបានដឹងបែបនេះហើយ ត្រូវតែធ្វើការយល់ដឹងពីសុខភាពជាថ្មីហើយ តែយ៉ាងណាក៏ដោយ ការមើលថែទាំសុខភាព គ្រប់គ្រងរឿងអាហារការហូបចុក គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ រួមទាំងហាត់ប្រាណយ៉ាងជាប់លាប់ ក៏ជាមូលដ្ឋានគ្រឹះដែលអាចជួយការពារយើងឱ្យនៅឆ្ងាយពីរោគព្យាធិបានដូចគ្នាដែរ៕

  • កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    បើនិយាយអំពីប្រទេស កូរ៉េខាងជើង តើមិត្តអ្នកអាននឹងដល់រឿងអ្វីខ្លះ? ប្រទេសកុម្មុយនីស្ត? សង្គមផ្ដាច់ការ? ការគ្រប់គ្រងដ៏កាចសាហាវ? ឬផ្ទៃមុខរបស់លោក គីម ជុង អ៊ុន?

    ជាមួយនឹងប្រទេសដែលមិនអនុញ្ញាតឱ្យនរណាចូល-ចេញងាយៗ ដែលអ្នកទេសចរត្រូវប្រតិបត្តិតាមរបៀបវិន័យដ៏តឹងរ៉ឹងនោះ ពិតជាមានប្រភពទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងនៅស្រស់ស្អាតបរិសុទ្ធច្រើនមិនខាន។ ថ្ងៃនេះ យើងសូមនាំមិត្តអ្នកអានទៅពិនិត្យមើលកន្លែងទេសចរណ៍ 10ទីតាំងក្នុងប្រទេសកូរ៉េខាងជើងថា តើដែនដីអាថ៌កំបាំងមួយនេះមានអ្វីល្អៗឱ្យយើងចង់ទៅកម្សាន្តខ្លះ?

    1 . វាំង សុរិយា គុម ស៊ូ សាន់(Kum su san Palace of the Sun)

    វាំង សុរិយា គុម ស៊ូ សាន់ ស្ថិតនៅទិសខាងកើតឆៀងខាងជើងនៃក្រុងព្យុងយ៉ាង រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ជាទីកន្លែងប្រជុំសភា និងវិមានរបស់ប្រធានាធិបតី គីម អ៊ីល ស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើងដ៏អមតៈ។ រហូតដល់ពេលអនិច្ចកម្ម ទើបទីកន្លែងនេះត្រូវបានប្ដូរមកជាកន្លែងតម្កល់សពរបស់លោក និងសពរបស់ គីម ជុង អ៊ីល ដែលជាកូនប្រុសផងដែរ។ បច្ចុប្បន្ន វាំង សុរិយា គុម ស៊ូ សាន់ គឺជាកន្លែងតម្កល់សពដ៏ធំបំផុតដែលឧទ្ទិសដល់មេដឹកនាំកុម្មុយនីស្តដែលអ្នកទេសចរទាំងឡាយមិនគួរខកខានឡើយ។

    2 . ទីលាន គីម អ៊ីល ស៊ុង( Kim IL-sung Square)

    ទីលាន គីម អ៊ីល ស៊ុង ស្ថិតនៅប៉ែកខាងលិចនៃទន្លេ ធែដុង ជាទីលានខ្នាតធំបំផុតរបស់ទីក្រុងព្យុងយ៉ាង មានផ្ទៃដីទាំងអស់ 75,000 ម៉ែត្រក្រឡា ដែលអាចផ្ទុយមនុស្សបានច្រើនជាង 100,000នាក់។ ជាទីកន្លែងជួបជុំ និងមានភាពសំខាន់ខ្លាំងបំផុតនៅក្នុងពិធីព្យុហយាត្រាបង្ហាញពីសក្ដានុពលខាងយោធាដែលតែងបង្ហាញឱ្យពិភពលោកបានឃើញតាមសារព័ត៌មានជាញឹកញាប់។

    3 . រថភ្លើងក្រោមដី ព្យុងយ៉ាង

    ស្អាតជាប់ក្នុងលំដាប់ Top Ten របស់ពិភពលោក និងមានជម្រៅទៅក្រោមដីជ្រៅបំផុតក្នុងពិភពលោកដល់ទៅ 110ម៉ែត្រ។

    គោលបំណងដែលត្រូវសាងស្ថានីយរថភ្លើងក្រោមដីឱ្យជ្រៅខ្លាំងដល់ថ្នាក់នេះ គឺដោយសារតែត្រូវប្រើប្រាស់ធ្វើជាកន្លែងសុវត្ថិភាព គេចពីគ្រោះភ័យ បើសិនជានាពេលអនាគតកើតមានសង្រ្គាមនុយក្លេអ៊ែរឡើង និងមានខ្សែរថភ្លើងបម្រើសេវាកម្ម 2ខ្សែ 17ស្ថានីយ និងក្នុងចម្ងាយផ្លូវសរុបជាង 28គីឡូម៉ែត្រ។

    4 . ស្ដូបអនុស្សាវរីយ៍ ជូឆេ(Juche Tower)

    ស្ដូបអនុស្សាវរីយ៍ ជូឆេ និមិត្តសញ្ញានៃលទ្ធិ ជូឆេក្នុងប្រទេសកូរ៉េខាងជើង កសាងឡើងដើម្បីទុកជាអនុស្សាវរីយ៍គម្រប់ខួប 70ឆ្នាំរបស់លោកប្រធានាធិបតី គីម អ៊ីល ស៊ុង។ ស្ដូបនេះមានកម្ពស់ជាង 170ម៉ែត្រ នៅគ្រឹះខាងក្រោមមានរូបចម្លាក់កម្មករ កសិករ និងបញ្ញជន ឈរកាន់ញញួរ កណ្ដៀវ និងជក់ បង្ហាញពីបក្ស ពលករនៅក្នុងកូរ៉េខាងជើង។ ពេលឡើងទៅដល់ជាន់លើបំផុតរបស់ស្ដូប ភ្ញៀវទេសចរអាចមើលឃើញទេសភាព ផាណូរ៉ាម៉ា បានទូទាំងទីក្រុង លុះដល់ពេលយប់ នឹងមានភ្លើងហ្វាបាញ់បញ្ចាំងចំតួស្ដូបធ្វើឱ្យភ្លឺចិញ្ចាញលេចធ្លោក្នុងពេលរាត្រី។

    5 . ក្លោងទ្វារជ័យព្យុងយ៉ាង(Arch of Triumph)

    ក្លោងទ្វារជ័យព្យុងយ៉ាង ឬហៅជាភាសាកូរ៉េថា គែ សន់ ម៊ុន សាងឡើងក្នុងអំឡុងឆ្លងថ្ងៃខួបកំណើតគម្រប់ 70ឆ្នាំរបស់មហាបុរស គីម អ៊ីល ស៊ុង និងជានិមិត្តសញ្ញានៃការតតាំងប្រឆាំងជប៉ុនក្នុងអំឡុងឆ្នាំ 1925 – 1945។ ក្លោងទ្វារជ័យនេះមានកម្ពស់ 60ម៉ែត្រ ជាកម្ពស់ជាលំដាប់លេខ2 ក្នុងពិភពលោកបន្ទាប់ពីប្រទេសម៉ិកស៊ិក និងធំទូលាយខ្លាំងល្មមអាចឱ្យរថយន្តបើកចូល-ចេញបាន 2លេនធំៗ។

    6 . សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើង(North Korea Peace Museum)

    សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើងស្ថិតនៅជិតនឹង Joint Security Area ក្នុងតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កសាងឡើងដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាបញ្ចប់សង្រ្គាមនៅថ្ងៃទី27 កក្កដា ឆ្នាំ1957 បច្ចុប្បន្នបានដាក់តាំងបង្ហាញពីសព្វាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកគ្រប់ប្រភេទ។

    7 . សារមន្ទីរផ្ទះកំណើតរបស់មហាបុរស គី អ៊ីល​ ស៊ុង ភូមិ ម៉ាន់ យ៉ង់ ដេ

    ភូមិ ម៉ាន់ យ៉ង់ ដេ គឺជាទីកំណើតរបស់អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង បច្ចុប្បន្នក្លាយជាសារមន្ទីរខ្នាតតូចមួយ ហ៊ុមព័ទ្ធទៅដោយសួនច្បារដ៏ម្លប់ត្រឈៃ និងដងអូរតូចមួយ ដោយមានផ្ទះជាប់នឹងដីដាក់តាំងបង្ហាញចំនួន 3ខ្នង មានដូចជា ផ្ទះស្នាក់នៅ ផ្ទះទុកដាក់របស់របរ និងផ្ទះបាយ។ មួយខ្នងៗសុទ្ធតែមានដាក់បង្ហាញរបស់របរប្រើប្រាស់យ៉ាងគ្រប់សព្វ រួមទាំងរូបថតក្រុមគ្រួសាររបស់លោកប្រធានព្យួរនៅតាមជញ្ជាំងទៀតផង។

    មិនគួរឱ្យជឿឡើយថា ប្រទេសដែលមើលទៅហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទៅទស្សនាកម្សាន្ត ប្រទេសដែលបិទជិត បែរខ្នងដាក់ប្រជាជនទូទាំងពិភពលោកមួយនេះ បែរជាមានកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះសោះ។ អ្នកណាចង់ធ្វើដំណើរទៅស្វែងរកបទពិសោធថ្មីៗ ក៏សូមសាកល្បងឱ្យបានម្ដង តែត្រូវប្រតិបត្តិតាមច្បាប់ដែលគេកំណត់ ជាពិសេស ហាមថតរូបក្នុងកន្លែងដែលគេហាម តែប៉ុណ្ណឹងបានដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត និងត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពហើយ៕

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយ ឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?

    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។ អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាល អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?

    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអ៊ីន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាង

    ក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?

    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះ បើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហ្ស៊ែនពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ ងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?

    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់ 5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងទឹកដោះ ជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

  • ដឹងទេថា រាងកាយមនុស្សយើងមានឈាមប៉ុន្មានលិត្រ?

    ដឹងទេថា រាងកាយមនុស្សយើងមានឈាមប៉ុន្មានលិត្រ?

    រាងកាយរបស់មនុស្សយើងនឹងរស់នៅបានក៏ដោយសារខ្យល់សម្រាប់ដកដង្ហើម អាហារ និងទឹកសម្រាប់ការរស់នៅរបស់ជីវិត តែការពិតក្រៅពីបច្ច័យទាំងអស់នេះដែលជាចំណែកផ្គុំចម្បងៗហើយនោះ រាងកាយរបស់យើងនៅត្រូវមានវត្ថុមួយទៀតនៅក្នុងរាងកាយរបស់យើងផងដែរ ទើបធ្វើឱ្យការរស់នៅរបស់ជីវិតដំណើរការទៅយ៉ាងល្អឥតខ្ចោះបំផុត នោះគឺប្រព័ន្ធឈាម។ រាងកាយនឹងត្រូវពឹងអាស្រ័យប្រព័ន្ធការហូរវិលរបស់ឈាម(ហៅថា ប្រព័ន្ធឈាមរត់)ធ្វើជាអ្នកចិញ្ចឹមអវយវៈគ្រប់ផ្នែករបស់រាងកាយ។

    “ឈាម” ជាវត្ថុរាវ ប្រកបដោយទឹកឈាម គ្រាប់ឈាម កោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស។ រាងកាយរបស់យើងនឹងមានឈាមនៅខាងក្នុងប្រមាណជា 5លិត្រ បើធៀបនឹងទម្ងន់ខ្លួនក៏ស្មើនឹង 7 – 8%នៃទម្ងន់ខ្លួន។ បេះដូងជាអវយវៈដែលសំខាន់បំផុតក្នុងប្រព័ន្ធហូរវិលរបស់ឈាម មានតួនាទីបឺតបាញ់ឈាមទៅចិញ្ចឹមរាងកាយរបស់យើង ដូច្នេះឃើញទេថា បេះដូងរបស់យើងទទួលមុខនាទីសំខាន់ និងធ្វើការធ្ងន់ក្នុងការបញ្ជូនឈាមទៅឱ្យរាងកាយ ទាំងយប់ ទាំងថ្ងៃ ជាប់រហូត 24ម៉ោង មិនបានឈប់សម្រាកឡើយ ដូច្នេះការប្រណិប័តន៍ដ៏ល្អជាមួយបេះដូងរបស់យើងក៏គឺ ការបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលយើងគេងលក់ បេះដូងនឹងធ្វើការក្នុងចង្វាក់ដែលធូរស្រាល តែមិនបានឈប់ដើរទេ(បេះដូងឈប់ដើរ = ស្លាប់)គួរឱ្យអាណិតណាស់…។

    ប្រព័ន្ធឈាមរត់នឹងមានតួនាទីនាំយកសារធាតុផ្សេងៗបញ្ជូនទៅទូទាំងរាងកាយ ដូចជាសារធាតុអាហារ ហ្គាសផ្សេងៗ សារធាតុរ៉ែ អ័រម៉ូន និងទទួលយកវត្ថុកាកសំណល់បញ្ជូនចេញពីរាងកាយដោយការដឹកជញ្ជូនទៅតាមសរសៃឈាម។ នៅក្នុងឈាមនឹងប្រកបទៅដោយវត្ថុរាវដែលហៅថា “ផ្លាស្មា” មានតួនាទីដឹកជញ្ជូនសារធាតុរ៉ែ អ័រម៉ូន អង់ទីគ័រ សារធាតុអាហារផ្សេងៗទៅក្នុងកោសិកាផ្សេងៗរបស់រាងកាយ និងទទួលយកវត្ថុសំណល់ពីកោសិកាហូរត្រឡប់ទៅតាមបំពង់ទឹករងៃ។ ចំណែកឈាមដែលជាវត្ថុរឹង គេហៅថាកម្ទេចឈាម គ្រប់ពេលដែលកើតមានរបួស កម្ទេចឈាមក៏នឹងបញ្ចេញសារធាតុគីមីឈ្មោះ ហ្វ៉ៃប្រ៊ីន ចេញមកបំពេញតួនាទីជួយធ្វើឱ្យឈាមបង្កកខ្លួននៅត្រង់មុខរបួសដើម្បីទប់ឱ្យឈាមឈប់ហូរចេញ។

    ឥឡូវនាំគ្នាមកថែបំប៉នឈាមរបស់យើងវិញប្រសើរជាង

    – សារធាតុដែក ៈ ចាំបាច់សម្រាប់ការផលិត ហេម៉ូហ្គោប៊ីន(គ្រាប់ឈាមក្រហម)ដែលជាផ្នែកផ្គុំសំខាន់របស់គ្រាប់ឈាមក្រហម ជាអ្នកដឹកនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមអវយវៈ និងសាច់ជាលិកាទូទាំងរាងកាយ។ សារធាតុដែកមាននៅក្នុង បន្លែស្លឹកផ្ទី សណ្ដែកកួរ ផ្សិតចំបើង ស្លិកជីរ និងស្លឹកម្រះព្រៅ។ល។

    – ហ្វូលេត ៈ សំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ហ្វូលេតមាននៅក្នុង មើមទំពាំងបារាំង ផ្កាគូឆាយ ស្លឹកបាស ស្ពៃក្ដោប គ្រាប់សណ្ដែកស្ងួត និងក្រុច។

    – វីតាមីន C ៈ ជួយឱ្យរាងកាយបឺតជ្រាបយកហ្វូលេត និងសារធាតុដែកពីបន្លែផ្លែឈើបានល្អ។ វីតាមីនជូរៗមួយនេះនឹងមាននៅក្នុង ផ្លែត្របែក ក្រូចឆ្មារ កន្ទួតព្រៃ ស្រ្តប៊ើរី និងក៏មាននៅក្នុងបន្លែពណ៌បៃតងដែលយកមកចម្អិនជាម្ហូបអាហារយ៉ាងឆ្ងាញ់ដែរគឺ ប្រូខូលី៕

  • កម្ពុជាកំពុងរៀបចំឯកសារនាំចេញសាច់គោទៅកាន់ទីផ្សារចិន

    កម្ពុជាកំពុងរៀបចំឯកសារនាំចេញសាច់គោទៅកាន់ទីផ្សារចិន

    ចិន ជាទីផ្សារកសិផលយ៉ាងសំខាន់មួយរបស់កម្ពុជា ព្រោះប្រទេសនេះបានអនុញ្ញាតឱ្យកម្ពុជា​នាំផលិតផលកសិកម្មជាច្រើនប្រភេទ​ទៅកាន់ទីផ្សាររបស់ខ្លួន​ដើម្បី​បំពេញតម្រូវការនៅក្នុងស្រុក។

    ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ថា​កម្ពុជា​កំពុងមមាញឹករៀបចំឯកសារ​ដើម្បីសុំការនាំចេញ​សាច់គៅទៅកាន់ទីផ្សារចិន។

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា យើងកំពុងរៀបចំស្នើសុំ​នាំចេញសាច់គោទៅកាន់ប្រទេសចិន។ ការរៀបចំនេះធ្វើឡើងដោយសារតែយើងមើលឃើញពីបញ្ហាប្រឈម​រវាងប្រទេសចិន និងប្រទេសអូស្ត្រាលីដែលជាប្រទេសនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ហេតុនេះ យើងនឹងបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅចិន ដែលរហូតមកដល់ពេលនេះយើងកំពុងមមាញឹក​ដើម្បីរៀបចំបែបបទ​ដើម្បីសុំការនាំចូល។

    ជាដំណាក់កាលដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានធ្វើលិខិតផ្លូវការមួយ ដើម្បីបញ្ជាក់ទៅកាន់ភាគីចិនថា យើងមានលទ្ធភាពក្នុងការនាំចេញសាច់គោ​ទៅកាន់ប្រទេសចិន។ ស្របពេលជាមួយគ្នានោះ ចិនក៏មានសំណួរជាច្រើនមកកាន់កម្ពុជាដែលយើងត្រូវធ្វើការឆ្លើយតប។

    ឯកឧត្តមបានបន្ថែមផងដែរថា ភាគីចិន​នឹងមកត្រួតពិនិត្យ​នូវអ្វីដែលកម្ពុជាបននាំចេញដើម្បីធានាថា​ហេដ្ឋារចនាសម្ព័ន្ធនៃការផលិត និងចិញ្ចឹម​ល្អ ត្រូវតាមស្តង់ដាដែលគេចង់បាន។ ប្រសិនបើគេរកឃើញថា​យើងធ្វើបានល្អ​នោះគេនឹងអនុញ្ញាត៕

  • ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ឪពុកម្ដាយភាគច្រើនចង់ឱ្យកូនឆ្លាត មានខួរក្បាលល្អ និងព្យាយាមស្វះស្វែងរកវិធីដែលនឹងធ្វើឱ្យកូនឆ្លាតវាងវៃ តើលោកឪពុកអ្នកម្ដាយដឹងឬទេ? ភាពឆ្លាតវៃមានជាប់នឹងខ្លួនកូនមកតាំងពីពេលកើតដំបូង និងមួយផ្នែកមកពីអាហារ និងការចិញ្ចឹមមើលថែ ដូច្នេះថ្ងៃនេះ អ្នកគ្រូ ឆវីសូមបបួលលោកឪពុកអ្នកម្ដាយមករៀនយល់ដឹងពីវិធីចិញ្ចឹមកូនឱ្យក្លាយជាក្មេងឆ្លាត និងមានខួរក្បាលវាងវៃដូចតទៅ។

    កូនឆ្លាត មានខួរក្បាលវាងវៃដោយបច្ច័យច្រើនយ៉ាង

    តើលោកឪពុកអ្នកម្ដាយដឹងឬទេ? អាហារ និងការចិញ្ចឹមមើលថែមានចំណែកជួយបង្កើនវិវឌ្ឍនាការរបស់កូន។ អាហារដែលជួយបំប៉នខួរក្បាលកូនដែលល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសារធាតុអាហារចម្បងៗនៅក្នុងទឹកដោះម្ដាយមានជាតិខ្លាញ់ ប្រូតេអ៊ីន លែកតូស និងសារធាតុអាហារផ្សេងៗទៀត ក្រៅពីនេះនៅមាន ស៊្វីងហ្គោម៉ៃអ៊ីលីន(Sphingomyelin) ខ្លាញ់ប្រភេទផូស្វ័រឡៃពីដ ដែលឃើញមានច្រើននៅក្នុងទឹកដោះម្ដាយដូចគ្នា។

    អត្រាចំណែក Sphingomyelin នៅក្នុងទឹកដោះម្ដាយ

    ចរន្តប្រសាទជាមួយការធ្វើការរបស់ខួរក្បាលរបស់កូនតូច

    “ខួរក្បាល” ជាអវយវៈដែលមានតួនាទីសំខាន់ក្នុងការទទួលដឹង ការគិតវិភាគសមត្ថភាពខាងសតិបញ្ញា ការទំនាក់ទំនង និងការធ្វើចលនារបស់រាងកាយ។ លោកឪពុកអ្នកម្ដាយដឹងឬទេថា ខួរក្បាលប្រកបដោយ ជាតិខ្លាញ់ដល់ទៅ 60% ដែលខ្លាញ់ជាចំណែកផ្គុំចម្បងរបស់ ម៉ៃអ៊ីលីនក្នុងខួរក្បាល។ សរសៃប្រសាទដែលមានម៉ៃអ៊ីលីន នឹងមានការបញ្ជូនសញ្ញាប្រសាទរហ័សជាងសរសៃប្រសាទដែលគ្មានម៉ៃអ៊ីលីនដល់ទៅ​ 60ដង ដោយមាន Sphingomyelin ជាសារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ក្នុងការសាងម៉ៃអ៊ីលីន។

    Sphingomyelin សារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ដើម្បីខួរក្បាលកូន

    ក្នុងពេលបច្ចុប្បន្ន ទោះជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តមិនទាន់អាចកែសម្រួល ឬទៅគ្រប់គ្រងការសាងម៉ៃអ៊ីលីនឱ្យកើតឡើងតាមសេចក្ដីត្រូវការបានដោយត្រង់ក៏ដោយ តែក៏យើងអាចបង្កើនការសាងស្រោមម៉ៃអ៊ីលីនបានដោយ Sphingomyelin ព្រោះ Sphingomyelin ជាសារធាតុអាហារដែលមានតួនាទីក្នុងការសាងម៉ៃអ៊ីលីន ដែលម៉ៃអ៊ីលីននេះនឹងជួយឱ្យខួរក្បាលប្រមូលទិន្នន័យបានលឿន និងមានប្រសិទ្ធភាព។

    ស្រោមម៉ៃអ៊ីលីនមានអង្គប្រកប(ចំណែកផ្គុំ)ជាខ្លាញ់ដល់ទៅ 70% ដូច្នេះខ្លាញ់ដែលបានទទួលពីអាហារ ជាពិសេសខ្លាញ់ពីទឹកដោះម្ដាយ នឹងក្លាយជាប្រភពដ៏សំខាន់ក្នុងការសាងស្រោម៉ៃអ៊ីលីនក្នុងខួរក្បាលរបស់កូនសម្លាញ់។ សម្រាប់វ័យដែលចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមហើយ អាចបានទទួលសារធាតុអាហារ Sphingomyelin ពីប្រភពផ្សេងៗដូចជា ស៊ុត ក្រែម ឈីស ទឹកដោះ រួមទាំងផលិតផលធ្វើពីទឹកដោះផងដែរ។ ក្រៅពីបានទទួលសារធាតុអាហារដែលសំខាន់ក្នុងការបំប៉នខួរក្បាលហើយ ការជំរុញវិវឌ្ឍនាការខ្លះទៀតក៏ធ្វើឱ្យខួរក្បាលកើតមានការសាងស្រោនម៉ៃអ៊ីលីនបានដែរ ដូចជាក្នុងអំឡុងខួបឆ្នាំដំបូង ការស្ដាប់សំឡេងដែលសម្បូរបែប និងការស្ដាប់សំឡេងតន្រ្តី ការដោះស្រាយចំណោទបញ្ហា នឹងជួយអភិវឌ្ឍចរន្តប្រសាទ និងការសាងស្រោមម៉ៃអ៊ីលីនជាដើម។

    ការបង្កើនវិវឌ្ឍនាការកូនឱ្យឆ្លាតវាងវៃមិនពិបាកឡើយ បើមានការយល់ដឹង។ ការបង្កើនឱ្យកូនបានទទួលទឹកដោះម្ដាយយ៉ាងជាប់លាប់ជាបន្តបន្ទាប់ និងយូរបំផុតគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ និងឱ្យកូនញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមតាមរយៈអាហារដែលសម្បូរបែប ជាប់ជាប្រចាំ រួមទាំងការចិញ្ចឹមមើលថែកូនឱ្យទទួលបានភោជនាហារដែលល្អ សមនឹងវ័យ គួបផ្សំនឹងការជំរុញវិវឌ្ឍនាការជាប់ជានិច្ច នឹងជួយអភិវឌ្ឍខួរក្បាលរបស់កូនឱ្យក្លាយជាក្មេងដែលមានខួរក្បាលវាងវៃបានយ៉ាងពិតប្រាកដ៕