Author: ធឿន មករា

  • 30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។

    ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ

    1 . សម្លឹងមើលមុខមុននឹងនិយាយ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។

    2 . ហៅឈ្មោះកូន ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។

    3 . និយាយខ្លីៗ តែមានន័យ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។

    4 . ប្រើពាក្យងាយៗយល់ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។

    5 . ពិសោធពីការយល់ដឹង ដោយឱ្យកូនឆ្លើយមកវិញ បើកូនមិនអាចឆ្លើយតបមកវិញបាន នោះបញ្ជាក់ថា ពិបាកយល់ និងវែងជ្រុលពេកហើយ ធ្វើឱ្យកូនមិនយល់។

    6 . ប្រើជម្រើសផ្សេងដែលមិនមែនជាការដាក់ទោស ជំនួសឱ្យការនិយាយថា បើមិនធ្វើ! ចាំមើលបន្តិចទៀតម៉ាក់មកវិញនឹងវាយឱ្យហើមគូទម្ដង តែគួរតែនិយាយថា បើកូនជួយលាងបន្លែម៉ាក់ កូននឹងអាចជួយម៉ាក់បានច្រើនណាស់ បន្តិចទៀតប៉ាមកវិញ យើងនឹងបានញ៉ាំបាយជុំគ្នាតែម្ដង…ជាដើម។

    7 . ដាក់សំណើដែលកូនមិនអាចបដិសេធបាន ជាពិសេសជាមួយក្មេងអាយុ 2 – 3ឆ្នាំ ជាវ័យដែលប្រកាន់យកខ្លួនឯងជាធំ( Egocentric)ដូច្នេះការដាក់សំណើណាមួយដែលកូននឹងស្ដាប់បង្គាប់ និងធ្វើតាម នឹងជួយកាត់បន្ថយការប្រកែកប្រណាំង ឬការឈ្លោះប្រកែកបាន ដូចជា ប្រាប់កូនថា ទៅស្លៀកពាក់ទៅ បន្តិចទៀតន្អាលនឹងបានចេញទៅលេងខាងក្រៅ។

    8 . និយាយក្នុងផ្លូវវិជ្ជមាន ដូចជា “កុំស្រែកគំហក!” តែយើងគួរនិយាយថា “កុំស្រែកខ្លាំងៗអី ព្រោះវានឹងធ្វើឱ្យយើងឈឺក”។

    9 . និយាយយ៉ាងមានគោលដៅ ដូចជា ម៉ាក់ត្រូវការឱ្យកូនចែកឱ្យប្អូនលេងផង (ជំនួសឱ្យពាក្យថា “ចែកឱ្យប្អូនដែរភ្លាម!”) វិធីនេះប្រើការបានល្អជាមួយក្មេងដែលចូលចិត្តការយកចិត្តយកថ្លើម និងក្មេងដែលមិនចូលចិត្តការបង្ខំ។

    10 . និយាយដល់ហេតុ និងផលដែលនឹងកើតឡើង ដូចជា នៅពេលកូនដុសធ្មេញរួច ម៉ាក់នឹងនិយាយរឿងនិទានឱ្យស្ដាប់ ឬនៅពេលកូនញ៉ាំបាយរួច យើងនឹងចេញទៅញ៉ាំការ៉េមជាមួយគ្នា។

    11 . កុំគិតថា កូនឌឺរឹង និងមិនសហការ តែផ្ទុយទៅវិញ ត្រូវសង្កេតមើលថា តើការនិយាយស្ដីរបស់យើងមានខុសឆ្គងត្រង់ណាទេ?។

    12 . រួមធ្វើកិច្ចការងារជាមួយកូន ជំនួសការចាំតែបញ្ជា ដូចជាថា បិទទូរទស្សន៍ភ្លាម ដល់ម៉ោងញ៉ាំបាយហើយ! តែយើងអាចប្រើវិធីដើរទៅអង្គុយជិតកូន មើលទូរទស្សន៍ជាមួយកូនប្រមាណជា 2 – 3នាទី លុះដល់ពេលផ្សាយពាណិជ្ជកម្ម ក៏ឱ្យកូនបិទទូរទស្សន៍ដោយខ្លួនឯង និងប្រាប់កូនថា ដល់ម៉ោងញ៉ាំបាយហើយ។

    13 . ផ្ដល់ជម្រើសដែលឆ្លាតវៃ ដូចជា តើចង់ស្លៀកខោអាវគេងមុន ឬចង់ដុសធ្មេញមុន? ចង់ពាក់អាវពណ៌ផ្កាឈូក ឬពណ៌បៃតងវិញ? ជាដើម។

    14 . និយាយត្រង់ទៅត្រង់មក ខ្លី និងងាយយល់ ឱ្យស័ក្តិសមនឹងវ័យ និងវិវឌ្ឍនាការក្មេង ដូចជា បើសួរក្មេងអាយុ 3ឆ្នាំថា ហេតុអីបានធ្វើអ៊ីចឹង? ក្មេងអាចនឹងឆ្លើយមិនរួចទេ ដូច្នេះគួរនិយាយជាមួយកូនថា ប្រាប់ម៉ាក់បន្តិចមើល៍ រឿងដែលកូនធ្វើហ្នឹងយ៉ាងម៉េចដែរ?។

    15 . និយាយយ៉ាងសុភាព និងផ្ដល់កិត្តិយស និយាយជាមួយកូនដូចដែលយើងចង់ឱ្យកូននិយាយជាមួយយើង។

    16 . មិនបង្ខំ ព្រោះការបង្ខំសម្លុតគំរាមនឹងធ្វើឱ្យកូនមិនរួមសហការ ដូចជានិយាយថា កូនត្រូវតែធ្វើនេះ ធ្វើនោះឱ្យហើយ! តែគួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនធ្វើរឿងនេះ រឿងនោះ…ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើ ឬជំនួសឱ្យពាក្យថា ជូតតុបាយឱ្យស្អាតភ្លាម! គួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនជូតតុបាយឱ្យស្អាត និងកុំឱ្យជម្រើសបែបអវិជ្ជមានទៅកូន ដូចជានៅពេលធាតុអាកាសរងា ចូរនិយាយជាមួយកូនថា ឱ្យយកអាវរងាមកពាក់ តែកុំប្រើពាក្យថា កូនចង់ពាក់អាវរងាទេ? ជាដើម។

    17 . ហាត់សង្កេតទស្សនគតិ វិធីគិត និងការនិយាយស្ដីរបស់កូន ៈ ដើម្បីនឹងបានតបស្នងតម្រូវការរបស់កូនបានត្រឹមត្រូវ។

    18 . ប្រើប៊ិច ខ្មៅដៃជំនួសការនិយាយ កូនវ័យជំទង់មិនត្រូវការឱ្យយើងនិយាយច្រំដែលៗទេ ព្រោះការនិយាយច្រំដែលៗនេះ សម្រាប់កូនក្នុងវ័យស្ទាវជំទង់ប្រៀបដូចជាការពន្យុះកំហឹង ឬមិនទុកចិត្ត ដូច្នេះការសរសេរកំណត់ត្រាដាស់តឿនគឺជាវិធីមួយដែលជួយឱ្យកូនវ័យជំទង់ផ្ដល់នូវការសហការបានល្អជាងការនិយាយច្រំដែលៗ។ សាកល្បងសរសេរសំណេរដាស់តឿនបែបកំប្លែងៗ នោះអ្នកនឹងឃើញថា វាពិតជាបានផលល្អមែនមិនខាន។

    19 . កុំគិតតែពីនិយាយ តែធ្វើឱ្យឃើញជាគំរូ ក្មេងៗរៀនយល់ដឹងពីទង្វើខ្លាំងជាងពាក្យសម្ដី ដូច្នេះធ្វើជាគំរូដែលល្អដល់កូន ដើម្បីឱ្យកូនធ្វើតាម។

    20 . បំពេញអារម្មណ៍របស់កូនជាមុន រួចសឹមនិយាយ ឬចង្អុលណែនាំដល់កូន ពិនិត្យមើលអារម្មណ៍របស់កូនជាមុន ឱ្យប្រាកដក្នុងចិត្តសិនថា តើគេព្រមនៅក្នុងការស្ដាប់យើងឬទេ? មិនដូច្នោះទេ អ្វីដែលយើងនិយាយទៅ នឹងមិនកើតជាប្រយោជន៍អ្វីឡើយ។

    21 . និយាយជាកំណាព្យកាព្យជួនឱ្យងាយចងចាំ ដូចជា ជួយគេឱ្យច្រើន អ្នកចម្រើនគឺខ្លួនយើង ជាដើម។

    22 . ឱ្យកូនធ្វើត្រាប់តាម ក្មេងតូចត្រូវប្រាប់ច្រើនៗដង ខុសពីកូនវ័យជំទង់។ ក្មេងវ័យ 3 – 6ឆ្នាំចូលចិត្តការធ្វើត្រាប់តាម ដូច្នេះនៅពេលនិយាយប្រាប់ហើយ ចូរធ្វើឱ្យឃើញ និងឱ្យកូនធ្វើតាម ធ្វើដូចជាការលេងសម្ដែងដូច្នោះដែរ។

    23 . ឱ្យកូនគិតដោយខ្លួនឯង បង្ហាត់ឱ្យកូនចេះគិតដោយខ្លួនឯង ដោយជំនួសឱ្យការនិយាយថា មើលចុះ របស់របរអីក៏រាយប៉ាយម្ល៉េះ! ចូរប្ដូរមកនិយាយថា កូនតូមី កូនសាកគិតទៅមើលថា តើយើងនឹងយកអាវយឺត ស្បែកជើង និងតុក្កតាខ្លាឃ្មុំនេះទៅទុកនៅកន្លែងណាស្រួល?។ ឱ្យកូនសាកល្បងគិត និងកែបញ្ហាដោយខ្លួនឯង។

    24 . ធ្វើឱ្យកូនស្ងប់ នៅពេលកូនរឹតតែស្រែក យើងរឹតតែនិយាយឱ្យតិច។ ជួនកាលការធ្វើជាអ្នកស្ដាប់ដ៏ល្អ នឹងជួយបន្ធូរក្ដីវិតក្កកង្វល់របស់កូនបាន ឱ្យកូនដឹងថាយើងកំពុងចាប់អារម្មណ៍ និងចង់ជួយ។ ប្រាប់ទៅកូនថា យើងយល់ និងមានអ្វីខ្លះដែលកូនត្រូវការឱ្យជួយ។ អ្វីទាំងអស់នេះនឹងធ្វើឱ្យកូនស្ងប់ស្ងាត់ទៅវិញ និងនៅពេលកូនខឹងមួម៉ៅ កុំខឹងមួម៉ៅទៅវិញ ព្រោះនឹងធ្វើឱ្យរឿងកាន់តែធំទៅ។

    25 . ផ្ដល់ជម្រើសដែលល្អ ប្រាប់ទៅកូនថា កូនចង់ទៅដើរលេងនៅទីធ្លាទាត់បាល់តែម្នាក់ឯងមិនបានទេ តែកូនអាចដើរលេងនៅក្នុងទីធ្លាមុខផ្ទះបាន។

    26 . ដាស់តឿនជាមុន ដូចជា 5នាទីទៀតយើងនឹងត្រឡប់ទៅផ្ទះវិញហើយ ចូរកូនបា៎យៗរបស់លេង និងពួកម៉ាកកូនទៅ។

    27 . និយាយឱ្យញាប់ញ័ររញ្ជួយចិត្ត វិធីនេះជាការបើកពិភពលោកសម្រាប់ក្មេងៗដែលអៀនខ្មាស់ច្រើន ដូចជាមិនគួរសួរថា ថ្ងៃនេះធ្វើអីខ្លះនៅសាលា? តែគួរប្ដូរមកជា ឯណា? និយាយឱ្យម៉ាក់ស្ដាប់បន្តិចមើល៍ថា ថ្ងៃហ្នឹងធ្វើអីដែលសប្បាយបំផុតនៅសាលា? ជាដើម។

    28 . និយាយពីអារម្មណ៍របស់យើងជាមួយកូន ដូចជា “កូនដឹងទេថា ពេលកូនរត់លេងនៅក្នុងសូភើរ ម៉ាខេត ពេលដែលយើងទៅទិញអីវ៉ាន់ជាមួយគ្នាថ្ងៃនេះ ម៉ាក់ភ័យខ្លាំងណាស់ ខ្លាចថាកូនវង្វេងបាត់…លើកក្រោយកុំធ្វើអ៊ីចឹងទៀតណា៎កូនណា៎”។

    29 . និយាយបញ្ចប់សេចក្ដី នៅពេលកូនមិនព្រមស្ដាប់ ងង៉ក់ ឬតវ៉ា ចូរប្រាប់ទៅកូនថា យ៉ាងណាក៏ម៉ាក់មិនព្រមប្ដូរចិត្តដែរ (ដោយប្រើសំឡេងធម្មតា និងម៉ឺងម៉ាត់) ឱ្យកូនដឹងថា ចាំបាច់ និងជារឿងដែលត្រូវធ្វើ។

    30 . ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ និងនិយាយលើកទឹកចិត្តជានិច្ច ដូចជាកុំនិយាយថា បើមិនញ៉ាំបាយ តិចម៉ាក់ឈប់ស្រឡាញ់ បើមិនគេង តិចឆ្កែព្រៃមកខាំ-ល- កុំដាក់លក្ខខណ្ឌជាមួយកូនដោយពាក្យសម្ដីដែលគ្មានហេតុផល តែចូរនិយាយដោយសេចក្ដីស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌជាមួយកូនជានិច្ច៕

  • Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ដែលមាន​សមាជិក 12ប្រទេស បានធ្វើការ​ប្រកាស​ពី​កាលបរិច្ឆេទ​ថ្មី ពោលគឺ​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃទី11 ខែមេសា ដល់​ថ្ងៃទី8 ខែឧសភា ឆ្នាំ2021។

    ចំពោះ​រូបមន្ត​នៃ​ការប្រកួត​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​រង់​ចាំមើល ថា​តើ​គ្រប់​ប្រទេស​ទាំងអស់​អាចធ្វើ​ជា​ម្ចាស់ផ្ទះ​បានទេ។ ប្រសិនជា​មិនមាន​បញ្ហា​ទេនោះ គឺ​នឹង​ធ្វើឡើង​តាម​រូបមន្ត​ចាស់​ដោយ​ប្រទេសនីមួយៗ ត្រូវ​វិលជុំ ធ្វើជា​ម្ចាស់ផ្ទះ។ តែ​ប្រសិនជា​មិនបាន អាច​នឹង​ជ្រើស​រើសយក​ប្រទេស1 ឬ2 មក​ធ្វើជា​ម្ចាស់ផ្ទះ​តាម​ពូ​លនីមួយៗ ដោយ​វៀតណាម​អាចជា​បេក្ខភាព​ចម្បង​មុនគេ។

    ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជា​ការប្រកួត​កីឡាបាល់ទាត់​ធំជាងគេ និង​មាន​កិត្យានុភាព​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយ​គម្រោង​ដើម​សម្រាប់​ការប្រកួត​នៅ​ឆ្នាំ2020 គឺ​គ្រោង​ធ្វើ​នៅ​ចន្លោះ​ពីថ្ងៃ​ទី23 ខែវិច្ឆិកា ដល់​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 តាម​រូប​បម​ន្ត​ប្រកួត 2លើក​ក្រៅ​ទឹកដី និង 2លើក​ក្នុង​ទឹកដី​ខ្លួនឯង៕

  • Ruben Dias ចូលរួមជាមួយនឹង Manchester City

    Ruben Dias ចូលរួមជាមួយនឹង Manchester City

    កាលពី​យប់​ថ្ងៃ​ច័ន្ទ ទី28 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិប​បាល់ទាត់ Manchester City បាន​ប្រកួត​ចាញ់​ក្រុម​កំពូល​តារាង​ទើបតែ​ឡើង​ជើង Leicester City ក្នុង​លទ្ធផល​ទក់​សាច់​គឺ 5ទល់នឹង2 ដែល​អាច​និយាយបានថា ជាការ​ប្រកួត​ដែល​ចាញ់​ច្រើន​បំផុត​ក្នុង​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ​របស់ Man City។

    បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ក្លិប​ព័រ​ទុយ​ហ្គា​ល់  Benfica បានឱ្យដឹងថា Ruben Dias ត្រូវបាន Manchester City ទិញ​បាន​ក្នុងតម្លៃ​ជិត 80លាន​ដុល្លារ ជាមួយនឹង​ប្រាក់​បន្ថែមចំនួន​ជាង 5លាន​ដុល្លារ​ទៀត។

    គួរឱ្យ​ដឹង​ដែរ​ថា ទោះបីជា​បែបនេះ​ក្តី ក្លិប Man City មិនទាន់​ប្រកាស​ជា​ផ្លូ​រការ​នៅឡើយ​ទេ គឺ​បានត្រឹមតែ​បង្ហើប​ថា នឹងមាន​កីឡាករ​ថ្មី មក​ចូល​រូ​ម​ជាមួយ ដោយ​រង់ចាំ​ប្រកាស នៅ​ថ្ងៃ​បង្ហាញខ្លួន​ជា​ផ្លូវការ​តែម្តង៕

  • វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    វិធីកម្ចាត់ក្លិនទុរេនក្នុងទូទឹកកក និងបន្ទប់ម៉ាស៊ីនត្រជាក់ ធុំខ្លាំងប៉ុនណា ក៏បាត់ឈឹងដែរ!

    ទោះវាជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ត្រូវមាត់ ត្រូវចិត្តមនុស្សភាគច្រើនមែន តែត្រូវតែព្រមទទួលស្គាល់ហើយថា ទុរេន គឺ​ជាផ្លែឈើដែលមានក្លិនខ្លាំងបំផុត ជាពិសេសក្នុងរដូវផ្លែទុរេនកំពុងឱ្យផលបែបនេះ ធ្វើឱ្យអ្នកដែលមិនសូវជាចូលចិត្តក្លិនរបស់វានាំគ្នាស្រែកចាចគ្រប់ៗគ្នា​ ចំណែកអ្នកដែលចូលចិត្តវិញ ត្រូវតែមានជាប់ដៃយកទៅផ្ទះញ៉ាំជុំគ្នាសឹងតែរាល់ថ្ងៃមិនខាន ប៉ុន្តែបើយើងយកទុរេនមកញ៉ាំក្នុងផ្ទះហើយ មិនដឹងពីវិធីកម្ចាត់ក្លិនឱ្យបាត់សូន្យឈឹងទៅវិញនោះ អាចនឹងធ្វើឱ្យនៅក្នុងផ្ទះមានក្លិនមិនគួរឱ្យបេតីអណ្ដែតវិលវល់ពេញក្នុងនោះរហូតធ្វើឱ្យលែងចង់ចូលផ្ទះក៏អាចថាបាន។ ដូច្នេះជម្រើសដែលល្អ គឺនាំគ្នាមកមើលពីវិធីកម្ចាត់ក្លិនទុរេនបែបងាយៗ ដែលអ្នកគ្រូ ឆវី ធានាថា នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះអាចញ៉ាំទុរេនបានបែបសប្បាយៗមិនចាំបាច់ខ្លាចថាមានក្លិននៅជាប់ក្នុងផ្ទះឡើយ។

    1 . កាកកាហ្វេ ៈ ដោយសារតែកាកកាហ្វេមានក្លិនឈ្ងុយ និងស្រស់ស្រាយ ដូច្នេះគ្រាន់តែបងៗស្ត្រីមេផ្ទះដាក់កាកកាហ្វេនៅក្នុងកូនចានចង្កឹះ រួចយកទៅដាក់ចោលនៅជ្រុងណាមួយនៅក្នុងបន្ទប់ តែប៉ុណ្ណឹងកាកកាហ្វេនឹងបឺតយកក្លិនខ្លាំងៗរបស់ទុរេនឱ្យបាត់អស់មិនខាន ព្រមទាំងបានក្លិនក្រអូបស្រស់ស្រាយរបស់កាហ្វេមកជំនួសវិញទៀតផង និងបើក្នុងបន្ទប់ណាដែលមានធុំក្លិនទុរេនខ្លាំងក្លានោះ បងៗស្រ្តីមេផ្ទះគ្រាន់តែបន្ថែមបរិមាណកាកកាហ្វេឱ្យច្រើនជាងមុនបន្តិចទៅជាការស្រេច។

    2 . ម្សៅប៊េកឃីងសូដា ៈ មិនថាតែក្នុងទូទឹកកក បន្ទប់ម៉ាស៊ីនត្រជាក់ ឬបន្ទប់ដែលគ្មានបង្អួចនោះឡើយ វត្ថុពហុប្រយោជន៍ដូចជាម្សៅប៊េកឃិងសូដាមួយនេះក៏អាចបំបាត់ក្លិនទុរេនបានដែរ ដោយគ្រាន់តែចាក់ដាក់ចាន ឬកំប៉ុង ហើយយកទៅដាក់នៅត្រង់ចំណុចដែលត្រូវការបំបាត់ក្លិន និងឧស្សាហ៍ប្ដូរម្សៅប៊េកឃីងសូដារៀងរាល់ 2 – 3ថ្ងៃម្ដងដើម្បីប្រសិទ្ធភាពដ៏ល្អជាការស្រេច។

    3 . ស្លឹកតើយ ៈ ការកម្ចាត់ក្លិនផ្លែទុរេនទុំដោយស្លឹកតើយក៏មិនពិបាកដែរ គ្រាន់តែយកស្លឹកតើយមកបត់ធ្វើជារូបបូ រូបផ្កា ឬចងជាកញ្ចុំ ហើយយកទៅដាក់នៅត្រង់កន្លែងដែលមានធុំក្លិនទុរេន រហូតដល់ក្លិនក្រអូបប្រហើរឈ្ងប់ចាប់ផ្ដើមរសាយ ឬស្លឹកចាប់ផ្ដើមក្រៀមស្រពោន សឹមយកស្លឹកថ្មីមកប្ដូរ។

    4 . ក្រូចលេម៉ុន ឬក្រូចឆ្មារ ៈ បងៗស្រីមេផ្ទះគ្រាន់តែពុះផ្លែក្រូចឆ្មារ ឬក្រូចលេម៉ុនជាបន្ទះៗ យកទៅដាក់ក្នុងទូទឹកកក តែប៉ុណ្ណឹងបន្ទះក្រូចឆ្មារក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ទៅហើយ។

    5 . បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត ឬនំប៉័ងបន្ទះ ៈ អ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា ក្លិនស្អុយៗនៅក្នុងទូទឹកកកក៏អាចកម្ចាត់បានយ៉ាងងាយដោយរបស់ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោក ដូចជាបណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត

    និងបន្ទះនំប៉័ង ដោយយើងត្រូវយករបស់ទាំងនេះណាមួយទៅដាក់ក្នុងទូទឹកកក ដែលបើសិនជាក្រដាសកាសែត ក៏ឆ្មូលវាឱ្យទៅជាដុំជាមុនសិន បើជានំប៉័ងបន្ទះ ក៏ប្រើប្រមាណជា 2បន្ទះ និងព្យាយាមប្ដូរឱ្យបានញឹកញាប់ផងទើបជាការល្អ។

    6 . តែ ៈ ជាវត្ថុកម្ចាត់ក្លិនទុរេនមួយទៀតដែលឃើញលទ្ធផលច្បាស់ៗតែម្ដង ដោយគ្រាន់តែឆុងទឹកតែដាក់កែវ ហើយយកទៅដាក់ក្នុងទូទឹកកក ឬយកថង់កាកតែដែលឆុងរួចហើយទៅដាក់ក្នុងទូទឹកកកតែម្ដងក៏បាន តែប៉ុណ្ណឹងតែក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ និងថែមទាំងបញ្ចេញក្លិនក្រអូបប្រហើរតិចៗរបស់តែចេញមកទៀតផង។

    7 . ដុំធ្យូង ៈ បើនិយាយពីជំនួយការក្នុងការបំបាត់ក្លិន គឺមិនអាចអត់ធ្យូងបានឡើយ។ មិនចាំបាច់ប្រាប់ឡើយថា ធ្យូងឈើអាចកម្ចាត់ក្លិនបានតាំងពីក្នុងទូដាក់ឥវ៉ាន់ ទូទឹកកក រហូតទៅដល់ក្នុងបន្ទប់ផ្សេងៗក្នុងផ្ទះទៀតផង ឯវិធីវិញ ក៏ងាយៗ គ្រាន់តែយកដុំធ្យូងឈើទៅដាក់នៅក្នុងទូទឹកកក បន្តិចក្រោយមករន្ធតូចៗនៅលើដុំធ្យូងក៏នឹងបឺតយកក្លិនមិនល្អទាំងឡាយម្ដងបន្តិចៗរហូតដល់អស់ ដែលវាអាចនឹងប្រើពេលយូរបន្តិច តែប្រាកដជាអាចកម្ចាត់ក្លិនបានល្អមែន។

    ក្រៅពីនេះ ការបើកទ្វារ បើកបង្អួច ឬកង្ហារដើម្បីឱ្យខ្យល់អាកាសចេញចូលបានល្អ ក៏អាចជួយកម្ចាត់ក្លិនមិនល្អរបស់ទុរេនចេញបានដូចគ្នាដែរ ដូច្នេះបើដឹងខ្លួនថា ចូលចិត្តញ៉ាំទុរេន តែមិនចង់ឱ្យក្លិនរបស់ទុរេននៅជាប់ក្នុងផ្ទះយូរនោះ ក៏កុំភ្លេចនាំយកវិធីទាំងនេះទៅប្រើណា៎ចា៎ស៕

  • ហេតុអីបានមនុស្សយើង “គេងមមើ”? តើត្រូវដាស់ឱ្យភ្ញាក់ឬទេ?

    ហេតុអីបានមនុស្សយើង “គេងមមើ”? តើត្រូវដាស់ឱ្យភ្ញាក់ឬទេ?

    ទោះបីវាជារឿងគួរឱ្យខ្មាសអៀនដែលអ្នកខ្លះមានអាការគេងមមើនៅពេលយប់ ឬអ្នកខ្លះទៀតអាចនឹងនៅតែគេងមមើរហូត ទោះជាស្ថិតក្នុងវ័យមនុស្សធំហើយ និងមនុស្សគ្រប់រូបបានស្គាល់អាការគេងមមើនេះយ៉ាងច្បាស់ ទាំងកើតនៅលើខ្លួនឯង ឬឃើញមនុស្សក្បែរៗខ្លួនគេងមមើក៏ដោយ តែជឿថា មនុស្សជាច្រើនប្រហែលជានៅមិនទាន់បានដឹងពីមូលហេតុថា តើហេតុអីបានជាយើងគេងមមើ ក្រោកឡើងមកធ្វើនេះធ្វើនោះបានយ៉ាងច្រើន និងតើយើងគួរប្រតិបត្តិយ៉ាងណាជាមួយអ្នកគេងមមើ រួមទាំងវិធីការពារការគេងមមើនេះទៀតផង។ ដូច្នេះឃើញថា ទោះជាគ្រប់គ្នាបានស្គាល់អាការគេងមមើហើយមែន តែក៏នៅតែមិនទាន់ដឹងពីរឿងរ៉ាវរបស់ការគេងមមើជាច្រើនទៀតដែរ។

    គេងមមើ បណ្ដាលមកពីអ្វី?

    មូលហេតុរបស់ការគេងមមើនៅមិនទាន់អាចបញ្ជាក់បានយ៉ាងច្បាស់លាស់ថា បណ្ដាលមកពីអ្វីនោះឡើយ តែសន្និដ្ឋានថា អាចបណ្ដាលមកពីការគេងលក់មិនបានស្កប់ស្កល់ ត្រូវបានរុកកួនរំខានខណៈពេលគេង ភាពតានតឹងក្នុងអារម្មណ៍ វិតក្កកង្វល់ អាការគ្រុនក្ដៅមិនស្រួលខ្លួន ស្ថិតក្នុងសភាវសោកសៅ ស្រវឹងសល់ ឬផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើថ្នាំរម្ងាប់សរសៃប្រសាទ។ល។

    អ្នកជំងឺដែលមានរោគប្រចាំកាយ អាចមានភាពប្រថុយប្រថានក្នុងការគេងមមើដែលបណ្ដាលមកពីអាការបន្ទាប់បន្សំរបស់ជំងឺផ្សេងៗដែលកំពុងកើត ដូចជា សភាវឈប់ដកដង្ហើមខណៈគេងលក់ អ្នកជំងឺដែលស្ថិតក្នុងសភាវងងុយគេងខ្លាំងជ្រុល( Narcolepsy) ក្រុមអាការជើងនៅមិនសុខ( Restless Legs Syndrome)ដែលធ្វើឱ្យអ្នកជំងឺមានអារម្មណ៍រំខានជើងរបស់ខ្លួនឯងរហូតគេងមិនសូវលក់ អ្នកជំងឺទឹករំលាយអាហារហូរបញ្រ្ចាស់ ឬឈឺក្បាលម៉ៃក្រេន ជាដើម។

    ក្រៅពីនេះ តំណពូជក៏ជាផ្នែកមួយរបស់អាការគេងមមើដែរ ព្រោះបើមាននរណាម្នាក់ក្នុងក្រុមគ្រួសារមានអាការគេងមមើ នឹងធ្វើឱ្យយើងមានភាពប្រថុយប្រថានក្នុងការគេងមមើដែរខ្លាំងឡើងដល់ទៅ 10ដង រួមទាំងរឿងរញ្ជួយចិត្តពីខាងក្រៅដែលជំរុញឱ្យកើតអាការគេងមមើបាន អាចមានតាំងពីការអានសៀវភៅ មើលភាពយន្តភ័យរន្ធត់ ឬរូបភាពគួរឱ្យខ្លាចមុនពេលគេងដែលធ្វើឱ្យខួរក្បាល និងផ្លូវចិត្តត្រូវរុកកួនរំខានរហូតធ្វើឱ្យគេងលក់មិនស្កប់ស្កល់ រហូតកើតអាការគេងមមើបានដូចគ្នា។

    គេងមមើមានអាការយ៉ាងណា?

    អ្នកដែលមានអាការគេងមមើនឹងចាប់ផ្ដើមក្រោយពីការគេងលក់ទៅហើយ 1 – 3ម៉ោង ឬកើតអាការគេងមមើក្នុងអំឡុងពេលគេងលក់ខ្លាំង។ អាការរបស់ការគេងមមើមានតាំងពីកើតឡើងបន្តិចបន្តួច ដូចជាការនិយាយរអ៊ូៗពេលកំពុងគេងលក់ មមើយល់សប្តិកម្រើករាងកាយចុះឡើង ស្រែកវ៉ូសវ៉ាសខណៈទាំងភ្នែកកំពុងបិទ មានអារម្មណ៍ដូចស្ថិតក្នុងសភាវសើ្ទរលក់ស្ទើរភ្ញាក់ តែកម្រើករាងកាយមិនបានដូចខ្មោចសង្កត់ មមើនិយាយឥតឈប់ រហូតទៅដល់ក្រោកឡើងដើរទៅមក រើរបស់របរ និយាយតែម្នាក់ឯង និងធ្វើការងារផ្សេងៗ ជាដើម។ អ្នកខ្លះអាចដល់ថ្នាក់ងើបឡើងមកតុបតែងមុខមាត់ ឬញ៉ាំអាហារទៀតផង តែរយៈពេលក្នុងការមមើនឹងមិនសូវជាយូរប៉ុន្មានឡើយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងភាគច្រើនអ្នកគេងមមើអាចដើរត្រឡប់មកកន្លែងគេងវិញបានដោយខ្លួនឯង។

    តើអ្នកគេងមមើមានគ្រោះថ្នាក់ដែរឬទេ?

    ជាប្រក្រតី អាការគេងមមើច្រើនតែកើតឡើងក្នុងអំឡុងវ័យក្មេង ហើយនឹងបាត់ទៅវិញជាបណ្ដើរៗដោយឯកឯងនៅពេលធំឈានចូលវ័យជំទង់ តែក៏មានអ្នកខ្លះនៅតែមានអាការគេងមមើនៅក្នុងវ័យមនុស្សធំដែរ។ ការគេងមមើគ្រាន់តែជាភាពខុសប្រក្រតីមួយរបស់ការគេងលក់ប៉ុណ្ណោះ គ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់រាងកាយនោះទេ គ្រាន់តែគ្រោះថ្នាក់ដែលកើតឡើងអាចបណ្ដាលមកពីអាការដែលកើតឡើងក្រោយពីពេលគេងមមើ នោះគឺការចេញទៅដើរនៅក្នុងកន្លែងដែលគ្រោះថ្នាក់ ដូចជាប្រើប្រាស់កាំបិតនៅក្នុងចង្រ្កានបាយ មមើតោងចុះតាមមាត់បង្អួច ឬរានហាល ដើរចុះជណ្ដើរ បើកទ្វារដើរចេញទៅក្រៅផ្ទះ ជាដើម ដូច្នេះគួរតាមសង្កេតមើលយ៉ាងប្រុងប្រយ័ត្នពីអាកប្បកិរិយារបស់អ្នកគេងមមើឱ្យបានល្អ។

    តើគួរដាស់អ្នកគេងមមើដែរឬទេ?

    សំណួរនេះប្រហែលជាស្ថិតក្នុងក្ដីសង្ស័យរបស់មនុស្សជាច្រើនមិនខាន ហើយចម្លើយក៏គឺ ដាស់បាន! តែមិនគួរធ្វើឡើយ… ព្រោះគេអាចនឹងមិនភ្ញាក់ និងបើសិនជាគេភ្ញាក់វិញ អាចធ្វើឱ្យគេមានអាការមីងមាំង និងទម្រាំតែលង់លក់ទៅវិញម្ដងទៀតក៏ត្រូវប្រើពេលវេលាយូរជាងមុន ឬអាចនឹងគេងមិនលក់រហូតដល់ភ្លឺតែម្ដងក៏មាន ជាពិសេសក្មេងតូចអាចនឹងស្រែកយំរករឿងយូរទម្រាំនឹងគេងលក់ទៅវិញ ព្រោះអាចកើតក្ដីភ័យខ្លាចហ្នឹងឯង។ ដូច្នេះវិធីដែលល្អបំផុត គឺគួរប្រយ័ត្នប្រយែងអំពីសុវត្ថិភាពរបស់គេ ហើយព្យាយាមនាំគេត្រឡប់មកគេងនៅលើគ្រែវិញដោយមិនចាំបាច់ដាស់ឱ្យភ្ញាក់ឡើយ ដែលធ្វើឱ្យគេអាចគេងលក់បន្តទៅទៀតបានយ៉ាងងាយស្រួល។

    ចំណុចប្រតិបត្តិចំពោះអ្នកដែលមានអាការគេងមមើជាប្រចាំ

    ភាគច្រើនអាការគេងមមើមិនបានកើតឡើងម្ដង ឬពីរដង ហើយឈប់នោះទេ អាចនឹងកើតអាការគេងមមើនេះជារឿយៗប្រមាណជា 2 – 4ដងក្នុងមួយសប្ដាហ៍ ឬអាចនឹងតិច ឬច្រើនជាងហ្នឹង។ អ្វីដែលយើងគួរធ្វើនោះគឺ កត់កំណត់ត្រាពេលគេចូលគេង និងពេលដែលគេចាប់ផ្ដើមមានអាការគេងមមើ បន្ទាប់ពីនោះនៅយប់តៗមកទៀត ចូរសាកល្បងដាស់ឱ្យគេភ្ញាក់មុនពេលដែលគេចាប់ផ្ដើមមានអាការមមើប្រមាណ 30នាទី ហើយសឹមឱ្យគេគេងទៅវិញម្ដងទៀត។ វិធីនេះនឹងជួយកាត់បន្ថយអាការគេងមមើជាប្រចាំបាន៕

  • ទំនើប​ណាស់! រ៉ូ​បូត ចេះ​ធ្វើតេស្ត​មនុស្ស រក​រោគសញ្ញា​កូ​វីដ-19

    ទំនើប​ណាស់! រ៉ូ​បូត ចេះ​ធ្វើតេស្ត​មនុស្ស រក​រោគសញ្ញា​កូ​វីដ-19

    ជំនួស​ឱ្យ​ការធ្វើ​តេស្តរ​កកូ​វីដ-19 ដោយ​ដៃ​មនុស្ស​ផ្ទាល់ ក្រុម Medtech startup បាន​ស្រាវជ្រាវ​បង្កើតបាន​ស្នាដៃ​ថ្មី​មួយ ដោយ​ដំឡើង​រ៉ូ​បូត ឱ្យ​ចេះ​ធ្វើតេស្ត​មនុស្ស​រក​រោគសញ្ញា​កូ​វីដ-19 ដោយ​យក​ឧបករណ៍​ស្ទង់​ដាក់ចូល​ច្រមុះ​ផ្ទាល់ ដូចដែល​វេជ្ជបណ្ឌិត​ធ្លាប់ធ្វើ​ដូច្នោះ​ដែរ។ រ៉ូ​បូត​នោះ លោក Chen Chieh-Hsiao ជា​អ្នកបង្កើត​ដំបូង​គេ។

    ទោះជា​វា​ឆ្លាត​វៃ​មែន ប៉ុន្តែ​ដំណើរការ​ទាំងស្រុង​នៃ​ការធ្វើ​តេស្ត​នោះ​ក៏​តម្រូវឱ្យមាន​ការគ្រប់គ្រង​ពី​មនុស្ស​ដែរ។ លោកអ្នក​ត្រូវមាន​ឧបករណ៍​ជំនួយ និង​អនុវត្តតាម​ដំណាក់កាលនីមួយៗ ដោយ​ប្រុងប្រយ័ត្ន មុននឹង​ឱ្យ​រ៉ូ​បូត​នោះ ញ៉ុ​ក​ចូល​ច្រមុះ​អ្នក​បន្តិចម្ដងៗ យ៉ាងយឺតៗ និង​មិន​បង្ខំ។

    ឧបករណ៍ Medtech នោះ​មាន​បង្កប់​កាមេរ៉ា​សេន​ស័​រ depth-sensing camera ដែលមាន​នាទី​អាច​ដឹង​ពី​ស្ថានភាព​អាច​យក​សំណាក​ពី​អ្នកជំងឺ មក​វិភាគ​បាន។

    សូម​ទស្សនា​ដំណាក់កាលនីមួយៗដូចខាងក្រោម៖

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ថ្មីៗនេះ​របាយការណ៍​ពី Counterpoint Research បានប្រកាស​ឱ្យដឹង ពី​ចំនួន​នាំចេញ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ផលិត​ស្មា​ត​ហ្វូ​ន​ទាំងអស់​នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះគេ​ដឹងថា ប្រទេស​ចិន ដែលជា​ប្រទេស​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លើ​ពិភពលោក បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​5G ជាង 140លាន​គ្រឿង​ទៅ​ក្រៅប្រទេស ត្រឹមតែ​រយៈពេល 7ខែ នៃ​ឆ្នាំ2020 ប៉ុណ្ណោះ។

    តួលេខ​នាំចេញ​ស្មា​ត​ហ្វូ​ន​មាន​5G ដ៏​ច្រើន​សម្បើម​បែបនេះ មិនទាន់​រាប់បញ្ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចផ្សេងៗទៀតផង។ យោងតាម​ប្រភព​ដដែល​បានឱ្យដឹងថា Huawei, Xiaomi, Oppo, Realme និង OnePLus សុទ្ធតែជា​ក្រុមហ៊ុន​ខ្នាត​យក្ស ដែល​ទទួលបាន​ការបញ្ជា​ទិញ​ស្មា​ត​ហ្វូ​ន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់។ លើសពីនេះ​ទៀត បច្ចុប្បន្ន​ក្នុងប្រទេស​ចិន​ផ្ទាល់ កំពុងមាន​ការសាងសង់​ស្ថានីយ​ផ្គត់ផ្គង់ និង​ចែកចាយ​ដែន​សេវា 5G បាន​ចំនួន​ច្រើនជាង 600,000ទីតាំង​ហើយ។

    សម្រាប់ Apple ដែល​គ្រោង​នឹង​បញ្ចេញ iPhone 12 5G ក៏​អាច​នឹង​ធ្វើឱ្យ​ចំនួន​សរុប​នៃ​ការនាំចេញ​ខាងលើនេះ កើនឡើង​បន្ថែមទៀត​ផងដែរ នា​ដំណាច់ឆ្នាំ2020 ខាងមុខនេះ៕

  • អ្នកជំនាញហិរញ្ញវត្ថុបង្ហាញរូបមន្តទិញផ្ទះតាមលទ្ធភាពដើម្បីចៀសពីសម្ពាធផ្នែកហិរញ្ញវត្ថុ

    អ្នកជំនាញហិរញ្ញវត្ថុបង្ហាញរូបមន្តទិញផ្ទះតាមលទ្ធភាពដើម្បីចៀសពីសម្ពាធផ្នែកហិរញ្ញវត្ថុ

    គោលបំណង​មានផ្ទះ​ខ្លួនឯង ជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​យុវវ័យ​សម័យថ្មី និង​គ្រួសារ​មួយចំនួន​ដែល​ចង់​កសាង​គ្រួសារ​ក្នុង​ជម្រក​ដ៏​សមរម្យ​មួយ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​លើកឡើងថា កន្លងមក​មាន​មនុស្ស​ជាច្រើន ជាពិសេស​គូស្រក​វ័យក្មេង​ដែល​ទើបនឹង​រៀបការ​រួច​តែងមាន​ចម្ងល់​ថា តើ​ខ្លួន​គួរ​ទិញ​ផ្ទះ​បង់​រំលស់​ឬទេ? ហើយ​បើ​ទិញ​បង់​រំលស់ តើ​ខ្លួន​គួរ​មានលទ្ធភាព​ប៉ុណ្ណា? ជា​រើយៗ សំណួរ​ទាំងនេះ​គឺជា​សំណួរ​គ្មាន​ចម្លើយ ហើយ​ពួកគេ​ក៏​ប្រថុយ​ទិញ​ផ្ទះ​ដោយ​មិនបាន​ពិចារណា​ល្អិតល្អន់​ដែរ។ ទង្វើ​បែបនេះ​បានធ្វើឱ្យ​គ្រួសារ​ខ្លះ​ស្ថិតក្រោម​សំពាធ​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

    អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល (Personal Finance Expert) បានផ្តល់​អនុសាសន៍​ជា​រូបមន្ត 30/30/3 ដើម្បីឱ្យ​មនុស្ស​អាច​ទិញ​ផ្ទះ​សំរាប់​រស់នៅ​ទៅតាម​លទ្ធភាព និង​ដើម្បី​ចៀសវាង​នូវ​សំពាធ​ផ្នែក​ហិរញ្ញវត្ថុ។ ខាងក្រោម​នេះ​ជាការ​បកស្រាយ​រូបមន្ត និង​ជា​ឧទាហរណ៍ខ្លី៖

    គោលការណ៍​ទី1 ចំនួន​ប្រា​ក់បង់​រំលស់​ប្រចាំខែ​មិនគួរ​លើសពី30%នៃ​ចំណូល​សរុប​របស់​គ្រួសារ​នោះទេ។ ឧទាហរណ៍ ប្រសិនបើ​ពីរ​នាក់​ប្តី​ប្រពន្ធ​រកបាន​ចំណូល1,500ដុល្លា​ក្នុង1ខែ ការបង់​រំលស់​ផ្ទះ​ទាំង​ប្រាក់​ដើម និង​ការប្រាក់​មិនគួរ​លើសពី450ដុល្លា​នោះទេ។

    គោលការណ៍​ទី2 បើទោះជា​មាន​គំរោង​បុរី​ជាច្រើន​មិន​តំរូវឱ្យមាន​បង់ប្រាក់​ដំបូង​ក៏ដោយ (down payment requirement) អ្នក​គួរ​សន្សំ​ប្រាក់​ឱ្យបាន30%នៃ​តម្លៃ​ផ្ទះ​ជាមុនសិន​មុននឹង​សំរេចចិត្ត​ទិញ​ផ្ទះ។ ឧទាហរណ៍ អ្នកទិញ​ផ្ទះ​តម្លៃ6ម៉ឺន​ដុល្លា អ្នក​គួរ​សន្សំ​ប្រាក់​ឱ្យបាន​យ៉ាងតិច18,000ដុល្លា​ជាមុនសិន។ ធ្វើ​ដូច្នេះ ជួយ​ឱ្យ​អ្នកមាន​លទ្ធភាព​បង់​រំលស់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ប្រចាំខែ​ក្នុង​កំរិត​ទាប​តាម​គោលការណ៍​ទី។ ម្យ៉ាង​អ្នក​អាច​បង់​រំលស់​ផ្ទាល់​ជាមួយ​ធនាគារ​ដែលជា​ទូទៅ​មាន​អត្រា​ការប្រាក់​ទាប​ជាង​អត្រា​ការប្រាក់​បង់​រំលស់​ជាមួយ​ម្ចាស់​គំរោង (ធនាគារ​គិតការ​ប្រាក់​ចន្លោះ7%ទៅ9%ក្នុង1ឆ្នាំ។ រីឯ​ម្ចាស់​គំរោង​ឬ​បុរី​គិតការ​ប្រាក់​ចន្លោះ10%ទៅ12%ក្នុង1ឆ្នាំ)។ ម្យ៉ាង​ការបង់​រំលស់​ជាមួយ​ធនាគារ​បានផ្តល់​សុវត្ថិភាព​ប​ណ្ណ័​កម្មសិទ្ធិ​ខ្ពស់ជាង​ការបង់​រំលស់​ផ្ទាល់​ជាមួយ​ម្ចាស់​គំរោង។

    គោលការណ៍​ទី3 តម្លៃ​ផ្ទះ​ដែល​អ្នកទិញ​សំរាប់​នៅ​មិនគួរ​មានតម្លៃ​លើសពី៣ដង​នៃ​ចំណូល​សរុប​ប្រចាំឆ្នាំ​របស់​គ្រួសារ​អ្នក​នោះទេ។ ឧទាហរណ៍ គ្រួសារ​អ្នកមាន​ចំណូល1ខែ1,500ដុល្លា ក្នុង1ឆ្នាំ​គ្រួសារ​អ្នកមាន​ចំណូល18,000ដុល្លា។ ដូច្នេះ​ផ្ទះ​ដែល​អ្នកទិញ​សំរាប់​រស់នៅ​មិនគួរ​មានតម្លៃ​លើសពី54,000ដុល្លា​នោះទេ (របៀប​គណនា៖ 18,000ដុល្លា គុណ​នឹង3)។

    ប្រសិនបើ​អ្នក និង​ប្តី​ឬ​ប្រពន្ធ​របស់​អ្នក​គ្រាន់តែ​ជា​អ្នកធ្វើ​ការធម្មតា (គ្មាន​ទេពកោសល្យ​ជា​សហគ្រិន ឬ​ជា​អ្នកវិនិយោគ) ខ្ញុំ​ជូន​ជា​យោបល់​ថា​អ្នក​គួរ​ប្រកាន់យក​គោលការណ៍​ទាំង៣ខាងលើ​ដើម្បី​កុំ​ឱ្យមាន​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ និង​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​យកទៅ​ចូល​ហ៊ុន​វិនិយោគ​ជាមួយ​អ្នកដទៃ​ដើម្បី​បានជា​បទពិសោធន៍។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក និង​ដៃគូ​របស់​អ្នកជា​មនុស្ស​មាន​ទេពកោសល្យ​ជា​សហគ្រិន ឬ​ជា​អ្នកវិនិយោគ អ្នក​គួរ​បង្កើត​អាជីវកម្ម ឬ​វិនិយោគ​ដើម្បី​ទទួល​បានជា​ប្រាក់ចំណេញ​សិន​មុននឹង​សំរេចចិត្ត​ទិញ​ផ្ទះ​នៅ។ ធ្វើ​ដូច្នេះ​បើទោះជា​មាន​ហានិភ័យ​ខ្ពស់ជាង​ការអនុវត្ត​គោលការណ៍​ទាំង3ខាងលើ អ្នក​ក៏​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​នៅ​ដោយ​មិន​ចំណាយពេល​ច្រើន​ដែរ​ប្រសិនបើ​ការធ្វើ​អាជីវកម្ម ឬ​ការវិនិយោគ​ទទួលបាន​ជោគជ័យ។ ឧទាហរណ៍​ជាក់ស្តែង សំរាប់​រូបខ្ញុំ​ផ្ទាល់​កាលពី15ឆ្នាំមុន (ឆ្នាំ2005) ខ្ញុំ​បាន​វិនិយោគ​លើដី​នៅ​ជាយក្រុង​ក្នុងតម្លៃ10,000ដុល្លា 3ឆ្នាំក្រោយ (ឆ្នាំ2008) ខ្ញុំ​បាន​លក់​ក្នុងតម្លៃ​ជាង30,000ដុល្លា រួច​យកលុយ​ទាំងអស់​ទៅ​ទិញ​ផ្ទះ​នៅ​ដោយ​មិនមាន​ការបង់​រំលស់។ តែ​ក្នុង​រយៈពេល3ឆ្នាំ​ផ្ទះ​ក៏​ទិញ​បាន​នៅ រីឯ​បំណុល​ដែល​ខ្ចី​ទិញ​ដី​ជិត10,000ដុល្លា​ក៏​សង​ធនាគារ​អស់។ ដូច្នេះ​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ទាំង​បទពិសោធន៍​ក្នុងការ​វិនិយោគ។ ជំនួស​ឱ្យ​ការទិញ​ផ្ទះ​បង់​រំលស់​ក្នុង​រយៈពេល​វែង (ឧទាហរណ៍ 15ឆ្នាំ) ខ្ញុំ​បាន​ចំណាយពេល​តែ3ឆ្នាំ​ទេ​ទិញ​ផ្ទះ​បាន​នៅ​ហើយ។ ដូច្នេះ ខ្ញុំ​ចំណេញ​ដោយ​សល់12១២ឆ្នាំ​ទៀត​សំរាប់​ប្រឡូក​ក្នុង​កិច្ចការ​វិនិយោគ​លើដី​ធ្លី៕

  • ការស្ដារសេចក្ដីស្នេហាឡើងវិញក្នុងជីវិតប្ដីប្រពន្ធ

    ការស្ដារសេចក្ដីស្នេហាឡើងវិញក្នុងជីវិតប្ដីប្រពន្ធ

    គេនិយាយថា “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” តែដល់ពេលនៅជាមួយគ្នាយូរៗទៅ “ទោះឃ្លានក៏លែងឆ្ងាញ់ ទោះស្រឡាញ់ក៏លែងល្អ”។ ហេសៗ រឿងបែបនេះ តើវាជាការពិត ឬយ៉ាងណា?។

    វាក៏ដូចជារាងពិបាកនឹងប្រាប់ដែរ ព្រោះថា គូស្វាមីភរិយាជាច្រើនគូក៏នៅតែផ្អែមល្ហែមនឹងគ្នា ទោះជាពេលវេលាកន្លងទៅយូរសែនយូរយ៉ាងណាក៏ដោយ ដូច្នេះយើងនាំគ្នាមកមើលថា តើពួកគេទាំងនោះធ្វើយ៉ាងណាខ្លះ ទើបសម្ព័ន្ធភាពស្នេហ៍របស់ពួកគេនៅតែស្ថិតស្ថេរយូរអង្វែង និងផ្អែមល្ហែមរៀងរាល់ថ្ងៃបែបហ្នឹង?។

    “រឿងបែបហ្នឹងហ្អេ៎? គ្មានអ្វីពិបាកសោះ គ្រាន់តែនិយាយគ្នាឱ្យដឹង និយាយគ្នាដោយពាក្យដែលពីរោះត្រចៀក និងមិនប៉ះពាល់ក្ដៅក្រហាយដល់ចិត្តគ្នាទៅបានហើយ តែប៉ុណ្ណឹងឯង។ ប្ដីខ្ញុំ គាត់ជាមនុស្សមិនសូវមាត់ក និងគួរឱ្យស្រឡាញ់ ខ្ញុំថាយ៉ាងម៉េច ក៏គាត់មិនដែលប្រកែកដែរ តែបើថ្ងៃណា ស្រាប់តែគាត់ប្រកែកឡើង ខ្ញុំក៏ព្រមតាមគាត់ដូចគ្នាទៅ។ បែបហ្នឹងគេហៅថា ស្គាល់ពីចិត្តគេ ស្គាល់ពីចិត្តយើង នៅជាមួយគ្នាបានយូរ និងមិនចេះធុញទ្រាន់ឡើយ”

    “ផស់ខ្ញុំវិញហ្អេ៎? ម៉ាក់ប្រាប់ថា មនុស្សប្រុស បើញ៉ាំឆ្អែតគ្រប់យ៉ាងហើយ ធានាថាមិនទៅណាទេ…ខ្ញុំក៏ព្យាយាមរិះរកវិធីឱ្យគាត់បានទទួលទានអាហារយ៉ាងមានសេចក្ដីសុខ។ ពេលញ៉ាំបាយជាមួយគ្នា ក៏នឹងមិននិយាយពីរឿងការងារ ឬរឿងអ្វីដែលធ្វើឱ្យមិនសប្បាយចិត្តទេ ថែមទាំងបើថ្ងៃណាគាត់កើតមានអារម្មណ៍ភិសវង់ផង ក៏ផ្ដល់ឱ្យគាត់បានឆ្អែតជាមួយនឹងសេចក្ដីស្នេហាដែលយើងប្រគល់ឱ្យទាំងកាយ និងចិត្តដោយក្ដីស្មោះស្ម័គ្រ និងឆ្អែតទៅជាមួយសេចក្ដីសុខដែលកើតពីទង្វើរបស់យើងរួមគ្នា។ បែបនេះ នៅជាមួយគ្នាប៉ុន្មានឆ្នាំ ក៏នៅតែផ្អែមល្ហែមដូចមុនដដែលដែរ”

    “ខ្ញុំវិញ ពេលឃើញភរិយាគាត់រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំក៏ធ្វើខ្លួនឱ្យសប្បាយរីករាយ ឬនិយាយរឿងកំប្លុកកំប្លែងឱ្យស្ដាប់ ព្យាយាមនាំគាត់ចេញពីស្ថានការណ៍ដែលធ្វើឱ្យគាត់មិនសប្បាយចិត្ត ជួយគាត់ធ្វើការងារផ្ទះខ្លះទៅ នាំទៅដើរលេងនៅទីនេះ ទីនោះខ្លះទៅ មិនយូរប៉ុន្មានគាត់ក៏តាំងស្មារតីបានឡើងវិញ និងសប្បាយរីករាយដូចមុនបាត់ទៅហើយ…”

    “យើងពីរនាក់ទៅដើរលេងជាមួយគ្នានៅថ្ងៃឈប់ចុងសប្ដាហ៍យ៉ាងហោចណាស់ក៏មួយខែម្ដងដែរ។ ពេលដែលបានទៅនៅជាមួយគ្នាតែពីរនាក់នៅក្នុងកន្លែងដែលសែនស្ងប់ស្ងាត់ និងរ៉ូមែនទិកនោះ រឿងរ៉ាវរបស់ក្ដីផ្អែមល្ហែមក្នុងអតីតកាលក៏ត្រឡប់មកជាថ្មី ហើយជីវិតគូរបស់យើងក៏រលូនជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ។ គេនិយាយថា ជីវិតត្រូវមានតុល្យភាពទាំងមុខនាទីការងារ និងរឿងរបស់គ្រួសារ បើធ្វើបានបែបហ្នឹង ធានាថា អតីតកាលដែលផ្អែមល្ហែមនឹងនៅតែត្រឡប់មកឱ្យយើងបានជួបជានិច្ច”

    “ការពិតទៅ រឿងដែលគួរឱ្យធុញទ្រាន់បំផុត គឺភាពដដែលៗរវាងគ្នានឹងគ្នា និងគ្មានអ្វីដែលគួរឱ្យរំភើបឡើយ ដូចជីវិតរបស់យើងដែលព្រឹកឡើងក៏ទៅធ្វើការ ល្ងាចត្រឡប់មកវិញក៏អស់កម្លាំង ឱកាសចង់ស៊ិះស៊ុសគ្នាក៏កាន់តែតិចទៅ ព្រោះស្រ្តីមេផ្ទះ គេការងារច្រើន យូរៗទៅក៏ធុញក្នុងការស្រឡាញ់គ្នា ដល់អ៊ីចឹង ភាពស្និទ្ធស្នាលគ្នាក៏ចាប់ផ្ដើមរលាយបាត់។ តែល្អណាស់ ដែលខ្ញុំចេះសង្កេតឃើញទាន់ និងចាប់ផ្ដើមកែសម្រួលខ្លួនដោយធ្វើការងារឱ្យតិចជាងមុន មានពេលនាំភរិយាទៅដើរលេងនៅទីនេះ ទីនោះឱ្យបានច្រើនឡើង។ លុះពេលមានបរិយាកាសល្អៗ រឿងរ៉ាវរបស់សេចក្ដីស្រឡាញ់ និងចំណង់រវាងគ្នានិងគ្នាក៏ត្រឡប់មកជាថ្មី ហើយនៅពេលមានសេចក្ដីសុខជាមួយគ្នាញឹកញាប់ទៅ អ្វីៗជាច្រើនវាក៏ត្រឡប់មកដូចដើមវិញ”

    “ខ្ញុំសង្កេតឃើញថា ក្រោយពីបានរស់នៅជាមួយគ្នាហើយ គាត់ប្រែប្រួលមិនដូចពីមុន ខ្ញុំក៏ខិតខំព្យាយាមក្នុងការធ្វើគ្រប់យ៉ាងឱ្យគាត់ដូចដើមវិញ ប្រាប់ឱ្យគាត់ចេះយកចិត្តគ្នាខ្លះ ប្រាប់ឱ្យគាត់ត្រឡប់មកផ្ទះវិញទៀងពេលខ្លះ ទាំងការងាររបស់គាត់ក៏ច្រើន។ ពេលនោះប្រៀបដូចជាមនុស្សឆ្កួត ព្យាយាមប្រើអំណាចដើម្បីគ្រប់គ្រងគាត់ឱ្យបានដូចចិត្តខ្លួនឯងចង់បាន តែមើលទៅហាក់ដូចជាកាន់តែធ្វើ កាន់តែយ៉ាប់យ៉ឺនឡើង។ គាត់ព្យាយាមរកវិធីគេចវេះពីការនៅក្បែរគ្នា ដែលវារឹតតែធ្វើឱ្យខ្ញុំខឹងគាត់កាន់តែខ្លាំងឡើង និងកាចឡើងៗ។ គាត់ក៏ចាប់ផ្ដើមឆ្ងាយទៅៗ ពេលនោះគិតថា មិនយូរទេជីវិតគូរបស់យើងនឹងដួលរលំមិនខាន…។

    លុះមកដល់ថ្ងៃមួយ ពេលនៅម្នាក់ឯងស្ងាត់ៗ ក៏នឹកឃើញថា ដែលប្រាប់ខ្លួនឯងថាគាត់ប្រែប្រួលមិនដូចមុននោះ ការពិតទៅគាត់ប្រែប្រួល ព្រោះមកពីយើងប្រែប្រួលខ្លួនឯងទេតើ!។ លុះនឹកឃើញដូច្នេះហើយ ក៏ចាប់ផ្ដើមកែសម្រួលខ្លួនឯងជាថ្មី ឱ្យត្រឡប់មកជានារីម្នាក់ដែលគាត់ធ្លាប់សុំសេចក្ដីស្នេហា និងសុំរៀបការជាមួយកាលពីមុន។ ប្លែកមែនទែន តែជារឿងពិត! គាត់ក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់ក្លាយមកជារូបគាត់ដែលគួរឱ្យស្រឡាញ់ដែលធ្លាប់មកសុំសេចក្ដីស្នេហាពីយើងដូចកាលពីមុនវិញដែរ…បន្ទាប់ពីនោះមក ខ្ញុំក៏លែងត្រឡប់ទៅជានាងយក្ខិនីទៀត ឯគាត់ក៏ត្រឡប់មកជាតួឯកដ៏សែនល្អរហូតតទៅដូចគ្នា”

    ទាំងអស់នោះ ប្រហែលវាជាផ្នែកមួយរបស់ជីវិតពិតដែលបានកើតឡើង និងអាចហៅអតីតកាលដ៏សែនផ្អែមល្ហែមឱ្យត្រឡប់មកសាជាថ្មីវិញបាន តែ តើមានអ្នកណាអាចដឹងទេថា ហេតុអីបានពួកគេអាចហៅភាពផ្អែមល្ហែមរបស់ជីវិតគូឱ្យត្រឡប់មកវិញបាន?

    ចម្លើយក៏គឺ ពួកគេមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមក ព្រោះនៅពេលដែលមនុស្សយើងមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយ រឿងអ្វីក៏អាចធ្វើបានដែរសម្រាប់មនុស្សល្អម្នាក់នោះ គឺមនុស្សដែលយើងស្រឡាញ់…

    ដោយអ្នកគ្រូ ឆវី