Author: ធឿន មករា

  • សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ ៈ “រឿងតូចៗដែលសាងអនាគតកូន”

    សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ ៈ “រឿងតូចៗដែលសាងអនាគតកូន”

    ជូនស្រ្តីជាម្ដាយគ្រប់រូបលើពិភពលោកនេះ

    ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរ យើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើង ជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?។

    កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់ 3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល គ្មានពេលវេលាលេងជាមួយកូន” “40ភាគរយនៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។

    ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ…ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?។

    ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលតែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់…ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។

    ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ 30ភាគរយ…តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។

    ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំងពីររបស់ម្ដាយ គឺជារឿងតូចមួយដែលជួយជំរុញវិវឌ្ឍនាការរបស់កូនបានល្អបំផុត។ យើងគ្រប់គ្នាគួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។

    ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំខ្លាចមែនទែន ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខក្នុងពិភពលោកដែលកាន់តែពិបាករស់នៅទៅដូចសព្វថ្ងៃ។

    មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ” ។

    លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារគឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង សំខាន់ស្មើនឹងសៀវភៅដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអានក្នុងអំឡុង 3 ដំណាក់កាលនឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់ ចាប់ផ្ដើមពីការរៀនអានដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯងដើម្បីការរៀនយល់ដឹងបន្ត។

    ការជ្រើសរើសសៀវភៅដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារបើកទទួលយកកាន់ងាយស្រួលឡើង…អ៊ីចឹងតើ! បានជាកូនតូចរបស់ខ្ញុំសើចក្អាកក្អាយគ្រប់ពេលដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទានដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់ឱ្យស្ដាប់។

    ការអភិវឌ្ឍខួរក្បាលជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាលក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយនេះអាចជាលេសមួយដែលអាចឱ្យម្ដាយៗដូចរូបយើងរកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនដែលមានសេចក្ដីសុខបានដូចគ្នា។

    សូមជួយជាកម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិនៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…។

    ពីខ្ញុំ ស្រ្តីជាម្ដាយម្នាក់

  • មែនឬ ដុសសម្អាតធ្មេញក្រោយបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

    មែនឬ ដុសសម្អាតធ្មេញក្រោយបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

    កាលពីថ្ងៃមុន ឃើញមិត្តរួមការងារម្នាក់ញ៉ាំបាយហើយ ក៏ក្រោកទៅចាប់យកច្រាសដុសធ្មេញចូលបន្ទប់ទឹកភ្លាមតែម្ដង យើងក៏នឹកស្ងើចសរសើរគាត់ពីរឿងម៉ឺងម៉ាត់ក្នុងការថែទាំសុខភាពប្រអប់មាត់របស់ខ្លួនបានយ៉ាងល្អដែលយើងមិនដែលបានធ្លាប់ធ្វើបែបហ្នឹងឡើយ។ តែក៏គួរឱ្យនឹកសង្ស័យដែរថា យើងជាមនុស្សម្នាក់ដែលមិនធ្លាប់ដុសធ្មេញលើសពី 2ដងឡើយក្នុងមួយថ្ងៃ ហើយគ្រូពេទ្យបានប្រាប់ថា យើងស្ទើរតែគ្មានធ្មេញណាមួយពុកឡើយ កំណកកំបោរក៏មិនសូវមានដែរ មិនចាំបាច់សម្អាតនាំតែអស់លុយទេ តែមិត្តរួមការងារម្នាក់នោះបែរជាមានធ្មេញពុកច្រើន និងថែមទាំងមានបញ្ហារឿងការស្រៀវធ្មេញញឹកញាប់ទៀតផង។

    ឬមួយក៏…ការដុសសម្អាតធ្មេញក្រោយញ៉ាំបាយហើយភ្លាម មិនល្អចំពោះសុខភាពធ្មេញដូចដែលយើងគិត?

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានអាហារប្រភេទទឹកផ្លែឈើ ទឹកភេសជ្ជៈកំប៉ុង ឬអាហារនិងភេសជ្ជៈដែលមានឫទ្ធិជាអាស៊ីតស្រាលៗ និងមានជាតិស្ករខ្ពស់ នឹងធ្វើឱ្យសារធាតុស្រោបធ្មេញផ្នែកខាងក្រៅបន្ទន់ខ្លួនយូរតាំងពី 10 នាទីរហូតទៅដល់ 1ម៉ោង ដូច្នេះក្នុងអំឡុងពេលដែលសារធាតុស្រោបធ្មេញនោះកំពុងបន្ទន់ខ្លួន បើយើងធ្វើការដុសសម្អាតធ្មេញភ្លាម វានឹងក្លាយជាមូលហេតុធ្វើឱ្យសារធាតុស្រោបការពារសាច់ធ្មេញនោះរបូត ឬសឹកអស់បាន។

    នៅពេលសារធាតុស្រោបការពារធ្មេញនោះរហូតចេញ ឬសឹកអស់ ធ្វើឱ្យធ្មេញលែងរឹងមាំ អាចប្រថុយនឹងការកើតអាការស្រៀវធ្មេញ និងធ្មេញសឹកកាន់ខ្លាំងឡើង រហូតឈានទៅកាន់តែងាយពុកធ្មេញឡើងទៀតផង។

    បើអ្នកណាដែលនៅតែចង់ដុសសម្អាតធ្មេញដើម្បីសុខភាពដ៏ល្អរបស់ប្រអប់មាត់ក្នុងអំឡុងពេលថ្ងៃនោះ មានដំបូន្មានល្អៗដូចខាងក្រោមនេះ៖

    1 . ដុសសម្អាតធ្មេញដោយថ្នាំដុសធ្មេញដែលមានផ្សំដោយ ផ្លអូរ៉ាយដ៍ មុនទទួលទានអាហារប្រភេទភេសជ្ជៈទឹកផ្លែឈើក្រឡុក ទឹកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈ និងអាហារដែលមានរសជាតិជូរ និងផ្អែមខ្លាំង។

    2 . ខ្ពុរមាត់ដោយទឹកស្អាតភ្លាមៗក្រោយពេលញ៉ាំអាហារទាំងអស់នោះហើយភ្លាម អាចនឹងខ្ពុរមាត់ដដែលៗបាន ហើយសម្រាកប្រមាណជា 1ម៉ោង សឹមក្រោកទៅដុសសម្អាតធ្មេញ។

    3 . ជ្រើសរើសប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញដោយថ្នមៗដៃ តែដុសសម្អាតឱ្យបានយូរឡើង ល្អជាងដុសបែបខ្លាំងៗ និងលឿនៗឆាប់ហើយ។

    4 . ក្រោយពេលដុសធ្មេញ អាចខ្ពុរតែពពុះថ្នាំដុសធ្មេញចេញដោយមិនបាច់ខ្ពុរនឹងទឹកស្អាតទៀតឡើយ តែបើមានអារម្មណ៍ថាមិនស្រួលក្នុងមាត់ ចូរខ្ពុរមាត់នឹងទឹកស្អាតតែម្ដងទៀតបានហើយ ដើម្បីឱ្យសារធាតុ ផ្លអូរ៉ាយដ៍នៅជាប់នឹងធ្មេញឱ្យបានច្រើនបំផុត។

    ត្រឹមតែតិចនិកងាយៗប៉ុណ្ណឹង លោកអ្នកក៏នឹងមានសុខភាពធ្មេញដែលល្អ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យធ្មេញញឹកញាប់បានបាត់ទៅហើយ៕

  • ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។

    ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ

    ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

    ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់

    ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។

    ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។

    ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។

    ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំងពីរនោះបែរជាធ្វើបាបលើរាងកាយ(ដាក់ទោសដោយការវាយ) និងផ្លូវចិត្តកូនទៅវិញ(តាមរយៈអារម្មណ៍ដែលទាំងក្រេវក្រោធផង ទាំងស្រឡាញ់ផងរបស់ឪពុកម្ដាយដែលលាយឡំចូលគ្នាខណៈពេលវាយកូន)។

    ធ្វើឱ្យភាពរឹងទទឹងច្រងេងច្រងាងដែលដក់ជាប់នៅក្នុងចិត្តកូន ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមកឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភ័ក្តិ ជាដើម(ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?)

    ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប សម្រាប់មនុស្សធំអាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»

    តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំ ៈ ធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ អ្នកគ្រូ ឆវី ចង់និយាយថា បើធាតុពិតរបស់ការវាយ គឺ ពាក្យប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងឆ្លងរំលងដំណាក់កាលហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង ល្អដែរទេ?។

    ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវ…ដោយហេតុផល…ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផលក្នុងការធ្វើទង្វើអ្វីផ្សេងៗនាពេលអនាគតដូចគ្នា៕

  • ដំណាំ ម្រះ

    ដំណាំ ម្រះ

    Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លី មានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង 20 – 30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយសារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទ ដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។

    – ការដាំដុះ

    . ការត្រៀមដី ៈ អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រ ហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ 7 – 10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។

    – វិធីការដាំដុះ ៈ ការបណ្ដុះគ្រាប់ម្រះជាមុន មុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៈ

    . វិធីទី 1 ការបណ្ដុះកូននៅលើរង ៈ ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា 3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។

    . វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស ៈ ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។

    . និងវិធីទី 3 ការបណ្ដុះជារួម ៈ ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

    នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ 20 – 30 សង់ទីម៉ែត្រ ដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ 200 – 300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

    – វិធីមើលថែទាំ

    . ការស្រោចទឹក ៈ គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។

    . ការដាក់ជី ៈ សម្រាប់ការដាក់ជីចែកចេញជា 3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។

    – វិធីប្រមូលផល

    ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូង គេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។ នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះ គួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕

  • 4 សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    4 សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    ទោះជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រលៀន គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមែនក៏ដោយ តែមិនអាចប្រៀបធៀបជាមួយនឹងអាការ “បេះដូងគាំងភ្លាមៗ” បានឡើយ…ដែលមិនអាចប្រៀបបាននោះគឺ រយៈពេលដែលបង្ហាញអាការ ព្រោះភាគច្រើនមនុស្សទាំងឡាយច្រើនតែមិនបានដឹងខ្លួនមុនឡើយថា កំពុងតែកើតជំងឺបេះដូង ទើបមិនដឹងថា ខ្លួនកំពុងមានភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងភ្លាមៗ ដូច្នេះទើបគ្មានការត្រៀមខ្លួនអ្វីទាំងអស់ និងមានពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះមុននឹងទៅដល់ដៃគ្រូពេទ្យ ធ្វើឱ្យឱកាសរស់ជីវិតពីសភាវគាំងបេះដូងភ្លាមៗនេះមានតិចបំផុត។ ដូច្នេះថ្ងៃនេះ ទំព័រសុខភាពរបស់ទស្សនាវដ្ដី ឡារ៉ែន សូមនាំយកវិធីសង្កេតមើលបែបងាយៗថា តើខ្លួនអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នកកំពុងស្ថិតក្នុងសភាវគាំងបេះដូងភ្លាមៗឬទេ? ព្រោះមិនថាខ្លួនអ្នក ឬអ្នកណាក៏ដោយសុទ្ធតែមានភាពប្រថុយប្រថានក្នុងការកើតអាការនេះទាំងអស់។

    គោលការណ៍ងាយៗ ចូរនឹកដល់ពាក្យថា F A S T ជាប់ជានិច្ច

    F = Face : ចង្វែកមាត់ម្ខាងនឹងធ្លាក់ចុះ(មើលទៅឃើញដូចរាងពេបមាត់ម្ខាង)ដោយមិនដឹងមូលហេតុ និងមិនអាចបញ្ជាឱ្យចង្វែកមាត់ត្រឡប់មកដូចដើមវិញបាន។

    A = Arms : មិនអាចលើកដៃឡើងបានដំណាលគ្នាទាំងសងខាង ឬមិនអាចលើកដៃម្ខាងណាឡើងបាន។

    S = Speech : វិធីការនិយាយ ការបញ្ចេញសំឡេងប្រែប្រួល។ សុខៗ ក៏ចាប់ផ្ដើមនិយាយលែងច្បាស់ និយាយយឺតៗ ខុសទម្លាប់ ស្ដាប់មិនយល់។

    T = Tongue : អណ្ដាតឡើងរឹង ឬអណ្ដាតអាចនឹងឡើងរមួល ដោយរាងកាយមិនអាចបញ្ជាទិសដៅរបស់អណ្ដាតបានឡើយ៕

  • LG Wing តម្លៃបើកឱ្យកុម្ម៉ង់ទុកមុន គឺ 999ដុល្លារ ដាក់លក់នៅថ្ងៃទី1 ខែតុលានេះហើយ!

    LG Wing តម្លៃបើកឱ្យកុម្ម៉ង់ទុកមុន គឺ 999ដុល្លារ ដាក់លក់នៅថ្ងៃទី1 ខែតុលានេះហើយ!

    ស្មា​ត​ហ្វូ​ន LG Wing ត្រូវបាន​ក្រុមហ៊ុន​សហការ​ជាមួយ​ដៃគូ​ដែលជា​ក្រុមហ៊ុន​អាមេរិក Verizon ប្រកាស​បើក​ឱ្យ​កុម្ម៉ង់​ទុក​មុន នៅ​ថ្ងៃទី1 តុលា 2020 នេះហើយ ក្នុងតម្លៃ​ចាប់ផ្តើម​គឺ 999ដុល្លារ។

    ស្មា​ត​ហ្វូ​ន​អេក្រង់2 បង្វិល​បាន​មួយ​នេះ កើតចេញពី​គម្រោងការ Explorer Project ជា​គម្រោង​ការដែល​រុករក​គំនិតថ្មីៗលើ​ការ​ឌី​ហ្សា​ញ​ស្មា​ត​ហ្វូ​ន។ ការ​ឌី​ហ្សា​ញ​អេក្រង់​បង្វិល​បែបនេះ មានការ​អះអាង​ពី LG ថា អាច​ទ្រាំទ្រ​ការ​បង្វិល​បាន 20ម៉ឺន​ដង ហើយ LG ក៏បាន​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ទំហំ​មិនធំ​ជាង​ស្មា​ត​ហ្វូ​ន​ធម្មតា​ប៉ុន្មាន​ឡើយ ពោល​គឺមាន​វិមាត្រ 169.5 x 74.5 x 10.9ម.ម និង​មាន​ទម្ងន់ 260ក្រាម។

    LG Wing នេះ មាន​របៀប​ប្រើប្រាស់​ដូចជា​ស្មា​ត​ហ្វូ​ន​ធម្មតា​ដែរ នៅពេលដែល​អេក្រង់​ទាំង2 បង្វិល​ចូលគ្នា ប៉ុន្តែ​នៅពេលដែល​អ្នក​បង្វិល​អេក្រង់​មេ​ចេញ​ជា​រាង​ផ្ដេក វា​នឹង​ផ្ដល់នូវ​បទពិសោធ​ពិសេស​មិន​ធ្លាប់​ជួប​ពីមុន។

    ជាមួយ​អេក្រង់​ទី2 អ្នក​ប្រើ​កម្មវិធី​បង្ហាញផ្លូវ​បណ្ដើរ និយាយ​ទូរស័ព្ទ​បណ្ដើរ មិនមាន​ការរំខាន​ពី Notification ផ្សេងៗពេល​លេង​ហ្គេម, អាច​ប្រើប្រាស់​អេក្រង់​ទី2 សម្រាប់​បញ្ជា​លើ​ការ​កាត់​វីដេអូ និង​អាច​ប្រើ ដើម្បី​បញ្ជា​ការលេង​ហ្គេម​កាន់តែ​សម្បូរបែប។ អេក្រង់​ទាំង2 មាន​ទំហំ​ខុសគ្នា គឺ​ទី1 ទំហំ 6.8អ៊ិ​ញ​កម្រិត 1080×2460 OLED ឯ​ទី2 ទំហំ  3.9អ៊ិ​ញ កម្រិត1080×1240 OLED ដូចគ្នា។

    ដំណើការ​ដោយ Android 10 ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 765G ជម្រើស RAM 8GB និង​មេម៉ូរី​128GB។

    ឯ​កាមេរ៉ា​មុខ​ទំហំ 32MP អាច​ថតរូប​បាន​ស្អាត និង​កាមេរ៉ា​ក្រោយ 3គ្រាប់ (64MP+13 MP ultrawide+12 MP ultrawide) មាន​តួនាទីផ្សេងៗគ្នា ជួយ​ឱ្យ​រូបថត និង​រូបភាព​វីដេអូ ចេញមក​បានល្អ​ប្រសើរ។

    សូម​ទស្សនា​វីដេអូ Reviews មុខងារពិសេសៗ និង​តេស្ត​កម្រិត​សឹក​ឆ្កូត​លើ LG Wing៖

  • Google ឈ្នះក្ដីទល់នឹង សហភាពអឺរ៉ុប លើរឿងលក់នាឡិកាឆ្លាតវៃ Fitbit

    Google ឈ្នះក្ដីទល់នឹង សហភាពអឺរ៉ុប លើរឿងលក់នាឡិកាឆ្លាតវៃ Fitbit

    យោងតាម​ប្រភពពី Reuters បាន​រាយការណ៍​ឱ្យដឹងថា Alphabet ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​មេ របស់ Google បានឈ្នះ​ក្ដី​ទល់នឹង សហភាព​អឺរ៉ុប លើ​រឿងរ៉ាវ​លក់​នាឡិកា​ឆ្លាត​វៃ Fitbit កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។

    នាឡិកាដៃ​ឆ្លាត​វៃ Fitbit ជ្រក​ក្រោម​ពាក្យស្លោក “Made by Google” ផលិត​ដោយ Alphabet នោះ ត្រូវគេ​ចោទប្រកាន់​ពីបទ​បោកប្រាស់​ទំនុកចិត្ត ដោយ​យក​ឧបករណ៍​អេឡិចត្រូនិក​មួយ​នេះ​ធ្វើជា​ឈ្នាន់ ក្នុងការ​ប្រមូល​រាល់​ទិន្នន័យ និង​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ទាំង​ប៉ុន្មាន សម្រាប់​ចែកចាយ​ធ្វើឱ្យ​ទៅជា Google ads ។

    អ្នកនាំពាក្យ​ពី Google បាន​ប្រាប់​សារព័ត៌មាន​ខាងលើ​ថា “រឿងរ៉ាវ Fitbit data នោះ គឺជា​ជម្រើស​មួយ​ដែល​យើង​នឹង​បំពាក់់​វា​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​លើ Wear OS។ ក្រៅពី​ភ្ជាប់​នឹង Android App ហើយ អ្នក​ក៏មាន​ជម្រើស​ភ្ជាប់​នឹង third party តាមរយៈ APIs (application programming interfaces) ប្រសិនបើ​អ្នក​ចង់”

    សូម​រំឭក​ដែរ​ថា នាឡិកាដៃ​ឆ្លាត​វៃ Fitbit ជា​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិក fitness trackers ដណ្ដើមបាន​ទីផ្សារ​ប្រមាណ​ជា 3% នៃ​ចំនួន​ទីផ្សារ​សរុប​ក្នុង​ឆមាស​ទី1 ឆ្នាំ2020។ បើ​ធៀប​គ្នា Apple កំពុង​ឈរលើ​គេ​មាន​ចំណែក​ទីផ្សារ 29.3% និង​បន្តបន្ទាប់​ទៀត​គឺ Xiaomi, Samsung និង Huawei នេះ​បើ​យោងតាម​ប្រភព International Data Corps៕

  • កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)

    កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)

    សម្រាប់​លោកអ្នក​ដែល​កំពុងតែ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​សិក្សា ឬ​ប្រកប​អាជីវកម្ម ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា​កម្មវិធី​កុំព្យូទ័រ​ភាគច្រើន​គឺមាន​តម្លៃ​ថ្លៃ មិន​ត្រឹមតែ​ថ្លៃ​ធម្មតា​ទេ មាន​កម្មវិធី​មួយចំនួនទៀត​គឺ​វា​ថ្លៃ​លើសពី​តម្លៃ​កុំព្យូទ័រ​ទៅទៀត។ ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ និង​មាន​ប្រាក់ខែ​ទាប បាន​ងាក​ទៅរក​គេហទំព័រផ្សេងៗ ដើម្បី​ទាញយក​កម្មវិធី​ទាំងនោះ​ដោយ​មិនចាំបាច់​ចំណាយលុយ​កាក់ ដែល​គេ​និយម​ហៅថា​ជា​កម្មវិធី ក្រែក (Cracked Software)។

    ការទាញយក​កម្មវិធី​តាមរយៈ​គេហទំព័រ​ទាំងនោះ​តែងតែ​ជួប​បញ្ហាផ្សេងៗដូចជា​មេរោគ ឬ​កម្មវិធី​នោះ​ពុំមាន​ដំណើរការ​ត្រឹមត្រូវ ប៉ុន្តែ​នៅពេលថ្មីៗនេះ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ជនអនាមិក​បាន​បង្កើត​គេហទំព័រ​ក្លែងក្លាយ​ថា​មាន​កម្មវិធី​ក្រែក តែ​តាម​ការពិត​កម្មវិធី​ទាំងនោះ​គឺជា​កម្មវិធី​ជំរិត​ទារប្រាក់ (Ransomware) ប្រភេទ Exorcist 2.0 ទៅវិញ។

    ជា​ឧទាហរណ៍​ជនអនាមិក​បាន​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​មួយ​ថា​មានកម្ម​វិធី​សម្រាប់ Windows 10 Activator 2020 ដែល​អាចឱ្យ​លោកអ្នក​បញ្ចូល​កម្មវិធី Windows 10 ដោយ​មិនចាំបាច់​ចំណាយលុយ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ទាញយក​ហើយ​បើក​កម្មវិធី​នោះ វា​នឹង​អ៊ិន​គ្រីប (encrypted) ឯកសារ​ទាំងអស់​នៅក្នុង​កុំព្យូទ័រ ហើយ​អ្វីដែល​លោកអ្នក​អាច​បើក​បាន​គឺជា​ឯកសារ​មួយ​ដែល​ប្រាប់​លោកអ្នក​ឱ្យ​បង់ប្រាក់​ចំនួន​ពី ២៥០ដុល្លារ​រហូតដល់ ១០,០០០ដុល្លារ ដើម្បី​អាច​បើក​ឯកសារ​ទាំង​នោះបាន​ឡើងវិញ។

    ដូច្នេះ​ដើម្បី​ចៀសវាង​ការបាត់បង់​ទិន្នន័យ ក៏ដូចជា​ប្រាក់កាស លោកអ្នក​គួរតែ​ធ្វើការ​ចម្លង​ឯកសារ (backup) ដែលមាន​នៅក្នុង​កុំព្យូទ័រ​ទៅ​ទុក​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ខាងក្រៅ (External Storage Devices) ផ្សេងទៀត​ឱ្យបាន​ញឹកញាប់​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​មុននឹង​លោកអ្នក​បញ្ចូល​កម្មវិធី​ថ្មី៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • វត្ថុតុបតែងផ្ទះបង្កើនជោគលាភ បន្ថែមសេចក្ដីសុខ

    វត្ថុតុបតែងផ្ទះបង្កើនជោគលាភ បន្ថែមសេចក្ដីសុខ

    និយាយពីការរៀបចំតុបតែងផ្ទះមកច្រើនលេខហើយ ថ្ងៃនេះ ឡារ៉ែនសូមនិយាយអំពីវត្ថុសិរីមង្គលក្នុងការយកមកដាក់តាំងលម្អនៅក្នុងផ្ទះដើម្បីបង្កើនសេចក្ដីសុខ បន្ថែមលាភសំណាងឱ្យក្រុមគ្រួសារចម្រុងចម្រើនរុងរឿងវិញម្ដង។

    ការជ្រើសរើសវត្ថុតុបតែងលម្អផ្ទះ ជាទូទៅច្រើនតែជ្រើសរើសតាមការនិយមចូលចិត្ត និងឡៃហ្វ៍ស្តាយល៍របស់បុគ្គលម្នាក់ៗ ឬអ្នកខ្លះអាចនឹងជ្រើសរើសតាមស្តាយល៍របស់ផ្ទះដើម្បីឱ្យវត្ថុតុបតែងលម្អ និងផ្ទះមើលទៅស៊ីគ្នា ខណៈពេលជាមួយគ្នា អ្នកខ្លះក៏ជ្រើសរើសក្នុងការតុបតែងដោយការរកវត្ថុសិរីមង្គលមកដាក់តាំងដើម្បីបង្កើនទ្រព្យ បង្កើនបារមី ទាំងតាមជំនឿដែលជឿតៗគ្នាមក និងតាមជំនឿតាមសាស្រ្តាហុងស៊ុយ។ អត្ថបទខាងក្រោមនេះ ឡារ៉ែនសូមនាំមិត្តអ្នកអានទៅស្គាល់វត្ថុតុបតែងផ្ទះដែលមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេ តែនៅមានអត្ថន័យល្អទៀតផង ដោយវត្ថុនីមួយៗបានទទួលនូវការនិយមយកមកដាក់តាំងលម្អផ្ទះជាយូរមកហើយ ដូច្នេះតើវត្ថុតុបតែងលម្អទាំងនោះមានអត្ថន័យអ្វីបង្កប់ខ្លះនោះ សូមអានជាបន្ត។

    1 . តុក្កតាឆ្មាបក់ដៃ

    ម៉ានេគិ នេកុ ឬឆ្មាបក់ដៃ រូបចម្លាក់ឆ្មាតុក្កតាមុខមាត់គួរឱ្យស្រឡាញ់ គឺជារឿងតំណាលបុរាណរបស់វត្ត Gotokuji ក្នុងប្រទេសជប៉ុន។ ជនជាតិជប៉ុនជឿថា ឆ្មាគឺជាសត្វនាំលាភសំណាង ជួយទាក់ទាញអតិថិជន និងភាពមានបាន។ ជំនឿដែលថានេះ មានឥទ្ធិពលលើមនុស្សម្នាទូទាំងពិភពលោក អ្នកទេសចរដែលមានឱកាសបានទៅលេងប្រទេសជប៉ុននិយមទិញឆ្មាបក់ដៃនេះមកដាក់តាំងលម្អផ្ទះដើម្បីបង្កើនលាភសំណាង និងបារមី។

    ក្រៅពីរូបចម្លាក់ឆ្មាហើយ ពណ៌ និងលក្ខណៈ អាកប្បកិរិយារបស់ឆ្មាបក់ដៃនៅបានប្រាប់អំពីអត្ថន័យដែលផ្សេងៗពីគ្នាទៀតផង ដូចជាឆ្មាបក់ដៃពណ៌សនឹងនាំមកនូវសេចក្ដីសុខ ឆ្មាបក់ដៃពណ៌ខ្មៅនឹងជួយការពារការឈឺថ្កាត់ ពណ៌បៃតង និងខៀវនឹងនាំមកនូវភាពជោគជ័យលើការងារ ពណ៌ក្រហមនឹងជួយការពាររឿងអាក្រក់ចង្រៃ ពណ៌មាសនឹងនាំមកនូវភាពមានបាន និងស្ថិតស្ថេរ ពណ៌ផ្កាឈូកជួយទាក់ទាញសេចក្ដីស្រឡាញ់ឱ្យចូលមកក្បែរខ្លួន។ អ្នកណាដែលចង់បង្កើនផ្នែកណាមួយដល់ជីវិត សាកល្បងរកឆ្មាបក់ដៃតាមពណ៌នីមួយៗមកដាក់តាំងលម្អផ្ទះបាន។

    2 . រូបតុក្កតាក្រុមគ្រួសារ

    ផ្ទះដែលកក់ក្ដៅ ជាផ្ទះដែលមានសមាជិកក្នុងក្រុមគ្រួសាររស់នៅជួបជុំគ្នា តែសម្រាប់អ្នកនៅលីវដែលចាំបាច់ត្រូវបែកគ្រួសារ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង បើត្រូវការគូជីវិត ឬចង់ចាប់ផ្ដើមកសាងគ្រួសារថ្មីនោះ “តុក្កតាក្រុមគ្រួសារ” គឺជាវត្ថុតុបតែងផ្ទះដែលនឹងជួយជំរុញឱ្យឆាប់បានលែងនៅលីវ ព្រោះការដាក់តាំងវត្ថុតុបតែងលម្អដែលបង្ហាញពីអត្ថន័យទៅដល់ក្រុមគ្រួសារនឹងធ្វើឱ្យមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត បង្ហាញពីភាពត្រៀមរួចជាស្រេចក្នុងការមានគ្រួសារ។ ថាមពលទាំងអស់នេះនឹងជំរុញឱ្យកាន់តែឆាប់បានជួបគូជីវិតខ្លាំងឡើង។ ចំណែកផ្ទះណាដែលមានក្រុមគ្រួសាររស់នៅជួបជុំគ្នាស្រាប់ហើយ រូបចម្លាក់ក្រុមគ្រួសារនៅមានន័យពីសាមគ្គីភាព និងក្ដីស្រឡាញ់យ៉ាងស្អិតល្មួតទៀតផង។

    3 . សត្វកុកពណ៌ផ្កាឈូក(Flamingo)

    សត្វកុកពណ៌ផ្កាឈូក ជាសត្វសិរីមង្គលដែលមានអត្ថន័យល្អស្មើនឹងសត្វនាគ និងសត្វតោដែរ ជាយានជំនិះរបស់អាទិទេពនៃភាពគង់វង្ស។ ជនជាតិចិនជឿថា បើមានរូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកនៅក្នុងផ្ទះ នឹងជួយបង្កើនឱ្យសុខភាពរឹងប៉ឹង អ្នករស់នៅក្នុងផ្ទះអាយុវែង និងអត្ថន័យមួយទៀតគឺ មានភាពចម្រើនរុងរឿង ឬព្រេងវាសនា មុខនាទីការងារទៅមុខល្អរលូន និងបង្កើនការរៀនសូត្រឱ្យល្អ។ នៅពេលចង់ជូនពរឱ្យនរណាម្នាក់មានសុខភាពអាយុយឺនយូរ គេច្រើនតែយករូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកទៅជូនជាវត្ថុអនុស្សាវរីយ៍។

    4 . ត្រីមួយគូ

    ទីណាខ្វះសេចក្ដីស្រឡាញ់ និងគ្មានភាពសាមគ្គី ក៏ពិបាកនឹងមានសេចក្ដីសុខបានណាស់ ដូច្នេះហើយទើបបើចង់បង្កើនជោគលាភសំណាង និងសេចក្ដីសុខ ត្រូវសាងសេចក្ដីស្រឡាញ់ និងសាមគ្គីភាពជាមុនសិន។ ការរៀបចំហុងស៊ុយផ្ទះបែបចិន គេនិយមប្រើប្រើសត្វត្រីជាវត្ថុជួយបង្កើនរឿងរបស់សម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ជាថាមពលវិជ្ជមានឱ្យសមាជិកក្នុងក្រុមគ្រួសារស្រឡាញ់ចូលចិត្តគ្នាជាធ្លុងមួយ រស់នៅរួមគ្នាយ៉ាងស្រុះស្រួលដូចត្រីដែលតែងតែអាស្រ័យនៅជាគូៗ ជាហ្វូងៗ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្ដីស្រឡាញ់ដែលត្រីទាំងពីរក្បាលមានចំពោះគ្នា និងឆ្លុះបញ្ចាំងឱ្យឃើញនូវគុណតម្លៃរបស់សម្ព័ន្ធភាពរបស់មនុស្សនៅក្នុងក្រុមគ្រួសារហ្នឹងឯង៕

  • ទែនៗ…កម្មវិធីប្រូម៉ូសិនពិសេសពី សាមសុង មកដល់ទៀតហើយ…!! ទិញ Galaxy A51…ថែមជូនកាតចាក់សាំងតម្លៃ $40 ភ្លាម…!!

    ទែនៗ…កម្មវិធីប្រូម៉ូសិនពិសេសពី សាមសុង មកដល់ទៀតហើយ…!! ទិញ Galaxy A51…ថែមជូនកាតចាក់សាំងតម្លៃ $40 ភ្លាម…!!

    ឱកាសពិសេស…ឱកាសចំណេញអស្ចារ្យមិនធ្លាប់មានបានមកដល់ទៀតហើយ…!

    (ភ្នំពេញ) ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០៖ កម្មវិធីប្រ៉ូម៉ូសិនលើកនេះកាន់តែប្លែក…អស្ចារ្យ…ចំណេញច្រើន និងកាន់តែរំភើបមិនធ្លាប់មាន! រាល់ការទិញ Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាតចាក់សាំង តូតាល់(TOTAL) តម្លៃ $40 ភ្លាមៗតែម្តង…!!

    សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតទាក់ទាញ ទំនើបទាន់សម័យ…មានកាមេរ៉ាមុខទំហំ 32 MP ថត Selfie ច្បាស់ល្អឥតខ្ចោះ និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 MP ដែលមានសមត្ថភាពអាចថត និងចាប់ប្លង់ច្បាស់ល្អជាមួយនឹងកម្លាំងថាមពលថ្មធំប្រើបានយូរ…បញ្ចូលឆាប់ពេញដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន…ហើយអ្វីដែលពិសេសបំផុតនោះគឺបច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោលើអេក្រង់តែម្តង!

    * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនកាត់ចាក់សាំងតម្លៃ $40 នេះគឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃទី ០១ រហូតដល់ ថ្ងៃទី 31 ខែតុលា ឆ្នាំ២០២០ និងសម្រាប់តែការទិញទូរស័ព្ទដែលមានប័ណ្ណធានាផ្លូវការពីក្រុមហ៊ុន សាមសុង …ប៉ុណ្ណោះ!!

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប

    សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!