Author: ធឿន មករា

  • ចង្រ្កានបាយនៅក្នុងផ្ទះ ក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ ត្រូវធ្វើយ៉ាងណា?

    ចង្រ្កានបាយនៅក្នុងផ្ទះ ក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ ត្រូវធ្វើយ៉ាងណា?

    កាលពីលេខមុន យើងបានដឹងរួចហើយពីការរៀបចំផ្ទះបាយដែលមានទំហំតូចឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូលាយសប្បាយឡើង ហើយលេខនេះយើងនឹងនិយាយបន្តទៀតអំពីវិធីធ្វើយ៉ាងណាកុំឱ្យក្លិនអាហារដែលយើងចម្អិននៅក្នុងផ្ទះបាយដ៏តូចនោះជះសាយភាយពេញក្នុងផ្ទះ។

    មានផ្ទះជាច្រើនដែលនិយមតុបតែងម៉ូដបន្ទប់ផ្ទះបាយបែបបរទេស ដោយសារតែមានរូបបែបស្អាត ទំនើប និងមិនស្មុគស្មាញច្រើន តែក៏មានចំណុចខ្សោយមួយដែរ គឺផ្ទះបាយបែបបរទេសជាបន្ទប់ដែលស្ថិតនៅក្នុងផ្ទះ នៅពេលយកម៉ូដហ្នឹងមកប្រើនៅក្នុងប្រទេសយើង អាចនឹងមិនសូវជាងាយស្រួលសម្រាប់ការចម្អិនអាហារប្រភេទខ្លះ ព្រោះម្ហូបអាហារខ្មែរយើងភាគច្រើនត្រូវប្រើគ្រឿងគ្រៅដែលមានក្លិនខ្លាំងៗ ឬមិនទេក៏ប្រភេទឆា-ចៀនដោយភ្លើងខ្លាំងៗ ធ្វើឱ្យមានក្លិនជះសាយភាយពេញក្នុងផ្ទះ និងដំណក់ប្រេង ឬខ្លាញ់អាចនឹងខ្ទាតប្រឡាក់នៅតាមជញ្ជាំង ឬវាំងននបាន នៅពេលទុកយូរៗទៅ ធ្វើឱ្យកខ្វក់មិនគួរឱ្យបេតីឡើយ។

    ខាងក្រោមនេះគឺជាគន្លឹះងាយៗក្នុងការការពារបញ្ហាក្លិនម្ហូបអាហារជះសាយភាយពេញក្នុងផ្ទះ រួមទាំងភាពកខ្វក់ដែលកើតពីកំណកខ្លាញ់ ឬប្រេង និងកម្ទេចអាហារផងដែរ។

    1 . បំពាក់កង្ហារបឺតផ្សែង

    កង្ហារបឺតផ្សែង អាចមិនបានជួយបំបាត់ក្លិនអាហារបានប៉ុន្មានក៏ពិតមែន តែយ៉ាងហោចណាស់ក៏ជួយបឺតផ្សែងពីការចម្អិនអាហារមិនឱ្យហុយចូលពេញក្នុងផ្ទះបានដែរ និងនៅអាចជួយការពារបញ្ហាស្នាមខ្លាញ់ ឬប្រេងទៅប្រឡាក់ជាប់តាមជញ្ជាំង និងគ្រឿងសង្ហារិមបានក្នុងកម្រិតណាមួយដែរ ព្រោះជាធម្មតា ផ្សែងដែលកើតពីការចម្អិនម្ហូបអាហារ ច្រើនតែមានលម្អងខ្លាញ់ ឬប្រេងនៅជាមួយជានិច្ច។

    2 . ចៀសវាងពីមុខម្ហូបឆា ឬចៀនដែលប្រើភ្លើងខ្លាំងៗ

    ដូចជា ឆាត្រកួនប្រេងខ្យង ចៀនសាច់មាន់ ជាដើម ព្រោះប្រេង ឬខ្លាញ់ច្រើនតែខ្ទាតពេញទីនោះពេលចម្អិន និងផ្សែងតែងតែមានច្រើន ហេតុនេះកង្ហារបឺតផ្សែងអាចជួយអ្វីមិនបានច្រើនប៉ុន្មានទេ ដូច្នេះវិធីដែលល្អ បើសិនជាត្រូវការចង់ទទួលទានមុខម្ហូបប្រភេទឆា ឬចៀនបំពងដែលត្រូវប្រើភ្លើងខ្លាំងៗនោះ គួរទិញខ្ទះអគ្គិសនីមកប្រើ ដោយយកទៅដោតភ្លើងប្រើនៅខាងក្រៅផ្ទះវិញប្រសើរជាង ដើម្បីខ្យល់អាកាសនឹងបានបក់ផាត់ផ្សែង និងក្លិនទៅឆ្ងាយ ចំណែកនៅក្នុងផ្ទះគួរធ្វើតែមុខម្ហូបប្រភេទចំហុយ ស្ងោរ ញាំវិញប្រសើរជាង។

    3 . គួរបើកមាត់បង្អួចឱ្យខ្យល់អាកាសចេញចូលល្អពេលចម្អិនអាហារ

    ទោះជាមុខម្ហូបដែលមិនសូវជាមានក្លិនខ្លាំង ឬមិនចាំបាច់ប្រើភ្លើងខ្លាំងក៏ដោយ តែក្លិនម្ហូបអាហារក៏នៅតែមានចៀសមិនរួចដែរ ដូច្នេះទើបគួរបើកចំហមាត់បង្អួច ឬបន្ទះព្រឹលបង្អួច ហើយនិងទ្វារផងដែរ ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល និងដែលសំខាន់គឺ មិនគួរបើកម៉ាស៊ីនត្រជាក់ពេលធ្វើម្ហូបអាហារជាដាច់ខាត ព្រោះក្លិននឹងនៅដិតជាប់នឹងសម្ភារផ្សេងៗខ្លាំងណាស់។

    4 . កុំបំពាក់វាំងនននៅជិតកន្លែងធ្វើម្ហូបអាហារ

    ព្រោះទាំងផ្សែង ទាំងក្លិនអាហារ នឹងអណ្ដែតទៅដិតស្អិតជាប់បានស្រួលណាស់ និងបើគ្មានការថែទាំសម្អាតផងនោះ នឹងអាប់កខ្វក់រហូតបញ្ចេញក្លិនមិនល្អក្នុងរយៈពេលយូរទៀតផង៕

  • កូនតូច និងការប្រើម្រាមដៃ

    កូនតូច និងការប្រើម្រាមដៃ

    សូមបង្ហាញអត្ថបទថ្មីមួយទៀតអំពីកូនតូច ដើម្បីឱ្យអ្នកម្ដាយបានឆ្អែតពេញលេញជាមួយនឹងសារៈខ្លឹមសារពាក់ព័ន្ធនឹងវិវឌ្ឍនាការលើផ្នែកផ្សេងៗរបស់កូនតូចតាំងពីវ័យកើតដំបូង រហូតដល់អាយុ 9ឆ្នាំ…និងមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកគ្រូ ឆវី នៅបានរួបរួម និងនាំយកវិធីទប់ទល់ជាមួយបញ្ហាទង្វើដែលអាល្អិតកំពូលរពឹសយើងតែងតែធ្វើឱ្យលោកឪពុក អ្នកម្ដាយ លោកតា លោកយាយឈឺក្បាលវិលមុខមិនដែលខានមួយថ្ងៃណានោះមកជម្រាបជូនទៀតផង ដោយអ្នកគ្រូ ឆវី ធានាថា ចាប់ពីពេលនេះទៅ បញ្ហាផ្ទុះផែនដីនេះនឹងក្លាយជារឿងស្រួលៗសម្រាប់អ្នកម្ដាយតែម្ដង។ ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីវិវឌ្ឍនាការនៃការប្រើប្រាស់ដៃមួយដំណាក់កាលទៀតរបស់កូនតូចវិញល្អជាង…។

    ក្នុងអំឡុងពេលដែលកូនតូចរៀនយល់ដឹងពីការហាត់អង្គុយដោយខ្លួនឯង គេនឹងប្រើដៃជួយរុញខ្លួនឡើង និងទប់ខ្លួនឯងមិនឱ្យដួលមកវិញ ធ្វើឱ្យដៃ និងបាតដៃរបស់កូនមិនទំនេរឡើយ រហូតទាល់តែកូនអាចអង្គុយបានដោយខ្លួនឯង ចេះទប់លំនឹងខ្លួនបានល្អឡើង ទើបពេលនោះដៃ និងបាតដៃរបស់កូនទំនេរឡើងវិញ។ ដូច្នេះ ចាប់ពីអំឡុងពេលនេះទៅ កូននឹងមានពេលពិនិត្យពិច័យមើលបាតដៃរបស់ខ្លួនឯងកាន់តែច្រើនឡើង កូននឹងមានអារម្មណ៍ដឹងថា ម្រាមដៃរបស់គេពិតជាឧបករណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនៅពេលគេចង់ឱ្យវាកម្រើក វាក៏កម្រើកបាន គេអាចបញ្ជាវាបានតាមចិត្តនឹកឃើញ។ គឺពេលហ្នឹងហើយ ដែលគេចាប់ផ្ដើមប្រើម្រាមដៃកៀរគ្រវាសវត្ថុតូចៗដែលគេឃើញ និងប្រាកដណាស់ រឿងដំបូងគេដែលកូនសម្លាញ់បានហ្វឹកហាត់ម្រាមដៃនោះគឺ ការចាប់កាន់អាហារញ៉ាំដោយខ្លួនឯង ដែលវិវឌ្ឍនាការនេះ អ្នកម្ដាយនឹងបានឃើញក្នុងអំឡុងពេលដែលកូនតូចឈានចូលដល់ខែទី 8។ ដូច្នេះលោកឪពុកអ្នកម្ដាយគួរជំរុញវិវឌ្ឍនាការរបស់កូនដោយការរកអាហារដុំតូចៗដែលមានភាពទន់ជ្រាយ ងាយស្រួលលេប(ត្រូវឱ្យប្រាកដក្នុងចិត្តថា មិនស្លាក់កកូន)ឱ្យកូនបានសាកល្បងចាប់កាន់យកមកដាក់មាត់ដោយខ្លួនឯង។ អាចនឹងប្រឡាក់បន្តិច តែក៏ OK!។

    បន្ទាប់ពីនោះទៀតមិនយូរប៉ុន្មាន កូនតូចក៏នឹងចាប់ផ្ដើមរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃរបស់ខ្លួន គ្រាន់តែលើកចង្អុលភ្លែត ក៏នឹងបានអ្វីដែលចង់បានមកភ្លាមតែម្ដង។ ត្រូវហើយចា៎ស សុំត្រឹមតែឱ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងសម្លឺងមើលគេតែប៉ុណ្ណោះ ហើយគេក៏នឹងលើកចង្អុលដៃចង្អុលទៅរកវត្ថុណាដែលគេចង់បាន និងបញ្ចេញសំឡេងអេះ អាស់ថែមបន្តិចទៀត មិនថាវត្ថុនោះជារបស់លេង ចំណីអាហារ ដបទឹកដោះគោ ឬការចេញទៅលេងខាងក្រៅផ្ទះក៏ដោយ អ្នកម្ដាយក៏នឹងឱ្យវត្ថុ ឬអ្វីដែលគេចង់បាននោះភ្លាមៗតែម្ដង ដោយទាំងគេមិនចាំបាច់ពោលពាក្យអ្វីចេញមកទាំងអស់ គ្រាន់តែលើកចង្អុលដៃខ្លីៗ តូចៗ ធាត់ៗឆ្លើយឆ្លងជាមួយអ្នកប៉ុណ្ណោះ។

    ក្រៅពីកូនរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃហើយ កូននៅតែព្យាយាមសិក្សាពីអ្វីៗគ្រប់យ៉ាងលើពិភពលោកនេះដោយម្រាមចង្អុលដៃរបស់គេទៅជារឿយៗ ហើយរឿងមួយក្នុងចំណោមនោះគឺ ការយកចង្អុលដៃលូកចូលទៅក្នុងរន្ធព្រីភ្លើង(អៃយ៉ា!)។ ដូច្នេះនៅពេលណាដែលកូនតូចបានបង្ហាញឥទ្ធិពលនៃម្រាមចង្អុលដៃជាមួយអ្នកហើយ នោះមានន័យថា ដល់ពេលដែលលោកឪពុកអ្នកម្ដាយត្រូវត្រួតត្រាមើលពីសុវត្ថិភាពក្នុងផ្ទះហើយ។ កន្លែងណាមានរន្ធប្រហោង ប្រឡោះអី ចូរធ្វើការញ៉ុកបិទឱ្យជិតៗ ចំណែកព្រីភ្លើងក៏គួរតែរកគម្រប ឬរកអ្វីមកបាំងបិទផងដែរ។

    លោកឪពុកអ្នកម្ដាយមិនគួរហាមឃាត់អ្នកសិក្សាចង់ដឹងតូចល្អិតម្នាក់នេះទេ តែគួររកវិធីការពារឧប្បត្តិហេតុជុំវិញខ្លួនកូនឱ្យបានល្អវិញប្រសើរជាង។ ទោះជាហត់នឿយបន្តិចមែន តែធានាថា យើងនឹងបានរីករាយជាមួយនឹងវិវឌ្ឍនាការរបស់កូនសម្លាញ់យ៉ាងពិតប្រាកដ៕

  • 10 សញ្ញាដាស់តឿនថា ជីវិតគូចាប់ផ្ដើមមានបញ្ហា

    10 សញ្ញាដាស់តឿនថា ជីវិតគូចាប់ផ្ដើមមានបញ្ហា

    នៅពេលមនុស្សពីរនាក់កើតមានសេចក្ដីស្នេហារវាងគ្នានិងគ្នាហើយ ការចង់រស់នៅជិតដិតនែបនិត្យក្បែរគ្នា គឺជាក្ដីប្រាថ្នាយ៉ាងខ្លាំងក្លា រហូតនាំឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នា តែមានច្រើនគូណាស់ដែលបន្ទាប់ពីនោះមកក៏កើតអាការទឹកឃ្មុំលែងផ្អែមដូចកាលពីថ្ងៃម្សិលបន្ទាប់ពីរួមរស់នៅជាមួយគ្នាបានមួយរយៈពេលមក ហើយពេលនោះសញ្ញាដាស់តឿនក៏ចាប់ផ្ដើមលេចចេញមកឱ្យឃើញថា ជីវិតស្នេហ៍នឹងកើតបញ្ហាហើយ…។

    1 . ចាប់ផ្ដើមមានអារម្មណ៍សប្បាយចិត្តឡើងពេលបាននៅម្នាក់ឯង ៈ ពេលណាក៏ដោយដែលអារម្មណ៍មួយនេះកើតឡើង គឺបញ្ជាក់ថា ក្ដីនឹកនាស្នេហារវាងគ្នា និងគ្នាចាប់ផ្ដើមថយចុះហើយ។ ជីវិតស្នេហ៍ គឺចំណងផ្លូវចិត្តដែលមើលមិនឃើញខ្សែសម្ព័ន្ធនៃស្នេហា តែយើងអាចដឹងបាន និងប៉ះពាល់បាន បើទោះបីជាពេលខ្លះរស់នៅឆ្ងាយពីគ្នាមែន តែក៏នៅតែនឹកស្រមៃរកគ្នាជានិច្ច ប៉ុន្តែនៅពេលណាដែលខ្លួនអ្នក ឬគូស្នេហ៍របស់អ្នកចាប់ផ្ដើមនឹកនាដល់គ្នាកាន់តែតិចទៅៗ នោះបង្ហាញថា ទោះមាន ឬក៏អត់រូបអ្នក(ឬគេ) ក៏គ្មានន័យអ្វីក្នុងការរស់នៅដែរ។ នេះជាសញ្ញាដាស់តឿនដំបូងគេដែលបង្ហាញថា បញ្ហាចាប់ផ្ដើមកើតហើយ។

    2 . ឃើញពួកម៉ាក និងការងារល្អជាង ៈ ជាអាការបន្តពីចំណុចដំបូងមកគឺ ម្នាក់ៗព្យាយាមរកហេតុផលដែលធ្វើម៉េចឱ្យជួបគ្នាកាន់តែតិចទៅ មិនថាតែការអាងលេសថា មានកាងារច្រើនរហូតគ្មានពេល ឬមានពិធីជប់លៀងជាមួយមិត្តភ័ក្តិ ឬជាប់ប្រជុំនៅតាមខេត្ត រួមទាំងព្យាយាមរកការងារមកធ្វើឱ្យច្រើនហួសហេតុ ជាពិសេសគ្មានការឈប់សម្រាកនៅថ្ងៃឈប់ចុងសប្ដាហ៍ និងព្យាយាមធ្វើការ Over time ទាំងមិនចង់បានលុយទៀតផង។

    3 . ចាប់ផ្ដើមកើតបញ្ហារឿងលុយកាក់ ៈ បើជាការរក្សាទុកដាក់លុយកាក់រួមគ្នា ក៏នឹងចាប់ផ្ដើមមានការសួរដេញដោលពីការចាយវាយរបស់ម្នាក់ៗយ៉ាងល្អិតល្អន់ ទាំងកាលពីមុនមកតែងទុកចិត្ត និងមិនដែលសួរនាំគ្នាសោះ ឬបើជាការទុកដាក់លុយកាក់រៀងៗខ្លួនវិញ ក៏នឹងចាប់ផ្ដើមលែងនិយាយពីប្រាក់ចំណូលរបស់គ្នាទៅវិញទៅមក រួមទាំងអាចមានការចាប់ថ្នាក់បានថា មានការលាក់បាំងលុយកាក់មិនឱ្យគ្នាដឹងទៀតផង។ អាការបែបនេះ ជាអាការដែលមិនសូវជាល្អប៉ុន្មានឡើយក្នុងការមានសម្ព័ន្ធស្នេហ៍ដែលរលូនល្អនោះ។

    4 . កើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា ៈ ធ្លាប់តែទុកចិត្តគ្នា មិនដែលសួរនាំលើរឿងរ៉ាវពាក់ព័ន្ធនឹងរឿងការងារសោះ ក៏នឹងចាប់ផ្ដើមសួរដេញដោល។ ទៅណាជាមួយមិត្តភ័ក្តិប្រុស(ឬស្រី)ក៏នឹងចាប់ផ្ដើមកើតមានអារម្មណ៍សង្ស័យថា មាននោះ មាននេះ អ្នកខ្លះក៏លួចមើលសំណេរដែលសរសេរផ្ញើរទៅគ្នា មិនថាតែក្នុងទូរស័ព្ទ ឬអ៊ីមេល និងមានការសួរដេញដោលគ្នាត្រង់ៗថា ដែលប្រាប់ថាទៅកន្លែងនោះ ធ្វើការនោះ ទៅជាមួយម្នាក់នោះ ជារឿងពិតមែនឬ? ទៀតផង។

    5 . ភាពស្ងប់ស្ងាត់ចាប់ផ្ដើមបាត់អស់ ៈ កើតការឈ្លោះប្រកែកគ្នាឡើង សូម្បីតែរឿងតូចតាច និងមិនសូវមានការព្រមចុះចាញ់គ្នាដូចកាលពីពេលស្រឡាញ់គ្នាថ្មីៗឡើយ ហើយពេលឈ្លោះប្រកែកគ្នា ក៏នឹងព្យាយាមយកឈ្នះដោយមិនព្រមស្ដាប់ហេតុផលរបស់គ្នាទៅវិញទៅមកឡើយ។ ប្រកាសច្បាស់ៗតែម្ដងថា “ខ្ញុំត្រូវ បងឯង(ឬអូនឯង)ខុស!” និងគ្មានខាងណាមួយទទួលស្គាល់កំហុស ឬហាមាត់សុំទោសដូចកាលគ្រាមុនឡើយ។

    6 . ចាប់ផ្ដើមកុហកគ្នា និងលែងទុកចិត្តគ្នាតទៅទៀត ៈ តពីការកើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា បើសម្ព័ន្ធភាពចាប់ផ្ដើមអាក្រក់ទៅៗខ្លាំងជាងមុន ក៏នឹងចាប់ផ្ដើមកុហកក្នុងរឿងដែលមិនចង់ឱ្យអ្នកម្ខាងទៀតដឹង និងទោះជាចាប់កុហក់បាន ក៏នៅតែខំរកផ្លូវកុហក់ថែមទៀតដោយវិធីផ្សេងៗ ធ្វើឱ្យចាប់ផ្ដើមលែងទុកចិត្តគ្នាទៅវិញទៅមក ហើយនៅពេលនោះ សេចក្ដីស្នេហាក៏នឹងចាប់ផ្ដើមចាកចេញចោល។

    7 . មើលឃើញអ្នកផ្សេងល្អជាង ៈ ការមើលឃើញអ្នកផ្សេងដែលដើរចូលមកក្នុងជីវិតល្អជាងអ្នកដែលនៅជាមួយនោះ ជាសញ្ញាដាស់តឿនមួយដែលចាប់ផ្ដើមគិតថា អ្នកដែលនៅជាមួយនោះលែងមានតម្លៃ រួមទាំងខ្លួនឯងក៏មានជម្រើសដែលអាចនឹងល្អជាងទៀតផង នៅពេលនោះហើយដែលការចាប់ផ្ដើមមើលឃើញរបស់ថ្មីល្អជាងរបស់ចាស់បានកកើតឡើង។

    8 . ប្រកែក និងគេចវេះពីការមានភេទសម្ព័ន្ធ ៈ ព្យាយាមក្នុងការគេចវេះពីការប៉ះពាល់ខ្លួនប្រាណគ្នា គេចចៀសពីការចូលគេងដំណាលគ្នា ឬក្នុងរយៈដំបូងៗទោះជាមានសម្ព័ន្ធសង្វាសនឹងគ្នាក៏ដោយ ក៏នឹងមានអារម្មណ៍ថា លែងដូចពីមុន លែងមានសេចក្ដីសុខដូចមុន និងព្យាយាមក្នុងការរិះរកវិធីមិនឱ្យមានភេទសម្ព័ន្ធនឹងគ្នា បើធ្វើបាន។ បើសិនជាបែបនេះហើយ សម្ព័ន្ធភាពស្នេហ៍ចាប់ផ្ដើមពិបាកនឹងព្យាបាលហើយ។

    9 . រកវិធីគេងបន្ទប់ផ្សេងគ្នា ៈ រួចហើយក៏មកដល់ការមិនចង់គេងរួមគ្រែជាមួយគ្នា គឺជាសញ្ញាដាស់តឿនចុងក្រោយ មុននឹងបែកបាក់ជាស្ថាពរ។

    10 . ចាប់ផ្ដើមមានម្នាក់និយាយពាក្យថា “លែងលះ” ៈ គេតែងនិយាយថា បើមិនចង់លែងលះគ្នាមែនទែនទេនោះ ទោះជាឈ្លោះប្រកែកគ្នា មិនពេញចិត្តគ្នាយ៉ាងណាក៏ដោយ ក៏សុំឱ្យចៀសពីពាក្យថា “លែងលះ” ឱ្យបានឆ្ងាយ និងយូរបំផុត ព្រោះនៅពេលចាប់ផ្ដើមមាននរណាម្នាក់នឹកដល់រឿងនេះ នោះបង្ហាញថា អាចនឹងមកដល់ចំណុចដែលលែងមានការបែរត្រឡប់ក្រោយហើយ និងបើរឹតតែលែងទុកនៅក្នុងចិត្ត ហើយនិយាយចេញមកផងនោះ អាចចាប់ផ្ដើមរាប់ថយក្រោយដល់ថ្ងៃដែលនឹងចែកផ្លូវគ្នាជានិរន្តរ៍បានហើយ។

    អ្នកគ្រូ ឆវី ចង់ផ្ដាំថា សេចក្ដីស្នេហា នៅពេលកើតឡើងហើយ និងបើចង់ឱ្យនៅស្ថិតស្ថេរគង់វង្ស ត្រូវតែឧស្សាហ៍បន្ថែមសេចក្ដីស្រឡាញ់ឱ្យគ្នាមួយថ្ងៃបន្តិចៗ មើលឃើញតែអំពើល្អរបស់គ្នាមួយថ្ងៃបន្តិចៗ តែសុំឱ្យស្រឡាញ់គ្នាឱ្យច្រើនៗ និងយូរអង្វែង៕

  • តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    តើកាល់ស្យូម មានប្រយោជន៍យ៉ាងណាខ្លះជាមួយស្រ្តីមានគភ៌?

    មានសារធាតុអាហារជាច្រើនដែលចាំបាច់ និងមានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់ស្រ្តីដែលកំពុងតាំងគភ៌។ ការពិតទៅ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍តាំងពីមុនពេលតាំងគភ៌ ក៏រឹតតែមានផលល្អចំពោះសុខភាពច្រើនដែរ ព្រោះការដែលរាងកាយបានទទួលសារធាតុអាហារល្អៗ ច្បាស់ជាហុចផលល្អដល់សុខភាពទាំងម្ដាយ និងទារកក្នុងគភ៌មិនខាន តែនៅមានរឿងមួយទៀតដែលមានផលយ៉ាងច្រើនដល់ការចម្រើនធំធាត់របស់រាងកាយ នោះគឺការបានទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម ព្រោះកាល់ស្យូមនឹងជួយសាងបន្ថែមលើផ្នែកដែលសឹករេចរឹល រួមទាំងជួយសាងបណ្ដុំឆ្អឹង និងធ្មេញឱ្យមានការរីចម្រើនធំធាត់យ៉ាងរឹងមាំ។

    កាល់ស្យូមមានប្រយោជន៍ចំពោះសុខភាព និងជាសារធាតុរ៉ែដែលចាំបាច់ត្រូវមានច្រើនបំផុតក្នុងរាងកាយ កាល់ស្យូមភាគច្រើនស្ថិតនៅក្នុងឆ្អឹង និងធ្មេញ កាល់ស្យូមមានភាពចាំបាច់ដល់ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ការបង្រួញខ្លួនរបស់សាច់ដុំ-ល- ក្រៅពីនេះកាល់ស្យូមនៅមានប្រយោជន៍ដល់ការបង្កកខ្លួនរបស់ឈាមនៅពេលកើតមានស្នាមរបួសលើរាងកាយទៀតផង។

    កាល់ស្យូម និងស្រ្តីមានគភ៌

    ប្រហែលជាបានដឹងរួចហើយថា នៅលើស្រ្តីដែលកំពុងតាំងគភ៌ ការបានទទួលកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងជួយធ្វើឱ្យកម្មវិធីការធ្វើការងាររបស់គ្រប់ប្រព័ន្ធក្នុងរាងកាយដំណើរការទៅយ៉ាងល្អពេញលេញ ព្រោះមកដល់អំឡុងពេលមួយរបស់ការតាំងគភ៌ កាល់ស្យូមនឹងត្រូវបឺតយកទៅប្រើប្រាស់ក្នុងការសាងសាច់ សាងតួខ្លួន សាងឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ ដូច្នេះហើយទើបយើងបានឃើញថា ស្ត្រីដែលមានគភ៌ច្រើនតែមានអាការពុកធ្មេញកើតឡើង រួមទាំងរោគឆ្អឹងពុកផងដែរដោយសារតែកង្វះជាតិកាល់ស្យូមហ្នឹងឯង។ ដូច្នេះក្នុងមួយថ្ងៃៗនៃការទទួលទានអាហារ ស្រ្តីមានគភ៌គួរតែសង្កត់ធ្ងន់លើអាហារដែលមានជាតិកាល់ស្យូមរួមជាមួយផង ព្រោះវានឹងជួយឱ្យបរិមាណកាល់ស្យូមក្នុងរាងកាយមានគ្រប់គ្រាន់នឹងតម្រូវការរបស់ទាំងម្ដាយ និងកូនរបស់អ្នកផងដែរ។

    ស្រ្តីមានគភ៌ និងការខ្វះជាតិកាល់ស្យូម

    – ការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ កម្មវិធីមេតាបូលីហ្ស៊ឹមរបស់កោសិកា នឹងធ្វើការខុសប្រក្រតី។

    – ឆ្អឹងនឹងស្ដើង និងផុយស្រួយ។

    – ចំពោះស្រ្តីមានគភ៌ដែលមានការខ្វះជាតិកាល់ស្យូមគ្រប់ពេលវេលា និងខ្វះក្នុងរយៈពេលយូរជាប់ៗគ្នា រឿងដែលនឹងកើតឡើងនោះគឺ នឹងធ្វើឱ្យកើតអាការសឹកពុកឆ្អឹងជានិរន្តរ៍។

    – លុះដល់អំឡុងពេលមួយរបស់វ័យ នៅលើស្រ្តីមានគភ៌ ឬអ្នកដែលខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យកម្ពស់ថយចុះ។

    – ភាពរឹងមាំ ឬកម្លាំងពលំក្នុងការប្រឹងប្រសូតបុត្រនឹងថយចុះ ឬនៅលើស្រ្តីមួយចំនួនគ្មានកម្លាំងប្រឹងសោះតែម្ដង។

    ប្រភពអាហារដែលសម្បូរជាតិកាល់ស្យូម

    ប្រភពអាហារដែលមានជាតិកាល់ស្យូម មានច្រើនប្រភេទណាស់ មិនថាតែកាល់ស្យូមដែលមាននៅក្នុងទឹកដោះដែលស្រ្តីមានគភ៌គួរតែទទួលទានជាមធ្យម 1 – 2កែវក្នុងមួយថ្ងៃ ព្រោះស្រ្តីមានគភ៌ត្រូវការកាល់ស្យូមច្រើនក្នុងមួយថ្ងៃៗដល់ទៅ 1,200មីល្លីក្រាមឯណោះ ដូច្នេះហើយទើបចាំបាច់ត្រូវបានទទួលពីអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ សម្រាប់អាហារផ្សេងទៀតដែលជាប្រភពដ៏ល្អរបស់កាល់ស្យូមដែរនោះ មានដូចជាត្រីចង្វាមូល ត្រីតូចៗដែលញ៉ាំបានទាំងឆ្អឹងបន្លែស្លឹកបៃតង ដូចជាបន្លែខាត់ណា ប្រូខូលី គ្រាប់ល្ង ឬតៅហ៊ូដុំ ជាដើម។ល៕

  • ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យក្មេងម្នាក់ កំពុងតែលេចធ្លោនៅ Everton

    ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យក្មេងម្នាក់ កំពុងតែលេចធ្លោនៅ Everton

    ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កីឡាករ Dominic Calvert-Lewin ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស របស់ Everton គឺជាចំណែកដ៏ធំ ក្នុងជ័យជម្នះរបស់ក្លិបបាល់ទាត់មួយនេះ ដែលបានយកឈ្នះក្រុមបាល់ទាត់ West Ham United និងបានទទួលកៅអីវគ្គ1/4 ពានរង្វាន់ EFL Cup (Carabao Cup) ដោយបានស៊ុតបញ្ចូលទីចំនួន 3គ្រាប់ម្នាក់ឯង។ នេះមិនមែនជាលើកទី1 ទេ គិតត្រឹមប៉ុន្មានប្រកួតដំបូងក្នុងរដូវកាលថ្មីនេះប៉ុណ្ណោះ កីឡាករវ័យ 23ឆ្នាំ អាចធ្វើហ៊ែតទ្រីក បានដល់ទៅ 2ដង។

    ​លោក Ancelotti ​បាន​និយាយ​សរសើរ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​វ័យក្មេងខាង​លើ​នេះ​ មិន​ដាច់​ពី​មាត់​ ព្រោះ​រូបគេ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​រដូវ​កាល​នេះ។ ​ជា​ពិសេស​បន្ទាប់​ពី​លោក​បាន​ទិញ​យកកីឡាករ James ម្នាក់​មក​ទៀត គឺ​កាន់​តែ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​មុត​ស្រួច​ឡើង​មួយ​កម្រិត​ទៀត៕

  • Genoa រកឃើញបុគ្គលិក និងកីឡាករ 14រូប ផ្ទុកកូវីដ-19

    Genoa រកឃើញបុគ្គលិក និងកីឡាករ 14រូប ផ្ទុកកូវីដ-19

    កាលពីយប់ថ្ងៃទី27 ខែកញ្ញា​ ឆ្នាំ2020 កន្លងទៅនេះ ក្រុមបាល់ទាត់ Napoli បានយកឈ្នះលើក្រុម Genoa ក្នុងការប្រកួតបាល់ទាត់លីកកំពូលអ៊ីតាលី (Italy Seria A) ប្រចាំសប្តាហ៍ទី2 របស់ខ្លួន។

    ក្រោយពីបញ្ចប់ការប្រកួតនេះ ក្រុមចាញ់ Genoa បានធ្វើតេស្តរកឃើញថា មានកីឡាករ និងបុគ្គលិករបស់ខ្លួន ចំនួន 14រូប មានផ្ទុកកូវីដ-19។ ក្រោយពីតេស្តរកឃើញភ្លាមៗ ក្រុមមួយនេះ បានស្នើសុំទៅខាងគណៈកម្មការរៀបចំការប្រកួត​​លីកកំពូលអ៊ីតាលី ផ្អាកកការប្រកួតចំនួន 2សប្តាហ៍សិន ព្រោះបុគ្គលិកក្លិបមួយនេះបានជាប់ធ្វើចត្តាឡីស័កទាំងអស់ ដែលធ្វើឱ្យមានវិបត្តិមិនអាចប្រកួតបាន។

    យ៉ាង​ណា​មិញ​ មក​ទល់​នឹង​ពេល​នេះ ​ខាង​រដ្ឋាភិបាល​អ៊ីតាលី ក៏​ដូច​ជា​ Serie A មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ ដោយ​កំពុង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​មួយ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-19នេះ​៕

  • ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

    ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

    មនុស្សជាច្រើនអាចមិនដឹងថា កាហ្វេដែលយើងនាំគ្នាញ៉ាំរៀងរាល់ថ្ងៃនេះមានទាំងប្រយោជន៍ និងផ្ដល់គុណវិបត្តិដល់រាងកាយយើងច្រើនយ៉ាងឡើយ ថ្ងៃនេះទំព័រសុខភាព ឡារ៉ែន សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ពីគុណប្រយោជន៍ និងគុណវិបត្តិរបស់កាហ្វេទាំងអស់គ្នា។

    គុណប្រយោជន៍របស់កាហ្វេ

    1 . ជួយបន្ថយអត្រាការប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ៈ ព្រោះនៅក្នុងកាហ្វេមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងសារធាតុគីនីនដែលជួយឱ្យរាងកាយអាចផលិតអ៊ីនស៊ូលីនបានរឹតតែល្អឡើង ដូច្នេះអ្នកដែលកើតជំងឺទឹកនោមផ្អែមអាចសាកល្បងញ៉ាំកាហ្វេលមើលបាន។

    2 . ជួយបន្ថយអត្រាការកើតសភាវភ្លេចភ្លាំង មិនសូវចងចាំបាន ៈ ដោយកាហ្វេអ៊ីនការទៅបង្អាក់ ឬប្រឆាំងការផ្ដុំគ្នារបស់កូលេស្តេរ៉ូលដែលជាផលអាក្រក់ដល់រាងកាយ។

    3 . ជួយបន្ថយអត្រាការកើតរោគបេះដូង ៈ ដោយជួយបន្ថយកូលេស្តេរ៉ូលក្នុងក្រសែឈាម ការពារសរសៃឈាមឡើងរឹង និងជួយឱ្យឈាមហូរវិលបានល្អ។

    4 . ជំរុញចរន្តឈាមរត់នៅក្នុងខួរក្បាល ៈ ក្លិនក្រអូបឈ្ងុយរបស់កាហ្វេនឹងជួយជំរុញឱ្យឈាមក្នុងខួរក្បាលហូរវិលរឹតតែល្អឡើង។

    5 . ជួយក្នុងការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ ៈ កាហ្វេអ៊ីនពីកាហ្វេជួយសាងទឹករំលាយអាហារក្នុងក្រពះ និងថ្លើមបន្ថែមដើម្បីដុតបំផ្លាញជាតិខ្លាញ់។

    6 . ជួយរំលាយខ្លាញ់ ៈ ដោយវានឹងចូលទៅជំរុញឱ្យខ្លាញ់បំបែកខ្លួន និងក្លាយជាកម្លាំងថាមពលជំនួសវិញ។

    7 . បង្កើនជាតិខ្លាញ់ល្អ ៈ តាមរយៈការស្រាវជ្រាវបានរកឃើញថា ការញ៉ាំកាហ្វេញឹកញាប់ នឹងជួយបង្កើនបរិមាណខ្លាញ់ល្អ( HLD)ក្នុងរាងកាយបាន។

    8 . ជួយពន្យារភាពចុះខ្សោយរបស់រាងកាយ ៈ ព្រោះការញ៉ាំកាហ្វេដែលមានរសជាតិខាប់ នឹងធ្វើឱ្យអុកស៊ីតកើតការបំបែកខ្លួន ទើបកាត់បន្ថយការកើតមហារីក ជំរុញការដុតបំផ្លាញកម្លាំងថាមពល និងជួយឱ្យរាងកាយធ្វើការបានរឹតតែល្អឡើង និងស្រស់ស្រាយឡើង។

    9 . ជួយបំបាត់អាការឈឺក្បាល ៈ ព្រោះកាហ្វេមានចំណែកផ្សំរបស់កាហ្វេអ៊ីនដែលពង្រីកសរសៃឈាម រម្ងាប់អាការឈឺក្បាលបានដូចគ្នានឹងថ្នាំបំបាត់ការឈឺចាប់ដែរ និងថែមទាំងជួយដល់ការបត់ជើងតូច រំលាយជាតិខ្លាញ់ក្នុងសរសៃឈាមដើម្បីមិនឱ្យមានជាតិខ្លាញ់ច្រើនជ្រុលពេក និងជួយសម្រាលអាការស្រវឹងស្រាសល់ពីយប់បានទៀតផង។

    10 . ជួយដាស់ភាពក្លៀវក្លាស្វាហាប់ ៈ ព្រោះកាហ្វេអ៊ីនមានគុណសម្បត្តិមិនខុសពីសារធាតុជំរុញល្អដែលអាចដាស់ភាពស្វាហាប់ឱ្យរាងកាយដែលកំពុងនឿយហត់ ឬល្វើយអស់កម្លាំងឱ្យរស់រវើកឡើងវិញបានក្នុងរយៈពេលដ៏ខ្លី។

    គុណវិបត្តិរបស់កាហ្វេ

    1 . ធ្វើឱ្យសម្ពាធឈាមខ្ពស់ឡើង ៈ លទ្ធផលនៃការវិភាគបានបង្ហាញថា ពេលញ៉ាំកាហ្វេមួយកែវហើយ សម្ពាធឈាមនឹងកើនខ្ពស់ឡើងយូរដល់ទៅ 12ម៉ោង ដូច្នេះ ក្រុមមនុស្សដែលកើតជំងឺលើសឈាម មិនគួរញ៉ាំកាហ្វេខណៈពេលមានអារម្មណ៍តានតឹង ឬមានសម្ពាធពីការធ្វើការងារឡើយ។

    2 . កាហ្វេនឹងហុចផលប៉ះពាល់ដល់ការបឺតជ្រាបសារធាតុរ៉ែ ៈ កាហ្វេអ៊ីននឹងបញ្ចេញផលប៉ះពាល់ដល់ការបឺតជ្រាបយកសារធាតុរ៉ែរបស់ពោះវៀន ដូចជាកាល់ស្យូម ជាតិដែក និងស័ង្កសី ជាដើម ដូច្នេះ ក្មេងៗមិនគួរញ៉ាំកាហ្វេឡើយ។

    3 . កាហ្វេនឹងធ្វើឱ្យអ្នកមានជំងឺក្រពះកាន់តែមានដំបៅធ្ងន់ធ្ងរឡើង ៈ ដោយសារតែកាហ្វេនឹងធ្វើឱ្យក្រពះមានទឹករំលាយអាហារចេញមកច្រើន រហូតធ្វើឱ្យក្លាយជាដំបៅច្រើនឡើង ដូច្នេះអ្នកកើតជំងឺក្រពះមានដំបៅមិនគួរញ៉ាំកាហ្វេច្រើនឡើយ ជាពិសេសក្នុងពេលដែលពោះទទេ។

    4 . កាហ្វេនឹងធ្វើឱ្យពុកឆ្អឹង ៈ ដោយសារតែកាហ្វេអ៊ីនមានគុណប្រយោជន៍ធ្វើឱ្យបញ្ចេញទឹកមូត្រច្រើនឡើង បើញ៉ាំកាហ្វេរយៈពេលយូរ នឹងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមទៅជាមួយទឹកមូត្រច្រើន រហូតធ្វើឱ្យឆ្អឹងពុក ជាពិសេសសម្រាប់ស្រ្តីក្នុងវ័យអស់រដូវ មិនគួរញ៉ាំកាហ្វេច្រើនពេកឡើយ។

    5 . ស្រ្តីមានគភ៌ បើញ៉ាំកាហ្វេច្រើន នឹងធ្វើឱ្យទារកដែលនៅក្នុងគភ៌ធំធាត់មិនប្រក្រតី ឬអាចនឹងរលូតទៀតផង។

    6 . កាហ្វេនឹងបំផ្លាញ វីតាមីន B1 ជាវីតាមីនដែលរក្សាតុល្យភាព និងភាពស្ថិតស្ថេររបស់ប្រព័ន្ធប្រសាទ ដូច្នេះ អ្នកដែលខ្វះវីតាមីន B1 មិនគួរញ៉ាំកាហ្វេឡើយ។

    នៅពេលបានដឹងទាំងអស់គ្នាដូច្នេះហើយ សូមញ៉ាំកាហ្វេឱ្យល្មមសមរម្យណាប្រិយមិត្តអ្នកអាន ព្រោះអ្វីក៏ដោយ ឱ្យតែលើសបរិមាណដែលសមរម្យល្មហើយនោះ គឺសុទ្ធតែហុចគុណវិបត្តិឱ្យទាំងអស់៕

  • “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើនណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូងចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចសម្លាញ់ប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌របស់ម្ដាយ។

    ការធ្វើដំណើររបស់មេជីវិត

    បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជាទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2 – 3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុង ដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញីដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកា 1កោសិកា ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

    វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត

    បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកឹលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

  • ស្មាតហ្វូនដែលពេញនិយមបំផុតបានមកដល់ហើយ ! realme 7 seriesបានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃចាប់ពី$289ឡើងទៅ

    ស្មាតហ្វូនដែលពេញនិយមបំផុតបានមកដល់ហើយ ! realme 7 seriesបានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃចាប់ពី$289ឡើងទៅ

    នៅថ្ងៃទី30ខែកញ្ញា realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែលrealme បានយកបច្ចេកវិទ្យា សាកថ្មលឿន65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុងNumber series របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ Capture Sharper, Charge Faster នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេង។

    សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7 Proមានបំពាក់ជាមួយនឹងSnapdragon 720 និងមានទំហំអង្គផ្ទុកធំ 8GB+128GB បច្ចេកវិទ្យាសាកលឿន65W SuperDart អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់Dolby Atmos និងកាមេរ៉ា Sony 64MP ៤គ្រាប់ ដែលមានតម្លៃ​ $369 ។ រីឯrealme 7 មានបំពាក់បន្ទះឈីប Gaming Helio G95 និងមានសមត្ថភាពខ្លាំងរបស់Media Tek ដែលបានប្រកាសដំបូងគេ មានទំហំអង្គផ្ទុកធំ 8GB+128GB ថាមពលថ្មធំ5000mAhជាមួយនឹងការសាកថ្មលឿន30W Dart កម្រិតអេក្រង់90Hz មានតម្លៃ $289 លោកអ្នកអាចធ្វើការកម៉្មងបានឥឡូវនេះ។

    ការសាកថ្មដែលមិនត្រូវការរង់ចាំ   ការសាកថ្មលឿន65W SuperDart គឺជាដំណោះស្រាយដ៏ល្អបំផុត

    បច្ចេកវិទ្យាសាកថ្មលឿននាំមុខគេ realme គឺជាម៉ាកស្មាតហ្វូនដំបូងគេដែលបានយកបច្ចេកវិទ្យា65W SuperDart បំពាក់ទៅលើស្មាតហ្វូនក្នុងជួរតម្លៃ$300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនទទួលបានបទពិសោធន៍សាកថ្មល្បឿនលឿនដូចរន្ទះ ។ បច្ចេកវិទ្យា65W SuperDart ដែលបំពាក់នៅលើ realme 7 Pro អាចសាកបាន13%ក្នុងរយៈពេល3នាទី ហើយថាមពលថ្មនេះអាចលេងPUBG បាន 3ប្រគួត លេងInstagram 2ម៉ោង មើលYouTubeបាន2.5ម៉ោងឬទុកStandByបានរយៈពេល4ថ្ងៃ ហើយវាអាចសាកថ្មបាន100% ក្នុងរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកលឿនក្នុងជួរតម្លៃដូចគ្នានេះ ជួយអោយអ្នកប្រើប្រាស់ចាកចេញពីការរង់ចាំនៃការសាកថ្ម។

    ការប្រើប្រាស់កាន់តែមានសុវត្ថិភាព ជាស្មាតហ្វូនដំបូងគេដែលបានទទួលវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland

    ជាមួយគ្នានេះដែរ realme 7 series គឺជាស្មាតហ្វូនដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព​ សីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់អោយនៅត្រឹមក្រោម40℃ បង្កើននូវការទុកចិត្តនៃស្មាតហ្វូនមួយកម្រិតទៀត ធ្វើអោយអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយ បច្ចេកវិទ្យាដែលពេញនិយមនិងឈានមុខគេ។

    ថតរូបកាន់តែច្បាស់ : កាមេរ៉ា៤គ្រាប់​64MP

    ដើម្បីជួយយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់នូវកាមេរ៉ាSony 64MP ៤គ្រាប់។​ រាល់ពេលដែលប្រើមុខងារ64MPដើម្បីថតរូប រូបភាពដែលបានមកគឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា2ដង។

    កាមេរ៉ា64MPដែលមានកម្រិតពន្លឺ 1/1.73 ជាប្រភេទកាមេរ៉ា Sony IMX 682 ហើយវាមានសមត្ថភាពខ្លាំងស្រូបយកពន្លឺនិងធ្វើអោយសាច់រូបភាពកាន់តែម៉ត់ល្អ​ ព្រមទាំងមានកាមេរ៉ាលេនទូលាយ8MP លេនម៉ាក្រូ2MPនិងលេនPortrait 2MP មិនត្រឹមតែធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវរូបភាពដែលមានភាពច្នៃប្រឌិតជាច្រើនផងដែរ។

    ក្រៅពីនេះ realme 7 Pro មានមុខងារPro NightScape Mode , វីដេអូNightScape Mode និងមុខងារ ​Starry Mode ជាដើម ថែមទាំងមានNight filters ធ្វើអោយអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។​ realme 7 Pro ថែមទាំងមានបំពាក់កាមេរ៉ា selfie 32MP មិនថាស្ថិតក្នុងទីភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

    បទពិសោធន៍មើលឃើញកាន់តែឥតខ្ជោះ អេក្រង់​ Super AMOLED + កម្រិតអេក្រង់90Hz

    សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់6.4អីុញFHD ដែលលាតសន្ធឹង90.8%នៃតួរខ្លួនស្មាតហ្វូន ជាមួយអេក្រង់Super AMOLED មិនថាមើលភាពយន្តឬមើលព័ត៌មាន សុទ្ធតែអាចធ្វើអោយអ្នកមើលឃើញចំនុចល្អិតកាន់តែច្រើន ពណ៍​កាន់តែច្បាស់។ realme 7 មានកម្រិតអេក្រង់90Hz មិនថាលេងFacebook មើលវីដេអូឬក៏លេងហ្គេម អ្នកនឹងទទួលបានបទពិសោធន៍មើលឃើញយ៉ាងរលូន។

    សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត ហើយការបំផុសគំនិតនេះគឺទទួលបានមកពីកញ្ជក់ ម៉ូឌែលនីមួយៗ សុទ្ធតែមានពីរពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)

    ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះ realme 7 series បានបំពាក់បច្ចេកវិទ្យាលំដាប់Flagshipជាច្រើននៅលើវា និងជាជម្រើសស្មាតហ្វូនល្អបំផុតក្នុងជួរតម្លៃនេះ ​។ ចាប់ពីថ្ងៃនេះរាល់ការកម៉្មងrealme 7 series នៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង ហើយនឹងដាក់លក់ផ្លូវការនៅថ្ងៃទី9ខែតុលានេះហើយ។

  • កម្ពុជានាំចេញលទ្ធផលកសិកម្មបានជិត6លានតោនក្នុងរយៈពេល 9ខែដើមឆ្នាំ2020

    កម្ពុជានាំចេញលទ្ធផលកសិកម្មបានជិត6លានតោនក្នុងរយៈពេល 9ខែដើមឆ្នាំ2020

    កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗលើពិភពលោក ដែលនាំចេញ​ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា​ នៅក្នុងរយៈពេល​9ខែដើមឆ្នាំ 2020 នេះកម្ពុជា បានផលិត​ និងនាំចេញបានប្រមាណ 6លានតោន ដោយក្នុងនោះមានដូចជា៖

    1) លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ2020

    គិតមកទល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន 2,714,216 ហ.ត ស្មើនឹង 104.87% នៃផែនការចំនួន 2,588,130 ហ.ត លើសឆ្នាំ2019ចំនួន 70,217 ហ.ត ។ តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវស្រាលចំនួន 828,733 ហ.ត, ស្រូវកណ្តាលចំនួន 1,385,066 ហ.ត, ស្រូវធ្ងន់ចំនួន 446,301 ហ.ត, ស្រូវចម្ការចំនួន 20,668 ហ.ត និង ស្រូវឡើងទឹកចំនួន 33,448 ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន 436,287 ហ.ត ទទួលបរិមាណផលសរុបចំនួន 1,662,061 តោន លើសឆ្នាំមុនចំនួន 246,618 តោន ទិន្នផលគិតជាមធ្យមទទួលបាន 3.810 តោន/ហ.ត ។

    2) ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់

    ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល 9ខែ ឆ្នាំ2020 ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង 5.8 លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

    1.  អង្ករ សម្រេចបាន 488,775 តោន មានកំណើន 22.63% ដែលធៀបទៅនឹងរយៈ9ខែដើមឆ្នាំ2019 (398,586 តោន) បាននាំចេញទៅកាន់ 60 ប្រទេស។
    2. ស្រូវ សម្រេចបាន 1,392,306 តោន, ថយចុះប្រមាណជា 17% ធៀបប្រៀបទៅឆ្នាំ2019 នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
    3. គ្រប់ស្វាយចន្ទី សម្រេចបាន 204,208 តោន មានកំណើន 20.5%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។
    4. គ្រាប់ពោត សម្រេចបាន 193,950 តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។
    5. ចេកស្រស់ សម្រេចបាន 235,171.63 តោន មានកំណើន 225.69%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
    6. ក្រូចថ្លុង សម្រេចបាន 15,150 តោន ទៅកាន់ប្រទេសថៃ ។
    7. ដំណាប់ស្វាយ សម្រេចបាន 4,998.64 តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
    8. ដំឡូងមីស្រស់ សម្រេចបាន 1,780,496 តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។
    9. ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន 1,202,644.81 តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
    10. ម្សៅដំឡូងមី សម្រេចបាន 12,002 តោន បានថយចុះ 56.72%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា ចិន ប៊ែលហ្សិក ហូឡង់ ប៉ាគីស្ថាន ឆេក ក្រូអាត និងអ៊ីតាលី។
    11. ស្វាយស្រស់ សម្រេចបាន 62,920.56 តោន មានកំណើន 158.83%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
    12. ម្រេច សម្រេចបាន 4,121.95 តោន មានកំណើន 123.76%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
    13. ម្ទេសស្រស់ 55,154.60 តោន និងម្ទេសក្រៀម 1,500 តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ2019 បាននាំចេញទៅកាន់ប្រទេសថៃ ។
    14. បន្លែ សម្រេចបាន 87.57 តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។

    ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញ៕