Author: ធឿន មករា

  • វិធី​ប្រើប្រាស់​ម្រេច​យ៉ាង​ឆ្លាត​វៃ ក្នុង​ការធ្វើ​ម្ហូប (បងៗស្ត្រី​មេផ្ទះ គួរ​ដឹង)

    វិធី​ប្រើប្រាស់​ម្រេច​យ៉ាង​ឆ្លាត​វៃ ក្នុង​ការធ្វើ​ម្ហូប (បងៗស្ត្រី​មេផ្ទះ គួរ​ដឹង)

    តើ​មាន​នរណា​ដឹង​ខ្លះ​ទេ​ថា ស្តេច​នៃ​គ្រឿងទេស ដែលមាន​ក្លិនក្រអូប​ឈ្ងុយ ឈួ​ល និង​មាន​រសជាតិ​ហឹរ ដូចជា​ម្រេច​នេះ គេ​មាន​វិធី​ការ​ផ្សំ​រសជាតិ​អាហារ ដែល​ត្រឹមត្រូវ​នោះ​យ៉ាងណា​ខ្លះទៅ?

    ម្រេច​គ្រាប់ ដែល​យើង​ប្រើ​ជាប្រចាំ​នោះ មាន​ទាំង​ម្រេចខ្មៅ និង​ម្រេច-ស យើង​តែង​ប្រើប្រាស់​ម្រេច​ក្នុង​ការបង្កើន និង​លើក​ក្លិន​មុខម្ហូប  ដែលមាន​ដូចជា ធ្វើជា​គ្រឿងផ្សំ​នៅក្នុង​សម្ល ឬ​ស៊ុបផ្សេងៗ ធ្វើជា​គ្រឿង​ប្រឡាក់សាច់​ឱ្យមាន​ក្លិន​ឈ្ងុយ គួរ​ចង់​ទទួលទាន និង​ធ្វើឱ្យ​ទុក​បានយូរ ជាដើម   តែ​មុននឹង​យក​គ្រាប់​ម្រេច​មក​ប្រើ មេ​ចុងភៅ​ជំនាញ សូម​ណែនាំ​ថា មុននឹង​យក​ម្រេច មក​ធ្វើជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ យើង​គួរ​លីង​វា ដោយ​ភ្លើងខ្សោយៗ ឱ្យ​ល្មមតែ​ឡើង​ក្លិនក្រអូប​ឈ្ងុយ​ជាមុនសិន រួច​សឹម​យកទៅ​បុក ឬ​កិន​ឱ្យ​បែកល្មមៗ មិនបាច់​ម៉ដ្ឋ​ពេក​ទេ និង​គួរ​យកមក​លីង​ប្រើ សម្រាប់តែ 1ដងៗបាន​ហើយ ព្រោះ​បើ​បុក ឬ​កិន​ទុក​ច្រើន​នោះ យូរ​ទៅ អាចធ្វើឱ្យ​ម្រេច​ហើរ​ក្លឹ​ន​អស់ និង​អាច​ធំក្លិន​អាប់​ទៀតផង៕

  • គុណប្រយោជន៍ របស់​ស្ពៃក្តោប​ពណ៌​ស្វាយ ចំពោះ​សុខភាព

    គុណប្រយោជន៍ របស់​ស្ពៃក្តោប​ពណ៌​ស្វាយ ចំពោះ​សុខភាព

    ស្ពៃក្តោប​ពណ៌​ស្វាយ មាន​ពណ៌​សម្បុរ​ប្លែក​គួរឱ្យ​ចង់​ទទួលទាន ដែល​យើង​តែង​ជួប​ជា​ញឹកញាប់ នៅក្នុង​ចាន​ញាំ​សាលាដ

    តែ តើ​មាន​នរណា​ខ្លះ​ដឹងថា ស្ពៃក្តោប​ពណ៌​ស្រស់ស្អាត និង​គួរឱ្យ​ឆ្ងាញ់​មួយ​នេះ មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ និង​សុខភាព​របស់​យើង​ច្រើន​ប៉ុនណា​ទៅ?។

    ដោយសារតែ​ស្ពៃក្តោប​ពណ៌​ស្វាយ គឺជា​បន្លែ​ដែលមាន​កាក​សរសៃ​អាហារ​ខ្ពស់ និង​សុទ្ធតែ​សម្បូរ​ទៅដោយ​សារជាតិ​អាហារ​ជាច្រើន​ប្រភេទ  មិនថាតែ ប្រូតេអ៊ីន ខា​បូ​ហាយ​ដ្រេ​ត សូ​ដ្យូ​ម និង​វីតាមីន​C។ ក្រៅពីនេះ ការបរិភោគ​ស្ពៃក្តោប​ពណ៌​ស្វាយ​ជាប់​ជាប្រចាំ នឹង​ជួយ​កាត់បន្ថយ​ឱកាស​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ពោះវៀនធំ និង​រោគ​មហារីក​នៅក្នុង​ប្រអប់​ពោះ​បាន និង​ថែមទាំង​សម្បូរ​ទៅដោយ​សារធាតុ​ដែក​ដែល​ជួយ​បង្កើន​ហេ​ម៉ូ​គ្លោ​ប៊ី​ន ដែលជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការជួយ​ឱ្យមាន​គ្រាប់​ឈាមក្រហម ទៅ​ចិញ្ចឹម​កោសិកាផ្សេងៗនៅក្នុង​រាងកាយ​ទៀតផង។

    យ៉ាងណាក៏ដោយ ក្នុង 1ថ្ងៃៗ យើង​មិនគួរ​បរិភោគ​ស្ពៃក្តោប​ឆៅ លើសពី កន្លះ​គីឡូក្រាម​ទេ ព្រោះ​បើ​មាន​សារធាតុ

    Goitrogen របស់​ស្ពៃក្តោប សន្សំ​នៅក្នុង​រាងកាយ​ច្រើន​ជ្រុល​នោះ អាច​នឹង​ហុច​ផល​ឱ្យ​ក្រពេញ​ថៃ​រ៉​យ​ដ៍ នាំយក​ជាតិ​អ៊ីយ៉ូត ទៅ

    ប្រើប្រាស់​បាន​តិច តែ​សារធាតុ​នេះ នឹង​រលាយ​បាត់អស់ នៅពេលដែល​ស្ពៃក្តោប​ត្រូវបាន​ចម្អិន​ឱ្យ​ឆ្អឹ​ន​ហើយ៕

  • ឈឺ​ខ្នង…អាការ​តូច​មួយ ដែល​មនុស្ស​ជាច្រើន​មើលរំលង

    ឈឺ​ខ្នង…អាការ​តូច​មួយ ដែល​មនុស្ស​ជាច្រើន​មើលរំលង

    សម្រាប់​មូលហេតុ​របស់​អាការ​ឈឺ​ខ្នង​នេះ គឺ​បណ្តាលមកពី​ភាពខុសប្រក្រតី​របស់​គ្រោង​សាង​របស់​ឆ្អឹង​កង​ខ្នង ភាពមិន​តុល្យការ​របស់​សាច់ដុំ និង​សរសៃ​វាវ​ជុំវិញ​សន្លាក់ឆ្អឹង​កង​ខ្នង និង​ភាពខុសប្រក្រតី​របស់​ប្រព័ន្ធ​ប្រសាទ រួមទាំង​ឥរិយាបថ ដែល​ខុស​សុខលក្ខណៈ ដោយ​ផលប៉ះពាល់​នៃ​ការឈឺ​ខ្នង​នេះ អាច​បណ្តាលឱ្យ​កើត​សន្ទះ​ទម្រ​ឆ្អឹង​ខុស​តុល្យការ ឬ​សន្ទះ​ទម្រ​ឆ្អឹង រំកិល​ខ្លួន​បាន ធ្វើឱ្យ​ការធ្វើ​ចលនា និង​សន្លាក់​តផ្សេងៗ មិនអាច​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    វិធី​កែប​ញ្ហា​អា​ការឈឺ​ខ្នង​នេះ អាច​ប្រើប្រាស់​ដោយ​ថ្នាំពេទ្យ​តែ​ម្យ៉ាង ឬ​មិន​ទេ ក៏​ប្រើប្រាស់​ថ្នាំ​គួបផ្សំ​ជាមួយ​វិធី​ព្យាបាល បែប​ម៉ាស្សា​ក៏បាន។ ដើម្បីឱ្យ​លទ្ធផល​ការព្យាបាល​ល្អប្រសើរ​ជាង​នោះ គួររៀបចំ​សម្រួល​តុល្យភាព​គ្រោង​សាង ព្យាបាល​ដោយ​ការធ្វើ​ចលនា ការហាត់​ប្រាណ ឬ​ប្រើ​ឧបករណ៍​ជួយ​ទប់​ខ្នង ការចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​ការធ្វើ​ម៉ាស្សា​បន្ធូរ​សាច់ដុំ ដើម្បី​ព្យាបាល។

    ក្រៅពីនោះ នៅ​រួមទាំង​ការផ្លាស់ប្តូរ​ទង្វើ ក្នុង​ជីវិត​ប្រចាំថ្ងៃ ដែល​ប្រឈម​នឹង​ការកើត​អា​ការឈឺ​ខ្នង ដូចជា ការ​គេង ការ​អង្គុយ ការ​ឈរ និង​ការដើរ ជាពិសេស​បំផុត​ការធ្វើការ​នៅ​ពីមុខ​អេក្រង់​កុំព្យូទ័រ ច្រើន​ម៉ោងជាប់ៗគ្នា​ដោយ​ឥរិយាបថ​ការ​អង្គុយ ដែល​អាច​នឹងមិន​ត្រូវ​ក្បួន។

    ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គួរ​ផ្លាស់ប្តូរ​ឥរិយាបថ ក្រោក​ដើរ ដើម្បីឱ្យ​រាងកាយ​បាន​ធូរស្រាល​ពី​តុ​ធ្វើការ​ខ្លះ ក៏​ជា​ផ្នែក​មួយ ដែល​ជួយ​ការពារ​មិនឱ្យ​កើត​អា​ការឈឺ​ខ្នង​បានដែរ៕

  • ពង្រាប​ក្បាលពោះ​បែបងាយៗ សម្រាប់​បុរស​ដែល​ចង់​មាន​រូបរាង​សង្ហា

    ពង្រាប​ក្បាលពោះ​បែបងាយៗ សម្រាប់​បុរស​ដែល​ចង់​មាន​រូបរាង​សង្ហា

    ឡា​រ៉ែ​ន ធ្លាប់​ណែនាំ​វិធី​ពង្រាប​ក្បាលពោះ សម្រាប់នារីៗ មក​ច្រើនណាស់​ហើយ ពេលនេះ​សូម​ណែនាំ វិធី​ពង្រាប​ក្បាលពោះ ដល់​បុរសៗយើង​ម្តង តើ​មាន​វិធី​អ្វីខ្លះ សូម​តាមដាន​ដូចតទៅ៖

    1. រាងកាយ​មិនអាច​ជ្រើសរើស​កម្ចាត់​ចំពោះតែ​ខ្លាញ់ ដែល​កក​ច្រើន​នៅក្នុង​ក្បាលពោះ​បានទេ អ្នក​ត្រូវតែ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ទូទាំង​រាងកាយ ដែល​អាចធ្វើ​បាន​ដោយ​ងាយ តាមរយៈ​ការធ្វើ​ចលនា​គ្រប់ពេលវេលា ពេញ 1ថ្ងៃ ដូចជា​ដើរ​ឡើង​ចុះ​ជណ្តើរ ជំនួស​ការឡើង​ចុះ​តាម​ជណ្តើរយន្ត ឬ​ចត​រថយន្ត​នៅ​ឆ្ងាយ ហើយ​ដើរ​យ៉ាង​លឿន ដើម្បី​ទៅឱ្យ​ទាន់​ម៉ោង​ចូលធ្វើការ ឬ​ទិញ​ទឹកបរិសុទ្ធ 2ដបធំៗ យួរ​នៅ​ដៃ​ទាំងសងខាង ពេល​ដើរ​ទិញ​អីវ៉ាន់​ជាមួយ​គូ​ស្នេ​ហ៏ និង​បើ​នាង​មាន​កន្លែងធ្វើការ​នៅ​ជិត ចូរ​សាកល្បង​កុំ​ទូរស័ព្ទ​ទៅរក តែ​ប្រើ​វិធី​ដើរទៅរ​កនាង​វិញ គឺជា​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ បាន​សព្វ​ក្នុង​រាងកាយ។
    2. ការងារ​ស្រាវជ្រាវ​មួយ​បាន​អះអាងថា ជាតិ​ខ្លាញ់​នឹង​រំលាយខ្លួន​បាន​យ៉ាង​ងាយ បើ​ស្ថិតក្នុង​បរិយាកាស​ជុំវិញខ្លួន​ដែល​ត្រជាក់ ដូច្នេះ​អំឡុងពេល​សម្រក​ក្បាលពោះ អ្នក​អាច​ត្រូវ​តម​ការ​ស្ទី​មសៅ​ណា ឬ​ស្ទី​ម​ខ្លួន​ប្រហែល 1ខែ ដោយ​ងាក​មក​ងូតទឹក​ត្រជាក់ ក្រោយ​ការហាត់​ប្រាណ​វិញ​ម្តង។
    3. ស្រា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​ឥទ្ធិពល​ធ្វើឱ្យ​ក្បាលពោះ​របស់​អ្នក​ប៉ោង​បាន ដូច្នេះ​ចាប់ផ្តើម​ចាត់ការ​បញ្ហា​ទាំងនេះ ចាប់ពី​ថ្ងៃនេះ​ទៅ​តែម្តង (កុំ​ចាំ​យូរ)។
    4. ឆាប់​ចូល​គេង បិទ​ភ្លើង តម​មើល​ទូរ​ទស្ស​ន៏​មុន​គេង ហាត់​តាំងសមាធិ ដើម្បី​ការ​គេង​លក់​ដ៏​ល្អឥតខ្ចោះ នេះ គឺជា​កូនសោ​សំខាន់ ដែល​ព​ន្លឿ​ន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឆាប់រហ័ស។
    5. ទទួលទាន​អាហារ​ពេល​ល្ងាច​ឱ្យ​រួច យ៉ាងតិច 4ម៉ោង មុនពេល​ចូល​គេង ព្រោះ​វា​មាន​ផល​ដល់​ការហូរ​ចេញ​នូវ​ហ្គ្រោ​ថ៍​អ័រម៉ូន ដូច្នេះ​ចូរ​រៀបចំ​អាហារ​ពេល​ល្ងាច​ឱ្យបាន​លឿន​ជាង​មុន តម​ពិធីជប់លៀង ឬ​អាហារ​ប៊ុ​ហ្វ​ហ្វេ​ពេលយប់ (ភ្លេចៗខ្លួន​ចុងខែ អាច​នៅសល់​លុយ​ទិញ​ខោ​ថ្មី​មួយ​ស្វា​គម​ន៏​ក្បាលពោះ​រាបស្មើ និង​ចង្កេះ​រួម​តូច​របស់​អ្នក បាន​ទៀតផង)។
    6. គ្រប់គ្រង​ការធ្វើការងារ​របស់​ប្រអប់មាត់​របស់​អ្នក នៅ​រាល់​ពេលបាយ…ការបរិភោគ​អាហារ​ពេលព្រឹក នឹង​ជួយ​គ្រប់គ្រង​ដល់​បរិមាណ​អាហារ​ក្នុងពេល​បន្ទាប់មកទៀត និង​គួរ​ជ្រើសរើស​បរិភោគ​អាហារ ឱ្យបាន​គ្រប់​ប្រភេទ​ក្រុម រៀងរាល់​ពេលបាយ បើសិនជា​អាចទៅរួច។
    7. កុំ​រវល់​តែ​ចាត់ការ​រឿង​ក្បាលពោះ​តែ​ម្យ៉ាង​នោះ អ្នក​ត្រូវ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ទូទាំង​រាងកាយ​ផងដែរ។ អ្នកជំនាញ​ខាង​លំ​ហាត់ប្រាណ​បំបាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​និយាយថា ការហាត់​ប្រាណ​ដោយ​សង្កត់ធ្ងន់​លើ​សាច់ដុំ​ភ្លៅ និង​ត្រគាក គឺជា​ការជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​យ៉ាង​ល្អ​បំផុត។
    8. មិនចាំបាច់​ពង្រឹង​សាច់ដុំ​ក្បាលពោះ​រាល់ថ្ងៃ​នោះទេ តែ​ចូរ​សាកល្បង​រៀបចំ​ប្រូ​ក្រាម ពង្រឹង​សាច់ដុំ​ក្បាលពោះ 2-3ឈុត ទុកជាមុន ក្នុង​រយៈពេល​ប្រមាណ 2ស​ប្តា​ហ៏។ ធ្វើ​ឆ្លាស់គ្នា​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​លើ​អវយវៈ​ដទៃទៀត ដោយ​ការហាត់​ដ៏​សមល្មម អាចធ្វើឱ្យ​សាច់ដុំ មាន​ពេលវេលា​ពង្រឹង​ខ្លួន​បាន​ខ្លះ ទើប​ប្រសើ​ជាង និង​ថែមទាំង​ធ្វើឱ្យ​សាច់ដុំ​ក្បាលពោះ​កើតឡើង បាន​លឿន​ទៀតផង។
    9. ចំណុចខ្សោយ ដែល​ធ្វើឱ្យ​កើតមាន​ក្បាល​ពោះធំ​ជានិច្ច​នោះ​គឺ អ្នក​ចូលចិត្ត​ឈរ​ខ្នង​កោង ធ្វើឱ្យ​សាច់​ក្បាលពោះ មើលទៅ​ក្លាយជា​គំនរ​ខ្លាញ់​គួរឱ្យ​ភ័យខ្លាច ទោះជា​មិន​ធាត់​ក៏ដោយ។ ការ​ឈរ​ខ្នង​ត្រង់ ពើងទ្រូង នឹង​ជួយ​ជំរុញ​សាច់ដុំ​ក្បាលពោះ​ឱ្យ​តឹង​រាល់​ពេលវេលា។ ចូរ​ហ្វឹកហាត់​ឈរ ដើរ និង​ហាត់ប្រាណ​ក្នុង​ឥរិយាបថ​ខ្នង​ត្រង់​ជានិច្ច នឹង​ធ្វើឱ្យ​អ្នកមាន​រាង​សង្ហា​តាំង​ពីលើ​ដល់​ក្រោម។
    10. ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ ដែល​គេ​និយម​ជាងគេ​បំផុត​នោះ គឺ​ក្បាច់​គេង​លើកជើង​ទាំង2 ផ្អឹប​គ្នា បណ្តែត​ជង្គង់ ងើប​ក្បាល ដែល​ហៅថា Abs Crunch with Leg Lift៕
  • ហេតុផល 10យ៉ាង ដែល​ក្មេង​ត្រូវតែ​អាន និង​ស្តាប់​រឿងព្រេង​និទាន

    ហេតុផល 10យ៉ាង ដែល​ក្មេង​ត្រូវតែ​អាន និង​ស្តាប់​រឿងព្រេង​និទាន

    1-រឿងនិទាន ជា​ថ្នាល​បណ្តុះ​សីលធម៌​នៅក្នុង​ជីវិត…ក្នុង​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា ជនជាតិ​បរទេស ក៏មាន​រឿងនិទាន​អប់រំ “អ៊ី​សុ​ប”(រឿងនិទាន​បែប​អប់រំ​ប្រៀនប្រដៅ)តាំងពី​ជាង 3ពាន់​ឆ្នាំ​មកហើយ ឯ​ជនជាតិខ្មែរ​យើង ក៏មាន​រឿងព្រេង​និទានចាស់ៗ ដែល​អប់រំ​ប្រៀនប្រដៅ​ពី​សីលធម៌​ជាច្រើន ដូចគ្នា​ដែរ។

    2-រឿងនិទាន​ធ្វើឱ្យ​កុមារ​មាន​អារម្មណ៍​ថា មិនមែនជា​ការបង្រៀន…ដូចជា​រឿង រាជ​សី​ហ៏ និង​សត្វ​កណ្តុរ ជាដើម គឺជា​ឧទាហរណ៍​យ៉ាងច្បាស់​លាស់​ក្នុងការ​រស់នៅ ដែល​យើង​ចូលចិត្ត​ប្រដៅក្មេងៗថា មនុស្ស​មាឌធំ ត្រូវ​ចេះ​ជួយ​មនុស្ស​មាឌតូច អ្នកមាន​ច្រើនជាង ត្រូវ​ជួយ​អ្នកមាន​តិចជាង តែ​រឿងនេះ​បាន​ប្រៀនប្រដៅ​ថា មនុស្ស​មាឌតូច ក៏ត្រូវ​ចេះ​ជួយ​យឹតយោង​មនុស្ស​មាឌធំ ក្នុង​លក្ខខណ្ឌ​ដែល​អាចជួយ​បាន​ផងដែរ។

    3-រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាង​នៅក្នុង​ជីវិត…មិនមែន​គ្រាន់តែ​ជាការ​ស្រមៃ មិនមែន​គ្រាន់តែ​ជាការ​នឹកឃើញ​ឡើយ តែ​ជា​រឿង​ពិត​ផ្ទាល់​របស់​ជីវិត។ រឿងនិទាន គឺជា​ស្ពាន​មួយ​សំខាន់​ណាស់ និង​ល្អ​ប្រពៃ​ណាស់ ដែល​មនុស្ស​ធំ ត​ភ្ជាប់​ទៅដល់​កុមារ ធ្វើឱ្យ​មនុស្ស​ធំ អាច​ចូលទៅ​នៅក្នុង​ចិត្ត​របស់​កុមារ​បាន​យ៉ាង​ប៉ិនប្រសប់។

    4-រឿងនិទាន​ជាច្រើន បាន​និយាយ​អំពី​ភាពជា​មនុស្ស​ថា…ត្រូវតែ​ធ្វើជា​មនុស្ស​រឹងប៉ឹង ត្រូវ​ធ្វើជា​អ្នក​នាំមុខ​ក្នុងការ​ដឹកនាំ​ជីវិត​ខ្លួនឯង និង​អ្នក​ឯទៀត ឆ្ពោះទៅរក​ជីវិត​ដែល​ល្អ​ប្រសើរឡើង ដូចជា​រឿង ខ្លាឃ្មុំ​ឈឺធ្មេញ បាន​បង្រៀន​យើង​ឱ្យដឹងថា បើ​បរិភោគ​អាហារ​ដែលមាន​ប្រ​យោ​ជ​ន៏ នឹងធ្វើ​ឱ្យមាន​សុខភាព​ល្អ ឬ​ដូចជា​រឿង “កូនដំរី​ចិត្តល្អ” បាន​បង្រៀន​ក្មេង​ឱ្យដឹងថា បើ​យើង​ជា​ក្មេង​ខូចខិល​អាក្រក់ យើង​នឹង​គ្មាន​មិត្តភក្តិ​ឡើយ។ សរុបទៅ​រឿងនិទាន​ទាំងអស់ សុទ្ធតែ​បង្រៀន​អំពី​សីលធម៌ និង​ចរិយា​ធម៌។

    5-រឿងនិទាន​ខ្លះ និយាយ​ពី​រឿង​វប្បធម៌ និង​ការរស់នៅ…ជាការ​បើកចំហ​ពិភព​នៃ​ការរៀន​យល់ដឹង​ដល់​កុមារ ធ្វើឱ្យ​កុមារ​ដឹងថា នៅទីណា គេ​មាន​វប្បធម៌​រស់នៅ របៀប​ម៉េច?

    6-ឧ​ទា​ហរ​ណ៏​នៃ​រឿង “ទន្សាយ​ផ្អើល​ផ្លែ​ព្នៅ”…សង្គម​បច្ចុប្បន្ន ជា​សង្គម​ផ្អើល​ផ្លែ​ព្នៅ មិនបាន​ទៅ​មើល​ចំណុចកើតហេតុ​ថា តើ​វា​មានរឿង​អ្វី​កើតឡើង​នោះទេ តែ​រត់​ទៅមុន​សិន ផ្អើល​ទៅមុន​សិន រងគ្រោះ​មុន​សិន រួច​បានមក​ប្រាប់​គ្នា​តាម​ក្រោយ។ រឿងនេះ វា​ស្ថិតនៅលើ​យើង អាច​យក​ឧ​ត្ត​ម​គតិ​របស់​រឿង មក​ប្រៀនប្រដៅ​ក្មេង បាន​ឬក៏​អត់?

    7-រឿងនិទាន​សាង​សម្ព័ន្ធភាព​នៅក្នុង​ក្រុមគ្រួសារ…ទោះជា​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ជី​វឹត​ប្រចាំថ្ងៃ បាន​សាង​នូវ​សម្ព័ន្ធភាព​ដ៏​ល្អ​បាន​មួយកម្រិត​ហើយ​មែន តែបើ​យើង​នៅមាន​សាច់រឿង ដែល​ស្តាប់ទៅ​រីករាយ មានពាក្យពីរោះៗ ដែល​វា​នឹង​អូសទាញ​ចិត្ត​កុមារ ក្នុងការ​ស្តាប់ និង​ជក់ចិត្ត​កាន់តែខ្លាំង​ឡើង​ទៀត។

    8-ឧបមា​ថា អ្នក​ម្តាយ​ម្នាក់​មានរឿង​និទាន “អ៊ី​សុ​ប” នៅក្នុង​ចិត្ត…គាត់​នឹង​បង្រៀន​កូន​បាន​គ្រប់​រឿង​ថា តើ​ត្រូវ​រស់នៅ​យ៉ាងម៉េច? ត្រូវ​ធ្វើខ្លួន​យ៉ាងម៉េច​ឱ្យមាន​វិន័យ? គឺអាច​និយាយ​រឿងនិទាន​បានជារឿយៗ មិនចាំបាច់​អង្គុយ​ប្រដៅ ម្តង​មួយ​ដំណាក់កាល​ឡើយ។

    9-ពេល​និយាយ​រឿងនិទាន កូន​នឹង​នៅ​នែបនិត្យ ជិត​អ្នក​ម្តាយ…មុនពេល​គេង គឺជា​អំឡុងពេល​ដ៏​អស្ចារ្យ​ណាស់ ព្រោះ​ជា​ពេលវេលាសប្បាយៗ ម្តាយ​បាន​និយាយ​ជាមួយ​កូន និទានរឿង ចាប់ដៃ​កូន អោប​កូន​ខណៈពេល​និទានរឿង ហើយ​កូន​នឹង​បានដឹងថា សេចក្តីស្រឡាញ់ ដែល​ម្តាយ​ផ្តល់ឱ្យ​នោះ វា​យ៉ាងម៉េច​ទៀតផង។

    10-ការនិយាយ​រឿងនិទាន គឺជា​ការ​សាង​សម្ព័ន្ធភាព​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុមគ្រួសារ…ជាការ​ចំណាយ​តិច តែ​បាន​ទទួលផល​ប្រ​យោ​ជ​ន៏​ខាង​បញ្ញា​ច្រើនណាស់ ដូច្នេះ​លោកឪពុក-អ្នក​ម្តាយ គួរ​ចំណាយពេល​និទានរឿង​ឱ្យ​កូន​ស្តាប់ ព្រោះ​អ្វីដែល​ទទួលបាន​នោះ វា​ច្រើន​លើសលប់​អស្ចារ្យ​ណាស់ ៕

     

  • ក្រុមហ៊ុន Rocket Lab អាមេរិក បរាជ័យ​ក្នុងកា​បាញ់​គ្រាប់​រ៉ុក្កែត បង្ហោះ​ផ្កាយរណប​ធុន​តូច ដាក់​ក្នុង​គន្លង​តារាវិថី

    ក្រុមហ៊ុន Rocket Lab អាមេរិក បរាជ័យ​ក្នុងកា​បាញ់​គ្រាប់​រ៉ុក្កែត បង្ហោះ​ផ្កាយរណប​ធុន​តូច ដាក់​ក្នុង​គន្លង​តារាវិថី

    Rocket Lab គឺជា​ក្រុមហ៊ុន​ឯកជន​មួយ របស់​សហរដ្ឋអាមេរិក ដែលមាន​ជំនាញ​ខាង​ផលិត​យានអវកាស និង​មាន​ទទួល​ផ្តល់​សេវាកម្ម​បង្ហោះ​ផ្កាយរណប​ធុន​តូច ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​រយៈកម្ពស់​ទាប។

    ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​សារព័ត៌មាន​បរទេស​នា​នា​ចុះផ្សាយ អំពី​ការបរាជ័យ​ក្នុង​បេសកកម្ម​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត Electron របស់ខ្លួន ដើម្បី​នាំយក​ផ្កាយរណប​ចំនួន 2គ្រឿង ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ឱ្យ​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត Blacksky កាលពី​ថ្ងៃ​សៅរ៍ ទី15 ឧសភា 2021 ចុង​សប្ដាហ៍​មុន បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​នោះ ត្រូវបាន​បាញ់​បង្ហោះ ចេញពី​កោះ​មួយ​នៅ​ប្រទេស​នី​វ​ហ្ស៊ី​លែ​ន​ដ៍។

    នៅក្នុង​វីដេអូ កំពុង​បំពេញបេសកកម្ម បានបង្ហាញ​យ៉ាងច្បាស់​ថា ក្នុង​ថេរវេលា​ត្រឹមតែ​ជាង 3នាទី គ្រាប់​រ៉ុក្កែត រត់​ដល់​ល្បឿន​ជាង 7ពាន់​គីឡូម៉ែត្រ​ក្នុង1ម៉ោង ព្រមទាំង​បាន​ដំណើការ ដល់​ដំណាក់កាល​ទី2 គឺ​ការ​ផ្តាច់ចេញ​នូវ​បំណែក(Load) ដំបូង​របស់​វា ភ្លាមៗនោះ​ក្រុមការងារ​របស់ Rocket Lab ស្រាប់តែ​លែង​ឮ​សំឡេង​ឈឹង និង​លែង​អាច​បញ្ជាការ​ទំនាក់ទំនង​ពី​គ្រាប់​រ៉ុក្កែត Electron បាន​ទាំងស្រុង​តែម្ដង។ គ្រាប់​រ៉ុក្កែត​នោះ បាន​ធ្លាក់ចូល​ទឹកសមុទ្រ តែ​មិន​បង្ក​ឱ្យ​ខូចខាត​សម្ភារ និង​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​ម្នា​ក់ឡើ​យ។

    យ៉ាងណាមិញ បន្ទាប់ពី​បរាជ័យ​ដ៏​ធំ​នេះ Rocket Lab បាន​បង្ហោះ​សារ សុំទោស​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម Twitter ថា៖ «ម៉ាស៊ីន​របស់​រ៉ុក្កែត Electron លែង​ដំណើរភ្លាមៗ ក្រោយពី​វា​បាន​ផ្តាច់​នូវ​បំណែក​Load ដំបូង​របស់​វា​រួច ហេតុដូចនេះ វា​មិនបាន​នាំយក​ផ្កាយរណប ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​បានឡើយ»៕

  • Guru និង Motorola ចាប់ដៃគ្នា ផលិត​បច្ចេកវិទ្យា mmWave សាក​ថ្ម​តាម​ខ្យល់ ឥត​ខ្សែ

    Guru និង Motorola ចាប់ដៃគ្នា ផលិត​បច្ចេកវិទ្យា mmWave សាក​ថ្ម​តាម​ខ្យល់ ឥត​ខ្សែ

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola កំពុងធ្វើការ​ជាមួយ GuRu ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ និង​សាក​ថ្ម​ដោយ​មិនចាំបាច់​ប៉ះ​ឧបករណ៍​ផ្ទាល់​ទៀតផង និយាយ​ឱ្យ​ងាយ​ស្ដាប់ គឺ​សាក​ថ្ម​ក្នុង​លម្ហ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង 1ម៉ែត្រ។

    GuRu Wireless Inc.គឺជា​ក្រុមហ៊ុន Innovation មួយ​បង្កើតឡើង​នៅ​ឆ្នាំ2017 មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ឥត​ខ្សែ។ ក្រុម​វិស្វករ​របស់​ពួកគេ​អាច​ផលិត​បាន​ឧបករណ៍ និង​រកឃើញ​ពី​របៀប​ធ្វើឱ្យ​ឧបករណ៍​ទាំងនោះ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ទៀតផង។

    អ្នកតំណាង​របស់ GuRu បាន​អះអាងថា បច្ចេកវិទ្យា​របស់​ពួកគេ RF Lensing technology មានលទ្ធភាព​អាចធ្វើឱ្យ​ឧបករណ៍​ក្នុង​ចម្ងាយ 9ម៉ែត្រ អាច​បញ្ជូន​ថាមពល​ថ្ម ទៅកាន់​ឧបករណ៍​ដទៃ​ដោយ​ប្រើ​បច្ចេកវិទ្យា mmWave។

    បច្ចេកវិទ្យា​នេះ ក្រៅពី​ប្រើ​សម្រាប់​សាក​ថ្ម​ទៅកាន់​ស្មា​ត​ហ្វូ​ន​ហើយ ក៏​អាច​ប្រើ ដើម្បី​ផ្គត់ផ្គង់​ថាមពល​ទៅកាន់​ទូរទស្សន៍ ដែលជា​ឧបករណ៍​មិន​ប្រើ​ថាមពល​ថ្ម​បាន​ផង​ផែរ។ ចំពោះ​ការប្រើប្រាស់​វិញ វា​មាន​ភាពងាយស្រួល​ណាស់ ដោយ​គ្រាន់តែ​បំពាក់​វា​លើ​ពិតាន រីឯ​ការ​ចែកចាយ​ថាមពល​ថ្ម គឺ​ដូចនឹង​ស្មា​ត​ហ្វូ​ន ដែល​ចាប់យក​សេវា Wi-Fi ដូច្នោះ​ដែរ។ ទោះយ៉ាងណា Motorola និង GuRu មិនបាន​បញ្ជាក់ថា បច្ចេកវិទ្យា​នេះ​នឹងត្រូវ​បញ្ចេញ​ទៅកាន់​ទីផ្សារ​នៅពេលណា​នៅឡើយ​ទេ។ ប៉ុន្ដែ​អ្នកជំនាញ​ឌីជីថល​បាន​ព្យាករ​ថា អ្នកប្រើប្រាស់​ប្រហែលជា​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ 2 ទៅ 3ឆ្នាំ​ទៀត មុន​ការស្រាវជ្រាវ​ផលិត​ត្រូវ​បញ្ចប់។

    បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ ត្រូវបាន​គេ​សង្កេតឃើញ​មាន​លើ​នៅលើ​ទីផ្សារ រយៈពេល 2-3ឆ្នាំ​មកហើយ ប៉ុន្តែ​វា​មិនទាន់​ងាយស្រួល 100%នៅឡើយ ដោយសារតែ​ការ​សាក​ថ្ម​ឥត​ខ្សែ នៅតែ​ត្រូវការ​ខ្សែ និង​ឧបករណ៍​ភ្ជាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​ដដែល វា​មិនអាច​សាក​ថ្ម​ពី​ចម្ងាយ​បានទេ។

    កន្លងមក ក៏​ធ្លាប់មាន​ក្រុមហ៊ុនផ្សេងៗ បានបង្ហាញ​មហិច្ឆតា​ផលិត​វា​ដែរ ដូចជា Xiaomi ប្រកាស Mi Air Charge កាលពី​ខែមករា និង Oppo ប្រកាស Wireless Air Charging កាលពី​ខែកុម្ភៈ ប៉ុន្ដែ​មិនមាន​ក្រុមហ៊ុន​ណាមួយ បញ្ចេញ​វា​មកកាន់​ទីផ្សារ​នៅឡើយ​ទេ៕

  • កាល់ស្យូម គឺជា​អ្វី ហេតុ​ម៉េច​បាន​សំខាន់​សម្រាប់​កូនតូច?

    កាល់ស្យូម គឺជា​អ្វី ហេតុ​ម៉េច​បាន​សំខាន់​សម្រាប់​កូនតូច?

    កុមារ​នៅក្នុង​អាយុ 1 – 3ឆ្នាំ គឺជា​វ័យ​មួយ​ដែលមាន​ការប្រែប្រួល និង​ការវិវឌ្ឍ​ខាង​រាងកាយ​ខ្លាំងណាស់ អ្វីដែល​យើង​ច្រើន​សង្កេតឃើញ​បាន​យ៉ាងច្បាស់​នោះ​គឺ ការវិវឌ្ឍ​ខាង​ផ្នែក​ការធ្វើ​ចលនា តាំងពី​ការ​វារ ឈរ ដើរ រហូត​ទៅដល់​អាច​រត់​បាន​យ៉ាង​ស្ទាត់ជំនាញ ហើយ​និង​ការប្រែប្រួល​ខាង​ការ​ញ៉ាំ ដែល​ការវិវឌ្ឍ​ខាង​ការ​ទំពា​លេប ក៏​ជា​អ្វីមួយ​ដែល​កូនតូច ត្រូវធ្វើ​ជាប្រចាំ​ក្នុង 1ថ្ងៃៗដែរ។ គ្រោង​សាង​រាងកាយ ដែលមាន​ចំណែក​សំខាន់​ក្នុងការ​បង្កើន​ដល់​ការធ្វើ​ចលនា និង​ការ​ទំពា​លេប​របស់​កូន ឱ្យធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ អវយវៈ​មួយ ដែលមាន​ឈ្មោះថា “ឆ្អឹង”  និង  “ធ្មេញ”  ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កូនតូច មាន​គ្រោង​សាង​របស់​ឆ្អឹង និង​ធ្មេញ​ដែល​រឹងមាំ​នោះ ទើប​សារធាតុ​អាហារ​ចាំបាច់​ដូចជា “កាល់ស្យូម” មាន​តួនាទី​យ៉ាងសំខាន់ ចំពោះ​រាងកាយ​ខ្លាំង​សម្បើម​ណាស់។

    “កាល់ស្យូម” គឺជា​សារធាតុ​អាហារ ប្រភេទ​អំបិល​រ៉ែ 1ប្រភេទ ដែលមាន​នៅក្នុង​រាងកាយ​ច្រើន​បំផុត ជាពិសេស​នៅក្នុង​ឆ្អឹង និង​ធ្មេញ អាច​និយាយបានថា ជា​កន្លែង​ប្រមូល​សន្សំ​កាល់ស្យូម ដែល​ធំជាងគេ​បំផុត​នៅក្នុង​រាងកាយ។ មុខនាទី​សំខាន់​របស់​កាល់ស្យូម​គឺ នាំយកមក​ប្រើប្រាស់​ក្នុងការ​សាង និង​ជួសជុល​ចំណែក​ដែល​សឹករេចរឹល​របស់​ឆ្អឹង និង​ធ្មេញ ក្រចកដៃ-ជើង និង​ស​សៃ​សក់​ឱ្យ​រឹងមាំ ក្រៅពីនេះ នៅមាន​ចំណែក​ជួយ​គ្រប់គ្រង​ការធ្វើការងារ​របស់​សាច់ដុំ ប្រព័ន្ធ​ប្រសាទ ការពង្រឹង​ខ្លួន​របស់​ឈាម ចង្វាក់​របស់​បេះដូង ការធ្វើការងារ​របស់​ប្រព័ន្ធ​ទឹក​រំលាយ​អាហារ ការ​បឺត​ជញ្ជក់​យក​វីតាមីន និង​ជំរុញ​ការបញ្ចេញ​របស់​អ័រម៉ូន។

    តើ​នឹង​ទៅជា​យ៉ាងណា…នៅពេល​កូនតូច​ខ្វះ​ជាតិ​កាល់ស្យូម?

    កុមារ​ដែល​ទទួលបាន​ជាតិ​កាល់ស្យូម មិន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ នឹងមាន​ផលប៉ះពាល់​ដល់​ភាព​រឹង និង​កម្រាស់ របស់​ឆ្អឹង​ទាំងមូល ធ្វើឱ្យ​កើត​ជំងឺ​ទន់​ឆ្អឹង ឬ​ឆ្អឹង​កោង-ង  ការវិវឌ្ឍ​ខាង​ផ្នែក​រាងកាយ ដូច​ជាការ​អង្គុយ វារ ដើរ នឹង​ដំណើរការ​លូតលាស់​ទៅមុខ យ៉ាង​យឺតយ៉ាវ។ ក្រៅពីនេះ គ្រោង​សាង​ឆ្អឹង​ដែល​ទន់ខ្សោយ នឹង​បង្ក​ឱ្យ​កើតមាន​ភាពខុសប្រក្រតី ខាង​រាងកាយ​បាន​ដូចជា ក្លាយជា​កុមារ​ជើង​កោង-ង និង​ខ្លួន​ទាប​តឿ​ខុស​ប្រក្រតី​ជាដើម។

    តើ​កាល់ស្យូម​នៅឯណា…រក​ញ៉ាំ​បាន​នៅទីណា?

    – ទឹកដោះ និង​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះ ដូចជា ឈី​ស ប៊័រ​រឹង ប៊័រ​ស្រស់ យ៉ា​អួ អៃ​ស្គ្រី​ម -ល-  ព្រោះ​ទឹកដោះស្រស់ គឺជា​ប្រភព​អាហារ​ដ៏​កំពូល ដែលមាន​កាល់ស្យូម​ច្រើន​បំផុត ដូច្នេះ​ទើប​ចាំបាច់​ខ្លាំងណាស់ ដែល​កុមារ​ត្រូវតែ​ញ៉ាំ​ទឹកដោះស្រស់ ឱ្យបាន​យ៉ាងហោចណាស់ 1ថ្ងៃ 2 កែវ។

    – គ្រាប់​ធញ្ញជាតិ គ្រាប់សណ្តែក​ស្ងួត និង​ផលិតផល ដែល​ធ្វើ​ពី​គ្រាប់សណ្តែក ដូចជា តៅហ៊ូ ទឹក​សណ្តែក​លឿង សៀង គ្រាប់ល្ង-ស ខ្មៅ គ្រាប់​សណ្តែកក្រហម-ខៀវ គ្រាប់​អាល់​ម៉ុ​ន គ្រាប់​ឈូក និង​គ្រាប់​ផ្កាឈូក​រត្ន​ជាដើម។

    – សាច់សត្វ​ដែល​ញ៉ាំ​ទាំងមូល ឬ​ទាំង​ឆ្អឹង ដូចជា ត្រីតូចៗ ក​ម្ពិ​ស បង្គា បង្គា​ក្រៀម ត្រីខកំប៉ុង។ល។

    – បន្លែ​ស្លឹក​បៃតង ដូចជា ខាត់ណា ស្ពៃចង្កឹះ ប្រូ​ក​ខូ​លី ស្លឹក​បាស ផ្លែ​ប្រពាយ សណ្តែក​ហោ​ឡាន់​តាវ ត្រប់ពុតលំញង។ល។

    នៅពេល​បានដឹង​បែបនេះហើយ សមាជិក​នៅក្នុង​គ្រួសារ​ទាំងអស់ សូមកុំ​ភ្លេច​បន្ថែម​ជាតិ​កាល់ស្យូម ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ឱ្យបាន​ជាប់​ជានិច្ច ព្រោះ​មិន​ថា ស្ថិតក្នុង​វ័យ​ណាក៏ដោយ ក៏​កាល់ស្យូម​នៅតែ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយ ដែល​ទាំង​កុមារ និង​មនុស្ស​ចាស់​នៅតែ​ចាំបាច់​ត្រូវតែ​ទទួលបាន ជា​រៀងរាល់ថ្ងៃ៕

  • មើម​រមៀត​ខាត់​ស្បែក ជម្រើស​ឆ្ពោះទៅរក​ស្បែក​ស្អាត​ស្រស់ថ្លា

    មើម​រមៀត​ខាត់​ស្បែក ជម្រើស​ឆ្ពោះទៅរក​ស្បែក​ស្អាត​ស្រស់ថ្លា

    រមៀត កំពូល​ឱសថ​បុរាណ ដែល​ជួយ​ថែបំប៉ន​រាងកាយ បាន​តាំងពី​ខាងក្នុង រហូតដល់​ខាងក្រៅ ជាពិសេស​ប្រើ​ក្នុងការ​ថែបំប៉ន​ស្បែក ដែល​មនុស្ស​បរម​បុរាណ​ភាគច្រើន នាំគ្នា​និយម​យក​មើម​រមៀត​ពណ៌​លឿង​ស្រស់ មក​លាប ដុសខាត់ និង​បំពោក​លើ​ស្បែក​ជាប្រចាំ ទាំងអស់នេះ ដោយសារតែ​មើម​រមៀត មានគុណ​ប្រយោជន៍ និង​វីតាមីន​ជាច្រើន​ប្រភេទ ដែល​ជួយ​ថែបំប៉ន​ស្បែក ឱ្យ​ស​ភ្លឺរលោង​ម៉ដ្ឋ​ថ្លា បាន​យ៉ាង​ល្អ​អស្ចារ្យ​ហ្នឹងឯង។ សម្រាប់​អ្នកណា​ដែល​ចង់បាន​ស្បែក​ស្អាត បែប​គ្មាន​សារធាតុ​គីមី​នោះ សូម​ប្រញាប់​មើលរូប​មន្ត​ស្បែក​ស្អាត​ភ្លឺរលោង ដោយសារ​មើម​រមៀត ដូចតទៅ៖

    រូបមន្ត​ស្បែក​ស្អាត ដោយ​រមៀត​ខាត់​ខ្លួន៖  អ្នក​គួរ​ជ្រើសរើស​ប្រើ​ម្សៅ​រមៀត​ដែល​នៅ​ថ្មី និង​ស្អាត ដើម្បី​ការពារ​ស្បែក​ពី​មេរោគ​ផ្សិត កម្ទេច​លំអងធូលី​ដីផ្សេងៗ ដែល​អាចធ្វើឱ្យ​ស្បែក កើតការ​រមាស់​ក្រហាយ​បាន។

    -ម្សៅ​រមៀត 1កូន​ពែង + ទឹកដោះគោ​ស្រស់ 3 / 4កូន​ពែង

    លាយ​ម្សៅ​រមៀត​ជាមួយ​ទឹកដោះគោ​ស្រស់​ឱ្យចូល​គ្នា ហើយ​យកមក​លាប​លើ​ស្បែក ខណៈពេល​ងូតទឹក ទុកចោល​ប្រមាណ 15 – 30នាទី។ រូបមន្ត​នេះ នារីៗយើង អាច​ធ្វើបាន​រាល់ថ្ងៃ និង​ថែមទាំង​អាច​លាប​បាន​ពេញ​ទាំង​ខ្លួនប្រាណ​ទៀតផង អ្នកណា​ចង់បាន​ស្បែក-ស​ស្អាត ស្រស់បស់ ត្រូវ​សាកល្បង​រូបមន្ត​នេះ ហើយនឹង​ចូលចិត្ត​រូបមន្ត​នេះ​ជាមិនខាន។

    -ម្សៅ​រមៀត 1កូន​ពែង + ទឹកឃ្មុំ 2ស្លាបព្រា​បាយ + អម្ពិល​ទំ កន្លះ​កូន​ពែង

    ត្រៀម​ចំណែក​ផ្សំ​ទាំងអស់​ឱ្យ​គ្រប់ ហើយ​លាយ​ឱ្យចូល​គ្នា​សព្វ បន្ទាប់ពីនោះ ទើប​យកមក​ធ្វើ​ម៉ាស្សាថ្នមៗ លើ​ស្បែក​ដែល​នៅ​សើម ឱ្យ​សព្វ រួច​ទុកចោល 10 – 15នាទី។  ធ្វើ 1សប្តាហ៍ 2ដង វា​នឹង​ជួយ​ស្តារ​ស្បែក ដែល​ខ្មៅ​ស្រគាំ ឱ្យ-ស​ភ្លឺ​ឡើងវិញ និង​ថែម​ទាំ​ជួយ​លុបបំបាត់​ស្នាម​អុច​ខ្មៅ​ឱ្យ​បាត់អស់​ទៀតផង។

    វា​ជា​ជម្រើស​មួយ ក្នុងចំណោម​ជម្រើស​នៃ​ការ​មាន​ស្បែក​ស្អាត ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មិនតិច​ឡើយ។ សរុបទៅ នរណា​ចង់បាន​ស្បែក​ស្អាត​ម៉ដ្ឋខៃ បែប​សន្សំសំចៃ​ប្រាក់ ថែមទាំង​មិនបាច់​មក​អង្គុយ​នឹក​កង្វល់​នឹង​រឿង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​នោះ ត្រូវ​ប្រញាប់​ទៅរក​ទិញ​ម្សៅ​រមៀត មក​ដុស​ខ្លួន​សាក-ល​មើល​ម្តង​ហើយ៕

  • វិធី​ផ្លុំ​សក់​ឱ្យ​ស្អាត និង​មិន​ខូច​សក់

    វិធី​ផ្លុំ​សក់​ឱ្យ​ស្អាត និង​មិន​ខូច​សក់

    បើ​និយាយ​ពី​រឿង​សក់​ក្បាល​វិញ ឧបករណ៍​ចាំបាច់​បំផុត ដែលនារីៗយើង​មិនអាច​ខ្វះ​បាន​នោះ​គឺ ប្រដាប់​ផ្លុំ​សក់ ព្រោះ​វា​ជា​ឧបករណ៍ ដែល​ជួយ​រៀបចំ​ទ្រង់ទ្រាយ​សក់ និង​សភាព​សក់​របស់​អ្នក​ឱ្យបាន​ស្អាត​ត្រឹមត្រូវ និង​ធ្លាក់​រំសាយ​ស្អាត បាន​តាមចិត្ត​ប្រាថ្នា​គ្រប់ពេលវេលា តែ​ទោះជា​បែប​ហ្នឹង​មែន​ក៏ដោយ ក៏​យើង​មិនអាច​បដិសេធ​បានឡើយ​ថា មានពេលខ្លះ​ការ​ផ្លុំ​សក់ ក៏​ធ្វើឱ្យ​អ្នក​មួម៉ៅ​បានដែរ ជាពិសេស​នៅពេល​សភាព​សក់ បន្ទាប់ពី​ផ្លុំ​រួច មិនបាន​ដូច​ចិត្ត​ប្រាថ្នា រហូតដល់​មាន​អ្នកខ្លះ ត្រូវយក​ទឹក​មក​លាប​សក់ ឱ្យ​សើម​ឡើងវិញ ហើយ​ផ្លុំ​ម្តងទៀត ក៏មានដែរ។

    វិធី​ផ្លុំ​សក់ ឱ្យបាន​ទ្រង់ទ្រាយ​ស្អាត និង​មិន​ខូច​សក់ មាន​ដូចតទៅ៖

    1. បែង​សក់​ជាស្រទាប់ៗជាមុនសិន មុននឹង​ផ្លុំ

    នារីៗជាច្រើន​នាក់ តែងតែ​ប្រើ​ប្រដាប់​ផ្លុំ​សក់ ផ្លុំ​ពីមុខ ពីក្រោយ ឆ្វេង-ស្តាំ ដោយ​មិនបាន​បែងចែក​សក់​ជាដំណាក់ៗឡើយ ធ្វើបែបនេះ លទ្ធផល​ដែល​ទទួលបាន គឺ​សក់​ក្បាល​ឡើង​សំពោង គ្មាន​របៀប និង​ពិបាក​សិត​ធ្វើ​ម៉ូដ។ ដូច្នេះ​ដើម្បី​កែ​បញ្ហា​នេះ អ្នក​គួរ​បែងចែក​សក់​ជាស្រទាប់ៗ មុននឹង​ផ្លុំ​ឱ្យ​ស្ងួត​ម្តងបន្តិចៗ នឹងធ្វើ​ឱ្យ​សក់​មាន​ទ្រង់ទ្រាយ​ស្អាត ហើយ​ធ្លាក់​ត្រង់​រំសាយ​ល្អ។

    1. ត្រូវ​អង្គុយ​ពេល​ផ្លុំ​សក់

    ចំណុច​នេះ ដូចជា​មិនមាន​ពាក់ព័ន្ធ​នឹង​សក់​ស្អាត ឬ​មិន​ស្អាត​បន្តិច​ណា​សោះ តែ​វា​ក៏មាន​ចំណែក​រួមមួយ យ៉ាង​មិន​គួរឱ្យ​ជឿ​ដែរ ព្រោះ​ការ​ស្ថិតក្នុង​ឥរិយាបថ​ដែល​មិន​ទំនង ដូចជា​ការ​ឈរ​ផ្លុំ​សក់​ជាដើម នឹងធ្វើ​ឱ្យ​អង្សា​របស់​ប្រដាប់​ផ្លុំ​សក់​នោះ​ប្រែប្រួល និង​ធ្វើឱ្យ​លទ្ធផល​ចេញមក មិនបាន​ដូច​ចិត្ត​ប្រាថ្នា​ប៉ុន្មាន​ឡើយ ដូច្នេះនារីៗយើង គួរ​អង្គុយ​ក្នុងស្ថានភាព​ណា ដែល​គិត​ស្រួលខ្លួន​បំផុត ដើម្បីឱ្យ​ងាយស្រួល​ក្នុង​ការចាប់​ប្រដាប់​ផ្លុំ​សក់ ដែល​នឹង​ធ្វើឱ្យ​អ្នក អាច​រៀបចំ​តែង​ទម្រង់​សក់ បាន​តាមចិត្ត​ត្រូវការ ថែមទាំង​មិន​ធ្វើឱ្យមាន​អារ​ម្ម​ណ៏​ចុក​រួយ​រាងកាយ​ទៀតផង។

    1. កាន់​ក្រាស​ធ្មេញ​មូល ដោយ​ដៃ​ខាង​ណា​ដែល​ថ្នឹក

    ខណៈពេលដែល​អ្នក​ផ្លុំ​សក់ ដើម្បីឱ្យ​សក់ត្រង់​ធ្លាក់​រំសាយ​នោះ អ្នក​ចាំបាច់​ត្រូវ​ប្រើ​ដៃ​ខាង​ណា ដែល​អ្នក​ថ្នឹក​កាន់​ក្រាស ដើម្បី​កំណត់​កន្លែង​ដែល​អ្នក​ចង់​ផ្លុំ តែបើ​អ្នក​កាន់​ក្រាស ដោយ​ដៃ​ខាង​ដែល​អ្នក​មិនសូវ​ថ្នឹក​នោះ អ្នក​ច្បាស់​ជា​មិនអាច​ប្រើប្រាស់​វា បានល្អ​ដូច​ចិត្ត​ចង់​ឡើយ ហេងស៊យ សក់​ក្បាល​របស់​អ្នក អាច​ឡើង​បះ​សំពោង​បាន​ផង​ក៏​មិនដឹង។

    1. កុំ​មួល​ក្រាស ខណៈពេល​សិតសក់​ផ្លុំ

    ទោះជា​ក្រាស​សម្រាប់​សិតសក់​ពេល​ផ្លុំ​នោះ មាន​រូបរាង​មូល​មែន តែ​ក្នុងពេល​ផ្លុំ​នោះ អ្នក​គួរ​កាន់​ក្រាស​ឱ្យ​នឹង​ដៃ ហើយ​សិត​រំ​កឹ​លវាសន្សឹមៗចុះ ព្រម​គ្នា​ជាមួយនឹង​ប្រដាប់​ផ្លុំ​សក់ តាំងពី​គល់​រហូតដល់​ចុង និង​គួរ​មួល​ក្រាស​បន្តិច ពេលមកដល់​ចុង​សក់ ដើម្បីឱ្យ​សក់​កោង​ស្អាត​ដូច​ធម្មជាតិ មិន​ត្រង់ភ្លឹង​ជ្រុល​ពេក។

    1. កុំ​សិត​ទាញខ្លាំងៗខណៈពេល​ផ្លុំ

    ព្រោះ​លទ្ធផល ដែល​ទទួលបាន គឺ​សក់​មិន​រាបស្មើ ហើយ​ត្រង់ភ្លឹង​ដូច​បន្ទាត់ មិន​ស្អាត​ដូច​ធម្មជាតិ ក្រៅពីនោះ នៅ​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ឃើញ​ធំ​ឡើង​ទៀតផង។

    1. កុំ​យក​ប្រដាប់​ផ្លុំ សង្កត់​លើស​ក់ ឬ​ភ្ជង់​ផ្អឹប​លើស​សៃ​សក់ខ្លាំងៗពេក

    ចំណុច​នេះ ច្រើនតែ​ត្រូវ​ប្រតិបត្តិ ដំណាលគ្នា​នឹង​ការ​សិត​ទាញ​សក់​ចុះខ្លាំងៗ តែ​វា​មិនមែនជា​រឿង​ល្អ​ទេ ព្រោះ​ក្រៅពី​កម្ដៅ ធ្វើឱ្យ​សក់​ខូច​ហើយ នៅ​ធ្វើឱ្យ​សរសៃសក់ សំប៉ែត​រាប​ទៀតផង ដូច្នេះនារីៗយើង​ត្រូវ​ប្រយ័ត្ន​ចំណុច​នេះ​ឱ្យ​មែនទែន។

    1. មុន​ផ្លុំ គួររៀបចំ​ទ្រង់ទ្រាយ​សក់ ឱ្យបាន​ស្អាត​ជាមុនសិន

    រួចហើយ​សឹម​យក​ប្រដាប់​ផ្លុំ មក​ផ្លុំ​លើ​សក់​យ៉ាងសន្សឹមៗ ដោយ​ប្រយ័ត្ន​កុំឱ្យ​ខូច​ទ្រង់ទ្រាយ​សក់​ដែល​បានរៀបចំ​ទុក​ហើយ​នោះ។

    1. កុំ​ភ្ជង់​ផ្លុំ តែមួយ​កន្លែង

    ការ​ផ្លុំ​សក់​ដែល​ល្អ គួរ​ផ្លុំ​ដោយ​បង្អូស តាំងពី​គល់​ទៅដល់​ចុង​សក់ ដោយ​រំកិល​ប្រដាប់​ផ្លុំ​ឱ្យ​បានជា​បន្តបន្ទាប់ ព្រោះ​វា​ធ្វើឱ្យ​សក់​មិន​ខូច និង​មើលទៅ​ស្អាត​ដូច​ធម្មជាតិ ខ្លាំង​ជាង​ការភ្ជង់​ផ្លុំ​តែមួយ​កន្លែង។

    1. កុំ​ផ្លុំ​សក់​លឿន​ជ្រុល​ពេក

    នារីៗជាច្រើន ពេល​ប្រញាប់ ច្រើនតែ​ប្រញាប់​ផ្លុំ​បែប​ឱ្យតែរួចៗ ដោយ​កាន់​ផ្លុំ​តែមួយ​កន្លែង ឬ​រលាស់​ទៅមក​ពេញ​សក់ ដែល​ការ​ផ្លុំ​បែបនេះ គ្មាន​ទទួលបាន​ផល​ល្អ​បន្តិច​ណា​ឡើយ។ អ្វីដែល​អ្នកទទួលបាន​នោះ​គឺ សក់​ដែល​ស្ងួត​តែប៉ុណ្ណោះ ហើយ​វា​នឹង​ចង្អុល​ចុះ​ត្រង់ភ្លឹង គ្មាន​ទ្រង់ទ្រាយ។ ដូច្នេះ​បើនារីៗចង់បាន​សក់​ដែល​ស្រស់ស្អាត​ល្អ​នោះ ត្រូវធ្វើ​ចិត្ត​ឱ្យត្រជាក់ៗបន្តិច កាន់​ប្រដាប់​ផ្លុំ​សក់ ក្នុង​កម្ពស់​ដែល​សមល្មម ហើយ​រំ​កឹ​ល​ផ្លុំសន្សឹមៗ ទៅតាម​ស្រទាប់​សក់​មួយដំណាក់ៗវិញ ល្អ​ជាង។

    1. មិនគួរ​ផ្លុំ​យកបែប​ស្ងួតល្មមៗឡើយ

    ឬ​ហៅ​បែបងាយៗថា ផ្លុំ​សក់​មិនទាន់រួច ដោយ​ទុកឱ្យ​សក់​នៅ​សើម ហើយ​ដើរ​ចេញពីផ្ទះ​ទៅ​យ៉ាង​សប្បាយចិត្ត។ ប្រាកដ​ណាស់​ថា ពេលដែល​សក់​នៅ​សើម អ្នក​អាច​គិតថា វា​ស្អាត និង​មើលទៅ​ឃើញ​រៀបរយ​ល្អ តែ​ពេលណា​ដែល​វា​ស្ងួត​វិញ​នោះ វា​ច្បាស់​ជា​ចង្អុល​ត្រង់ភ្លឹង​មិន​ខាន ដូច្នេះ​មុន​ចេញពីផ្ទះ​គ្រប់ពេល សុំឱ្យ​ច្បាស់​នៅក្នុង​ចិត្ត​ខ្លួនឯង​ថា បាន​ផ្លុំ​សក់​ស្ងួត​ល្អ​ត្រឹមត្រូវ​ហើយ នោះ​ទើប​វា​ប្រសើរ​ជាង៕