Author: ធឿន មករា

  • តើត្រូវគេងប៉ុន្មានម៉ោង ទើប “សមល្មម” នឹង “អាយុ”?

    តើត្រូវគេងប៉ុន្មានម៉ោង ទើប “សមល្មម” នឹង “អាយុ”?

    តើលោកអ្នកមានអារម្មណ៍ដូចគ្នាដែរឬទេ? រឹតតែអាយុច្រើន រឹតតែគេងបានតិច តែថ្ងៃណាដែលគេងច្រើនវិញ ក៏អាចនឹងមិនមែនមានអារម្មណ៍ស្រស់ថ្លា100ភាគរយជានិច្ចនោះដែរ។ នេះគឺដោយសារតែនៅពេលយើងធំឡើង រយៈពេលក្នុងការគេងលក់របស់យើងក៏ប្រែប្រួលទៅតាមអាយុរបស់យើងដែរ។ តើអាយុប៉ុន្មាន គួរគេងប៉ុន្មានម៉ោងទើបអាចហៅបានថា គេងបានគ្រប់គ្រាន់? យើងនាំគ្នាមកមើលទាំងអស់គ្នា…។

    មូលនិធីការគេងលក់ ក្នុងប្រទេសអាមេរិកបានបញ្ជាក់អំពីរយៈពេលនៃការគេងលក់ដែលសមល្មម ដែលបែងចែកទៅតាមអាយុដូចតទៅ ៈ

    – ទារកកើតដំបូង(អាយុ 0 – 3ខែ) គួរគេង 14 – 17ម៉ោងក្នុងមួយថ្ងៃ។

    – ទារក(អាយុ 4 – 11ខែ) គួរគេង 12 – 15ម៉ោង។

    – ក្មេង(អាយុ 1 – 2ឆ្នាំ) គួរគេង 11 – 14ម៉ោង។

    – វ័យមត្តេយ្យ(អាយុ 3 – 5ឆ្នាំ) គួរគេង 10 – 13ម៉ោង។

    – វ័យបឋម(អាយុ 6 – 13ឆ្នាំ) គួរគេង 9 – 11ម៉ោង។

    – វ័យមធ្យម(អាយុ 14 – 17ឆ្នាំ) គួរគេង 8 – 10ម៉ោង។

    – វ័យកំលោះ-ក្រមុំ(អាយុ 18 – 25ឆ្នាំ) គួរគេង 7 – 9ម៉ោង។

    – វ័យធ្វើការ(អាយុ 26 – 64ឆ្នាំ) គួរគេង 7 – 9ម៉ោង ស្មើនឹងពេលវ័យកំលោះ-ក្រមុំ។

    – វ័យជរា(អាយុ 65 ឡើងទៅ) គួរគេង 7 – 8ម៉ោង។

    ទាំងអស់នេះគឺជារយៈពេលគេងដែលអ្នកជំនាញណែនាំថា នឹងល្អចំពោះរាងកាយខ្លាំងបំផុត តែក៏អាចបូក ឬលុប 1ម៉ោងបានខ្លះដែរក្នុងករណីខ្លះ ដូចជាក្នុងវ័យកំលោះ-ក្រមុំ ឬវ័យធ្វើការអាចគេង 6 ឬ10ម៉ោងបានដោយមិនមានន័យថា គេងតិច ឬច្រើនជ្រុលពេកនោះឡើយ។

    យើងនឹងមើលឃើញថា អ្វីដែលយើងធ្លាប់បានរៀនមកកាលពីមុនថា គេងបាន 6 – 8ម៉ោងនឹងគ្រប់គ្រាន់ហើយនោះ ការពិតទៅ អ្នកដែលគេងបានតិចជាង 6ម៉ោងញឹកញាប់ អាចនឹងក្លាយជារឿងដែលថា គេងមិនបានគ្រប់គ្រាន់ ព្រោះរឹតតែគេងមិនបានគ្រប់គ្រាន់ជាប់ៗគ្នាយូរៗទៅ អាចនឹងហុចផលមិនល្អដល់សុខភាពក្នុងរយៈពេលវែងបាន៕

  • នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ

    – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។

    – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។

    – អាការទល់លាមក ឬអាចកើតឫសដូងបាត។

    – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។

    – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។

    – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ឃ្លានញឹកញាប់។

    – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។

    – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។

    – កើតមានស្នាមជាំនៅលើជើង។

    – ជីពចរដើរញាប់ជាងមុន។

    – ចាប់ផ្ដើមមានអាការឈឺខ្នង។

    – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។

    – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។

    – អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗ តែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៈ

    – ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    – ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    – ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងគភ៌។

    – ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។

    – កម្ពស់ចុងកំពូលរបស់ស្បូន។

    – អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    – ពិនិត្យរកមើលជំងឺរលាកថ្លើម។

    – អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលាទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗ មិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ និងវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ញ៉ាំប្រូតេអ៊ីនគ្រប់ពេលអាហារ ញ៉ាំឱ្យបានញឹកញាប់ឡើង ឬញ៉ាំអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងធ្លាក់ចុះទាបខ្លាំងពេក។

    2 . ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ និងបើរកឃើញថាមានឆ្លងមេរោគត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3 . ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពរកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង 10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាចដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4 . ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោត វាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕

  • 3 តិចនិកក្នុងការជ្រើសរើសគ្រឿងសង្ហារិម តុបតែងបន្ទប់ខ្នាតតូច

    3 តិចនិកក្នុងការជ្រើសរើសគ្រឿងសង្ហារិម តុបតែងបន្ទប់ខ្នាតតូច

    ប្រាកដណាស់ថា ការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច ហាក់ដូចជារាងពិបាក និងច្រើនតែមានបញ្ហាតាមក្រោយជានិច្ច ព្រោះនៅពេលដល់វេលាដែលត្រូវការរៀបចំចាត់ចែងទីកន្លែងដែលមានផ្ទៃតូចចង្អៀតនោះ វាច្រើនតែមានចំណុចត្រូវប្រយ័ត្ន និងជម្រើសដែលមានកំណត់នៅក្នុងនោះដែរ។ រឹតតែបន្ទប់តូចខ្លាំងប៉ុនណា ការរៀបចំចាត់ចែងរកវត្ថុដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងការរស់នៅឱ្យបានគ្រប់សព្វ វារឹតតែពិបាកខ្លាំងឡើងប៉ុននោះដែរ ជាពិសេសបំផុត ការជ្រើសរើសគ្រឿងសង្ហារិម(តុ ទូ កៅអី-ល-)តែម្ដង។ តើអ្នកដឹងទេថា បញ្ហាអ្វីដែលជួបប្រទះច្រើនបំផុតក្នុងការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច?។

    បញ្ហាដែលតែងជួបញឹកញាប់បំផុតនោះគឺ លោកអ្នកច្រើនតែទិញគ្រឿងសង្ហារិម និងរបស់តុបតែងដែលតូចៗជ្រុលពេកសម្រាប់បន្ទប់។ ស្ដាប់មើលទៅអាចសមហេតុសមផលដែរថា បន្ទប់ដែលមានទំហំតូច ក៏គួរតែប្រើរបស់របរខ្នាតតូចបែបហ្នឹងហើយ ដើម្បីសន្សំទីកន្លែង តែនៅពេលសាកល្បងរៀបចំហើយ លទ្ធផលដែលចេញមកបែរជាមិនសូវជាល្អមើលសោះ។ បន្ទប់ដែលរៀបចំតុបតែងដោយគ្រឿងសង្ហារិមតូចៗ មើលទៅរាងដូចជាអត្តខាត់ មើលទៅនៅឯនោះបន្តិច នៅឯនេះបន្តិច មិនសូវជាសុខស្រួល និងមើលទៅដូចជាខ្វះអ្វីម្យ៉ាងរហូត ដូច្នេះហើយទើបផ្នត់គំនិតនេះជាអ្វីដែលមនុស្សជាច្រើនតែងខុសគិតខុសឆ្គងច្រើនបំផុតនៅពេលតុបតែងបន្ទប់ដោយខ្លួនឯង។ បើចង់ដឹងវិធីកែបញ្ហានេះ ចូរកុំខកខានជាមួយនឹង 3វិធីកែបញ្ហាដូចខាងក្រោមនេះ…។

    វិធីទី 1 ប្រើច្បាប់ 2/3

    ការស្មានពីទំហំគ្រឿងសង្ហារិមដែលនឹងយកចូលមកតុបតែងក្នុងបន្ទប់ឱ្យត្រូវម៉ាច់ៗនោះប្រហែលជារឿងពិបាកណាស់ តែអ្វីដែលលោកអ្នកធ្វើបាន គឺការវាស់ទំហំ ព្រោះតូលេខមិនដែលកុហកយើងទេ ដោយអាចនឹងចាប់ផ្ដើមពីគ្រឿងសង្ហារិមធំៗជាមុន ដូចជា

    កៅអីសាឡុង ឬគ្រែគេង ដោយកំណត់ឱ្យវាធំប្រមាណជា 2ភាគ3នៃជញ្ជាំងបន្ទប់ ចំណែកតុអង្គុយញ៉ាំកាហ្វេក៏ឱ្យធំប៉ុន 2ភាគ3នៃទំហំកៅអីសាឡុងបន្តបន្ទាប់គ្នាទៅ។

    វិធីទី 2 ជ្រើសរើសប្រើគ្រឿងសង្ហារិមដែលអាចសាងទិដ្ឋភាពបានច្រើនយ៉ាង

    ខាងក្នុងបន្ទប់ដែលបែងចែកទិដ្ឋភាពឱ្យបានច្រើនយ៉ាងនឹងជួយសាងតុល្យភាពបានច្រើនឡើង ដោយព្យាយាមលៃលកដាក់គ្រឿងសង្ហារិមបែបផ្សេងៗលាយឡំគ្នាដើម្បីសាងភាពសមល្មម និងដាស់តឿនខ្លួនឯងជានិច្ចថា ចៀសវាងការប្រើគ្រឿងសង្ហារិមដូចៗគ្នានៅក្នុងបន្ទប់ ព្រោះនឹងមើលទៅឃើញហាក់ដូចជាចង្អៀត។

    វិធីទី 3 ជឿលើសញ្ជាតិញ្ញាណរបស់ខ្លួនឯង

    កុំខ្លាចការកែសម្រួលតុបតែង ដកចេញ ឬបន្ថែមគ្រឿងសង្ហារិមផ្សេងៗចូលមកក្នុងបន្ទប់ ព្រោះទីធ្លាស្នាក់អាស្រ័យគួរតែជាកន្លែងដែលលោកអ្នកសប្បាយចិត្តខ្លាំងបំផុត។ ការសម្លឹងមើលហើយហាក់ដូចជាមិនទាន់ត្រូវចិត្ត អាចរាប់បានថាជាហេតុផលដែលច្រើនគ្រប់គ្រាន់ហើយសម្រាប់ការផ្លាស់ប្ដូរ។ ការកែសម្រួលឡេយ៍អៅត៍របស់បន្ទប់ ពេលខ្លះក៏អាចសាងភាពខុសប្លែកខ្លាំងជាងអ្វីដែលយើងគិតទៅទៀត។ កុំនឿយហត់ក្នុងការសាកល្បង និងស្វែងរកអ្វីដែលស័ក្តិសមនឹងខ្លួនឯងឱ្យបានច្រើនបំផុត៕

  • ចិន និង​កូរ៉េ​ខាង​ត្បួ​ង បង្អួត​បច្ចេកវិទ្យា​ផ្ទាំង​ពាណិជ្ជកម្ម 3D មា​នស​ភាពរស់រវើក គួរឱ្យ​សរសើរ!

    ចិន និង​កូរ៉េ​ខាង​ត្បួ​ង បង្អួត​បច្ចេកវិទ្យា​ផ្ទាំង​ពាណិជ្ជកម្ម 3D មា​នស​ភាពរស់រវើក គួរឱ្យ​សរសើរ!

    Samsung និង LG Electronics ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​ទាំង2 នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ឈានមុខ​គេ ផ្នែក​ផលិត​បន្ទះ​អេក្រង់ OLED ល្អឥតខ្ចោះ ព្រមទាំង​មាន​ទំហំ​ដ៏​ច្រើន​មហិមា និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទៀតផង។

    តែ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ ផ្ទាំង​ពាណិជ្ជកម្ម​បំពាក់​បច្ចេកវិទ្យា 3D ដែលមាន​ស​ភាពរស់រវើក គួរឱ្យ​កោតសរសើរ នៅ​ស្ទើរតែ​គ្រប់​អគារខ្ពស់ៗទាំង​ង​ស់ ក្នុង​ទីក្រុង​ស៊េ​អូ​ល ប្រទេស​កូរ៉េខាងត្បូង។ ជាមួយគ្នា​នោះ នៅក្នុង​ទីក្រុង​បច្ចេកវិទ្យា​ទំនើប​ជាងគេ​របស់​ប្រទេស​ចិន គឺ​ទីក្រុង Shenzhen  ក៏​បាននិងកំពុង​ដំឡើង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម 3D ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ថ្មី​របស់ខ្លួន​ផងដែរ។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Galaxy A72 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់

    Galaxy A72 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់

    ថ្មីៗនេះ សារព័ត៌មាន​កូរ៉េខាងត្បូង និង​រូបភាពច្បាស់ៗនានា បានបង្ហាញ​ពី​បំណង របស់​ក្រុមហ៊ុន Samsung ដែល​ត្រៀម​នឹង​ប្រកាស Galaxy A72 ឱ្យ​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត​ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់។

    A72 មាន​រាង​តូច​ច្រឡឹង ដែលជា​បងប្អូន​នឹង A71 នេះ​ផងដែរ  អាច​នឹង​បំពាក់​មក​ជាមួយនឹង​លក្ខណសម្បត្តិ​កាមេរ៉ា5 ដែលមាន​តួនាទីផ្សេងៗគ្នា ដូចជា កាមេរ៉ា​មេ​ទំហំ 64MP, កាមេរ៉ា Ultrawide ទំហំ 12MP, កាមេរ៉ា Telephoto ទំហំ 8MP អាច Zoom Optcial 3X, កាមេរ៉ា Macro ទំហំ 5MP និង​កាមេរ៉ា​សម្រាប់​ថតរូប Portrait ទំហំ 5MP។

    ប្រភពព័ត៌មាន​ដដែល​បាន​លើកឡើងថា ស្មា​ត​ហ្វូ​ន​ថ្មី​នៃ​ត្រកូល Galaxy A ជារឿយៗ គឺ​តែងតែ​ប្រកាស​ចេញ​នៅ​អំឡុង​ខែធ្នូ ដូច្នេះ​លក្ខណសម្បត្តិ​លម្អិត​ផ្សេងទៀត​របស់ Galaxy A72  គេ​អាច​នឹង​ដឹង​នៅ​ចុងឆ្នាំ2020 នេះ៕

  • ល្អាងស្អាតបំផុតលើពិភពលោក 9 កន្លែង ត្រូវតែទៅឱ្យបានម្ដងមួយជីវិតនេះ!

    ល្អាងស្អាតបំផុតលើពិភពលោក 9 កន្លែង ត្រូវតែទៅឱ្យបានម្ដងមួយជីវិតនេះ!

    សម្រាប់អ្នកទេសចរវិញ មិនថាតែឡើងភ្នំ ឬចុះទឹកនោះទេ ពួកគេអាចទៅបានគ្រប់ទីកន្លែងគ្មានខ្លាចញញើតអ្វីទាំងអស់ រឹតតែជាអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិដែលស្រស់ស្អាត និងចម្លែកភ្នែកផងនោះ ឡារ៉ែនសូមទាយថា 14 ល្អាងធម្មជាតិដែលយើងនឹងនាំយកមកជូនទស្សនានៅពេលនេះ ច្បាស់ជាធ្វើឱ្យបេះដូងរបស់ពួកគេញ័ររញ្ជួយយ៉ាងពិតប្រាកដ។

    1 . ល្អាងទឹកកក(Ice Cave) ប្រទេស Iceland

    ឬឈ្មោះមួយទៀតហៅថា ល្អាងគ្រីស្តាល់ ជាល្អាងដែលកើតឡើងនៅក្នុងបឹងទឹកកកទឹកសាប ដែលស្ថិតនៅក្នុងតំបន់ ស្កាហ្វតាហ្វេល(Skaftafell)ជាល្អាងមួយក្នុងចំណោមល្អាងទឹកកកដែលស្អាតបំផុតក្នុងពិភពលោក និងល្បីឈ្មោះបំផុត។

    2 . ល្អាង បាទូ(Batu Caves) ប្រទេស ម៉ាឡេស៊ី

    ល្អាងថ្មកំបោរ បាទូ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុង កួឡាឡាំពួ ដែលក្រៅពីជានិមិត្តសញ្ញារបស់រដ្ឋ សាឡាំងង៉រ ហើយនោះ ទីកន្លែងមួយនេះថែមទាំងជាវត្តអារាម និងជាកន្លែងប្រតិបត្តិពិធីខាងសាសនាហ៊ីនឌូ និងថែមទាំងបានទទួលការពេញនិយមពីបណ្ដាអ្នកទេសចរទូទាំងពិភពលោកទៀតផង។

    3 . ល្អាងគ្រីស្តាល់(Cave of the Crystals) ប្រទេស ម៉ិកស៊ិក

    ស្ថិតនៅក្នុងខេត្ត ណៃកា ភាគខាងជើងនៃប្រទេស ម៉ិកស៊ិក។ នៅខាងក្នុងល្អាង ត្រូវបានគេរកឃើញកំណករ៉ែ យីបសាំ ដ៏ធំអស្ចារ្យដែលកើតឡើងពីសារធាតុរ៉ែដែលរលាយដោយសារទឹកក្ដៅដែលមកពីបណ្ដុំថ្មស្អិត ម៉ែកម៉ា ដែលនៅខាងក្រោម ជ្រៅទៅក្រោមដីជម្រៅជាង 300ម៉ែត្រ។

    4 . ល្អាងទឹកកក ក្បែរភ្នំភ្លើង(The Mutnovsky) ប្រទេសរុស្ស៊ី

    ដោយសារតែល្អាងទឹកកកនេះស្ថិតនៅក្បែរភ្នំភ្លើង Mutnovsky ទើបធ្វើឱ្យកើតមានការផ្ដុំគ្នារបស់ទឹកកកកើតចេញជាក្បូរក្បាច់ និងធ្វើឱ្យទីកន្លែងនេះក្លាយជាល្អាងទឹកកកដែលមើលទៅស្អាតប្លែកភ្នែកបំផុត។

    5 . ល្អាង Blue Cave ប្រទេស ក្រូអាស៊ី

    ឬមានឈ្មោះមួយទៀតថា Modra Spilja ស្ថិតនៅក្នុងឈូងសមុទ្រ Balun របស់កោះ Bisevo។ ភាពពិសេសរបស់ល្អាងមួយនេះគឺ បាតុភូតឆ្លុះពន្លឺពណ៌ផ្ទៃមេឃខៀវដែលកើតឡើងក្នុងចន្លោះម៉ោង 11.00 – 12.00 ដោយសារតែពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះថ្មកំបោរមករហូតកើតចេញជាពន្លឺពណ៌ផ្ទៃមេឃខៀវឡើងហ្នឹងឯង។

    6 . ល្អាង សុន ទុង(Son Doong)ល្អាងដែលធំបំផុតក្នុងពិភពលោក នៅប្រទេសវៀតណាម

    ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ហ្វុងយ៉ា-គែបាង ស្រុក បូចាក់ ខេត្ត កួងប៊ីន(Quang Binh) គេល្បីថា ជាល្អាងដែលមានភាពលំបាកបំផុត ព្រោះអ្នកទេសចរដែលទៅទីនោះត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងមានភាពក្លាហានហ៊ានប្រថុយប្រថានខ្លាំងទើបអាចចូលទៅទស្សនាបាន។

    7 . ល្អាង ហ្វ៊ីងហ្កាលស៍(Fingals Cave) ប្រទេស ស្កត់លែនដ៍

    ជាល្អាងដែលស្ថិតនៅក្នុងសមុទ្រ លើកោះស្តាហ្វហ្វា ខាងក្រៅឆ្នេរទិសខាងលិចរបស់ប្រទេស ស្កុតលែនដ៍។ កោះនេះមានឈ្មោះល្បីល្បាញរឿងកំណប់បុរាណ ក្នុងល្អាងមានថ្ម បៈសូលរូបរាងបួនជ្រុង មានប្រវែងខាងក្នុង 70ម៉ែត្រ និងផ្នែកខាងមុខល្អាងមានកម្ពស់ស្មើអាគារ 6ជាន់ឯណោះ។

    8 . ល្អាងថ្លើមថ្ម(Cavernas De Marmol) ប្រទេស ឈីលី

    ជាល្អាងដែលកើតឡើងពីចរន្តទឹកហូរដែលច្រោះដាច់រយៈពេលរាប់លានឆ្នាំ រហូតដល់ភ្នំថ្លើមថ្មកើតចេញជាគ្រោងល្អាងថ្លើមថ្មដ៏សែនស្រស់ស្អាតនេះឡើង។ ល្អាងនេះស្ថិតនៅក្នុងតំបន់បឹងទឹកសាប ការេរ៉ា នៅខាងក្នុងល្អាងនោះពេញទៅដោយទឹកថ្លាឈ្វេងស្អាតបរិសុទ្ធ ចាំងឆ្លុះពន្លឺពីផ្ទៃមេឃប៉ះនឹងផ្ទៃទឹករបស់បឹងទឹកសាបដ៏ធំបំផុតលំដាប់លេខពីររបស់ទ្វីបអាមេរិកខាងត្បូង។

    9 . ល្អាង ផូស្តូតណា(Postojna Cave) ប្រទេស ស្លូវេនៀ

    ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ផូស្តូតណា ជាល្អាងដែលស្អាតបំផុតក្នុងទ្វីបអឺរ៉ុប មានអាយុចំណាស់ជាង 2លានឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ 1884 មកម្ល៉េះ។ នៅខាងក្នុងល្អាងមានទាំងថ្មដុះឡើង និងថ្មដុះធ្លាក់សំយ៉ុង ខ្សែទឹកហូរ អាងទំនប់ទឹក និងថែមទាំងមាន ត្រីមនុស្ស(Human Fish)ឬ Olm វត្ថុមានជីវិតខ្នាតតូច មានសម្បុរស្បែកស្រដៀងមនុស្ស តែដងខ្លួនវែងស្រ ដៀងសត្វពស់ មានដៃ និងជើង ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ​1768៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែនទាំងអស់គ្នា។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបីពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជាចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេា និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…” កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួន មើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា

    តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង និងដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

    សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ជាដើម។

    លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

  • សហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុនក្នុងការបង់ប្រាក់ទៅឱ្យពួកក្រុមអ្នកវាយប្រហារ (Ransomware)

    សហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុនក្នុងការបង់ប្រាក់ទៅឱ្យពួកក្រុមអ្នកវាយប្រហារ (Ransomware)

    ការវាយប្រហារ​តាមរយៈ Ransomware គឺជា​ដំណើរការ​ជ្រៀតចូល និង​ធ្វើការ​អុ​ី​ន​គ្រីប​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ក្រុមហ៊ុន ឬ​បុគ្គល​ជា​ថ្នូរ​នឹង​ការទទួលបាន​លេខ​កូដ​ដើម្បី​បើក​ទិន្នន័យ​ទាំងនោះ​វិញ​បាន។

    ការវាយប្រហារ​តាមរយៈ​អុ​ី​ន​គ្រីប​ទិន្នន័យ​ដើម្បី​ទាមទារ​ប្រាក់​មានការ​កើនឡើង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេសផ្សេងៗមួយចំនួនទៀត ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែលនាំឱ្យ​មាន​មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ប្រើ​កុំព្យូទ័រ​ដើម្បី​ប្រកបមុខរបរ និង​ការងារផ្សេង។ ដោយ​ឃើញ​ពី​គុណវិបត្តិ​នេះហើយ ទើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ រតនាគារ​សហរដ្ឋអាមេរិក​បានប្រកាសថា រាល់​ការសម្របសម្រួល​បង់ប្រាក់​ទៅឱ្យ​ក្រុម​ពួក​អ្នក​វាយប្រហារ​ដែល​បាន​បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​នោះ (Sanctioned hackers) អាចជា​រឿង​ខុសច្បាប់ និង​អាច​រង​ការផាកពិន័យ​ផងដែរ។ ជាមួយគ្នានេះដែរ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​រតនាគា​រ​ក៏បាន​ព្រមាន​ថា អ្នកធ្វើការ​សម្របសម្រួល​អាច​នឹងត្រូវ​ផ្តន្ទាទោស ទោះបីជា​ពួកគេ​ឬ​ជនរងគ្រោះ​មិនបាន​ដឹងថា ពួក​អ្នក​វា​ប្រហារ​នោះ​គឺជា​ក្រុម​នៅក្នុង​បញ្ជី​ហាមឃាត់​ក៏ដោយ។

    លោក Alon Gal ប្រធាន​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន Hudson Rock ដែលជា​អ្នកជំនាញ​ផ្នែក​ទប់ស្កាត់​ពី​ការវាយប្រហារ​គំរាម​ទារប្រាក់​បាន​និយាយថា ការណែនាំ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​គឺ​វា​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ពី​របៀប​លោះ​យក​ទិន្នន័យ​ពី​ក្រុម​អ្នក​វាយប្រហារ​ទាំងមូល។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពីមុន​ក្រុមហ៊ុន​អាច​ធ្វើការ​សម្រេចចិត្តថា​ត្រូវ​បង់ ឬ​មិន​បង់ប្រាក់​ទៅឱ្យ​ក្រុម​ជនល្មើស​ទាំងនោះ​បាន ប៉ុន្តែ​ពេលនេះ​រាល់​ការសម្រេចចិត្ត​ទាំងនោះ​គឺ​ត្រូវមាន​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ជាមុនសិន ព្រមទាំង​មានការ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ជាង​មុន​ចំពោះ​ករណី​ទាំងនេះ​ទៀតផង៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • វ៉ាវ…សាមសុង ផ្តល់ជូនប្រូម៉ូសិនចុងឆ្នាំកាន់តែធំ…កាន់តែពិសេសហើយនែ៎ក…!! ទិញ Galaxy ស៊េរី A ថែមជូន បាស ប៊្លូធូស Borofone មានគុណភាពខ្ពស់ 1 គ្រឿងភ្លាម…!!

    វ៉ាវ…សាមសុង ផ្តល់ជូនប្រូម៉ូសិនចុងឆ្នាំកាន់តែធំ…កាន់តែពិសេសហើយនែ៎ក…!! ទិញ Galaxy ស៊េរី A ថែមជូន បាស ប៊្លូធូស Borofone មានគុណភាពខ្ពស់ 1 គ្រឿងភ្លាម…!!

    (ភ្នំពេញ) ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០៖ និយាយពីប្រូម៉ូសិនមួយៗពីក្រុមហ៊ុន សាមសុង គឺដឹងតែអស់ស្ទះម៉ង…! ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ រាល់ការទិញ Galaxy A31, A21s, A11 និង A01 Core អតិថិជនទាំងអស់នឹងទទួលបានការថែមជូន បាសប៊្លូធូសម៉ូឌែល Borofone ដែលមានគុណភាពខ្ពស់…និងស្រស់ស្អាត ១ គ្រឿង ភ្លាមៗតែម្តង…!!

    សូមបញ្ជាក់ផងដែរថា Galaxy A31, A21s, A11 និង A01 Core ស៊េរីឆ្នាំ ២០២០ នេះគឺសុទ្ធសឹងជាប្រភេទស្មាតហ្វូនដែលអាចជឿទុកចិត្តបានទាំងមានគុណភាពល្អ…និងទាំងតម្លៃ ជាពិសេសមានការគាំទ្រខ្លាំងលើសលុបបំផុតដោយម៉ូឌែលនីមួយៗត្រូវបានបំពាក់មកនូវបច្ចេកវិទ្យាខ្លាំងរៀងៗខ្លួនដូចជា៖

    * Galaxy A31៖ តម្លៃត្រឹមតែ $279 ជើងខ្លាំងខាងហ្គេម…!

    * Galaxy A21s៖ តម្លៃចាប់ពី $189 ដល់ $229 ជើងខ្លាំងខាងថតរូប Selfie ច្បាស់គ្រប់ប្លង់ឥតខ្ចោះ…!

    * Galaxy A11៖ តម្លៃត្រឹមតែ $159 ជើងខ្លាំងខាងថាមពលថ្មកាន់បានយូរ…បញ្ចូលឆាប់ពេញ…!!

    * Galaxy A01 Core៖ តម្លៃចាប់ពី $89 ដល់ $99 លេង Facebook និងមើលរឿងម៉ាអេម…!!

    នៅចាំអីទៀត…? មួយណាជាជម្រើសរបស់អ្នក…? អាចទិញសម្រាប់ខ្លួនឯងក៏បាន…សម្រាប់អ្នកផ្ទះក៏បាន…សម្រាប់មនុស្សជាទីស្រឡាញ់ក៏បាន…!

    * បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់តែការទិញ Galaxy ស៊េរី A ឆ្នាំ ២០២០ ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងសម្រាប់តែក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!!

    សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប

    សាមសុង និងតាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

  • 8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

    8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

    1 . ញ័រដើមទ្រូង ៈ បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

    2 . ឆាប់ហត់ ៈ នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

    3 . ហើមជើង ៈ នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

    4 . ចុកណែនក្នុងដើមទ្រូង ៈ អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

    5 . ងងឹតមុខ វិល និងខ្យល់គរញឹកញាប់ ៈ ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

    6 . ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម ៈ ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

    7 . ពេលគេងផ្ងារហើយពិបាកដកដង្ហើម ៈ ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

    8 . ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់ ៈ បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

    វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ

    នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង “ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេ អ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្រ្គោះដែលនៅជិតបំផុតដើម្បីដឹកជនរងគ្រោះទៅមន្ទីពេទ្យឱ្យបានលឿនបំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្រ្គោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្រ្គោះដោយចលនា CPR ជាបន្ទាន់។

    វិធីការពារសភាវគាំងបេះដូងភ្លាមៗ

    មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយ ព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ និងថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះ គឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំង រួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕