Author: ធឿន មករា

  • 5 តិចនិក ជួយសន្សំថ្លៃភ្លើង បន្ថយការចាយវាយនៅក្នុងផ្ទះ

    5 តិចនិក ជួយសន្សំថ្លៃភ្លើង បន្ថយការចាយវាយនៅក្នុងផ្ទះ

    លេខនេះទំព័រឡារ៉ែនដេគ័រមានអៃឌៀល្អៗពាក់ព័ន្ធនឹងតិចនិកជួយសន្សំសំចៃថ្លៃភ្លើង កាត់បន្ថយថ្លៃចាយវាយនៅក្នុងផ្ទះមកជម្រាបជូនប្រិយមិត្តអ្នកអាន។ ថ្លៃភ្លើង ជាថ្លៃចាយវាយចម្បងមួយដែលគ្រប់គ្នាត្រូវបង់ដោយមិនអាចខកខានបាន តែយើងអាចបន្ថយចំនួនការប្រើប្រាស់អគ្គិសនីបាន ព្រោះក្រៅពីនឹងធ្វើឱ្យថ្លៃចាយវាយនៅក្នុងផ្ទះថយចុះហើយ នៅជួយកាត់បន្ថយសភាវពិភពលោកកើនកម្ដៅបានទៀតផង។

    1 . បិទកុងតាក់ភ្លើង និងគ្រឿងប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទពេលឈប់ប្រើហើយ និងមិនគួរបើកភ្លើងទុកចោលពេលគ្មានអ្នកណានៅក្នុងផ្ទះឡើយ។

    2 . បន្ថយចំនួនអំពូលភ្លើងក្នុងបន្ទប់ និងងាកមកពឹងលើថាមពលពន្លឺធម្មជាតិឱ្យច្រើនវិញ។

    3 . ជ្រើសរើសប្រើអំពូលភ្លើងដែលមានកម្រិតស្តង់ដារ វានឹងជួយឱ្យយើងសន្សំសំចៃថាមពលអគ្គិសនីបានច្រើនឡើង។

    4 . ដាក់គោមភ្លើងនៅលើតុធ្វើការ ឬបំពាក់អំពូលភ្លើងចំពោះតែកន្លែងណាមួយ ជំនួសឱ្យការបើកភ្លើងពេញក្នុងបន្ទប់ដើម្បីធ្វើការ។

    5 . បើចាំបាច់ត្រូវបើកភ្លើងនៅក្នុងចំណុចណាមួយទុកចោលពេញមួយយប់ ចូរជ្រើសរើសអំពូលភ្លើងដែលមានកម្លាំងគីឡូវ៉ាត់ទាប ដើម្បីជួយសន្សំសំចៃថ្លៃភ្លើង។

    ឧស្សាហ៍មើលថែទាំអំពូលភ្លើង ជូតសម្អាតឱ្យបានញឹកញាប់ ដើម្បីបង្កើនពន្លឺឱ្យភ្លឺពេញបន្ទប់ វានឹងជួយបន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានទៀតផង និងគួរងាកមកប្រើអំពូលភ្លើងសន្សំសំចៃថាមពលអគ្គិសនី ឬអំពូលភ្លើង LED វិញកាន់តែប្រសើរ៕

  • 8 សញ្ញាដាស់តឿនថា អ្នកកំពុងតែ “ញ៉ាំទឹកតិចពេកហើយ”

    8 សញ្ញាដាស់តឿនថា អ្នកកំពុងតែ “ញ៉ាំទឹកតិចពេកហើយ”

    ជីវិតដ៏សែនប្រញាប់ប្រញាល់របស់យើង អាចនឹងធ្វើឱ្យអ្នកភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ដែលការញ៉ាំទឹកបានតិចនេះនឹងបង្កឱ្យកើតចំណុចអាក្រក់ជាច្រើនយ៉ាង រួមទាំងជំងឺដ៏គួរឱ្យភ័យខ្លាច ដូចជារលាកប្លោកនោម ឬរលាកតម្រងនោម ជាដើមទៀតផង។ល។

    តែបញ្ហាគឺ យើងអាចនឹងមិនដឹងខ្លួនថា យើងកំពុងតែញ៉ាំទឹកបានតិចពេកនោះឡើយ ដូច្នេះយើងនាំគ្នាមកសង្កេតមើលរាងកាយរបស់យើងវិញប្រសើរជាងថា តើដល់ពេលហើយឬនៅដែលយើងគួរតែបន្ថែមទឹកឱ្យរាងកាយឱ្យបានច្រើនឡើង?។

    1 . ការស្រេកទឹក

    គឺពេលខ្លះយើងអាចនឹងស្រេកទឹកដោយមិនដឹងខ្លួន ហើយពេលបានញ៉ាំទឹក សឹងតែមិនចង់ឈប់ញ៉ាំ លើកកែវឡើងញ៉ាំតែម្ដងអស់ និងថែមទាំងអាចនៅមានអារម្មណ៍ថា មិនទាន់បាត់ស្រេកទៀត។

    2 . ទឹកមូត្រមានពណ៌លឿងចាស់-ពណ៌ទឹកក្រូចជាប្រចាំ

    ពណ៌របស់ទឹកមូត្រដែលប្រក្រតីគួរតែជាពណ៌លឿងខ្ចីស្រាល និងក្លិនក៏មិនគួរឈួលខ្លាំងរហូតមានអារម្មណ៍ដឹងថាខុសប្រក្រតីយ៉ាងច្បាស់ដែរ។ ទឹកមូត្រពណ៌លឿងចាស់ ហើយមានអារម្មណ៍ថាដូចជារាងខាប់ៗនោះ គឺបញ្ជាក់ថា អ្នកញ៉ាំទឹកបានតិចពេកហើយ។

    3 . បត់ជើងតូចមិនដល់ 4ដងក្នុងមួយថ្ងៃ

    មនុស្សប្រក្រតីត្រូវតែក្រោកទៅចូលបន្ទប់ទឹកដើម្បីបត់ជើងតូចច្រើនជាង 4ដងក្នុងមួយថ្ងៃ តែបើអ្នកដឹងខ្លួនថា ថ្ងៃខ្លះដែលអ្នកអង្គុយធ្វើការ និងសឹងតែមិនបានទៅចូលបន្ទប់ទឹកសោះនោះ អ្នកគួរតែដឹងខ្លួន និងសួរខ្លួនឯងហើយថា អេ៎ ថ្ងៃនេះអញបានញ៉ាំទឹកខ្លះនៅហ្នឹង?។

    4 . បបូរមាត់ស្ងួត

    ក្រៅពីមានប្រតិកម្មចាញ់ក្រែមលាបមាត់ហើយ បើអ្នកមានអាការស្ងួតបបូរមាត់ញឹកញាប់ នុះអាចបណ្ដាលមកពីរាងកាយរបស់អ្នកខ្វះទឹកច្រើនហើយ។

    5 . ភ្នែកឡើងស្ងួត

    រឹតតែអ្នកណាដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ ឬពាក់ខន់ថិកលេនស៍ផងនោះ នឹងជួបបញ្ហាស្ងួតភ្នែកញឹកញាប់ រឹតតែបើសិនជាអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ផងនោះ ភ្នែករបស់អ្នកនឹងរឹតតែស្ងួតខ្លាំងឡើង។ ស្ងួតដល់ថ្នាក់ពិបាកពាក់ខន់ថិកលេនស៍ ឬសូម្បីតែពេលដោះក៏រឹតតែពិបាកដែរ ព្រោះខន់ថិកលេនស៍នឹងបឺតជាប់នឹងភ្នែក ព្រោះខ្វះសំណើម…គួរឱ្យខ្លាចណាស់មែនទេ?។

    6 . ទល់លាមក

    ប្រាកដណាស់ នៅពេលរាងកាយមិនបានទទួលទឹកយ៉ាងគ្រប់គ្រាន់ កាកសរសៃអាហារដែលឆ្លងកាត់ការរំលាយ ការត្រងចេញក៏ខ្វះសំណើមដូចគ្នា ដូច្នេះលាមកនឹងឡើងរឹង ពិបាកបត់ជើង ភ្លេចៗខ្លួនអាចកើតអាការទល់លាមកញឹកញាប់ ធ្វើឱ្យប្រថុយនឹងជំងឺឫសដូងបាតទៀតផង។

    7 . ស្បែកស្ងួត ស្លាកស្នាមសួររកមុខមុនវ័យ

    តឱ្យអ្នកមានស្បែកឡើងប្រេងក៏ដោយ តែអ្នកនឹងក្លាយជាមនុស្សស្បែកឡើងប្រេងដែលខ្វះជាតិទឹក ស្បែករបស់អ្នកនឹងរឹតតែឡើងប្រេងខ្លាំងឡើង ព្រោះនៅពេលអ្នកមានស្បែកស្ងួតជ្រុលពេក ក្រពេញខ្លាញ់នៅក្រោមស្រទាប់ស្បែកនឹងរឹតតែផលិតប្រេងឡើងមកស្រោបស្បែកមិនឱ្យស្បែកស្ងួត។ តែបើអ្នកជាមនុស្សស្បែកស្ងួតវិញ ក៏នឹងរឹតតែស្ងួតខ្លាំងឡើងទៀត ហើយចុងក្រោយ ស្លាកស្នាមក៏នឹងមកសួរសុខទុក្ខមុនវ័យមិនខាន។ សាកល្បងសង្កេតមើលថា តើស្លាកស្នាមនៅម្ដុំថ្ពាល់ ចុងភ្នែក និងថ្ងាសមកដល់ហើយឬនៅ? បើអ្នកអាយុនៅតិចសោះ ស្រាប់តែមានស្លាកស្នាមឡើងពេញមុខហើយនោះ បញ្ជាក់ថា ស្បែករបស់អ្នកខ្វះសំណើមហើយ និងអ្នកអាចញ៉ាំទឹកមិនបានច្រើនគ្រប់គ្រាន់ហ្នឹងឯង។

    8 . ប្រព័ន្ធរំលាយអាហារមានបញ្ហា

    អ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ មានឱកាសកើតរោគក្រពះ ឬអាស៊ីតហូរបញ្រ្ចាស់ខ្លាំងជាងប្រក្រតី ព្រោះនៅពេលដែលក្រពះមានទឹកមកជួយរំលាយអាហារមិនគ្រប់គ្រាន់ បរិមាណរបស់អាស៊ីតក៏នឹងខាប់ខ្លាំងឡើង ភាពរឹងមាំរបស់ក្រពះក្នុងការរំលាយអាហារ រួមទាំងទឹករំអិលដែលជួយក្នុងការរំលាយអាហារក្នុងក្រពះក៏ថយចុះ អាចធ្វើឱ្យអាហារមិនរំលាយ ធ្វើឱ្យតឹងពោះឆ្អល់ពោះ ឬយូរៗទៅអាចប្រថុយនឹងអាការអាស៊ីតហូរបញ្រ្ចាស់បាន។

    វិធីការពារមិនឱ្យរាងកាយខ្វះទឹកក៏ងាយៗ គ្មានអ្វីពិបាកសោះ ដោយអ្នកគ្រាន់តែដាក់កែវទឹកនៅជិតៗខ្លួន ហើយលើកក្រេបឱ្យបានញឹកញាប់ពេញមួយថ្ងៃ និងត្រូវញ៉ាំឱ្យអស់រៀងរាល់ថ្ងៃ និងកុំរវល់តែវីវក់ជាមួយការងាររហូតដល់ភ្លេចញ៉ាំទឹកញឹកញាប់ឱ្យសោះ។ តែប៉ុណ្ណឹងរាងកាយរបស់អ្នកនឹងបានទទួលទឹកយ៉ាងគ្រប់គ្រាន់មិនខាន៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ ៈ ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែនសូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែខាងផ្នែករាងកាយ និងការធ្វើចលនា

    វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន និងខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង និងនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង-ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជាចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្តដោតភ្លើងអគ្គិសនិ ប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូន ជាដើម ។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិភាព និងទុកឱ្យរើជ្រាវលេង និងយកចេញ-ចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” និងនេះហើយគឺ ការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកភាសា និងការទំនាក់ទំនង

    កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃ ហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបានដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

    អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលការវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើបឡារ៉ែនចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេបានមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

    រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕

  • ស្រា និងបារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និងបារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    បើឱ្យអង្គុយប្រកែកគ្នាម្នាក់មួយចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រធានបទដែលបើសិនយើងទៅសួរអ្នកដែលជក់បារី ប្រាកដណាស់ ញ៉ាំស្រាត្រូវតែយ៉ាប់យ៉ឺនខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រា ប្រាកដណាស់ បារីត្រូវតែយ៉ាប់យ៉ឺនជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង ប្រថុយនឹងការកើតសភាវមហារីកសួត និងថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ប្រកែកគ្នាមិនចប់…។

    គិតទៅគិតមក ជាតិអាល់កុល និងបារីនេះគឺជាសារធាតុញៀនដូចគ្នាទាំងពីរ តែញៀនម្នាក់មួយបែប និងញៀនម្នាក់មួយកម្រិត។ អ្នកខ្លះញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយ ចូលរួមសង្គម តែអ្នកខ្លះញៀនរហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារិក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលចូលរួមសង្គម តែក៏មានពួកដែលត្រូវតែជក់រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនដើម ព្រោះតែញៀនដែរ។

    បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា(ជាតិអាល់កុល) ក៏ត្រូវប្រាប់ថា ទាំងពីរយ៉ាងនេះផ្ដល់គុណវិបត្តិបែប “សន្សឹមៗ ម្ដងបន្តិចៗ” សន្សំពិន្ទុម្ដងបន្តិចៗ រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួនពេលវាប្រមូលសន្សំច្រើនដល់ចំណុចមួយ(អូហូ រៀបរាប់ដូចគេលេងហ្គេមអ៊ីចឹង)។

    មនុស្សយើងមិនបានស្រវឹងលេងៗទេ…

    យើងតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនអស់ត្រឹមប៉ុណ្ណឹងឯណា វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើនរាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ដែលនឹងកើតឡើង រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតីរហូតដល់អាចកើតបញ្ហា និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

    ស្ថិតិក៏មានឱ្យយើងឃើញ(កើនឡើងរាល់ឆ្នាំ)ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ដែលបណ្ដាលមកពីការស្រវឹងហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 100នាក់ នឹងបង្ហាញថា មានមូលហេតុមកពីការញ៉ាំស្រាស្រវឹង 50នាក់បាត់ទៅហើយ និងថែមទាំងការឈ្លោះទាស់ទែងរហូតដល់កាប់សម្លាប់គ្នាដែលមានមូលហេតុមកពីការស្រវឹងស្រាទៀតផង។

    ហើយបើអ៊ីចឹង តើស្រានៅតែជាអ្វីដែលយើងគួរតែញ៉ាំទៀតឬយ៉ាងណា?

    បារី ជក់ម្នាក់ឯង តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…

    ហាក់ដូចជាកម្មវិធីប្រូម៉ូស្សឹនចែកថែមអ្វីម្យ៉ាង ដែលយើងមិនចង់បាន!។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមកតាំងពីចាប់ផ្ដើមអុច គឺជាផ្សែងពុលដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។

    ជំងឺដ៏ល្បីល្បាញពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះគឺមានតែ ថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមានឯណា?! យើងមិនដឹងឡើយថាគុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរ…។ ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញ ធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។

    វាជារឿងមួយដែលគួរឱ្យសោកសៅបំផុតដែលមនុស្សមិនជក់បារីផង តែត្រូវធុំក្លិនផ្សែងបារីព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ក៏ធ្វើឱ្យអ្នកដែលមិនជក់បារីមានឱកាសកើតជំងឺចង្រៃទាំងនោះមិនខុសពីអ្នកជក់បារីដែរ។

    ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹង បាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើងក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញយើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃរហូតវេទនាមិនចាញ់គ្នាប៉ុន្មានឡើយ។     ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតថា តើគួរឈប់មួយណាមុន?…គឺឈប់ដំណាលគ្នាទាំងអស់ហ្នឹងតែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រាដែលនឹងធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការ

    ដូរដោះគ្នាដែលមិនរួចខ្លួនទាល់តែសោះសូម្បីតែបន្តិចពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុក៏ដោយ។

    ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេ ក្នុងការបញ្ឈប់ការញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើម និងស៊ូទ្រាំ។ ស្វែងរកកម្លាំងជំរុញចិត្តអ្វីម្យ៉ាងដើម្បីបញ្ឈប់ការញៀនស្រា និងបារី ធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្តពីការដែលខ្លួនឯងមានកូន ទើបធ្វើឱ្យតាំងចិត្តឈប់ជក់បារី ឈប់ញ៉ាំស្រាដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ នេះគឺជាគំរូដ៏ល្អមួយ ដែលធ្វើឱ្យអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយបានកាន់តែងាយឡើង៕​​

  • ទីតាំងទេសចរណ៍ 10កន្លែងលើទីក្រុងម៉ាកាវ “ឡាស វេហ្គាស នៃទ្វីបអាស៊ី”

    ទីតាំងទេសចរណ៍ 10កន្លែងលើទីក្រុងម៉ាកាវ “ឡាស វេហ្គាស នៃទ្វីបអាស៊ី”

    “ឡាស វេហ្គាស នៃទ្វីបអាស៊ី” នេះគឺជាឈ្មោះដែលមនុស្សជាច្រើនហៅ ទីក្រុងម៉ាកាវ (Macau) ទីក្រុងកំពង់ផែដែលបំបែកខ្លួនពីប្រទេសចិនដីគោក។ ម៉ាកាវជាតំបន់ដែលមានផ្ទៃដីទំហំតូច និងមានប្រជាជនរស់នៅតិចដូចគ្នា។ ទីនេះ គឺជាដែនដីដែលបានធ្វើការចាក់ដីបំពេញសមុទ្រដើម្បីសាងផែនដីថ្មីឡើងនៅលើឆ្នេរទល់មុខទីក្រុង ជូហៃ មណ្ឌលក្វាងទុង ប្រទេសចិន និងមានប្រវត្តិយូរលង់ណាស់មកហើយ។ ដូចដែលយើងបានដឹងខ្លះៗមកហើយថា នៅក្នុងទីក្រុងមួយនេះពោរពេញទៅដោយភាពសម្បូរបែបខាងវប្បធម៌ ស្ថាបត្យកម្ម និងដែលសំខាន់បំផុតគឺ ភាពរីកចម្រើនទៅមុខរបស់ទីក្រុងនេះដែលអាចចាត់ទុកបានថា ស្ថិតក្នុងលំដាប់ជួរមុខគេរបស់ទ្វីបអាស៊ីតែម្ដង។ ថ្ងៃនេះ ទំព័រទេសចរណ៍ របស់ទស្សនាវដ្ដី ឡារ៉ែន នឹងនាំប្រិយមិត្តអ្នកអានទៅកម្សាន្តនៅទីតាំងទេសចរណ៍ចំនួន 10កន្លែងដែលមិនអាចខកខានបាន បើសិនជាមានឱកាសបានទៅលេងទីក្រុងម៉ាកាវ…។

    1 . សំណាកព្រះវិហារ St. Paul

    ចាប់ផ្ដើមកន្លែងដំបូងដោយលែនម៉ាកលំដាប់លេខមួយរបស់ម៉ាកាវជាមួយនឹងសំណាកព្រះវិហារ St. Paul ជាសំណាកព្រះវិហារដែលរួចផុតពីហេតុការណ៍អគ្គិភ័យដ៏ធំមួយកាលពីអតីត។ បច្ចុប្បន្នទីនោះបានក្លាយជាលែនម៉ាកដែលអ្នកទេសចរតែងធ្វើដំណើរមកថតរូប និងទស្សនាភាពល្អស្អាតរបស់សំណាកព្រះវិហារមួយនេះ។

    2 . ចតុរស្ស Senado

    បន្ទាប់ពីសំណាកព្រះវិហារ St. Paul ដើរកាត់មកខាងផ្សារបន្តិចក៏នឹងបានជួបចំណុចឆេកអ៊ីនមួយទៀតរបស់ទីក្រុងម៉ាកាវគឺ រង្វង់មូល Senado។ នៅទីតាំងចតុរស្សមួយនេះ លោកអ្នកនឹងបានជួបនឹងក្លិនចំហាយនៃវប្បធម៌លោកខាងលិចយ៉ាងពេញទំហឹង ទាំងអគារ ផ្ទះសំបែង និងព្រះវិហារបែប ឈីណូ-ព័រទុយគីស មានភោជនីយដ្ឋាន និងហាងលក់ទំនិញជាច្រើន និងមានចំណុចកណ្ដាលគឺទីលានបាញ់ទឹកនៅផ្នែកខាងមុខជាចំណុចថតរូបដ៏ស្រស់ស្អាតរបស់ចតុរស្សមួយនេះ។

    3 . វត្ត អាម៉ា A Ma Temple

    វត្តមួយនេះ គឺជាដើមកំណើតនៃឈ្មោះទីក្រុង ម៉ាកាវ ក៏អាចថាបានដែរ ព្រោះតាមប្រវត្តិសាស្រ្ត វត្តអាម៉ានេះមានការបង្កបង្កើតឡើងមុននឹងមានដែនដីម៉ាកាវនេះទៅទៀត ដោយកាលពីអតីតកាលមានជនជាតិព័រទុយហ្គាល់ធ្វើដំណើរតាមទូកមកជួបដែនដីម៉ាកាវ និងបានចង្អុលសួរទៅអ្នកម៉ាកាវខាងឆ្នេរឈូងសមុទ្រខាងមុខថា មានឈ្មោះអ្វីដែរ? អ្នកម៉ាកាវក៏ឆ្លើយថា A Ma Gao ព្រោះបរិវេណដែលជនជាតិព័រទុយហ្គាល់ចង្អុលទៅនោះគឺ វត្តអាម៉ាហ្នឹងឯង ហើយចាប់ពីពេលនោះមកជនជាតិលោកខាងលិចក៏ហៅតំបន់នោះថា ម៉ាកាវៗតាមសំនៀងរបស់ជនជាតិព័រទុយហ្គាល់។

    គេនាំគ្នាជឿថា អ្នកទេសចរណ៍បើសិនជាបានមកថ្វាយបង្គំព្រះសំពះសុំពរនៅទីនេះ នឹងធ្វើឱ្យមានជោគសំណាង មានសេចក្ដីសុខរហូតក្នុងការធ្វើដំណើរ។ នៅខាងក្នុងវត្តមានម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ស្រស់ស្អាត អ្នកណាដែលបានទៅលេងម៉ាកាវ កុំភ្លេចឆៀងចូលទៅបូជាសក្ការៈវត្តអាម៉ាមួយនេះកុំខានឱ្យសោះ។

    4 . រូបចម្លាក់ព្រះម៉ែ គង់ស៊ីអ៊ីម កណ្ដាលសមុទ្រ

    បើយើងជិះរថយន្តទស្សនាចរមកប៉ែកខាងត្បូងរបស់ទីក្រុងម៉ាកាវ និងកាត់តាមឆ្នេរសមុទ្រយើងនឹងបានឃើញរូបចម្លាក់ព្រះម៉ែ គង់ស៊ីអ៊ីមដ៏ធំមួយតាំងលេចធ្លោនៅក្នុងបរិវេណ Outer harbour។ រូបចម្លាក់ព្រះម៉ែ គង់ស៊ីអ៊ីម មួយអង្គនេះជាវត្ថុស័ក្តិសិទ្ធិមួយទៀតដែលប្រជាជនទីក្រុងម៉ាកាវគ្រប់រូបផ្ដល់នូវការគោរពសក្ការៈ ជាពិសេសអ្នកដែលនិយមចូលចិត្តរឿងហុងស៊ុយ។ បើសង្កេតមើលឱ្យច្បាស់ រូបចម្លាក់ រួមទាំងទីធ្លាជុំវិញនោះផង ត្រូវបានសាងឡើងដោយសំអាងលើគោលការណ៍ខាងហុងស៊ុយទាំងអស់។ គេនាំគ្នាជឿថា អ្នកណាដែលបានទៅថ្វាយបង្គំសុំពរនៅកន្លែងរូបចម្លាក់ព្រះម៉ែ គង់ស៊ីអ៊ីម នេះ នឹងបានទទួលពរវិសេសពីខ្សែគង្គា និងអាចនាំសេចក្ដីទុក្ខសោកក្នុងជីវិតទាំងប៉ុន្មានមកបោះចោលនៅទីនេះបានទៀតផង។

    5 . ម៉ាកាវ ថាវវើរ Macau Tower

    លែនម៉ាកដែលអាចមើលឃើញបានសឹងតែគ្រប់ទីកន្លែងក្នុងទីក្រុងម៉ាកាវនេះ គឺអគារដែលតាំងជ្រងោរនៅកណ្ដាលទីក្រុងដែលមានកម្ពស់ដល់ទៅ 338ម៉ែត្រ។ ចង់ណែនាំថា ចូរសាកល្បងនាំគ្នាឡើងទៅលើម៉ាកាវ ថាវវើរនៅពេលល្ងាច យើងនឹងអាចមើលឃើញទិដ្ឋភាពទូទាំងទីក្រុងម៉ាកាវទាំងមូល ព្រមជាមួយទេសភាពព្រះអាទិត្យពេលអស្ដង្គតក្នុងអំឡុងពេល Magic Hour បានបែបរ៉ូមែនទិកបំផុត ហើយនិងហាយឡាយមួយទៀតក្នុងការមកលេងកម្សាន្តនៅម៉ាកាវ ថាវវើរនេះ សម្រាប់អ្នកដែលចូលចិត្តភាពរំភើបស្រៀវស្រើប គឺនៅជាន់លើបំផុតនៃម៉ាកាវ ថាវវើរមានល្បែងកម្សាន្តលោតខ្សែ បាន់ជី ចាំផ៍( Bangee Jump) ពីកំពូលអគារនេះ និង Sky Walk គឺការដើរនៅលើគែមអគារឱ្យភ្ញៀវទេសចរបានលេងកម្សាន្តទៀតផង។ អ្នកណាដែលគិតថា ខ្លួនឯងក្លាហាន គួរតែទៅសាកល្បងឱ្យបានម្ដង។

    (នៅមានត)

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    ខណៈតាំងគភ៌ ជាពិសេសតាំងគភ៌លើកដំបូង ស្រ្តីមានគភ៌អាចនៅមិនទាន់ដឹង ឬដឹងមិនអស់សេចក្ដីពាក់ព័ន្ធនឹងទង្វើដែលមិនស័ក្តិសម ឬចំណុចហាមឃាត់ផ្សេងៗដែលគ្រូពេទ្យជំនាញបានហាម ឬអនុញ្ញាតឱ្យធ្វើដែរ តែត្រូវធ្វើឱ្យតិចបំផុតដើម្បីសុខភាពរបស់ទាំងម្ដាយ និងកូនក្នុងគភ៌។ ចំណុចហាមឃាត់ទាំងនោះមានហេតុផលត្រឹមត្រូវច្បាស់លាស់ខាងវិទ្យាសាស្រ្ត មិនមែនជាជំនឿតៗគ្នានោះឡើយ។

    1 . ហាមមួម៉ៅ ធុញថប់ តានតឹងអារម្មណ៍

    ខណៈដែលរាងកាយមានភាពធុញថប់តានតឹង ខួរក្បាលនឹងបញ្ជាទៅក្រពេញ អាឌ្រីណាលីន ដែលស្ថិតនៅខាងលើក្រលៀនឱ្យបញ្ចេញអ័រម៉ូននៃភាពធុញថប់តានតឹងអារម្មណ៍មួយប្រភេទចេញមក ហុចផលឱ្យរាងកាយមានអារម្មណ៍ចង់ញ៉ាំអាហារ ធ្វើឱ្យស្រ្តីមានគភ៌ត្រូវតែញ៉ាំអាហារចូលទៅច្រើន។ ធុញថប់តានតឹងច្រើន ញ៉ាំច្រើន ធាត់ច្រើន ធ្វើឱ្យស្រ្តីមានគភ៌ឡើងទម្ងន់ព្រឹបៗដែលជារឿងមិនល្អឡើយសម្រាប់ស្រ្តីមានគភ៌ និងក្រៅពីនោះ ស្រ្តីមានគភ៌ដែលមានអារម្មណ៍មួម៉ៅធុញថប់តានតឹងច្រើន ទារកក្នុងផ្ទៃក៏នឹងទទួលផលប៉ះពាល់ដូចគ្នា ដែលក្រោយពេលប្រសូតចេញមក ទារកច្រើនតែមានទង្វើពិបាកចិញ្ចឹម និងយំរករឿងច្រើន។

     

    2 . ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង

    គ្រប់ត្រីមាសរបស់ការតាំងគភ៌ គួរហាត់ប្រាណតែល្មមសមរម្យបានហើយ។ ក្នុងត្រីមាសដំបូង បើប្រឹងហាត់ប្រាណខ្លាំង និងហក់លោតពេក នឹងកើតកម្លាំងញ័ររញ្ជួយខ្លាំង មានផលប៉ះពាល់តួកំណើត អាចបណ្ដាលឱ្យរលូតបាន។ សម្រាប់ត្រីមាសទី2 និងទី3 វិញ បើសិនហាត់ប្រាណខ្លាំងក្លាពេក រាងកាយនឹងប្ដូរផ្លាស់ហ្គាសអុកស៊ីហ្ស៊ែនមិនទាន់ ធ្វើឱ្យទារកកើតមានសភាវខ្វះអុកស៊ីហ្ស៊ែនបាន។

    3 . ហាមពាក់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ច្រើនតែមកជួបគ្រូពេទ្យដោយអាការឈឺខ្នងជាញឹកញាប់ តើនរណាទៅនឹកឃើញថា មូលហេតុគឺមកពីស្បែកជើង?។ ការដែលស្រ្តីមានគភ៌ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ធ្វើឱ្យសាច់ដុំនៅម្ដុំកំភួនជើង ភ្លៅ ចង្កេះ និងខ្នង កើតភាពតានតឹង និងអាការឈឺចាប់តាមមក។ ក្រៅពីនេះនៅជួបប្រទះទៀតថា ស្បែកជើងកែងចោតបានធ្វើឱ្យចំណុចរួមនៃទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌បាត់បង់តុល្យភាព អាចធ្វើឱ្យដួល និងបណ្ដាលឱ្យរលូតបុត្របាន។

    4 . ហាមញ៉ាំថ្នាំផ្ដេសផ្ដាស់

    ចំណុចនេះសំខាន់ខ្លាំងណាស់ ជាពិសេស 12សប្ដាហ៍ដំបូង ព្រោះជាអំឡុងពេលកកំណើត សាងអវយវៈដែលសំខាន់ៗរបស់តួកំណើត។ បើញ៉ាំថ្នាំដែលបង្កអន្តរាយ នឹងមានភាពប៉ះពាល់បណ្ដាលឱ្យមានពិការភាពដល់ទារកក្នុងគភ៌បាន ដូចជា ពិការដៃជើង ឆែបមាត់ ជាដើម ជាពិសេសពពួកថ្នាំបំបាត់មុន និងនៅឱ្យឆ្ងាយពីសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបាញ់មូស។ល។ បើមានអាការជំងឺធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យជំនាញ។

    5 . ហាមចូលគេងយប់ជ្រៅ

    ស្រ្តីមានគភ៌ត្រូវគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច 8ម៉ោងក្នុងមួយយប់។ បើគេងពេលយប់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលថ្ងៃចូរស្រ្តីមានគភ៌គេងលក់សម្រាកមួយស្រឡេត ជាពិសេសបំផុតក្នុងរយៈពេល 14សប្ដាហ៍ដំបូងនៃការតាំងគភ៌។ មានការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកមួយបានរកឃើញថា ស្រ្តីមានគភ៌ដែលគេងបានតិចជាងមួយយប់ 5ម៉ោង នឹងប្រថុយនឹងការត្រូវជំងឺផ្សេងៗយាយីរហូតពេលមួយរយៈកាលនៃការតាំងគភ៌ ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ទារកក្នុងគភ៌នៅទីបំផុត។

    6 . ហាមអត់អាហារ និងសម្រកទម្ងន់

    បើស្រីមានគភ៌គ្មានចំណុចកម្រិតខាងវេជ្ជសាស្រ្តថា ត្រូវកម្រិតអាហារទេនោះ គួរទទួលទាមអាហារឱ្យគ្រប់ និងសមល្មមទៅតាមតម្រូវការរបស់រាងកាយ ព្រោះការសិក្សាស្រាវជ្រាវដដែលនោះបានរកឃើញថា ស្រ្តីមានគភ៌ដែលតម ឬអត់អាហារ ធ្វើឱ្យទារកមានអត្រាក្នុងការប្រសូតមុនកាលកំណត់ខ្ពស់ និងអាចពិការខួរក្បាល ដោយសារតែនៅក្នុងអាហារទាំង 5ប្រភេទក្រុមមានសារធាតុអាហារដែលសំខាន់ដល់ការបំប៉នខួរក្បាលទារក ដូចជា សារធាតុហ្វូលេតដែលបានពីបន្លែផ្លែឈើ និងវីតាមីនផ្សេងៗដែលជួយក្នុងការសាងអវយវៈសំខាន់ៗ។ សម្រាប់ស្រ្តីមានគភ៌ដែលបារម្ភខ្លាចធាត់នោះ ក្រោយពេលប្រសូត ឡារ៉ែន សូមណែនាំ ឱ្យចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងតែម្យ៉ាងគត់ នោះធានាថា ទម្ងន់នឹងស្រកចុះយ៉ាងឆាប់រហ័សមិនខាន។

    7 . ហាមរំលង ឬខកខានការណាត់ពិនិត្យគភ៌

    ស្រ្តីមានគភ៌ត្រូវតែដឹងខ្លួនជាប់ជានិច្ចអំពីភាពសំខាន់នៃការពិនិត្យគភ៌ ព្រោះរាងកាយរបស់ម្ដាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលគ្រប់ពេលវេលា បើរកឃើញភាពខុសប្រក្រតីណាមួយរបស់ម្ដាយ ឬទារកក្នុងគភ៌ គ្រូពេទ្យនឹងបានផ្ដល់ការជួយសង្រ្គោះទាន់ពេលវេលា តែបើសិនជាខកខាន ឬរំលងការណាត់ពិនិត្យគភ៌នៅថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់កុំរំលងឱ្យសោះ។

    (នៅមានត)

  • Mate 40 Series អាចនឹងក្លាយជាទូរស័ព្ទដំបូងគេ ប្រើ OS ជំនាន់2 របស់ Huawei ផ្ទាល់

    Mate 40 Series អាចនឹងក្លាយជាទូរស័ព្ទដំបូងគេ ប្រើ OS ជំនាន់2 របស់ Huawei ផ្ទាល់

    EMUI 11 នឹង​អាច​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ HarmomyOS 2.0  (ជំនាន់2) ដែល​អភិវឌ្ឍ​ផ្ទាល់​ដោយ​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា នឹង​ឃើញ​មាន​លើ ស្មា​ត​ហ្វូ​ន​ប្រើ​ឈី​ប Kirin 9000 ហើយ​វា​ក៏​ក្លាយជា​នឹង​ទូរស័ព្ទ​ដំបូង​គេ ដែល​បំពាក់ OS ស្ដុក​ដើម​តែម្ដង។

    ដូចនេះ ភាគរយ​ខ្ពស់ ទំនងជា Mate 40 Series បន្ទាប់មក​ស្មា​ត​ហ្វូ​ន​ប្រើ​ឈី​ប Kirin 990 5G (មាន P40 Series និង Mate 30 Sires) និង​ម៉ូ​ដែល​បន្តបន្ទាប់ គឺ​ស្មា​ត​ហ្វូ​ន​ប្រើ​ឈី​ប Kirin 4G, ឈី​ប Kirin 985, 980, 820, 810 និង Kirin 710 ជាដើម។

    ប្រព័ន្ធ​ប្រតិបត្តិ​ការផលិត​ដោយ Huawei នេះ​កំពុង​ប្រើប្រាស់​ក្នុងដំណាក់កាល Developer ហើយ​ការដាក់​ឱ្យប្រើ​សាកល្បង​លើកដំបូង​រំពឹងថា ចាប់ផ្ដើម​នា​ខែធ្នូ​នេះ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ហើយ​សម្រាប់​ទីផ្សារ​សកល គេ​រំពឹងថា ត្រូវ​រង់ចាំ​ដល់​ឆ្នាំ2021 ឯណោះ៕

  • Samsung អេឡិចត្រូនិក ចំណាយ 34.1លានដុល្លារ លើគម្រោងស្រាវជ្រាវ បច្ចេកវិទ្យាថ្មី 38គម្រោង

    Samsung អេឡិចត្រូនិក ចំណាយ 34.1លានដុល្លារ លើគម្រោងស្រាវជ្រាវ បច្ចេកវិទ្យាថ្មី 38គម្រោង

    ក្រុមហ៊ុន Samsung Electronics បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ អំពី​ការចំណាយ​សរុបទៅ​លើគ​ម្រោ​ង​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី ដែល​ខ្លួន​សម្រេចបាន នៅ​ពាក់កណ្ដាល​ឆ្នាំ2020 ដែល​ផ្តោត​ខ្លាំង ដូចជា 15គម្រោង Basic sciences , 7គម្រោង communications , 9គម្រោង IT  និង​material sciences  7គម្រោង សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា 34.1លាន​ដុល្លារ​អាមេរិក។

    គម្រោង Samsung Future Technology សរុប38 នេះ​នឹង​អាច​លេចមុខ​នៅលើ​ផលិតផល​របស់​ក្រុមហ៊ុន នាពេល​ណាមួយ បន្ទាប់ពី​ការធ្វើ​សេចក្តីសម្រេច​រួច។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ របស់​កូរ៉េខាងត្បូង​មួយ​នេះ តែងតែ​ចំណាយ​រៀងរាល់ឆ្នាំ​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី ជាពិសេស មាន​ខ្លះ​ក៏​ជា​ស្នាដៃ​របស់​និស្សិត​វិទ្យាសាស្ត្រ​កូរ៉េ​ផងដែរ ដូចជា ផ្នែក​រឹង​រ៉ូ​បូត, ឧបករណ៍​វេជ្ជសាស្ត្រ, ឬ Software កម្រិត​ខ្ពស់​ជាដើម៕

  • ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ 8ក្រុមចុងក្រោយ ជើងទី2 នឹងរកឃើញជើងខ្លាំង 4ក្រុម ឡើងវគ្គបន្ត

    ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ 8ក្រុមចុងក្រោយ ជើងទី2 នឹងរកឃើញជើងខ្លាំង 4ក្រុម ឡើងវគ្គបន្ត

    ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ឆ្នាំ2020 (ថ្នាក់ជាតិ) វគ្គ1/4 ផ្តាច់ព្រ័ត្រ ការប្រកួត​ជើង​ទី2 នៅសល់តែ 1ថ្ងៃ​ទៀត​តែប៉ុណ្ណោះ នឹង​ឈានដល់​ការប្រកួត​ហើយ ពោលគឺ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ពុធ ទី7 និង ថ្ងៃ​ព្រហស្បតិ៍ ទី8 ខែតុលា ឆ្នាំ2020 ខាងមុខនេះ។

    ការប្រកួត​នឹងធ្វើ​ឡើង​ចំនួន 4គូ ដោយ​ក្នុងនោះ​រួមមាន៖

    គិរីវង់​សុខ​សែន​ជ័យ ប្រកួត​ជាមួយនឹង​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោ​ន នា​វេលា​ម៉ោង3 និង30នាទី​រសៀល។

    ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជាមួយនឹង​ណាហ្គា​វើ​ល​ដ៏ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង នា​វេលា​ម៉ោង 6ល្ងាច។

    ខេត្តព្រៃវែង ប្រកួត​ជាមួយនឹង​បឹងកេត នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង នា​វេលា​ម៉ោង3 និង30នាទី​រសៀល ។

    វិសាខា ប្រកួត​ជាមួយនឹង​បឹងកេត នៅ​កីឡដ្ឋាន​ព្រី​នស៍ នា​វេលា​ម៉ោង 6ល្ងាច៕

  • កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

    កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

    នាឱកាសឆ្នាំថ្មីខាងមុខនេះ អ្នកគ្រូ ឆវី ជឿថាអាណាព្យាបាលជាច្រើនប្រហែលជាត្រៀមវត្ថុអនុស្សាវរីយ៍ ឬកាដូសម្រាប់ឱ្យកូនជាទីស្រឡាញ់ខ្លះៗហើយមើលទៅ តែសម្រាប់ផ្ទះណាដែលកំពុងស្វែងរកកាដូដែលត្រូវចិត្តមិនទាន់បាននោះ អ្នកគ្រូ ឆវីសូមណែនាំតែម្ដងទៅចុះថា កាដូកំពូលវិសេស 5ប្រអប់ 5យ៉ាងតទៅនេះ ជឿចុះថា កូនៗគ្រប់ផ្ទះនឹងចង់បានយ៉ាងពិតប្រាកដ។ មិនខុសពីកាដូដ៏សែនពេញចិត្តដែលកូនៗធ្លាប់ចង់បាននោះឡើយ ដូច្នេះសូមលោកឪពុកអ្នកម្ដាយនាំគ្នាមកមើលថា កាដូកំពូលវិសេសដែលកូនៗចង់បាននោះ តើលោកអ្នកអាចឱ្យកូនបានឬទេ?។

    កាដូប្រអប់ទី1 ៈ ឪពុកម្ដាយស្រឡាញ់គ្នា និងបង្ហាញសេចក្ដីស្រឡាញ់នោះឱ្យកូនបានឃើញ

    កាដូប្រអប់នេះ អាចធ្វើបានយ៉ាងងាយ គ្រាន់តែឪពុកម្ដាយស្រឡាញ់គ្នា បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភកង្វល់ដែលមានចំពោះគ្នាឱ្យកូនបានឃើញប៉ុណ្ណោះ។ ហេសៗ…មើលទៅដូចជាមិនឃើញមានពាក់ព័ន្ធអីជាមួយកូនៗសោះ តែការពិតវិញ នៅពេលដែលកូនបានទទួលវាហើយ កូននឹងមានអារម្មណ៍ល្អ មានសេចក្ដីសុខ មានអារម្មណ៍កក់ក្ដៅ និងមានភាពជឿជាក់នឹងនរខាងផ្លូវចិត្តខ្លាំងសម្បើមណាស់។

    កាដូប្រអប់ទី2 ៈ សាងបរិយាកាសសុខសាន្តក្នុងផ្ទះ

    កាដូប្រអប់នេះនឹងមកក្នុងរូបបែបនៃការនិយាយស្ដី ការប្រតិបត្តិចំពោះកូនៗ និងចំពោះគ្នាទៅវិញទៅមករបស់សមាជិកគ្រប់គ្នានៅក្នុងផ្ទះក្នុងផ្លូវវិជ្ជមាន។ នៅពេលកូនបានទទួល កូននឹងបានគំរូដ៏ល្អក្នុងការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន បរិយាកាសបែបនេះពេញទៅដោយថាមពលល្អៗ ស្ថិតក្នុងរលកធាតុអាកាសកម្រិតខ្ពស់។ ថាមពលល្អច្បាស់ជានឹងធ្វើឱ្យកើតរឿងល្អៗតាមមក ដូច្នេះ នៅពេលក្នុងផ្ទះយើងពោរពេញទៅដោយបរិយាកាសសុខសាន្ត មិនថាតែយើងចង់អភិវឌ្ឍ ឬឈានដើរទៅទិសខាងណា ក៏មិនពិបាកធ្វើដែរ។ អ្នកគ្រូ ឆវី ធានាថា បរិយាកាសបែបហ្នឹង វាល្អមែនទែន!!។

    កាដូប្រអប់ទី3 ៈ ឱ្យសេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ(Unconditional Love)

    ក្មេងៗគ្រប់រូបត្រូវការសេចក្ដីស្រឡាញ់ ហើយប្រភេទរបស់សេចក្ដីស្រឡាញ់ដែលក្មេងៗត្រូវការខ្លាំងបំផុតនោះគឺ សេចក្ដីស្រឡាញ់បែបគ្មានលក្ខខណ្ឌ គ្មានចង់បានអ្វីមកវិញទាំងអស់ មិនថាយ៉ាងណា ក៏ឪពុកម្ដាយនៅតែស្រឡាញ់កូនៗ។ កាដូប្រអប់នេះ នៅពេលកូនបានទទួលហើយ កូននឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សសំខាន់ ជាមនុស្សពិសេស និងកូនមានអារម្មណ៍ថា ខ្លួនឯងមានគុណតម្លៃ។

    កាដូប្រអប់ទី4 ៈឱ្យពេលវេលាទៅកូន

    កាដូប្រអប់នេះ នៅពេលកូនបានទទួល កូននឹងមានអារម្មណ៍ថា ឪពុកម្ដាយស្រឡាញ់រូបគេ គេជាមនុស្សសំខាន់សម្រាប់ឪពុកម្ដាយ ឪពុកម្ដាយរៀបលំដាប់ភាពសំខាន់ចំពោះគេមុនអ្វីៗទាំងអស់។ “ក្មេងៗវាស់បរិមាណសេចក្ដីស្រឡាញ់ ពីចំនួនពេលវេលាដែលឪពុកម្ដាយមានចំពោះគេ”។

    កាដូប្រអប់ទី5 ៈ ឱ្យការទទួលស្គាល់នូវអ្វីដែលជារូបគេ(កូន)

    មនុស្សគ្រប់រូបកើតមកមានភាពពិសេស មានឯកលក្ខណៈដោយឡែករបស់ខ្លួនដែលមិនដូចអ្នកណា យើងកើតមកដើម្បីសាងភាពខុសប្លែកពីគ្នា សាងរឿងល្អៗឱ្យពិភពលោកមួយនេះ។ កូនៗយើងក៏ដូចគ្នាដែរ កាដូប្រអប់នេះ យើងឱ្យកូនបានដោយការទទួលស្គាល់នូវបុគ្គលក្ខណៈប្រចាំខ្លួនរបស់កូន ទទួលស្គាល់ថា កូនមានភាពត្រឹមត្រូវ មានរសនិយម មានចំណូលចិត្ត មានចំណាប់អារម្មណ៍ មានក្ដីស្រមៃរបស់ខ្លួនគេ។ ទទួលស្គាល់នូវគំនិតយោបល់ និងអ្វីៗគ្រប់យ៉ាងដែលជារូបគេ។

    កាដូ ឬអំណោយ ឬវត្ថុអនុស្សាវរីយ៍ដែលប្រគល់ទៅឱ្យកូន ក្រៅពីការទទួលស្គាល់នូវភាពជារូបគេហើយ ថែមទាំងជាការមិនព្យាយាមផ្លាស់ប្ដូរកូន ឱ្យកូនក្លាយជាអ្វី ឬទៅតាមបែបដែលយើងត្រូវការទៀតផង។ ឧបត្ថម្ភគាំទ្រឱ្យកូនប្រើប្រាស់កាដូប្រអប់នេះឱ្យអស់តម្លៃ ដោយអនុញ្ញាតឱ្យកូននាំយកឯកលក្ខណៈពិសេសដែលមិនដូចអ្នកណារបស់គេមកប្រើឱ្យកើតប្រយោជន៍ចំពោះពិភពលោកមួយនេះ ព្រោះពិភពលោកនាយុគសម័យខាងមុខ មិនត្រូវការមនុស្សដដែលៗដែលធ្វើតាមៗគ្នានោះទេ តែត្រូវការអ្នកដឹកនាំដែលមកសាងភាពខុសប្លែក និងអ្វីដែលថ្មី៕