Author: ធឿន មករា

  • Realme បញ្ចេញទូរទស្សន៍កម្រិត 4K SLED smart TV ដំបូងគេបង្អស់ តម្លៃជាង 589ដុល្លារ

    Realme បញ្ចេញទូរទស្សន៍កម្រិត 4K SLED smart TV ដំបូងគេបង្អស់ តម្លៃជាង 589ដុល្លារ

    ថ្មីៗនេះ​ក្រុមហ៊ុន Realme ប្រចាំ​ប្រទេស​ឥណ្ឌា បានធ្វើការ​ប្រកាស​ចេញ​នូវ​ផលិតផល​ថ្មី​មួយចំនួន​ដូចជា ទូរទស្សន៍​ឆ្លាត​វៃ បំពាក់​បច្ចេកវិទ្យា SLED កម្រិត 4K និង​ស្មា​ត​ហ្វូ​ន​ស៊េរី Realme 7i, Realme 7i Sun Kissed Edition និង​ឧបករណ៍ Realme 100W Soundbar។

    យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​ចិន Realme បាន​អភិវឌ្ឍ​កម្រិត​អេក្រង់ SLED ដំបូង​គេ​បង្អស់ ដែល​បច្ចេកវិទ្យា​នេះ​ខុសពី OLED ឬ QLED TV នានា​ផ្សេងទៀត។

    ក្រៅពី​ការ​ដំណើការ​ជា​ទូរទស្សន៍​ធម្មតា Smart TV ខាងលើនេះ អាច​យកមក​ធ្វើជា ផ្ទាំង​អេក្រង់​កុន​ក្នុងផ្ទះ​របស់​អ្នក​បាន​ទៀតផង  វា​អាច​ភ្ជាប់​ទៅនឹង Android 9 ដោយមាន​សេវាកម្ម​កម្សាន្ត​ដូចជា Amazon Prime Video, Netflix, YouTube, Google Play app store,និង​សេវាកម្ម smart home control center ជាដើម។ តម្លៃ​លក់​ចាប់ផ្តើម​ពី 42,999រ៉ូ​ពី ឬ​ប្រមាណ​ជា 589ដុល្លារ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Samsung, Huawei និង Apple ជាជើងខ្លាំងលក់ស្មាតហ្វូន ដាច់ជាងគេ នៅដើមឆ្នាំ2020

    Samsung, Huawei និង Apple ជាជើងខ្លាំងលក់ស្មាតហ្វូន ដាច់ជាងគេ នៅដើមឆ្នាំ2020

    ស្មា​ត​ហ្វូ​ន​ដែល​លក់​ចេញ​បាន​ច្រើនជាងគេ នៅក្នុង​ឆមាស​ទី1 នៃ​ឆ្នាំ2020 បាន​ទៅលើ​ក្រុមហ៊ុន Apple ដែល​អាច​លក់ iPhone 11 បាន​ចំនួន 37.37លាន​គ្រឿង។

    ឯ​ក្រុមហ៊ុន Samsung លក់​ស្មា​ត​ហ្វូ​ន Galaxy A51 ឈរ​ចំណាត់ថ្នាក់​លេខ2 ជាមួយ​ចំនួន​លក់ 11.4លាន​គ្រឿង តិចជាង​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ1 ដល់​ទៅ ៣ដង​ឯណោះ។

    ចំណាត់ថ្នាក់​បន្ទាប់មក​ទៀត​គឺ ក្រុមហ៊ុន Xiaomi Redmi Note 8 និង Redmi Note 8 Pro លក់បាន 11លាន​គ្រឿង និង 10.2លាន​គ្រឿង។

    ក្រុមហ៊ុន Apple ដដែល​នេះ លក់​ស្មា​ត​ហ្វូ​ន iPhone SE ស៊េរី​ថ្មី ស្ថិតនៅ​លំដាប់​លេខ5 ជាមួយនឹង​ចំនួន​លក់ 8.7លាន​គ្រឿង។ iPhone XR បាន 8លាន​គ្រឿង​ស្ថិតនៅ​លំដាប់​ទី6។ ចំណែកឯ​iPhone 11 Pro Max លក់បាន 7.7លាន​គ្រឿង, Redmi 8A លក់បាន 7.3លាន​គ្រឿង, Redmi 8 លក់បាន 6.8លាន​គ្រឿង និង​ចុងក្រោយ iPhone 11 Pro លក់បាន 6.7លាន​គ្រឿង។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុះផ្សាយ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Omdia៕

  • ថ្ងៃក្ដៅយ៉ាងហ្នឹងហើយ នៅខ្វះ “វីតាមីន D” ទៀតឬ?

    ថ្ងៃក្ដៅយ៉ាងហ្នឹងហើយ នៅខ្វះ “វីតាមីន D” ទៀតឬ?

    ក . នែ បើយើងខ្វះវីតាមីន D ត្រូវធ្វើយ៉ាងម៉េចទៅ?

    ខ . ខ្វះវីតាមីនអី ក៏ទិញវីតាមីនហ្នឹងមកញ៉ាំទៅ មានលក់ម៉ាគំនរ

    គ . ធ្លាប់ឮគេប្រាប់ថា ជំងឺពុកឆ្អឹងពាក់ព័ន្ធនឹងវីតាមីន D ណា៎…

    ខ . មែនហ្អេ៎? វាអត់ពាក់ព័ន្ធនឹងកាល់ស្យូមសោះ…

    គ . វិតាមីន Dហ្អេ៎? វាមាននៅក្នុងពន្លឺថ្ងៃហ្នឹងណា៎…

    ខ . ស្រុកយើងថ្ងៃក្ដៅយ៉ាងហ្នឹង មិនខ្វះវីតាមីន D ទេ

    តាមរយៈបទសន្ទនាខាងលើ វេជ្ជបណ្ឌិតជំនាញ និងជាអ្នកធ្វើការវិភាគរឿងវីតាមីន D បានប្រាប់ថា មនុស្សជាច្រើនខ្វះចំណេះដឹងពាក់ព័ន្ធនឹងវីតាមីន D ឬបើទោះជាដឹង និងដឹងយ៉ាងច្បាស់ពីភាពសំខាន់របស់វីតាមីន Dមែន តែបែរជាយល់ច្រឡំថា យើងរស់នៅក្នុងប្រទេសក្ដៅ នឹងបានទទួលពន្លឺថ្ងៃយ៉ាងបរិបូណ៍សម្រាប់រាងកាយក្នុងការសាងវីតាមីន Dយ៉ាងគ្រប់គ្រាន់ហើយ។

    តាមរយៈការស្រាវជ្រាវបានរកឃើញថា ប្រជាជនដែលរស់នៅក្នុងតំបន់ទីក្រុងមានសភាវខ្វះវីតាមីន D ច្រើនណាស់ ដោយមនុស្សចាស់អាយុ 60ឆ្នាំឡើងខ្វះវីតាមីន D មានប្រមាណជា 65% ក្រុមមនុស្សក្នុងវ័យលែងមានបុត្រ 60% ក្រុមស្រ្តីដែលអស់វដ្តរដូវមានច្រើនដល់ទៅ 80% ជាហេតុធ្វើឱ្យក្រុមមនុស្សទាំងនោះកើតមានភាពប្រថុយប្រថានក្នុងការកើតជំងឺពុកឆ្អឹងនាពេលអនាគត។

    វីតាមីន D នឹង “រោគពុកឆ្អឹង”

    វីតាមីន D ជាវីតាមីនដែលមានភាពចាំបាច់ចំពោះរាងកាយមនុស្ស ដោយវានឹងទៅជួយទប់ស្កាត់ការបញ្ចេញអ័រម៉ូន ប៉ារ៉ាថៃរ៉យដ៍(Parathyroid)ជាអ័រម៉ូនគ្រោះថ្នាក់ ដែលនឹងទៅបំផ្លាញកាលស្យូមចេញពីឆ្អឹង។ ក្រៅពីនេះវីតាមីន D នៅជួយសាងសារធាតុ អូស្តេអូខាល់ស៊ីន(Osteocalcin)ជួយទាញកាល់ស្យូមចូមក្នុងឆ្អឹង និងជួយសាងសាច់ដុំឱ្យរឹងមាំ។ ជាការការពាររោគពុកឆ្អឹងបានមួយផ្លូវ និងថែមទាំងជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការដួលរបស់មនុស្សចាស់បានទៀតផង។

    វីតាមីន D នឹង “ពន្លឺថ្ងៃ”

    មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ស្រេចហើយថា វីតាមីន D ពាក់ព័ន្ធនឹងពន្លឺថ្ងៃ តែ…ពាក់ព័ន្ធយ៉ាងណានោះ យើងអាចអធិប្បាយបានយ៉ាងងាយបំផុតគឺ នៅពេលរាងកាយបានទទួលពន្លឺថ្ងៃ រាងកាយប្រៀបដូចជា “គ្រឿងបំប្លែង” ដែលអាចបំប្លែងពន្លឺថ្ងៃដែលទទួលបាននោះឱ្យក្លាយទៅជាវីតាមីន D បានដោយឯកឯងជាស្វ័យប្រវត្តិ។ វីតាមីន D ដែលកើតឡើងនោះនឹងចាកចេញពីស្បែកឆ្ពោះទៅសរសៃឈាមតូចៗខាងក្រោមស្បែក ដោយធ្វើប្រតិកម្មជាមួយប្រូតេអ៊ីនចាប់វីតាមីន D ចូលទៅក្នុងក្រសែឈាម និងឆ្ពោះទៅរកអវយវៈផ្សេងៗជាបន្ត ដូចជាថ្លើម ក្រលៀន ពោះវៀន ឆ្អឹង ដើម្បីបឺតជ្រាបយកកាល់ស្យូមធ្វើឱ្យឆ្អឹងរឹងមាំហ្នឹងឯង។

    ទទួលបានពន្លឺថ្ងៃយ៉ាងម៉េច ទើបគ្រប់គ្រាន់

    នៅពេលនិយាយថា ត្រូវទទួលពន្លឺថ្ងៃ នារីៗច្បាស់ថ្ងូររហ៊ឹសជាមិនខាន ព្រោះកម្ដៅដ៏ក្ដៅរបស់ព្រះអាទិត្យនៅស្រុកយើងនេះពិបាកនឹងទ្រាំទ្របានណាស់ តែវេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា អំឡុងពេលដែលស័ក្តិសមក្នុងការទទួលយកពន្លឺថ្ងៃ គឺម៉ោង06.00 – 09.00 និងម៉ោង15.00 – 17.00 ជាអំឡុងពេលដែលពន្លឺថ្ងៃមិនក្ដៅខ្លាំង និងមិនបង្កអន្តរាយដល់ស្បែកមនុស្សខ្លាំងពេកទេ ដោយរយៈពេលត្រឹមតែ 30នាទីដែលស្បែកបើកទទួលយកពន្លឺថ្ងៃចូលមកក្នុងរាងកាយនេះនឹងអាចសាងវីតាមីន Dដល់រាងកាយបានដល់ទៅ 1,000យូនីតឯណោះ។

    ញ៉ាំផ្សិត ជម្រើសមួយទៀតក្នុងការទទួលបាន “វីតាមីន D”     

    រុក្ខជាតិដែលមានវីតាមីន D ខ្ពស់បំផុតគឺ ផ្សិត។ ទាំងវាស្ថិតនៅក្នុងទីម្លប់ និងសើម តែបែរជាមានសារធាតុដែលជាតួផ្ដើមកំណើតឱ្យវីតាមីន Dខ្ពស់បំផុតនៅពេលដែលសារធាតុត្រូវពន្លឺថ្ងៃផ្លាស់ប្ដូរក្លាយជាវីតាមីន D ដូច្នេះបើយើងបេះផ្សិតបានមក ត្រូវយកផ្សិតនោះទៅដាក់ហាលថ្ងៃប្រមាណជាកន្លះម៉ោង ទៅមួយម៉ោង រួចសឹមយកមករក្សាទុកក្នុងទូទឹកកក ហើយទាំងអស់នេះ ផ្សិតដែលហាលថ្ងៃរួចអាចយកទៅរក្សាទុកក្នុងទូទឹកកកបានយូររហូតដល់ទៅ 14ថ្ងៃ។ ក្រៅពីផ្សិតហើយ គេនៅអាចរកវីតាមីន D បានពី សាច់ត្រី ថ្រៅត៍ ត្រីប្លាធូ និងគ្រំអយស្ទ័របានផងដែរ។

    ឡារ៉ែនសង្ឃឹមថា មិត្តអ្នកអានប្រហែលជាបានទទួលចំណេះដឹងល្អៗពាក់ព័ន្ធនឹងវីតាមីន D ដែលជាប្រយោជន៍ល្មមសមគួរហើយ ជាពិសេសនារីៗ​ដែលខ្លាចពន្លឺថ្ងៃ ចូរងាកមកផ្ដល់ភាពសំខាន់ជាមួយវីតាមីន D ព្រមជាមួយការមើលថែទាំសុខភាពលើផ្នែកផ្សេងៗទៀតដើម្បីឱ្យបានស្អាត សង្ហា សុខភាពរឹងមាំ ចាកឆ្ងាយជំងឺទាំងអស់គ្នា៕

  • តិចនិកទុកដាក់ និងការពារម្ហូបអាហារកុំឱ្យឆាប់ខូចរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុន

    តិចនិកទុកដាក់ និងការពារម្ហូបអាហារកុំឱ្យឆាប់ខូចរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុន

    ប្រទេសជប៉ុន ពេលធាតុអាកាសក្ដៅ ក៏ក្ដៅមិនចាញ់ស្រុកយើងប៉ុន្មានដែរ ដូច្នេះហើយទើបស្រ្តីមេផ្ទះជនជាតិជប៉ុនមានតិចនិកល្អៗក្នុងការការពារម្ហូបអាហារកុំឱ្យផ្អូមខូចនៅក្នុងរដូវក្ដៅច្រើនណាស់…បងៗស្រ្តីមេផ្ទះទាំងឡាយអាចសាកល្បងយកមកកែច្នៃប្រើនៅក្នុងស្រុកយើងដើម្បីការពារកុំឱ្យម្ហូបអាហារឆាប់ខូចបានចា៎ស។

    1 . ចំហាយទឹក ជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច

    មុនគេបង្អស់ រឿងដែលត្រូវចាំទុកគឺ រឿងចំហាយទឹកនៅក្នុងម្ហូបអាហារ សំខាន់ខ្លាំងណាស់ ព្រោះវាជាអ្នកដែលធ្វើឱ្យម្ហូបអាហារឡើងជោរទឹកពពាច ជាជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច។ ដោយប្រអប់ប្លាស្ទិកដាក់អាហារដែលមានគម្របបិទជិត នៅពេលយើងដាក់ម្ហូបអាហារក្ដៅៗចូលទៅ ធ្វើឱ្យកើតចំហាយទឹក និងទោះជាអាហារមិនក្ដៅក៏ដោយ តែពួកទឹកឆា ទឹកស៊ីអ៊ីវដែលនៅក្នុងម្ហូបអាហារនោះ ពេលនៅក្នុងប្រអប់ និងត្រូវធាតុអាកាសក្ដៅៗ ក៏នឹងធ្វើឱ្យក្ដៅភាយចេញជាចំហាយទឹកបានដូចគ្នា។ ដូច្នេះយើងនាំគ្នាមកមើលពីវិធីងាយៗដែលមិនធ្វើឱ្យកើតមានចំហាយទឹកដូចតទៅ។

    2 . អាហារចៀនបំពង មិនងាយខូច

    អាហារចៀនបំពងជាអាហារដែលមិនងាយខូចទេ ព្រោះវាស្ងួត មានសំណើមតិចបំផុត បើធៀបនឹងម្ហូបឆាផ្សេងៗដែលមានទឹកគ្រឿងគ្រៅច្រើន ដូច្នេះទើបម្ហូបចៀនបំពង គឺជាជម្រើសដែលល្អមួយក្នុងការទុកដាក់បានល្អ។ ឧទាហរណ៍ ម្ហូបខ្មែរយើងមានដូចជា មាន់ចៀន សាច់ជ្រូកប្រឡាក់ចៀន សាច់ងៀត ជាដើម។

    3 . បន្លែស្រុស ត្រូវឱ្យស្ងួតទឹក

    ម្ហូប បើមានតែសាច់ក៏នឹងមិនទទួលបានសារធាតុអាហារគ្រប់មុខដែរ ដូច្នេះទើបបងៗស្រ្តីមេផ្ទះជាច្រើនដាក់បន្លែចូលដែរ ទោះជាតិចតួចក្ដី តែក៏សំខាន់ ប៉ុន្តែបន្លែស្រុស បន្លែស្ងោរផ្សេងៗត្រូវតែឱ្យស្រស់ទឹក និងប្រើក្រដាសអនាម័យសម្រាប់ប្រើជាមួយម្ហូបអាហារផ្ដិតឱ្យស្ងួតបានច្រើនបំផុត។ ពេលរៀបចំចូលក្នុងប្រអប់គួរប្រើចានក្រដាសបំបែកជាផ្នែកៗ មិនឱ្យទឹកដែលចេញពីបន្លែទៅប៉ះម្ហូបផ្សេងទៀត(ជួយរក្សាភាពឆ្ងាញ់ឱ្យនៅដដែលបានទៀតផង)។

    4 . បន្លែផ្លែឈើ មិនគួរបេះទងចេញទេ

    ឧទាហរណ៍ដូចជា ផ្លែប៉េងប៉ោះតូចៗ(ប៉េងប៉ោះចង្កោម) តែបន្លែខ្លះដែលទងវាស្អុយរលួយហើយ ក៏គួរតែបេះចេញ ព្រោះអាចមានមេរោគបាក់តេរីច្រើនជាប់មកជាមួយ ដែលទោះជាលាងយ៉ាងណាក៏មិនអស់ដែរ។

    5 . តម ឬចៀសវាងការបន្ថែមវត្ថុរាវ បើមិនចាំបាច់

    ក្នុងការរៀបចំតុបតែងម្ហូបដោយផ្លែប៉េងប៉ោះ ឬបន្លែផ្លែឈើណាដែលមានជាតិទឹកច្រើន ការដោតឈើចាក់ ឬពុះជាពីរ ទោះជាមើលទៅឃើញស្អាត និងងាយស្រួលចាប់កាន់ញ៉ាំមែន តែក៏មិនគួរធ្វើបែបហ្នឹងដែរ ព្រោះទឹកដែលនៅក្នុងបន្លែផ្លែឈើទាំងនោះនឹងហូរចេញមក ធ្វើឱ្យម្ហូបនោះឆាប់ខូចបាន។

    សម្រាប់ឈើចាក់ដែលទិញមកហើយ មិនបាច់ខ្លាចថា នឹងមិនបានប្រើនោះទេ បងៗស្រ្តីមេផ្ទះអាចយកមកដោតលើម្ហូបផ្សេងៗទៀតបានដូចជា សាច់ក្រក(ហាន់ចំណិតៗ) ពងទាក្រឡុក(កាត់ជាដុំ) ប្រហិត ឬពងក្រួចស្ងោរបានចា៎ស។

    6 . ម្ហូបអាហារគ្រប់យ៉ាងត្រូវទុកឱ្យត្រជាក់សិន

    ម្ហូបអាហារដែលបងៗស្រ្តីមេផ្ទះត្រូវការដាក់ចូលទៅក្នុងប្រអប់ ពេលចម្អិនរួចរាល់ហើយ គួរដាក់ចានទុក ចាំឱ្យត្រជាក់សិន សឹមរៀបចំដាក់ចូលក្នុងប្រអប់ទុក(បើចង់ញ៉ាំបែបក្ដៅ ពេលញ៉ាំអាចកម្ដៅបាន)។

    បាយអង្ករខ្សាយក៏អ៊ីចឹងដែរ ដួសដាក់ចានទុកសិន ហើយបិទដោយបន្ទះផ្លាស្ទិករុំអាហារ ដើម្បីកុំឱ្យបាយស្ងួតរឹង។ ពេលបាយត្រជាក់ហើយ សឹមរៀបចំដាក់ចូលប្រអប់។

    បើដួសដាក់ប្រអប់តែម្ដង យើងក៏មានវិធីធ្វើឱ្យបាយដែលត្រជាក់ហើយនោះនៅតែមានភាពឆ្ងាញ់ដែរ ដោយប្រើក្រដាសអនាម័យដែលប្រើក្នុងការធ្វើម្ហូបអាហារមកបិទពីលើ។ វិធីនេះប្រៀបដូចជាការចំហុយចំហាយទឹកដែរ ធ្វើឱ្យបាយនៅទន់ និងពេលបាយត្រជាក់ហើយ ក៏យកក្រដាសអនាម័យចេញ។

    ការរៀបចំប្រអប់អាហារបែបជប៉ុន មិនមែនជារឿងពិបាកឡើយ គ្រាន់តែមានចានក្រដាសតូចៗ(មានលក់នៅក្នុងផ្សារទំនើប) និងឈើចាក់ ក៏មើលទៅដូចអាហារជប៉ុនដែរ ទោះជាដាក់ម្ហូបខ្មែរយើងក៏ដោយ។ រឹតតែប្រើតិចនិកការរៀបចំប្រអប់អាហារក្នុងរដូវក្ដៅតាមដែលបានរៀបរាប់មកខាងលើផងនោះ ធានាថា នឹងរក្សាភាពឆ្ងាញ់បានរហូតដល់ពេលត្រូវយកមកញ៉ាំ និងមិនផ្អូមយ៉ាងពិតប្រាកដ ហើយបើនៅផ្ទះមានចង្ក្រានម៉ៃក្រូវេហ្វផងនោះ យកទៅកម្ដៅមុននឹងទទួលទាន អាហារនឹងរឹតតែមានរសជាតិល្អឡើងជាមិនខាន៕

  • ដល់ពេលហើយ…!! ផ្លាស់ប្តូររបៀបដែលលោកអ្នកធ្លាប់ប្រើស្មាតហ្វូនជាមួយនឹងស្តេចកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2…!

    ដល់ពេលហើយ…!! ផ្លាស់ប្តូររបៀបដែលលោកអ្នកធ្លាប់ប្រើស្មាតហ្វូនជាមួយនឹងស្តេចកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2…!

    Samsung Galaxy Z Fold 2 ជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលផ្តល់បទពិសោធន៍អស្ចារ្យលើសពីស្មាតហ្វូនដែលលោកអ្នកធ្លាប់ប្រើ…!!

    (ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ…ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល…!!

    តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ 120Hz ទៀត ក៏បាន…និយាយពីថាឡូយកប់ខ្លាំងណាស់…!!

    នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង…!! ចង់ដឹង…សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ…!!

    ហើយពេលនេះស្មាតហ្វូនដែលកំពុងផ្លាស់ប្តូរការគិត…ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត…សម្រេចក្តីស្រមៃ…ឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ ២០២០ នេះគឺ Samsung Galaxy Z Fold 2…!! ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z Fold 2 គឺជាកំពូលស្មាតហ្វូនអេក្រង់បត់បែនបានគ្រប់កាលៈទេសៈ និងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បាននូវអារម្មណ៍អស្ចារ្យលើសពីស្មាតហ្វូនធម្មតា…សម្រាប់លោកអ្នកដែលចង់បានសេរីភាពនៃការថតរូប…ភាពបត់បែនល្អឥតខ្ចោះសម្រាប់ការកម្សាន្ត…និងការជម្រុញដល់ភាពជោគជ័យក្នុងការងារប្រចាំថ្ងៃ…!! Samsung Galaxy Z Fold 2…ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងគេបំផុតដែលឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពលេចធ្លោដ៏ស៊ីវីល័យបំផុតក្នុងសករាជថ្មីប្រចាំឆ្នាំ ២០២០ នេះ…!!

    ខាងក្រោមនេះគឺជាសមត្ថភាព និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ដែលធ្វើការផ្លាស់ប្តូរបទពិសោធន៍ថ្មីនៃពិភពស្មាតហ្វូនក្នុងឆ្នាំថ្មី ២០២០ នេះ៖

    – អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED

    – អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X

    – ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+

    – ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB

    – កាមេរ៉ាមុខ (Cover camera) ៖ 10 MP

    – កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP

    – កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

    – ថាមពលថ្ម៖ 4500 mAh

    – ពណ៌៖ Mystic Bronze និង Mystic Black

    – តម្លៃ៖ $1,999

    * រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖

    – បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

    – ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

    នៅចាំអីទៀត…? តោះ…ចាប់ផ្តើមទទួលយកបទពិសោធន៍ថ្មីលើរបកគំហើយថ្មីនៃភាពអស្ចារ្យសាមញ្ញថ្មីដ៏វៃឆ្លាតគ្មានអី្វប្រៀបសម្រាប់ឆ្នាំថ្មីជាមួយស្មាតហ្វូនអេក្រង់បត់ថ្មីឆ្នាំ ២០២០ Samsung Galaxy Z Fold 2…!!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

  • កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

    មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួនខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអារម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជាខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់េបស់ទៀតផង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក

    វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ

    អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត ៈ នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយ ជាដើម។

    អារម្មណ៍មិនពេញចិត្ត ៈ នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនា ត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។

    អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ 1 – 3ឆ្នាំ

    អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍន៍ឡើងក្នុងរយៈពេលនេះ មានដូចតទៅ ៈ

    អារម្មណ៍ក្រោធខឹង ៈ កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការ ច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

    អារម្មណ៍ភ័យខ្លាច ៈ ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ(មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មី ខ្លាចវត្ថុដែលមានលាន់ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹត ជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

    អារម្មណ៍ច្រណែន ៈ កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

    អារម្មណ៍ចង់ដឹងចង់ឃើញ ៈ នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

    អារម្មណ៍ត្រេកអរ ៈ ជាអារម្មណ៍នៃក្ដីសោមនស្ស មានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

    អារម្មណ៍ស្រឡាញ់ ៈ ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

    ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែក និងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

  • Southampton ដាច់ចិត្តខ្ចីជើង អតីតកីឡាករចាស់វស្សារបស់ខ្លួនពី Everton មកវិញ

    Southampton ដាច់ចិត្តខ្ចីជើង អតីតកីឡាករចាស់វស្សារបស់ខ្លួនពី Everton មកវិញ

    Theo Walcott កីឡាករ​ខ្សែប្រយុទ្ធ សញ្ជាតិ​អង់គ្លេស ត្រូវបាន​ក្លិប Southampton ប្រកាស​នាំយក​មកកាន់​ទឹកដី​របស់ខ្លួន កាលពី​ថ្ងៃទី6 ខែតុលា ឆ្នាំ2020កន្លងទៅ ជា​ថ្ងៃ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបាន​បិទ​ជា​ផ្លូវការ។

    ការវិល​ត្រលប់​មកកាន់​ក្លិប​ចាស់​វិញ​នេះ គឺ​មិនមែនជា​ការទិញ​ដាច់​ឡើយ ពោលគឺ​កីឡាករ​រូបនេះ ត្រូវបាន​ក្លិប Southampton ខ្ចី​ជើង​ត្រឡប់​មកពី Everton វិញ សម្រាប់​រដូវ​កាល2021 ខាងមុខនេះ។

    Walcott បាន​និយាយថា មាន​ក្លិប​មួយចំនួន​បានផ្ដល់​ឱកាស​ឱ្យគេ ប៉ុន្តែ​ភ្លាមនោះ Southampton ក៏​មករក​គេ​ដូចគ្នា។ ដោយហេតុតែ​ជា​ក្លិប​ដំបូង​ដែល​ខ្លួន​ធ្លាប់​ជាមួយ អតីត​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បានសម្រេច​មក​នៅ Southampton តែម្ដង។ Walcott លេង​អាជីព​ដំបូង​ជាមួយ Southampton ក្នុង​ខែ សីហា ឆ្នាំ2005 ត្រឹម​វ័យ 16ឆ្នាំ និង143ថ្ងៃ​ប៉ុណ្ណោះ៕

  • អ៊ឺរ៉ង់ បបួលប្រទេសអាស៊ី1 និងអាហ្វ្រិក1 ប្រកួតមិត្តភាព ត្រៀមជម្រុះ World Cup

    អ៊ឺរ៉ង់ បបួលប្រទេសអាស៊ី1 និងអាហ្វ្រិក1 ប្រកួតមិត្តភាព ត្រៀមជម្រុះ World Cup

    កាលពី​ព្រឹក​ថ្ងៃទី6 ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ បានប្រកាស​ប្រមូលផ្តុំ​កីឡាករ​របស់ខ្លួន​ចំនួន 23នាក់ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ចំនួន 2ប្រកួត មុននឹង​ដល់​ការប្រកួត​វគ្គ​ជម្រុះ FIFA WORLD CUP QATAR 2022 វិល​មកដល់​សាជាថ្មី។

    ចំពោះ​ការប្រកួត​មិត្តភាព​ចំនួន 2ប្រកួត ដែល​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ ត្រូវ​លេង គឺ​នឹងត្រូវ​ប៉ះ​ជាមួយ ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ូ​បេ​គី​ស្ថាន នៅ​ថ្ងៃទី8 ខែតុលា ឆ្នាំ2020 នៅ​ទីក្រុង Tashkent ប្រទេស​អ៊ីរ៉ង់ និង ក្រុមបាល់ទាត់​ជម្រើសជាតិ ម៉ាលី នៅ​ទីក្រុង Antalya ប្រទេស​តួរ​គី នៅ​ថ្ងៃទី13 ខែតុលា ឆ្នាំ2020។

    ខាងក្រោម​នេះ គឺជា​បញ្ជី​ឈ្មោះ​កីឡាករ ដែល​ត្រូវបាន​កោះហៅ៖

    អ្នកចាំទី៖

    Amir Abedzadeh (Maritimo), Payam Niazmand (Sepahan), Rashid Mazaheri (Esteghlal)

    ខ្សែការពារ៖

    Majid Hosseini (Trabzonspor), Hossein Kanaanizadegan (Persepolis), Shoja Khalilzadeh (Persepolis), Aref Gholami (Esteghlal), Sadegh Moharami (Dinamo), Milad Mohammadi (Gent), Mojtaba Najarian (Foolad), Siamak Nemati (Persepolis)

    ខ្សែបម្រើ៖

    Ehsan Haji Safi (Tractor), Ali Karimi (Esteghlal), Ahmad Nourollahi (Persepolis), Omid Noorafkan (Sepahan), Ali Gholizadeh (Charleroi), Saman Ghoddos (Brentford), Mehdi Ghaedi (Esteghlal), Vahid Amiri (Persepolis), Mehdi Torabi (?)

    ខ្សែប្រយុទ្ធ

    Sardar Azmoun (Zenit), Mehdi Taremi (Porto), Kaveh Rezaei (Charleroi)

  • realme 7 series ដែលមាន​បំពាក់​កាមេរ៉ា 4គ្រាប់ 64MP និង​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart នឹង​មានការ​ដាក់លក់​ដំបូង​នៅ​ថ្ងៃទី៩ខែតុលា​នេះ ធ្វើ​ការបញ្ជាទិញ​ទុក​មុន​ឥឡូវនេះ​នឹងមាន​ការ​ថែម​ជូន​កាដូ​ជាច្រើន

    realme 7 series ដែលមាន​បំពាក់​កាមេរ៉ា 4គ្រាប់ 64MP និង​បច្ចេកវិទ្យា​សាក​លឿន 65W SuperDart នឹង​មានការ​ដាក់លក់​ដំបូង​នៅ​ថ្ងៃទី៩ខែតុលា​នេះ ធ្វើ​ការបញ្ជាទិញ​ទុក​មុន​ឥឡូវនេះ​នឹងមាន​ការ​ថែម​ជូន​កាដូ​ជាច្រើន

    នៅ​ថ្ងៃទី9ខែតុលា realme ដែលជា​អ្នក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​នឹងដាក់​ប្រកាស​ផ្លូវការ​នូវ​realme 7 pro និង realme 7 ដែលមាន​កាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ ដែល​ធ្វើអោយ​អ្នកប្រើប្រាស់​ចំណាយ​ថវិកា​តិច​តែ​ទទួលបាន​នូវ​បទពិសោធន៍​ដែល​នាំមក​ដោយ​បច្ចេកវិទ្យា​សាក​លឿន​65W SuperDarts រួម​ជាមួយនឹង​អេក្រង់ Super AMOLED ។ ឥឡូវនេះ រាល់​អតិថិជន​ដែល​បានធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ​realme 7 series នៅតាម​បណ្តា​ហាងនាៗ នឹងមាន​ការ​ថែម​ជូន​កាដូ​ពិសេស​ដូចជា​ដប​ទឹក កាស​ក្តោប កាបូប​កីឡា​និង លេខ​សុ​ី​ម​ស្មា​ត​ធំ​ហ្មង (12 សប្តាហ៍)។

    អ្វីដែល​គួរអោយ​ទន្ទឹម​រង់ចាំ​នោះ​គឹ realme 7 pro បាន​នាំមក​នូវ​បច្ចេកវិទ្យា​ពេញនិយម​សាក​លឿន​65W SuperDart ដែល​តែងតែមាន​បំពាក់​តែ​នៅលើ​ផលិតផល​Flagship ដល់​អ្នកប្រើប្រាស់ ដែល​អាច​សាក​បាន13% ក្នុង​រយៈពេល3នាទី និង100%ក្នុង​រយៈពេល34នាទី ធ្វើអោយ​អ្នកប្រើប្រាស់​មិនចាំបាច់​រង់ចាំ​ក្នុងការ​សាក​ថ្ម ។ អាច​និយាយបានថា ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ទាប​ជាង realme 7 Proគឺ​មិនមាន​ការ​សាក​លឿន​ដូច realme 7 Pro នោះទេ ហើយ​ស្មា​ត​ហ្វូ​ន​ដែលមាន​ការ​សាក​ថ្ម​លឿន​ដូច realme 7 Proគឺ​មិនមាន​តម្លៃ​ទាប​ដូច​realme 7 pro នោះដែរ។

    realme 7 Pro ដែលមាន​បំពាក់​កាមេរ៉ា​Sony 64MP Ultra Clear 4 គ្រាប់​មិន​ត្រឹមតែ​អាច​ថត​បាន​ដូច​អ្នកជំនាញ ថែមទាំង​មានមុខ​ងារ Filters ជាច្រើន​ទៀត​ធ្វើអោយ​ការថតរូប​កាន់តែ​អស្ចារ្យ។ យើង​អាច​ផ្តិត​យក​ទេសភាព​ពេលយប់​ជាមួយ​មុខងារ Pro Nightscape និង មុខងារ Starry Mode បន្ថែម​ពីនេះ realme 7 Series មានមុខ​ងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold មុខងារ AI Color Portait នឹង​សម្គាល់​មនុស្ស​ឬ​វត្ថុ ឲ្យ​រក្សា​ពណ៌​នៅ​ដដែល ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ក្លាយជា​ពណ៌​ស​ខ្មៅ ទោះជា​អ្នក​មិនចេះ​ថតរូប​ក៏​អាច​ថត​ចេញ បាន​ដូច​អ្នកជំនាញ​ផងដែរ។

    បន្ថែម​ជាមួយនឹង អេក្រង់ Super AMOLED និង​បាស​សម្លេង ២គ្រាប់ Dolby Atmos  realmeគឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​ថតរូប និង​ការ​សាក​ថ្ម​លឿន។

    សម្រាប់ Gamer វិញ realme 7 គឺជា​ជម្រើស​ល្អ​បំផុត ។ ដោយ​វា​មាន​បំពាក់​នូវ​កាមេរ៉ា Sony 64MP Ultra Clear 4  គ្រាប់ បន្ទះ​ឈី​ប​Helio G95 របស់ Media Tekដែល​ប្រកាស​ដំបូង​គេ​ក្នុង​ពិភពលោក បាន​នាំនូវ​បទពិសោធន៍​លឿន​បំផុត​ដល់​អ្នកប្រើប្រាស់ ថែមទាំង​មាន​អេក្រង់​កម្រិត​90Hz មិន​ថា​លេង​Facebook មើល​វីដេអូ ឬក៏​លេង​ហ្គេម គឺ​តែងតែ​ធ្វើអោយ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​មើល​យ៉ាង​រលូន។

    បន្ថែម​ជាមួយនឹង ថាមពល​ថ្ម​5000mAh និង​បច្ចេកវិទ្យា​សាក​ថ្ម​30W Dart ធ្វើអោយ​អ្នក​ប្រកួត​ហ្គេម​មិនមាន​ការបារ​ម្មណ៍​ឡើយ ។ជាមួយគ្នានេះដែរ realme 7 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន MLBB ណែនាំ​សម្រាប់​ការប្រកួត City Tournament ជួយ​អោយ​លោកអ្នក ងាយស្រួល​ក្នុងការ​ទទួលបាន​ជ័យជំនះ។

    realme ក្នុងនាម​ជា​ម៉ាក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​ដែល​តែងតែ​ឆ្ពោះទៅមុខ realme 7 series បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ជាច្រើន​ដែល​តែងតែមាន​បំពាក់​តែ​នៅលើ​ផលិតផល​Flagship និង​ជា​ស្មា​ត​ហ្វូ​ន​ដែលជា​ជម្រើស​ល្អ​បំផុត​ក្នុង​ជួរ​តម្លៃ​ដូចគ្នា សូមកុំ​អោយ​រំលង​អោយសោះ។

  • ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

    ពហុវិធីកែបញ្ហាក្មេងពិបាកញ៉ាំ ឱ្យក្លាយជាក្មេងដែលចូលចិត្តញ៉ាំ មិនកៀសបន្លែចេញ

    “ក្មេងពិបាកញ៉ាំអាហារ” ជាបញ្ហាមួយដែលឪពុកម្ដាយមានអារម្មណ៍តានតឹង និងកង្វល់ចិត្តយ៉ាងខ្លាំង ហើយដោយសារតែខំព្យាយាមគ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យកូនបានញ៉ាំអាហារ ទើបជាលទ្ធផលធ្វើឱ្យក្មេងតតាំងកាន់តែខ្លាំងឡើង ហើយបញ្ហាក៏នឹងរឹតតែធ្ងន់ធ្ងរ និងរ៉ាំរ៉ៃខ្លាំងឡើង។ “ក្មេងពិបាកញ៉ាំអាហារ” អាចជួបប្រទះនៅលើក្មេងទូទៅ 3 – 5ភាគរយច្រើនស្ថិតក្នុងវ័យ 1 – 6ឆ្នាំ ក្មេងនឹងមានអាការដូចតទៅ គឺញ៉ាំយឺត បៀមបាយ ឬស្រែកយំមិនព្រមញ៉ាំ ខ្ជាក់ចេញ ឬក្អួតអាហារដែលញ៉ាំចូលទៅហើយនោះចេញមកវិញ ជាដើម។ ឯឪពុកម្ដាយវិញនឹងខំប្រឹងធ្វើយ៉ាងណាឱ្យកូនញ៉ាំបាន តាំងពីទំពាបញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់លក្ខខណ្ឌជាមួយកូន ឬបង្ខំដាក់ទណ្ឌកម្មដោយវិធីផ្សេងៗក៏មាន។

    ភាគច្រើនក្មេងត្រូវបានទទួលអាហារមួយថ្ងៃក្នុងបរិមាណដែលគ្រប់គ្រាន់ តែបើក្នុងករណីដែលក្មេងបានទទួលអាហារតិចជាងប្រក្រតី និងមានការចម្រើនធំធាត់យឺតនោះ ក្មេងគួរបានទទួលការពិនិត្យវាយតម្លៃដើម្បីរកវិធីព្យាបាលខាងរាងកាយ និងផ្លូវចិត្តយ៉ាងលម្អិត។

    វិធីកែបញ្ហា ក្មេងពិបាកញ៉ាំអាហារ ក្នុងវ័យដែលត្រូវចាប់ផ្ដើមញ៉ាំ

    1 . ឱ្យអង្គុយនៅតុញ៉ាំបាយជាមួយប៉ាម៉ាក់។

    2 . មិនបើកទូរទស្សន៍មើលក្នុងអំឡុងពេលញ៉ាំបាយ ឬអាហារ។

    3 . ឱ្យពេលញ៉ាំអាហារប្រមាណជា 30នាទី ដោយដួសអាហារឱ្យសមល្មម មិនច្រើនជ្រុលពេក។ បើក្មេងមិនញ៉ាំ ពេលដល់ម៉ោង ចូរប្រមូលអាហារទុកដាក់។

    4 . ក្នុងពេលញ៉ាំអាហារ ចូរនិយាយតែរឿងល្អៗ សប្បាយៗ។

    5 . កុំបង្ខំឱ្យក្មេងញ៉ាំ ឬដាក់ទោស ពេលក្មេងមិនញ៉ាំអាហារ។

    6 . ពេលក្មេងញ៉ាំបាយ ឬអាហារបានច្រើន ចូរនិយាយសរសើរ តែបើគេញ៉ាំបានតិច ចូរធ្វើព្រងើយ។

    7 . តម និងចៀសវាងការញ៉ាំអាហារផ្សេងៗក្នុងអំឡុងពេលញ៉ាំបាយ ដូចជានំ ទឹកដោះគោ ឬស្ករគ្រាប់ជាដើម។

    មូលហេតុធ្វើឱ្យក្មេងពិបាកញ៉ាំអាហារ

    1 . បរិមាណអាហារច្រើនជ្រុលពេក។

    2 . ក្មេងមិនចូលចិត្តញ៉ាំអាហារនោះ ដូចជាបន្លែ ឬត្រីជាដើម ដូច្នេះមិនគួរបង្ខំទេ តែគួរកែច្នៃអាហារនោះទៅជារូបបែបផ្សេងៗ ហើយបបួលឱ្យក្មេងសាកល្បងញ៉ាំ។

    3 . ក្មេងខ្វះការឃ្លានចង់ញ៉ាំអាហារ ដោយសារតែញ៉ាំនំ ឬទឹកដោះគោនៅពេលមុនហ្នឹងរួចហើយ។

    4 . ក្មេងមានបទពិសោធមិនល្អពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវបញ្ចុកបង្ខំឱ្យញ៉ាំរហូតឈឺមាត់ ឬធ្លាប់ស្ថិតក្នុងបរិយាកាសដែលមិនល្អក្នុងការញ៉ាំអាហារ ដូចជាធ្លាប់ត្រូវសម្លុត ឬវាយបង្ខំឱ្យញ៉ាំជាដើម។

    5 . ខណៈពេលញ៉ាំអាហារ ក្មេងមានការឈឺថ្កាត់ខាងរាងកាយ ឬមានបញ្ហាខាងអារម្មណ៍។

    កែខៃបញ្ហារឿងកូនពិបាកញ៉ាំអាហារសម្រាប់មនុស្សជាឪពុកម្ដាយ

    1 . បន្ថយក្ដីកង្វល់ចិត្តចុះខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហាររបស់កូន ដូចជាកង្វល់ថា កូននឹងមានទម្ងន់ខ្លួនតិច(ស្គម) ឬបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាដើម ព្រោះក្ដីកង្វល់នោះនឹងហុចផលទៅដល់កូន ធ្វើមានផលប៉ះពាល់ដល់ការមិនញ៉ាំអាហារបាន។

    2 . បណ្ដោយឱ្យកូនមានឱកាសបានជួយខ្លួនឯងខ្លះពាក់ព័ន្ធនឹងការញ៉ាំអាហារ ដូចជា ចំពោះក្មេងដែលចាប់ផ្ដើមចេះចាប់កាន់ចំណីអាហារដុំតូចៗ ឬចេះយកស្លាបព្រាដាក់ចូលមាត់ ទោះជាកំពប់ ឬប្រឡាក់ខ្លះក៏ដោយ។

    3 . ទៅជួបគ្រូពេទ្យចិត្តសាស្រ្តកុមារ បើសិនអាណាព្យាបាលបានធ្វើតាមការណែនាំ និងប្រតិបត្តិតាមចំណុចទី1 និងចំណុចទី2យ៉ាងជាប់លាប់ហើយ និងបើមានចំណុចសង្ស័យណាមួយអាចសុំការណែនាំពីគ្រូពេទ្យកុមារ ឬគ្រូពេទ្យចិត្តសាស្រ្តកុមារដើម្បីរកដំណោះស្រាយ។

    វិធីការពារបញ្ហា ក្មេងពិបាកញ៉ាំអាហារ

    1 . ចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមក្នុងពេលវេលាដ៏ត្រឹមត្រូវ(អាយុបានប្រមាណជា 6ខែឡើង)។

    2 . បង្ហាត់បង្រៀនអំពី “សុខប្រតិបត្តិ” ក្នុងការញ៉ាំដល់ក្មេងតាំងពីពេលចាប់ផ្ដើមឱ្យញ៉ាំអាហារ។

    បញ្ហា ក្មេង “ពិបាកញ៉ាំអាហារ”ជាបញ្ហាដែលជួបប្រទះញឹកញាប់ ដូច្នេះការមើលថែទាំ និងការពារបញ្ហាតាំងពីពេលចាប់ផ្ដើមនឹងជួយឱ្យក្មេងល្អប្រសើរឡើងបាន មិនដូច្នោះទេអាចកើតមានបញ្ហាឡើងបាន ដូចជា បញ្ហាសម្ព័ន្ធភាពរវាងឪពុកម្ដាយកូន បញ្ហាទង្វើច្រងេងច្រងាង និងបញ្ហាផ្នែកផ្លូវចិត្ត ដូចជាមានសម្ពាធ និងខ្វល់ខ្វាយច្រើន ជាដើម៕