Author: ធឿន មករា

  • ផ្លូវការ៖ iPhone 12 ចេញម្ដង 4ម៉ូដែល លើកនេះ គ្មានឆ្នាំងសាកក្នុងប្រអប់ទេ

    ផ្លូវការ៖ iPhone 12 ចេញម្ដង 4ម៉ូដែល លើកនេះ គ្មានឆ្នាំងសាកក្នុងប្រអប់ទេ

    កាលពី​ម្សិលមិញ Apple បានប្រកាស​ចេញ​ផលិតផលថ្មីៗមួយចំនួន​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ។ ក្នុងនោះដែរ តួឯក​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​នោះ​គឺ iPhone ឆ្នាំ2020។ ខុសពី​សព្វដង Apple បានប្រកាស​ចេញ 4ម៉ូ​ដែល ក្នុងពេល​តែមួយ​តែម្ដង គឺ iPhone 12 (mini), iPhone 12, iPhone 12 Pro និង iPhone 12 Pro Max៕

    iPhone 12 Series ទាំង 4នោះ បានក្លាយ​ទៅជា iPhone ដំបូង​របស់ Apple ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា 5G ទៀតផង។ យោងតាម​គេហទំព័រ​ផ្លូវការ​របស់ Apple ផ្ទាល់ បានឱ្យដឹងថា នៅក្នុង​ប្រអប់​វេច​ខ្ចប់​របស់ iPhone 12 Series គឺមាន​ទូរស័ព្ទ 1គ្រឿង និង​ខ្សែ​សាក​លឿន USB-C ភ្ជាប់​ទៅ​ខ្សែ lightning មួយ​កំណាត់។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ពិតជា​បាន​ដក​កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​ចេញ​មែន។ ដូចនេះ  បើ​អ្នក​មានបំណង​ចង់​ទិញយក iPhone 12 Series នោះ អ្នកនឹង​ត្រូវតែ​ចំណាយលុយ​ទិញ​កាស និង​ក្បាល​ឆ្នាំង​សាក ពី​ក្រៅ​បន្ថែម។

    Apple ក៏បាន​ប្រាប់​ពី​ហេតុផល ដែល​ខ្លួន​សម្រេចចិត្ត​បែបនេះ​ដែរ​ថា គឺ​ដោយសារតែ​ពួកគេ​ចង់​ចូលរួមចំណែក​ការពារ​បរិស្ថាន​ពិភពលោក។ គួរ​បញ្ជាក់ដែរថា កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​កម្លាំង 20W ត្រូវបាន Apple ដាក់លក់​នៅក្នុង​តម្លៃ​ខ្ទង់ 19ដុល្លារ៕

  • មកស្គាល់ YouTuber ដំបូងគេបង្អស់ នៅប្រទេសកូរ៉េខាងជើង

    មកស្គាល់ YouTuber ដំបូងគេបង្អស់ នៅប្រទេសកូរ៉េខាងជើង

    អ្នក​ប្រាកដជា​បានដឹងហើយថា Social Media នៅក្នុង​ប្រទេស​កូរ៉េខាងជើង មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ទូលំទូលាយ​នោះទេ លើសពីនេះ សេរីភាព​នានា ក៏​មិនត្រូវ​បានអនុញ្ញាត​ផងដែរ។

    ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែ​ក្រុមការងារ NAS Daily ដែលជា​ក្រុមការងារ​ដំណើរ​ការផលិត​វីដេអូ​ស្ទើរ​គ្រប់​ប្រទេស និង​មាន​ភាពល្បីល្បាញ​លើ Facebook បានបង្ហាញ​នូវ​អាថ៌កំបាំង​មួយ​ចេញមក​គឺ នៅក្នុង​ប្រទេស​កូរ៉េខាងជើង ក៏មាន Youtube Vlogger ដូច​បណ្ដា​ប្រទេស​នានា​ដែរ។

    ម្ចាស់​គណនី YouTuber ដំបូង​គេ​បង្អស់​រូបនោះ ជានា​រី​ដ៏​ស្រស់ស្អាត​ម្នាក់ ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាងច្បាស់។ YouTube របស់​នាង ដាក់ឈ្មោះថា Echo of Truth ដែលមាន​អ្នក Subscribe ចំនួន 33.7K ជាមួយនឹង​គណនី Instagram មួយទៀត​របស់​នាង​គឺ Coldnoodlefan។

    មាតិកា​ទាំង2 របស់​នាង គឺ​ថត​រូបភាព និង​វីដេអូ​សម្ភាស​ផ្ទាល់ ជាមួយនឹង​ជីវភាព​រស់នៅ ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​សកម្ម​ភាពទាក់ទង​សម្លៀកបំពាក់ កន្លែង​កម្សាន្ត និង​ម្ហូបអាហារ​នានា​នៅ​ទីនោះ​ផងដែរ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    8 . ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍

    អាហារគ្មានប្រយោជន៍ដែលថានេះ ក្រៅពីនឹងបំផ្លាញសុខភាពស្រ្តីមានគភ៌ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអ៊ីន អាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។

    9 . ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត

    សម្រាប់ស្រ្តីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្រ្តីដែលមានអាយុគភ៌ 32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។

    10 . ហាមញ៉ាំទឹកដោះច្រើនលើសពី 2កែវក្នុងមួយថ្ងៃ

    ស្រ្តីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្រ្តីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ…ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអ៊ីនក្នុងទឹកដោះគោ ជាដើម។

    11 . ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក

    ស្រ្តីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល ដោយសារតែក្នុងអំឡុងពេលតាំងគភ៌មានការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយយ៉ាងខ្លាំង ជាពិសេសអ័រម៉ូនភេទ ធ្វើឱ្យស្រ្តីមានគភ៌មានក្លិនខ្លួន និងក្លិនអវយវៈភេទខ្លាំងជាងមុន។ ការស្លៀកសម្លៀកបំពាក់ដែលរឹតណែន ធ្វើឱ្យកាន់តែកើតមានក្លិនអាប់ខ្លាំងឡើង និងនៅធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការមិនបានស្រួល ធ្វើឱ្យពិបាកដកដង្ហើម ងងឹតមុខ ឬខ្យល់គរបានទៀតផង។

    12 . ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន

    ក្នុងអំឡុងពេលមានគភ៌ មានការប្រែប្រួលអ័រម៉ូនច្រើន ហុចផលឱ្យអវយវៈភេទមានក្លិនខ្លាំងឡើង ទើបស្រ្តីមានគភ៌ធ្វើការលូកលាងសម្អាតរន្ធស្បូន និងជ្រើសរើសប្រើផលិតផលកម្ចាត់ក្លិន។ ទង្វើនេះជាការនាំមកនូវមេរោគឱ្យចូលទៅក្នុងរន្ធស្បូនដោយផ្ទាល់ ព្រោះជាធម្មតា នៅបរិវេណនោះនឹងមានមេរោគល្អនៅប្រចាំការចាំស្ទាក់ចាប់មេរោគផ្សេងៗដែលចូលទៅក្នុងរន្ធស្បូន ដូច្នេះហើយទើបមនុស្សប្រក្រតីមិនកើតការឆ្លងមេរោគដោយងាយៗនោះទេ តែបើពេលណាមានការលូកលាងរន្ធស្បូន ឬប្រើទឹកថ្នាំ ឬសាប៊ូដែលមានកម្រិតខ្លាំងៗ នឹងធ្វើឱ្យស្លាប់មេរោគល្អទាំងនោះ ហើយធ្វើឱ្យមេរោគចង្រៃផ្សេងៗហូរចូលទៅក្នុងរន្ធស្បូនបាន ធ្វើឱ្យប្រអប់ស្បូនកើតការឆ្លងមេរោគទាំងម្ដាយ និងកូនយ៉ាងងាយស្រួល។

    13 . ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ

    នៅពេលលើករបស់ធ្ងន់ៗខ្លាំងពេក កម្លាំងប្រឹងនឹងធ្លាក់ទៅនៅត្រង់ស្បូន ព្រោះជាចំណុចកណ្ដាល។ កម្លាំងប្រឹងខណៈពេលខំលើករបស់ធ្ងន់ៗ ប្រថុយប្រថាននឹងការធ្វើឱ្យរលូតបុត្របាន។ ការលើករបស់ធ្ងន់ៗ ឬការតោងឡើងទីខ្ពស់ៗ ប្រថុយនឹងការបាត់បង់លំនឹង ធ្វើឱ្យដួលបោកនឹងដីបានដូចគ្នា។

    14 . ហាមស្វាមីមានក្នុង មានក្រៅ

    ចំណុចនេះត្រូវតែ Tag ឬ Coppy ឱ្យស្វាមីអានឱ្យបាន។ តាមរយៈរបាយការណ៍វេជ្ជសាស្រ្តបានរកឃើញថា ស្វាមីក្បត់ចិត្តភរិយាច្រើនបំផុតក្នុងអំឡុងពេលភរិយាតាំងគភ៌ មានតាំងពីជាមួយស្រ្តីបម្រើសេវាផ្លូវភេទ មានភេទសម្ព័ន្ធជាមួយស្រីផ្សេងជាច្រើននាក់។ ទង្វើនេះអាចហុចផលប៉ះពាល់ដល់ភរិយា និងកូនតូច ព្រោះប្រថុយប្រថាននឹងការឆ្លងរោគពីក្រៅ ដូចជារោគអេដស៍ ស្វាយប្រមេះជាដើម។ គ្រប់រោគដែលរៀបរាប់មកនេះអាចហុចផលធ្វើឱ្យទារកពិការ ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។ ឯការការពារ ៈ ស្រ្តីមានគភ៌កុំព្រងើយកន្តើយក្នុងការផ្ដល់សេចក្ដីសុខជាមួយស្វាមី ព្រោះពេញមួយរយៈ 9ខែ ពេទ្យមិនបានហាម ឬកម្រិតការមានភេទសម្ព័ន្ធឡើយ អ្នកអាចប្រព្រឹត្តបានតាមប្រក្រតីក្នុងឥរិយាបទដែលមិនប្រថុយគ្រោះថ្នាក់ខ្លាំងពេកប៉ុណ្ណោះ។

    ការមើលថែទាំសុខភាពគភ៌នេះសំខាន់ណាស់ ព្រោះមិនមែនសម្រាប់តែស្រ្តីមានគភ៌ខ្លួនឯងប៉ុណ្ណោះទេ ទារកដែលនៅក្នុងគភ៌ក៏ត្រូវតែមានសុខភាពល្អបរិបូរណ៍ដែរ ដូច្នេះបើមានហេតុខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់៕

  • សុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះ-ក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    សុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះ-ក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    ការដែលចង់ធ្វើឱ្យភ្ញៀវដែលមកចូលរួមពិធីមង្គលការរបស់ខ្លួនពេញចិត្ត និងចងចាំជាប់ក្នុងចិត្តរហូតតទៅនោះ ក្រៅពីការរៀបចំទីកន្លែងឱ្យបានស្រស់ស្អាត ម្ហូបអាហារឆ្ងាញ់ពិសា និងការធ្វើឱ្យពិធីមានភាពសប្បាយរីករាយមិនគួរឱ្យធុញទ្រាន់ហើយនោះ រឿងសុជីវធម៌ល្អៗក្នុងពិធីមង្គលការរបស់កូនកំលោះក្រមុំ ក៏ជារឿងមួយដែលនឹងជួយសាងនូវភាពពេញចិត្តដល់ភ្ញៀវដែលមកចូលរួមដែរ។ ពិធីមង្គលការដែលបង្កប់ទៅដោយសុជីវធម៌ល្អប្រពៃ គួរតែចាប់ផ្ដើមពីការជូនសំបុត្រការ(ធាបការ)អញ្ជើញភ្ញៀវ រហូតទៅដល់ការរៀបចំការជប់លៀងពិសាភោជនាហារ និងនៅមានសុជីវធម៌មួយទៀតដែលសាមីខ្លួនកំលោះក្រមុំមិនគួរមើលរំលងនោះគឺ ផ្នែកខាងការទទួលស្វាគមន៍ភ្ញៀវ ដែលថ្ងៃនេះ ឡារ៉ែនមានសុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះកូនក្រមុំពេលនៅពីមុខផ្ទាំង Back Drop ថតរូបស្វាគមន៍ជាមួយភ្ញៀវ មកជម្រាបជូនដើម្បីទុកជាការសាងនូវក្ដីពេញចិត្តដល់ភ្ញៀវដែលមកចូលរួម។

    1 . ស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ ញញឹមញញែម

    ទោះជាកាលពីយប់មិញកូនកំលោះកូនក្រមុំបានត្រៀមការងារនឿយហត់ប៉ុនណា គេងមិនបានគ្រប់គ្រាន់ ឬមានអារម្មណ៍មិនល្អយ៉ាងណាក៏ដោយ តែពេលមកដល់ត្រង់កន្លែងនេះ គួរតែជម្រះអារម្មណ៍ទាំងអស់នោះចោលសិន ហើយមកឈរទទួលស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ញញឹមញញែម ព្រោះកាយវិការទាំងនេះនឹងក្លាយជាការសាងនូវក្ដីពេញចិត្តពេញថ្លើមគ្រាដំបូងនៅពេលដែលភ្ញៀវធ្វើដំណើរមកដល់កន្លែងប្រារព្ធពិធី និងបានជួបកូនកំលោះ-កូនក្រមុំដែលនៅរង់ចាំទទួលស្វាគមន៍នៅពីមុខខ្លោងទ្វារដែលមានផ្ទាំង Back Drop នៅជិតនោះយ៉ាងរីករាយរំភើបចិត្ត ដែលត្រង់នេះអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អប្រពៃមួយសម្រាប់កូនកំលោះ-កូនក្រមុំក្នុងពិធីមង្គលការរបស់ខ្លួន បើទោះជាមានអារម្មណ៍ថា ទាំងងងុយ ទាំងហត់នឿយ ទាំងចុករួយដៃជើងព្រោះឈរយូរពេកយ៉ាងណាក៏ដោយ។

    2 . មកដល់មុនពេលវេលា និងញញឹមជានិច្ច

    មិនថាពិធីបុណ្យអ្វីនោះឡើយ ការមកដល់ត្រូវពេលវេលា ឬមកដល់មុនពេលវេលាបន្តិច អាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អមួយ និងរឹតតែជាពិធីសំខាន់ ដូចជាពិធីមង្គលការផងនោះ កូនកំលោះ-ក្រមុំត្រូវតែមកស្ទែនបាយចាំមុនពេលដែលមានភ្ញៀវធ្វើដំណើរមកដល់ ដោយត្រូវមកឈរចាំទទួលស្វាគមន៍នៅខាងមុខពិធី រង់ចាំថតរូបនៅនឹង Back Drop និងញញឹមស្វាគមន៍ភ្ញៀវគ្រប់ពេលវេលា។ ពេលថតរូបជាមួយភ្ញៀវ គួរព្យាយាមញញឹមយ៉ាងធម្មជាតិ ទោះជាត្រូវញញឹមច្រើនប៉ុនណា រួយថ្គាមប៉ុនណា ហត់នឿយប៉ុនណាក៏ដោយ ការញញឹមស្វាគមន៍នៅពេលជួបមុខដំបូង គឺជាការសាងក្ដីរំភើប និងពេញចិត្ត និងជាសុជីវធម៌ក្នុងពិធីមង្គលការដែលគួរតែធ្វើបំផុត។

    3 .និយាយស្វាគមន៍រាក់ទាក់ភ្ញៀវដែលមករួមថតរូប

    នៅពេលយើងញញឹមញញែម រួសរាយស្រស់ស្រាយហើយ ការចូលរួមនិយាយរាក់ទាក់ជាមួយភ្ញៀវដែលដើរចូលមកក្នុងពិធី និងមករួមថតរូបជាមួយកូនកំលោះក្រមុំនៅមុខ Back Drop ដូចជាការបបួលនិយាយលេងខ្លីៗ ឬសួរនាំពីការធ្វើដំណើរថា ស្ទះផ្លូវទេ? ឬមកគ្នាប៉ុន្មាននាក់? ជាដើម។ល។ នៅពេលថតរូបរួច ក៏ថ្លែងអំណរគុណ ហើយអញ្ជើញភ្ញៀវឱ្យទៅអង្គុយតុនៅខាងក្នុងពិធីដែលយើងបានត្រៀមរួចជាស្រេច។ ការបានរួមជជែកនិយាយលេងខ្លីៗ សួរនាំពីសុខទុក្ខ ពីការធ្វើដំណើរនេះ គឺជាសុជីវធម៌ម្យ៉ាងដែលយើងបានបង្ហាញពីក្ដីបារម្ភចំពោះភ្ញៀវ។

    4 . បញ្ចេញរាងថតឱ្យអស់ក្បាច់

    ថតរូបស្អាតៗនៅមុខ Back Drop រួមជាមួយភ្ញៀវដែលមកចូលរួមពិធីម្ដង មិនរៀបចំកាច់រាង បញ្ចេញកាយវិការឱ្យសប្បាយរីករាយបែបអស់ពីចិត្ត វាហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ…ដូចជាបើថតជាមួយភ្ញៀវចាស់ទុំ សាច់ញាតិចាស់ៗ ក៏រៀបចំឫកពាបែបសុភាពរាបសាស្លូតៗ តែបើប៉ះមិត្តភ័ក្តិជិតស្និទ្ធ បងប្អូនសាច់ញាតិជិតដិតដែលមានវ័យស្របាលៗគ្នាវិញនោះ កុំរវល់តែរ៉េរ៉យូរ កាច់រាងរៀបឫកឱ្យគ្រប់ម៉ាកគ្រប់ម៉ូដ អ្នកណាមានក្បាច់អីឡូយៗក៏បញ្ចេញមកឱ្យអស់ដៃនៅមុខ Back Drop។  កូនកំលោះ-កូនក្រមុំអាចនឹងមានប៉ាយបដាក្រដាសតូចៗដែលមានសរសេរអក្សរជូនពរ ឬពាក្យសប្បាយរីករាយផ្សេងៗមកឱ្យភ្ញៀវកាន់ថតរូបលេង ដើម្បីឱ្យរូបភាពដែលថតចេញមកកាន់តែមានភាពសប្បាយរីករាយគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត។

    ការមានសុជីវធម៌ល្អក្នុងពិធីមង្គលការ គឺជារឿងដែលមិនពិបាកធ្វើនោះឡើយ គ្រាន់តែកូនកំលោះ-កូនក្រមុំនៅចាំមើលថែទាំយ៉ាងយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីប៉ុណ្ណោះ។ តែប៉ុណ្ណឹងក៏រាប់បានថាជាសុជីវធម៌ក្នុងពិធីមង្គលការដែលកូនកំលោះ-កូនក្រមុំបានធ្វើស្រេចទៅហើយ៕

  • រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    នៅពេលដែលដឹងខ្លួនថាតាំងគភ៌ហើយ មានរឿងចាំបាច់ច្រើនយ៉ាងណាស់ដែលស្រ្តីត្រូវរៀនយល់ដឹង និងធ្វើដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ថ្ងៃនេះឡារ៉ែនមានរឿងក្បែរខ្លួនដែលសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ដែលត្រូវប្រតិបត្តិមកជម្រាបជូនដូចខាងក្រោម។

    ការសម្រាក ៈ ស្រ្តីមានគភ៌ត្រូវការគេងក្នុងអំឡុងពេលយប់ពី 8 – 10ម៉ោង ឬគេងឱ្យបានច្រើនរហូតទាល់តែអ្នកមានអារម្មណ៍ថា ស្រួលកាយសប្បាយខ្លួន មិននឿយល្វើយ និងខណៈពេលគេង ស្រ្តីមានគភ៌គួរគេងផ្អៀងខាងឆ្វេង ព្រមទាំងអង្កុញជង្គង់បន្តិច ដើម្បីចៀសវាងមិនឱ្យស្បូនដែលមានទំហំធំនោះទៅសង្កត់លើសរសៃឈាម ដែលជាហេតុបណ្ដាលឱ្យ ឈាមហូរមកចិញ្ចឹមទងសុកមិនបានល្អ។ ការគេងមួយស្រឡេតនៅពេលថ្ងៃរសៀលនឹងជួយដល់ស្រ្តីមានគភ៌បានច្រើនណាស់ និងទោះជាការគេងនោះមិនលក់ក៏ដោយ តែការគេង និងការសម្រាកបន្ធូរសាច់ដុំ គឺជារឿងល្អសម្រាប់ស្រ្តីមានគភ៌។

    ការស្លៀកសម្លៀកបំពាក់ និងស្បែកជើង ៈ ស្រ្តីមានគភ៌អាចត្រូវការទិញសម្លៀកបំពាក់ស្លៀកក្នុងអំឡុងពេលមានគភ៌ រឿងសំខាន់ដែលស្រ្តីមានគភ៌មិនគួរភ្លេច ក៏គឺសម្លៀកបំពាក់ទាំងនោះត្រូវធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយស្រួលខណៈស្លៀក។ អាវឈុតគ្របផ្ទៃពោះគួរតែជាសម្លៀកបំពាក់ដែលស្លៀកសប្បាយស្រួលខ្លួន និងងាយស្រួលថែរក្សា រួមទាំងអាវទ្រនាប់ផង គួរប្រើអាវសម្រាប់ស្រ្តីមានគភ៌ ឬបំបៅដោះកូន ខណៈពេលជាមួយគ្នា គួរពាក់ស្បែកជើងកែងទាប ព្រោះខណៈពេលតាំងគភ៌ ការទប់លំនឹងខ្លួនរបស់ស្រ្តីមានគភ៌នឹងមិនល្អដូចប្រក្រតីនោះទេ។ ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងឈឺខ្នង រួមទាំងងាយនឹងកើតឧប្បត្តិហេតុទៀតផង ជាពិសេសនៅពេលអាយុគភ៌ចាប់ពី 7ខែឡើងទៅ ។

    ការមើលថែទាំរក្សាសុខភាពធ្មេញ និងប្រអប់មាត់ ៈ ស្រ្តីមានគភ៌គួរផ្ដល់ការចាប់អារម្មណ៍លើសុខភាពធ្មេញ និងប្រអប់មាត់របស់ខ្លួនជាពិសេស ដោយសារតែក្នុងចន្លោះពេលនេះ ស្រ្តីមានគភ៌ច្រើនតែទទួលទានអាហារញឹកញាប់ ឬចង់ញ៉ាំអាហារផ្អែមខ្លាំងជាងប្រក្រតី។ អ័រម៉ូនដែលប្រែប្រួលក្នុងអំឡុងការតាំងគភ៌ច្រើនតែធ្វើឱ្យអញ្ចាញធ្មេញរបស់ស្រ្តីមានគភ៌ងាយក្នុងការរលាកឆ្លងមេរោគ និងការក្អួតចង្អោរក្នុងអំឡុងពេលចាញ់កូនដែលច្រើនតែមានអាស៊ីតពីក្រពះចេញមកច្រើនជាដើម ទាំងអស់ដែលរៀបរាប់មកនេះ នឹងធ្វើឱ្យធ្មេញរបស់ស្រ្តីមានគភ៌ងាយនឹងពុកខូចជាងប្រក្រតី ដូច្នេះស្រ្តីមានគភ៌ត្រូវឧស្សាហ៍មើលថែទាំ និងរក្សាអនាម័យសុខភាពមាត់-ធ្មេញដោយការសម្អាតអញ្ចាញធ្មេញ ធ្មេញ និងប្រអប់មាត់ឱ្យបានជាប់ជាប្រចាំ៕

  • អស់បញ្ហារឿងគេងលក់មិនគ្រប់គ្រាន់! និង15 វិធីជួយឱ្យឆាប់គេងលក់

    អស់បញ្ហារឿងគេងលក់មិនគ្រប់គ្រាន់! និង15 វិធីជួយឱ្យឆាប់គេងលក់

    ដូចដែលយើងបានដឹងច្បាស់ហើយថា ការគេងលក់សម្រាកគឺជាចំណែក 1ភាគ3នៃជីវិតប្រចាំថ្ងៃរបស់យើង ដូច្នេះហើយទើបយើងត្រូវតែគេងលក់សម្រាកឱ្យបានមួយថ្ងៃពី 6 – 8ម៉ោង ទើបហុចផលល្អដល់រាងកាយ តែបើអ្នកមានបញ្ហាក្នុងការគេង ដូចជាគេងមិនសូវលក់ ឬពិបាកក្នុងការគេងលក់ ចូរសាកល្បងធ្វើតាម “វិធីធ្វើឱ្យគេងលក់” របស់យើងលមើល៍ ធានាថាអ្នកនឹងលង់លក់សប្បាយយ៉ាងពិតប្រាកដ។

    1. ហាត់ប្រាណជាប្រចាំ ឬមួយសប្ដាហ៍ 3ដង ម្ដងៗយ៉ាងតិច កន្លះម៉ោង តែមិនគួរហាត់ប្រាណមុនពេលគេងឡើយ។
    2. មិនគួរគេងលក់នៅពេលថ្ងៃ ឬពេលល្ងាចនោះទេ ព្រោះនឹងធ្វើឱ្យខួរក្បាលយល់ច្រឡំថា រាងកាយបានគេងលក់រួចហើយ លុះដល់ពេលត្រូវគេងមែនទែន ក៏នឹងធ្វើឱ្យពិបាកគេងលក់ តែបើចង់គេងសម្រាកពេលថ្ងៃខ្លាំងមែនទែននោះ ចូរគេងមួយស្រឡេតមិនឱ្យលើសកន្លះម៉ោងបានហើយ។
    3. តមភេសជ្ជៈ តែ កាហ្វេ សូកូឡា និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងបារី។
    4. តមអាហារពេលយប់ជ្រៅ និងមិនគួរញ៉ាំទឹកច្រើននៅពេលព្រលប់ទេ ព្រោះជាប្រក្រតី រាងកាយមិនបញ្ចេញទឹករំលាយអាហារនៅពេលយប់ឡើយ។
    5. មិនគួរធ្វើកិច្ចការងារណាដែលធ្វើឱ្យផ្លូវចិត្តបានទទួលការជំរុញមុនពេលគេង ដូចជា មើលកុន អានសៀវភៅ ជជែកគ្នា រឿងដែលធ្វើឱ្យអារម្មណ៍តឹងតែង ជំរុញផ្លូវចិត្តឱ្យរំភើបញាប់ញ័រ ខំប្រឹង និងធុញថប់ឡើយ។
    6. តមលេងឧបករណ៍អេឡិចត្រូនិក ទូរស័ព្ទស្មាតហ្វូនមុនពេលចូលគេង ព្រោះឧបករណ៍ទាំងនោះមានផលធ្វើឱ្យពិបាកគេងលក់ ដោយសារតែពន្លឺពណ៌ផ្ទៃមេឃក្នុងអេក្រង់ ធ្វើឱ្យរាងកាយបានដឹងថា មិនទាន់ងងឹត និងបញ្ចេញសារធាតុ មេឡាតូនីន ធ្វើឱ្យពិបាកគេងលក់ ហើយយើងថែមទាំងទទួលបានព័ត៌មានចូលមកជាប់ជានិច្ច ធ្វើឱ្យខួរក្បាលមិនបានសម្រាក និងគេងលក់មិនបានពេញលេញ រលកខួរក្បាលមិនស្រឡះ ធ្វើឱ្យគេងលក់មិនស្កប់។
    7. ព្យាយាមរៀបចំពេលវេលាសម្រាប់ការសម្រាកដើម្បីបន្ធូររាងកាយ និងខួរក្បាលឱ្យស្រឡះមុនចូលគេង ដូចជា ស្ដាប់បទភ្លេងដែលជួយសម្រួលឱ្យគេលលក់បានកាន់តែស្រួលឡើង ឬអង្គុយតាំងសមាធិ សូត្រមន្តឱ្យផ្លូវចិត្តបានស្ងប់សប្បាយ ធូរស្រាល ឬនឹកដល់ធម្មជាតិ។
    8. សម្រួលបន្ទប់គេងឱ្យស័ក្តិសមទាំងសីតុណ្ហភាព ពន្លឺ និងភាពស្រទន់ស្រួលខ្លួន។
    9. គ្រែមានទុកសម្រាប់គេង មិនគួរធ្វើកិច្ចការងារផ្សេងៗលើគ្រែ ដូចជាទូរស័ព្ទ ញ៉ាំអាហារ ឬអានសៀវភៅឡើយ។
    10. ពេលផ្ដេកខ្លួនគេងហើយ ចូរឈប់គិតរឿងដែលតានតឹង មិនសប្បាយចិត្ត ដូច្នេះមុនពេលគេង ចូរសរសេរកត់ត្រាអ្វីដែលមិនសប្បាយចិត្តចូលទៅក្នុងក្រដាសថា អ្វីដែលយើងកែខៃបាន និងអ្វីដែលយើងកែខៃមិនបាន ព្រោះការសរសេរដែលច្បាស់លាស់នឹងធ្វើឱ្យខួរក្បាលស្រឡះឡើង ផ្លូវចិត្តសប្បាយឡើង។
    11. មិនគួរញ៉ាំទឹកច្រើនក្រោយពេលបាយល្ងាច ព្រោះនឹងធ្វើឱ្យភ្ញាក់ឡើងបត់ជើងតូច និងដាច់ចង្វាក់ការកំពុងគេងលក់ស្រួល ដូច្នេះមុននឹងចូលគេងគួរចូលបន្ទប់ទឹកឱ្យរួចរាល់ ឬបើចាំបាច់ត្រូវភ្ញាក់ឡើងចូលបន្ទប់ទឹកក៏មិនចាំបាច់កង្វល់ដែរ ចូរត្រឡប់មកគេងវិញយ៉ាងមានអារម្មណ៍ធូរស្រាល។
    12. មិនគួរមានអារម្មណ៍កង្វល់ ឬតានតឹងនៅពេលគេងមិនលក់នោះទេ បើការចូលគេងកន្លងទៅ 30នាទីហើយនៅតែមិនទាន់លក់ទៀត ចូររកកិច្ចការងារបន្ធូរអារម្មណ៍ធ្វើ រហូតទាល់តែមានអារម្មណ៍ថាងងុយ សឹមចូលទៅគេងវិញម្ដងទៀត។
    13. កុំវិតក្កកង្វល់ ហើយមើលនាឡិកាញឹកញាប់ ព្រោះវានឹងក្លាយជាការដាក់សម្ពាធលើខ្លួនឯង ធ្វើឱ្យមានអារម្មណ៍តានតឹង និងគេងមិនលក់នៅទីបំផុត។
    14. បើអ្នកគេងជាមួយលោកអ្នកជាមនុស្សគេងស្រមុក និងធ្វើឱ្យលោកអ្នកពិបាកនឹងគេងលក់ ចូរលោកអ្នករកអ្វីមកបិទត្រចៀក និងនាំដៃគូរបស់អ្នកទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលអាការគេងស្រមុក តែបើលោកអ្នកនៅតែគេងមិនលក់ទៀត ចូរចែកគ្រែគ្នាគេងបណ្ដោះអាសន្ន ដើម្បីឱ្យលោកអ្នកបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់។
    15. គួរភ្ញាក់ពីដំណេកឱ្យទៀងពេលវេលារៀងរាល់ថ្ងៃ ទោះជាលោកអ្នកចូលគេងនៅម៉ោងប៉ុន្មានក៏ដោយ ព្រោះនឹងធ្វើឱ្យចរន្តការគេងលក់របស់លោកអ្នកមានតុល្យភាព និងមិនគួរភ្ញាក់ពីដំណេកក្រោយម៉ោង 8ព្រឹកឡើយ ព្រោះរាងកាយមនុស្សមានសម្ព័ន្ធជាមួយព្រះអាទិត្យរះ និងលិច៕
  • កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    កូនៗឈ្លោះគ្នា ឪពុកម្ដាយត្រូវធ្វើម៉េច?

    “ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”

    “ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”

    “ឱ្យប្អូនលេងសិនទៅ”

    “អត់ទេ! កូនលេងមុន!”

    “ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”

    ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នកមានអាល្អិតយ៉ាងតិច 2នាក់រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗដែលអ្នកគ្រូ ឆវី លើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាលោកឪពុកអ្នកម្ដាយចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។

    • បំបែកជើងខ្លាំងទាំងពីរចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍ ៈ ក្នុងករណីខ្លះអាចត្រឹមតែឱ្យកូនទាំងពីរឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងលោកអ្នកចូលទៅកែបញ្ហាជម្លោះទាស់ទែងនោះ តែបើលោកអ្នកត្រូវការឱ្យរឿងហ្នឹងក្លាយជាបទពិសោធដែលកូនៗនឹងបានរៀនយល់ដឹង គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
    • កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស ៈ នៅពេលកូនទាំង 2នាក់ឈ្លោះគ្នា រឿងដែលកើតឡើងក្មេងទាំងពីរត្រូវតែទទួលខុសត្រូវរួមគ្នា។
    • ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍ ៈ ដូចជាហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នាបានរៀនយល់ដឹងពីអ្វីម្យ៉ាង ដូចជា នៅពេលដែលកូន 2នាក់ត្រូវការលេងរបស់លេងតែមួយដូចគ្នា អ្នកអាចនឹងប្ដូរទៅជាឱ្យកូនៗបានលេងហ្គេមណាដែលអាចលេងដំណាលគ្នាបានទាំងពីរនាក់ជំនួសវិញ ជាដើម។

    កែសម្រួលនិស្ស័យ បង-ប្អូនត្រូវតែមិនឈ្លោះគ្នា

    តទៅនេះ គឺជារឿងងាយៗដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន។

    • ដាក់ច្បាប់ ជាពិសេសក្នុងរឿងទង្វើ ៈ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យស្ដាប់ថា នឹងមានអ្វីកើតឡើងបើសិនជាកូនល្មើសច្បាប់ដោយការបញ្ចេញទង្វើដែលមិនគួរឱ្យប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យក្មេងៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
    • កុំបណ្ដោយឱ្យកូនៗធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញពីភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ក៏នឹងចាំបាច់ត្រូវទទួលខុសត្រូវលើទង្វើរបស់ខ្លួនច្រើនជាងអាល្អិតម្នាក់ទៀតដែរ។
    • ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
    • ប្រាកដក្នុងចិត្តថា កូនម្នាក់ៗមានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួនដែលគេអាចនឹងបានលេងដូចដែលគេត្រូវការដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
    • សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
    • ធ្វើឱ្យកូនដឹងថា ពួកគេមានភាពសំខាន់ និងនឹងបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយដែលស្ថិតលើហេតុផលរបស់កូនដែលនឹងបានទទួលការតបស្នង។
    • ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូនដែលឈ្លោះគ្នាបាន ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
    • បើកូនឈ្លោះគ្នាដដែលៗ ក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាលគួរតែធ្វើតារាងកាលវិភាគការប្រើការរឿងអ្វីមួយនោះសម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំងពីរនឹងលែងទទួលបានឱកាសនោះទៀត។
    • បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នាក្នុងក្រុមគ្រួសារ ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញនូវភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែងដែលទាំងអស់គ្នាអាចធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការអ្វីមួយរួមគ្នាបានដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុងមួយថ្ងៃ កូនៗនឹងបានជ្រើសទិញនំដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នាមួយសប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
    • កុំភ្លេចថា ក្មេងៗម្នាក់ៗត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នកអាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។

    *** ខណៈដែលកូនៗរៀនយល់ដឹងក្នុងការចេះរម្ងាប់អារម្មណ៍ គេក៏ថែមទាំងបានរៀនយល់ដឹងពីជំនាញសំខាន់ដែលនឹងប្រើប្រាស់ក្នុងការរស់នៅ ដូចជារឿងការទទួលយកគំនិតយោបល់របស់អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និងការគ្រប់គ្រងទង្វើច្រងេងច្រងាងរបស់ខ្លួនឯង ជាដើម។

    ប៉ាម៉ាក់មិននៅ កូនៗមិនឈ្លោះគ្នា

    កុំភ្លេចណា៎ថា ការដែលអាល្អិតៗរបស់លោកអ្នកឈ្លោះគ្នា ពេលខ្លះក៏ដើម្បីទាមទារការចាប់អារម្មណ៍អំពីលោកឪពុកអ្នកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីម្យ៉ាងដែលជាការងារផ្ទាល់ខ្លួនដោយគ្មានកូនៗនៅក្បែរខ្លះផង ព្រោះ…ជឿអ្នកគ្រូ ឆវី ចុះថា នៅពេលដែលលោកអ្នកមិននៅ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕

  • សុខៗ ស្រាប់តែ សហស្ថាបនិក OnePlus សុំលាឈប់ ពេលក្រុមហ៊ុនត្រៀមប្រកាសចេញ OnePlus 8T

    សុខៗ ស្រាប់តែ សហស្ថាបនិក OnePlus សុំលាឈប់ ពេលក្រុមហ៊ុនត្រៀមប្រកាសចេញ OnePlus 8T

    លោក Carl Pei ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន OnePlus ស្ងៀមៗស្រាប់តែ​សុំ​លាឈប់ ក្រោយ​ប្រកាស​ចេញ OnePlus 8។ តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​នានា បានឱ្យដឹងថា មូលហេតុ​ដែល​លោក​ចាកចេញ គឺ​ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផ្សេងទៀត។

    ក្រុមហ៊ុន​ចិន​ខាងលើនេះ ទទួលបាន​កេរ្តិ៍ឈ្មោះ​តាមរយៈ​យុទ្ធសាស្ត្រ​ទីផ្សារ​ផលិត​ស្មា​ត​ហ្វូ​ន​តម្លៃ​ធូរ​ថ្លៃ ដែលមាន​សមត្ថភាព​ខ្លាំង។ លោក Pei បាន​ក្លាយជា​អ្នក​តំណាងឱ្យ OnePlus សម្រាប់​ទីផ្សារ​លោកខាងលិច និង​បានបង្ហាញ​ក្នុង​កម្មវិធី​ប្រកាស​ចេញ រួមទាំង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​ជាច្រើនលើក​ផងដែរ ដោយសារ​ទេពកោសល្យ​ខាង​ភាសា​អង់គ្លេស​របស់លោក។

    OnePlus ត្រូវបាន​បង្កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ2013 ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 2រូប គឺ លោក Carl Pei និង Pete Lau  នៅពេលនេះ ការចាកចេញ​របស់លោក Carl Pei គឺ​កើតមានឡើង មុនពេល​ការប្រកាស​ចេញ OnePlus 8T ដែល​នឹងត្រូវ​បង្ហាញ​ចេញ​នៅ​ថ្ងៃស្អែក​នេះ៕

  • ការវិវត្តន៍ realme Number seires :realme 7 series បំពាក់នូវកាមេរ៉ា 64MP Ultra Clear 4គ្រាប់ បង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ$250ឡើង

    ការវិវត្តន៍ realme Number seires :realme 7 series បំពាក់នូវកាមេរ៉ា 64MP Ultra Clear 4គ្រាប់ បង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ$250ឡើង

    នៅថ្ងៃទី 16ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសនូវrealme 7i ដែលវាមានកាមេរ៉ាអាចថតបានច្បាស់ដូចគ្នាជាមួយនឹង realme 7 Pro ដែលអាចលេងfilterប្តូរពណ៌ថ្មីៗជាច្រើន          និងrealme 7 ដែលGamer ចូលចិត្តបំផុត គឺវាមានបំពាក់នូវកាមេរ៉ាកម្រិតFlagship 64MP Ultra Clear 4 គ្រាប់ មិនថាថតរូបឬថតវីដេអូ គឺអាចថតបានដូចការថតកុនខ្នាតធំដែលអាចថតបានគ្រប់ចំនុចលម្អិត  ជាមួយគ្នានេះដែរវាក៏មានបំពាក់ជាមួយនឹងថាមពលថ្មធំ5000mAh អេក្រង់កម្រិត90Hz ហើយអាចនឹងមានតម្លៃមិនលើសពី$250 ។

    ក្នុងនាមជាស្មាតហ្វូនដំបូងគេដែលបាននាំយកបច្ចេកវិទ្យាថតរូបលំដាប់​​Flagship មកបំពាក់លើស្មាតហ្វូនដែលមានជួរតម្លៃក្រោម$250 ការបង្ហាញខ្លួនរបស់realme 7i មាន​ន័យថា​ realme 7 series នឹងក្លាយជាអ្នកពេញនិយមនៃផ្នែកបច្ចេកវិទ្យា កាមេរ៉ា 64MP Ultra Clear 4 គ្រាប់ជាផ្លូវការ ដោយបង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ$250ឡើង ដោយមានបំពាក់នូវកាមេរ៉ា  64MP Ultra Clear 4 គ្រាប់ ដឹកនាំឧស្សាហកម្មស្មាតហ្វូនអោយមានការរីកចម្រើនល្អ ។ ជាមួយគ្នានេះដែរ realme 7 series នឹងនាំអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍រីករាយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំមកដោយ បច្ចេកវិទ្យានិងភាពស្រស់ស្អាត

    សម្រាប់realme 7 series មិនថាការថតរូបឬបច្ចេកវិទ្យាសាកថ្ម គឺមានការកែប្រែប្រសើរជាងផលិតផលrealme Number series មុនៗ ។

    ហើយបើមើលទៅលើផ្នែកកាមេរ៉ា គឺវាមានបំពាក់នូវកាេមរ៉ា 64MP Ultra Clear 4 គ្រាប់ ដែលrealme Number series អាចថតបានច្បាស់ដូចក្នុងភាពយន្ត ថែមទាំងមានបំពាក់នូវ Filters ដែលពេញនិយមជាច្រើន ដូចជា Cyberpunk, Flamingo, Modern Gold ជាដើម ទោះជាអ្នកមិនចេះសោះក៏អាចថតបានដូចទៅនឹងក្នុងភាពយន្តបានដែរ។

    អ្វីដែលគួរអោយកត់សម្គាល់នោះគឺ ​realme 7i មិនត្រឹមតែមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ជាមួយគ្នានេះដែរ

    ថែមទាំងអាចបើកមុខងារទប់លំនឹងវីដេអូ UIS Max មិនថាក្នុងការរស់នៅប្រចាំថ្ងៃឬក៏ការហាត់ប្រាណ គឺអាចថតបានយ៉ាងច្បាស់ល្អ មិនរំលងរាល់ចំនុចលម្អិត ។

    ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារថតវីដេអូរបស់ reamle 7i គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ នៅក្នុង Cinema Mode យើងអាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថា ជីវិតកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។

    realme 7 series គាំទ្រដល់យុវវ័យក្នុងការកត់ត្រាការរស់នៅតាមរយៈការថតរូប ថតវីដេអូ បង្កើតនូវការចងចាំល្អៗសម្រាប់ខ្លួនឯង ហើយជំរុញអោយយុវវ័យបង្កើតនូវអ្វីដែលថ្មីតាមរយៈបច្ចេកវិទ្យាថ្មីៗ ។ ហើយrealme 7 series លើកនេះក៏បានមានការកែប្រែឈានមុខគេទៅលើផ្នែកថតរូប និងក្លាយជាការកែប្រែដែលលេចធ្លោបំផុតនៃ Number series

    សម្រាប់ការរចនាបទខាងក្រៅ realme 7i មានពីរជម្រើសគឺពណ៌ Aurora Green និង ពណ៌​ Porla Blueដែល មើលទៅថ្លៃថ្នូរនិងទាន់សម័យ។

    សម្រាប់ផ្នែកថាមពលថ្ម realme Number series តែងតែបន្តយកបច្ចេកវិទ្យាឈានមុខមកបំពាក់នៅលើផលិតផលជាច្រើនមុនគេ realme 7 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា65W SuperDart  លំដាប់ Flagship ហើយrealme 7 ប្រើប្រាស់បំពាក់នូវបច្ចេកវិទ្យាសាកថ្ម30W Dart ​និងrealme 7i បំពាក់នូវថាមពលថ្មធំ5000mAh និងសាកថ្មលឿន18W និងមានមុខងារសន្សំសំចៃថាមពលថ្ម ដែលថ្ម5% លេង WhatsAppបានរយៈពេល66នាទី សម្រាប់កម្រិតតម្លៃគឺអាចអោយសិស្ស និងអ្នកប្រកបការងារមួយចំនួនអាចទទួលបានបទពិសោធន៍បច្ចេកវិទ្យាដែលពេញនិយមបំផុត។

    សរុបមក ការបង្ហាញខ្លួនរបស់realme 7i ដែលមានមុខងារថតរូបច្បាស់ ធ្វើអោយផលិតផល realme Number series កាន់តែអស្ចារ្យថែមទៀត រួមជាមួយនឹងrealme 7 Proដែលអាចលេងfilterប្តូរពណ៌ថ្មីៗជាច្រើន និង realme 7 ដែលGamerចូលចិត្តបំផុត បង្កើតបានជាផលិតផលដែលមានគុណភាពខ្ពស់ និងមានក្នុងជួរតម្លៃជាច្រើនដែលជាជម្រើសដ៏ល្អសម្រាប់បំពេញតម្រ្ូវការរបស់អតិថិជន។

    តើនឹងមានភាពភ្ញាក់ផ្អើលអ្វីខ្លះនៅក្នុងកម្មវិធីដាក់ប្រកាស realme 7i នៅម៉ោង19:00 ថ្ងៃទី16ខែតុលា នេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕

  • Galaxy A42 នឹងក្លាយជាស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេ របស់ Samsung

    Galaxy A42 នឹងក្លាយជាស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេ របស់ Samsung

    ថ្មីៗនេះ​ក្រុមហ៊ុន Samsung បានប្រកាស​ឱ្យដឹងពី​តម្លៃ​របស់ Galaxy A42 5G ដែលមាន​តម្លៃ 349ផោន (ប្រមាណ 455ដុល្លារ) នៅក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស។

    Galaxy A42 ប្រើប្រាស់​ឈី​ប Snapdragon 750G ដែល Qualcomm បានប្រកាស​ចេញ​កាលពី​ខែ​មុន។ វា​មាន​អេក្រង់​ទំហំ 6.6អ៊ី​ញ ជា​ប្រភេទ OLED មាន​ក្បាល​ឆក​រាង​ដំណក់ទឹក សម្រាប់​ដាក់​កាមេរ៉ា​ទំហំ 20MP, មាន RAM ទំហំ 4GB ទៅ 8GB, អង្គ​ផ្ទុក​ទំហំ 128GB  អាច​ពង្រីក​បាន, ថ្ម​ទំហំ 5000mAh និង​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​បង្កប់​ក្រោម​អេក្រង់។

    កាមេរ៉ា​ខាងក្រោយ 4គ្រាប់ ដែល​កាមេរ៉ា​មេ មាន​ទំហំ 48MP, កាមេរ៉ា Ultrawide ទំហំ 8MP, កាមេរ៉ា Macro ទំហំ 5MP និង​កាមេរ៉ា​វាស់​ជម្រៅ ទំហំ 5MP សម្រាប់​បង្កើត​រូបភាព Portrait។

    ស្មា​ត​ហ្វូ​ន 5G តម្លៃ​រាង​ធូរ​ជាងគេ​នេះ នឹង​ចេញលក់​នៅក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី6 ខែវិច្ឆិកា​ខាងមុខនេះ តែ​បច្ចុប្បន្ននេះ ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ជាងគេ​របស់ Samsung  គឺ Galaxy A51 5G ដែល​លក់​នៅក្នុង​ប្រទេស​អង់គ្លេស មានតម្លៃ​តែ​ខ្ទង់ 80ផោន (ប្រមាណ 104ដុល្លារ)ប៉ុណ្ណោះ៕