Author: ធឿន មករា

  • យុទ្ធនា​ការការពារ​សុវត្ថិភាព អំឡុងពេល​មាន​ជំងឺ​រាតត្បាត COVID-19 ជាមួយ​ការប្រើប្រាស់​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា contactless

    យុទ្ធនា​ការការពារ​សុវត្ថិភាព អំឡុងពេល​មាន​ជំងឺ​រាតត្បាត COVID-19 ជាមួយ​ការប្រើប្រាស់​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា contactless

    ភ្នំពេញថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 –  នៅថ្ងៃនេះ Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ការរកឃើញ​ចុងក្រោយ​របស់ខ្លួន ដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន 44ភាគរយ  បាន​កាត់បន្ថយ​ការ​កាន់​សាច់ប្រាក់​សុទ្ធ​ជាប់​ខ្លួន បើ​ប្រៀបធៀប​ជាមួយ​មុនពេល​មានការ​រាលដាល​នៃ​ជំងឺ​កូ​វីដ។ នេះ​បើ​យោងតាម​ការសិក្សា[1] របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិជន។

    យោងតាម​ទិន្នន័យ​របស់ Visa ទំនោរ​នៃ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless កំពុងមាន​កំណើន​នៅក្នុង​ប្រទេស​កម្ពុជា អតិថិជន 2នាក់ ក្នុងចំណោម 3នាក់ (ស្មើនឹង 71ភាគរយ) បាន​ប្រើប្រាស់​ប្រតិបត្តិការ​បច្ចេកវិទ្យា Contactless[2] របស់ Visa។ ពី 1ឆ្នាំ ទៅ 1ឆ្នាំ កំណើន​នៃ​គុណ​តម្លៃ​របស់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក មានការ​កើនឡើង 4ដង បើ​គិត​ចាប់ពី​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ2020 រហូតដល់​ត្រីមាស​ទី1 នៃ​ឆ្នាំ2021[3]

    តាម​ការសិក្សា​ចុងក្រោយ​របស់​ក្រុមហ៊ុន Visa ស្តីអំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន បានបង្ហាញ​សញ្ញាណ​នៃ​និន្នាការ​ថ្មី ដែល​បញ្ជាក់ថា ពេលនេះ គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការផ្លាស់ប្តូរ​នូវ​ទម្លាប់​ក្នុងការ​ទូទាត់​ប្រាក់។  បើតាម​ការឆ្លើយតបរ​បស់​អ្នកចូលរួម​ស្ទង់​មតិ អត្ថប្រយោជន៍​ចម្បង​មួយចំនួន​របស់​សង្គម ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ រួមមាន ការកាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ការឆ្លង​មេរោគ (រហូតដល់​ទៅ 34ភាគរយ) ការជំរុញឱ្យ​មានការ​ធ្វើ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (32ភាគរយ) ការបង្កើន​ប្រសិទ្ធភាព​សង្គម និង​ការរំខាន​តិចជាង​មុន (29ភាគរយ សម្រាប់ 2កត្តា​ចុងក្រោយ)។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ យើង​គួរតែ​ពិនិត្យមើល​វិធីសាស្ត្រ ដើម្បី​អភិវឌ្ឍ​ការទូទាត់ ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​នៅ​ទូទាំងប្រទេស។ ខណៈពេលដែល​សាច់ប្រាក់​សុទ្ធ​នៅតែ​បន្ត​ជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះ ឥឡូវនេះ​គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​សហគមន៍ តាមរយៈ​ការផ្សព្វផ្សាយ​ពី​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​តាមរយៈ​ការប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល»។

    សម្ទុះ​នៃ​កំណើន​ការទូទាត់ ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ ត្រូវបាន​ជំរុញ​ដោយ​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា QR កូដ និង​ការទូទាត់​តាមរយៈ​ការប្រើប្រាស់​កាត នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​កម្ពុជា។ ការកើនឡើង​ទាំងនេះ គឺ​ស្របពេល​ជាមួយនឹង​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង នៅក្នុង​ជម្រើស​នៃ​ការទូទាត់​ដោយ​ប្រើប្រាស់​វិធីសាស្ត្រផ្សេងៗទៀតផង​ដែរ។

    ការកើនឡើង​ទាំងនេះ ស្រប​ជាមួយនឹង​ការចាប់អារម្មណ៍​កាន់តែខ្លាំង ពី​ជម្រើស​នៃ​ការទូទាត់។ ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា QR កូដ ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើង​ក្នុងចំណោម​អតិថិជន​ដែលមាន​ទំនោរ​មិន​ចង់យក​សាច់​ប្រាក់សុទ្ធ​តាម​ខ្លួន​ច្រើន ជាពិសេស​ការទូទាត់​វិក្កយបត្រ​នៅពេល​ទិញ​គ្រឿងឧបភោគ​បរិភោគ និង​ការ​ទទួលទាន​នៅតាម​ភោជនីយដ្ឋាន (ទាំង2នេះ កើនឡើង​ប្រមាណ 25ភាគរយ)។ ហើយ​សូចនាករ នៅ​ពីក្រោយ​ការកើនឡើង​នេះ គឺ​ដោយសារ​តម្រូវការ​ប្រជាជន មានការ​កើនឡើង​ក្នុងការ​ការពារ​សុវត្ថិភាព​ពី​ជំងឺ​រាតត្បាត COVID-19 ដែល​កំពុងតែ​រីក​រាលដាល  នៅក្នុង​នោះដែរ ចំនួន​ប្រជាជន ដែល​ប្រើ​សាច់ប្រាក់​សុទ្ធ ក៏ត្រូវ​បាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ 8ភាគរយ បើ​ប្រៀបធៀប​នឹង​ការកើនឡើង ក្នុងចំណោម​អ្នកប្រើប្រាស់ ដែល​បានជ្រើសរើស​ប្រើ​បច្ចេកវិទ្យា QR កូដ ដើម្បី​ធ្វើការ​ទូទាត់ មាន​រហូតដល់​ទៅ 44ភាគរយ។

    លោកស្រី ជុំ ម៉ូ​នី​កា បន្ថែមទៀតថា៖ « យើង​ដឹងថា អតិថិជន​រំពឹង​ចង់បាន​ការទូទាត់​ប្រាក់​ដែលមាន​សុវត្ថិភាព រហ័ស និង​មាន​ភាពងាយស្រួល នោះ​ហើយ​ជា​មូលហេតុ ដែល​ការទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless បាន​ក្លាយជា​ជម្រើស​សម្រាប់​ការទូទាត់ លើ​ប្រតិបត្តិការ ដែលមាន​ទំហំ​តូច និង​ការចំណាយ​ប្រចាំថ្ងៃ។ នៅពេលដែល​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ទីកន្លែង ដែល​ប្រជាជន​ទៅ​ទិញ​ទំនិញ​ជាប្រចាំ ដូចជា​បណ្តា​ផ្សារ​ទំនើប ហាង​លក់ទំនិញ និង​ស្ថានីយប្រេងឥន្ធនៈ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា  contactless នឹង​ក្លាយជា​វិធីសាស្ត្រ​ទូទាត់​ប្រក្រតី​មួយ​យ៉ាង​ឆាប់រហ័ស សម្រាប់​ប្រតិបត្តិ​ការទូទាត់ ដែល​តម្រូវឱ្យ​មានការ​ប្រាស្រ័យ​ជួបគ្នា​រវាង​បុគ្គល។ នេះ​គឺជា​ឱកាស​មួយ​សម្រាប់ Visa ដើម្បី​សហការ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​បង្កើន​ការទូទាត់​ប្រាក់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless នៅ​ទូទាំងប្រទេស» ៕

     

    អំពីក្រុមហ៊ុន Visa

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល។  បេសកកម្ម​របស់​យើង គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់ ដែល​អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក និង​មានលទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង 65,000ប្រតិបត្តិការ ក្នុង 1វិនាទី។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង​បណ្តាញ​របស់ខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

    ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

    កញ្ញា ត្រាង ង្វៀន (Trang Nguyen)
    ក្រុមហ៊ុន Visa Worldwide Pte. Limited
    ទូរស័ព្ទ ៖ (84) 28 3520 7439
    អ៊ីមែល ៖  [email protected]

    កញ្ញា គ្រី សុ​វណ្ណា​រី

    ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

    ទូរស័ព្ទ ៖ (855) 11 733 368

    អ៊ីមែល ៖  [email protected]

    [1] The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

    [2] VisaNet data Apr 2021.

    [3] VisaNet data YOY growth Q4/2020 vs YOY growth Q1/2021.

  • ManCity ចាប់អារម្មណ៍ខ្សែប្រយុទ្ធ មកពីក្លិប Aston Villa ម្នាក់

    ManCity ចាប់អារម្មណ៍ខ្សែប្រយុទ្ធ មកពីក្លិប Aston Villa ម្នាក់

    ក្លិប​បាល់ទាត់ Manchester City បាន​របូត​ពាន​ធំ​មួយ ប្រចាំ​តំបន់​អឺរ៉ុប UEFA Champions League ក្រោយពី​ចាញ់ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គ្រាប់​បាល់​តែ 1គ្រាប់​គត់។

    ក្រោយពី​ចាញ់​ភ្លាម ក្លិប​អ្នក​មាននៅ​អង់គ្លេស ដែលមាន​ម្ចាស់​ក្លិប ជា​មហាសេដ្ឋី​អារ៉ាប់​មួយ​នេះ បានដាក់​គោលដៅ​ថ្មី​មួយទៀត​ភ្លាម​ដែរ គឺ​នឹង​យក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់​មកពី​ក្លិប Aston Villa គឺ​កីឡាករ Jack Grealish ជា​គោលដៅ​ចម្បង​បំផុត ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខាងមុខនេះ។

    គួរឱ្យ​ដឹង​ដែរ​ថា Jack Grealish នឹង​ទទួលបាន​តម្លៃ​ខ្លួន ជាង 130លាន​ដុល្លារ ប្រសិនបើជា​កុងត្រា ផ្ទេរ​ទៅកាន់ ManCity នឹង​កើតឡើង​ពិតមែន​នោះ ហើយនឹង​ធ្វើឱ្យ​រូបគេ​ក្លាយជា​កីឡាករ​អង់គ្លេស ដែល​ផ្ទេរ​ក្លិប​ក្នុងតម្លៃ ថ្លៃ​បំផុត​មិន​ធ្លាប់មាន៕

  • Juventus ដេញ Andrea Pirlo ចេញ​ភ្លាម ប្រកាស​បង្ហាញ​គ្រូបង្វឹក​ថ្មី ភ្លែត​ដែរ

    Juventus ដេញ Andrea Pirlo ចេញ​ភ្លាម ប្រកាស​បង្ហាញ​គ្រូបង្វឹក​ថ្មី ភ្លែត​ដែរ

    ក្លិប​បាល់ទាត់ Juventus បានប្រកាស​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយភ្លាមៗ ដោយ​ប្រកាស​បញ្ចប់​តំណែង​លោក  Andrea Pirlo ដែលជា​គ្រូបង្វឹក​របស់​ក្លិប ក្រោយពី​ទើបតែ​បាន​លើក​ពាន Italian Cup លើក​ទី14 របស់ខ្លួន​ហើយថ្មី។

    ចំពោះ​ហេតុផល ក្នុងការ​បញ្ចប់​កុងត្រា ដោយ​គ្មាន​ស្រដី​ប្រាប់​មុន 1ម៉ាត់​នេះ គឺ​ដោយសារតែ​លោក​ដឹកនាំ​មិនសូវ​បានល្អ​ឡើយ ដោយ​ឆ្នាំនេះ ក្លិប​កំពូល​អ៊ីតាលី​មួយ​នេះ បានឈ្នះ​តែ​ពាន១ ខាងលើ​ប៉ុណ្ណោះ ខណៈដែល​ពាន​ក្នុង​ផែនការ Seria A និង Champions League បាន​របូត​ទាំងអស់​សង្ឃឹម។

    ក្នុងពេល​ប្រកាស​បញ្ចប់​កុងត្រា​នេះ ក្លិប Juventus ក៏បាន​ប្រកាស​អំពី​សមា​សភាព​គ្រូបង្វឹក​ថ្មី​របស់ខ្លួនភ្លាមៗដែរ គឺ​លោក Massimiliano Allegri ដែល​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​ដ៏​ជោគជ័យ​បំផុត​របស់​ក្លិប Juventus 1រូប ដែល​ធ្លាប់​ដឹកនាំ​បាន​ស្ថិតិ​ឈ្នះ​ច្រើនជាង 70% នៃ​ការប្រកួត​ទាំងអស់​ដែល​លោក​បាន​ដឹកនាំ៕

  • Chelsea ចង់​បន្ថែម​ខ្សែប្រយុទ្ធ 3នាក់​ទៀត ក្នុង​រដូវ​កាល​ថ្មី ព្រោះថា ជួរមុខ រាង​នៅ​ស្ទើរ

    Chelsea ចង់​បន្ថែម​ខ្សែប្រយុទ្ធ 3នាក់​ទៀត ក្នុង​រដូវ​កាល​ថ្មី ព្រោះថា ជួរមុខ រាង​នៅ​ស្ទើរ

    ក្លិប​បាល់ទាត់ Chelsea “ហាក់​នៅ​ស្ទើរ ក្នុង​តំបន់​ប្រយុទ្ធ​ច្រើន” នេះ​បើតាម​ការបញ្ជាក់​របស់​លោក Thomas Tuchel គ្រូបង្វឹក​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea។ ហេតុផល​នេះហើយ ដែល​លោក​បានដាក់​បន្ទុក​ថា វា​ជា​ហេតុផល ដែល​លោក​ធ្វើ​មិនសូវ​បានល្អ សម្រាប់​ឆ្នាំ2021 នេះ។

    មិន​បណ្តោយ ឱ្យ​ទៅតាម​ព្រេងវាសនា​ឡើយ លោក Thomas Tuchel បាន និង​កំពុងតែ​ព្យាយាម​ស្វែងរក​ខ្សែប្រយុទ្ធ មក​បន្ថែម​ពីលើ​កម្លាំង​ដែលមាន​ស្រាប់ ដោយ​ក្នុងនោះ​កីឡាករ 3នាក់ កំពុងស្ថិត​ក្នុងការ​ពិចារណា ដែល​លោក​គ្រោង​នឹង​នាំមក ឱ្យខាងតែបាន នា​រដូវ​កាល​ថ្មី​នេះ។ កីឡាករ​ទាំងនោះ​គឺ Erling Haaland របស់ Borussia Dortmund, Romelu Lukaku របស់ Inter Milan និង Robert Lewandowski របស់ Bayern Munich។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ក្រោយពី​ការចូល​ដឹកនាំ​របស់លោក Thomas Tuchel ក្នុង​រដូវ​កាល​នេះ​មក លោក​បាន​ជួយ​ឱ្យ​ក្លិប​មួយ​នេះ បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ពាន2 គឺ FA CUP និង UEFA Champions League៕

  • គួរឱ្យ​សរសើរ​ការដឹកនាំ​រប​ស់ Thomas Tuchel ក្នុង​រដូវ​កាល​នេះ

    គួរឱ្យ​សរសើរ​ការដឹកនាំ​រប​ស់ Thomas Tuchel ក្នុង​រដូវ​កាល​នេះ

    ក្រោយពី​ការចូល​ដឹកនាំ​របស់លោក Thomas Tuchel នា​រដូវ​កាល​នេះ​មក លោក​បាន​ជួយ​ឱ្យ​ក្លិប​មួយ​នេះ ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​ពាន2 គឺ FA CUP និង UEFA Champions League ខណៈដែល EFL Cup បាន​ចំណាត់ថ្នាក់​លេខ4 ហើយ Premier League បាន​លេខ3។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា Chelsea នឹងត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ដោយ​នឹងត្រូវ​ប៉ះ​ជាមួយ ManCity ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង Porto នៃ​ប្រ​ទស​ព័រ​ទុយ​ហ្គា​ល់ និង​ទោះជា​លោក​បាន​និយាយថា កម្លាំង​ខ្សែប្រយុទ្ធ​របស់លោក មិនសូវ​ជា​ល្អ​ប៉ុន្មាន​ក្ដី ក៏ប៉ុន្តែ​ឆ្នាំនេះ Chelsea ធ្លាប់​បំបាក់ ManCity 2លើក​រួចមកហើយ ក្រោម​ស្នាដៃ​ដឹកនាំ​របស់លោក៕

  • រៀបចំតុបតែងបន្ទប់គេង ឱ្យកូនសម្លាញ់

    រៀបចំតុបតែងបន្ទប់គេង ឱ្យកូនសម្លាញ់

    ការរៀបចំបន្ទប់គេងសម្រាប់ក្មេង ត្រូវនឹកដល់វ័យរបស់កូនជារឿងសំខាន់មុនគេ ដូចជាបន្ទប់សម្រាប់កូនតូច គួរតែនៅជាប់នឹងបន្ទប់របស់ឪពុកម្តាយជានិច្ច ហើយបើធំ ឬដឹងក្តីឡើងបន្តិច អាចនៅដាច់តែឯងបាន តែគួរសម្រួលប្រយោជន៍ការប្រើប្រាស់ផ្សេងៗនៅខាងក្នុងបន្ទប់ ឱ្យមានដូចជា ទូថ្នាក់ដាក់សៀវភៅ ឬតុសម្រាប់អង្គុយរៀនជាដើម។

    ខាងក្រោមនេះគឺជាគន្លឹះត្រួសៗ ក្នុងការរៀបចំបន្ទប់គេងរបស់កូន៖

    1. ការជ្រើសរើសពណ៌ដែលប្រើសម្រាប់លាបបន្ទប់គេងរបស់កូន គួរប្រើថ្នាំទឹកទើបស័ក្តិសមបំផុត ដោយសារតែវាគ្មានការលាយផ្សំរបស់សារធាតុគីមី ដែលនាំឱ្យមានបញ្ហាដល់ការប៉ះពាល់របស់ក្មេងៗ។
    2. បើកូនធំល្មម អាចស្គាល់ និងចេះជ្រើសរើសពណ៌បានហើយនោះ ចូរអនុញ្ញាតឱ្យគេ មានឱកាសជ្រើសរើសពណ៌បន្ទប់គេងរបស់គេដោយខ្លួនឯង ព្រោះនឹងធ្វើឱ្យគេមានអារម្មណ៍ថា មានមោទនភាពដែលបានធ្វើជាម្ចាស់បន្ទប់ និងមានឱកាសបានប្រើគំនិតច្នៃប្រឌិតទៀតផង។
    3. ការប្រើប្រាស់បន្ទះទ្វារ គួរប្រើទ្វារបែបធម្មតា គ្មានរ៉ឺស័ររុញ ដើម្បីការពារការកៀបដៃកូនដោយការចៃដន្យណាមួយ។
    4. សម្រាប់ក្មេងតូច ទូដាក់ខោអាវបែបថតៗ នឹងស័ក្តិសមល្អជាងទូ ដែលមានទ្វាបិទបើក ព្រោះមានរបស់បត់ទុកដាក់ ច្រើនជាងរបស់ដែលត្រូវព្យួរ។
    5. ពន្លឺ គួរប្រើប្រាស់ប្រព័ន្ធភ្លើង ដែលអាចបន្ថយពន្លឺបាន និងមានចង្កៀងគោមនៅលើតុរៀនផង។
    6. តុបតែងបន្ថែមភាពគួរឱ្យស្រឡាញ់ ដោយក្រដាស់បទជញ្ជាំង វ៉លផេភើរ៍ ស្អាតៗ ពណ៌ស្រស់ៗ ដើម្បី បង្កើនភាពស្រស់ស្រាយដល់បន្ទប់។
    7. សៀវភៅអាន និងរូបភាពស្អាតៗ ក៏ជួយតុបតែងបន្ទប់ឱ្យមើលទៅគួរឱ្យចង់ស្នាក់នៅដែរ និងថែមទាំងជួយឱ្យកូនរបស់អ្នកចាប់អារម្មណ៍ប្រើគំនិតច្នៃប្រឌិតជាមួយវាបានទៀតផង៕

  • វិធី​ញ៉ាំ​អាហារ​យ៉ាង​ឆ្លាត​វៃ ទទួលបាន​គុណប្រយោជន៍ និង​មិន​ឆ្អែត​ជ្រុល

    វិធី​ញ៉ាំ​អាហារ​យ៉ាង​ឆ្លាត​វៃ ទទួលបាន​គុណប្រយោជន៍ និង​មិន​ឆ្អែត​ជ្រុល

    ការចង់​មាន​រូបរាង​ស្អាត ធ្វើឱ្យ​មនុស្ស​ជាច្រើន​ប្រយ័ត្នប្រយែង​ជាពិសេស​ក្នុងការ​ទទួលទាន​អាហារ តែបើ​សិន​នៅក្នុង​រាត្រី​ជប់លៀង ដែល​អាច​ភ្លេចខ្លួន​ញ៉ាំ​ច្រើន រហូត​លើស​កំណត់​នោះ សូមកុំ​បាច់​បារម្ភ​អី យើង​មាន​អាហារ​ណែនាំ ទាំង​ទទួលបាន​គុណប្រយោជន៍ ទាំង​ឆ្អែត​ពោះ​ជាមួយគ្នា​ផង មក​ជម្រាបជូន។

    ញ៉ាំ​ទឹកក្រូច​ស្រស់​ច្របាច់ មាន​វិ​តា​មីន ដែល​ជួយ​ក្នុងការ​បឺត​ជញ្ជក់​សារធាតុ​អាហារសំខាន់ៗ បើ​ទទួលទាន​បែប​ផ្លែស្រស់ៗវិញ នឹងមាន​កាក​សរសៃ​អាហារ​ធម្មជាតិ ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន ព្រោះ​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ឆាប់​ឆ្អែត។

    ទទួលទាន​អាហារ ពពួក​ធញ្ញជាតិ អាច​ទទួលទាន​នៅពេល​ព្រឹក(បើ​គ្មាន​ពេល​ញ៉ាំ​បាយ) ធញ្ញជាតិ​ទាំងអស់នេះ​សម្បូរ​ទៅដោយ​កាក​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរីផ្សេងៗ ប្រព័ន្ធ​រំលាយ​អាហារ នឹង​រំលាយយឺតៗចូលទៅក្នុង​រាងកាយ ធ្វើឱ្យមាន​អារម្មណ៍​ថា​ឆ្អែត​ពោះ​បានយូរ។

    ទំពា​អាហារយឺតៗ  ព្រោះ​ការទទួល​ទាន​អាហារលឿនៗ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​លើស​កំណត់ដោយ​មិនដឹង​ខ្លួន​បាន ក្រៅពីនេះ គួរ​ចៀសវាង​ការទទួល​ទាន​អាហារ​ក្រោយ​ម៉ោង 6ល្ងាច ឬ​ពេល​កណ្តាលយប់។

    ញ៉ាំ​បន្លែ-ផ្លែឈើ  ព្រោះ​បន្លែ​នឹង​ផ្តល់នូវ​ថាមពល​តិច តែ​ផ្តល់នូវ​សារធាតុ​អាហារ​ច្រើន ចំណែក​ផ្លែឈើ ចូរ​ជ្រើសរើស​ញ៉ាំ​ផ្លែឈើ​ណា ដែល​ផ្តល់​ថាមពល​ទាប ដូចជា ផ្លែ​ត្របែក ស្វាយ ជម្ពូ ឪឡឹក ឃែ​នតា​ឡូ​ប និង​ចៀសវាង​ផ្លែឈើ​ណា​ដែល​ផ្អែម​ខ្លាំង។

    ធ្វើ​ចលនា​រាងកាយ ក្រោយពេល​ឈប់​ធ្វើការ លោកអ្នក​អាច​បញ្ចេញ​ញើស ដោយ​ការ​ដើរលេង ឬ​រត់ បើសិន​ជាមាន​ពេល អាច​លេង​កីឡា​ណា ដែល​ចូលចិត្ត ប្រមាណ​ជា​កន្លះ​ម៉ោង ទៅ 1ម៉ោង​ក៏បាន។

    ហើយ​បើសិន​ថ្ងៃ​ណា ភ្លេចខ្លួន​ញ៉ាំ​ច្រើន​ជ្រុល​នោះ អាច​កាត់បន្ថយ​មកវិញ ដោយ​បរិមាណ​អាហារ​ឱ្យ​តិចជាង​សព្វដង​នៅ​ថ្ងៃ​បន្ទាប់  តែ​កុំ​អត់​អាហារ ព្រោះ​វា​អាចធ្វើឱ្យ​ញ៉ាំ​ច្រើន​លើស​ដើម​នៅពេល​ក្រោយ។ កំណត់​បរិមាណ និង​កាល់​ឡូរី រួមទាំង​ការហាត់​ប្រាណ​ផង ព្រោះ​ទាំងអស់នេះ សុទ្ធតែ​ជួយ​ឱ្យ​មិន​ធាត់​បាន​ទាំងអស់៕

  • ប្រយោជន៍​របស់​វីតាមីន B…ដែល​យើង​មិនគួរ​មើលរំលង

    ប្រយោជន៍​របស់​វីតាមីន B…ដែល​យើង​មិនគួរ​មើលរំលង

    ប្រហែលជា​ដឹងខ្លះៗហើយ​មែន​ទេ​ថា  វីតាមីន B មាន​ទាំងអស់​ច្រើនយ៉ាង​ណាស់ ហើយ​សួរថា តើ វីតាមីន B មួយណា​មាន​ប្រយោជន៍​បែបណា  និង​ច្រើន​មាននៅ​ក្នុង​អាហារ​ប្រភេទ​ណាខ្លះ​ទៅ?  យើង​នាំគ្នា​តាមដាន​ដូចតទៅ…៖

    1. វីតាមីន B រួម :  ជួយ​បង្កើន​សារធាតុ​ឆ្លើយឆ្លង​ប្រព័ន្ធ​ខួរក្បាល  ល្អ​សម្រាប់​អ្នក​ដែល​ត្រូវការ​បំប៉ន​ខួរក្បាលប្រព័ន្ធ​ការចងចាំ  ឬ​សម្រាប់​អ្នក​ដែល​ស្ថិតក្នុង​សភាវ​តានតឹង និង​ធុញថប់។
    1. វីតាមីន B 1 :  ជួយ​បង្កើន​ការដុត​បំផ្លាញ ខា​បូ​ហាយ​ដ្រេ​ត យកទៅ​ប្រើប្រាស់​ជា​ថាមពល  បង្កើន​ប្រព័ន្ធ​ការធ្វើការងារ​របស់​ប្រព័ន្ធ​ប្រសាទ បេះដូង  ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ការពារ​រោគ​ស្ពឹក​ស្រពន់  មាន​ច្រើន​នៅក្នុង​បន្លែ​គ្រាប់​ធញ្ញជាតិ អង្ក​របុក​ដៃ  និង​សណ្តែកផ្សេង។
    2. វីតាមីន B 2 : ពាក់ព័ន្ធ​នឹង​ការដកដង្ហើម​របស់​កោសិកា  ប្រព័ន្ធ​ការមើលឃើញ  ស្បែក  និង​សាច់​ស្រទាប់ផ្សេងៗ បើ​ខ្វះ​វិ​តា​មីន B 2 នឹងធ្វើ​ឱ្យ​កើត​ជំងឺ​ដំបៅ​រីក​នៅគែមៗមាត់។ វិ​តា​មីន B 2 ឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ស្លឹក​បៃតង យ៉ា​អួ ទឹកដោះ និង​ស៊ុត។ល។
    1. វីតាមីន B 3  :  កាត់បន្ថយ​ភាព​ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង  កូ​លេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់  បន្ថយ​ការកើត​មុន​ក្រហម។  វីតាមីន B 3 គេ​ឃើញ​មាន​ច្រើន​នៅក្នុង សាច់សត្វ  ស៊ុតមាន់  ចុងអង្ករ។ល។
    2. វីតាមីន B 5  :  កាត់បន្ថយ​អាកា​រគេង​មិន​លក់  បន្ធូរ​អាការ​រលា​កស​ន្លា​ក់  វិ​តា​មីន B 5 ឃើញ​មាន​ច្រើន​នៅក្នុង គ្រាប់ល្ង  ផ្លែ​ប៊័រ  និង​ដំណាប់​ផ្លែ​អ៊ែ​ព្រីខ​ត់។
    1. វីតាមីន B 6  :  ជួយ​បង្កើន​ភាពស៊ាំ​នឹង​ជំងឺ  និង​កោសិកា​គ្រាប់​ឈាមក្រហម  រួមទាំង​បន្ធូរបន្ថយ​អាការ​ខាង​ប្រព័ន្ធ​ប្រសាទ  ថែរ​រក្សា​សភាព​ស្បែក​ឱ្យនៅ​ស្អាត​ប្រក្រតី  បើ​ខ្វះ​វីតាមីន B 6 នឹងមាន​អាការ​អស់កម្លាំង​ល្វើយ  ស្ពឹក​ស្រពន់​ចុងដៃ ចុងជើង។  វីតាមីន B 6 ឃើញ​មាន​ច្រើន​នៅក្នុង​សាច់​ត្រី  សាច់សត្វ។ល។
    2. វីតាមីន B 12  :  ជួយ​បង្កើន​គ្រាប់​ឈាម  ការធ្វើការងារ​របស់​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល  ជួយ​ក្នុងការ​បឺត​ជ្រាប​របស់​សារធាតុ​អាហារ  គេ​ឃើញ​មាន​ច្រើន​នៅក្នុង ប៊័រ និង​សាច់សត្វ។

    ឃើញ​គុណប្រយោជន៍ច្បាស់ៗ របស់​វីតាមីន B នីមួយៗរួចរាល់​ហើយ  ចូរ​កុំ​មើលរំលង​អាហារល្អៗ ដែលបាន​ណែនាំ​ខាងលើ​នោះ​ឱ្យសោះ​ណា៎៕

  • មូលហេតុ​នៃ​ការប្រព្រឹត្ត​របស់​កូន ស្ថិត​លើ​ការចិញ្ចឹម​មើលថែ​របស់​ឪពុកម្ដាយ

    មូលហេតុ​នៃ​ការប្រព្រឹត្ត​របស់​កូន ស្ថិត​លើ​ការចិញ្ចឹម​មើលថែ​របស់​ឪពុកម្ដាយ

    ការចិញ្ចឹមកូនៗ ឱ្យ​ពេល​ធំ​ឡើង​ក្លាយជា​មនុស្ស ដែល​ក្រុមគ្រួសារ​នឹក​សង្ឃឹម​ចង់បាន​ក្នុងពេល​បច្ចុប្បន្ននេះ ជា​រឿង​មួយ​លំបាក​គួរសម​ដែរ  ព្រោះ​ដោយសារតែ​បច្ច័យ​ខាង​សង្គម​ចាប់ផ្តើម​ផ្លាស់ប្តូរ ហើយ​ការប្រព្រឹត្ត ឬ​ទង្វើ​របស់​ក្មេង​នាពេល​បច្ចុប្បន្ន ក៏​ចាប់ផ្តើម​មានការ​យកតម្រាប់​តាម​ស្ថានភាព និងអ្វីៗជុំវិញខ្លួន​កាន់តែខ្លាំង​ឡើង​ហ្នឹងឯង។ លេខ​នេះ ឡា​រ៉ែ​ន មាន​បច្ច័យសំខាន់ៗ ដែលមាន​ផល​ដល់​ការប្រព្រឹត្ត​របស់កូនៗ មក​ជម្រាបជូន​ដូចខាងក្រោម៖

    ក្រុមគ្រួសារ

    ធ្លាប់​បានឮ​ដែរឬទេ​ថា ក្រុមគ្រួសារ​យ៉ាងម៉េច? ការប្រព្រឹត្ត​របស់​កូនតូច​ភាគច្រើន ក៏មាន​លក្ខណៈ​ស្រដៀង​យ៉ាង​នោះដែរ ដូច្នេះ​បើ​យើង​ចង់ឱ្យ​កូន​របស់​យើង​មានការ​ប្រព្រឹត្ត ដែល​ល្អ​នោះ យើង​គួរ​ចាប់ផ្តើម​ចេញពី​ស្ថាប័ន​គ្រួសារ​ជាមុនសិន។ ចាប់ផ្តើម​ពី​ខ្លួន​យើង ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​កូន និង​នៅចាំ​អប់រំ​ប្រដៅ​កូន ឱ្យ​ស្គាល់​នូវ​អ្វីដែល​ល្អ និង​មិនល្អ មាន​ពេលវេលា​ជជែក​លេង​ជាមួយ​កូន​ឱ្យបាន​ញឹកញាប់ ព្រម​ទទួលស្គាល់​នូវ​គំនិត​យោបល់​របស់​កូន តែ​ប៉ុណ្ណឹង កូន​នឹងមាន​អារ​ម្ម​ណ៏​កក់ក្តៅ និង​មានការ​ប្រព្រឹត្តល្អៗ តបស្នង​មក​យើង​វិញ​ជាមិនខាន។

    ស្ថានភាព​ជុំវិញខ្លួន និង​សង្គម

    យើង​មិនអាច​ជ្រើសរើស​ឱ្យកូនៗ រស់នៅក្នុង​ស្ថានភាព​ជុំវិញខ្លួន និង​សង្គម​ដែលល្អៗ តាម​ដែល​ចិត្ត​យើង​ចង់បាន​នោះឡើយ  តែ​យើង​អាច​ជ្រើសរើស​ក្នុងការ​បង្ហាត់បង្រៀន និង​បណ្តោយឱ្យ​កូន​រៀន​យល់ដឹង​ជាមួយ​ស្ថានភាព​សង្គម​បាន ដោយ​ការមិន​ដាក់​សម្ពាធ កៀបសង្កត់ ឬ​កម្រិត​ដែន​យល់ដឹង​ឡើយ និង​អធិប្បាយ​នូវ​រឿងរ៉ាវ​ដែល​កូន​បាន​ជួប បានឃើញ​ការប្រព្រឹត្ត ឬ​ទង្វើផ្សេងៗឯទៀត​នោះ ឱ្យ​កូន​បាន​យល់។ មិនគួរ​បដិសេធ​នឹង​សំណួរ​របស់​កូន​ឡើយ តែ​គួរ​មាន​ចម្លើយ​ដ៏ល្អៗទៅ​កូន​វិញ ទើប​ជាការ​ប្រសើរ។

    រឿង​ភាគ​ក្នុង​ទូរទស្សន៍

    យើង​អាច​បង្ហាត់បង្រៀន​អំពី​ទង្វើ និង​ការប្រព្រឹត្ត​ដល់​កូន​បាន​គ្រប់ពេលវេលា សូម្បីតែ​ពេល​អង្គុយ​មើល​រឿង​ភាគ​ទូរទស្សន៍ ក៏​យើង​អាចឱ្យ

    កូនៗរៀន បាន​យល់ដឹង​ជាមួយ​យើង​បាន​ដូចគ្នា​ដែរ។ ក្នុងអំឡុងពេល​មើល​ខ្សែភាពយន្ត ឬ​រឿង​ភាគផ្សេងៗ យើង​គួរតែ​អធិប្បាយ​ពន្យល់​បន្ថែម អំពី​ការប្រព្រឹត្ត​នៅក្នុង​រឿង​ទាំងនោះ ឱ្យ​កូន​បាន​យល់ និង​ដឹងថា អ្វី​ជា​រឿង​ល្អ មិនល្អ អ្វី​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ដើម្បី​កុំឱ្យ​កូន​យកតម្រាប់​តាម​ការប្រព្រឹត្ត​មិនល្អ​ដែល​កូន​បានដឹង និង​មើលឃើញ​នោះ។

    ទោះយ៉ាងណា ស្ថាប័ន​គ្រួសារ ក៏​នៅតែ​ជា​បច្ច័យ​សំខាន់​ក្នុងការ​បង្ហាត់បង្រៀន និង​កំណត់​ទិសដៅ​ឱ្យ​កូន​របស់​យើង ក្លាយជា​មនុស្ស​ល្អ​ដែរ  វា​ស្ថិតនៅលើ​ការជ្រើសរើស​អប់រំ​ប្រៀនប្រដៅ ការនិយាយស្តី និង​ការធ្វើឱ្យ​កូន​បាន​យល់​កាន់តែ​ច្រើនឡើង ដើម្បី​កុំឱ្យ​កូន​មាន​អារ​ម្ម​ណ៏​ថា គេ​ខ្វះខាត និង​ឪពុកម្តាយ​មិន​យកចិត្តទុកដាក់ ព្រោះ​រឿងនេះ អាច​នឹង​ក្លាយជា​ចំណុច​អន់​មួយ​របស់​ក្មេង នៅពេល​អនាគត​បាន៕

  • ប្រយោជន៍ 15យ៉ាង​របស់​ផ្លែ​ក្រូចឆ្មារ ក្នុង​ការងារ​ផ្ទះ

    ប្រយោជន៍ 15យ៉ាង​របស់​ផ្លែ​ក្រូចឆ្មារ ក្នុង​ការងារ​ផ្ទះ

    ប្រយោជន៍​របស់​ផ្លែ​ក្រូចឆ្មារ ជាមួយ​ការងារ​ក្នុងផ្ទះ ដែលបងៗស្ត្រី​មេផ្ទះ​ជាច្រើន​នាក់ អាច​មិន​ធ្លាប់​ដឹងថា ការពិតទៅ ផ្លែក្រូច​ឆ្មារ អាចធ្វើអ្វីៗ បាន​ច្រើនជាង​គ្រាន់តែ​ជា​គ្រឿងគ្រៅ សម្រាប់​បន្ថែម​រសជាតិ​អាហារ​ទៀតផង។

    1 – កម្ចាត់​ក្លិន​សំរាម

    កំចាត់ក្លិនស្អុយៗក្នុង​ធុងសំរាម ដោយ​ការ​ពុះ​ផ្លែ​ក្រូចឆ្មារ​ជា  4ចំណែក ហើយ​បោះ​ចូលទៅក្នុង​ធុងសំរាម ព្រមជាមួយ​ទឹក

    សូ​ដា 1ស្លាបព្រា​កាហ្វេ ដើម្បី​ជួយ​បង្អាក់ កុំ​ឱ្យមាន​ក្លិន​សំរាម​ស្អុយ​ពេញ​ក្នុងផ្ទះ ទំរាំ​នឹង​ដល់ពេល​ត្រូវយក​សំរាម​ទៅ​ចោល។

    2 – បន្ថែម​ភាពស្រស់​ស្រាយ សម្រាប់​ទឹក​ថ្នាំ​ជូត​សម្អាត

    បន្ថែម​ទឹកក្រូច​ឆ្មារ 2 – 3ស្លាបព្រា​កាហ្វេ ចូលទៅក្នុង​ទឹក​ថ្នាំ​ជូត​សម្អាត​វត្ថុផ្សេងៗ ដើម្បី​ជួយ​សាង​ក្លិនក្រអូប​ស្រស់ស្រាយ​តាម​ធម្មជាតិ​ក្នុងពេល​ប្រើប្រាស់។

    3 – កម្ចាត់​ស្នាម​ប្រឡាក់​លើ​កម្រាលតុ

    បើ​មាន​ស្នាមខ្លាញ់ៗ របស់​ម្ហូបអាហារ ជាប់​នៅលើ​ក្រណាត់​កម្រាលតុ ចូរ​យក​ចំណិត​ក្រូចឆ្មារ មក​ដុស​នៅលើ​ស្នាម​ប្រឡាក់​នោះ រួចហើយ​យកទៅ​ហាលថ្ងៃ​ចោល 2 – 3ម៉ោង បន្ទាប់ពី​នោះមក សឹម​យកទៅ​បោកគក់​តាម​ប្រក្រតី។

    4 – ការពារ​សាច់​ផ្លែ​ប៉ោម​ដូរ​ពណ៌

    យក​ចំណិត​ផ្លែ​ប៉ោម ដែល​ចិត​ហើយ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹកស្អាត ដែលមាន​លាយ​ទឹកក្រូច​ឆ្មារ ដើម្បី​បង្អាក់​មិនឱ្យ​សាច់​ផ្លែ​ប៉ោម ប្តូរ​ពណ៌ ទៅជា​ពណ៌​ស្ករ ឬ​ច្របាច់​ទឹកក្រូច​ឆ្មារ​ចូលទៅក្នុង​ញាំ​ផ្លែឈើ​បន្តិច ដើម្បីឱ្យ​ពណ៌​របស់​សាច់​ផ្លែឈើ នៅតែ​ស្រស់​គួរឱ្យ​ចង់​ញ៉ាំ​ដដែល។

    5 – សម្អាត​ជ្រុ​ញ​ហាន់​ម្ហូបអាហារ

    កម្ចាត់​ស្នាម និង​ក្លិន​នៅលើ​ជ្រុ​ញ ដោយ​ការយក​ចំណិត​ក្រូចឆ្មារ មក​ដុស​ឱ្យ​សព្វ​លើ​ជ្រុ​ញ  បន្ទាប់មក លាង​ឱ្យ​ស្អាត និង​យកទៅដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត។

    6 – ដេញ​ស្រមោច និង​សត្វល្អិត

    បន្តក់​ទឹកក្រូច​ឆ្មារ ដើម្បី​ស្ទាក់ផ្លូវ​ដើរ របស់​ស្រមោច មិន​ថា​នៅលើ​កម្រាល​ឥដ្ឋ ឬ​ស្នាម​ប្រេះ​បែកផ្សេងៗ ព្រោះ​ក្លិនឈួល​របស់​ទឹកក្រូច​ឆ្មារ នឹង​ធ្វើឱ្យ​ស្រមោច លែង​មករ​ញេ​រ​ញ៉ៃ​នៅ​ម្តុំ​នោះ​ទៀត  ក្រៅពីនេះ​នៅ​អាច​ប្រើ​ដេញ​ពីងពាង ឬ​កន្លាត​ចេញពីផ្ទះ​បាន​ទៀតផង។

    7 – ធ្វើឱ្យ​កែវ និង​កញ្ចក់​ឡើង​ភ្លឺ​ថ្លា

    បន្តក់​ទឹកក្រូច​ឆ្មារ ចូលទៅក្នុង​ទឹកសាប៊ូ​លាងចាន ដើម្បី​លាង​កែវ​ឱ្យ​ភ្លឺ​ថ្លា ដូច​ទើបតែ​ទិញ​មកថ្មីៗ ឬ​លាយ​ជាមួយ​ទឹក​ដើម្បី​ជូត​កញ្ចក់ ឱ្យ​ភ្លឺ​ស្អាត ក៏បាន​ដូចគ្នា។

    8 – ធ្វើឱ្យ​ឧបករណ៍​ផ្ទះបាយ ដែល​ធ្វើ​ពី​ដែក​អុ​ី​ណុ​ក ឡើង​ភ្លឺ​ចាំង​រលោង

    កម្ចាត់​ស្នាម​កំណក​ទឹក ដែល​តោង​ជាប់​ស្អិត​នៅលើ​ឧបករណ៍ ដែល​ធ្វើ​ពី​ដែក​អុ​ី​ណុ​ក ដោយ​ការយក​ចំណិត​ផ្លែក្រូច​ឆ្មារ​មក​ដុស​លើ​ឧបករណ៍​ទាំងនោះ​តែម្តង  មិនចាំបាច់​ប្រើ​ផលិតផល​លាង​សម្អាត​ណា​បន្ថែម​ឡើយ តែ​ប៉ុណ្ណឹង ក៏​ភ្លឺ​ចាំង​ដូច​ថ្មី ទៅហើយ។

    9 – ការពារ​បាយ​ជាប់​ឆ្នាំង

    បន្តក់​ទឹកក្រូច​ឆ្មារ​ចូលទៅក្នុង​ឆ្នាំង ឬ​ខ្ទះ​ពេល​ចង់​ចម្អិន​អាហារ ប្រភេទ​បាយ វា​នឹង​ជួយ​មិនឱ្យ​បាយ​ជាប់​ខ្ទះ និង​ថែមទាំង​ធ្វើឱ្យ​គ្រាប់​បាយ​រៀង​គ្នា​ល្អ គួរឱ្យ​ចង់​ញ៉ាំ​ទៀតផង។

    10 – កម្ចាត់​ស្នាម​ប្រឡាក់​នៅលើ​ខោអាវ

    កំចាត់​ស្នាម​ញើស  ស្នាម​ដុះ​ផ្សិត  ខ្លាញ់ ឬ​ស្រា លើ​ខោអាវ បាន​យ៉ាងងាយៗដោយ​ទឹក​ក្រូចឆ្មារ ដោយ​គ្រាន់តែ​យក​ចំណិត​ក្រូចឆ្មារ មក​ដុស​ជាមួយ​អំបិល នៅលើ​កន្លែង​ដែលមាន​ស្នាម​ប្រឡាក់​នោះ​តែម្តង បន្ទាប់ពី​នោះមក សឹម​យកទៅ​បោកគក់​សម្អាត​តាម​ធម្មតា។

    11 – ជួយ​បន្ធូរ​កម្លាំង ក្នុង​ការលាង​សម្អាត​បន្ទប់ទឹក

    ចាក់ទឹក​ក្រូចឆ្មារ ចូលទៅក្នុង​ទឹកសាប៊ូ​លាង​សម្អាត​បន្ទប់ទឹក ដើម្បី​បន្ថែម​ប្រសិទ្ធភាព ក្នុងការ​កម្ចាត់​ស្នាម​កំណក​ក្អែល​ដែល​តោង​ជាប់​ណែន​នៅតាម​ឥដ្ឋការ៉ូ ដោយ​ការចាក់​ទឹកសាប៊ូ​លាយ​ទឹក​ក្រូចឆ្មារ​នោះ ឱ្យ​សព្វ​ក្នុង​បន្ទប់ទឹក រួច​ទុកចោល 2ម៉ោង មុននឹង​ដុស​សម្អាត​ចេញ​ឱ្យ​ស្អាត។

    12 – បន្ថែម​ភាពស្រស់​ស្រាយ​ដល់​ក្រណាត់ស

    ក្រូចឆ្មារ គឺជា​ជម្រើស​ដ៏​ល្អ បែប​គ្មាន​សារធាតុពុល​មួយ សម្រាប់​ក្រណាត់​ពណ៌​ស។ គ្រាន់តែ​បន្ថែម​ទឹកក្រូច​ឆ្មារ 1/4 នៃ​ពែង ចូលទៅក្នុង​ម៉ាស៊ីនបោកខោអាវ ដោយ​អាច​បន្ថែម​ថាមពល នៃ​ភាព​ស​ភ្លឺ​ស្រស់ស្រាយ​ឱ្យ​ច្រើនឡើង និង​ដាក់​ហាល​ជាមួយនិង​ពន្លឺ​ថ្ងៃ ជំនួស​ឱ្យ​ការ​ចំហុយ​ឱ្យ​ស្ងួត តែប៉ុណ្ណោះ។

    13 – កម្ចាត់​ស្នាម​កំណក​ខ្លោច​ខ្មៅ នៅក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ

    ច្របាច់​ទឹកក្រូច​ឆ្មារ​ចូលទៅក្នុង​ទឹកស្អាត ហើយ​យកទៅដាក់​កម្ដៅ នៅក្នុង​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ 2 – 3នាទី  ចំហាយ​ទឹក​ក្នុង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ជួយ​រំលាយ​ស្នាម​កំណក​ខ្លោច​ខ្មៅ ដែល​តោង​ជាប់​នៅ​ខាងក្នុង​នោះ ធ្វើឱ្យ​ងាយ​ជូត​សម្អាត​បាន​យ៉ាង​ស្អាត​ល្អ។

    14 – បង្កើន​ភាពស្រស់​បស់​នៅក្នុង​ខ្យល់អាកាស

    បង្កើន​ភាពស្រស់​បស់ ដល់​បន្ទប់​គេង​ក្នុង​រដូវរងា ដោយ​ការដាក់​ចំណិត​ក្រូចឆ្មារ ដែល​ហាន់ស្តើងៗ ចូលទៅក្នុង​ទឹក​ក្តៅឧណ្ហ។ ក្រូចឆ្មារ​នឹង​បង្កើន​ភាពស្រស់​ស្រាយ និង​សំណើម មិនឱ្យ​ប្រឈម​នឹង​បញ្ហា​ស្បែក​ស្ងួត  ថែមទាំង​ជួយ​ឱ្យមាន​ក្លិន​នៅក្នុង​ផ្ទះ​ក្រអូប​ស្រស់ស្រាយ​បែប​ធម្មជាតិ​ទៀតផង។

    15 – កម្ចាត់​ក្លិន​មិនល្អ​នៅក្នុង​ទូទឹកកក

    កម្ចាត់​ក្លិនផ្តុះៗនៅក្នុង​ទូទឹកកក ដោយ​ការយក​ដុំ​សំលី ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ ហើយ​យកទៅដាក់​នៅក្នុង​ទូទឹកកក​ឱ្យបាន​ច្រើន​ម៉ោង  ក្លិន​ទឹកក្រូច​ឆ្មារ​នឹង​ជួយ​កម្ចាត់​ក្លិន​មិនល្អ បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕