Author: ធឿន មករា

  • ទូរស័ព្ទមួយ ដាក់ផ្ទាំងរូបប្រាសាទអង្គរវត្ត នៅលើអេក្រង់ ជាទូរស័ព្ទរឹងមាំ តែតម្លៃ ធូរថ្លៃ

    ទូរស័ព្ទមួយ ដាក់ផ្ទាំងរូបប្រាសាទអង្គរវត្ត នៅលើអេក្រង់ ជាទូរស័ព្ទរឹងមាំ តែតម្លៃ ធូរថ្លៃ

    ថ្មីៗនេះ​វេ​ប​សាយ​ស្មា​ត​ហ្វូ​ន​ដ៏​ពេញនិយម Techradar បាន​លើកយក​ទូរស័ព្ទដៃ ប្រភេទ​ថ្មី​មួយ មក​បង្ហាញថា ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ​ក្រោម 100ដុល្លារ (បើ​កុម្ម៉ង់​ទិញ​តាម​វេ​ប​សាយ Aliexpress) គឺជា ស្មា​ត​ហ្វូ​ន​មួយ ឈ្មោះថា Santin P68 បំពាក់​RAM 4GB/មេម៉ូរី 64GB ដំណើរការ​ដោយ Android 9។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា ស្មា​ត​ហ្វូ​ន Santin P68 ស្ថិតក្នុង​ប្រភេទ​ល្អ​សមរម្យ​ហ្នឹង​គេ​ដែរ  ហើយ​ថែមទាំង​មាន​ដាក់​ផ្ទាំង​រូប​ប្រាសាទអង្គរវត្ត ក្នុង Wallpaper។ ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចិន ដែល​លក់ លើ​វេ​ប​សាយ​មានតម្លៃ​ត្រឹមតែ 87ដុល្លារ​ប៉ុណ្ណោះ។

    Santin P68 ប្រើ​អេក្រង់​ទំហំ 5.5អ៊ិ​ញ មាន​រន្ធ​ដាក់​ស៊ីម​បាន2  ថាមពល​ថ្ម 4000mAh  មាន​រន្ធ​ដោត​ភ្លើង​លឿន និង​ខ្សែ​សាក USB Type-C និង​បំពាក់​បន្ទះ​ឈី​ប 8-core។

    គួរ​រំឭក​ផងដែរ​ថា ក្នុងចំណោម​ប្រភេទ ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ ក៏មាន​ច្រើន​ម៉ាក​ដែរ ដូចជា Blackview, Ulefone, Doogee, Homtom, Cat, Zebra, AGM និង Vernee ដែល​ទាំងអស់នោះ សុទ្ធតែធន់ៗ មាំៗ កម្រិត​ខ្ពស់ ដោយមាន​ខ្លះ អាច​ធ្លាក់​ពី​ជណ្ដើរ​ខ្ពស់ ក៏​មិន​បែក​អេក្រង់​ដែរ​ទៀតផង៕

  • ហេតុអ្វីបានយើងគួរបន្ថែម “ប្រូតេអ៊ីន” នៅក្នុងអាហារពេលព្រឹកឱ្យច្រើន?

    ហេតុអ្វីបានយើងគួរបន្ថែម “ប្រូតេអ៊ីន” នៅក្នុងអាហារពេលព្រឹកឱ្យច្រើន?

    “អាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីនដែលល្អ ជួយកាត់បន្ថយភាពឃ្លានអាហារនៅចន្លោះពេលថ្ងៃបាន” សម្រង់ពីរបាយកាណ៍ការសិក្សាស្រាវជ្រាវរបស់ Journal of Diary Science កាលពីខែតុលា ឆ្នាំ2018កន្លងទៅ។

    ក្រុមអ្នកស្រាវជ្រាវបានឱ្យមនុស្សធំរាងកាយរឹងមាំប្រក្រតីទទួលទានអាហារពេលព្រឹក 2ចំណែក។ ចំណែកដំបូង ជាអាហារស៊ីរៀលដែលមានកាបូហាយដ្រេតខ្ពស់ មួយចំណែកទៀតជាទឹកដោះគោ 1កែវដែលមានប្រូតេអ៊ីន 12.4ក្រាម រួចហើយពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមម្ដង។ បន្ទាប់ពីអាហារពេលព្រឹក 2 – 3ម៉ោង គ្រប់គ្នាបានទទួលទានអាហារថ្ងៃត្រង់ដែលមានកាបូហាយដ្រេតខ្ពស់ និងពិនិត្យកម្រិតជាតិស្ករក្នុងឈាមម្ដងទៀត បន្ទាប់ពីនោះអ្នកស្រាវជ្រាវនឹងចាប់ផ្ដើមសួរនាំអំពីកម្រិតភាពឃ្លានអាហារយ៉ាងលម្អិត។

    អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលទទួលទានប្រូតេអ៊ីនច្រើនជាងអ្នកឯទៀតក្នុងអាហារពេលព្រឹក មានកម្រិតជាតិស្ករក្នុងឈាមទាបចុះ និងកម្រិតភាពឃ្លានអាហារថយចុះផងដែរក្នុងថ្ងៃតែមួយ។

    មូលហេតុព្រោះ ប្រូតេអ៊ីនប្រើពេលរំលាយយូរជាងកាបូហាយដ្រេត ទើបវាជាប្រភពកំណើតនៃភាពឃ្លានអាហារដែលថយចុះទៅដែរ តែការស្រាវជ្រាវនេះបានណែនាំថា រឹតតែទទួលទានប្រូតេអ៊ីនច្រើនឡើង ពេលវេលានៃការរំលាយអាហារក៏រឹតតែយូរឡើងដែរ ដូច្នេះហើយទើបការទទួលទានប្រូតេអ៊ីនឱ្យច្រើនឡើងហុចផលល្អដល់អ្នកដែលត្រូវធ្វើកិច្ចការងារជាប់ ឬធ្វើការក្នុងអំឡុងពេលថ្ងៃយូរដែលមានពេលទទួលទានអាហារតិច ឬតែមួយដង រួមទាំងអ្នកដែលត្រូវការសម្រកទម្ងន់ទៀតផង តែកុំទទួលទានប្រូតេអ៊ីនច្រើនជ្រុលពេកក្នុងអំឡុងពេលមុនចូលគេង ព្រោះអាចហុចផលឱ្យរាងកាយធ្វើការខ្លាំងដើម្បីរំលាយអាហារក្នុងអំឡុងពេលដែលរាងកាយត្រូវគេងសម្រាក រហូតធ្វើឱ្យយើងគេងមិនលក់។

    ទោះជាប្រូតេអ៊ីនដែលប្រើក្នុងការស្រាវជ្រាវនេះជាទឹកដោះគោដែលមានប្រូតេអ៊ីនច្រើន ហើយអ្នកស្រាវជ្រាវប្រាប់ថា ប្រូតេអ៊ីនដែលយើងគួរទទួលទានបន្ថែមនៅពេលព្រឹកជាប្រូតេអ៊ីនប្រភេទណាក៏បានក្ដី តែសុំឱ្យជាប្រូតេអ៊ីនដែលល្អ មានជាតិខ្លាញ់តិចក៏គ្រប់គ្រាន់ហើយ ដែលអាចមានដូចជា សាច់មាន់ ត្រី សណ្ដែកលឿង ឬស៊ុតក៏បាន៕

  • ប្រយោជន៍របស់ថ្នាំលាបក្រចក (ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង)

    ប្រយោជន៍របស់ថ្នាំលាបក្រចក (ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង)

    ក្រៅពីប្រើសម្រាប់លាបលើក្រចកឱ្យមើលទៅស្រស់ស្អាតហើយ ថ្នាំលាបក្រចកដែលសុភាពនារី និងបងៗស្រ្តីមេផ្ទះយើងប្រើនោះ នៅអាចប្រើការបានច្រើនយ៉ាងទៀត(យ៉ាងមិនគួរឱ្យជឿ)ដូចតទៅ ៖

    1 . លាបថ្នាំក្រចកប្រភេទពណ៌សថ្លា នៅលើឧបករណ៍ជាងផ្សេងៗ ដូចជា ដែកគោលវីស ខ្ចៅប៊ូឡុង គំរបដប…ល… រួចហើយមួលវាឱ្យជាប់ខណៈពេលដែលវានៅសើម នៅពេលដែលវាស្ងួតទៅ ថ្នាំលាប​ក្រចកនឹងធ្វើឱ្យឧបករណ៍ទាំងនោះកាន់តែជាប់ណែនខ្លាំងឡើង​។

    2 . ចង់ឱ្យគ្រឿងអលង្ការតុបតែង ដូចជា ពេជ្រ កែវកង គ្រឿងប្រាក់របស់អ្នកមើលទៅស្រស់ថ្លាភ្លឺចាំង មិនស្រអាប់ខ្មៅនោះ ចូរលាបថ្នាំក្រចកប្រភេទ Top Coat បែបថ្លាៗស្រោបពីលើ។

    3 . បិទស្រោមសំបុត្រដោយការលាបថ្នាំក្រចកពីលើកន្លែងលាបកាវរបស់ស្រោមសំបុត្រ នឹងធ្វើឱ្យកាន់តែជាប់ស្អិត​ខ្លាំង​​ជាងជ័រកាវទឹក និងមើលទៅឃើញស្អាតជាងប្រើទឹកមាត់លិទ្ធបិទទៅទៀត។

    4 . បន្តក់ទឹកថ្នាំលាបក្រចកដើម្បីបិទភ្ជិតរន្ធតូចៗ និងស្នាមឆ្កូតជ្រៅៗនៅលើតុឈើ អាចការពារមិនឱ្យរន្ធ ឬស្នាមឆ្កូតទាំងនោះរីកធំបាន។

    5 . ប្រើថ្នាំលាបក្រចកលាបបំបាត់ភាពមុតស្រួចរបស់ស្នាមរយះដាច់នៅលើឧបករណ៍ធ្វើពីឈើ ដូចជាដងចាប់របស់ឧបករណ៍ផ្សេងៗ ដើម្បី​កាត់បន្ថយការឆ្កូត ឬការពារមិនឱ្យមុតដៃពេលយើងចាប់កាន់ដោយមិនដឹងខ្លួន។

    6 . ការពារចុងខ្សែបែកស្ញាញ…អ្នកណាដែលធ្លាប់តែដុតបិទចុងខ្សែ ឬក៏ដេរភ្ចិតនោះ ចូរសាកល្បងជ្រលក់ចុងខ្សែ​ទៅក្នុងទឹកថ្នាំលាបក្រចកពណ៌ថ្លាៗម្តងមើល៏ វាក៏បានផលល្អដូចគ្នាដែរ។

    7 . ការពារច្រែះ យកថ្នាំក្រចកលាបលើឧបករណ៍ដែលធ្វើពីលោហៈនៅក្នុងបន្ទប់ទឹកដើម្បីការពារច្រែះ៕

  • ដឹងទេ…ម្ដាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?

    ដឹងទេ…ម្ដាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?

    ក្នុងអំឡុងពេលដែលអ្នកម្ដាយបំបៅដោះកូន ការទទួលទានអាហាររបស់អ្នកម្ដាយជារឿងមួយដែលត្រូវប្រយ័ត្នប្រយែងខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារប្រភេទខ្លះអាចបញ្ជូនបន្តទៅក្នុងទឹកដោះម្ដាយដែលអាចធ្វើឱ្យទឹកដោះរបស់អ្នកម្ដាយមានរសជាតិប្រែប្រួល ឬអាចមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយរបស់កូនតូចបាន ដូច្នេះយើងនាំគ្នាមកមើលថា តើម្ដាយដែលបំបៅដោះកូន គេហាមញ៉ាំអ្វីខ្លះ?

    របស់ 5យ៉ាងដែលម្ដាយបំបៅដោះមិនគួរទទួលទាន

    1 . ថ្នាំឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ និងស្រាថ្នាំ…

    មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនតូចឆ្អល់ពោះ រាក យំរករឿង ឬបន្ទោបង់ខុសប្រក្រតី។

    2 . ហាមទទួលទានអាហារជ្រក់ត្រាំ ឬគ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល…

    តែបើចាំបាច់ត្រូវតែទទួលទានមិនអាចខានបាន ដូចជាទៅចូលរួមកម្មវិធីក្នុងសង្គម ជាដើមនោះ ចូរទទួលទានក្រោយពេលបំបៅកូនរួចហើយ និងបញ្ឈប់បំបៅដោះកូនមួយពេលដើម្បីច្របាច់ ឬបឺតបញ្ចេញចោលមុននឹងឱ្យកូនបៅលើកបន្តបន្ទាប់ទៅទៀត ព្រោះជាតិអាល់កុលហុចផលប៉ះពាល់ដល់ខួរក្បាលរបស់កូន។

    3 . អាហារដែលមានរសជាតិហិរខ្លាំង គួរតមសិន…

    ព្រោះនឹងហុចផលឱ្យកូនតូចបានទទួលរសជាតិហិរពីទឹកដោះម្ដាយដែរ និងអាចធ្វើឱ្យឈឺពោះបានដូចគ្នា តែបើសិនជាអាហារដែលប្រកបដោយឱសថបុរាណ ដូចជាស្លឹកម្រះព្រៅ ខ្ញី ម្រេច ជាដើម ម្ដាយបំបៅដោះកូនអាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្ដៅ ដែលខុសពីរសជាតិហិរ ហើយអាហារឱសថបុរាណដែលមានរសជាតិក្ដៅទាំងនោះថែមទាំងជួយបំប៉នទឹកដោះម្ដាយទៀតផង។

    4 . បន្លែដែលមានជាតិហ្គាសច្រើន…

    ដូចជាស្ពៃក្ដោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមទទួលទានសិន ព្រោះអាចធ្វើឱ្យកូនតូចកើតអាការឆ្អល់ និងហើមពោះបាន ឬបើត្រូវការទទួលទានបន្លែទាំងនោះដោយខានមិនបាន ក៏គួរទទួលទានបន្លែដែលចម្អិនឆ្អិនហើយប្រសើរជាង។

    5 . ថ្នាំប្រភេទខ្លះមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះ…

    ដូច្នេះបើអ្នកម្ដាយកើតអាការឈឺថ្កាត់ និងត្រូវការប្រើថ្នាំ ចូរប្រឹក្សាជាមួយឱសថការី ឬវេជ្ជបណ្ឌិតជាមុនសិនគ្រប់ពេល និងបើទិញថ្នាំពីឱសថការី ត្រូវប្រាប់ជាមយនជានិច្ចថា កំពុងស្ថិតក្នុងអំឡុងពេលបំបៅកូន៕

  • វិធីតុបតែងផ្ទះស្អាត ឃើញនៅថ្មី ដើម្បីឱ្យលក់ឆាប់ដាច់ និងបានថ្លៃ

    វិធីតុបតែងផ្ទះស្អាត ឃើញនៅថ្មី ដើម្បីឱ្យលក់ឆាប់ដាច់ និងបានថ្លៃ

    ទោះជាផ្ទះដែលយើងកំពុងស្នាក់នៅនេះ ជាផ្ទះដែលយើងស្រឡាញ់ប៉ុនណាក៏ដោយ តែក៏ប្រហែលជាមានថ្ងៃណា​មួយដែលយើងចាំបាច់ត្រូវតែលក់វាដែរ ដោយសារមានបញ្ហារឿងលុយកាក់ ការផ្លាស់ប្តូរទីលំនៅ ឬទៅរស់នៅបរទេសជាដើម – ល – ហើយការលក់ផ្ទះនេះទៀតសោត នរណាៗក៏ចង់លក់ឱ្យបានឆាប់ និងបានថ្លៃដែរ ដូច្នេះការតុបតែងផ្ទះឱ្យមើលទៅ​ស្អាត​​​​នោះ​​ មានផលល្អទៅដល់តម្លៃរបស់ផ្ទះដែលយើងចង់លក់ ដោយគួររៀបចំតុបតែងផ្ទះតាមតិចនិកដូចខាងក្រោមនេះ ៖

    1 . រៀបចំផ្ទៃក្នុងផ្ទះឱ្យមានរបៀប

    តឱ្យឧបករណ៍ គ្រឿងសង្ហារិមនៅក្នុងផ្ទះមើលទៅស្អាត មានតម្លៃប៉ុនណាក៏ដោយ តែបើនៅរាយប៉ាយ ដាក់មិនចំកន្លែង មិនគួរឱ្យយកភ្នែកមើលនោះ ក៏ផ្ទះប្រហែលជាមិនងាយលក់ចេញបានដែរ។ អ្នកជំនាញការខាងតុបតែងផ្ទះបានអះអាងថា​​ ការដាក់របស់​របរ​មិនចំកន្លែង នឹងធ្វើឱ្យផ្ទះមើលទៅច្របូកច្របល់ មិនគួរឱ្យចង់ទិញ ដូច្នេះយើងគួររៀបចំវាឱ្យមានរបៀបរៀបរយ ដូចជា បើផ្ទះអ្នកណាមានចង្រ្កានបាយ និងបន្ទប់ទទួលភ្ញៀវនៅក្នុងទីកន្លែងតែមួយ គួរតែយកឆាកឡប់ឡែមកដាក់បាំង និងក្រាលកម្រាល​ព្រំដើម្បីញែកបន្ទប់ទទួលភ្ញៀវឱ្យនៅដាច់ដោយឡែក។

    2 . ផ្លូវដើរក្នុងផ្ទះគួរឱ្យពេញចិត្ត

    ពឹតប្រាកដណាស់ថា ផ្ទះដែលមើលទៅធំទូលាយស្រឡះ ពឹតជាមើលទៅឃើញល្អជាងផ្ទះដែលមានបរិយាកាសតូចចង្អៀត ដែលគ្រាន់តែឃើញភ្លាម ក៏មានអារម្មណ៍ថា រាងថប់ៗ ហប់ៗស្រេចទៅហើយដែរ។ ទោះជាផ្ទះរបស់លោកអ្នកមិនមានទីកន្លែងធំប៉ុន្មានមែន តែយ៉ាងហោចណាស់ក៏ការទុកឱ្យមានចន្លោះដែលទំនេរសម្រាប់ធ្វើជាផ្លូវដើរទៅមកបានយ៉ាងស្រួលនោះ ក៏អាចជួយបានច្រើនដែរ ដូច្នេះគួរបង្ខិតកៅអីសាឡុងទៅជាប់ជញ្ជាំង ឬជិតបង្អួច និងទុកកន្លែងសម្រាប់ធ្វើជាផ្លូវដើរឱ្យបានធំល្មមផងទើបជាការល្អ។

    3 . ថែមពណ៌ឱ្យស្រស់ស្អាតបន្តិច

    ពណ៌មានចំណែកសំខាន់ក្នុងការជួយតុបតែងឱ្យបន្ទប់មានទំហំតាមដែលអ្នកចង់បានយ៉ាងងាយស្រួល ដូចជាប្រើពណ៌ភ្លឺៗបន្លំភ្នែកឱ្យបន្ទប់មើលទៅឃើញកាន់តែធំឡើង ខណះដែលពណ៌ងងឹតៗអាចធ្វើឱ្យបន្ទប់មើលទៅរាងមានអាថ៌កំបាំងដូច្នោះដែរ។ ក្រៅពីនេះ ពណ៌នីមួយៗថែមទាំងផ្ដល់នូវបរិយាកាសខុសប្លែកពីគ្នាទៀតផង ដូច្នេះយើងត្រូវចេះចាប់គូពណ៌ និងរើសពណ៌ឱ្យស៊ីគ្នានឹងបន្ទប់ផង។

    4 . រៀបចំពន្លឺឱ្យសមល្មម

    ពន្លឺដែលស្អាតសមសួននឹងជួយធ្វើឱ្យបន្ទប់ក្នុងផ្ទះមើលទៅស្អាតទំនើបភ្លាមតែម្តង ព្រោះធ្វើឱ្យបន្ទប់មើលទៅស្រឡះ មានខ្យល់អាកាសចេញចូលល្អ និងថែមទាំងធ្វើឱ្យពណ៌របស់ឧបករណ៍តុបតែងផ្សេងៗនៅក្នុងផ្ទះមើលទៅ​ស្អាតជាងមុន​​​​​ទៀត​ផង។​ គួរដាក់អំពូលភ្លើងឱ្យបានសព្វកន្លែង តែក៏មិនមែនច្រើនហួសហេតុពេកដែរ និងជាពិសេសក្នុងបន្ទប់ទឹកដែលសើមជាប់ជានិច្ចនោះ រឹតតែត្រូវយកចិត្តទុកដាក់រឿងពន្លឺខ្លាំងទៅទៀត។

    5 . ជួសជុលកន្លែងខូចខាតឱ្យបានល្អឡើងវិញ

    លោកអ្នកប្រហែលជាមិនចង់បែរមុខទៅញញឹមរាងស្ងួតៗដាក់ភ្ញៀវដែលមកចង់ទិញផ្ទះ នៅពេលដែលបើក​​ភ្លើង​​​​អត់ឆេះ ឬទ្វារបើកមិនចង់ចេញ ឬពេលបើកម្តងៗឮសូរសំឡេងង៉ឺតង៉តគួរឱ្យរំខាននោះឡើយមែនទេ? ដូច្នេះមុនពេលណាត់អ្នកដែលគេចង់ទិញផ្ទះឱ្យមកមើលផ្ទះនោះ លោកអ្នកត្រូវត្រួតពិនិត្យមើលសភាពរបស់ផ្ទះគ្រប់យ៉ាងឱ្យបានរៀបរយជា​មុនសិន មិនដូច្នោះទេរឿងកំប៉ិកកំប៉ុកទាំងនោះ អាចធ្វើឱ្យផ្ទះរបស់អ្នកពិបាកលក់ចេញ និងអាចចុះថ្លៃទៀតផងក៏ថាបានដែរ។

    អ្ហ៎!…មានរឿងមួយទៀតដែលអ្នកមិនត្រូវភ្លេចជាដាច់ខាត នោះគឺ ការបោសសម្អាតផ្ទះឱ្យបានស្អាតហ្មត់ចត់ ព្រោះផ្ទះស្អាតនឹងធ្វើឱ្យមើលទៅឃើញដូចជាផ្ទះនៅថ្មី ខុសពីផ្ទះកខ្វក់ដែលមើលទៅឃើញដូចជាចាស់ទ្រុឌទ្រោម៕

  • ប្រយោជន៍ល្អៗ 10យ៉ាងរបស់ “ជីវ៉ាន់ស៊ុយ”…អ៊ីចឹងបានជាជនជាតិជប៉ុនចូលចិត្តញ៉ាំម្ល៉េះ!

    ប្រយោជន៍ល្អៗ 10យ៉ាងរបស់ “ជីវ៉ាន់ស៊ុយ”…អ៊ីចឹងបានជាជនជាតិជប៉ុនចូលចិត្តញ៉ាំម្ល៉េះ!

    បច្ចុប្បន្ននេះនៅឯប្រទេសជប៉ុន “ជីវ៉ាន់ស៊ុយ” បានក្លាយជាបន្លែដែលមនុស្សជាច្រើននាំគ្នានិយមចូលចិត្តទទួលទានយ៉ាងខ្លាំង នាំគ្នាញ៉ាំទាំងក្ដាប់ៗ(ទាំងតម្លៃជីវ៉ាន់ស៊ុយនៅប្រទេសគេមិនមែនថោកៗដូចស្រុកយើងផង) ដល់ថ្នាក់មានអ្នកចម្រៀងប៊យប៊ែនដ៍របស់ជប៉ុនតែងបទចម្រៀងច្រៀងដែលមានឈ្មោះថា “ជីវ៉ាន់ស៊ុយ ហេវិន”(ជីវ៉ាន់ស៊ុយស្ថានសួគ៌)ដែលបង្ហាញអំពីការនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយដ៏ខ្លាំងក្លារបស់ជនជាតិជប៉ុនទៀតផង។

    តាមរយៈការចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយដ៏ខ្លាំងក្លានេះ ទើបធ្វើឱ្យនៅប្រទេសជប៉ុនមានភោជនីយដ្ឋានដែលល្បីល្បាញរឿងមុខម្ហូបដែលមានបន្លែជីវ៉ាន់ស៊ុយជាចំណែកផ្សំចម្បង មិនមែនគ្រាន់តែហាន់តូចៗរោយពីលើម្ហូបអាហារដូចនៅស្រុកយើងនោះទេ។ ពួកគេនាំគ្នាញ៉ាំជីវ៉ាន់ស៊ុយទាំងបាច់ៗតែម្ដង និងថែមទាំងមានភោជនីយដ្ឋានដែលលក់តែមុខម្ហូបដែលផ្សំតែពីបន្លែជីវ៉ាន់ស៊ុយសុទ្ធទៀតផង។ ក្រៅពីនេះ មុខម្ហូបជីវ៉ាន់ស៊ុយ ថែមទាំងជាមុខម្ហូបប្រចាំឆ្នាំរបស់ប្រទេសជប៉ុន(ឆ្នាំ2016)ដែលបញ្ជាក់ច្បាស់ពីការនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយរបស់ជនជាតិជប៉ុនយ៉ាងច្បាស់ទៀតផង។

    បើនិយាយអំពីរសជាតិ ប្រហែលជារឿងពិសេសដោយឡែកពិតៗមិនខាន ព្រោះអ្នកខ្លះអាចនឹងចូលចិត្ត អ្នកខ្លះទៀតអាចនឹងមិនចូលចិត្ត ដូចគ្នានឹងផ្លែទុរេននៅប្រទេសយើងដែរ ដែលអ្នកណាចូលចិត្ត ក៏ចូលចិត្តខ្លាំង តែអ្នកដែលមិនចូលចិត្ត ក៏ស្អប់តែម្ដង ព្រោះរសជាតិ និងក្លិនរបស់វាដែលខ្លាំងក្លា និងជាឯកលក្ខណៈពិសេសដោយឡែកពិតៗហ្នឹងឯង។ តែបើនិយាយអំពីប្រយោជន៍របស់ជីវ៉ាន់ស៊ុយវិញនោះ សូមជម្រាបថា មានច្រើនណាស់ រហូតដល់មិត្តអ្នកអានអាចនឹងត្រូវងាកមកនិយមចូលចិត្តញ៉ាំជីវ៉ាន់ស៊ុយខ្លាំងដូចជនជាតិជប៉ុនដែរមិនខាន។

    សារធាតុអាហារនៅក្នុងបន្លែជីវ៉ាន់ស៊ុយ

    • វីតាមីន A
    • វីតាមីន B
    • វីតាមីន C
    • សារធាតុដែក
    • បេតាឃែរ៉ូធីន
    • កាល់ស្យូម និងផ្សេងៗទៀតជាច្រើន។

    ប្រយោជន៍ល្អៗរបស់ “ជីវ៉ាន់ស៊ុយ”

    1. ជួយបញ្ចុះជាតិស្ករនៅក្នុងឈាម ត្រូវនឹងអ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងសម្រកទម្ងន់
    2. ការពារជំងឺផ្ដាសាយ
    3. បំបាត់អាការស្រេកទឹក
    4. តតាំង ប្រឆាំងមេរោគផ្សេងៗនៅក្នុងពោះវៀន
    5. ជួយបណ្ដេញខ្យល់នៅក្នុងក្រពះអាហារ
    6. មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីក
    7. ជាឱសថបន្ទន់លាមក ជួយឱ្យបន្ទោបង់ស្រួល
    8. បំបាត់អាការវិលមុខ
    9. ថែបំប៉នភ្នែក
    10. ជួយជំរុញការធ្វើការងាររបស់ឈាម និងសាច់ដុំ

    ទោះជាបន្លែជីវ៉ាន់ស៊ុយមានក្លិនហាក់ដូចជាឈួលខ្លាំង តែក៏មិនចាំបាច់ទៅកង្វល់អ្វីដែរ ព្រោះក្លិនរបស់បន្លែជីវ៉ាន់ស៊ុយនេះនឹងត្រូវបញ្ចេញចោលមកតាមទឹកមូត្រ និងបើមិនទទួលទានក្នុងបរិមាណច្រើនជ្រុលពេកទេនោះ វានឹងមិនធ្វើឱ្យធំក្លិនខ្លួនដូចដែលមនុស្សជាច្រើនអាចធ្លាប់បានឮនោះទេ តែទោះជាយ៉ាងណាក៏ដោយ ការនឹងនាំគ្នាងាកមកទទួលទានបន្លែជីវ៉ាន់ស៊ុយដើម្បីឱ្យទទួលបានប្រយោជន៍ល្អៗដល់រាងកាយនោះ ក៏មិនគួរទទួលទានច្រើនជ្រុលពេកដែរ ព្រោះមិនថាអាហារប្រភេទណាដែលថាល្អៗនោះទេ បើយើងទទួលទានច្រើនជ្រុលពេក ក៏វាហុចគុណវិបត្តិដល់យើងដែរ៕

  • តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    តើស្រ្តីមានគភ៌ធ្វើការមុខកុំព្យូទ័រពេញមួយថ្ងៃមានគ្រោះថ្នាក់ដល់កូនឬទេ?

    បច្ចុប្បន្នកុំព្យូទ័រមានតួនាទីជាមួយជីវិតរបស់មនុស្សស្ទើរតែគ្រប់ផ្នែក និងប្រាកដណាស់ស្រ្តីមានគភ៌ជាច្រើននាក់ត្រូវធ្វើការងារដោយមានកុំព្យូទ័រជាឧបករណ៍ប្រើការក្បែរកាយ និងត្រូវនៅជាមួយវត្ថុមួយនេះជាច្រើនម៉ោងជាប់ៗគ្នាក្នុងមួយថ្ងៃ។

    ស្រ្តីមានគភ៌មួយចំនួនចាប់ផ្ដើមនឹកបារម្ភក្នុងចិត្តថា តើកុំព្យូទ័រដែលកំពុងប្រើការនេះនឹងមានផលអាក្រក់អ្វីដល់កូនក្នុងផ្ទៃដែរឬទេ? ដែលតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវមកជាយូររបស់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យសម្ភពមកពីគ្រប់ទិសទីក្នុងពិភពលោកបានផ្ដល់នូវចម្លើយដែលធ្វើឱ្យស្រ្តីមានគភ៌ទាំងឡាយបានសប្បាយចិត្តថា កុំព្យូទ័រមិនមានបង្កគ្រោះថ្នាក់អ្វីដល់កូនតូចក្នុងផ្ទៃឡើយ…តែការអង្គុយធ្វើការនៅមុខកុំព្យូទ័ររយៈពេលយូរៗទៅវិញទេដែលមានផលប៉ះពាល់ដល់សុខភាពរបស់ស្រ្តីមានគភ៌ ដែលរឹតតែត្រូវអង្គុយធ្វើការយូរប៉ុនណា ប្រព័ន្ធឈាមរត់នឹងហូរបញ្រ្ចាស់ត្រឡប់ឡើងទៅផ្នែកខាងលើ ធ្វើឱ្យឈាមហូរទៅចិញ្ចឹមរាងកាយយឺតយ៉ាវ ដែលអាចធ្វើឱ្យហើមជើង ងាយវិលមុខ ឆាប់ហត់ និងឈាមដែលហូរត្រឡប់ចូលបេះដូងទៅចិញ្ចឹមកូនតូចក៏នឹងថយចុះ។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវអង្គុយធ្វើការនៅមុខកុំព្យូទ័រគួរមើលថែទាំខ្លួនឯងដូចតទៅនេះ…ៈ

    ការអង្គុយ

    ស្ត្រីមានគភ៌គួរអង្គុយឱ្យត្រូវតាមវិធី ដោយឥរិយាបទអង្គុយដែលត្រឹមត្រូវបំផុតក៏គឺ អង្គុយចូលទៅក្នុងឱ្យពេញកៅអី និងខ្នងពឹងនឹងបង្អែកកៅអី ចន្លោះរវាងភ្លៅ និងកៅអីគួរនៅសល់ចន្លោះប៉ុនម្រាមដៃអាចស៊កចូលទៅបាន ដើម្បីកាត់បន្ថយសង្កត់ និងឱ្យឈាមហូរវិលបានស្រួលឡើង។ បើស្ត្រីមានគភ៌ស្ថិតក្នុងអំឡុងត្រីមាសចុងក្រោយ ទំហំក្បាលពោះដែលធំខ្លាំងនោះនឹងធ្វើឱ្យផ្ទៃពោះហុចលយមកខាងមុខ ស្រ្តីមានគភ៌អាចប្រើខ្នើយមកដាក់កល់ខ្នង ក៏អាចជួយកាត់បន្ថយភាពតឹងរបស់សាច់ដុំបានដែរ។

    ថែទាំកែវភ្នែក

    ស្រ្តីមានគភ៌គួរសម្រួលរយៈចម្ងាយ និងកម្ពស់របស់អេក្រង់កុំព្យូទ័រឱ្យស័ក្តិសមល្មមនឹងកម្រិតកម្ពស់ខ្សែភ្នែករបស់អ្នកផង។ គួរឱ្យអេក្រង់កុំព្យូទ័រស្ថិតក្នុងកម្ពស់ទាបជាងកម្រិតខ្សែភ្នែកប្រមាណជា 10 – 20អង្សា សម្រួលភាពភ្លឺរបស់អេក្រង់ឱ្យសមល្មម នឹងជួយឱ្យស្រ្តីមានគភ៌មិនឈឺភ្នែក អានអក្សរបានកាន់តែងាយស្រួលឡើង។ មិនគួរសម្លឹងមើលអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ និងគួរសាកល្បងសម្រាកខ្សែភ្នែកប្រមាណជា 10នាទីក្នុងរយៈពេល 1ម៉ោងនៃការធ្វើការ នឹងកាត់បន្ថយអាការឈឺកែវភ្នែករបស់ស្រ្តីមានគភ៌បានច្រើន។

    ដូច្នេះស្រ្តីមានគភ៌ដែលត្រូវធ្វើការនៅមុខកុំព្យូទ័រពេញមួយថ្ងៃនោះ កុំភ្លេចផ្លាស់ប្ដូរឥរិយាបថឱ្យបានញឹកញាប់ កុំសម្លឹងអេក្រង់កុំព្យូទ័រយូរៗពេក គួរងាក ឬបែរទៅមើលអ្វីផ្សេងខ្លះផង និងមិនគួរអង្គុយក្នុងឥរិយាបថដដែលយូរពេកឡើយ គួរក្រោកដើរទៅនេះទៅនោះឱ្យយឺតសរសៃសរសូងរៀងរាល់ម៉ោងខ្លះផងទើបជាការប្រសើរបំផុត៕

  • មិនទាន់រកឃើញជើងឯក តែ MCL រកឃើញក្រុម ដែលត្រូវជ្រុះចេញ ទៅលេងនៅលីគទី2 រដូវកាលក្រោយហើយ

    មិនទាន់រកឃើញជើងឯក តែ MCL រកឃើញក្រុម ដែលត្រូវជ្រុះចេញ ទៅលេងនៅលីគទី2 រដូវកាលក្រោយហើយ

    ការប្រកួត​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី19 រដូវ​កាល2020 បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី18 ខែតុលា ឆ្នាំ2020 រវាង​ក្រុម2 គឺ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ និង​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ជាការ​ប្រជែង​យកជ័យ​ជម្នះ ដើម្បី​ចៀស​ផុតពី​ការ​កាត់​ចេញពី​លី​គ​កំពូល​កម្ពុជា។

    យោង​លើ​លទ្ធផល​នៅក្នុង​ការប្រកួត​នេះ ក្រុម​ទាំង2 បាន​ចាញ់​ដូចគ្នា ដែល​វា​បានបង្ហាញ​ជា​ផ្លូវការ​ហើយ​ថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម 18ឆ្នាំ នឹងត្រូវ​កាត់ចេញ​ទៅលេង​នៅ​លី​គ​ទី2 នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពិន្ទុ​ប្រៀបធៀប គឺ​ចាញ់​ក្រុម​ដែល​នៅ​ពីលើ​បន្ទាប់ (អគ្គិសនី​កម្ពុជា) ចំនួន 4ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ 1ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់។

    គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​កាត់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ​ចេញ ក្រុម​ជើងឯក​លី​គ​ទី2 នឹងត្រូវ​ឡើងមក​បំពេញ​ចន្លោះ​ក្រុម​ដែល​បាន​កាត់ចេញ​មួយ​នេះ៕

  • Van Dijk រងរបួសធ្ងន់ធ្ងរ ធ្វើឱ្យកីឡាករដទៃទៀត ខ្លាចរអាបំផុត

    Van Dijk រងរបួសធ្ងន់ធ្ងរ ធ្វើឱ្យកីឡាករដទៃទៀត ខ្លាចរអាបំផុត

    កាលពី​យប់​ថ្ងៃ​សៅ​រ៏ ទី17 ខែតុលា ឆ្នាំ2020 ក្នុងការ​ប្រកួត​រវាង​ក្រុម Liverpool និង Everton ដែល​បញ្ចប់​ដោយ​លទ្ធផល 2ទល់នឹង2 នៃ​លី​គ​កំពូល​អង់គ្លេស (English Premier League) កីឡាករ​ខ្សែការពារ Virgil Van Dijk បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​អ្នកចាំទី ដែល​បណ្ដាល​ឱ្យគេ រងរបួស​មិនអាច​បន្ត​លេង​តទៅទៀតបាន។

    ក្លិប​បាល់ទាត់ Liverpool បាន​បញ្ជាក់ថា ខ្សែការពារ Virgil Van Dijk បាន​រងរបួស​ជង្គង់ ដោយ​ដាច់​សរសៃ ACL ដែល​ធ្វើឱ្យ​រូបគេ​ត្រូវធ្វើ​ការវះកាត់ និង​រង់ចាំ​ការព្យាបាល​រយៈពេល​យូរ​បំផុត។ ព័ត៌មាន​បឋម​គឺថា រូបគេ​អាច​នឹងត្រូវ​នៅក្រៅ​ទីលាន រហូតដល់​ទៅ 6-10ខែ តាម​ស្ថានភាព​របួស។

    គួរឱ្យ​ដឹង​ដែរ​ថា របួស ACL នេះ បានបញ្ចប់​អាជីព និង​ភាពខ្លាំង​របស់​កីឡាករល្អៗជាច្រើន​នាក់​ហើយ ប៉ុន្តែ​បើ​យកចិត្តទុកដាក់​ព្យាបាល និង​មានការ​តាំងចិត្ត​ខ្ពស់​នោះ របួស​នឹង​ឆាប់​ជាសះស្បើយ៕

  • ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនទារកក្នុងគភ៌ក្នុងត្រីមាសនីមួយៗដែលម្ដាយគួរដឹង…

    ទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ម្ដាយ នឹងបញ្ជាក់ប្រាប់ថា តើកូននៅក្នុងផ្ទៃម្ដាយនោះបរិបូរណ៍ឥតខ្ចោះប៉ុនណា? និងគួរបន្ថែមការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងគភ៌មានទម្ងន់ខ្លួនដែលល្អបរិបូរណ៍ត្រូវតាមក្បួន។ ដូច្នេះទើបរឿងទម្ងន់ខ្លួនរបស់ទារកក្នុងគភ៌ គឺជារឿងសំខាន់មួយដែលស្រ្តីមានគភ៌ទាំងឡាយគួរតែជ្រាប…។

    ត្រីមាសដំបូង ៈ ចាប់ផ្ដើមតាំងពី 8សប្ដាហ៍ – 12សប្ដាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ប្រមាណជា 1 – 15ក្រាម ហើយទម្ងន់របស់ទារកនឹងចាប់ផ្ដើមកើនឡើងជារឿយៗរហូតដល់សប្ដាហ៍ទី16។

    ត្រីមាសទី2 ៈ  ចាប់ពីអំឡុងសប្ដាហ៍ទី17 – 20 ទម្ងន់របស់ទារកនឹងកើនឡើងម្ដងៗ 50ក្រាម និងនៅពេលចប់ត្រីមាសនេះ ទារកនឹងមានទម្ងន់ប្រមាណជា 600ក្រាម។

    ត្រីមាសទី3 ៈ ក្នុងអំឡុងពេលចុងក្រោយនៃការតាំងគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្ដើមកើនឡើងច្រើនគឺ 6ដងពីត្រីមាសទី2 ដោយទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្ដាហ៍ 200ក្រាម និងកើនឡើងជារឿយៗរហូតដល់ប្រមាណជា 3,400 – 3,700ក្រាម នៅពេលគ្រប់កំណត់ប្រសូត។

    ទម្ងន់ខ្លួនទារកច្រើន ឬតិចជ្រុលពេក អាចបញ្ជាក់ប្រាប់ពីភាពខុសប្រក្រតីរបស់ទារកបានដូចខាងក្រោមនេះ ៈ

    ទម្ងន់ខ្លួនរបស់ទារកតិចជ្រុលពេក ៈ អាចបណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬទងសុកមានបញ្ហា ឬអាចកើតពីទារកខ្លួនឯង អាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារទៅឱ្យទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នឹងតម្រូវការ ជាហេតុបណ្ដាលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់តិច ដែលចំណុចនេះបើមិនបានទទួលការរក្សាព្យាបាលយ៉ាងត្រូវវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាត់បង់ជីវិតបាន តែបើបណ្ដាលពីខ្លួនអ្នកម្ដាយវិញ អាចដោយសារតែអ្នកម្ដាយមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។

    ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្ដាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងគភ៌មានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ថែមទាំងប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមខណៈពេលតាំងគភ៌ទៀតផង។ ក្រៅពីនេះពេលដល់វេលាប្រសូតអាចធ្វើឱ្យពិបាកប្រសូត អាចនឹងត្រូវប្រើឧបករណ៍ខាងវេជ្ជសាស្រ្តជួយសម្រាល ឬបើទារកមានខ្លួនធំជ្រុលពេកអាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការវះកាត់សម្រាលបុត្រ។ ក្មេងដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីពេលប្រសូតនឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ព្រោះកោសិកាខ្លាញ់ក្នុងរាងកាយមានខ្នាតធំតាំងពីពេលប្រសូតដំបូងហ្នឹងឯង៕