Author: ធឿន មករា

  • ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

    សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។

    1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន

    ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។

    2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។

    ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ តែបើស្រ្តីមានគភ៌ចេះធ្វើការងារដោយក្ដីប្រយ័ត្នប្រយែង ចេះមើលថែទាំខ្លួនបានល្អ ក៏ប្រហែលជាគ្មានបញ្ហាអ្វីដែរ។

    3 . អ្នកមានផ្ទៃពោះ ហាមទៅបុណ្យសព ៈ មានការដាស់តឿនសម្រាប់ស្រ្តីមានផ្ទៃពោះថា ហាមទៅចូលរួមពិធីបុណ្យសព ព្រោះបុរាណគេប្រកាន់ តែអ្នកខ្លះក៏អាចនឹងជឿដោយមិនបានស្វែងរកការពិតនៃពាក្យថា “ប្រកាន់” នេះ ចង់សំដៅលើអ្វីដែរ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឮរឿងទំនងដែលថា ខ្លាចខ្មោចចូល ជាដើមដែរ។

    ការពិត ៈ បុណ្យសព គឺជាពិធីដែលសោកសង្រេង អ្នកចូលរួមពិធីក៏ច្រើនតែស្រងេះស្រងោចពីការបាត់បង់ញាតិមិត្តបងប្អូន ដូច្នេះបើអ្នកមានផ្ទៃពោះទៅចូលរួម ក៏អាចនឹងមានអារម្មណ៍សោកសៅ យំស្រែក និងតានតឹងអារម្មណ៍ទៅជាមួយដែរ ព្រោះក្នុងអំឡុងពេលតាំងគភ៌នេះ ស្រ្តីមានគភ៌គួរតែមានផ្លូវចិត្តដែលស្រស់ថ្លា រីករាយ ដូច្នេះហើយទើបចាស់ៗមិនចង់ឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ពិបាកចិត្ត ធុញថប់តានតឹង ឬសោកសង្រេងហ្នឹងឯង។

    4 . អ្នកមានផ្ទៃពោះ ហាមអង្គុយឃាំងមាត់ជណ្ដើរ ៈ ស្រ្តីមានគភ៌ហាមអង្គុយឃាំងមាត់ជណ្ដើរ មិនដូច្នោះទេ នឹងពិបាកប្រសូតបុត្រ។ ស្រ្តីមានគភ៌ណាបានឮហើយ តែងតែខ្លាចជាធម្មតា ព្រោះថា ការពិបាកប្រសូត មានន័យពីការឈឺពោះយូរ និងអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ជាពិសេសសម័យមុន ខាងវេជ្ជសាស្រ្តនៅមិនទាន់រីកចម្រើន។

    ការពិត ៈ ផ្ទះខ្មែរក្នុងសម័យមុន ច្រើនតែជាផ្ទះមួយជាន់មានសសរខ្ពស់ៗ និងមានជណ្ដើរឡើងផ្ទះរាងចោត បើសិនទៅអង្គុយឃាំងមាត់ជណ្ដើរ ក៏អាចនឹងធ្លាក់ចុះទៅក្រោមនាំឱ្យមានគ្រោះថ្នាក់បានដោយងាយ ជាពិសេសស្រ្តីដែលមានគភ៌ធំៗដែលការទប់លំនឹងខ្លួនមិនសូវជាបានល្អផងនោះ រឹតតែមិនគួរទៅអង្គុយនៅទីនោះឡើយ ដែលនេះជាការហាមឃាត់មួយដែលគួរតែធ្វើតាម ឯហេតុផលដែលនិយាយថា អាចនឹងធ្វើឱ្យពិបាកប្រសូត ឬឈឺពោះយូរនោះ មិនមែនជាការពិតទេ។

    5 . ហាមត្រៀមរបស់ប្រើប្រាស់របស់ទារកទុកមុន ៈ ជំនឿមួយនេះនៅតែមានអ្នកប្រតិបត្តិតាមនៅឡើយ ព្រោះនៅក្នុងជំនឿនេះបានឱ្យហេតុផលថា វាជាប្រផ្នូលមិនល្អ ដែលទោះជាអ្នកម្ដាយសម័យថ្មីហើយក៏ដោយ ក៏នៅតែមានអារម្មណ៍ថា ជឿៗទៅ វាប្រសើរជាង ព្រោះមិនចង់ឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះកូនសម្លាញ់…។

    ការពិត ៈ បើគិតតាមគោលការណ៍ហេតុ និងផលវិញនោះ ឃើញថាវាគ្មានពាក់ព័ន្ធគ្នាអីរវាងការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារក ជាមួយនឹងសុខភាព ឬឧប្បត្តិហេតុអ្វីដែលអាចនឹងកើតឡើងក្នុងអំឡុងពេលប្រសូតនោះឡើយ តែជំនឿនេះប្រហែលជាបណ្ដាលមកពីការប្រសូតបុត្រកាលពីសម័យមុនដែលមានភាពប្រថុយប្រថានខ្លាំង ទើបចាស់ៗមិនចង់ឱ្យត្រៀមរបស់ប្រើប្រាស់សម្រាប់ក្មេងទុកឱ្យហើយប៉ុន្មានឡើយ ឬឪពុកម្ដាយអាចនឹងត្រេកអរនឹងកូនក្នុងផ្ទៃខ្លាំងពេក ធ្វើឱ្យត្រៀមរបស់របរសម្រាប់កូនច្រើនជ្រុលពេក លើសតម្រូវការ ដែលរបស់ខ្លះ ពេលកូនប្រសូតចេញមកហើយ អាចមិនទាំងបានប្រើផងក៏មាន ដូច្នេះហើយដើម្បីភាពសប្បាយចិត្ត ទើបចាស់ៗឱ្យត្រៀមតែរបស់ណាដែលត្រូវប្រើប្រាស់ចាំបាច់ ដែលទារកកើតមកភ្លាមត្រូវប្រើមែនទែន ដូចជា ក្រណាត់កន្ទប ខោអាវទារក ជាដើម ចំណែករបស់ផ្សេងៗទៀត ចាំគិតពេលកូនប្រសូតចេញមកហើយ ក៏អាចទៅរកទិញមកប្រើទាន់ដែរ។

    6 . ខ្ទាស់ម្ជុលខ្ទាស់នៅអាវត្រង់កន្លែងក្បាលពោះ ការពារធ្លាក់កូន និងមិនឱ្យវិញ្ញាណកំណាចចូលមកធ្វើបាបកូន

    ការពិត ៈ ខ្ទាស់ឱ្យជាប់ដើម្បីឱ្យស្រ្តីមានគភ៌ប្រយ័ត្នខ្លួនឯងពេលដើរទៅណាមកណា កុំឱ្យដើរទៅបុកនេះបុកនោះ និងឱ្យអ្នកដទៃមើលឃើញបានច្បាស់ថា ខ្លួនកំពុងមានផ្ទៃពោះ មិនមែនកំពុងធាត់ទេ កុំដើរមកបុក… ជាដើម។

    ជំនឿ និងពិធីការផ្សេងៗពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការឆ្លងទន្លេរបស់មនុស្សសម័យមុន មានច្រើនយ៉ាង ដូច្នេះពេលបានឮមកហើយ ស្វាមី និងភរិយាដែលកំពុងមានគភ៌គួរតែពិចារណាជាមុនសិន មុននឹងប្រតិបត្តិតាម ដើម្បីការពារគ្រោះថ្នាក់ដែលអាចនឹងកើតឡើងចំពោះម្ដាយ និងកូនតូច ព្រោះជំនឿ និងការហាមឃាត់ពីបុរាណសម្រាប់អ្នកមានផ្ទៃពោះ រឿងមួយចំនួនដែលចាស់បុរាណបង្ហាត់បង្រៀនមក ជួនកាលក៏មានប្រយោជន៍ មានហេតុផលត្រឹមត្រូវអាចយកមកច្នៃប្រើបាន តែរឿងខ្លះក៏មិនអាចជឿបាន ឬមិនអាចពិសោធបានថាត្រូវ ឬមិនត្រូវនោះក៏មាន៕

  • តើក្រុមណា អាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ HUN SEN CUP ឆ្នាំ2020 នេះ?

    តើក្រុមណា អាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ HUN SEN CUP ឆ្នាំ2020 នេះ?

    ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ឆ្នាំ2020 (ថ្នាក់ជាតិ) វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី21 ខែតុលា ឆ្នាំ2020 និង​ថ្ងៃ​ព្រហស្បតិ៍ ទី22 ខែតុលា ឆ្នាំ2020 នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ម៉ោង 6ល្ងាច​តទៅ។

    ដោយនៅ​ថ្ងៃ​ពុធ ទី21 ខែតុលា ឆ្នាំ2020 ក្រុមបាល់ទាត់ ណាហ្គា​វើ​លដ៍ ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់ ភ្នំពេញ​ក្រោ​ន។ ឯ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី22 ខែតុលា ឆ្នាំ2020 ក្រុម​វិសាខា នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​វិសាខា។ ចំពោះ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើងទៅ​ប្រកួត​គ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្ត ខណៈដែល​ក្រុម​ចាញ់​ទាំង2 ក៏ត្រូវ​តតាំង​គ្នា ដណ្តើម​ចំណាត់ថ្នាក់​លេខ3 ដែរ៕

  • Mourinho ថា មកពី Bale មិនប្រឹងប្រែង ទើបមិនដាក់ឱ្យលេង

    Mourinho ថា មកពី Bale មិនប្រឹងប្រែង ទើបមិនដាក់ឱ្យលេង

    អ្នកចាត់ការ​ក្លិប Tottenham Hotspur លោក Jose Mourinho បាន​និយាយ​ក្រោយ​ការប្រកួត​ស្មើ​ជាមួយ​ក្លិប West Ham United ថា លោក​បាន​សម្រេចចិត្ត​ត្រឹមត្រូវ​ហើយ ដែល​មិន​ដាក់​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​វេ​លស៍ Gareth Bale ឱ្យចូល​លេង​ក្នុង​ជម្រើស 11នាក់​ដំបូង​នោះ។

    ការ​អវត្តមាន​របស់​កីឡាករ​រូបនេះ បានធ្វើឱ្យ​ហ្វ៊ែ​ន​កីឡាករ​ខាងលើ មានការ​អន់ចិត្ត​យ៉ាងខ្លាំង និង​បាន​បន្ទោ​សលោក José Mourinho ថា មើលមិនឃើញ​កីឡាករ​ល្អ ទើប​ធ្វើឱ្យ​ក្រុម បាន​ត្រឹម​ស្មើ​ក្រុម West Ham United៕

  • កាសឥតខ្សែ OPPO Echo X លក់ផ្លូវការ តម្លៃ 149ដុល្លារ នៅទីផ្សារស្រុកចិន

    កាសឥតខ្សែ OPPO Echo X លក់ផ្លូវការ តម្លៃ 149ដុល្លារ នៅទីផ្សារស្រុកចិន

    កាស​ឥត​ខ្សែ ត្រកូល Enco X ត្រូវបាន​ក្រុមហ៊ុន Oppo សហការគ្នាជាមួយ​ក្រុម​ហ៊ុន Dynaudio ដែលជា​យីហោ​ផលិតផល Speaker ល្បី​មួយ​របស់​ដា​ណឺ​ម៉ាក។ កាស​នេះ មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន តម្លៃ 149ដុល្លារ មាន​ជម្រើស 3ពណ៌ គឺ​ខ្មៅ ស និង​បៃតង។

    ខាងក្រោម​នេះ​ជា លក្ខណៈពិសេសៗរបស់​កាស​ឥត​ខ្សែ​ថ្មី​នេះ៖

    OPPO Enco X ប្រើប្រាស់​ឈី​ប​មាន 2 Cores ដើម្បី​ដំណើរការ​លើ​មុខងារ​កាត់បន្ថយ​សំឡេង​រំខាន។ ក្រុមហ៊ុន​បានបញ្ជាក់​ថា វា​មាន Mode នៃ​កម្រិត​កាត់បន្ថយ​សំឡេង​រំខាន ដល់​ទៅ 4ប្រភេទ តម្រូវ​តាម​ចំណូលចិត្ត​អ្នក​ប្រើ។

    បើ​គិត​ទាំង​ថាមពល​ថ្ម​លើ​ប្រអប់​សាក​របស់​ផង  ថាមពល​ថ្ម អាច​កាន់​បាន​ដល់​ទៅ 25ម៉ោង ប៉ុន្តែ​បើ​គិតតែ​លើ​កាស 1គូ​នោះ​វិញ  វា​អាច​កាន់​បាន​ដល់  5.5ម៉ោង សម្រាប់​ការប្រើ​ជាមួយ មុខងារ​កាត់បន្ថយ​សំឡេង​រំខាន កម្រិត​ស្រាល។

    វា​មាន​មុខងារ​ការពារ​ទឹក​កម្រិត​ស្រាល IP54, មុខងារ​ប៉ះ​បញ្ជា​លើ​តួខ្លួន ដើម្បី​គ្រប់គ្រង​បទ​ចម្រៀង, កម្រិត​សំឡេង ក៏ដូចជា​ការបិទ ឬ​បើកមុខ​ងារ​ទប់​សំឡេង​រំខាន​ជាដើម លើសពីនេះ​វា​ក៏មាន​មុខងារ Quick Pair, Qi Wireless Charging ព្រមទាំង​ប្រើប្រាស់ Bluetooth 5.2 បាន​ទៀតផង៕

  • ទីបំផុត! ទូរទស្សន៍ឆ្លាតវៃ ដំបូងបំផុតរបស់ Oppo TV បង្ហាញខ្លួនជាផ្លូវការហើយ តម្លៃជិត 1,200ដុល្លារ

    ទីបំផុត! ទូរទស្សន៍ឆ្លាតវៃ ដំបូងបំផុតរបស់ Oppo TV បង្ហាញខ្លួនជាផ្លូវការហើយ តម្លៃជិត 1,200ដុល្លារ

    ទូរទស្សន៍​ឆ្លាត​វៃ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន Oppo បានប្រកាស​ចេញលក់​ជា​ផ្លូវការ​ហើយ​នៅថ្ងៃនេះ។ Smart TV នេះ​មាន 2ម៉ូ​ដែល គឺ Oppo TV S1 និង​ម៉ូ​ដែល Oppo TV R5 មាន​ទំហំ 55អ៊ី​ញ និង 65អ៊ី​ញ។

    សម្រាប់ S1 ទំហំ 55អ៊ិ​ញ តម្លៃ 7,999យន់ (ប្រមាណ​ជា 1,129ដុល្លារ) មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​មុនគេ។ រីឯ​ម៉ូ​ដែល Oppo TV R5 ទំហំ 55អ៊ី​ញ តម្លៃ 3,299យន់ (ប្រមាណ​ជា 483ដុល្លារ និង 65អ៊ី​ញ តម្លៃ 4,299យន់ (ប្រមាណ​ជា 643ដុល្លារ)។

    Oppo TV S1 មានលក្ខណៈពិសេសៗ និង Specs លេចធ្លោ​ជាង R5 ដូចជា ក្រុមហ៊ុន​មាន​បំពាក់​បច្ចេកវិទ្យា​អេក្រង់​ល្អ 4K QLED កម្រិត​បង្ហាញ​រូបភាព 120 hz (Refresh rate) ប្រព័ន្ធ​សំឡេង​បាស 18គ្រាប់ ដែល​សហការ​ជាមួយ​ក្រុមហ៊ុន Dynaudio ភ្ជាប់​ជាមួយនឹង​កម្លាំង​ទ្រទ្រង់​កម្រិត​សំឡេង 85វ៉ា​ត់ (Sound output)។ វា​ក៏មាន​បំពាក់​មកជា​មួយ​នូវ​រន្ធ​ដោត​ជាច្រើន ដូចជា រន្ធ far-field microphone ដើរតួនាទី​ជា Voice Assistant ពេល​ចង់ខ​ល​វីដេអូ​មើលមុខ​គ្នា ដែល​នៅលើ​ទូរទស្សន៍​នោះ​មាន​បំពាក់​កាមេរ៉ា​មុខ 1គ្រាប់ ។

    លើសពីនេះ ម៉ូ​ដែល S1 បំពាក់​ដោយ​បន្ទះ​ឈី​ប MediaTek MT9950 ជាមួយ RAM 8.5GB/មេម៉ូរី 128GB ដំណើការ​ដោយ ColorOS TV និង​ដើរ​យ៉ាង​រលូន​ជាមួយ​កម្មវិធី Streaming live ដូចជា Tencent, Youky, Mango និង iQiyi ដែលជា​កម្មវិធី​កម្សាន្តល្បីៗប្រចាំ​ប្រទេស​ចិន។

    ដោយឡែក ម៉ូ​ដែល R1 តម្លៃ​ធូរ​ថ្លៃ មិនសូវ​ជា​ប្រើប្រាស់​អេក្រង់​កម្រិត​ខ្ពស់​ប៉ុន្មាន​ទេ ពោលគឺ ប្រើប្រាស់​អេក្រង់ LCD កម្រិត​បង្ហាញ​បាន 4K ដូចគ្នា ជាមួយនឹង LED Backlight ទាំង55 និង 65អ៊ី​ញ។ ម៉ូ​ដែល S1 ក៏​បំពាក់​ដោយ​បន្ទះ​ឈី​ប MediaTek MT9652 ជាមួយ RAM 8GB/មេម៉ូរី 128GB ដំណើការ​ដោយ ColorOS TV ដូចគ្នា៕

    សូម​ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

  • ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ

    ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ

    កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា​ (RMA Cambodia) បាននាំយកអំណោយសប្បុរសធម៍ជាគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាពលរដ្ឋចំនួន ៥០០​ គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលរួមមានៈ អង្ករ ១០តោន ទឹកត្រី ៥០០យួរ ទឹកស៊ីអ៊ីវ ៥០០យួរ ត្រីខរកំប៉ុង ៥០០យួរ មុង ៥០០ ភួយ​ ៥០០ និងកន្ទេល៥០០។

    ដែលក្នុងមួយគ្រួសារទទួលបាន៖

    • អង្ករ​ ២០គីឡូក្រាម
    • ទឹកត្រី ១​យួរ
    • ទឹកស៊ីអ៊ីវ ១យួរ
    • ត្រីខរកំប៉ុង ១យួរ
    • មុង ១​
    • ភួយ ១
    • កន្ទេល ១​

    ការចុះចែកអំណោយគឺដើម្បីឆ្លើយតប និងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការប៉ះពាល់នៃទឹកជំនន់នេះ។

    ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ ”ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានគិតគូរពីប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកមួយនេះ ហើយទង្វើទាំងនេះស្តែងអោយឃើញថាក្រុមហ៊ុន អ​ អិម អេ​ ខេមបូឌា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់នូវវណ្ណះ ពូជសាសន៍ ពណ៍សំបុរនោះទេ។”

    លោក ងន សំាង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថាអំណោយទាំងនេះពិតជាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនដែលកំពុងជួបគ្រោះទឹកជំនន់នេះបានមួយផ្នែកធំ​ ហើយខ្ញុំសង្ឃឹមថាទឹកជំនន់នេះនឹងបាត់ទៅវិញឆាប់ៗនេះ ជូនពរបងប្អូនទំាងអស់គ្នាទទួលបានសុខសុវត្ថិភាព និងជំនះអោយបាននូវទុក្ខលំបាកមួយនេះ។”

    ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា (RMA Cambodia) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការកសាងអាគារសិក្សា បណ្ណាល័យ អណ្តូងទឹកស្អាត ឧបត្ថម្ភសម្ភារៈសិក្សា ដាំដើមឈើ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ​ ការជួសជុលកែលំអរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងកិច្ចការថែរក្សាបរិស្ថានផងដែរ។

    ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

    កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿង ផងដែរ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Ford បានប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន ៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford ជូនដល់សាលាបច្ចេកទេសឧស្សាហកម្ម ហើយនៅក្នុងឆ្នាំ​ ២០២០ នេះផងដែរក្រុមហ៊ុន RMA Cambodia ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pick up ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។

  • នាំគ្នាមកស្គាល់ពី សត្វល្អិត ឬព្រូនក្នុងសាច់ជ្រូក តើមានគ្រោះថ្នាក់ដល់រាងកាយមនុស្សឬទេ?

    នាំគ្នាមកស្គាល់ពី សត្វល្អិត ឬព្រូនក្នុងសាច់ជ្រូក តើមានគ្រោះថ្នាក់ដល់រាងកាយមនុស្សឬទេ?

    ឈ្មោះថា សត្វល្អិត ឬព្រូន មិនថាជាអ្វីក៏ដោយ គ្មាននរណាម្នាក់ចង់ឱ្យវាចូលមកនៅក្នុងរាងកាយរបស់យើងឡើយ មែនទេ?

    តែបើសិនជាយើងចៃដន្យវាក់អ៊ើសត្វព្រូនសរសៃវែងៗតូចៗ ទន់ៗនៅក្នុងសាច់ជ្រូក ឬក្នុងគ្រឿងក្នុងជ្រូកក្នុងអំឡុងពេលចម្អិនម្ហូបអាហារ ឬយ៉ាប់ជាងនោះទៅទៀតគឺ ខាំចូលមាត់ទំពាខ្ញាច់ៗរួចទៅហើយកន្លះដុំនោះ តើវានឹងបង្កជាគ្រោះថ្នាក់ដល់រាងកាយរបស់យើងដែរឬទេ? ឡារ៉ែនមានចម្លើយសម្រាប់សំណួរនេះ!

    តើសត្វល្អិត ឬព្រូនក្នុងសាច់ជ្រូកឆៅ គឺជាព្រូនប្រភេទណា?

    ព្រូននៅក្នុងសាច់ជ្រូកដែលយើងច្រើនប្រទះឃើញជាព្រូនអំបោះដែលមានលក្ខណៈសរសៃៗ តូចៗ ទន់ៗ ពណ៌ក្រហមៗដែលនឹងចូលទៅក្នុងខ្លួនរបស់សត្វជ្រូកតាមរយៈការស៊ី ដោយជ្រូកអាចនឹងស៊ីអាហារដែលមានលាយឡំ ឬប្រឡាក់លាមកដែលមានស៊ុតរបស់ព្រូន ទើបធ្វើឱ្យស៊ុតព្រូនចូលទៅរីកធំធាត់នៅក្នុងពោះវៀន សួត និងអវយវៈខាងក្នុងផ្សេងទៀតរបស់សត្វជ្រូក។ បើសិនជាសត្វជ្រូកមិនបានទទួលការចិញ្ចឹមថែទាំយ៉ាងស្អាត ត្រូវនឹងសុខអនាម័យ និងមិនបានទទួលការទម្លាក់សត្វល្អិត ឬព្រូនតាមពេលកំណត់ទេនោះ ក៏គេអាចប្រទះឃើញមានព្រូននៅក្នុងជ្រូកដែរ និងបើសិនជាស្រ្តីមេផ្ទះលាងសម្អាតគ្រឿងក្នុងជ្រូកមិនបានល្អ ក៏ព្រូនអាចជាប់មកជាមួយម្ហូបអាហាររបស់យើងបានដែរ។

    ទទួលទានដោយសត្វល្អិត ឬព្រូនចូលទៅក្នុងរាងកាយ នឹងបង្កគ្រោះថ្នាក់ឬទេ?

    ដំណឹងល្អគឺ បើសិនជាព្រូននោះត្រូវបានចម្អិនឆ្អិនល្អហើយ អាចទទួលទានបាន មិនបង្កគ្រោះថ្នាក់ដល់រាងកាយយើងទេ តែបើសិនបរិភោគសាច់ជ្រូកដែលមានព្រូន ឬស៊ុតព្រូនដែលចម្អិនមិនបានឆ្អិនល្អចូលទៅ ព្រូនក៏អាចទៅរីកធំធាត់នៅក្នុងរាងកាយយើងបាន ហើយបើសិនកើតរោគព្រូនអំបោះនេះហើយ អាចនឹងកើតអាការណែនដើមទ្រូង ឆាប់ហត់ដង្ហក់ មានគ្រុនក្ដៅខ្លួន និងបើសិនជាព្រូនបង្កប់ខ្លួននៅក្នុងពោះវៀនតូចផងនោះ នឹងកើតមានសភាវពោះធំ ខ្វះសារធាតុអាហារ ឈឺចុកពោះ ក្អួតចង្អោរ និងបើសិនជាមានព្រូនច្រើន ពួកវាអាចរមួលផ្ដុំចូលគ្នាជាដុំរហូតធ្វើឱ្យស្ទះពោះវៀនធ្វើឱ្យមានបញ្ហាធំបាន។

    វិធីការពាររោគព្រូនអំបោះ

    1. បរិភោគតែសាច់សត្វដែលចម្អិនឆ្អិន 100%។
    2. ជ្រើសរើសបរិភោគសាច់សត្វដែលចេញមកពីប្រភពផលិតដែលមានស្តង់ដារ។
    3. បើចម្អិនម្ហូបអាហារដោយខ្លួនឯង គួរលាងសម្អាតសាច់សត្វ និងគ្រឿងក្នុងទាំងនោះឱ្យបានស្អាតហ្មត់ចត់។
    4. បើទទួលទានអាហារស្ទើរឆ្អិនស្ទើរឆៅហើយកើតមានអាការដូចដែលបានរៀបរាប់មកខាងលើ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីធ្វើការព្យាបាលជាបន្ត។

    តែប៉ុណ្ណឹងក៏មិនចាំបាច់នាំគ្នាភ័យភ្ញាក់ផ្អើលខ្លាំងរហូតដល់ឈប់ញ៉ាំម្ហូបអាហារដែលធ្វើពីសាច់សត្វអីដែរ តែចំណុចសំខាន់គឺគួរចម្អិនឱ្យឆ្អិនល្អមុនទទួលទានគ្រប់ពេល ដើម្បីមិនប្រថុយនឹងការកើតមានព្រូននៅក្នុងពោះ OK?៕

  • តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

    តើទារកទើបកើត ចាប់ផ្ដើមមើលឃើញនៅពេលណា?

    ការមើលឃើញរបស់ទារក អាចនឹងនៅមិនទាន់មើលឃើញអ្វីផ្សេងៗបានច្បាស់ស្មើនឹងមនុស្សធំនៅឡើយ ព្រោះទារកនៅត្រូវប្រើពេលវេលាក្នុងការសម្របសម្រួលខ្លួន និងរយៈពេលសម្រាប់វិវឌ្ឍនាការការមើលឃើញ ដូច្នេះយើងនាំគ្នាមកមើលថា តើការមើលឃើញរបស់ទារកទើបនឹងកើតយ៉ាងណាខ្លះ និងមានរឿងអ្វីខ្លះដែលឪពុកម្ដាយគួរដឹង?

    • ក្រោយពីទារកប្រសូតចេញមកហើយ ទារកនឹងអាចមើលឃើញបានក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ និងសម្លឹងមើលវត្ថុផ្សេងៗ​នៅមួយកន្លែងបានប្រមាណ 4-10វិនាទី តែនឹងមានវិវឌ្ឍនាការខាងការមើលឃើញនេះច្រើនឡើងតាមលំដាប់។
    • ក្រោយពេលប្រសូតបាន 4ថ្ងៃ ទារកនឹងនៅមិនទាន់មើលឃើញមុខឪពុកម្ដាយបានច្បាស់នៅឡើយទេ តែក៏នឹងចាប់ផ្ដើមចងចាំផ្ទៃមុខបានព្រាលៗដែរ។
    • ពេលអាយុបាន 1ខែ ទារកនឹងអាចមើលឃើញវត្ថុផ្សេងៗបានក្នុងរយៈចម្ងាយ 15អ៊ិញ(ប្រមាណ 40សង់ទីម៉ែត្រ)។
    • ពេលអាយុបាន 3ខែ ទារកនឹងចាប់ផ្ដើមចេះញែកបំបែករយៈចម្ងាយជិត-ឆ្ងាយបាន ហើយនឹងអាចសម្រួលការមើលឃើញបានយ៉ាងពេញលេញ ពេលកូនតូចអាយុបាន 4ខែ។
    • ប្រតិកម្មតបស្នងស្វ័យប្រវត្តិរបស់កែវភ្នែកខ្មៅរបស់ទារក នឹងធ្វើការតាំងពីពេលកើតមកដំបូង ហើយនឹងមានភាពរហ័សនឹងពន្លឺ និងធ្វើការបានពេញលេញពេលអាយុបាន 2-3ខែ។
    • ទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុពណ៌ស និងពណ៌ខ្មៅបានច្បាស់បំផុតពេលអាយុចូលដល់ខែទី3 ហើយទារកនឹងចាប់ផ្ដើមមើលឃើញវត្ថុមានពណ៌ផ្សេងៗច្រើនឡើង ដោយនឹងចាប់ផ្ដើមមើលឃើញពណ៌គោលៗមុនគេ ដូចជា ពណ៌ក្រហម លឿង និងខៀវ ជាដើម។

    ការមើលឃើញរបស់ទារក និងចំណេះដឹងរឿងការមើលឃើញរបស់ទារក

    1. ទារកកើតដំបូងនៅមិនទាន់ផលិតទឹកភ្នែកទេ ទាល់តែអាយុបានប្រមាណជា 1ខែ។
    2. ទារកកើតដំបូងអាចមើលឃើញវត្ថុផ្សេងៗបានច្បាស់បំផុតក្នុងរយៈចម្ងាយ 20សង់ទីម៉ែត្រ តែបើនៅជិត ឬឆ្ងាយជាងនោះ ទារកនឹងមើលឃើញត្រឹមតែជារូបភាពព្រាលៗប៉ុណ្ណោះ។
    3. ទារកនឹងប្រិចភ្នែកត្រឹមតែ 2ដងប៉ុណ្ណោះក្នុងមួយនាទី តិចជាងមនុស្សចាស់ដែលប្រិចភ្នែកបានច្រើនដល់ទៅ 15ដងក្នុង 1នាទី។
    4. ពេលអាយុឈានចូលខែទី 2 ទារកនឹងអាចហ្វូខាស់វត្ថុដែលមានចលនាបានហើយ។

    តើនឹងជួយជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់ទារកយ៉ាងម៉េចបាន?

    ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូច នឹងក្លាយជារឿងដែលជួយឱ្យទារកបានរៀនយល់ដឹង និងមានវិវឌ្ឍនាការដែលល្អលើផ្នែកផ្សេងទៀតផងដែរ ព្រោះការមើលឃើញយ៉ាងមានគោលដៅ នឹងធ្វើឱ្យទារកមានភាពក្លៀវក្លាស្វាហាប់ក្នុងការប្រើខ្សែភ្នែកពិនិត្យមើល បង្កើនវិវឌ្ឍនាការផ្នែកការមើលឃើញដ៏ល្អរបស់កូនបាន​។ ការជំរុញវិវឌ្ឍនាការផ្នែកការមើលឃើញរបស់កូនតូចនេះ អាចធ្វើបានដូចខាងក្រោមនេះ ៈ

    • ព្យាយាមសម្លឹងមើលមុខរបស់ទារកឱ្យបានញឹកញាប់ ព្រោះនៅក្នុងកែវភ្នែកនោះ មានភាពដិតច្បាស់របស់ពណ៌ស ជាមួយពណ៌ខ្មៅ ហើយការធ្វើភ្នែកក្រឡឺតក្រឡាប់ទៅមក នឹងធ្វើឱ្យក្លាយជាចំណុចចាប់អារម្មណ៍ដែលធ្វើឱ្យទារកតាមសម្លឹងមើលបានងាយ។
    • បំពាក់រូបឪពុកម្ដាយនៅក្បែរកន្លែងគេងរបស់កូន នឹងជួយធ្វើឱ្យទារកឆាប់ចងចាំផ្ទៃមុខឪពុកម្ដាយបានលឿន ឬអាចនឹងបំពាក់រូបភាពពណ៌ស្រស់ៗ ដូចជា រូបភាពដែលមានពណ៌ដិតៗ ដូចជា ក្រហម លឿង និងខៀវ ព្រោះអ្វីទាំងអស់នោះនឹងជួយបង្វឹកការមើលឃើញរបស់កូន និងបង្កើនវិវឌ្ឍនាការរបស់កូនតូចបាន។
    • ឱ្យកូនមើលរបស់លេងតូចៗ ដែលស្ថិតនៅឆ្ងាយពីផ្ទៃមុខកូនប្រមាណជា 1ម៉ែត្រ បន្ទាប់ពីនោះសឹមរំកិលរបស់លេងនោះជារង្វង់មូលយ៉ាងយឺតៗ ដើម្បីឱ្យកូនបានសម្លឹងមើលតាម។
    • ព្យួររបស់លេងប្រភេទ 3D ដូចជា តុក្កតារំយោល ឬតុក្កតាសត្វផ្សេងៗនៅក្នុងទីតាំងដែលកូនតូចអាចមើលឃើញ និងព្យាយាមប្រើដៃឈោងចាប់បាន។
    • លេងឆ្លុះកញ្ចក់ ព្រោះការឱ្យកូនបានមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ នឹងជួយហ្វឹកហាត់ការមើល និងការសង្កេត ក្រៅពីនោះថែមទាំងជាការបង្វឹកការធ្វើចលនារបស់មុខមាត់ និងអាកប្បកិរិយាទៀតផង។ លោកឪពុកអ្នកម្ដាយអាចនឹងឱ្យកូនលេងជាមួយកញ្ចក់កាន់ដៃដែលជារបស់លេងដែលសាងបដិសម្ព័ន្ធត្រឡប់មកខ្លួនទារកវិញ ព្រោះកូនតូចនឹងសម្លឹងមើលតាមពេលដែលមានការកម្រើក។
    • ផ្លាស់ប្ដូរទីតាំងកន្លែងគេងរបស់កូនខ្លះផង ដើម្បីឱ្យកូនតូចបានមានឱកាសមើលឃើញសភាពបរិស្ថានថ្មីៗ។

    តើទារកចូលចិត្តមើលអ្វី?

    1. ទារកចូលចិត្តសម្លឹងមើលផ្ទៃមុខរបស់ឪពុក និងម្ដាយ ព្រោះកែវភ្នែក រួមទាំងស្នាមញញឹមរបស់ឪពុកម្ដាយនឹងបង្ហាញពីសេចក្ដីស្រឡាញ់ ភាពទន់ភ្លន់ ដែលសាងក្ដីកក់ក្ដៅក្នុងចិត្តដល់ទារក។
    2. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនា ខ្លាំងជាងវត្ថុដែលនៅស្ងៀមមិនកម្រើក។
    3. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាច្បាស់លាស់ ដូចជា ពណ៌ខ្មៅ ផ្ទុយគ្នានឹងពណ៌ខ្មៅ ជាដើម។
    4. ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានរូបរាងបែប 3D (រូបរាងទាំងមូលដូចមែនទែន)ខ្លាំងជាងបែប 2D( រូបភាពលើក្រដាស)៕
  • ចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់សាប៊ូដុំសម្រាប់បងៗស្រ្តីមេផ្ទះសន្សំសំចៃ

    ចំណេះដឹងថ្មីៗក្នុងការប្រើប្រាស់សាប៊ូដុំសម្រាប់បងៗស្រ្តីមេផ្ទះសន្សំសំចៃ

    1 . វិធីធ្វើឱ្យសាប៊ូដុំប្រើបានយូរ

    ពេលទិញសាប៊ូក្រអូបយកមកទុកប្រើច្រើនដុំ ចូរយកដុំសាប៊ូចេញពីក្នុងប្រអប់​ ឬចេញពីកញ្ចប់ ហើយយកទៅ​រក្សា​ទុកនៅក្នុងកន្លែងណាដែលស្ងួត។ ដោយសារវិធីនេះ ពេលយើងយកសាប៊ូនោះមកប្រើ ដុំសាប៊ូនឹងឡើងរឹង និងអាចប្រើបានយូរ។

    2 . កុំបោះចោលកម្ទេចសាប៊ូដែលប្រើហើយនៅសល់តូចៗដោយឥតប្រយោជន៍

    គួរប្រមូលទុកនៅក្នុងដបកែវដែលមានមាត់ធំ ហើយចាក់ទឹកចូល រួចអាចប្រើទឹកសាប៊ូនោះបោកខោអាវបាន ឯសាប៊ូដែលប្រើហើយនៅសល់ស្តើងៗតូចៗវិញ អាចរក្សាទុកសម្រាប់លាងដៃបាន ឬក៏ទុកសម្រាប់បោកកន្សែងជូតមុខ ដើម្បីឱ្យមានក្លឹនក្រអូប។

    3 . ពេលមាននៅសល់កម្ទេចសាប៊ូដុំតូចៗច្រើន

    ចូរប្រមូលយកមកផ្ដុំគ្នា​ រួចយកក្រណាត់ស្តើងៗ(មិនមែនស្បៃ)មករុំខ្ចប់ រួចចងឱ្យណែន ហើយយកទៅជ្រលក់នៅក្នុងទឹកពុះរហូតទាល់តែទន់ រួចយកមកដាក់ត្រាំនៅក្នុងទឹកត្រជាក់វិញ វានឹងក្លាយទៅជាសាប៊ូមួយដុំមូលរឹង ហើយអាចយកទៅប្រើប្រាស់ទៀតបានយ៉ាងងាយស្រួល៕

  • តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    តើការប្រសូតមុនពេលកំណត់មានអាការយ៉ាងណា? និងវិធីការពារការប្រសូតបុត្រមុនកំណត់

    មានអារម្មណ៍តានតឹង និងកង្វល់បារម្ភខ្លាំងណាស់ ខ្លាចកូនប្រសូតចេញមកមុនកាលកំណត់…ដូច្នេះតើស្រ្តីមានគភ៌ត្រូវការពារការប្រសូតបុត្រមុនពេលកំណត់នេះយ៉ាងណា?

    វិធីការពារការប្រសូតបុត្រមុនពេលកំណត់

    វេជ្ជបណ្ឌិតជំនាញខាងផ្នែកសម្ភពបានបង្ហើបឱ្យដឹងអំពីការប្រសូតបុត្រមុនពេលកំណត់ថា តាមរយៈការសិក្សាស្រាវជ្រាវពីព័ត៌មានបឋមពីមាតាដែលប្រសូតបុត្រមុនកំណត់បានរកឃើញថា ប្រមាណជា 60-70ភាគរយនៃស្រ្តីដែលមានអាយុក្នុងអំឡុង 20-34ឆ្នាំ មិនទាន់មានចំណេះដឹងរឿងការឈឺពោះប្រសូតមុនកំណត់នៅឡើយ ទើបវាជាមូលហេតុធ្វើឱ្យការចូលទៅព្យាបាលមានការយឺតយ៉ាវ ធ្វើឱ្យពេទ្យមិនអាចទប់ស្កាត់សភាវឈឺពោះមុនកំណត់បានទាន់ពេលវេលា ដូច្នេះសម្រាប់ចំណុចប្រតិបត្តិបឋមដើម្បីការពារសភាវប្រសូតបុត្រមុនពេលកំណត់មានដូចតទៅ ៖

    1. ទៅពិនិត្យគភ៌លើកដំបូងមុន 12សប្ដាហ៍
    2. បញ្ជាក់អាយុគភ៌ត្រឹមត្រូវមុន 20សប្ដាហ៍
    3. មានចំណេះដឹងរឿងការការពារការប្រសូតមុនកំណត់
    4. មកពិនិត្យគភ៌ឱ្យគ្រប់តាមការណាត់របស់ពេទ្យ
    5. ចិញ្ចឹមទារកក្នុងគភ៌ឱ្យធំធាត់
    6. ញ៉ាំថ្នាំតាមវេជ្ជបញ្ជាមិនខកខាន
    7. ងូតទឹកសម្អាតរាងកាយគ្រប់កន្លែងឱ្យបានស្អាតជានិច្ច
    8. ដើរ ឬធ្វើចលនាផ្សេងៗយ៉ាងប្រុងប្រយ័ត្ន
    9. រកពេលវេលាសម្រាក និងគេង​លក់ឱ្យបានគ្រប់គ្រាន់
    10. ប្រឹក្សាជាមួយគ្រូពេទ្យបើសិនមានការសង្ស័យណាមួយអំពីគភ៌របស់ខ្លួន
    11. ស្វាមី មិត្តភក្តិ ចៅហ្វាយនាយ គួរយល់ចិត្តអ្នកមានផ្ទៃពោះ
    12. ត្រូវមានភាពជឿជាក់ អាចថែទាំគភ៌បាន និងសុវត្ថិភាព។

    សញ្ញាដាស់តឿន 5យ៉ាងពីការប្រសូតមុនកំណត់

    1. អាការហើម និងសម្ពាធឈាមឡើងខ្ពស់ : អាការនេះមានឱកាសកើតឡើងបានចំពោះស្រ្តីមានគភ៌ដែលមានប្រវត្តិធ្លាប់កើតជំងឺលើសឈាម ទឹកនោមផ្អែម ឬស្រ្តីដែលធ្លាប់មានគភ៌កូនភ្លោះ។ អាចជាសញ្ញាមួយរបស់ការកើតសភាវគភ៌មានជាតិពុល ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទាំងនោះខណៈមានគភ៌ គួរតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការមើលថែទាំយ៉ាងដិតដល់។
    2. មានទឹករំអិលឈាមចេញមកតាមរន្ធស្បូន : ទឹករំអិលឈាម ឬមានពណ៌ស្ករលាយឈាម ឬទឹករំអិលខាប់ៗជាដុំៗធ្លាក់ចេញមកតាមរន្ធស្បូន មិនថាច្រើន ឬតិចនោះទេ អាចបណ្ដាលមកពីមូលហេតុដែលមិនធ្ងន់ធ្ងរ ដូចជា រលាករន្ធស្បូន រលាកមាត់ស្បូន ឬមកពីមូលហេតុដែលធ្ងន់ធ្ងរខ្លាំង ដូចជា ស្បូនធ្លាក់ចុះទាប ឬទងសុករបូតមុនកំណត់ បង្ហាញអាការការបើករបស់ស្បូន អាចធ្វើឱ្យកើតការប្រសុតមុនកំណត់ ឬទារកក្នុងគភ៌មានឱកាសស្លាប់បាន។
    3.  មានអាការបែកទឹកភ្លោះ : បែកទឹកភ្លោះ គឺសភាវដែលកើតពីការបែក ឬធ្លាយរបស់ថង់ទឹកភ្លោះ ធ្វើឱ្យមានទឹកភ្លោះហៀរចេញមក។ ច្រើនតែកើតឡើងនៅពេលអាយុគភ៌ចាប់ផ្ដើមចូលជិតដល់ពេលប្រសូត តែករណីខ្លះក៏អាចកើតឡើងដែលនឹងនាំឆ្ពោះទៅរកការប្រសូតមុនពេលកំណត់បានដែរ ដោយសារតែការច្របាច់ខ្លួនរបស់ស្បូនយ៉ាងខ្លាំង ឬបណ្ដាលមកពីការបោកប៉ះដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ ដែលអាចហុចផលអាក្រក់ដល់ទារក ព្រោះនៅពេលថង់ទឹកភ្លោះបែកធ្លាយ មានទឹកហៀរចេញមក មេរោគក៏អាចនឹងចូលទៅក្នុងថង់ទឹកភ្លោះ បង្កឱ្យកើតការឆ្លងមេរោគដល់ទារក និងមានគ្រោះថ្នាក់ដល់ជីវិតបាន។
    4. មានអារម្មណ៍ថា កូនលែងសូវរើដូចប្រក្រតី : កូនក្នុងផ្ទៃនឹងចាប់ផ្ដើមរើក្នុងសប្ដាហ៍ទី17 តែក្នុងផ្ទៃពោះដំបូង ស្រ្តីមានគភ៌អាចនឹងមិនឃើញកូនរើសោះរហូតដល់ហួសសប្ដាហ៍ទី20 ក៏មាន។ ការមានអារម្មណ៍ថា កូនរើ គឺជាកត្តាជួយឱ្យវាយតម្លៃអំពីសុខភាពរបស់ទារកក្នុងគភ៌បាន ដូច្នេះស្រ្តីមានគភ៌គួរសង្កេត និងរាប់កូនចំនួនកូនរើតាំងពីសប្ដាហ៍ទី 28 រហូតដល់ពេលកំណត់ប្រសូត។ វិធីការរាប់ចំនួនកូនរើ គួរចាប់ផ្ដើមរាប់តាំងពីព្រឹក រហូតដល់ល្ងាច ឬយ៉ាងតិច 12ម៉ោង។ បើកូនរើគ្រប់ 10ដងក្នុងរយៈពេល 4ម៉ោង ក៏មិនចាំបាច់រាប់ទៀតទេ តែបើសិនជាកូនរើតិចជាង 10ដងក្នុងរយៈពេល 4ម៉ោង ចូរសាកល្បងសម្រាក 1ម៉ោង ហើយសង្កេតមើលម្ដងទៀត បើកូននៅតែមិនរើតាមដែលគួរនឹងរើ ឬកូនរើតិចជាងមុនច្រើន គួរប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យ។
    5. អាការពោះឡើងរឹងញឹកញាប់ : អាការពោះឡើងរឹង គឺការឈឺចាប់នៅម្ដុំពោះផ្នែកខាងក្រោម(ថ្ងាស) ចំណែកក្បាលពោះឡើងរឹងតឹងវិញ ជាសភាវដែលស្បូនច្របាច់ពង្រឹបខ្លួនជាដុំមូល។ ពេលស្រ្តីមានគភ៌យកដៃដាក់លើក្បាលពោះ នឹងមានអារម្មណ៍ថា ដូចមានដុំរឹងៗរុញឡើងមក ឬមានអារម្មណ៍ថាតឹងខ្លាំងនៅលើក្បាលពោះម្ដងម្កាលក្នុងរយៈពេលខ្លីៗ និងអ្នកខ្លះអាចនឹងមានអាការពោះឡើងរឹងនេះប្រមាណជារៀងរាល់ 10នាទីម្ដង និងកើតជាប់ជានិច្ច 4-5ដង ដែលអាការនេះបើបណ្ដោយទុកចោលយូរ នឹងធ្វើឱ្យមាត់ស្បូនបើកឡើង និងកើតការប្រសូតមុនកំណត់។

    វិធីការពារការប្រសូតមុនកំណត់គួរចាប់ផ្ដើមតាំងពីពេលដឹងខ្លួនថា មានគភ៌ ដោយស្រ្តីមានគភ៌គួរមើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹង បន្ថយ និងបញ្ឈប់នូវអ្វីដែលធ្វើឱ្យកើតការប្រថុយប្រថាននឹងការប្រសូតមុនកំណត់ និងឧស្សាហ៍ទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីឱ្យពេទ្យវាយតម្លៃពីភាពប្រថុយប្រថាននឹងការប្រសុតមុនកំណត់ និងកុំភ្លេចថា ការពារជាមុនទើបជាការប្រសើរ៕