Author: ធឿន មករា

  • ព្រះរាជវាំងសួនកុលាប Golestan ប្រទេស អ៊ីរ៉ង់

    ព្រះរាជវាំងសួនកុលាប Golestan ប្រទេស អ៊ីរ៉ង់

    ព្រះរាជវាំង ហ្គោលេស្ថាន (Golestan Palace)​ ឬព្រះរាជវាំងសួនកុលាប នាទីក្រុង តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ត្រូវបានសាងឡើងកាលពីសតវត្សរ៍ទី​19 ក្នុងយុគសម័យរបស់ក្សត្រ ខ្វាចារ៍ (Qajar) ដើម្បីធ្វើជាកន្លែងប្រថាប់ផ្ទាល់ព្រះអង្គ គឺជាព្រះរាជវាំងដែលមានភាពធំទូលាយដ៏មហាសាល ព្រមជាមួយនឹងសួនបុប្ផាដ៏សែនស្រស់ស្អាត ស្រះទឹកពណ៌ខៀវខ្ចីដែលកសាងឡើងដោយ ថ្លើមថ្មក្នុងទីធ្លាជុំវិញ ក្រៅពីនេះនៅមានព្រះរាជតំណាក់ផ្សេងៗចំនួន 7អគារ ស្ថិុតនៅក្នុងបរិវេណជាមួយគ្នា ដែលអគារទាំងនោះមាន​លក្ខណៈបែបបុរាណ និងក្លាសស៊ីកបែបអឺរ៉ុបទៀតផង។

    ពីដំបូង ព្រះរាជវាំង ហ្គោលេស្ថាន នេះ ជាសំណង់មួយដែលចំណាស់បំផុត គឺថយទៅក្រោយវិញតាំងពីសម័យរាជវង្ស សាហ្វាវីត កាលពីសតវត្សរ៍ទី​16 ដែលមានស្លាកស្នាមនៃគ្រោងសំណង់ដែលនៅសេសសល់​ គឺប៉មយាមខ្ពស់ (Citadel) សម្រាប់ឆ្លុះមើល​សត្រូវ និងកន្លែងងូតទឹកបែបតួកគី។ ចំណែកឯតួអគារដែលមានរចនាប័ទ្មបែបលោកខាងលិច ដែលមាននៅសល់ឱ្យយើងមើលឃើញនាពេលបច្ចុប្បន្ននេះ មានសាងសង់បន្ថែមចូលមក នៅពេលដែលក្សត្ររាជវង្សបន្ទាប់ចុងក្រោយរបស់ ពើរសៀ គឺរាជវង្ស ខ្វាចារ៍ និងក្សត្រ ណាហ្ស៊ើរ៏ អាល់ឌីន សាហ៍ ទ្រង់បានយាងទៅអឺរ៉ុប និងបានឃើញភាពរីកចម្រើន និងភាពស្រស់ស្អាតខាងស្ថាបត្យកម្មរបស់អឺរ៉ុបហើយ ទ្រង់មាន​អារម្មណ៍​ពេញព្រះទ័យជាខ្លាំង ទើបនាំសិល្បៈបែបអឺរ៉ុបទាំងនោះមកបូកផ្សំជាមួយនឹងប្រពៃណីរស់នៅ និងជីវិតរបស់ជនជាតិអ៊ីរ៉ង់ សាងសង់ជា​អគារឡើង​ ដែលមានដូចជា ព្រះរាជតំណាក់ នីអូក្លាសស៊ីកបែបអឺរ៉ុប ហ្គោលេស្ថាន មួយនេះឡើង ។

    ព្រះរាជវាំង ហ្គោលេស្ថាន បច្ចុប្បន្ននៅតែប្រើប្រាស់ធ្វើជាកន្លែងសម្រាប់ទទួលភ្ញៀវសំខាន់ៗជាផ្លូវការ ជាពិសេស​បំផុត ភ្ញៀវកិត្តិយសអន្តរជាតិ។ ពីជាន់ក្រោមទៅដល់ជាន់លើ ត្រូវដើរឡើងតាមជណ្តើរឱ្យត្រូវតាមការកំណត់របស់​ខាងព្រះបរម​រាជវាំង ដែលផ្នែកខាងក្នុងត្រូវបានតុប​តែងដោយថ្លើមថ្មទាំងអស់ ហើយបន្ទប់ផ្សេងៗទៀតត្រូវបានអភិវឌ្ឍឱ្យក្លាយជាសារមន្ទីរដើម្បីអាចបើក​ឱ្យភ្ញៀវទេសចរចូល​ទស្សនាបាន និងមានការដាក់តាំងរៀបចំបង្ហាញយ៉ាងច្រើន រួមមាន គ្រឿងចានក្បាន ពែង កែវ ថូ រូបគំនូរដែលមើលទៅហាក់​ដូច​ជាមានជីវិតស្រស់ៗរស់រវើក ដែលគូរឡើងដោយដៃមនុស្សផ្ទាល់ វត្ថុសួយសារអារ-កមកពីប្រទេសផ្សេងៗ ​និងវត្ថុមានតម្លៃទៀតជា​ច្រើន។

    អ្វីដែលទាក់ទាញកែវភ្នែកបំផុតនោះគឺ ព្រះរាជបល្ល័ង្កក្ងោក ដែលត្រូវបានដាក់តាំងនៅផ្នែកខាងក្រោយបំផុតនៃបន្ទប់ធំ ជាមួយព្រះទែនស័យនាដ៏ធំមួយដែលស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ហើយកាលពីអតីតធ្លាប់ត្រូវបានប្រើប្រាស់ក្នុងពិធីបំពាក់មកុដទៀតផង​។ ក្រៅពីនេះ តួកៅអីរាជបល្ល័ង្កដែលប្រើប្រាស់ក្នុងការប្រារព្ធពិធីនេះ មានដាំគ្រាប់ត្បូងជាច្រើនគ្រាប់ពាសពេញតួកៅអី គឺជាស្នាដៃរបស់រោងចក្រដ៏មានឈ្មោះល្បីល្បាញមួយក្នុងទីក្រុង ដេលី ប្រទេសឥណ្ឌា ដែលត្រូវបានបញ្ជាឱ្យផលិត និងទិញដោយគណៈអ្នកការទូតអ៊ីរ៉ង់នាយុគសម័យ ណាឌើរ៏ សា (Nader Shah)។

    បច្ចុប្បន្ន ភាពស្រស់ស្អាតគ្មានពីររបស់ព្រះរាជវាំង ហ្គោលេស្ថាន របស់អ៊ីរ៉ង់នេះ ត្រូវបានខាងអង្គការយូណេស្កូប្រកាសដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ផ្នែកវប្បធម៌ និងថ្មីៗនេះកាលពីឆ្នាំ2017 គេសង្ឃឹមថា នឹងមានអ្នកទេសចរធ្វើដំណើរមកទស្សនា និងថតរូបព្រះរាជវាំង ហ្គោលេស្ថាន ទុកជាអនុស្សាវរីយ៍កាន់ច្រើនឡើង៕

  • តើពេលមានគភ៌ ស្រ្តីចាំបាច់ត្រូវញ៉ាំទឹកដោះសម្រាប់ស្រ្តីមានគភ៌ឬទេ?

    តើពេលមានគភ៌ ស្រ្តីចាំបាច់ត្រូវញ៉ាំទឹកដោះសម្រាប់ស្រ្តីមានគភ៌ឬទេ?

    តើស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំទឹកដោះគោបំប៉នសុខភាពឬទេ? និងតើទឹកដោះបែបណាដែលស្រ្តីមានគភ៌ត្រូវជ្រើសរើសទទួលទានដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    តើទឹកដោះគោសម្រាប់ស្រ្តីមានគភ៌ចាំបាច់ដែរឬទេ?

    អំឡុងពេលមានគភ៌ ជាអំឡុងពេលដែលរាងកាយត្រូវការជាតិកាល់ស្យូមច្រើនជាងប្រក្រតី ព្រោះទារកនៅក្នុងផ្ទៃ​នឹង​ប្រើប្រាស់កាល់ស្យូមរបស់ម្ដាយទៅសាងភាពរីកចម្រើនធំធាត់ខាងរាងកាយរបស់គេជាច្រើនផ្នែក ដូចជាសាច់ភ្នាស សរសៃ​​ប្រសា​ទ សាច់ដុំ ជាពិសេសឆ្អឹង និងធ្មេញ ដូច្នេះបើទោះជា​ស្រ្តីមានគភ៌ខ្លះនឹងមិនចាំបាច់ត្រូវទទួលទានទឹកដោះគោ​ក៏​ដោយ តែ​ដោយ​ហេតុ​ផលដែលរៀបរាប់ពីខាងដើម ធ្វើឱ្យស្ត្រីមានគភ៌ត្រូវការសារធាតុអាហារប្រភេទផ្សេងទៀតច្រើនឡើង ដើម្បី​ការ​ចម្រើនធំធាត់ដ៏ល្អរ​បស់កូននៅក្នុងគភ៌ដែរ ដូចជាត្រូវការកាល់ស្យូម(ប្រមាណ1,000 – 1,300មីល្លីក្រាមក្នុងមួយថ្ងៃ) និងនៅ​មាន​សារធាតុរ៉ែផ្សេងៗដែលចាំ​បាច់​ដល់រាងកាយ ដែលរាងកាយស្រ្តីមានគភ៌មិនអាចផលិតបានគ្រប់គ្រាន់ ហើយ​ទឹក​ដោះ​គោ​ដែលមានជាតិហ្វូលេតខ្ពស់នឹងជួយសាងគ្រាប់​ឈាមក្រហម និងជួយក្នុងការសាងបំពង់ប្រសាទ និងខួរក្បាល​ដែល​ឥតខ្ចោះ​របស់ទារក។ ក្រៅពីមានជាតិ​កាល់​ស្យូមខ្ពស់ហើយ នៅមានផូស្វ័រដែលមានចំណែកជួយក្នុងកម្មវិធីការសាងឆ្អឹង និង​ធ្មេញ​ឱ្យ​បានរឹងមាំល្អដល់ទារកក្នុងគភ៌ទៀតផង។

    សម្រាប់ស្រ្តីមានគភ៌ដែលទទួលទានទឹកដោះដើម្បីបង្កើនសារធាតុអាហារ ទឹកដោះដែលស័ក្តិសមបំផុត គួរតែជា​ទឹក​ដោះគោឆៅប្រភេទគ្មានខ្លាញ់ប៊័រ ព្រោះនឹងទទួលបានគុណតម្លៃខាងសារធាតុអាហារដែលត្រូវការ ដោយស្រ្តីមានគភ៌មិនត្រូវទទួលទានខ្លាញ់ច្រើនជ្រុលពេកទេ និងគួរពិចារណាពីបរិមាណសារធាតុអាហារអង្ករសម្រូបផងថា តើមានកាល់ស្យូមច្រើន​ឬ​ទេ? ដែលបើសិនជាមាន អាចរាប់បានថា វានឹងជួយស្រ្តីមានគភ៌បានយ៉ាងល្អបំផុត ហើយការទទួលទានទឹកដោះសម្រាប់ស្រ្តី​មាន​គភ៌ក៏ជាជម្រើសមួយដ៏ងាយបំផុតក្នុងការបានទទួលសារធាតុអាហារដែលចាំបាច់ទាំងអស់នោះក្នុងអំឡុងពេលតាំងគភ៌​ផងដែរ៕

  • មិនគួរឱ្យជឿ Arsenal ដក Ozil ចេញពីបញ្ជីឈ្មោះ Premier League

    មិនគួរឱ្យជឿ Arsenal ដក Ozil ចេញពីបញ្ជីឈ្មោះ Premier League

    ដោយសារតែ Premier League តម្រូវឱ្យ​ក្លិប​នានា​កាត់ចោល​កីឡាករ​បរទេស​ចំនួន 2រូប ចេញពី​បញ្ជី​ឈ្មោះ ដោយ​ទុក​ឱ្យមាន​កីឡាករ​បរទេស ត្រឹមតែ 17នាក់​ប៉ុណ្ណោះ។

    ក្នុងចំណោម​កីឡាករ 2រូបនេះ គឺមាន​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Mesut Ozil ត្រូវបាន​ក្លិប Arsenal ដក​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ សម្រាប់​ចូលរួម​ប្រកួត Premier League និង  Europa League ហើយ​កាលពី​ថ្ងៃ​ពុធ ទី21 ខែតុលា ឆ្នាំ2020 ថ្មីៗនេះ។

    បន្ទាប់ពី​មិនបាន​ចូលរួម​ការប្រកួតធំៗទាំង2 ខាងលើនេះ Ozil ក៏បាន​ចេញ​សារ​មួយច្បាប់ បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត និង​អស់ជំនឿ​ទៅនឹង​ក្លិប Arsenal ដែល​គេ​ខំ​ជឿទុកចិត្ត​រាប់​ឆ្នាំ​មកហើយ៕

  • ត្រៀម…យុវជនគោព្រៃកម្ពុជា នឹងចូលរួម AFC U19 នៅខែកុម្ភៈ ឆ្នាំក្រោយ!

    ត្រៀម…យុវជនគោព្រៃកម្ពុជា នឹងចូលរួម AFC U19 នៅខែកុម្ភៈ ឆ្នាំក្រោយ!

    ការប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម 19ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី AFC U19 Championship 2020  គ្រោង​ធ្វើឡើង​តាំងពី​ថ្ងៃទី14 ដល់ 31 តុលា ឆ្នាំ2020 កន្លងទៅ តែដោយសារ​តែ​បញ្ហា​កូ​វីដ-19 មិនទាន់បាន​ដោះស្រាយ​រួចរាល់ ទើប​តម្រូវឱ្យ​លើក​ពេល ដោយ​មិន​ច្បាស់​កាលបរិច្ឆេទ រហូតមក​ទល់នឹង​ពេលនេះ។

    លោក Mochamad Iriawan តំណាង​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ម្ចាស់ផ្ទះ FIFA U-19 WORLD CUP បានប្រកាស​កាលបរិច្ឆេទ​ថ្មី របស់​ពានរង្វាន់​ខាង​លើ​នេះហើយ ដោយ​កំណត់​បើក​ការប្រកួត​ចាប់ពី​ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2020តទៅ ដោយ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន នៅ​ធ្វើជា​ម្ចាស់ផ្ទះ​ដដែល។

    សូម​បញ្ជាក់ដែរថា  មួយរយៈ​កន្លងមកនេះ ក្រុមយុវជន​ជម្រើសជាតិ​គោព្រៃ​កម្ពុជា នៅតែ​ហ្វឹកហាត់ 1ដង ក្នុង 1សប្តាហ៍​ជាធម្មតា ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​ខាងលើ ទោះបីជា​មិនទាន់​ចេញ​កាលបរិច្ឆេទ​ថ្មី​ក៏ដោយ៕

  • គ្រោះថ្នាក់ 12យ៉ាងចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    គ្រោះថ្នាក់ 12យ៉ាងចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    កំលោះៗ ក្រមុំៗអាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើនៗតែរកវីតាមីនមកញ៉ាំដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅវីតាមីន B ក៏សំខាន់ចំពោះរាងកាយមិនតិចជាងវីតាមីនប្រភេទផ្សេងទៀតឡើយ ជាពិសេសវីតាមីន B12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួលវីតាមីន B12 គ្រប់គ្រាន់អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយក្នុងផ្នែកផ្សេងៗបាន។

    ប្រយោជន៍របស់វីតាមីន B12

    វីតាមីន B មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យម មនុស្សក្នុងវ័យធ្វើការគួរបានទទួលវីតាមីន B12 ក្នុង 1ថ្ងៃ 2.4មីក្រូក្រាម ហើយវីតាមីន B12 ក៏ដូចវីតាមីនដទៃទៀតដែរដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន និងត្រូវតែទទួលបានពីអាហារដែលយើងទទួលទានប៉ុណ្ណោះ។

    បច្ច័យប្រថុយប្រថានដែលអាចធ្វើឱ្យរាងកាយបានទទួលវីតាមីន B12 តិចជ្រុល

    បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រថុយនឹងការបានទទួលវីតាមីន B12 តិចជ្រុល ៈ

    . ទទួលទានមំសវិរតិ(មិនបរិភោគសាច់សត្វ) ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីន B12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។

    . អ្នកកើតជំងឺ ខ្រូន(Crohn ជាភាពខុសប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយអាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីន B12 បានតិច ព្រោះវីតាមីន B12 នឹងត្រូវបឺតជ្រាបយកបានត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។

    . អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យ ដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីន B12 បានតិចទៅតាមហ្នឹងដែរ។

    គ្រោះថ្នាក់ចំពោះសុខភាពដោយសារការខ្វះវីតាមីន B12

    1 . ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍)ធ្វើការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការទទួលដឹងក្លិនផ្លាស់ប្ដូរ។

    2 . មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង។

    3 . ពិបាកដើរ បាត់បង់ភាពរហ័សរហួន(ដើរទ្រេតទ្រោត ជើងទាំងពីរខាងដើរមិនមានតុល្យភាពគ្នា)។

    4 . ប្រថុយនឹងសភាវលោហិតស្លេក។

    5 . ហើម ឬរលាកអណ្ដាត។

    6 . រិះគិត ឬវិភាគរឿងផ្សេងៗដើម្បីរកហេតុផលមិនសូវបាន ឬការចងចាំបាត់បង់អស់មួយចំណែក។

    7 . ទប់ ឬទ្រាំការបន្ទោបង់មិនបាន។

    8 . សុខភាពជារួមចុះទន់ខ្សោយ។

    9 . ឆាប់ ឬងាយនឿយល្វើយ។

    10 . ឆាប់ ឬងាយវិតក្កកង្វល់ និងស្រ្តេស

    11 . សោកសៅ ឬចេះតែមើលឃើញទិដ្ឋភាពអាក្រក់ៗ។

    12 . ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។

    វិធីបង្កើនបរិមាណវីតាមីន B12 ក្នុងរាងកាយ

    1 . ទទួលទានវីតាមីន B12 បន្ថែមពីពេលញ៉ាំអាហារប្រក្រតី(គួរទៅទទួលយកការប្រឹក្សា និងពិនិត្យសុខភាពដោយលម្អិតអំពីគ្រូពេទ្យមុននឹងទិញមកទទួលទាន)។

    2 .ទទួលអាហារដែលមានវីតាមីន B12 ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ។

    ចំណេះដឹងបន្ថែមដែលមនុស្សយើងច្រើនតែយល់ខុសពាក់ព័ន្ធនឹងវីតាមីន B12

    អត្ថបទនៅក្នុងអ៊ីនធើណិតអាចមានការអធិប្បាយថា វីតាមីន B12 អាចការពារជំងឺខួរក្បាលចុះខ្សោយ ជំងឺបេះដូង ជំងឺរ៉ាំរ៉ៃគ្រោះថ្នាក់ផ្សេងៗ រួមទាំងកែបញ្ហាសភាវគ្មានបុត្រ ជំងឺសើរស្បែក និងជំងឺផ្សេងៗទៀតជាច្រើនទៀត ដែលទាំងអស់នេះច្រើនតែចេញមកពីការសិក្សាវិភាគដែលមិនទាន់មានភ័ស្តុតាងច្បាស់លាស់នៅឡើយ។

    យ៉ាងណាក៏ដោយ វីតាមីន B12 ក៏នៅតែសំខាន់ចំពោះរាងកាយក្នុងកម្រិតដែលយើងមិនគួរមើលរំលងឡើយ ដូច្នេះបើមិនប្រាកដក្នុងចិត្តថា ខ្លួនឯងកំពុងមានវីតាមីន B12 រួមទាំងវីតាមីនដទៃទៀតគ្រប់គ្រាន់ឬក៏អត់នោះ គួរទៅប្រឹក្សាគ្រូពេទ្យដើម្បីធ្វើការពិនិត្យរាងកាយ និងវិនិច្ឆ័យដើម្បីទទួលការណែនាំក្នុងការទទួលទានអាហារ ឬអាហារបំប៉នបន្ថែមយ៉ាងត្រឹមត្រូវ៕

  • គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

    ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។

    បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។

    ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។

    មានផ្ទៃពោះកូនភ្លោះ

    ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង ដែលរាប់ថា ផ្ទៃពោះនៅខ្ចីនោះ នឹងមិនទាន់មានបញ្ហាអ្វីទេ ព្រោះតួកំណើត ឬកូនជីវិតដែលស្លាប់នោះនឹងរលាយបាត់ទៅវិញតាមធម្មជាតិ មិនហុចផលប៉ះពាល់ ឬមានផលអាក្រក់ចំពោះទារកដែលនៅមានជីវិតរស់នោះឡើយ។

    តែបើកូនភ្លោះមួយណាស្លាប់ក្រោយអាយុគភ៌ 20សប្ដាហ៍ ដែលគេច្រើនជួបប្រទះប្រមាណជា 5ភាគរយនៃចំនួនស្រ្តីមានគភ៌កូនភ្លោះទាំងអស់នោះ អាចកើតបញ្ហាប៉ះពាល់ដល់ទារកដែលនៅមានជីវិត ព្រោះទារកដែលស្លាប់ទៅនោះប្រៀបដូចជាវត្ថុចម្លែកនៅក្នុងរាងកាយម្ដាយ និងជាកត្តាអាក្រក់ក្នុងការសាងសារធាតុដែលធ្វើឱ្យកើតការបង្កកខ្លួនរបស់ឈាមដែលខុសប្រក្រតី ហុចផលឱ្យស្រ្តីមានគភ៌អាចមានហូរឈាមខុសប្រក្រតី ធ្វើឱ្យកើតការឈឺពោះប្រសូតមុនកំណត់របស់ទារកដែលនៅរស់នោះបាន។

    ភាពខុសប្លែកនៃការស្លាប់របស់ទារកភ្លោះក្នុងគភ៌ មានដូចខាងក្រោម ៈ

    . តាំងគភ៌ភ្លោះក្នុងស៊ុតតែមួយជាមួយគ្នា ទារកភ្លោះនឹងស្ថិតនៅក្នុងថង់ទឹកតែមួយជាមួយគ្នា ការស្លាប់របស់ទារកភ្លោះមួយ នឹងធ្វើឱ្យទារកភ្លោះដែលនៅរស់បាត់បង់លោហិត ស្លេកស្លាំង មានសម្ពាធឈាមទាប និងមានឱកាសស្លាប់ខ្ពស់ដល់ទៅ 15ភាគរយ។

    . ផ្ទៃពោះកូនភ្លោះតាមរយៈស៊ុត 2គ្រាប់ ដែលទារកនឹងស្ថិតនៅក្នុងថង់ទឹកម្នាក់មួយផ្សេងគ្នា ទោះជាទារកដែលនៅរស់អាចកើតគ្រោះថ្នាក់ដល់ស្លាប់ដោយសារការបាត់បង់លោហិត ឬការឆ្លងមេរោគក្ដី តែឱកាសស្លាប់មានតិចជាង គឺត្រឹមតែ 3ភាគរយប៉ុណ្ណោះ។

    ការប្រតិបត្តិរបស់ស្រ្តីមានផ្ទៃពោះកូនភ្លោះដែលបាត់បង់កូនមួយ

    ការណែនាំពីគ្រូពេទ្យសម្រាប់ស្រ្តីដែលមានគភ៌កូនភ្លោះដែលទារកម្នាក់បានស្លាប់ ត្រូវប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯង និងទារកដែលនៅមានជីវិត ដោយគ្រូពេទ្យនឹងនៅតាមដានមើលថែទាំជាពិសេស។ ចំណែកឯចំណុចសង្កេតដែលសំខាន់សម្រាប់ទារកភ្លោះដែលនៅមានជីវិតនោះគឺ ៈ

    1 . សង្កេតការកម្រើក ឬរាប់ការរើរបស់ទារក ៈ បើទារកមិនសូវរើ ឬរើកាន់តែតិចទៅ ឬរើខុសប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ ស្រ្តីមានគភ៌ខ្លះអាចត្រូវគេងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យតាមដានយ៉ាងប្រយ័ត្នប្រយែងពីអាការជ្រៀតជ្រែកផ្សេងៗដែលអាចកើតឡើង ដើម្បសុវត្ថិភាពរបស់ស្រ្តីជាម្ដាយ និងកូនក្នុងផ្ទៃ។

    2 . ពិនិត្យដោយការឆ្លុះអេកូសាស្រ្ត ដើម្បីពិនិត្យមើលសុក ទឹកភ្លោះ និងពិនិត្យសុខភាពរបស់ទារកក្នុងគភ៌ ដោយគ្រូពេទ្យនឹងណាត់ឱ្យមកពិនិត្យគភ៌ញឹកញាប់ឡើង។

    3 . បើពិនិត្យឃើញមានភាពខុសប្រក្រតី គ្រូពេទ្យអាចពិចារណាឱ្យប្រសូតភ្លាមៗ។ សម្រាប់វិធីការប្រសូត ស្រ្តីមានគភ៌អាចប្រសូតដោយខ្លួនឯងតាមធម្មជាតិ បើសិនគ្មានសញ្ញាណាមួយបង្ហាញថា ត្រូវតែវះកាត់ប្រសូតទេនោះ៕

  • វីតាមីនបំប៉នមុនពេលប្រសូត សម្រាប់ស្រ្តីមានផ្ទៃពោះចាំបាច់ឬទេ?

    វីតាមីនបំប៉នមុនពេលប្រសូត សម្រាប់ស្រ្តីមានផ្ទៃពោះចាំបាច់ឬទេ?

    វីតាមីនបំប៉នមុនពេលប្រសូតបុត្រ សម្រាប់ស្រ្តីមានគភ៌ ភាគច្រើនពេលទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យ លោកគ្រូពេទ្យនឹងចែកឱ្យជាប្រចាំគ្រប់ពេល តែសម្រាប់ស្រ្តីមានគភ៌មួយចំនួនដែលមិនបានទៅជួបគ្រូពេទ្យតាមការណាត់ ឬមិនដែលបានចូលទៅឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ក៏គួរតែទទួលទានវិតាមីនបន្ថែមដែរ ដើម្បីបង្កើនប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនតូច។ ក្នុងករណីដែលស្រ្តីមានគភ៌បានទទួលថ្នាំពីគ្រូពេទ្យហើយ តែបានទទួលតែថ្នាំប្រភេទខ្លះនោះ ស្រ្តីមានគភ៌អាចទទួលទានវីតាមីនបន្ថែមបាន។

    សម្រាប់បរិមាណសារធាតុអាហារ ឬវីតាមីនដែលស្រ្តីមានផ្ទៃពោះគួរបានទទួលក្នុងមួយថ្ងៃ មានដូចតទៅ ៈ

    – ហ្វូលេត 400-600មីក្រូក្រាម

    – កាល់ស្យូម 250មីល្លីក្រាម

    – សារធាតុដែក 30មីល្លីក្រាម

    – អ៊ីយ៉ូដ 150មីល្លីក្រាម

    – វីតាមីន B 22មីល្លីក្រាម

    ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំហ្វូលេត?

    អាស៊ីតហ្វូលិកនៅក្នុងហ្វូលេត(វីតាមីន B9) ជាសារធាតុសំខាន់ចំពោះប្រព័ន្ធប្រសាទរបស់ទារកខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនការធ្វើការងាររបស់កោសិកាប្រព័ន្ធប្រសាទ និងខួរឆ្អឹងកងខ្នងរបស់កូនបានយ៉ាងល្អ និងការពារជំងឺឆែបមាត់ និងពិការដៃជើងរបស់កូននៅក្នុងផ្ទៃម្ដាយបានទៀតផង។

    ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំកាល់ស្យូម?

    ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវតែបានទទួលជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់ចំពោះរាងកាយ ដោយសារតែកាល់ស្យូមមានចំណែកសំខាន់ក្នុងការធ្វើការងាររបស់កោសិកាផ្សេងៗនៅក្នុងរាងកាយ ជាពិសេសបំផុត ឆ្អឹង ធ្មេញ និងសាច់ភ្នាសផ្សេងៗ និងថែមទាំងត្រូវបានកូនតូចនៅក្នុងផ្ទៃទាញយកទៅប្រើដើម្បីសាង និងពង្រឹងឆ្អឹង រួមទាំងការអភិវឌ្ឍប្រព័ន្ធរបស់សាចដុំ ប្រព័ន្ធការពារជំងឺ និងប្រព័ន្ធផ្សេងៗរបស់រាងាកយឱ្យមានប្រសិទ្ធភាពរឹតតែខ្លាំងឡើងទៀតផង។

    ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំសារធាតុដែក?

    សម្រាប់សារធាតុដែកវិញ រាងកាយស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវនាំយកទៅប្រើក្នុងការសាងសាច់ភ្នាសដើម្បីគាំទ្រដល់ការប្រែប្រួលខាងរាងកាយរបស់ខ្លួន។ ក្រៅពីនេះសារធាតុដែកដែលមាននៅក្នុងឈាមនឹងបំពេញតួនាទីក្នុងការដឹកជញ្ជូនអុកស៊ីហ្ស៊ែន និងសារធាតុអាហារទៅចិញ្ចឹមរាងកាយរបស់ម្ដាយ និងទារកដែលមានការរីកចម្រើនធំធាត់នៅក្នុងគភ៌ រួមទាំងសុកដែលកាន់តែធំឡើងជារឿយៗផងដែរ។ ក្នុងករណីដែលមានអាការខ្វះសារធាតុដែកខ្លាំង នឹងធ្វើឱ្យស្រ្តីមានគភ៌មានអាការទន់ល្វើយគ្មានកម្លាង ឆាប់ហត់ កើតសភាវស្លេកស្លាំង និងអ្នកខ្លះអាចមានអាការធ្ងន់ធ្ងរដល់ថ្នាក់រលូតបុត្រទៀតផង។

    ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំជាតិអ៊ីយ៉ូដ?

    អ៊ីយ៉ូដ ក៏ជាសារធាតុអាហារដែលចាំបាច់ដល់ការអភិវឌ្ឍខួរក្បាលរបស់កូននៅក្នុងផ្ទៃដូចគ្នា និងថែមទាំងជួយជំរុញទឹកដោះរបស់ម្ដាយ ជំរុញបេះដូងឱ្យធ្វើការល្អឡើង ជួយក្នុងការបន្ទោបង់ និងគ្រប់គ្រងការចែកចាយរបស់ទឹកទៅតាមអវយវៈផ្សេងៗ។ បើសិនស្រ្តីមានផ្ទៃពោះខ្វះសារធាតុអ៊ីយ៉ូដ នឹងធ្វើឱ្យកូនក្នុងផ្ទៃមានរាងកាយក្រិសក្រិន ខួរក្បាលរីកចម្រើនយឺត ពិការតាំងពីកំណើត និងមានសភាវមិនគ្រប់ទឹក ជាដើម។

    ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំវីតាមីន B?

    វីតាមីន B មានច្រើនប្រភេទ តែដែលយើងបានឮញឹកញាប់ និងមានប្រយោជន៍សម្រាប់ស្រ្តីមានផ្ទៃពោះនោះគឺ ពពួកវីតាមីន B1, B2, B6 និង B12 ព្រោះទាំងអស់នេះសុទ្ធតែមានចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ទារកទាំងអស់ និងថែមទាំងជួយក្នុងការផលិតគ្រាប់ឈាមក្រហម ធ្វើឱ្យទារកធំធាត់ឡើងតាមប្រក្រតី ហុចផលធ្វើឱ្យខួរក្បាលរបស់ទារកអភិវឌ្ឍបានយ៉ាងពេញទំហឹងទៀតផង៕

  • វិធីសម្អាតក្បាលចំពួយទឹកផ្កាឈូកក្នុងបន្ទប់ទឹក

    វិធីសម្អាតក្បាលចំពួយទឹកផ្កាឈូកក្នុងបន្ទប់ទឹក

    វិធីធ្វើគឺ យកថង់ប្លាស្ទិកតូចល្មមមួយ ដាក់ទឹកសាជូរកន្លះថង់ រួចហើយយកក្បាលចំពួយទឹកផ្កាឈូកមកដាក់ត្រាំ​ក្នុងថង់ទឹកសាជូរនោះ ចងមាត់ថង់ឱ្យណែន រួចទុកចោលមួយយប់។ បន្ទាប់ពីនោះមក ចូរស្រាយមាត់ថង់យកក្បាលចំពួយទឹកផ្កាឈូកចេញមកលាងនឹងទឹកឱ្យស្អាត តែប៉ុណ្ណឹងបងៗស្រ្តីមេផ្ទះនឹងបានក្បាលចំពួយទឹកផ្កាឈូកសម្រាប់ងូតទឹកដែលស្អាត ហើយថែមទាំងបាញ់ទឹកចេញមកខ្លាំងល្អទៀតផង។ វិធីនេះល្អសម្រាប់ក្បាលចំពួយទឹកផ្កាឈូកដែលមិនអាចដោះចេញពីទុយោមិនបាន។

    បានដឹងបែបនេះហើយ សូមបងៗស្រ្តីមេផ្ទះទាំងអស់សាកល្បងធ្វើតាមវិធីទាំងអស់ខាងលើដើម្បីការសន្សំសំចៃ និងថែទាំរបស់របរឱ្យបានស្អាត និងប្រើប្រាស់បានយូរផង ហើយជាពិសេសកុំភ្លេចប្រាប់តៗគ្នាឱ្យបានដឹងផង៕

  • ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ៈ កំហុសឆ្គងរបស់ឪពុកម្ដាយដែលធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហា

    ប្រៀបធៀបកូនជាមួយអ្នកដទៃ ឬប្រៀបធៀបកូនជាមួយបងប្អូនឯង និងសាច់ញាតិ រឿងទាំងអស់នេះជារឿងដែលមនុស្សជាច្រើនត្រូវប្រឈម ជឿថា រូបលោកអ្នកខ្លួនឯងក៏ធ្លាប់ឆ្លងកាត់ហេតុការណ៍បែបនេះមកដូចគ្នា តែក៏នៅតែអត់មិនបានដែលចង់តែប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ ដូចជា កូនផ្ទះនោះ មិនឃើញគេឌឺរឹងសោះ ឬកូនផ្ទះនោះ ហេតុអីបានគេរៀនពូកែម្ល៉េះ? ជាដើម។ ភាគច្រើនទៅ ការប្រៀបធៀបកូនរបស់ឪពុកម្ដាយ ច្រើនតែកើតពីការនឹករំពឹងលើរូបកូនខ្លាំងពេក រហូតក្លាយជាការដាក់សម្ពាធទៅលើកូន ធ្វើឱ្យកូនកើតក្ដីតានតឹងធុញថប់ និងចុងក្រោយក្លាយជាក្មេងមានបញ្ហា…។ តើឪពុកម្ដាយដឹងទេថា ការប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃនេះ មានចំណុចមិនល្អយ៉ាងណាខ្លះ?

    1 . បន្ថែមការប្រកួតប្រជែងដល់បងប្អូនឯង ៈ បើឪពុកម្ដាយប្រៀបធៀបកូនជាមួយបងប្អូនឯង វានឹងក្លាយជាការជំរុញឱ្យក្មេងកើតការប្រកួតប្រជែងគ្នា កើតការចំអកឡកឡាយ រួមទាំងការប្រព្រឹត្តខ្លួនច្រងេងច្រងាង ឬអួតអាងដាក់គ្នាទៀតផង។

    2 . កើតបញ្ហានាពេលអនាគត ៈ នៅពេលក្មេងត្រូវបានប្រៀបធៀប មិនថាតែជាមួយបងប្អូនឯង ឬរវាងសាច់ញាតិនោះទេ វានឹងធ្វើឱ្យក្មេងមានអារម្មណ៍មិនជឿជាក់ក្នុងចិត្ត កើតការព្រងើយកន្តើយនឹងគ្នា និងអាចនាំទៅរកបញ្ហាខាងផ្នែកទង្វើ រួមទាំងវិវឌ្ឍនាការនាពេលអនាគតទៀតផង។

    3 . បង្អាក់សមត្ថភាពរបស់ក្មេង ៈ ឪពុកម្ដាយខ្លះអាចគិតថា បើយើងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចជាការជួយឱ្យកូនមានភាពក្លៀវក្លាស្វាហាប់ និងឧស្សាហ៍ព្យាយាមខ្លាំងឡើង តែការពិតវិញ អាចហុចផលផ្ទុយគ្នា គឺនៅពេលក្មេងបង្ហាញសមត្ថភាពចេញមក តែឪពុកម្ដាយបែរជាមើលរំលងសមត្ថភាពដែលកូនមាន និងគិតតែពីប្រៀបធៀបឥតឈប់ ទីបំផុត កូននឹងលែងមានភាពជឿជាក់ក្នុងចិត្ត និងលែងចង់បង្ហាញសមត្ថភាពដែលខ្លួនឯងមាន ដែលអាចនឹងធ្វើឱ្យកូនបាត់បង់សក្ដានុពលដែលមាននោះបាន។

    ឪពុកម្ដាយត្រូវយល់ដឹងជាមុនសិន មុននឹងចង់ប្រៀបធៀបកូនជាមួយអ្នកដទៃ

    1 . ក្មេងម្នាក់ៗមានគំនិត និងសមត្ថភាពផ្សេងៗពីគ្នា ៈ ឪពុកម្ដាយត្រូវព្យាយាមស្ដាប់កូនខ្លះ ត្រូវយល់ពីគំនិត ចំណូលចិត្ត និងឯកលក្ខណៈរបស់កូនម្នាក់ៗ។ ឪពុកម្ដាយត្រូវទុកឱកាសឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯង ដោយយើងគ្រាន់តែធ្វើជាអ្នកនៅចាំណែនាំ និងផ្ដល់ការប្រឹក្សាប៉ុណ្ណោះ។

    2 . កូនមិនមែនជាគ្រឿងតុបតែងលម្អរបស់ឪពុកម្ដាយទេ ៈ ឪពុកម្ដាយខ្លះអាចគិតថា កូនគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ ឪពុកម្ដាយចង់ធ្វើអ្វីជាមួយកូនក៏បាន និងគិតថាកូន គឺជាមុខមាត់កិត្តិយសរបស់ឪពុកម្ដាយនៅក្នុងបរិស្ថានសង្គម ក្នុងសាច់ញាតិ ឬសូម្បីតែក្នុងចំណោមមិត្តភក្តិទៀតផង។ គំនិតទាំងនេះប្រៀបដូចជាការយកប្រៀបលើកូនរបស់លោកអ្នកដូច្នោះដែរ ព្រោះគំនិតបែបនេះអាចបំផ្លាញជីវិតកូនក៏អាចថាបានដែរ។

    3 . ការសិក្សាជារឿងដែលល្អ តែគួរមានរឿងផ្សេងៗផង ៈ ការរៀនសូត្រលើរឿងដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ឱ្យកូនបាន ធ្វើឱ្យឪពុកម្ដាយជាច្រើនសុខចិត្តអស់លុយអស់កាក់លើថ្លៃរៀនសូត្រដ៏ថ្លៃរបស់កូន ដើម្បីឱ្យកូនទទួលបាននូវអ្វីដែលល្អបំផុត

    តែឪពុកម្ដាយក៏កុំភ្លេចបង្ហាត់បង្រៀនកូនឱ្យស្គាល់ និងចេះទទួលខុសត្រូវ រួមទាំងការពឹងលើខ្លួនឯងផង ដែលគុណសម្បត្តិទាំងនេះនឹងជួយឱ្យកូនអាចធ្វើការងារបានយ៉ាងរលូនល្អនាពេលអនាគត។

    តើឪពុកម្ដាយគួរជំរុញកូនយ៉ាងណាឱ្យធ្វើតាមក្ដីនឹករំពឹង?

    1 . គាំទ្រកូនចំពោះអ្វីដែលកូនកំពុងធ្វើ ៈ បើឪពុកម្ដាយមើលឃើញថា កូនចាប់អារម្មណ៍លើអ្វីមួយនោះ ឪពុកម្ដាយអាចក្នុងការជួយជំរុញឱ្យកូនទៅតាមផ្លូវដែលកូនចូលចិត្តបាន ដោយផ្ដល់កម្លាំងចិត្ត និងសេចក្ដីស្រឡាញ់ដែលមានទាំងអស់ដល់កូន ព្រោះរឹតតែក្មេងអាចស្វែងរកខ្លួនឯងឃើញបានកាន់តែឆាប់ប៉ុនណា រឹតតែធ្វើឱ្យក្មេងមានឱកាសក្នុងការទទួលជោគជ័យខ្លាំងជាងអ្នកដទៃប៉ុននោះដែរ។

    2 . យល់ពីកូនឱ្យបានច្រើន ៈ ឪពុកម្ដាយកុំតាំងសេចក្ដីសង្ឃឹមខ្ពស់ហួសការពិតខ្លាំងពេក ត្រូវព្យាយាមស្វែងយល់អំពីកូនថា តើពេលនេះកូនរបស់លោកអ្នកមានសក្ដានុពល និងសមត្ថភាពប៉ុនណា? និងត្រូវព្យាយាមរុញច្រានក្នុងរឿងដែលគេចាប់អារម្មណ៍នោះឱ្យខ្លាំងទើបជាការប្រសើរ។

    3 . កោតសរសើរកូនក្នុងរឿងដែលគេពូកែ ៈ ពេលកូនបានធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ឬមានជំនាញ(ដែលម្នាក់ៗប្រាកដជាថ្នឹក ឬជំនាញមិនដូចគ្នាស្រាប់ទៅហើយ) ឪពុកម្ដាយគួរតែកោតសរសើរកូនយ៉ាងពេញទំហឹង ព្រោះនឹងធ្វើឱ្យកូនកើតមានភាពជឿជាក់លើខ្លួនឯង និងចង់ធ្វើវាឱ្យរឹតតែល្អខ្លាំងឡើងទៀតផង។

    4 . បង្រៀនកូនឱ្យខំប្រឹងយកឈ្នះលើអ្វីដែលគេមិនសូវពូកែ ៈ មនុស្សគ្រប់រូបមានទាំងរឿងដែលខ្លួនឯងពូកែ និងមិនពូកែ ហើយមនុស្សជាច្រើនតែងតែជ្រើសរើសបោះបង់ចោលនូវអ្វីដែលខ្លួនមិនពូកែ ដោយសារតែគិតថា ធ្វើតទៅទៀតក៏មិនបានល្អដែរ…ដូច្នេះបើឪពុកម្ដាយដឹងថា កូនមានចំណុចខ្សោយត្រង់ណា ឬរឿងណាដែលមិនពូកែ ឪពុកម្ដាយគួរព្យាយាមបង្រៀនឱ្យកូនយកឈ្នះលើរឿងនោះឱ្យបាន ទោះជាលំបាកប៉ុនណាក៏ដោយ ព្រោះវាមិនប្រាកដដែរ ផ្ដើមពីចំណុចខ្សោយដែលកូនមានអារម្មណ៍ថាអន់នោះ វាអាចក្លាយជារឿងដែលកូនចូលចិត្តនាពេលអនាគត ក៏អាចថាបានដែរ៕

  • វៀតណាម បញ្ចេញនិមិត្តសញ្ញា និងរូបតុក្តតា តំណាងស៊ីហ្គេម 2021

    វៀតណាម បញ្ចេញនិមិត្តសញ្ញា និងរូបតុក្តតា តំណាងស៊ីហ្គេម 2021

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ស៊ី​ហ្គេម​របស់​វៀតណាម បានប្រកាស​ជា​ផ្លូវការ ចំពោះ​កីឡា​ទាំង 40ប្រភេទ ដែល​ខ្លួន​គ្រោង​នឹងដាក់​ឱ្យ​ប្រទេស​ទាំង11 នៃ​តំបន់​អាស៊ាន ចុះឈ្មោះ​អត្ត​ព​លិ​ក​របស់ខ្លួន ដើម្បី​ចូលរួម​ប្រកួត។

    ក្នុងការ​ប្រកួត​នេះដែរ វៀតណាម​បានចេញ​រូបភាព​ព្រាង ឡូហ្គោ និង Mascort របស់ខ្លួន ដោយ​ក្នុងនោះ ឡូហ្គោ មាន​រំលេច​នូវ​ពណ៌​ចំនួន5 ដែល​តំណាងឱ្យ​អរិយធម៌ និង​ប្រទេស​វៀតណាម ខណៈដែល Mascort ឫ តុក្កតា​តំណាង ត្រូវបាន​ជ្រើស​រើសយក រូប​សត្វ​មួយ​ដែល​ស្រដៀង​នឹង​ក្តាន់ ដែលមាន​ឈ្មោះថា Saola។

    ព្រឹត្តិការណ៍ The 2021 Southeast Asian Game នឹង​ធ្វើឡើង​នៅក្នុង​ក្រុង Hanoi ប្រទេស​Vietnam ចាបពី​ថ្ងៃទី21 វិច្ឆិកា ដល់​ថ្ងៃទី២ ធ្នូ ឆ្នាំ2021 នឹងមាន 40ប្រភេទ​កីឡា ដែល​សុទ្ធតែជា​កីឡា​ក្នុង Olympic Games៕