Author: ធឿន មករា

  • នាយកប្រតិបត្តិ Samsung ទទួលមរណភាពក្នុងវ័យ 78ឆ្នាំ បន្សល់ទុកស្នាដៃជោគជ័យ ដ៏ធំធេង

    នាយកប្រតិបត្តិ Samsung ទទួលមរណភាពក្នុងវ័យ 78ឆ្នាំ បន្សល់ទុកស្នាដៃជោគជ័យ ដ៏ធំធេង

    លោក Lee Kun-hee ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronics បានទទួល​មរណភាព​ក្នុង​វ័យ 78ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង កាលពី​រសៀល​ថ្ងៃទី 25 ខែតុលា ម្សិលមិញ នៅ​ប្រទេស​កូរ៉េខាងត្បូង។

    លោក Lee គឺជា​កូនប្រុស​របស់លោក Lee Byung-chul ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Samsung ។ លោក​ឡើងកាន់តំណែង​ជា​ប្រធាន​ប្រតិបត្តិ តាំងពី​អំឡុង​ទសវត្សរ៍1980 រហូតមកទល់​បច្ចុប្បន្ន។

    ទោះជា ជំងឺ​បេះដូង​នេះ បានធ្វើ​ទុក្ខ​បុក​ម្នា​ញ​រូបលោក តាំងពី​ឆ្នាំ2014 មក​ក្ដី តែ​លោក​មាន​យុទ្ធសាស្ត្រ​ដឹកនាំ​ក្រុមហ៊ុន​ជោគជ័យ​យ៉ាង​ធំធេង ដោយបាន​ជួយ​ឱ្យ Samsung ផ្នែក​ផលិត​ស្មា​ត​ហ្វូ​ន ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អេក្រង់​ស្មា​ត​ហ្វូ​ន ល្អ​ជាងគេ​ទូទាំង​ពិភពលោក ដោយ​រកប្រាក់​ចំណូល​ជាង 350ប៊ី​លាន​ដុល្លារ ក្នុង 1ឆ្នាំ ដែលជា​ចំនួន​មួយ ខ្ពស់​ជាងគេ ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃទៀត។

    លោក Lee មានកូន 4នាក់ និង​ជា​បុគ្គល​លេចធ្លោ 1រូប​នៅ​កូរ៉េ ដែលមាន​ចំណូល​ជាង 20ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង 1ឆ្នាំ៕

  • ចំណេះដឹងពាក់ព័ន្ធនឹងស៊ុតៗដែលធានាថា បងៗស្រ្តីមេផ្ទះដឹងហើយ ច្បាស់ជាមិនលាក់ទុកដឹងតែម្នាក់ឯងទេ

    ចំណេះដឹងពាក់ព័ន្ធនឹងស៊ុតៗដែលធានាថា បងៗស្រ្តីមេផ្ទះដឹងហើយ ច្បាស់ជាមិនលាក់ទុកដឹងតែម្នាក់ឯងទេ

    បងៗស្រ្តីមេផ្ទះទាំងឡាយណាដែលចូលចិត្តធ្វើម្ហូបអាហារពីស៊ុតមាន់ ឬស៊ុតទានោះ ថ្ងៃនេះទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្តី ឡារ៉ែនសូមនាំយកចំណេះដឹងល្អពាក់ព័ន្ធនឹងស៊ុតទាំងអស់នោះមកជម្រាបជូន ដែលធានាថា ពេលបានដឹងហើយ បងៗច្បាស់ជាចែករំលែកចំណេះដឹងនេះទៅស្រ្តីមេផ្ទះដូចគ្នាឱ្យបានដឹងដែរជាមិនខាន…។

    1 . វិធីពិនិត្យមើលថា តើស៊ុតណាស្អុយ ស៊ុតណានៅល្អ?

    នៅពេលដែលបងៗស្រ្តីមេផ្ទះយើងមានស៊ុតឆៅទុកក្នុងទូយូរពេក ហើយថែមទាំងច្រឡំដៃ យកស៊ុតថ្មីៗដែលទើបនឹងទិញមកពីផ្សារទៅទុកលាយឡំជាមួយស៊ុតចាស់ទាំងនោះទៀត…អ៊ើ ពេលនេះវីវរហើយបងៗ…! ព្រោះមើលមិនដឹងថា តើអាណាមួយថ្មី អាណាមួយចាស់ឡើយ ចង់គោះបំបែកមើល ក៏ខ្លាចប៉ះចំស៊ុតស្អុយ ព្រោះក្លិនវាមិនបាច់បរិយាយឡើយថា វាស្អុយប៉ុនណានោះ។ មិនបាច់បារម្ភទេ! ឡា រ៉ែនមានវិធីងាយៗក្នុងការពិនិត្យមើលដើម្បីឱ្យដឹងថា តើស៊ុតមួយណាស្អុយ ស៊ុតមួយណានៅល្អ ដោយគ្រាន់តែធ្វើតាមដូចតទៅនេះ៖

    យកស៊ុតទាំងនោះទៅដាក់ក្នុងទឹក ៖ ស៊ុតណាខូច ឬស៊ុតណាស្អុយ វានឹងអណ្តែតឡើង ឯស៊ុតដែលនៅល្អ វានឹងលិចនៅបាតទឹក ” ។

    2 . វិធីទុកស៊ុតមាន់-ទាឱ្យបានយូរពី 10 -12ខែ

    បងៗអាចរក្សាទុកស៊ុតមាន់ ឬទា បានយូរពី 10 – 12ខែដោយមិនចាំបាច់យកទៅទុកនៅក្នុងទូទឹកកកឡើយ ដោយគ្រាន់តែស្រោបស៊ុតទាំងនោះដោយទឺកប្រេងឆាស្តើងៗពីលើ ដើម្បីការពារកុំឱ្យអុកស៊ីហ្ស៊ែនជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ ។

    ឯវិធីស្រោបស៊ុត មានដូចតទៅ ៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃដែលពាក់ស្រោមជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ កុំប្រើប្រេងឆាច្រើនពេក រួចយកស៊ុតមកប្រមៀលចុះឡើងលើបាតដៃដែលមានប្រេងឆានោះឱ្យប្រឡាក់សព្វ រួច​​ហើយយកទៅដាក់ក្នុងកញ្រ្ចែងស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹងស៊ុតមាន់-ទា ដែលបងៗរក្សាទុកនោះនឹងនៅស្រស់បានយូរដល់ទៅ 10-12ខែឯណោះ។

    3 . វិធីស្ងោរស៊ុតមិនឱ្យសាច់ស៊ុតហៀរចេញតាមសម្បកដែលប្រេះបែក

    សម្បកស៊ុតប្រេះបែក ហៀរសាច់ស៊ុតចេញមកក្នុងអំឡុងពេលស្ងោរក៏ជាបញ្ហាមួយដែរ ជាពិសេសការស្ងោរស៊ុតម្តងៗច្រើនគ្រាប់ ដើម្បីបក​ដាក់​​​ក្នុងខសាច់​ជ្រូកជាដើម ព្រោះធ្វើឱ្យស៊ុតស្ងោចេញមកមានរូបរាងមិនស្អាត តែឡារ៉ែនមានវិធីល្អៗដើម្បីការពារមិនឱ្យសាច់ស៊ុត​ហៀរចេញតាមសម្បកស៊ុតដែលប្រេះ​បែកនោះ​មកជម្រាបជូន…៖

    ដំបូងបង្អស់អ្នកត្រូវជ្រើសរើសយកស៊ុតណាដែលថ្មី សម្បកគ្មានស្នាមប្រេះ និងស្អាត រួចពេលស្ងោរ ចូរដាក់ទឹកឱ្យលិច​ស៊ុតទាំងអស់តាំងពីដំបូង ឯតិចនិកសំខាន់ គឺស្ថិតនៅលើការដាក់ទឹកក្រូចឆ្មារបន្តិចចូលទៅក្នុងទឹកស្ងោរនោះ ព្រោះទឹកក្រូច​ឆ្មារនឹងជួយមិនឱ្យសាច់ស៊ុតហៀរ​ចេញពីសម្បកស៊ុត ឬក៏ដាក់អំបិលចូលទៅក្នុងទឹកស្ងោរនោះប្រហែលមួយស្លាបព្រាបាយ​ក៏បានដូច​គ្នា​ ព្រោះអំបិលវានឹងជួយការពារមិនឱ្យសាច់​ស៊ុត​​ហៀរចេញមកតាមស្នាមប្រេះនៅលើសម្បកហ្នឹងឯង។

    4 . វិធីពុះស៊ុតឆ្អឹនបកហើយ ឱ្យស្អាតគួរចង់ទទួលទាន

    ការពុះស៊ុតស្ងោរឆ្អឹនដែលបកសម្បកស្អាតហើយដោយកាំបិត គឺជាវិធីធម្មតាទូទៅដែលបងៗស្រ្តីមេផ្ទះអាចប្រើជាប្រចាំ តែបងៗដែលសង្កេតទេថា ស៊ុតដែលពុះហើយនោះ ជួនកាលមិនស្មើគ្នា ជួនកាលដាច់បាក់ជាកំណាត់ៗ និងជួនកាលស៊ុតក្រហមជាប់នឹងផ្លែកាំបិតក៏មានដែរ…តែមានវិធីដ៏ងាយបំផុតមួយ ក្នុងការពុះស៊ុតស្ងោរឱ្យនៅស្អាតដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ ដោយគ្រាន់តែបងៗមានខ្សែអំបោះ​នីឡុងមួយសរសៃតូចប៉ុណ្ណោះ។

    យកចុងខ្សែម្ខាងទៅចងឱ្យជាប់នឹងអ្វីក៏បាន ដូចជាទូដាក់ម្ហូប ឬដែកគោលវីសដែលមួលជាប់​នឹង​ជញ្ជាំង​នៅក្នុងចង្រ្កានក៏បាន រួចហើយចាប់ទាញចុងម្ខាងទៀតឱ្យតឹងដោយដៃម្ខាង ហើយយកស៊ុតស្ងោរឆ្អឹន​​បក​​​​​​​សម្បក​ហើយនោះមកកាន់ដាក់ពីក្រោមខ្សែ រួចទាញសង្កត់ខ្សែពុះចុះក្រោម…បងៗនឹងបានស៊ុតស្ងោរដែលពុះជា 2 ហើយយ៉ាងស្អាត ស្មើគ្នាត្រឹមគួរឱ្យទទួលទានជាមិនខាន​ ។

    5 . ស៊ុតមាន់ ឬទា ក៏អាចព្យាបាលស្នាមរបួសរលាកទឹកក្តៅបានភ្លាមៗដែរ

    បងៗស្រ្តីមេផ្ទះដែលចូលចង្ក្រានដាំស្លអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់ បណ្តាលឱ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំងដែលកំពុងក្តៅខ្លាំង នាំឱ្យរលាកក្តៅក្រហាយផ្សាបាន ដូច្នេះខាងក្រោមនេះ គឺជាវិធីព្យបាលបន្ទាន់ភ្លាមៗនៅពេលដែលបងៗ ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង។

    ដោយគ្រាន់តែបងៗយកស៊ុតមកគោះបំបែកយកតែស៊ុត-ស មកលាបនៅលើកន្លែងដែលរលាក ហើយទុកចោលរហូតស្ងួតដោយខ្លួន​ឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនោះនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ។

    តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឱ្យកន្លែងរលាកនោះប៉ះទឹកត្រជាក់ ឬវត្ថុអ្វីមុនឱ្យសោះ និងកុំកេះ ឬអេះពេល​ដែលស៊ុត-សជិតស្ងួត ព្រោះវាអាចធ្វើឱ្យរបកស្បែកមកជាមួយបាន៕

  • Amazon One ក្លាយជា មធ្យោបាយ​បង់ប្រាក់​តាម​បាតដៃ ដំបូង​គេ​បំផុត

    Amazon One ក្លាយជា មធ្យោបាយ​បង់ប្រាក់​តាម​បាតដៃ ដំបូង​គេ​បំផុត

    Amazon បានប្រកាស ជា​ផ្លូវការ ឱ្យ​អតិថិជន​របស់​ពួកគេ​បានដឹង អំពី​មធ្យោបាយ​បង់ប្រាក់​ដ៏​ទំនើប និង​ដំបូង​គេ​បង្អស់ ដោយ​ប្រើប្រាស់​ប្រអប់ដៃ ដើម្បី​ទូទាត់​សាច់ប្រាក់ នៅតាម​បណ្ដា​ហាង​ទំនិញ​លក់រាយ​ទាំងឡាយ។

    ដំណើរការ​នៃ​សេវាកម្ម Amazon One ខាងលើ ជាដំបូង​តាម​បណ្ដា​ហាង​ទំនិញ​លក់រាយ​របស់ Amazon ត្រូវតែ​ដំឡើង​ម៉ាស៊ីន​ស្គែ​ន​ដៃ និង​ឱ្យ​អតិថិជន​ចុះឈ្មោះ​លើ​ម៉ាស៊ីន បន្ទាប់ពី​ចុះឈ្មោះ​រួចហើយ អ្នក​គ្រាន់តែ​ដាក់​អត្តសញ្ញាណប័ណ្ណ​របស់ខ្លួន​ទៅក្នុង​ម៉ាស៊ីន រួចហើយ​ដាក់​ដៃ​លើ​ឧបករណ៍​ស្គែ​ន ដើម្បី​ប្រើប្រាស់​សេវាកម្ម​បង់ប្រាក់​តាម​បាតដៃ​នោះ រួចហើយ វា​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ក្នុងការ​ទូទាត់​ទំនិញ ជាការ​ស្រេច។

    គោលបំណង​នៃ​ការសម្ពោធ ដាក់ឱ្យ​ដំណើការ​មុខងារ​ខាងលើនេះ ត្រូវបាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ រៀបរាប់​ឱ្យដឹងថា ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ-19 ធ្វើឱ្យ​មធ្យោបាយ​បង់ប្រាក់ លែង​ប្រក្រតី​ដូច​ពីមុន ពោលគឺ អតិថិជន​មាន​ពាក់​ម៉ាស់ និង​ស្រោមដៃ​ជាប់​ជានិច្ច​ពេល​ទៅ​ហាង​ទិញ​ទំនិញ ដោយ​ពួកគេ​បាន​រៀបរាប់ ពី​ផល​លំបាក​ក្នុងការ​បង់ប្រាក់ តាម​មធ្យោបាយ​ចាស់៕

    ដើម្បី​ឱ្យបាន​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ដំណើរការ Amazon One ខាងក្រោម​នេះ៖

  • ជិតគ្រប់ខែ កូនក្នុងផ្ទៃលែងសូវរើ អាការនេះស្រ្តីមានគភ៌ត្រូវតែដឹង…

    ជិតគ្រប់ខែ កូនក្នុងផ្ទៃលែងសូវរើ អាការនេះស្រ្តីមានគភ៌ត្រូវតែដឹង…

    ស្រ្តីមានគភ៌ដែលកំពុងជិតគ្រប់ខែគ្រប់រូបធ្លាប់នឹកឆ្ងល់ ឬសង្ស័យដែរឬទេថា ការរើរបស់កូននៅក្នុងផ្ទៃអាចបញ្ជាក់ប្រាប់ពីអាការផ្សេងៗបានជាច្រើន មិនថាតែអាការជិតប្រសូត ឬសូម្បីតែអាការខុសប្រក្រតីដែលកើតឡើងចំពោះទារកនៅក្នុងគភ៌ជាដើម។ ស្រ្តីមានគភ៌ភាគច្រើនៗតែមើលរំលងអំពីរឿងនេះ ឬអាចកំពុងនឹកឆ្ងល់ថា តើកូនតូចនៅក្នុងផ្ទៃដែលលែងសូវរើ ពាក់ព័ន្ធនឹងភាពខុសប្រក្រតី និងជិតដល់ពេលប្រសូតឬទេ? ថ្ងៃនេះ ឡារ៉ែននឹងជម្រាបជូនអំពីរឿងឱ្យបានដឹងទាំងអស់គ្នា។

    អាការជិតប្រសូត គឺជាយន្តការធម្មជាតិរបស់រាងកាយដែលធ្វើឱ្យអនាគតអ្នកម្ដាយចាប់ផ្ដើមមានអារម្មណ៍ថាមានការប្រែប្រួលផ្សេងៗកើតឡើង ដើម្បីនឹងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រសូតដែលនឹងមកដល់នាពេលអនាគតដ៏ឆាប់ៗនេះ ហើយដែលការរើរបស់កូនតូចនៅក្នុងផ្ទៃនេះអាចពាក់ព័ន្ធនឹងអាការទាំងនោះបាន។

    ពេលចូលដល់រយៈពេលចុងក្រោយនៃការតាំងគភ៌ ឬក្នុងមិនប៉ុន្មានសប្ដាហ៍ទៀតមុនដល់ពេលប្រសូត នឹងមានអាការសំខាន់ៗមួយចំនួនដែលអនាគតអ្នកម្ដាយត្រូវតាមសង្កេតមើល ដែលមួយនៅក្នុងនោះគឺ ការរើរបស់កូនតូចនៅក្នុងផ្ទៃហ្នឹងឯង។ ដូច្នេះហើយទើបមិនមែនជារឿងប្លែកឡើយដែលស្រ្តីមានគភ៌រកឃើញថា កូនរើ(ធាក់)តិចជាងប្រក្រតីក្នុងអំឡុងត្រីមាសចុងក្រោយនៃការតាំងគភ៌។ មូលហេតុនោះបណ្ដាលមកពីទារកនៅក្នុងគភ៌មានទំហំខ្លួនធំឡើងរហូតពេញទីតាំងក្នុងស្បូនរបស់ម្ដាយហ្នឹងឯង ទើបធ្វើឱ្យការរើខ្លួនរបស់កូនតូចប្រព្រឹត្តឡើងរាងពិបាកជាងពេលមុនៗ។

    ជាប្រក្រតី ទារកនឹងរើខ្លាំងឡើងជារឿយៗរហូតដល់គភ៌ជិតមានអាយុ 32សប្ដាហ៍។ ទារកនឹងរើប្រមាណជា 575ដងក្នុងរយៈពេល 12ម៉ោង តែបើពេលណាក៏ដោយដែលអាយុគភ៌ចូលដល់សប្ដាហ៍ទី 40ហើយនោះ ទារកក្នុងគភ៌រើនៅសល់ត្រឹមតែ 282ដងក្នុងរយៈពេល 12ម៉ោងនោះ អាការបែបនេះគួរឱ្យបារម្ភខ្លាំងណាស់។ ក្រៅពីនេះ បើអាយុគភ៌របស់អនាគតអ្នកម្ដាយមិនបានស្ថិតក្នុងត្រីមាសចុងក្រោយទេនោះ ចូរសង្កេតមើលថា តើអាការរើរបស់កូនតូចគួរឱ្យបារម្ភ ឬក៏អត់នោះតាមរយៈរឿងខាងក្រោមនេះ ៈ

    • ក្នុងរយៈពេល 4ម៉ោង កូនតូចរើមិនដល់ 10ដង។
    • បើស្រ្តីមានគភ៌កត់ត្រាចំនួនការរើរបស់កូនជាប្រចាំរៀងរាល់ថ្ងៃ ហើយសង្កេតឃើញថា កូនរើតិចជាងមុនច្រើន ខុសពីប្រក្រតី។
    • ក្នុងរយៈពេល 4ម៉ោងដែលរាប់នោះ កូនមិនមានរើសោះ និងថែមទាំងមានអាការឈឺពោះ និងមានឈាមហូរចេញមកពីរន្ធស្បូនផង។

    បើស្រ្តីតាំងគភ៌មានអាការដូចដែលបានរៀបរាប់ខាងលើនេះ សូមកុំបង្អង់យូរ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម និងបើសិនវាជាភាពខុសប្រក្រតីមែននោះ តើអ្វីគឺជាមូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុន?

    1. ដូចដែលបានជម្រាបមកពីខាងដើមហើយថា មូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុននោះគឺ មួយ បណ្ដាលមកពីអនាគតអ្នកម្ដាយស្ថិតក្នុងអំឡុងពេលជិតប្រសូត ឬអាចមកពីការដែលអនាគតអ្នកម្ដាយតាំងគភ៌យូរជ្រុលពេករហូតធ្វើឱ្យហួសកំណត់ពេលប្រសូត ជាហេតុធ្វើឱ្យទងសុករបស់ម្ដាយចុះខ្សោយសមត្ថភាពទៅតាមអាយុគភ៌ដែលកើនច្រើនឡើង អាហារ និងអុកស៊ីហ្ស៊ែនដែលបញ្ជូនតាមទងសុកទៅដល់កូនមានបរិមាណថយចុះ។ បើសិនជាដូច្នោះមែន អាចនឹងប្រថុយប្រថានដល់ជីវិតរបស់ទារកក៏ថាបានដែរ។
    2. ប្រអប់ស្បូនរបស់ម្ដាយតូចចង្អៀត ធ្វើឱ្យទារកមិនអាចកម្រើកបានដូចកាលពីពេលមុន ឬអាចបណ្ដាលមកពីភាពខុសប្រក្រតីណាមួយចំពោះទារកក្នុងគភ៌ធ្វើឱ្យមិនមានកម្លាំងរើ។ បើស្រ្តីមានគភ៌បណ្ដោយឱ្យស្ថិតសភាពបែបនោះយូរ អាចប្រថុយប្រថានដល់ជីវិតទារកក្នុងគភ៌។

    ដូច្នេះ មិនថាមកពីមូលហេតុអ្វីនោះទេ ការលែងសូវរើ ឬការរើតិចជាងមុនរបស់កូន គឺជារឿងដែលគួរឱ្យវិតក្កកង្វល់ទាំងអស់ ព្រោះបើសិនវាជាសភាវជិតប្រសូតមែននោះ អនាគតអ្នកម្ដាយក៏គួរត្រៀមខ្លួនជាស្រេចដើម្បីចាំទប់ទល់នឹងអាការជិតប្រសូតនេះផង តែបើសិនជាកូនតូចក្នុងផ្ទៃមិនសូវរើ ឬរើតិចជាងមុន ទាំងអាយុគភ៌មិនបានស្ថិតក្នុងសភាវដូចខាងលើនោះ ចូរកុំនៅបង្អង់យូរ ព្រោះអាការនោះអាចរាប់បានថាជាអាការមួយដែលអាចសន្និដ្ឋានបានថា មានភាពខុសប្រក្រតីអ្វីម្យ៉ាងកើតឡើងចំពោះទារកហើយ៕

  • លែងឆ្ងល់! ភាពខុសគ្នារវាងគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ…

    លែងឆ្ងល់! ភាពខុសគ្នារវាងគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ…

    ទាំងអស់គ្នាប្រហែលជាធ្លាប់កើតជំងឺគ្រុនផ្ដាសាយមកខ្លះៗហើយ តែក៏មិនមែនគ្រប់គ្នាសុទ្ធតែធ្លាប់កើតជំងឺផ្ដាសាយធំដែរ ព្រោះជំងឺគ្រុនផ្ដាសាយធំមានគ្រោះថ្នាក់ជាងជំងឺគ្រុនផ្ដាសាយធម្មតាច្រើនណាស់។ ក្រៅពីអាការជំងឺនឹងធ្ងន់ធ្ងរជាង ក្រជាជាងហើយ នៅមានគ្រុនផ្ដាសាយអម្បូរថ្មីៗដែលអាចសម្លាប់ជីវិតមនុស្សបានគ្រប់ពេលទៀតផង ដូច្នេះសួរថា តើពេលណាដែលយើងអាចដឹងថា គ្រុនផ្ដាសាយដែលយើងកំពុងកើតនេះ ជាគ្រុនផ្ដាសាយធម្មតា ឬគ្រុនផ្ដាសាយធំ? តើនៅពេលណាដែលយើងអាចទិញថ្នាំមកលេបដោយខ្លួនឯងបាន? ឬពេលណាដែលយើងត្រូវតែទៅជួបគ្រូពេទ្យ?

    ឡារ៉ែនមានវិធីសង្កេតងាយៗមកជម្រាបជូន…

    1 . អាការគ្រុន

    គ្រុនផ្ដាសាយធម្មតា – ក្ដៅខ្លួនស្ទិញៗ លេបថ្នាំបំបាត់គ្រុន 1-2ថ្ងៃនឹងបាត់ទៅវិញ និងមិនលាប់ឡើងវិញទេ។

    គ្រុនផ្ដាសាយធំ – ក្ដៅខ្លួនខ្លាំង និងយូរដល់ទៅជាង 3-4ថ្ងៃឡើងទៅ។ កម្ដៅនឹងស្រកចុះតែនៅពេលលេបថ្នាំប៉ុណ្ណោះ។

    2 . ឈឺក្បាល

    គ្រុនផ្ដាសាយធម្មតា – អាចឈឺក្បាលតែបន្តិចបន្តួច ឬអាចគ្មានអាការឈឺក្បាលតែម្ដង។

    គ្រុនផ្ដាសាយធំ – អាចឈឺក្បាលខ្លាំងជាងប្រក្រតី។

    3 . ឈឺចុកចាប់តាមរាងកាយ

    គ្រុនផ្ដាសាយធម្មតា – មានអាការឈឺចុកចាប់តាមរាងកាយត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – ឈឺចុកចាប់តាមរាងកាយខ្លាំងណាស់។

    4 . នឿយល្វើយ

    គ្រុនផ្ដាសាយធម្មតា – មានអាការនឿយល្វើយបន្តិចបន្តួច និងមិនយូរឡើយ ត្រឹមតែ 1-2ថ្ងៃប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – នឿយល្វើយខ្លាំង អាចកើតអាការនេះយូររាប់សប្ដាហ៍ក៏មាន។

    5 . អាការក្អក

    គ្រុនផ្ដាសាយធម្មតា – មិនក្អកច្រើនទេ ក្អកស្ងួតៗ។

    គ្រុនផ្ដាសាយធំ – ក្អកខ្លាំង ក្អកញឹកញាប់ និងមានស្លេស្ម៍ខាប់ស្អិត។

    6 . សំបោរ

    គ្រុនផ្ដាសាយធម្មតា – ទឹកសំបោរថ្លាៗ រាវ ឬអាចគ្មានសំបោរសោះក៏មាន។

    គ្រុនផ្ដាសាយធំ – ទឹកសំបោរខាប់ ស្អិត។

    7 . ឈឺ-ក

    គ្រុនផ្ដាសាយធម្មតា – ឃើញមានអាការឈឺ-កញឹកញាប់ក្នុងអំឡុងពេលគ្រុនដំបូងៗ។

    គ្រុនផ្ដាសាយធំ – អាចមិនឃើញមានអាការឈឺ-ក ឬឃើញមានតិចតួចបំផុត។

    8 . ជំងឺជ្រៀតជ្រែក

    គ្រុនផ្ដាសាយធម្មតា – សៃណឹស ឬអំបៅអំបែក។

    គ្រុនផ្ដាសាយធំ – រលាកបំពង់ដង្ហើម ឬហើមសួត។

    9 . ការរក្សាព្យាបាល

    គ្រុនផ្ដាសាយធម្មតា – គ្មានថ្នាំព្យាបាលដោយត្រង់នោះទេ អាចធ្វើបានត្រឹមតែលេបថ្នាំព្យាបាលតាមអាការប៉ុណ្ណោះ។

    គ្រុនផ្ដាសាយធំ – ព្យាបាលដោយថ្នាំពេទ្យ ឬទៅជួបគ្រូពេទ្យពេលដឹងខ្លួនថា កើតជំងឺគ្រុនផ្ដាសាយធំ។

    10 . ការបង្ការជំងឺ

    គ្រុនផ្ដាសាយធម្មតា – គ្មានវិធីបង្ការដោយត្រង់ទេ។

    គ្រុនផ្ដាសាយធំ – ចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំ។

    តែយ៉ាងណាក៏ដោយ វិធីចៀសវាងពីអាការគ្រុនផ្ដាសាយ មិនថាប្រភេទណាក៏ដោយ គឺថែរក្សាសុខភាពរាងកាយឱ្យរឹងប៉ឹងមាំមួនជាប់ជានិច្ច ញ៉ាំអាហារដែលមានប្រយោជន៍(ជាពិសេសអាហារដែលមានវីតាមីន C ខ្ពស់) ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់…តែប៉ុណ្ណឹង ជីវិតក៏នឹងឃ្លាតឆ្ងាយពីជំងឺគ្រុនផ្ដាសាយបានដោយងាយ៕

  • ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    ពាក្យសម្ដី 12ប្រយោគ លើកទឹកចិត្តកូន…គ្រាដែលកូនបាក់ទឹកចិត្ត

    បើលោកឪពុកអ្នកម្ដាយមើលឃើញថា កូនសម្លាញ់របស់យើងកំពុងធ្លាក់ក្នុងភាពសោកសៅខូចចិត្ត មិនថាតែមានមូលហេតុដែលបណ្ដាលមកពីការប្រឡងធ្លាក់ ការរៀនសូត្រ ឬសូម្បីតែកំពុងតែអស់សង្ឃឹមក្នុងរឿងអ្វីម្យ៉ាងក៏ដោយនោះ អ្នកគ្រូ ឆវីសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយបង្ហាញពីការយល់ចិត្តអាណិតអាសូរឱ្យកូនបានឃើញថា អ្នកកំពុងដឹងថា កូនកំពុងតែមានអារម្មណ៍យ៉ាងម៉េច និងកំពុងតែខូចចិត្តខ្លាំងប៉ុនណា បន្ទាប់ពីនោះសឹមនិយាយជាមួយកូនសន្សឹមៗថា អ្វីដែលកូនបានធ្វើនោះ គឺល្អ និងត្រឹមត្រូវហើយ គ្មានអ្វីដែលត្រូវកង្វល់ឡើយ អាចនឹងមានខកបំណងខ្លះ តែយ៉ាងហោចណាស់ក៏កូនមិនបាននៅតែម្នាក់ឯងដែរ «យើងនឹងដើរឆ្លងអារម្មណ៍លំបាកនេះទៅជាមួយគ្នា ណា៎កូនសម្លាញ់ណា៎»

    “កូនពូកែណាស់…” ៈ មិនថាកូនទទួលបាននិទ្ទេសមិនល្អ ប្រឡងមិនជាប់ ឬមិនបានជាប់លេខ1ក្ដី តែទាំងអស់នោះមិនបានមានន័យថា ជីវិតទាំងមូលរបស់កូននឹងត្រូវចប់នៅត្រឹមប៉ុណ្ណឹងទេ មែនទេ? បើអ៊ីចឹងហេតុអីបានយើងត្រូវទៅតវ៉ាថាឱ្យកូនធ្វើអី? ម្យ៉ាងទៀតកាលពីសម័យមុនយើងអាចនឹងធ្វើមិនបានល្អប៉ុនកូនផង…ដូច្នេះ ជំនួសឱ្យការបន្ថែមក្ដីអស់សង្ឃឹមទៅកូន ហេតុអីយើងមិនប្ដូរមកជាកោតសរសើរកូនវិញ វាមិនល្អជាងឬ?

    “បំពេញតួនាទីរបស់យើងឱ្យល្អបំផុត រឿងល្អៗនឹងកើតឡើងដោយឯកឯង” ៈ បើសិនកូនអស់សង្ឃឹម លែងមានកម្លាំងចិត្ត និងមានអារម្មណ៍ថាអ្នកដទៃធ្វើបានល្អជាងខ្លួននោះ ជំនួសឱ្យការដែលឪពុកម្ដាយចង់ស្ដីបន្ទោសបន្ថែមដោយការយកកូនទៅប្រៀបធៀបជាមួយអ្នកដទៃនោះ ចូរសាកល្បងប្ដូរមកជានិយាយជាមួយកូនក្នុងជ្រុងដែលថា មនុស្សម្នាក់ៗមានសមត្ថភាពដោយឡែកពីគ្នា កូនមិនចាំបាច់ត្រូវយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេ ព្រោះមិនថាយ៉ាងណាក៏ដោយ បើយើងបានបំពេញតួនាទីរបស់យើងបានល្អបំផុតហើយនោះ ពេលនោះរឿងល្អៗដែលយើងចង់បាន និងកំពុងរង់ចាំនោះ នឹងមករកយើងដោយឯកឯង។

    “ចូរមានមោទនភាពចំពោះខ្លួនឯងឱ្យបានច្រើន” ៈ បង្រៀនកូន ប្រាប់ពួកគេឱ្យយល់ថា មនុស្សយើងគ្រប់ៗគ្នា ទម្រាំនឹងចាប់ផ្ដើមធ្វើអ្វីបានម្យ៉ាងនោះ ត្រូវតែយកឈ្នះភាពភ័យខ្លាចនៅក្នុងចិត្តខ្លួនឯងឱ្យបានជាមុនសិន ដូច្នេះ រឿងដែលកូនកំពុងធ្វើនោះ មិនមែនជារឿងងាយស្រួលទេ។ ទោះជាថ្ងៃនេះនៅមិនទាន់ទទួលបានជោគជ័យមែន តែក៏មិនបានមានន័យថា យើងនឹងត្រូវមើលងាយខ្លួនឯងដែរ ព្រោះអ្នកដែលយកឈ្នះចិត្តខ្លួនឯងបាន គឺជាអ្នកដែលពូកែបំផុត ណា៎កូន។

    “កុំនិយាយថា មិនបាន បើមិនទាន់គិតចាប់ផ្ដើមធ្វើ” ៈ ក្មេងៗភាគច្រើនៗតែមានពាក្យនិយាយរត់មាត់ថា “កូនធ្វើមិនបានទេ” ដែលពាក្យសម្ដីនេះ បើសិនជាឪពុកម្ដាយបណ្ដោយឱ្យកូនចេះតែនិយាយទៅជារឿយៗនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាប្រៀបដូចជា ការបណ្ដុះគំនិតរបស់កូនថា ពួកគេមិនអាចធ្វើបាន ហើយវាក៏នឹងក្លាយជាបែបនោះមែន។ ដូច្នេះពាក្យសម្ដីផ្ដល់កម្លាំងចិត្តកូនក្នុងស្ថានការណ៍នេះគឺ “កូនសម្លាញ់ កុំនិយាយថា យើងធ្វើមិនបាន គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ គ្រប់យ៉ាងស្ថិតលើការចាប់ផ្ដើម និងការហ្វឹកហាត់ដូចគ្នាទាំងអស់”។

    “ម៉ាក់ជឿថា កូនធ្វើបាន” ៈ ពេលណាក៏ដោយដែលកូនមានអារម្មណ៍មិនប្រាកដក្នុងចិត្តថា ពួកគេនឹងធ្វើបាននោះ ឪពុកម្ដាយតែងមានគំនិតមួយថា បើយើងរឹតតែមើលងាយកូន បន្ទោសកូនដដែលៗនោះ ពួកគេអាចនឹងមានកម្លាំងចិត្តខំប្រឹងឡើង រហូតធ្វើបានសម្រេចយ៉ាងពិតប្រាកដ…តែនេះអាចមិនមែនជាគំនិតដែលស័ក្តិសមសម្រាប់ក្មេងគ្រប់រូបនោះទេ ដូច្នេះជំនួសឱ្យការដែលយើងនឹងធ្វើបែបនោះ ហេតុអ្វីយើងមិនសាកល្បងប្ដូរមកជា បង្ហាញនូវភាពជឿជាក់លើខ្លួនកូនជំនួសវិញ ពិសេសបំផុតជាមួយនឹងពាក្យថា “ម៉ាក់ជឿថា…កូនធ្វើបាន”។ ខ្លីៗត្រឹមតែប៉ុណ្ណឹង កូនក៏នឹងមានកម្លាំងក្នុងការឈានឆ្លងឧបសគ្គដែលនៅពីមុខនោះបានបាត់ទៅហើយ។

    ពោលពាក្យអរគុណកូន ៈ ក្នុងពេលខ្លះ កូនអាចនឹងមានអារម្មណ៍ចង់ជួយធ្វើនេះធ្វើនោះឪពុកម្ដាយខ្លះដែរ តែដោយភាពជាកូនក្មេង ទើបពួកគេមិនដឹងថា គួរនឹងចាប់ផ្ដើមពីត្រង់ណា និងតែងតែនឹកតូចចិត្តខ្លួនឯងដែលមិនអាចជួយអ្វីបាន ដូច្នេះ អ្វីដែលឪពុកម្ដាយគួរនិយាយ និងធ្វើនោះគឺ ចាប់ផ្ដើមឱ្យកូនបានជួយការងារផ្ទះក្នុងរឿងណាមួយ។ ឧទាហរណ៍ដូចជា លើកចាន រៀបចំតុបាយ ជាដើម និងនៅពេលមើលឃើញថា កូនអាចធ្វើបានសម្រេចហើយ ទោះជារឿងតូចតាចក៏ដោយ ឪពុកម្ដាយគួរតែពោលពាក្យអរគុណកូន ព្រមទាំងកោតសរសើរថា “នេះបើមិនបានកូនជួយទេ ប៉ា និងម៉ាក់ប្រហែលជាមិនអាចធ្វើបានសម្រេចទេ អរគុណណា៎កូនណា៎”។

    លើកឧទាហរណ៍ជាស្ថានការណ៍ឱ្យកូនបានឃើញទិដ្ឋភាពដែលកាន់តែងាយយល់ឡើង ៈ ឧទាហរណ៍ដូចជា កូនមានការភ័យខ្លាចក្នុងការត្រូវនៅតែម្នាក់ឯងក្នុងបន្ទប់ងងឹតៗ។ ជំនួសឱ្យការដែលឪពុកម្ដាយចង់និយាយថា “ខ្លាចស្អី!? រឿងស្រួលៗប៉ុណ្ណឹងសោះ ខ្លាចស្អី! ធំឡើងធ្វើការរកស៊ីស្អីកើតទៅ?!”…តែលោកឪពុកអ្នកម្ដាយគួរតែនិយាយនូវប្រយោគដែលមានប្រយោជន៍ ដូចជាថា កូនឃើញទ្វារនៅត្រង់នោះទេ តើកូនដឹងទេថាមានអ្វីនៅខាងក្រោយហ្នឹង? បើមិនដឹង និងមិនដែលឃើញមានអ្វីទេនោះ ហេតុអីកូនត្រូវខ្លាច? ព្រោះថា បើកូននៅតែកើតមានក្ដីភ័យខ្លាចបែបនេះ កូននឹងត្រូវស្ថិតនៅតែត្រង់ហ្នឹង នៅតែក្នុងទីកន្លែងដដែលៗ កូននឹងគ្មានឱកាសបានដឹង ឬបានឃើញពន្លឺភ្លឺដែលនៅពីក្រោយទ្វារនោះឡើយ ដូច្នេះបើកូនចង់ឃើញ កូនត្រូវតែឈានឆ្លងឱ្យផុតក្ដីភ័យខ្លាចនេះទៅឱ្យបាន។

    “កូនកំពុងគិតអីហ្នឹង?” ៈ បើកូនកំពុងតែសោកសៅ ស្រងូតស្រងាត់ អង្គុយរលីងរលោងទឹកភ្នែកតែម្នាក់ឯង បើលោកអ្នកឃើញបែបនោះ សូមកុំដើរគេចចេញពីកូនជាដាច់ខាត។ ចូរលោកឪពុកអ្នកម្ដាយសម្ដែងចេញដោយការចូលទៅនិយាយជាមួយ និងសួររកការពិតពីកូនយ៉ាងសន្សឹមៗថា តើគេកំពុងតែគិតពីអ្វី? ខ្លាចអ្វីម្យ៉ាង ឬមិនមែនទេ? បើមែន ចូរលោកឪពុកអ្នកម្ដាយលួងលោមសួរកូន ព្រមជាមួយសាកល្បងធ្វើតាមពាក្យណែនាំតាមចំណុចផ្សេងៗរបស់អត្ថបទនេះលមើល៍ ជួនកាលអាចនឹងរកឃើញចំណុចដែលត្រូវដូចចិត្ត និងអាចប្រើជាពាក្យសម្ដីដើម្បីលើកទឹកចិត្តកូនក៏អាចថាបានដែរ។

    “ទៅរកអីលេង ឬក៏ទៅអានសៀវភៅជាមួយគ្នា ល្អដែរទេកូន?” ៈ ការរស់នៅក្នុងសភាពបរិស្ថានដដែលៗ ក៏អាចបង្កឱ្យកើតភាពធុញថប់តានតឹង និងក្ដីកង្វល់ចិត្តរបស់កូនចាប់ផ្ដើមមានច្រើនឡើងបានដែរ។ ការនិយាយបបួលកូនឱ្យទៅរួមធ្វើកិច្ចការងារផ្សេងៗ ឬសូម្បីតែការនាំកូនចេញមកឱ្យផុតពីចំណុចត្រង់នោះ ក៏អាចជួយធ្វើឱ្យកូនមានអារម្មណ៍ល្អឡើងបានដោយមិនពិបាកដែរ។

    “គ្មានអ្នកណាដែលមិនធ្លាប់ដួលនោះទេ” ៈ កូនកំពុងខកបំណង អស់សង្ឃឹម ខូចចិត្តជាមួយនឹងអ្វីដែលពួកគេខំប្រឹងព្យាយាមយ៉ាងពេញទំហឹងហើយ តែមិនបានសម្រេច។ ក្រៅពីការលួងលោមកូនហើយនោះ ចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងប្រាប់ទៅកូនលមើលថា “កូនសម្លាញ់…មនុស្សដែលកូនមើលឃើញថា ពួកគេជាអ្នកមាន ពួកគេទទួលបានជោគជ័យនោះ កូនដឹងទេថា គេត្រូវជួបនឹងសេចក្ដីខកបំណង អស់សង្ឃឹម ខូចចិត្តយ៉ាងច្រើនប៉ុនណា ទម្រាំនឹងឈានមកដល់ចំណុចនេះបាន ដូច្នេះបើយើងចង់ទទួលបានជោគជ័យ ទោះជាដួលរលំទីងណាត់ទីងណែងប៉ុន្មានដងក៏ដោយ បើយើងមានក្ដីពុះពារព្យាយាម ភាពជោគជ័យនឹងស្ថិតនៅក្បែរខ្លួនយើងជានិច្ច”។

    “កំហុស គឺជាគ្រូ” ៈ អធិប្បាយពន្យល់ឱ្យកូនបានយល់ថា សេចក្ដីអស់សង្ឃឹម ខកបំណង គឺជាលោកគ្រូដែលនឹងមកជួយបង្ហាត់បង្រៀនយើងឱ្យបានស្គាល់ពីជីវិតកាន់តែច្រើនឡើង។ គ្មានអ្វីដែលនឹងសុខសមបំណងគ្រប់យ៉ាងនោះទេ ដូច្នេះ ចូរត្រេកអរដែលថ្ងៃនេះយើងមានឱកាសបានស្គាល់វា(កំហុសឆ្គង)។ “ជំនួសឱ្យការដែលយើងគិតតែពីបន្ទោសខ្លួនឯង គិតច្រើន តូចចិត្ត និងលង់នៅតែជាមួយរឿងមួយនោះ ហេតុអ្វីបានកូនមិនសាកល្បងយករឿងនោះមកធ្វើជាមេរៀន មកធ្វើជាគ្រូ ដើម្បីកុំឱ្យយើងបានធ្វើខុសក្នុងរឿងដដែលៗទៀត?។

    បើសិនជាលោកឪពុកអ្នកម្ដាយអាចនាំយក ប្រយោគលើកទឹកចិត្តទាំង 12 ដែលបានរៀបរាប់មកដូចខាងលើនេះមកកែច្នៃប្រើជាមួយកូនៗនោះ កូនៗច្បាស់ជានឹងលែងមានអារម្មណ៍ភ័យខ្លាច ឬកង្វល់ចិត្តតទៅទៀតជាមិនខាន៕

  • រីករាយពិធីបុណ្យអុំទូក និងចាប់គ្រាប់បាល់នាំសំណាង ជាមួយនឹងផ្សារទំនើប មីត ថោន

    រីករាយពិធីបុណ្យអុំទូក និងចាប់គ្រាប់បាល់នាំសំណាង ជាមួយនឹងផ្សារទំនើប មីត ថោន

    ភ្នំពេញ៖​ មីន ថោន ម៉ល គឺជាផ្សារទំនើបមួយដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវ2004 ដែលភាគច្រើនប្រជាជនខ្មែរនិយមហៅថា ផ្លូវ ម៉ៃ ដា ផ្សារទំនើបមួយនេះបានបើកដំណើរការកាលពីពាក់កណ្តាលឆ្នាំ2019 នាពេលថ្មីៗ នេះ។

    ផ្សារទំនើប មីន ថោន មានសកម្មភាព ក៏ដូចជាមានហាងជាច្រើន ដែលអតិថិជនអាចរីករាយកម្សាន្តនៅក្នុងបរិវេណផ្សារបានដោយសេរី ដែលរួមមានដូចជារោងភាពយន្ត Legend Cinemas ទីកន្លែងកម្សាន្តសួនកុមារ Park Kids ហាងថែរក្សាសម្ផស្ស Nails Palace ហាងលក់គ្រឿងសំអាង Think nature​ និង Guardian រួមទំាងមានហាងលក់ស្បែកជើង Crocs និង Havaianas​ លើសពីនេះទៅទៀតក៏មានហាងលក់ស្រាក្រហមដែលមានឈ្មោះថាបណ្ញាល័យស្រា Best Wine Library នៅជាន់ទីមួយផងដែរ។

    មានផ្សារទំនើប Lucky​​ Super Market និងសាខាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំជាងនៅក្នុងប្រទេសកម្ពុជា Smart Axiata ដែលមានភាពងាយស្រួលដល់អតិថិជន ក្នុងការស្វែងរកម្ហូបអាហារ សំភារៈប្រើប្រាស់ ឬក៏ស្វែងរកសេវាកម្មណាមួយពីក្រុមហ៊ុន Smart Axiata តែម្តង ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត​ គឺនៅមានហាងកាហ្វេ​ និងហាងភេជ្ជៈប្រ៊េនៗ ជាច្រើនដូនចា Brown​​ Coffee,  KOI, 85 Bakery Café, CHATOKI និង​ Sulbing Café ក៏បានលេចចេញជារូបរាងជាមួយនឹងផ្សារទំនើប មីត ថោន ចាប់តាំងពីផ្សារនេះ បើកដំណើរការរហូតមកដល់បច្ចុប្បន្ន។​ វាកាន់តែងាយស្រួលជាងនេះទៅទៀត​គឺផ្សារទំនើប មីត ថោន មានម៉ាស៊ីនដកប្រាក់ពីធនាគារ RHB, ABA និង UCB នៅជាន់ផ្ទាល់ដីផងដែរ។

    ផ្សារទំនើប មីត ថោន មានបម្រើអាហាររហ័សទាន់ចិត្តដូចជានៅ Lucky Burger, Fried Chicken Master និងប្រភេទអាហារកាម្ម៉ងដែលមានដូចជាភោជនីយដ្ឋាន 53 Central Coffee ភោជនីយដ្ឋាន Sake Restaurant និងភោជនីយដ្ឋានបង្អែមកូរ៉េ Restaurant Korean Dessert Cafe រួមទាំងមានលក់គ្រាប់កៅឡាក់ពី Xiangli ទៀតផង។

    គួរបញ្ជាក់ថានៅអំឡុងពេលពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ ផ្សារទំនើប មីន ថោន បានធ្វើការសហការជាមួយនឹងដៃគូរពាណិជ្ជកម្មរបស់ខ្លួនដើម្បីអបអរសារទរពីធីបុណ្យប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី30-31 ខែតុលា ឆ្នាំ2020 និងថ្ងៃទី1 ខែវិច្ឆិកា  ឆ្នាំ2020 ខាងមុខនេះ។

    ក្នុងឪកាសដ៏ពិសេសនេះផងដែរ ផ្សារទំនើប មីត ថោន បានរៀចចំកម្មវិធីចាប់គ្រាប់បាល់់នាំសំណាង ឈ្នះរង្វាន់ភ្លាមៗ ជាង 2000រង្វាន់ ដែលទទួលបានការឧបត្ថម្ភពីហាងនានា ក្នុងផ្សារទំនើប មីត ថោន ផ្ទាល់តែម្តង ដោយអតិថិជនចំណាយអស់តែ 20$ អតិថិជនអាចចាប់បាល់មួយគ្រាប់បានពីកម្មវិធី។

    លក្ខខណ្ឌនៃការចាប់រង្វាន់ អតិថិជនទាំងអស់គ្រាន់តែយកវិក័យប័ត្រ ពីហាងដែលបានសហការជាមួយនឹងផ្សារទំនើប មីត ថោន ទៅធ្វើការផ្សងសំណាងនៅស្តង់កម្មវិធី ដែលមានទីតាំងស្ថិតនៅបរិវេណផ្សារទំនើប មីត ថោន។ រាល់វិក័យប័ត្រមួយសន្លឹកដែលមានតម្លៃស្មើនឹង 20$ អតិថិជនអាចធ្វើការចាប់បាល់នាំសំណាងបានម្តង ឬក៏វិក័យប័ត្រដែលមានតម្លៃលើសពី 100$ អតិថិជនមានសិទ្ធចាប់បានតែ 5ដងតែប៉ុណ្ណោះ។

    ចំណែកឯអតិថិជនដែលមានវិក័យប័ត្រមិនស្មើ 20$ អតិថិជនអាចយកវិក័យប័ត្របូកបញ្ចូលគ្នាដើម្បីធ្វើការចាប់រង្វាន់គ្រាប់បាល់នាំសំណាងជាមួយនឹងកម្មវិធីផ្សាទំនើប មីត ថោន។ សូមបញ្ជាក់ថារាល់វិក័យប័ត្រ គឺមានសុពលភាពតែមួយថ្ងៃនៃការទិញទំនិញតែប៉ណ្ណោះ។ កម្មវិធីនឹងចាប់ផ្តើមនៅថ្ងៃទី30-31 ខែតុលា ឆ្នាំ2020 និងថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2020 ពីម៉ោង 11ថ្ងៃត្រង់រហូតដល់ម៉ោង 7ល្ងាច រាល់ល័ក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តដោយផ្សារទំនើប មីត ថោន។

    រង្វាន់ដែលអតិថិជនអាចនឹងទទួលបានគឺមានដូចជា ថង់យួរដៃបរិស្ថាន និងម៉ាស់ដ៏ស្រស់ស្អាតពីផ្សារទំនើប មីត ថោន។​ អាវយឺត និងដបទឹកដ៏គួរឱ្យទាក់ទាញពីក្រុមហ៊ុន Smart Axiata។ ទឹក​លាងដៃ​សម្លាប់​មេរោគពីផ្សារទំនើប Lucky​​ Super Market, ការបញ្ចុះតំលៃ 2ដុល្លា ពីភោជនីយដ្ឋាន Sake Restaurant, ការបញ្ចុះតំលៃ 5ដុល្លា ពីហាងលក់ស្រាក្រហម Best Wine Library​ និងការបញ្ចុះតំលៃ 50% ពី Potato Corner និង Think Nature។

    លើសពីនេះទៀតអថិជននឹងទទួលបានពោត​ផ្ទុះពីរោងភាពយន្ត Legend Cinema គូប៉ុងហ្រ្វីសមួយសន្លឹកសម្រាប់ក្មេងៗ លេងកម្សាន្តនៅ Kids Park។​ អតិថិជនក៏អាចទទួលបានគូប៉ុងពី Lucky Burger​ ដើម្បីប្តូរយកដំឡូងបំពង ឬក៏កូកាកូឡា ហើយនិងទទួលបានគូប៉ុងបញ្ចុះតំលៃស្មើនឹង 1ដុល្លា ពីម៉ាកស្បែកជើង Havanias និង Crock។ អតិថិជនក៏អាចទទួលបានគូប៉ុងទិញកែវតូច បានកែវធំ ពីហាងតែបៃតងជប៉ុនពី CHATOKI ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជននឹងទទួលបានការ៉េមខ្ទិះដូងធម្មជាតិពី Hello Coconut ដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរនៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ។​

    រូបភាពដោយ៖ សហការី

  • 4 Checklist រឿងផ្ទះ…កែសម្រួលបរិយាកាសឱ្យស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី

    4 Checklist រឿងផ្ទះ…កែសម្រួលបរិយាកាសឱ្យស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី

    រដូវកាលឆ្នាំថ្មី អាចហៅបានថាជារដូវកាលនៃសេចក្ដីសុខមួយទៀតដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ។ អ្នកខ្លះមានផែនការធ្វើដំណើរទៅលេងតាមបណ្ដាខេត្ត អ្នកខ្លះក៏ទៅលេងក្រៅប្រទេស ឬអ្នកខ្លះអាចនឹងនៅផ្ទះសម្រាកសប្បាយៗជាមួយក្រុមគ្រួសារ។ល។ រដូវកាលឆ្នាំថ្មី ក្រៅពីជាអំឡុងពេលនៃសេចក្ដីសុខដែលយើងបានសម្រាកសប្បាយយ៉ាងពេញទំហឹងហើយនោះ នៅអាចរាប់បានថាជាអំឡុងពេលដែលយើងត្រូវរំឭកឡើងវិញនូវរឿងរ៉ាវផ្សេងៗដែលយើងគិតថានៅមិនទាន់បានធ្វើនៅឡើយទៀតផង ដូច្នេះដើម្បីជាកាដូឆ្នាំថ្មី ទំព័រតុបតែងផ្ទះរបស់ទស្សនាវដ្តី ឡារ៉ែន បានរួបរួម 4 checklist ពាក់ព័ន្ធនឹងរឿងផ្ទះមកជម្រាបជូនអ្នកដែលស្រឡាញ់ផ្ទះសំបែងទាំងឡាយឱ្យបានជ្រាបទាំងអស់គ្នាដូចខាងក្រោម។

    1 . សម្អាតផ្ទះសំបែង ៈ បោសជូតសម្អាតផ្ទះឱ្យស្អាត និងឱ្យរៀបរយគួរឱ្យចង់រស់នៅស្វាគមន៍ឆ្នាំថ្មី ដោយចាប់ផ្ដើមពីការបោសជូតនៅក្នុងបរិវេណផ្សេងៗរបស់ផ្ទះឱ្យស្អាត រៀបចំរបស់របរគ្រឿងប្រើប្រាស់ទុកដាក់ឱ្យមានរបៀបរៀបរយ រួមទាំងញែកបំបែកវត្ថុផ្សេងៗដែលយើងលែងសូវបានប្រើការហើយ ដូចជាខោអាវ សៀវភៅ និងរបស់ប្រើប្រាស់ផ្សេងៗ ដោយយើងអាចប្រមូលទុកមួយដុំដើម្បីយកទៅបរិច្ចាគ ដែលក្រៅតែពីធ្វើឱ្យផ្ទះរបស់យើងមើលទៅស្អាត និងទូលាយស្រឡះឡើងហើយនោះ នៅជួយធ្វើឱ្យផ្ទៃខាងក្នុងផ្ទះនៅសល់ទីកន្លែងទំនេរច្រើនឡើងទៀតផង។

    2 . ផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះ ៈ ស្វាគមន៍រដូវកាលនៃសេចក្ដីសុខដោយការរៀបចំផ្ទះជាថ្មី ផ្លាស់ប្ដូរបរិយាកាសឱ្យមើលទៅស្រស់ស្អាត និងស្រស់ថ្លាខ្លាំងឡើង ដូចជា ថែមថូផ្កាស្អាតៗដាក់នៅតាមជ្រុងផ្សេងៗនៅក្នុងផ្ទះ ក៏នឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លាបានដូចគ្នា ឬក៏តុបតែងដាក់តាំងស៊ុមរូបភាពនៅតាមជ្រុងផ្សេងៗនៃជញ្ជាំងផ្ទះ មិនថាតែរូបថតក្រុមគ្រួសារ រូបទីកន្លែងទេសចរណ៍ ឬរូបភាពសិល្បៈផ្សេងៗ ក៏ជាការបន្ថែមភាពស្រស់ស្អាតដល់ផ្ទះ និងផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះបានដូចគ្នាដែរ។

    3 . លាបពណ៌ផ្ទះជាថ្មី ៈ ស្វាគមន៍ឆ្នាំថ្មីដោយការតុបតែងបន្ថែមនូវពណ៌ប្លែកៗថ្មីៗ និងភាពភ្លឺស្រស់ដល់ផ្ទះដដែលរបស់យើងឱ្យមើលទៅគួរឱ្យចង់ស្នាក់សម្រាកនៅខ្លាំងឡើងថែមទៀត ដោយការលាបពណ៌ថ្មីៗ ឬបើប្រិយមិត្តណាចូលចិត្តជញ្ជាំងដែលមានក្បាច់ក្បូរស្អាតៗនោះ អាចនឹងសាកល្បងតុបតែងជញ្ជាំងផ្ទះដោយក្រដាសវ៉លផេភើររូបឡូយៗ ស្អាតៗគួរឱ្យស្រឡាញ់ ដូចជារូបស្លឹកឈើ រូបធម្មជាតិ រូបតុក្កតា និងផ្សេងៗទៀត ក៏រាប់បានថាជាវិធីមួយដែលជួយបន្ថែមបរិយាកាសឱ្យផ្ទះរបស់យើងមើលទៅកាន់តែស្រស់ស្អាត និងរីករាយក្នុងឱកាសឆ្នាំថ្មីឡើងថែមទៀតដែរ។

    4 . Renovate ផ្ទះ ៈ តថែម ឬកែសម្រួលផ្នែកផ្សេងៗខាងក្នុងផ្ទះឱ្យមើលទៅស្រស់ស្អាតខ្លាំងឡើងដោយការ Renovate (រៀបចំកែឱ្យល្អជាថ្មី)ផ្ទះ មិនថាតែ ក្រាលអិដ្ឋការ៉ូខាងមុខផ្ទះជាថ្មី លាបពណ៌ជញ្ជាំងផ្ទះ និងរួមទាំងការរករបស់ស្អាតៗ ល្អៗ ប្លែកៗមកតុបតែងលម្អផ្ទះ ក៏អាចរាប់បានថាជាការបន្ថែមភាពប្លែកភ្នែក ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែស្រស់ស្អាតទាន់សម័យឡើងដែរ។

    …យ៉ាងម៉េចដែរ ជាមួយនឹង 4 checkList ពាក់ព័ន្ធនឹងរឿងផ្ទះដែលឡារ៉ែនបាននាំយកមកជម្រាបជូនប្រិយមិត្តអ្នកអានដូចខាងលើ យើងសង្ឃឹមថា វានឹងមានប្រយោជន៍សម្រាប់គ្រប់ៗគ្នា ព្រោះការមើលថែទាំផ្ទះក្នុងផ្នែកផ្សេងៗឱ្យបានជាប់ជានិច្ច អាចរាប់បានថាជារឿងសំខាន់មួយទៀតដែលយើងមិនគួរមើលរំលងឡើយ ព្រោះរឿងទាំងអស់នេះ គឺជាកត្តាដែលជួយបង្កើនធ្វើឱ្យបរិយាកាសក្នុងផ្ទះរបស់យើងមើលទៅស្រស់ស្អាត និងកាន់តែគួរឱ្យចង់រស់នៅឡើងហ្នឹងឯង៕

  • ហាងលក់មាន់បំពង KFC នៅកូរ៉េខាងត្បូង នឹងប្រើប្រាស់បច្ចេកវិទ្យា រ៉ូបូត របស់ក្រុមហ៊ុន Hyundai

    ហាងលក់មាន់បំពង KFC នៅកូរ៉េខាងត្បូង នឹងប្រើប្រាស់បច្ចេកវិទ្យា រ៉ូបូត របស់ក្រុមហ៊ុន Hyundai

    កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រុមហ៊ុន​ជំនាញ​ផលិត​រ៉ូ​បូត​ឈានមុខ​គេ​នៅ កូរ៉េខាងត្បូង Hyundai Robotics Co.បានប្រកាស​ជា​ផ្លូវការ នូវ​ជំហាន​ថ្មី​មួយ របស់ខ្លួន ជាមួយ​ក្រុមហ៊ុន KFC ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កូរ៉េ និង​ជា​យីហោ​ហាង​អាហារសម្រន់ (fast food) ដ៏​ល្បី​ជាងគេ​លើ​ពិភពលោក។

    កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ទាំង2  បានធ្វើឱ្យ​វិស័យ food-tech market នៅ​កូរ៉េ ឈានទៅ​មុខ 1កម្រិត​ទៀត ពោលគឺ នឹង​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​របស់ រ៉ូ​បូត មក​បម្រើ​សេវាកម្ម​ផ្នែក​ចម្អិនផ្សេងៗ ដូចជា ចៀន​មាន់ និង​បំពង​ដំឡូង ជាដើម។

    ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន Hyundia ក៏​គ្រោង​នឹង​ផលិត​ជា តួខ្លួន​រ៉ូ​បូត​ទាំងមូល​តែម្ដង ហើយ​មិនមែន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ  Hyundia ដែល​បាន​សហការ​នឹង KIT ក៏​នឹង​ផ្តោតលើ Software development ដោយ​នឹង​ប្រើប្រាស់​បណ្ដាញ 5G, បច្ចេកវិទ្យា AI និង Big Data Solutions ដើម្បី​អភិវឌ្ឍ​វិស័យ​រ៉ូ​បូត​របស់ខ្លួន ឱ្យ​កាន់តែខ្លាំង​ជាងនេះទៀត​ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា ក្នុង​ឆ្នាំ2022 ខាងមុខនេះ  វិស័យ food-tech market ទូទាំង​ពិភពលោក ត្រូវបាន​គេ​សន្មត​ថា អាច​នឹង​កើនឡើង​ក្បែរ 6%  (ប្រមាណ 5,8%)ជាមួយនឹង​ទឹកប្រាក់ ច្រើនជាង 250ប៊ី​លាន​ដុល្លារ​អាមេរិក៕

  • តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ?

    តើម្ដាយឈឺ មិនស្រួលខ្លួន ឱ្យកូនបៅដោះបានឬទេ? ជាសំណួរមួយដែលជួបប្រទះជាញឹកញាប់ថា តើបើឈឺបែបហ្នឹងឱ្យកូនបៅដោះតាមប្រក្រតីបានទេ? ហើយបើឱ្យកូនបៅដោះម្ដាយដែលកំពុងឈឺ តើកូននឹងឈឺតាមម្ដាយឬទេ?។ ដោយសារតែក្មេងតូចមានប្រព័ន្ធការពារជំងឺតិចជាមនុស្សធំ ដូច្នេះអ្នកម្ដាយគួរបង្កើនប្រព័ន្ធការពាជំងឺដល់កូនដោយឱ្យកូនបានបៅទឹកដោះម្ដាយឱ្យបានច្រើនបំផុត តែ…ចុះបើម្ដាយកំពុងឈឺវិញ? សូមឆ្លើយនៅពេលនេះតែម្ដងចុះថា អ្នកម្ដាយអាចឱ្យកូនរូចបៅដោះបានតាមប្រក្រតី។

    ក្នុងខណៈដែលម្ដាយឈឺ ឬប្រព័ន្ធការពារជំងឺថយចុះ គ្រាប់ឈាមសនឹងបញ្ជូនសញ្ញាទៅក្រពេញទឹករងៃ បន្ទាប់ពីនោះរាងកាយក៏នឹងប្រញាប់ផលិតប្រព័ន្ធការពារជំងឺចេញមក ហើយប្រព័ន្ធការពារជំងឺនេះក៏នឹងត្រូវបញ្ចេញមកតាមសុដន់ម្ដាយភ្លាមៗ ដូច្នេះពេលកូនបៅទឹកដោះម្ដាយចូលទៅ ក៏នឹងទទួលបានប្រព័ន្ធការពារជំងឺទៅជាមួយដែរ។

    ឧទាហរណ៍ដូចជា អ្នកម្ដាយកើតជំងឺកញ្ជ្រិល ដែលបណ្ដាលមកពីមេរោគវីរុស វ៉ារិសេលឡាក៏អាចឱ្យកូនតូចបៅដោះបានតាមប្រក្រតី គ្រាន់តែប្រយ័ត្នប្រយែងកុំឱ្យពងអុចកញ្រ្ជិលទៅប៉ះនឹងខ្លួនកូនប៉ុណ្ណោះ។ រឹតតែស្រ្តីជាម្ដាយណាកើតរោគប្រតិកម្មចាញ់ រឹតតែត្រូវឱ្យកូនបៅដោះឱ្យយូរ និងច្រើនបំផុត។

    តែបើសិនជាឈឺធ្ងន់រហូតដល់អាចត្រូវញ៉ាំថ្នាំ អ្នកម្ដាយអាចញ៉ាំថ្នាំបាន។ ថ្នាំដែលអ្នកម្ដាយអាចញ៉ាំបាន ភាគច្រើនជាថ្នាំធម្មតាទូទៅដែលញ៉ាំដើម្បីព្យាបាលរោគ ឬអាការឈឺថ្កាត់ផ្សេងៗ ដូចជាផ្ដាសាយ ឈឺក ថ្នាំបញ្ចុះកម្ដៅ បំបាត់ការឈឺចាប់ វីតាមីន និងថ្នាំអង់ទីប៊ីយ៉ូទិក។ ថ្នាំពពួកនេះជាថ្នាំដែលមិនមានផលគ្រោះថ្នាក់ដល់ម្ដាយ និងកូនតូចឡើយ លើកលែងតែថ្នាំមួយប្រភេទដែលមានឈ្មោះថា តេត្រាស៊ីគ្លីន( Tetracycline) ព្រោះថ្នាំនេះនឹងធ្វើឱ្យធ្មេញកូនតូចឡើងពណ៌លឿង។

    ដូចដែលបានរៀបរាប់មកហើយ អាការឈឺថ្កាត់របស់ម្ដាយគ្មានផលប៉ះពាល់អ្វីជាមួយការឱ្យកូនបៅដោះទេ ព្រោះទឹកដោះម្ដាយមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូន។ ការឱ្យកូនតូចបៅទឹកដោះម្ដាយមានចំណុចលើកលែងមិនច្រើនប៉ុន្មានទេ ដូចជារឿងការទទួលទានអាហារ និងការញ៉ាំថ្នាំប្រភេទខ្លះតែប៉ុណ្ណោះ៕​