Author: ធឿន មករា

  • ស្មាតហ្វូនក្រាស់មាំ ចេញថ្មី តម្លៃតែ 299ដុល្លារ មានមុខងារ Night Vision លើកាមេរ៉ា

    ស្មាតហ្វូនក្រាស់មាំ ចេញថ្មី តម្លៃតែ 299ដុល្លារ មានមុខងារ Night Vision លើកាមេរ៉ា

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន យីហោ Doogee ដែល​គេ​ដឹងថា តែងតែ បញ្ចេញ​ស្មា​ត​ហ្វូ​នក្រាស់ៗ មាំៗ មាន​សមត្ថភាព​ខ្ពស់ មិន​ងាយ​ឆ្កូត ឬ​ច្រើន​មាន​គេ យកទៅ​ប្រើ នៅក្នុង​ការដ្ឋាន​សំណង់ធំៗនោះ  ថ្មីៗនេះ បាន​បញ្ចេញ​ម៉ូ​ដែល S96 Pro ថ្មី និង​បានប្រកាស​ចេញលក់ នៅលើ​វេ​ប​សាយ AliExpress ក្នុងតម្លៃ​តែ 299ដុល្លារ​ប៉ុណ្ណោះ។

    កាមេរ៉ា​ក្រោយ 4គ្រាប់​របស់​វា ទី1 មាន​ទំហំ 48 MP f/1.8 និង 1ទៀត បំពាក់​ដោយ​សិន​ស៊ើ​រ 20 MP ឯ 1គ្រាប់​ទៀត​ទំហំ 20 MP សិន​ស៊ើ​រ Sony IMX350 ultra ជាមួយនឹង infrared lights ប្រភេទ night vision មាន​តួនាទី អាច​ថត​ពេលយប់​បាន និង​មាន​ភ្លើង LED ទៀតផង។ កាមេរ៉ា​ម្ខាង​ទៀត​ទំហំ 8 MP ultrawide ជាមួយនឹង​លេន​ស៍ 130-degree field-of-view និង 1ទៀត ជា​កាមេរ៉ា​តូច​ជាងគេ  2 MP macro សិន​ស៊ើ​រ។

    មុខងារពិសេសៗរបស់​ស្មា​ត​ហ្វូ​ន ប្រភេទ​ធន់​មាំ 1នេះ គឺមាន​កម្រិត​ការពារ​ទឹក IP68 និង IP69K ឯ​ភាព​ធន់​លេខ MIL-STD 810G អាច​យកទៅ​ពិសោធ ដោយ​ការទម្លាក់​ចូលទៅ​ត្រាំ​ក្នុង​ទឹក​ជម្រៅ 1,5ម៉ែត្រ បាន​ក្នុង​រយៈពេល 30នាទី និង​ជាពិសេស​អាច​ទ្រាំ​នឹង​ទឹក​ជ្រៅ​បំផុត 5ម៉ែត្រ ក៏​នៅតែ​អាច​យកមកប្រើ​ទៀត​បានដែរ។

    Doogee S96 Pro ដំណើការ​ដោយ Android 10 មាន​ថាមពល​ថ្ម​ធំ ដល់​ទៅ ៦៣៥០ mAh ចេញមក​ព្រមជាមួយ​ឆ្នាំង​សាក Fast charge បញ្ចូលភ្លើង 24W ទៀតផង។

    សម្រាប់ Specs(លក្ខណសម្បត្តិ) វិញ​គឺ​ប្រើ​ឈី​ប Media Tek Heilo G90 មាន RAM 8GB/128 មេម៉ូរី អាច​ថែម​កាត​ក្រៅ​បាន និង​អេក្រង់​ប្រភេទ touch screen មានមុខ​ងារ​ស្គែ​ន​ដៃ​ដោះ​សោរ ឬ​ស្គែ​ន​ផ្ទាំ​មុខ​បាន ជាមួយនឹង​កាមេរ៉ា​មុខ 1គ្រាប់ រចនា​ឡើង​បែប​ដំណក់ទឹក។

    គួរ​រំឭក​ផងដែរ​ថា ប្រភេទ​ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ ក៏មាន​ច្រើន​ម៉ាក​ដែរ ដូចជា Blackview, Ulefone, Homtom, Cat, Zebra, AGM និង Vernee ដែល​ទាំងអស់នោះ​សុទ្ធតែធន់ៗ មាំៗ កម្រិត​ខ្ពស់ ដោយមាន​ខ្លះ អាច​ធ្លាក់​ពី​ជណ្ដើរ​ខ្ពស់ ក៏​មិន​បែក​អេក្រង់​ទៀតផង៕

    Doogee S96 Pro rugged smartphone launches with infrared night visionDoogee S96 Pro rugged smartphone launches with infrared night vision
  • iPhone 12 Pro ពិតជា មាំខ្លាំងណាស់ ទម្លាក់ 3ដងហើយ នៅតែធម្មតា

    iPhone 12 Pro ពិតជា មាំខ្លាំងណាស់ ទម្លាក់ 3ដងហើយ នៅតែធម្មតា

    គណនី YouTube មួយ ឈ្មោះថា PhoneBuff បានធ្វើ​តេស្ត​ទម្លាក់ iPhone 12 និង iPhone 12 Pro ដើម្បី​ជាការ​ពិសោធ ដែល​បានចាប់ផ្ដើម​ដំបូង ដោយ​ការទម្លាក់​ខាង​ខ្នង​ទូរស័ព្ទ​មក​មុន ក្នុង​កម្ពស់ 1.5ម៉ែត្រ…លទ្ធផល​គឺ iPhone 12 ប្រេះ ឬ​ស្រាំ កញ្ចក់​ខាងក្រោយ ខណៈដែល iPhone 12 Pro នៅមាន​រូបរាង និង​ទ្រង់ទ្រាយ​ដូចដើម​យ៉ាង​ល្អ។ បន្ទាប់មកទៀត គឺ​ការធ្វើ​តេស្ត ដោយ​ទម្លាក់​ពី​ផ្នែក​ចំហៀង ដែល​លទ្ធផល​គឺ iPhone ទាំង2 បានន​រង​ការ​ឆ្កូត​បន្តិចបន្តួច​ដូចគ្នា។

    ក្រោយមកទៀត គឺ​ការធ្វើ​តេស្ត​ទម្លាក់ ដោយ​ដាក់​ខាង​អេក្រង់​ចុះក្រោម​ម្ដង ដែលជា​លទ្ធផល​ឃើញថា កញ្ចក់ Ceramic Shield ពិតជា​អាច​ការពារ​អេក្រង់ iPhone 12 បាន​យ៉ាង​ល្អ ដោយ​អេក្រង់ iPhone ទាំង2 នោះ មិនមាន​ស្នាម​ប្រេះ ឬ​ស្រាំ សោះឡើយ។

    ដោយសារ​អេក្រង់ មិនមាន​ប្រេះ ឬ​ស្រាំ​សោះ ទើបត្រូវ​ឈានចូល​ដល់​ការធ្វើ​តេស្ត​បន្តទៀត ជាការ​ធ្វើតេស្ត​ទម្លាក់​ពី​កម្ពស់​ទាប​ជាង 1.5ម៉ែត្រ និង​ទម្លាក់​ចំនួន 10ដងជាប់ៗគ្នា។ ក្រោយពី​ទម្លាក់ 10ដង​រួចមក គេ​សង្កេតឃើញថា អេក្រង់ iPhone 12 ទាំង 2ម៉ូ​ដែល​នោះ នៅតែ​មិនមាន​ប្រេះស្រាំ​អ្វី​ដដែល។ ប៉ុន្តែ​កញ្ចក់​ខាងក្រោយ​របស់ iPhone 12 រង​ការ​ប្រេះ និង​ស្រាំ​កាន់តែខ្លាំង រហូត​ធ្វើឱ្យ​កាមេរ៉ា​ក្រោយ​មាន​បញ្ហា។ នៅ​មិនទាន់​អស់ចិត្ត​ទេ… គេ​បានធ្វើ​តេស្ត លើកចុងក្រោយ​មួយទៀត ដោយ​ការទម្លាក់ iPhone 12 ទាំង 2នោះ ទៅលើ​ដុំថ្ម​ស៊ីម៉ង់ត៍​ម្ដង ហើយ​លទ្ធផល គឺ​នៅតែ​មិនអាច​ធ្វើឱ្យ​អេក្រង់ iPhone 12 ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ដើម​បានឡើយ។

    សូម​រំឭក​ដែរ​ថា អេក្រង់ iPhone 12 ទាំង 4ម៉ូ​ដែល ត្រូវបាន​ការពារ ដោយ​កញ្ចក់​ការពារ​បែប​ថ្មី ដែល Apple ឱ្យ​ឈ្មោះថា Ceramic Shield ព្រមទាំង​បាន​អះអាង​ទៀតថា វា​អាច​ទ្រាំទ្រ​នឹង​ការធ្លាក់​បានល្អ​ប្រសើរ​ជាង​មុន រហូតដល់​ទៅ 4ដង​ឯណោះ។

    ការអះអាង​របស់ Apple នេះ បាន​នាំឱ្យ​កើតមាន​ការចង់​ដឹងថា តើ​អេក្រង់ iPhone 12 អាច​ទ្រាំទ្រ​នឹង​ការធ្លាក់ បាន​ខ្លាំង​ដល់​កម្រិតណា?។ ដូច្នេះហើយ ទើប​មានការ​បង្កើត​វីដេអូថ្មីៗជាច្រើន ដែលជា​ការធ្វើ​តេស្ត​លើ​អេក្រង់ iPhone 12 នេះ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • បង្វិលឈ្នះៗ ចាយលុយតាម WingPay នៅសផ្សារ Aeon

    បង្វិលឈ្នះៗ ចាយលុយតាម WingPay នៅសផ្សារ Aeon

    ដើម្បីអបអរពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ នាពេលខាងមុខនេះ វីងនឹងផ្តល់រង្វាន់ ទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$​ ចំនួន១០រង្វាន់ ២០$ ចំនួន៥០រង្វាន់ ១០$ ចំនួន១០០រង្វាន់ នាឡិការរាប់រយរង្វាន់ និងរង្វាន់ជាច្រើនផ្សេងទៀត ដល់អតិថិជន។

    ដើម្បីក្លាយជាម្ចាស់រង្វាន់​ទាំងនេះ អតិថិជនគ្រាន់តែទូទាត់ថ្លៃទំនិញតាមរយៈស្កេន QR code ក្នុងកម្មវិធី Wing Money App ចាប់ពី១០ដុល្លារឡើងទៅជាមួយហាងដៃគូហការវីងនៅផ្សារទំនើបអ៊ីអនទី១ និង ផ្សារទំនើបអ៊ីអនទី២ នោះលោកអ្នកនឹងមានឱកាសបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

    ក្រោយស្កេន QR code ក្នុងកម្មវិធី Wing Money Appរួច សូមលោកអ្នកយកវិកយបត្រមកបង្ហាញជូនក្រុមការងាររបស់វីងដើម្បីមទទួលសិទ្ធិបង្វិលកងសំណាង យករង្វាន់ប្រចាំថ្ងៃពីវីង ។ ក្រោយពីបញ្ចប់ប្រម៉ូសិននេះ វីង នឹងធ្វើការចាប់ឆ្នោតតាមរយៈប្រព័ន្ធកុំព្យូទ័រដើម្បីជ្រើសរើសអ្នកមានសំណាងឈ្នះទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$​ ចំនួន១០រង្វាន់និង​នាឡិការដៃ Mi band ចំនួន២០រង្វាន់។

    ​ឈ្មោះអ្នកឈ្នះរង្វាន់ធំ នឹងត្រូវប្រកាសតាមរយៈទំព័រFacebookផ្លូវការរបស់ធនាគារឯកទេសវីង នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០។​ ប្រម៉ូសិននេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៣ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

    កុំភ្លេចណា ទូទាត់ចំណាយតាម Wing Money App ជាមួយហាងដៃគូសហការវីងនៅផ្សារទំនើបអ៊ីអន ទាំងពីរសាខាដើម្បីបង្វិលកងសំណាងយករង្វាន់៕

  • ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយរបស់ក្រុមហ៊ុន OYIKA នៅព្រះរាជាណាចក្រកម្ពុជា

    ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយរបស់ក្រុមហ៊ុន OYIKA នៅព្រះរាជាណាចក្រកម្ពុជា

    រាជធានីភ្នំពេញ ថ្ងៃទី២៧ខែតុលា ឆ្នាំ២០២០៖ យោងទៅតាមការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងនៅប្រទេស ស្វីស និងត្រូវបានបោះពុម្ពផ្សាយដោយព្រឹត្តិបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាននិងបច្ចេកវិទ្យានៃសង្គមគីមី សាស្ត្រសហរដ្ឋអាមេរិក (American Chemical Society) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ជារួមមកទោចក្រយានយន្តបញ្ចេញនូវសារធាតុអ៊ីដ្រូកាបូនប្រមាណជាង ១៦ ដង សារធាតុកាបូនម៉ូណូអុកស៊ីតប្រមាណជាង ៣ ដង និង សារធាតុពុលក្នុងអាកាសដទៃទៀតដែលមានគម្លាតមិនសមាមាត្រច្រើនជាងរថយន្តអ្នកដំណើរ។ សារធាតអ៊ីដ្រូកាបូនដែលបញ្ចេញដោយទោចក្រយានយន្តកង់ពីរនេះ មានភាពទាក់ទងទៅនឹងការកើនឡើងនៃកម្តៅផែនដី និងត្រូវបានសង្ស័យថាបង្កនូវជម្ងឺមហារីកដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សជាតិ។

    រឿងចាំបាច់ដែលត្រូវធ្វើនៅពេលនេះគឺការផ្លាស់ប្តូរទៅរកការប្រើប្រាស់ទោចក្រយានយន្តដែលយកចិត្តទុកដាក់ទៅលើបរិស្ថាន និងមិនប៉ះពាល់ដល់សុខភាពមនុស្សជាតិ។ ទោចក្រយានយន្តដែលប្រើប្រាស់អគ្គិសនី គឺជាចម្លើយតែមួយគត់ ហើយក្រុមហ៊ុនOYIKAគឺមានដំណោះស្រាយមួយដើម្បីកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី (e-motorbike)។

    OYIKA គឺជាក្រុមហ៊ុនដែលត្រូវបានវិនិយោគដោយក្រុមបណ្តាក់ទុនរួមរបស់ប្រទេសសិង្ហបុរី ហើយបានចាប់ផ្តើមធ្វើឱ្យគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយសំរាប់ទោចក្រយានយន្តលេចជារូបរាងឡើងនៅឆ្នាំ២០១៨។ ក្រុមហ៊ុន OYIKA បានចូលមកព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៩ និង ត្រូវបានដឹកនាំដោយលោកប្រធាន Carl Wong ។

    ជាមួយនឹងគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ ក្រុមហ៊ុន OYIKA អនុញ្ញាតឱ្យអ្នកជិះទោចក្រយានយន្តអគ្គិសនីផ្លាស់ប្តូរអាគុយដែលអស់ថាមពលជាមួយនឹងអាគុយមួយដែលបានសាកពេញ នៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗ។ ជំនួសឱ្យការចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធននៅពេលដែលទោចក្រយានយន្តអស់សាំង អ្នកជិះអាចប្តូរអាគុយនៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗបាន។ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយចាប់ផ្តើមជំនួសឱ្យការចាក់សាំង។ វាក៏មានតម្លៃថោកជាងសាំងផងដែរ។

    ហេតុអ្វីដែលត្រូវធ្វើការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ? ពីព្រោះយើងបានគិតពីក្តីបារម្ភជាច្រើនទាក់ទងទៅនឹងការធ្លាក់ចុះនៃគុណភាពអាគុយ និង ការទិញអាគុយដែលមានតម្លៃថ្លៃ ដែលជាឧបសគ្គក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី។ ដំណោះស្រាយរបស់ក្រុមហ៊ុន OYIKA នឹង ដោះស្រាយនូវក្តីកង្វល់ទាំងអស់នេះ។

    គេឃើញមានយានយន្តដែលបានចុះបញ្ជីជាង ៥លានគ្រឿង ដែល ៨៥%គឺជាទោចក្រយានយន្ត ហើយមាន តិចជាង ០.១% ដែលប្រើប្រាស់ថាមពលអគ្គិសនី។ យោងទៅតាមតួលេខរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំ២០១៩ យានយន្តជាង ៦៤០.១៨៣ ត្រូវបានចុះបញ្ជី ហើយទោចក្រយានយន្តមាន ៥៣១.២៦៩។ ដូច្នេះ ការណែនាំឱ្យប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី គឺជាមធ្យោបាយដ៏ឆាប់រហ័សមួយក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពុលនៃយានយន្ត។

    ផ្ទុយពីជំនឿដែលពេញនិយមនាពេលបច្ចុប្បន្ន ប្រសិនបើគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយត្រូវបានចាប់ផ្តើមទូលំទូលាយ នោះទោចក្រយានយន្តអគ្គិសនីអាចនឹងមានតម្លៃថោកជាងទោចក្រ យានយន្តបែបប្រពៃណីដែលប្រើប្រាស់ចំហេះនៅខាងក្នុង (internal combustion engine: ICE) ។ ឧទាហរណ៍៖ អ្នកជិះមិនចាំបាច់ចំណាយប្រាក់ក្នុងការទិញអាគុយសំរាប់ទោចក្រយានយន្តអគ្គិសនី ជាមុនឡើយ ដែលមានតម្លៃប្រហែលជា ៥០% ឬច្រើនជាងតម្លៃសរុបរបស់ទោចក្រយានយន្ត។ ទោចក្រយានយន្តអគ្គិសនីមិនត្រឹមតែមានតម្លៃថោកដោយមិនចាំបាច់ទទួលឧបត្ថម្ភធនពីរដ្ឋាភិបាលនោះទេ ហើយវាអាចនឹងប្រកួតប្រជែងជាមួយនឹងការប្រើប្រាស់សាំងដែលត្រូវបានឧបត្ថម្ភធនដោយរដ្ឋ ដូចជាករណីនៅប្រទេសឥណ្ឌូនេស៊ី។

    ក្រុមហ៊ុន OYIKA បានសហការជាមួយនឹងម៉ាកទោចក្រយានយន្តអគ្គិសនីនៅក្នុងស្រុក និង បានផ្លាស់ប្តូរ ទោចក្រយានយន្តរបស់ពួកគេទៅជាទោចក្រយានយន្តឆ្លាតវៃ ដោយផ្គួបផ្សំវាជាមួយនឹងអាគុយឆ្លាតវៃ ដែលអាចយកតាមខ្លួនបានរបស់ក្រុមហ៊ុន OYIKA បណ្តាញនៃស្ថានីយ៍សាកអាគុយនានា និង កម្មវិធីApp ទូរស័ព្ទចល័ត។ ក្រុមហ៊ុន OYIKA បានជួយដល់ឧស្សាហកម្មទោចក្រយានយន្តអគ្គិសនីក្នុងស្រុក និង ដៃគូទោចក្រយានយន្តរបស់ខ្លួន។

    ឥឡូវនេះ ក្រុមហ៊ុន OYIKA ផ្តល់នូវការផ្លាស់ប្តូរអាគុយជាមួយដៃគូទោចក្រយានយន្តអាគុយរបស់ខ្លួន ដោយធ្វើការបង់ប្រាក់នៅពេលដែលចេញដំណើរតែប៉ុណ្ណោះ (pay-as-you-go) សំរាប់ការធ្វើដំណើរជិតៗ ការជួលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ សូមគិតថាវាដូចជាគម្រោងទូរស័ព្ទចល័តដែលយើងត្រូវបង់ប្រាក់ជាមុនក្នុងការប្រើប្រាស់។

    លោក Carl បានមានប្រសាសន៍ថា «យើងបានចាប់ផ្តើមដោយមានស្ថានីយ៍ចំនួន ១០ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានផ្តល់ដល់អ្នកជិះនូវគម្រោងបង់ប្រាក់ក្នុងតម្លៃ ៦៩ ដុល្លាក្នុង១ខែ ដោយផ្តល់ជូននូវទោចក្រយានយន្តអគ្គិសនីមួយគ្រឿង និង គម្រោងផ្លាស់ប្តូរអាគុយ សំរាប់ការធ្វើដំណើរចម្ងាយ ១៥០០ គីឡូម៉ែត្រ ក្នុង១ខែ» ។

    «និយាយឱ្យត្រង់ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយវាដំណើរការទៅមិនរលូនពេកនោះទេ។ ពីព្រោះមនុស្សភាគច្រើននៅស្រឡាញ់ចូលចិត្ត ទោចក្រយានយន្តដែលបញ្ចេញចំហេះខាងក្នុងរបស់ពួកគេ ហើយពួកគេនៅមិនទាន់ទុកចិត្តទៅលើទោចក្រយានយន្តអគ្គិសនី។ ដូច្នេះ យើងបានចាប់ផ្តើមនូវ Go2 ដែលជាសេវាកម្មធ្វើដំណើរដោយការចែករំលែក ដែលជាគម្រោងបង់ប្រាក់នៅពេលចេញដំណើរតែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យមានកិច្ចសន្យា មិនមានការបង់ប្រាក់ជាមុន និងប្រាក់កក់ឡើយ។ យើងចាប់ផ្តើមវានៅខែឧសភាឆ្នាំនេះ ដែលការចាប់ផ្តើមនេះមានចំណុចវិជ្ជមានជាច្រើន ហើយយើងមានបំណងបង្កើនឱ្យមានការប្រើប្រាស់វាច្រើនជាងនេះនៅឆ្នាំក្រោយ!»។

    «ការធ្វើដំណើរជាទូទៅត្រូវចំណាយប្រហែលជា ០.៧៥ ដុល្លាប៉ុណ្ណោះសំរាប់ចម្ងាយ ៦គីឡូម៉ែត្រ។ វាជាការធ្វើដំណើរដោយខ្លួនឯង។ ហើយមនុស្សអាចប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅពេលដែលត្រូវ ការ និងអាចទុកវានៅតាមគោលដៅស្ថានីយ៍នីមួយៗដែលមាន។» 

    «រឿងដែលសំខាន់នោះគឺ ការធ្វើដំណើរដោយចែករំលែកជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយបានចូលរួមកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីផងដែរ។»

    ក្រុមហ៊ុន OYIKA ទទួលបាននូវប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (United Nations Development Programme: UNDP) ដើម្បីពង្រីកនូវការសាកល្បងក្នុងការធ្វើដំណើរដោយការចែករំលែកនៅ រាជធានីភ្នំពេញ ដែលចូលរួមឱ្យការចាប់ផ្តើមរបស់វាអាចដំណើរការទៅបាន ហើយសង្ឃឹមថាអាចនឹងពង្រីក ឱ្យបានទូលំទូលាយទៅកាន់តំបន់ដាច់ស្រយាលនានានៃព្រះរាជាណាចក្រកម្ពុជា។

    លោក Carl បានបន្ថែមទៀតថា «គេមិនទាន់ឃើញមានសហគមន៍ផ្តល់សេវាកម្មធ្វើដំណើរសាធារណៈនៅតាមតំបន់ដាច់ស្រយាលនៅឡើយទេ។ ដូច្នេះការចែករំលែកទោចក្រយានយន្តអគ្គិសនីផ្តល់នូវការធ្វើដំណើរដែលមានតម្លៃសមរម្យទៅកាន់សហគមន៍តំបន់ដាច់ស្រយាលដោយមិនចាំបាច់ធ្វើការទិញយានយន្តជាមុនដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិ។វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្រ្តីនិងជនដែលងាយរងគ្រោះដែលមិនមានមធ្យោបាយ ធ្វើដំណើរដ៏ទុកចិត្តបានដោយខ្លួនឯង។»

    ការនាំមកនូវការធ្វើដំណើរដោយចែករំលែកនៅក្នុងតំបន់ដាច់ស្រយាលនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយទៅកាន់តំបន់ដទៃទៀតនៃប្រទេសផងដែរ។ សហគមន៍តំបន់ដាច់ស្រយាលជាច្រើនអាចដំណើរការស្ថានីយ៍ផ្លាស់ប្តូរអាគុយផ្ទាល់ខ្លួនបាន ហើយក្រុមហ៊ុននឹងធ្វើឱ្យវាមានតម្លៃដ៏សមរម្យ ដើម្បីឱ្យពួកគេអាចចាប់ផ្តើមនូវអាជីវកម្មមួយនេះបាន។ ខណៈដែលពួកគេមិនមានលទ្ធភាពក្នុងការបើកនូវស្ថានីយ៍ប្រេងឥន្ធនៈបាន ពួកគេអាចនឹងមានលទ្ធភាពក្នុងការចាប់ផ្តើមបើកនូវស្ថានីយ៍ផ្លាស់ប្តូរអាគុយតាមរយៈក្រុមហ៊ុន OYIKA បាន។

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។

    ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ

    – ទារកលែងសូវរើ។

    – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។

    – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើង។

    – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។

    – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។

    – កើតឬសដូងបាត។

    – ដកដង្ហើមរាងញាប់ឡើង។

    – គេងមិនលក់ ឬលក់មិនបានយូរ។

    – មានអារម្មណ៍ថា ស្បូនបង្រួញខ្លួនញាប់ឡើង ខ្លាំងឡើង ជួនកាលមានអាការឈឺចាប់ទៀតផង។

    – អ៊ីកអ៊ាក ពិបាកកម្រើកខ្លួន និងប្រថុយប្រថាននឹងការរអិលដួល។

    – មានទឹកដោះពណ៌លឿងស្លេកៗហូរចេញមកពីក្បាលដោះច្រើនឡើង។

    – ឆាប់ហត់ ឬមានអារម្មណ៍ថាមានកម្លាំងថាមពលខ្លាំងឡើង ឬមានទាំង 2យ៉ាងឆ្លាស់គ្នា។

    – ឆាប់ឃ្លាន ឬឃ្លានញឹកញាប់ ញ៉ាំច្រើន ឬធុញទ្រាន់ចំណីអាហារ ញ៉ាំបានតិចៗ(មិនទៀង)។

    – មានអារម្មណ៍ញាប់ញ័រ វិតក្កកង្វល់ ឬភ័យខ្លាចខ្លាំងឡើង។

    – មានអារម្មណ៍ធូរស្រាលខ្លាំងឡើង ព្រោះជិតដល់ពេលប្រសូតហើយ។

    – ឆាប់មួម៉ៅ ឆាប់ទន់ជ្រាយនឹងពាក្យសំដីរបស់អ្នកនៅជិតៗខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងការប្រសូត។

    – ឆាប់ខឹង និងមានអារម្មណ៍វិលវល់។

    រឿងដែលពេទ្យអ្នកពិនិត្យតាមដានគភ៌របស់អ្នកចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងគភ៌។

    4 . ពិនត្យមើលទំហំ និងរូបឬាងរបស់ស្បូន និងឥរិយាបថរបស់ទារកក្នុងគភ៌។

    5 . កម្ពស់របស់ស្បូន។

    6 . អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . វាយតម្លៃសភាពស្បូនដោយការពិនិត្យផ្ទៃក្នុង។

    8 . ភាពញឹកញាប់ឆ្ងាយពីគ្នា និងភាពខ្លាំងខ្សោយនៃការបង្រួញខ្លួនរបស់ស្បូន។

    9 . អាការខុសប្រក្រតីផ្សេងៗដែលអាចកើតឡើង។

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះ

    – ការជ្រើសរើសវិធីប្រសូតបុត្រថា តើត្រូវការប្រសូតតាមបែបធម្មជាតិ ឬការវះកាត់ប្រសូត។

    – សាងទម្លាប់ជាមួយមន្ទីពេទ្យ និងបន្ទប់ប្រសូត ដូចជាអាចនឹងដើរទៅមើលទារកទើបនឹងកើត បន្ទប់សម្រាកក្រោយប្រសូត ឬសុំពេទ្យមើលពីខ្សែវីដេអូពាក់ព័ន្ធនឹងបន្ទប់ប្រសូត ដើម្បីឱ្យមានភាពស៊ាំធ្លាប់ជាមួយវាខ្លាំងឡើង។

    – ទារកហួសកំណត់ប្រសូត គឺតាំងគភ៌យូរលើស 42សប្ដាហ៍។ ការតាំងគភ៌ដែលយូរជាងប្រក្រតី គឺយូរលើស 39សប្ដាហ៍ឡើង គ្រូពេទ្យដែលពិនិត្យតាមដានគភ៌នឹងពិចារណាជាពិសេសថា នឹងត្រូវធ្វើយ៉ាងណាបន្តទៀត។ បើសិនជាគ្រប់ 42សប្ដាហ៍ គ្រូពេទ្យនឹងជំរុញឱ្យកើតការប្រសូតតាមធម្មជាតិ ឬអាចនឹងត្រូវវះកាត់តាមតែករណីនីមួយៗ។

    – ការបែកទឹកភ្លោះ ជាទូទៅច្រើនតែមានការបែកមុនមួយខែ គឺនឹងមានការជ្រាបចេញមកបន្តិចបន្តួច ជាពិសេសពេលក្រោកអង្គុយ ឬខណៈពេលធ្វើចលនា ដូច្នេះទើបមិនចាំបាច់ភ័យព្រួយទេ ព្រោះមានតិចតួចណាស់ដែលបែកចេញមកច្រើន។

    ពេលវេលាស័ក្តិសមដែលគួរទៅមន្ទីពេទ្យដើម្បីប្រសូត អាចពិចារណាបានដូចខាងក្រោម ៈ

    1 . នៅពេលចាប់ផ្ដើមមានការឈឺពោះឆ្លងទន្លេមែនទែន ដោយការឈឺនោះនឹងឈឺជាប់រហូត និងឈឺខ្លាំងឡើងៗជារឿយៗ។

    2 . ការឈឺពោះប្រសូតមិនអាចជ្រើសពេលវេលា ឬដឹងមុនបានឡើយ ដូច្នេះ មិនថានៅទីណា ឬកំពុងធ្វើអ្វីនោះឡើយ គួរប្រញាប់ទៅមន្ទីពេទ្យ មិនចាំបាច់រង់ចាំឱ្យដល់ពេលម៉ោងពេទ្យធ្វើការនោះទេ។

    3 . បើមានឈឺពោះតិចៗ គួរសម្រាកនៅផ្ទះ 4 – 8ម៉ោង ដើម្បីឱ្យប្រាកដក្នុងចិត្តថា ពិតជាឈឺពោះឆ្លងទន្លេមែនហើយ ឬអាចនឹងទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យ ឬឆ្មបបាន៕

  • រីករាយខួប1ឆ្នាំរបស់realmeកម្ពុជា៖ក្លាយជាអ្នកនាំមុខគេផ្នែកបច្ចេកវិទ្យា និង នាំមកនូវបច្ចេកវិទ្យាពេញនិយមឈានមុខ

    រីករាយខួប1ឆ្នាំរបស់realmeកម្ពុជា៖ក្លាយជាអ្នកនាំមុខគេផ្នែកបច្ចេកវិទ្យា និង នាំមកនូវបច្ចេកវិទ្យាពេញនិយមឈានមុខ

    ថ្ងៃទី27​ ខែតុលា ឆ្នាំ2020 គឺជាថ្ងៃខួបគម្រប់១ឆ្នាំរបស់ realme ដែលជាម៉ាកដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យ និងការហ៊ានឆ្ពោះទៅមុខ នៅក្នុងទីផ្សារកម្ពុជា។ ហើយក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយម ដែលមានអាយុកាលវ័យក្មេងមួយ ដែលមានស្មារតី “ហ៊ានឆ្ពោះទៅមុខ” យកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផល ផ្តល់​​​​​​​​​​ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត។ ​​​​​​ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលាញ់និងការគាំទ្រពីអ្នកប្រើប្រាស់។

    ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០១៩ realme បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំនោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន ៦១ នៅទូទាំងពិភពលោក។ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩​ realme​ បានអនុវន្តបេសកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយម ជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ។​ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ​ realme បានក្លាយជាយីហោទូរស័ព្ទចល័ត កំពូលទី4 នៅកម្ពុជាយ៉ាងឆាប់រហ័ស។

    ក្នុងនាមជា “អ្នកនាំមុខគេ” ខាងបច្ចេកវិទ្យា​ realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និង មុខងារពិសេសៗ ដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់​ -ល-។

    ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់នៅលើ​ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា64MP​ 4គ្រាប់របស់វា ។

    ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្រ្តផលិតផល“1+4+N”សម្រាប់ផលិផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់​ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវ ភាពពេញនិយមសម្រាប់យុវវ័យ។

    នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើន ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ។ បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លារវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និង មុខងារពិសេស គ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែ ស្រស់បំព្រង។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation។

    realme ដែលមានអាយុកាលត្រឹម ១ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះក៏ដោយសារតែ ស្មារតី “ហ៊ានឆ្ពោះទៅមុខ” ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល​realme​នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា៕

  • រឿងពិតដ៏អស្ចារ្យ 5យ៉ាងរបស់ច្រមុះ និងការដឹងក្លិនរបស់មនុស្សយើង

    រឿងពិតដ៏អស្ចារ្យ 5យ៉ាងរបស់ច្រមុះ និងការដឹងក្លិនរបស់មនុស្សយើង

    ច្រមុះ ជាអវយវៈម្យ៉ាងដែលស្ថិតនៅលើផ្ទៃមុខរបស់មនុស្សយើង ដែលបំពេញតួនាទីរបស់ជីវិតដ៏សំខាន់ មានសម្ព័ន្ធភាពរវាងការទទួលដឹងក្លិន និងសុខភាពជារួម។ សម្ព័ន្ធភាពដែលថានេះ បានបង្ហាញឱ្យឃើញតាមរយៈចំនួនក្លិនដែលច្រមុះបានដឹង។ អត្ថបទនេះនឹងធ្វើឱ្យមិត្តអ្នកអានបានដឹងពាក់ព័ន្ធនឹងរឿងពិត 5យ៉ាងរបស់ច្រមុះ និងការទទួលដឹងក្លិនដែលអាចធ្វើឱ្យលោកអ្នកនឹងចម្លែកចិត្តមិនខាន។

    រឿងពិតទី 1 ៈ មនុស្សយើងអាចញែកក្លិនដែលខុសប្លែកគ្នាបានយ៉ាងតិច 1លានក្លិន

    ការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះពីមហាវិទ្យាល័យ រ៉ក់គី ហ្វេលលើរ៍ សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សយើងអាចហិតក្លិនដែលប្លែកៗពីគ្នាបាន យ៉ាងតិច 1លានក្លិន។ អ្នកវិទ្យាសាស្រ្តបានអធិប្បាយថា នៅពេលក្លិនចូលទៅក្នុងច្រមុះ ក្លិននឹងធ្វើដំណើរឆ្ពោះទៅរន្ធច្រមុះផ្នែកខាងលើ ចូលទៅចង្អូរទទួលក្លិន ដែលកោសិកាប្រសាទទទួលក្លិននៅក្នុងទីនោះ មានតួទទួលក្លិនដ៏ច្រើន ដែលអាចពិនិត្យចាប់ក្លិនផ្សេងៗពីគ្នា។ ពេលសរសៃប្រសាទត្រូវបានជំរុញ វានឹងបញ្ជូនសញ្ញាទៅខួរក្បាល ដែលធ្វើឱ្យកើតក្លិនដោយឡែកដែលអាចពិនិត្យចាប់បាន ដូចជា ក្លិនវ៉ានីលឡា ក្លិនក្រូចក្នុងរូបបែបមួយចំនួន ក្លិនប្រហើរ និងក្លិននំឃុកគីស្ថិតនៅក្នុងក្រុមក្លិនដែលប៉ងប្រាថ្នាខ្លាំងបំផុត។

    រឿងពិតទី 2 ៈ លោកអ្នកអាចដឹងក្លិនក្ដីភ័យខ្លាច និងក្ដីស្អប់ខ្ពើម

    តាមរយៈការស្រាវជ្រាវកាលពីឆ្នាំ2012 យើងអាចដឹងក្លិនក្ដីភ័យខ្លាច និងស្អប់ខ្ពើមតាមរយៈញើស ហើយអាចដឹងពីអារម្មណ៍បែបដូចគ្នាបាន។ មានការប្រមូលគំរូញើសពីមនុស្សប្រុសខណៈពេលមានអារម្មណ៍ភ័យខ្លាច និងស្អប់ខ្ពើម បន្ទាប់ពីនោះ អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកសាកល្បងដែលជាស្រ្តី ហិតក្លិនគំរូញើសដោយមិនឱ្យដឹងខ្លួន និងចាំសង្កេតមើលការធ្វើចលនាកែវភ្នែក និងការបញ្ចេញទឹកមុខ។ តាមរយៈការសង្កេតលទ្ធផលការស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលធំក្លិន “ញើសនៃក្ដីភ័យខ្លាច” បានបើកភ្នែកធំៗ ដែលបង្ហាញពីក្ដីភ័យខ្លាច និងក្រុមស្រ្តីដែលធំក្លិន “ញើសនៃក្ដីស្អប់ខ្ពើម” ក៏សម្ដែងទឹកមុខដែលបង្ហាញពីក្ដីស្អប់ខ្ពើមដូចគ្នា។

    រឿងពិត ទី 3 ៈ ច្រមុះជាអ្នកកំណត់សំឡេង

    សំឡេងកើតឡើងនៅក្នុងប្រអប់សំឡេង តែយ៉ាងណាក៏ដោយ សំឡេងនោះគ្រាន់តែជាសំឡេងដែលបន្លឺឡើងស្រាលៗ ហើយសំឡេងដែលយើងបានឮពីអ្នកដទៃពេលពួកគេនិយាយ ឬច្រៀង ភាគច្រើនសម្ព័ន្ធជាមួយគ្រោងសាងដែលញ័ររញ្ជួយនៅក្រោមបំពង់ក និងច្រមុះ។ វិធីដែលសំឡេងត្រូវសាងចេញមកពីលើប្រអប់សំឡេង គឺបច្ច័យដែលកំណត់ភាពក្រអៅក្រអួនរបស់សំឡេង កម្មវិធីនេះកើតឡើងនៅក្នុងច្រមុះ និងបំពង់ក។ អ្នកដែលកើតជំងឺគ្រុនផ្ដាសាយ ឬជំងឺប្រតិកម្មចាញ់ និយាយដោយសំឡេងដែលឡើងទៅច្រមុះ ដោយសារតែខ្យល់អាកាសមិនអាចឆ្លងកាត់ចេញមកខាងច្រមុះបាន ធ្វើឱ្យបាត់បង់ការខ្ទរសំឡេងក្នុងប្រហោងច្រមុះ។ សៃណឹស ដែលជាគ្រោងសារដែលពេញទៅដោយខ្យល់អាកាសដែលនៅក្នុងក្បាល មានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយច្រមុះ ព្រោះសៃណឹសជាផ្នែកដែលសំខាន់ក្នុងខ្ទរតបរបស់សំឡេង។

    រឿងពិតទី 4 ៈ មនុស្សស្រីមានការទទួលក្លិនល្អជាងមនុស្សប្រុស

    អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា មនុស្សស្រីមានការទទួលក្លិនល្អជាង និងមានការញែកក្លិនល្អជាងមនុស្សប្រុស។ ហេតុផលមួយដែលអធិប្បាយអំពីរឿងនេះ អាចដោយសារតែមនុស្សស្រីមានខួរក្បាល Cortex ស្រទាប់ថ្ងាសផ្នែកខាងមុខ( Orbital Prefrontal)ដែលអភិវឌ្ឍខ្លាំងជាង។ ចំណុចមានប្រៀបជាងនេះ ធ្វើឱ្យស្រ្តីមានសមត្ថភាពក្នុងការស្វែងរកមនុស្សដែលនឹងក្លាយជាគូគ្រងដែលល្អបំផុតបាន និងមានភាពពាក់ព័ន្ធ រួមទាំងយល់ដឹងជាមួយទារកល្អជាងទៀតផង។

    រឿងពិតទី 5 ៈ ការទទួលក្លិនដែលថយចុះ អាចទស្សន៍ទាយបានពីការស្លាប់ក្នុងពេលឆាប់ៗសម្រាប់មនុស្សចាស់

    តាមរយៈការសិក្សាស្រាវជ្រាវកាលពីពេលថ្មីៗនេះ អ្នកដែលមានសមត្ថភាពក្នុងការដឹងក្លិនថយចុះ អាចជារឿងដែលធ្វើឱ្យអាចទស្សន៍ទាយបានអំពីការស្លាប់ក្នុងរយៈពេល 5ឆ្នាំ។ ការសិក្សាស្រាវជ្រាវនេះបានដំណើរការជាមួយក្រុមអ្នកសាកល្បងដែលជាជនជាតិអាមេរិកាំងចំនួនជាង 3,000នាក់ដែលមានអាយុចាប់ពី 57 ដល់ 85ឆ្នាំ អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលមិនអាចដឹងក្លិនផ្សេងៗបាន ដូចជាក្លិនផ្កាកុលាប ក្លិនក្រូច និងក្លិនពេបពើមិនត៍ មានភាពប្រថុយប្រថានខ្ពស់ដល់ 3ដងក្នុងស្លាប់ក្នុង 5ឆ្នាំខាងមុខ៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

    វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ

    ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ ឬវត្ថុនោះ(ឬមនុស្ស ដូចជាម្ដាយ)បានដែរ។ ដូចជាបើលោកអ្នកយកវត្ថុណាមួយឱ្យគេមើល រួចហើយយកទៅលាក់នៅក្រោមភួយ ដោយធ្វើឱ្យគេមើលឃើញនៅនឹងមុខនោះ គេនឹងដឹងភ្លាមថា វត្ថុនោះនៅក្រោមភួយ ហើយនឹងប្រញាប់យកដៃចាប់ទាញភួយចេញដើម្បីឱ្យបានឃើញវត្ថុនោះជាមិនខាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង

    កូនចាប់ផ្ដើមយល់ពីពាក្យដែលនឹងប្រើសម្រាប់ប្រាប់ជាភាសាបានច្រើនឡើងហើយ ទោះជាបញ្ចេញសំឡេងចេញមកបានមិនអស់គ្រប់ពាក្យក៏ដោយ និងចេះនិយាយជាប្រយោគខ្លីបាន ដូចជាទៅដើរលេង ញ៉ាំទឹក ម៉ាក់ព…ជាដើម។ អ្នកម្ដាយចាំបាច់ត្រូវបង្កើន និងជំរុញវិវឌ្ឍនាការដល់កូនជាបន្តបន្ទាប់យ៉ាងជាប់លាប់ ដោយជំរុញឱ្យកូននិយាយឱ្យបានញឹកញាប់ បង្ហាត់ឱ្យគេចេះហៅឈ្មោះវត្ថុនោះគ្រប់ពេល ឬសួរជាសំណួរដើម្បីឱ្យកូនមានឱកាសបានរំឭកពីអ្វីដែលបានរៀនយល់ដឹងកន្លងមកដើម្បីឆ្លើយចេញមកជាពាក្យសំដីបាន។

    ឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនឱ្យស្គាល់ “ខុស-ត្រូវ” និង “គួរ-មិនគួរ” ផង ដោយការធ្វើខ្លួនជាគំរូ និងសម្ដែងចេញពីក្ដីសុភាព ក្ដីគោរព និងភាពអនុគ្រោះចំពោះអ្នកដទៃ។ មិនគួរប្រើអំពើហិង្សា ដូចជាការវាយ ឬការស្រែកជេរបញ្ចោរថាឱ្យក្មេងធ្វើជាការបង្ហាត់បង្រៀនកុមារឡើយ ព្រោះអំពើហិង្សាដែលមនុស្សធំធ្វើទៅលើក្មេង មិនបានជួយធ្វើឱ្យអ្វីៗល្អប្រសើរឡើងឡើយ តែវាថែមទាំងធ្វើឱ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅ ក្មេងនឹងរឹតតែតតាំងខ្លាំងឡើង ហើយនឹងរៀនយល់ដឹងថា ការប្រើកម្លាំងបាយជារឿងធម្មតា ដែលគេក៏អាចប្រើកម្លាំងបាយទៅលើអ្នកដទៃបានដូចគ្នាដើម្បីឱ្យបាននូវអ្វីដែលខ្លួនត្រូវការ ព្រោះគេធំធាត់ឡើងមកក្នុងសភាវបែបហ្នឹង ដែលនេះគឺជាបញ្ហាធំមួយនៅពេលអនាគត៕

  • វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ HUN SEN CUP ណាហ្គា​វើ​លដ៍ ប៉ះ វិសាខា តើ​ក្រុម​ណា​អាច​កាន់​ពាន​ឆ្នាំនេះ​បាន?

    វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ HUN SEN CUP ណាហ្គា​វើ​លដ៍ ប៉ះ វិសាខា តើ​ក្រុម​ណា​អាច​កាន់​ពាន​ឆ្នាំនេះ​បាន?

    ការប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុន សែន វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថ្នាក់ជាតិ ប្រចាំឆ្នាំ2020នេះ បានបញ្ចប់​សព្វគ្រប់​ហើយ ដោយ​ក្រុម​ណាហ្គា​វើ​លដ៍ ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​វិសាខា នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង 6ល្ងាច។

    គួរ​រំឭក​ដែរ​ថា ក្រុម​ណាហ្គា​វើ​លដ៍ បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ក្រោយ​ស្មើគ្នា 0ទល់នឹង0។

    ចំណែកឯ​ក្រុម​វិសាខា ក៏​ដូចគ្នា​ដែរ ដោយបាន​យកឈ្នះ​ក្រុម​ខេត្តព្រៃវែង ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដូចគ្នា ក្រោយ​ស្មើគ្នា 1ទល់នឹង1៕

  • បឹងកេត ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា 4សម័យកាល

    បឹងកេត ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា 4សម័យកាល

    កាលពី​យប់​ថ្ងៃអាទិត្យ ក្រុមបាល់ទាត់​បឹងកេត បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល2020 ក្រោយ​ទាត់​ស្មើ ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល 1ទល់នឹង1។

    គ្រាប់​បាល់​ជើងឯក​ក្នុង​វិនាទី​ចុងក្រោយ (នាទី90+7) ក្រុមបាល់ទាត់​បឹងកេត បាន​វាយបក​បាន​វិញ ដោយ​កីឡាករ Zhama Bata ក្រោយ​ការបញ្ជូន​បាល់​ដ៏​ល្អ​របស់ ម៉ាត់ នុ​រុណ។ ចំណែកឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​របូត​ពាន​ពី​ដៃ​ដោយ​សោកស្តាយ ទោះបីជា​បាន​យកឈ្នះ​ណាហ្គា​វើ​លដ៍​ក្នុង​លទ្ធផល 4ទល់នឹង0 ក៏ដោយ។

    គួរឱ្យ​ដឹង​ដែរ​ថា នេះ​គឺជា​លើក​ទី4ហើយ ដែល​ក្រុម​បឹងកេត​បាន​កាន់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (២០12, 2016, 2017, 2020)៕