Author: ធឿន មករា

  • សាលារៀនវ៉េស្ទឡាញន៍ក្រុងបាត់ដំបងផ្តល់ប្រព័ន្ធអប់រំបែបបច្ចេកវិទ្យា និងទទួលសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា

    សាលារៀនវ៉េស្ទឡាញន៍ក្រុងបាត់ដំបងផ្តល់ប្រព័ន្ធអប់រំបែបបច្ចេកវិទ្យា និងទទួលសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា

    នៅក្នុង​របត់​នៃបដិ​វដ្ត​ឧស្សាហកម្ម 4.0 នេះ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាង​លឿន ដែល​ក្នុងនោះ​ប្រព័ន្ធ​អប់រំ ក៏​ទាមទារ​ឱ្យមាន​ការឆ្លើយតប​នឹង​របត់​បច្ចេកវិទ្យា​ផងដែរ ដើម្បី​អាច​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ទីផ្សារការងារ​នៅ​បច្ចុប្បន្ន និង​អនាគត។

    ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា  សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ចំការ​សំរោង ក្រុង​បាត់ដំបង​ចាប់​ដំណើរ​បាន​រយៈពេល​ជាង១ខែ​រួម​មកហើយ បន្ទាប់​ទទួលបាន​លិខិត​អនុញាតិ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក​ឧកញ៉ា​បាន​បន្តទៀតថា សាខា​ថ្មី​នេះ គឺ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការបណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​ឆ្លើយតប​ទៅនឹង​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ការអប់រំ​តាមបែប​សតវត្ស​ទី21ដែល​នឹង​ក្លាយជា​សាលារៀន​ឆ្លាត​វៃ​ដំបូង​គេ ដោយសារតែ​ទី1 យើង​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ក្នុង​ការអប់រំ​ជាច្រើន ដែលជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សិស្ស ក្នុងការ​សិក្សា ការងារ អាជីវកម្ម និង ការរស់នៅ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា ទី2 មេរៀន​សិក្សា យើង​បាន​បញ្ចូល​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អាណាព្យាបាល វេទិកា​បង្រៀន​អន​ឡាញ និង​ការគាំទ្រ​សិក្សា​ពី​ចម្ងាយ​ដោយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំធំៗចំនួន6 ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធ​គ្រប់​គ្រង់​សាលារៀន​ផងដែរ ដែល​មាតាបិតា​សិស្ស និង​សិស្ស​អាច​ពិនិត្យមើល​វត្តមាន​របស់​សិស្ស ទទួលបាន​នូវ​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតាភ្លាមៗជាមួយនឹង​ទូរស័ព្ទ​ឆ្លាត​វៃ និង​អាចធ្វើ​ការបង់ថ្លៃ​សិក្សា​បាន​ដោយ​ពុំ​ចាំបាច់​មក​បញ្ជរ​បង់ប្រាក់​របស់​សាលារៀន។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា នៅក្នុង​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ យើង​នឹង​បញ្ចូល​នូវ​ឧបករណ៍​បរិក្ខា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​សម្រាប់​បង្រៀន​សិស្ស ដូច​ជាមាន​រោងភាពយន្ត​ខ្នាតតូច​ទំនើប​សម្រាប់​បម្រើឱ្យ​គោលបំណង​អប់រំ និង​មាន​ប្រើប្រាស់​បច្ចេកវិទ្យា Interactive Whiteboard, AR និង​បច្ចេកវិទ្យា VR ជាដើម​ដើម្បីឱ្យ​សិ​ស្សាបាន​សិក្សា និង​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សាលារៀន​ក៏បាន​រៀបចំ​កន្លែង​សម្រាក​របស់​សិស្ស​បន្ទាប់​ពី​ការសិក្សា ហើយក៏​ជា​កន្លែង​ដែល​សិស្ស​អាចធ្វើ​ការពិភាក្សា​កិច្ចការងារ​ជា​ក្រុម​បាន​ផងដែរ និង​សាលារៀន​បាន​បង្កើត​នូវ​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ​ជូន​សិស្សានុសិស្ស និង​បុគ្គលិក​របស់​សាលារៀន​ផងដែរ ជាពិសេស​ជាងនេះទៅទៀត​នោះ សាលារៀន​បានដាក់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត ជាមួយនឹង​កាត​សម្គាល់​របស់​សិស្ស គឺអាច​ចេញចូល​ក្នុង​អគា​សិក្សា ចូល​បណ្ណាល័យ។ លើសពីនេះ ប្រព័ន្ធ​ប្រើប្រាស់​ប័ណ្ណ​សាច់ប្រាក់(Cash Card) ទិញ​ទំនិញ​នៅក្នុង​អាហារ​ដ្ឋា​ន​នឹង​ចាប់​អនុវត្ត​នៅពេលឆាប់ៗខាងមុខ ដោយ​មិនចាំបាច​ប្រើប្រាស់​សាច់ប្រាក់​នោះទេ ហើយ​មាតាបិតា​សិស្ស​ក៏​អាច​គ្រប់គ្រង និង​មើល​របាយការណ៍​ប្រើបាស់​ថវិកា​របស់​បុត្រ​ធីតា​បាន​ទៀតផង។

    លោក​ឧកញ៉ា​បាន​បញ្ជាក់ថា បន្ថែម​ពីលើ​នេះ យើង​ក៏បាន​បញ្ចូល​នូវ​ការបង្រៀន​តាមបែប​ឆ្លាត​វៃ​ជាច្រើន​ផ្សេងទៀត​បន្ថែម​ពីលើ​កម្មវិធីសិក្សា​គោល​ជា​ភាសា​ខ្មែរ ដូចជា​ការបង្រៀន​ពី​ការធ្វើ​ស្វ័យប្រវត្តិកម្ម (Automation) រួមទាំង​កម្មវិធី​មួយចំនួនទៀត​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា 4.0 និង​ដាក់ឱ្យ​សិក្សា​កម្មវិធី​ដែល​ឆ្លើយតប​ជាមួយនឹង​សតវត្ស​ទី21។

    សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ថ្មី​នេះ​នឹង​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការពារ​សិស្សានុសិស្ស ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង អប់រំ យុវជន និង​កីឡា​ផងដែរ។

    សម្រាប់​វគ្គ​សិក្សា​ថ្មី​ថ្ងៃទី៣ ខែ​វិច្ចិកា ខាងមុខនេះ សូម​គោរព​អញ្ជើញលោក​អ្នកធ្វើ​ទស្សនកិច្ច​សិក្សា សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ចំការ​សំរោង “សាលារៀន​ឆ្លាត​វៃ​ទី១ នៅ​បាត់ដំបង” ព្រមទាំង​ផ្តល់ជូន៖ ១. អាហារូបករណ៍ រហូតដល់ ៣០% លើ​តម្លៃ​សិក្សា ២. ធានារ៉ាប់រង​គ្រោះថ្នាក់​សិស្ស ២៤/២៤ម៉ោង ក្នុង ១សប្តាហ៍ ទូទាំង​ពិភពលោក ៣. ការពារ​ការសិក្សា​បុត្រ​ធីតា​រហូតដល់ ៥ឆ្នាំ រហូតដល់​ថ្ងៃទី១៤ ខែវិច្ឆិកា៕

  • ប្រយោជន៍ដែលទទួលបានពីការដើរគ្រប់ 10,000ជំហានក្នុង 1ថ្ងៃ

    ប្រយោជន៍ដែលទទួលបានពីការដើរគ្រប់ 10,000ជំហានក្នុង 1ថ្ងៃ

    នៅមានមនុស្សជាច្រើនដែលចង់ហាត់ប្រាណ តែអាចមិនអំណោយផលលើរឿងជាច្រើនក្នុងការចាប់ផ្ដើមរត់ ចូលក្លិបហាត់ប្រាណ ឬការហាត់ប្រាណក្នុងលក្ខណៈផ្សេងៗ ទាំងរឿងរបស់សារពាង្គកាយដែលអាចនឹងធាត់ជ្រុលពេកក្នុងការចាប់ផ្ដើមរត់ ការចាយវាយទៅលើឧបករណ៍ហាត់ប្រាណដែលថ្លៃខ្ពស់ពេក ឬវិធីការហាត់ប្រាណម្យ៉ាងៗដែលអាចនឹងធ្វើឱ្យនឿយហត់ខ្លាំងពេក ជាដើម…តែបើសិនជាការ “ដើរ” ហាត់ប្រាណវិញ ឡារ៉ែនជឿថា មនុស្សជាច្រើនគួរតែអាចធ្វើបានដោយមិនពិបាកឡើយ។

    ការដើរហាត់ប្រាណ មិនមែនត្រឹមតែចុះទៅដើរ 10ជំហាន រួចត្រឡប់មកអង្គុយលើកៅអីសាឡុងទន់ល្មើយដូចមុនហើយចង់ហៅថាជាការហាត់ប្រាណដែរនោះទេ ព្រោះទោះបីជាថា ការដើរហាត់ប្រាណវាងាយស្រួលមែន តែបើចង់ដើរហាត់ប្រាណឱ្យបានប្រយោជន៍ដល់រាងកាយនោះ ក៏ត្រូវតែមានគន្លឹះល្អៗបន្តិចបន្តួចដែរ ដើម្បីឱ្យរាងកាយបានទទួលប្រយោជន៍ពីការដើរហាត់ប្រាណឱ្យបានច្រើនបំផុត។

    ដើរហាត់ប្រាណយ៉ាងណាឱ្យបានប្រយោជន៍?

    • ដើរឱ្យបានរយៈចម្ងាយប្រមាណ 10,000ជំហាន នៅពេលដើរម្ដងៗ។
    • ចម្ងាយផ្លូវដែលអាចប្រៀបធៀបបាន បើមិនចង់រាប់ជំហានគឺ 6-8គីឡូម៉ែត្រ ឬប្រមាណ 15-20ជុំតារាងបាល់ទាត់។
    • មុនដើត គួរកម្ដៅរាងកាយដោយការយឺតសរសៃសរសូង បន្ធូរសាច់ដុំ ដើម្បីការពារការឈឺចាប់ផ្សេងៗ។
    • ស្លៀកពាក់ខោអាវដែលអាចបំភាយខ្យល់អាកាសបានល្អ ងាយស្រួលដើរ រួមទាំងស្បែកជើងដែលល្មមនឹងជើង មិនសាងការឈឺចាប់ដល់ប្រអប់ជើង បើជាស្បែកជើងបាតាសម្រាប់រត់ផង រឹតតែប្រសើរ។
    • ខណៈពេលដើរ ព្យាយាមរក្សាល្បឿនឱ្យនៅស្មើ មិនដើរបែបលម្ហែ ឬដើរៗឈប់ ដើរៗឈប់ ឬដើរលឿនពេកនោះទេ។ សង្កេតមើលភាពនឿយហត់របស់ខ្លួនឯងឱ្យស្ថិតក្នុងអាការហត់បន្តិចៗ មានញើសជ្រាបចេញមក តែនៅដកដង្ហើមទាន់ និងនិយាយបាន។
    • ជ្រើសរើសផ្លូវដើរដែលមានស្ថានភាពរាបស្មើ ដើម្បីកាត់បន្ថយភាពប្រថុយប្រថានក្នុងជំពប់ជើងដួល។
    • បើមានកើតហេតុខុសប្រក្រតីក្នុងអំឡុងពេលដើរ ដូចជា ងងឹតមុខ ស្រវាំងភ្នែក ឬបេះដូងលោតញាប់ខ្លាំងពេក-ល- គួរឈប់ភ្លាម ហើយអង្គុយសម្រាក។ បើមិនបានធូរស្រាលឡើងទេ គួរប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយ។

    ប្រយោជន៍ដែលបានពីការដើរហាត់ប្រាណ

    1 . ជួយបង្កើនភាពរឹងមាំដល់សាច់ដុំ ដោយមានភាពប្រថុយនឹងអាការរងរបួសតិចបំផុត។

    2 . បង្កើនភាពស្វាហាប់ដល់ឆ្អឹង និងសន្លាក់។

    3 . ជួយដុតបំផ្លាញកម្លាំងថាមពល និងជាតិស្លាញ់ដែលលើសបានល្អ។

    4 . ជួយឱ្យការធ្វើការងាររបស់បេះដូង និងសួតដំណើរការល្អឡើង។

    5 . ជួយសម្រួលកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតល្អ។

    ចំណុចគួរប្រយ័ត្នក្នុងការដើរហាត់ប្រាណ

    គួរជ្រើសរើសទីកន្លែងដើរហាត់ប្រាណដែលមានសុវត្ថិភាព មិនស្ថិតនៅជិតផ្លូវថ្នល់ដែលមានរថយន្ត និងកង់ម៉ូតូបើកបរទៅមកច្រើន។ សម្រួលកម្រិតល្បឿនក្នុងការដើរឱ្យសមល្មមនឹងរាងកាយរបស់ខ្លួនឯង មិននឿយហត់ខ្លាំងជ្រុលពេក និងគួរដើរហាត់ប្រាណតែនៅពេលដែលរាងកាយស្ថិតក្នុងសភាពមាំទាំល្អប៉ុណ្ណោះ(គ្មានអាការគ្រុនក្ដៅ ឬមានរោគប្រចាំកាយដែលកំពុងញាំញីខ្លាំង)៕

  • ជនអនាមិក​ប្រើ Google Drive ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យចូល​ទៅក្នុង​គេហទំព័រ​ដែលមាន​មេរោគ

    ជនអនាមិក​ប្រើ Google Drive ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ឱ្យចូល​ទៅក្នុង​គេហទំព័រ​ដែលមាន​មេរោគ

    កាលពីពេលថ្មីៗនេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ជនអនាមិក​បាន​ប្រើ​ភាព​ចន្លោះប្រហោង​នៅក្នុង Google Drive ដើម្បី​ផ្ញើ​អុ​ី​មែ​ល​ឬ​ការជូនដំណឹង ទៅឱ្យ​អ្នកប្រើប្រាស់​ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​មេរោគ។ ការបោក​បញ្ឆោត​នេះ​គឺ​មិនមែនជា​រឿង​ថ្មី​អី​នោះទេ ហើយ​វា​ក៏​ស្រដៀង​ទៅនឹង​ការបោក​បញ្ឆោត​តាមរយៈ​អុ​ី​មែ​ល​ធម្មតា (Phishing) ដែល​អ្នកប្រើប្រាស់​ភាគច្រើន​បានដឹង​យូរ​មកហើយ​ដែរ។

    ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​អ្នកប្រើប្រាស់​ជាច្រើន​បានទទួល​ការជូនដំណឹង​តាមរយៈ Google Drive ដែលមាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ដែលមាន​មេរោគ។ នៅពេលដែល​ពួកគេ​ចុច​នៅលើ​តំណ​ភ្ជាប់​នោះ​វា​នឹង​ទាមទារ​ឱ្យ​ចុច​លើ​តំណ​ភ្ជាប់ផ្សេងៗទៀត ដើម្បី​ឈ្នះ​រង្វាន់ ចូល​មើល​គណនី​ធនាគារ ឬក៏​ដើម្បី​ទទួលបាន​ប្រាក់​ជាដើម។

    ទោះបីជា​ការបោក​បញ្ឆោត​នេះ​មិនមាន​អ្វី​ថ្មី​ក៏ដោយ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ក្នុង​ការបោក​បញ្ឆោត​អ្នកប្រើប្រាស់​ដោយសារតែ​អុ​ី​មែ​ល​ឬ​ការជូនដំណឹង​ទាំងនោះ ត្រូវបាន​ផ្ញើ​ចេញពី​កម្មវិធី Google Drive ដោយផ្ទាល់។ មូលហេតុ​ដែលនាំឱ្យ​ជនអនាមិក​ងាក​មក​ប្រើ Google Drive ដើម្បី​វាយប្រហារ​តាមរយៈ Phishing នោះ​គឺ​ដោយសារតែ​កម្មវិធី​អុ​ី​មែ​ល​ភាគច្រើន មាន​ប្រព័ន្ធ​ការពារ​ក្នុងការ​ស្វែងរក​មេរោគ​មុននឹង​អុ​ី​មែ​ល​នោះ​ត្រូវបាន​ផ្ញើ​ទៅឱ្យ​អ្នកប្រើប្រាស់។

    ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា នាយកដ្ឋាន​សូមឱ្យ​លោកអ្នក​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ចុច​លើ​តំណ​ភ្ជាប់​ណាមួយ​នោះ។ សូមកុំ​ចុច​លើ​តំណ​ភ្ជាប់​ដែល​លោកអ្នក​ពុំបាន​ស្នើសុំ ឬ​មកពី​ប្រភព​មិនដែល​បាន​ស្គាល់ ជាពិសេស​សូម​មានការ​ប្រុងប្រយ័ត្ន​នៅពេលដែល​ទទួលបាន​អុ​ី​មែ​ល​ជា​ភាសា​ដែល​មិន​ស្គាល់៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ប្រាសាក់ ផ្ដល់សេវាទូទាត់វិក្កយបត្រ អគ្គិសនីកម្ពុជា ដោយមិនគិតកម្រៃសេវា

    ប្រាសាក់ ផ្ដល់សេវាទូទាត់វិក្កយបត្រ អគ្គិសនីកម្ពុជា ដោយមិនគិតកម្រៃសេវា

    ប្រា​សាក់ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ បានទទួល​ការសហការ​ពី អគ្គិសនី​កម្ពុជា ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី ដោយ​អនុញ្ញាតឱ្យ​អតិថិជន​ប្រា​សាក់​ទាំងអស់ អាច​បង់ថ្លៃ​ភ្លើង តាមរយៈ Mobile Banking (ម៉ូ​បាល​ប៊ែ​ង​ឃី​ង) ឬ ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ ដោយ​មិន​គិត​កម្រៃ​សេវា។

    បច្ចុប្បន្ននេះ ប្រា​សាក់ ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា នៅ​ទីតាំង​ជាច្រើន​រួមមាន៖ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ខេត្តរតនគិរី ស្រុក​លំផាត់ ស្រុក​វើ​ន​សៃ ស្រុក​តា​វែង  ខេត្តក្រចេះ ស្រុក​ស្នួល ខេត្តកំពត ស្រុក​កំពង់ត្រាច ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុក​បន្ទាយស្រី ខេត្តព្រៃវែង ត្បូងឃ្មុំ និង​ក្រុងព្រះសីហនុ។

    លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​មាន​ក្ដី​រីករាយ​ដែល​បាន​បម្រើសេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា ដល់​អតិថិជន​ប្រកបដោយ​ភាពងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព។ អតិថិជន​អាច​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត និង​ការប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល។

    ប្រា​សាក់ រីកចម្រើន​ជាមួយគ្នា!

     

  • សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា ​តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ…តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ…តោះ តាមអ្នកគ្រូ ឆវីមក!

    ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ ៈ

    1 . ប្រព័ន្ធដកដង្ហើម

    ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ដើម្បីថែរក្សាព្យាបាលជាបន្ត។

    2 . ការមើលឃើញ

    ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស 3ថ្ងៃឡើយយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នងដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។

    3 . ការបឺត-លេបវត្ថុផ្សេងៗ

    នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។

    4 . ការបែររកក្បាលដោះ

    ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ អ្នកម្ដាយសាកល្បងយកដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងបែរមុខមករកភ្លាមតែម្ដង។ អ្នកម្ដាយមិនចាំបាច់ត្រូវចាប់ក្បាលកូនតូចបែរមករកខ្លួនឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ កូនសម្លាញ់នឹងកើតក្ដីចង់ដឹង ចង់ឃើញ និងងាកក្បាលមករកយ៉ាងងាយស្រួល។

    5 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្ដាយយកម្រាមដៃទៅប៉ះលើបាតដៃរបស់កូនតូច គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើមានអ្វីដែលធ្វើឱ្យភ្ញាក់ កូនតូចក៏នឹងមានសញ្ជាតិញាណកន្រ្តាក់ខ្លួនព្រើត ដោយម្រាមដៃទាំងអស់ក៏នឹងលារចេញលែងដៃអ្នកម្ដាយចេញភ្លាមដូចគ្នា។

    អ្វីទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើត ដែលអ្នកម្ដាយអាចមិនដឹងថា វាគឺជា សញ្ជាតិញាណ ដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ តែទោះជាកូនតូចនឹងមានប្រតិកម្មទាំងនោះក៏ដោយ យ៉ាងណាក៏អ្នកម្ដាយគួរតែយកចិត្តទុកដាក់ថែទាំគេឱ្យបានយ៉ាងល្អ ព្រោះត្រូវតែមិនភ្លេចឡើយថា ការដែលកូនតូចចេញមកនៅក្នុងពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកម្ដាយច្រើនណាស់៕

  • ចូល​វិញ​ភ្លាម Ronaldo ស៊ុត 2គ្រាប់​ភ្លែត!

    ចូល​វិញ​ភ្លាម Ronaldo ស៊ុត 2គ្រាប់​ភ្លែត!

    ក្នុងការ​ប្រកួត Italy Seria A ប្រចាំ​សប្តាហ៍​ទី8 ក្លិប​បាល់ទាត់ Juventus បាន​យកឈ្នះ​ក្រុម Spezia ក្នុង​លទ្ធផល 4ទល់នឹង1។

    ក្នុងការ​ប្រកួត​ដំបូង ក្រោយពី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ-19 កីឡាករ​ខ្សែប្រយុទ្ធ​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់ Chritiano Ronaldo បាន​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន យកឈ្នះ​ទៅលើ​ក្រុម​គូបដិបក្ខ​ក្នុង​លទ្ធផល 4-1 ដោយ​ក្នុងនោះ គេ​រកបាន​ម្នាក់ឯង​ដល់​ទៅ 2គ្រាប់​ទៀតផង។

    គួរឱ្យ​ដឹង​ដែរ​ថា Ronaldo អាច​ចូល​លេង​វិញ​បានភ្លាមៗ ក្រោយ​ពេលដែល​បានទទួល​លទ្ធផល​អវិជ្ជមាន ដោយសារតែ​រូបគេ បាន​រក្សា​ការហ្វឹកហាត់​ជាធម្មតា ក្នុងអំឡុង​ពេលដែល​គេ​មាន​ផ្ទុក​កូ​វីដ-19៕

  • អបអរសាទរ កែវ សុខ​ផេង ចូល​រោងការ​ហើយ

    អបអរសាទរ កែវ សុខ​ផេង ចូល​រោងការ​ហើយ

    កីឡាករ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង របស់​ក្លិប​វិសាខា បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ កាលពី​ថ្ងៃអាទិត្យ ទី1 ខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅនេះ ក្រោយ​ពេលដែល​ពួកគេ បាន​ភ្ជាប់ពាក្យ​អស់​រយៈពេល​ប្រមាណ​ជា 1ឆ្នាំ​ជាង​រួចមក។

    នៅឯ​វិមាន​អាពាហ៍ពិពាហ៍ នៃ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ជាទី​មង្គល​របស់​កីឡាករ​ខាងលើ បាន​ណែនណាន់តាន់តាប់​យ៉ាងខ្លាំង ដោយមាន​ភ្ញៀវ​ចេញ-ចូល​ជា​ហូរហែ។ ក្នុងនោះ ក្រៅពី​ញាតិមិត្ត​ទាំងសងខាង​របស់​កូនកំលោះ និង​កូនក្រមុំ ហើយ គេ​សង្កេតឃើញ​មាន​បុគ្គលល្បីៗជាច្រើន បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មានន័យ​របស់​កីឡាករ​ក្លិប​វិសាខា​ខាងលើ​ដែរ ដែល​រួមមាន​ទាំង​មិត្ត​រួម​អាជីព សិល្បករ សិល្បការិនី និង​អ្នកកាសែត​ជាច្រើនរូប​ទៀតផង។

    ចំពោះ​ពិធីមង្គលការ​របស់ កែវ សុខ​ផេង ដែល​ធ្លាប់បាន​ពន្យារពេល រហូតមកដល់​ពេលនេះ គឺអាច​ដោយសារតែ​មក​ពី​មូលហេតុ​ជំងឺ​កូ​វីដ-19 ដែល​បានអូសបន្លាយ​រយៈពេល​យូរ ស្ទើរតែ​ពេញ ១ឆ្នាំ2020 ហ្នឹងឯង៕

  • Ronaldo តេស្តលើកទី3 នៅតែវិជ្ជមានកូវីដ-19 និងបន្តអវត្តមានជាមួយ Juventus

    Ronaldo តេស្តលើកទី3 នៅតែវិជ្ជមានកូវីដ-19 និងបន្តអវត្តមានជាមួយ Juventus

    កីឡាករ​ខ្សែប្រយុទ្ធ Christiano Ronaldo នឹង​នៅតែ​មិនទាន់​អាច​ចូល​លេង​នៅ UCL យប់​នេះ​ម៉ោង 3:00នាទី​ទៀបភ្លឺ ក្នុង​ពូ​ល G ជាមួយ Barcelona នៅឯ​កីឡដ្ឋាន Allianz Stadium ដដែល។ សម្រាប់​ដំណឹង​មួយ​នេះ ពិតជា​គួរឱ្យ​សោកស្ដាយ​ណាស់ ដោយសារតែ​រូបគេ​មិនអាច​ជួប​ដៃគូ​ចាស់ គឺ Lionel Messi ហ្នឹងឯង។

    ទោះបីជា​មិនអាច​ចូល​រូ​ម​ប្រកួត​បាន​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ នៅតែ​បន្ត​ហ្វឹកហាត់​ជាធម្មតា ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច នៅពេលណា​ជាសះស្បើយ រូបគេ​នឹង​អាច​ចូល​លេង​វិញ​បានភ្លាមៗតែម្ដង។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា Ronaldo កំពុងតែ​សម្រាក​នៅ​ដាច់ដោយឡែក​នៅផ្ទះ ក្រោយពី​រកឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ-19 ក្នុង​ដំណើរ​ទៅជា​មួយក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កាលពី​ថ្ងៃទី13 តុលា ឆ្នាំ2020៕

  • គួរឱ្យស្តាយណាស់! ក្រុមកំពូលតារាង Premier League ស្គាល់បរាជ័យ ជាលើកដំបូង

    គួរឱ្យស្តាយណាស់! ក្រុមកំពូលតារាង Premier League ស្គាល់បរាជ័យ ជាលើកដំបូង

    ក្លិប​បាល់ទាត់ Everton ដែលជា​ក្រុម​លេខ1 នៃ​តារាង  Premier League ថ្វីដ្បិតតែ​សប្តាហ៍​ទី 6នេះ ស្ថិតនៅ​កំពូល​តារាង​ដដែល​ក៏ពិតមែន ក៏ប៉ុន្តែ​ក្រុម​មួយ​នេះ បាន​ស្គាល់​ភាពបរាជ័យ ជា​លើកដំបូង​ហើយ ក្នុង​រដូវ​កាល2020-2021។

    នៅ​តង់​ទី1 ក្រុម​ម្ចាស់ផ្ទះ Southampton បាន​នាំមុខ​លើ​ក្រុម​ដែល​កំពុង​ឡើង​ជើង Everton ក្នុង​លទ្ធផល 2-0 ទៅហើយ។ ខណៈ​ចូលដល់​តង់​ទី2 ទោះជា​ក្រុម​លោក Ancelotti ខំព្យាយាម​វាយ​សម្រុក​វិញ​យ៉ាងណា ក៏​មិនអាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ម្ខាង​ទៀត​បានដែរ។ ថែមទាំង​នៅ​នាទី​ទី71 ខ្សែការពារ Digne ទទួលបាន​កាត​ក្រហម​ទៀត ធ្វើឱ្យ Everton លែងមាន​ឱកាស​វាយបក​បាន​គ្រាប់​បាល់​ដោយ​បរិយាយ។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ក្រុម​កំពូល​តារាង Everton កំពុងតែ​ត្រូវបាន​ប្រដេញ​តាម​ពិន្ទុ​ដោយ​ក្រុម 1ផ្សេងទៀត គឺ Liverpool ដែលមាន 13ពិន្ទុ​ស្មើគ្នា តែ​ចាញ់​គ្រាប់​ចំណេញ​ដល់​ទៅ 4គ្រាប់៕

  • តើហ្វែ៊នៗ អ្នកគាំទ្រទាំងឡាយ ដឹងទេថា ជើងឯក និងជយលាភីផ្សេងៗក្នុងលីកកំពូលកម្ពុជា ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

    តើហ្វែ៊នៗ អ្នកគាំទ្រទាំងឡាយ ដឹងទេថា ជើងឯក និងជយលាភីផ្សេងៗក្នុងលីកកំពូលកម្ពុជា ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

    ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ2020នេះ បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ ដោយ​ក្រុម​បឹងកេត ដណ្ដើមបាន​តំណែង​ជើងឯក(លេខ1) ខណៈដែល​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ចំណាត់ថ្នាក់​លេខ2 ហើយ​ខាងក្រោម​នេះ គឺជា​រង្វាន់ សម្រាប់​ម្ចាស់​ជយលាភី​ទាំងឡាយ ដែល​បានប្រគល់​កាលពីពេល​កន្លងទៅ​រួច​ហើយ៖

    -ម្ចាស់​ជើងឯក ៖ ក្រុម​បឹងកេត ប្រាក់រង្វាន់ 150លាន​រៀល។

    -រងជើង​ឯក ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រាក់រង្វាន់ 60លាន​រៀល។

    -លេខ3 ៖ ក្រុម​ក្រសួងការពារជាតិ ប្រាក់រង្វាន់ 50លាន​រៀល។

    -រង្វាន់​គោរព​វិន័យ​ល្អ​ជាងគេ ៖ ក្រុមយុវជន​អាយុ​ក្រោម 18ឆ្នាំ សាលា​បាល់ទាត់​ជាតិ​បាទី ប្រាក់រង្វាន់ 40លាន​រៀល។

    -កីឡាករ​ល្អ​ជាងគេ ៖ ម៉ាត់ នុ​រុណ (ក្លិប​បឹងកេត) ប្រាក់រង្វាន់ 3លាន​រៀល ។

    -កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ ៖ Jean Marie Privat (ព្រះខ័ន​រាជ​ស្វាយរៀង) ប្រាក់រង្វាន់ 3លាន​រៀល។

    -អ្នកចាំទី​ល្អ​ជាងគេ ៖ ហ៊ុល គឹម​ហ៊ុយ (បឹងកេត) ប្រាក់រង្វាន់ 3លាន​រៀល។

    -អាជ្ញាកណ្តាល​ល្អ ៖ ជួប វិសាល, គីម​ស៊ី ពិសាល, ជី សាម​ឌី, ហេង សុខលី ប្រាក់រង្វាន់ 8លាន​រៀល៕