Author: ធឿន មករា

  • PSG ហាក់ស្រពេចស្រពិលនៅឡើយចំពោះ ​Mbappe

    PSG ហាក់ស្រពេចស្រពិលនៅឡើយចំពោះ ​Mbappe

    ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែហាក់ខ្វល់ខ្វាយ អំពីអនាគតរបស់ខ្លួនឯងខ្លាំង ដោយសារតែក្លិបរបស់គេ Paris Saint Germain មិនទាន់បានចរចា ដើម្បីបន្តកុងត្រាថ្មីជាមួយរូបគេនៅឡើយ ខណៈដែលកុងត្រានៅសល់មិនដល់ 1រដូវកាលទៀតផង។

    បើនិយាយអំពីកីឡាករវ័យក្មេងរូបនេះ វាហាក់មិនបញ្ហាឡើយ សម្រាប់សមត្ថភាពរបស់គេ ក្នុងការទៅលេងនៅក្លិបល្បីៗលំដាប់ពិភពលោកណាមួយក៏បាន។ ក៏ប៉ុន្តែ គេគ្រាន់តែមិនទាន់ច្បាស់លាស៉អំពីអនាគត ឬគោលដៅបន្ទាប់តែប៉ុណ្ណោះ ពីព្រោះកីឡាករម្នាក់ៗត្រូវការយកបេះដូងមកលេងឱ្យអស់ពីសមត្ថភាព។ ដូចនេះប្រសិនបើត្រូវចេញ ឬនៅយ៉ាងណា យ៉ាងហោចណាស់ ក៏គេបានត្រៀមចិត្តទុកជាមុនខ្លះៗដែរ។

    គួរឱ្យដឹងដែរថា មានក្លិបជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករសញ្ជាតិបារាំងរូបនេះ តែសាមីក្លិបរបស់គេហាក់ធ្វើឱ្យក្លិបផ្សេងៗទាំងនោះខ្លាចរអា មិនហ៊ានសួរនាំ ព្រោះខ្លាចត្រូវបដិសេធថា មិនលក់៕

  • សម័យកូវីដ Bayern Munich ហ៊ានទិញខ្សែបម្រើម្នាក់ ក្នុងតម្លៃខ្ពស់ មកពី AT Madrid

    សម័យកូវីដ Bayern Munich ហ៊ានទិញខ្សែបម្រើម្នាក់ ក្នុងតម្លៃខ្ពស់ មកពី AT Madrid

    Saúl Ñíguez Esclápez កីឡាករខ្សែ​បម្រើ​ក្លិប​ Atletico Madrid ត្រូវបានគេអះអាងថា នឹងផ្ទេរទៅកាន់ក្លិបថ្មី គឺ Bayern Munich សម្រាប់រដូវកាលក្រោយនេះ តែនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយរង់ចាំដល់ថ្ងៃផុតកុងត្រារដូវកាលនេះសិន។

    ការប្រកាសនេះ វាហាក់ផ្ទុយស្រឡះពីការរំពឹងទុក ដោយសារតែពីមុនមានលេចឮព័ត៌មានថា ខ្សែបម្រើរូបនេះ នឹងទៅលេងនៅ Manchester United ក្នុងរដូវកាលថ្មី។ តែ ទោះជាយ៉ាងណាក្តី យើងនៅតែមិនដឹងពីមូលហេតុដែល ManU សម្រេចចិត្ត មិនយករូបគេវិញនេះនៅឡើយ។

    ចំពោះតម្លៃខ្លួនវិញ​ ត្រូវបានគេដឹងថា Saúl Ñíguez ទទួលបានតម្លៃខ្លួនជាង 100លានដុល្លារ ដែលជាតម្លៃខ្លួនដែលហាក់ដូចជាថ្លៃបន្តិច សម្រាប់រដូវកាលកូវីដបែបនេះ៕

  • ប្រសើរជាងប្រកួតដំបូង កម្ពុជា ចាញ់ អ៊ីរ៉ាក់ ដោយលទ្ធផល 4ទល់នឹង1

    ប្រសើរជាងប្រកួតដំបូង កម្ពុជា ចាញ់ អ៊ីរ៉ាក់ ដោយលទ្ធផល 4ទល់នឹង1

    ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំពូល C រវាងកម្ពុជា នឹងអ៊ីរ៉ាក់ នៅកីឡដ្ឋាន Al Muharraq នៅក្នុងទឹកដីកណ្តាល (ប្រទេសបារ៉ែន) នាថ្ងៃទី7 ខែមិថុនា ឆ្នាំ 2021 នេះ បានបញ្ចប់ទៅហើយ ដោយកម្ពុជា បានចាញ់ក្រុមខ្លាំង អ៊ីរ៉ាក់ ដោយលទ្ធផល 4ទល់នឹង1។

    ក្នុងប្រកួតទី2 របស់កម្ពុជា នៅលើទឹកដីកណ្តាលនេះ ក្រុមអ៊ីរ៉ាក់ បាននាំមុខ 1គ្រាប់ភ្លាមៗ ក្រោយសំឡេងកញ្ចែទើបចាប់ផ្តើមប្រកួត មិនទាន់ទាំងបានកន្លះនាទីផង ដោយថ្វីជើងរបស់កីឡាករលេខ18 មុននឹងបន្ថែម 1គ្រាប់ទៀត នៅនាទីទី23 ដោយកីឡាករលេខ13 ហើយនៅនាទីទី27 កីឡាករលេខ6 បានបន្ថែម 1គ្រាប់ចុងក្រោយ មុននឹងបញ្ចប់វគ្គទី1 ដោយលទ្ធផល 3ទល់នឹង1។

    ចូលដល់វគ្គទី2 ក្រុមកម្ពុជា បានចាប់ផ្ដើមដោយទម្រង់លេងគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រងបាល់ច្រើនជាងក្រុមខ្លាំង អ៊ីរ៉ាក់ ក្នុងនោះរកបាន 1គ្រាប់ដោយកីឡាករ សឿយ វិសាល នៅនាទីទី55 បន្ទាប់ពីនោះ ក្រុមអ៊ីរ៉ង់ ក៏ហាក់មិនបន្ធូរដៃឡើយ ដោយរកគ្រាប់បាល់ 1គ្រាប់សងវិញ នៅវិនាទីចុងក្រោយនៃការប្រកួត ធ្វើឱ្យលទ្ធផលបញ្ចប់ការប្រកួត គឺកម្ពុជា​ ចាញ់អ៊ីរ៉ាក់ 4ទល់នឹង1៕

  • នារី​ទាន់សម័យ៖ បន្ថែម​ភាពជឿជាក់​ដល់​ខ្លួនឯង មុន​ចេញទៅ​ចូលរួម​ពិធី

    នារី​ទាន់សម័យ៖ បន្ថែម​ភាពជឿជាក់​ដល់​ខ្លួនឯង មុន​ចេញទៅ​ចូលរួម​ពិធី

    Big event ឬ​ឱកាសពិសេសផ្សេងៗ នឹង​លែង​ជា​បញ្ហា​កង្វល់​ចិត្ត​តទៅទៀត​ហើយ  បើ​អ្នកមាន Beauty Tips ល្អៗសម្រាប់ទប់​ទល់នឹង​ហេតុការណ៍ ឬ​ឱកាសពិសេសៗ ខណៈពេលដែល​អ្នកដើរ​ចូលទៅក្នុង Ballroom ដែល​ពោរពេញ​ទៅដោយនារីស្អាតៗជាច្រើននោះ។ យើង​មាន​គន្លឹះល្អៗ 2ចំណុច ដែល​អ្នក​គួរ​ដឹង មុននឹង​ដល់​ថ្ងៃ​ចូលរួម​ពិធី : ចំណុច​ទី1 កុំទៅ​នឹក​ស្រមៃ ចង់​ធ្វើឱ្យ​ដូច​តារា​បង្ហាញ​ម៉ូដ នៅក្នុង​ទស្សនា​វ​ដ្តី​ឱ្យសោះ ព្រោះ​វា​មើលទៅ​ស្អាត​ឥតខ្ចោះ​លើសពី​ការពិត​ខ្លាំងពេក រហូត​អាចធ្វើឱ្យ​អ្នក​ឯទៀត មិន​ហ៊ាន​ចូល​ជិត និង​ចំណុច​ទី 2 គឺ​សាកល្បង​ធ្វើតាម​វិធីល្អៗ ដូចខាងក្រោម​នេះ…:

    1.ខាត់​ស្បែក ដើម្បី​ភាព​ភ្លឺរលោង​ចែងចាំង

    ប្រាកដ​ណាស់​ថា រឿង​ដំបូង​គេ ដែល​អ្នក​ឯទៀត គេ​នឹង​ងាក​មក​សម្លឹងមើល​អ្នក​នោះ​គឺ ស្បែក​ដែល​ស្អាត ស្រស់ថ្លា ភ្លឺរលោង។ ចូរ​ខាត់ស្បែក​ជា​រាងរង្វង់ៗយ៉ាង​ថ្នមដៃ ទូទាំង​រាងកាយ ១សប្តាហ៍ 1 – 2ដង។ សាកល្បង​ជ្រើសរើស ប្រើ​ឡេ​ខាត់​ស្បែក ក្លិន​ណា​ដែល​អ្នក​ចូលចិត្ត​ ឬ​បើ​ចង់បាន​ភាព​ធូរស្រាល​សប្បាយ​អារម្មណ៍ សូម​សាកល្បង​ជ្រើស​រើសយក​ក្លិន​Lavender  ក្លិន​Chamomile ឬ​ក្លិន​Mint ក៏​ជួយ​ឱ្យ អ្នកមាន​អារម្មណ៍​ស្រស់ថ្លា ព្រម​ជាមួយនឹង​ការទទួលបាន​ស្បែក​ស្អាត​ស្រស់ថ្លា ជា​រង្វាន់​ទៀតផង។

    2.កក់សក់ 1ថ្ងៃ មុន​ដល់​ថ្ងៃ​ចូលរួម​ពិធី

    តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ដឹង​ទេ​ថា ពេល​កក់សក់​ហើយថ្មីៗ សក់​ច្រើនតែ​ឡើង​សំពោង និង​មិនសូវ​ភ្លឺរលោង​រំសាយ​ឡើយ ដោយសារតែ​យើង​ទើបតែ​លាង​ជាតិ​ប្រេង​ស្រោប​សរសៃសក់​ចេញ​អស់​ហ្នឹងឯង។ ដូច្នេះ​ការ​កក់សក់ 1ថ្ងៃមុន អាចជួយ​ឱ្យ អ្នក​តុបតែង​ម៉ូដ​សក់​បាន​ងាយស្រួល និង​សក់ ក៏​ភ្លឺរលោង​ស្អាត​ដូច​ធម្មជាតិ តែ​បើសិនជា​ភ្លេច ឬ​ខកខាន​នោះ អាច​ប្រើ​ជំនួយការ ដូចជា​ប្រេងលាបសក់ ឬ​ស្ប្រៃ​យ៍ តែង​ម៉ូដ​សក់​ក៏បាន។

    3.ធ្វើ Mask មុខ​ពី​ផ្លែ​ត្រសក់ត្រជាក់ៗ បិទ​ក្រោម​ភ្នែក

    ដោយសារតែ​ភាព​ប្រញាប់​ប្រញាប់ ជួនកាល​អ្នក អាច​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់ ធ្វើឱ្យ​រង្វង់​ភ្នែក​ឡើង​ខ្មៅ ស្រអាប់ និង​ជាំ ដូច្នេះ​ចូរ​សាកល្បង​ប្រើ​បន្ទះ​ចំណិត​ផ្លែ​ត្រសក់ត្រជាក់ៗ ឬ​យក​ផ្លែ​ត្រសក់ មក​ច្របាច់​យក​ទឹក ហើយ​យក​សំលី មក​ជ្រលក់ រួច​ត្រាំ​ក្នង​ទឹកកក​ឱ្យត្រជាក់ មុននឹង​យកមក​បិទ ធ្វើជា Mask ពីលើ​ត្របកភ្នែក ជួយ​បន្ធូរបន្ថយ​ភាព​ជាំខ្មៅ​ជុំវិញ​កែវភ្នែក និង​ថែមទាំង​ជាការ​សម្រាក​បន្ធូរ​អារ​ម្មណ៍​នឿយហត់ ដែលមាន​ពេញ 1ថ្ងៃ​មកហើយ​នោះ​ទៀតផង។

    4.លាបម្សៅ Primer មុន​តែង​មុខ

    ដូចដែល​យើង​បាន​ប្រាប់​រួចហើយ ការតុបតែង​មុខ សម្រាប់​ទៅ​ចូលរួម​ពិធី​អ្វីមួយ ត្រឹមតែ​ស្បែកមុខស្រស់ៗ មិន​គ្រប់គ្រាន់​ទេ ព្រោះ​ណាមួយ​កម្ដៅ ណាមួយ​បរិស្ថាន​ខ្យល់អាកាស​ផង បើសិនជា​ចង់ឱ្យ​ផ្ទៃមុខ​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក នៅ​ដិត​ស្អាត ជាប់​រហូតដល់​ចប់​កម្មវិធី​នោះ សាកល្បង​បន្ថែម​ភាព​រាប​ម៉ដ្ឋ​រលោង​ឱ្យ​ផ្ទៃមុខ ដោយ​ម្សៅ Primer។

    5.ជ្រើសរើស រវាង​ភ្នែក និង​មាត់

    បញ្ហា​មួយ​របស់​នារី​ដែល​ចូលចិត្ត​តុបតែង​មុខមាត់ បែប​ពេញទំហឹង ពេល​ទៅ​ចូលរួម​កម្មវិធី​នោះ​គឺ ច្រើនតែ​តុបតែង​ពេញ​ទាំង​ផ្ទៃមុខ ភ្នែក និង​បបូរមាត់ ដែល​មើល​ទៅហើយ ពេលខ្លះ​ក៏​មិនដឹង​ដែរ​ថា តើ​ត្រូវ​មើល​ពី​ត្រង់ណា​មុន​ឡើយ…សូម​សាកល្បង​នឹក​ស្រមៃ​ដល់​នារី​ម្នាក់ ដែល​លាប​ភ្នែក​ពណ៌​ខៀវ ហើយ​ពេល​មើលចុះ​មកក្រោម ក៏ត្រូវ​ភ្ញាក់​ព្រើត ដែល​បបូរមាត់ មាន​ពណ៌​ក្រហម​ចែស!…ឥលូវ លោកអ្នក ប្រហែលជា​ស្រមៃ​ឃើញ រូបភាព​ដែល​យើង​ចង់​ប្រាប់​ហើយ​មើលទៅ ដូច្នេះ​សូមឱ្យកញ្ញាៗទាំងឡាយ ចាំ​ឱ្យបាន​ច្បាស់​ក្នុង​ចិត្ត​ថា ពេល​អ្នកត្រូវការ​ឱ្យ​ខ្លួន​អ្នក មើលទៅ​ស្អាត​លេចធ្លោ​នោះ ចូរ​ជ្រើសរើស​តែ 1ចំណុច​នៅលើ​ផ្ទៃមុខ​បាន​ហើយ នោះ​អ្នកនឹង​មើលទៅ ឃើញ​ស្អាត​បែប​មាន​លំដាប់​មិន​ខាន៕

  • តិច​និក បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ “ជីវិត​គូ”

    តិច​និក បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ “ជីវិត​គូ”

    រវាង​គូស្នេហ៍ ឬ​ស្វាមីភរិយា ក្រៅពី​មាន “ការដឹង​ចិត្ត​គ្នា​ទៅវិញទៅមក” ជាគោលការណ៍​សំខាន់​ហើយ​នោះ ការថែបំប៉ន​សេចក្តី​ស្នេហា ឱ្យ​ផ្អែមល្ហែម​ត្រជាក់ត្រជុំ ក៏​ជា​បច្ច័យ​មួយ ដែល​ជួយ​ឱ្យ​សម្ព័ន្ធភាព​កាន់តែ​ស្អិតល្មួត​ឡើង​ទៀត​ដែរ ដែល​រឿង​ខ្លះ​អាច​ត្រូវ​រង់ចាំឱ្យមានឱកាសល្អៗជាមុនសិន ក្នុងការ​សាង​ភាព​រំភើបចិត្ត តែ​ក៏​នៅមាន​តិច​និក​ជាច្រើន​ទៀត ដែល​អាច​បង្កើន​ភាព​ផ្អែមល្ហែម ឱ្យ​ក្តី​ស្នេហា​ត្រជាក់​ពេញ​បេះដូង បានជា​រៀងរាល់ថ្ងៃ​ដែរ។

    ដូចជា​ការ​ឱប ថើប​គ្នា មុនពេល​ចេញទៅ​ធ្វើការ រហូត​ទៅដល់​ការប្រើ​ភាសា​កាយ ក្នុង​ស្ថានការណ៍ផ្សេងៗ ដូចជា ខ្សែ​ភ្នែក​បារ​ម្ភ ចាប់​ក្តោប​បាតដៃ ទះ​ស្មាថ្នមៗ ឬ​សូម្បីតែ​ការ​នែបនិត្យ នៅក្នុង​រង្វង់​ដៃ​ឱប​របស់​គូស្នេហ៍ ក្នុងពេល​អង្គុយ​មើល​ទូរទស្សន៍​ជាមួយគ្នា​ក៏ដោយ ទាំងអស់នេះ មិន​ត្រឹមតែ​ផ្តល់នូវ​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ផ្តល់នូវ​ភាពកក់ក្តៅ​ក្នុង​ចិត្ត យ៉ាង​មិន​គួរឱ្យ​ជឿ​ទៀតផង។

    ក្រៅពីនេះ ការរក​ពេលវេលា​ក្នុងការ​ចម្អិន​ម្ហូបអាហារថ្មីៗ ឬ​នំឆ្ងាញ់ៗ ទុក Surprise គូស្នេហ៍ ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​ជាការ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​មួយ​ដែរ។

    រួមទាំង​ការនិយាយ​សរសើរ​គូស្នេហ៍​នៅក្នុង​ឱកាសផ្សេងៗ ដូចជា គេ/នាង តែងខ្លួន​បាន​ស្អាត ឬ​សង្ហា​ជាពិសេស ឬ​ការសម្តែង​ក្តី​សោមនស្ស​រីករាយ ចំពោះ​ជោគជ័យ​ក្នុងតួនាទី​ការងារ​របស់​គូស្នេហ៍​ជាដើម។ ការសម្តែង​ភាព​ស្មោះស្ម័គ្រ ដោយ​ពាក្យសម្តី​បែប​វិជ្ជមាន​ទាំងនេះ គឺជា​អ្វីមួយ ដែល​គួរឱ្យ​ស្រឡាញ់ និង​ថែមទាំង​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត និង​ជួយ​សាង​នូវ​ភាពជឿជាក់​ដល់​គូស្នេហ៍ បាន​កាន់តែខ្លាំង​ឡើង​ផងដែរ។

    ហើយ​និង​ការ​មាន​ពេលវេលា សម្រាប់​និយាយ​ចែករំលែក​ទុក្ខ – សុខ ក្នុង 1ថ្ងៃៗរួមគ្នា ទាំង​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ឬ​ជជែក​ពិ​ភក្សា​គ្នា ពី​បញ្ហា​ដែលម្នាក់ៗជួបប្រទះ​មក ជួយ​គ្នា​គិត​បន្ធូរបន្ថយ សម្រាល​ឧបសគ្គ​ទាំងនោះ ឱ្យ​វា​រំលង​ផុត​ទៅ នៅលើ​គ្រឹះ​នៃ​ការ​មាន​ហេតុផល ស្មោះត្រង់ និង​ស្មោះស្ម័គ្រ។ មនុស្ស​ជាច្រើន​និយាយថា នេះ គឺជា​ការជួយ​បន្ថែម​កម្លាំងចិត្ត​ដ៏​ល្អ និង​ស្គា​ល់ពី​ភាព​យកចិត្តទុកដាក់រ​វាង​គ្នា​ទៀតផង។

    អ្វីដែល​សំខាន់ គឺ​កុំ​ភ្លេចខ្លួន បណ្តោយឱ្យ​បណ្តាញ​ប្រព័ន្ធ​សង្គម​អន​ឡាញ ឬ Social Network ចូលមក​មាន​តួនាទី​ក្នុង​ជីវិត​ប្រចាំថ្ងៃ ច្រើន​ជ្រុល​ពេក រហូតដល់​ខ្វះ​ការប្រើ​ពេលវេលា​នៅ​ជុំគ្នា ជាមួយ​គូស្នេហ៍​ឱ្យសោះ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​កើត​ភាព​នឿយណាយ ឆ្ងាយ​ពីគ្នា និង​កើតមាន​ចន្លោះប្រហោង រវាង​សម្ព័ន្ធភាព​បាន។

    ក្តី​ស្នេហ៍​ដែល​រឹងមាំ ផ្អែមល្ហែម សូមកុំ​ភ្លេច​ការយកចិត្តទុកដាក់ ចំពោះ​គ្នា​ទៅវិញទៅមក ព្រោះ​វា​ជា​កូនសោ​សំខាន់ ក្នុង​ការធ្វើឱ្យ​ក្តី​ស្នេហា មើលទៅ​នៅតែ​ថ្មី និង​រំភើប​ញាប់​ញ័រ​ជាប់​ជានិច្ច៕

  • AFF Suzuki Cup នឹង​ចាប់ផ្ដើម ចាប់ឆ្នោត​ចែក​ពូ​ល នៅ​ខែ​ក្រោយនេះ

    AFF Suzuki Cup នឹង​ចាប់ផ្ដើម ចាប់ឆ្នោត​ចែក​ពូ​ល នៅ​ខែ​ក្រោយនេះ

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ឬ AFF  ប្រកាស​ឱ្យដឹង​ជា​ផ្លូវការ អំពី​ថ្ងៃ​ចាប់ឆ្នោត​ចែក​ពូ​ល នៃ​ពានរង្វាន់ AFF Suzuki Cup 2020 នៅ​ទីក្រុង​កួ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 ដោយ​សហព័ន្ធ​បាល់ទាត់​ក្នុង​តំបន់​មួយ​នេះ បានបញ្ជាក់​នៅ​ថ្ងៃទី2 ថា ការចាប់​ឆ្នោត​ចែក​ពូ​ល​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី10 ខែសីហា ឆ្នាំ2021។ សម្រាប់​ព័ត៌មាន​ល​ម្ពិ​តនៃ​ការចាប់​ឆ្នោត រួមទាំង​ទីកន្លែង និង​រូបមន្ត​ប្រកួត ក៏​នឹងត្រូវ​ប្រកាស​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ចែក​ពូ​ល​នេះដែរ។

    ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មានប្រសាសន៍ថា «យើង​មាន​សេចក្តីសោមនស្ស​រីករាយ សូម​ប្រកាសប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល​ជា​ផ្លូវការ សម្រាប់​ការប្រកួត​ឆ្នាំនេះ។ ខណៈដែល AFF មាន​គោលបំណង​យ៉ាង​មុតមាំ ក្នុង​ការរៀបចំ​ការប្រកួត ក្រោម​រូបមន្ត​ពេញលេញ​មួយ និង​មាន​កាលវិភាគ​របស់ខ្លួន រួមទាំង​ការប្រកួត​ក្នុង​ទឹកដី(Home) និង​ក្រៅ​ទឹកដី(Away) នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រកួត ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​នូវ​តម្រូវការ​នៃ​ការស្រាវជ្រាវ និង​ត្រៀម​សម្រាប់​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-19 ដែល​អាច​រាប់បញ្ចូល​នៃ​ជម្រើស​រូបមន្ត​ផ្សេងទៀត ការប្រើប្រាស់​ទឹកដី​កណ្តាល (Centralized Venues) រួមមួយ សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ខែកក្កដា»។

    គួរឱ្យ​ដឹង​ដែរ​ថា ពានរង្វាន់​មួយ​នេះ គ្រោង​នឹងធ្វើ​ឡើង កាលពី​ចុងឆ្នាំ2020 កន្លងទៅ  តែដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វីដ-19 បានធ្វើឱ្យ​ពានរង្វាន់​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ បាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ រហូត​ចុង​ក្រោយនេះ គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022៕

  • លោក Lee Tea Hoon ចូល​ដឹកនាំ​ក្រុម​ក្រសួងការពារជាតិ

    លោក Lee Tea Hoon ចូល​ដឹកនាំ​ក្រុម​ក្រសួងការពារជាតិ

    លោក លី ទែ ហ៊ុន អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ត្រូវបាន​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ប្រកាស​តែងតាំង និង​ចុះ​កុងត្រា​ជា​ផ្លូវការ ក្នុង​កម្មវិធី​សន្និសីទកាសែត​មួយ​របស់​ក្លិប កាលពី​ព្រឹក​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021នេះ។

    ជាមួយនឹង​កុងត្រា​ថ្មី​នេះ អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ដែល​ជោគជ័យ​ខ្លាំង​បំផុត​រូបនេះ នឹង​កាន់​តួនាទី​ជា​អ្នកដឹកនាំ​ក្រុម​មួយ​នេះ ដែល​គ្រូបង្វឹក​នៅតែ​ជា លោក ហោ សុខ​ហេង ដដែល។ ចំពោះ​រយៈពេល​កុងត្រា ខាង​ក្លិប​មិនបាន​បញ្ចេញ​ឱ្យដឹង​នៅឡើយ​ទេ។

    គួរឱ្យ​ដឹង​ដែរ​ថា បុរស​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ 59ឆ្នាំ​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ពី​ឆ្នាំ2010 រហូតដល់​ឆ្នាំ2017 លុះ​ពី​ឆ្នាំ2018 ដល់2019 លោក​បាន​ទៅធ្វើជា​នាយក​បច្ចេកទេស​របស់ Hoang Anh Gia Lai FC ដែលជា​ក្លិប​បាល់ទាត់​ល្បី​មួយ​របស់​វៀតណាម និង​ត្រឡប់មក​ដឹកនាំ​ក្រុម TIFFY ARMY នៅពេលនេះ៕

  • goWave នាំមក​ជូន​លោកអ្នក​ដោយ​ធនាគារ អ​អេ​ច​ប៊ី​ខេ​ម​បូ​ឌា ដើម្បី​កែលម្អ​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ក្នុងចំណោម​យុវជន​ខ្មែរ តាមរយៈ​ដំណោះស្រាយ​តាម​ប្រព័ន្ធ​ឌីជីថល

    goWave នាំមក​ជូន​លោកអ្នក​ដោយ​ធនាគារ អ​អេ​ច​ប៊ី​ខេ​ម​បូ​ឌា ដើម្បី​កែលម្អ​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ ក្នុងចំណោម​យុវជន​ខ្មែរ តាមរយៈ​ដំណោះស្រាយ​តាម​ប្រព័ន្ធ​ឌីជីថល

    ធនាគារ អ អេ​ច ប៊ី ខេ​ម​បូ​ឌា សូម​ណែនាំ​កម្មវិធី goWave by RHB – ជា​ប្រព័ន្ធ​មាតិកា​កម្មវិធី​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់​ជ្រុងជ្រោយ ដែល​បាន​បង្កើតឡើង ដើម្បី​លើកកម្ពស់​បន្ថែមទៀត នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក្នុងចំណោម​យុវជន​កម្ពុជា តាមរយៈ​អត្ថបទខ្លីៗដ៏​មាន​អត្ថប្រយោជន៍ វីដេអូ​ខាប់​ស៊ុ​ល ហើយ​ឧ​បរ​កណ៍​ហិរញ្ញវត្ថុ​ទៀតសោត មានការ​រីកសាយ​ភាយ​ទៅក្នុង​បណ្តុំ​ព័ត៌មាន​ឌីជីថល ដូចជា​តាមរយៈ​គេហទំព័រ​របស់ខ្លួន ក៏ដូចជា​តាម​ប្រព័ន្ធ​កម្មវិធី​បណ្តាញ​សង្គមផ្សេងៗផងដែរ។

    “កម្មវិធី goWave by RHB ធ្វើការ​ណែនាំ សម្របសម្រួល និង​ផ្តល់​អំណាច​ដល់​យុវជន​កម្ពុជា ឆ្ពោះទៅរក​ការសម្រេចបាន​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួកគេ។ គំនិត​ផ្តួចផ្តើម​នេះ​កំពុង​ត្រូវបាន​រៀបចំ​ឡើងជា 3ដំណាក់កាល – ចាប់ផ្តើម​ជាមួយនឹង​គេហទំព័រ​កម្មវិធី goWave by RHB។ បន្ទាប់មក​នឹងមាន​កម្មវិធី goWave Lite Mobile App ដែល​ផ្តល់នូវ​ការរួមបញ្ចូល​ប្រព័ន្ធ​ធនាគារ ដែល​បាន​កែលម្អ ហើយ​នៅ​ទីបំផុត មានការ​ផ្តល់ជូន ផលិតផល​ធនាគារ 1ឈុត​ពេញ ដោយ​បំពេញ​ទាំងស្រុង​នូវ​សេវាកម្ម​គ្រប់​ជ្រុងជ្រោយ​របស់​យើង​ដែល​ផ្តល់ជូន​សម្រាប់​ប្រជាជន​កម្ពុជា​វ័យក្មេង។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Wong Kee Poh នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​របស់​ធនាគា​រ អ អេ​ច ប៊ី ខេ​ម​បូ​ឌា។

    ក្នុង​មុខងារ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​គ្រប់យ៉ាង​ក្នុង​ប្រព័ន្ធ​តែមួយ កម្មវិធី goWave by RHB អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មាន​ទំនាក់ទំនង​ជាមួយ​កម្ម​វិធី chatbot ស្វ័យប្រវត្តិ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ព័ត៌មានថ្មីៗបំផុត​នៅលើ គេហទំព័រ បណ្តាញ​សង្គម​ឌីជីថល និង​ការណែនាំ​អំពី​អំ​ណាន​ដែល​ពាក់ព័ន្ធ។ លើសពីនោះ​ទៅទៀត សិក្ខាសាលា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ក៏​អាច​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដោយ​អ្នកដឹកនាំ​គោល​គំនិត​គន្លឹះ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​ហិរញ្ញវត្ថុ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​ប្រយោជន៍។

    លោក Wong បាន​បន្ថែមថា “គំនិត​ផ្តួចផ្តើម​នេះ លើកឡើង​អំពី​ទស្សនៈ​យល់ឃើញ រយៈពេល​វែង ឆ្ពោះទៅរក​ការរៀបចំ​យុវជន​ជំនាន់​ថ្មី ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការអប់រំ មធ្យោបាយ និង​ដំណោះស្រាយ ដែល​ចាំបាច់​ដើម្បី ឱ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ នៅក្នុង​ជីវិត​មនុស្សពេញវ័យរ​បស់​ពួកគេ។

    ក្នុងចំណោម​លក្ខណៈពិសេស និង​ប្រធានបទ​ជាច្រើន ដែលមាន​ផ្តល់ជូន​តាមរយៈ​កម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការ​សន្សំ និង​ថវិកា (Save and Budget) បែបផែន​ជីវិត​រស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជា​មធ្យោបាយ​នានា ដើម្បី​ជួយ​អ្នក​នៅក្នុង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក។

    តាមរយៈ​ការបើក​សម្ពោធ​ក្នុង​កម្មវិធី​បណ្តាញសារព័ត៌មាន​សង្គម​តាម​អ៊ី​ន​ធើ​ណិ​ត ពិសេស​តែ 1គ្មាន2 កម្មវិធី goWave by RHB គឺជា​ប្រព័ន្ធ​កម្មវិធី​សហគមន៍​ឌីជីថល ដែល​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ អ អេ​ច ប៊ី ខេ​ម​បូ​ឌា នៅក្នុង​ការជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​នៅក្នុង​ផ្នែក​ឌីជីថល​នីយកម្ម ក្នុង​ក្របខ័ណ្ឌ​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស។

    សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កម្មវិធី goWave by RHB សូម​ចូលទៅ​កាន់៖ http://www.gowave.rhbgroup.com.kh ឬ​ទាក់ទង៖

    អ្នកទទួលបន្ទុក            ៖ Imran Mahmud

    ទូរស័ព្ទ                         ៖ +855 15799754

    អ៊ីមែល                         ៖ [email protected]

    ព្រឹត្តិការណ៍                  ៖ ការបើក​សម្ពោធ​កម្មវិធី goWave by RHB របស់​ធនាគារ អ អេ​ច ប៊ី ខេ​ម​បូ​ឌា

     

    ព័ត៌មាន​លម្អិត​ការបើក​សម្ពោធ

    ចំណងជើងការបើក​សម្ពោធ​កម្មវិធី goWave by RHB របស់​ធនាគារ អ អេ​ច ប៊ី ខេ​ម​បូ​ឌា
    ក្រុមហ៊ុនធនាគារ អ អេ​ច ប៊ី
    កាលបរិច្ឆេទ២ មិថុនា ២០២១
    ម៉ោង២:៣០រសៀល
    តំណ​ភ្ជាប់​តាម​អ៊ី​ន​ធើ​ណិ​ត https://live.irlty.com/gowave-virtual-media-launch/login
    អ្នកចូលរួម1. Mr Wong – Country Head / CEO

    2. Mr Leong – Head of Retail

    3. Mr Nhim Borey- Head of Branch

    4. Ms Po Siim – Head of Product Development

    គេហទំព័រ www.gowave.rhbgroup.com.kh

     

    អំពី​ធនាគារ អ អេ​ច ប៊ី ខេ​ម​បូ​ឌា

    ធនាគារ អ អេ​ច ប៊ី (ខេ​ម​បូ​ឌា) ម.ក ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី9 ខែកក្កដា ឆ្នាំ2008 ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ដែលមាន​លេខ​ចុះបញ្ជី 00001812 និង​ទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារ ពី​ធនាគារជាតិ​កម្ពុជា (ហៅ​កាត់​ថា “ធ.ជ.ក.” ឬ “ធនាគារកណ្តាល”) នៅ​ថ្ងៃទី3 ខែតុលា ឆ្នាំ2008។

    នៅ​ថ្ងៃទី31 ខែមករា ឆ្នាំ2020 ធនាគារ​បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​ទៅជា​ធនាគារ អ អេ​ច ប៊ី (ខេ​ម​បូ​ឌា) ម.ក។ ធនាគារ​នេះ​គឺជា​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ផ្តាច់មុខ​របស់​ធនាគារ RHB Bank Berhad និង​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត បង្កើតឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ក្រុមហ៊ុនមេ​ធំ​បំផុត គឺ​ក្រុមហ៊ុន​ធនាគារ RHB Banking Group ស្របតាម​រចនាសម្ព័ន្ធ​សាជីវកម្ម​ក្រុមហ៊ុន ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី13 ខែមិថុនា ឆ្នាំ2016។

    ធនាគារ​នេះ គឺជា​ធនាគារពាណិជ្ជ​មួយ ហើយ​ដំណើរការ​ក្រោម​ច្បាប់​កម្ពុជា ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា (ធនាគារកណ្តាល)។

    ការិយាល័យ​ចុះបញ្ជី​របស់​ធនាគារ បច្ចុប្បន្ននេះ​មាន​ទីតាំងនៅ​អគារ​ជាន់​ទី1 ជាន់​ឡៅតឿ ជាន់​ទី2 និង​ជាន់​ទី9 ផ្លូវ110 កែង​ផ្លូវ108 ភូមិ3 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    កម្មវីធីនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២ខែមិថុនា អ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដេាយការពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា៕

    https://www.facebook.com/goWavebyRHB

  • ព័ត៌មាន​ផ្លូវការ David Alaba ទទួលបាន​កុងត្រា 5ឆ្នាំ នៅ Real Madrid

    ព័ត៌មាន​ផ្លូវការ David Alaba ទទួលបាន​កុងត្រា 5ឆ្នាំ នៅ Real Madrid

    David Alaba ខ្សែការពារ​វ័យក្មេងរ​បស់​ក្លិប Bayern Munich បាន​លា​ចេញពី​ក្លិប ដែល​ខ្លួន​ធ្លាប់​លេង​ឱ្យ​ជាង ១០ឆ្នាំ ផ្លាស់​ទៅលេង Real Madrid ហើយ នេះ​បើតាម​ការ​បង្ហោះ​ព័ត៌មាន​របស់​ក្លិប Real Madrid កាលពីពេលថ្មីៗនេះ។

    បើតាម​ការបញ្ជាក់​ពី Real Madrid កីឡាករ​សញ្ជាតិ​អូទ្រីស​រូបនេះ នឹង​ទទួលបាន​កុងត្រា​រយៈពេល​វែង ដល់​ទៅ 5ឆ្នាំ​នៅ​ទីនោះ ដោយសារតែ​គេ​នៅមាន​វ័យក្មេង ពេញកម្លាំង ដែល​អាច​នឹង​ជួយ​ក្លិប​បាន​ច្រើន។

    ចំពោះ​តម្លៃ​ពលកម្ម​វិញ ខ្សែការពារ​វ័យ 28ឆ្នាំ David Alaba ត្រូវបាន​គេ​ដឹងថា នឹង​ទទួលបាន​តម្លៃ​ខ្លួន 15លាន​ដុល្លារ ក្នុង 1ឆ្នាំ​រហូតដល់​ឆ្នាំ2026 ហើយ​ចំពោះ​ការផ្ទេរ​មកកាន់ Real Madrid នេះ គឺ​មិនមាន​តម្លៃ​ខ្លួន​ឡើយ ព្រោះ​គេ​នឹង​ផុត​កុងត្រា​ពី Bayern Munich នា​ចុងខែ​មិថុនា​នេះហើយ៕

  • League Cup ពានរង្វាន់​ថ្មី​មួយទៀត​របស់​កម្ពុជា នឹង​ចាប់​ប្រកួត​ពីថ្ងៃ​ទី5 ដល់ 27មិថុនា

    League Cup ពានរង្វាន់​ថ្មី​មួយទៀត​របស់​កម្ពុជា នឹង​ចាប់​ប្រកួត​ពីថ្ងៃ​ទី5 ដល់ 27មិថុនា

    ពានរង្វាន់​ដ៏​ថ្មី​សន្លាង​មួយ របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាល់ទាត់​កម្ពុជា ដែលមាន​ឈ្មោះថា League Cup គ្រោង​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី5 ខែមិថុនា រហូតដល់​ថ្ងៃទី27 មិថុនា ឆ្នាំ2021 ដោយមាន​ក្លិប​ចូលរួម​ចំនួន8 មកពី​លី​គ​កំពូល​កម្ពុជា និង​លី​គ​ទី2 កម្ពុជា។

    ក្លិប​មកពី​លី​គ​កំពូល​កម្ពុជា មាន​ចំនួន 6ក្រុម រួមមាន វិសាខា, ព្រះខ័ន​រាជ​ស្វាយរៀង, ភ្នំពេញ​ក្រោ​ន, ក្រសួងការពារជាតិ។ ក្លិប​មកពី​លី​គ​ទី2 កម្ពុជា មាន 2ក្រុម គឺ ISI ដង្កោ​សែន​ជ័យ និង​សាលា​បាល់ទាត់​ជាតិ​បាទី។

    ចំពោះ​រូបមន្ត​ការប្រកួត ត្រូវបាន​គេ​ដឹងថា នឹង​ចែកចេញជា 2ពូ​ល ដោយ​ប្រកួត​សន្សំ​ពិន្ទុ មុននឹង​រើសយក 2ក្រុម​កំពូល​តារាង មក​ប្រកួត​ខ្វែងគ្នា​ដើម្បី​ដណ្តើម​ជើងឯក។ គួរឱ្យ​ដឹង​ដែរ​ថា ពានរង្វាន់​នេះ គ្រោង​នឹងធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​គ្រោង​នឹង​បន្ថែម​ក្រុម​ចូលរួម​ប្រកួត និង​ប្តូរ​រូបមន្ត​ប្រកួត​ជា​រៀងរាល់ឆ្នាំ​ទៀតផង៕