Author: ធឿន មករា

  • អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    អ្វីខ្លះដែលជួយឱ្យអ្នកមានកូនភ្លោះបានដូចបំណង?

    គូស្វាមីភរិយាខ្លះ នៅពេលរៀបការគ្នារួចរាល់ហើយក៏ធ្វើដំណើរមកដល់ដំណាក់កាលរៀបផែនការដើម្បីមានបុត្រជាមួយគ្នា តែប្រាកដណាស់ថា គ្រួសារខ្លះក៏ចង់មានកូនត្រឹមតែ 1នាក់ តែគ្រួសារខ្លះក៏រៀបផែនការចង់បានកូនច្រើនជាងហ្នឹង ដែលក្នុងនោះកូនភ្លោះអាចជាគោលដៅមួយដែលគូស្វាមីភរិយាជាច្រើនគូចង់បាន តែ…តើនឹងធ្វើយ៉ាងណាដើម្បីឱ្យសមបំណងក្នុងការមានកូនភ្លោះដើម្បីឱ្យពួកគេធំឡើងក្លាយជាមិត្តភក្តិផង ជាបងប្អូនផងក្នុងពេលតែមួយ? ថ្ងៃនេះ ឡារ៉ែនបានរួបរួមបច្ច័យជាច្រើនដែលនឹងជួយឱ្យគូស្វាមីភរិយារបស់អ្នកមានកូនភ្លោះបានកាន់តែងាយឡើងមកជម្រាបជូនដូចខាងក្រោម…។

    អ្វីខ្លះដែលបើសិនធ្វើទៅហើយ មានឱកាសបានកូនភ្លោះកាន់តែខ្លាំងឡើង?

    មើលទៅលើពូជអំបូរ : នេះគឺជាចំណុចសំខាន់ដំបូងគេរបស់ការមានកូនភ្លោះក៏អាចថាបានដែរ ទោះវាជាមិនមែនជាបច្ច័យទាំងអស់ក្ដី តែក៏វាមានចំណែកច្រើនគួរសមដែរ។ បើនៅក្នុងក្រុមគ្រួសាររបស់ទាំងពីរនាក់(ទាំងប្ដី និងប្រពន្ធ)មានប្រវត្ថិមានបងប្អូនភ្លោះ នោះឱកាសដែលគូស្វាមីភរិយារបស់អ្នកនឹងបានកូនភ្លោះក៏មានច្រើនទៅតាមនោះដែរយ៉ាងពិតប្រាកដ។

    ពូជសាសន៍ក៏សំខាន់ : ជាមធ្យម មនុស្សនៅក្នុងពូជសាសន៍អាហ្វ្រិកនឹងមានឱកាសមានកូនភ្លោះខ្លាំងជាងជនជាតិស្បែកស ឬជនជាតិស្បែកលឿង ដោយអត្រាការកើតបានកូនភ្លោះជាមធ្យមនៅលើមនុស្សស្បែកខ្មៅនឹងជួបប្រទះប្រមាណជា 1 – 4% មនុស្សស្បែកសប្រមាណ 0.7 – 1% និងនៅលើមនុស្សស្បែកលឿងប្រមាណជា 0.3ប៉ុណ្ណោះឯង។

    បើជាការពពោះលើកទី2 ឡើងទៅ ឱកាសក៏នឹងមានច្រើនតាមនោះដែរ : ការមានកូនពីមុនមកហើយនឹងអាចជួយបង្កើនឱកាសក្នុងការមានកូនភ្លោះដល់អ្នកបានច្រើនណាស់ ព្រោះថា ស្រ្តីជាម្ដាយនឹងមានការទម្លាក់ស៊ុតកើនឡើងច្រើនហ្នឹងឯង។

    អាយុ : ដែលធ្លាប់បានឮមកទាំងអស់គ្នាថា រឹតតែស្រ្តីជាម្ដាយមានអាយុច្រើនឡើង ក៏នឹងរឹតតែប្រថុយប្រថាននឹងការមានកូនហើយជួបនឹងសភាវផ្សេងៗច្រើនឡើងតាមហ្នឹងដែរ តែវាផ្ទុយគ្នានឹងការមានកូនភ្លោះ ព្រោះរឹតតែអ្នកមានអាយុក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែមានឱកាសដែលអ្នកនឹងមានកូនភ្លោះច្រើនឡើង។ មូលហេតុ ក៏ព្រោះតែរាងកាយមានស៊ុតនៅសល់ច្រើន ទើបត្រូវបានជំរុញច្រើនឡើងដែរ ធ្វើឱ្យរាងកាយរបស់ស្រ្តីបញ្ចេញអ័រម៉ូន FSH ចេញមកច្រើន ធ្វើឱ្យស៊ុតមានឱកាសធ្លាក់ម្ដងៗច្រើនជាង 1 ហ្នឹងឯង។

    ទម្ងន់ខ្លួន និងកម្ពស់  : ស្រ្តីដែលកើតរោគធាត់ ឬមានទម្ងន់ខ្លួនច្រើនជាប្រក្រតីបន្តិច រួមទាំងមានកម្ពស់ដែលខ្ពស់ល្មមសមរម្យនោះ មានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានច្រើនតាមនោះដែរ។

    ការទទួលទានកាល់ស្យូមអាចជួយអ្នកបាន : ស្រ្តីដែលញ៉ាំទឹកដោះគោជាប់ជាប្រចាំមានចំណែកធ្វើឱ្យតាំងគភ៌បានកូនភ្លោះច្រើនជាងដល់ទៅ 5ដងបើប្រៀបធៀបជាមួយអ្នកដែលមិនបរិភោគអាហារប្រភេទសាច់សត្វសោះ នេះគឺដោយសារតែប្រូតេអ៊ីនដែលហៅថា IGF ដែលមាននៅក្នុងទឹកដោះគោ និងផលិតផលពីសត្វផ្សេងៗនោះគឺជាប្រូតេអ៊ីនដែលនឹងជួយឱ្យសំបុកស៊ុតមានប្រតិកម្មរហ័សឡើង និងជួយបង្កើនចំនួនស៊ុតឱ្យច្រើនឡើងហ្នឹងឯង។

    ការបំបៅដោះកូន : នៅពេលស្រ្តីមានកូនដំបូងរួចហើយ ការបំបៅដោះកូនយ៉ាងទៀងទាត់រហូតដល់កំណត់ពេលដែលស័ក្តិសម គឺប្រមាណជា 12ខែនោះ មានចំណែកជួយឱ្យស្រ្តីនោះមានឱកាសតាំងគភ៌បន្ទាប់ទៅទៀតជាកូនភ្លោះបានកាន់ច្រើនឡើងទៀតផង។

    ធ្លាប់ញ៉ាំថ្នាំពន្យារកំណើតលើស 3ឆ្នាំ : ហេតុផលស្រដៀងៗនឹងការតាំងគភ៌នៅពេលអាយុ 35ឆ្នាំឡើងទៅដែរ ព្រោះស៊ុតនឹងបង្ខំទម្លាក់មកច្រើន ធ្វើឱ្យមានឱកាសដែលអាចធ្វើឱ្យស៊ុតនឹងធ្លាក់មកច្រើនជាង 1ហ្នឹងឯង។

    ចង់បានកូនភ្លោះ ត្រូវញ៉ាំឱ្យច្រើន : ការទទួលទានអាហារឱ្យច្រើនៗ​អាចនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់ស្រ្តីកើនឡើងពីប្រក្រតីខ្លះ តែនឹងធ្វើឱ្យរាងកាយរបស់ស្រ្តីមាំមួនឥតខ្ចោះ និងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌កូនភ្លោះបានកាន់តែងាយឡើងទៅតាមនោះដែរ តែយ៉ាងណាក៏ដោយ គួរសង្កត់ធ្ងន់លើអាហារដែលមានប្រយោជន៍ មិនមែនចេះតែញ៉ាំអ្វីក៏បាននោះទេ ព្រោះអាចនឹងមានផលអវិជ្ជមានបាន។

    នេះគ្រាន់តែជាបច្ច័យដែលអាចនឹងជួយហុចផលឱ្យអ្នកមានកូនភ្លោះបានច្រើនឡើងប៉ុណ្ណោះ តែយ៉ាងណាក៏ដោយ បើចង់បង្កើនឱកាសក្នុងការមានកូនភ្លោះនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីដែលពិតប្រាកដច្បាស់លាស់ និងស័ក្តិសមជាមួយសុខភាពរបស់ទាំងស្វាមី និងភរិយា ទើបជាការប្រសើរបំផុត៕

  • តើញើសដែលចេញមក កើតពីអ្វី?

    តើញើសដែលចេញមក កើតពីអ្វី?

    សភាវបែកញើសចេញមកច្រើន គឺជារឿងប្រក្រតីនៅពេលដែលលោកអ្នកហាត់ប្រាណ ឬដើរនៅតាមផ្លូវក្នុងរដូវក្ដៅ តែបើអ្នកមានអារម្មណ៍ថា​ខ្លួនឯងហាក់ដូចជាបែកញើសចេញមកច្រើនរាល់ថ្ងៃ អាវសើមជោកបើទោះបីជានៅក្នុងសភាពអាកាសដែលមិនសូវជាក្ដៅប៉ុន្មាន បាតដៃសើមដោយញើស និងត្រូវប្រើផលិតផលបំបាត់ក្លិនកាយពេញមួយថ្ងៃនោះ បែបហ្នឹងក៏អាចទៅរួចដែរថា វាខុសប្រក្រតីហើយ។ សភាវបែកញើសចេញមក គឺការដែលរាងកាយបំភាយកម្ដៅចេញមកក្រៅ ក្រៅពីនេះ ញើសនៅមានប្រូតេអ៊ីនប្រឆាំងមេរោគបាក់តេរីដែលនឹងជួយកម្ចាត់មេរោគទាំងនោះចេញខណៈពេលយើងហាត់ប្រាណទៀតផង។ យ៉ាងណាក៏ដោយ អ្នកជំនាញការបានឱ្យចំណុចសង្កេតមួយថា សភាវបែកញើសចេញមកច្រើន អាចកើតឡើងបាន និងខាងក្រោមនេះ គឺមូលហេតុរបស់វា…។

    បែបណាប្រក្រតី និងបែបណាគួរឱ្យបារម្ភ?

    បរិមាណញើសរបស់មនុស្សម្នាក់ៗខុសប្លែកពីគ្នា មនុស្សភាគច្រើននឹងចេញ(បែក)ញើសនៅពេលសីតុណ្ហភាពរាងកាយចាប់ផ្ដើមកើនឡើងខ្ពស់ជាង 37អង្សា តែអ្នកគួរមានអារម្មណ៍កង្វល់បើសង្កេតឃើញថា ញើសរបស់អ្នកចេញមកច្រើនជាងអ្នកឯទៀតដែលនៅជុំវិញខ្លួន។

    មូលហេតុដែលធ្វើឱ្យញើសចេញមកច្រើន

    បញ្ហាសុខភាព ៈ សភាវហៀរញើសច្រើនបង្កផលប៉ះពាល់ដល់មនុស្សប្រមាណជា 3ភាគរយ និងច្រើនតែកើតតគ្នាតាមពូជអំបូរ។ អ្នកដែលមានសភាវហៀរញើសច្រើនមានសញ្ញាថា នឹងបែកញើសចេញមកនៅលើ 1 – 2 ចំណែករបស់រាងកាយដែលភាគច្រើននៅលើបាតដៃ ជើង ក្លៀក ឬក្បាល ខណៈដែលកន្លែងផ្សេងទៀតស្ងួតចែស។ សភាវហៀរញើសច្រើន ជាបឋមកើតចេញពីការដែលប្រព័ន្ធប្រសាទ ស៊ិមផាថេទិក ត្រូវបានជំរុញដោយប្រតិកម្មតស៊ូ ឬគេចចេញធ្វើការខ្លាំងជ្រុលហួសហេតុ ចំណែកសភាវហៀរញើសច្រើន ជាបន្តនឹងបណ្ដាលមកពីការប្រើប្រាស់ថ្នាំប្រភេទខ្លះ អ័រម៉ូនប្រែប្រួល បញហាបេះដូង ជំងឺមហារីក ការឆ្លងមេរោគ ឬបញ្ហាប្រព័ន្ធប្រសាទ។

    ទម្ងន់ខ្លួន ៈ មូលហេតុដែលជួបញឹកញាប់បំផុត គឺរោគធាត់។ ដោយសារតែការធ្វើចលនាអ៊ីកអ៊ាក និងប្រើកម្លាំងថាមពលច្រើននៅពេលទម្ងន់ខ្លួនកើនលើសកម្រិតធ្ងន់ធ្ងរ។

    អាយុ ៈ វ័យជំទង់ច្រើនតែមានញើសចេញច្រើន និងមានក្លិនខ្លាំងជាធម្មតា។

    មានផ្ទៃពោះ ៈ ដោយសារតែអ័រម៉ូនប្រែប្រួល និងទម្ងន់ខ្លួនកើនឡើង ទើបធ្វើឱ្យស្រ្តីមានគភ៌ច្រើនមានអារម្មណ៍ឆាប់ក្ដៅស្អុះ និងមានញើសចេញច្រើនជាងប្រក្រតី។

    ភាពតានតឹងធុញថប់អារម្មណ៍ ឬក្ដីវិតក្កកង្វល់ ៈ មនុស្សយើងតែងតែបែកញើសចេញមកពេលមានអារម្មណ៍ធុញថប់តានតឹងនេះគឺប្រតិកម្មតបស្នងរបស់ប្រព័ន្ធប្រសាទ ស៊ិមផាថេទិក ដែលមិនពាក់ព័ន្ធនឹងសីតុណ្ហភាពខ្ពស់អ្វីៗទាំងអស់។

    អាការផ្សេងទៀត ៈ ដូចជា ជំងឺទឹកនោមផ្អែម។ល។

    វិធីគ្រប់គ្រងបរិមាណញើស

    មុនដំបូងបង្អស់ បើលោកអ្នកមានអារម្មណ៍ថា ខ្លួនឯងមានញើសចេញមកច្រើនខុសពីប្រក្រតីនោះ គួរតែទៅប្រឹក្សាជាមួយគ្រូពេទ្យអ្នកជំនាញផ្នែករោគសើរស្បែកដើម្បីរកវិធីព្យាបាល។ សម្រាប់អ្នកដែលមានញើសចេញច្រើន គួរចៀសវាងទទួលទានអាហារដែលមានរសជាតិហិរខ្លាំង ក្ដៅខ្លាំងដែលអាចធ្វើឱ្យអ្នកចេញញើសកាន់តែច្រើនឡើង។ ក្នុងករណីដែលមានញើសចេញនៅលើបាតជើងច្រើន ឡារ៉ែនសូមណែនាំឱ្យប្ដូរស្រោមជើង និងស្បែកជើងញឹកញាប់ គួបផ្សំនឹងការប្រើផលិតផលបំបាត់ញើស(Roll on)។

    សរុប ៈ មិនបង្កគ្រោះថ្នាក់ទេ តែគួរឱ្យរំខានចិត្ត

    ភាពសើម និងកម្ដៅនឹងរឹតតែជំរុញការរីកចម្រើនធំធាត់របស់មេរោគបាក់តេរីដែលអាចធ្វើឱ្យកើតក្លិនមិនល្អបាន ក្រៅពីនេះសភាវចេញញើសច្រើននេះក៏អាចជាឧបសគ្គមួយក្នុងការរស់នៅប្រចាំថ្ងៃដែរ។ អ្នកដែលមានញើសចេញច្រើននៅបាតដៃ នឹងមិនហ៊ានចាប់ដៃជាមួយអ្នកដទៃ និងមានបញ្ហាក្នុងការកាន់ប៊ិច ខណៈដែលក្រដាសឯកសារផ្សេងៗក៏អាចសើមញើស និងរួញជ្រួញពេលមានការប៉ះពាល់ដែរ ឬសូម្បីតែបើកគម្របដបទឹកក៏សឹងតែមិនអាចធ្វើឡើងបានដែរ ដោយសារតែបាតដៃរអិលហ្នឹងឯង៕

  • ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។

    ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។

    ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត?

    ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។

    បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា?

    ដូចដែលប្រាប់ពីខាងដើមហើយថា រឿងនេះមិនមែនជារឿងធំដុំអ្វីទេ តែបើកើតមានអាការខ្លាំងក្លាដល់ថ្នាក់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំសម្រាលអាការទាំងនោះ ដែលមើលទៅវាដូចជាអាការខាងផ្លូវចិត្តខ្លាំងជាង(ព្រោះគ្រូពេទ្យអាចគិតថា វាបណ្ដាលមកពីក្ដីវិតក្កកង្វល់ និងបារម្ភពីភរិយាជ្រុលហួសហេតុពេកក៏អាចថាបាន) ដូច្នេះទើបចង់ណែនាំដល់អនាគតឪពុកគេឱ្យធ្វើចិត្តសប្បាយៗ ទទួលយករឿងល្អៗដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នក បណ្ដោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមច្បាប់ធម្មជាតិវាប្រសើរជាង ឬបើមើលឃើញថាភរិយាចាញ់កូនខ្លាំងពេក លោកប្ដីក៏មិនចាំបាច់ទៅពិបាកចិត្តតាមដែរ គ្រាន់តែជួយផ្ដល់ជាកម្លាំងចិត្ត និងរកកិច្ចការងារល្អៗមកធ្វើក្នុងអំឡុងពេលភរិយាតាំងគភ៌ដើម្បីឱ្យមានសម្ព័ន្ធភាពល្អៗចំពោះគ្នា រួមទាំងបានជាការសាងអនុស្សាវរីយ៍ដែលគួរឱ្យពេញចិត្តវិញប្រសើរជាង៕

  • ហេតុផលសំខាន់ 3យ៉ាងដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាមរបស់ខ្លួនឯង

    ហេតុផលសំខាន់ 3យ៉ាងដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាមរបស់ខ្លួនឯង

    អ្នកត្រូវវាស់សម្ពាធឈាមគ្រប់ពេលដែលទៅជួបគ្រូពេទ្យ តែថ្មីៗនេះគោលការណ៍ក្នុងការវិនិច្ឆ័យរោគសម្ពាធឈាមមានការប្រែប្រួលជាលើកដំបូងក្នុងជុំ 14ឆ្នាំ។ តាមរយៈគោលការណ៍ថ្មីនេះបានចង្អុលបញ្ជាក់ថា អ្នកណាក៏ដោយដែលមានកម្រិតសម្ពាធឈាមច្រើនជាង 130/80 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាម តែកម្រិតសម្ពាធឈាមធម្មតា មិនប្រែប្រួលទេគឺ 120/80ដដែល ដែលតួលេខខាងលើបញ្ជាក់ពីសម្ពាធឈាម ស៊ីស្តូលិក(នៅពេលបេះដូងបាញ់ឈាមចូលទៅក្នុងសរសៃឈាម) និងតួលេខខាងក្រោម គឺកម្រិតសម្ពាធឈាម ដៃអេស្តូលិក(នៅពេលបេះដូងបន្ធូរខ្លួនមកវិញ)។

    កាលពីពេលមុននេះ កម្រិតសម្ពាធឈាមស៊ីស្តូលិក ស្ថិតក្នុងចន្លោះ 120 – 139 នឹងមិនត្រូវបានវិនិច្ឆ័យថា កើតជំងឺលើសឈាមទេ រហូតទាល់តែខ្ពស់ជាង 140/90…តែសម្រាប់គោលការណ៍ថ្មីវិញ អ្នកដែលមានកម្រិតសម្ពាធឈាម ស៊ីស្តូលិកក្នុងចន្លោះ 130 – 139 ឬកម្រិតសម្ពាធឈាមដៃអេស្តូលិកស្ថិតក្នុងចន្លោះ 80 – 89 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាមរយៈទី1 ខណៈដែលកម្រិតសម្ពាធឈាម 140/90 នឹងឈានចូលជំងឺលើសឈាមរយៈទី2 និងកម្រិតសម្ពាធឈាម 180/120 នឹងក្លាយជាជំងឺលើសឈាមកម្រិតគ្រោះថ្នាក់។

    កម្រិតសម្ពាធឈាម គឺជាអ្នកបញ្ជាក់ប្រាប់ពីសុខភាពដែលសំខាន់ខ្លាំងសម្រាប់ខ្លួនអ្នក និងគ្រូពេទ្យទាំងឡាយ។ ទោះជាការប្រែប្រួលនេះនឹងសាងនូវភាពច្របូកច្របល់បន្តិចមែន តែក៏មានតម្លៃសម្រាប់ការរៀនយល់ដឹងអំពីកម្រិតសម្ពាធឈាមរបស់ខ្លួនឯងដែរ។

    1 . ជំងឺលើសឈាមគ្មានអាការបង្ហាញឡើងឱ្យឃើញច្បាស់លាស់ជានិច្ចនោះទេ ៈ ក្នុងករណីដែលកម្រ ជំងឺលើសឈាមអាចហុចផលឱ្យមានអាការតឹងណែនក្នុងទ្រូង ពិបាកដកដង្ហើម ឈឺក្បាល ឬមានហូរឈាមច្រមុះ ប៉ុន្តែក្នុងករណីភាគច្រើនបែរជាមិនបង្ហាញអាការណាមួយសោះទៅវិញ ដែលនេះហើយគឺ ឃាតករលាក់មុខដ៏ពិតប្រាកដនោះ។ យ៉ាងណាក៏ដោយ វិធីដែលល្អបំផុតនោះ លោកអ្នកគួរពិនិត្យកម្រិតសម្ពាធឈាមនៅពេលយប់ដើម្បីឱ្យឃើញច្បាស់ពិតប្រាកដ មុននឹងចូលទៅទទួលការព្យាបាល។

    2 . ជំងឺលើសឈាម គឺជាដើមហេតុរបស់ជំងឺបេះដូង ៈ និងបើសិនបណ្ដោយទុកចោលមិនព្យាបាល វានឹងធ្វើឱ្យអវយវៈផ្សេងទៀតខូចខាតទៅតាមដែរ។ ជំងឺលើសឈាម គឺជាបច្ច័យប្រថុយប្រថានសម្រាប់ជំងឺជាច្រើន ដូចជាជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល សភាវគាំងបេះដូង អាការចេញឈាមនៅក្នុងខួរក្បាល និងគាំងក្រលៀនអាចនឹងត្រូវចូលទៅទទួលការលាងក្រលៀននៅទីបំផុត។ សួរថា ហេតុអ្វីបានហុចផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹង? ព្រោះថា គ្រប់ពេលដែលបេះដូងធ្វើការបឺតបាញ់ឈាម ក៏នឹងបឺតបាញ់ដោយកម្លាំងរុញច្រានខ្លាំង ដែលមានន័យថា បេះដូងត្រូវធ្វើការខ្លាំងធ្វើឱ្យសាច់ដុំបេះដូងក្រាស់ៗ និងបឺតបាញ់ឈាមបានយ៉ាងមានប្រសិទ្ធភាពកាន់តែពិបាកជាងមុនហ្នឹងឯង។

    3 . អ្នកអាចព្យាបាលជំងឺលើសឈាមបានតាមរយៈការផ្លាស់ប្ដូររបៀបរបបរស់នៅរបស់ខ្លួនឯងតាំងពីដំបូងៗ ៈ នៅពេលកម្រិតសម្ពាធឈាមរបស់អ្នកស្ថិតក្នុងកម្រិត 120-129/80 លោកអ្នកមិនទាន់ចាំបាច់ប្រញាប់ប្រញាល់ចូលទៅទទួលការព្យាបាលទេ តែគ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យអ្នកផ្លាស់ប្ដូរឡាយហ្វ៍ស្តាយល៍មួយចំនួន ដូចជា ការទទួលទានអាហារ ការតមភេសជ្ជៈអាល់កុល ឬបន្ថែមលំដាប់ការហាត់ប្រាណ ជាដើម។ ពេលតួលេខចាប់ផ្ដើមខ្ពស់ឡើង ការផ្លាស់ប្ដូររបៀបរបររស់នៅក៏ក្លាយជារឿងចាំបាច់ រួមទាំងលោកអ្នកអាចញ៉ាំថ្នាំរួមជាមួយផង តែគោលបំណងរបស់គោលការណ៍ថ្មីនេះ គឺដើម្បីការពារភាពធ្ងន់ធ្ងរដែលអាចកើតឡើងដោយការសង្កត់ធ្ងន់លើការព្យាបាលតាំងពីដំបូងៗ។

    អ្នកជំងឺអាចគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់ខ្លួនបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ និងឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំ។ ក្រៅពីនេះលោកអ្នកនៅគួរហាត់រៀនវាស់កម្រិតសម្ពាធឈាមដោយខ្លួនឯងនៅផ្ទះផងដែរ។ យ៉ាងណាក៏ដោយ បើលោកអ្នកមានចំណុចងឿងឆ្ងល់ ឬសង្ស័យពាក់ព័ន្ធនឹងសម្ពាធឈាម ឬវិធីវាស់នោះ ក៏គួរតែប្រឹក្សាជាមួយគ្រូពេទ្យ៕

  • ទារកកនៅទន់ ដាក់ខ្នើយឱ្យគេងនឹងបង្កគ្រោះថ្នាក់ឬទេ? និងដាក់ខ្នើយឱ្យកើយបាននៅពេលណា?

    ទារកកនៅទន់ ដាក់ខ្នើយឱ្យគេងនឹងបង្កគ្រោះថ្នាក់ឬទេ? និងដាក់ខ្នើយឱ្យកើយបាននៅពេលណា?

    ឪពុកម្ដាយថ្មោងថ្មីជាច្រើនៗតែមានក្ដីបារម្ភកង្វល់ ភ័យផង មិនប្រាកដក្នុងចិត្តផងនៅពេលនាំកូនតូចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីប្រសូតរួចនៅឯមន្ទីពេទ្យ ហើយដោយសារតែភាពភ័យផងអរផងនេះឯង ទើបនាំគ្នាទិញរបស់របរប្រើប្រាស់សម្រាប់ទារកមកទុកពេញហ្នឹងទាំងអស់ ជាពិសេសរបស់របរសម្រាប់ទារកគេង មិនថាតែពូកទ្រនាប់ ខ្នើយកើយ ខ្នើយកល់ និងភួយជាដើម ក្រៅពីនេះនៅមានតុក្កតាស្អាតៗដែលគិតថា នឹងយកមកដាក់ឱ្យគេងជិតកូនតូចឱ្យគេមានអារម្មណ៍កក់ក្ដៅគិតថាមានអ្នកនៅក្បែរជានិច្ចទៀតផង…តែ មិនបានដឹងឡើយថា វត្ថុអស់ទាំងនោះអាចជាដើមហេតុដែលធ្វើឱ្យកូនមានគ្រោះថ្នាក់បានដោយអាការ ស្លាប់ទាន់ហន់ភ្លាមៗសម្រាប់ក្មេងទារក ឬ Sudden Infant Death Syndrome (SIDS)។

    ព័ត៌មាននៃការស្លាប់បែប SIDS នេះប្រទះឃើញច្រើននៅលើទារកទើបកើត និងក្មេងដែលមានអាយុមិនដល់ 2ខួប។ ឧទាហរណ៍ នៅក្នុងប្រទេសអាមេរិកត្រូវបានរកឃើញថា មានក្មេងទារកដែលស្លាប់ដោយអាការនេះ(SIDS/គ្មានខ្យល់ដកដង្ហើមខណៈពេលគេងលក់)ច្រើនដល់ទៅ 700នាក់ក្នុងមួយឆ្នាំៗ។

    ខ្នើយកើយក៏សម្លាប់ជីវិតកូនតូចបានដែរ

    ជាច្រើនដងណាស់ដែលឪពុកម្ដាយបានដឹងមកថា តុក្កតា ខ្នើយកើយ ខ្នើយកល់ ឬភួយក៏អាចសម្លាប់កូនតូចក្នុងវ័យទារកបានដែរ ព្រោះជាចង្វាក់ពេលដែលកូនប្រែខ្លួន ផ្ទៃមុខបានទៅផ្ទប់នឹងឧបករណ៍សម្រាប់គេង និងតុក្កតាទាំងនោះក្នុងរយៈពេលយូរ ព្រោះតែទារកដែលកនៅមិនទាន់រឹង គេមិនអាចជួយខ្លួនឯងបាន ទើបធ្វើឱ្យកូនតូចគ្មានខ្យល់ដកដង្ហើម និងស្លាប់នៅទីបំផុត។

    ការដាក់ខ្នើយឱ្យកើយចំពោះទារកដែលកនៅមិនទាន់រឹងមាំក៏ដូចគ្នាដែរ បើលោកឪពុកអ្នកម្ដាយដាក់កូនឱ្យគេងផ្កាប់ខណៈពេលដែលកូនគេងលក់ ពេលកូនកម្រើកខ្លួន អាចធ្វើឱ្យផ្ទៃមុខរបស់កូនទៅផ្កាប់ផ្ទប់នឹងខ្នើយតែម្ដង និងបើសិនជាឪពុកម្ដាយមិនមានពេលវេលានៅមើលកូនជាប់រហូត ឬភ្លេចខ្លួនគេងលក់ដែរនោះ អាចធ្វើឱ្យកើតរឿងសោកស្ដាយឡើងបាន។

    តើកូនតូចអាចគេងកើយខ្នើយបាននៅពេលណា?

    ជម្រើសដែលល្អបំផុត ឡារ៉ែនសូមណែនាំថា គួរឱ្យកូនគេងកើយខ្នើយបាននៅពេលដែលមានអាយុច្រើនជាង 2ខួប ឬនៅពេលដែលករបស់កូនតូចរឹងមាំហើយ ដែលនេះជាការជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតមានគ្រោះថ្នាក់យ៉ាងទាន់ហន់ណាមួយចំពោះទារក។ ម្យ៉ាងទៀតដែលសំខាន់ដែរនោះគឺ ដោយសារសរីរៈរបស់ទារកក្នុងផ្នែកក្បាលនៅហាក់ដូចជាធំជាងដងខ្លួននោះ ដូច្នេះការឱ្យទារកបានគេងលើពូក ឬកន្លែងដែលរាបស្មើ កូននឹងមិនមានអារម្មណ៍ថា ក្បាលធ្លាក់ទាប ឬពិបាកគេងអ្វីឡើយ ផ្ទុយទៅវិញ កូននឹងគេងបានស្មើល្មមល្អជាងមានខ្នើយទ្រាប់ពីក្រោម។

    ការបង្ហាត់ឱ្យកូនឆាប់រឹងក

    រឿងមួយទៀតដែលសំខាន់សម្រាប់អ្នកដែលជាឪពុកម្ដាយថ្មោងថ្មីដែលមានទាំងក្ដីកង្វល់ និងបារម្ភថា តើពេលណាទើបកូនយើងនឹងរឹងក? ហេតុអីបានកូនយើងក្ររឹងកម្លេ៉ះ?នោះ ឡារ៉ែនចង់ប្រាប់ថា ចំណុចនេះមិនចាំបាច់កង្វល់នោះទេ ព្រោះ…លោកឪពុកអ្នកម្ដាយអាចជួយបង្ហាត់កូនតូចបាន ដោយខណៈពេលដែលកូនភ្ញាក់ ចូរដាក់កូនឱ្យគេងផ្កាប់ ហើយយករបស់លេងទៅលេងជាមួយកូនពីខាងមុខ ដើម្បីឱ្យកូនងើបមុខឡើងមើលរបស់លេងនោះ(គួរជារបស់លេងដែលមានសំឡេង ដើម្បីបង្កើនចំណាប់អារម្មណ៍កូន) និងបើរឹតតែជារបស់លេងដែលគេចូលចិត្តផងនោះ រឹតតែល្អខ្លាំងទៅទៀត ព្រោះនឹងបានមើលយូរៗ ដែលនោះមានន័យថា កូនតូចអាចពង្រឹងកបានយូរឡើងហ្នឹងឯង។ បង្ហាត់រាល់ថ្ងៃ អាចនឹងចាប់ផ្ដើមពីមួយថ្ងៃ 5នាទី រួចហើយសឹមថែមទៅជា 10 និង15នាទីរហូតទាល់តែករឹង។

    កុំភ្លេចណា៎ បើកូននៅតូច កនៅមិនទាន់រឹងមាំ ឪពុកម្ដាយគួរយកចិត្តទុកដាក់រឿងឧបករណ៍សម្រាប់កូនតូចគេងជាពិសេសតែម្ដង ដូចជាមិនជ្រើសរើសប្រើពូកគេងដែលទន់ជ្រុលពេក រួមទាំងការដាក់របស់របរគេងជុំវិញខ្លួនកូនក៏មិនគួរឱ្យមានច្រើនជ្រុលពេកដែរ ដើម្បីការពារកុំកើតអាការ SIDS៕

  • realme C15 ស្មាតហ្វូនថាមពលថ្មធំនៅកម្ពុជា ៈ ថាមពលថ្ម6000mAh និងការសាកលឿន18W នឹងដាក់ប្រកាសនៅថ្ងៃទី10ខែវិច្ឆិកានេះហើយ​

    realme C15 ស្មាតហ្វូនថាមពលថ្មធំនៅកម្ពុជា ៈ ថាមពលថ្ម6000mAh និងការសាកលឿន18W នឹងដាក់ប្រកាសនៅថ្ងៃទី10ខែវិច្ឆិកានេះហើយ​

    កាលពីថ្មីៗនេះ ស្ថាប័ន Counterpoint បានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ ត្រីមាសទី៣នៃឆ្នាំ២០២០realme ប្រើរយៈពេល២ឆ្នាំបានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់រហូូត ដល់ជិត50លានគ្រឿងជុំវិញពិភពលោក។ ដើម្បីជាការអរគុណទៅដល់អ្នកគាំទ្ររបស់ realme នឹងបន្តពង្រឹង គុណសម្បត្តិ ដែលមានថាមពលថ្មធំ ដោយនឹងនាំយកនូវrealme C15 ជាម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និង ការសាកលឿន18W ជូនដល់អ្នកគាំទ្រនៅក្នុងខែនេះ ដោយស្មាតហ្វូននេះ អាចនិយាយទូរស័ព្ទ បានរហូតដល់ទៅ 46ម៉ោង និងមើល YouTube បានរយៈពេល28ម៉ោង ហើយផលិតផល ដែលមានថាមពលថ្មធំ នៅលើទីផ្សារភាគច្រើនមានថាមពលថ្ម5000mAh បើប្រៀបធៀបនឹង realme C15 គឺមានថាមពលថ្ម6000mAh ដែលអាចទុកបានរហុតដល់ជាងកន្លះខែ។

    (យោងតាមទិន្នន័យរបស់Counterpointបានបង្ហាញថា ៈ realmeជាម៉ាកស្មាតហ្វូនដែលមានចំនួនលក់រហូូត ដល់ជិត50លានគ្រឿងជុំវិញពិភពលោក)

    អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15 ដែលនឹងមកទីផ្សារកម្ពុជា គឺមានលក្ខណៈខុសពីនៅទីផ្សារ​ផ្សេងៗ ដោយមានបំពាក់នូវបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB កាមេរ៉ា AI 4គ្រាប់ និង មានការរចនាជារាងធរណីមាត្របែបប្រដេញពណ៌ ក្លាយជាផលិតផលដែលពេញនិយមមួយទៀត និង ជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដ៏ល្អសម្រាប់យុវវ័យ។ ​realme C15នឹងធ្វើការដាក់ប្រកាសតម្លៃនៅថ្ងៃទី10ខែវិច្ចិកា និងមានការដាក់លក់ដំបូងនៅថ្ងៃទី13ខែវិច្ឆិកា សូមទន្ទឹមរង់ចាំទាំងអស់គ្នា!

    ថាមពលថ្មធំ6000mAh ដែលជាដំណោះស្រាយដ៏ល្អមួយ ហើយ realme C15 ត្រូវបានកែប្រែអោយប្រសើរឡើងដោយបំពាក់​បច្ចេកវិទ្យាសាកថ្មលឿនមកលើ C series ដែលខុសពីជំនាន់មុន គឺ បច្ចេកវិទ្យាសាកថ្មលឿន18W នេះជាការហ៊ានឆ្ពោះមួយកម្រិតទៀតរបស់ស្មាតហ្វូនលំដាប់ថវិការបស់realme និង នាំមកនូវបទពិសោធន៍កំសាន្តកាន់តែអស្ចារ្យដល់យុវវ័យ។

    ជាមួយគ្នានេះដែរ realme ក៏បាននាំយកមកជាមួយនូវនាឡិកាឆ្លាតវៃមួយទៀតគឺ realme Watch S ដែលអាចកាន់ថ្មបានរយៈពេល15ថ្ងៃ។ ការរចនានៃrealme Watch S មានរាងមូល កាន់តែទាន់សម័យ ពេញនិយម ដោយវាមិនត្រឹមតែអាចវាស់អុកសុីសែនក្នុងឈាម ថែមទាំងមានមុខងារការពារជម្រាបទឹកIP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព ហើយនៅថ្ងៃទី១០ខែវិច្ឆិកានេះនឹងប្រកាសជាមួយនិងrealme C15ផងដែរ​ សូមទន្ទឹមរង់ចាំទាំងអស់គ្នា!

  • ញ៉ាំថ្នាំយ៉ាងណា ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ញ៉ាំថ្នាំយ៉ាងណា ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ការប្រើថ្នាំឱ្យត្រូវនឹងរោគដែលលោកអ្នកកំពុងឈឺថ្កាត់នោះគឺជារឿងត្រឹមត្រូវ តែរឿងសំខាន់បំផុតគឺ “ការប្រើថ្នាំឱ្យត្រូវវិធី” ដោយសារថ្នាំដែលវេជ្ជបណ្ឌិតបញ្ជាឱ្យប្រើនោះ មានទាំងថ្នាំមុនញ៉ាំបាយ ក្រោយញ៉ាំបាយ និងមានចំណុចហាមឃាត់ផ្សេងទៀតក្នុងការញ៉ាំថ្នាំប្រភេទខ្លះ ហើយត្រូវញ៉ាំថ្នាំយ៉ាងណាឱ្យត្រឹមត្រូវតាមស្លាកបង្ហាញ។ ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន…។

    វិធីការប្រើថ្នាំតាមស្លាកណែនាំឱ្យបានត្រឹមត្រូវ សម្រាប់ថ្នាំញ៉ាំមុនពេលបាយ

    នៅពេលឃើញពាក្យថា “ថ្នាំញ៉ាំមុនពេលបាយ” នៅលើស្លាកណែនាំ មនុស្សជាច្រើនអាចយល់ថា ចាំនៅសល់4-5នាទី មុនក្រោកទៅញ៉ាំបាយ សឹមយកថ្នាំនោះមកលេបក៏បាន តែនេះគឺជាការយល់ខុសហើយ ព្រោះថ្នាំញ៉ាំមុនពេលបាយ ការពិតទៅគឺជាថ្នាំដែលលោកអ្នកត្រូវញ៉ាំមុនពេលបាយប្រមាណជា 30-60នាទី និងគួរញ៉ាំខណៈដែលពោះទំនេរ(មិនមានអាហារនៅក្នុងពោះ)។

    ថ្នាំញ៉ាំក្រោយពេលបាយ

    ក្រោយពេលញ៉ាំបាយរួច លោកអ្នកមិនទាន់ចាំបាច់ត្រូវយកកញ្ចប់ថ្នាំមកបើកដើម្បីលេបនោះទេ ចូរអង្គុយលេងឱ្យបាយធ្លាក់ចូលក្នុងក្រពះឱ្យរួចរាល់ប្រមាណជា 15-30នាទីសិន សឹមក្រោកទៅញ៉ាំថ្នាំតាមវេជ្ជបញ្ជាក៏បាន។

    ថ្នាំញ៉ាំដំណាលពេលបាយ

    បើសិនជាស្លាកណែនាំប្រាប់ថា “ថ្នាំញ៉ាំដំណាលពេលបាយ” នោះមានន័យថា បន្ទាប់ពីអ្នកញ៉ាំបាយមួយម៉ាត់ដំបូងហើយ អ្នកត្រូវញ៉ាំថ្នាំនោះចូលទៅភ្លាម ឬអ្នកអាចញ៉ាំថ្នាំនោះបន្ទាប់ពីញ៉ាំបាយអស់ពាក់កណ្ដាលហើយក៏បាន។

    ថ្នាំសម្លាប់មេរោគ

    ពេលឈឺថ្កាត់ មនុស្សជាច្រើនដើរទ្រេតទ្រោតទៅរកពេទ្យ ពេលបានថ្នាំមកទទួលទានឱ្យអាការធូរស្រាលហើយ ក៏មានអារម្មណ៍ថា អាការឈឺថ្កាត់របស់យើងបានជាសះស្បើយហើយ មិនចាំបាច់ត្រូវញ៉ាំថ្នាំទៀតទេ…នេះគឺជារឿងដែលខុស ព្រោះថ្នាំសម្លាប់មេរោគ ដូចជាថ្នាំព្យាបាលការរលាកក្លាយ ជាថ្នាំដែលអ្នកជំងឺត្រូវតែទទួលទានបន្តទៀតតាមវេជ្ជបញ្ជា ដើម្បីការពារការឌឺថ្នាំរបស់មេរោគ ព្រោះបើកើតមានអាការឌឺថ្នាំហើយ វានឹងហុចផលនៅលើកក្រោយៗទៀតដែលមិនអាចប្រើថ្នាំដដែល កម្រិតដដែលក្នុងការព្យាបាលបានទៀតទេ។

    ថ្នាំញ៉ាំមុនពេលគេង

    សម្រាប់ថ្នាំញ៉ាំមុនពេលចូលគេងវិញ បើលោកអ្នកដឹងខ្លួនថា កំពុងប្រុងបិទទូរទស្សន៍ បិទភ្លើងគេងហើយនោះ ក៏គួរតែក្រោកឡើងមកទទួលទានថ្នាំមុនពេលចូលគេងប្រមាណជា 15-30នាទី។

    ថ្នាំដែលត្រូវញ៉ាំមួយសប្ដាហ៍ 1ដង

    បើគ្រូពេទ្យ ឬឱសថការីមិនបានបញ្ជាក់ថ្ងៃទីឱ្យបានច្បាស់នោះ លោកអ្នកអាចជ្រើសរើសដោយខ្លួនឯងថា ត្រូវការញ៉ាំថ្នាំនោះនៅថ្ងៃណា ដូចជា ចាប់ផ្ដើមញ៉ាំថ្នាំនៅថ្ងៃពុធ ក៏សុំឱ្យញ៉ាំថ្នាំនោះរៀងរាល់ថ្ងៃពុធជាដើម។

    ថ្នាំព្យាបាលតាមអាការ

    ដូចជា ថ្នាំប៉ារ៉ាសេតាម៉ុល ដែលប្រើសម្រាប់បំបាត់អាការគ្រុនក្ដៅ និងអាការឈឺចុកចាប់ជាដើម ភាគច្រើនត្រូវបានកំណត់ទុកថា មនុស្សធំ បើមានអាការឈឺថ្កាត់ ចូរលេបម្ដង 2គ្រាប់ រៀងរាល់ 4ម៉ោងម្ដង ដូច្នេះបើលេបថ្នាំហើយ កន្លងទៅប្រមាណជា 2-3ម៉ោងនៅតែមានអាការឈឺថ្កាត់ដដែល ក៏យើងនៅមិនទាន់អាចលេបថ្នាំបន្ថែមទៀតបានដែរ ព្រោះបើលេបថែមទៀតភ្លាមៗ អាចធ្វើឱ្យមានបញ្ហាពុលថ្នាំដោយសារការលេបថ្នាំលើសកម្រិតបាន។

    បើភ្លេចលេបថ្នាំ…

    ជឿថា មនុស្សជាច្រើនប្រហែលជាធ្លាប់ភ្លេចលេបថ្នាំជាញឹកញាប់ លុះពេលនឹកឃើញ ក៏ប្រញាប់ស្ទុះទៅយកថ្នាំមកលេបភ្លាមតែម្ដង តែបើសិនអំឡុងពេលដែលអ្នកភ្លេចលេបថ្នាំនោះជិតដល់ពេលដែលត្រូវលេបម្ដងទៀតនោះ ក៏សុំឱ្យលេបរំលងពេលដែលភ្លេចនោះចោលទៅ កុំគិតប្រុងលេបថែមជំនួសពេលដែលភ្លេចដោយការបន្ថែមចំនួនថ្នាំជា 2ដងនៅពេលដែលនឹកឃើញនោះអី៕

  • Mario កំពុង​ស្តារ​ស្ថានភាព Muangthong ក្នុង​លី​គ​កំពូល​ថៃ

    Mario កំពុង​ស្តារ​ស្ថានភាព Muangthong ក្នុង​លី​គ​កំពូល​ថៃ

    Mario Gjurovski គ្រូបង្វឹក​ថ្មី ដែល​មិនមាន​បទពិសោធ ដឹកនាំ​ក្រុម​ទាល់តែសោះ​នោះ បាន​ដឹកនាំ​ក្រុម SCG Muangthong United FC ទទួលបាន​ជ័យជម្នះ 2ប្រកួត​ជាប់​គ្នា​ហើយ ដែល​នេះ​ជា​កំណត់ត្រា​ដ៏​ល្អ​មិន​ធ្លាប់មាន របស់​ក្រុម​ដែល​កំពុង​ត្រដាបត្រដួស​ខ្លាំង 1នេះ។

    ទោះជា​បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ 2ប្រកួត​ជាប់​គ្នា​ក៏ពិតមែន ប៉ុន្តែ​ក្លិប​មួយ​នេះ ស្ទើរតែ​លែងមាន​ឱកាស​ដ​ណ្តឹ​ម​ពាន​ទៅហើយ ដោយសារតែ​ការបរាជ័យផ្ទួនៗ កាលពីដើម​រដូវ​កាល ដោយ​ក្រុម​មួយ​នេះ កំពុងតែ​ត្រូវការ​ស្ថា​រ​ទម្រង់​ឡើងវិញ និង​កំពុង​ស្ថិតនៅ​លេខ​រៀង​ទី៨ ក្នុងចំណោម​ក្រុម​ទាំង16 នៃ​លី​គ​កំពូល​របស់​ថៃ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្លិប SCG Muangthong United FC កំពុងតែ​ធ្លាក់​ក្នុង​ហានិភ័យ ក្រោយ​ឆ្លងកាត់ 8ប្រកួត​កន្លងមក ពួកគេ​រកតែ 10ពិន្ទុ​មិនបាន​ផង និង​កំពុង​ឈរ​នៅ​លេខ​រៀង​ទី11 លើ​តំបន់​ដែល​ត្រូវ​កាត់ចេញ​ត្រឹមតែ 4ពិន្ទុ​ប៉ុណ្ណោះ៕

  • វិធីរៀបចំតុញ៉ាំអាហារបែបសកល សម្រាប់ទទួលភ្ញៀវគ្រប់ឋានៈ ដែលបងៗស្រ្តីមេផ្ទះគួរតែដឹង…(តចប់)

    វិធីរៀបចំតុញ៉ាំអាហារបែបសកល សម្រាប់ទទួលភ្ញៀវគ្រប់ឋានៈ ដែលបងៗស្រ្តីមេផ្ទះគួរតែដឹង…(តចប់)

    – ខាងឆ្វេងដៃនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ សម

    – ខាងស្ដាំដៃនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ កូនកាំបិត និងស្លាបព្រាបដួសស៊ុប

    – ខាងលើឆៀងខាងឆ្វេងនៃចានបាយ ៈ ចានដាក់នំប៉័ង និងកូនកាំបិតលាបប៊័រ

    – ខាងលើឆៀងខាងស្ដាំនៃចានបាយ(ដាក់រៀបពីក្នុងទៅក្រៅ ផ្អៀងបញ្ឆិតចុះមកផ្នែកខាងក្រោមប្រមាណជា 3/4អ៊ិញ) ៈ កែវទឹក និងកែវស្រាក្រហម/កែវកាហ្វេ

    វិធីរៀបចំតុអាហារបែបពាក់កណ្ដាលផ្លូវការ

    វិធីរៀបចំតុអាហារបែបពាក់កណ្ដាលផ្លូវការ ស័ក្តិសមសម្រាប់ពិធីជប់លៀងញ៉ាំអាហារពេលថ្ងៃ ឬជប់លៀងផារ៍ធីពេលព្រលប់។ គោលការណ៍រៀបចំតុអាហារបែបនេះនឹងចាប់ផ្ដើមមានការផ្លាស់ប្ដូរចាន និងប្រើឧបករណ៍លើតុអាហារថែមឡើងច្រើនដែលនឹងចាប់ផ្ដើមចាត់ត្រៀមដោយការដាក់ចានបាយនៅចំកណ្ដាលបន្ទះទ្រចាន បន្ទាប់ពីនោះដាក់កន្សែងជូតមាត់នៅផ្នែកខាងលើ និងចុងក្រោយ ដាក់ចានញ៉ាំស៊ុបពីលើកន្សែងជូតមាត់ចំកណ្ដាល។ សម្រាប់ឧបករណ៍ផ្សេងៗទៀត ចូររៀបចំដាក់រៀងគ្នាដូចតទៅនេះ ៈ

    – ខាងឆ្វេងដៃនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ សមញ៉ាំអាហារ និងសមញ៉ាំញាំបន្លែ(សាលាដ)

    – ខាងស្ដាំដៃនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ កូនកាំបិត ស្លាបព្រា និងស្លាបព្រាដួសស៊ុប

    – ខាងលើបញ្ឆិតទៅខាងឆ្វេងនៃចានបាយ ៈ ចាននំប៉័ង និងកូនកាំបិតលាបប៊័រ

    – ខាងលើបញ្ឆិតទៅខាងស្ដាំនៃចានបាយ ចន្លោះចាន និងកូនកាំបិត(ដាក់រៀងគ្នាពីក្នុងទៅក្រៅ ផ្អៀងបញ្ឆិតចុះមកខាងក្រោមប្រមាណ 3/4អ៊ិញ) ៈ កែវ និងកែវស្រាក្រហម។

    – ខាងលើចានបាយ ៈ ស្លាបព្រាបង្អែម ដោយដាក់ឱ្យដងដៃចាប់បែរចង្អុលទៅខាងស្ដាំរបស់ចាន

    វិធីរៀបចំតុអាហារបែបផ្លូវការ

    វិធីរៀបចំតុអាហារបែបផ្លូវការ ស័ក្តិសមសម្រាប់ពិធីជប់លៀង ពិធីផារ៍ធី និងពេលញ៉ាំអាហារក្នុងថ្ងៃឈប់សម្រាក ដោយគោលការណ៍ចាត់ត្រៀមតុអាហារបែបផ្លូវការនេះច្រើនតែអាស្រ័យលើមុខម្ហូបដែលបម្រើ ដែលប្រើការរៀងបន្តគ្នាពីក្រៅចូលមកក្នុង ដោយចាប់ផ្ដើមពីរៀបចំចានបាយឱ្យស្ថិតនៅចន្លោះកណ្ដាលរបស់កៅអីនីមួយៗ ឆ្ងាយពីគែមតុប្រមាណជា 1 – 2អ៊ិញ ព្រមទាំងដាក់កន្សែងជូតមាត់នៅលើចាន ឬខាងឆ្វេងដៃមុនដាក់សម ឬមិនទេ ក៏ខាងឆ្វេងក្រោមសមក៏បាន។ ចំណែកឧបករណ៍ផ្សេងៗទៀត ចូររៀបចំដាក់រៀងគ្នាដូចតទៅនេះ ៈ

    – ខាងស្ដាំដៃនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ កូនកាំបិតកាត់សាច់ កូនកាំបិតសម្រាប់ត្រី កូនកាំបិតសម្រាប់ញាំបន្លែ(សាលាដ) ស្លាបព្រាស៊ុប ឬស្លាបព្រាផ្លែឈើ និងសមគ្រំអយស្ទ័រ។

    – ខាងលើបញ្ឆិតទៅខាងឆ្វេងនៃចានបាយ ៈ ចាននំប៉័ង និងកូនកាំបិតលាបប៊័រ

    – ខាងលើបញ្ឆិតទៅខាងស្ដាំនៃចានបាយ(ដាក់រៀងគ្នាពីក្នុងទៅក្រៅ) ៈ កែវទឹក កែវស្រាក្រហម កែវស្រាស និងកែស្រាសំប៉ាញ។

    ក្រៅពីការរៀបចំតុអាហារឱ្យត្រឹមត្រូវតាមគោលការណ៍ហើយ ការតុបតែងតុអាហារឱ្យស្រស់ស្អាតដោយទៀន ឬផ្កាស្រស់ក៏ជួយបង្កើនឱ្យតុអាហារ និងបន្ទប់ទទួលទានអាហាររបស់អ្នកមើលទៅស្រស់ស្អាត គួរឱ្យចង់ប្រើប្រាស់ និងត្រៀមស្រេចក្នុងការទទួលភ្ញៀវកាន់តែខ្លាំងឡើងបានដែរ និងអ្វីដែលសំខាន់ត្រូវតាំងចិត្តធ្វើម្ហូបឱ្យឆ្ងាញ់ និងកុំភ្លេចយកចិត្តទុកដាក់មើលភ្ញៀវដែលមកចូលរួមទទួលទានអាហារផង៕

  • តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    តែ 3 ចំណុចគត់! រឿងសំខាន់ដើម្បីចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនសូវចេះខឹង”

    ពេលចិញ្ចឹមកូនប្រុស មានអ្នកម្ដាយជាច្រើននាក់គិតតែពី “កង្វល់រឿងអនាគតរបស់កូន…” ដោយមិនបាននឹកទៅដល់ភាពច្រងេងច្រងាង ឬអំពើហិង្សា ឬពេលធ្វើការងារអ្វីមួយជាក្រុម ដែលយើងប្រហែលជាមិនចង់ឱ្យកូនប្រុសក្លាយជា “ក្មេងឆេវឆាវ” ពេលមានអ្វីមួយមិនត្រូវចិត្ត ក៏ប្រើកម្លាំងបាយទៅលើមិត្តភក្តិ ឬស្រែកឡូឡានោះឡើយ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាដើម្បីចិញ្ចឹមកូនឱ្យក្លាយជា “ក្មេងដែលមិនងាយខឹង”? ថ្ងៃនេះ ឡារ៉ែននឹងបង្ហាញជូននូវរឿងសំខាន់ 3ចំណុចក្នុងការចិញ្ចឹមកូនប្រុសឱ្យក្លាយជា “ក្មេងមិនងាយខឹង” នាពេលអនាគត។

    ចំណុចទី1 ៈ ឱ្យនិយាយឱ្យបានច្រើន

    ពេលមានរឿងដែលមិនត្រូវចិត្ត ឬមិនដូចនឹងអ្វីដែលខ្លួនឯងគិត ក៏ទ្រគោះបោះបោក ឬគប់គ្រវែងវត្ថុរបស់របរ ស្រែកឡូឡាផងក៏មាន។ ដូចយើងដឹងហើយថា ទង្វើ “ខឹងក្រេវក្រោធ” ជាប្រភពកំណើតនៃការខ្វះភាពខាំមាត់អត់ទ្រាំសង្កត់ចិត្ត។ អាចនិយាយបានថា ក្មេងៗជាមនុស្សដែលមិនមានភាពខាំមាត់អត់ទ្រាំ ហើយពិសេសក្មេងប្រុសច្រើនតែច្រងេងច្រងាង ឬប្រើអំពើហិង្សាជាធម្មតា ដូច្នេះចាប់តាំងពីអាយុបាន 2ឆ្នាំឡើងទៅ គេនឹងយល់ដឹងពីភាសា និងចាប់ផ្ដើមចេះនិយាយបានហើយ អ្នកម្ដាយគួរហ្វឹកហាត់ឱ្យកូនតូចចេះគ្រប់គ្រងសតិស្មារតីរបស់ខ្លួនឯងឱ្យបាន ដែលកូនសោក្នុងការបណ្ដុះភាពខាំមាត់អត់ទ្រាំនេះ ការពិតទៅក៏គឺ “ពាក្យសំដី” ហ្នឹងឯង។

    មនុស្សយើងអាចបញ្ចេញពីតម្រូវការរបស់ខ្លួនបានមួយខណៈពេល តាមរយៈការនិយាយនូវអ្វីដែលខ្លួនឯងគិត។ បើបាននិយាយអ្វីដែលខ្លួនឯងកង្វល់ ឬដក់ជាប់ក្នុងចិត្តប្រាប់ទៅនរណាម្នាក់ហើយ ផ្លូវចិត្តក៏នឹងភ្លឺស្រឡះឡើង ក្មេងៗក៏ដូចគ្នាដែរ។ បើកូនចេះនិយាយបានហើយ ចូរឱ្យគេនិយាយឱ្យបានច្រើន ឱ្យហាត់និយាយប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមក។ ជាទូទៅក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស និងពូកែនិយាយ(និយាយច្រើន) ដែលអាចនិយាយបានថា ការដែលក្មេងស្រីមានភាពអត់ទ្រាំខ្លាំងជាងក្មេងប្រុសនោះ គឺដោយសារតែការ “និយាយច្រើន” ហ្នឹងឯង។

    ចំណុចទី2 ៈ “ដាក់សំណួរ” មិនស្ដីបន្ទោសដោយមិនសួរពីហេតុផល

    នៅពេលកូនឆេវឆាវមួម៉ៅប្រើកម្លាំងបាយ សូមកុំអាលជេរស្ដីបន្ទោសដោយមិនសួរពីហេតុផលឱ្យសោះ សូមឱ្យអង្គុយចុះបែរមុខរកគ្នា ហើយសួរកូនថា “ហេតុអីបានជាអម្បាញ់មិញនេះកូនគប់របស់របរអ៊ីចឹង?” និងឱ្យគេហ្វឹកហាត់និយាយពីអ្វីដែលគេកំពុងគិតនៅក្នុងចិត្ត និងគិតថា នឹងមានរឿងដែលកូនចង់និយាយចេញមកច្រើន ដូចជា “មិនចូលចិត្តត្រូវគេដណ្ដើមរបស់លេង” ឬ “ចង់ញ៉ាំទឹកផ្លែឈើទៀត” ជាដើម។

    មុនដំបូង ចូរទទួលស្ដាប់ពាក្យសំដីរបស់កូនសិន ហើយណែនាំថា “លើកក្រោយ សាកល្បងប្រាប់ម៉ាក់សិនមក មុននឹងគប់គ្រវែងរបស់របរ ល្អទេកូន?” បើបង្ហាត់របៀបនេះយ៉ាងជាប់លាប់ជារឿយៗ កូនតូចនឹងមានភាពខាំមាត់អត់ទ្រាំសង្កត់ចិត្តបានច្រើនឡើងមិនខាន។

    ចំណុចទី3 ៈ ឪពុកម្ដាយត្រូវធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”

    កូនៗច្រើនតែមើលពីឥរិយាបថរបស់ឪពុកម្ដាយ។ បើចង់ឱ្យកូនក្លាយជាក្មេងដែលមិនឆាប់ខឹងឆេវឆាវ លោកឪពុកអ្នកម្ដាយខ្លួនឯងត្រូវតែធ្វើជា “មនុស្សចាស់ដែលមិនងាយខឹង”។ ការចិញ្ចឹមកូនប្រុស តាមរយៈការរពឹសរបស់គេ ពេលខ្លះអាណាព្យាបាលអាចនឹងខឹងតូងឡើងក៏មាន តែសូមឱ្យរម្ងាប់អារម្មណ៍នោះឱ្យបាន។ មុននឹងស្រែកជេរស្ដីបន្ទោសកូនដោយសំឡេងខ្លាំងៗ ចូរដកដង្ហើមចូលវែងៗឱ្យបានមួយដង ហើយព្យាយាមនិយាយយ៉ាងចិត្តត្រជាក់។

    កូនប្រុសច្រើនតែចង់ធ្វើតាមអាកប្បកិរិយារបស់ឪពុកខ្លាំងជាងរបស់ម្ដាយ ដូច្នេះហើយទើបចង់សុំអង្វរលោកឪពុកទាំងឡាយសូមព្យាយាមកុំស្រែកស្ដីបន្ទោសកូនដោយមិនសួរពីហេតុផលមុនឱ្យសោះ។ ការដែលក្មេងប្រុសនិយាយគំរោះគំរើយ ប្រើហិង្សា មួយចំណែកក៏មកពីសញ្ជាតិញាណដែរ ទើបវាជារឿងមួយដែលមិនអាចជួយបាន តែភាពខាំមាត់សង្កត់ចិត្តអត់ទ្រាំ យើងអាចបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលបាន អាស្រ័យលើវិធីការប្រតិបត្តិរបស់ឪពុកម្ដាយ ព្រោះការអប់រំប្រៀនប្រដៅត្រូវប្រើពេលវេលា ត្រូវប្រតិបត្តិយូរជាបន្តបន្ទាប់ ដូច្នេះទើបចង់ឱ្យលោកឪពុកអ្នកម្ដាយព្យាយាមធ្វើចិត្តឱ្យត្រជាក់ៗ និងប្រើពេលវេលា មិនមែនចិត្តក្ដៅចង់ឃើញលទ្ធផលភ្លាមៗនោះទេ៕