Author: ធឿន មករា

  • សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

    ឪពុកម្ដាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាក្មេងអច្ឆរិយៈ មានភាពឆ្លាតវាងវៃ រហ័សរហួន អារម្មណ៍ល្អ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុងសង្គមមនុស្សបាន តែ តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកក្លាយជាក្មេងអច្ឆរិយៈយ៉ាងម៉េចបានទៅ?

    ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តក្នុងពេលច្ចុប្បន្ននេះ ធ្វើឱ្យយើងដឹងថា មានបច្ច័យចម្បង 3យ៉ាងដែលបើសិនជាយើងអាចត្រៀមឱ្យរួចជាស្រេចមុននឹងចាប់តាំងគភ៌នោះ ទារកដែលប្រសូតចេញមកក៏នឹងមានគុណភាពល្អ និងមានឱកាសក្លាយជាក្មេងពូកែអច្ឆរិយៈដូចដែលឪពុកម្ដាយរំពឹងប្រាថ្នាបានមិនខាន។

    1 . ពូជកំណើតពីឪពុក និងម្ដាយ

    ទារកកើតចេញពីការរួមបញ្ចូលគ្នារវាងកោសិការបស់ខាងឪពុក និងម្ដាយ ដោយកោសិកាប្រកបទៅដោយ ក្រូម៉ូហ្សូម(Chromozome) ដែលមានលក្ខណៈជាសរសៃ 2ខ្សែដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់ណែនដូចជាជណ្ដើរវិល និងនៅលើសរសៃក្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំចូលគ្នារវាងខាងឪពុក និងខាងម្ដាយម្នាក់ពាក់កណ្ដាល។ ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរ ភាពឆ្លាត-ល-ហើយដែលហ្ស៊ែននៅក្នុងផ្នែករបស់អវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្ដាយម្នាក់ពាក់កណ្ដាល ដែលមានផលធ្វើឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងឪពុក និងម្ដាយ។

    ដូច្នេះហើយទើបពូជកំណើតពីឪពុក និងម្ដាយគឺជាផ្នែកមួយដែលមានភាពសំខាន់ចំពោះគុណភាពរបស់ទារក ព្រោះថា ទារកនឹងឆ្លាតវាងវៃប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយនោះមានចំណែកពាក់ព័ន្ធគ្នាយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយហើយ នៅមានបច្ច័យផ្សេងទៀតក៏មានផលចំពោះទារកដែរ។

    2 . អាហារការហូបចុក

    ចំណីអាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវបំប្លែងឱ្យក្លាយជាសារធាតុអាហារ ដែលក្នុងពេលបច្ចុប្បន្នពិភពវេជ្ជសាស្រ្តបានផ្ដល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងគភ៌បានទទួលសារធាតុអាហារដែលល្អ និងសមរម្យនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ និងធំធាត់ឡើងក្លាយជាក្មេងអច្ឆរិយៈបានដូចគ្នា ព្រោះសារធាតុអាហារជាច្រើនប្រភេទមានផលល្អក្នុងការកសាងរាងកាយរបស់ទារកតាំងពីនៅក្នុងគភ៌ ដូចជា ប្រូតេអ៊ីនជាសារធាតុអាហារដែលរាងកាយត្រូវប្រើដើម្បីបង្កើនទំហំ និងគុណភាពរបស់ខួរក្បាល។ បើទារកបានទទួលសារធាតុអាហារដែលគ្រប់គ្រាន់ រាងកាយរបស់ទារកក៏នឹងអាចអភិវឌ្ឍខួរក្បាលបានយ៉ាងល្អពេញលេញ។ នៅពេលខួរក្បាលល្អពេញលេញ ការធ្វើការងាររបស់ខួរក្បាលក៏នឹងដំណើរការទៅបានយ៉ាងពេញលេញល្អដូចគ្នា។

    ខួរក្បាលជាអវយវៈដែលសំខាន់ខ្លាំងណាស់ ហើយខួរក្បាលក៏ប្រកបទៅដោយកោសិកាក្នុងចំនួនដ៏ច្រើនដូចគ្នា។ បើស្រ្តីមានគភ៌បានទទួលសារធាតុអាហារជាប្រូតេអ៊ីនតិចជ្រុលពេក កោសិកាខួរក្បាលរបស់កូនក្នុងផ្ទៃក៏នឹងមានទំហំតូច និងធ្វើឱ្យទារកដែលប្រសូតចេញមកមានកម្រិតសតិបញ្ញាទាបជាងក្មេងដទៃទៀត។ ក្រៅពីប្រូតេអ៊ីនហើយ នៅមានសារធាតុអាហារផ្សេងៗទៀត ដូចជា ក្រុមវីតាមីនប្រភេទខ្លះក៏មានផលល្អដល់ប្រព័ន្ធប្រសាទរបស់ទារកដែរ ដូច្នេះហើយទើបអាហារដែលស្រ្តីមានគភ៌បានទទួលចូលទៅនោះ មានផលល្អយ៉ាងខ្លាំងដល់ទារកក្នុងគភ៌។

    3 . សភាពបរិស្ថាន

    សភាពបរិស្ថាននៅក្នុងទីនេះនឹងមានផលប៉ះពាល់តាំងពីស្រ្តីចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងវេជ្ជសាស្រ្តបានបញ្ជាក់ថា បើស្រ្តីដែលមានគភ៌ត្រូវទ្រាំទ្រនៅជាមួយសភាពបរិស្ថានដែលមិនល្អ ទាំងរឿងសំឡេងដែលឮខ្លាំងហួសហេតុ មានក្លិនដែលមិនគួរឱ្យប៉ងប្រាថ្នា ឬធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅ ឬធុញថប់នោះ ទារកក៏នឹងបានទទួលផលប៉ះពាល់ពីសភាពបរិស្ថានទាំងនោះដូចគ្នា ដូចជា នៅពេលប្រសូតចេញមកហើយ ទម្ងន់ខ្លួននឹងតិចជាងប្រក្រតី ឬត្រូវប្រសូតចេញមកមុនកំណត់ ទារកងាយភ្ញាក់ផ្អើល ពិបាកចិញ្ចឹម ឬប៉ឹនយំ ជាដើម។

    បើចង់ឱ្យប្រសូតទារកចេញមកក្លាយជាក្មេងអច្ឆរិយៈ តើត្រូវធ្វើយ៉ាងណា?

    យើងមើលឃើញថា ពូជកំណើតពីឪពុក និងម្ដាយគ្រាន់តែជាចំណែក 1ភាគ3 នៃបច្ច័យប៉ុណ្ណោះ ដែលនឹងធ្វើឱ្យកូនក្លាយជាក្មេងដែលមានគុណភាព ជាក្មេងអច្ឆរិយៈ និងបច្ច័យ 2ផ្នែកទៀត គឺរឿងអាហារការហូបចុក និងសភាពបរិស្ថានក៏ជារឿងដែលឪពុកម្ដាយគ្រប់រូបអាចកំណត់ និងកែខៃបានដែរ ដូច្នេះមិនចាំបាច់ទៅនឹកកង្វល់ថា ពូជកំណើតរបស់យើងមិនល្អគ្រប់គ្រាន់ទេដឹងនោះឡើយ។

    គោលការណ៍ក្នុងការប្រតិបត្តិខ្លួនរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌យ៉ាងងាយៗនោះគឺ ទទួលទានអាហារឱ្យបានគ្រប់ប្រភេទក្រុមនៃអាហារ សង្កត់ធ្ងន់លើអាហារដែលមានប្រូតេអ៊ីនឱ្យច្រើនបន្តិច អាចនឹងញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 3-4កែវ ស៊ុតមាន់ 1គ្រាប់ ទទួលទានត្រីឱ្យបានច្រើន បន្លែផ្លែឈើ រួមទាំងថ្នាំបំប៉នដែលបានទទួលពីគ្រូពេទ្យដែលពិនិត្យគភ៌ រួមទាំងគួររស់នៅក្នុងទីកន្លែងដែលគ្មានសំឡេងខ្លាំងៗរំខាន មានខ្យល់អាកាសចេញចូលល្អ និងថែរក្សាអារម្មណ៍របស់ខ្លួនឱ្យស្រស់ថ្លាជាប់ជានិច្ច…តែប៉ុណ្ណឹង ទារកនៅក្នុងផ្ទៃក៏នឹងល្អឥតខ្ចោះ រឹងមាំទាំងរាងកាយ និងចិត្តគំនិត និងត្រៀមជាស្រេចក្នុងការធំធាត់ឡើងក្លាយជាក្មេងដែលឆ្លាតវាងវៃ អច្ឆរិយៈបានបាត់ទៅហើយ៕

  • ក្ដារ​ចុច​ដ៏​ទំនើប តម្លៃ $70 អាច​បំប្លែង​ខ្លួន ជា​កុំ​ព្យ័​ទ័​របា​ន គ្រាន់តែ​ថែម​អេក្រង់ Monitor

    ក្ដារ​ចុច​ដ៏​ទំនើប តម្លៃ $70 អាច​បំប្លែង​ខ្លួន ជា​កុំ​ព្យ័​ទ័​របា​ន គ្រាន់តែ​ថែម​អេក្រង់ Monitor

    ថ្មីៗនេះ ក្រុម​អ្នកជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ី​ន​ធើ​ណិ​ត​ដ៏​ល្បីល្បាញ ឈ្មោះថា Raspberry អាច​ផលិត​បាន ឧបករណ៍​ដ៏​ទំនើប ដែល​ពួកគេ​ឱ្យ​ឈ្មោះថា Raspberry Pi 400: a computer in a keyboard ឬ​ហៅ​ម្យ៉ាង​ទៀតថា  self-contained computer built into a keyboard ។

    ក្ដារ​ចុច​ខាងលើនេះ បំពាក់​ដោយ​បន្ទះ​ឈី​ប ដែល​ដំណើរការ​ដោយ Raspberry pi OS ផ្ទាល់ និង​មាន​រន្ធ​ដោត​ជាច្រើន ដូចនឹង​តួ​កុំព្យូទ័រ​យួរដៃ​សព្វថ្ងៃ​ដែរ  តែ​អ្វីដែល​ធ្វើឱ្យ​វា​ពិសេស​នោះ​គឺ អ្នក​គ្រាន់តែ​ទិញ​អេក្រង់ Monitor (ប្រភេទ​ណា​ក៏បាន)មក រួចហើយ​ដោត​ខ្សែ​ពី​អេក្រង់ ភ្ជាប់​នឹង​ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ បន្ទាប់មក ចុច​ប៊ូ​តុង  Power វា​នឹង​ដំណើរ​បាន​ភ្លាម មិនបាច់ចាំ​យូរ​ឡើយ។

    រីឯ​លក្ខណសម្បត្តិ​ខាងក្នុង នៃ​ក្តារ​ចុច​នេះ គឺ​បំពាក់​ដោយ​បន្ទះ​ឈី​ប CPU Quad-core Cortex-A72 ល្បឿន 64-bits [email protected] , ជម្រើស RAM 4GB ប្រភេទ LPDDR4 មានភ្ជាប់​ប្រព័ន្ធ Bluetooth BLE 5.0 និង​មាន​អង់​តែ​ន Dual band Wi-Fi លេខ IEE 802.11 AC និង​ថែមទាំង​មាន​កង្ហារ Heatsink រក្សា​សីតុណ្ហភាព​ឱ្យ​ត្រជាក់ កុំឱ្យ​ក្ដៅ​ខ្លាំង ដែល​កង្ហារ​តូច​នេះ ស្រដៀង​នឹង​កង្ហារ Water Cooling នៅលើ desktop ប្រភេទ​ហ្គេម ឬ​កាត់​ក្រាហ្វិកធំៗដែរ។

    យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ Raspberry បានឱ្យដឹងថា ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​ដាក់លក់ ក្នុងតម្លៃ​តែ 70ដុល្លារ​ប៉ុណ្ណោះ។ ចំណែកឯ​អេក្រង់ អ្នករក​អាច​ទិញ​បាន​ខ្លួនឯង ឬ​ភ្ជាប់​ជាមួយ​អេក្រង់ ដែល​អ្នក​កំពុង​ប្រើ ក៏បាន៕

    សូម​ទស្សនា វីដេអូ​ដំណើរការ​ខាងក្រោម៖

    ប្រភព៖ Raspberry

  • Samsung ឈរលេខ1 លើទីផ្សារលក់ស្មាតហ្វូន ឯ Huawei លេខ2 ប្រចាំត្រីមាសទី3 ឆ្នាំ2020

    Samsung ឈរលេខ1 លើទីផ្សារលក់ស្មាតហ្វូន ឯ Huawei លេខ2 ប្រចាំត្រីមាសទី3 ឆ្នាំ2020

    ថ្មីៗនេះ របាយការណ៍​ពី​ក្រុម​អ្នកស្រាវជ្រាវ និង​ព្យាករ​ចរន្ត​លក់​ចេញ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក Canalys បានឱ្យដឹងថា ត្រីមាស​ទី3 ឆ្នាំ2020 នេះ ហាក់​មាន​ភាពខុសប្លែក​ពី​ត្រីមាសមុន។

    ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ដែលមាន​ចំនួន​លក់បាន​ច្រើនជាងគេ ក្នុង​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​ដោយមាន​ចំណែក​ទីផ្សារ​ប្រមាណ 23% ហើយ​បើ​គិត​ជា​ចំនួន​ទូរស័ព្ទ​ឆ្លាត​ទាំងអស់ ដែល​គេ​បាន​នាំចេញ​នោះ គឺ​ប្រមាណ​ជា​ខ្ទង់ 80.2លាន​គ្រឿង។ ចំនួន​នេះ បាន​កើនឡើង​ប្រមាណ 2% បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

    ក្រុមហ៊ុន Huawei ឈរ​ចំណាត់ថ្នាក់​លេខ2 ប៉ុន្តែ​ចំណែក​ទីផ្សារ​វិញ បើ​ធៀប​ជាមួយ Samsung គឺ​ខុសគ្នា។ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ចំណែក​ទីផ្សារ​ប្រមាណ 14.9% ធ្លាក់ចុះ​ប្រមាណ 23% គិត​ជា​ចំនួន គឺ​ប្រមាណ​ជា​ខ្ទង់ 51.7លាន​គ្រឿង បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

    សម្រាប់​ត្រីមាស​នេះ Xiaomi បាន​ឈរលើ​លេខ3 ជំនួស Apple វិញ​ម្ដង។ Xiaomi មាន​ចំណែក​ទីផ្សារ 13.5% ឬ​ប្រមាណ​ជា 47.1លាន​គ្រឿង ដោយ​ចំនួន​លក់បាន​របស់ Xiaomi ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ បើ​ធៀប​នឹង​ឆ្នាំមុន ពោលគឺ កើនឡើង​ប្រមាណ 45%។

    ចំណាត់ថ្នាក់​ទី4 គឺ Apple មាន​ចំណែក​ទីផ្សារ​ប្រមាណ 12.4% ឬ​មាន​ចំនួន​លក់​ប្រមាណ​ជា 43.2 លាន​គ្រឿង។ ចំនួន​លក់បាន​របស់ Apple ស្ទើរតែ​គ្មាន​ការប្រែប្រួល​ទេ តែ​ថយចុះ 1%  បើ​ធៀប​នឹង​ឆ្នាំមុន។

    សរុបមក ស្ថិតិ​នៃ​ចំនួន​លក់បាន ក្នុង​ត្រីមាស​ទី3 មានតែ Huawei មួយ​ប៉ុណ្ណោះ ដែលមាន​ការធ្លាក់ចុះ​ច្រើនជាងគេ បើ​ធៀប​នឹង​ឆ្នាំមុន៕

  • ម៉ែក្មេក 5ប្រភេទដែលកូនប្រសារ(ស្រី)ដូចយើង រាងចាល!!

    ម៉ែក្មេក 5ប្រភេទដែលកូនប្រសារ(ស្រី)ដូចយើង រាងចាល!!

    នៅពេលដែលសង្រ្គាមរវាងម៉ែក្មេក និងកូនប្រសារ(ស្រី)មិនមែនជារឿងកំប្លុកកំប្លែងដែលនិពន្ធឡើងយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូ ឆវី សូមលើកយកអត្ថបទដ៏ល្អមួយដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារ(ស្រី) និងកូនប្រុសអ្នកម៉ែដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជា យើង(ម៉ែក្មេក)ស្អប់បែបនេះ! ឬនាង(ឯង)ចូលចិត្តបែបណា? ជាដើមនោះមកជម្រាបជូន ដែលអ្នកគ្រូ ឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារ(ស្រី)ក៏អានបាន និងជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ និងសូមឱ្យអានទាំងអស់គ្នា…គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!។

    1 . មហាកំពូលការពារទ្រព្យ

    ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិនជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះ វាប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះមានក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុងការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារ(ស្រី)នឹងធ្វើខ្លួនជាសត្វឈ្លើងមកជញ្ជក់បឺតយកប្រាក់ដែលកូនប្រុសខ្លួនខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារ(ស្រី)របស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាងនូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រសារ(ស្រី)មិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់ សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ…អូយ ឈឺក្បាល!។

    វិធីទប់ទល់ ៈ បើសិនចង់ចាត់ការម៉ែក្មេកប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូ ឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀក(ម៉ែក្មេក)តែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នក(ស្រី)ក៏ចាយលុយដោយឡែកពីគ្នាដែរ ដែលរឿងនេះបើសិនជាត្រូវការលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី ដើម្បីបង្ហាញឱ្យឃើញថា អ្នកនាងមិនបានមកតោងកូនប្រុសគាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

    2 . ស៊ូស៊ីថៃហៅ មកចាប់កំណើត

    ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើត ព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រី អ៊ីចឹងមានតែ ស៊ីស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថា ម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា?។ ខ្លីៗ ងាយៗ ត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពី អាត្មានិយម គ្មានហេតុផល ចេះដឹងរឿង(ប្ដី-ប្រពន្ធ)គេ មិនទទួលយកគំនិតយោបល់គេ គិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជា សម្លុតគំរាមកំហែង។ល និងល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែលមិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិតជាកូនប្រសារ(ស្រី)មានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទីតែប៉ុណ្ណោះ។ ហ៊ឺ…។

    វិធីទប់ទល់ ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រសារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជាប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យសោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមិនខាន…។

    (សូមរង់ចាំតាមដានភាគបន្ត…)

  • វិធីបឋមព្យាបាលមនុស្សដែលត្រូវជះទឹកអាស៊ីត ឬច្រឡំលេបទឹកអាស៊ីតចូលពោះ

    វិធីបឋមព្យាបាលមនុស្សដែលត្រូវជះទឹកអាស៊ីត ឬច្រឡំលេបទឹកអាស៊ីតចូលពោះ

    ទោះវាមិនមែនជារឿងដែលនឹងកើតឡើងញឹកញាប់ ព្រោះរឿងហេតុដែលកើតឡើងនោះអាចនឹងកើតឡើងទាំងដោយសារឧប្បត្តិហេតុ និងដោយចេតនាធ្វើក្ដី តែបើសិនជាអ្នកបានប្រទះឃើញមនុស្សដែលត្រូវគេជះទឹកអាស៊ីតដាក់រហូតសាច់ឡើងរលេះរលួយ ឬក៏អ្នកដែលច្រឡំលេប ឬត្រូវគេបញ្ច្រកទឹកអាស៊ីតចូលមាត់នោះ ឡារ៉ែនសូមណែនាំអំពីវិធីជួយសង្រ្គោះបែបបឋមព្យាបាលយ៉ាងត្រឹមត្រូវតាមក្បួនវិធីមុនពេលបញ្ជូនទៅដល់ដៃគ្រូពេទ្យ ដូចខាងក្រោម ៈ

    1 . ប្រញាប់នាំជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត ដោយត្រូវនាំទៅមន្ទីរពេទ្យណាដែលនៅជិតកន្លែងកើតហេតុបំផុត។ បើមានគំរូរបស់សារធាតុ(ភ័ស្តុតាង)ដែលជនរងគ្រោះត្រូវគេជះដាក់ ឬផឹកចូលទៅ ចូរកុំភ្លេចនាំយកទៅជាមួយជនរងគ្រោះផង។

    2 . បើស្បែកបានប៉ះពាល់នឹងសារធាតុបង្កគ្រោះថ្នាក់ដែលជាវត្ថុរាវរលាយ គួរធ្វើការសម្អាតដោយការលាងជម្រះដោយទឹកឱ្យបានលឿនបំផុត រឹតតែលាងបានច្រើនប៉ុនណា រឹតតែល្អ។ បើជាសារធាតុគ្រោះថ្នាក់ដែលប៉ះពាល់ស្ថិតក្នុងរូបបែបជាវត្ងុរឹង ដូចជាម្សៅ ឬលោហៈវិញនោះ គួរបោស ឬផ្លុំចេញពីស្បែកឱ្យបានច្រើនបំផុតមុននឹងលាងសម្អាតដោយទឹក ព្រោះសារធាតុបង្កគ្រោះថ្នាក់ដែលជាវត្ថុរឹងអាចបង្កប្រតិកម្មផ្សេងៗទៀតចំពោះស្បែកនៅពេលប៉ះជាមួយទឹក(តែភាគច្រើនដែលជួបប្រទះមក ច្រើនតែជាសារធាតុរាវ ដូច្នេះហើយទើបការលាងដោយទឹកជាទង្វើដែលមានសុវត្ថិភាពបំផុត)។

    3 . ក្នុងករណីដែលហេតុការណ៍កើតឡើងនៅក្នុងកន្លែងស្នាក់នៅ អាចលាងសម្អាតខ្លួនប្រាណបានដោយប្រើទឹកពីបំពង់ផ្កាឈូកដែលនៅលើក្បាល(ក្នុងបន្ទប់ទឹក)តាមរយៈការបើកឱ្យទឹកហូរស្រោចតាំងពីក្បាល(ដោយងើយមុខឡើងឱ្យទឹកលាងសម្អាតភ្នែកផង)ដោយបើកទឹកឱ្យហូរចុះមកតិចៗ មិនចាំបាច់ខ្លាំងពេកទេ ព្រោះបើសិនជាមានស្នាមរបួស សាច់ដែលរងគ្រោះថ្នាក់អាចនឹងត្រូវកម្លាំងទឹកធ្វើឱ្យខូចខាតកាន់តែធ្ងន់ធ្ងរបាន។ លាងសម្អាតខ្លួនប្រាណទាំងសម្លៀកបំពាក់ជាមុន បន្ទាប់មកសឹមដោះចេញ ឬប្រើកន្រ្តៃកាត់ត្រង់កន្លែងដែលមានប្រឡាក់សារធាតុបង្កគ្រោះថ្នាក់នោះចេញក្នុងអំឡុងពេលកំពុងលាងសម្អាតខ្លួនប្រាណនោះ។ គួរពាក់ស្រោមដៃ ឬប្រយ័ត្នប្រយែងក្នុងការចាប់ ឬកាន់សម្លៀកបំពាក់កន្លែងដែលប្រឡាក់សារធាតុគីមីគ្រោះថ្នាក់នោះផង។

    4 . គួរលាងសម្អាតខ្លួនប្រាណ ឬលាងមុខរបួសដោយទឹកស្អាតឱ្យបានយ៉ាងតិចពី 5 – 10នាទីក្នុងចន្លោះពេលដែលរង់ចាំរថយន្តសង្រ្គោះមកដល់។ បើសិនលាងសម្អាតរួចរាល់ហើយ នៅតែមានអាការឈឺក្ដៅផ្សាលើមុខរបួសទៀត ចូរលាងទឹកជាថ្មីម្ដងទៀត។

    5 . ករណីដែលត្រូវរងការជះសារធាតុគីមីប៉ះចំដៃ បើកំពុងពាក់ចិញ្ចៀន ឬគ្រឿងអលង្ការផ្សេងៗ ចូរប្រញាប់ដោះចេញ ព្រោះដៃអាចនឹងហើមឡើងធំរហូតមិនអាចដោះចិញ្ចៀនចេញបាន ឬនាំឱ្យចិញ្ចៀនរឹតរួតម្រាមដៃដែលអាចកាន់តែបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន រួមទាំងខ្សែក ខ្សែដៃ នាឡិកា ក្រវិល និងផ្សេងៗទៀតបើសិនជាមានក្នុងបរិវេណដែលត្រូវរងដោយសារធាតុគីមីគ្រោះថ្នាក់នោះ។

    6 . បើជនរងគ្រោះបាត់ស្មារតី ប្រកាច់ ឬលេបអាស៊ីត ប្រេងកាត ប្រេងសាំង ឬកាវធិននើរ ឬបើសិនមិនដឹងពីប្រភេទរបស់សារធាតុបង្កគ្រោះថ្នាក់នោះទេ ហាមធ្វើឱ្យជនរងគ្រោះក្អួតជាដាច់ខាត(ច្រើនតែមានការយល់ច្រឡំថា ជនរងគ្រោះបានទទួលថ្នាំ ឬសារធាតុពិសពុល ត្រូវតែធ្វើបឋមព្យាបាលដោយការធ្វើឱ្យជនរងគ្រោះក្អួតចេញមក ដែលទង្វើនេះអាចបង្កឱ្យកើតគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ជនរងគ្រោះទៅវិញទេ)។

    7 . បើជនរងគ្រោះមានអាការប្រកាច់ មិនត្រូវចាប់ជនរងគ្រោះឱ្យគេងផ្ងារ ហើយញាត់វត្ថុផ្សេងៗដូចជា ស្លាបព្រា ឬដុំក្រណាត់ចូលមាត់ឱ្យជនរងគ្រោះខាំជាដាច់ខាត។ ត្រូវចាប់ជនរងគ្រោះដាក់ឱ្យគេងផ្អៀង រកអ្វីមកដាក់កល់ក្បាលឱ្យស្មើ ដោះវ៉ែនតាចេញ បន្ធូរសម្លៀកបំពាក់ ឬប្រឡេះឡេវខោឱ្យធូរទូលាយ និងមិនត្រូវខំប្រទាញប្រទង់ ចាប់ទាញយឹត ឬចាប់ឆ្កាងដៃ-ជើងរបស់ជនរងគ្រោះខណៈពេលកំពុងប្រកាច់ឡើយ។

    8 . នៅពេលទៅដល់ដៃគ្រូពេទ្យហើយ កុំភ្លេចជូនដំណឹងទៅគ្រូពេទ្យថា មានរឿងអ្វីកើតឡើងខ្លះ ដូចជារងការវាយប្រហារដោយត្រូវគេជះទឹកអាស៊ីត ឬត្រូវគេចាប់បញ្រ្ចកចូលមាត់ ជាដើម-ល- ដើម្បីឱ្យខាងមន្ទីរពេទ្យបានធ្វើកំណត់ត្រាទុកជាភ័ស្តុតាងសម្រាប់ដំណើរការតាមច្បាប់ជាបន្ត៕

  • 14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ1)

    14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ1)

    ជួនកាលគេនៅក្បែរៗយើងនេះឯង វិលវល់ទៅមកនៅក្នុងជីវិតរបស់យើង តែយើងបែរជាមិនដែលនឹកស្មានថា គេនឹងក្លាយមកជាគូជីវិតរបស់យើងមែនទែនសោះ។ អ្នកខ្លះធំឡើងមកជាមួយគ្នា រួមទាំងអ្នកណាៗក៏ស្គាល់គេច្បាស់ដែរ លើកលែងរូបគេខ្លួនឯង ឬពេលខ្លះមនុស្សដែលអ្នកចង់រៀបការជាមួយ បែរជារស់នៅឯម្ខាងខាងជើងមេឃឯណោះ តែជោគវាសនាក៏ដឹកនាំរូបអ្នកទាំងពីរមកជួបគ្នា។

    យើងអាចតាំងក្ដីសង្ឃឹមជាមួយមនុស្សដែលនឹងរៀបការជាមួយនោះខ្ពស់ជ្រុលពេក និងជួនកាលយើងក៏មិនទទួលបានចម្លើយដែលយើងត្រូវការដែរ ដោយសារតែយើងខ្លាចក្នុងការសួរ ដូច្នេះបើអ្នកមានផែនការនឹងរៀបការជាមួយនរណាម្នាក់ មិនសំខាន់ថា ឆ្នាំហ្នឹង ឆ្នាំក្រោយ ឬថ្ងៃណាៗនោះទេ សូមមេត្តាសួរដេញតាមសំណួរទាំង 14ចំណុចខាងក្រោមនេះ ដើម្បីឱ្យគេឆ្លើយតបមកអ្នកវិញឱ្យបាន…។

    1 . ស្រឡាញ់ខ្ញុំដោយសារអ្វី?

    ស្ដាប់មើលទៅជាសំណួរមួយធំទូលាយ តែអ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា សេចក្ដីស្នេហាគឺជាអ្វីដែលអាត្មានិយមខ្លាំងណាស់។ ទម្រាំនឹងស្រឡាញ់នរណាម្នាក់បាននោះ ត្រូវប្រើអ្វីៗច្រើនយ៉ាង និងតែងមានហេតុផលជានិច្ចថា ហេតុអីបានគេស្រឡាញ់យើងជាងអ្នកឯទៀត។ អ្នកមិនអាចស្រឡាញ់អ្នកដទៃដោយគ្មានហេតុផលបានទេ និងបើមនុស្សដែលអ្នកនឹងរៀបការជាមួយនោះនិយាយថា “ដោយសារតែស្រឡាញ់ហ្នឹងហើយ!” ឬ “អត់មានហេតុផលអ្វីទេ” នោះ សូមប្រាប់ទៅចុះថា គ្មានខ្លឹមសារអ្វីទាំងអស់!។ អ្នកគ្រូ ឆវី សូមអះអាងតែម្ដងទៅថា វាត្រូវតែមានហេតុផល ព្រោះយើងមិនមែនជាវត្ថុមានជីវិតប្រភេទដែលស្រឡាញ់នរណា ឬឱ្យនរណាមកស្រឡាញ់ស្រេចតែចិត្តក៏បាននោះទេ។ អ្វីដែលយើងស្រឡាញ់ តឱ្យវាជាវត្ថុ ឬជាមនុស្សក៏ដោយ ក៏ត្រូវតែមានហេតុផលដែរ។

    2 . ឆុងកាហ្វេឱ្យអូនមួយកែវបានទេ?

    មនុស្សពិសេសរបស់អ្នកនឹងឆ្លើយតបអ្នកដោយស្វ័យប្រវត្តិថា បានតើ! និងថែមទាំងដឹងទៀតផងថា ត្រូវដាក់ស្ករ 2ស្លាបព្រាកាហ្វេ និងទឹកដោះគោបន្តិចទៅក្នុងពែងកាហ្វេសំណព្វចិត្តរបស់អ្នក ដែលវាក៏មិនខុសអ្វីពី “បង ជួយយកអាវរបស់អូនដែលនៅលើផ្ទះឱ្យបន្តិចបានទេ?” ដែលគេគួរតែដឹងភ្លាមថា អ្នកចង់និយាយពីអាវដៃវែងពណ៌ខ្មៅដែលអ្នកពាក់វារាល់ថ្ងៃ។

    សូមរង់ចាំអានភាគបន្ត…

  • គួរឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ)

    គួរឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ)

    “ឪពុក-ម្ដាយ” ព្រឹកឡើងត្រូវត្រៀមខ្លួនទៅធ្វើការ និងក្រៅពីត្រូវត្រៀមរឿងរបស់ខ្លួនឯងហើយ មុនអ្វីៗទាំងអស់ គឺត្រូវបែងពេលវេលាមើលថែកូនៗ…ដាស់ឱ្យក្រោកពីគេង ដុសសម្អាតធ្មេញ ងូតទឹក ញ៉ាំអាហារ ត្រៀមខ្លួនទៅសាលារៀន។ រៀងរាល់ព្រឹក ជីវិតនឹងរវល់វីវក់ជាមួយនឹងភារកិច្ចទាំងនេះ។

    នៅពេលកូនចាប់ផ្ដើមធំឡើង ការចិញ្ចឹមមើលថែក៏នឹងត្រូវកែសម្រួលទៅតាមវ័យរបស់កូនផងដែរ។ ពេលមើលត្រឡប់ទៅក្រោយវិញ មនុស្សដែលជាម្ដាយដូចរូបយើង មានអារម្មណ៍ថា អំឡុងពេលដែលល្អបំផុត និងសប្បាយបំផុតគឺ អំឡុងពេលដែលកូននៅតូចក្នុងវ័យតេះតះ ព្រោះកូនត្រូវការត្រឹមតែសេចក្ដីស្រឡាញ់ និងអាហារប៉ុណ្ណោះ…អ្វីដែលសំខាន់គឺ កូននៅមិនទាន់ចេះតបតមកវិញ មិនទាន់មានពាក្យសម្ដី ដូច្នេះយើងគ្រាន់តែនឿយកាយ បានគេងសម្រាកហើយក៏ស្រួលខ្លួនឡើងវិញ និងទោះជានឿយប៉ុនណា ដើម្បីកូន ម្ដាយធ្វើបាន…។

    តើលោកអ្នកធ្លាប់សង្កេតដែរឬទេ? ទោះជាក្មេងស្ថិតនៅក្នុងសភាពបរិស្ថានតែមួយដូចគ្នា ឪពុកម្ដាយផ្ដល់នូវការចិញ្ចឹមមើលថែដូចគ្នា តែហេតុអីលទ្ធផលចេញមកខុសគ្នា? តើអ្វីដែលមានផលដល់ទង្វើរបស់ក្មេង និងមានផលដល់ផ្នត់គំនិតរបស់គេ? ប្រាកដណាស់ថា ធម្មជាតិរបស់ក្មេងម្នាក់ៗមានភាពខុសប្លែកផ្សេងពីគ្នា លក្ខណៈចរិតនិស្ស័យ ចំណង់ចំណូលចិត្ត និងមើលឱ្យជ្រៅទៅដល់រឿងរបស់ចិត្តគំនិតក៏មិនដូចគ្នា…ព្រោះគ្រប់គ្នាមានភាពខុសប្លែកពីគ្នា។

    យើងមិនចាំបាច់ត្រូវធ្វើឱ្យគ្រប់គ្នាដូចគ្នានោះទេ…គិតតែត្រឹមថា តើយើងនឹងរស់នៅរួមគ្នាយ៉ាងណាឱ្យមានសេចក្ដីសុខ?

    ឫសគល់សំខាន់ដែលគួរឱ្យដល់កូនតាំងពីនៅតូច

    “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”

    អ្នកគ្រូម្នាក់ដែលនាងខ្ញុំគោរព អ្នកគ្រូបានរៀបរាប់ប្រាប់តាមរយៈការឱ្យរៀនយល់ដឹងដោយការសង្កេតអំពីវិធីការបង្ហាត់បង្រៀនរបស់កសិករដែលធ្វើចម្ការដូង ដែលយកសត្វស្វាមកចិញ្ចឹម និងបង្ហាត់ឱ្យចេះរហូតអាចប្រើឱ្យឡើងបេះផ្លែដូងបាន។ គោលការណ៍ក៏គឺ “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”” នាងខ្ញុំមានអារម្មណ៍ថា រឿងនេះគឺជារឿងត្រឹមត្រូវណាស់ ព្រោះខ្នាតសត្វស្វាដែលជាសត្វព្រៃម៉េច យើងនៅយកមកបង្ហាត់បង្រៀនបាន ចុះទម្រាំមនុស្ស តើយើងបង្ហាត់បង្រៀនមិនបានឬ? មែនអត់?

    (សូមរង់ចាំអាននៅលេខបន្ត)

  • ធា​រី ចង់​បន្ត​លេង​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី រដូវ​កាល​ក្រោយ​ទៀត

    ធា​រី ចង់​បន្ត​លេង​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី រដូវ​កាល​ក្រោយ​ទៀត

    កីឡាករ​កម្ពុជា​របស់​ក្លិប Perak FC ជា​កីឡាករ ដែល​ប្រកប​អាជីព​នៅ​បរទេស បានយូរ​ជាងគេ​បង្អស់ ធា​រី ចន្ថា​ប៊ី​ន កំពុងតែ​ចរចា​ជាមួយនឹង​ក្លិប ក្នុងការ​ស្វែងរក​កុងត្រា​ថ្មី​នៅក្នុង​ក្លិប​មួយ​នេះ សម្រាប់​រដូវ​កាល​ថ្មី។

    ធា​រី ចន្ថា​ប៊ី​ន ហាក់ដូចជា​សមប្រកប ជាមួយនឹង​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ដោយបាន​លេង​នៅ​ម៉ាឡេស៊ី​អស់ 4រដូវ​កាល​មកហើយ ខណៈដែល​កាល​លេង​នៅ​ថៃ ចន្ថា​ប៊ី​ន​ក៏បាន​ធ្លាប់​ផ្លាស់​ទៅលេង 2ដង​ដែរ ប៉ុន្តែ​មិនសូវ​បានបង្ហាញ​ខ្លួន​ឡើយ។

    ទោះជា​មិនសូវ​បានបង្ហាញ​ខ្លួន​ជាមួយ​ក្លិប នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​វ័យ 29ឆ្នាំ កូនកាត់​ខ្មែរ-បារាំង​រូបនេះ ត្រូវបាន​ក្លិប​ជាច្រើន​នៅ​តំបន់​អាស៊ាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ក្នុងនោះ មាន​ក្លិប​មកពី​លី​គ​កំពូល​ថៃ និង​លី​គ​ទី2 ជាច្រើន បានដាក់​ពាក្យស្នើសុំ​ចរចា​ជា​មូ​យ​រូបគេ៕

  • តោះ! មកស្វែងយល់ពីកៅអី2 របស់កម្ពុជាក្នុងពាន AFC CUP

    តោះ! មកស្វែងយល់ពីកៅអី2 របស់កម្ពុជាក្នុងពាន AFC CUP

    ពានរង្វាន់ AFC CUP 2021 គឺជា​ពានរង្វាន់ ក្លិប​បាល់ទាត់​ដ៏​ធំ​បំផុត​ទី2 របស់​ទ្វីបអាស៊ី ដែលមាន​ប្រទេស​ចំនួន35 មកពី​តំបន់​អាស៊ី​ទាំងមូល​ចូល​រូ​ម​ប្រកួត ក្នុងនោះដែរ​តំបន់​អាស៊ាន មាន​ប្រទេស​ចំនួន10 លើកលែងតែ​ថៃ 1គត់ ដែល​មិនបាន​ចូលរួម​ក្នុង​ពាន​មួយ​នេះ។

    បើ​និយាយ​ពី​តំបន់​អាស៊ាន គឺ​ទទួលបាន​កៅអី​ចំនួន 16ក្រុម ក្នុងនោះដែរ ក្រុម​ដែល​ឡើងទៅ​ដល់​វគ្គ​ចែក​ពូ​ល ដោយ​ស្វ័យប្រវត្តិ​មាន 10ក្រុម ហើយ 6ក្រុម​ផ្សេងទៀត ត្រូវ​ប្រកួត​ជម្រុះ ប្រជែង​គ្នា​ដណ្ដើម កៅអី3 ក្នុង​វគ្គ​ចែក​ពូ​ល​នេះ។

    ក្នុងនោះ កម្ពុជា​ទទួលបាន 2កៅអី ដោយ 1ក្រុម (បឹងកេត ដែល​ឈ្នះ​ពាន​លី​គ​កំពូល) នឹង​ឡើងទៅ​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ហើយ 1ក្រុម​ទៀត (ក្រុម​ឈ្នះ​ពានរង្វាន់​សម្តេច​ហ៊ុនសែន) នឹងត្រូវ​ប្រកួត​វគ្គ​ជម្រុះ ដើម្បី​ប្រជែង​កៅអី វគ្គ​ចែក​ពូ​ល​នេះ៕

  • “ប្រពន្ធខ្ញុំអត់ធ្វើការអ្វីទេ នាងជាស្រ្តីមេផ្ទះ”

    “ប្រពន្ធខ្ញុំអត់ធ្វើការអ្វីទេ នាងជាស្រ្តីមេផ្ទះ”

    ស្វាមីអ្នកណាចូលចិត្តនិយាយបែបហ្នឹង សូមប្រញាប់ប្រាប់ឱ្យអានរឿងនេះជាបន្ទាន់…

    ស្រ្តីជាម្ដាយទាំងឡាយដែលនៅផ្ទះ ធ្វើជាមេផ្ទះចិញ្ចឹមមើលថែកូន នឹងឆ្លើយថាយ៉ាងណាដែរ នៅពេលមានគេសួរអ្នកថា ធ្វើជាមេផ្ទះ តើអ្នកធ្វើអ្វីខ្លះ?

    មនុស្សភាគច្រើនៗតែមើលឃើញថា ស្រ្តីជាមេផ្ទះដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះនោះ ច្រើនតែរស់នៅស្រួល សប្បាយ មិនពិបាក មិនចាំបាច់គិត មិនចាំបាច់ត្រូវលីសែងបន្ទុកភារៈ ឬតានតឹងធុញថប់រឿងការងារឡើយ។ បទសន្ទនាដែលលោកអ្នកនឹងបានអានតទៅនេះ ជារឿងរ៉ាវរបស់ស្វាមីម្នាក់ដែលបានទៅជួបគ្រូពេទ្យចិត្តសាស្រ្តដើម្បីពិភាក្សារឿងប្រក្រតីទូទៅ ដែលវានឹងធ្វើឱ្យយើងមើលឃើញពីតួនាទីរបស់មនុស្សដែលជាមេផ្ទះបានយ៉ាងច្បាស់ថា តើក្នុងមួយថ្ងៃៗដែលអ្នកដទៃចូលចិត្តគិតថា ធ្វើជាស្រ្តីមេផ្ទះ នៅតែផ្ទះហើយស្រួលសប្បាយនោះ ការពិតវិញ មួយថ្ងៃៗត្រូវធ្វើអ្វីខ្លះ?

    សំណួរ ៈ តើលោកធ្វើការអ្វីដែរនៅពេលនេះ?

    ស្វាមី ៈ បាទ ខ្ញុំជាអ្នកធ្វើបញ្ជី នៅក្នុងធនាគារមួយ

    សំណួរ ៈ ចុះភរិយាលោក?

    ស្វាមី ៈ នាងមិនបានធ្វើការងារអ្វីទេ នាងជាស្រ្តីមេផ្ទះ

    សំណួរ ៈ តើនរណាជាអ្នកធ្វើអាហារពេលព្រឹក និងការងារផ្ទះឱ្យលោក?

    ស្វាមី ៈ ភរិយាខ្ញុំងើបឡើងធ្វើអាហារពេលព្រឹក ព្រោះនាងមិនបានទៅធ្វើការ មិនចាំបាច់ប្រញាប់ចេញទៅណាទេ

    សំណួរ ៈ ភរិយាលោកភ្ញាក់ពេលម៉ោងប៉ុន្មានដែរ?

    ស្វាមី ៈ មិនប្រាកដដែរ តែនាងងើបពីព្រឹកខ្លាំងណាស់ ព្រោះនាងត្រូវបោសជូតសម្អាតផ្ទះ ធ្វើអាហារពេលព្រឹកឱ្យខ្ញុំ និងកូនៗអាចរួមទាំងអាហារពេលថ្ងៃត្រង់ទៀតផង រួចត្រៀមសម្លៀកបំពាក់ ដុសធ្មេញ រៀបចំក្រណាត់កន្ទប របស់ប្រើប្រាស់ផ្សេង​ៗសម្រាប់កូនៗ និងឱ្យកូនញ៉ាំអាហារពេលព្រឹកឱ្យរួចរាល់…

    សំណួរ ៈ ចុះកូនៗលោកទៅរៀនយ៉ាងម៉េចដែរ?

    ស្វាមី ៈ ភរិយារបស់ខ្ញុំជាអ្នកនាំកូនទៅសាលារៀន ព្រោះនាងមិនបានធ្វើការងារអីទេ

    សំណួរ ៈ ក្រោយពីនាងនាំកូនទៅសាលារៀនហើយ នាងធ្វើអ្វីតទៀត?

    ស្វាមី ៈ ជាប្រក្រតី នាងនឹងឆៀងទៅផ្សារទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ រួចត្រឡប់ទៅរៀបចំសម្អាតផ្ទះម្ដងទៀត នាងប្រមូលទុកដាក់របស់របរប្រើប្រាស់របស់កូន ហើយបោកគក់សម្លៀកបំពាក់ អ៊ុតទុកដាក់ និងត្រៀមអាហារពេលល្ងាច លោកដឹងហើយតើថា នាងមិនបានធ្វើការងារអីទេ…

    សំណួរ ៈ បន្ទាប់ពីចេញពីធ្វើការពេលល្ងាច តើលោកធ្វើអ្វី?

    ស្វាមី ៈ ខ្ញុំហត់មកពេញមួយថ្ងៃ ក្រោយពេលមកពីធ្វើការ ខ្ញុំធ្វើអ្វីទៀតក៏មិនរួចដែរ

    សំណួរ ៈ តើភរិយារបស់លោកធ្វើអ្វីនៅពេលល្ងាច និងពេលព្រលប់ៗ?

    ស្វាមី ៈ នាងធ្វើអាហារពេលល្ងាចឱ្យខ្ញុំ និងកូនៗ រួចរៀបចំលាងសម្អាតទុកដាក់ បង្រៀនកិច្ចការផ្ទះកូន ងូតទឹកឱ្យកូន រួចរៀបចំត្រៀមឱ្យកូនចូលគេង។ ខ្ញុំ និងកូនត្រូវការសម្រាក និងចូលគេង តែនាងមិនចាំបាច់ប្រញាប់ចូលគេងទេ ព្រោះនាងមិនមានត្រូវទៅធ្វើការងារអ្វីទេ…។

    ក្រោយពីបញ្ចប់បទសន្ទនា យើងអាចសរុបបានថា នេះជាកិច្ចការងារប្រចាំថ្ងៃរបស់ស្រ្តីជាច្រើននាក់ដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះ តែជ្រើសរើសនៅផ្ទះដើម្បីចិញ្ចឹមមើលថែកូន និងថែទាំផ្ទះ។ លោកអ្នកនឹងមើលឃើញថា នាងត្រូវងើបពីដំណេកតាំងពីព្រឹកព្រលឹម និងចូលគេងយប់ជ្រៅដើម្បីឱ្យអ្វីគ្រប់យ៉ាងក្នុងស្អាតបាតរៀបរយ…បែបនេះឬដែលហៅថា មិនបានធ្វើការងារអ្វី?។ ពាក្យថា “មេផ្ទះ” ធ្ងន់ធ្ងរណាស់សម្រាប់មនុស្សជាម្ដាយ ព្រោះនាងត្រូវធ្វើការងារស្ទើរតែពេញ 24ម៉ោងក្នុងមួយថ្ងៃដោយមិនមានប្រាក់ខែ មិនមានសញ្ញាបត្រ មិនមានប័ណ្ណសរសើរ តែមានតួនាទីសំខាន់ខ្លាំងណាស់ជាមួយគ្រួសារ។ សរុបងាយៗ ម្ដាយ គឺសឹងតែជាអ្វីគ្រប់យ៉ាង ៈ

    • ត្រូវធ្វើការរាល់ថ្ងៃ(គ្មានសៅរ៍-អាទិត្យ)
    • ជាម្ដាយ
    • ជាអ្នកបម្រើ
    • ជាចុងភៅ
    • ជាអ្នកមើលថែក្មេង
    • ជាអ្នកគ្រូបង្រៀន
    • ជាអ្នកគ្រូពេទ្យ
    • ជាទីប្រឹក្សា
    • ជាសន្តិសុខការពារសុវត្ថិភាព
    • គ្មានថ្ងៃឈប់សម្រាក
    • និងគ្មានប្រាក់ខែ…

    ជាបញ្ចប់ អ្នកគ្រូ ឆវី ចង់ជម្រាបថា ស្រ្តីមេផ្ទះចិញ្ចឹមមើលថែកូន ជាអាជីពដែលហត់នឿយខ្លាំង និងត្រូវលះបង់ច្រើនណាស់ ចង់លាឈប់ក៏មិនបាន និងច្រើនតែមិនសូវមានអ្នកយល់ចិត្ត និងដឹងពីតួនាទីរបស់មនុស្សជាម្ដាយ ហើយផ្ដល់ភាពសំខាន់ចំពោះរឿងនេះប៉ុន្មានឡើយ…តែយ៉ាងហោចណាស់ក៏មានស្រ្តីជាម្ដាយជាច្រើននាក់ដែលចិញ្ចឹមកូនដោយខ្លួនឯងនៅផ្ទះ ដែលយល់ច្បាស់អំពីរឿងនេះដែរ មែនទេ…ស្រ្តីមេផ្ទះទាំងឡាយ?៕