Author: ធឿន មករា

  • ហេតុផល 3យ៉ាង “ហាមដកស្កូវ”

    ហេតុផល 3យ៉ាង “ហាមដកស្កូវ”

    តើអ្វីនឹងកើតឡើង បើសិននៅសុខៗស្រាប់តែឃើញសរសៃសក់ពណ៌សលេចធ្លោឡើង?…ប្រហែលជាទប់ចិត្តមិនបានក្នុងការដកវាចេញឡើយ…តែមនុស្សជាច្រើនអាចនឹងត្រូវថ្លឹងថ្លែងក្នុងចិត្តខ្លះដែរ ព្រោះធ្លាប់បានឮពាក្យចាស់ៗនិយាយថា ការដកសក់ស្កូវ 1សរសៃ វានឹងដុះឡើង 1សរសៃ(ដកមិនចេះអស់) តែហ្នឹងគ្រាន់តែជា “ពាក្យនិយាយតៗគ្នា” ដែលគ្មានភ័ស្តុតាងខាងវិទ្យាសាស្រ្តមកធានាឡើយ ហើយអ៊ីចឹង ចម្លើយដែលពិតប្រាកដនោះគឺអ្វី?

    “រឿងពិត” ដែលនឹងកើតឡើងពេលយើងដកសក់ស្កូវ

    1 . សក់កំបុត៖ បើដកសរសៃសក់ ឬសរសៃរោមណាមួយយ៉ាងរហ័សចេញពីស្បែក មិនថានៅលើផ្នែកណាមួយនៃរាងកាយនោះឡើយ គឺជាការរុកកួនរំខានស្បែកឱ្យបែក ឬអាចធ្វើឱ្យសាច់ភ្នាសនៅម្ដុំសរសៃសក់នោះខូចខាត និងអាចហុចផលប៉ះពាល់ដល់ឫសសក់ទៀតផង។ វេជ្ជបណ្ឌិតជំនាញខាងស្បែក អធិប្បាយថា ការរុកកួនរំខានស្បែកបែបនេះ មានផលអាក្រក់ច្រើនណាស់ ជាពិសេសបញ្ហាដែលជួបប្រទះច្រើនបំផុតក៏គឺ រោមកំបុត ឬសក់កំបុត ព្រោះបើសាច់ភ្នាសស្បែកខូចខាត នៅពេលសរសៃសក់ដុះឡើងថ្មី នឹងមិនអាចងើបចេញផុតពីក្រោមស្រទាប់ស្បែកបានឡើយ ហើយនឹងដុះលូតលាស់នៅខាងក្នុងនោះ ក្លាយជាសរសៃសក់កំបុតនៅទីបំផុត។

    រោម ឬសរសៃសក់កំបុតអាចបង្កឱ្យកើតអាការឈឺក្រហាយស្បែក ចំណែកនៅលើអ្នកដែលមានសរសៃរោម ឬសក់រាងរឹងៗ អាចនឹងធ្វើឱ្យកើតមានអាការរលាកក្លាយជាពងបែក និងឈឹខ្លាំងទៀតផង។

    2 . សក់ស្ដើង ៖ ពេលកញ្ឆក់សរសៃសក់ស្កូវចេញខ្លាំងៗ អាចហុចផលឱ្យស្បែកក្បាល និងឫសសក់ខូចខាតអស់ខ្លះ។ វេជ្ជបណ្ឌិតជំនាញដដែលរៀបរាប់ថា វិនាទីនៃការឈឺចាប់ដែលត្រូវកញ្ឆក់ដកសក់ស្កូវនោះ អាចជាពេលវេលាដែលសរសៃឈាមក្រហមពង្រីកខ្លួនបញ្ចេញប្រតិកម្មជាមួយភាពឈឺចាប់ត្រឹមតែបន្តិចបន្តួចដែលរាងកាយបានទទួល និងហុចផលទៅដល់ឫសសក់។

    ទោះជាអ្វីដែលអាចកើតឡើងតិចបំផុតមែន តែបើលោកអ្នកដក ទាញ ឬកញ្ឆក់សក់ស្កូវជាប់ៗគ្នាខ្លាំងៗ ការឈឺចាប់ដែលកើតឡើងចំពោះស្បែកក្បាលនេះក៏អាចធ្វើឱ្យសក់ដុះមកស្ដើង ក្រវែង ឬអាចលែងមានសក់ស្កូវថ្មីៗឡើងមកទៀតតែម្ដងក៏មាន។

    3 . ខាតពេលវេលា(ដកទៅ ក៏អត់ប្រយោជន៍) ៖ ការដកសក់ស្កូវមិនមានកើតប្រយោជន៍អ្វីឡើយ ក្រៅតែពីកែបញ្ហាបានតែម្ដងម្កាលប៉ុណ្ណោះ ព្រោះក្រោយពីលោកអ្នកចាត់ការទាញដកសក់ពណ៌សនោះចេញហើយ វដ្តរបស់ឫសសក់នឹង Reset ឡើងវិញដោយខ្លួនឯង ហើយសរសៃសក់ថ្មីក៏នឹងដុះឡើងមកជំនួសនៅទីតាំងចាស់ ដោយនៅតែជាសក់ពណ៌សដដែល ដោយសារតែកោសិកាពណ៌នៅក្នុងឫសសក់បានងាប់បាត់ទៅហើយហ្នឹងឯង ទើបសក់ដែលដុះមកថ្មីនោះខ្វះពណ៌ ធ្វើឱ្យក្លាយជាសក់ស្កូវ(ពណ៌ស)ដោយគ្មានថ្ងៃវិលត្រឡប់មកជាសក់ពណ៌ខ្មៅវិញឡើយ។

    វេជ្ជបណ្ឌិតជំនាញដដែលថែមទាំងបានបញ្ជាក់ទៀតថា គឺជារឿងដែលគួរឱ្យសោកស្ដាយណាស់ ដែលមិនមានការរកឃើញថា តើមានអាហារប្រភេទពិសេសណា ឬអាហារបំប៉នពិសេសប្រភេទណាដែលអាចបំប៉នដើម្បីពន្យារ ឬទប់ស្កាត់ការកើតសក់ស្កូវបានឡើយ។

    ដូច្នេះ វិធីការពារកុំឱ្យសក់ឡើងពណ៌ស ឬស្កូវមុនអាយុ ឬពន្យារការកើតសក់ស្កូវនោះ គឺការចៀសវាងពីបច្ច័យដែលជាដើមហេតុ មិនថាតែការមិនជក់បារី ហើយបែរមកយកចិត្តទុកដាក់លើអាហារការហូបចុក និងគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ ថែទាំសភាពផ្លូវចិត្ត កុំឱ្យភាពឆាប់ខឹងមួម៉ៅច្រើនមកកាត់បន្ថយទាំងសុខភាពកាយ និងចិត្ត៕

  • ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

    ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។

    3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។

    រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។

    ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ 6ឆ្នាំ ជាអំឡុងពេលដែលខួរក្បាលសាងកោសិកាប្រសាទចំនួនដ៏ច្រើន ធ្វើឱ្យខួរក្បាលមានទំហំដ៏ធំ និងធំឡើងលឿន។ បន្ទាប់ពីនោះក្នុងអំឡុងអាយុ 6-12ឆ្នាំ ជាអំឡុងវ័យដែលមានការតភ្ជាប់ការធ្វើការងាររបស់ខួរក្បាលឱ្យមានប្រសិទ្ធភាពខ្លាំងឡើង ដោយកម្មវិធីដែលហៅថា Synaptic pruning ឬកម្មវិធីកាត់តុបតែងចរន្តប្រព័ន្ធប្រសាទ។ កោសិកាខួរក្បាលផ្នែកណាបានប្រើ បានត្រូវជំរុញនឹងត្រូវបានរក្សាទុក ផ្នែកដែលមិនបានប្រើក៏នឹងត្រូវកាត់ចោល។ កោសិកាប្រសាទផ្នែកដែលត្រូវបានជ្រើសរើសរក្សាទុក នឹងបានទទួលការអភិវឌ្ឍបន្ត ដូច្នេះ បើខួរក្បាលកុមារមិនបានទទួលការអភិវឌ្ឍ កោសិកាខួរក្បាលដែលគួរមានឱកាសអភិវឌ្ឍ ក៏នឹងចុះខ្សោយបាត់ទៅ ធ្វើឱ្យជំនាញ ឬសមត្ថភាពផ្សេងៗបាត់បង់អស់នៅពេលធំឡើង។ ក្រៅពីនេះ ខួរក្បាលនៅត្រូវការ គ្លុយខូស(ជាតិស្ករ) និងអុកស៊ីហ្ស៊ែនដែលជាថាមពលចម្បងក្នុងការធ្វើការងារ ជាពិសេសអុកស៊ីហ្ស៊ែន ដែលខួរក្បាលត្រូវការច្រើនដល់ទៅ 20%របស់អុកស៊ីហ្ស៊ែនដែលមនុស្សយើងដកដង្ហើមចូលទៅក្នុងរាងកាយ។ រឹតតែមានការរៀនយល់ដឹងច្រើន ខួរក្បាលរឹតតែត្រូវការសារធាតុអាហារ និងអុកស៊ីហ្ស៊ែនច្រើនឡើងដែរ។

    តើឪពុកម្ដាយអាចត្រៀមភាពត្រៀមរួចជាស្រេចឱ្យកូនយ៉ាងណាបាន?

    1. បង្ហាត់ឱ្យកូនចេះជួយខ្លួនឯង : អាចបង្ហាត់បានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសធ្មេញខ្លួនឯង ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនឯងអាចប្រើការបាន ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជានេះដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។
    2. បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺការងាររបស់កូន : អំឡុងពេលដែលកូនលេង នឹងកើតមានការកំណត់គោលដៅរយៈខ្លីជាលើកៗដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំងដប់ និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ ឧទាហរណ៍ ការលេងដែលជួយជំរុញខួរក្បាលកូន មានដូចជា ការផាត់ពណ៌ សូនរូបដីឥដ្ឋ លេងតម្រៀបរូប តោងឡើង ជាដើម។
    3. សាងសម្ព័ន្ធភាពដ៏ល្អដោយការចិញ្ចឹមកូនបែបវិជ្ជមាន : ដោយការបង្ហាត់បង្រៀនកូនដោយហេតុផល បើកឱកាសឱ្យកូនចេះគិតវិភាគ យល់ដឹង ដោះស្រាយបញ្ហាដោយខ្លួនឯង ដែលនឹងជួយអភិវឌ្ឍ “ខួរក្បាលផ្នែកគិត” បន្តឆ្ពោះទៅរកការរៀនយល់ដឹងដ៏ច្រើនទៀត។ ឯការសម្លុត ទិតៀន ចម្អក ឬដាក់ទោសឱ្យរាងចាល នឹងធ្វើឱ្យកូនមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយខួរក្បាលមិនបានទទួលការអភិវឌ្ឍ។
    4. យកចិត្តទុកដាក់រឿងភោជនាហារ : ជាពិសេសបំផុត សារធាតុអាហារដែលប្រើក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន មានដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ចាំបាច់ DHA និង ARA សារធាតុដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន B12 ដែលអាចធ្វើបានតាំងពីពេលកូនកើតមក ដោយការចិញ្ចឹមកូនដោយទឹកដោះម្ដាយយ៉ាងតិច 6ខែ តាមដោយការមើលថែទាំកូនឱ្យបានទទួលអាហារស័ក្តិសមទៅតាមវ័យ ដូចជា ស៊ុត ត្រីសមុទ្រ ល្ពៅ មើមការ៉ុត បន្លែស្លឹកបៃតង ទឹកស៊ុបដែលមានគុណប្រយោជន៍ ជាដើម។

    ជាសរុបទៅគឺ បើសួរថា តើការចិញ្ចឹមកូនក្នុងសម័យនេះ មានអ្វីដែលខុសប្លែកពីសម័យមុនខ្លះនោះ ចម្លើយក៏គឺ គោលការណ៍ជាមូលដ្ឋានគ្រឹះមិនខុសគ្នាទេ បើខុសក៏ត្រង់រឿថតិចណូឡូជី ដូច្នេះយើងត្រូវត្រៀមកូនឱ្យរួចជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលា ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍជំនាញគ្រប់ផ្នែក ទាំងជំនាញការធ្វើឱ្យខ្លួនមានសុវត្ថិភាព និងជំនាញក្នុងការរស់នៅ រួមទាំងយកចិត្តទុកដាក់លើរឿងភោជនាហារដែលមានផលល្អចំពោះខួរក្បាល ដើម្បីឱ្យកូនអាចរស់នៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ និងក្លាយជាបុគ្គលដែលទទួលបានជោគជ័យក្នុងសតវត្សរ៍ទី 21នេះ៕

  • ជំងឺ 3ប្រភេទក្នុងរដូវក្ដៅដែល “មនុស្សចាស់” គួរប្រយ័ត្ន

    ជំងឺ 3ប្រភេទក្នុងរដូវក្ដៅដែល “មនុស្សចាស់” គួរប្រយ័ត្ន

    ខណៈដែលប្រទេសយើងកំពុងប្រឈមនឹងសភាវអាកាសធាតុដែលក្ដៅហប់ហួតហែងដោយសារតែសីតុណ្ហភាពដែលកើនខ្ពស់ឡើង ដែលអាចធ្វើឱ្យកើតរោគភ័យផ្សេងៗឡើងបាននោះ ជាហេតុធ្វើឱ្យយើងត្រូវមើលថែទាំសុខភាពរបស់អ្នកដែលស្ថិតនៅក្នុងក្រុមប្រថុយនឹងការកើតរោគភ័យផ្សេងៗ ដូចជា អ្នកមានជំងឺប្រចាំកាយ កូនក្មេង ស្រ្តីមានគភ៌ និងជាពិសេសមនុស្សចាស់ សុទ្ធតែជាក្រុមដែលត្រូវផ្ដល់ភាពសំខាន់ជាពិសេស ដោយសារតែជាក្រុមមនុស្សដែលមានសុខភាពរាងកាយមិនសូវរឹងមាំ ងាយនឹងឈឺថ្កាត់ជាងមនុស្សក្នុងវ័យកំលោះក្រមុំបើសិនជាត្រូវប្រឈមនឹងធាតុអាកាសក្ដៅយូរៗទៅ។

    លោកគ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់ជរា បានឱ្យដឹងថា ក្នុងអំឡុងពេលដែលប្រទេសយើងត្រូវប្រឈមនឹងសភាវធាតុអាកាសក្ដៅហប់ហួតហែងដូចសព្វថ្ងៃនេះ ជំងឺដែលមនុស្សចាស់ត្រូវប្រយ័ត្នប្រយែង និងជួបប្រទះញឹកញាប់នោះមានដូចជា៖

    1 . ជំងឺខ្យល់គដោយសារកម្ដៅ ឬហ៊ីតស្រ្តូក(Heat Stroke)

    ជំងឺខ្យល់គដោយសារកម្ដៅ បណ្ដាលមកពីការដែលមនុស្សចាស់ស្ថិតនៅក្នុងសភាពបរិស្ថានដែលមានសីតុណ្ហភាពខ្ពស់ និងបានទទួលកម្ដៅខ្លាំងជ្រុលពេក បណ្ដាលឱ្យការធ្វើការងាររបស់ប្រព័ន្ធឈាមរត់ និងប្រព័ន្ធខួរក្បាលខុសប្រក្រតី ដែលសញ្ញាដាស់តឿនដ៏សំខាន់របស់ជំងឺហ៊ីតស្រ្តូកនេះគឺ គ្មានចេញញើស មុខឡើងក្រហម ខ្លួនប្រាណក្ដៅឡើងជារឿយៗ មានអារម្មណ៍ស្រេកទឹកខ្លាំអ វិលមុខ ឈឺក្បាល ក្អួតចង្អោរ ដកដង្ហើមដង្ហក់ សាច់ដុំឡើងរឹង ភាំងៗ ប្រស្រីភ្នែករីកធំ អារម្មណ៍ដឹងខ្លួនថយចុះ អាចប្រកាច់ និងបាត់ស្មារតី។ បើមិនបានទទួលការជួយសង្រ្គោះយ៉ាងត្រឹមត្រូវទាន់ពេលវេលាទេនោះ បេះដូងអាចនឹងឈប់ធ្វើការ និងអាចបណ្ដាលឱ្យស្លាប់បាន។

    សម្រាប់ការការពារ និងមើលថែទាំមនុស្សចាស់ គឺមិនគួរបណ្ដោយឱ្យស្ថិតនៅក្រោមកម្ដៅថ្ងៃនាពេលថ្ងៃត្រង់ ឬចៀសវាងពីធ្វើកិច្ចការងារនៅកណ្ដាលវាលក្នុងអំឡុងពេលរសៀលរហូតដល់ម៉ោង 4ល្ងាច តែបើមានភាពចាំបាច់ចៀសមិនរួចដែលត្រូវតែប៉ះពាល់នឹងកម្ដៅថ្ងៃនោះ គួរប្រើកន្សែងពោះគោជ្រលក់ទឹកជូតខ្លួនដម្បីបន្ថយកម្ដៅក្នុងខ្លួន និងគួរក្រេបទឹកបរិសុទ្ធឱ្យបានញឹកញាប់បំផុតក្នុងថ្ងៃដែលធាតុអាកាសក្ដៅខ្លាំង ពាក់វ៉ែនតាការពារពន្លឺថ្ងៃ និងបាំងឆត្រមុនពេលចេញពីផ្ទះ គួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលៗ ធំទូលាយ ស្ដើងៗស្រាលៗ និងអាចបំភាយកម្ដៅ និងការពារកម្ដៅថ្ងៃបាន។

    2 . ជំងឺរាករូស

    ក្នុងអំឡុងអាកាសធាតុក្ដៅៗបែបនេះ មេរោគផ្សេងៗនឹងរីកធំធាត់យ៉ាងល្អ ជាពិសេសចំណីអាហារនឹងឆាប់ជូរផ្អូមជាងប្រក្រតី ដែលបើសិនញ៉ាំចំណីអាហារមិនស្អាត អាការរាករូសនឹងកើតឡើងបានយ៉ាងងាយ។ ឯវិធីការពារគឺ គួរប្រកាន់ខ្ជាប់គោលការណ៍ញ៉ាំអាហារក្ដៅៗ មានស្លាបព្រាសម្រាប់ដួសម្ហូបដោយឡែក លាងសម្អាតដៃដើម្បីកាត់បន្ថយការឆ្លងមេរោគ និងមិនញ៉ាំអាហារដែលទុកចោលយូរ ឬបើទទួលទានមិនអស់ គួររក្សាទុកនៅក្នុងទូទឹកកក ដើម្បីកុំឱ្យអាហារនោះជូរផ្អូម។

    3 . ជំងឺស្បែកឈឺក្រហាយផ្សា ក្រហម ឡើងកន្ទួល

    ជំងឺស្បែកកើតឡើងពីការប៉ះពាល់នឹងកម្ដៅថ្ងៃរយៈពេលយូរដោយគ្មានវត្ថុការពារ នឹងធ្វើឱ្យស្បែករបស់មនុស្សចាស់កើតអាការក្ដៅខ្លោច ក្រហាយផ្សា និងឡើងកន្ទួល ដូច្នេះគួរទទួលទានទឹកឱ្យបានច្រើនជាងប្រក្រតី ដើម្បីសាងភាពស្រស់ថ្លា និងសំណើមដល់ស្បែក និងលាបឃ្រីមការពារកម្ដៅថ្ងៃមុនចេញទៅប៉ះពន្លឺ​ថ្ងៃប្រមាណ 20នាទី និងគួរលាបថែមទៀតរៀងរាល់ 2 – 4ម៉ោងម្ដង ដើម្បីការពារស្បែកពីកម្ដៅថ្ងៃ។

    ទាំងអស់នេះការមើលថែទាំមនុស្សចាស់គួរយកចិត្តទុកដាក់លើរឿងសុខភាពគ្រប់ផ្នែកដោយការរៀបចំទីកន្លែងឱ្យមានខ្យល់អាកាសចេញចូលស័ក្តិសមសម្រាប់មនុស្សចាស់ ចៀសវាងភាពសើមផ្អាប់ ព្រោះអាចជាប្រភពបណ្ដុះមេរោគ និងធ្វើឱ្យមិនស្រួលខ្លួន ក្រៅពីនេះ ត្រូវមើលថែទាំសភាវខាងអារម្មណ៍របស់មនុស្សចាស់ ដោយត្រូវមើលថែយ៉ាងចិត្តត្រជាក់ រួមទាំងសាងបរិយាកាសឱ្យស្រស់ថ្លារីករាយជាប់ជានិច្ច និងបើសង្កេតឃើញមានអាការខុសប្រក្រតីណាមួយរបស់មនុស្សចាស់ដែលបង្កដោយជំងឺអ្វីម្យ៉ាងនោះ គួរប្រញាប់នាំទៅជួបគ្រូពេទ្យដើម្បីព្យាបាល និងរិះរកវិធីការពាររួមគ្នា៕

  • ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

    ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

    បើនិយាយអំពីតំបន់តែបៃតងវិញនោះ អ្នកទេសចរភាគច្រើនៗតែនឹកទៅដល់តំបន់អ៊ុជិ ខេត្តកៀវតូ ឬមិនទេក៏ សាយ៉ាម៉ាក់ ខេត្តសៃតាម៉ាក់ មិនខាន តែការពិតវិញ ខេត្តឈិហ្សូ៊អូកាក់(Shizuoka)គឺជាមជ្ឈមណ្ឌលផលិតតែធំជាងគេលំដាប់លេខ1 របស់ប្រទេសជប៉ុន។ ខេត្ត Shizuoka ស្ថិតនៅមិនឆ្ងាយពីទីក្រុងតូក្យូប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលបានទៅលេងទីក្រុងតូក្យូ ក៏អាចធ្វើដំណើរទៅទស្សនាចម្ការតែបៃតងបានយ៉ាងសប្បាយៗ។

    MaKinohora

    ម៉ាគីណូហូរ៉ាក់ គឺជាចម្ការតែបៃតងដែលស្ថិតនៅក្នុងខេត្ត Shizuoka និងថែមទាំងជាចម្ការតែដែលមានប្រវត្តិចំណាស់បំផុតក្នុងការដាំដើមតែទៀតផង។ នៅទីនេះ អ្នកស្រុកនាំគ្នាដាំដើមតែតាំងពីសម័យ មេជិ(គ្រិស្តសករាជ1868-1912) ដោយដើមតែនឹងដុះធំធាត់ឡើងទៅតាមបណ្ដោយដងទន្លេ អូអ៊ិ។ បើបានទៅលេង Grinpia Makinohora យើងអាចចូលទៅចូលរួមបេះស្លឹកតែ និងទស្សនាដំណាក់កាលនៃការផលិតតែដែលស្រដៀងៗនឹងរោងចក្រផលិតតែដែរ។

    Nihondaira

    នីហុនដៃរ៉ាក់ ក៏ស្ថិតនៅក្នុងខេត្ត Shizuoka ដូចគ្នាដែរ។ ពីចម្ការតែ គេអាចមើលឃើញទស្សនីយភាពរបស់ភ្នំភ្លើង ហ្វូ៊ជិ ជាឆាកខាងក្រោយដ៏ស្រស់ស្អាតស៊ីគ្នានឹងចម្ការតែពណ៌បៃតងខ្ចី។ ទីនេះក៏ដាំដើមតែតាំងពីសម័យ មេជិ និងអាចប្រមូលផលតែបានក្នុងអំឡុងខែមេសា ដល់ខែតុលាដូចគ្នា។ នៅ នីហុនដៃរ៉ាក់ នេះមានកំពង់ផែ ដែលអ្នកណាចង់មកកម្សាន្តនៅចម្ការតែមួយនេះ អាចរៀបចំដំណើរកម្សាន្តសម្រាប់ 1ថ្ងៃបានយ៉ាងងាយ ដោយចាប់ផ្ដើមពី វត្តប្រវត្តិសាស្រ្ត ដូចជាវត្ត ឃុណូសាំង ថូសូគុ បន្ទាប់មកសឹមធ្វើដំណើរមកចម្ការតែមួយនេះ ធានាថា នឹងបានឃើញទស្សនីយភាពតាំងពី ភ្នំ ទីប្រជុំជនកំពង់ផែ រហូតដល់ចម្ការតែបៃតងដ៏ខៀវខ្ចី។

    Kanaya

    ចម្ការតែ ខាណាយ៉ា ស្ថិតនៅតាមបណ្ដោយដងទន្លេ អូអ៊ិ ដែលល្បីល្បាញក្នុងរឿងពិធីបុណ្យតែដែលតែងរៀបចំឡើងរៀងរាល់ 2ឆ្នាំម្ដងក្នុងអំឡុងអាទិត្យទី2 នៃខែមេសា។ ក្នុងអំឡុងពេលនោះនឹងមានទាំងការទូងស្គរ ការជិះទូក និងក្រមុំៗអ្នកបេះស្លឹកតែដែលដើរជាក្បួនរាំរបាំបេះតែ។ នៅទីនេះមានសារមន្ទីរ Ocha no Sato World Tea ឱ្យយើងបានរៀនយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តតែនៅក្នុងប្រទេសជប៉ុន និងរបស់ពិភពលោក ក្រៅពីនេះនៅមានភោជនីយដ្ឋាន និងហាងកាហ្វេដែលលក់ម្ហូបអាហារ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងតំបន់ទៀតផង និងជាពិសេសកុំភ្លេចភ្លក្ស ការ៉េមម៉ាត់ឆា…។

    Kawane

    ទីកន្លែងមួយនេះអាចជាផែនការមួយនៅក្នុងការដើរទស្សនាចម្ការតែក្នុងក្ដីស្រមៃរបស់អ្នក ព្រោះបើសិនមកដល់ទីនេះតាំងពីពេលព្រឹកព្រលឹម យើងអាចបានប៉ះពាល់នឹងស្រទាប់អ័ព្ទនាពេលព្រឹក និងក្រៅពីទស្សនីយភាពជួរភ្នំដែលស័ក្តិសមជាមួយការដាំដើមតែហើយនោះ ទឹកពីដងទន្លេ អូអ៊ិ នៅតែជាប្រភពទឹកដ៏ល្អបំផុតសម្រាប់ចិញ្ចឹមចម្ការតែដែលមានគុណភាពល្អបំផុត។ ជាតំបន់ទេសចរណ៍មួយទៀតដែលមានភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តមិនតិចឡើយ។

    Kakegawa

    ក្រៅពីល្បីល្បាញរឿងប្រាសាទបុរាណហើយ ចម្ការតែនៅទីនេះថែមទាំងល្បីល្បាញរឿងរសជាតិដ៏ឆ្ងាញ់របស់តែទៀតផង។ កសិករនៅទីនេះដាំដុះតែដោយពូជតែធម្មតា តាមវិធីធម្មតា តែធ្វើឱ្យចម្ការតែពោរពេញដោយបរិយាកាសសាមញ្ញ និងមិត្តភាពជាមួយធម្មជាតិ។ ចាប់ផ្ដើមពីការរៀនយល់ដឹងពីការឆុងទឹកតែរបស់ជប៉ុន ញ៉ាំតែ សេនឆាក់ ឬម៉ាត់ឆារបស់ទីនេះ ញ៉ាំគូគ្នាជាមួយបង្អែមស្ទីលជប៉ុន នឹងធ្វើឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងភាពជក់ចិត្តដិតអារម្មណ៍ក្នុងរសជាតិដ៏សែនមិនអាចបំភ្លេចបាន៕

  • តើមែនឬ ដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    តើមែនឬ ដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    បច្ចុប្បន្ន ខាងវេជ្ជសាស្រ្តបានពិសោធ និងបានទទួលស្គាល់ហើយថា ទារកនៅក្នុងផ្ទៃមានសមត្ថភាពក្នុងការទទួលដឹងអ្វីៗដែលនៅជុំវិញខ្លួនគេបានតាំងពីនៅក្នុងគភ៌របស់ម្ដាយម្ល៉េះ ដោយកម្រិតនៃការបានដឹងនោះ នឹងអភិវឌ្ឍជាសន្សឹមៗតាមអាយុគភ៌ ហើយការបានដឹងចម្បងៗដែលទារកអាចទទួលបាននោះគឺ ពន្លឺ សំឡេង ការធ្វើចលនា និងការប៉ះពាល់ផ្សេងៗ។

    ការបានដឹងពីពន្លឺ

    ពេលទារកនៅក្នុងគភ៌ដែលមានអាយុ 29សប្ដាហ៍ ទារកនឹងអាចបើកភ្នែក និងមើលឃើញជញ្ជាំងស្បូនដែលឱបក្រសោបខ្លួនគេ។ តមក នៅពេលអាយុគភ៌ច្រើនឡើងជារឿយៗ ជញ្ជាំងស្បូនក៏នឹងស្ដើងទៅជារឿយៗដែរ ពន្លឺពីខាងក្រៅក៏អាចឆ្លងកាត់ចូលមកខាងក្នុងស្បូនបាន។ ពន្លឺដែលឆ្លុះភ្លឺចូលមក នឹងជំរុញការទទួលដឹងរបស់ទារក ធ្វើឱ្យទារកបានស្គាល់ពីភាពផ្សេងគ្នារវាងពេលថ្ងៃ និងពេលយប់ ដែលព័ត៌មាននេះកើតឡើងពីការពិសោធខាងវេជ្ជសាស្រ្ត ដោយការសាកល្បងបញ្ចាំងពន្លឺភ្លើងចូលទៅបរិវេណស្បូន បន្ទាប់ពីនោះក៏ប្រើអេកូសាស្រ្តឆ្លុះពិសោធន៍មើលប្រតិកម្មរបស់ទារកនៅក្នុងគភ៌ និងបានរកឃើញថា ពេលបញ្ចាំងពន្លឺចូលទៅ ទារកបានលើកដៃឡើងបាំងថ្ងាសក្នុងលក្ខណៈបាំងពន្លឺ និងកម្រិតការលោតរបស់បេះដូងទារកក៏កើនឡើងខ្ពស់ជាងប្រក្រតីដែរ។

    ការបានដឹងផ្នែកសំឡេង

    ទារកដែលនៅក្នុងគភ៌មានអាយុ 16សប្ដាហ៍ ចាប់ផ្ដើមបានឮសំឡេងផ្សេងៗហើយ ទាំងសំឡេងបេះដូងលោតរបស់ម្ដាយ សំឡេងការហូរវិលរបស់ចរន្តឈាមរត់ ឬសូម្បីតែសំឡេងដែលលាន់ឮមកពីខាងក្រៅស្បូន ដូចជាសំឡេងជជែកគ្នារបស់ឪពុកម្ដាយ សំឡេងភ្លេង ឬសំឡេងឮខ្លាំងៗពីខ្សែភាពយន្តដែលម្ដាយកំពុងមើលទៀតផង។ ធ្លាប់មានឧទាហរណ៍ពេលដែលស្រ្តីមានគភ៌ទៅមើលខ្សែភាពយន្តដែលមានឆាកត្រូវមានសំឡេងឮខ្លាំងៗ ឬសំឡេងស្រែកឮៗ ទារកនៅក្នុងគភ៌នឹងរើទធាក់ជើងឡើង ព្រោះទារកក្នុងគភ៌បានតបស្នងនឹងសំឡេងដែលគេបានឮនោះ រួមទាំងសំឡេងនិយាយរបស់ឪពុកម្ដាយផងដែរ។ មានការពិសោធ និងអះអាងលទ្ធផលរួចហើយ អំពីអ្នកវិទ្យាសាស្រ្តថា បើឪពុកម្ដាយបាននិយាយលេងជាមួយកូនតាំងពីនៅក្នុងគភ៌យ៉ាងជាប់លាប់ នៅពេលកូនប្រសូតចេញមក ទារកនឹងអាចចងចាំសំឡេងឪពុក និងម្ដាយបានភ្លាមតែម្ដង និងអាចឆ្លើយតបដោយការព្យាយាមបែរទៅរកប្រភពសំឡេងរបស់ឪពុក និងម្ដាយ ដោយទារកនឹងមានប្រតិកម្ម និងញែកសំឡេងរបស់ឪពុកម្ដាយ ពីសំឡេងរបស់អ្នកដទៃបានភ្លាមៗក្រោយពីប្រសូតចេញមក និងអាចចងចាំឪពុកម្ដាយបានក្នុងអំឡុងពេល 4ថ្ងៃបន្ទាប់ពីប្រសូតចេញមក ទោះជាខ្សែភ្នែកអាចមើលឃើញក្នុងរយៈចម្ងាយត្រឹមតែ 1អ៊ិញក្ដី។

    ក្រៅពីនោះ បើសិនជាក្នុងអំឡុងពេលដែលតាំងគភ៌ ស្រ្តីជាម្ដាយបានចាក់បទភ្លេងដែលមានបរិយាកាសបែបកក់ក្ដៅស្រទន់ មានអារម្មណ៍ត្រជាក់ ដូចជាភ្លេងក្លាសស៊ិក ព្រមជាមួយនឹងការនិយាយជាមួយកូនយ៉ាងជាប់លាប់ផងនោះ ពេលកូនប្រសូតចេញមក និងស្រែកយំ ការចាកបទភ្លេងដដែលដែលធ្លាប់បានបើកឱ្យកូនស្ដាប់ បែរជាមានផលធ្វើឱ្យទារកមានអារម្មណ៍ស្ងប់ទៅវិញបានយ៉ាងគួរឱ្យចម្លែកចិត្ត។ ទាំងអស់នេះ ដោយសារតែទារកអាចចងចាំសំឡេងបទភ្លេងដែលគេធ្លាប់បានឮកាលពីពេលនៅក្នុងគភ៌ ដែលសភាវនេះ ទារកនឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងស្ងប់ស្ងាត់ទៅវិញ។

    ការបានដឹងពីការប៉ះពាល់ និងការធ្វើចលនា

    ដោយសារតែទារកកាលពីពេលនៅក្នុងគភ៌ត្រូវអណ្ដែតទៅមក និងរឹតតែស្រ្តីជាម្ដាយធ្វើចលនាផងនោះ រាងកាយរបស់ទារកនៅក្នុងគភ៌ក៏នឹងមានចលនាទៅមកដូចគ្នាដែរ។ ការមានចលនាក្នុងលក្ខណៈអណ្ដែតទៅមកនេះ ទារកនឹងប៉ះពាល់ជាមួយស្រទាប់ផ្នែកខាងក្នុងរបស់ស្បូនគ្រប់ពេល ដែលមានផលល្អដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទទទួលអារម្មណ៍របស់ទារក។ ក្រៅពីនេះ ទារកនៅបានស្គាល់ពីការសម្របខ្លួន និងស្គាល់ពីការរក្សាលំនឹងរបស់រាងកាយទៀតផង។

    ដូច្នេះយើងឃើញថា ទារកនៅក្នុងគភ៌មានសមត្ថភាពក្នុងការទទួលដឹង និងចងចាំអារម្មណ៍ផ្សេងៗពីសភាពជុំវិញខ្លួនបាន ដូច្នេះហើយទើបឪពុកម្ដាយគួរប្រយ័ត្នប្រយែងឱ្យខ្លាំងជាមួយសភាពបរិស្ថានដែលនៅជុំវិញខ្លួនក្នុងអំឡុងពេលតាំងគភ៌ ព្រោះរឿងទាំងអស់នោះ អាចហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌បាន។ បើយើងចេះនាំយករឿងទាំងអស់នេះមកកែច្នៃប្រើដើម្បីបង្កើនការរៀនយល់ដឹងរបស់ទារកក្នុងគភ៌ផងនោះ វានឹងធ្វើឱ្យកើតផលល្អៗចំពោះកូនមិនខាន៕

  • ស្ថាប័ន​ Counterpoint បានប្រកាសទិន្នន័យថ្មីបំផុត ៖ realmeបានក្លាយជាម៉ាកស្មាតហ្វូនដែល លក់បាន50លានគ្រឿងលឿនបំផុតក្នុងពិភពលោក !

    ស្ថាប័ន​ Counterpoint បានប្រកាសទិន្នន័យថ្មីបំផុត ៖ realmeបានក្លាយជាម៉ាកស្មាតហ្វូនដែល លក់បាន50លានគ្រឿងលឿនបំផុតក្នុងពិភពលោក !

    realme ជាប្រេនបច្ចេកវិទ្យាពេញនិយម​ ត្រឹមតែ៩ត្រីមាសប៉ុណ្ណោះ ចំនួនលក់សកលមានដល់ទៅ៥០លានគ្រឿង

    យោងតាមស្ថាប័ន ​​Counterpoint ដែលបានបង្ហាញនូវ​របាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់​ត្រីមាសទី៣នៃឆ្នាំ​២០២០​​ដែល​បាន​បង្ហាញថា ដែលចំនួនលក់របស់ realmeក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង50លានគ្រឿង ដោយគ្រាន់​តែ​ត្រឹមរយៈពេល​ 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក។​ នៅក្នុងត្រីមាសទី៣ឆ្នាំ២០២០ចំនួនលក់មានចំនួន១​៤លាន៨០មុឺនគ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយ​realme​ ក៏បានបន្តជាប់ជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និង ជាប់​ចំណាត់​ថ្នាក់ទី៧ក្នុងពិភពលោក ។ រហូតមកដល់ត្រីមាសទី2ឆ្នាំ២០២០ realme បានជាប់ចំណាត់ថ្នាក់កំពូលទី4ក្នុងកម្ពុជា ហើយសម្រាប់​ត្រីមាសទី​3យើងទន្ទឹមរង់ចាំទាំងអស់គ្នា ។

    មានការលក់ចេញលឿនបំផុតនៅលើពិភពលោក រហូតដល់៥០លានគ្រឿង ​realmeបានជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក

    ដោយគោរពតាមស្មារតី​ “ឆ្ពោះទៅមុខ​realmeនៅតែបន្តនាំយកនូវផលិតផលដែលមានមុខងារ​អស្ចារ្យការរចនាពេញនិយម​ និង​មានគុណភាព​ខ្ពស់ដល់អ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក​ ​បង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្រ្ត ស្មាតហ្វូន+AIoT” realme បាននាំមុខក្នុងការបង្កើតនូវផលិតផលជាច្រើនចាប់តាំងពីលំដាប់ថវិការហូតដល់លំដាប់Flagship ដោយមានការរចនា ​​និង គ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចអោយអ្នកប្រើប្រាស់វ័យក្មេងជុំវិញពិភពលោក​អាចទទួលបានបទពិសោធន៍ការរស់នៅដែលមានស្តង់ដារខ្ពស់។ នៅក្នុង​ទីផ្សារ​ក​ម្ពុជា realme​ បាននាំមកដំបូងគេនូវស្មាតហ្វូនrealme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការ​សាកលឿនបំផុត 65W SuperDart​ដែលមាន​ជួរ​តម្លៃ$350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ$250 ដែលមានកាមេរ៉ា4 គ្រាប់64MP ហើយនៅ​ថ្ងៃទី​10 ខែវិច្ឆិកា នេះ​នឹង​មាននាំមកស្មាតហ្វូនលំដាប់ថវិកាថ្មីrealme C15 ម៉ុូឌែលទីមួយដែលមានថាមពលថ្មធំ6000mAh និង ការសាក18W

    ការបង្កើនល្បឿនក្នុងការរៀបចំ​ ឧករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្រ្តផលិតផល​ 1+4+N មានស្មាតហ្វូនជាស្នូល ដែល​​អាច​ភ្ជាប់​ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសម្លេង គ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈ បុគ្គល​ គ្រួសារ និង​ការធ្វើ​ដំណើរ។​ ​នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល​ AIoT 50 ម៉ូឌែលជុំវិញពិភពលោក បន្តធ្វើអោយការរស់នៅ​របស់​យុវវ័យកាន់តែប្រសើរឡើង នៅ​ថ្ងៃ​​​ទី10 ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជា​នឹងមានការដាក់ប្រកាសនូវ នាឡិកាឆ្លាតវៃ​ Watch S ដែលអាច​កាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់​ចាំទាំងអស់គ្នា។

    (ទិន្នន័យរបស់Counterpointបានបង្ហាញថាrealmeបានក្លាយជាម៉ាកស្មាតហ្វូនដែលមានការលក់ចេញលឿនបំផុតនៅលើពិភពលោករហូតដល់៥០លានគ្រឿងក្នុងរយៈពេលដ៏ខ្លី)

    មិនមានការបែងចែកវណ្ណ realmeបានក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម

    ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយកការពេញនិយមរបស់យុវវ័យមកបង្ហាញ​ពីនូវបុគ្គលិក​លក្ខណៈរបស់ខ្លួនឯង និងសាកល្បងបន្តសហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក​ និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវ​ផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យជុំវិញពិភពលោកបង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា។

    កន្លងមក realmeជឿជាក់ថាការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់​50លានគ្រឿងក៏​តំណាង​អោយ​ការ​ជឿជាក់និងគាំទ្ររបស់អតិថិជន50លាននាក់ជុំវិញពិភពលោក។ ស្មារតី ឆ្ពោះទៅមុខដែលនាំអោយ realme និងអ្នកប្រើប្រាស់​ទទួលបានសមិទ្ធផល​យ៉ាងល្អ។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ​ realmeមានគម្រោងនឹងបើកនូវrealme store ដំបូងគេនៅកម្ពុជា ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សាកល្បង ​និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។

    ទិន្នន័យ Counterpointបានបង្ហាញថាចំណែកទីផ្សារនៃចំនួនលក់សកលក្នុងត្រីមាសទី៣ឆ្នាំ២០២០

    នាពេលអនាគត realme នឹងបន្តឆ្ពោះទៅមុខ ក្លាយជាផលិតផលបច្ចេកវិទ្យាជម្រើសទីមួយរបស់​យុវវ័យកាន់តែច្រើន នឹង បន្តក្លាយជាក្រុមហ៊ុនកំពូលទាំង6 ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ​។​

  • តើពេលណាមិនគួរងូតទឹក?

    តើពេលណាមិនគួរងូតទឹក?

    រឹតតែអាកាសធាតុក្ដៅខ្លាំង រឹតតែធ្វើឱ្យយើងចង់តែនៅក្នុងទីកន្លែងត្រជាក់ៗ តែបើសិនជាមានញើសចេញពេញមួយថ្ងៃហើយនោះ ប្រហែលជាគ្មានអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លាជាងការបានងូតទឹកឡើយ តែក៏មានពេលខ្លះដែលយើងអាចនឹងត្រូវរង់ចាំសិនដែរ ទោះជាក្ដៅបែកញើសស្អិតខ្លួនប៉ុនណាក៏ដោយ ព្រោះអាចនឹងកើតផលអាក្រក់ដល់រាងកាយបាន។

    តើពេលណាដែលយើងមិនគួរងូតទឹក?

    1. ទើបតែមកពីក្ដៅ/ជួបធាតុអាកាសក្ដៅហប់​ ឬក្ដៅខ្លាំង : ជាពិសេសអ្នកដែលមានសម្ពាធឈាមទាប ការងូតទឹកភ្លាមៗក្រោយពេលប៉ះនឹងធាតុអាកាសក្ដៅ ស្បែកកំពុងនៅក្ដៅភាយនៅឡើយ បើសិនងូតទឹកភ្លាមៗ អាចធ្វើឱ្យរាងកាយសម្រួលសីតុណ្ហភាពលឿនជ្រុលពេក រហូតធ្វើឱ្យប្រថុយនឹងការកើតខ្យល់គបាត់បង់ស្មារតីបាន ដូច្នេះគួរអង្គុយសម្រាកនៅក្នុងបន្ទប់ ឬទីម្លប់រហូតទាល់តែបាត់ក្ដៅជាមុនសិន សឹមទៅងូតទឹកទើបប្រសើរជាង។
    2. ក្រោយទទួលទានអាហាររួច : ក្រោយទទួលទានអាហារ លោហិតភាគច្រើននឹងហូរទៅបំពេញនៅឯប្រព័ន្ធរំលាយអាហារ បើសិនទៅងូតទឹកនៅពេលហ្នឹង ក៏នឹងត្រូវមានលោហិតមួយចំណែកបែងចែកទៅចិញ្ចឹមអវយវៈផ្នែកផ្សេងៗផងដែរ ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការមិនបានពេញទំហឹង អាចហើមពោះ ឬអាហារមិនរំលាយជាដើម។
    3. ក្រោយហាត់ប្រាណ : គួរឱ្យចម្លែកចិត្តដែរ ដែលឃើញមនុស្សជាច្រើន ពេលហាត់ប្រាណយ៉ាងជោកជាំរួច ក៏ដើរទៅងូតទឹកតែម្ដង…។ ការពិតវិញ យើងគួរអង្គុយសម្រាកឱ្យបាត់ហត់សិន ឬឱ្យខ្លួនប្រាណស្ងួតញើសល្មមសមរម្យសិន រួចសឹមទៅងូតទឹក ព្រោះការងូតទឹកក្រោយហាត់ប្រាណយ៉ាងជោកជាំហើយភ្លាមៗ អាចជាហេតុបណ្ដាលឱ្យលោហិតទៅចិញ្ចឹមបេះដូង និងខួរក្បាលបានមិនគ្រប់គ្រាន់ក្នុងអំឡុងពេលងូតទឹក និងបណ្ដាលឱ្យកើតខ្យល់គបាត់បង់ស្មារតីបាន។
    4. ក្រោយញ៉ាំគ្រឿងស្រវឹង : ក្រោយញ៉ាំ(ភេសជ្ជៈមានជាតិអាល់កុល) ជាតិអាល់កុលនឹងទៅទប់ស្កាត់ការធ្វើការរបស់ថ្លើម ធ្វើឱ្យការបញ្ចេញជាតិគ្លុយកូសចេញមកក្នុងក្រសែឈាមថយចុះ តែអំឡុងពេលងូតទឹក រាងកាយនឹងត្រូវការគ្លុយកូសរឹតតែច្រើនឡើង ដូច្នេះហើយទើបការងូតទឹកក្រោយញ៉ាំគ្រឿងស្រវឹង ធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមមិនគ្រប់គ្រាន់ ធ្វើឱ្យប្រថុយនឹងការកើតអាការវិលមុខ ងងឹតមុខ ស្រវាំងភ្នែក រាងកាយគ្មានកម្លាំងកំហែង និងប្រថុយនឹងការខ្យល់គដួលក្នុងបន្ទប់ទឹកបាន។
    5. ពេលឈឺ មានគ្រុនក្ដៅខ្លួន : ប្រហែលជាបានដឹងទាំងអស់គ្នារួចមកហើយថា អ្នកជំងឺដែលមានអាការគ្រុនក្ដៅខ្លួនគួរតែជូតខ្លួនដើម្បីសម្អាតខ្លួនប្រាណសិន​រហូតទាល់តែអាការគ្រុនក្ដៅខ្លួនថយចុះ។ មិនមែនដោយសារតែអ្នកជំងឺគ្មានកម្លាំងទៅងូតទឹកនោះទេ តែដោយសារតែអំឡុងពេលដែលយើងមានជំងឺ សីតុណ្ហភាពរាងកាយនឹងឡើងខ្ពស់ដល់ 38 – 40អង្សាC និងធ្វើឱ្យបរិមាណដុតបំផ្លាញកម្ដៅក្នុងរាងកាយកើនឡើង 20% ទើបធ្វើឱ្យរាងកាយហាក់ដូចជាចុះទន់ខ្សោយ បើសិនងូតទឹក អាចកើតគ្រោះថ្នាក់ដល់រាងកាយ ងងឹតមុខ ស្រវាំងភ្នែក បាត់បង់ស្មារតី រហូតដល់ប្រកាច់ទៀតផង៕
  • Nam-chun ខ្សែការពារ FC Seoul ធ្វើអត្តឃាត សង្ស័យមកពីមិនបានជាប់ជម្រើសដំបូងរបស់ក្លិប

    Nam-chun ខ្សែការពារ FC Seoul ធ្វើអត្តឃាត សង្ស័យមកពីមិនបានជាប់ជម្រើសដំបូងរបស់ក្លិប

    កីឡាករ​ខ្សែការពារ Kim Nam-chun របស់​ក្រុម FC Seoul ដែល​លេង​នៅ​លី​គ​កំពូល​កូរ៉េខាងត្បូង ត្រូវបាន​គេ​រកឃើញ​សាកសព នៅ​កន្លែង​ចត​ឡាន​នៃ​អគារ​មួយ នៅក្នុង​ទីក្រុង Songpa។ ចំពោះ​មូលហេតុ ពិតប្រាកដ ដែល​បណ្តាលឱ្យ​រូបគេ​ត្រូវស្លាប់​នេះ មិនទាន់​ត្រូវបាន​ប៉ូលិស​បញ្ជាក់ ឱ្យបាន​ច្បាស់​នៅឡើយ ដោយ​គ្រាន់តែ​បាន​អះអាងថា ជាការ​ធ្វើអត្តឃាត។

    កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ ធ្លាប់បាន​ជួយ​ឱ្យ​ក្លិប FC Seoul ឈ្នះ​ពានរង្វាន់ Korean Cup កាលពី​ឆ្នាំ2015 និង Korean Championship កាលពី​ឆ្នាំ2016។

    ចំពោះ​មួល​ហេតុ​ចម្បង​នៃ​ការធ្វើអត្តឃាត ត្រូវបាន​គេ​សង្ស័យថា ដោយសារតែ​រូបគេ មិន​ជោគជ័យ​នៅក្នុង​អាជីព​បាល់ទាត់ ពីព្រោះ​មួយរយៈ​ចុងក្រោយ​នេះ គ្រូបង្វឹក​បាន​ដក​សេចក្តីទុកចិត្ត ហើយ​និង​រូបគេ​មិនបាន​បង្ហាញខ្លួន​នៅលើ​ទីលាន ប្រហែលជា​កន្លះ​រដូវ​កាល​មកហើយ៕

  • ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

    ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។

    ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ

    1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ

    សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។

    ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ បើខ្វះហ្វូលេត ឱកាសដែលកូននឹងកើតមកពិការមានខ្ពស់គួរឱ្យពិចារណា។ ស្រ្តីជាភរិយាថ្មីថ្មោងដែលត្រៀមខ្លួនមានគភ៌ គួរតែទទួលទានហ្វូលេតឱ្យបានគ្រប់គ្រាន់មុនពេលតាំងគភ៌ ដោយអាចទទួលបានពីការញ៉ាំបន្លែស្លឹកបៃតង ដូចជា ខាត់ណា ប្រូខូលី រួមទាំងថ្លើមសត្វផងដែរ។ បើមិនប្រាកដក្នុងចិត្តថា នឹងបានទទួលហ្វូលេតគ្រប់ ឬយ៉ាងណានោះ គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុន។

    2 .ភាពត្រៀមរួចជាស្រេចលើផ្នែកហិរញ្ញវត្ថុ និងពេលវេលា

    ការមានបុត្រ 1នាក់ ត្រូវចំណាយប្រាក់ និងពេលវេលាច្រើនឡើងក្នុងការមើលថែទាំ ទម្រាំនឹងកូនធំធាត់ឡើងរហូតអាចពឹងពាក់លើខ្លួនឯងបាន។ ការចាយវាយតាំងពីចាប់ផ្ដើមតាំងគភ៌ រហូតដល់ក្រោយប្រសូត ទាំងថ្លៃអាហារការហូបចុក សម្លៀកបំពាក់ វត្ថប្រើប្រាស់ រួមទាំងប្រាក់បម្រុងបន្ទាន់ដែលត្រូវត្រៀមទុកក្នុងករណីឈឺថ្កាត់ផង។ អ្វីទាំងអស់នេះសូមឱ្យលោកឪពុកអ្នកម្ដាយថ្មោងថ្មីត្រូវគិត និងត្រៀមឱ្យរួចជាស្រេច ក្រៅពីនោះ រឿងពេលវេលាដែលយើងអាចនឹងលះបង់ដល់កូនក្នុងការមើលថែទាំក៏ជារឿងមួយសំខាន់ខ្លាំងដែរ។ កំលោះ-ក្រមុំជាច្រើនគូមិនបានត្រៀមខ្លួនទុកជាមុន ដល់ពេលមានបុត្រ ក៏គ្មានពេលវេលាក្នុងការចិញ្ចឹមថែទាំ បណ្ដោយឱ្យក្លាយជាបន្ទុករបស់សាច់ញាតិ ឬមេដោះមកចិញ្ចឹមមើលថែជំនួស។ រឿងទាំងអស់នេះនឹងធ្វើឱ្យកូនកើតមកមិនបានទទួលសេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីឪពុកម្ដាយតាមដែលគួរបានទទួល រួមទាំងការអភិវឌ្ឍផ្សេងៗដែលគួរតែបានទទួលការជំរុញអំពីឪពុកម្ដាយផ្ទាល់ផងនោះ នឹងធ្វើឱ្យក្មេងមានវិវឌ្ឍនាការយឺតយ៉ាវ និងមានសុខភាពផ្លូវចិត្តដែលយ៉ាប់យ៉ឺនជាងក្មេងដែលក្រុមគ្រួសារមានពេលវេលាឱ្យគ្នាទៅវិញទៅមក។

    ចំណែកឯវិធីការមើលថែទាំកូនពេលនៅក្នុងផ្ទៃ ឬក្រោយពេលប្រសូត ឪពុកម្ដាយអាចសិក្សារៀនសូត្រជាបណ្ដើរៗក្នុងអំឡុងពេលដែលភរិយាចាប់ផ្ដើមតាំងគភ៌បាន។ “បើគូស្វាមីភរិយាណាមានការត្រៀមខ្លួន និងរៀបចំផែនការគ្រួសារយ៉ាងល្អក្នុងរឿងទាំង 2ចំណុចខាងលើនោះហើយ ភាគច្រើននៅពេលកូនកើតមក បញ្ហាផ្សេងៗច្រើនតែអាចដោះស្រាយបានយ៉ាងងាយ”៕

  • ឈឺ-ក គួរញ៉ាំអ្វីខ្លះ?

    ឈឺ-ក គួរញ៉ាំអ្វីខ្លះ?

    នៅពេលមិនស្រួលខ្លួន ឬឈឺថ្កាត់ យើងតែងភាវនាសុំកុំឱ្យឈឺ-ក តែភាគច្រើន មុននឹងគ្រុនក្ដៅខ្លួន វាច្រើនតែកើតមានអាការឈឺ-កជាសញ្ញាដាស់តឿនដំបូងគេជានិច្ច។ មិនថាអ្នកណាៗក៏មិនចង់ឈឺ-កដែរ ព្រោះគ្រប់ៗគ្នាបានដឹងពីភាពពិបាកវេទនាដែលជួនកាល និយាយឮៗក៏មិនបាន ពេលខ្លះសំឡេងផ្លាស់ប្ដូរ ញ៉ាំអាហារមិនឆ្ងាញ់ និងដែលសំខាន់ គឺខានបានញ៉ាំអាហារឆ្ងាញ់មួយគំនរទៀត។

    ព្រោះនៅក្នុងបំពង់កមានបំពង់អាហារដែលបញ្ជូនអាហារពីមាត់ចូលទៅរកក្រពះ និងពោះវៀនដើម្បីធ្វើការរំលាយ ដូច្នេះនៅពេលណាដែលឈឺ-ក រឿងសំខាន់គឺកុំរុកគួនរំខានបរិវេណខាងក្នុងបំពង់កខ្លាំងពេក ព្រោះបំពង់កអាចនឹងកំពុងរលាក ទើបធ្វើឱ្យយើងខានបានញ៉ាំអាហារដែលប្រក្រតីយើងអាចញ៉ាំបានយ៉ាងសប្បាយៗ។ ដូច្នេះបើចង់ឱ្យអាការឈឺ-កនេះឆាប់ជា ឬធូរស្រាលឡើងនោះ ចូរនាំគ្នាញ៉ាំអាហារខាងក្រោមនេះវិញប្រសើរជាង៖

    1 . ទឹកដោះគោ ៖ អំឡុងពេលឈឺ-ក អាចធ្វើឱ្យយើងមិនសូវបានញ៉ាំអ្វីច្រើនទេ ដូច្នេះ ទឹកដោះគោគឺជាអាហារមួយក្នុងចំណោមអាហាររាវដែលមានគុណតម្លៃខាងសារធាតុអាហារច្រើន និងថែមទាំងកាត់បន្ថយភាពប្រថុយប្រថានក្នុងការខ្វះជាតិទឹកដែលអ្នកឈឺ-កជាច្រើននាក់អាចត្រូវប្រឈម(មិនសូវចង់ញ៉ាំទឹក ព្រោះឈឺ-ក)។ ក្រៅពីបានទទួលប្រូតេអ៊ីនពេញៗហើយ នៅជួយឱ្យឆាប់ឆ្អែតពោះទៀតផង។

    កុំភ្លេច ជ្រើសរើសញ៉ាំទឹកដោះគោក្ដៅឧណ្ហៗ ដើម្បីកុំឱ្យឈឺក្រហាយសាច់ភ្នាសក្នុងបំពង់ក។

    2 . ស៊ុបមីគៀវ ៖ បើនៅប្រទេសក្រៅ អាចនឹងជ្រើសរើ់សទទួលទានអាហារប្រភេទសរសៃៗទន់ៗ ដូចជាសរសៃមីផាស្តា រ៉ាវីអូលី ជាដើម តែបើនៅស្រុកយើង ស៊ុបមីគៀវ គឺជាអាហារដែលងាយស្រួលទំពា ងាយស្រួលលេប ហើយទឹកស៊ុបក្ដៅៗថែមទាំងជួយធ្វើឱ្យស្រឡះបំពង់កទៀតផង។ តែ សូមចៀសវាងគៀវបំពង និងខ្ទឹមបំពង ព្រោះអាចរឹតតែធ្វើឱ្យអាការឈឺ-កកាន់តែយ៉ាប់យ៉ឺនឡើង។

    3 . បបរសាមចូក ៖ គ្មានអាហារសម្រាប់អ្នកជំងឺណាដែលល្អជាងបបរសាមចូកឡើយ ព្រោះអង្ករជាខាបូហាយដ្រេតដ៏សំខាន់ដែលជួយឱ្យកម្លាំងថាមពលអាចទៅជាមួយយើងបានពេញមួយថ្ងៃ និងថែមទាំងមិនឈឺក្រហាយបំពង់ក ឬធ្វើឱ្យឈឺ-កដូចបាយស្រួយផ្សេងៗទៀតផង។ បើសិនជាធុញទ្រាន់បបរធម្មតា ក៏អាចប្ដូរមកជាបបរសាមចូកបាន ដោយជ្រើសរើសយករសជាតិដែលមិនប្រៃខ្លាំង ដាក់សាច់ជ្រូកកិនម៉ដ្ឋ វានឹងជួយបង្កើនសារធាតុអាហារក្នុងអាហារមួយចាននោះឱ្យគ្រប់ 5ប្រភេទក្រុមបានយ៉ាងងាយ(និងកុំដាក់ខ្ទឹមបំពង)។

    4 . ស៊ុតស្រុស ៖ ក្នុងអំឡុងពេលដែលរាងកាយត្រូវការប្រូតេអ៊ីនដើម្បីបន្ថយអាការឈឺ-កឱ្យបានលឿននោះ ស៊ុតក្រឡុកចៀន ស៊ុតចៀនជ័រព្នៅអាចមិនមែនជាជម្រើសដែលល្អបំផុតនោះទេ ឯស៊ុតស្ងោរក៏អាចនឹងស្ងួតរហូតពិបាកនឹងលេបផងដែរ តែបើសិនជាស៊ុតស្រុសដែលមានលក្ខណៈខាប់ៗទន់ៗ និងងាយស្រួលលេបវិញនោះ អាចនឹងធ្វើឱ្យយើងញ៉ាំស៊ុតបានយ៉ាងមានសេចក្ដីសុខខ្លាំងឡើង។ ក្រៅពីនេះ ស៊ុតថែមទាំងជាអាហារដែលពោរពេញដោយគុនតម្លៃខាងសារធាតុអាហារជាច្រើន មិនថាតែប្រូតេអ៊ីន វីតាមីនA, B5, B2 ស័ង្កសី និងជាតិខ្លាញ់ល្អទៀតផង។

    5 . ផ្លែឈើក្រឡុក ៖ ជាប្រក្រតី យើងនឹងណែនាំឱ្យញ៉ាំផ្លែឈើជាចំណិតស្រស់ៗខ្លាំងជាង តែបើសិនជាកំពុងឈឺ-ក ការយកផ្លែឈើស្រស់ទៅកិនក្រឡុកឱ្យម៉ដ្ឋ(ទាំងកាក)ក៏ជាវិធីមួយដែលជួយឱ្យលោកអ្នកបានទទួលវីតាមីនពីផ្លែឈើកាន់តែងាយស្រួលឡើងក្នុងខណៈដែលលោកអ្នកនៅមានអាការឈឺ-ក។ តែរឿងសំខាន់ដែលត្រូវធ្វើនោះគឺ ត្រូវកិនក្រឡុកផ្លែឈើជាមួយកាក(ហាមដាក់ទឹកកក) ហាមញែកចេញ ឬស្រង់យកកាកចេញជាដាច់ខាត មិនដូច្នោះទេ លោកអ្នកនឹងទទួលបានត្រឹមតែជាតិស្ករសុទ្ធៗ ដោយនឹងទទួលបានវីតាមីនតិចបំផុត។

    6 . ទឹកស្ងោរឆ្អឹងស៊ុប ៖ គ្មានទឹកស៊ុបណានឹងឆ្ងាញ់ ហុតស្រួលបំពង់កស្មើនឹងទឹកស៊ុបដែលស្ងោររម្ងាស់ពីឆ្អឹងសត្វឡើយ។ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់តាមធម្មជាតិដោយមិនចាំបាច់ថែមគ្រឿងហើយនោះ ការហុតទឹកស៊ុបក្ដៅឧណ្ហៗនៅជួយកាត់បន្ថយអាការរលាក ហើមនៅក្នុងបំពង់ក និងថែមទាំងជួយកាត់បន្ថយអាការប្រថុយប្រថានក្នុងការឆ្លងមេរោគបានទៀតផង៕