Author: ធឿន មករា

  • ផ្លូវការ៖ Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​នប​ត់ 5G តម្លៃ $ 3,000 លក់​តែ​នៅ​ចិន​មួយគត់

    ផ្លូវការ៖ Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​នប​ត់ 5G តម្លៃ $ 3,000 លក់​តែ​នៅ​ចិន​មួយគត់

    Samsung ម៉ូ​ដែល​Galaxy W21 5G ទើបនឹង​ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ចិន កាលពី​ម្សិលមិញ​នេះ។ ទូរស័ព្ទ​អេក្រង់​បត់ W21នេះ បើ​មើល​ទៅលើ​រចនាបថ​រូបរាង​ខាងក្រៅ មិនសូវ​ជាមាន​ភាពខុសគ្នា​ប៉ុន្មាន​ពី Galaxy Z Fold2 នោះទេ។  Samsung W21 (5G) នេះ គឺមាន​ដាក់លក់​តែ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ ជាមួយនឹង​តម្លៃ ខ្ទង់ 3,000ដុល្លារ ហើយ​វា​នឹងត្រូវ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ នៅ​ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 ខាងមុខ​នេះឯង។

    ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិ​រប​ស់ W21 5G៖

    អេក្រង់​ខាងក្នុង​របស់ W21 5G មាន​ទំហំ 7.6អ៊ី​ញ ប្រភេទ Dynamic AMOLED ក្រាល​ដោយ​កញ្ចក់​កម្រាស់​ស្តើង (UTG) ជាមួយ​អេក្រង់ Refresh Rate 120Hz ផងដែរ។ ផ្នែក​ខាងក្រៅ​វិញ ប្រើ​អេក្រង់​ទំហំ 6.23អ៊ី​ញ ប្រភេទ Super AMOLED ក៏ដូចជា​ការពារ ដោយ​កញ្ចក់​ជំនាន់​ថ្មី Gorilla Victus ទៀតផង។

    W21 5G ប្រើប្រាស់​បន្ទះ​ឈី​ប លំដាប់​កំពូល Snapdragon 865+ ទំហំ 7nm អម​មកជា​មួយអង្គ​គណនា​ក្រាហ្វិក Adreno 650 មាន​ជម្រើស RAM ប្រភេទ LPDDR5 ទំហំ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ ប្រភេទ UFS 3.1 ទំហំ 512GB ផងដែរ។

    សម្រាប់​ផ្នែក​កាមេរ៉ា​វិញ W21 5G បាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ 1គ្រាប់ ទំហំ 10MP f/2.2 និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 3គ្រាប់ ដោយ​ក្នុងនោះ 1គ្រាប់ គឺជា​លេន​ស៍​គោល ទំហំ 12MP f/1.8 (OIS), 1គ្រាប់​ទៀត ជា​លេន​ស៍ទូ​លាយ (Ultra-Wide 120 ដឺ​ក្រេ) ទំហំ 12MP f/2.2 និង 1គ្រាប់​ចុងក្រោយ​គេ ជា​លេន​ស៍ Telephoto ទំហំ 12MP f/2.4 មាន​សមត្ថភាព​ពង្រីក Optical Zoom បាន 2ដង និង Digital Zoom បាន 10ដង។

    W21 5G មាន​កន្លែង​ដាក់ SIM បាន2 មាន​ថាមពល​ថ្ម​ទំហំ 4,500 mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង 25W និង​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ កម្លាំង 11W ទៀតផង៕

    សូម​ទស្សនា​វីដេអូ​ការ​កាន់​សាកល្បង៖

  • ស្មា​ត​ហ្វូ​ន 5G ដំបូង របស់ Nokia អាច​នឹង​ចេញលក់ នៅ​ថ្ងៃទី9 ខែវិច្ឆិកា

    ស្មា​ត​ហ្វូ​ន 5G ដំបូង របស់ Nokia អាច​នឹង​ចេញលក់ នៅ​ថ្ងៃទី9 ខែវិច្ឆិកា

    ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia 8 UW នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ របស់ Nokia ដែល​កំពុងតែ​ត្រៀម​ប្រកាស​ចេញ ដោយ​គេ​រំពឹងថា យ៉ាងយូរបំផុត​នៅ​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 ស្អែក​ខានស្អែក​នេះឯង។

    គណនី​ផ្លូវការ​យូ​ធូប​របស់ Nokia បាន​បង្ហើប​ឱ្យដឹងថា ស្មា​ត​ហ្វូ​ន​នេះ នឹង​បង្ហាញមុខ ជាមួយនឹង​វេ​ប​សាយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ធំជាងគេ​មួយ នៅ​អាមេរិក Verizon។

    ទោះជា មកទល់​ឆ្នាំ2020 នេះ ចំនួន​លក់បាន មិនសូវ​ជា​សមប្រកប​ក្ដី  ប៉ុន្តែ​ក្រុមហ៊ុន ក៏​នៅតែ​បញ្ចេញ​ស្មា​ត​ហ្វូ​នថ្មីៗចេញមក​មិនដែល​ដាច់​ឡើយ  ជាក់ស្ដែង​ដូចជា​ម៉ូ​ដែល 5G នេះ​ជាដើម។ ចំពោះ​លក្ខណសម្បត្តិ​ពេញ​របស់​វា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ  រង់ចាំ​ក្រុមហ៊ុន​នឹង​បង្ហាញ​ចេញ​នៅ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ៕

  • Xiaomi គ្រោង​នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន អេក្រង់ 120Hz កាមេរ៉ា 108MP តម្លៃធូរៗ

    Xiaomi គ្រោង​នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន អេក្រង់ 120Hz កាមេរ៉ា 108MP តម្លៃធូរៗ

    ម៉ាក Redmi ដែលជា​ម៉ាក​សាខា​របស់ Xiaomi នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Android លំដាប់​កណ្ដាល ដែលមាន​កាមេរ៉ា​ទំហំ 108MP និង​មាន​អេក្រង់​ដែលមាន Refresh Rate 120Hz ដាក់លក់​ក្នុងតម្លៃធូរៗថ្លៃ។ នេះ​បើ​យោងតាម ប្រភព Digital Chat Station កាលពីពេលថ្មីៗនេះ។

    ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា ស្មា​ត​ហ្វូ​ន​លំដាប់ល្មមៗ ស៊េរី​ថ្មី របស់ Redmi នេះ នឹងមាន​អេក្រង់​ទំហំ 6.67អ៊ី​ញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ និង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 5។

    អេក្រង់​នោះ នឹងមាន​គាំទ្រ​ដោយ Refresh Rate ដែល​អាច​ប្រែប្រួល​បាន ដូចជា​នៅលើ Xiaomi Mi 10T Pro ដែល​អាច​ប្ដូរ រវាង 30Hz និង 120Hz អាស្រ័យ​លើ​មាតិកា លើ​អេក្រង់ ដើម្បីឱ្យ​ថ្ម​កាន់​បានយូរ។ ក្រៅពី​អេក្រង់ 120Hz ហើយ ក៏​គេ​មានការ​រំពឹងថា វា​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ទៅ 4គ្រាប់​ដែលមាន​កាមេរ៉ា​មេ​ទំហំ 108MP។

    គេ​សន្និដ្ឋានថា Redmi ទំនងជា​ប្រើប្រាស់ Sensor ISOCELL HM2 របស់ Samsung ដែល Samsung បានប្រកាស​ចេញ​កាលពី​ខែកញ្ញា៕

  • Vivo ចេញលក់ស្មាតហ្វូន កម្រិតកណ្ដាល តម្លៃធូរថ្លៃ មាន 5G និងដាក់ឆ្នាំងសាក 33W ឱ្យ 1ទៀត

    Vivo ចេញលក់ស្មាតហ្វូន កម្រិតកណ្ដាល តម្លៃធូរថ្លៃ មាន 5G និងដាក់ឆ្នាំងសាក 33W ឱ្យ 1ទៀត

    ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​ចិន បានសម្រេច​ធ្វើការ​ប្រកាស​ចេញ​ជា​ផ្លូវការ នូវ​ទូរស័ព្ទ​លំដាប់​មធ្យម ម៉ូ​ដែល​ថ្មី 1ទៀត ឈ្មោះថា vivo S7e។ ទូរស័ព្ទ​នេះ ទោះជា​ស្ថិតក្នុង​លំដាប់​កណ្ដាល​មែន តែ​វា​មាន​បំពាក់​មកជា​មួយ នូវ​អេក្រង់ AMOLED និង​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប របស់​ក្រុមហ៊ុន MediaTek និង​មាន​ប្រព័ន្ធ 5G ទៀតផង។

    ខាងក្រោម​នេះ​គឺជា លក្ខណសម្បត្តិ​របស់ vivo S7e ៖

    អេក្រង់​លាត ម៉ូដ​បែប​ដំណក់ទឹក ទំហំ 6.44 អ៊ី​ញ ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD+ ។ រីឯ​ផ្នែក​ខាងក្រោម នៅ​រក្សា​ម៉ូដ បែប​ពីមុន  មាន​រន្ធ​ដោត​កាស 3.5mm ប្រើ​រន្ធ​សាក​ថ្ម​ប្រភេទ USB-C អាច​ប្រើ​ស៊ីម​បាន 2, Bluetooth 5.1, ប្រើប្រាស់​បន្ទះ​ឈី​ប Dimensity 720 គួបផ្សំ​ជាមួយ​ជម្រើស RAM 8GB /128GB មេម៉ូរី ប្រភេទ UFS 2.1 ដំណើរការ​ដោយ Android 10 ស្បែក Funtouch OS 10.5 ចេញពី​ប្រអប់​តែម្ដង និង​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា ស្គែ​ន​ស្នាម​ក្រយៅដៃ ក្រោម​អេក្រង់។

    ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ នៅខាងមុខ vivo S7e មាន​ចំនួន 1គ្រាប់ ទំហំ 32MP និង​មាន​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 3គ្រាប់ ដោយ 1គ្រាប់ ជា​លេន​ស៍​គោល ទំហំ 64MP f/1.89  1គ្រាប់​ទៀត​ជា​លេន​ស៍ Ultra wide កម្រិត 120 ដឺ​ក្រេ ទំហំ 8MP និង 1គ្រាប់​ចុងក្រោយ​គេ ជា​លេន​ស៍ Portrait ទំហំ 2MP រីឯ​ថ្ម​វិញ ទំហំ 4,100mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន កម្លាំង 33W ទៀតផង។

    ជាមួយ​ជម្រើស​ពណ៌ សរុប​ចំនួន3 មាន ពណ៌ Mirror Black, Phantom Blue និង​ពណ៌ Silver រីឯ​តម្លៃ​វិញ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ៕

  • អ្នកមានផ្ទៃពោះញ៉ាំប្រៃ!! តើប្រថុយនឹងសភាវគភ៌មានជាតិពុលមែនឬ?

    អ្នកមានផ្ទៃពោះញ៉ាំប្រៃ!! តើប្រថុយនឹងសភាវគភ៌មានជាតិពុលមែនឬ?

    ការមើលថែទាំគភ៌ឱ្យមានសុខភាពល្អ មិនមែនជារឿងងាយឡើយ ព្រោះក្នុងអំឡុងដែលមានផ្ទៃពោះនោះ ស្រ្តីៗយើងត្រូវជ្រើសរើសអាហារដែលល្អ មានប្រយោជន៍ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ស្រ្តីមានគភ៌ខ្លះដល់ថ្នាក់ផ្លាស់ប្ដូររសជាតិអាហារទៀតផងក៏មាន។ ប្រាកដណាស់ យើងដឹងហើយថា ការញ៉ាំផ្អែមក្នុងចំនួនដ៏ច្រើនខណៈពេលតាំងគភ៌ប្រាកដជាធ្វើឱ្យប្រថុយប្រថាននឹងការកើតរោគទឹកនោមផ្អែម ចុះរសជាតិប្រៃវិញ?…តើស្រ្តីមានគភ៌ញ៉ាំប្រៃបានឬទេ? និងបើសិនញ៉ាំច្រើនជ្រុលពេកនឹងហុចផលអាក្រក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។

    ស្រ្តីមានផ្ទៃពោះញ៉ាំប្រៃនឹងមានគ្រោះថ្នាក់ដល់កូនក្នុងគភ៌ឬទេ?

    ការពិតទៅ ស្រ្តីមានផ្ទៃពោះអាចញ៉ាំប្រៃបាន និងមានប្រយោជន៍ដល់ការតាំងគភ៌ទៀតផង។ ដែលប្រាប់យ៉ាងដូច្នេះ ក៏ព្រោះថា “អំបិល” មានចំណែកសំខាន់ដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទ ប្រព័ន្ធដកដង្ហើម ប្រព័ន្ធបេះដូង និងសរសៃឈាម តែការទទួលទានអាហារដែលមានរសជាតិប្រៃខ្លាំងហួសហេតុពេក ប្រាកដជាធ្វើឱ្យសូដ្យូមក្នុងរាងកាយកើនឡើងខ្ពស់ នៅពេលសូដ្យូមក្នុងរាងកាយឡើងខ្ពស់ ប្រាកដជាធ្វើឱ្យកើតសម្ពាធឈាមឡើងខ្ពស់ ហុចផលអាក្រក់ដល់សរសៃឈាមក្នុងអវយវៈផ្សេងៗ ដូចជាបេះដូង និងខួរក្បាល កើតសភាវសរសៃឈាមបេះដូងត្បៀតតូច អាចនឹងពិការមួយកំណាត់ ឬមួយចំហៀងខ្លួន និងដែលសំខាន់ គឺស្រ្តីមានគភ៌នឹងប្រថុយក្នុងការកើតសភាវគភ៌មានជាតិពុល។

    តើស្រ្តីមានគភ៌ ញ៉ាំប្រៃប៉ុនណាទើបមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន?

    ជាប្រក្រតី មនុស្សទូទៅ ឬស្រ្តីដែលមិនមានផ្ទៃពោះ គួរបានទទួលសូដ្យូមមិនលើស 2,300មីល្លីក្រាមក្នុងមួយថ្ងៃ ឬទទួលទានអំបិលមិនលើស 1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ដែលអាចគណនាតាមតម្រូវការរបស់អំឡុងអាយុបានតាមតារាងខាងក្រោមនេះ…។

    ស្រ្តីមានគភ៌អាចគណនាបានតាមអាយុ និងបន្ថែមបរិមាណសូដ្យូម 50 – 200មីល្លីក្រាម។ បើទទួលទានក្នុងបរិមាណដែលបានបញ្ជាក់ក្នុងតារាងខាងលើ ធានាថា មានសុវត្ថិភាពទាំងម្ដាយ និងកូនយ៉ាងពិតប្រាកដ។

    ស្រ្តីមានគភ៌ដែលញ៉ាំប្រៃ ចង់បន្ថយប្រៃ តើត្រូវធ្វើយ៉ាងណា?

    នៅពេលស្រ្តីមានផ្ទៃពោះចង់បន្ថយប្រៃ អាចធ្វើបានយ៉ាងងាយៗដូចខាងក្រោម…

    • ទទួលទានអាហារដែលមានរសជាតិមិនខ្លាំង មិនប្រៃខ្លាំង ដូចជាកាពិ ស៊ុតប្រៃ ឬផ្លាស់ប្ដូរមកទទួលទានអាហារដែលមានរសជាតិសាបបន្តិចវិញ។
    • ចៀសវាងការញ៉ាំនំផ្សេងៗ ដូចជានំបេឃើរី ចំណីជ្រក់ត្រាំ អាហារកំប៉ុង រួបទាំងអាហារសម្រេចផ្សេងទៀតផងដែរ។
    • ចៀសវាងការផ្សំរសជាតិរបស់ម្ហូបអាហារដែលចម្អិនស្រេចហើយ ដូចជាថែមអំបិល ទឹកត្រី ប៊ីចេង ឬទឹកស៊ីអ៊ីវ។ល។
    • ចម្អិនម្ហូបអាហារទទួលទានដោយខ្លួនឯង ព្រោះយើងមិនអាចដឹងបានថា អាហារដែលទិញមកនោះមានការបន្ថែមអំបិល ទឹកត្រី ឬគ្រឿងគ្រៅផ្សេងៗច្រើន ឬតិចប៉ុនណាឡើយ។

    ស្រ្តីមានគភ៌អាចញ៉ាំប្រៃបាន តែគួរញ៉ាំក្នុងបរិមាណដែលសមរម្យ ដូចដែលបានដឹងនៅក្នុងតារាងខាងលើស្រាប់។ ការកែសម្រួលរសជាតិអាហារ ការបន្ថយប្រៃក្នុងគ្រានេះ នឹងមានផលល្អដល់ខ្លួនឯង និងកូនក្នុងផ្ទៃ រួមទាំងក្រុមគ្រួសារក្នុងរយៈពេលវែងយ៉ាងពិតប្រាកដ។

    សុខភាពគភ៌ដ៏ល្អអាចធ្វើបានតាំងពីថ្ងៃនេះ និងធ្វើបានយ៉ាងងាយដោយការបន្ថយប្រៃ…ដោយក្ដីបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន

  • ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែឈើគ្រប់មុខ

    ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែឈើគ្រប់មុខ

    លេខនេះឡារ៉ែនមានចំណេះដឹងពិសេសបំផុតដែលទាក់ទងនឹងផ្លែឈើមកជម្រាបជូនបងៗស្រ្តីមេផ្ទះ ដែលធានាថា នៅពេលដែលបានដឹងហើយ បងៗច្បាស់ជានឹងយកចំណេះដឹងនេះទៅចែករំលែកបន្តទៀតជាមិនខាន។ ដូច្នេះយើងនាំគ្នាមកមើលថា តើចំណេះដឹងទាក់ទងនឹងផ្លែឈើនេះមានអ្វីខ្លះ ដូចតទៅ៖

    -ចំពោះផ្លែប៉ោម

    • គួរលាងផ្លែប៉ោមឱ្យបានស្អាតមុននឹងទទួលទាន ព្រោះជួនកាលជី ឬថ្នាំសម្លាប់សត្វល្អិតដែលគេបាញ់ដាក់​ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំបាន។
    • ពេលត្រូវចិតសម្បកផ្លែប៉ោមចំនួនច្រើន បងៗស្រ្តីមេផ្ទះគួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន ព្រោះវានឹងធ្វើឱ្យកាន់តែងាយ​ស្រួលចិតសម្បកចេញ។
    • ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហមជាំ និងសាច់ឡើងផុសៗនោះ បងៗគួរដាក់នៅក្នុងចាន​ដែល​​​មាន​ទឹកត្រជាក់ និងដាក់អំបឹលចូលទៅបន្តិចផង។
    • និងពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើជាទឹកជ្រលក់ផ្លែប៉ោម(ដូចទឹកប៉េងប៉ោះ) បងៗគួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរ​ដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹកដែលស្ងោរសម្បកផ្លែប៉ោមនេះជំនួសទឹកធម្មតាក្នុងការធ្វើទឹកជ្រលក់ផ្លែ​ប៉ោមនេះ ព្រោះវានឹងធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយពណ៌របស់ទឹកជ្រលក់ផ្លែប៉ោមដែលយើងធ្វើហើយនោះល្អជាងប្រើទឹកធម្មតាធ្វើ ។

    -ចំពោះផ្លែចេកអំបូង ឬចេកណាំវ៉ា

    • ចូរកុំរក្សាទុកចេកអំបូងនៅក្នុងទូទឹកកក ព្រោះនឹងធ្វើឱ្យសម្បកវាឡើងខ្មៅ តែបើចង់ញ៉ាំចេកអំបូងត្រជាក់ៗ គួរ​ដាក់វាក្នុងទូទឹកកកល្មមតែញ៉ាំអស់ 1ពេលៗបានហើយ និងដាក់នៅក្នុងជាន់ក្រោមបំផុត(ក្នុងប្រអប់ដាក់បន្លែ)របស់ទូទឹកកក។
    • សាច់ចេកអំបូង ឬចេកណាំវ៉ានឹងមិនឡើងខ្មៅបន្ទាប់ពីបកសម្បកហើយទេ បើសិនជាបានជ្រលក់ចូលក្នុង​ទឹក​​​ក្រូចឆ្មារបន្តិច ហើយបើយកទៅធ្វើញាំផ្លែឈើផងនោះ និងរឹតតែមានរសជាតិឆ្ងាញ់ថែមទៀត។

    -ចំពោះផ្លែក្រូចគ្រប់ប្រភេទ

    • ផ្លែក្រូចគ្រប់ប្រភេទ ក៏មិនគួររក្សាទុកក្នុងទូទឹកកកដែរ ព្រោះនឹងធ្វើឱ្យផ្លែក្រូចកាន់តែមានរសជាតិជូរឡើង វិធីទុកដាក់ផ្លែក្រូច​ដែលត្រឹមត្រូវនោះគឺ ដាក់នៅក្នុងថាស និងទុកនៅក្នុងកន្លែងដែលមានខ្យល់ចេញចូល តែមិនសើមអាប់ ឬស្ងួតខ្លាំងពេកឡើយ ។
    • សម្រាប់ផ្លែក្រូចត្លុងពេលបកសម្បកសម្រាប់រៀបចំពិសាក្នុងពិធីជប់លៀង គួរបកដោយប្រើវិធីពុះសម្បកជុំវិញ ទទឹងផ្លែចំ​កណ្តាល(កុំចិតក្បាលចេញ) ពុះសន្សឹមៗរហូតដល់សម្បកក្នុង តែត្រូវប្រយ័ត្នកុំឱ្យមុខកាំបិតប៉ះនឹងសាច់ក្រូច រួចហើយយក​សម្បកចេញដោយប្រើចុងម្រាមដៃរបស់យើងលូកចូលទៅម្តងបន្តិចៗ និងប្រយ័ត្នកុំឱ្យរហែកសម្បក ។ ពេលយកសម្បកចេញ​បាន​​ទាំងពីរ​ខាងហើយ ចូរទុកចោលមួយអន្លើសឹន បន្ទាប់មកបកសម្បកក្នុងដែលជាប់នឹងសាច់ចេញឱ្យស្អាត រួចរៀបចូលទៅ​វិញឱ្យមាន​រូបរាងដូចដើម។ លោកអ្នកអាចប្រើសម្បកក្រូចត្លុងនោះជំនួសចានដាក់ផ្លែឈើបានយ៉ាងស្អាតក៏បានដែរ។
    • ចំណែកផ្លែក្រូចឃ្វិចវិញ នៅពេលយើងបកសម្បកចង់ញ៉ាំម្តងៗ យើងតែងជួបនឹងសរសៃ-សៗនៅជាប់ពាស​ពេញ​​លើសាច់ក្រូចនោះ ធ្វើឱ្យរំខាន និងមានការពិបាកបេះចេញម្តងមួយសរសៃៗខ្លាំងណាស់ តែសូមលោកអ្នកកុំអាលរំខានចិត្តអី វិធីងាយៗក្នុងការធ្វើឱ្យសរសៃ-សៗទាំងនោះជាប់អស់ទៅនឹងសម្បកពេលបកពិសានោះគឺ គ្រាន់តែយកផ្លែក្រូចឃ្វិចទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗឱ្យលិចផ្លែ ទុកចោលប្រមាណជា 5 – 10នាទី រួចហើយស្រង់យកមកបកពិសា…តែប៉ុណ្ណឹងសរសៃ-សៗទាំង​នោះនឹងជាប់ទៅជាមួយសម្បកអស់ជាមិនខាន ឯរសជាតិនៅតែឆ្ងាញ់ដូចមុនដដែល។
    • សម្រាប់ផ្លែក្រូចឆ្មារដែលទុកចោលយូរ ឡើងក្រៀមនោះ វានឹងស្រស់ ហើយមានទឹកច្រើនឡើងវិញបើបានយកទៅដាក់នៅក្នុងចាន ឬឆ្នាំងដែលមានទឹកក្តៅឧណ្ហៗ ដោយទុកឱ្យទឹកវានៅក្តៅបែបនោះរយ:ពេលប្រមាណជា 1ម៉ោង (តែត្រូវ​ប្រយ័ត្នកុំឱ្យទឹកក្តៅនោះពុះ) រួចហើយសឹមស្រង់ឡើងយកមកទុកឱ្យស្ងួតមុននឹងយកទៅប្រើការ។ ក្រូចឆ្មារនោះនឹងមានទឹកច្រើនឡើងវិញ និងមានរសជាតិដូចពេលនៅស្រស់ដដែល។

    -ចំពោះផ្លែខ្នុរ និងផ្លែទាប

    • លោកអ្នកគួរតែជ្រើសរើសយកផ្លែខ្នុរ និងផ្លែទាបណាដែលមានក្រឡាធំៗ ឬមានបន្លាឆ្ងាយៗពីគ្នា ព្រោះ​ពេលបកពិសានឹងបានសាច់ក្រាស់ៗ ហើយមានសាច់ច្រើនទៀតផង ។

    -ចំពោះផ្លែ ឃែនតាលូប (ត្រសក់ស្រូវបារាំង ឬផ្លែម៉ឺឡុង) និងផ្លែឪឡឹក

    • សម្រាប់ផ្លែ ឃែនតាលូប នៅពេលដែលលោកអ្នកពុះ និងចង់ទុកមួយចំហៀងសម្រាប់ទទួលទានថ្ងៃក្រោយនោះ បងៗស្រ្តីមេផ្ទះគួររក្សាគ្រាប់របស់វាឱ្យនៅដដែល កុំខ្វេះចេញ ព្រោះវានឹងជួយរក្សាសំណើមរបស់ផ្លែឃែនតាលូបនោះ និងធ្វើឱ្យនៅស្រស់ថ្មីរហូតទាល់តែលោកអ្នកយកមកពិសានៅពេលក្រោយបាន។
    • ចំណែកឯផ្លែឪឡឹកវិញ នៅពេលពុះហើយ បើលោកអ្នកចង់រក្សាទុកមួយចំហៀងសម្រាប់ពិសានៅពេល​ក្រោយនោះ ចូរយកថង់ប្លាស្ទិកស្ដើងៗ ថ្លាៗ ​មកបិទពីលើសាច់ឪឡឹកនោះ រួចហើយសឹមយកទៅទុកក្នុងទូទឹកកក។ ផ្លែឪឡឹកដែលនៅសល់មួយចំហៀងនោះនឹងនៅស្រស់ ស្រួយ និងមិនចូលខ្យល់នាំឱ្យខូចរសជាតិឡើយ។
    • បើចង់ឱ្យសាច់ផ្លែឪឡឹកកាន់តែផ្អែម ស្រួយឆ្ងាញ់ឡើងទៀតនោះ នៅពេលដែលលោកអ្នកចិតដាក់ចានហើយ ចូររោយស្ករ-សពីលើបន្តិច មុននឹងយកទៅដាក់ក្លាស្សេក្នុងទូទឹកកក សាច់ឪឡឹកនោះនឹងកាន់តែមានរសជាតិផ្អែម​ជាប់ចិត្តឡើងទៀតមិនខាន។
    • វិធីរក្សាផ្លែឪឡឹកឱ្យនៅត្រជាក់ស្រេប និងផ្អែមស្រស់បានយូរសម្រាប់ទុកយកទៅពិសាក្នុងពេលទៅដើរលេងនៅទីឆ្ងាយ គឺ ផ្លែឪឡឹកដែលរក្សាទុកនៅក្នុងទូទឹកកករហូតឡើងត្រជាក់ស្រេបហើយ បើចង់យកទៅទុកពិសានៅពេលទៅដើរ​លេង​​​នៅទីឆ្ងាយនោះ ចូរយកក្រដាសកាសែតស្ងួតៗមករុំឱ្យជិត វានឹងធ្វើឱ្យផ្លែឥឡឹកនោះនៅតែរក្សាភាពត្រជាក់បានយូររហូតដល់​ពេលពុះពិសាមិនខាន​។

    -ចំពោះផ្លែល្ហុង និងផ្លែម្នាស់

    • សម្រាប់ផ្លែល្ហុង ការថែរក្សាទុកដាក់ក៏ដូចផ្លែឪឡឹកដែរ តែពេលចិតពិសា បើលោកអ្នកចង់ឱ្យសាច់ល្ហុង​មាន​​​រស​​ជាតិប្លែក និងកាន់តែឆ្ងាញ់មាត់ឡើងនោះ ចូរច្របាច់ក្រូចឆ្មារពីលើបន្តិច វានឹងជួយលើករសជាតិឡើងថែមទៀត។
    • ចំណែកឯផ្លែម្នាស់វិញ ពេលចិតជាចំណិតៗដាក់ចានហើយ ចូររោយអំបឹលពីលើបន្តិច នឹងធ្វើឱ្យ​សាច់​​ម្នាស់នោះកាន់តែមានរសជាតិផ្អែមឡើង និងមិនធ្វើឱ្យរមាស់កទៀតផង​៕
  • មើលថែទាំសុខភាពខ្លួនឯងក្នុងអំឡុងរដូវក្ដៅ

    មើលថែទាំសុខភាពខ្លួនឯងក្នុងអំឡុងរដូវក្ដៅ

    បន្ទាប់ពីបណ្ដោយឱ្យពេញចិត្តនឹងធាតុអាកាសបែបរងាត្រជាក់កាយពេញមួយអំឡុងពេលចុងឆ្នាំកន្លងមកហើយនោះ ពេលនេះក៏ដល់វេលានៃការឈានចូលរដូវក្ដៅជាផ្លូវការហើយ។ ខែមេសានេះមើលទៅហាក់ដូចជាក្ដៅហប់មិនមែនធម្មតាឡើយ ព្រោះគ្រាន់តែចុងខែមីនាកន្លងទៅ ក៏ក្ដៅស្ទើរតែទ្រាំលែងបានទៅហើយ។ ដូច្នេះលេខនេះ ឡារ៉ែនមានគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំសុខភាពខ្លួនឯងក្នុងអំឡុងរដូវក្ដៅមកជម្រាបជូន ដើម្បីឱ្យមិត្តអ្នកអានមិនចាំបាច់ទៅដើរស្រូបយកខ្យល់ត្រជាក់ៗនៅតាមហាងផ្សារទំនើប និងបើសិនជានឹងគេងនៅផ្ទះបើកម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃវិញនោះ អាចនឹងត្រូវលំបាកចិត្តដោយសាររឿងថ្លៃភ្លើងដែលកើនច្រើនឡើងក៏អាចថាបានដែរ ដូច្នេះចូរងាកមកកែសម្រួលស្ថានភាពជុំវិញខ្លួន និងបន្ថែមការមើលថែទាំខ្លួនឯងវិញ វានឹងងាយស្រួលជាង។

    ក្នុងរដូវក្ដៅសម្រាប់ស្រុកយើង គេចមិនផុតពីការដែលត្រូវជួបនឹងកម្ដៅថ្ងៃដុតកម្លោច និងសភាពធាតុអាកាសដែលក្ដៅខ្លាំងឡើងៗ ហុចផលឱ្យរាងកាយនឿយល្វើយតាមរយៈការខ្វះជាតិទឹក ដោយសារត្រូវបាត់បង់ជាតិទឹកក្នុងសភាពជាញើសពេញមួយថ្ងៃនោះឡើយ។ ក្រៅពីនេះធាតុអាកាសក្ដៅខ្លាំងៗក៏នឹងធ្វើឱ្យឆាប់មួម៉ៅ និងមានអារម្មណ៍ធុញថប់តានតឹងពីភាពមិនសប្បាយស្រួលខ្លួន ហើយនិងរឿងដែលតែងតែជាបញ្ហាតាមមកជានិច្ចនោះគឺ រឿងម្ហូបអាហារការហូបចុកដែលអាចនឹងឆាប់ខូច ឆាប់ផ្អូមកាន់តែលឿន ច្រឡំទទួលទានចូលទៅ ក្រពះពោះវៀននឹងមានបញ្ហាបានយ៉ាងងាយទៀតផង។

    ដូច្នេះចូរមើលថែទាំខ្លួនឯងដូចតទៅនេះ ៈ

    • ញ៉ាំទឹកស្អាតឱ្យបានច្រើនជាងប្រក្រតីដើម្បីជំនួសឱ្យញើសដែលបាត់បង់ទៅ។ ធាតុអាកាសក្ដៅ និងរាងកាយដែលខ្វះជាតិទឹកនឹងធ្វើឱ្យកើតអាការនឿយល្វើយបានយ៉ាងងាយ ដូច្នេះបើត្រូវចេញទៅកណ្ដាលវាលក្នុងអំឡុងពេលនេះ គួរដាក់ទឹកបរិសុទ្ធសម្រាប់ញ៉ាំទៅជាមួយផងរឹតតែប្រសើរ។
    • គួរចៀសវាងការញ៉ាំទឹកដែលមានរសជាតិផ្អែមៗ ឬទឹកភេសជ្ជៈកំប៉ុង ព្រោះរឹតតែញ៉ាំនឹងរឹតតែធ្វើឱ្យស្រេកទឹកខ្លាំងឡើង និងក៏គួរចៀសវាងការញ៉ាំទឹកដែលត្រជាក់ខ្លាំងដែរ ព្រោះវានឹងហុចផលបន្តធ្វើឱ្យប្រព័ន្ធដុតបំផ្លាញអាហារក្នុងរាងកាយដំណើរការមិនល្អ។
    • សង្កត់ធ្ងន់លើអាហារដែលចម្អិនឆ្អិន និងចម្អិនថ្មីៗ ព្រោះធាតុអាកាសក្ដៅខ្លាំង មេរោគបាក់តេរីដែលអាចនឹងប្រឡាក់ប្រឡូសមកជាមួយចំណីអាហារនោះនឹងរឹតតែរីកធំធាត់បានល្អណាស់ ជាពិសេសអាហារដែលមានផ្សំដោយខ្ទិះដូង រឹតតែត្រូវប្រយ័ត្ន រួមទាំងទឹកកកដែលឆ្លងកាត់ការផលិតដោយកម្មវិធីដែលមិនស្អាត រឹតតែជាប្រភពបណ្ដុះមេរោគបាក់តេរីយ៉ាងល្អ ដែលគួរឱ្យខ្លាចបំផុតសម្រាប់អ្នកបរិភោគ។
    • ជ្រើសរើសស្លៀកសម្លៀកបំពាក់ទូលាយៗ និងស្រាលសប្បាយខ្លួន ដែលមិនសន្សំ ឬនាំកម្ដៅចូលមក ខណៈពេលជាមួយគ្នា ពេលត្រូវចេញទៅខាងក្រៅដែលត្រូវជួបនឹងពន្លឺព្រះអាទិត្យ គួរលាបឡេការពារកម្ដៅថ្ងៃជានិច្ច និងលាបឡើងវិញរៀងរាល់ 2ម៉ោងម្ដង ដើម្បីការពារកាំរស្មី UV។ បើបានពាក់មួក ឬបាំងឆត្រដើម្បីការពារកម្ដៅថ្ងៃទៀតផងនោះ រឹតតែល្អ។
    • បើអាចទៅរួច គួរតមធ្វើការធ្ងន់នៅទីកណ្ដាលវាលដែលត្រូវប៉ះនឹងកម្ដៅថ្ងៃខ្លាំង ព្រោះធាតុអាកាសក្ដៅនឹងធ្វើឱ្យសីតុណ្ហភាពរបស់រាងកាយឡើងខ្ពស់ អាចមានផលប៉ះពាល់ធ្វើឱ្យកើតខ្យល់គដោយសារកម្ដៅថ្ងៃ និងអាចដល់ថ្នាក់ស្លាប់បានទៀតផង។
    • មិនគួរគេងលក់ដោយបណ្ដោយឱ្យរាងកាយប៉ះនឹងភាពត្រជាក់ពីម៉ាស៊ីនត្រជាក់ដោយត្រង់ក្នុងរយៈពេលយូរ ឬបែរកង្ហារដាក់ចំខ្លួនរហូតពេញមួយយប់នោះទេ ព្រោះទោះជាជួយឱ្យចៀសផុតពីធាតុអាកាសក្ដៅហប់បានមែន តែសភាវរបស់ជំងឺហើមសួតអាចនឹងសួររកមុខ។
    • រឿងដែលសំខាន់លើសអ្វីទាំងអស់គឺ គួរគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសាងប្រព័ន្ធប្រឆាំងជំងឺដល់រាងកាយ ព្រោះរាងកាយដែលខ្វះការគេងសម្រាក ច្បាស់ជាទន់ខ្សោយ នៅពេលជួបនឹងសភាពធាតុអាកាសដែលក្ដៅខ្លាំង នឹងរឹតតែឆាប់ឈឺថ្កាត់ទៅតាមនោះដែរមិនខាន។

    និងសូមបន្ថែមជាចុងក្រោយថា ធាតុអាកាសក្ដៅខ្លាំងអាចមានផលប៉ះពាល់ធ្វើឱ្យអារម្មណ៍កាន់តែឆាប់មួម៉ៅក្ដៅក្រហាយឡើង ដូច្នេះក្នុងរយៈពេលនេះគួរមើលថែទាំទាំងសុខភាពកាយ និងសុខភាពចិត្តដំណាលគ្នាផង។ កុំភ្លេចថា ធាតុអាកាសគ្រាន់តែជាជាបច្ច័យមួយប៉ុណ្ណោះ…រដូវក្ដៅចូលមកដល់ បន្តិចក៏កន្លងផុតទៅវិញ ដូច្នេះកុំបណ្ដោយឱ្យសភាពបរិស្ថានក្លាយជាអ្នកបំផ្លាញបរិយាកាសក្នុងការធ្វើការងារ និងបរិយាកាសគ្រួសាររបស់យើងឱ្យសោះ មិនដូច្នេះទេ សេចក្ដីសុខដែលគួរមានក្នុងជីវិត នឹងរលាយបាត់អស់ជាមិនខាន៕

  • តិចនិកងាយៗ 4 យ៉ាងក្នុងការរៀបចំបន្ទប់ខុនដូឱ្យស្អាតគួរស្នាក់នៅ

    តិចនិកងាយៗ 4 យ៉ាងក្នុងការរៀបចំបន្ទប់ខុនដូឱ្យស្អាតគួរស្នាក់នៅ

    បច្ចុប្បន្នមានអគារស្នាក់នៅបែបខុនដូមីនៀមកើតឡើងជាច្រើនទាំងនៅក្នុង និងបរិវេណជាយទីក្រុង ដើម្បីតបស្នងតម្រូវការ និងឡៃហ្វ៍ស្តាយល៍ និងជួយបង្កើនភាពងាយស្រួល សុខសប្បាយដល់អ្នករស់នៅក្នុងទីក្រុង។ បើអ្នកណាកំពុងតែចាប់អារម្មណ៍ប្រុងទិញបន្ទប់ខុនដូដើម្បីស្នាក់នៅ ហើយមានកង្វល់រឿងទីធ្លាដែលមានកំណត់នៅក្នុងបន្ទប់តូចមួយ ឬបើអ្នកណាដែលកំពុងស្នាក់នៅក្នុងបន្ទប់ខុនដូស្រាប់ហើយ តែចង់​បានបន្ទប់ដែលមើលទៅឃើញរាងធំទូលាយឡើងនោះ ថ្ងៃនេះ ឡារ៉ែនមានតិចនិកងាយៗ ខ្លីៗក្នុងការរៀបចំបន្ទប់​ខុនដូមកជម្រាប​ជូនដូចខាងក្រោម។

    1. រៀបចំទុកដាក់ និងជ្រើសរើសប្រើឧបករណ៍គ្រឿងសង្ហារិមដូចជា តុ ទូ កៅអីឱ្យស័ក្តិសមនឹងខ្នាតរបស់បន្ទប់ ដូចជា ការប្រើប្រាស់ចូលគ្នា​រវាងឧបករណ៍ខ្ពស់-ទាប និងជ្រើសរើសពណ៌របស់ឧបករណ៍ទាំងនោះឱ្យស៊ីគ្នានឹងពណ៌បន្ទប់ វានឹងជួយឱ្យបន្ទប់មើលទៅស្រស់​​ស្អាតមានសិល្បៈ និងគួរជ្រើសរើសប្រើឧបករណ៍ណាដែលអាចពង្រីកបង្រួម ដោះតម្លើង ឬបត់ទុកវិញបានជាដើម។
    2. រៀបចំទុកដាក់របស់របរតូចតាច កំប៉ិកកំប៉ុកទុកនៅក្នុងកន្លែងតែមួយ ដូចជាប្រមូលដាក់នៅក្នុងឡាំង រួចទុកនៅក្នុងទូឱ្យបានរៀបរយ មិនគួរទុកដាក់រាយប៉ាយក្នុងបន្ទប់ឡើយ ធ្វើដូច្នេះដើម្បីឱ្យបន្ទប់មើលទៅរាងទូលាយ និងស្រឡះភ្នែក។
    3. រៀបចំបែងចែកទីកន្លែងជាចំណែកៗតាមការប្រើការ និងមានកន្លែងខ្លះអាចប្រើប្រាស់រួមគ្នាបានច្រើនមុខ ដូច​​ជា ធ្វើជាកន្លែងអង្គុយសម្រាកលេងក៏បាន កន្លែងអង្គុយធ្វើការក៏បាន និងកន្លែងអង្គុយញ៉ាំបាយជាដើម។
    4. ប្រើគ្រឿងប្រដាប់តុបតែងបន្ទប់ណាដែលជួយឱ្យបន្ទប់មើលទៅរាងស្រឡះ ដូចជា បំពាក់ផ្ទាំងកញ្ចក់មួយផ្ទាំងធំ ប្រើក្រដាស់​​វ៉លផេភើរ៍ដែលមានរូបភាពជាផ្លូវវែង បំពាក់វាំងននចុះមកពីពិដានជំនួសឱ្យការបំពាក់ត្រឹមតែមាត់បង្អួច ជាដើម៕
  • ភាពខុសប្លែកគ្នា រវាងមិត្តភាពរបស់បុរស និងមិត្តភាពរបស់នារី

    ភាពខុសប្លែកគ្នា រវាងមិត្តភាពរបស់បុរស និងមិត្តភាពរបស់នារី

    បើសិនអ្នកគិតថា នៅពេលរៀនចប់ហើយ មិត្តភាពរវាងគ្នា(មិត្តរួមថ្នាក់)ក៏នឹងចប់ទៅតាមនោះដែរ សូមសាកល្បងគិតសាថ្មីឡើងវិញ…។ ពេលនិយាយពីការសាងមិត្តភាព បុរសៗមានទំនោរក្នុងការត្រឡប់ទៅសេពគប់មិត្តភក្តិចាស់ៗសម័យរៀនច្រើនជាងនារី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា បុរសៗច្រើនតែសម្លឹងរកមើលក្រុមដែលមានតែបុរសសុទ្ធ ដូចជាក្លិប ឬក្រុម ជាដើម ខណៈដែលនារីៗវិញរាងជ្រើសរើសច្រើនជាង ដោយនិយមសេពគប់តែមិត្តភក្តិជិតដិតត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ។

    មិត្តភាពរបស់មនុស្សប្រុស ភាគច្រើនៗ គឺស្រដៀងនឹងការកសាងសម្ព័ន្ធមិត្ត។ បន្ទាប់ពីវិភាគតាមរយៈរូបភាព Profile របស់មនុស្សប្រុសនៅក្នុង Facebook ជិត 112,000នាក់ទូទាំងពិភពលោកហើយ គេរកឃើញថា មនុស្សប្រុសមានទំនោរក្នុងការប្រើរូបភាព Profile ជាក្រុមដែលមានរូបខ្លួនឯងជាមួយមិត្តភក្តិមួយក្រុមធំ ដែលបង្ហាញឱ្យឃើញពីការប្រកួតប្រជែងគ្នានៅក្នុងក្រុមពួកបុរសៗដូចគ្នាពាក់ព័ន្ធនឹងមិត្តភាពរបស់ពួកគេ។ ផ្ទុយទៅវិញ នារីៗសឹងតែមិនដែលប្រើរូបភាព Profile ជាក្រុមធំៗជាមួយមិត្តភក្តិឡើយ តែច្រើនប្រើរូបតែម្នាក់ឯង ឬមិនទេក៏ថតជាមួយមិត្តភក្តិស្រីដូចគ្នាតែម្នាក់ប៉ុណ្ណោះ ដោយសារតែមនុស្សស្រីច្រើនតែផ្ដល់ចំណាប់អារម្មណ៍ចំពោះអ្នកដទៃបានតែម្នាក់ប៉ុណ្ណោះក្នុងមួយលើក។

    តើហេតុអ្វីបានជាមនុស្សស្រី និងមនុស្សប្រុសមានវិធីចងមិត្តខុសប្លែកគ្នាដូច្នេះ? សមុដ្ឋាន 1ចំណុច គឺព្រោះតែខួរក្បាលរបស់បុរស និងនារីមានភាពខុសប្លែកគ្នា។ ជាទូទៅ ស្រ្តីនឹងមានប្រព័ន្ធ លីមពិក ធំជាងរបស់បុរស។ ប្រព័ន្ធ លីមពិក គឺជាខ្សែបណ្ដាញរបស់សរសៃប្រសាទក្នុងខួរក្បាលដែលតភ្ជាប់ជាមួយសញ្ជាតិញាណ និងអារម្មណ៍ ដោយវានឹងគ្រប់គ្រងអារម្មណ៍ចម្បងៗ ដូចជា សេចក្ដីសុខ និងសេចក្ដីភ័យខ្លាច។ ដោយហេតុនេះទើបមនុស្សស្រីអាចតភ្ជាប់អារម្មណ៍របស់ខ្លួនឯងជាមួយអ្នកដទៃបានល្អជាង។ លទ្ធផលនៃការស្រាវជ្រាវផ្សេងទៀតនៅបានបង្ហាញឱ្យឃើញថា ស្រ្តីមានទំនោរក្នុងការសាងមិត្តភាពដោយពិចារណាតាមរយៈអារម្មណ៍ជាគោល និងនិយមជជែកនិយាយគ្នាក្នុងរឿងផ្ទាល់ខ្លួន។ ចំណែកមិត្តភាពរបស់មនុស្សប្រុសវិញ ច្រើនសង្កត់ធ្ងន់លើការបានធ្វើកិច្ចការងាររួមគ្នា ដូចជា មើលកីឡា ឬរៀបចំពិធីជប់លៀង ហើយញ៉ាំស្រាបៀរជាមួយគ្នា។ល។

    មិត្តភាពរបស់មនុស្សស្រីនឹងចេញមកបែបប្រភេទជួបជុំគ្នាដើម្បីជជែកនិយាយ និងដោះដូរគំនឹតយោបល់គ្នា។ ស្រីៗត្រូវការភ្ជាប់សម្ព័ន្ធភាពឱ្យស្អិតល្មួត តែប្រុសៗត្រូវការធ្វើកិច្ចការងារផ្សេងៗរួមគ្នា និងនៅជាមួយគ្នាជាក្រុមច្រើនជាង៕

  • 6តម្រូវការផ្នែកផ្លូវចិត្តរបស់កូន ដែលឪពុកម្ដាយត្រូវតែឱ្យ

    6តម្រូវការផ្នែកផ្លូវចិត្តរបស់កូន ដែលឪពុកម្ដាយត្រូវតែឱ្យ

    សេចក្ដីត្រូវការផ្នែកផ្លូវចិត្តរបស់កុមារ មានភាពខុសប្លែកពីគ្នាខ្លះៗទៅតាមវ័យរបស់ពួកគេ តែអាចសរុបបែបត្រួសៗបានថា រឿងតទៅនេះមានភាពចាំបាច់ និងជាតម្រូវការសម្រាប់កុមារគ្រប់រូប។

    1 . សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ

    កុមារមានអារម្មណ៍ចង់ឱ្យឪពុកម្ដាយ ឬអ្នកចិញ្ចឹមមើលថែស្រឡាញ់រូបគេ មានអារម្មណ៍ថា ខ្លួនឯងគឺជាសេចក្ដីត្រូវការ និងមានតម្លៃសម្រាប់ឪពុកម្ដាយ មានអារម្មណ៍ថា ខ្លួនឯងត្រូវបានទទួលស្គាល់។ អាណាព្យាបាលមិនគួរធ្វើឱ្យកុមារមានអារម្មណ៍ថា ឪពុកម្ដាយស្អប់រូបគេ មិនចូលចិត្តរូបគេ ស្រឡាញ់លម្អៀង បដិសេធ ឬមិនត្រូវការ ជាចំណែកដែលលើស បង្ខំចិត្តចិញ្ចឹមរូបគេ និងមិនគួរធ្វើឱ្យមានអារម្មណ៍ថា រូបគេមានចំណុចខ្សោយ ឬតូចចិត្តតូចថ្លើមឡើយ។ អាកប្បកិរិយារបស់មនុស្សធំមានឥទ្ធិពលយ៉ាងខ្លាំងលើផ្លូវចិត្តរបស់កុមារ ដូច្នេះរឿងសំខាន់ដែលចង់និយាយដល់នោះគឺ កុមារត្រូវការសេចក្ដីស្រឡាញ់យ៉ាងស័ក្តិសម មិនមែនស្រឡាញ់ខ្លាំងយ៉ាងគ្មានព្រំដែន ដូចជា តាមចិត្តគ្រប់បែបយ៉ាងដោយគ្មានហេតុផល រហូតធ្វើឱ្យក្លាយជាមនុស្សតាមតែចិត្តខ្លួនឯងគ្រប់ពេលវេលា មិនអាចអត់ធន់ជាមួយសភាវដែលមនុស្សប្រក្រតីធម្មតាអត់ធន់បាន រហូតក្លាយជាចំណុចមិនល្អខាងបុគ្គលភាពនោះទេ។

    2 . ជំរុញវិវឌ្ឍនាការយ៉ាងស័ក្តិសម

    ការជំរុញវិវឌ្ឍនាការដែលស័ក្តិសមនេះ អាស្រ័យលើវ័យរបស់កុមារ ដូចជា វ័យទារកកើតដំបូងត្រូវការ ការព បី ការប៉ះពាល់ ការញញឹម ការជជែកនិយាយជាមួយដើម្បីឱ្យបានឮសំឡេង។ ដល់ធំឡើងក៏ត្រូវការថែមឡើង ដូចជា ការលេង ការជជែកនិយាយ របស់លេងដែលស័ក្តិសមនឹងវ័យ ក៏នឹងជួយជំរុញបានល្អដែរ។ សម្រាប់ក្មេងក្នុងខួប 1ឆ្នាំដំបូង ដើម្បីជំរុញការបានឮ ការប្រើខ្សែភ្នែក គួរប្រើរបស់លេងដែលមានចលនា និងមានពណ៌ស្រស់ៗ និងមានសំឡេង។ លុះធំឡើងទៀត កុមារនឹងត្រូវការការជំរុញដើម្បីបង្កើនការធ្វើចលនា គួរប្រើប្រាស់សាច់ដុំផ្នែកផ្សេងៗ ដូចជាការប្រើម្រាមដៃ ការប្រើម្រាមជើង និងផ្សេងៗទៀត។ ការជំរុញផ្សេងៗនេះមានលទ្ធផលខាងផ្លូវចិត្តដែលទទួលបាន គឺកុមារនឹងមានអារម្មណ៍បានទទួលសេចក្ដីស្រឡាញ់ ការចាប់អារម្មណ៍ និងដែលសំខាន់គឺ បានជំរុញអារម្មណ៍ចង់ដឹងចង់ឃើញ ចាប់អារម្មណ៍ចំពោះបរិស្ថានជុំវិញ មានអារម្មណ៍សប្បាយ ចង់ពិសោធ ចង់សាកល្បងធ្វើ ធ្វើឱ្យមានអារម្មណ៍ថាមានភាពជឿជាក់ក្នុងចិត្ត ហ៊ានសម្ដែងចេញតាមនោះដែរ។

    3 . អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព

    អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពរបស់កុមារបានមកពីបរិស្ថានជុំវិញខ្លួន ជាពិសេសឪពុកម្ដាយ។ បើឪពុកម្ដាយមានសម្ព័ន្ធភាពល្អចំពោះគ្នា គ្រួសារមានសេចក្ដីសុខស្ងប់ស្ងាត់ កុមារនឹងមិនមានអារម្មណ៍ភ័យខ្លាចថា នឹងត្រូវបោះបង់ចោលឡើយ។ ជាញឹកញាប់គេរកឃើញថា ក្មេងមានអាការខាងផ្លូវកាយ ដូចជាឈឺក្បាល ឈឺពោះដោយគ្មានជំងឺខាងរាងកាយជាមូលហេតុឡើយ តែបែរជាពាក់ព័ន្ធនឹងពេលដែលកុមារកើតមានអារម្មណ៍ធុញថប់តានតឹង មានអារម្មណ៍ខ្លាចពេលដែលឃើញឪពុកម្ដាយឈ្លោះគ្នា វាយតប់គ្នា ឬកំពុងជិតលែងលះគ្នា។ ក្រៅពីនោះ កុមារនៅត្រូវការមានអារម្មណ៍ថា មនុស្សធំអាចការពាររូបគេបាន មិនបណ្ដោយឱ្យមានគ្រោះថ្នាក់លើរូបគេ។ កុមារគួរតែបានទទួលការការពារពីគ្រោះថ្នាក់ខាងរាងកាយ ដូចជាឧប្បត្តិហេតុផ្សេងៗ និងគួរតែបានទទួលការការពារមិនឱ្យប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ ដូចជា ទិដ្ឋភាពគ្រោះថ្នាក់ដែលគួរឱ្យភ័យរន្ធត់ខ្លាំង ទិដ្ឋភាពពាក់ព័ន្ធនឹងរឿងផ្លូវភេទដែលមិនសមរម្យ ជាដើម និងគួរត្រៀមកាយ ត្រៀមចិត្តដល់កុមារសម្រាប់ហេតុការណ៍សំខាន់ៗ ដូចជា ការមានប្អូន ឬការវះកាត់ ជាដើម។

    4 . ពាក្យណែនាំ និងការគាំទ្រ

    កុមារត្រូវការពាក្យណែនាំ ឬការចង្អុលបង្ហាញអំពីមនុស្សធំថា អ្វីជាអ្វី ដូចជា តួនាទីដែលស័ក្តិសមតាមភេទរបស់ក្មេងប្រុស ឬក្មេងស្រី ការប្រតិបត្តិខ្លួនក្នុងសង្គម តម្លៃនៃការនិយម រហូតទៅដល់វប្បធម៌ប្រពៃណីផ្សេងៗ និងគួរផ្ដល់ការគាំទ្រជួយយកអាសាក្នុងរឿងផ្សេងៗដែលមើលឃើញថាសមរម្យ ដូចជា កិច្ចការងារដែលកុមារត្រូវការបំពេញ អាចជួយលើផ្នែកហិរញ្ញវត្ថុ ឬជួយរកវត្ថុឧបករណ៍ជួយក្នុងការប្រើគំនិត ជាដើម។

    5 . ភាពជាបលាប់ជានិរន្តរ៍ និងការមានព្រំដែន

    ទាំង 2យ៉ាងមានភាពសំខាន់ក្នុងការធ្វើឱ្យកុមាររៀនយល់ដឹងថា អ្វីត្រូវ អ្វីខុស អ្វីធ្វើបាន ឬមិនបាន មិនច្របូកច្របល់ខាងការគិត និងការប្រតិបត្តិ។ ច្បាប់ទម្លាប់ដែលប្រើ គួរតែមានហេតុផល និងមានការប្រតិបត្តិយ៉ាងជាប់លាប់តាំងពីដើមដល់ចប់ ដូចជា មិនឱ្យពាក់ស្បែកជើងចូលផ្ទះ ព្រោះនឹងធ្វើឱ្យផ្ទះកខ្វក់ ជាដើម ក៏គួរតែធ្វើបែបហ្នឹងជារៀងរហូត មិនមែនពេលមានអ្នកបម្រើក្នុងផ្ទះក៏ពាក់បាន ឬពេលម្ដាយជូតសម្អាតផ្ទះដោយខ្លួនឯង ក៏ពាក់មិនបាន ឬដូចជា ថ្ងៃមួយ មិនព្រមអនុញ្ញាតឱ្យធ្វើរឿងអ្វីមួយ តែដល់ថ្ងៃក្រោយមកទៀត បែរជាអនុញ្ញាតឱ្យធ្វើទៅវិញ ជាដើម។

    មនុស្សធំមួយចំនួនមិនប្រាកដនៅក្នុងចិត្តថា អ្វីដែលគួរហាមក្មេង អ្វីមិនគួរហាម ខ្លាចបណ្ដោយតាមចិត្តពេក ឬតឹងរ៉ឹងខ្លាំងជ្រុលពេក ជាដើម ដូច្នេះចូរប្រកាន់យកគោលការណ៍ងាយៗ 3យ៉ាងដែលកុមារមិនអាចធ្វើបានយ៉ាងពិតប្រាកដគឺ ៈ

    • ការធ្វើបាបខ្លួន(វាយតប់ខ្លួនឯង) រួមទាំងការលេងដែលបង្កគ្រោះថ្នាក់ ដូចជាលេងវត្ថុមុតស្រួចជាដើម។
    • ការធ្វើបាប(វាយតប់)អ្នកដទៃ។
    • ការបំផ្លាញវត្ថុរបស់របរ។

    6 . ផ្ដល់ឱកាសឱ្យប្រើថាមពលក្នុងការច្នៃបង្កើត

    វ័យកុមារ ជាវ័យដែលមានកម្លាំងថាមពលក្នុងខ្លួនខ្លាំង កុមារត្រូវការបានទទួលឱកាសឱ្យប្រើប្រាស់ថាមពលទៅលើការច្នៃបង្កើត ដូចជាការលេង ការហាត់ប្រាណក្នុងការលេងកីឡាផ្សេងៗ មានមានកិច្ចការងារផ្សេងៗដែលស័ក្តិសម។ បើមនុស្សធំមើលមិន

    ឃើញភាពសំខាន់ពីចំណុចនេះ អាចត្រូវការឱ្យកុមារនៅយ៉ាងស្ងប់ស្ងាត់រៀបរយជាប់រហូតនោះ អាចនឹងធ្វើឱ្យកុមារក្លាយជាក្មេងមានសម្ពាធក្នុងចិត្ត មិនហ៊ានបង្ហាញចេញ ស្ពឹកស្រពន់ ខ្ជិលច្រអូស មិនរួសរាយស្រស់ថ្លា គ្មានគំនិតចាប់ផ្ដើមល្អៗក្នុងការច្នៃបង្កើត៕