Author: ធឿន មករា

  • បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តីស្រឡាញ់ និងសម្ព័ន្ធទាក់ទងរវាងម្តាយ និងកូន…ចាប់ផ្តើមឡើងតាំងពីអ្នកម្តាយមានគភ៌ថ្មីៗ ភ្លាមៗម៉្លេះ អ្វីៗ​​​​គ្រប់​យ៉ាងដែលពាក់ព័ន្ធជាមួយអ្នកម្តាយសុទ្ធតែហុចផលទៅដល់កូនតូចក្នុងគភ៌ជានិច្ច ទាំងខាងរូបកាយ អារម្មណ៍ និងផ្លូវចិត្ត។ បើសិនជាស្ត្រីមានគភ៌មានសុខភាពផ្លូវចិត្តល្អ កូនតូចដែលនៅក្នុងគភ៌ក៏មានការវិវឌ្ឍល្អដែរ តែផ្ទុយទៅវិញ…បើស្ត្រីមានគភ៌ស្ថិតក្នុងសភាវផ្លូវចិត្តដែលមានភាពតឹងតែងធុញថប់ ឆាប់ខឹង ឬឆាប់ភ័យបារម្ភជាប់ជាប្រចាំ ​ដែលមួយចំណែកបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល និងមួយចំណែកទៀតមកពីអារម្មណ៍ដែលចេះតែគិតថា ខ្លួនឯងនឹងចុះអន់ថយទាំងខាងរូបរាងកាយ មុខមាត់ និងការចងចាំនៅពេលតាំងគភ៌នោះ កូនតូចនៅក្នុងគភ៌ក៏នឹងបានទទួលផលប៉ះពាល់មិនល្អ រហូតដល់មានការវិវឌ្ឍយឺតយ៉ាវទៅតាមនោះដែរ។

    ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏ល្អ គឺជារឿងមួយសំខាន់បំផុត និងអាចធ្វើបានយ៉ាងងាយៗដូចខាងក្រោមនេះ៖

    .ធ្វើចលនារាងកាយ…

    ជួយអភិវឌ្ឍខួរក្បាលកូន…ការធ្វើចលនានៅទីនេះមានន័យថា ធ្វើចលនារាងកាយយ៉ាងសមល្មមដែលនឹងហុច​ផលល្អដល់ទឹកភ្លោះនៅក្នុងស្បូន និងសភាពជុំវិញខ្លួនកូនតូចនៅក្នុងគភ៌ ធ្វើឲ្យកូនតូចមានអារម្មណ៍ដូចបានទទួលការប៉ះពាល់​ដោយដៃរបស់អ្នកម្តាយផ្ទាល់ ជួយអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទទទួលដឹង និងអារម្មណ៍ ហើយថែមទាំងមានការពត់ពេនខ្លួន​ប្រាណ​​​​​​​​ទៅតាមចង្វាក់ការធ្វើចលនារបស់ម្តាយទៀតផង។ តែចំណុចគួរប្រយ័ត្ន គឺកុំធ្វើចលនាខ្លាំងៗ និងច្រើន ឬយូរជ្រុល​ពេក ព្រោះនឹងធ្វើឱ្យកូនតូចមិនបានសម្រាក និងហត់តាមម្ដាយដែរ ហើយទារកនៅក្នុងគភ៌អាចនឹងបញ្ចេញអាការធាក់ ឬរើយ៉ាងធុញថប់ជាដើម។

    .សំឡេង…

    ជួយអភិវឌ្ឍអារម្មណ៍របស់កូន…ដោយសារប្រព័ន្ធសរសៃប្រសាទខាងការស្តាប់របស់កូនតូចក្នុងគភ៌ចាប់ផ្តើមធ្វើការពេលអាយុបាន 18សប្តាហ៍ និងការបានឮនឹងវិវឌ្ឍបន្តទៅទៀតជារឿយៗតាមលំដាប់នោះ រលកសំឡេងដែលមានគ្រោងសាងដ៏សក្តិសមល្អនឹងជួយជំរុញបណ្តាញសរសៃប្រសាទដែលពាក់ព័ន្ធជាមួយការបានឮឱ្យអភិវឌ្ឍប្រព័ន្ធការងារបានកាន់តែលឿនឡើង។ នៅពេលកូនតូចប្រសូតចេញមកហើយនឹងធ្វើឱ្យសមត្ថភាពក្នុងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងអាចចងចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ។

    ទារកនឹងមានការអភិវឌ្ឍសមត្ថភាពក្នុងការទទួលដឹងពាក់ព័ន្ធនឹងចង្វាក់របស់សំឡេងតាំងពីនៅក្នុងគភ៌ម្ដាយ អាចឆ្លើយតបនឹងសំឡេងដែលមានចង្វាក់លឿន និងយឺតបាន។ ចេះបែងចែកសំឡេងដែលធ្លាប់ស្គាល់តាំងពីនៅក្នុងគភ៌ម្ដាយ ដូចជាសំឡេង​ម៉ាក់ សំឡេងប៉ា ដែលបើសិនជាសំឡេងដែលល្អៗផងនោះ ទារកនឹងកើតក្តីសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ ការដែលស្ត្រីមានគភ៌ឧស្សាហ៍និយាយជាមួយកូនតូចក្នុងផ្ទៃ រួមទាំងការបើកបទភ្លេងបំពេរផងនោះនឹងជួយសាងសម្ព័ន្ធភាពដ៏ល្អរវាងម្តាយ និងទារកបាន។

    .អាហារ…

    ជួយបង្កើនការអភិវឌ្ឍរបស់កូន…អាហារដែលអ្នកម្តាយទទួលទានចូលទៅ នៅមិនទាន់បញ្ជូនទៅដល់​ទារកភ្លាមៗទេ តែសារជាតិអាហារផ្សេងៗទាំងនោះនឹងស្ថិតនៅក្នុងខ្លួនអ្នកម្តាយ ព្រោះលំហូរវឹលនៃឈាមរបស់អ្នកម្តាយ និងកូននៅផ្សេងពីគ្នា តែមានចំណុចតភ្ជាប់គ្នាតាមរយ:ទងសុក ហើយសារធាតុអាហារដែលល្អៗនឹងត្រូវបឺតជញ្ជក់ទៅឱ្យកូនតាមរយ:ទងសុកនេះឯង។ ដូច្នេះបើអ្នកម្តាយចង់ឱ្យកូនបានទទួលសារធាតុអាហារដែលល្អ មានផលល្អដល់ការវិវឌ្ឍរបស់ទារកនោះ គួរតែទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បី​ឱ្យកូនតូចអាចទាញយកទៅប្រើប្រាស់ក្នុងបរិមាណដែលគ្រប់គ្រាន់ ។

    ការដែលទារកអាចបឺតជញ្ជក់យកសារធាតុអាហារបានល្អ ឬមិនល្អនោះ វាអាស្រ័យនៅលើ​​​​​ទងសុកដែរ បើទងសុកមានទំហំ​តូច ការបឺតជញ្ជក់អាហារនឹងបានតិចជាងទងសុកដែលមានទំហំធំ តែវិធីដែលល្អបំផុតនោះគឺ អ្នកម្តាយត្រូវទទួលទានអា​ហារ​​ដែលមានប្រយោជន៍ឱ្យបានច្រើនបំផុត ដើម្បីមានផលល្អដល់ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌ ។

    ទារកនៅក្នុងគភ៌…គឺជាវ័យនៃការពឹងពាក់លើអ្នកម្តាយ មិនទាន់អាចជួយ ឬឆ្លើយតបនឹងតម្រូវការរបស់ខ្លួន​ឯង​បាន​​ទេ ដូច្នេះបើអ្នកម្តាយចិញ្ចឹម និងថែទាំយ៉ាងត្រឹមត្រូវនោះ វានឹងហុចផលឱ្យកូនតូចកើតមានអារម្មណ៍កក់ក្តៅ ជឿជាក់លើសុវត្ថិភាព រហូតដល់មានការវិវឌ្ឍដ៏ល្អឡើងតាមលំដាប់ជាមិនខាន៕

  • Neymar ចង់បន្តកុងត្រាថ្មីជាមួយ PSG

    Neymar ចង់បន្តកុងត្រាថ្មីជាមួយ PSG

    ខណៈពេល​នេះ កីឡាករ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កំពុងតែ​សម្រាក​ព្យាបាល​របួស​របស់ខ្លួន នៅក្នុង​មន្ទីរពេទ្យ ស្រប​ពេលដែល​កុងត្រា​របស់គេ​នឹងត្រូវ​ផុត នៅ​ពាក់កណ្តាល​ឆ្នាំ2021 នេះហើយ ហើយ​រូបគេ​បានប្រកាសថា ចង់​ត​កុងត្រា​ថ្មី លែង​ចង់​ចាក​ចេញពី​ក្លិប​មួយ​នេះហើយ ។

    ការផ្លាស់ប្តូរ​ចិត្ត​នេះ គឺ​ក្រោយ​ពេលដែល​ក្លិប FC Barcelona មាន​ភាព​រកាំរកូស ហើយ​កីឡាករ​លេង​មិនត្រូវ​ជើង​គ្នា ដោយ​កំពុង​ឈរ​នៅ​តំបន់​គ្រោះថ្នាក់​នៃ​តារាង​ពិន្ទុ La Liga ខណៈដែល​ក្លិប​ដែល​គេ​កំពុង​លេង​បច្ចុប្បន្ន​កំពុងតែ​ឈរ​កំពូល​តារាង Ligue I។

    ទោះជា​កំពុង​សម្រាក​ព្យាបាល​ក្ដី តែ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ខាងលើ បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការបន្ដ​កុងត្រា​នៅ PSG ទៀត។ Neymar ចង់​មាន​ការបន្ដ​កុងត្រា​ថ្មី ដោយ​រក្សា​តម្លៃ​ពលកម្ម 6សែន​ផោន​ដ៍ ក្នុង 1សប្ដាហ៍​ដដែល៕

     

  • 22ចំណុច ដែលមនុស្សចាស់គួរធ្វើ ដើម្បីថ្នមរាងកាយខ្លួនឯង បើមិនចង់ឈឺថ្កាត់

    22ចំណុច ដែលមនុស្សចាស់គួរធ្វើ ដើម្បីថ្នមរាងកាយខ្លួនឯង បើមិនចង់ឈឺថ្កាត់

    អាច​និយាយបានថា នរណាៗក៏​មិន​ចង់​ឈឺ​ថ្កាត់​ដែរ រឹតតែ​អាយុ​ច្រើន រោគាព្យាធិ​រឹតតែ​សួររក​មុខ ដោយសារតែ​រាងកាយ​យើង​ចុះខ្សោយ។ តែ…តើ​វា​នឹង​ប្រសើរ​ជាង​ទេ បើសិនជា​យើង​អាច​ផ្លាស់ប្ដូរ​ទង្វើ​មួយចំនួន​ដើម្បីឱ្យ​វា​មាន​តុល្យភាព​ជាមួយនឹង​តម្រូវការ​របស់​រាងកាយ និង​កាត់បន្ថយ​បញ្ហា​ការឈឺ​ថ្កាត់​នោះ? ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន​សូម​នាំយក 22ចំណុច ដែល​មនុស្ស​អាយុ​ច្រើន​គួរតែ​ធ្វើ ដើម្បី​ថ្នម​រាងកាយ​ខ្លួនឯង មក​ជម្រាប​មិត្ត​អ្នកអាន(ជាពិសេស​មនុស្ស​ចាស់)ដើម្បី​មាន​សុខភាព​ល្អ និង​អាយុ​យឺនយូរ។

    1. ឆាប់​ចូល​គេង…ការ​គេង​លក់​សម្រាក​យ៉ាងតិច 6 – 8ម៉ោង​ក្នុង 1ថ្ងៃ នឹង​ជួយ​ឱ្យ​រាងកាយ​អាច​ជួសជុល​ផ្នែក​ដែល​សឹករេចរឹល​ក្នុងអំឡុងពេល​យើង​គេង​លក់បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ក្នុងពេលដែល​យើង​គេង​លក់​នោះ រាងកាយ​នឹង​បញ្ចេញ​សារធាតុ​មេ​ឡា​ថូ​នី​ន ដែល​វា​នឹង​នៅចាំ​គ្រប់គ្រង​ការធ្វើការងារ​របស់​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ ដូចជា ប្រព័ន្ធ​ការបន្ត​ពូជ ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​ការពារ​ជំងឺ។ល។
    2. ធ្វើ​អ្វី​ឱ្យយឺតៗជាង​មុន​បន្តិច…ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​ខ្លាំង មិនថាតែ​ចង់​អង្គុយ ឈរ ឬ​ដើរ​នោះទេ ព្រោះ​រឹតតែ​ចាស់​ខ្លួន ឧប្បត្តិហេតុ​អាច​កើតឡើង​ចំពោះ​រាងកាយ​តើ​ង​បាន​យ៉ាង​ងាយ។
    3. ញ៉ាំ​អាហារ​ឱ្យ​តិចជាង​មុន​បន្តិច…ដើម្បី​ថ្នម​ប្រព័ន្ធ​ការរំលាយ​អាហារ ព្រោះ​រាងកាយ​យើង​នឹង​ចាប់ផ្ដើម​ធ្វើអ្វីៗបាន​កាន់តែ​តិច​ទៅ រួមទាំង​ការរំលាយ​អាហារ​ផងដែរ ដូច្នេះហើយ​ទើប​គួរ​ញ៉ាំ​តែ​ល្មម​ឆ្អែត និង​ទំពារ​ឱ្យ​ល្អិត​ផង។
    4. ញ៉ាំ​អាហារ​ឱ្យបាន​ច្រើន​ប្រភេទ​បន្តិច…ទទួលទាន​អាហារ​ឱ្យបាន​ច្រើន​ប្រភេទ ឱ្យ​គ្រប់ 5ប្រភេទ​ក្រុម ដើម្បី​ទទួលបាន​សារធាតុ​អាហារ​ដែល​នឹង​សាង​ប្រយោជន៍​ដល់​រាងកាយ។
    5. ញ៉ាំ​អាហារ​ពេល​ល្ងាច ពី​ភ្លឺ​បន្តិច។
    6. ញ៉ាំ​អាហារក្ដៅៗឱ្យបាន​ច្រើន​បន្តិច។
    7. ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​បន្តិច។
    8. ញ៉ាំ​អំបិល​តិចជាង​មុន​បន្តិច។
    9. ហាត់ប្រាណ​ឱ្យបាន​ច្រើន​បន្តិច…ក្រៅពី​ភាព​រឹងប៉ឹង​ដែល​ទទួលបាន​ហើយ នៅ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ជំងឺ​ដល់​រាងកាយ ឱ្យ​ប្រព័ន្ធ​អ៊ិម​មូ​ន​រឹងមាំ​ឡើង និង​ដែល​សំខាន់ គឺ​ធ្វើឱ្យ​យើង​អាច​បណ្ដេញ​ជាតិពុល និង​ខ្លាញ់​លើស​ចេញពី​រាងកាយ​បាន​ទៀតផង។
    10. បើក​ចិត្ត​ឱ្យ​ទូលាយ​ឡើង​បន្តិច។
    11. មាន​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ឱ្យបាន​ច្រើន​បន្តិច។
    12. និយាយ​ពី​កេរ្តិ៍ឈ្មោះ​កិត្តិយស និង​ផលប្រយោជន៍​របស់ខ្លួន​ឯង​ឱ្យ​តិចជាង​មុន​បន្តិច។
    13. ស្គាល់​ពី​ភាព​ល្មម​គ្រប់គ្រាន់​ឱ្យបាន​ច្រើន​បន្តិច។
    14. បំភ្លេច​អាយុ​ខ្លួនឯង​ខ្លះទៅ។
    15. រវីរវល់​នឹង​រឿង​កំប៉ិកកំប៉ុក​ឱ្យ​តិចជាង​មុន​បន្តិច។
    16. មិន​ថា​រឿង​អ្វី​ក៏ដោយ ទុកចោល​ខ្លះទៅ…កុំទៅ​ប្រកាន់ខ្ជាប់ ឬ​ធុញថប់​តានតឹង​ជាមួយនឹង​រឿង​ណាមួយ​ខ្លាំងពេក ទម្លាក់ចោល​ខ្លះទៅ ដើម្បី​ភាពសប្បាយ​ចិត្ត​របស់ខ្លួន​ឯង។
    17. សេពគប់មិត្តភក្តិឱ្យបានច្រើន ព្រោះថា មិត្តភក្តិនេះឯងដែលនឹងជួយបំបាត់ភាពអផ្សុក សាងសំឡេងសើចសប្បាយ និងចែករំលែករឿងរ៉ាវផ្សេងៗរវាងគ្នាទៅវិញទៅមក។
    18. ញញឹមឱ្យច្រើនបន្តិច ព្រោះការញញឹមវានឹងជួយឱ្យមើលទៅឃើញនៅក្មេង។ រឹតតែញញឹម រឹតតែក្រចាស់ ធ្វើឱ្យរាងកាយរបស់យើងនៅបានយូរ ឬហៅថា អាយុវែងហ្នឹងឯង។
    19. រកការងារផ្សេងៗធ្វើឱ្យបានច្រើនបន្តិច ដើម្បីបន្ធូរបន្ថយភាពធុញទ្រាន់។
    20. តែងខ្លួនឱ្យស្អាតៗ ឱ្យមើលទៅឃើញល្អ ព្រោះនៅពេលដែលយើងល្អ និងស្រស់ស្អាតហើយ យើងនឹងមានសេចក្ដីសុខជាមួយការរស់នៅ ធ្វើឱ្យមើលទៅស្រស់ស្រាយមានជីវិតជីវ៉ា។
    21. ដើរលេងឱ្យបានច្រើនបន្តិច ព្រោះការចេញទៅដើរលេងធ្វើឱ្យបានជួបនូវអ្វីដែលថ្មីៗ បរិយាកាសថ្មីៗ មិត្តភក្តិថ្មីៗមិនដដែលៗ។
    22. បណ្ដោយខ្លួនតាមសប្បាយបន្តិច មិនចាំបាច់ទៅកំណត់ច្បាប់ទម្លាប់អ្វីចំពោះខ្លួនឯងច្រើនពេកទេ បណ្ដោយតាមសប្បាយៗ។

    យ៉ាងម៉េចដែរ? 22ចំណុចនេះ មិនពិបាកធ្វើតាមទេ បើអ្នកស្រឡាញ់ខ្លួនឯង។ ធ្វើរហូតទាល់តែក្លាយជាទម្លាប់ដើម្បីរាងកាយរឹងប៉ឹង និងរស់នៅជាមួយកូនចៅបានយូរតទៅទៀត ព្រោះថា ការមិនមានជំងឺឈឺថ្កាត់ គឺជាលាភដ៏ប្រសើរបំផុត ខ្លាំងជាងមានទ្រព្យសម្បត្តិលុយកាក់ធំប៉ុនភ្នំទៅទៀត៕

  • រឿងស្ងោរៗដែលបងៗស្រ្តីមេផ្ទះគួរតែដឹង

    រឿងស្ងោរៗដែលបងៗស្រ្តីមេផ្ទះគួរតែដឹង

    រឿងចង្រ្កានជើងឆ្នាំង និងការចម្អិនម្ហូបអាហារនេះសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមេផ្ទះ ព្រោះនៅពេលដែលបងៗស្រ្តីមេផ្ទះចម្អិនម្ហូបអាហារបានឈ្ងុយឆ្ងាញ់ មានរសជាតិ និងមិនមានធំក្លិនឆ្អាបនោះ សមាជិកក្នុងគ្រួសារនឹងសប្បាយរីករាយណាស់ក្នុងការទទួលទានអាហារដ៏ឆ្ងាញ់ៗទាំងអស់នោះ។ ដូច្នេះថ្ងៃនេះ ទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្ដី ឡារ៉ែន សូមនាំយកតិចនិកក្នុងការធ្វើម្ហូបបែបស្ងោរៗមកជម្រាបជូន ដែលឡារ៉ែនជឿថា នៅពេលសមាជិកក្នុងគ្រួសារទាំងអស់បានពិសាហើយ ច្បាស់ជាលើកមេដៃជូនអ្នកចម្អិនជាមិនខាន។

    តិចនិកស្ងោរបន្លែឱ្យឆ្ងាញ់ពិសា

    1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានក្នុងការស្ងោរបន្លែ។
    2. មុននឹងយកបន្លែមកដាក់ស្ងោរ គួររង់ចាំឱ្យទឹកពុះជាមុនសឹន សឹមដាក់បន្លែចូលទៅ ដោយមិនគួរដាក់ត្រាំស្ងោរនៅក្នុងឆ្នាំងតាំងពីដំបូងឡើយ។
    3. បន្លែពណ៌បៃតងគួរធ្វើឱ្យឆ្អិនដោយវិធីស្រុះ​ ឬដាក់ចូលទៅក្នុងទឹកពុះ ហើយពេលទឹកពុះម្តងទៀត ចូរលើកចុះភ្លាម។
    4. បន្លែមើម ដូចជា មើមស្ពៃ មើមឆៃថាវ មើមការ៉ុត គួរស្ងោរនៅក្នុងទឹកពុះតិចៗ និងគួរស្ងោរទាំងមូល ព្រោះនឹង​​ជួយរក្សាគុណប្រយោជន៍ខាងអាហារបានច្រើនជាងការហាន់ជាដុំៗដាក់ស្ងោរ។
    5. រាល់ពេលស្ងោរបន្លែ គួរបិទគម្របឆ្នាំង ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែកាន់តែឆាប់ឆ្អិន ព្រោះបន្លែកាន់តែនៅក្នុងទឹកក្តៅយូរប៉ុនណា គុណប្រយោជន៍ខាងអាហារនឹងកាន់តែថយចុះប៉ុននោះដែរ។

    ធ្វើតាមតិចនិកដ៏ងាយៗខាងលើ ក្រៅពីបងៗទទួលបានបន្លែស្ងោរដែលឆ្ងាញ់ជាងអ្នកដទៃហើយ នៅ​បានទទួលគុណប្រយោជន៏ខាងអាហារយ៉ាងពេញបរិបូរណ៍ទៀតផង ។

    តិចនិកស្ងោរពោតឱ្យទន់ ផ្អែម ឆ្ងាញ់

    ផ្លែពោត គឺជាបន្លែផ្លែឈើដែលងាយឆ្អិនជាទីបំផុត ដូច្នេះយើងមិនគួរប្រើពេលវេលាក្នុងការស្ងោរយូរឡើយព្រោះនឹងធ្វើឱ្យសាច់គ្រាប់់ផ្លែពោតឡើងស្វិតជ្រួញ ញ៉ាំលែងឆ្ងាញ់។

    វិធីស្ងោរមានដូចតទៅ៖ ចូរដាក់ទឹកដោះគោឆៅមួយកូនចានទឹកជ្រលក់ទៅក្នុងទឹកស្ងោរពោត ស្ករសមួយស្លាបព្រាកាហ្វេ រួចដាំទឹកឱ្យពុះ​ដោយ​ប្រើ​​ភ្លើង​​ខ្លាំង រង់ចាំឱ្យទឹកនៅក្នុងឆ្នាំងពុះខ្លាំងជាមុនសិន សឹមយកផ្លែពោតដាក់ចូលទៅដោយតម្រៀបគ្នានៅក្នុងឆ្នាំង បន្ទាប់មកស្ងោរបន្តទៀតរយៈពេល 3នាទី ផ្លែពោតនឹងឆ្អិនល្អ រួចចូរស្រង់ផ្លែពោតឡើងមក ហើយយកអំបឹលសមកលាបពីលើបន្តិច តែប៉ុណ្ណឹងយើងនឹងបានផ្លែពោតស្ងោរដែលទន់ ​ផ្អែម និងឈ្ងុយឆ្ងាញ់សម្រាប់ទទួលទានហើយ។

    វិធីស្ងោរត្រីមិនឱ្យធំក្លិនឆ្អាប

    វិធីងាយៗក្នុងការស្ងោរត្រីមិនឱ្យមានក្លិនឆ្អាបក្នុងទឹកស្ងោរនោះគឺ ចូរដាក់ស្លឹកតែចិនចូលទៅក្នុងឆ្នាំងស្ងោរប្រមាណជា 6-7សន្លឹក ហើយបើបានដំមើមខ្ទឹមក្រហម 2-3​ មើមឱ្យបែកហើយដាក់ចូលទៅផងនោះ នឹងរឹតតែបង្កើនរសជាតិសម្លរស្ងោរត្រី របស់បងៗស្រ្តីមេផ្ទះឱ្យកាន់តែឈ្ងុយឆ្ងាញ់ បាត់ក្លិនឆ្អាប និងទទួលទានកាន់តែស្និទ្ធឡើងទៀតផង។

    ស្ងោរសាច់ជ្រូកចិញ្រ្ចាំ…ធ្វើយ៉ាងម៉េចឱ្យសាច់ទន់ឆ្ងាញ់?

    បងៗស្រ្តីមេផ្ទះជាច្រើននាក់ប្រហែលជាធ្លាប់ជួបបញ្ហាពេលធ្វើសម្លស្ងោរសាច់ជ្រូកចិញ្រ្ចាំហើយ សាច់ជ្រូកឡើងរឹងទទួលទានមិនឆ្ងាញ់មាត់សោះហើយមើលទៅ ដូច្នេះពេលនេះសូមឈប់កង្វល់ទៅ ឡារ៉ែនមានវិធីសាស្រ្តងាយៗក្នុងការធ្វើឱ្យសាច់ជ្រូកចិញ្រ្ចាំក្នុងសម្លស្ងោរនោះ​ទន់ឆ្ងាញ់បានដូចតទៅ៖ គឺបងៗគួរជ្រើសយកសាច់ 3ជាន់មកធ្វើជាសាច់ចិញ្រ្ចាំ តែបើខ្លាចថាមានខ្លាញ់ច្រើនពេក អាចប្រើសាច់កន្លែង​ផ្សេង​ក៏បាន តែឱ្យមានជាប់ខ្លាញ់ខ្លះផង​។ ពេលចិញ្រ្ចាំបានហើយ ចូរយកមកលាយច្របល់ជាមួយនឹងទឹកស៊ុបដែលទុក​ឱ្យត្រ​ជាក់​​ហើយ ដើម្បីឱ្យសាច់នោះមានលក្ខណៈទន់ និងបៀមទឹកបន្តិច ដល់ពេលយកទៅស្ងោរ សាច់ជ្រូកចិញ្រ្ចាំនោះនឹងឡើងទន់ ហើយមានរស់ជាតិឆ្ងាញ់ទៀតផង៕

  • តើទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    តើទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    ផ្ទះអ្នកណាគេដែលនិយមដាំទឹកញ៉ាំ អាចដោយសារតែគ្មានម៉ាស៊ីនចម្រោះទឹក ឬក៏ជឿថា ការដាំទឹកនឹងជួយសម្លាប់មេរោគបាននោះ អាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលបានឮព័ត៌មានថ្មីមួយថា ទឹកដែលដាំពុះច្រើនៗដង អាចប្រថុយប្រថាននឹងជំងឺផ្សេងៗនោះ។ តើការពិតយ៉ាងណា ទំព័រសុខភាពនៃទស្សនាវដ្តី ឡារ៉ែន មានចម្លើយមកជម្រាបជូន។

    ទឹកដាំពុះច្រើនដង “ប្រថុយនឹងរោគា” មែនឬ?

    អ្នកវិទ្យាសាស្រ្តដែលជំនាញខាងចំណីអាហារ និងថ្នាំ បានបញ្ជាក់ប្រាប់ពីការយកទឹកឆៅពីក្បាលរ៉ូប៊ីណេ(ទឹកម៉ាស៊ីន)មកដាំឱ្យពុះច្រើនៗដងដោយមិនផ្លាស់ទឹកថ្មីនោះដូចតទៅ ៖

    “តាមដែលមានការផ្សព្វផ្សាយព័ត៌មានថា ការយកទឹកចេញពីក្បាលរ៉ូប៊ីណេមកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ នឹងធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ក្នុងទឹកម៉ាស៊ីននោះ ក្លាយទៅជាសារធាតុ ស៊ីលវើណៃត្រៃត៍ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ រឿងនេះមិនមែនជារឿងពិតឡើយ ព្រោះនៅក្នុងទឹកម៉ាស៊ីនគ្មានសារធាតុ ស៊ីលវើរណៃត្រេត នេះទេ ហើយការដាំទឹកឱ្យពុះក៏មិនធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ប្រែទៅជា ស៊ីលវើរណៃត្រៃត៍ ដែរ”។

    តែយ៉ាងណាអ្នកវិទ្យាសាស្រ្តជំនាញបានបញ្ជាក់ថា បើសិនជាចង់ប្រើវិធីដាំទឹកឱ្យពុះមុនយកមកញ៉ាំ ឬចម្អិនអាហារនោះ អ្នកខាងចំណីអាហារ និងថ្នាំ បានណែនាំដូចតទៅនេះ ៖

    “ការប្រើឆ្នាំង ឬកំសៀវដាំទឹកម៉ាស៊ីន បើមានការប្ដូរទឹក(មិនដាំទឹកដែលធ្លាប់ពុះម្ដងហើយ) និងលាងសម្អាតឆ្នាំង ឬកំសៀវជាប់ជាប្រចាំ នឹងធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា នឹងមិនកើតមានការប្រមូលសន្សំកំណកកកររបស់វត្ថុកខ្វក់ដែលអាចនឹងប្រឡូកប្រឡាក់មកនៅក្នុងទឹកនោះបានឡើយ”។

    ដាំទឹកឱ្យពុះច្រើនៗដង មានគ្រោះថ្នាក់ឬទេ?

    ទោះជាមិនបានមានជាតិពុលពី ស៊ីលវើរណៃត្រៃត៍ ក៏ពិតមែន តែការដាំទឹកពុះ រួចទុកចោលរហូតដល់ត្រជាក់ ហើយដាំតទៀតជាច្រើនដង ដូចអ្នកដែលប្រើកំសៀវដាំទឹកដើម្បីឆុងតែ ឬកាហ្វេនោះ វេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា ៖

    “បើទឹកដែលលោកអ្នកយកមកដាំនោះជាទឹកធម្មជាតិ ដូចជា ទឹកអណ្ដូង ទឹកស្ទឹងទន្លេ ឬទឹកម៉ាស៊ីនដែលមានជាតិអាស៊ីតក្នុងឆ្នាំង ឬកំសៀវលោហៈនោះ បើសិនជាដាំច្រើនៗដង ក៏នឹងរឹតតែធ្វើឱ្យទឹកនោះរម្ងាស់ខ្លាំង និងកើតជាដុំរឹងៗតូចៗតោងជាប់នៅក្នុងកំសៀវ ឬហៅថា កំណកកំបោរធ្លាក់លាយឡំមកក្នុងទឹកច្រើនឡើង រួមទាំង “ទឹករ៉ែ” បែបដែលអ្នកមានលុយចូលចិត្តនាំគ្នាញ៉ាំ ព្រោះគិតថាស្អាតបរិសុទ្ធនោះ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះដាំយូរៗទៅ ក៏នឹងបានកំណកកំបោរដូចគ្នា”

    “ដូច្នេះហើយទើបយើងមិនគួរញ៉ាំទឹកដែលដាំពុះច្រើនដងនោះទេ។ វិធីដែលល្អ គួរដាំទឹកក្នុងម្ដងៗឱ្យល្មមតែសម្រាប់ញ៉ាំបានហើយ និងចាំបាច់ត្រូវចាក់ទឹកចាស់ចោល និងប្ដូរទឹកថ្មីគ្រប់ពេល បើត្រូវការដាំទឹកឱ្យពុះជាថ្មី។ សម្រាប់កំសៀវដាំទឹកដើម្បីឆុងកាហ្វេ ក៏មិនគួរដាក់ចោលនៅលើភ្លើងឱ្យទឹកពុះជាប់រហូតដែរ ព្រោះអាចធ្វើឱ្យសារធាតុកំណកដែករលាយធ្លាក់ចូលមកក្នុងទឹកបាន និងឧស្សាហ៍បើកគម្របកំសៀវមើលផង បើឃើញមានកំណកកំបោរ គួរលាងសម្អាតចេញភ្លាម”៕

  • អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    អ្នកម្ដាយដឹងទេ…មួយម៉ាត់ដំបូងរបស់កូន សំខាន់ខ្លាំងប៉ុនណា?

    មួយម៉ាត់ដំបូងរបស់កូន គឺជាអ្វីដែលម្ដាយៗផ្ដល់ភាពសំខាន់ និងហាក់ដូចជាពិបាកចិត្ត ដោយបញ្ហាដែលជួបប្រទះញឹកញាប់ក៏គឺ ម្ដាយថ្មោងថ្មីជាច្រើនមិនបានដឹងថា តើនឹងចាប់ផ្ដើមពេលបំបៅទឹកដោះលើកដំបូងយ៉ាងណា? ដូចគ្នានឹងការមិនដឹងថា តើគួរចាប់ផ្ដើមអាហារបន្ថែមដល់កូនតូចនៅពេលណាល្អ?

    ជាធម្មជាតិ ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់របស់ទារកនឹងត្រៀមរួចជាស្រេចសម្រាប់ការញ៉ាំអាហារប្រភេទផ្សេងទៀតក្រៅពីទឹកដោះ។ អ្នកម្ដាយអាចចាប់ផ្ដើម មួយម៉ាត់ដំបូងរបស់កូនបាន នៅពេលកូនតូចអាយុឈានចូលខែទី6 ឬរាងកាយបញ្ជូនសញ្ញាឡើងថា ត្រៀមរួចរាល់ហើយ ដូចតទៅនេះ៖

    -បញ្ឈរបំពង់កឡើងត្រង់បាន ៈ ការដែលកូនតូចសម្លាញ់មានសាច់ដុំករឹងមាំ អាចដកកបញ្ឈរត្រង់បានដោយខ្លួនឯង ជួយកាត់បន្ថយភាពប្រថុយប្រថានក្នុងការស្លាក់អាហារដែលមានភាពរឹងជាងទឹកដោះបានច្រើនជាងក្មេងតូចដែលសាច់ដុំកនៅមិនទាន់រឹងមាំ។

    -បង្ហាញអាការថា ចង់ម៉ាំៗអាហាររបស់ប៉ាម៉ាក់ ៈ ពេលខ្លះកូនអាចនឹងធ្វើមាត់ចឹបៗ ជញ្ជក់អណ្ដាតជុបៗ ពេលឃើញមនុស្សធំញ៉ាំអាហារ។ ចូរសាកល្បងយកកូនស្លាបព្រាតូចៗដួសអាហាររាវ ឬមានសាច់ទន់ៗផុយៗបញ្ចុកឱ្យញ៉ាំ ហើយគ្នាការរុញអាហារចេញមកវិញ។

    -ទម្ងន់ខ្លួនកើនឡើង 2ដងនៃទម្ងន់ខ្លួនពេលកើតដំបូង និងមានអាការឃ្លានម៉ាំញឹកញាប់ ស្រែកទារបៅទឹកដោះញឹកញាប់ឡើង នោះបង្ហាញថា រាងកាយត្រូវការអាហារច្រើនឡើងហើយ។

    មួយម៉ាត់ដំបូងរបស់កូន កំណត់សុខភាពពេញមួយជីវិត

    តើអ្នកម្ដាយទាំងឡាយដឹងទេថា អាហារដែលក្មេងៗញ៉ាំក្នុងអំឡុងរាងកាយកំពុងចម្រើនធំធាត់ ហុចផលដល់សុខភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង មិនថាតែរឿងរបស់គ្រោងសាងរាងកាយ ការតភ្ជាប់គ្រោងបណ្ដាញសរសៃប្រសាទ និងខួរក្បាល រហូតដល់ការបណ្ដុះចរិតនិស្ស័យខាងសុខភាពល្អៗក្នុងការញ៉ាំ ដែលនឹងនៅដិតជាប់ខ្លួនរហូតដល់ធំ។ ដូច្នេះការជ្រើសរើសអាហារពេលដំបូងឱ្យកូនសម្លាញ់ ម្ដាយៗគួរផ្ដល់ភាពសំខាន់ជាមួយសារធាតុអាហារដែលរាងកាយកូនក្នុងវ័យ 6ខែឡើងទៅត្រូវការ ដែលមានដូចជា ប្រូតេអ៊ីន អូមេហ្គា(3 និង6) កាល់ស្យូម សារធាតុដែក កាកសរសៃអាហារ វីតាមីនA និងវីតាមីន C មុនគេបង្អស់ ដោយមានតិចនិកការចាប់ផ្ដើមអាហារបន្ថែមដូចខាងក្រោម ៈ

    1. ចាប់ផ្ដើមម្ដងបន្តិច ៈ ឱ្យកូនតូចញ៉ាំម្ដងបន្តិច ពី 1ស្លាបព្រាកាហ្វេ 1ស្លាបព្រាបាយ 1ថ្ងៃ1ពេល គួបផ្សំនឹងការបៅទឹកដោះម្ដាយ។
    2. ម៉ាំៗម្ដងមួយយ៉ាង ៈ ចាប់ផ្ដើមពីបន្លែ ឬផ្លែឈើ ដើម្បីឱ្យកូនស៊ាំធ្លាប់ជាមួយរសជាតិរបស់បន្លែផ្លែឈើតាំងពីក្មេង និងចាំសង្កេតមើលថា តើកូនមានប្រតិកម្មចាញ់អាហារប្រភេទនោះដែរឬទេ? មុននឹងប្ដូរសន្សឹមៗទៅជាអាហារប្រភេទផ្សេងៗតទៅទៀត។
    3. ចៀសវាងការបន្ថែមរសជាតិ ៈ ដើម្បីការពារកុំឱ្យកូនញៀនរសជាតិផ្អែម ប្រៃ ខ្លាញ់ពីការបន្ថែមរសជាតិ។
    4. ថ្មី ស្អាត មានសុវត្ថិភាព ៈ ព្រោះក្មេងៗនៅទន់ខ្សោយចំពោះការប៉ះពាល់មេរោគបាត់តេរីផ្សេងៗ។ បើជាទឹក ឬសាច់របស់បន្លែផ្លែឈើស្រស់ គួរឱ្យកូនម៉ាំក្នុងរយៈពេល 15នាទី ចំណែកអាហារដែលត្រូវឆ្លងកាត់កម្ដៅ គួរកម្ដៅឱ្យក្ដៅសិនមុននឹងបញ្ចុកគ្រប់ពេល។

    ព្រោះម្ដាយដឹងថា ធម្មជាតិ គឺ អាហារដែលល្អបំផុត

    សារធាតុអាហារពីធម្មជាតិ ជាពិសេស បន្លែ ផ្លែឈើ និងធញ្ញជាតិ ជាសារធាតុអាហារដែលមានភាពបរិសុទ្ធ រឹតតែជារុក្ខជាតិដែលដាំបែបគ្មានសារធាតុពុលផងនោះ រឹតតែល្អចំពោះសុខភាពក្នុងរយៈពេលវែង ព្រោះមានសុវត្ថិភាពពីសារធាតុគីមីផ្សេងៗ ក្រៅពីនេះសារធាតុអាហារពីរុក្ខជាតិនៅមានកាកសរសៃខ្ពស់ដែលល្អចំពោះប្រព័ន្ធបន្ទោបង់របស់កូនតូច ថែមទាំងគ្មានកូលេស្តេរ៉ូល មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ខ្ពស់ និងមានជាតិខ្លាញ់បង្កកខ្លួនទាប។ សារធាតុអាហារដែលគ្រប់គ្រឿងទាំងនេះ នឹងជួយបង្កើនភាពរឹងមាំរបស់រាងកាយ អភិវឌ្ឍប្រព័ន្ធប្រសាទ និងខួរក្បាល៕

  • ធម្មជាតិ និងការតុបតែងផ្ទះយ៉ាងងាយៗ ដើម្បីសាងបរិយាកាសគួរឱ្យចង់រស់នៅ

    ធម្មជាតិ និងការតុបតែងផ្ទះយ៉ាងងាយៗ ដើម្បីសាងបរិយាកាសគួរឱ្យចង់រស់នៅ

    បើសិនជាយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា…មានផ្ទៃ​មេឃពណ៌ពងក្រសាស្រស់ ដើមឈើពណ៌បៃតងខ្ចី ឬផ្ទៃទឹកត្រជាក់ស្រេងហ៊ុមព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរមើលទៅ? ព្រោះវានឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំមិនខាន។ តែ…តើយើងនឹងលើកយកធម្មជាតិទាំងអស់នោះមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចនឹងបានទៅ? អាស់អា៎…កុំអាលអស់សង្ឃឹម! សូមសាកល្បងមើលវិធីល្អៗ 6យ៉ាងដែល​នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ដូចមានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចនៅក្នុងផ្ទះ ខាងក្រោមនេះសិនទៅមើល…។

    1​ .​​តុបតែងដោយវត្ថុពីធម្មជាតិ

    ដូចជាគ្រឿងសង្ហារិម តុ កៅអីដែលធ្វើអំពីឈើ វល្លិ៍ផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សី ជាដើម។ សូមសាកល្បងជ្រើសយកឧប​ករណ៍ប្រើប្រាស់​ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍​ធូរស្រាលសប្បាយ ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឱ្យជឿ។

    2 .ប្រើពណ៌ដែលបង្ហាញពីធម្មជាតិ

    ពណ៌បៃតងខ្ចី ធ្វើឱ្យនឹកឃើញដើមឈើ វាលស្មៅ។ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្រ ឯពណ៌លឿងស្រទន់ ផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទិត្យដែលកំពុងបញ្ចេញពន្លឺនាពេលព្រឹកព្រលឹម និងបុប្ផាដែលរីកស្រស់ស្រាយ ជាដើម ដូច្នេះចូរសាកល្បងប្រើពណ៌​ទាំងអស់នោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក ព្រោះវាអាចនឹងធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា។

    3​ .កម្រាលក្តារឈើធម្មជាតិ

    មិនថាតែក្តារឈើស្រល់ ឬបន្ទះរនាបឬស្សីនោះទេ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះវានឹងធ្វើឱ្យមាន​អារម្មណ៍ថា កក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉ាងពិតៗ។

    4 .ប្តូរបរិយាកាសខាងក្នុងផ្ទះឱ្យទៅជាមជ្ឈមណ្ឌលស្ប៉ាយ៉ាងល្អប្រណីត

    ក្លិនឈើក្រអូប និងក្លិនផ្កា គឺជាក្លិនដ៏ក្លាសស៊ិក 2​យ៉ាង​​​ដែលជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើង​បានជានិច្ច។ សំឡេងខ្យល់ ទឹកភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុត ដែលនឹងធ្វើឱ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលដែរ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះមកដាក់នៅក្នុងផ្ទះបានហើយ ដោយគ្រាន់តែរកពពួកធូប ឬទៀនក្រអូបមកអុជបញ្ចេញក្លិនក្រអូប ឬបើកសំឡេងទឹករលកសមុទ្រ សំឡេងភ្លៀងធ្លាក់ចេញពីគ្រឿងបំពងសំឡេងតិចៗស្រាលៗ ក៏ធ្វើឱ្យមានអារម្មណ៍ដូចបាននៅកណ្ដាលធម្មជាតិបាត់ទៅហើយ។

    5​ .បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ

    ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចឱ្យធំៗដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិបក់ចូលមកក្នុងបន្ទប់ម្តងវិញ នោះលោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង។

    6 .បន្លែ ផ្លែឈើល្អៗ ពីធម្មជាតិ

    ការតុបតែងផ្ទះមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺ ការតុបតែងដោយរបស់ហូបចុក។ បើលោកអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ផ្លែក្រូចត្លុង ចេកណាំវ៉ា ផ្លែប៉ោម ម្នាស់ ល្ហុង-ល​- នៅក្នុងកញ្ច្រែងយ៉ាងស្អាត ដាក់នៅលើតុលម្អ បូកជាមួយក្លិនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន។

    លោកអ្នកអាចសាកល្បងធ្វើបាន…

  • ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ពេញមួយរយៈពេល 9ខែដែលកូនអណ្ដែតនៅក្នុងទឹកភ្លោះខាងក្នុងផ្ទៃម្ដាយ កូននឹងត្រឡប់បង្វិលខ្លួនទៅមកតាមដែលកូនត្រូវការ ជួនកាលបែរក្បាលទៅផ្នែកខាង ជួនកាលដាក់ក្បាលទៅខាងលើ។ កូននឹងមានអារម្មណ៍ចូលចិត្តខ្លាំងណាស់ដែលបាននៅក្នុងផ្ទៃម្ដាយ ព្រោះនៅក្នុងផ្ទៃម្ដាយកក់ក្ដៅ បង្វិលខ្លួនលេងជុំវិញ និងថែមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតផង។ តែនៅពេលជិតប្រសូត ឬក្នុងអំឡុងពេលខែចុងក្រោយមកដល់ កូននឹងលែងសូវរើច្រើនទៀតហើយ ព្រោះខ្លួនកូនធំពេញពោះម្ដាយ និងថែមទាំងស្ថិតក្នុងឥរិយាបថត្រៀមប្រសូតទៀតផង នោះគឺ សំយុងក្បាលចុះក្រោមហ្នឹងឯង។

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    នៅពេលដល់វេលាដែលម្ដាយឈឺពោះប្រុងប្រសូត…តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? ឡារ៉ែនចង់ឱ្យអ្នកម្ដាយគ្រប់រូបគិតថា ខណៈដែលអ្នកម្ដាយកំពុងឈឺពោះជិតប្រសូត កូនក៏កំពុងព្យាយាមក្នុងស្ថានភាពរបស់គេដូចគ្នាដែរ នោះគឺ ព្យាយាមរុញខ្លួនឯងចេញមកតាមផ្លូវប្រសូត ដោយសារតែស្បូនបានច្របាច់ខ្លួនដើម្បីឱ្យកូនបានប្រសូតចេញមកក្រៅហ្នឹងឯង។ ការពិតទៅ កូនក៏មានចំណែកធ្វើឱ្យម្ដាយឈឺពោះប្រសូតផងដែរ ព្រោះក្នុងរយៈពេលជិតប្រសូតនេះ កូននឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដើម្បីឱ្យអ្នកម្ដាយឈឺពោះឱ្យខ្លាំងបំផុត។ បើអ្នកម្ដាយមិនឈឺចាប់រហូតសឹងតែទ្រាំមិនបានទេនោះ អ្នកម្ដាយនឹងមានអារម្មណ៍ថា កូនព្យាយាមរំកិលខ្លួនធ្លាក់ចុះទាបឆ្ពោះមកដើម្បីត្រៀមប្រសូត តែអ្នកម្ដាយនឹងមានអារម្មណ៍ដូចកូនរំកិលខ្លួនចេញមកជាដំណាក់ៗយ៉ាងថ្នមៗ។

    នៅពេលអ្នកម្ដាយមានអារម្មណ៍ឈឺពោះខ្លាំងឡើង នោះបញ្ជាក់ថា កូនត្រៀមខ្លួនរួចហើយក្នុងការប្រសូតចេញមក ក្បាលរបស់កូននឹងរំកិលសន្សឹមៗចេញមកដើម្បីពង្រីកមាត់ស្បូនឱ្យបើកធំឡើង ហើយក្នុងចន្លោះពេលនេះ ស្បូនក៏នឹងច្របាច់ខ្លួនខ្លាំងឡើងជាដំណាក់ៗដែរ។ អ្នកម្ដាយមិនចាំបាច់ភ័យខ្លាចថា កូននឹងរងការឈឺចាប់នោះទេ ព្រោះនេះគឺជាយន្តការនៃការប្រសូតបែបធម្មជាតិដែលសាងឡើងដើម្បីអ្នកម្ដាយ និងកូនតូចក្នុងផ្ទៃ។

    ទម្រាំតែកូនតូចចេញមកបាន ត្រូវរង់ចាំឱ្យរន្ធស្បូនបើកធំឡើងម្ដងមួយសង់ទីម៉ែត្រ ដែលចំពោះស្រ្តីមានគភ៌កូនដំបូង មាត់ស្បូននឹងបើកឡើងប្រមាណជា 1ម៉ោង 1សង់ទីម៉ែត្រ ដូច្នេះការដែលកូនរំកិលខ្លួនបន្តិចម្ដងៗចេញមកតាមផ្លូវប្រសូតនោះ កូននឹងបានហ្វឹកហាត់ការដកដង្ហើម និងជំរុញឱ្យសួតធ្វើការបានពេញទំហឹង។ ក្មេងៗដែលប្រសូតតាមបែបធម្មជាតិ សួតនឹងរឹងប៉ឹងល្អជាងក្មេងដែលប្រសូតមុនកំណត់ ឬក្មេងដែលប្រសូតដោយការវះកាត់។

    អំឡុងពេលដែលស្រ្តីមានគភ៌ឈឺពោះរង់ចាំប្រសូតនេះ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ពេលវេលាហាក់ដូចជាកន្លងទៅយឺត និងការឈឺចាប់ហាក់ដូចជាយូរអង្វែងមែនទែន តែនៅពេលក្បាលរបស់កូនចេញមកផុតផ្លូវប្រសូតហើយ អ្នកម្ដាយនឹងមានអារម្មណ៍ធូរស្បើយ និងនៅពេលកូនប្រសូតចេញមកបានពេញលេញហើយនោះ អ្នកម្ដាយនឹងលែងមានអារម្មណ៍ឈឺចាប់ ហើយនៅពេលអ្នកម្ដាយបានឃើញមុខកូន អ្នកម្ដាយនឹងត្រេកអរ និងភ្លេចក្ដីឈឺចាប់ទាំងនោះអស់តែម្ដង៕

  • ស្មាតហ្វូន realme C15 Qualcomm Edition ដែលមានថាមពលថ្មធំនៅកម្ពុជានឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី13 ខែវិច្ឆិកា ក្នុងតម្លៃ 169ដុល្លារ

    ស្មាតហ្វូន realme C15 Qualcomm Edition ដែលមានថាមពលថ្មធំនៅកម្ពុជានឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី13 ខែវិច្ឆិកា ក្នុងតម្លៃ 169ដុល្លារ

    នៅ​ថ្ងៃទី10ខែវិច្ឆិកា realme ដែលជា​ម៉ាក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​បានដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​realme C15 ម៉ូ​ឌែ​ល​ដំបូង​ដែលមាន​ថាមពល​ថ្ម​6000mAhនិង​ការ​សាក​លឿន​18W ដែលមាន​តម្លៃ169ដុល្លារ និង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អតិ​ថ​ជន​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា។ ស្រប​ពេលនេះ​realme ថែមទាំង​នាំមក​នូវ​នាឡិការ​ឆ្លាត​វៃ realme Watch S ដែលមាន​តម្លៃ 99 ដុល្លារ សម្រាប់​realme C15នឹងមាន​ធ្វើការ​ដាក់លក់​នៅ​ថ្ងៃទី13ខែវិច្ឆិកា ហើយ realme Watch S នឹងមាន​ដាក់លក់ នៅ​ថ្ងៃទី16ខែវិច្ឆិកា​ផងដែរ។

    សម្រាប់​ផ្នែក​គ្រឿង​បំពាក់ realme C15 ដែលមាន​ដាក់លក់​នៅ​ទីផ្សារ​កម្ពុជា​គឺ​ខុសគ្នា​នឹង​នៅ​ទីផ្សារ​ដទៃ ដោយមាន​ប្រើ​បន្ទះ​ឈី​ប​Snapdragon 460 និង​មាន​អង្គ​ផ្ទុក 4GB+64GB ដែល​អាចធ្វើអោយ​ការប្រើប្រាស់​មាន​ភាពរលូន​ល្អ។

    អ្វីដែល​គួរអោយកត់សម្គាល់​នោះ​គឺ realme C15ម៉ូ​ឌែ​ល​នេះ​នៅតែ​បាន​បន្ត​នូវ​គុណសម្បត្តិ​ដែលមាន​ថាមពល​ថ្ម​ធំ របស់​C series ដោយមាន​ថាមពល​ថ្ម​ធំ​6000mAh អាច​និយាយ​ទូរស័ព្ទ​បាន46ម៉ោង ឬ​មើល​YouTubeបាន​រយៈពេល48ម៉ោង ដែល​ប្រៀបធៀប​នឹង​ផលិតផល​ដែលមាន​ថាមពល​ថ្ម​5000mAhនិង​តែងតែ​ឃើញ​នៅលើ​ទីផ្សារ​ដែល​អាច​កាន់​ថ្ម​បាន​ជាង​កន្លះ​ខែ គឺ​វា​ធ្វើអោយ​យុវវ័យ​ទទួលបាន​បទពិសោធន៍​កាន់តែ​អស្ចារ្យ។ នៅពេល​បើកមុខ​ងា​រស​ន្សំ​សំចៃ​ថ្ម ថ្ម5%អាច​និយាយ​ទូរស័ព្ទ​បាន2ម៉ោង45នាទី ដោះស្រាយ​នូវ​បញ្ហា​អស់​ថ្ម​របស់​អ្នកប្រើប្រាស់។

    ក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​ដែលជា​ដំណោះស្រាយ​ថាមពល​ធំ បច្ចេកវិទ្យា​សាក​ថ្ម​របស់ realme C15 គឺ​បាន​កែប្រែ​អោយ​ប្រសើរឡើង​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​នៃ​C series  ដោយមាន​បំពាក់​នូវ​ការ​សាក​ថ្ម​18W វាយ​បំបែក​ម្តងទៀត​នូវ​ការយល់ឃើញ​របស់​អ្នកប្រើប្រាស់​ទៅលើ​សា្ម​ត​ហ្វូ​ន​លំដាប់​ថវិកា។

    សម្រាប់​ផ្នែក​កាមេរ៉ា realme C15 Qualcomm Edition មាន​កាមេរ៉ា​ក្រោយ​AI 4 គ្រាប់ 13MP ថែមទាំង​មានមុខ​ងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយ​អោយ​អ្នកប្រើប្រាស់​អាច​ថត​បាន​រូបភាព​ដូច​ក្នុង​ភាពយន្ត និង​មាន​មុខងារ​ប្រើ​កាយវិការ​ដើម្បី​ថតរូប មុខងារ AI Beauty និង​ការថត​វីដេអូ​មាន​កម្រិត Full HD 1080P មិន​ថា​ការថត​Selfieឬ​ការថត​វីដេអូ គឺ​សុទ្ធតែ​អាច​ថត​បាន​ច្បាស់​ល្អ។

    សម្រាប់​ការ​រចនាបទ​ផ្នែក​ខាងក្រៅ realme C15 Qualcomm Edition មាន​ពីរ​ជម្រើស​ដែលមាន​ពណ៌​ខៀវ​និង​ពណ៌​ប្រាក់​ដែល​យុវវ័យ​និយម​ចូលចិត្ត ដែល​ត្រូវបាន​បំផុសគំនិត​ដោយ ផ្ទៃសមុទ្រ​ដែលមាន​ពណ៌​ខៀវ​និង​សត្វ​រំពេ​ដែល​ហោះ​កាត់​ផ្ទៃសមុទ្រ ធ្វើអោយ​កាន់តែ​ពេញនិយម ទាន់សម័យ។

    ក្រៅពីនេះ realme មិន​ត្រឹមតែ​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​ស្ថាប័ន Counterpoint បានប្រកាសថា​ជា “ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ចំនួន​លក់​កើនឡើង​លឿន​បំផុត​ក្នុង​ពិភពលោក​រហូត50លាន​គ្រឿង” នោះទេ ហើយ​សម្រាប់​ផលិតផល AIoTក៏មាន​ការ​វាយ​បំបែក​ថ្មី​ផងដែរ។

    ការ​រចនា​នៃ​រូបរាង​របស់ realme Watch S មាន​ភាព​វ័យក្មេង ទាន់សម័យ និង​អាច​កាន់​ថ្ម​បានយូរ​រហូតដល់15ថ្ងៃ ដែលមាន​បំពាក់​ជាមួយនឹង​មុខងារ​ការពារ​ជម្រាប​ទឹក IP68 និង​មាន​មុខងារ​តាមដាន​ចង្វាក់បេះដូង​ក្នុងកំឡុងពេល​ហែល​ទឹកបាន​ទៀតផង កាន់​តែមាន​ទំនុកចិត្ត​ចំពោះ​ការតាមដាន​សុខភាព អាច​និយាយបានថា ចំណាយ​ត្រឹម20%នៃ​តម្លៃ​iWatch តែ​អាច​ទទួលបាន​មុខងារ80%នៃ​iWatch សូមកុំ​ខកខាន​អោយសោះ៕

  • 14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ2)

    14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ2)

    3 . តើអូន(ឬបង)គិតយ៉ាងម៉េច បើថ្ងៃមួយយើងមានកូនជាមួយគ្នា?

    អ្នកខ្លះស្រឡាញ់ក្មេង តែមិនចង់មានកូន។ សំណួររឿងកូន នៅតែជាប្រធានបទសំខាន់សម្រាប់ជីវិតគូ តឱ្យមុខអ្នកទាំងពីរឯកភាពគ្នាហើយថា នឹងមិនយកកូនក៏ដោយ។ ម្ដាយរបស់ខ្ញុំតែងតែប្រាប់ជានិច្ចថា នៅពេលយើងធំឡើង ជួនកាលទស្សនៈ ឬគំនិតណាមួយអាចនឹងផ្លាស់ប្ដូរ នេះមិនមែនជាសំណួរចំពោះតែក្នុងអំឡុងពេលដំបូងៗរបស់ជីវិតគូនោះទេ តែជាសំណួរដែលអ្នកយកមករិះគិតគ្រប់ពេលវេលារហូតដល់ហួសពេលក្នុងការមានកូនតែម្ដងក៏មាន។

    4 . អ្នកនឹករំពឹងថា តើសម្ព័ន្ធភាពរបស់យើងនឹងក្លាយជាបែបណា?

    គ្រប់គ្នាសុទ្ធតែនឹករំពឹងក្នុងការមានសម្ព័ន្ធភាពដែលល្អឥតខ្ចោះ តែបើអ្នកទាំងពីរដើរទៅមុខជាមួយគ្នាមិនបាន អ្វីៗគ្រប់យ៉ាងក៏ចប់! និងនៅពេលអ្នកដឹងថា គូស្នេហ៍តាំងក្ដីសង្ឃឹមទុកយ៉ាងណាខ្លះនោះ ក៏ដល់ពេលត្រូវសម្រុះសម្រួលគ្នាហើយ។ ជួនកាលអ្នកអាចត្រូវបន្ថយក្ដីសង្ឃឹមរបស់ខ្លួនឯងចុះខ្លះ និងយកចិត្តទុកដាក់ជាមួយតម្រូវការរបស់គូស្នេហ៍ដើម្បីឱ្យសេចក្ដីប្រាថ្នារបស់ទាំងពីរនាក់ទទួលបានផលព្រមៗគ្នា។

    សូមរង់ចាំអានភាគបន្ត…