Author: ធឿន មករា

  • ការរៀបចំដាក់ និងតុបតែងជណ្តើរផ្ទះក្នុងផ្ទះឱ្យស្អាត ត្រូវគោលការណ៍ហុងស៊ុយ

    ការរៀបចំដាក់ និងតុបតែងជណ្តើរផ្ទះក្នុងផ្ទះឱ្យស្អាត ត្រូវគោលការណ៍ហុងស៊ុយ

    នៅក្នុងការសាងសង់ ឬតុបតែងផ្ទះ រឿងហុងស៊ុយ គឺជារឿងមួយដែលម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់ ដើម្បីជួយ​បង្កើននិងជំរុញឱ្យម្ចាស់ផ្ទះ និងអ្នកស្នាក់នៅទាំងអស់មានអារម្មណ៍សប្បាយកាយ សប្បាយចិត្តដែលបានរស់នៅក្នុងផ្ទះដែលបានរៀបចំត្រឹមត្រូវតាមគោលការណ៍របស់ហុងស៊ុយ និងបង្កើនថាមពលបូកឱ្យមានជោគសំណាង មានលាភសក្ការៈ និងមានភាពគង់វង្សស្ថិតស្ថេរ និងមានសេចក្តីសុខក្នុងការស្នាក់អាស្រ័យនៅក្នុងផ្ទះរបស់ខ្លួនឯង។

    ខាងក្រោមនេះគឺជារឿងរបស់ទីតាំង និងហុងស៊ុយជណ្តើរផ្ទះដែលមានសេចក្ដីលម្អិតដូចតទៅ ៖

    1. ជណ្តើរផ្ទះមិនគួរនៅចំនឹងមាត់ទ្វារចូលផ្ទះឡើយ ព្រោះនឹងធ្វើឱ្យក្រសែថាមពល “ឈី” ហូរចូលផ្ទះមិនបានស្រួល ធ្វើឱ្យការ​ទុកដាក់លុយកាក់មិនគង់។ ក្រៅពីនេះថែមទាំងជាការបើកទទួលថាមពលមិនល្អឱ្យហូរឡើងទៅដល់ជាន់លើរបស់ផ្ទះដែលជា​បន្ទប់​​គេង​ ដោយវានឹងធ្វើឱ្យរសាប់រសល់ សម្រាន្តលក់មិនស្រួល នាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយទៀតផង។
    2. ហាមធ្វើជណ្តើរផ្ទះឱ្យមានផ្លូវឡើង 2ខាង ព្រោះវានឹងមានលក្ខណៈដូចបច្ឆាសម្រាប់ដុតខ្មោចដែលមានផ្លូវឡើង និងចុះទល់មុខគ្នា គឺជាលក្ខណៈរបស់ជណ្តើរដែលអពមង្គលខ្លាំងណាស់។
    3. កុំឱ្យជណ្តើរស្ថិតនៅចំកណ្តាលផ្ទះ ព្រោះចំណុចកណ្តាលផ្ទះ គឺជាបេះដូងរបស់ផ្ទះ។ ការសាងជណ្តើរនៅត្រង់​ចំណុចនេះ នឹងធ្វើឱ្យម្ចាស់ផ្ទះនៅផ្ទះមិនបានយូរ និងអាចធ្វើឱ្យមានជំងឺពាក់ព័ន្ធនឹងបេះដូងទៀតផង។
    4. ការដាក់ទីតាំងផ្លូវឡើងជណ្តើរ ៖ សូមណែនាំឱ្យបែរផ្លូវឡើងជណ្ដើរទៅរកទិសបញ្ឆិត មិនគួរបែរទៅចំទិសគោលៗដូចជា លិច កើត ជើង ត្បូងត្រង់ៗឡើយ ព្រោះអាចនឹងសង្កត់ពីលើដួងរាសីស្នេហារបស់សមាជិកនៅក្នុងផ្ទះ បិទបាំងថាមពលបូកផ្សេងៗ​ តែបើបែរផ្លូវឡើងទៅរកទិសបញ្ឆិតៗ ដូចជា ខាងកើតឆៀងខាងជើងជាដើមនោះ វានឹងជួយបើកផ្លូវរាសីគ្រប់យ៉ាងឱ្យកាន់តែខ្លាំងឡើង។
    5. ចំណោតរបស់កាំជណ្តើរ ត្រូវស្ថិតនៅក្នុងកម្រិតប្រមាណជា 45អង្សា មិនចោតពេក ឬចង្អៀតជ្រុលពេក។ ទាំងអស់​នេះ​ ​ក្រៅតែពីជួយបង្កើនឱ្យថាមពល “ឈី” ហូរចូលបានសព្វទីកន្លែងហើយ នៅអាចដើរឡើង-ចុះបានស្រួល មិនប្រថុយប្រថាននឹងការកើតឧប្បត្តិហេតុទៀតផង ។
    6. ចំនួនកាំរបស់ជណ្តើរដែលត្រឹមត្រូវ គួរតែជាចំនួនសេស(លេខសេស) ព្រោះគេមានជំនឿថា លេខសេស គឺជាលេខរបស់​មនុស្សរស់ ឯលេខគូមានន័យថា មនុស្សស្លាប់។
    7. ទីតាំងដ៏ត្រឹមត្រូវរបស់ជណ្តើរ គួរនៅផ្ទុយនឹងមាត់ទ្វារចូលផ្ទះ ដូចជាបើទ្វារផ្ទះនៅខាង​ឆ្វេង ជណ្តើរគួរតែនៅខាងស្តាំដោយមិនគួរបែរផ្លូវឡើងជណ្តើរទៅទល់មុខនឹងទ្វារផ្ទះដោយចំៗឡើយ ។
    8. ជណ្តើរផ្ទះមិនគួរនៅខាងក្រៅផ្ទះឡើយ ទោះជាមើលទៅឃើញស្អាតយ៉ាងណាក៏ដោយ ព្រោះគឺជាជណ្តើរចោរដែលក្រៅតែពីធ្វើឱ្យអ្នកស្នាក់អាស្រ័យបាត់បង់លុយកាក់ហើយ ថែមទាំងជាការបើកផ្លូវឱ្យជនពាលចូលមកក្នុងផ្ទះបានកាន់តែងាយស្រួល​ទៀតផង។
    9. សម្រាប់ផ្ទះម៉ូដបុរាណ ឬផ្ទះលើកខ្ពស់ពីដី បើមានជណ្តើរចេញមកខាងក្រៅផ្ទះ សូមណែនាំឱ្យធ្វើជណ្តើរនៅ​ខាង​ឆ្វេង ឬខាងស្តាំរបស់ផ្ទះ នឹងធ្វើឱ្យសន្សំលុយបានគង់វង្សល្អណាស់។

    នៅពេលបានដឹងពីទីតាំងហុងស៊ុយជណ្តើរផ្ទះហើយ សូមកុំភ្លេចយកទៅធ្វើការពិចារណាក្នុងការតុបតែងផ្ទះរបស់លោក​អ្នកឱ្យបានត្រឹមត្រូវតាមគោលការណ៍ហុងស៊ុយ ដើម្បីបង្កើនយីអ៊ុន និងបង្កើនថាមពលបូកឱ្យការរស់នៅរបស់ក្រុមគ្រួសារលោកអ្នករឹតតែល្អប្រសើរឡើងផង៕

  • 5ហេតុផល ដែលនារីខ្លះមិនរៀបការ

    5ហេតុផល ដែលនារីខ្លះមិនរៀបការ

    មិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែត្រូវការ ឬប្រាថ្នាក្នុងការនិយាយថា “ចាស យល់ព្រម” នោះទេ…តើព្រោះហេតុអីទៅ?

    1. ព្រោះការមិនរៀបការមិនមែនបានន័យថា អ្នកនឹងត្រូវនៅម្នាក់ឯងនោះទេ : នៅពេលរៀបការ យ៉ាងហោចណាស់ក៏អ្នកនឹងមានមនុស្សម្នាក់នៅក្បែរកាយជានិច្ច តែខ្ញុំចង់ប្រាប់ថា តឱ្យមិនបានរៀបការ ក៏អ្នកនៅតែមានមនុស្សម្នាក់នៅក្បែរកាយបានដែរ មានមនុស្សឱ្យស្រឡាញ់…ឱ្យជឿទុកចិត្ត…ឱ្យសើចជាមួយគ្នា…ឱ្យឈ្លោះគ្នា…ឱ្យនឹកគ្នា…រួមទាំងពឹងពាក់គ្នាទៅវិញទៅមកទៀតផង។ ដោយសារតែការមិនរៀបការមិនបានមានន័យថា អ្នកត្រូវតែនៅម្នាក់ឯងនោះទេ តែអ្នកនៅមានពួកម៉ាកមិត្តភក្តិ មានមនុស្សស្រឡាញ់ បងប្អូន អ្នកជិតខាង និងមិត្តរួមការងារ គ្រាន់តែអ្នកមិនបាននៅជាមួយគូគ្រងប៉ុណ្ណោះឯង។ ជួនកាលអ្នកអាចកំពុងសេពគប់មើលចិត្តមើលថ្លើមគ្នា 2ឆ្នាំ ឬ 5ឆ្នាំ ក៏តាមហ្នឹងទៅ ឬអ្នកអាចមិនបានត្រូវការគូស្នេហ៍ អ្នកនិយមចូលចិត្តក្នុងការសប្បាយរីករាយជាមួយបណ្ដាពួកមិត្តភក្តិច្រើនជាង ចូលចិត្តធ្វើដំណើរកម្សាន្ត និងជួបមនុស្សម្នាថ្មីៗប្លែកៗ ចូលចិត្តធ្វើការងារដើម្បីជួយសង្គម ជាដើម…ដូច្នេះឃើញហើយឬនៅថា អ្នកមិនចាំបាច់ត្រូវរៀបការ ក៏បានដែរ…។
    2. ព្រោះស្នេហា គឺជាប្រស្នាដ៏អាថ៌កំបាំងមួយ : ការរៀបការ គឺជាកិច្ចសន្យាដែលមានចំណងរវាងគ្នា។ មានអត្ថន័យសាមញ្ញៗ ងាយៗ ហើយខ្ញុំក៏មិនត្រូវការនិយមន័យស្នេហាក្នុងន័យរបស់ធុរកិច្ច ឬច្បាប់ទម្លាប់អ្វីៗទាំងអស់។ ភាពស្រស់ស្អាតរបស់ស្នេហាគ្មាននិយមន័យមួយដោយឡែកតែឯងនោះទេ និងតែងតែប្រែប្រួលជានិច្ចទៀតផង។
    3. ព្រោះភាពស្ថិតស្ថេរគង់វង្សដ៏ពិតប្រាកដចេញមកពីការដឹងថា ខ្លួនឯងជាអ្នកណា និងត្រូវការអ្វី? : នៅពេលអ្នកមានអារម្មណ៍ខកបំណងជាមួយនឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងនៅក្នុងជីវិត ចូរកុំគិតថា ការរៀបការនឹងអាចបញ្ឈប់អ្វីៗទាំងអស់នោះបានឱ្យសោះ។ ការមានមនុស្សដែលស្រឡាញ់ និងបារម្ភអំពីយើង ដូចជាឪពុកម្ដាយ បងប្អូន សាច់ញាត់ មិត្តរួមការងារ និងមិត្តភក្តិជិតស្និទ្ធទៅវិញទេ ដែលជាភាពស្ថិតស្ថេរគង់វង្សដ៏ធំធេងបំផុតលើសអ្វីៗទាំងអស់ ដែលអ្នកមិនចាំបាច់ត្រូវបានមកពីគូអាពាហ៍ពិពាហ៍នោះឡើយ។
    4. ព្រោះអ្នកអាចលែងលះវិញបាន… : នាងខ្ញុំ និងគូស្នេហ៍ សេពគប់គ្នាមក 10ឆ្នាំហើយ និងនៅពេលណាយើងមានបញ្ហានឹងគ្នា(មិនខុសពីគូស្នេហ៍ដទៃទេ) យើងក៏មានសេរីភាពក្នុងការបញ្ចប់សម្ព័ន្ធភាពបានគ្រប់ពេលវេលា។ ក្នុងអំឡុងពេលដែលអស់សង្ឃឹម និងសោកសៅបំផុតនោះ នាងខ្ញុំបែរជាមានអារម្មណ៍សប្បាយចិត្ត ដោយសារតែនាងខ្ញុំអាចសម្រេចចិត្តគ្រប់យ៉ាងដើម្បីខ្លួនឯងបានយ៉ាងពេញលេញ។
    5. ព្រោះអ្នកអាចរៀបការនៅពេលណាក៏បាន មិនចាំបាច់ត្រូវប្រញាប់ទេ… : នាងខ្ញុំមិនមែនជាមនុស្សពពួកប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍ទេ ហើយរឿងហ្នឹងក៏មិនមែនជាបញ្ជាដែរ…វាគ្រាន់តែជាកម្មវិធីមួយប៉ុណ្ណោះ។ ចំណុចសំខាន់គឺ យើងនៅតែបើកចំហទាំងក្នុងរឿងការរៀបការ និងសម្ព័ន្ធភាព។ យើងត្រៀមរួចរាល់ជានិច្ចក្នុងការបើកទទួលយកផ្នត់គំនិត អារម្មណ៍ និងបទពិសោធផ្សេងៗ ទាំងរបស់យើង និងរបស់អ្នកដទៃ។ មិនសំខាន់ថា អ្នកស្ថិតនៅក្នុងសម្ព័ន្ធរយៈពេលវែង ឬសម្ព័ន្ធភាពបញ្ចប់បែបឈឺចាប់ ឬទើបចាប់ផ្ដើមស្នេហាជាថ្មី ឬពេញចិត្តក្នុងការនៅតែម្នាក់ឯងនោះទេ គ្មានអ្នកណាដឹងឡើយថា អានាគតនឹងទៅជាយ៉ាងណា? ដូច្នេះ ទុកឱ្យវាក្លាយជាការសម្រេចចិត្តរបស់យើងផ្ទាល់ក្នុងការឈានទៅមុខឆ្ពោះទៅរកការផ្សងព្រេងជាថ្មីទៀត៕
  • និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

    និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

    ធ្លាប់សង្កេតដែរឬទេថា ពេលកូនរបស់យើងបៅទឹកដោះ មិនថាតែបៅពីដោះម្ដាយ ឬពីដកទឹកដោះគោនោះទេ តែងមានពេលមួយដែលកូនឈប់បៅភ្លាមៗដោយមិនដឹងមូលហេតុជានិច្ច ធ្វើឱ្យអ្នកម្ដាយជាច្រើននឹកកង្វល់ក្នុងចិត្តថា កូនលែងចង់បៅទឹកដោះហើយ ទើបត្រូវមានការអង្រួនខ្លួនកូនថ្នមៗដើម្បីឱ្យកូនបៅទឹកដោះឡើងវិញ។ តើអ្នកម្ដាយដឹងឬទេថា ក្នុងពេលដែលអ្នកម្ដាយកំពុងអង្រួនខ្លួនកូននោះ គឺជាអំឡុងពេលសំខាន់ដែលអ្នក និងកូនកំពុងសាងចំណងសម្ព័ន្ធភាពគ្នាខ្លាំងឡើងបានយ៉ាងឆាប់រហ័ស។

    ចង្វាក់ការបៅទឹកដោះរបស់ទារកយ៉ាងដូចម្ដេច?

    ជាប្រក្រតីតាមធម្មជាតិ ទារកដែលបៅទឹកដោះ(មិនថាពីដោះម្ដាយ ឬពីដបទឹកដោះគោនោះទេ)តែងមានចង្វាក់នៃការបៅ(ក្នុងអំឡុងពេលដំបូង)មានលក្ខណៈដូចខាងក្រោមនេះ ៈ

    បៅ – បៅ – បៅ…បន្ទាប់ពីនោះ ពេលកូនបានបៅទឹកដោះអស់មួយស្របក់មក កូននឹងចាប់ផ្ដើមកែសម្រួលចង្វាក់ការបៅទៅជាលក្ខណៈបែបនេះ ៈ

    បៅ – បៅ – បៅ – ឈប់(ហើយនឹងធ្វើដដែលៗបែបនេះទៅជារឿយៗ)

    ក្នុងអំឡុងចង្វាក់ដែលកូនឈប់បៅនេះឯង អ្នកម្ដាយជាច្រើននាក់នឹងនឹកកង្វល់ថា កូននឹងឈប់បៅតទៀតហើយ(ខ្លាចកូនបៅមិនឆ្អែត) ទើបធ្វើការអង្រួនខ្លួនកូនថ្នមៗ ឬនិយាយព្រមជាមួយការសម្លឹងមើលមុខកូន ហើយអ្វីដែលកើតឡើងនោះក៏គឺ កូននឹងឈប់បៅមួយខណៈពេល ដើម្បីទទួលដឹងនូវអ្វីដែលម្ដាយកំពុងធ្វើចំពោះគេ នោះគឺ ការស្ដាប់នូវអ្វីដែលម្ដាយកំពុងនិយាយ និងសម្លឹងមើលមុខម្ដាយ រួចបន្ទាប់ពីនោះ ទារកក៏នឹងត្រឡប់ទៅរកចង្វាក់ការបៅ 3ដង និងឈប់ 1ដងដូចមុនទៀត។

    ហេតុអីបានកូនបៅ – បៅ – បៅ – ឈប់?

    អាចរាប់បានថា ជារឿងប្លែកខ្លាំងណាស់ ដោយសារតែមានការសាកល្បងខាងវេជ្ជសាស្រ្តរួចមកហើយ និងទទួលបានលទ្ធផលដ៏គួរឱ្យស្ងើចអស្ចារ្យ ដោយក្រុមគ្រូពេទ្យបានសាកល្បងចាប់រយៈពេលរវាងការបំបៅទឹកដោះកូន ដោយបណ្ដោយឱ្យទារកបានបៅទឹកដោះតាមចង្វាក់ប្រក្រតីរបស់គេ ហើយនៅពេលទារកឈប់បៅ ក៏មិនបាច់អង្រួន ឬនិយាយជាមួយទេ និងមួយក្រុមទៀត ពេលទារកឈប់បៅ ក៏ឱ្យម្ដាយអង្រួនខ្លួនកូនថ្នមៗ ព្រមជាមួយការញញឹម សម្លឹងមើលមុខ និងនិយាយដាក់កូន។

    លទ្ធផលការសាកល្បងដែលទទួលបាន អាចសរុបបានដូចតទៅ

    1. តឱ្យយើងមិនអង្រួនខ្លួនកូន(ចង្វាក់ដែលកូនឈប់បៅ)ក៏កូននឹងត្រឡប់មកបៅវិញបានដោយខ្លួនឯងតាមចង្វាក់វេលាដែលទៀងទាត់។
    2. រឹតតែយើងនិយាយរក សម្លឹងមើលមុខ និងអង្រួនខ្លួនកូន កូននឹងពន្យារចង្វាក់ការឈប់បៅនោះកាន់តែយូរទៅ ព្រោះគេកំពុងទទួលដឹង និងព្យយាមទំនាក់ទំនងជាមួយអ្វីដែលគេបានដឹងមក(គឺការនិយាយ ការអង្រួនពីម្ដាយ)។
    3. បរិមាណការបៅទឹកដោះរបស់ទារកទាំង 2ក្រុម ស្មើគ្នា(ចង់អង្រួន ឬមិនអង្រួន ក៏មិនបានបៅទឹកដោះច្រើនជាងគ្នាប៉ុន្មានដែរ)។
    4. ការនិយាយជាមួយកូនខណៈពេលកូនកំពុងបៅទឹកដោះផង(ជាពិសេសបៅដោះម្ដាយ)នឹងធ្វើឱ្យកូនមិនគេងលក់លើទ្រូងម្ដាយច្រើនជាងបណ្ដោយឱ្យបៅទឹកដោះស្ងាត់ៗ។
    5. កូននឹងអាចចងចាំក្លិន និងសំឡេងរបស់ម្ដាយខ្លួនឯងបានក្នុងរយៈពេល 4-7ថ្ងៃ រាប់ចាប់ពីថ្ងៃកើតមកដំបូង។
    6. រឹតតែលោកអ្នកនិយាយជាមួយកូនច្រើនប៉ុនណាពេលកូនកំពុងបៅទឹកដោះ កូននឹងរឹតតែសម្លឹងមើលមុខលោកអ្នកច្រើនឡើង និងយូរឡើង។ កូននឹងទទួលដឹង និងជ្រួតជ្រាបពីសេចក្ដីស្រឡាញ់ ចំណងសម្ព័ន្ធភាពដែលអ្នកមានដល់កូនខ្លាំងឡើង។ ពេលកើតដំបូង ទារកនឹងមើលឃើញតែពណ៌ស ខ្មៅ ប្រផេះ និងអាចសម្រួលហ្វូខាស់បានត្រឹមតែ 25សង់ទីម៉ែត្រប៉ុណ្ណោះ ហ្នឹងហើយទើបធ្វើឱ្យគេចងចាំ និងទទួលដឹងថា គេមានអ្នកដែលនៅចាំមើលថែទាំ និងស្រឡាញ់គេខ្លាំងប៉ុនណា ទើបមិនមែនជារឿងប្លែកឡើយដែលកូននឹងជាប់ចិត្តលើម្ដាយខ្លាំងជាង និងឆាប់ចងចាំមុខឪពុកម្ដាយបានលឿន។

    ក្រៅពីនោះ នៅក្នុងលទ្ធផលនៃការសាកល្បងនោះបានធ្វើឱ្យយើងដឹងទៀតថា ការនិយាយជាមួយកូន ការអង្រួនខ្លួនកូនថ្នមៗខ្លះៗខណៈពេលគេកំពុងបៅទឹកដោះនោះ ឪពុកម្ដាយខ្លួនឯងក៏បានទទួលនូវអារម្មណ៍ឆ្អែតពេញចិត្ត សុខ និងរំភើបចិត្តដែលមិនអាចរកពីទីណាបានទៀតឡើយ ដូច្នេះហើយ ពេលដែលកូនបៅទឹកដោះលើកក្រោយទៀត កុំភ្លេចនិយាយលេងជាមួយកូនឱ្យបានច្រើនៗណា៎…៕

  • 3វិធីដុសសម្អាតធ្មេញ ដែលលោកអ្នកយល់ខុសមករហូត

    3វិធីដុសសម្អាតធ្មេញ ដែលលោកអ្នកយល់ខុសមករហូត

    ទន្តពេទ្យជំនាញបានបង្ហើបឱ្យដឹងពីព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការថែរក្សាសុខភាពប្រអប់មាត់ និងធ្មេញ ដូច្នេះចូរសាកល្បងពិនិត្យមើលទៅមើល៍ថា តើរាល់ថ្ងៃនេះ យើងបានដុសសម្អាតធ្មេញត្រឹមត្រូវតាមវិធីដែលទន្តពេទ្យបានប្រាប់ឱ្យដឹងដែរឬទេ?

    -ឈប់យកច្រាសដុសធ្មេញដែលច្របាច់ថ្នាំដុសធ្មេញដាក់ពីលើហើយទៅជ្រលក់ក្នុងទឹក ឬឆ្លងកាត់ទឹកមុនយកមកដុសធ្មេញ.. មនុស្សជាច្រើននឹងខ្ពុរមាត់ និងយកច្រាសដុសធ្មេញទៅជ្រលក់ទឹកមុននឹងចាប់ផ្ដើមដុសសម្អាតធ្មេញ ធ្វើដូច្នេះ នៅពេលច្រាសទទឹកទឹក នឹងធ្វើឱ្យមានទឹកនៅក្នុងមាត់ច្រើន ថ្នាំដុសធ្មេញក៏នឹងរលាយយ៉ាងឆាប់រហ័ស ក្លាយជាពពុះពេញក្នុងមាត់។ បន្ទាប់ពីនោះ ក៏នឹងហូរកក្លាក់ចុះមកតាមកដៃមកដល់កែងដៃ រួចក៏ត្រូវប្រញាប់ដុសធ្មេញ និងខ្ពុរមាត់ចេញយ៉ាងលឿន រហូតដល់ចប់ការដុសធ្មេញទាំងមិនដល់ 2នាទីផង។

    ដូច្នេះ មុនច្របាច់ថ្នាំដុសធ្មេញដាក់ច្រាស អាចធ្វើការសម្អាតច្រាសដុសធ្មេញដោយទឹកស្អាត ហើយគោះទឹកចេញឱ្យអស់ ឬស្ងួតល្មម មុននឹងដុសសម្អាតធ្មេញ។ ចូរធ្វើការសម្អាតប្រអប់មាត់ត្រួសៗ(ដោយការខ្ពុរមាត់នឹងទឹក) ដើម្បីយកកម្ទេចអាហារដែលជាប់នៅតាមកន្លុកកន្លៀតជើងធ្មេញចេញឱ្យអស់ជាមុនសិន។

    -ឈប់ខ្ពុរមាត់បន្ទាប់ពីដុសធ្មេញហើយភ្លាម(គ្រាន់តែស្ដោះពពុះថ្នាំដុសធ្មេញចេញឱ្យអស់ ឬខ្ពុរមាត់ត្រឹមតែ 1ដងក្រោយពេលដុសធ្មេញ)។ បរិមាណថ្នាំដុសធ្មេញដែលនៅសល់បន្តិចបន្តួច(បន្ទាប់ពីស្ដោះចេញ ឬខ្ពុរចេញ 1ដង)ដែលអាចនឹងត្រូវលេបចូលទៅក្នុងពោះនោះ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។

    មានការសិក្សាស្រាវជ្រាវរឿងមួយដែលល្បីល្បាញយ៉ាងខ្លាំងកាលពីឆ្នាំ1992 នៅទីក្រុង ណត់ទិងហ៊ែម ប្រទេសអង់គ្លេសបានរកឃើញថា កុមារដែលដុសធ្មេញហើយខ្ពុរមាត់ដោយយកមាត់ទៅហាត្រង់ទឹកចេញពីក្បាលរ៉ូប៊ីណេ(ហើយខ្ពុរមាត់ឃ្លុកៗ)មានធ្មេញពុកតិចជាងកុមារដែលខ្ពុរមាត់ដោយទឹកក្នុងកែវ។ បន្ទាប់ពីនោះ ក៏មានការងារសិក្សាស្រាវជ្រាវផ្សេងៗទៀតតាមមកជាច្រើនដើម្បីពិនិត្យមើល និងបានអះអាងចំពោះរឿងនោះដូចៗគ្នា រហូតដល់ខាងសមាគមទន្តពេទ្យនៃប្រទេសអង់គ្លេសសរុបចេញមកជាការណែនាំថា “មិនត្រូវខ្ពុរមាត់ ក្រោយដុសធ្មេញហើយភ្លាមទេ”។

    -កុំអាលញ៉ាំអាហារ ឬញ៉ាំទឹកអ្វី(រួមទាំងទឹកសុទ្ធផង)យ៉ាងហោចណាស់កន្លះម៉ោងបន្ទាប់ពីដុសធ្មេញ គឺដើម្បីឱ្យ ហ្វ្ល័រអូរ៉ាយបានបញ្ចេញឫទ្ធិការពារធ្មេញពុកយ៉ាងពេញទំហឹង៕

  • ត្រូវឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ) (តចប់)

    ត្រូវឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ) (តចប់)

    អ្នកណាមានអារម្មណ៍ថា កូនរបស់ខ្លួនមិនឌឺ រឹងខ្លះ?

    ប្រហែលជាមានមនុស្សតិចណាស់ ឬអាចនឹងគ្មានសោះតែម្ដង…ព្រោះធម្មជាតិរបស់ក្មេងត្រូវតែមានភាពឌឺ រឹង រពឹស និងចង់ដឹងចង់ឃើញ ហេតុនេះទើបអ្នកគ្រូ ឆវីចង់ឱ្យលោកឪពុកអ្នកម្ដាយសាកល្បងកែសម្រួល ឬប្ដូរគោលការណ៍ចិញ្ចឹមអប់រំថែទាំកូនពីការធ្វើជា “អ្នកគ្រប់គ្រង” មកជា “អ្នកសង្កេតការណ៍” វិញម្ដង សាក-លមើល។

    1 . ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង

    ឪពុកម្ដាយគ្រប់រូបតែងស្រឡាញ់កូន តែវិធីការសម្ដែងចេញមក អាចនឹងខុសប្លែកពីគ្នា អាស្រ័យលើមូលដ្ឋានគ្រឹះនៃគំនិត ផ្លូវចិត្ត និងសភាពអារម្មណ៍ តែលើសពីអ្វីទាំងអស់ ចូរធ្វើឱ្យកូនជឿជាក់ក្នុងចិត្តថា យើងស្រឡាញ់គេយ៉ាងពិតប្រាកដ មិនមែនត្រឹមតែស្រឡាញ់ក្រោមលក្ខខណ្ឌថា កូនធ្វើត្រូវចិត្តឪពុកម្ដាយនោះទេ តែស្រឡាញ់លើរូបកូនយ៉ាងពិតប្រាកដ និងគ្មានលក្ខខណ្ឌ។

    2 . សួរ ប្រសើរជាងប្រាប់

    ជាប្រក្រតី យើងស៊ាំធ្លាប់នឹងការបញ្ជា ការប្រាប់ឱ្យធ្វើ ហើយយើងតែងកាត់សេចក្ដីថា អ្វីដែលកូនគិត អ្វីដែលកូនធ្វើ រឿងខ្លះមិនល្អ មិនសមរម្យ ហើយយើងក៏ធ្វើខ្លួនជាអ្នកចង្អុលប្រាប់ឱ្យកូនត្រូវតែបែបនេះ ត្រូវតែធ្វើបែបនោះ ដែលវាក៏មិនមែនជារឿងខុសឆ្គងអ្វីដែរ ព្រោះរូបឪពុកម្ដាយខ្លួនឯងក៏ធ្លាប់​ឆ្លងកាត់ការបង្រៀនមកក្នុងលក្ខណៈហ្នឹងដូចគ្នា តែ តើវានឹងល្អជាងទេ…បើយើងគ្រាន់តែធ្វើជាអ្នកចង្អុលបង្ហាញផ្លូវ ហើយទុកឱ្យកូនយើងហាត់ជ្រើសរើស ហាត់សម្រេចចិត្តដោយខ្លួនឯង លទ្ធផលដែលទទួលបាន ប្រហែលជាបានច្រើនជាង និងល្អជាងអ្វីដែលយើងចង់បានទៅទៀត។

    បើយើងគោរពគ្នាទៅវិញទៅមក មនុស្សធំក៏មិនមែនចេះតែត្រូវជានិច្ច ហើយក្មេងក៏មិនមែនចេះតែខុសរហូតនោះដែរ។ សាកល្បងប្រើពាក្យសំដីជាសំណួរទៅកូនលមើល…អ្នកគ្រូ ឆវីជឿថា ប្រហែលជានឹងអាចកាត់បន្ថយភាពទាស់ទែង ឈ្លោះគ្នាបានច្រើន និងបែរមកនិយាយគ្នាដោយហេតុដោយផលច្រើនឡើង នឹងទទួលយកពីគ្នាបានច្រើនឡើងមិនខាន។

    គោលដៅនៃការចិញ្ចឹមកូនរបស់អ្នក គឺអ្វី?

    មេរៀនចាប់ផ្ដើមពីឪពុកម្ដាយ ពេលខ្លះអ្វីដែលកូនកំពុងធ្វើ អ្វីដែលយើងគិតថាជាបញ្ហាសម្រាប់កូន បើពិនិត្យមើលឱ្យច្បាស់ទៅ ជួនកាលវាអាចជាចំណោទដែលយើងអាចយកមកប្រើប្រាស់ក្នុងការកែសម្រួលខ្លួនឯង ខ្លាំងជាងកែសម្រួលកូនរបស់យើង…៕

  • លក្ខខណ្ឌ2 ដែល Google នឹងលុបគណនី Docs, Sheets របស់អ្នកលើអនឡាញ ចាប់ពីឆ្នាំក្រោយទៅ

    លក្ខខណ្ឌ2 ដែល Google នឹងលុបគណនី Docs, Sheets របស់អ្នកលើអនឡាញ ចាប់ពីឆ្នាំក្រោយទៅ

    បន្ទាប់ពី Google ប្រកាសថា បិទ​ជម្រើស​បង្ហោះ​រក្សាទុក​រូបភាព ឬ​វីដេអូ ជា​សេវាកម្ម High Quality Unlimited លែងឱ្យ​ប្រើ ដោយ​ឥតគិតថ្លៃ​ទៀតហើយ សេវាកម្ម​Google Docs, Sheets និង Slides លើ​អន​ឡាញ ក៏​អាច​នឹងធ្វើ​ដូចគ្នា​អ៊ីចឹង​ដែរ។

    Google បាន​បញ្ចេញ​គោលនយោបាយ​ថ្មី​មួយ​គឺ តម្រូវ​លុប​គណនី​ស្វ័យប្រវត្តិ បើសិន​រកឃើញថា គណនី​របស់​អ្នក​មិន​ប្រើប្រាស់ ឬ​ពេញ (auto-delete polices for inactive and full accounts)។ ក្នុងនោះ​ប្រភព​បាន​បកស្រាយ​ពី​លក្ខខណ្ឌ2 មុននឹង Google សម្រេចចិត្ត​លុប​គណនី (Docs, Sheets និង Slides) របស់​អ្នក​គឺ

    1) រកឃើញថា អ្នក​មិន​ប្រើប្រាស់​សេវាកម្ម​នេះ ចាប់ពី 2ឆ្នាំ​ឡើងទៅ ឬ 24ខែ។

    2) រកឃើញថា អ្នកប្រើប្រាស់​សេវាកម្ម​នេះ​ពេញ ហើយ​ដល់កំណត់ 2ឆ្នាំ មិន upgrade។

    កាន់តែ​ធ្ងន់​ជាងនេះទៅទៀត​គឺ Google ក៏​អាច​នឹង​ស​ម្រ​ច​ចិត្ត​លុប​រាល់ Content ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងអស់ ដែលមាន​លើ Gmail, Drive និង Photos ផងដែរ។ គោលការណ៍​ខាងលើ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី1 ខែមិថុនា ឆ្នាំ2021 តទៅ៕

  • Google Photos នឹង​បិទ​ជម្រើស​ទុក​រូបភាព High Quality Unlimited ចាប់ពី​ខែមិថុនា ឆ្នាំក្រោយ​ទៅ

    Google Photos នឹង​បិទ​ជម្រើស​ទុក​រូបភាព High Quality Unlimited ចាប់ពី​ខែមិថុនា ឆ្នាំក្រោយ​ទៅ

    ចាប់ពី​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ខាងមុខ Google នឹង​បិទ​ជម្រើស​បង្ហោះ​រក្សាទុក រូបភាព ឬ​វីដេអូ High Quality Unlimited និង​លែងឱ្យ​ដោយ​ឥតគិតថ្លៃ​ទៀតហើយ។ ដូច្នេះ​អ្នកប្រើប្រាស់​ទាំងអស់​នឹង​ទទួលបាន​ការប្រើ​ឥតគិតថ្លៃ ក្នុង​ទំហំ​ផ្ទុក​ត្រឹមតែ 15GBប៉ុណ្ណោះ ហើយ​បន្ទាប់មក Google នឹង​តម្រូវឱ្យ​ជាវ​សេវាកម្ម Google One ដើម្បី​ពង្រីក​ទំហំ​ផ្ទុក​ថែមទៀត បើសិន​ចង់បាន High Quality Unlimited។

    អ្នកដឹកនាំ​ផ្នែក​ផលិតផល​នៅ Google បាន​បកស្រាយ​ថា ការបញ្ឈប់​ការផ្ដល់ជូន​ឥត​កំណត់​នេះ​គឺ​ដោយសារតែ​ការថែទាំ​លើ​សេវាកម្ម​ឥតគិតថ្លៃ​នេះ កាន់​តែមាន​ថ្លៃ​ចំណាយ​ខ្ពស់ទៅ។

    លោក​បាន​បញ្ជាក់ថា អ្នកប្រើប្រាស់​បាន​បង្ហោះ​រូបភាព និង​វីដេអូ​ចំនួន 28ពាន់​លាន​សន្លឹក​ជា​រៀងរាល់​សប្ដាហ៍ ហើយ​នៅលើ Server របស់ Google មាន​រូបភាព​ដល់ 4ទ្រី​លាន​សន្លឹក​ទៅហើយ។

    តែបើ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន Google Pixel នឹង​បន្ត​ទទួលបាន សិទ្ធ​បង្ហោះ​រូបភាព​ប្រភេទ High Quality ដោយ​ឥត​កំណត់​ដដែល ក្រោយ​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021៕

  • សុខភាពល្អ ដោយការជ្រើសរើសទទួលទានអាហារតាមវ័យ

    សុខភាពល្អ ដោយការជ្រើសរើសទទួលទានអាហារតាមវ័យ

    មានឈ្មោះថា អាហារ មិនថាតែបង្អែម ឬចម្អាបឡើយ ឡារ៉ែនជឿថា នរណាៗក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែ តើមានប៉ុន្មានអ្នកទៅ ដែលយកចិត្តទុកដាក់ក្នុងការធ្វើឱ្យអាហារដែលលោកអ្នកកំពុងទទួលទាននោះស័ក្តិសមត្រូវនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯងនោះ?។ យើងគួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារឱ្យត្រូវ និងតាមអំឡុងពេលរបស់អាយុ ឬវ័យរបស់យើង ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ វាមានភាពខុសប្លែកពីគ្នាខាងការវិវឌ្ឍរបស់រាងកាយ និងលក្ខណៈការរស់នៅ ។

    រឿងរ៉ាវរបស់ចំណីអាហារដែលពាក់ព័ន្ធនឹងវ័យទាំង 4 របស់មនុស្ស មិនមែនជារឿងពិបាកយល់នោះឡើយ លោកអ្នកអាចសាកល្បងធ្វើតាមដូច​ខាង​​​ក្រោម ៖

    ក្នុងអំឡុងអាយុចាប់ពី 20ឆ្នាំឡើងទៅ : គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍ និងចម្រើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ឬការធ្វើការងារឡើយ និងក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ ហើយរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃ​ច្រើនប៉ុន​ណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ ដូច្នេះយើងគួរជ្រើសរើសទទួលទានអា​ហារ​​ឱ្យ​បានស័ក្តិសមនឹងតម្រូវការរបស់រាងកាយក្នុងវ័យនោះ។

    ក្នុងវ័យនេះ ចូរជ្រើសរើសទទួលទានពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាអាហារលំដាប់ទី1 តាមដោយបន្លែ-ផ្លែឈើជាអាហារលំដាប់ទី2 ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹកសណ្តែកលឿងដើម្បី​បង្កើនកាល់ស្យូមជាអាហារលំដាប់ទី3 និងចូរផ្តល់ភាពសំខាន់ចំពោះអាហារដែលមានជាតិខ្លាញ់ជាលំដាប់ក្រោយគេបង្អស់ ។

    សាច់ត្រីជាអាហារជំនួយខួរក្បាលដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឱ្យរឹងមាំ មិនឆាប់ភ្លេចភ្លាំង។ បន្លែពណ៌បៃតងដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកគួ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឱ្យរឹងមាំ។

    វ័យដែលចាប់ផ្តើមដោយលេខ 3 : អាយុឡើងដល់លេខ3 នាំមុខ​ មនុស្សជាច្រើនចាប់ផ្តើមភ័យ ប៉ុន្តែការចេះជ្រើសរើសទទួលទានអាហារ នឹងធ្វើឱ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយៈរូបរាង ឬមុខមាត់បានឡើយ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់នេះ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ដែលអាចមានផលប៉ះពាល់ដល់រូបរាងមុខមាត់សម្បកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់។ ដូច្នេះគួរចៀសវាងអាហារ​ដែល​​​​មានជាតិខ្លាញ់ច្រើន និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូក3ជាន់ ប៊័រដុំ និងខ្ទិះ ជាដើម។

    លោកអ្នកអាចជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ ដូចជា ត្រីសមុទ្រជួយកាត់បន្ថយសម្ពាធឈាម ពពួកគ្រាប់សណ្តែកស្ងួត ដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ជួយកាត់បន្ថយភាពប្រថុយពីជម្ងឺបេះដូង និងមានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានកាកសរសៃខ្ពស់ដែលជួយឱ្យឆ្អែតពោះបានយូរ និងមាន​ផល​​ល្អដល់ពោះវៀនធំទៀតផង។

     វ័យដែលចាប់ផ្តើមដោយលេខ 4 : ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្រ្តី ឯបុរសក្នុងវ័យនេះវិញក៏ចាប់ផ្តើមមានរោគាផ្សេង​ៗកើតឡើងដែរ តែទាំងអស់នេះការពន្យារវ័យ ឬការការពាររោគាផ្សេងៗដែលមកជាមួយវ័យ មិនបានលំបាកលំបិនហួសពី​យើង​អាច​ធ្វើបាននោះឡើយ។

    សម្រាប់ចន្លោះវ័យនេះ តម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវិតាមីនផ្សេងៗកើនឡើង ដែលរាង​កាយអាចនឹងទទួលបានពីបន្លែ-ផ្លែឈើដែលមានកាកសរសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីទៀត​ផង។ ឯវិតាមីនC ពីចំណីអាហារដែលងាយរកទទួលទានបាននោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម ចំណែកអាហារដែលមានវិតាមីនE គឺប្រេងសណ្តែក ប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដែលផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាង​ភេសជ្ជៈ​​​​​​​​​​​​​​​​​​​​​ដែលមានជាតិអាល់កុល និងកាហ្វេអ៊ីនផង។

    វ័យដែលចាប់ផ្តើមដោយលេខ 5 : ការឈានចូលដល់វ័យ 50 នោះ មិនមែនមានផលប៉ះពាល់ចំពោះរាងកាយតែម៉្យាងប៉ុណ្ណោះទេ តែនៅមានផលដល់សភាពផ្លូវចិត្តផងដែរ ដូច្នេះដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះ លោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយដែលមានប្រ​សិទ្ធ​ភាព​​ថយ​ចុះ ជាពិសេសប្រព័ន្ធការរំលាយ និងការបឺតយកសារធាតុអាហារ ធ្វើឱ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ។

    ក្នុងអំឡុងវ័យនេះ លោកអ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរពិសាទឹកឱ្យបានទៀងទាត់ យ៉ាងតិច 1ថ្ងៃ​ 8 – 12កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន។ គួរទទួលទានខាបូហាយដ្រេត(ម្សៅ និងស្ករ-ល-)ឱ្យតិច សង្កត់ធ្ងន់លើអាហារពួក​សាច់ត្រីដើម្បីកុំឱ្យខ្វះជាតិប្រូតេអ៊ីន និងពួកសាច់សត្វណាដែលងាយរំលាយ។ គួរទទួលបានកាល់ស្យូមឱ្យគ្រប់គ្រាន់ និងអា​ហារដែលមានកាល់ស្យូមខ្ពស់ គឺនៅក្នុងទឹកដោះគោ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម។

    រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងអាហារការហូបចុកបាន​គ្រប់​​ពេល ទោះជាមានជំងឺ ឬគ្មានក៏ដោយ ក្រៅពីនេះគួរបង្កើនការធ្វើចលនា(ហាត់ប្រាណ)ក្នុង​​​ 1ថ្ងៃៗឱ្យបានច្រើន និងញឹកញាប់ នឹងធ្វើឱ្យ​​មានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តឹងតែងបានទៀតផង៕

  • ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

    មិនគួរឲ្យជឿសោះ!!!

    កូននឹងរៀនពូកែ ប្រើប្រាស់ភាសានិងសំដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសំរបខ្លួនបាន​គ្រប់ស្ថានការណ៏ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេល​ល្ងាចនៅ​ក្នុង​​ផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពឹត​មែនឬ?

    ​ គឺជារឿងពឹត…លទ្ធផលនៃការសឹក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖

    1. កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។
    2. កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង ។
    3. កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគ​ធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។
    4. ពេលឈានចូលទៅរកវ័យត្រៀមជំទង់(ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសំរកទម្ងន់ដោយថ្នាំ(ចំពោះកូនស្រី) ពឹងបារី​បញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿង​បរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបាន​ទាន់​ពេល​​​​វេលា ។
    5. កុមារនឹងចេះសំរបខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នាកុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅ​តែ​​​មាន​ទំនាក់ទំនងនឹងគ្នា ហើយជិតដឹត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។

    ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…?

    កុមារអាចមានបញ្ហាក្នុងការរសនៅទាំងនៅផ្ទះ និងនៅសាលារៀន អាចចេះផឹកស្រាមុនអាយុ សេពគ្រឿងញៀន ឬអាចមានទង្វើខាងការបរិភោគដែលខុសពីប្រក្រតី ។ អ្នកស្រី បារ៏បារ៉ា ហ្វ៊ីស អ្នកវីភាគ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យ អ៊ីលលីណយស៏ បានចង្អុលបង្ហាញថា ទោះជាមិនមានពេលវេលាទទួលទានអាហារជុំគ្នាបានរាល់ថ្ងៃក៏ដោយ តែយ៉ាងហោច​ណាស់គួររៀបចំឲ្យបាន 3ដងក្នុងមួយសប្តាហ៏ សុខភាពដ៏ល្អទាំងកាយ និងចិត្តរបស់កុមារក៏អាចកើតមានឡើងបានដែរ ៕

  • 10ចំណុចគួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល

    10ចំណុចគួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល

    ឆាកអាពាហ៍ពិពាហ៍អាចជាឆាកបញ្ចប់ដ៏សែនមហា Happy តែសម្រាប់ជីវិតពិតវិញ ការរៀបការ ឬការយល់ព្រមរួមរស់នៅជាមួយគ្នាជាជីវិតគូ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការសាងក្រុមគ្រួសារប៉ុណ្ណោះ។ មនុស្សជាច្រើន ពេលនៅជាគូស្នេហ៍ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន តែពេលរៀបការ និងរស់នៅជាមួយគ្នាហើយ បែរជាជួបបញ្ហា និងរឿងរ៉ាវដ៏ច្រើន រហូតដល់ពេលខ្លះអាចធ្វើឱ្យជីវិតគូបាក់បែកដួលរលំក៏មាន។

    ថ្ងៃនេះ ឡារ៉ែនសូមរួបរួមយកចំណុចគួររិះគិតល្អៗដែលមនុស្សគ្រប់រូបអាចនាំយកទៅប្រើក្នុងជីវិតជាស្វាមី-ភរិយារបស់ខ្លួន ដើម្បីឱ្យគ្រួសារមានសេចក្ដីសុខសុភមង្គល មកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នា។

    1 . រៀនយល់ដឹងក្នុងការធ្វើជាអ្នកឱ្យ និងអ្នកទទួល

    នៅពេលយើងគិតថា នឹងរស់នៅជាជីវិតគូជាមួយនឹងនរណាម្នាក់ហើយ កុំនឹកសង្ឃឹមត្រឹមតែឱ្យគេមកស្រឡាញ់ និងធ្វើអ្វីដើម្បីយើងតែម្យ៉ាងនោះ តែយើងគួររៀនយល់ដឹងក្នុងការធ្វើជាអ្នកលះបង់ឱ្យគេខ្លះផង ធ្វើឱ្យគេមានសេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្តគ្នាទៅវិញទៅមក ផ្លាស់គ្នាធ្វើជាអ្នកឱ្យ និងអ្នកទទួល វានឹងធ្វើឱ្យមានអារម្មណ៍ល្អទាំងពីរនាក់ មិនមែនឱ្យនរណាម្នាក់ព្យាយាមលះបង់តែម្ខាងនោះទេ។

    2 . ស្មោះត្រង់នឹងគ្នា និងទុកចិត្តគ្នា

    សម្រាប់ជីវិតគូ ភាពស្មោះត្រង់ គឺជារឿងធំជាងគេបំផុត និងក្រៅពីយើងស្មោះត្រង់ចំពោះគ្នាហើយ គួរមានភាពជឿទុកចិត្តលើមនុស្សដែលយើងស្រឡាញ់ផង។ បើមានការមិនជឿទុកចិត្ត ឬប្រចែប្រចណ្ឌហួងហែងគ្នាខ្លាំងជ្រុលពេក វានឹងធ្វើឱ្យជីវិតគូមានតែបញ្ហា។

    3 . រៀនយល់ដឹង ទទួលស្គាល់ និងកែសម្រួលពីខ្លួនឯងជាមុន

    ទន្ទេញទុកជាប់ជានិច្ចថា យើងមិនអាចផ្លាស់ប្ដូរអ្នកដទៃបានទេ តែផ្លាស់ប្ដូរខ្លួនឯងបាន ដូច្នេះកុំសង្ឃឹមថា មនុស្សដែលយើងស្រឡាញ់នឹងកែសម្រួលខ្លួនគេដើម្បីយើង ឬត្រូវផ្លាស់ប្ដូរអ្វីៗដើម្បីឱ្យដូចតាមចិត្តយើងនោះ តែចូរយល់ដឹងពីអ្វីដែលជារូបគេ និងបើរកឃើញភាពផ្សេងគ្នាដែលច្រើនជ្រុលពេកនោះ ចូរសាកល្បងផ្លាស់ប្ដូរខ្លួនយើងជាមុនសិន។ បើទាំងសងខាងជួយគ្នាកែសម្រួលខ្លួនចូលរកគ្នាទៅវិញទៅមក នោះប្រាកដជានឹងអាចរស់នៅរួមគ្នាបានយ៉ាងរលូនមិនខាន។

    4 . ផ្ដល់កិត្តិយសចំពោះគ្នាទៅវិញទៅមកជានិច្ច

    មិនថាស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្រឡាញ់គ្នាមកយូរប៉ុនណាក៏ដោយ មនុស្សគ្រប់រូបនៅតែត្រូវការទីតាំងផ្ទាល់ខ្លួន និងចង់បានការផ្ដល់កិត្តិយសជានិច្ច។ ទោះជាស្វាមី-ភរិយានឹងគ្នាក៏ដោយ ក៏គួរតែទុកចន្លោះទំនេរមួយឱ្យគ្នាទៅវិញទៅមកដែរ កុំសង្កត់ ឬជិះជាន់មនុស្សដែលយើងស្រឡាញ់ ទោះជាគេមានឥរិយាបថថា ចុះញ៉មហើយក៏ដោយ និងកុំលូកលាន់កកូរកកាយគេគ្រប់តែរឿងនោះ ព្រោះវានឹងនាំមកនូវភាពទើសទាល់ធុញថប់ដល់មនុស្សដែលយើងស្រឡាញ់។

    5 . កុំភ្លេចនឹកដល់ពាក្យថា “ចិត្តយើង ចិត្តគេ”

    ទោះជាចង់ធ្វើអ្វី ឬប្រុងនិយាយអ្វីចេញទៅក៏ដោយ ចូរនឹកគិតជាប់ជានិច្ចថា បើសិនជារូបយើងវិញ នឹងមានអារម្មណ៍យ៉ាងណា? នោះយើងនឹងដឹងភ្លាមថា តើគួរធ្វើបែបនោះឬទេ?

    6 . នៅក្បែរជានិច្ច តែមិនកាន់ជើង

    គូស្នេហ៍ដែលល្អ គឺអ្នកដែលនៅក្បែរគ្នាជានិច្ច ទោះជាពេលមានបញ្ហាក៏ដោយ នៅផ្ដល់កម្លាំងចិត្ត មិនបន្ទោសបន្ថែម តែខណៈពេលជាមួយគ្នា ក៏ត្រូវចេះដាស់តឿន នៅពេលមើលឃើញថាខុស និងមិនត្រឹមត្រូវ មិនសមគួរ។ មិនមែនថា គេជាគូស្នេហ៍យើងហើយ ត្រូវតែកាន់ជើងគេគ្រប់រឿង គេធ្វើអ្វីក៏ត្រូវទាំងអស់នោះទេ ហើយការដាស់តឿននោះទៀតសោត គួរធ្វើឡើងតែពីរនាក់ស្ងាត់ៗ កុំបំបាក់មុខគូស្នេហ៍ដោយការស្រែកជេរបញ្ចោរគេនៅមុខអ្នកដទៃជាដាច់ខាត។

    7 . កុំប្រៀបធៀបគូស្នេហ៍របស់យើងជាមួយគូស្នេហ៍អ្នកដទៃ

    ប្រាកដណាស់ថា គ្មានអ្នកណាឥតខ្ចោះគ្រប់យ៉ាងនោះទេ ខ្លួនយើងក៏ដូចគ្នាដែរ ដូច្នេះកុំយកគូស្នេហ៍របស់យើងទៅប្រៀបធៀបជាមួយគូស្នេហ៍របស់អ្នកដទៃ កុំសរសើរថា ប្ដី(ឬប្រពន្ធ)របស់គេម្នាក់នោះល្អអ៊ីចេះ ល្អអ៊ីចុះ ព្រោះវានឹងក្លាយជាការបំបាក់អារម្មណ៍របស់មនុស្សដែលយើងស្រឡាញ់ខ្លាំងណាស់។

    8 . ពេលគេជាភ្លើង ចូរយើងធ្វើជាទឹក

    ប្រហែលជាគ្មានគូស្នេហ៍មួយគូណាដែលមិនធ្លាប់ឈ្លោះគ្នានោះទេ តែធ្វើយ៉ាងណា កុំឱ្យការឈ្លោះនោះក្លាយជាបញ្ហារីកធំឡើង។ នៅពេលឃើញថា គេកំពុងតែក្ដៅដូចភ្លើងហើយនោះ យើងគួរតែធ្វើចិត្តឱ្យត្រជាក់ និងស្ងប់នឹងជាងគេឱ្យបាន ព្រោះបើសិនជារឹតតែក្ដៅដាក់គ្នា នឹងរឹតតែនាំមកនូវបញ្ហាថែមឡើងប៉ុណ្ណោះ។

    9 . ឧស្សាហ៍បន្ថែមភាពផ្អែមល្ហែមក្នុងជីវិតគូ

    នៅពេលរស់នៅជាមួយគ្នាយូរៗទៅ គូខ្លះក៏ភ្លេចភាពផ្អែមល្ហែម រ៉ូមែនទិកដែលធ្លាប់មានឱ្យគ្នាកាលស្នេហ៍គ្រាដំបូងអស់ ដូច្នេះគួរតែមានពេលវេលាក្នុងការទៅធ្វើអ្វីៗជាមួយគ្នា ដូចជាទៅដើរលេងជាមួយគ្នា ឬមានកាដូធ្វើឱ្យភ្ញាក់ផ្អើលក្នុងឱកាសពិសេសៗខ្លះផង។ បបួលជជែកពីរឿងកាលដែលស្រឡាញ់គ្នាថ្មីៗ ឬនាំគ្នាទៅរំឭកអនុស្សាវរីយ៍នៅតាមទីកន្លែងផ្សេងៗដែលធ្លាប់បានទៅ នឹងធ្វើឱ្យសេចក្ដីស្នេហារីកស្រស់ឡើងវិញ។

    10 . បញ្ឈប់ការនឹករំពឹង ហើយស្រឡាញ់គ្នាយ៉ាងល្អបំផុត

    ការនឹករំពឹង មិនដែលធ្វើឱ្យជីវិតអ្នកណាមានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ សម្រាប់សេចក្ដីស្នេហាក៏ដូចគ្នាដែរ យើងមិនគួរនឹករំពឹងអ្វីជាមួយគូស្នេហ៍របស់យើងខ្លាំងជ្រុលពេកទេ ព្រោះវានឹងធ្វើឱ្យគេទើសទាល់ ហើយខ្លួនយើងក៏នឹងមានទុក្ខ បើសិនជាមិនបានដូចការនឹករំពឹង។

    «ជីវិតមនុស្សយើងគ្រប់ៗគ្នាសុទ្ធតែរាប់ពេលវេលាថយក្រោយដូចគ្នារាល់ថ្ងៃ ដូច្នេះ ចូរស្រឡាញ់គ្នាឱ្យបានល្អបំផុតរៀងរាល់ថ្ងៃ»