Author: ធឿន មករា

  • ដើមហេតុនៃការប្រព្រឹត្តរបស់ក្មេង ស្ថិតនៅលើការចិញ្ចឹមមើលថែរបស់អាណាព្យាបាល

    ដើមហេតុនៃការប្រព្រឹត្តរបស់ក្មេង ស្ថិតនៅលើការចិញ្ចឹមមើលថែរបស់អាណាព្យាបាល

    ការចិញ្ចឹមក្មេងៗ ឬកូនៗឱ្យពេលធំឡើងក្លាយជាមនុស្សដែលក្រុមគ្រួសារនឹកសង្ឃឹមចង់បាន នាពេលបច្ចុប្បន្ននេះ បានក្លាយជារឿងមួយលំបាកគួរសមដែរ ព្រោះដោយសារតែបច្ច័យខាងសង្គមចាប់ផ្តើមផ្លាស់ប្តូរ​ ហើយការប្រព្រឹត្ត ឬទង្វើរបស់ក្មេងនាពេលបច្ចុប្បន្ន ក៏ចាប់ផ្តើមមានការយកតម្រាប់តាមស្ថានភាព និងអ្វីៗជុំវិញខ្លួនកាន់តែខ្លាំងឡើងដែរ។ លេខនេះ ឡារ៉ែនមានបច្ច័យសំខាន់ៗមួយចំនួនដែលហុចផលដល់ការប្រព្រឹត្ត ឬទង្វើរបស់កូនៗនាពេលអនាគតមកជម្រាបជូនដូចខាងក្រោម ៖

    • ក្រុមគ្រួសារ : ធ្លាប់បានឮដែរឬទេថា ក្រុមគ្រួសារយ៉ាងម៉េច ការប្រព្រឹត្ត ឬទង្វើរបស់កូនតូចភាគច្រើនក៏នឹងមានលក្ខណៈស្រដៀងយ៉ាង​នោះ​ដែរ ដូច្នេះបើយើងចង់ឱ្យកូនរបស់យើងមានការប្រព្រឹត្តដែលល្អ យើងគួរចាប់ផ្តើមចេញពីស្ថាប័នគ្រួសារជាមុនសិន។ ចាប់ផ្តើមពីខ្លួនយើង(អាណាព្យាបាល ឬឪពុកម្ដាយ) ត្រូវធ្វើជាគំរូដ៏ល្អដល់កូន និងនៅចាំអប់រំប្រដែប្រដៅឱ្យស្គាល់ពីអ្វីដែលល្អ​ និងមិនល្អ​ មានពេលវេលាជជែកលេងជាមួយកូនឱ្យបានញឹកញាប់ ព្រមទទួលស្គាល់នូវគំនិតយោបល់របស់កូន…តែប៉ុណ្ណឹងកូននឹងមានអារម្មណ៍កក់ក្តៅ និងមានការប្រព្រឹត្តល្អៗតបស្នងមកយើងវិញជាមិនខាន ។
    • ស្ថានភាពជុំវិញខ្លួន និងសង្គម : យើងមិនអាចជ្រើសរើសឱ្យកូនៗរស់នៅក្នុងស្ថានភាពជុំវិញខ្លួន និងសង្គមដែលល្អៗតាមដែលចិត្តយើងចង់បាន​នោះទេ តែយើងអាចជ្រើសរើសក្នុងការបង្ហាត់បង្រៀន និងបណ្តោយឱ្យកូនរៀនយល់ដឹងជាមួយស្ថានភាពសង្គមបាន ដោយមិនកៀបសង្កត់ ឬកម្រិតដែនយល់ដឹងរបស់កូនឡើយ តែត្រូវអធិប្បាយពន្យល់ពីរឿងរ៉ាវដែលកូនបានជួប បានឃើញនូវការប្រព្រឹត្តផ្សេងៗនៅពេលដែលកូនចេញទៅខាងក្រៅទាំងនោះ​ឱ្យ​កូន​​បាន​​​​​យល់។ មិនគួរបដិសេធនឹងសំណួរកូនឡើយ តែគួរមានចម្លើយដ៏ល្អៗទៅកូនវិញទើបជាការប្រសើរ។
    • រឿងភាគក្នុងទូរទស្សន៍ : យើងអាចបង្ហាត់បង្រៀនពីការប្រព្រឹត្ត ឬទង្វើល្អៗដល់កូនបានគ្រប់ពេលវេលា សូម្បីតែពេលអង្គុយមើលរឿងភាគក្នុងទូរទស្សន៍ ក៏យើងអាចឱ្យកូនៗរៀនយល់ដឹងជាមួយយើងបានដូចគ្នាដែរ។ ក្នុងអំឡុងពេលមើលខ្សែភាពយន្ត ឬរឿងភាគ យើងគួរតែ​អធិប្បាយពន្យល់ពីការប្រព្រឹត្ត និងទង្វើរបស់អ្នកសម្ដែងក្នុងសាច់រឿងឱ្យកូនបានយល់ និងដឹងថា អ្វីជារឿងល្អ-មិនល្អ អ្វីគួរធ្វើ និងមិនគួរធ្វើ ដើម្បីកុំឱ្យកូនយក​តម្រាប់តាមការប្រព្រឹត្ត និងទង្វើមិនល្អដែលកូនមើលឃើញទាំងនោះ។

    ទោះយ៉ាងណាស្ថាប័នគ្រួសារក៏នៅតែជាបច្ច័យសំខាន់ក្នុងការបង្ហាត់បង្រៀន និងកំណត់ទិសដៅដល់កូនរបស់យើងឱ្យក្លាយជាមនុស្សល្អបានដែរ វាស្ថិតនៅលើការជ្រើសរើសអប់រំប្រដៅ ការនិយាយស្តី និងការធ្វើឱ្យកូនបានយល់ដឹងកាន់តែច្រើនឡើង ដើម្បីកុំឱ្យកូនមានអារម្មណ៏ថា រូបគេឯកោ ឬឪពុកម្តាយមិនយកចិត្តទុកដាក់ ព្រោះរឿងនេះអាចនឹងក្លាយជាចំណុចអន់មួយរបស់ក្មេងនៅពេលអនាគតបាន៕

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? (ភាគ1)

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? (ភាគ1)

    ខាងក្រោមនេះ ជាលក្ខណៈរបស់នារីនៅលីវ 12បែបដែលនឹងបង្ហាញឱ្យអ្នកមើលឃើញថា តើខ្លួនអ្នក ជានារីនៅលីវក្នុងស្ទីលណាមួយ?

    1 . ជាកញ្ញារ៉ូមែនទិក

    អ្នកនឹងមិនខកខានទស្សនាខ្សែភាពយន្តប្រភេទរ៉ូមែនទិកខំមេឌីមួយរឿងណាឡើយ ហើយពេលនេះក៏កំពុងតាមរកស្នេហាពិត ដូចជាគូរបស់ អ៊ែលលី និងណូអាហ៍ក្នុងខ្សែភាពយន្តរឿង The Notebook​ ដែរ។ អ្នកនឹងបានដឹងភ្លាមតែម្ដងថា គេម្នាក់នោះគឺជាបុរសក្នុងក្ដីសុបិនរបស់អ្នក បើគេប្រគល់ក្ដីស្នេហ៍ ការយកចិត្តទុកដាក់ និងវត្ថុអនុស្សាវរីយ៍ជូនអ្នកយ៉ាងសន្ធឹកសន្ធាប់ ខណៈពេលកំពុងខ្សិបពាក្យពេចន៍ដ៏ពីរោះនៅក្បែរត្រចៀកក្នុងអំឡុងពេលដែលអ្នកទាំងគូកំពុងញ៉ាំអាហារពេលល្ងាចនៅពីមុខផ្ទាំងទឹកជ្រោះធ្លាក់ដែលគេរៀបចំទុកជាមុន ព្រមជាមួយវង់តន្រ្តីដែលអ្នកជួលមកកំពុងប្រគំបទភ្លេងសំណព្វចិត្តរបស់អ្នក។ អូ…ពិតជាវិសេសមែន!។

    មិនចម្លែកឡើយដែលអ្នកនឹងស្រមើស្រមៃរកភាពរ៉ូមែនទិកពីមនុស្សប្រុសណាម្នាក់ តែកុំភ្លេចថា មនុស្សប្រុសនៅក្នុងជីវិតពិត គ្មានផ្លូវដូច រ៉ៃអាន់ ហ្កស្ល៊ីង ក្នុងខ្សែភាពយន្តឡើយ។

    2 . ជាកញ្ញាប៉ឹនសង្ស័យ និងប្រយ័ត្ន

    អ្នកមិនមែនជាមនុស្សល្ងង់ អ្នកជាមនុស្សដែលមានបទពិសោធជោកជាំ ហើយម៉ាស៊ីនចាប់ភាពកំហុសរបស់អ្នកក៏ច្បាស់ដូចថ្ងៃទៀត!(ប្រហែលជាត្រូវបានសាងឡើងដោយអង្គការណាសា)…។ នៅពេលអ្នកជួបមនុស្សប្រុស អ្នកនឹងមិនបង្ហាញអាកប្បកិរិយាអ្វីចេញមកភ្លាមៗនោះទេ តែនឹងសន្និដ្ឋានទុកជាមុនថា គេម្នាក់នោះគឺ អាល្ងង់ម្នាក់ រួចហើយសឹមស្វែងរកចំណុចមកពិសោធតាមក្រោយថា មិនមែនទេ។ អ្នកធ្លាប់ខកស្នេហ៍ និងគ្មានថ្ងៃបណ្ដោយឱ្យវាកើតឡើងម្ដងទៀតឡើយ។

    ពិតហើយ ដែលយើងត្រូវតែពិសោធថា តើបុរសម្នាក់នោះមានតម្លៃគ្រប់គ្រាន់ឬទេ? មុននឹងបណ្ដោយឱ្យគេដើរចូលមកក្នុងជីវិត…តែការខ្លាច ឬប្រយ័ត្នខ្លាំងជ្រុលពេក អាចក្លាយក្លាយជាការរារាំង ឬកាត់បន្ថយឱកាសរបស់ខ្លួនឯង…ដូច្នេះចូរបើកចិត្តឱ្យទូលាយ និងប្រើឱកាសនោះឱ្យបានល្អបំផុត។

    3 . ជាកញ្ញាមហារើស

    អ្នកប្រៀបដូចជាគ្រាប់បែកដ៏ក្ដៅគគុក និងមានមន្តស្នេហ៍ ដែលប្រាកដណាស់ថា អ្នកច្បាស់ជាបានទទួលការចាប់អារម្មណ៍ពីកំលោះៗជាច្រើន…តែបើគេមិនធ្វើតាមអ្វីដែលអ្នកទាមទារ ដែលវាកាន់តែច្រើនឡើងជារឿយៗនោះ ធានាថា អ្នកត្រៀមកៀរគេទម្លាក់ចោលមិនខាន។ មិត្តភក្តិរបស់អ្នកធ្លាប់ប្រាប់ថា អ្នករឿងច្រើនណាស់ តែអ្នកបដិសេធយ៉ាងដាច់អហង្ការ អ្នកអះអាងថា អ្នកមានស្តង់ដារបស់អ្នក(ក្នុងការរើសមនុស្សប្រុសមកធ្វើជាគូ)។

    ចូរចាំទុកថា ស្នេហាគឺជាការផ្សងព្រេង មិនអាចស្មានអ្វីទុកមុនបានឡើយ ដូច្នេះពេលមាននរណាម្នាក់ដើរចូលមក តែមិនបានដូចនឹងអ្វីដែលអ្នកនឹករំពឹងទុកទាំងអស់នោះ ចូរហែកស្តង់ដារបស់អ្នកចោលសិនទៅ ហើយពិចារណាពីបុរសម្នាក់នោះជាចំណុចៗ ទៅប្រសើរជាង មិនដូច្នោះទេ អ្នកអាចនឹងខកខានបទពិសោធអ្វីម្យ៉ាងដែលគួរឱ្យស្ងើច រួមទាំងគេម្នាក់នោះអាចជាបុរសក្នុងក្ដីសុបិនរបស់អ្នកផង ក៏អាចថាបានដែរ។

    4 . ជាកញ្ញាអ្នកស្នេហាមិនរើសមុខ

    អ៊ូយស្លាប់ហើយ! នេះវាមិនមែនជារឿងការស្វែងរកបុរសក្នុងក្ដីសុបិនមិនឃើញទេណា! តែជារឿងដែលអ្នកចូលចិត្តគ្រប់តែបុរសទាំងអស់តែម្ដង។ បុរសម្នាក់នេះគួរឱ្យធុញទ្រាន់ តែយ៉ាងហោចណាស់ ក៏គេសង្ហាដែរណា៎ ឬបុរសម្នាក់នោះ គ្មានកើតជាការអីទាំងអស់ តែយ៉ាងហោចណាស់ក៏ស្រួលនិយាយគ្នា។ មិត្តភក្តិរបស់អ្នកគិតថា អ្នកជាមនុស្សចម្លែកដែលគ្មានកំណត់លក្ខណសម្បត្តិរបស់មនុស្សប្រុស និងប្រាប់ថា អ្នកគ្មានស្តង់ដា តែអ្នកគ្មានខ្វល់អ្វីបន្តិចសោះឡើយ ថែមទាំងគិតថា មិត្តភក្តិគេច្រណែននឹងអ្នកទៀតផង…។

    ការបើកចិត្ត គឺជារឿងល្អ តែការបើកធំទូលាយធំជ្រុលពេក ក៏មិនកើតដែរ អ្នកគួរផ្ដល់ពេលវេលាឱ្យខ្លួនឯងចំពោះការសេពគប់នឹងនរណាម្នាក់ ដើម្បីសង្កេតមើលថា ការពិតទៅ តើអ្នកត្រូវការអ្វីពិតប្រាកដ? ហើយជឿចុះ តែបន្តិចទៅ អ្នកនឹងក្លាយខ្លួនជានាងកញ្ញាមហារើសជាមិនខាន។

    5 . ជាកញ្ញាមហាខ្លាច

    អ្នកក៏ស្រដៀងៗនឹងកញ្ញាអ្នកស្នេហាមិនរើសមុខដែរ គឺជជែក ឬសេពគប់ជាមួយអ្នកណាក៏បាន តែហេតុផលរបស់អ្នកនឹងខុសប្លែកពីគេ។ អ្នកធុញទ្រាន់ក្នុងការទៅដើរលេងជាមួយមនុស្សប្រុស តែក៏ខ្លាចថានឹងត្រូវនៅ(លីវ)ម្នាក់ឯងដែរ។ អ្នកត្រូវតែមាននរណាម្នាក់នៅជាមួយជាប់រហូត មិនដូច្នោះទេ អ្នកក៏ត្រូវគេងមើលរឿងភាគស្នេហាអន់ៗយ៉ាងកណ្ដោចកណ្ដែងព្រមជាមួយនំ 1កញ្ចប់ធំ…ដំណោះស្រាយដែលអ្នកធ្វើ ក៏គឺខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការស្វែងរកនរណាម្នាក់មកកំដរកាយ…។

    អ្នកត្រូវតែបោះចោលការគិតពាក់ព័ន្ធនឹងការស្វែងរកគូដើរលេងកម្សាន្ត និងរឿងមនុស្សប្រុសចេញពីខួរក្បាលមួយរយៈ ហើយរស់នៅឱ្យសប្បាយរីករាយ ឈប់បង្ខំខ្លួនឯង និងថយមកក្រោយវិញ 1ជំហាន គ្រវាត់សម្ពាធផ្លូវចិត្តចោល ហើយចេញទៅដើរលេងជាមួយបុរសណាម្នាក់ដែលអ្នកគិតថាអូខេ នោះអ្នកនឹងត្រឡប់មករីករាយជាថ្មីម្ដងទៀតមិនខាន។

    6 . ជាកញ្ញាដែលជឿលើជោគជតា

    អ្នកគ្រប់គ្រាន់ហើយជាមួយខ្សែភាពយន្តស្នេហារ៉ូមែនទិក ព្រោះវាធ្វើឱ្យអ្នកមួម៉ៅ ព្រោះអ្នកបានដឹងហើយថា ស្នេហាវាហេងស៊យប៉ុនណា…អ្នកសាកល្បងហើយ តែវាមិនបានជោគជ័យ ចុងក្រោយអ្នកបានត្រឹមតែប្រើវិធីងាយៗសប្បាយៗនៅក្នុងបន្ទប់គេងរបស់ខ្លួនឯង និងបណ្ដោយខ្លួនតាមសប្បាយ។ អ្នកគិតថា ពួកមនុស្សទាំងអស់នោះស្រឡាញ់គ្នា តែឆាកចុងក្រោយ បន្តិចទៅក៏គង់តែត្រូវលែងលះគ្នា…យើងគ្រាន់តែមិនត្រូវការឱ្យខ្លួនឯងមានអារម្មណ៍លំបាកវេទនាជាមួយស្នេហាខ្លាំងជាងហ្នឹងទៀតតែប៉ុណ្ណោះ។

    ការត្រូវគេបដិសេធ ការខកស្នេហ៍ អ្វីៗទាំងឡាយទាំងពួងនោះ គឺជារឿងពិបាក លទ្ធផលតបស្នងអាចនឹងមិនសមនឹងតម្លៃ តែវាមិនមែនមានន័យថា ឱ្យអ្នកចុះចាញ់នោះទេ។ អ្នកមិនដឹងថាដោយសារតែអ្នកនៅមិនទាន់ជួបមនុស្សដែលត្រូវការឬយ៉ាងណានោះទេ តែពេលថ្ងៃមួយនោះមកដល់ អ្នកនឹងបានយល់ថា ហេតុអីបានវាសមនឹងតម្លៃ? ដូច្នេះឈប់ឆ្កួតឡប់! ហើយត្រឡប់មកតស៊ូជាថ្មីម្ដងទៀត។

    (នៅមានត)

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • Van Dijk របួស ហើយ Salah ឆ្លង​កូ​វីដ-19 ធ្វើឱ្យ Klopp ក្រពុលមុខ​ខ្លាំង

    Van Dijk របួស ហើយ Salah ឆ្លង​កូ​វីដ-19 ធ្វើឱ្យ Klopp ក្រពុលមុខ​ខ្លាំង

    ក្លិប​បាល់ទាត់ Liverpool ដែល​កំពុងតែ​ឈរ​នៅ​លេខ2 នៃ​តារាង​ពិន្ទុ English Premier League អាច​ជួបនឹង​គ្រោះអាក្រក់ ព្រោះ​កីឡាករល្អៗកំពុង​តែមាន​បញ្ហា ស្រប​ពេលដែល​សប្តាហ៍​ក្រោយនេះ នឹងត្រូវ​ជួប​ជាមួយនឹង Leicester City នៅក្រៅ​ទឹកដី​ទៀតផង។

    ថ្មីៗនេះ ខ្សែប្រយុទ្ធ Mahamed Salah របស់​ក្លិប​បាល់ទាត់ Liverpool ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប​ប្រកាសថា វិជ្ជមាន​កូ​វីដ-19 ខណៈពេលដែល​រូបគេ បានមក​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​ពាន Africa Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ Togo។

    គួរឱ្យ​ដឹង​ដែរ​ថា នេះ គឺជា​ដំណឹង​អាក្រក់​មួយ សម្រាប់​ការ​សម្រាក​រយៈពេល​ខ្លី របស់ Liverpool ខណៈដែល​លោក Klopp កំពុងតែ​ក្រពុលមុខ​រឿង​កីឡាករល្អៗរងរបួស​ផង ដែលមាន​ដូចជា ខ្សែការពារ Virgil van Dijk និង Joe Gomez៕

  • ស្មា​ត​ហ្វូ​ន​ថ្មី Honor ចេញ​ថ្មី ដូច Huawei nova 8 SE បេះបិទ តម្លៃ​ជាង 350ដុល្លារ

    ស្មា​ត​ហ្វូ​ន​ថ្មី Honor ចេញ​ថ្មី ដូច Huawei nova 8 SE បេះបិទ តម្លៃ​ជាង 350ដុល្លារ

    ក្រុមហ៊ុន​ចិន 2 គឺ Huawei និង Honor ត្រូវបាន​គេ​ដឹងថា ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ជា​យូរ​ឆ្នាំ​មកហើយ។ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​គឺ ម៉ូ​ដែល Nova របស់ Huawei តាំងពី​ជំនា​ន់ទី1 មក មាន​បំពាក់​លក្ខណសម្បត្តិ និង​រូបរាង​ខាងក្រៅ ស្ទើរតែ​ដូចគ្នា​បេះបិទ។

    ជាក់ស្ដែង​ម៉ូ​ដែល nova 8 SE របស់ Huawei ហាក់​ដើរ​តាម​គន្លង​ចាស់​ដដែល ព្រោះ​ដូចគ្នា​នឹង​ស្មា​ត​ហ្វូ​ន Honor ដែល​កំពុង​ត្រៀម​ប្រកាស​ចេញ​ដែរ។ សម្រាប់​តម្លៃ nova 8 SE គឺ​ខ្ទង់ 390ដុល្លារ ខណៈដែល Honor មានតម្លៃ​ប្រមាណ​តែ 350ដុល្លារ​ប៉ុណ្ណោះ។

    ស្មា​ត​ហ្វូ​ន​នេះ បំពាក់​អេក្រង់ 6អ៊ិ​ញ ឆក​បន្តិច ម៉ូដ​ដំណក់ទឹក ប្រភេទ OLED កម្រិត 60Hz refresh rate ។ វា​ចេញមក​ជាមួយនឹង​ឆ្នាំង​សាក ល្បឿន​លឿន 66W fast charging អាចបំពេញ​ថ្ម​ទំហំ 3800 mAh ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

    ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​កាមេរ៉ា​មុខ ១គ្រាប់ លេន​ស៍ 16MP។ កាមេរ៉ា​ក្រោយ ៤គ្រាប់ (64MP + 8MP + 2MP + 2MP) ផលិត​រូបភាព និង​វីដេអូ បាន​កម្រិត​មធ្យម តែ​អាច​ទទួលយកបាន៕

  • Oppo Inno Day 2020 នឹង​ធ្វើឡើង​ថ្ងៃទី17 ខែ​នេះ​ត្រៀម​បញ្ចេញ​បច្ចេកវិទ្យា​ឆ្នាំង​សាក​ធំជាងគេ 125W

    Oppo Inno Day 2020 នឹង​ធ្វើឡើង​ថ្ងៃទី17 ខែ​នេះ​ត្រៀម​បញ្ចេញ​បច្ចេកវិទ្យា​ឆ្នាំង​សាក​ធំជាងគេ 125W

    Oppo Inno Day 2020 ជា​កម្មវិធី​ធំ​មួយ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ នៅ​ប្រទេស​ចិន ផ្សាយ​ផ្ទាល់​លើ​អន​ឡាញ។ កម្មវិធី​នេះ ក្រុមហ៊ុន​នឹងធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​ឆ្នាំមុន ដែល​ធ្លាប់​ប្រកាស​ចេញ គំរូ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ​បង្កប់​ក្រោម​អេក្រង់, កាស AR និង​ឧបករណ៍ 5G router ។

    ដោយឡែក​ឆ្នាំនេះ​វិញ Oppo អាច​នឹង​បង្ហាញ​ចេញ​សមិទ្ធផលថ្មីៗបន្ថែមទៀត​ដូចជា គំរូ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់, គំរូ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ​បង្កប់​ក្រោម​អេក្រង់ ជំនា​ន់ទី ២ បច្ចេកវិទ្យា​កាមេរ៉ា 100x Digital Zoom និង​បច្ចេកវិទ្យា​ឆ្នាំង​សាក​ឥត​ខ្សែ​ធំជាងគេ​ដល់​ទៅ 65 W និង 125W (វ៉ា​ត់) ជំនាន់​ថ្មី​មួយ​ប្រភេទ​ទៀត។

    រំ​ឮ​ក​ជូន​ដែរ​ថា Oppo ធ្លាប់​ប្រកាស​ចេញ​ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន 125 W Flash Charge ម្ដង​រួចហើយ កាលពី​ខែសីហា ២០២០ កន្លងទៅ។ ឆ្នាំង​សាក​នោះ​មាន​សមត្ថភាព​បំពេញ​ថ្ម​ទំហំ 4000 mAh ត្រឹមតែ ២០ ប៉ុណ្ណោះ៕

  • ចន្ថាប៊ីន ស្វែងរកក្លិបដែលល្អ សម្រាប់ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ ខណៈទើបចាកចេញពី ក្លិបលីគកំពូលម៉ាឡេស៊ី

    ចន្ថាប៊ីន ស្វែងរកក្លិបដែលល្អ សម្រាប់ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ ខណៈទើបចាកចេញពី ក្លិបលីគកំពូលម៉ាឡេស៊ី

    កីឡាករ​ខ្សែបម្រើ​ការពារ របស់​ក្លិប Perak FA ដែលជា​ក្លិប​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី បានប្រកាស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​គ​របស់ខ្លួន ដោយមាន​ពាក្យ​អរគុណ និង​លា​ក្រុម​ជាទី​ស្រឡាញ់​របស់គេ ដែល​មានន័យថា រូបគេ​នឹងត្រូវ​ចាក​ចេញពី​ក្លិប​នេះ នៅ​រដូវ​កាល2021 ខាងមុខ​នេះហើយ។

    កីឡាករ ធា​រី ចន្ថា​ប៊ី​ន មិនទាន់បាន​ប្រកាស​អំ​ពី​ក្លិប​ថ្មី​របស់ខ្លួន​នៅឡើយ​ទេ ដោយបាន​បញ្ជាក់ថា គេ​កំពុងតែ​ចរចា​ជាមួយនឹង​ក្លិបផ្សេងៗទៀត ដែល​បាន​ទាក់ទង​មក​គេ ដែលមាន​ដូចជា លី​គ​កំពូល​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ជាដើម។

    ទោះបីជា​យ៉ាងណាក្តី កីឡាករ​កូនកាត់​ខ្មែរ-បារាំង​ខាងលើ បានប្រកាស​ជំហរ​ថា រូបគេ​នឹង​រក​ជម្រើស​ណា ដែល​ល្អ​សម្រាប់​គ្រួសារ និង​ខ្លួនគេ​ផ្ទាល់ ទោះបីជា​ក្លិប​នៅ​លី​គ​ណាក៏ដោយ ឱ្យ​តែមាន​ភាពងាយស្រួល​សម្រាប់​គេ គេ​នឹង​ពិចារណា…៕

  • 14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ3)

    14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ3)

    5 . បើយើងមិនជួបគ្នា តើមានដែលគិតទេថា ពេលនេះអ្នកនឹងនៅទីណា?

    តើគេនឹងជួបរឿងជោគជ័យខ្លាំងជាងនេះទេ? តើគេសោកស្ដាយ ឬគេគិតថា ខ្លួនឯងគួរតែទៅមុខបានល្អជាងនេះដែរទេ បើមិនជួបអ្នក? នេះអាចក្លាយជាបទសន្ទនាដែលធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នកទាំងពីររីកធំធាត់ទៅជាមួយគ្នា ឬអាចនឹងជាកំពែងរារាំងសម្ព័ន្ធភាពដែលត្រូវឈានរំលងវាទៅឱ្យបាន?6

    6 . បើកាត់រឿងរូបរាងមុខមាត់ចេញ តើនឹងនៅសល់អ្វីខ្លះក្នុងសម្ព័ន្ធភាពរបស់យើង?

    សម្ព័ន្ធភាពស្នេហ៍មិនមែនមានតែរឿងសិចម្យ៉ាងនោះទេ បើរូបអ្នក និងមនុស្សពិសេសរបស់អ្នកមិនអាចជជែកគ្នាពីរឿងផ្សេងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះបាន នោះគឺជាបញ្ហាហើយ ព្រោះអ្នកគួរតែជជែកនិយាយជាមួយគេបានគ្រប់រឿងរ៉ាវ មិនមែនត្រឹមតែរឿងសិចនោះទេ យល់?

    សូមរង់ចាំអានភាគបន្ត..

  • តើការទម្លាក់ព្រូន ចាំបាច់ដែរឬទេ? និងតើអ្នកណាត្រូវធ្វើខ្លះ?

    តើការទម្លាក់ព្រូន ចាំបាច់ដែរឬទេ? និងតើអ្នកណាត្រូវធ្វើខ្លះ?

    តើមានធ្លាប់ចំអន់មិត្តភក្តិដែលមានរូបរាងស្គមៗ តែញ៉ាំច្រើនថា “កើតព្រូនច្រើន” រួចហើយដេញគេឱ្យទៅទម្លាក់ព្រូនចេញខ្លះដែរទេ? ឬមួយក៏លោកអ្នកខ្លួនឯងហ្នឹងឯងដែលអាចត្រូវមិត្តភក្តិប្រាប់បែបនោះ?។ ការពិតទៅ រឿងការញ៉ាំច្រើន តែមិនធាត់នេះ វាអាស្រ័យលើការដុតបំផ្លាញរបស់រាងកាយរបស់មនុស្សម្នាក់ៗ មិនមែនដោយសាររឿងព្រូនតែម្យ៉ាងនោះទេ តែបើនិយាយអំពីការទម្លាក់ព្រូនវិញ តើលោកអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលគួរទម្លាក់ព្រូនចេញខ្លះដែរទេ? និងតើត្រូវទម្លាក់ញឹកញាប់ប៉ុនណា?។

    នាំគ្នាមកពិនិត្យមើលតាមរយៈព័ត៌មានពីគ្រូពេទ្យជំនាញទាំងអស់គ្នាវិញប្រសើរជាង…។

    តើគួរទម្លាក់ព្រូន 1ឆ្នាំ 1ដង និងចាំបាច់ឬទេ?

    សំណួរនេះមានអ្នកសួរគ្នាញឹកញាប់ណាស់ថា តើវាចាំបាច់ឬទេដែលត្រូវទម្លាក់ព្រូន 1ឆ្នាំ 1ដង?

    1.ការណែនាំរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា នៅក្នុងទីកន្លែងដែលមានការឆ្លងរាលដាលរបស់សត្វព្រូនចូលមកក្នុងខ្លួនមនុស្សតាមដី គួរទម្លាក់ព្រូនក្នុង 1ឆ្នាំ 1ដង បើសិនជាមានភាពសម្បូររបស់សត្វនេះក្នុងកម្រិត 20-50%។ 2ដង បើសិនជាភាពសម្បូររបស់សត្វនេះក្នុងកម្រិតច្រើនជាង 50%។

    ព្រូនដែលចម្លងបានតាមរយៈដីកខ្វក់ មានដូចជា ព្រូនតម្ពក់ អៀន ព្រូនតេនញ៉ា និងព្រូនជន្លេន។

    1. ការចូលចិត្តញ៉ាំអាហារមិនឆ្អិន ឬឆៅ តើត្រូវទិញថ្នាំទម្លាក់ព្រូនមកញ៉ាំ 1ឆ្នាំ 1ដងដែរទេ?

    អ្នកខ្លះចូលចិត្តញ៉ាំសាច់សត្វឆៅៗ ហើយភ័យខ្លាចកើតព្រូននៅក្នុងថ្លើម នៅក្នុងបំពង់ទឹកប្រមាត់ នៅក្នុងសាច់ដុំ ទើបសួរថា តើត្រូវទៅទិញថ្នាំទម្លាក់ព្រូនពីឱសថស្ថានមកញ៉ាំ 1ឆ្នាំ 1ដង ល្អដែទេ?

    ត្រូវសួរទៅវិញថា ទិញថ្នាំអី? និងញ៉ាំប៉ុន្មានថ្ងៃ? ហើយធ្វើម៉េចនឹងដឹងថា ជា ឬមិនជា?

    គឺ បើជាព្រូនខ្លួនមូលនៅក្នុងប្រព័ន្ធរំលាយអាហារ ពេលព្យាបាលមិនគ្រប់ចំនួន មិនបាត់ តែចំនួនព្រូនមិនច្រើន ក៏ច្រើនតែមិនបង្កជាជំងឺធ្ងន់ធ្ងរទេ។ តែបើមានព្រូននៅក្នុងអវយវៈផ្សេងទៀត ដូចជាព្រូននៅក្នុងថ្លើម ពេលព្យាបាលមិនបាត់ វានឹងមានផលប៉ះពាល់រយៈពេលវែង ដែលបើមិនពិនិត្យលាមកទេ គឺពិបាកនឹងប្រាប់ថា ជាហើយឬនៅណាស់។

    ដូច្នេះ គួរតែទៅជួបលោកគ្រូពេទ្យពិភាក្សាគ្នាជាមុន ប្រហែលជាប្រសើរជាង…។

    វិធីដែលល្អ ឡារ៉ែន ចង់ណែនាំថា ត្រូវកាត់បន្ថយភាពប្រថុយប្រថានក្នុងការកើតព្រូនដោយការចៀសពីការញ៉ាំអាហារស្ទើរឆៅស្ទើរឆ្អិន និងជ្រើសរើសវត្ថុធាតុដើមក្នុងការផ្សំ និងចម្អិនអាហារដែលស្អាត មានគុណភាព មានអនាម័យ និងពាក់ស្បែកជើងជាប់ជានិច្ចពេលដើរនៅលើដីដែលកខ្វក់៕

  • មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

    មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

    សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត?

    ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។

    តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌?

    អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។

    ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។

    ជួនកាល វាគ្រាន់តែជាការព្យាយាមរកការអធិប្បាយណាមួយពាក់ព័ន្ធនឹងអាការខាងរាងកាយដែលកំពុងកើតឡើង ដូចជាមានស្រ្តីមួយចំនួនដែលកើតអាការរបស់ការតាំងគភ៌ តែបែរជាគិតថា បណ្ដាលមកពីហេតុផលផ្សេងៗ ដូចជាអាការមុនពេលមានវដ្ដរដូវ ឬកើតគ្រុនផ្ដាសាយធំទៅវិញ តែការអធិប្បាយពីអាការរបស់ការតាំងគភ៌ដោយអាការផ្សេងៗនោះ គឺជារឿងដែលប្រក្រតី និងអាចធ្វើឱ្យកើតក្ដីកង្វល់បាន។

    ស្រ្តីមានគភ៌ម្នាក់ទៀតបាននិយាយថា “ខ្ញុំមានអារម្មណ៍នឿយល្វើយខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនបានធ្វើការងារធ្ងន់ជាងប្រក្រតីទេ តែបែរជាមានអារម្មណ៍ថា ងងុយគេងខ្លាំងជាងប្រក្រតី។ ពេលខ្ញុំសួរគ្រូពេទ្យពាក់ព័ន្ធនឹងការដែលខ្ញុំគ្មានកើតអាការរបស់ការតាំងគភ៌សោះ ហើយយើងចាប់ផ្ដើមជជែកគ្នាអំពីអាការផ្សេងៗដែលខ្ញុំកើតមាននោះ ពេទ្យប្រាប់ថា ស្រ្តីមានគភ៌ម្នាក់ៗតែងមានអាការខុសប្លែកពីគ្នា និងមិនចាំបាច់ទៅកង្វល់ច្រើនឡើយ បើខ្ញុំគ្មានកើតអាការអ្វីសោះនោះ”

    តើអ្នកគួរធ្វើយ៉ាងណា បើសិននៅតែមានអារម្មណ៍កង្វល់?

    អ្នកមិនចាំបាច់ត្រូវកង្វល់ជាមួយនឹងការដែលគ្មានកើតអាការរបស់ការតាំងគភ៌នោះទេ។ មានស្រ្តីមានគភ៌ជាច្រើននាក់ដែលគ្មានការប្រែប្រួលកើតឡើងសោះ និងមានអារម្មណ៍សុខសប្បាយល្អធម្មតា។ ក្នុងពេលជាមួយគ្នា អ្វីដែលអ្នកគួរកង្វល់នោះគឺ បើសិនជាអាការទាំងនោះបាត់ទៅវិញយ៉ាងឆាប់រហ័សក្នុងអំឡុងត្រីមាសទី1 ដែលវាអាចជាការបញ្ជាក់ប្រាប់ថា មានការថយចុះរបស់អ័រម៉ូនដែលបង្ហាញអំពីភាពខុសប្រក្រតីរបស់ការតាំងគភ៌។ បើអ្នកមានអាការដាស់តឿនខុសប្រក្រតីអ្វីម្យ៉ាងរបស់ការតាំងគភ៌ គួរទូរស័ព្ទរកគ្រូពេទ្យអ្នកពិនិត្យគភ៌ ឬបើមានចំណុចសង្ស័យ​អ្វីម្យ៉ាង គួរទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យអ្នកពិនិត្យគភ៌គ្រប់ពេល៕