Author: ធឿន មករា

  • OPPO X21 ត្រូវបាន​ក្រុមហ៊ុន​អះអាងថា ជា​ស្មា​ត​ហ្វូ​ន អេក្រង់​ពេលអនាគត

    OPPO X21 ត្រូវបាន​ក្រុមហ៊ុន​អះអាងថា ជា​ស្មា​ត​ហ្វូ​ន អេក្រង់​ពេលអនាគត

    ព្រឹត្តិការណ៍ Inno Day របស់​ក្រុមហ៊ុន OPPO ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃទី17 ខែវិច្ឆិកា 2020 ត្រូវបាន​ក្រុមហ៊ុន​កំណត់​ជា​ថ្ងៃ ដែល​នឹងត្រូវ​ប្រកាស​ចេញ​ផលិតផល​ថ្មី ជាមួយ​បច្ចេកវិទ្យា​អនាគត​ប្រចាំ​ក្រុមហ៊ុន​របស់ខ្លួន។ ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​បានបង្ហាញ​ទូរស័ព្ទ អេក្រង់​ពិសេស​មួយ ជា​ប្រភេទ​គំរូ (Concept phone) ដែលមាន​អេក្រង់ អាច​លា​ចេញ-ចូល​បាន ឈ្មោះថា OPPO X 2021។

    អេក្រង់​នោះ​ជា​ប្រភេទ OLED ទំហំ 6.7អ៊ី​ញ ខណៈពេលដែល​លា​វា​ឡើង វា​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​បទពិសោធ អេក្រង់​ធំ​ដល់ 7.4អ៊ី​ញ​ទៀតផង។ វា​អាចធ្វើ​ការ​លា​ចេញ-ចូល បាន​ដោយ​ស្វ័យប្រវត្តិ និង​មិនចាំបាច់​ទាញ​ចេញ-ចូល​នោះទេ ពោលគឺ អ្នកប្រើប្រាស់ គ្រាន់តែ​ចុច​នៅ​តួខ្លួន ផ្នែក​ខាងស្ដាំ​របស់​វា​ប៉ុណ្ណោះ។ អេក្រង់​នោះបាន​ដោយ​បំពាក់​បច្ចេកវិទ្យា AR glass ។

    សម្រាប់​ចំណុច​ពិសេសផ្សេងៗទៀត​នោះ OPPO មិនទាន់បាន​បញ្ជាក់​ល​ម្អិ​ត​នៅឡើយ ហើយ​គម្រោង​ខាងលើ ក៏​មិនទាន់​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅឡើយ​ដែរ ដោយ OPPO ត្រូវការ​ពេលធ្វើការ​ទៅលើ​វា ជាច្រើន​ទៀត៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Google Pay នឹង​ក្លាយជា​គូប្រជែង​ថ្មី​របស់ Apple Pay ផ្តល់​ជម្រើស​ចាយលុយ​ជាមួយ ក្រេ​ឌី​ត​កាត

    Google Pay នឹង​ក្លាយជា​គូប្រជែង​ថ្មី​របស់ Apple Pay ផ្តល់​ជម្រើស​ចាយលុយ​ជាមួយ ក្រេ​ឌី​ត​កាត

    ថ្មីៗនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google បានប្រកាស​ចេញ​នូវ​កម្មវិធី Google Pay ដែលមាន​នាទី​ស្រដៀង​ទៅនឹង​សេវាកម្ម Apple Card នៅលើ​កម្មវិធី Wallet នៅលើ iOS ដែល​អ្នក​កំពុង​ប្រើប្រាស់ iPhone បានដឹង​រួចមកហើយ។ គូប្រជែង​លើ​សេវាកម្ម​បែបនេះ ក៏​នៅមាន​ក្រុមហ៊ុន​ចិន​មួយទៀត​ដែរ គឺ​កម្មវិធី Huawei Card ដែល​ក្រុមហ៊ុន​កំពុង​ត្រៀម​បញ្ចេញ មក​ដា​ក់លើ Store និង​តាម​បណ្ដា​ស្មា​ត​ហ្វូ​ន flagship ជំនាន់​ចុងក្រោយ​របស់ខ្លួន។

    នេះ​បើ​យោងតាម​ប្រភពពី Google ដែល​បានប្រកាសថា សេវាកម្ម​ថ្មី​នេះ ផលិតឡើង ដើម្បី​ផ្តល់​ភាពងាយស្រួល ឱ្យ​អ្នកប្រើប្រាស់ អាច​រក្សា​ទំនាក់ទំនង​ជាមួយ​ពួកយើង និង​ជាពិសេស​ជាមួយនឹង​ការទូទាត់​សាច់ប្រាក់​នានា។

    សេវាកម្ម​ថ្មី​ខាងលើ​របស់ Google បាន​សហការ​ជាមួយ​ធនាគារធំៗនៅ​សហរដ្ឋអាមេរិក ដែលមាន​សេវាកម្ម កាត​ឥណ​ពន្ធ ដូចជា VISA និង Master Card ដើម្បី​ផ្តល់ជូន​នូវ​ជម្រើស​បង់ប្រាក់​កាន់តែ​ជិតស្និទ្ធ​ថែម​មួយកម្រិត​ទៀត។

    កម្មវិធី​នេះ​នឹងត្រូវ​បានដាក់​នៅក្នុង Android និង iOS សម្រាប់​គណនី US នាពេល​ខាងមុខនេះ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=uDQKTPuC0oA

  • អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារដែលមានរសជាតិផ្អែមជាអាហារដែលត្រូវមាត់មនុស្សជាច្រើន រសជាតិផ្អែមជួយជំរុញភាពឃ្លានអាហារបានយ៉ាងល្អ ហើយមនុស្សភាគច្រើនក៏និយមអាហាររសជាតិផ្អែម រហូតដល់លើសពីតម្រូវការរបស់រាងកាយ ដែលជាមូលហេតុបណ្តាលឱ្យកើតជម្ងឺផ្សេងៗបានដែរ។ ដូច្នេះពេលនេះយើងនាំគ្នាមកស្គាល់ពីអាហាររសជាតិផ្អែមថា តើគួរបរិភោគប៉ុនណាទើបសមរម្យល្មមសម្រាប់ស្រ្តីអ្នកមានផ្ទៃពោះ។

    លោកគ្រូពេទ្យបានណែនាំឱ្យអ្នកមានផ្ទៃពោះ គ្រប់គ្រងការបរិភោគអាហារដែលមានរសជាតិផ្អែម ឱ្យស្ថិតនៅ​ក្នុងកម្រិតសមល្មម គឺកុំបរិភោគតាមចិត្តចង់ កាត់បន្ថយអាហារផ្អែមឱ្យបានច្រើនបំផុត និងគ្រប់គ្រងការបរិភោគជាតិស្ករ ឬបង្អែមដូចខាងក្រោមនេះ ៖

    • ញ៉ាំទឹកផ្លែឈើស្រស់ដែលមិនដាក់ស្ករ ជំនួសភេស្ជជៈកំប៉ុង។
    • កាត់បន្ថយស្ករក្នុងការផ្សំគ្រឿងម្ហូបអាហារចំនួនពាក់កណ្តាលពីទម្លាប់ចាស់។
    • បរិភោគផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើន ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានជាតិស្ករល្អយ៉ាងគ្រប់គ្រាន់។
    • ចៀសវាងអាហារកញ្ចប់ ឬកំប៉ុងផ្សេងៗ តែបើចាំបាច់ត្រូវបរិភោគ គួរមើលពីគ្រឿងផ្សំថា តើមានជាតិស្ករតិច ឬច្រើនប៉ុនណា។
    • ខ្ពុរមាត់ ឬដុសធ្មេញក្រោយពេលបាយ ឬក្រោយពេលបរិភោគបង្អែមរួច និងគួរប្រើខ្សែអំបោះខាត់សម្អាតធ្មេញយ៉ាងហោចណាស់ 1ថ្ងៃម្តង ដើម្បីកុំឱ្យមានកម្ទេចអាហារនៅជាប់សេសសល់តាមប្រឡោះធ្មេញ។
    • បើសិនត្រូវប្រើស្ករ គួរជ្រើសរើសប្រើស្ករអំពៅ ជំនួសស្ករ-ស។
    • មិនគួរបរិភោគស្ករ-សលើសពី 3ស្លាបព្រាបាយក្នុង 1ថ្ងៃឡើយ (សម្រាប់មនុស្សដែលមានរាងកាយមាំមួន)។
    • ជាធម្មតា ពេលយើងបរិភោគបាយ បន្លែ និងផ្លែឈើនោះ គឺយើងបានទទួលជាតិស្ករគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយស្រាប់ទៅហើយ ។

    តើយើងទទួលបានរសជាតិផ្អែមដោយវិធីណា?

    មនុស្សយើងឆាប់ទទួលយករសជាតិផ្អែមខ្លាំងបំផុត ព្រោះនៅលើអណ្តាតមានក្រពេញទទួលរសជាតិផ្អែមច្រើនជាងរសជាតិផ្សេងៗ ដូច្នេះបើយើងបរិភោគអាហារដែលមានរសជាតិផ្អែមញឹកញាប់ នឹងធ្វើឱ្យយើងញៀនរសជាតិផ្អែម​ ជា​​ពិសេសការបរិភោគស្ករដែលយើងដាក់នៅក្នុងអាហារផ្សេងៗនោះ នឹងធ្វើឱ្យរាងកាយយើងទទួលបានជាតិស្ករច្រើនជ្រុលដោយមិន​ដឹង​ខ្លួន ទាំងអាហារពីធម្មជាតិក៏មានជាតិស្ករស្រាប់ទៅហើយ មានដូចជា ៖

    • ខាបូហាយដ្រេត ពេលឆ្លងកាត់កម្មវិធីរំលាយអាហារហើយ វានឹងក្លាយទៅជាជាតិស្ករ គ្លុយខូស ហើយនឹងត្រូវបានបឺត​​ជ្រាបចូលទៅក្នុងខ្សែលោហិតជាបន្ត ទៅធ្វើជាថាមពលការងារដល់កោសិកាអវយវៈផ្សេងៗ។
    • ផ្លែឈើស្ទើរតែគ្រប់ប្រភេទមានជាតិស្ករជាចំណែកផ្សំដោយធម្មជាតិស្រាប់ទៅហើយ និងអាចយកទៅប្រើប្រាស់បានភ្លាមតែម្តង។
    • អាហារកញ្ចប់ និងអាហារកំប៉ុងផ្សេងៗ ដូចជា ទឹកញាំសាលាដ ទឹកដោះគោ យ៉ាអួ នំខេក ឬសូម្បីតែទឹកស៊ីអ៊ីវក៏មានស្ករជាចំណែកផ្សំដែរ៕
  • សួនច្បារក្នុងផើង ជម្រើសរបស់អ្នកដែលមានទីធ្លាតិច ឬអ្នកស្នាក់នៅផ្ទះល្វែងជាន់លើ

    សួនច្បារក្នុងផើង ជម្រើសរបស់អ្នកដែលមានទីធ្លាតិច ឬអ្នកស្នាក់នៅផ្ទះល្វែងជាន់លើ

    បើលោកអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលរស់នៅក្នុងផ្ទះល្វែងជាន់លើដែលមានទីធ្លាតូច តែចិត្តធំ ចង់បែងចែកទីកន្លែងដ៏មាន​កំណត់នៅក្នុងផ្ទះ​​(ល្វែង)របស់ខ្លួនឱ្យមានពណ៌ខៀវខ្ចី ស្រស់ស្រាយរបស់រុក្ខជាតិ ឬចង់ទាញយកធម្មជាតិចូលមកធ្វើជាផ្នែកមួយរបស់ជីវិត តែទាស់ត្រង់ទីធ្លា(មុខ)ផ្ទះវា​មានតូចពេក គិតចង់ធ្វើអីថែម(សួនច្បារ) ក៏វាមិនបានដូចចិត្តប្រាថ្នានោះ…សូមប្រាប់ថា ពេលនេះមិនចាំបាច់បារម្ភទៀតទេ ព្រោះ​យើងមានអៃឌៀល្អៗមកជម្រាបជូនអ្នកដែលមាន “ទីធ្លាតូច” តែចិត្តធំទាំងឡាយឱ្យបានសប្បាយចិត្តដូចតទៅ៖

    សួនច្បារក្នុងផើង ជម្រើសរបស់អ្នកដែលផ្ទះមានទីធ្លាតូច ឬអ្នករស់នៅក្នុងផ្ទះល្វែងជាន់លើ

    សួនច្បារក្នុងផើង គឺជាចម្លើយដ៏ត្រឹមត្រូវមួយសម្រាប់អ្នកដែលស្នាក់អាស្រ័យនៅក្នុងទីកន្លែងដែលមានកំណត់ ដូចជា នៅក្នុងខុនដូ ឬផ្ទះល្វែងក្នុងទីក្រុងជាដើម ព្រោះ…៖

    1. ផើងផ្កាងាយស្រួលទុកដាក់ រៀបចំ និងក្នុងទីធ្លាតូចចង្អៀតក៏អាចនៅបាន។
    2. ផើងផ្កា មិនប្រកាន់ទីកន្លែង អាចលើកទៅនេះទៅនោះបាន មិនចេះខឹង និងសុខចិត្តទៅតាមចិត្តយើងជានិច្ច។
    3. ផើងផ្កា អាចរៀបចំតុបតែងឱ្យស្អាតបានច្រើនបែប ច្រើនយ៉ាង និងយ៉ាងសមសួន គ្រាន់តែតុបតែងផើង ទីកន្លែងបន្តិចបន្តួចប៉ុណ្ណោះ និងមិនចាំបាច់ចំណាយដើមទុន និងកម្លាំងកំហែងច្រើនទៀតផង។

    ការរៀបចំសួនច្បារក្នុងផើងអាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែលោកអ្នកជ្រើសរើសដើមផ្កាណា​ដែលលោក​អ្នក​ស្រឡាញ់ចូលចិត្ត ដាក់ដាំនៅក្នុងផើងដែលមានរូបរាង និងក្បាច់ក្បូរស្អាតៗ ដាក់តម្រៀបគ្នាយ៉ាងមានស្ទីល តែប៉ុណ្ណឹងលោកអ្នកនឹងបានសួនច្បារដ៏តូចស្អាតមួយនៅក្នុងផ្ទះដូចក្តីប្រាថ្នាបាត់ទៅហើយ។

    ចំណុចដែលគួរដឹង សម្រាប់ការរៀបចំសួនច្បារក្នុងផើង

    អ្នកដែលអាចរស់នៅជាមួយនឹងដើមផ្កានៅក្នុងផើងបានគួរតែដឹងបន្តិចដែរថា ដើមផ្កាដែលដាំនៅក្នុងផើង ត្រូវតែឧស្សាហ៍មើលថែទាំឱ្យបានញឹកញាប់ជាងដើមផ្កាដែលដាំនៅលើដី ជាពិសេសរឿងទឹក ដី និងពន្លឺថ្ងៃ ត្រូវតែយកចិត្តទុកដាក់​ជាពិសេស ដោយសារតែដើមផ្កាដែលដាំនៅក្នុងផើងមានដីតិចជាង និងអាចខ្វះខាតសារធាតុចិញ្ចឹម ងាយខ្វះសំណើមជាងដើមផ្កាដែលដាំនៅលើដីហ្នឹងឯង៕

  • តើស្រ្តីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    តើស្រ្តីមានគភ៌ គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯង និងកូនក្នុងផ្ទៃ?

    ចង់ក្លាយជានារីដែលមើលមកឃើញស្អាត មានមន្តស្នេហ៏តាំងពីក្បាលដល់ចុងជើង ចូរកុំមើលរំលងស្បែកជើងដែលយើងត្រូវពាក់ដើររាល់ថ្ងៃនោះឱ្យសោះ ជាពិសេសក្នុងអំឡុងពេលមានគភ៌ ដែលជើងត្រូវទទួលទ្រទម្ងន់ខ្លួនដែលកាន់តែកើនជារឿយ​ៗ រហូតដល់គួរឱ្យអាណិត។ ដូច្នេះហើយទើបការជ្រើសរើសស្បែកជើងរបស់អ្នកមានផ្ទៃពោះដែលត្រូវពាក់ឱ្យសប្បាយជើង និងមានសុវត្ថិភាពនោះ គឺជារឿងសំខាន់ខ្លាំងណាស់ ។

    ការជ្រើសរើសស្បែកជើងសម្រាប់ទៅធ្វើការងារក្រៅផ្ទះ

    • . ស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងដែលគ្មានកែងខ្ពស់ ដើម្បីការពារទាំងការរអិលដួល និងការឈឺខ្នង-​ ចង្កេះ​ផង ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលស័ក្តិសមនឹងរូបរាងជើង ដែលអាចទទួលទ្រទម្ងន់ខ្លួនស្រ្តីមានគភ៌ និងទប់ទល់ការប៉ះទង្គិចបាន​​យ៉ាងល្អ។
    • កុំជ្រើសរើសយក ឬពាក់ស្បែកជើងតាមលេខដែលខ្លួនធ្លាប់ពាក់ដោយមិនបានល ព្រោះទំហំជើងអាចប្រែប្រួលនៅពេលមានគភ៌ និងពេល​ពាក់​ហើយ គួរទុក​ឱ្យនៅសល់ចន្លោះរវាងចុងម្រាមជើង និងចុងស្បែកជើងប្រវែង 1សង់ទីម៉ែត្រ​។
    • ពិនិត្យមើលបាតស្បែកជើងណាដែលតោងស្អិតនឹងកម្រាលឥដ្ឋ និងជ្រើសរើសយកពណ៌ណាដែលលេចច្បាស់ជាងសម្លៀកបំពាក់ដែលពាក់ទៅធ្វើការ និងមើលទៅឃើញរាងផ្លូវការបន្តិច។
    • បើត្រូវឈរធ្វើការយូរ គួរពាក់ស្បែកជើងដែលមានបាតរាបស្មើ ស្បែកទន់ៗ ដើម្បីកាត់បន្ថយការឈឺស្រពន់របស់សាច់ដុំជើង និងបាតជើង។
    • ឈានចូលដល់ត្រីមាសទី3 នៃការមានគភ៌ គួរចៀសវាងស្បែកជើងណាដែលពិបាកពាក់នៅពេលធ្វើការ ដូចជា ស្បែកជើងដែលមានខ្សែចង ខ្សែរឹតបន្តឹង ឬមានក្បាលគន្លឹះដែលធ្វើឱ្យត្រូវឱន-ងើបៗនៅពេលពាក់ចូល ឬពេលដោះចេញ ជាដើម។

    ការជ្រើសរើសស្បែកជើងសម្រាប់ពាក់ធ្វើការនៅផ្ទះ

    • . ក្នុងអំឡុងពេលមានគភ៌ ជើងនឹងហើម ហើយធំជាប្រក្រតី ដូច្នេះគួរជ្រើសរើសប្រើស្បែកជើងណាដែលមានលក្ខណៈធំទូលាយ ហើយស្រាល ពាក់ហើយសប្បាយស្រួលជើង ដូចជាស្បែកជើងសម្រាប់ស្ត្រីមានផ្ទៃពោះ ឬស្បែកជើងផ្ទាត់ជាដើម។
    • ជ្រើសរើសបែប ឬម៉ូតណាដែលសមគ្នានឹងរូបរាងបាតជើងរបស់ខ្លួនបំផុត ដូចជាកន្លែងធំបំផុតរបស់ស្បែកជើង និងបាតជើងរបស់យើងគួរតែឱ្យមាន​ទំហំប៉ុនគ្នា។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលមានបាតតោងស្អិតនឹងកម្រាលឥដ្ឋ មិនងាយរអិល បាតខាងក្នុងទន់ ទទួលរង នឹងការប៉ះ ឬបុកបាន ដើម្បីកាត់បន្ថយការឈឺជង្គង់ និងឈឺ-កជើងជាដើម។
    • ជាធម្មតាបាតជើងរបស់មនុស្សយើងច្រើនតែមានទំហំខុសគ្នាបន្តិច ដូច្នេះគួរវាស់បាតជើងទាំងសងខាងជាមុនសិន មុននឹងទិញ និងត្រូវ​រើស​យកតាមខ្នាតជើងដែលធំ។
    • ជ្រើសរើសពាក់ស្បែកជើងណាដែលមានភាពយឺតយារ ពង្រីកខ្លួនតាមរូបរាងបាតជើងរបស់យើងបានល្អ។ មិនត្រូវទិញស្បែកជើងណាដែលរឹប​ណែនដោយសារតែគិតថា ពាក់យូរទៅ វាគង់តែយារនោះទេ។
    • តមពាក់ស្បែកជើងកែងចោត ព្រោះអាចប្រថុយប្រថាននឹងការជំពប់ជើងដួល និងធ្វើឱ្យឈឺខ្នងទៀតផង។
    • បើចង់ឱ្យល្អមែនទែន គួរជ្រើសរើសពាក់ស្បែកជើងសុខភាព ដែលផលិតឡើងដើម្បីទ្រទម្ងន់របស់ជើង និងបាតជើងរបស់ស្រ្តីមានគភ៌ជាពិសេសទើបជាការប្រសើរ។
    • ពេលវេលាដ៏សមស្របបំផុតដែលអ្នកមានផ្ទៃពោះគួរទិញស្បែកជើង គឺពេលថ្ងៃរសៀល ព្រោះពេលនេះជើងរបស់ស្រ្តីមានគភ៌នឹងហើម និងរីកធំជាងពេលធម្មតា៕
  • ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។

    ស្រ្តីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

    1. ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។
    2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្រ្តីមានគភ៌នោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្រ្តីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច ។
    3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន ។
    4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។
    5. ស្រ្តីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។
    6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6 សប្តាហ៍។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

    ការណែនាំសម្រាប់ស្រ្តីមានគភ៌

    1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំង​ក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរៀងរាល់លើក ក្រោយពេលបរិភោគអាហាររួច។
    2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួអរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយៈពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឱ្យធ្មេញឆាប់សឹកអស់(គួរខ្ពុរមាត់សិន មុននឹងដុសធ្មេញ)។
    3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយទារកនឹងបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
    4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារកុំឱ្យធ្មេញពុក។
    5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម ឬមានរលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

    មេរោគបាក់តេរីនៅក្នុងប្រអប់មាត់របស់ស្រ្តីមានគភ៌អាចបញ្ជូនតទៅដល់កូនក្នុងផ្ទៃបាន ដូច្នេះការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

  • 4ហេតុផលដែលបង្ហាញថា តើហេតុអីបានការឱប គឺជារង្វាន់ដ៏ល្អបំផុត?

    4ហេតុផលដែលបង្ហាញថា តើហេតុអីបានការឱប គឺជារង្វាន់ដ៏ល្អបំផុត?

    រាត្រីមួយ ខណៈដែលនាងខ្ញុំស្ថិតនៅជាយក្រុង ប៉ូល ស្វាមីរបស់នាងខ្ញុំបានចូលទៅក្នុងព្រះវិហារដែលកូនប្រុសពៅរបស់យើងធ្វើជាអ្នកបួសនៅទីនោះ។ គាត់មានសេចក្ដីសុខខ្លាំងណាស់ ពេលបាននៅជាមួយ អេវ៉ា និងណូលែនដែលជាចៅតូចៗរបស់យើង។ នៅពេលចប់ការងារ ប៉ូលក៏ពោលពាក្យលាអ្នកទាំងអស់ ហើយគាត់ដើរតម្រង់ទៅទ្វារចេញ តែមួយភ្លែតនោះក៏បានឮស្នូរជើងតូចៗរបស់ណូលែនតាមពីក្រោយខ្នងគាត់ ព្រមទាំងស្រែកហៅថា “លោកតា! លោកតា! កុំអាលទៅអី! ខ្ញុំចង់ឱ្យលោកតាឱបខ្ញុំម្ដងទៀតបានទេលោកតា មុនបែកគ្នា…”។ ត្រូវហើយ នោះគឺជាអំឡុងពេលដ៏សែនរំភើបចិត្ត និងធ្វើឱ្យនាងខ្ញុំនឹកទៅដល់រង្វាន់នៃការឱប…៖

    1 . ការឱបធ្វើឱ្យមានអារម្មណ៍ធូរស្រាល

    ក្រោយពីឪពុករបស់នាងខ្ញុំធ្វើអត្តឃាត ស្រ្តីប្លែកមុខម្នាក់បានឈានជើងចូលមករកនាងខ្ញុំ និងពោលតិចៗឡើងថា “ឪពុករបស់ខ្ញុំ ក៏ធ្វើដូចគ្នាហ្នឹងដែរ…” បន្ទាប់មក គាត់ក៏ឱបខ្ញុំដើម្បីលួងលោម។

    2 . ការឱប នឹងជួយបញ្ជាក់ពីអត្ថន័យនូវអ្វីដែលយើងមិនអាចនិយាយចេញមកបាន

    កាលពីមិនយូរប៉ុន្មានមកនេះ នាងខ្ញុំទើបនឹងទៅចូលរួមក្នុងពិធីបុណ្យសពបុរសម្នាក់ដែលមានភាពសំខាន់ខ្លាំងណាស់ជាមួយគ្រួសាររបស់យើង។ មានរឿងរ៉ាវច្រើនណាស់ដែលនាងខ្ញុំចង់និយាយជាមួយក្រុមគ្រួសាររបស់គាត់ តែនាងខ្ញុំបែរជាមិនអាចពោលពាក្យទាំងនោះចេញមកបានឡើយ ក្រៅតែពីការឱបភរិយា និងកូនៗរបស់គាត់…។

    3 . ការឱប គឺការបង្ហាញពីសេចក្ដីស្រឡាញ់

    តើមានអ្វីដែលផ្ដល់នូវអារម្មណ៍បានល្អប្រសើរជាងរង្វង់ដៃឱបរបស់កូនៗ ឬរង្វង់ដៃឱបរបស់ក្រុមគ្រួសារដែរទេ? ក្រោយពីរូបអ្នកត្រឡប់មកពីការធ្វើការងារដ៏សែនធ្ងន់ធ្ងរមួយ?…ការឱប មានភាពសំខាន់មិនចាញ់ពាក្យសម្ដីឡើយ។

    4 . ការឱប នឹងជួយបង្កើនភាពជឿជាក់ក្នុងចិត្ត

    លោកអ្នកគួរតែឱបរឹតកូន មុនពេលគេទៅសាលារៀន និងនិយាយថា “ម៉ាក់ស្រឡាញ់កូនណា៎ និងមិនថាថ្ងៃនេះនឹងមានអ្វីកើតឡើងនៅឯសាលារៀននោះទេ តែសូមឱ្យកូនដឹងក្នុងចិត្តជាប់ជានិច្ចថា អ្នកនៅឯផ្ទះបារម្ភពីកូនជានិច្ច”។

    រាល់ថ្ងៃនេះ ការព្យាយាមរបស់នាងខ្ញុំ គឺការរកមនុស្សមកឱបរឹត មិនថាតែមនុស្សចាស់ដែលរស់នៅយ៉ាងឯកា ស្រ្តីជាម្ដាយមេម៉ាយដែលរងបន្ទុកដ៏ធ្ងន់តែម្នាក់ឯង មិត្តសម្លាញ់ដែលបាត់បង់គូស្នេហ៍ ក្មេងៗដែលមិនបានទទួលសេចក្ដីស្រឡាញ់ពីក្រុមគ្រួសារ ក្មេងៗកំព្រា និងអ្នកដទៃទៀតជាច្រើន…ងាយៗ គ្រាន់តែយើងចាប់ផ្ដើមធ្វើវាប៉ុណ្ណោះ ព្រោះការឱប គឺជារង្វាន់ដែលចេញពីបេះដូង និងតែងតែក្លាយជារង្វាន់ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលត្រូវការវា

  • តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។

    អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។

    ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ

    1. ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
    2. សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
    3. ញ៉ាំទឹកឱ្យបានច្រើន។
    4. ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
    5. គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
    6. ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។

    ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។

    មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿង​ប្លែក​ឡើយដែលស្រ្តីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្រ្តីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖

    • គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
    • គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
    • ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
    • ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។

    រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាម​ផ្លូវ​ដើរ​ក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្រ្តីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

  • កាកសរសៃអាហារ ញ៉ាំយ៉ាងណាទើបល្អចំពោះរាងកាយ?

    កាកសរសៃអាហារ ញ៉ាំយ៉ាងណាទើបល្អចំពោះរាងកាយ?

    ក្រៅពីកាកសរសៃអាហារដែលមាននៅក្នុងបន្លែផ្លែឈើដែលមនុស្សជាច្រើនព្យាយាមទទួលទានឱ្យបានច្រើនៗ ដែលវានឹងជួយលើការធ្វើការងាររបស់ប្រព័ន្ធបន្ទោបង់ កាត់បន្ថយការប្រថុយប្រថាននឹងអាការចុកឆ្អល់ពោះហើយនោះ វានៅជួយកាត់បន្ថយការប្រថុយប្រថាននឹងការកើតរោគផ្សេងៗ តាំងពីរោគមហារីកពោះវៀនធំ ទឹកនោមផ្អែមប្រភេទ2 រហូតទៅដល់រោគសរសៃឈាមបេះដូងបានទៀតផង ដូច្នេះហើយទើបកាកសរសៃអាហារគឺជាសារធាតុចាំបាច់មួយចំពោះរាងកាយ។

    តែសំណួរក៏គឺ តើយើងទទួលទានអាហារដែលមានជាតិកាកសរសៃបានគ្រប់គ្រាន់ហើយឬនៅ?

    កាកសរសៃអាហារញ៉ាំច្រើនប៉ុនណាទើបល្អចំពោះរាងកាយ?

    ក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិកបានណែនាំថា យើងគួរទទួលទានអាហារដែលមានកាកសរសៃអាហារប្រមាណ 25ក្រាមសម្រាប់មនុស្សស្រី 38ក្រាមសម្រាប់មនុស្សប្រុស(អាយុមិនលើស 50ឆ្នាំ) ចំណែកឯមនុស្សចាស់ដែលមានអាយុច្រើនជាង 50ឆ្នាំឡើងទៅ គួរទទួលទានអាហារដែលមានជាតិកាកសរសៃ 21 – 30ក្រាមក្នុង 1ថ្ងៃ។

    យើងនឹងដឹងពីបរិមាណរបស់កាកសរសៃអាហារដែលយើងទទួលទានចូលទៅបានដោយការមើលនៅលើតារាងភោជនាហាដែលមានបង្ហាញនៅលើស្លាករបស់ផលិតផលនោះ ដោយព្យាយាមជ្រើសយកអាហារណាដែលមានជាតិកាកសរសៃអាហារច្រើនជាង ​ក្នុងករណីដែលមានផលិតផលស្រដៀងៗគ្នាច្រើន និងសូមឱ្យមានការសប្បាយចិត្តចុះថា ជាតិកាកសរសៃអាហារនេះ រឹតតែទទួលទាន រឹតតែល្អ លើកលែងតែក្នុងករណីរបស់មនុស្សចាស់ដែលអាចនឹងមិនគួរទទួលទានច្រើនពេកឡើយ។

     វិធីបង្កើនកាកសរសៃអាហារនៅក្នុងពេលបាយក្នុង 1ថ្ងៃៗ

    • ចាប់ផ្ដើមថ្ងៃថ្មីដោយអាហារដែលពោរពេញទៅដោយជាតិកាកសរសៃអាហារ ដូចជា អាហារស៊ីរៀលដែលដាក់ផ្លែឈើស្រស់។
    • ដាក់បន្លែ និងសណ្ដែកទៅក្នុងស៊ុប ឬសម្លដែលញ៉ាំ។
    • ដាក់សណ្ដែក និងធញ្ញជាតិផ្សេងៗចូលទៅក្នុងយ៉ាអួ(ទឹកដោះគោជូរ)។
    • ញ៉ាំបន្លែផ្លែឈើជំនួសនំ ឬអាហារពេលទំនេរ(ចម្អាប)ដូចជា មើមការ៉ុត ប្រូខូលី សណ្ដែកកួរ ឬផ្កាខាត់ណា។ល។
    • ជ្រើសរើសញ៉ាំបន្លែផ្លែឈើស្រស់ ជាជាងតំណាប់ ឬបន្លែផ្លែឈើជ្រក់ត្រាំ។

    សម្រាប់អ្នកដែលមិនសូវបានទទួលទានអាហារដែលមានជាតិកាកសរសៃច្រើននោះ យើងណែនាំឱ្យបន្ថែមជាតិកាកសរសៃអាហារនៅក្នុងពេលបាយម្ដងៗ ម្ដងបន្តិចៗ កុំសម្រុកញ៉ាំតែម្ដងច្រើនៗ កុំភ្លេចញ៉ាំទឹកឱ្យបានច្រើនឡើង និងបើមានបញ្ហាជាមួយប្រព័ន្ធបន្ទោបង់យូរមកហើយនោះ គួរទៅជួបគ្រូពេទ្យដើម្បីរិះរកវិធីព្យាបាលឱ្យបានត្រឹមត្រូវ៕

  • Samsung ឡើង​ខ្លាំង លក់​ស្មា​ត​ហ្វូ​ន បាន​លេខ1 នៅ​ទឹកដី​អាមេរិក លើកដំបូង

    Samsung ឡើង​ខ្លាំង លក់​ស្មា​ត​ហ្វូ​ន បាន​លេខ1 នៅ​ទឹកដី​អាមេរិក លើកដំបូង

    ក្រុមការងារ Strategy Analytics បាន​កត់សម្គាល់ថា ការពន្យារពេល​ប្រកាស​ចេញ iPhone 12 Series មានន័យថា Apple មិនអាច​បង្កើន​ចំនួន​លក់​នៅ​ត្រីមាស​ទី3 ដូច​កាល​ពេលមុន​បានទេ។

    ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung ដណ្ដើមបាន​តំណែង​លេខ1 ពី Apple ដោយមាន​ចំនួន​សរុប 33,7% បានធ្វើឱ្យ​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​នេះ នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង 6,7% នៅ​ត្រីមាស​ទី៣ នៃ​ឆ្នាំ2020 នេះ។

    ចំណែក​ទីផ្សារ​របស់ Samsung កើនឡើង គឺ​ដោយសារតែ​តម្រូវការ​ខ្ពស់ នៃ​ទូរស័ព្ទ​តម្លៃ​ធូរ និង​ទូរស័ព្ទ​តម្លៃ​ថ្លៃ ដែល​ក្នុងនោះ​មាន Galaxy Note20 Series និង Galaxy Z Fold2 ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា លើកចុងក្រោយ​បំផុត​ដែល Samsung ធ្លាប់​ទទួលបាន​តំណែង​លេខ1 នៅ​សហរដ្ឋអាមេរិក គឺ​កាលពី​ត្រីមាស​ទី2 នៃ​ឆ្នាំ2017។ Apple ធ្លាក់​មក​នៅ​លេខ​រៀង​ទី2 ជាមួយនឹង​ចំណែក​ទីផ្សារ 30,2%៕