Author: ធឿន មករា

  • បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    បើកូននៅតូច 2-3ខួប តើត្រូវ “ដាក់ទោស” បែបណាល្អដោយមិនបាច់វាយ?

    វិធីការដាក់ទោសដោយការ “វាយ” មិនថាតែវាយតិចៗស្រាលៗ វាយខ្លាំងៗ ឬវាយកំប៉េះគូទនោះទេ គឺសុទ្ធតែជាការប្រើអំពើហិង្សាដែលមិនបង្កឱ្យកើតមានការផ្លាស់ប្ដូរទង្វើរបស់កូនឡើយ តែបែរជារឹតតែធ្វើឱ្យកូនតតាំង និងអាចនឹងមានផលអាក្រក់ទៅលើទង្វើច្រងេងច្រងាងរបស់កូននាពេលអនាគតបានទៀតផង។ ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងមកជម្រាបជូនអ្នកម្ដាយទាំងឡាយថា បើកូនឌឺរឹងយ៉ាងគ្មានហេតុផល ឬមានទង្វើដែលមិនស័ក្តិសមណាមួយ តើឪពុកម្ដាយអាចដាក់ទោសកូនបែបណាបានខ្លះ ដើម្បីជាការបង្រៀនឱ្យគេដឹងថា អ្វីដែលគេកំពុងធ្វើហ្នឹង មិនមែនជារឿងដែលត្រឹមត្រូវទេ និងមិនចាំបាច់ត្រូវប្រើអំពើហិង្សាគ្រប់គ្រងទង្វើខុសៗបន្តិចបន្តួចរបស់កូនឡើយ។

    ក្មេងអាយុតិចជាង 1ឆ្នាំ គ្មានហេតុផលអ្វីដែលត្រូវដាក់ទោសកូនឡើយ

    គ្មានហេតុផលអ្វីសោះឡើយក្នុងការដាក់ទោសកូនដែលមានអាយុស្ថិតក្នុងអំឡុង 1-3ខួប ព្រោះកូនក្នុងវ័យតេះតះនេះមានឱកាសតិចណាស់ក្នុងការធ្វើរឿងអ្វីមួយដែលសមគួរទទួលយក ច្រើនជាងការដាក់ទោសត្រឹមតែបន្តិចបន្តួច ដូច្នេះបើឪពុកម្ដាយចង់ដាក់ទោសកូន ត្រូវតែនឹកឃើញជាប់ជានិច្ចថា ការដាក់ទោសនោះត្រូវតែជារឿងដែលចាំបាច់បំផុតប៉ុណ្ណោះ។

    • ដើម្បីឱ្យបានផលល្អ ៈ បើកូនមានទង្វើដែលមិនល្អ ការដាក់ទោសគួរតែធ្វើឡើងភ្លាមៗ កុំពន្យារពេល មិនដូច្នោះទេ ការតភ្ជាប់គ្នារវាងទង្វើមិនល្អ នឹងលទ្ធផលរបស់ទង្វើនោះនឹងរលប់បាត់ពីគំនិតរបស់ក្មេង ដែលនឹងធ្វើឱ្យក្មេងមិនយល់ថា តើគេធ្វើខុសអ្វី ហេតុអីបានដាក់ទោសគេ?។
    • ភាពធ្ងន់ធ្ងររបស់ទោស ៈ ត្រូវឱ្យសមល្មមនឹងទង្វើខុសនោះ។
    • កុំសម្លុតថានឹងបោះបង់កូនចោល ហើយដើរចេញជាដាច់ខាត ៈ មិនត្រឹមតែធ្វើឱ្យកូនតូចមានអារម្មណ៍តានតឹង មិនយល់ន័យនោះទេ តែនៅធ្វើឱ្យឪពុកម្ដាយធ្វើខុសនឹងពាក្យសម្ដីទៀតផង។

    វិធីការដាក់ទោសដោយមិនចាំបាច់ វាយ

    1.ឈប់បង្ហាញពីសេចក្ដីស្រឡាញ់ ៈ កូនត្រូវការសេចក្ដីស្រឡាញ់ និងការទទួលយកពីឪពុកម្ដាយខ្លាំងបំផុត ហើយដូចគ្នាដែរ កូននឹងគ្មានសេចក្ដីសុខឡើយ បើត្រូវឪពុកម្ដាយធ្វើព្រងើយដាក់។ លោកអ្នកអាចដាក់ទោសកូនដោយវិធីនេះបាន អាចនឹងក្នុងរយៈពេលខ្លីៗ 30 ឬ 60វិនាទី រួចពន្យល់យ៉ាងខ្លីៗឱ្យកូនបានដឹងថា អ្នកមិនសប្បាយចិត្តចំពោះទង្វើដែលមិនស័ក្តិសមរបស់កូន ដូចជា “យើងមិនវាយអ្នកដទៃ” ជាដើម។

    2.ដំឡើងសំឡេង ធ្វើសំឡេងមាំៗ ៈ តែមិនគួរប្រើវិធីនេះញឹកញាប់ពេកទេ និងគួរធ្វើនៅពេលណាដែលបន្ទាន់ៗប៉ុណ្ណោះ មិនដូច្នោះទេ សំឡេងមាំៗរបស់អ្នកដែលកូនធ្លាប់ស្ដាប់បង្គាប់នោះ នឹងត្រូវថយចុះភាពស័ក្តិសិទ្ធិ និងក្រោយពីធ្វើសំឡេងមាំៗហើយ ត្រូវព្យាយាមមិនខឹងយូរឡើយ ព្រោះធម្មជាតិរបស់ក្មេងតូច ផ្លូវចិត្តរបស់គេនឹងត្រឡប់ទៅរកសភាវប្រក្រតីវិញក្នុងរយៈពេលតែមិនប៉ុន្មាននាទីប៉ុណ្ណោះ។

    3.ទទួលបានសិទ្ធិពិសេស ឬរបស់លេង ៈ គួរប្រាប់កូនតូចជាមុនថា គេត្រូវតែបញ្ឈប់ទង្វើមិនល្អ និងត្រូវប្រាប់ថា នឹងដាក់ទោសគេយ៉ាងណា ដូចជា “បើកូនមិនឈប់គប់របស់លេងចោលទេ កូននឹងលែងបានរបស់លេងទៀត” ឬ “ព្រោះកូនមិនចេះចែករបស់លេងឱ្យគេលេងផង នឹងមិនបានលេងទាំងពីរនាក់”។ អ្វីដែលសំខាន់គឺ “ប្រាប់” ហើយ ឪពុកម្ដាយត្រូវរក្សាពាក្យសម្ដីផង មិនដូច្នោះទេ កូននឹងចងចាំថា លោកអ្នកមិនបានធ្វើមែនទែនទេ(គ្រាន់តែសម្លុត) ហើយលើកក្រោយគេនឹងធ្វើទៀត ឬមានទង្វើមិនល្អជាញឹកញាប់។

    **កុំព្យាយាមសម្លុតថានឹងដាក់ទោសកាន់តែធ្ងន់ឡើង ដូចជា “បើកូនមិនឈប់ កូននឹងមិនបានទៅលេងផ្សារអ៊ីអនទេថ្ងៃនេះ” បើកូននៅតែមិនឈប់ “ឈប់ភ្លាម! បើនៅតែមិនឈប់ទៀត នឹងលែងបានទៅលេងផ្សារអ៊ីអនមួយអាទិត្យតែម្ដង” បែបនេះ គឺជាការកំណត់កំហុសដែលធំជ្រុលពេកសម្រាប់ក្មេង។

    4.សុំពេលសម្រាក ៈ តិចនិកនេះបានផលល្អបំផុតជាមួយក្មេងអាយុ 2ខួប ចាប់ផ្ដើមពីការដាស់តឿនជាមុនថា តើមានទង្វើណាខ្លះដែលនឹងហុចផលដល់ “ពេលសម្រាក”។ នៅពេលកើតមានទង្វើនោះឡើង កូនត្រូវទៅអង្គុយនៅកៅអីក្មេងរពឹស ឬទៅក្នុងបន្ទប់របស់គេភ្លាមតែម្ដង។ ពេលវេលាសម្រាកគួរតែខ្លី និងពាក់ព័ន្ធនឹងកំហុស ដូចជា “កូននឹងត្រឡប់មកលេងវិញបាន នៅពេលស្រួលបួលឡើងវិញ”។

    ក្រៅពីនេះ ការវាយកំប៉េះគូទដើម្បីដាក់ទោស សម្រាប់ក្មេងតូចវិញ អ្នកជំនាញផ្នែកកុមារមិនណែនាំឱ្យធ្វើតទៅទៀតទេ ព្រោះបើសិនជាអាចជ្រើសរើសវិិធីផ្សេងបាន ក៏គួរតែចៀសវាងការដាក់ទោសដោយការវាយ ព្រោះទោះជាវាយគូទតិចៗ ក៏ជាការប្រើអំពើហិង្សាគ្រប់គ្រងកំហុសបន្តិចបន្តួចរបស់កូន ដែលមិនហុចផលល្អដល់កូនឡើយ និងថែមទាំងធ្វើឱ្យឪពុកម្ដាយខ្លួនឯងមានអារម្មណ៍ខុសទៀតផង ពេលដាក់ទោសកូនដោយការវាយ៕

  • ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

    ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖

    1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
    2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
    3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
    4. រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថា បើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់ យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។
    5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
    6. ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើល​ចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិន ផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នា​ជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
    7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ៈ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃ​បានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយនឹងកូន ឬបងនឹងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវា​នឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
    8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអ៊ីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់​នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ?។ គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយ​ដំណាក់កាល ឬម្ដងមួយរឿងឡើយ។
    9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ ៈ មុនពេលគេង គឺជាអំឡុងពេលដ៏​អស្ចារ្យ​ណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
    10. ការនិយាយរឿងនិទាន គឺជាការ​សាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វី​ដែល​​​ទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អ៊ីចឹងដែរ…)៕
  • លោក ស៊ុំ វណ្ណា បង្ហោះសារ លាភ្នំពេញក្រោន ស្របពេលដែលលោក Lee នៅទំនេរ មិនទាន់មានក្លិបដឹកនាំ

    លោក ស៊ុំ វណ្ណា បង្ហោះសារ លាភ្នំពេញក្រោន ស្របពេលដែលលោក Lee នៅទំនេរ មិនទាន់មានក្លិបដឹកនាំ

    កាលពីពេល​កន្លងទៅនេះ លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានប្រកាស​លា និង​ជូនពរ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយពី​លោក​ដឹកនាំ​បាន 1រដូវ​កាល2020 ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ដោយ​ឈរ​នៅ​លេខ​រៀង​ទី3 ក្នុង​លី​គ​កំពូល​កម្ពុជា និង​បាន​លេខ4 ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ2020 កន្លងទៅនេះ។

    នៅក្នុង​សារ​នោះ លោក​ក៏បាន​បញ្ជាក់ដែរថា វា​ពិតជា​មានន័យ​សម្រាប់​លោក​ខ្លាំងណាស់ ដែល​បាន​ដឹកនាំ​ក្លិប​មួយ​នេះ ហើយ​បើទោះជា លោក​ធ្វើ​មិន​បានល្អ​ក្នុង​រដូវ​កាល​នេះ តែ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្លិប​នឹង​នៅតែ​ខ្លាំង ក្រោយពេល​លោក​ចាកចេញ។

    ទោះជា​យ៉ាងណាក្តី ក្លិប​ភ្នំពេញ​ក្រោ​ន មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ អំពី​ការចាកចេញ​របស់លោក ស៊ុំ វណ្ណា។ តែ​នេះ វា​ហាក់ដូចជា​ឱកាស​ដ៏​ល្អ​របស់លោក Lee Tea Hoon ដែល​គាប់​ជួន​ពេលនេះ លោក​កំពុងតែ​ស្នាក់នៅ​កម្ពុជា ជាមួយនឹង​ក្រុមគ្រួសារ ក្រោយ​ពេលដែល​លោក​បាន​លាលែង​ពី​តំណែង​គ្រូ​បង្គោល នៅ​ក្លិប Hong An Gai Lai៕

  • កែវ សុខផេង ប្រកាសរកមុខក្មេងរើសបាល់ម្នាក់ ដែលចង់ចាប់់ដៃរូបគេ ពេលប្រកួត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន

    កែវ សុខផេង ប្រកាសរកមុខក្មេងរើសបាល់ម្នាក់ ដែលចង់ចាប់់ដៃរូបគេ ពេលប្រកួត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន

    ថ្មីៗនេះ កី​ទ្បា​ករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ខ្មែរ របស់​ក្រុម​ក្លិប​វិសាខា កែវ សុខ​ផេង បានបង្ហាញ​សារ​មួយ សុំទោស​ក្មេង​រើស​បាល់​ម្នាក់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ​ស្វាគមន៍ ដោយសារតែ​កំពុង​អបអរ​នឹង​គ្រាប់​បាល់​ដែល​រូបគេ បាន​ស៊ុត​បញ្ចូល​ទី ក្នុង​អំ​ទ្បុ​ង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី14 ថ្នាក់ជាតិ ឆ្នាំ2020។

    នៅក្នុង​សារ​នោះ កែវ សុខ​ផេង បាន​បរិយាយ​ថា «ដោយសារ​អបអរ​ពេក ភ្លេចខ្លួន បង​សុំទោស ដែល​មិនបាន​ចាប់ដៃ​ប្អូន កាលពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ថ្នាក់ជាតិ (ឆ្នាំ2020) រវាង​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​វិសាខា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​កន្លងមកថ្មីៗនេះ… អ៊ីចឹង បើ​ពុក​ម៉ែ​បងប្អូន​ណា ដែល​បាន​ស្គាល់​កុមារា​ម្នាក់​នោះ សូមជួយ​ឱ្យ​គាត់​ទាក់ទង​មក​ខ្ញុំ​ផង ដើម្បី​ជូន​ជា​កាដូ​លើកទឹកចិត្ត​ដល់​គាត់»

    គួរឱ្យ​ដឹង​ដែរ​ថា កែវ សុខ​ផេង គឺជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ ដែល​ជួយ​ឱ្យ​ក្រុម​វិសាខា ឈ្នះ​ណាហ្គា​វើ​លដ៍ ដោយ​លទ្ធផល 2ទល់នឹង0 នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រចាំឆ្នាំ2020 កន្លងទៅនេះ៕

  • Barcelona ត្រូវ​ផ្តល់​កញ្ចប់​ទឹកប្រាក់ 60លាន​ផោន​ដ៍​បន្ថែម ប្រសិនបើ Messi ដើរចេញ​ពេល​អស់​កុងត្រា

    Barcelona ត្រូវ​ផ្តល់​កញ្ចប់​ទឹកប្រាក់ 60លាន​ផោន​ដ៍​បន្ថែម ប្រសិនបើ Messi ដើរចេញ​ពេល​អស់​កុងត្រា

    ខ្សែប្រយុទ្ធ​របស់​ក្លិប FC Barcelona សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi មាន​កុងត្រា​នៅ​ជាមួយនឹង​ក្លិប​មួយ​នេះ ត្រឹម​ពាក់កណ្តាល​រដូវ​កាល​ក្រោយ​តែប៉ុណ្ណោះ ដោយ​កីឡាករ​រូបនេះ​បាន​បញ្ជាក់ថា មិន​ចង់​បន្ត​កុងត្រា​ជាមួយនឹង​ក្លិប​នេះ​ទៀតឡើយ។

    អនាគត​របស់ Messi ជាមួយ Barcelona នៅតែ​ស្រពេចស្រពិល ខណៈ​កុងត្រា​របស់គេ បច្ចុប្បន្ន​ជិត​នឹង​ចប់ នៅ​ដំណាច់​ខែមិថុនា ឆ្នាំក្រោយ។ យោងតាម ESPN បានឱ្យដឹងថា ពេលដែល​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន បន្ថែម​កុងត្រា​រយៈពេល 4ឆ្នាំ កាលពី​ឆ្នាំ2017 ក្នុង​កិច្ចសន្យា​នោះ បាន​បញ្ចូល​លក្ខខណ្ឌ​ទឹកប្រាក់ 60លាន​ផោន​ដ៍ ដែលជា​ប្រាក់​បន្ថែម លើកទឹកចិត្ត​ចំពោះ​ការស្មោះត្រង់​ជាមួយ​ក្លិប។

    ទោះជា​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ក្តី ក៏ប៉ុន្តែ​ក្លិប Manchester City ដែលជា​ក្លិប​អ្នក​មាននៅ​អង់គ្លេស អាច​នឹងមាន​ភាគរយ​ច្រើន ខណៈដែល Messi ក៏​ធ្លាប់​ត្រៀម​ជើង​ព្រួល ជាមួយ​ក្លិប​មួយ​នេះ​ម្ដង​រួចមកហើយ កាលពី​ដើមរដូវ​កាល​កន្លងទៅនេះ៕

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា?(តចប់)

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា?(តចប់)

    7 . ជាកញ្ញាអ្នកពុះពារ

    អ្នកជាមនុស្សស្រឡាញ់ឥស្សរភាព ហើយអ្នកក៏ឆ្កួតនឹងការងារ! អ្នកជាមនុស្សដែលត្រូវការស្នេហាយ៉ាងរំភើបស៊ីជម្រៅ តែហេតុអីបានជួបតែបុរសមានបុគ្គលិកលក្ខណៈទន់ជ្រាយ និងពួកគេច្រើនតែមានអារម្មណ៍ថាអន់ខ្សោយពេលបានឃើញភាពជោគជ័យរបស់អ្នក ដូច្នេះហើយទើបអ្នកតម្រង់មុខសញ្ញាទៅរកការងារ ការងារ និងការងារ តែក៏មានណាត់ដើរលេងខ្លះដែរក្នុងឱកាសខ្លះ។ បើមិនដូចអ្វីដែលសង្ឃឹម ក៏មិនអីដែរ ព្រោះពេលនេះអ្នករៀបការជាមួយការងារបាត់ទៅហើយ…។

    ចូរចាំទុកថា ជីវិត ដំណើរការទៅតាមខ្សែផ្លូវដែលអ្នកគូសវាសដោយខ្លួនឯង ដូច្នេះបើអ្នកត្រូវការស្នេហា អ្នកត្រូវសាងវាឡើង…!

    8 . ជាកញ្ញាកំពូលរៀបផែនការ

    ការពិតទៅ អ្នកចង់មានកូនខ្លាំងណាស់ តែមិនត្រូវការមានចំណងស្នេហាជាមួយបុរសណាម្នាក់ឡើយ លើកលែងតែថាគេអាចធ្វើជាមេពូជដ៏ល្អបាន និងមានមុខនាទីការងារដ៏ល្អអស្ចារ្យ ទើបអ្នកសម្រេចចិត្តមានផ្ទៃពោះជាមួយ(អ៊ីចឹងតើ បានអ្នកមិនជំទាស់ ឬទាមទារឱ្យគេពាក់ស្រោមអនាម័យ(ដើម្បីពន្យារកំណើត) ដោយសារតែអ្នកខ្លួនឯងចង់មានគភ៌ជាមួយគេខ្លាំង)។

    យើងយល់…តែបើអ្នកទៅកន្លែងរក្សាទុកមេជីវិត ឬរកមិត្តប្រុសណាម្នាក់ដើម្បីសុំទឹកមេជីវិតរបស់គេមកបង្កាត់ពូជ វាប្រហែលជាស្ដាប់មើលទៅរាងឡូយជាងនេះ…តែប្រហែលជាមិនសូវល្អប៉ុន្មានទេ បើអ្នកដើរទៅគេងជាមួយមនុស្សប្រុសទូទៅដោយមិនបានការពារខ្លួននោះ!។

    9 . ជាកញ្ញាកំពូលរញ៉េរញ៉ៃ

    អ្នកមិនដឹងថាខ្លួនឯងត្រូវការអ្វី ដរាបណាអ្នកនៅតែធ្វើខ្លួនជានាងក្រមុំជប់លៀងដែលផឹកបានម៉ាទំហឹងនោះ។ អ្នកមានសេចក្ដីសុខ និងបើចិត្តទទួលយកនរណាឱ្យចូលមកក្នុងជីវិតក៏បាន និងញឹកញាប់ណាស់ដែលស្ថានការណ៍តែងតែបញ្ចប់ដោយភាពរញ៉េរញ៉ៃ…ស្រវឹងក្អួតតាមចិញ្ចើមថ្នល់ ភ្ញាក់ឡើងមកមិនដឹងនៅក្នុងផ្ទះអ្នកណា ដើរទ្រេតទ្រោតនៅក្នុងផ្ទះ…តែ ក្រែងទាំងអស់ហ្នឹង គឺជាអ្វីដែលអ្នកបានធ្វើកាលពីនៅវ័យជំទង់ហ្អី?

    ការធ្វើខ្លួនឱ្យនៅក្មេង ជារឿងល្អ តែការរស់នៅពី 1ថ្ងៃទៅ 1ថ្ងៃជាមួយនឹងការស្រវឹងអួទីនួបែបហ្នឹង វាមិនល្អឡើយ។ អូខេ តាំងស្មារតីឡើង ហើយចាប់ផ្ដើមជាថ្មី!

    10 . ជាកញ្ញាអ្នកប្រណិប័តន៍

    អ្នកមិនបានត្រូវការទៅមើលភ្លើងកាំជ្រួចដ៏សែនស្រស់ស្អាតរហូតគួរឱ្យរំភើបពេញចិត្តនោះទេ តែអ្នកត្រូវការគូជីវិតដែលមានឋានៈគង់វង្ស និងអាចទុកចិត្តបាន ហើយការស្វែងរកមនុស្សដែលត្រូវចិត្តនេះ គឺជាការងារ ផាតថាមរបស់អ្នក។ អ្នកជឿថា គ្រប់យ៉ាងកើតចេញពីការប្រើពេលវេលា និងក្ដីព្យាយាម ទើបអ្នកកំណត់មុខសញ្ញា និងចាប់ផ្ដើមអនុវត្ត។ រឹតតែជួបនឹងមនុស្សប្រុសច្រើនប៉ុនណា ឱកាសក្នុងការជួបបុរសដែលគិតថាត្រូវចិត្ត ក៏នឹងច្រើនទៅតាមនោះដែរ។

    អ្វីដែលអ្នកធ្វើហ្នឹង ត្រឹមត្រូវហើយ តែកុំភ្លេចបន្ធូរបន្ថយអារម្មណ៍ខ្លួនឯង និងរកសេចក្ដីសុខដាក់ខ្លួនខ្លះផង រួចហើយអ្នកនឹងចម្លែកចិត្តជាមួយអ្វីដែលកើតឡើង ដែលវាអាចទាំងជាភាពគង់វង្សដែលអ្នកកំពុងតាមរក និងថែមទាំងបានមើលភ្លើងកាំជ្រួចដ៏សែនស្អាតទៀតផង។

    11 . ជាកញ្ញាអ្នកខ្ពង់ខ្ពស់

    អ្នកជាមនុស្សដែលមានគំនិតបុរាណ និងត្រូវការបុរសដែលទឹកចិត្តក្លាហាន និងលើសអ្វីទាំងអស់ អ្នកត្រូវការសេចក្ដីស្នេហា ការយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់ជាមួយគោលគំនិតមួយចំនួន(ដូចជារឿងលុយកាក់) មិនថាតែការជូនផ្កាកុលាប ការនាំទៅដើរលេង ឬដើរសបភីងនៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ល និងល។ បុរសដែលត្រូវចិត្តសម្រាប់អ្នក ក៏គឺបុរសដែលចាប់អារម្មណ៍តែរឿងរបស់អ្នក។

    មនុស្សស្រឡាញ់គ្នា ត្រូវតែយកចិត្តទុកដាក់គ្នាទៅវិញទៅមក តែបើអ្នកគិតតែពីរឿងលុយ អ្នកក៏មានភាពប្រថុយប្រថានក្នុងការក្លាយជានារីស្ទីលអ្នកដើរជីករកមាសហើយ។ ស្រ្តីមិនចូលចិត្តឱ្យបុរសចាប់អារម្មណ៍តែរឿងរូបរាងខ្លួនប្រាណ ដូចគ្នានឹងបុរសក៏មិនចូលចិត្តឱ្យស្រ្តីចាប់អារម្មណ៍តែរឿងតួលេខក្នុងបញ្ជីគណនីធនាគារដែរ។

    12 . ជាកញ្ញាអ្នកដឹងច្បាស់

    ប្រហែលជាល្អ បើមានស្នេហា តែការនៅលីវ ក៏ជារឿងមួយទៀតដែលគួរឱ្យស្ងើចបានដូចគ្នាដែរ ព្រោះខណៈដែលបណ្ដាមិត្តភក្តិស្រីៗរបស់អ្នកកំពុងតាំងអារម្មណ៍ជាមួយការស្វែងរកគូសង្សាថ្មី អ្នកក៏កំពុងមានសេចក្ដីសុខជាមួយឥស្សរភាពក្នុងជីវិតដូចគ្នា។

    ប្រើជីវិតរស់នៅរបស់អ្នកយ៉ាងពេញទំហឹង រួចហើយអ្វីដែលអ្នកប្រាថ្នា ក៏នឹងតាមមកដោយឯកឯង បណ្ដោយឱ្យវាដំណើរការទៅតាមធម្មជាតិ…៕​

  • Suarez សោកស្តាយ ដែល Barcelona សម្រេចលក់រូបគេចេញ

    Suarez សោកស្តាយ ដែល Barcelona សម្រេចលក់រូបគេចេញ

    ក្លិប FC Barcelona បច្ចុប្បន្ន​កំពុងតែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ8 នៃ​តារាង​ពិន្ទុ La Liga ប្រចាំ​សប្តាហ៍​ទី9 របស់ខ្លួន ដោយមាន​ត្រឹមតែ 9ពិន្ទុ​ប៉ុណ្ណោះ។

    ក្រុម Barcelona បន្ទាប់ពី​លក់ Suarez ចេញទៅ ពេលនេះ​ពួកគេ​កំពុងមាន​បញ្ហា​បន្តិច ទៅលើ​តំបន់​ប្រយុទ្ធ បើទោះជា​បច្ចុប្បន្ន​មាន​កីឡាករ​ច្រើន​នាក់​ហើយក៏​ដោយ។ បញ្ហា​នេះដែរ ត្រូវបាន Suarez អះអាងថា ខ្លួនគេ​ក៏​ពិបាកចិត្ត​ដែរ នៅពេលដែល​ចាកចេញ​ទៅហើយ ឃើញ​អតីត​ក្រុម​របស់​ខ្លួនឯង កំពុង​ជួប​បញ្ហា​បែបនេះ។

    គួរឱ្យ​ដឹង​ដែរ​ថា ក្រោយពី​ធ្វើការ​រុះរើ​ក្រុម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​គ្រូបង្វឹក​ថ្មី លោក Koeman មក ក្លិប​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង ដោយសារតែ​យុទ្ធសាស្ត្រ​របស់​គ្រូបង្វឹក​ថ្មី​ម្នាក់នេះ បានធ្វើការ​ជម្រុះ​កីឡាករល្អៗចេញ​ជាច្រើន​នាក់៕

  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕

  • ត្រូវតែដឹង…អាការឈឺពោះផ្នែកខាងស្ដាំ បញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    ត្រូវតែដឹង…អាការឈឺពោះផ្នែកខាងស្ដាំ បញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    នរណាៗក៏ដឹងដែរថា អាការឈឺពោះនេះ នៅពេលដែលវាកើតឡើងហើយ តែងតែសាងនូវក្ដីលំបាកដល់រាងកាយរបស់យើងខ្លាំងណាស់ មិនថាតែឈឺពោះផ្នែកខាងឆ្វេង ឬផ្នែកខាងស្ដាំឡើយ។ បើសិនជាអាការឈឺក្នុងលក្ខណៈនោះកើតឡើងចំពោះយើងញឹកញាប់ នោះវាអាចជាសញ្ញាមួយដែលប្រាប់ឱ្យយើងដឹងអំពីបញ្ហាសុខភាពដែលកំពុងជិតមកដល់ ដូច្នេះសូមឱ្យនឹកឃើញជាប់ជានិច្ចថា ក្នុងរៀងរាល់អាការឈឺពោះ ច្បាស់ជាមានដើមហេតុរបស់វាទាំងអស់។ នៅពេលនេះ យើងនាំគ្នាមកយល់ដឹងអ ំពីសញ្ញាអាក្រក់ដែលកើតឡើងនៅពេលឈឺពោះផ្នែកខាងស្ដាំ ដែលបើសិនជាវាកើតអាការឈឺញឹកញាប់ជាបន្តបន្ទាប់ក្នុងលក្ខណៈផ្សេងៗនោះ មានន័យថារាងកាយរបស់យើងកំពុងបញ្ជូនសញ្ញាប្រាប់អំពីជំងឺអាក្រក់ណាមួយហើយ…។

    អាការឈឺពោះផ្នែកខាងស្ដាំលើ(ម្ដុំៗក្រោមឆ្អឹងជំនីខាងស្ដាំ)

    នៅពេលលោកអ្នកកើតមានអាការឈឺពោះផ្នែកខាងស្ដាំលើ ហើយអាការឈឺនោះច្រើនតែកើតឡើងក្រោយពេឋលទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន នោះអាចមានន័យថា លោកអ្នកកំពុងមានភាពប្រថុយប្រថានក្នុងការកើតជំងឺក្រួសក្នុងថង់ទឹកប្រមាត់ រួមទាំងជំងឺថ្លើមផងដែរ។ ចំណុចសង្កេតសំខាន់ដែលនឹងជួយបញ្ជាក់បានថា អាចជាជំងឺទាំងនោះគឺ ពេលយកដៃទៅចុចសង្កត់លើបរិវេណដែលមានអាការឈឺនោះ អាចនឹងប៉ះនឹងដុំសាច់រឹងៗ ចំណែកអាការដែលតាមមកនោះគឺ មានអាការខ្លួនប្រាណឡើងលឿង និងភ្នែកលឿង។

    អាការឈឺពោះផ្នែកខាងស្ដាំក្រោម

    ពេលកើតមានអាការឈឺពោះផ្នែកខាងស្ដាំក្រោម ចាប់ផ្ដើមតាំងពីម្ដុំជុំវិញរន្ធផ្ចឹតរហូតទៅដល់ក្រោមពោះផ្នែកខាងក្រោមស្ដាំ។ ពេលយកដៃទៅស្ទាបលើបរិវេណដែលមានអាការឈឺនោះ នឹងមានប៉ះនឹងដុំសាច់ សង្កត់ពីលើហើយមានអាការឈឺ ប្រកបនឹងការឈឺចុកសៀតគ្រប់ពេលវេលា បើមានសភាពបែបនេះ ចូរសន្និដ្ឋានទុកជាបឋមថា អាចជារោគសញ្ញារលាកខ្នែងពោះវៀនហើយ តែបើមានអាការឈឺស្រដៀងមានខ្យល់នៅក្នុងពោះ មានអាការរមូរៗពោះរួមជាមួយផងនោះ អាចបណ្ដាលមកពីការធ្វើការងារខុសប្រក្រតីរបស់ពោះវៀនធំ។

    អាការឈឺពោះផ្នែកខាងស្ដាំក្រោមឆ្អឹងជំនីរ

    ពេលមានអាការឈឺពោះផ្នែកខាងស្ដាំ ឈឺបែបក្រហាយៗនៅក្រោមឆ្អឹងជំនីរ ដោយចំពោះអ្នកខ្លះអាចមានអាការឈឺចុកសៀត និងចុកពោះរួមជាមួយផង នោះមានន័យថា អាចជាការធ្វើការខុសប្រក្រតីរបស់ពោះវៀនតូច។ មានមូលហេតុមកពីការកើតប្រតិកម្មចាញ់ប្រូតេអ៊ីនគ្លុយតេន ហុចផលប៉ះពាល់ធ្វើឱ្យពោះវៀនមិនអាចបឺតជ្រាបអាហារបានល្អដូចប្រក្រតី ធ្វើឱ្យកើតអាការឈឺពោះ។ បើសិនបណ្ដោយទុកមិនធ្វើការព្យាបាលរយៈពេលយូរ អាការទាំងនេះនឹងប្រមូលសន្សំរហូតកើតជាសភាវរាករូសរ៉ាំរ៉ៃ ហើមពោះ និងថែមទាំងអាចវិវឌ្ឍទៅជាជំងឺរលាកពោះវៀនតូចបានទៀតផង។

    អាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុត

    អាការឈឺពោះផ្នែកខាងស្ដាំក្រោមបំផុតនេះ នឹងមានអាការឈឺឡើងរឹងកើតឡើងជាដំណាក់ៗ មានអាការឈឺផ្នែកខាងក្រោមពោះបំផុតផ្នែកខាងស្ដាំរាលដាលទៅដល់ដើមភ្លៅ ដែលបង្ហាញឱ្យដឹងថា អាចមានបញ្ហាសុខភាពកើតឡើងនៅម្ដុំតម្រងនោម តែបើសិនមានអាការគ្រុនក្ដៅខ្លាំង មានអារម្មណ៍រងាញាក់ និងថែមទាំងមានធ្លាក់ស(ចំពោះស្រ្តី)រួមជាមួយផងនោះ អាការក្នុងលក្ខណៈបែបនេះ គឺជាសញ្ញារបស់ជំងឺរលាកដៃស្បូន ដែលបើសិនជាយើងយកដៃស្ទាបត្រង់កន្លែងដែលឈឺ នឹងប៉ះដុំសាច់ទៀតផង។

    អាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល(ចង្កេះខាងស្ដាំ)

    បើសិនមានអាការឈឺពោះផ្នែកខាងស្ដាំកណ្ដាល រួមទាំងបន្ទោបង់មកមានឈាម ឬប្រព័ន្ធបន្ទោបង់មានភាពខុសប្រក្រតី

    នោះអាចជាសញ្ញាដាស់តឿនថា អ្នកកំពុងជិតកើតជំងឺរលាកពោះវៀនធំហើយ ដែលបើសិនជាពិនិត្យទៅឃើញមានដុំសាច់ផងនោះ ក៏អាចជាការបង្ហាញឱ្យឃើញថា អ្នកអាចនឹងកើតរោគដុះសាច់ក្នុងពោះវៀនធំ។ តែបើសិនជាមានអាការឈឺពោះផ្នែកខាងស្ដាំ ចាប់ផ្ដើមពីចង្កេះរាលដាលទៅដល់គល់ភ្លៅវិញនោះ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតដុំក្រួសនៅក្នុងក្រលៀន ឬបើមានអាការឈឺចង្កេះខាងស្ដាំ ព្រមទាំងមានគ្រុនក្ដៅរងា រួមទាំងមានទឹកមូត្រពណ៌កករល្អក់ផង ក៏អាចជាសញ្ញាមួយប្រាប់ថា អ្នកអាចនឹងកើតជំងឺរលាកបំពង់តម្រងនោម។

    អាការឈឺពោះខាងស្ដាំពេលមានគភ៌

    ត្រូវតែសុំប្រាប់ស្រ្តីដែលកំពុងមានគភ៌នៅពេលនេះថា អាការឈឺពោះខាងស្ដាំដែលកើតឡើងក្នុងខណៈដែលយើងកំពុងជិតមានកូនតូចនោះ មិនមែនជារឿងដែលត្រូវកង្វល់នោះទេ ព្រោះបើមានអាការឈឺពោះ មិនថាតែខាងស្ដាំ ឬខាងឆ្វេងនោះទេ បើសិនជាការឈឺនោះជាការឈឺបែបស្រាលៗ នោះគឺដោយសារតែតួជីវិតចាប់ផ្ដើមបង្កប់ខ្លួនទៅក្នុងស្បូន។ អាការបន្តដែលស្រ្តីមានផ្ទៃពោះនឹងត្រូវជួប គឺអាការឈឺក្នុស្បូន ព្រោះស្បូននឹងចាប់ផ្ដឋើមរីកធំឡើងជាបណ្ដើរ ដែលពេលនោះស្រ្តីមានគភ៌នឹងមានអារម្មណ៍ឈឺនៅក្នុងពោះផ្នែកខាងក្រោម(ថ្ងាសក្រោម)ជាពិសេស។

    ក្រៅពីនោះ បើសិនស្រ្តីមានគភ៌មានភេទសម្ព័ន្ធញឹកញាប់ ដើរច្រើន ឡើង-ចុះជណ្ដើរញឹកញាប់ ឬហាត់ប្រាណប្រចាំ ក៏អាចធ្វើឱ្យកើតមានអាការឈឺពោះម្ដុំផ្នែកខាងក្រោមដែរ ដោយសារតែការប្រើសាច់ដុំនៅត្រង់ផ្នែកនោះ។ បើសិនជាមានអារម្មណ៍ថាឈឺពោះផ្នែកខាងស្ដាំខ្លាំងៗរហូតមានអារម្មណ៍ថាទ្រាំលែងបាន យើងសូមណែនាំឱ្យប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបានប្រញាប់ពិនិត្យវិនិច្ឆ័យយ៉ាងលម្អិត និងចាប់ផ្ដើមព្យាបាលតាមអាការរហូតទាល់ជា គឺជារឿងដែលចាំបាច់ត្រូវធ្វើខ្លាំងបំផុត៕

  • ធ្វើមេចបង់ថ្លៃ ទឹក ភ្លើង តាមវីងមិនអស់ថ្លៃសេវា?

    ធ្វើមេចបង់ថ្លៃ ទឹក ភ្លើង តាមវីងមិនអស់ថ្លៃសេវា?

    មិនចាំបាច់កាន់សាច់ប្រាក់និងធ្វើដំណើរ ទៅបង់ថ្លៃទឹកភ្លើងនិងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App)ពីផ្ទះបានគ្រប់ពេលព្រមទាំងមិនអស់ថ្លៃសេវាឡើយ។

    ខណៈពេលដែលជំងឺកូវីដ ១៩កំពុងតែបន្តរាតត្បាត ធនាគារឯកទេសវីងបានអនុញ្ញាតដល់អតិថិជនទាំងអស់អាចបង់ថ្លៃទឹក ភ្លើងនិងសំរាម ដោយគ្មានការកំណត់និងមិនអស់ថ្លៃសេវា។ការផ្តល់ជូនដ៏ពិសេសនេះ​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ​ខែតុលា រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០។

    ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ “ទូទាត់វិក្កយបត្រ” និងជ្រើសរើស “ថ្លៃទឹក ភ្លើង” និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ជាការស្រេច។

    ការផ្តល់ជូននេះនឹងអនុវត្តចំពោះតែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈ​កម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប​​ និង​រដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ។​

    ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និង សំរាមដោយឥតគិតថ្លៃ៕