Author: ធឿន មករា

  • Salah ត្រូវសម្រាក និងអវត្តមានពី Liverpool បន្ត 2សប្តាហ៍បន្ថែមទៀត

    Salah ត្រូវសម្រាក និងអវត្តមានពី Liverpool បន្ត 2សប្តាហ៍បន្ថែមទៀត

    ខ្សែប្រយុទ្ធ​របស់​ក្លិប Liverpool FC សញ្ជាតិ​អេ​ហ្ស៊ី​ប Mohamed Salah បាន​ឈានចូល​ដល់ពេល​ធ្វើតេស្ត​កូ​វីដ-19 ជា​លើក​ទី2 ហើយ កាលពី​ថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 តែ​លទ្ធផល​ចេញមក ហាក់​មិន​ជាទី​គាប់ចិត្ត​របស់​កីឡាករ​រូបនេះ​ឡើយ។

    Salah ធ្លាប់មាន​ក្ដីសង្ឃឹម​ថា អាច​នឹង​ត្រឡប់​មកកាន់ Merseyside វិញ​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​សម្រាក​ព្យាបាល​អស់​រយៈពេល ១សប្ដាហ៍​នៅ​ប្រទេស​អេ​ហ្ស៊ី​ប។ ប៉ុន្តែ​តាមរយៈ​ការ​តេស្ដ​កាលពី​ម្សិលមិញ​បង្ហាញថា គេ​នៅតែ​ឆ្លង​កូ​វីដ-19 ហើយ​គ្រូពេទ្យ​ត្រូវឱ្យ​កីឡាករ​រូបនេះ​នៅ​បន្ត​ព្យាបាល​រយៈពេល 2សប្តាហ៍​ទៀត។

    ដូចនេះ Liverpool FC នឹងត្រូវ​បាត់បង់​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ខាងលើ ក្នុងការ​ប្រកួត​ជាមួយនឹង​ក្លិប Leicester City និង Atalanta៕

  • អាល្លឺម៉ង់នៅតែទុកចិត្តគ្រូបង្វឹករបស់ខ្លួន ទោះបីចាញ់អេស្ប៉ាញស្ពឹកមុខក៏ដោយ

    អាល្លឺម៉ង់នៅតែទុកចិត្តគ្រូបង្វឹករបស់ខ្លួន ទោះបីចាញ់អេស្ប៉ាញស្ពឹកមុខក៏ដោយ

    លោក Joachim Low នឹង​នៅតែ​បន្ត នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​ដដែល ទោះបីជា​ចាញ់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​យ៉ាង​អាម៉ាស់មុខ​កាលពី​យប់មិញ​នេះ​ក៏ដោយ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​នាយក​បច្ចេកទេស​បាល់ទាត់​អាល្លឺម៉ង់​លោក Oliver Bierhoff។

    ការប្រកាស​នេះ បាន​កើតឡើង​ក្រោយ​ការ​ចាញ់ របស់​អាល្លឺម៉ង់ ដោយ​លទ្ធផល 6ទល់នឹង0 ក្រោម​ថ្វី​ជើង​ក្រុម​អេ​ស្ប៉ា​ញ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Nation League 2020 ដែល​នេះ គឺជា​ការ​ចាញ់​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់ ក្នុងអំឡុងពេល 90ឆ្នាំ​ចុង​ក្រោយនេះ។

    សូម​ជម្រាប​ផងដែរ​ថា អាល្លឺម៉ង់​ធ្លាប់មាន​កំណត់ត្រា​ចាញ់​អាក្រក់​បំផុត គឺ​ចាញ់​ក្រុម​ជម្រើស​អង់គ្លេស ក្នុង​លទ្ធផល 9-0 កាលពី​ឆ្នាំ1909៕

  • វេ​ប​សាយ​ចិន​មួយ​នេះ បើក​ឱ្យ​កុម្ម៉ង់​ទិញ Huawei ថែម​ជូន iPhone 12

    វេ​ប​សាយ​ចិន​មួយ​នេះ បើក​ឱ្យ​កុម្ម៉ង់​ទិញ Huawei ថែម​ជូន iPhone 12

    ថ្មីៗនេះ មាន​រូបភាព 1សន្លឹក ដែល​បាន screenshot ចេញពី​វេ​ប​សាយ​ល្បី​មួយ​នៅ​ប្រទេស ចិន គឺ Huihuibao បានធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​នៅពេល​បង្ហោះ​សារ​ថា បើ​អ្នក​កុម្ម៉ង់​ទិញ Huawei Mate40 Pro ឥឡូវនេះ អ្នកនឹង​ទទួលបាន iPhone 12 ទំហំ 64GB 1គ្រឿង​ទៀត​ភ្លាម​តែម្ដង។

    អ្នក​ដែល​បញ្ជា​ទិញ​ថ្ងៃនេះ នឹង​ទទួលបាន​ឥ​វ៉ាន់​នៅ​ថ្ងៃទី26 ខែ​វិ​ច្ឆ​កា 2020 ខាងមុខនេះ។ Huawei Mate40 Pro ជម្រើស RAM 8GB មេ​ម៉ូ​រិ 128GB ដែល​វេ​ប​សាយ​នោះ​ដាក់លក់​គឺ មានតម្លៃ 988 ដុល្លារ (6499យន់)។

    Huawei Mate40 Pro បំពាក់​មកជា​មួយ​អេក្រង់​OLED ទំហំ 6.7អ៊ិ​ញ កម្រិត​បង្ហាញ​រូបភាព និង​វីដេអូ 90hz refresh rate ។ ប្រើ​ឈី​ប ដំបូង​គេ 5mn 5G SoC ដែលមាន​ល្បឿន​ជាង 3ដង នៃ​ជំនាន់​ម៉ូ​ឌឹ​ម 5G មុន។

    Mate40 Pro មាន​ជម្រើស​RAM 8GB មេម៉ូរី 256GB ថាមពល​ថ្ម 4000មី​ល្លី​អំពែ​ម៉ោង ចេញមក​ជាមួយនឹងរ​ន្ធ​សាក​ភ្លើង​លឿន 66វ៉ា​ត់ USB-C SuperCharge នឹង​ដុំ​សាក​ខាងក្រោយ សាក​លឿន 50W វ៉ា​ត់ Wireless SuperCharge ៕

    Poster from Chinese online store Huihuibao
  • ជប៉ុន កំពុងរៀបចំកាមេរ៉ា Super Hi-vision កម្រិត 8K ថតពិភពព្រះអង្គារ និងព្រះចន្ទ មុនគេបង្អស់

    ជប៉ុន កំពុងរៀបចំកាមេរ៉ា Super Hi-vision កម្រិត 8K ថតពិភពព្រះអង្គារ និងព្រះចន្ទ មុនគេបង្អស់

    ថ្មីៗនេះ ក្រុមការងារ​ទីភ្នាក់ងារ​អវកាស ជប៉ុន (JAXA) បាននិងកំពុង​រៀបចំ​ប្រព័ន្ធ​កាមេរ៉ា Super Hi-vision ដើម្បី​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ ឱ្យបាន​នៅ​ឆ្នាំ2024។

    បច្ចេកវិទ្យា  Super Hi-vision 8K ត្រូវបាន​លេច​រូបរាង​ឡើង តាំងពី​ឆ្នាំ2015 នៅក្នុង​វិស័យផ្សេងៗ ដូចជា ទូរទស្សន៍​កម្រិត 8K ឬ​កាមេរ៉ា​ថតកុន ជាដើម។ យ៉ាងណាមិញ​នៅ​ឆ្នាំ2020 នេះ ជប៉ុន​បាន​នាំយកមក​ប្រើប្រាស់ នៅក្នុង​បេសកកម្ម​អវកាស ជា​លើកដំបូង​បង្អស់។

    សូមជម្រាបថា បេសកកម្ម​របស់ (JAXA) គឺ​ដើម្បី​ចាប់យក​រូបភាព​ក្នុង​កម្រិត​ភាពច្បាស់ រហូតដល់ Ultra HD 8K របស់​ពិភព​ព្រះ​អង្គារ និង​ព្រះ​ចន្ទ​នេះ កន្លងមក បេសកកម្ម​នេះ​មិន​ធ្លាប់មាន​នោះទេ៕

  • 7វិធី ពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    7វិធី ពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន(ឱ្យដូចអ្នកឯទៀត) តែ…តើអ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយឬ?។ ជួន​កាលការមានបុត្រ អាចមិនមែនជាអ្វីដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗ​ទៀត​​​ជា​ច្រើន ដែលអ្នកគួរតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…។

    ខាងក្រោមនេះគឺ 7វិធីក្នុងការពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    1-រឿងលុយកាក់

    រឿងលុយកាក់ជាបច្ច័យសំខាន់មួយសម្រាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូន មានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌ ថ្លៃប្រសូត្រ ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតទៅដល់ថ្លៃរៀនសូត្ររបស់កូន ថ្លៃហូបចុក ថ្លៃរបស់របរប្រើប្រាស់ និងថែមទាំងត្រូវមានថ្លៃថែទាំព្យាបាលជំងឺដង្កាត់ផ្សេងៗទៀតផង ។ បែប​នេះ បើសិនជាមិនបានត្រៀមខ្លួនឱ្យបានសព្វគ្រប់ទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូនបានយ៉ាងល្អប្រសើរនោះឡើយ។ ដូច្នេះគួររង់ចាំឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកមានភាពស្ថិតស្ថេររឹងមាំជាមុនសិន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ។

    2-ភាពស៊ូទ្រាំ

    បើអ្នកនៅក្មេងសេចក្តី នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅ​ពេល​​​​​​នោះ​​​​​បាន​​​ទេ ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់ ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ 9ខែ ហើយនៅត្រូវភ្ញាក់មកបំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើងនៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូននោះទៀត ដូច្នេះហើយទើបការមានបុត្រ គួរតែទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំ ល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿងទាំងអស់នោះបានជាមុនសិន ទើបជាការល្អ។

    3-វ័យ

    ក្រៅពីចិត្តគំនឹតដែលត្រូវតែចាស់ទុំហើយនោះ រឿងរបស់អាយុ ឬវ័យក៏ពាក់ព័ន្ធដែរ ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ ហើយមានបុត្រទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែត្រូវនៅរៀនសូត្រ​ផង​នោះ ការចិញ្ចឹមមើលថែទាំកូនប្រហែលជានឹងរឹតតែលំបាកឡើងទៀតទ្វេដងមិនខាន ដូច្នេះហើយចូរជ្រើសរើសមានបុត្រនៅក្នុងវ័យកណ្តាលៗ ឬនៅអំឡុងវ័យជាង 20ឆ្នាំក្រាស់ ទើបជាការប្រសើរបំផុត។

    4-តើគេ(គូស្នេហ៍ ឬស្វាមី)គឺពិតជា​មនុស្សដែលអ្នកត្រូវការមែនឬ?

    រវាងការនៅជាគូស្នេហ៍ ជាមួយនឹងការក្លាយជាស្វាមី-ភរិយានឹងគ្នា វាជារឿងមួយដាច់ដោយឡែក និងផ្សេងពីគ្នា ព្រោះជួនកាលតឱ្យអ្នកទាំង2 សេពគប់គ្នាយ៉ាងល្អប្រពៃ និងផ្អែមល្ហែមប៉ុនណាក៏ដោយ តែដល់ពេលមករួមរស់នៅជាមួយគ្នាមែនទែននោះ អាចនឹងមិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានក៏អាចថាបានដែរ។ ព្រោះថា មនុស្សយើងនឹងបានមើលឃើញពីអត្តចរិត និស្ស័យពិតរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលដែលបានមករស់នៅក្រោមតំបូលផ្ទះតែមួយ​ជាមួយ​គ្នាហ្នឹងឯង…។ ដូច្នេះពេលនោះ បើសិនជាអ្នកមានបុត្រជាមួយគ្នា ​ វាអាចនឹងធ្វើឱ្យការលែងលះគ្នាមានភាពពិបាកខ្លាំងឡើង ឬ​អាចនឹងធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហាទៅថ្ងៃមុខបាន។

    5-នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនឯងឱ្យអស់ដៃនៅឡើយ

    ពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសម្រាប់ខ្លួនឯងសោះតែម្ដងក៏អាចថាបានដែរ។ ដូច្នេះហើយ ពេលដែលមិនបានធ្វើអ្វីៗដែលខ្លួនធ្លាប់បាននឹកស្រមៃថា ចង់ធ្វើកាលពីមុនមកនោះ អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយ ហើយបើរង់ចាំឱ្យកូនធំៗអស់សិន សឹមធ្វើរឿងដែលអ្នកចង់ធ្វើនោះ ពេលនោះអ្នកអាចនឹងមានអាយុច្រើន រាងកាយចុះទន់ខ្សោយ និងលែងអាចធ្វើបានទៀតហើយក៏អាចថាបានដែរ…។ ដល់ពេលនោះអ្នកប្រហែលជានឹកស្តាយក្រោយខ្លាំងណាស់មែនទេ?។

    6-មុខតំណែង តួនាទីការងារ

    រឿងមួយនេះ​ គឺជារឿងល្អិតល្អន់មួយដែលអ្នកត្រូវប្រើពេលវេលាគិតគូរឱ្យបានយូរបន្តិច ដោយសារតែការងារ​ខ្លះ ពេលមានបុត្រហើយអ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀតទេ។ ដូច្នេះអ្នកគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តយកបុត្រជាមុនសិនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត? សុំឈប់ធ្វើការមកធ្វើជាមេផ្ទះដើម្បីចិញ្ចឹមមើលថែកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?។

    7-ផ្ទះសំបែងក៏ត្រូវត្រៀមទុកជាមុនឱ្យរួចជាស្រេចដែរ

    សាកល្បងពិនិត្យមើលថា តើពេលនេះផ្ទះ ឬកន្លែងរស់នៅរបស់អ្នក មានទីកន្លែងច្រើនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមថែទាំកូន​ហើយឬនៅ? បើមានត្រឹមតែបន្ទប់គេងធំតែមួយសម្រាប់អ្នក និងស្វាមី(ឬភរិយា)នោះ ក៏សូមកុំអាលគិតចង់បានកូនអីល្អជាង… ព្រោះថា ពេលកូននៅតូច កូនអាចគេងក្នុងបន្ទប់ជាមួយគ្នាបាន តែដល់ពេលគេធំឡើងបន្តិច យ៉ាងណាៗក៏កូនៗក៏ត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនរបស់គេដើម្បីបំពេញធុរៈ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ…ដល់ពេលនោះ តើអ្នកគិតយ៉ាងម៉េច?៕

  • 4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

    4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

    ការឆុងទឹកដោះគោ ជាដំណាក់កាលគ្រឹះដំបូងក្នុងការចិញ្ចឹមកូនដែលអាចហៅបានថា ជាចំណេះដឹងមូលដ្ឋានសម្រាប់ស្រ្តីជាម្ដាយគ្រប់រូប ហើយអ្នកម្ដាយគ្រប់គ្នាក៏ប្រហែលជាដឹងពីវិធីការឆុងទឹកដោះគោស្រាប់ហើយ តែដឹងទេថា រឿងដែលយើងគិតថាងាយ និងធ្វើតាមបែបដែលនរណាៗក៏គេធ្វើដែរនោះ អាចជាវិធីឆុងទឹកទឹកដោះគោដែលស្រ្តីជាម្ដាយទាំងអស់យល់ច្រឡំមករហូត ជាពិសេសការឆុងទឹកដោះគោឱ្យទារកអាយុ 0-3ខែ ដែលប្រព័ន្ធរំលាយអាហារនៅមិនទាន់ល្អពេញលេញ។ ការឆុងទឹកដោះគោដែលមិនត្រឹមត្រូវ អាចធ្វើឱ្យកូនកើតអាការហើមពោះ មិនស្រួលពោះ បត់ខ្លួនចុះឡើងញឹកញាប់ និងយំរករឿងមិនឈប់ក៏មាន ដូច្នេះ មុននឹងឆុងទឹកដោះគោឱ្យកូន អ្នកម្ដាយនាំគ្នាមកពិនិត្យមើលសិនប្រសើរជាងថា តើបានធ្វើរឿងទាំងអស់នេះដែរឬទេ?

    1.ដាក់ម្សៅទឹកដោះគោចូលទៅក្នុងដបមុនដាក់ទឹក…ការពិតវិញ ត្រូវដាក់ទឹកចូលសិន មុននឹងដួសម្សៅទឹកដោះគោដាក់ចូលទៅ

    អ្នកម្ដាយជាច្រើនតែងស៊ាំធ្លាប់ជាមួយការដួសម្សៅទឹកដោះគោដាក់ចូលដបទឹកដោះគោ រួចហើយទើបដាក់ទឹកចូលទៅ។ ការធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវសោះតែម្ដង ព្រោះការដែលអ្នកម្ដាយដាក់ម្សៅទឹកដោះគោចូលទៅមុន នឹងធ្វើឱ្យបរិមាណរបស់ទឹកតិចជាងការពិត ធ្វើឱ្យកូនតូចបានទទួលទឹកដោះគោក្នុងបរិមាណដែលខាប់ជ្រុល និងអាចធ្វើឱ្យកូនកើតអាការទល់លាមកបាន។

    2.ប្រើទឹកក្ដៅឆុងទឹកដោះគោ…ការពិតទៅ ត្រូវប្រើទឹកដាំឆ្អិនដែលទុករហូតទាល់តែត្រជាក់ស្មើនឹងសីតុណ្ហភាពក្នុងបន្ទប់

    ការដែលអ្នកម្ដាយប្រើទឹកក្ដៅឆុងទឹកដោះគោឱ្យកូន គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះទឹកក្ដៅនឹងធ្វើឱ្យទឹកដោះគោផ្ដុំគ្នាជាដុំៗ និងបំផ្លាញសារធាតុអាហារមួយចំនួនដែលមាននៅក្នុងម្សៅទឹកដោះគោ។ ទឹកដាំឆ្អិនដែលមានសុវត្ថិភាពសម្រាប់កូនគួរដាក់នៅក្នុងដបស្អាតដែលធ្វើពីកែវ មិនមែនប្លាស្ទិកដែលមានប្រតិកម្មជាមួយទឹកក្ដៅនោះទេ។

    3.ក្រឡុកឡើង-ចុះខ្លាំងៗរហូតទឹកដោះបាញ់ចេញឆ្វាចពីក្បាលដប…គឺជាវិធីដែលខុស ព្រោះការពិតទៅ គ្រាន់តែលុញ ឬបង្វិលដបជុំវិញក៏គ្រប់គ្រាន់ហើយ

    ការក្រឡុកឡើង-ចុះបែបខ្លាំង គឺជាវិធីប្រក្រតីដែលអ្នកម្ដាយទាំងឡាយចូលចិត្តធ្វើ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យកើតពពុះច្រើនបំផុត ហើយការដែលកូនជញ្ជក់ពពុះខ្យល់ចូលទៅ ក៏នឹងធ្វើឱ្យកើតហ្គាសនៅក្នុងក្រពះ ជាមូលហេតុមួយដែលធ្វើឱ្យកូនហើមពោះ និងមិនស្រួលក្នុងពោះ។ វិធីបន្ថយអាការហើមពោះរបស់កូន គឺលើកកូនឡើងឱ្យភើក្រោយពេលមឹមឆ្អែត និងមិនក្រឡុកដបទឹកដោះគោឡើង-ចុះខ្លាំងៗ តែចូរប្រើវិធីលុញដបឱ្យវិលជុំវិញដោយបាតដៃទាំងសងខាងវិញ នឹងធ្វើឱ្យម្សៅទឹកដោះគោ និងទឹកចូលគ្នាបានដោយមិនកើតមានពពុះ។

    4.ឆុងទឹកដោះគោច្រើនជ្រុល រហូតកូនបៅមិនអស់…ការពិត គួរឆុងល្មមតែកូនបៅអស់ទើបជាការប្រសើរ

    ឆុងទឹកដោះគោល្មមតែកូនបៅអស់ ឬបើកូនបៅមិនអស់ ទឹកដោះគោដែលសល់ អាចរក្សាទុកបានក្នុងសីតុណ្ហភាពប្រក្រតី តែមិនគួរលើសពី 1ម៉ោងឡើយ។ ក្រៅពីនេះ ការឆុងទឹកដោះគោឱ្យកូនបៅច្រើនជ្រុលពេក អាចធ្វើឱ្យកើតសភាវ Overfeeding ឬរាងកាយបានទទួលទឹកដោះគោលើសពីចាំបាច់ ដូច្នេះឆុងល្មមតែកូនអាចបៅអស់ ដោយអ្នកម្ដាយអាចគណនាបរិមាណទឹកដោះគោដែលកូនតូចត្រូវការក្នុង 1ពេលៗ វានឹងជួយបន្ថយអាការក្អែរទឹកដោះ ឬក្អួតចេញមកវិញចំពោះទារកអាយុ 0-3ខែបាន។

    មានបច្ច័យជាច្រើនដែលធ្វើឱ្យអ្នកម្ដាយចាំបាច់ត្រូវតែឆុងទឹកដោះគោឱ្យកូនបៅ មិនថាតែអ្នកម្ដាយដែលប្រសូតដោយការវះកាត់ មិនសូវមានទឹកដោះ ឬទឹកដោះក្រចេញ ឬអ្នកម្ដាយដែលមានបញ្ហាខាងសុខភាពក្ដី តែសូមកុំភ្លេចថា “ទឹកដោះម្ដាយ” គឺជាអាហារដ៏ល្អបំផុតសម្រាប់កូនតូចវ័យ 0-6ខែ ហើយទឹកដោះម្ដាយ គឺជាអាហារចម្បងដែលល្អចំពោះកូនខ្លាំងបំផុត៕

  • 50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាអស្ចារ្យលើសគេ!

    50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាអស្ចារ្យលើសគេ!

    រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយប្រជាជនខ្មែរបានទទួលស្គាល់ពីគុណភាព ភាពធន់រឹងមាំ សមត្ថភាពដ៏អស្ចារ្យដែលអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីរថយន្ត Pick Up ដ៏ទៃ។

    ថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននំាយកនូវរថយន្ត Ford Ranger Wildtrak ជំនាន់ថ្មីជាមួយនឹងជម្រើសម៉ាស៊ីនថ្មីនោះគឺ ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូតទំហំ 4 ស៊ីឡាំង មានទាក់បូ (Turbo) ចំនួន 2ដើម ដែលបានផ្តល់នូវបទពិសោធន៍នៃការបើកបរថ្មីស្រឡាងមួយទៀតជូនដល់អតិថិជនដែលជាអ្នកគាំទ្ររថយន្ត Pick Up របស់ក្រុមហ៊ុន Ford។

    លើសពីនេះទៅទៀតរថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីបានផ្លាស់ប្តូរនូវចំណុចថ្មីៗចំនួន 6 ចំណុច៖

    1. ម៉ាស៊ីនជំនាន់ថ្មី 0L Bi-Turbo (2.0L Bi-Turbo Engine)

    ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 N.M, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល

    1. ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ​​ (10-Speed Automatic)
    2. ចង្កៀងគុជ LED ជំនាន់ថ្មី (High Performance Bi-LED Projector Headlights)
    3. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យ (New Alloy Wheel Design)
    4. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី (New SYNC 3 Technology)
    5. បន្ថែមរន្ធ USB នៅលើកញ្ចក់មើលក្រោយ (Extra USB Port)

    ក្រៅពីចំណុចថ្មីទំាង 6នេះ រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានរហូតដល់ទៅ 44ចំណុច៖

    1. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
    2. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
    3. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
    4. សេនស័រជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)
    5. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
    6. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
    7. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
    8. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake force Distribution)
    9. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
    10. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
    11. អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)
    12. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​ (Emissions System)
    13. ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
    14. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)
    15. ទទួលបានចំណាត់ថ្នាក់ផ្កាយ 5​ ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)
    16. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)
    17. សេនស័រខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)
    18. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
    19. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
    20. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)
    21. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមានជាតិទឹក (Water In Diesel Filter Warning Lights)
    22. ចង្កៀងបិទបើក និងហ្វាកូដដោយស្វ័យប្រវត្តិ (Auto On/Off Head Lamps)
    23. ចង្កៀង​ LED បំភ្លឺពេលថ្ងៃ (Day-Time Running Light)
    24. ផ្លិតទឹកអូតូ (Rain Sensing Wipers)
    25. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)
    26. ឃ្លុបក្រោយបានបំពាក់ជាមួយរ៉ឺស័រជំនួយក្នុងការលើក​ និងទម្លាក់មានភាពធូរជាងមុន (Easy Lift ​and Lowering)
    27. ប្រព័ន្ធកូនសោរឆ្លាតវៃ និងចុចបញ្ឆេះរថយន្ត (Smart Key / Push Button Start-Stop)
    28. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្តិ (Auto Side Mirror Folding System)
    29. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS))
    30. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាង (LCD Instrument Cluster)
    31. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
    32. អេក្រង់ Touch Screen 8 អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
    33. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Andriod Auto និង Google Map
    34. អាចប្តូរភ្លើងពណ៍លំអរក្នុងរថយន្តបានរហូតដល់ 7 ពណ៍ (Ambient Lighting)
    35. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command)
    36. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
    37. រន្ធ USB ចំនួន 3 និងរន្ធសាក Laptop កម្លាំង 230V (3 USB Ports / 230V Invertor)
    38. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស) (4×4 Shift-On-The-Fly)
    39. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Electronic-Locking Rear Differential)
    40. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ (Upgraded Suspension System (Improves Steering, Ride and Handling))
    41. ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System)
    42. ទម្រដំបូលខាងលើអាចផ្ទុកឥវ៉ាន់បានរហូតដល់ទៅ 50​ គីឡូក្រាម (Roof Rail Can Hold Up to 50kg)
    43. ប្រព័ន្ធអូសសណ្តោងដែលអាចអោយរថយន្តនេះអូសសណ្តោងបានដល់​ 3 តោន (3 Tons Towing Capacity)
    44. អាចដឹកទំនិញបានដល់ទៅជាង 3 តោន (1.3 tons Maximum Payload)

    កក់រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីឥឡូវនេះជាមួយនឹងតម្លៃពិសេសត្រឹមតែ​ $53,500 ជាមួយនឹងជម្រើស​ 5 ពណ៍ រួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកក្រូច និងប្រផេះ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

    ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 50 ចំណុចនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នាៈ

     

  • “ខ្លាញ់ជ្រូក” អាហារសុខភាពលំដាប់ទី 8 របស់ពិភពលោកមែនឬ? តើគួរញ៉ាំយ៉ាងណាឱ្យសមល្មម?

    “ខ្លាញ់ជ្រូក” អាហារសុខភាពលំដាប់ទី 8 របស់ពិភពលោកមែនឬ? តើគួរញ៉ាំយ៉ាងណាឱ្យសមល្មម?

    ជាព័ត៌មានល្បីល្បាញមកយូរហើយសម្រាប់ការបង្ហើបឱ្យដឹងរបស់អ្នកស្រាវជ្រាវអំពីចំណីអាហារ 100យ៉ាងដែលមានគុណតម្លៃខាងភោជនាការខ្ពស់បំផុតនៅក្នុងពិភពលោក តែអ្វីដែលគួរឱ្យចាប់អារម្មណ៍របស់មនុស្សជាច្រើននោះ ប្រហែលជាអាហារលំដាប់ទី 8 គឺ “ខ្លាញ់ជ្រូក” ជាអាហារដែលពេទ្យជាច្រើនធ្លាប់បានប្រាប់ថា កុំឱ្យទទួលទានច្រើនពេក តែវាបែរជាជាប់លំដាប់ថ្នាក់ក្នុងចំណោមអាហារដែលមានគុណតម្លៃខាងភោជនាការខ្ពស់ទៅវិញ ដូច្នេះសួរថា តើយើងគួរទទួលទានខ្លាញ់ជ្រូកដែរឬទេ?

    គុណតម្លៃខាងអាហាររបស់ ខ្លាញ់ជ្រូក

    ក្រុមអ្នកស្រាវជ្រាវបានឱ្យហេតុផលថា ខ្លាញ់ជ្រូក គឺជាអាហារដែលសម្បូរទៅដោយវីតាមីន B និងសារធាតុរ៉ែជាច្រើនប្រភេទដែលចាំបាច់ចំពោះរាងកាយ ក្រៅពីនេះនៅមានខ្លាញ់មិនបង្កកខ្លួនច្រើនជាងខ្លាញ់សាច់គោ និងខ្លាញ់សាច់ចៀមទៀតផង។ ទោះជាស្ដាប់ទៅដូចជាមិនគួរឱ្យជឿក្ដី តែលទ្ធផលនៃការស្រាវជ្រាវនេះបានទទួលការអះអាងបញ្ជាក់ដោយអ្នកជំនាញខាងភោជនាហារពីប្រទេសសាំងហ្គាពួរដែលបានអះអាងថា ខ្លាញ់ជ្រូកប្រកបទៅដោយជាតិខ្លាញ់មិនបង្កកខ្លួនច្រើនដល់ទៅ 60% និងមានជាតិអាស៊ីត អូលេអ៊ិក ដែលជាអាស៊ីតខ្លាញ់ចាំបាច់ចំពោះរាងកាយ ដែលមានផលល្អចំពោះសរសៃឈាមបេះដូង និងជួយថែបំប៉នស្បែក រួមទាំងជួយកែសម្រួលតុល្យភាពអ័រម៉ូនផ្សេងៗក្នុងរាងកាយទៀតផង។

    តែឈប់សិន! កុំអាលប្រញាប់ទៅទិញខ្លាញ់ជ្រូកមកញ៉ាំអី…

    ទោះជាខ្លាញ់ជ្រូកមានគុណតម្លៃខាងសារធាតុអាហារគ្រប់មែនក្ដី តែយើងក៏ត្រូវបរិភោគឱ្យសមល្មមដែរ ព្រោះខ្លាញ់ជ្រូកនៅតែជាអាហារដែលផ្ដល់កម្លាំងថាមពលខ្ពស់ បើសិនទទួលទានច្រើនជ្រុលពេក នឹងធ្វើឱ្យកើតភាពប្រថុយប្រថានក្នុងការកើតមានខ្លាញ់ញ៉ុកណែននៅក្នុងសរសៃឈាមបានដូចគ្នា។

    ការទទួលទានខ្លាញ់ជ្រូកឱ្យមានសុវត្ថិភាព

    1. បើគិតប្រុងទទួលទានខ្លាញ់ជ្រូក គួរបរិភោគផ្នែកសាច់ និងទទួលទានរួមជាមួយបន្លែ។
    2. ប្រើវិធីស្ងោរ ឬឆាទទួលទាន ច្រើនជាងការអាំង ឬចៀន។
    3. មិនគួរបរិភោគសាច់ជ្រូកដែលឆ្លងកាត់ការកែច្នៃផ្សេងៗ ដូចជា សាច់ប៉ាតេ សាច់ហ៊ែម ឡូឡូណា ឬសាច់ក្រកជាដើម។ល។
    4. មិនគួរបរិភោគខ្លាញ់ជ្រូកច្រើនជ្រុលពេកទេ ដោយត្រូវកំណត់ថា មិនគួរលើ់សពី 100ក្រាម(1ខាំ)ឡើយក្នុង 1ពេល។ មិនលើសពី 1ដងក្នុង 1ថ្ងៃ និង 1សប្ដាហ៍មិនលើសពី 3ដង៕
  • ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

    “សុដន់ ឬដោះ” ត្រូវបានធម្មជាតិសាងឡើងដើម្បីផលិតទឹកដោះឱ្យកូនដែលជាទារកទើបនឹងកើត តែខណៈពេលជាមួយគ្នា ក៏ជាផ្នែកមួយដែលធ្វើឱ្យស្ត្រីមានមន្តស្នេហ៍ក្នុងខ្សែភ្នែកបុរសដែរ ដូច្នេះហើយទើបមានស្ត្រីជាម្ដាយមួយចំនួនកង្វល់បារម្ភរឿងសុដន់យារធ្លាក់ក្រោយពេលមានកូន និងឱ្យកូនបៅទឹកដោះគោ ជំនួសការឱ្យកូនបៅទឹកដោះខ្លួនឯង ព្រោះតែយល់ថា “ឱ្យកូនបៅដោះយូរៗទៅ នឹងធ្វើឱ្យដោះធ្លាក់យារ!!” ទាំងការពិតវិញ ចង់ឱ្យកូនបៅដោះ ឬមិនឱ្យកូនបៅដោះ ក៏សុដន់ស្ត្រីជាម្ដាយត្រូវតែយារធ្លាក់គ្រប់តែគ្នាហ្នឹង…បើមិនចេះមើលថែទាំខ្លួន។

    មូលហេតុបណ្ដាលមកពីអ្វី?

    • គ្រាន់តែមានគភ៌ ក៏យារបាត់ទៅហើយ ៈ សុដន់របស់មនុស្សស្រីនឹងចាប់ផ្ដើមយារតាំងពីពេលចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ មូលហេតុ មកពីទំហំរបស់ “សុដន់” ដែលនឹងមានការរីកធំឡើង ដើម្បីត្រៀមជាស្រេចក្នុងការផលិតទឹកដោះឱ្យកូន និងបរិវេណក្បាលសុដន់ក៏នឹងធំឡើង និងមានពណ៌ស្រអាប់ឡើងដែរ។ សរសៃឈាមខ្មៅនឹងមានខ្នាតធំឡើង រហូតមើលឃើញយ៉ាងច្បាស់ ដូច្នេះទោះជាក្រោយពេលឆ្លងទន្លេ មិនបានឱ្យកូនបៅដោះក៏ដោយ ក៏នៅតែយារដូចគ្នា ដោយនឹងចាប់ផ្ដើមយារធ្លាក់ចុះម្ដងបន្តិចៗ ហើយនឹងខ្លាំង ឬតិចប៉ុនណា អាស្រ័យលើទំហំរបស់សុដន់ បរិមាណខ្លាញ់ក្នុងខ្លួន និងអាយុរបស់ស្រ្តីខ្លួនឯង។
    • ក្រុមអ្នកម្ដាយដែលមានទឹកដោះច្រើនខ្លាំងពេក ៈ ស្ត្រីជាម្ដាយដែលឡើងដោះខ្លាំង មានឱកាសសុដន់រីកយារខ្លាំងជាងស្ត្រីជាម្ដាយដែលមានសុដនតូច ព្រោះសុដន់ក៏ដូចប៉ឺតប៉ោងដែរ ពេលវាប៉ោង វាក៏ណែនខ្លាំង ពេលឈប់ឱ្យកូនបៅដោះ វាក៏ធូរស្ពេតខ្លាំងដូចគ្នា។ តែទាំងអស់នេះ ក៏មិនមែនមានន័យថា វានឹងកើតឡើងចំពោះស្ត្រីជាម្ដាយគ្រប់គ្នានោះដែរ ព្រោះបើសិនជាស្ត្រីជាម្ដាយមើលថែទាំខ្លួនឯងបានល្អ ចេះហាត់ប្រាណពង្រឹងសាច់ដុំសុដន់ ទោះជាកូនញឹក(ច្រើន) ឬឱ្យកូនបៅដោះរយៈពេលយូរប៉ុនណា ក៏សុដន់អាចនឹងត្រឡប់មកតែងណែនដូចដើមបានដែរ។

    បច្ច័យផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងការឱ្យកូនបៅដោះ

    1. បារី ៈ មិនជឿ ក៏ត្រូវតែជឿដែរថា បារីជាវត្ថុគ្រោះថ្នាក់ដែលធ្វើឱ្យស្រ្តីសុដនយារខ្លាំងជាងឱ្យកូនបៅទៅទៀត។
    2. អាយុ ៈ មិនថានឹងមានកូន ឬមិនមានកូននោះទេ នៅពេលមនុស្សស្រីអាយុកើនច្រើនឡើង “ភាពចាស់ជរា” នឹងធ្វើឱ្យសុដន់យារធ្លាក់ទៅតាមវ័យជាបណ្ដើរៗ។
    3. អម្បូរពូជ ៈ បើសិនជាម្ដាយ ឬលោកយាយរបស់អ្នកមានអម្បូរពូជសុដនយារធ្លាក់ អ្នកខ្លួនឯងក៏មានភាគរយខ្ពស់ក្នុងការដែលសុដននឹងយារធ្លាក់បានដូចគ្នា។
    4. ភាពធាត់ ៈ ស្រ្តីមានគភ៌មិនគួរបណ្ដោយខ្លួនឱ្យធាត់ជ្រុលពេកទេ! ព្រោះទម្ងន់ខ្លួនដែលឡើងលឿន ចុះលឿន នឹងធ្វើឱ្យស្បែកយារធ្លាក់​ដែលមិនមែនត្រឹមតែសុដន់ប៉ុណ្ណោះទេ គឺទូទាំងដងខ្លួនតែម្ដង។
    5. ពាក់អាវទ្រនាប់ដែលមិនសមល្មមនឹងសុដន ៈ រឹបណែនជ្រុល ឬរលុងជ្រុលពេករហូតមិនអាចទទួលទ្រទម្ងន់របស់សុដន់បាន។

    មកដល់ពេលនេះហើយ ឡារ៉ែនជឿថា ស្រ្តីដែលមានកូន មិនថាទីបំផុតទៅ សុដន់នឹងតឹងណែន ឬនឹងយារធ្លាក់ក្ដី ក៏ប្រហែលជាមិនសំខាន់ស្មើនឹងការបំបៅដោះកូនដែរ ព្រោះខ្លាំងជាការបំបៅដោះកូនដើម្បីឱ្យកូនបានទទួលសារធាតុអាហារដែលមានប្រយោជន៍ពីទឹកដោះម្ដាយនោះ ការលើកកូនបីឱ្យបៅដោះ គឺជាការបញ្ជូនក្ដីស្រឡាញ់ ភាពកក់ក្ដៅដែលគ្មានវិធីណាល្អស្មើនឹងវិធីនេះឡើយ៕

  • ចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះដែលយើងគួរកែខៃ

    ចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះដែលយើងគួរកែខៃ

    មនុស្សយើងទាំងអស់មិនមែនចេះតែដឹងពីរឿងតិចនិកក្នុងការតុបតែងផ្ទះគ្រប់តែគ្នានោះទេ ព្រោះយើងមិនមែនជា​អ្នកជំនាញខាងផ្នែកហ្នឹង ដូច្នេះមិនថាអ្នកណាក៏ដោយ ក៏សុទ្ធតែធ្លាប់រៀបចំតុបតែងផ្ទះបែបខុសៗពីមុនមកខ្លះជាមិនខាន ។ ដូច្នេះថ្ងៃនេះយើងបានរួបរួមចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះមកជម្រាបជូន ដើម្បីឱ្យលោកអ្នកបានត្រួតពិនិត្យមើលថា តើក្នុង​ចំណុចទាំង 7យ៉ាងនោះ មានចំណុចណាខ្លះដែលលោកអ្នកធ្លាប់បានធ្វើដោយមិនដឹងខ្លួនឬក៏អត់?

    1 . ពន្លឺភ្លើងភ្លឺខ្លាំងពេក

    គ្មានអ្វីដែលរំខានដល់ភាពស្ងប់ស្ងាត់គួរឱ្យចង់គេងសម្រាក ខ្លាំងជាងការមានពន្លឺភ្លើងហ្វាចាំងចុះមកពីលើពិដាន​នោះទេ…។ ពិតហើយ! តើនរណាទៅបិទភ្នែកគេងលក់កើត បើមានពន្លឺភ្លើងចាំងមកខ្លាំងចំមុខបែបនេះនោះ? ដូច្នេះគួររៀបចំតុបតែង​ឱ្យ​មានពន្លឺភ្លើងល្មមៗ មិនភ្លឺ ឬងងឹតជ្រុលពេក និងសាកល្បងបើកបង្អួចទទួលយកពន្លឺពីធម្មជាតិនៅខាងក្រៅខ្លះផង។

    2 . រៀបចំដាក់តុ ទូ កៅអី និងវត្ថុផ្សេងៗដោយមិនបានគិតដល់ការប្រើប្រាស់

    ក្រោយពីទិញបានគ្រឿងសង្ហារិមដែលពេញចិត្តមកដល់ផ្ទះហើយ ត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវជាមួយនឹងការប្រើប្រាស់ការងារផង មិនមែនគិតតែពីរឿងល្អស្អាតតែម្យ៉ាងប៉ុណ្ណោះទេ…ដូចជា គួររៀបចំកៅអីសាឡុងឱ្យបែរមុខចូលគ្នា និងមានតុទទួលភ្ញៀវមួយផង ដើម្បីទុកអង្គុយជជែកពិភាក្សាគ្នា និងធ្វើកិច្ចការផ្សេងៗរួមគ្នា។

    3 . ដាក់វាំងននបង្អួចទាបជ្រុលពេក

    លោកអ្នកគួរដឹងថា ការដាក់វាំងននខ្ពស់ឡើងបន្តិច និងអាចជួយបំភ័ន្តភ្នែកឱ្យជញ្ជាំងផ្ទះរបស់អ្នកមើលទៅរាងខ្ពស់​ឡើង និងបង្អួច​​មើលទៅរាងធំឡើងបាន ហុចផលឱ្យបន្ទប់មើលទៅកាន់តែធំស្រឡះ សប្បាយគួរឱ្យចង់ស្នាក់នៅខ្លាំងឡើងទៀតផង។

    4 . របស់តុបតែងលម្អតូចៗ

    ដើម្បីឱ្យជញ្ជាំងផ្ទះមើលទៅលេចធ្លោគួរឱ្យចាប់អារម្មណ៍នោះ ការដាក់របស់របរតុបតែងលម្អបន្តិចបន្តួច គឺជារឿង​មួយចាំបាច់ណាស់ តែយ៉ាងណាក៏ដោយ ក៏មានម្ចាស់ផ្ទះជាច្រើន ច្រើនតែធ្វើខុសឆ្គងដោយមិនដឹងខ្លួន ដោយការយករបស់កំប៉ិកកំប៉ុកមកដាក់នៅលើទូថ្នាក់តាំងលម្អជាប់ជញ្ជាំង ធ្វើឱ្យមើលទៅមិនល្អភ្នែកសោះ ដូច្នេះបើចង់ដាក់តាំងរបស់បង្ហាញនោះ គួរជ្រើសរើសរបស់ណាដែលមានទំហំរាងជំពប់ភ្នែកបន្តិច ទើបមើលទៅល្អគួរឱ្យគយគន់។

    5 . ប្រើកម្រាលព្រំខុសទំហំ

    ការតុបតែងចំណុចលេចធ្លោរបស់បន្ទប់ដោយកម្រាលព្រំ នឹងជួយធ្វើឱ្យបន្ទប់មើលទៅរាងកក់ក្តៅគួរឱ្យស្នាក់នៅឡើងបានយ៉ាងងាយស្រួល តែបើក្រាលកម្រាលព្រំខុសខ្នាតវិញ ជំនួសឱ្យការមើលទៅឃើញស្អាតនោះ វាបែរជាធ្វើឱ្យ​បន្ទប់ខូចបរិយាកាសអស់ទៅវិញ។ ដូច្នេះគួរជ្រើសរើសខ្នាត ឬទំហំរបស់កម្រាលព្រំឱ្យបានសមល្មមនឹងផ្ទៃបន្ទប់របស់លោកអ្នកផង ដូចជា ជ្រើសយកកម្រាលព្រំឱ្យសមល្មមនឹងទំហំគ្រែ ឬកន្លែងអង្គុយលេង ហើយយកមកក្រាលពីក្រោម ជំនួសឱ្យកម្រាលព្រំបែប​ធំៗគួរឱ្យទើសទែង ឬក៏តូចជ្រុលនោះ។

    6 . មិនទុកឱ្យនៅសល់ប្រឡោះទំនេរខ្លះ

    តឱ្យបន្ទប់ធំទូលាយប៉ុនណា ក៏ប្រហែលជាមើលទៅរាងទើសទែង និងចង្អៀតដែរបើលោកអ្នកយកគ្រឿង​សង្ហារិមធំៗទាំងឡាយមកដាក់ជាប់ៗជិតៗគ្នាទាំងអស់នោះ ព្រោះក្រៅតែពីមើលឃើញហើយមិនសប្បាយភ្នែកសោះនោះ វានៅខុស​​នឹងគោលការណ៍ក្បួនហុងស៊ុយទៀតផង ដូច្នេះគួរទុកឱ្យមានប្រឡោះទំនេរបន្តិចខ្លះ ទើបជាការប្រសើរ និងមិនគួរដាក់គ្រឿង​សង្ហារិមជាប់កិតនឹងជញ្ជាំងឡើយ យ៉ាងហោចណាស់ក៏គួរទុកប្រឡោះពីជញ្ជាំងមកប្រហែល 1អ៊ិញដែរ។

    7 . ប្រមូលខ្នើយបង្អែកមកដាក់ពេញលើកៅអីសាឡុង

    ពិតហើយថា សម័យនេះខ្នើយបង្អែកពណ៌ ម៉ូដ និងក្បាច់ក្បូរស្អាតៗមានឱ្យយើងជ្រើសរើសច្រើនមែន តែក៏មិនមែនមានន័យថា ត្រូវតែប្រមូលយកមកដាក់គររៀងគ្នានៅលើកៅអីសាឡុងឡើងមើលទៅព្រឹលភ្នែកអស់នោះទេ។ គួរជ្រើសរើសយកតែខ្នើយ​ណាដែលមានពណ៌ស្អាតៗ ក្បាច់ក្បូរស៊ីគ្នានឹងកៅអី តែ 2 ឬ 3 មកបានហើយ មិនដូច្នោះទេខ្នើយបង្អែកស្អាតៗនឹងមើលទៅឃើញ​រាយ​ប៉ាយលែងស្អាតអស់មិនខាន។

    យ៉ាងម៉េចដែរមិត្តអ្នកអាន? ​ សម្រាប់ចំណុចខុសឆ្គងក្នុងការតុបតែងផ្ទះខាងលើនេះ តើមានចំណុចណាខ្លះដែលអ្នកធ្លាប់បានធ្វើហើយទេ?   បើមាន…ចូរកុំបង្អង់យូរ ប្រញាប់រកពេលវេលាកែខៃវាឡើងវិញប្រសើរជាង ដើម្បីឱ្យផ្ទះជាទីស្រឡាញ់របស់លោក​អ្នកមើលទៅគួរឱ្យចង់រស់នៅ​​ និងស្រឡះស្អាតទៀតផង៕