Author: ធឿន មករា

  • តើត្រូវពិនិត្យមើលយ៉ាងណា ទើបដឹងថា មិនអីទេ…នៅពេលអ្នកមានផ្ទៃពោះកើតឧប្បត្តិហេតុដោយចៃដន្យ

    តើត្រូវពិនិត្យមើលយ៉ាងណា ទើបដឹងថា មិនអីទេ…នៅពេលអ្នកមានផ្ទៃពោះកើតឧប្បត្តិហេតុដោយចៃដន្យ

    ឧប្បត្តិហេតុ គឺជារឿងដែលមិនអាចស្មានដឹងមុនថា វានឹងកើតឡើងនៅពេលណា ចំពោះអ្នកណា និងរបៀបណានោះទេ ដូច្នេះស្រ្តីដែលកំពុងមានគភ៌ គួរមើលថែទាំ និងប្រុងប្រយ័ត្នខ្លួនឯងឱ្យបានល្អ និងព្យាយាមចៀសវាងពីអ្វីដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ដូចជា អ្នកមានគភ៌ច្រើនតែរអឹលដួលក្នុងបន្ទប់ទឹក ជាដើម ដូច្នេះគួររកបន្ទះ​ការពារការ​​​​រអឹលយកមកក្រាលពីលើកម្រាលឥដ្ឋដើម្បីការពារជាមុន តែបើសិនជាមានឧប្បត្តិហេតុកើតឡើងយ៉ាងនឹកស្មានមិនដល់នោះ ស្រ្តីមានគភ៌ត្រូវ​ពិនិត្យ​មើលខ្លួនឯងឱ្យច្បាស់លាស់ថា តើរឿងដែលកើតឡើងនោះ វាមានប៉ះពាល់អីធ្ងន់ធ្ងរដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬក៏អត់?

    វិធី 3យ៉ាងក្នុងកាេពិនិត្យមើលរាងកាយរបស់អ្នកមានគភ៌ក្រោយពេលកើតមានឧប្បត្តិហេតុណាមួយ ៖

    1 . ពិនិត្យមើលថា តើមានអាការឈឺគភ៌ដែរឬទេ?

    នៅពេលកើតមានឧប្បត្តិហេតុកើតឡើង ស្រ្តីមានគភ៌ត្រូវពិនិត្យមើលថា តើផ្ទៃពោះមានទៅបោកប៉ះនឹងអ្វីដែរឬ​ទេ? ហើយបើមិនមានអាការឈឺចុកចាប់អ្វីទេនោះ គឺរាប់ថាជាសំណាងល្អរបស់អ្នកហើយ តែបើកើតមានអាការបន្តិចឈឺ បន្តិចបាត់ទៅវិញនោះ បញ្ជាក់ថា អាចនឹង​មានការប្រសូតមុនពេលកំណត់ហើយ និងបើសឹនឈឺបែបរឹងៗក្នុងពោះរហូត នោះបញ្ជាក់ថាស្បូនអាច​នឹងសកខ្លួនមុនពេលកំណត់។ តែបើសិនជាឈឺពោះខ្លាំង និងមានអាការឈឺនៅលើមាត់ស្បូន និងអាចមានការធ្លាក់ឈាមផងនោះ បើសិនជួបអាការបែបនេះ កុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់!។

    2 . ពិនិត្យមើលថា តើមានឈាមចេញមកតាមមាត់ស្បូនដែរឬទេ?

    ព្រោះថាបើសឹនមានឈាមចេញមកនោះ អាចនឹងទៅរួចដែលថា ស្បូនសកខ្លួន បើមានឈាមចេញមកតិច ក៏មិនសូវជា​គ្រោះ​ថ្នាក់អីប៉ុន្មានទេ អាចព្យាបាលបាន តែបើមានឈាមចេញមកច្រើនដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកម្តាយនោះ លោកគ្រូពេទ្យអាចនឹងត្រូវឱ្យធ្វើការប្រសូតភ្លាមតែម្តង ដោយមិនបាច់គិតថា គភ៌មានអាយុប៉ុន្មានហើយនោះទេ។

    3 . ពិនិត្យមើលថា តើកូននៅរើល្អដូចមុនដែរឬទេ?

    បន្ទាប់ពីអ្នកម្តាយមានគភ៌ទទួលរងឧប្បត្តិហេតុហើយ បើកូននៅក្នុងផ្ទៃនៅតែរើធាក់ដូចប្រក្រតីនោះ ប្រហែលជាគ្មានបញ្ហាអ្វី​ទេ តែបើកូននៅស្ងៀម លែងរើ ទោះជាធ្វើការជំរុញហើយក៏នៅតែមិនរើដដែលនោះ អ្នកម្តាយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ហើយកុំបង្អង់យូរ!។

    ឧប្បត្តិហេតុគឺជារឿងដែលមិនអាចការពារជាមុនបានទេ តែអាចរកវិធីចៀសវាងបាន តែបើកើតមានឧប្បត្តិហេតុឡើងមែននោះ ចូរអ្នកម្តាយចាំទុកថា កុំឈឺពោះ កុំធ្លាក់ឈាម កូននៅរើធាក់ដដែល បើមានអាការបីយ៉ាងនេះ បញ្ជាក់ថា អ្នកម្តាយ និងកូនក្នុងផ្ទៃនៅមានសុវត្ថិភាពល្អដដែលទេ៕

  • Facebook អាច​នឹង​លែងមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម បើ​មិន​ធ្វើតាម​អ្វីដែល​រដ្ឋាភិបាល​វៀតណាម​ចង់បាន

    Facebook អាច​នឹង​លែងមាន​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម បើ​មិន​ធ្វើតាម​អ្វីដែល​រដ្ឋាភិបាល​វៀតណាម​ចង់បាន

    សារព័ត៌មាន​ក្នុងស្រុក​វៀតណាម បាន​ចុះផ្សាយ​ថា  Facebook ក្នុងប្រទេស​ខ្លួន អាច​នឹងត្រូវ​បិទ ប្រសិនបើ​ក្រុមហ៊ុន​មួយ​នេះ មិន​ធ្វើតាម​អ្វីដែល​រដ្ឋាភិបាល​វៀតណាម​តម្រូវ ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​នយោបាយ​ក្នុងស្រុក​បន្ថែមទៀត​ទេនោះ។

    ថ្មីៗនេះ អាជ្ញាធរ​វៀតណាម​បាន​ស្នើសុំ​ម្តងទៀត ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បង្កើន​ការ​រឹតត្បិត​លើ​ការផ្សាយ​ព័ត៌មាន​រិះគន់។ ក្រោយ​កើតមាន​ករណី​ដូចគ្នានេះ ម្តង​រួចហើយ ដែល Facebook ក៏បាន​អនុវត្តតាម​ការស្នើសុំ របស់​រដ្ឋាភិបាល​វៀត​ណា​ម ម្តង​រួចហើយ​ដែរ ដើម្បី​បង្កើន​ការត្រួតពិនិត្យ​លើ​ការ​បង្ហោះ​ខ្លឹមសារ ដែល “ប្រឆាំងនឹង​រដ្ឋ”។

    បច្ចុប្បន្ននេះ មាន​អ្នកប្រើប្រាស់ Facebook ប្រមាណ 60លាន​នាក់ នៅក្នុង​ប្រទេស​វៀតណាម ក្នុងនោះ​វា​ជា​មធ្យោបាយ​ទំនាក់ទំនង, ការផ្តល់សេវាសំខាន់ៗ សម្រាប់​ពាណិជ្ជកម្ម​តាម​អន​ឡាញ ហើយក៏​ជា​វេទិកា​ជជែក​គ្នា​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នកមាន​ទស្សនៈ​នយោបាយ​ប្រឆាំង​ផងដែរ៕

  • ស្មា​ត​ហ្វូ​ន 5G ដំបូង នៃ​សែស្រឡាយ realme 7 Series ចេញលក់​ហើយ តម្លៃ​តែ 369ដុល្លារ!

    ស្មា​ត​ហ្វូ​ន 5G ដំបូង នៃ​សែស្រឡាយ realme 7 Series ចេញលក់​ហើយ តម្លៃ​តែ 369ដុល្លារ!

    ស្មា​ត​ហ្វូ​ន realme 7 Series ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​មុនគេ គឺ realme 7 មាន 5G ។ ម៉ូ​ដែល​ដំបូង​នេះ មាន​បំពាក់​មកជា​មួយ​នូវ​គ្រឿង​ផ្គុំ មាន​សមត្ថភាព​ខ្ពស់ ទាំង​កម្រិត​ភាពច្បាស់​លើ​អេក្រង់ និង​លក្ខ​ណស​ម្ប​តិ្ត​ទូទៅ។ សម្រាប់​លក់​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​មុនគេ មានតម្លៃ 369ដុល្លារ ជម្រើស RAM 8GB និង​មេម៉ូរី 256GB។

    ខាងក្រោម​នេះ​ជា លក្ខណសម្បត្តិ​ដែលមាន​លើ realme 7 5G ៖ វា​មាន​បំពាក់​មកជា​មួយ នូវ​អេក្រង់​ទំហំ 6.5 អ៊ី​ញ ជា​ប្រភេទ IPS LCD ក្នុង​កម្រិត​បង្ហាញ​រូបភាព FHD+ ជាមួយ​ល្បឿន Refresh Rate អេក្រង់​កម្រិត 120Hz។ ផ្នែក​ខាងមុខ​រចនាប័ទ្ម អេក្រង់​បែប​ទម្លុះ ដាក់​កាមេរ៉ា​មុខ​ចំនួន 1គ្រាប់ ដូច​ទៅនឹង realme 7ដែរ។ ប្រើប្រាស់​បន្ទះ​ឈី​ប Dimensity 800U របស់​ក្រុមហ៊ុន MediaTek មាន​ជម្រើស RAM 8GB មេម៉ូរី 128GB និង​អាច​បន្ថែម MicroSD Card បាន។

    កាមេរ៉ា​ក្រោយ 4គ្រាប់ ដោយ 1គ្រាប់​ជា​កាមេរ៉ា​គោល​មាន​ទំហំ 48MP បូក​នឹង​លេន​ស៍, ទី3 ជា Ultra Wide ទំហំ 8MP បូករួម 1គ្រាប់​ទៀត ទំហំ 2MP ជា Depth Sensor បូក 1គ្រាប់​ចុងក្រោយ ទំហំ 2MP ជា Macro លេន​ស៍ ហើយ​មាន​ភ្លើង LED Flash ចំនួន 1គ្រាប់ នៅក្នុង Zone ជាមួយ​កាមេរ៉ា និង​វា​មាន​កាមេរ៉ា​មុខ ១គ្រាប់​ទំហំ 16MP។

    ថាមពល​ថ្ម​ទំហំ 5,000mAh មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន កម្លាំង 30W, រន្ធ​ដោត​កាស 3.5mm, ប្រើ​រន្ធ​សាក​ថ្ម​ប្រភេទ USB-C និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ស្រោប​ដោយ​ស្បែក realme UI ចេញពី​ប្រអប់​ស្រាប់៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=eyGqqOn4AtA

  • 3 “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    3 “ប” ដើម្បីសេចក្តីស្នេហា និងសុភមង្គលគ្រួសារយូរអង្វែង

    3 “ប” ដែលថានេះគឺ “បន្ថយ បញ្ចៀស បញ្ឈប់”។ ទាំងអស់នេះ គឺជាពាក្យដែលយើងតែងបានឮជាញឹកញាប់ ដែលពេលខ្លះយើងគួរតែ បន្ថយ បញ្ចៀស និងបញ្ឈប់ទង្វើមួយចំនួនដើម្បីសេចក្តីស្នេហា និងសុភមង្គលដ៏ល្អប្រសើររបស់យើង។

    បន្ថយ

    ទិដ្ឋិ (ឬមានះ)ជារឿងរបស់កិត្តិយស និងទិដ្ឋិដែលមាននៅក្នុងមនុស្សគ្រប់រូប។ ហេតុ និងផលរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ គំនិតដែលអ្នកគិតថាត្រឹមត្រូវ អាចជាភាពត្រឹមត្រូវដែលអ្នកយល់ឃើញតែម្នាក់ឯង ក៏អាចថាបានដែរ។ នៅក្នុងរឿងរបស់សេចក្តីស្នេហាវិញ ការកាត់បន្ថយទិដ្ឋិ និងការទទួលយកគំនិតរបស់គូស្នេហ៍របស់អ្នកគឺជារឿងសំខាន់ រឹតតែពេលឈ្លោះប្រកែកតវ៉ាគ្នាផងនោះ សេចក្តីក្រេវ​ក្រោធនឹងធ្វើឱ្យរឿងរ៉ាវល្អៗ ឬអារម្មណ៍ល្អៗរវាងអ្នកទាំងពីរបាត់បង់អស់ ហើយទិដ្ឋិនឹងធ្វើឱ្យរឿងនោះកាន់តែអាក្រក់ឡើង ដោយសារ​តែ​ម្នាក់​ៗមិនព្រមចុះញ៉មគ្នា។

    បញ្ចៀស

    ភាពឆាប់ខឹងឆេវឆាវ ចូលចិត្តស្រែកឡូឡា មនុស្សយើងគ្រប់គ្នាសុទ្ធតែមានភាពអត្មានិយមទាំងអស់ គ្រាន់តែវាស្ថិតនៅត្រង់ថា តើនឹង​ត្រូវបញ្ចេញមកច្រើន-តិចប៉ុនណា និងអាចគ្រប់គ្រងវាបានល្អប៉ុនណាតែប៉ុណ្ណោះ។ បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឆាប់ខឹង​ឆេវ​ឆាវ ពេលកើតអាការមិនពេញចិត្តនឹងរឿងអ្វីមួយ ឬនឹងនណាម្នាក់នោះ អ្នកនឹងបញ្ចេញអភិនីហារ ស្រែកជេរឡូឡា រហូតដល់គ្មាន​នរណា​ហ៊ានចូលក្បែរ។ ទង្វើទាំងនេះ បើប្រើជាមួយអ្នកដែលគេកេងប្រវ័ញ្ចយកប្រៀបលើរូបអ្នកនោះ មើលទៅ​វាមិនគួរឱ្យស្អប់ខ្ពើមអីប៉ុន្មាន​ទេ តែសម្រាប់គូស្នេហ៍ ស្វាមី ឬភរិយារបស់ខ្លួនវិញ អាការទាំងនេះ គឺជាអាការដែលអ្នកគួរតែបញ្ចៀសវាចោលជាដាច់ខាត ព្រោះគ្មាន​អ្នកណាអាច​ទ្រាំនឹងភាពឆាប់មួម៉ៅក្រេវក្រោធរបស់អ្នកបានយូរឡើយ។

    បញ្ឈប់

    ភាពខិលខូចផិតក្បត់ (មិនថាស្រ្តី ឬបុរសឡើយ) អាការខិលខូចផិតក្បត់ពេលដែលលោកអ្នកនៅលីវ វាមិនអីទេ ល្មមអាចទទួលយក​បានខ្លះ តែនៅពេលមានគូស្នេហ៍ ​​មានស្វាមី ឬ​ភរិយាហើយនោះ បញ្ហានឹងកើតមានឡើងជាមិនខាន។ តឱ្យអ្នកណាក៏ដោយ​ដែល​និយាយ​ថា ចូលចិត្តតែអ្នកខិលៗក៏ដោយ ទីបំផុត គ្មានឃើញនរណាម្នាក់ទ្រាំបានសោះ។ ភាពខិលខូចផិតក្បត់ គឺជាទង្វើដែលគួរតែ​បញ្ឈប់នៅពេលលោកអ្នកមានគូគ្រងច្បាស់លាស់ហើយ ព្រោះភាពស្មោះត្រង់​ គឺជាគុណសម្បត្តិសំខាន់មួយរបស់សេចក្តីស្នេហា ឯ​ភាព​ខូចខិលផិតក្បត់វិញ គឺជាភាពរលំរលាយរបស់ជីវិតអពាហ៍ពិពាហ៍៕

    សម្លឹងសេចក្តីស្នេហាដោយក្តីយល់ចិត្ត អ្វីៗក៏ស្រស់ស្អាត និងមានសុភមង្គលដែរ

    ដោយសារតែមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ ចិត្តគំនិត និស្ស័យ រួមទាំងការរស់នៅដែលអាចមានភាពខុស​ប្លែកពីគ្នាមកតាំងពីដើមទីនោះ ទើបយើង(គូស្វាមី-ភរិយា)ត្រូវអាស្រ័យលើ “ការយល់ចិត្តគ្នា” ធ្វើជាឫសគល់សំខាន់ក្នុងរឿង “ស្នេហា” ហើយ “ការ​យល់​ចិត្ត” នៅក្នុងទីនេះ ត្រូវតែធ្វើរួមគ្នាទាំង 2នាក់ បើមានតែនរណាម្នាក់ខំប្រឹងព្យាយាមធ្វើតែម្នាក់ឯង ក៏គ្មានថ្ងៃបាន​យល់​ចិត្តគ្នា ដែលនឹងនាំ​​ឱ្យមានសុភមង្គលបានដែរ។

    ម្នាក់ៗត្រូវខំព្យាយាមសិក្សា និងយល់ចិត្តគ្នាទៅវិញទៅមក ដូចជា ម្នាក់ចង់ទៅដើរលេងទិញអីវ៉ាន់តែម្នាក់ឯង ខណ:ដែលម្នាក់ទៀតចង់តែទៅជាមួយដែរជាប់រហូត ឬក៏ម្នាក់ចង់ទៅរួមកម្សាន្តសប្បាយជាមួយពួកម៉ាកមិត្តភក្តិម្តង​ម្កាលតាមតែមានឱកាស តែម្នាក់ទៀតបែរជាមិនសូវចូលចិត្ត ព្រោះគិតថា ខ្លួននឹងត្រូវគេទុកចោលឱ្យនៅផ្ទះម្នាក់ឯងជាដើម។ អ៊ឺម៍! គ្រាន់​​តែប៉ុណ្ណឹង បញ្ហាដែលមិនគួរនឹងកើតឡើង វានឹងកើតឡើងមិនខាន។ ការពិតទៅ រឿងបែបនេះ គ្រាន់តែយើងបែរមុខមកនិយាយគ្នា ប្រាប់គ្នាឱ្យដឹង និងយល់ពីតម្រូវការរបស់ម្នាក់ៗ និងយល់ព្រមបើកចិត្តទទួលយករវាងគ្នាទៅវិញទៅមក តែប៉ុណ្ណឹង សូមជឿចុះថា បញ្ហារអើសចិត្តគ្នាផ្សេងៗទាំងនោះ នឹងធូរស្រាលអស់ជាមិនខាន។

    ចូរកុំភ្លេចថា “សេចក្តីស្នេហា” គឺជារឿងដ៏ល្អស្រស់បំព្រងមួយដែលត្រូវអាស្រ័យលើការរៀនយល់ដឹង ការសម្របខ្លួន ការស្វែងយល់ និងព្រមទទួលយកពីគ្នាទៅវិញទៅមក។ យើងក៏ជាយើង គេក៏ជាគេ បើសិនជាត្រូវបង្ខំចិត្តផ្លាស់ប្តូរ និង​សម្របខ្លួនដើម្បីឱ្យមនុស្សម្នាក់ស្រឡាញ់នោះ ប្រហែលមិនមែនជារឿងល្អឡើយ ហើយអ្នកដែលបង្ខំចិត្តធ្វើនោះ ក៏ប្រហែលជាគ្មាន​សេចក្តី​សុខដែរ (មែនទេ?) ដូច្នេះ តើហេតុអីមិនសាកល្បងងាកមក “យល់ចិត្តគ្នា” និង “ទទួលយក” ពីគ្នាទៅវិញទៅមក?។ យល់ថា គាត់ ឬនាង គឺជាមនុស្សបែបហ្នឹង និងព្រម​ទទួលយកនូវអ្វីដែលជាខ្លួនគាត់ ឬនាងវិញ វាមិនប្រសើរជាងឬ?។

    សាកល្បងគិតលេងៗទៅមើលថា នៅពេលណាក៏ដោយដែលសេចក្តីស្នេហារបស់អ្នកខ្វះភាពយល់ចិត្តគ្នា​ តើវានឹងមានបញ្ហាអ្វីកើតឡើងខ្លះ?…ការឈ្លោះទាស់ទែងគ្នា ការប្រកែកតវ៉ាគ្នា ការខឹងសម្បា ការងង៉ក់ ប្រចែប្រចណ្ឌ-ល- អូយ! គ្រាន់តែគិត ក៏ហត់បាត់ទៅហើយ មែនទេ? ដូច្នេះហើយ អ្នកគ្រូ ឆវី ចង់ប្រាប់ថា ចូរព្យាយាមសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យបានច្រើនបំផុត ហើយនៅទីបំផុត សម្រាប់ “សេចក្តីស្នេហា” ដែលមិនអាចអធិប្បាយបានដោយពាក្យសំដីនោះ ក៏អាច “យល់បាន” ដោយបេះដូង និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលមិនខាន៕

  • ដល់កហើយ!! Barcelona ធ្លាក់ដល់លេខ12 ហើយGerard Pique ថែមទាំងរបួសទៀត

    ដល់កហើយ!! Barcelona ធ្លាក់ដល់លេខ12 ហើយGerard Pique ថែមទាំងរបួសទៀត

    កីឡាករ​ខ្សែការពារ​កណ្តាល វ័យ 33ឆ្នាំ Gerard Pique របស់​ក្លិប​បាល់ទាត់​អ្នកមាន​បុណ្យ Barcelona FC កំពុងតែ​សម្រាក​ព្យាបាល ក្រោយ​រង​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ ក្នុងការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី 10 របស់​ក្របខ័ណ្ឌ La Liga ទល់នឹង​ក្រុម AT Madrid។

    Pique វ័យ 33ឆ្នាំ បាន​រងរបួស​ជង្គង់​ខាងស្ដាំ និង​ប៉ះពាល់​ផ្នែក​ខ្លះ​នៃ​សរសៃពួរ​សាច់ដុំ អំឡុងពេល​ការប្រកួត​ជាមួយ Atletico Madrid។ Barca នឹងត្រូវ​អវត្តមាន​ខ្សែការពារ Sergi Roberto រយៈពេល 2ខែ​ផងដែរ បន្ទាប់ពី​គេ​មាន​របួស​សាច់ដុំ​ភ្លៅ។

    គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ទាបភ្លឺ ថ្ងៃ​ច័ន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ក្លិប​បាល់ទាត់ Atlético Madrid បាន​យកឈ្នះ​លើ​ក្រុម​ខ្លាំង Barcelona ដោយ​លទ្ធផល 1ទល់នឹង0 ក្នុង​ទឹកដី​របស់ខ្លួន ដោយបាន​រុញឱ្យ​ក្រុម​មួយ​នេះ ឡើងមក​កាន់​ចំណាត់ថ្នាក់​លេខ2 គិត​ត្រឹម​សប្តាហ៍​ទី10 នេះ ខណៈដែល Barcelona បាន​បន្ត​ធ្លាក់​ដុនដាប​ខ្លាំង ដោយបាន​ធ្លាក់​ទៅដល់​លេខ​រៀង​ទី12 នៃ​តារាង​ពិន្ទុ La Liga៕

  • ឈ្នះមែន តែ Klopp កាន់តែក្រពុលមុខខ្លាំងឡើង ក្រោយកីឡាករម្នាក់ទៀតរងរបួស

    ឈ្នះមែន តែ Klopp កាន់តែក្រពុលមុខខ្លាំងឡើង ក្រោយកីឡាករម្នាក់ទៀតរងរបួស

    កាលពីពេល​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ច័ន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅ ក្លិប​បាលទាត់ Liverpool បាន​យកឈ្នះ​លើ​ក្រុម Leicester City នៅក្នុង​ទឹកដី Anfield របស់ខ្លួន ដោយ​លទ្ធផល 3ទល់នឹង0 ក្នុងការ​ប្រកួត English Premier League ប្រចាំ​សប្តាហ៍​ទី9 រដូវ​កាល 2020-2021។

    ទោះ​ជាមាន​ទម្រង់​លេង​ល្អ​យ៉ាងនេះ​ក្ដី ប៉ុន្តែ ក្រុម​របស់លោក Klopp ក៏មាន​បញ្ហា​កីឡាករ​របួស​បន្ថែមទៀត​ដែរ គឺ​ខ្សែបម្រើ Naby Keita ដែល​កាលពី​យប់មិញ​នេះ ត្រូវបាន​ប្ដូរ​ចេញ ក្រោយពី​មាន​បញ្ហា​សរសៃពួរ​ជើង ហើយ​មកដល់ពេលនេះ គេ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា កីឡាករ​រូបនេះ នឹង​អវត្តមាន​ប៉ុន្មាន​ប្រកួត​នៅឡើយ​ទេ។

    លទ្ធផល 3ទល់នឹង0 នេះ វា​ពិតជា​កក់ក្តៅ​ណាស់​សម្រាប់​លោក Kloop ក្នុងការ​រក្សាខ្លួន នៅលើ​ចំណាត់ថ្នាក់​លេខ2 បណ្តោះអាសន្ន ដ្បិតអី​សប្តាហ៍​ក្រោយ នឹងត្រូវ​ឈឺក្បាល​ម្តងទៀត ក្នុងការ​រៀបចំ​ក្រុម ព្រោះ​កីឡាករល្អៗ ដល់​ទៅ ៤រូប កំពុង​រងរបួស៕

  • ក្រុមជំងឺ 5ប្រភេទដែលគួរប្រយ័ត្នក្នុងអំឡុង “រដូវភ្លៀង”

    ក្រុមជំងឺ 5ប្រភេទដែលគួរប្រយ័ត្នក្នុងអំឡុង “រដូវភ្លៀង”

    រដូវភ្លៀង គឺជារដូវមួយទៀតដែលសម្បូរដោយជំងឺគ្រោះថ្នាក់ ព្រោះដោយសារតែភាពសើមទទឹក និងធាតុអាកាសដែលក្ដៅហប់ ទើបវាជាអំឡុងពេលដែលមេរោគ វីរុស និងបាក់តេរីផ្សេងៗចម្រើនធំធាត់បានល្អ រួមទាំងជំងឺឆ្លងដែលមានជាមួយនឹងទឹកភ្លៀងក៏មានច្រើនដូចគ្នាដែរ។

    ក្រុមជំងឺ 5ប្រភេទដែលត្រូវប្រយ័ត្នក្នុងអំឡុងរដូវភ្លៀង

    ក្រុមទី1 ជាជំងឺឆ្លងខាងប្រព័ន្ធដង្ហើម

    ជំងឺឆ្លងខាងប្រព័ន្ធដកដង្ហើម មានដូចជាជំងឺផ្ដាសាយធំ ដែលគេប្រទះឃើញនៅលើមនុស្សគ្រប់អាយុ និងឃើញមានឈឺធ្ងន់នៅលើក្មេងតូច ចំណែកឯអ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាមនុស្សចាស់ ឬអ្នកកើតជំងឺរ៉ាំរ៉ៃ។

    ចំណែកឯជំងឺហើមសួត ឬរលាកសួតវិញ បណ្ដាលមកពីមេរោគវីរុស ឆ្លងតាមការប៉ះពាល់សំបោរ ទឹកមាត់ ឬការក្អកកណ្ដាស់ដាក់គ្នា។ អាចការពារបានដោយការថែរក្សាសុខភាព គេងសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យរាងកាយកក់ក្ដៅ ឧស្សាហ៍លាងសម្អាតដៃ និងមិនប្រើប្រាស់របស់ផ្ទាល់ខ្លួនរួមជាមួយអ្នកដទៃ។

    ក្រុមទី2 មានជំងឺ 5យ៉ាងដែលមានសត្វមូសជាភ្នាក់ងារចម្លងរោគ

    ជំងឺដែលមានសត្វមូសជាភ្នាក់ងារចម្លងរោគ មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនរលាកខួរក្បាល ជំងឺគ្រុនចាញ់ គ្រុនឈឺសន្លាក់ដោយសារមូសខ្លា ជំងឺឆ្លងដោយមេរោគវីរុសហ្ស៊ីកា… តែទាំងអស់នេះអាចការពារបានដោយការកម្ចាត់ប្រភពបន្តពូជរបស់សត្វមូស និងការពារខ្លួនឯងមិនឱ្យត្រូវមូសខាំ។

    ក្រុមទី3 ជំងឺឆ្លងតាមរយៈអាហារ និងទឹក

    ជំងឺឆ្លងតាមអាហារ និងទឹក មានដូចជា ជំងឺអាសន្នរោគ បណ្ដាលមកពីមេរោគបាក់តេរីដែលប្រឡាក់ប្រឡូសនៅក្នុងអាហារ ទឹកបរិភោគ ឬពីសត្វរុយដែលជាភ្នាក់ងារចម្លងរោគ។

    ចំណែកជំងឺរលាកថ្លើមប្រភេទA ឆ្លងតាមរយៈការប៉ះពាល់របស់របរប្រើប្រាស់ឡូកឡំគ្នា ទឹកមាត់ និងឈាមរបស់អ្នកជំងឺ។ ជំងឺទាំង2 នេះ អាចការពារបានដោយការទទួលទានអាហារដែលចម្អិនឆ្អិនល្អ ថ្មីៗ គ្មានសត្វរុយមករោម និងអាហារនៅសល់គួរកម្ដៅឱ្យក្ដៅខ្លាំង មុននឹងទទួលទាន ចៀសវាងពីអាហារស្ទើរឆ្អិន ស្ទើរឆៅ ញ៉ាំទឹកស្អាត និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង។

    ក្រុមទី4 ជំងឺឆ្លងផ្សេងៗ

    ជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺដៃ ជើង មាត់ ប្រទះឃើញនៅលើកុមារ ដែលរាតត្បាតរៀងរាល់ឆ្នាំក្នុងអំឡុងរដូវភ្លៀង ដោយឆ្លងតាមរយៈការប៉ះពាល់ទឹកសំបោរ ទឹកមាត់ ឬលាមករបស់អ្នកជំងឺ។ ចំណែកជំងឺ លេបតូស្ប៉ៃរ៉ូស៊ិស មេរោគបាក់តេរីនឹងឆ្លងចូលទៅក្នុងរាងកាយមនុស្សតាមរយៈស្នាមរបួស ស្នាមដាច់រលាត់ សាច់ភ្នាសភ្នែក ច្រមុះ មាត់ ឬត្បុលចូលទៅក្នុងស្បែកដែលត្រាំទឹកយូររហូតទន់។

    ក្រុមទី5 មហន្តភ័យក្នុងរដូវភ្លៀង

    • គ្រោះថ្នាក់ពីការទទួលទានផ្សិតពុល ដូច្នេះទើបមិនគួរទទួលទានផ្សិតដែលមិនធ្លាប់ស្គាល់ឡើយ។
    • គ្រោះថ្នាក់ពីសត្វមានពិស ៈ គួររៀបចំផ្ទះឱ្យបានស្អាត មិនឱ្យក្លាយជាជម្រករបស់សត្វមានពិស ប្រុងប្រយ័ត្ននៅពេលដែលត្រូវចូលទៅក្នុងទីកន្លែងដែលស៊ុបទ្រុប គំនរស្មៅ ឬគំនរឈើ ជាដើម។
    • ចំណែកឯមហន្តភ័យពីភ្លៀងផ្គររន្ទះ ៈ នៅពេលមានភ្លៀងផ្គររន្ទះ ចូរពួនសម្ងំនៅក្នុងទីសុវត្ថិភាព ដូចជាក្នុងអគារខ្នាតធំ ហាមប្រើទូរស័ព្ទដៃនៅកណ្ដាលទីវាលខណៈកំពុងកើតមានព្យុះភ្លៀងផ្គររន្ទះ ដោយសារតែវានឹងនាំក្រសែចរន្តអគ្គិសនីចូលមកក្នុងទូរស័ព្ទដៃបាន។
    • បើកបររថយន្តដោយក្ដីប្រុងប្រយ័ត្ន ដោយសារតែពេលភ្លៀងធ្លាក់ ផ្លូវថ្នល់នឹងរអិល ធ្វើឱ្យរយៈចម្ងាយនៃការដែលរថយន្តនឹងឈប់ វែងជាងប្រក្រតី និងថែមទាំងកាត់បន្ថយទស្សនវិស័យនៃមើលឃើញក្នុងការបើកបរទៀតផង៕
  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • ប្រយោជន៍ល្អៗ 8យ៉ាងទៀត របស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង

    ប្រយោជន៍ល្អៗ 8យ៉ាងទៀត របស់ទឹកសាប៊ូលាងចាន ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង

    ប្រយោជន៍ល្អៗរបស់ទឹកសាប៊ូលាងចាន មិនមែនល្អគ្រាន់តែសម្រាប់ប្រើលាងសម្អាតចានឱ្យបានស្អាតហ្មត់ចត់ប៉ុណ្ណោះទេ តែខាងក្រោមនេះ គឺជា​ប្រយោជន៍ល្អៗផ្សេងទៀតរបស់ទឹកសាប៊ូលាងចានដែលនៅពេលបានដឹងហើយ នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះទាំងឡាយនឹកស្ងើចក្នុងចិត្តមិនខាន…។

    1 . កម្ចាត់ស្នាមប្រឡាក់ខ្លាញ់លើខោអាវ

    បើចៃដន្យបងៗមេផ្ទះចម្អិនអាហារបែបខ្លាញ់ៗ(ដូចជាបំពង ចៀន-ល-)រួចចៃដន្យខ្លាញ់ក្នុងខ្ទះកំពប់ ឬខ្ទាតមកប្រឡាក់លើខោអាវនោះ សូមកុំអាលភ្ញាក់ផ្អើលអី ចូរយកទឹកសាប៊ូលាងចានមកដុសលើកន្លែងប្រឡាក់នោះ ហើយលាង​សម្អាត​ចេញដោយទឹកធម្មតា(វិធីនេះក៏ប្រើបានផលល្អជាមួយស្នាមប្រឡាក់ក្អែលនៅលើ-កអាវដែរ) ស្នាមប្រឡាក់ខ្លាញ់នោះនឹងរលាយ​បាត់អស់ និងមិនធ្វើឱ្យខូចសាច់ក្រណាត់ដូចសាប៊ូម្សៅទៀតផង។

    2 . សម្អាតកម្រាលឥដ្ឋផ្ទះបាយ និងកម្រាលឥដ្ឋបន្ទប់ទឹក

    ដោយចាក់ទឹកសាប៊ូលាងចាន 2ស្លាបព្រាបាយទៅក្នុងធុងដែលមានទឹកក្តៅឧណ្ហៗ ហើយជូតសម្អាតកម្រាលឥដ្ឋការ៉ូទាំងនោះ វានឹងធ្វើឱ្យកម្រាលឥដ្ឋនោះស្អាតហ្មត់ចត់រលោងលែងរអិល និងថែមទាំងក្រអូបក្លិនក្រូចឆ្មាររបស់ទឹកសាប៊ូលាងចានទៀតផង។

    3 . សម្អាតគ្រឿងសង្ហារិមខាងក្រៅផ្ទះ

    បន្តក់ទឹកសាប៊ូលាងចា​នទៅក្នុងចានដែលមានទឹកក្តៅឧណ្ហៗ បន្ទាប់ពីនោះយកទៅជូតសម្អាតតុ និងកៅអីដែលនៅក្នុងសួនច្បារ ឬនៅលើរានហាលខាងក្រៅផ្ទះ បន្ទាប់មកលាងសម្អាតដោយទឹកស្អាត…ស្នាមប្រឡាក់ផ្សេងៗ និងកំណកធូលីដីទាំងប៉ុន្មាននឹង​រលាយបាត់អស់មិនខាន។

    4 . សម្អាតក្រាសសិតសក់ និងច្រាស

    ភាពកខ្វក់ដែលកកជាប់នៅលើក្រាសសិតសក់បង្កខ្លួនឡើងពីផលិតផលកែច្នៃសក់ និងជាតិខ្លាញ់លើស្បែកក្បាល ដូច្នេះចូរសម្អាតវាដោយទឹកសាប៊ូលាងចានលាយជាមួយទឹកក្តៅឧណ្ហៗ ដោយត្រាំទុកចោលមួយស្របក់ បន្ទាប់មកយកច្រាសដុសធ្មេញ​ មកដុសខាត់ស្នាមកំណកកខ្វក់ដែលនៅជាប់សេសសល់ទាំងនោះចេញ។

    (នៅមានត)

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

    មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។

    IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា

    IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។

    វិធីជំរុញ IQ ដល់កូនសម្លាញ់

    • អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
    • ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
    • បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
    • ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។

    EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍

    បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ ៈ

    វិធីជំរុញ EQ ដល់កូនសម្លាញ់

    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
    • បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
    • បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
    • បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។

    CQ ៈ ភាពឆ្លាតវៃក្នុងការចាប់ផ្ដើមច្នៃបង្កើត

    CQ (Creativity Quotient) ជាភាពឆ្លាតវៃក្នុងការគិត ចាប់ផ្ដើមច្នៃបង្កើតអ្វីថ្មីៗ ដែលនេះជារឿងសំខាន់ខ្លាំងណាស់សម្រាប់កុមារក្នុងយុគសម័យដែលពោរពេញទៅដោយតម្រូវការអៃឌៀប្លែកថ្មី និងការកែសម្រួលខ្លួន។ ឪពុកម្ដាយអាចជួយឱ្យកូនអភិវឌ្ឍ CQ របស់គេបានតាមវិធីផ្សេងៗ ដូចខាងក្រោមនេះ ៈ

    វិធីជំរុញ CQ ឱ្យកូនជាទីស្រឡាញ់

    • បង្កើតការនឹកស្រមៃដល់ក្មេងៗ ដូចជា និទានរឿងឱ្យស្ដាប់ បបួលគូររូប ស្ដាប់បទភ្លេង ឬកិច្ចការងារផ្សេងៗតាមដែលក្មេងៗចូលចិត្ត។
    • ជំរុញឱ្យកូនគិតជាបន្តបន្ទាប់ ជាក្មេងប៉ឹនសួរ ប៉ឹនសង្កេត និងប៉ឹនឆ្ងល់។
    • ឱ្យកូនបានធ្វើអ្វីផ្សេងៗដោយខ្លួនឯង មិនយករង្វង់គំនិតរបស់ឪពុកម្ដាយមកគ្របសង្កត់ពីលើកូន ព្រមទាំងកោតសរសើរលើភាពឧស្សាហ៍ព្យាយាមរបស់ក្មេងៗពេលគេតាំងចិត្តធ្វើអ្វីផ្សេងៗ។
    • នាំក្មេងៗចេញទៅរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលមានប្រយោជន៍ ដូចជានាំទៅសារមន្ទី ឬទស្សនាការសម្ដែងសម្រាប់កុមារ។

    (នៅមានត)